Category: សង្គម និងសេដ្ឋកិច្ច

  • ឈុំភូ អារីយ៉ា ប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះបុត្រភ្លោះ

    ឈុំភូ អារីយ៉ា ប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះបុត្រភ្លោះ

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយឱ្យដឹងថា តារាសម្ដែង ឈុំភូ អារីយ៉ា បានប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះរបស់បុត្រប្រុសភ្លោះ ដែលមានឈ្មោះថា ថាន់ឌើរ សាយហ្វា រាំងស៊ីស៊ីងភិផាត់ ប្រសូតបានទម្ងន់ 2,66 គីឡូក្រាម និងប្អូនប្រុសភ្លោះមានឈ្មោះថា ស្តម ផាយុ រាំងស៊ីស៊ីងភិផាត់ ប្រសូតបាន 2,56 គីឡូក្រាម ហើយបុត្រទាំងពីរមានកម្ពស់ 47,5 សង់ទីម៉ែត្រស្មើគ្នា ។

    តារាស្រីរូបនេះក៏បានបញ្ជាក់ប្រាប់ថា ការដាក់ឈ្មោះបុត្រភ្លោះនេះគឺ អ្នកគាំទ្រដែលបានលេងនៅលើបណ្ដាញទំនាក់ទំនងសង្គមមិនអាចទាយត្រូវទេ និងគិតឃើញតិចបំផុត ហើយអ្នកដែលអាចដឹងថា ឈុំភូ ​និងស្វាមីដាក់ឈ្មោះបុត្រ សាយហ្វា និង ផាយុ គឺមានន័យដូចនឹង Thunder and Storm មានតិចនាក់ណាស់ ហើយពាក្យនេះគឺជាពាក្យដែលសា្វមីនាងបានផ្ញើជាពាក្យជូនពរដល់ថ្ងៃខួបកំណើតរបស់នាង។

    គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ឈុំភូ និងស្វាមី​ក៏​បាន​និយាយ​បែប​កំប្លែងនៅចំពោះមុខអ្នកសារព័ត៌មាន​ដែរ​ថា​ ពួកគេ​ចង់​បាន​កូន​បន្ថែម​ទៀត​ ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទាត់​មួយ ហើយចុងក្រោយ​ពួកគេ​ក៏​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ផងដែរ​ដែល​តែង​ផ្ដល់​ក្ដី​ស្រឡាញ់​ យ៉ាង​កក់ក្ដៅ​ចំពោះ​ក្រុម​គ្រួសារ​ពួកគេ៕

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

     

     

  • Mane ចេញមុខ​សូមទោស ក្រោយ​ធ្វើ​ឲ្យ Ederson មាន​របួស

    Mane ចេញមុខ​សូមទោស ក្រោយ​ធ្វើ​ឲ្យ Ederson មាន​របួស

    តារា​ឆ្នើម Sadio Mane បានចេញ​មុខ​ធ្វើ​ការសុំ​អភ័យទោសភ្លាមៗ ក្រោយពី​រូបគេ​បានធ្វើ​ឲ្យ​អ្នកចាំទី Ederson របស់​ក្លិប Manchester City រងរបួស ក្នុងពេល​ក្រុម Liverpool បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 5-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នា​កីឡដ្ឋាន Etihad កាលពី​ថ្ងៃ​សៅរ៍។

    ខ្សែបម្រើ​ស្លាប​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​បាន​ព្យាយាម​រត់​ទៅយក​បាល់ តាមរយៈ​ការ​លើកជើង​យ៉ាងខ្ពស់ ស្រប​ពេលដែល​អ្នកចាំទី Ederson បាន​ព្យាយាម​តែ​តបាល់​ចេញ ដែល​នាំ​ឲ្យ​អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​រង​នូវ​ការ​ធាក់​ចំ​ផ្ទៃមុខ​តែម្តង។ ការប៉ះទង្គិច​ដោយ​អ​ចេតនា​នេះ បានធ្វើ​ឲ្យ Mane រង​នូវ​ការពិន័យ​កាត​ក្រហមភ្លាមៗ មុននឹង​ក្រុម​របស់ខ្លួន (Liverpool) បាន​រង​បរាជ័យ​ជា​លើក​ទី1នៅ​រដូវ​កាល​នេះ​តែម្តង។ Mane បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Facebook ថា៖ «ខ្ញុំ​សង្ឃឹម និង​ជូនពរ​ឲ្យ Ederson ឆាប់​ជាសះស្បើយ។ ខ្ញុំ​ពិតជា​សុំទោស​ដែល​បានធ្វើ​ឲ្យ​រូបគេ​រងរបួស អំឡុង​ការប៉ះទង្គិច​ដោយ​គ្មាន​ចេតនា​របស់​យើង​នៅលើ​ទីលាន ហើយ​ពិតជា​សុំទោស​ចំពោះ​រូបគេ​ដែល​ធ្វើឱ្យ​មិនអាច​លេង​ការប្រកួត​នេះ​រហូតដល់​ចប់​បាន» Mane បាន​បន្ថែមទៀតថា៖ «ខ្ញុំ​សូម​ជូនពរ​ឲ្យ​រូបគេ​ឆាប់​ជា និង​វិល​ទៅលេង​វិញ​ក្នុងពេលឆាប់ៗនេះ»

    Ederson ដែលជា​អតីត​អ្នកចាំទី​របស់​ក្លិប Benfica បានទទួល​ការត្រួតពិនិត្យ​បន្ថែមទៀត​ពី​សំណាក់​បុគ្គលិក​ពេទ្យ​របស់​ក្លិប Man City ប៉ុន្តែ មិនបាន​រង​នូវ​ការប៉ះទង្គិច​ខួរក្បាល​ឡើយ និង​បាន​ដើរទៅ​អង្គុយ​នៅ​កន្លែង​សម្រាប់​កីឡាករ​បម្រុង​វិញ នៅ​មុនពេល​បញ្ចប់​ការប្រកួត​នេះ៕

    ប្រភពពី៖ The Sun

  • គណនេយ្យ​សំខាន់​ណាស់ តែ​មិនសូវមាន​អ្នក​ស្គាល់​ច្បាស់

    គណនេយ្យ​សំខាន់​ណាស់ តែ​មិនសូវមាន​អ្នក​ស្គាល់​ច្បាស់

    គណនេយ្យ ជា​មុខវិជ្ជា​សំខាន់​មួយ​សម្រាប់​ការរស់នៅ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ​នៅក្នុង​សហគ្រាស និង​សង្គម​ទាំងមូល។ នៅ​កម្ពុជា​ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​នានា​ដែរ មុខវិជ្ជា​គណនេយ្យ​មាន​តម្រូវការ​ការងារ​ខ្ពស់ តែ​មុខវិជ្ជា​នេះ​ទាមទារ​ឱ្យមាន​ចំណេះដឹង​ពិតប្រាកដ រួមទាំង​ការបណ្តុះបណ្តាល​ច្បាស់លាស់​ទើប​អាចធ្វើ​ការងារ​បាន។

    ដើម្បី​បង្ហាញ​កាន់តែច្បាស់​ពីមុខ​វិជ្ជា​គណនេយ្យ​សម្រាប់​សិស្ស-និស្សិត​កម្ពុជា គេហទំព័រ​ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក សាន្ត ចន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ នៃ​កម្ពុជា (FIC) ដែលមាន​អត្ថន័យ​ដូចខាងក្រោម។

    1. មុខវិជ្ជា​គណនេយ្យ​មាន​សារៈសំខាន់​ខ្លាំង​ប៉ុនណា​សម្រាប់​ខ្លួនឯង អាជីវកម្ម និង​សង្គម?

    នៅក្នុង​ពិភពលោក នៃ​សកលភាវូបនីយកម្ម សហគ្រិនភាព​គឺជា​ចំណេះដឹង​ដ៏​ចាំបាច់​បំផុត​សម្រាប់​បង្កើត​អាជីវកម្ម​ប្រកបដោយ​ចីរភាព។ ចំណេះដឹង ផ្នែក​គណនេយ្យ​គឺ មាន​សារៈ​សំខាន់បំផុត​សម្រាប់​ខ្លួនឯង អាជីវកម្ម និង​សង្គម។

    ខ្ញុំ​អាច​លើក​ឧទាហរណ៍​មួយ​ថា បើ​អ្នកណាម្នាក់​ចង់​បើក​អាជីវកម្ម​លក់​គ្រឿងសង្ហារិម​ការិយាល័យ។ ក្រៅពី​លក់​ផលិតផល​ឱ្យដាច់​ហើយ គាត់​ក៏ត្រូវ​យល់ដឹង​ពី​របៀប​គ្រប់គ្រង​លុយកាក់​ប្រកបដោយ​ប្រសិទ្ធភាព ត្រូវ​ដឹង​ពី​ចំណូល​ចំណាយ ការគ្រប់គ្រង​សន្និធិ (stock) របាយការណ៍​ទ្រព្យសកម្ម និង​ទ្រព្យអកម្ម​ផ្សេងទៀត​ជាដើម។ ចំណេះដឹង​ទាំងអស់នេះ ជា​ផ្នែក​មួយ​នៃ​ការសិក្សា​មុខវិជ្ជា​គណនេយ្យ។

    សម្រាប់​ខ្លួនឯង​ផ្ទាល់ ចំណេះដឹង​គណនេយ្យ​អាចជួយ​ឱ្យ​យើង​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​ប្រកបដោយ​ប្រសិទ្ធភាព។ ហើយ​ភ្ជាប់​ជាមួយ​រឿងនេះ​ផងដែរ យើង​ក៏​ឃើញថា សង្គម​មួយ​រីកចម្រើន​គឺ​នៅពេលដែល​ប្រជាជន​គ្រប់រូប​យល់ដឹង​ពី​វិធី​ចាយលុយ និង​ធនធាន​ដទៃទៀត​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ។

    1. តើ​មនុស្ស​ប្រភេទ​ណា​ទើប​សមជា​អ្នករៀន​ផ្នែក​គណនេយ្យ?

    នៅ​ប្រទេស​ជឿនលឿន​ដូចជា សិង្ហ​បុរី​ជាដើម ចំណេះដឹង​ផ្នែក​គណនេយ្យ​គឺជា​បំ​ណិ​ន​ជីវិត។ គេ​បញ្ចូល​កម្មវិធី​គណនេយ្យ​តាំងពី​ថ្នាក់​ទី10 ឬ​កម្រិត​វិទ្យាល័យ​មកម្ល៉េះ។ ហេតុនេះ​សិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ និង​គ្រប់​ប្រភេទ​នៃ​មនុស្ស​ទាំងអស់​គួរ​សិក្សា​យល់ដឹង​ពីមុខ​វិជ្ជា​នេះ។

    1. តើ​ការងារ​គណនេយ្យ​គេ​ធ្វើ​អ្វីខ្លះ​នៅក្នុង​វិស័យ​ការងារ?

    ការងារ​គណនេយ្យ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់​នៅក្នុង​សហគ្រាសនីមួយ។ វា​អាស្រ័យទៅលើ​ទំហំ​សហគ្រាស និង​តំណែង​របស់​បុគ្គលិក​ម្នាក់។

    តំណែង​សម្រាប់​ការងារ​គណនេយ្យ​មានដូចជា ស្មៀន​គណនេយ្យ ជំនួយការ​គណនេយ្យ ប្រធាន​គណនេយ្យ អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់ សវន​ករ​ជំនាញ និង​សវន​ករ​ជំនាញ​ផ្ទៃក្នុង​ជាដើម។

    ស្មៀន​គណនេយ្យ ជា​តំណែង​ដំបូង​ដែល​អ្នកសិក្សា​គណនេយ្យ​គួរ​ចាប់​ផ្តើមធ្វើ។ តំណែង​នេះ​ទទួលបន្ទុក​លើ​ផ្នែក​បញ្ជី និង​កត់ត្រា​ប្រតិបត្តិការ​អាជីវកម្ម ចំណូល​ចំណាយ​ជាដើម។ ហើយ​ប្រធាន​គណនេយ្យ​ទទួលបន្ទុក និង​ទទួលខុសត្រូវ​លើ​ភាពត្រឹមត្រូវ​នៃ​ការកត់ត្រា​របាយការណ៍​អាជីវកម្ម របាយការណ៍​ហិរញ្ញវត្ថុ។ ចំណែកឯ អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់ ជា​តំណែង​កំពូល​មួយ​នៅក្នុង​ក្រុមហ៊ុន ទទួលបន្ទុក​គ្រប់គ្រង​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​គណនេយ្យ រួមទាំង​រៀបចំ​គម្រោង​ថវិកា​ប្រចាំឆ្នាំ គម្រោង​លំហូរ​សាច់ប្រាក់ និង​វិភាគ​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម។

    និយាយ​ជារួម​ការងារ​គណនេយ្យ​សម្បូរ​ណាស់​នៅពេលដែល​បច្ចុប្បន្ន​អាជីវកម្ម​កំពុង​រីកដុះដាល​កាន់តែ​ច្រើនឡើង។

    1. តើ​ការងារ​គណនេយ្យ​មាន​ភាពលំបាក​អ្វីខ្លះ?

    ខ្ញុំ​ជឿថា​ការសិក្សា​ជំនាញ អ្វី​ក៏ដោយ​ក៏មាន​ភាពលំបាក​របស់​វា​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដាក់ចិត្ត​ដាក់​កាយ​ដើម្បី​រៀន​មុខវិជ្ជា​នោះ អ្នកនឹង​សប្បាយរីករាយ​នៅពេល​អ្នកមាន​ការអភិវឌ្ឍ​ជំនាញ​នោះ។ ចំពោះមុខ​វិជ្ជា​គណនេយ្យ យើង​ធ្វើ​ការងារ​ច្រើន​ជាមួយនឹង​លេខនព្វន្ត។ ដូច្នេះ​វា​ទាមទារ​យើង​ឱ្យមាន​សុក្រឹតភាព​ជាមួយ​លេខ និង​ភាព​លម្អិត​នៃ​ប្រតិបត្តិកា​រនីមួយ។

    មុខវិជ្ជា​នេះ ថែមទាំង​ទាមទារ​ឱ្យមាន​ភាព​អត់ធ្មត់​ច្រើន​ដោយសារ​យើង​ត្រូវអនុវត្ត​លំ​ហាត់​ដែលមាន​លក្ខណៈ​ជា​សេណារីយោ។ ប្រសិនបើ​យើង​មិន​ព្យាយាម​អនុវត្ត​លំ​ហាត់​ឱ្យបាន​ច្រើន​នោះទេ យើង​មិនអាច​យល់ដឹង​អំពី​ការ​អនុវត្តតាម​ស្តង់ដារ​គណនេយ្យ​បាន​ត្រឹមត្រូវ​នោះទេ។

    1. ដើម្បី​ទទួលបាន​ចំណេះដឹង​គណនេយ្យ​ល្អ​ពិតប្រាកដ ហើយ​ធានាថា​មាន​ការងារ​ត្រឹម​ត្រូវធ្វើ តើ​សិស្ស​និស្សិត​គួរ​ជ្រើសរើស​គ្រឹះស្ថានសិក្សា​បែបណា?

    គ្រឹះស្ថាន​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន​ដែល​បង្រៀន​មុខវិជ្ជា​នេះ តែងតែ​ចង់ឱ្យ​សិស្ស​មានគុណ​ភាព។ ខ្ញុំ​មិនអាច​ធ្វើការ​វាយតម្លៃថា វិទ្យាស្ថាន​ណា ឬ​សាលា​ណា​ដែល​សិស្ស​គួរតែ​ជ្រើសរើស​នោះទេ តែ​សម្រាប់​មតិ​ខ្លួន​ខ្ញុំ​ផ្ទាល់ វា​ចេញពី​សិស្ស​ខ្លួនឯង​ច្រើនជាងគេ។

    សិស្ស-និស្សិត​គួរតែ​ព្យាយាម​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន។ សិស្ស​ត្រូវ​ខ្នះខ្នែង​រក​កន្លែង​ហាត់​ការឱ្យ​បានល្អ​ដើម្បី​បំប្លែង​ចំណេះដឹង​ឱ្យទៅជា​ចំណេះធ្វើ៕

  • Neymar៖ រូបគេ​ចេញពី Barcelona ព្រោះ PSG មានឱកាស​ឈ្នះ​ពាន Champions League ច្រើនជាង

    Neymar៖ រូបគេ​ចេញពី Barcelona ព្រោះ PSG មានឱកាស​ឈ្នះ​ពាន Champions League ច្រើនជាង

    Neymar បាន​បញ្ជាក់ថា រូបគេ​ចាក​ចេញពី​ក្លិប Barcelona ទៅកាន់​ក្លិប Paris Saint-Germain ដើម្បី​ស្វែងរក​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League។

    ក្លិប PSG បាន​ចំណាយ​ប្រាក់​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក នៅពេលដែល​ពួកគេ​បាន​ចុះហត្ថលេខា​ជាមួយនឹង​តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូបនេះ​ពី​ក្លិប Barcelona ក្នុងតម្លៃ​ខ្លួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក) កាលពី​ខែ​មុន ខណៈដែល​រូបគេ​បានទទួល​ចំណូល​ដល់​ទៅ65.8ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍។ ប៉ុន្តែ Neymar ដែល​បានឈ្នះ​ពានធំៗចំនួន8ក្នុង​រយៈពេល4រដូវ​កាល​រួម​ជាមួយនឹង​ខ្សែប្រយុទ្ធ Lionel Messi នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នោះ បាន​និយាយថា ក្លិប​ថ្មី​របស់គេ​មានឱកាស​ក្នុងការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ច្រើនជាង​អតីត​ក្លិប​របស់គេ។ កីឡាករ​រូបនេះ​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប សម្រាប់​ក្លិប​ថ្មី​របស់គេ នៅពេលដែល PSG ប៉ះ​ជាមួយនឹង​ក្រុម Celtic នៅ​កីឡដ្ឋាន Parkhead នៅ​ថ្ងៃស្អែក​នេះ។

    Neymar វ័យ25ឆ្នាំ បាន​ឲ្យ​ដឹងថា៖ «ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដ៏​ធំ​បំផុត​របស់ខ្ញុំ​សម្រាប់​ការចូលរួម​ជាមួយនឹង PSG គឺ​ការជួយ​បង្កើត​ប្រវត្តិសាស្ត្រ។ Champions League គឺជា​ពាន​តែមួយគត់​ដែល​យើង​ចង់​ឈ្នះ ប៉ុន្តែ​វា​ក៏​ជា​ពាន​សំខាន់​មួយ​ផងដែរ»។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​បន្ថែមទៀតថា៖ «គោលបំណង​នៅ​រដូវ​កាល​នេះ​គឺ​ការ​ប្រជែង​ដើម្បី​ឈ្នះ​ពាន​ឱ្យបាន។ នោះ​គឺជា​កម្រិត​ដែល​ក្លិប​នេះ​កំពុងតែ​ស្ថិតនៅ​នាពេល​បច្ចុប្បន្ន។ ខ្ញុំ​ពិតជា​ជឿជាក់ថា យើង​អាច​ឈ្នះ​ពាន​ក្នុង​យុទ្ធនាការ​នេះ។ យើង​មិន​ត្រឹមតែ​មានគុណ​ភាព​ឡើយ ប៉ុន្តែ យើង​ថែមទាំង​មាន​បទពិសោធ​ទៀតផង។ កីឡាករ​ដឹង​ពី​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ឈ្នះ​ពាន Champions League»។

    PSG បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម Metz ក្នុង​លទ្ធផល 5-1 ក្នុង​ក្របខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃ​សុក្រ ខណៈដែល​ក្រុម Celtic បាន​យកឈ្នះ​ក្រុម Hamilton 4-1 ក្នុង​ក្របខ័ណ្ឌ​លី​ក​ស្កុ​ត​ឡេ​ន កាលពី​ថ្ងៃ​សៅរ៍។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

    ប្រភពព័ត៌មាន៖ The Sun

  • ចម្លើយ​សម្រាប់ “ហ្គេម​ហែក​គុក”

    ចម្លើយ​សម្រាប់ “ហ្គេម​ហែក​គុក”

    ថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន សូម​ជូន​ចម្លើយ​សម្រាប់​ហ្គេម ហែក​គុក ដែល​បាន​ដាក់ជូន​មិត្ត​អ្នកអាន​ដើម្បី​សាកល្បង​ភាពឈ្លាសវៃ និង​ការ​ប៉ិន​សង្កេត កាលពី​ថ្ងៃ​សៅរ៍​មុន ដូចខាងក្រោមៈ

    ហ្គេម ហែក​គុក

    ជែក​សុន ត្រូវ​ជាប់​ឃុំឃាំង​នៅក្នុង​បន្ទប់​គុក​ដែល​សាងសង់​នៅលើ​ដី និង​មាន​ប្រឡោះ​បង្អួច​តែមួយគត់​ដែល​ស្ថិតនៅ​ខ្ពស់ និង​ដែល​គេ​មិនអាច​តោង​ឡើងដល់​បានឡើយ។ នៅក្នុង​គុក​នេះ​ទទេ​ស្អាត មានតែ​ប៉ែល​ចូកដី​តូច​មួយ​ប៉ុណ្ណោះ ហើយ​ធាតុអាកាស​នៅក្នុង​បន្ទប់​ឃុំឃាំង​នេះ​ក៏​ស្ងួត​ហួតហែង និង​ក្តៅ​ខ្លាំងណាស់ និង​គ្មាន​ចំណីអាហារ និង​ទឹក​ហូប​ទៀតផង ដូច្នេះ​បើសិនជា​គេ​មិនអាច​ហែក​គុក​រត់ចេញ​ឱ្យ​រួច​ក្នុងអំឡុងពេល 2 ថ្ងៃ​បានទេ​នោះ  ពិតណាស់!  គេ​នឹងត្រូវ​ស្លាប់​យ៉ាង​ប្រាកដ ហើយ​បើ​ប្រថុយ​ជីករណ្តៅ​លូន​ចេញទៅ​ក្រៅ​វិញ គឺ​ត្រូវ​ប្រើពេល​ច្រើនជាង 2 ថ្ងៃ​ឯណោះ ដូច្នេះ​តើ​ជែក​សុន​នឹងមាន​វិធី​ហែក​គុក​រត់​គេចចេញ​បាន​ដោយ​វិធី​ណា​ទៅ?

    ចម្លើយ​ដែល​ត្រឹមត្រូវ​គឺ៖

    ជែក​សុន​ត្រូវយក​ប៉ែល​ចូកដី​យកមក​ដាក់​គរ​ជា​គំនរ​នៅក្រោម​មាត់​បង្អួច ដើម្បីឱ្យ​វា​កាន់តែ​ខ្ពស់​ឡើង រួច​ក៏​ជាន់ឡើង​ចេញ​តាម​មាត់​បង្អួច​ដើម្បី​រត់ចេញ​ពី​គុក​នេះ។

     

    ចំណែក​អ្នក​ដែល​ឆ្លើយ​ត្រូវ និង​មានសំណាង​បានទទួល​រង្វាន់​ពី​គេហទំព័រ ឡា​រ៉ែ​ន​គឺ មិត្ត​អ្នកអាន​ដែលមាន​ឈ្មោះថា  K’Beb · Setec University

    សូមបញ្ជាក់​ផងដែរ​ថា ហ្គេម​អ្នកស៊ើប​អង្កេត​នេះ​នឹងមាន​ដាក់ជូន​មិត្ត​អ្នក​បាន​លេង​កម្សាន្ត សាកល្បង​ប្រាជ្ញា សាកល្បង​ភាពឈ្លាសវៃ និង​ការ​ប៉ិន​សង្កេត​របស់ខ្លួន​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ហើយ​ចម្លើយ​នឹង​ផ្សាយ​ជូន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​បន្ទាប់៕

    សូម​អរគុណ​ចំពោះ​ការចូលរួម​លេង​កម្សាន្ត។
    ស្រាវជ្រាវ​ដោយ “តា​វ៉ែនតា”

  • 2018 កម្ពុជា-ថៃ អាចធ្វើ​ដំណើរ​ទៅមក​តាម​រថភ្លើង​បាន​ហើយ

    2018 កម្ពុជា-ថៃ អាចធ្វើ​ដំណើរ​ទៅមក​តាម​រថភ្លើង​បាន​ហើយ

    ភ្នំពេញ៖ ក្នុងជំនួប​ទ្វេភាគី​ដ៍​កម្រ​មួយ រវាង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​កម្ពុជា និង​ប្រតិភូ​ភាគី​រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ​ថៃ ក្នុងនោះ​ភាគី​ទាំងពី​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ការតភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ និង​ការចាប់ផ្តើម​សាងសង់​ស្ពាន​ស្ទឹង​បត់-នង ដើម្បី​អាចធ្វើ​ដំណើរ​តាមផ្លូវ​ដែក​បាន​នៅ​ឆ្នាំ2018ខាងមុខ។

    ក្នុងជំនួប​ជា​ផ្លូវការ​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ក្តី​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​រដ្ឋមន្ត្រី​ថៃ​ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ជាមួយគ្នានេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ​បន្ថែម​ទៀត​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​បានបញ្ចប់ និង​កំពុង​ដំណើរ​ដែល​ក្រសួង​ទាំងពីរ​បាន​នឹង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា។

    ឯកឧត្តម​រដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​ពិភាក្សា​លើ​ការបញ្ចប់​អនុស្សរណៈ​យោគយល់​ស្តីពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន និង​ការសាងសង់​ស្ថានីយ​រថភ្លើង​ថ្មី​ដែលមាន​ទីតាំង​ជា​យុទ្ធសាស្ត្រ​នៅតាម​ព្រំដែន​ដែល​ត្រូវបាន​ស្នើឡើង ទាក់ទង​នឹង​របៀបវារៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ដែល​ខាង​ប្រទេស​ថៃ​បាន​បរិច្ចាគ​ដល់​កម្ពុជា​នូវ​ក្បាលរថភ្លើង ដឹក​អ្នកដំណើរ​ដើរ​ដោយ​ប្រេងម៉ាស៊ូត។

    ចំណុច​ផ្សេងទៀត​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​រួមមាន ការជូនដំណឹង​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អំពី​ការចាប់ផ្តើម​សាងសង់​ស្ពាន​ស្ទឹង​បត់-នង ដោយ​ការបុក​បង្គោល​គ្រឹះ នៅ​ខាង​ព្រំដែន​របស់​ភាគី​ថៃ និង​នាយករដ្ឋមន្ត្រី​ថៃ​មានបំណង​ស្នើសុំ​បង្កើត​សេវា​ឡានក្រុង​តាម​បណ្តោយ​ច្រករបៀង ទីក្រុង​បាងកក-ភ្នំពេញ-ហូជីមិញ។

    ឯកឧត្តម​រដ្ឋមន្ដ្រី​ទាំង​ពីររូប បាន​យល់ព្រម​ជួបពិភាក្សា​ការងារ​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 ដើម្បី​បញ្ចប់​អនុស្សរណៈ​នៃ​ការយោគយល់​ឱ្យបាន​ចប់សព្វគ្រប់ និង​គម្រោង​សាងសង់​ស្ពាន​ស្ទឹង​បត់-នង។

    គួរ​បញ្ជាក់ថា ប្រទេស​កម្ពុ​ជាមាន​ផ្លូវដែក​ចំនួន2ខ្សែ ទី1ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ព្រំដែន​កម្ពុជា-ថៃ មាន​ប្រវែង386គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ចន្លោះ​ពី​ឆ្នាំ1929 ដល់​ឆ្នាំ1942 និង​ខ្សែ​ទី2 ចេញពី​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ​ក្រុងព្រះសីហនុ មាន​ចម្ងាយ​សរុប 266គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ពី​ឆ្នាំ 1960 ដល់​ឆ្នាំ1969៕

  • ក្រសួង​វប្បធម៌​ប្រគល់​សិទ្ធិ​មរតកសាសន៍​របស់​ក​វី គង់ ប៊ុន​ឈឿន ដល់​ភរិយា​របស់លោក

    ក្រសួង​វប្បធម៌​ប្រគល់​សិទ្ធិ​មរតកសាសន៍​របស់​ក​វី គង់ ប៊ុន​ឈឿន ដល់​ភរិយា​របស់លោក

    បើតាម​លិខិត​សម្រេច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា បទ​ចម្រៀង​ចំនួន 41 បទ​របស់​កវី​ល្បីឈ្មោះ គង់ ប៊ុន​ឈឿន ដែលជា​មរតកសាសន៍ ត្រូវបាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ឱ្យទៅ​ភរិយា​របស់លោក គឺ​លោកស្រី គាត គីម​លន ដែលមាន​ទី​កំណើត​នៅ​ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ប្រទេស​កម្ពុជា ហើយ​សព្វថ្ងៃនេះ លោកស្រី​រស់នៅ​ប្រទេស​ន័​រវេ​យ៍ ( NorWay)។

    គោលបំណង​ក្នុងការ​ប្រគល់​មរតក​សាសន៍​នេះ​ឱ្យទៅ​ភរិយា​របស់លោក​គឺ ៖

    1.ដើម្បី​ថែរក្សា​កេរដំណែល​ស្នាដៃ​របស់​ស្វាមី។
    2.ដើម្បី​ថែរក្សា​កេរដំណែល​របស់​កវីនិពន្ធ​មានឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ល្បី​រហូត​ទៅដល់​ប្រទេស​នូ​វ៉ា​សេ​ឡង់។
    និង ៣.ក្នុង​គោលបំណង​ថែរក្សា និង​គោរព​ដល់​កម្ម​សិទ្ធ​បញ្ញា​របស់​កវីនិពន្ធ។

    គួរបញ្ជាក់​ផងដែរ​ថា សេចក្ដីសម្រេច​តាម​នេះ បាន​ចុះហត្ថលេខា​សម្រេច​ដោយ​លោកជំទាវ  ភឿង ស​ក្ខ​ណា ដែលជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដូច្នោះ​ហើយ​ករណី​ដែល​ល្មើស​ចំពោះ​កម្មសិទ្ធិបញ្ញា​នៃ​បទ​ចម្រៀង​កវី គង់ ប៊ុន​ឈឿន នេះ​ជនល្មើស​នឹងត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ៕

  • កុំ​អស់សង្ឃឹម អ្នកធ្លាក់​បាក់​ឌុប​សម័យនេះ​មិនមែន​អស់​ផ្លូវ​ដើរ​ទេ

    កុំ​អស់សង្ឃឹម អ្នកធ្លាក់​បាក់​ឌុប​សម័យនេះ​មិនមែន​អស់​ផ្លូវ​ដើរ​ទេ

    ការប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ជា​កិត្តិយស​មួយ​សម្រាប់​ខ្លួនឯង និង​គ្រួសារ តែ​អ្នកធ្លាក់​បាក់​ឌុប​វិញ​ក៏​មិនមែន​មានន័យថា បាត់បង់​កិត្តិយស​ធ្ងន់ធ្ងរ ឬ​មិនអាច​ជោគជ័យ​ក្នុង​ជីវិត​នោះទេ ប្រសិនបើ​គេ​ចេះ​កែប្រែ​ស្ថានភាព​ឱ្យ​ល្អប្រសើរ​ឡើង។

    តាមពិតទៅ​អ្នកធ្លាក់​បាក់​ឌុប​ទាំងអស់​មិន​ប្រាកដថា ពួកគេ​មិន​ខំប្រឹងប្រែង​រៀន​នោះទេ តែ​ពេលខ្លះ​មកពី​សមត្ថភាព ឬ​កាលៈទេសៈ​ណាមួយ​បណ្តាលឱ្យ​គាត់​ត្រូវ​ជួប​បញ្ហា ហើយ​មិនអាច​ប្រឡង​ជាប់ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​គ្រប់ភាគី​ក្នុងសង្គម​នៅ​យកចិត្តទុកដាក់ ហើយ​ផ្តល់ឱកាស​ជាច្រើន​សម្រាប់​ពួកគេ។ សិស្ស​ដែល​ធ្លាក់​បាក់​ឌុប​នៅ​សម័យនេះ មិនមែន​អស់​ផ្លូវ​ដើរ​នោះទេ តាមពិតទៅ​គឺមាន​វិធី​ជាច្រើន​ណាស់​ដែល​គាត់​អាច​កសាង​ឧត្តមភាព​សម្រាប់​ជីវិត​បាន ហើយ​ពេលខ្លះ​អាច​ជោគជ័យ​ជាង​អ្នក​ប្រឡង​ជាប់​ផង​ក៏​ថា​បាន ប្រសិនបើ​ពួកគាត់​ដឹង​បញ្ហា ហើយ​ចេះ​កែ​វា​នោះ។

    រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ថា សិស្ស​ដែល​ធ្លាក់​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​ជម្រើស​ជាច្រើន​ដែល​អាច​ជ្រើសរើស​បាន។ ជម្រើស​ទី1 គឺ​គាត់​អាច​បន្ត​សិក្សា​ដើម្បី​ប្រឡង​មួយឆ្នាំ​ទៀត ទី2 គាត់​អាច​រៀន​បរិញ្ញាបត្ររង និង​ទី3 គាត់​អាច​សិក្សា​ជំនាញ​បច្ចេកទេស។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «សិស្ស​ដែល​ធ្លាក់​បាក់​ឌុប អាច​សិក្សា​វគ្គ​ជំនាញ​ជាច្រើន​ដែល​អាចឱ្យ​គាត់​ទទួលបាន​ចំណូល​បាន​សមរម្យ ហើយ​ក៏មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​អាចឱ្យ​គាត់​បញ្ចប់​ការសិក្សា​កម្រិត​ឧ​ត្ត​ម​សិក្សា​បានដែរ»។

    ថ្លែង​ពី​បញ្ហា​នេះ​ផងដែរ ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់បាន​លើកឡើងថា សិស្ស​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ននេះ​មាន​ជម្រើស​ច្រើនណាស់​សម្រាប់​ការកំណត់​អាជីព​នាពេល​អនាគត។ សិស្ស​ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ក្តី មិន​ជាប់ក្តី អាចដាក់​ពាក្យ​ចូលរៀន​ជំនាញ​បច្ចេកទេស​លើ​មុខវិជ្ជា​ជាច្រើន​ដែល​កម្ពុជា​កំពុង​ត្រូវការ។ នាពេល​បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ត្រូវការ​ពលកម្ម​ជំនាញ​មធ្យម​ច្រើន ហើយ​ការសិក្សា​ជំនាញ​បច្ចេកទេស​កម្រិត​មធ្យម​នេះ មិនចាំបាច់​ទាមទារ​ឱ្យ​សិស្ស​មាន​បាក់​ឌុប​នោះទេ។

    ឯកឧត្តម ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា៖ «ពលកម្ម​ជំនាញ​មធ្យម ឬ​កម្មករ​ជំនាញ​នាពេល​បច្ចុប្បន្ននេះ អាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ហើយក៏​ជា​មុខជំនាញ​ដែល​សង្គម​កំពុងតែ​ត្រូវការ​ដែរ។ មាន​អ្នកខ្លះ​ធ្វើការ​បាន​ប្រាក់ខែ​ខ្ពស់​ហើយ​ទើប​បន្ត​យក​វិស្វករ​ក៏មានដែរ»។

    បើតាម​ឯកឧត្តម ពេ​ជ សោភ័ន សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ក្តី និង​ធ្លា​ក់បាក់​ឌុប អាច​មានឱកាស​ដូចគ្នា​ក្នុងការ​ចាប់យក​អាជីព​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ។ រួច​បើ​យើង​សម្លឹង​មើលទៅ​ទីផ្សារការងារ​ទៀតសោត​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​នោះដែរ ជា​ឧទាហរណ៍​នៅក្នុង​សំណង់​អគារ​មួយ​មាន​វិស្វករ ឬ​អ្នកគ្រប់គ្រង​តែ​ម្នាក់ ឬ​ពីរ​នាក់​ប៉ុណ្ណោះ បន្ទាប់មក​គឺ​ត្រូវការ​មេការ​សំណង់​ពីរ​ឬ​បីនាក់ ចុងក្រោយ​អ្នក​ដែលមាន​ចំនួន​ច្រើនជាងគេ​នោះ​គឺជា កម្មករ​ជំនាញ។ កន្លងមក​ដោយសារតែ​បញ្ហា​កង្វះខាត​កម្មករ​ជំនាញ ម្ចាស់​ការដ្ឋាន​នានា​ត្រូវ​បង្ខំចិត្ត​ជួល​កម្មករ​ជំនាញ​ពី​បរទេស ដែល​ធ្វើឱ្យ​ពួកគាត់​ត្រូវ​ចំណាយ​ច្រើន​លើ​ប្រាក់ឧបត្ថម្ភ និង​ប្រាក់ខែ ខណៈ​ប្រជាជន​កម្ពុជា​ពិបាក​ស្វែងរក​ការងារ​ធ្វើ​លើ​ផ្នែក​ធំ។ នៅពេលដែល​សិស្ស-និស្សិត​កម្ពុជា ចាប់អារម្មណ៍​លើ​ការសិក្សា​ជំនាញ​បច្ចេកទេស ឬ​វគ្គក​ម្មករ​ជំនាញ​មធ្យម កម្ពុជា​នឹង​អាចមាន​ចំនួន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​លើ​សេចក្តីត្រូវការ​ដែល​សង្គម​កំពុង​ជួបប្រទះ។

    បង្ហាញ​ពី​ដំណោះស្រាយ​សម្រាប់​សិស្ស​ធ្លាក់​បាក់​ឌុប​នេះ លោក​បណ្ឌិត យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ធ្លាប់បាន​លើកឡើងថា សិស្ស​ដែល​ធ្លាក់​បាក់​ឌុប​ឆ្នាំនេះ និង​ឆ្នាំ​កន្លងទៅ​គាត់​អាច​ស្វែងរក​វិទ្យាស្ថាន ឬ​គ្រឹះស្ថានបច្ចេកទេស​ណាមួយ ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ជំនាញ​ពិតប្រាកដ។ ជា​ជម្រើស​ល្អ ពួកគាត់​អាច​ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង​រយៈ​ពេល 2ឆ្នាំ ដើម្បី​ឱ្យមាន​ជំនាញ​ពិតប្រាកដ​មួយ បន្ទាប់មក​គាត់​អាច​បន្ត​ថ្នាក់​បរិញ្ញាបត្រ​បាន៕

  • ចំណុច​ប្រុងប្រយ័ត្ន​សម្រាប់​សិស្ស​បាក់​ឌុប​ក្នុង​ថ្ងៃ​ចេញ​លទ្ធផល​នេះ

    ចំណុច​ប្រុងប្រយ័ត្ន​សម្រាប់​សិស្ស​បាក់​ឌុប​ក្នុង​ថ្ងៃ​ចេញ​លទ្ធផល​នេះ

    ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​សិស្ស​ថ្នាក់​ទី 12 ត្រូវ​ដឹង​លទ្ធផល​សម្រាប់​ការប្រឡង​ដ៏​តឹងតែង​របស់ខ្លួន ហើយក៏​ជា​ថ្ងៃ​ដែល​សិស្ស​ជាច្រើន​សប្បាយរីករាយ និង​សោកសៅ ព្រោះ​លទ្ធផល​នឹង​ចេញមក​មិនដូចៗគ្នា​នោះទេ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្នុង​លក្ខខណ្ឌ​ដែល​បេក្ខជន​នោះ​ជាប់ ក៏​ប្រាកដថា​មិនមែន​គ្រោះថ្នាក់​នោះទេ​នៅថ្ងៃនេះ។ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​មិន​ប្រុងប្រយ័ត្ន​ទេនោះ អ្នកនឹង​ត្រូវ​ជួប​រឿង​ស្តាយក្រោយ​ជាក់​ជាមិនខាន ហើយ​វិបត្តិ​ទាំងអស់នោះ​នឹង​ជះឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ជីវិត។

    ខាងក្រោម​នេះ​ជា​បញ្ហា​មួយចំនួន​ដែល​អ្នក​ទាំងអស់គ្នា​ត្រូវ​ដឹង​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ ហើយ​សូម​ចូលរួម​ទប់ស្កាត់​បញ្ហា​ទាំងអស់នោះ​កុំឱ្យ​វា​បំផ្លាញ​ជីវិត​យើង​បាន​ឱ្យសោះ។

    1.ជប់លៀង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត

    ក្រោយពេល​ជួបជុំ សប្បាយរីករាយ សិស្ស និង​មនុស្ស​នៅ​កម្ពុជា​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង។ អ្នក​ជាប់​គេ​ផឹក​ដើម្បី​អបអរសាទរ ហើយ​អ្នកធ្លាក់​គេ​នឹង​ផឹក​ដើម្បី​បំបាត់​ភាព​ស្មុ​គ្រ​ស្មាញ បញ្ហា​នេះ​ជា​រឿង​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះថា​ប្រសិនបើ​អ្នក​ភ្លេចខ្លួន​តែ​បន្តិច អ្នកនឹង​ស្តាយក្រោយ។

    ជា​រៀងរាល់ឆ្នាំ បណ្តាញ​ព័ត៌មាន​សុទ្ធតែ​បាន​ចុះ​ពី​គ្រោះថ្នាក់​របស់​សិស្ស​ថ្នាក់​ទី 12 ដែល​គ្រោះថ្នាក់​បន្ទាប់ពី​ជប់លៀង​មិត្តភក្តិ​បន្ទាប់ពី​មើល​លទ្ធផល ហេតុនេះ​សូមមេត្តា​ការពារ​ខ្លួន​មុនពេល​សម្រេចចិត្ត​នៅ​ទៅ​ជប់លៀង​នៅ​ល្ងាច​នេះ កុំ​ឱ្យដល់​កំពង់ លង់​ទូក ប្រឡង​ជាប់ បែរជា​ត្រូវ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៅវិញ ព្រោះ​នៅ​ថ្ងៃ​ដែល​សប្បាយរីករាយ​ខ្លាំង ឬ​កើត​ទុក​ខ្លាំង​អ្នក​ទាំងអស់គ្នា​នឹង​ភ្លេច​ពី​រឿងផ្សេងៗបើទោះបីជា​វា​ជា​រឿង​គ្រោះថ្នាក់​ក៏ដោយ។

    2.ជុំគ្នា​ស្តាប់​យោបល់​ខ្វះ​ការគិត​ឱ្យធ្វើ​ឱ្យ​យើង​ដើរ​ខុស

    ក្រោយពេល​មើល​លទ្ធផល​ប្រឡង​បាក់​ឌុប ស្ទើរតែ 100% នៃ​សិស្ស​ដែល​ប្រឡង​ជាប់ តែងតែ​ជួបជុំគ្នា ហើយ​នៅ​ស្រប​ពេលដែល​សប្បាយ​ជុំគ្នា ប្រធាន​ដែល​និយាយ​ពី​ដំណើរ​បន្ត​នឹង​ត្រូវបាន​គេ​លើកឡើង។ នៅពេលនោះ សំឡេង​ជាច្រើន នឹង​ចូលមកក្នុង​ត្រចៀក​របស់​សិស្ស​ដែល​មិនទាន់មាន​គោលដៅ​ច្បាស់លាស់ ហើយ​ហេតុផលល្អៗជុំវិញ​អាជីព និង​មុខវិជ្ជា​ជាច្រើន​នឹង​ចូលទៅក្នុង​ខ្លួន​គាត់ ដែល​ពេលខ្លះ​អាចធ្វើឱ្យ​គាត់​ភ្លេច​ពី​ចំណុច​ពិសេស​របស់​ខ្លួនឯង ហើយ​ងាក​ទៅ​ជ្រើសរើស​ជម្រើស​តាម​មិត្តភក្តិ​ដែលមាន​វោហា​សព្ទ​ច្រើន។ ចំណុច​ទាំងអស់នេះ​អាចធ្វើឱ្យ​គាត់​ជាប់​បាក់​ឌុប តែ​ខាត​ពេល​រៀន​មហាវិទ្យាល័យ​ចំ​មុខវិជ្ជា​ដែល​ខ្លួន​មិន​ស្រឡាញ់​ពិតប្រាកដ។

    3.ក្រុម​បោកប្រាស់​មួយចំនួន​នឹង​ជ្រៀតចូល​ជាមួយ​ក្រដាស​ពាណិជ្ជកម្ម​គ្រឹះស្ថានសិក្សា

    ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប និង​ថ្ងៃ​ចេញ​លទ្ធផល តែងតែមាន​គ្រឹះស្ថាន​អប់រំ​ជាច្រើន​នឹងធ្វើ​ការចែក​ចាយ​នូវ​ខិត​បណ្ណ​ពាណិជ្ជកម្ម ព្រោងព្រាត។ ជា​បទពិសោធន៍​នៅក្នុង​ប្រទេស​យើង មាន​ក្រុមហ៊ុន ឬ​ក្រុមមនុស្ស​មួយចំនួន​ក៏​ប្រកាស​ជ្រើសរើស​សិស្ស​ឱ្យចូល​ធ្វើ​ការងារ​នៅក្នុង​នោះដែរ។

    ការងារ​ទាំងអស់នោះ​ភាគច្រើន​ជាការ​ងារ​ដែល​មិន​ត្រូវការ​បទពិសោធន៍ មាន​ប្រាក់ចំណូល​គិត​ជា​សប្តាហ៍ ជា​បណ្តាញ​ទីផ្សារ ឬ​ជាការ​ងារ​ដែល​ស្រួល អាចធ្វើ​តាម​អន​ឡាញ​បាន​ជាដើម។ ដំណឹង​ជ្រើសរើស​ការងារ​ទាំងអស់​នោះ អាចជា​ដំណឹង​បោកប្រាស់ ឬ​ជា​តំណឹង​ដែល​ចង់​កេងចំណេញ​លុយកាក់​ពី​សិស្ស​វិទ្យាល័យ​ដែល​ចង់បាន​ការងារភ្លាមៗ ហេតុនេះ​សូម​គិតពិចារណា​មុនពេល​សម្រេចចិត្ត ឬ​មុនពេល​សម្រេចចិត្ត​ចាប់យក​ឱកាស​ទាំងអស់នោះ៕

  • អបអរសាទ! ភ្នំពេញ សៀមរាប និង​កណ្តាល មាន​សិស្ស​ជាប់​និទ្ទេស A ច្រើនជាងគេ

    អបអរសាទ! ភ្នំពេញ សៀមរាប និង​កណ្តាល មាន​សិស្ស​ជាប់​និទ្ទេស A ច្រើនជាងគេ

    ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2017 នេះ ជា​ថ្ងៃ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។

    នៅមុន​ពេល​បិទ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ក្រសួង​អប់រំ បានចេញ​សេចក្តីប្រកាស​មួយ​ដែល​បង្ហាញ​ពី​ចំនួន​សិស្ស​និទ្ទេស A នៅ​ទូទាំងប្រទេស​ជាមុនសិន ដែល​ក្នុងនោះ សិស្ស​និ​ទ្ធេ​ស A នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ច្រើនជាងគេ​នៅក្នុង​ប្រទេស គឺមាន 194នាក់ បន្ទាប់មក​គឺ ខេត្តសៀមរាប ដែលមាន​សិស្ស​ជាប់​និទ្ទេស A ចំនួន 47នាក់ និង​លេខ​រៀង​ទី 3 គឺ​ខេត្តកណ្តាល ដែលមាន​សិស្ស​ជាប់​និទ្ទេស A ចំនួន 26នាក់។

    ក្រៅពីនោះ​គឺ​ខេត្តនីមួយៗទទួលបាន​និទ្ទេស A តាម​ចំនួន​ដូចខាងក្រោម៖

    – បាត់ដំបង ចំនួន23នាក់
    – កំពត ចំនួន21នាក់
    – កំពង់ចាម ចំនួន20នាក់
    – ព្រៃវែង ចំនួន១២នាក់
    – បន្ទាយមានជ័យ ចំនួន12នាក់
    – កំពង់ឆ្នាំង ចំនួន12នាក់
    – ព្រះសីហនុ ចំនួន9នាក់
    – កំពង់ធំ ចំនួន9នាក់
    – តាកែវ ចំនួន8នាក់
    – ត្បូងឃ្មុំ ចំនួន7នាក់
    – ពោធិ៍សាត់ ចំនួន6នាក់
    – ក្រចេះ ចំនួន6នាក់
    – ស្វាយរៀង ចំនួន5នាក់
    – ព្រះវិហារ ចំនួន2នាក់
    – កែប ចំនួន2នាក់
    – កំពង់ស្ពឺ ចំនួន1នាក់
    – ប៉ៃលិន ចំនួន1នាក់
    – កោះកុង ចំនួន1នាក់
    ជារួម​នៅ​ទូទាំងប្រទេស​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង”ជាប់” ចំនួន 63,668នាក់ ត្រូវជា63.84% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន 99,728នាក់។ ថ្នាក់​វិទ្យាសាស្ត្រ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន 34,234នាក់ ត្រូវជា53.40% និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន 29,434នាក់ ត្រូវជា82.62%៕