Category: សង្គម និងសេដ្ឋកិច្ច

  • ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងកុន​ទូទាំងប្រទេស​កម្ពុជា

    ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងកុន​ទូទាំងប្រទេស​កម្ពុជា

    ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ (First They Killed My Father)» ជា​ភាសា​ខ្មែរ​ដែល​បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Netflix ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2017 ក្រោម​ការ​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន Westec Media Limited ហើយនឹង​ចាក់​បញ្ចាំង​នៅ​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន Netflix ត្រឹម​ថ្ងៃទី 15 ខែកញ្ញា​ខាងមុខនេះ ។

    ក្រោម​ការដឹកនាំ​ដោយ លោកស្រី Angelina Jolie ខ្សែភាពយន្ត​រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» គឺជា​ខ្សែភាពយន្ត​ប្រែ​សម្រួល​ចេញពី​ការចងចាំ​ដ៏​ឈឺចាប់​របស់​អ្នកស្រី អ៊ឹង លួង ដែលជា​អ្នកនិពន្ធ​សៀវភៅ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដែល​បាន​រួចផុតជីវិត​ពីរ​បប​ខ្មែរក្រហម​ដ៏​សាហាវយង់ឃ្នង​ក្នុងអំឡុង​ពី​ឆ្នាំ 1975 ដល់​ឆ្នាំ1979 ។

    នៅក្នុង​សាច់រឿង​ត្រូវបាន​រៀបរាប់​តាម​ការមើលឃើញ​របស់​អ្នកស្រី​តាំងពី អាយុ5ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច រហូតដល់​គាត់​អាយុ9ឆ្នាំ។ ខ្សែភាពយន្ត​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​យ៉ាង​មោះមុត និង​ការតស៊ូ​យ៉ាង​ប្តូរផ្តាច់​របស់​គ្រួសារ​អ្នកស្រី ដើម្បី​បានរស់នៅ​ជាមួយគ្នា​យ៉ាង​វេទនា​អំឡុង​សម័យ​ខ្មែរក្រហម។ ជាមួយគ្នានេះ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ក៏​ធ្វើឡើង​ដើម្បី​ជាការ​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​បាន​រួច​ផុតពី​ការស្លាប់​ក្រោម​របប​ខ្មែរក្រហម​ផងដែរ។ វា​បាន​ផ្តោត​សំខាន់​លើ​សេចក្ដីស្រឡាញ់ និង​ការលះបង់​របស់​ក្រុមគ្រួសារ​ខ្មែរ និង​ឆ្លុះបញ្ចាំង​ពី​ភាពស្រស់ស្អាត ដួងវិញ្ញាណ និង​ស្មារតី​រឹងមាំ​របស់​ប្រជាជន​ខ្មែរ និង​វប្បធម៌​ខ្មែរ។

    ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ធ្លាប់បាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី 18 ខែ​កម្ភៈ កន្លងទៅ នៅ​លានជល់ដំរី​នៃ​បរិវេណ​ប្រាសាទអង្គរវត្ត​នៅក្នុង​ខេត្តសៀមរាប ក្រោម​វត្តមាន​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ  ហើយនឹង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី និង​ឥស្សរជនសំខាន់ៗ ដោយ​ផ្តល់​អាទិភាព​ដល់​អ្នក​រស់រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម ក៏ដូចជា​អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ និង​អង្គ​ការអប់រំ​ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់​ផងដែរ ។ ខ្សែភាពយន្ត​នេះ​ត្រូវបាន​ថត​ក្នុងប្រទេស​កម្ពុជា​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2015 រហូតដល់​ខែកុម្ភៈ ឆ្នាំ 2016 ដែល​និយាយ​ជា​ភាសា​ខ្មែរ​ទាំងស្រុង ហើយ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំជាងគេ​ដែល​មិន​ធ្លាប់បាន​ផលិតឡើង​ក្នុង​ប្រទេសមួយ​នេះ។  អ្នកបច្ចេកទេស សិប្បករ និង​អ្នកជំនាញ​ផ្នែក​សិល្បៈ​ជនជាតិខ្មែរ បាន​ចូលរួម​យ៉ាងច្រើន​បំផុត​ក្នុង​ក្រុមការងារ​ថត​ខ្សែភាពយន្ត​នេះ រួមជាមួយ​តួអង្គ​សម្តែងផ្សេងៗទៀត​សរុប​ប្រមាណ​ជាង 3500 នាក់។

    ជាមួយគ្នានេះ កុមារី ស្រី​ម៉ុ​ច សារឿ​ម ដែល​បាន​ដើរ​ជា​តួអង្គ​សំខាន់​របស់​អ្នកស្រី អ៊ឹង លួង ដែលមាន​អាយុ​ពី 5-9 ឆ្នាំ ហើយនឹង​លាតត្រដាង​ពី​ទិដ្ឋភាព​នៃ​រឿងនេះ ស្ថិតនៅក្នុង​សាលារៀន​អង្គការ​មនុស្សធម៌​មួយ​ក្នុង​តំបន់។ តួអង្គ​ឪពុកម្តាយ​របស់​អ្នកស្រី អ៊ឹង លួង  ត្រូវបាន​សម្តែង​ដោយ​លោក ភឿង កុម្ភៈ និង​អ្នកនាង ស្វែង សុជាតា។ បងប្អូន​របស់​អ្នកស្រី អ៊ឹង លួង ត្រូវបាន​សម្តែង​ដោយ​នី​តា  និង​នី​កា​សារុន (ហៅ​ហ្គិ​ច), រុន ចិន្តា (ហៅ​ជូ) , មុន គឹម​ហាក់ (ហៅ គឹម) , អូន ស្រី​នាង (ហៅ គាវ) , ឃួន សុធា (ហៅ​គួ​យ) និង ហេង តារា (ហៅ​ម៉េង) ។

    គួរបញ្ជាក់​ផងដែរ​ថា ខ្សែភាពយន្ត​រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» គឺជា​ខ្សែភាពយន្ត​ដើម​របស់​ក្រុមហ៊ុន Netflix Inc ដែល​ផលិត​ដោយ​អ្នកស្រី អែន​ជឺ​លី​ណា ជោ​លី, លោក ប៉ាន់​រិទ្ធី ជា​អ្នកដឹកនាំ​រឿង និង​ជា​ផលិតករ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ ដែល​ធ្លាប់បាន​ដឹកនាំ​រឿង «ការបាត់បង់​រូបភាព» ជា​ភាសា​អង់គ្លេស​ហៅថា «the missing picture» បាន​ជាប់​ឈ្មោះ​ជា​បេក្ខជន​ក្នុងការ​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​អូ​ស្កា និង​លោក Michael Vieira ផលិតករ​ខ្សែភាពយន្ត​ល្បីល្បាញ​នៃ​រឿង (By the Sea) ។ លោក Xavier Box (រឿង​Umrika) និង​អ្នកស្រី Patricia Rommel (រឿង The Lives of Others)  គឺជា​អ្នក​កាត់​តនៃ​ខ្សែភាពយន្ត​នេះ។

    លោកអ្នក​អាច​កក់​សំបុត្រ​ដោយផ្ទាល់ ឬ​តាមរយៈ​អន​ឡាញ តាម​ម៉ោង​បញ្ចាំងភាពយន្ត​នេះ ដែល​អ្នក​អាច​ជ្រើសរើស​នៅលើ​គេហទំព័រ​ដូចខាងក្រោម ៖

    https://cinema.org.kh
    https://legend.com.kh
    https://www.majorcineplex.com.kh/cinema/
    https://primecineplex.com
    https://barayandetcinema.com/

  • កុំព្យូទ័រ​ស៊េរី​ថ្មី​របស់ Xiaomi ស្អាត ហើយ​ខ្លាំង​ទៀត

    កុំព្យូទ័រ​ស៊េរី​ថ្មី​របស់ Xiaomi ស្អាត ហើយ​ខ្លាំង​ទៀត

    ម្សិលមិញ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​ចិន Xioami បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​យួរដៃ Mi Notebook Pro មាន​រូបរាង​ស្អាត និង​មាន​សមត្ថភាព​ដំណើរការ​ខ្លាំង ដើម្បី​ប្រជែង​ជាមួយនឹង​ស៊េរី​កុំព្យូទ័រ​របស់ Apple។

    កុំព្យូទ័រ​នេះ​មាន​រាងស្ដើង តួខ្លួន​រចនា​ឡើង​ពី​លោហៈ​ម៉ាញ៉េ​ស្យូ​ម អាល់​ឡយ (Magnesium alloy) មាន​ទម្ងន់​ស្រាល ត្រឹមតែ 1.95 គីឡូក្រាម លើ​អេក្រង់​ទំហំ 15.6 អ៊ី​ញ។ វា​ត្រូវបាន​ក្រុមហ៊ុន​បំពាក់​ជាមួយនឹង​បន្ទះ​ឈី​ប​មាន​សមត្ថភាព​ខ្ពស់ Intel Core i7 និង​មាន RAM 8GB/16GB ទំហំ​ផ្ទុក 256 GB ប្រភេទ SSD មាន​ក្រាហ្វិក NVIDIA GeForce MX150 និង​ភ្ជាប់​នូវ​រន្ធ Port សរុប​ចំនួន 7។ Mi Notebook Pro ក៏មាន​ប្រើ​នូវ​ទ្រនាប់​ស្គែ​ន​ក្រយៅដៃ Fingerprint នៅ​បរិវេណ Touch Pad និង​មានប្រើ​នូវ​ប្រព័ន្ធ​ត្រជាក់ Symmetrical Cooling សម្រាប់​ជួយ​កាត់បន្ថយ​កម្ដៅ ទោះជា​ប្រើ​យូរ​ក៏​គ្មាន​បញ្ហា​កម្ដៅ​ដែរ។

    កុំព្យូទ័រ​នេះ ភ្ជាប់​ជាមួយ​បាស់​បំពង​សំឡេង​មកពី​ក្រុមហ៊ុន Harman និង​បច្ចេកវិទ្យា​សំឡេង Dolby panoramic sound។ កុំព្យូទ័រ​យួរដៃ​មួយ​នេះ​ត្រូវបាន Xiaomi ចាប់ផ្តើម​លក់​នៅក្នុង​តម្លៃ CNY 5,600 (ប្រមាណ $860) សម្រាប់​ប្រភេទ Core i5 ចំណែក​ប្រភេទ Core i7 មានតម្លៃ CNY 6,400 (ប្រមាណ $980)៕

    Video៖ https://youtu.be/NXy63RHhlYA

  • នេះ​ជា Link ដើម្បី​ទស្សនា​ការផ្សាយ​ផ្ទាល់​របស់ Apple នៅក្នុង​ព្រឹត្តិការណ៍​យប់​នេះ

    នេះ​ជា Link ដើម្បី​ទស្សនា​ការផ្សាយ​ផ្ទាល់​របស់ Apple នៅក្នុង​ព្រឹត្តិការណ៍​យប់​នេះ

    អ្វីៗទាំងអស់​នឹងត្រូវ​បាន​បង្ហាញ​នៅ​រាត្រី​នេះ​នៅ​ម៉ោងជាង12  រំលងអធ្រាត្រ​បន្តិច​ឈានចូល​ថ្ងៃទី13 ម៉ោង​នៅក្នុង​ប្រ​ទស​កម្ពុជា  Apple នឹងធ្វើ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍ Special Event នេះ​ដោយផ្ទាល់​នៅ​គេហទំព័​របស់ខ្លួន ហើយ​ប្រិយមិត្ត​ដែល​ចង់​ចូលរួម​ទស្សនា​ក៏​អាច​ចូល​បាន​តាមរយៈ Link ខាងក្រោម​នេះ។

    ចុច​លើ Link នេះ​ដើម្បី​ចូលទៅ​ទស្សនា​ការផ្សាយ​ផ្ទាល់

    ក្នុងការ​ចូលរួម​ទស្សនា​ផ្ទាល់​នេះ Apple អនុញ្ញាត​បានតែ​ចំពោះ​ប្រិយមិត្ត​ដែល​ប្រើ​ទូរស័ព្ទ iPhone  iPad  iPod Touch ដែលមាន​កម្មវិធី Safari ចាប់ពី iOS 9.0 ឬ​ខ្ពស់ជាង​នេះ កុំព្យូទ័រ Mac ប្រើ​កម្មវិធី Safari លើ macOS v10.11 ឬ​ខ្ពស់ជាង​នេះ ហើយ​ចំពោះ​អ្នក​ដែល​ប្រើ​កុំព្យូទ័រ Windows ធម្មតា ត្រូវ​ប្រើ​កម្មវិធី Microsoft Edge លើ​ប្រព័ន្ធ Windows 10។ ដោយឡែក​ចំពោះ​អ្នក​ប្រើ Apple TV អាច​ប្រើ​បាន​ពី​ជំនាន់​2nd ឬ 3rd ដែលមាន Software 6.2 R ឬ​ខ្ពស់ជាង​នេះ។

    សម្រាប់​ព្រឹត្តិការណ៍​នេះដែរ ត្រូវបាន​គេ​រំពឹងទុក​ថា Apple នឹង​បង្ហាញ​ពី​ឧបករណ៍​ជំនាន់ថ្មីៗជាច្រើន រួម​នឹង​មុខងារ​ផ្តោតលើ​ការវិវឌ្ឍ នៃ​ផ្នែក Software និង​ការដាក់ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS11ផងដែរ។

    សូមកុំ​ភ្លេច​តាមដាន​ជាមួយ​ក្រុមការងារ​គេហទំព័រ ឡា​រ៉ែ​ន និង​ចែករំលែក (Share) ព័ត៌មាន​នេះ ដើម្បីឱ្យ​មិត្ត​ភ័ក្ដិ​របស់​អ្នក​បាន​ដឹងផង៕

  • រយៈពេល7ខែ ខ្មែរ​ចេញ​កម្សាន្ត​នៅក្រៅ​ប្រទេស​ជិត1លាន​នាក់

    រយៈពេល7ខែ ខ្មែរ​ចេញ​កម្សាន្ត​នៅក្រៅ​ប្រទេស​ជិត1លាន​នាក់

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល7ខែ​ឆ្នាំនេះ​ចំនួន​ប្រជាជន​កម្ពុជា​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​មាន​ជិត1លាន​នាក់ កើនឡើង22ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី12 កញ្ញា​នេះ​ថា ក្នុង​រយៈពេល7ខែ​ឆ្នាំនេះ ប្រជាជន​ខ្មែរ 998,000នាក់​បាន​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស។ ប្រទេស​ដែល​ពួកគេ​ចេញទៅ​ភាគច្រើន​រួមមាន​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី សាំង​ហ្កា​ពួរ និង​ទៅ​ទស្សនា​នៅ​ប្រទេស ជប៉ុន​ក៏មាន​ការកើនឡើង​ខ្ពស់​ផងដែរ។ លោក​បន្តថា ការកើនឡើង​នូវ​ការចេញ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​ប្រជាជន​ខ្មែរ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កាន់តែ​ប្រសើរឡើង។

    លោក​បន្តថា កាលពី​ឆ្នាំមុន​ភ្ញៀវទេសចរ​កម្ពុជា​ចេញទៅ​ទស្សនា​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ1លាន​នាក់ និង​រំពឹង​កើនឡើង​ជាង1លាន​នាក់​នៅ​ឆ្នាំនេះ ដោយសារ​កំណើន​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាជន​ខ្មែរ​និយម​ដើរ​កម្សាន្ត​ច្រើន​នៅក្រៅ​ប្រទេស។

    ជាមួយនឹង​ការចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ក្នុង​តំបន់​កើនឡើង កម្ពុជា​ក៏​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ ដោយ​ក្រសួងទេសចរណ៍​បាន​ព្យាករ​ថា កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​ដល់5.4លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ចំនួន1លាន​នាក់។

    លោក ធួន ស៊ីណាន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា លោក​មិន​ហ៊ាន​បដិសេធ​អំពី​ការលើកឡើង​នេះ​ទេ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​មាន​ក្រុមហ៊ុនធំៗជាច្រើន​បាន​លុបចោល​ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មិនល្អ ប៉ុន្តែ​ប្រសិនជា​បូក​ចំនួន​ភ្ញៀវទេសចរ​នឹង​ចំនួន​អ្នក​ចេញទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ផង​ឃើញ​ចំនួន​ភ្ញៀវ​ទំហំ​ប៉ុណ្ណឹង​លោក​មានការ​យល់ស្រប ព្រោះ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​បាន​កើនឡើង​យ៉ាងគំហុក។

    លោក​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​វៀតណាម​តាម​ច្រក​បាវិត ច្រក​ត្រពាំង​ស្រែ និង​ច្រក​ត្រពាំង​ផ្លុ​ង និង​ចេញ​តាម​ច្រក​អូរ​ស្មាច់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សុ​រិ​ន្ទ្រ​ប្រទេស​ថៃ​មាន​មិន​ក្រោម500នាក់​ទេ​ក្នុង​មួយថ្ងៃ។

    លោក ធួន ស៊ីណាន បាន​បន្តថា ការ​ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​គេ គឺមាន​ផលចំណេញ​ពីរ ទី1 ប្រជាជន​ខ្មែរ​អាច​មើលឃើញ​ពី​ការអភិវឌ្ឍ​នៅ​ប្រទេស​របស់គេ និង​អាច​យកគំនិត​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​របស់ខ្លួន​វិញ និង​ទី2 ជាការ​បង្ហាញថា កម្ពុជា​មិន​រង់ចាំតែ​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​នោះទេ តែ​វា​បង្ហាញឱ្យឃើញថា ប្រជាជន​ខ្មែរ​ក៏មាន​ជីវភាព​ធូរធារ​អាច​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស បាន​ស្មើមុខស្មើមាត់​នឹង​ប្រជាជន​នៃ​ប្រទេស​ក្នុង​តំបន់​ផងដែរ៕

     

  • តំណក់​ប្រេង​កម្ពុជា​អាច​នឹង​ប្រើ​មិនបាន​យូរ បើ​គ្មាន​គោលការណ៍​តម្លាភាព

    តំណក់​ប្រេង​កម្ពុជា​អាច​នឹង​ប្រើ​មិនបាន​យូរ បើ​គ្មាន​គោលការណ៍​តម្លាភាព

    ភ្នំពេញ- គ្រា​ដែល​ប្រទេស​កម្ពុជា​ជិត​ទទួលបាន​ដំណក់​ប្រេង​ដំបូងបង្អស់​នៅ​ឆ្នាំ 2019ខាងមុខ​នោះ  ត្រូវបាន​អ្នកជំនាញ​បញ្ជាក់ថា ដើម្បី​រក្សា​ឱ្យបាន​និរន្ដរភាព​ក្នុងការ​បូម​យក​ធនធាន​កម្រ​មួយ​នេះ ការ​អនុវត្ដ​យន្ដការ​តម្លាភាព​គឺជា​រឿង​មួយ​ចាំបាច់​បំផុត។

    ឯកឧត្ដម ម៉េង ស័ក្ដិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា៖ «ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រេងកាត និង​ឧស្ម័ន​តម្រូវឱ្យមាន​យន្ដការ​តម្លាភាព​ច្បាស់លាស់ ព្រោះ​វា​ជា​ធនធាន​ដែល​មិន​កកើត​ឡើងវិញ និង​ជា​ធនធាន​ត្រូវបាន​កំណត់ដោយ​ច្បាប់​ថា ជា​សម្បត្ដិ​រដ្ឋ និង​របស់​ប្រជាពលរដ្ឋ​យើង​គ្រប់​ជំនាន់។ ដូច្នេះ​ការ​ដកយក​ធនធាន​នេះ​មកប្រើប្រាស់​សម្រាប់​ធ្វើជា​ទុនវិនិយោគ​ក្នុងដំណាក់កាល​ណាមួយ ត្រូវ​គិតគូរ​ឱ្យបាន​វែងឆ្ងាយ និង​ប្រុងប្រយ័ត្ន​ដើម្បី​ការពារ​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​មនុស្ស​ជំនាន់ក្រោយៗទៀត»។

    រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បន្ដថា ដើម្បី​អាច​ធានាបាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ឱ្យ​ទទួលបាន​ផលប្រយោជន៍​រយៈពេល​វែង​នោះ យន្ដការ​តម្លាភាព​ជាគ​ន្លឹះ​សំខាន់​ត្រូវ​អនុវត្ដ​ដែល​ក្នុងនោះ​មាន​ចំណុចធំ3 គឺ៖

    1. ត្រូវ​ពង្រីក​ការយល់ដឹង​ពី​វិស័យ​ប្រេង​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​មហាជន​ទូទៅ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អាច​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​នេះ​ដោយ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់។
    2. ត្រូវមាន​យន្ដការ​ពិគ្រោះ​យោបល់​ដោយ​ពហុភាគី ដោយមាន​ការចូលរួម​ពី​តួអង្គសំខាន់ៗដូចជា​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វី​ល និង​ក្រុមហ៊ុន​ឯកជន​ខាង​ផ្នែក​ឧស្សាហកម្ម ឬ​ក្រុមហ៊ុន​អន្ដរជាតិ​ដែល​ធ្វើ​ធុរកិច្ច​លើ​វិស័យ​ប្រេង។ តួអង្គ​ទាំងបី​ត្រូវបង្កើត​ឱ្យបាន​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ ក្នុង​ការជជែក​ដោះស្រាយ​ទាំង​បញ្ហា​គោលនយោបាយ បញ្ហា​យុទ្ធសាស្ដ្រ និង​បច្ចេកទេស ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​ទាញយក​ធន​ធាន​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន។
    3. ការគិតគូរ​ពី​សមត្ថភាព​ស្ថាប័ន​កិច្ចការ​របស់​ជាតិ ជា​កិច្ចការ​សំខាន់បំផុត​ត្រូវធ្វើ ដើម្បី​បញ្ចៀស​ភាពមិន​ស៊ីចង្វាក់​គ្នា ភាព​កង្វះ​សមត្ថភាព​ក្នុង​គ្រប់គ្រង​នៅក្នុង​ផ្នែក​ស្ថាប័ន​កិច្ចការ ព្រោះ​យើង​ត្រូវ​ធានា​ឱ្យបាន​ថា ក្នុងនាម​យើង​ជា​ម្ចាស់​ធនធាន យើង​អាច​ការពារ​បាន​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​យើង​ដែលជា​ម្ចាស់​ធនធាន​ជា​អតិបរមា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕
  • លោក ណូយ វ៉ាន់ណេត ច្រានចោលព័ត៌មានមរណភាព

    លោក ណូយ វ៉ាន់ណេត ច្រានចោលព័ត៌មានមរណភាព

    បន្ទាប់ពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីរាត្រីថ្ងៃទី 9 ខែកញ្ញា ឆ្នាំ2017 លោកពូ ណូយ វ៉ាន់ណេត ត្រូវបានវេបសាយក្លែងក្លាយមួយបានចេញព័ត៌មានបំផ្លើសថា លោក ណូយ វ៉ាន់ណេត បានស្លាប់ហើយ ដោយយករូបភាពរបស់លោកនាពេលគ្រោះថ្នាក់ចរាចរណ៍ មកកាត់តភ្ជាប់ជាមួយរូបសិស្សស្រីថ្នាក់ទី12 ដែលបានធ្វើអត្តឃាតបន្ទាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបកាលពីថ្ងៃទី10 កន្លងមក។

    នៅថ្ងៃនេះ លោកពូ បានចេញសារជម្រាបសាធារណជនឱ្យបានដឹងតាមរយៈ Facebook របស់លោកផ្ទាល់ថា “សូមជម្រាបជូនពុកម៉ែបងប្អូនទាំងក្នុង និងក្រៅប្រទេសថា ខ្ញុំមិនបានស្លាប់ដូចពាក្យគេថានោះទេ សូមអគុណ ថ្ងៃទី12 – 9 – 2017” ។

    ដូច្នោះសូមបងប្អូនរួមជាតិកម្ពុជាទាំងអស់មេត្តាកុំយល់ច្រឡំ និងជួយ Report បិទវេបសាយព័ត៌មានក្លែងក្លាយគ្មានអត្តសញ្ញាណច្បាស់មួយនេះផង៕

  • ចុមយក្ស!!  ប៉ាន់ ប៉ាន់ ស្លៀកឈុតអាពាហ៍ពិពាហ៍តម្លៃ 20 លានបាត

    ចុមយក្ស!!  ប៉ាន់ ប៉ាន់ ស្លៀកឈុតអាពាហ៍ពិពាហ៍តម្លៃ 20 លានបាត

    តារាសម្ដែងស្រីស្រស់រូបស្អាត ប៉ាន់ ប៉ាន់ នៅពេលស្លៀកឈុតអាពាហ៍ពិពាហ៍ ឈុតកូនក្រមុំហើយ ពិតជាមានសម្រស់ស្រស់ស្អាតមែនទែន ហើយបើតាមសារព័ត៌មាន Tv Pool ដែលបានចេញផ្សាយនៅថ្ងៃទី11 ខែកញ្ញា ឆ្នាំ 2017 បានឱ្យដឹងថា តារាស្រីរូបនេះបានចូលរួមថតបង្ហាញម៉ូដឈុតអាពាហ៍ពិពាហ៍ឱ្យហាងលក់ឈុតមង្គលការល្បីឈ្មោះមួយជាមួយនឹងតារាសម្ដែង នាយ ត ធនភព ជាតារាប្រុសកំលោះមុខឌឺ ក្រមិចក្រមើម អារម្មណ៍ល្អ និងបានក្លាយជាទីចាប់អារម្មណ៍របស់សុភាពនារីទាំងឡាយយ៉ាងខ្លាំង។

    គួរបញ្ជាក់ផងដែរថា ប្រសិនបើគូស្វាមីភរិយាថ្មោងថ្មី បានស្លៀកឈុតកូនក្រមុំ កូនកំលោះ មួយឈុតនេះហើយ ពិតជាមានសម្រស់ស្រស់ស្អាតសង្ហាទ្វេឡើងមិនខាន តែបើនិយាយពីតម្លៃវិញ គឺមិនក្រោម 20 លានបាត(ប្រហែល60 ម៉ឺនដុល្លារ)ឡើយ។

    សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • PSG ត្រៀម​ផ្តល់​មេរៀន​ជូរចត់​ដល់ Celtic ក្នុង Champions League រាត្រី​នេះ

    PSG ត្រៀម​ផ្តល់​មេរៀន​ជូរចត់​ដល់ Celtic ក្នុង Champions League រាត្រី​នេះ

    Paris Saint-Germain នឹង​ចាប់ផ្តើម​ការ​ប្រមាញ់​រក​ជ័យជម្នះ​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League នៅលើ​ទឹកដី​ក្រុម Celtic នៅ​រាត្រី​នេះ ក្រោម​ជំនួយ​ដ៏​ធំ​ពី​សំណាក់​តារា​ឆ្នើម Neymar និង Kylian Mbappe។ ក្លិប​យក្ស​របស់​បារាំង​មួយ​នេះ សង្ឃឹមថា ការចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ពួកគេ អាចជួយ​ឲ្យ​ពួកគេ​សម្រេចបាន​នូវ​ក្តី​សុបិន​របស់​ម្ចាស់​ក្លិប​សញ្ជាតិ​កាតា តាមរយៈ​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

    PSG បាន​ឆ្លើយតប​ទៅនឹង​ការខកចិត្ត​របស់​ពួកគេ​ដោយ​ការបាត់បង់​ពាន Ligue 1 ក្រោម​ស្នាដៃ​ក្រុម Monaco និង​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League វគ្គ16ក្រុម​ចុងក្រោយ ក្រោម​ស្នាដៃ​ក្រុម Barcelona តាមរយៈ​ការ​ជះ​លុយ​ជា​កំណត់ត្រា​ពិភពលោក​ចំនួន222លាន​អឺរ៉ូ (ស្មើនឹង264លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញយក Neymar ពី Barca។

    បើទោះបី​ការចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​សេដ្ឋី​សញ្ជាតិ​កាតា​បាន​ជួយ​ឲ្យ PSG ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​បារាំង​ជា​លើក​ទី4ជាប់ៗគ្នា​ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2016 ក៏ដោយ ប៉ុន្តែ​ពួកគេ​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ឡើយ។ ការបង្ហាញ​ខ្លួន​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែមួយ​លើក និង​ជា​លើកចុងក្រោយ​របស់​ក្រុម PSG បាន​កើតឡើង​កាលពី​ឆ្នាំ1999 មុននឹង​ធ្លាក់​ចេញ​ត្រឹមតែ8ក្រុម​ចុងក្រោយ 4លើកជាប់ៗគ្នា ក៏ដូចជា​ចាញ់​ក្នុង​លទ្ធផល 6-1 ក្នុងការ​ប្រកួត​ជើង​ទី2នៅលើ​ទឹកដី​ក្រុម Barcelona បើទោះបី​បាន​ផ្តួល​ក្រុម Barca លើ​ទឹកដី​ខ្លួនឯង 4-០ កាលពីដើម​ឆ្នាំនេះ​ក៏ដោយ។

    ប៉ុន្តែ ក្រោយពី PSG បានធ្វើការ​ពង្រឹង​ក្រុម​តាមរយៈ​ការនាំយក Neymar និង Mbappe ក្តីសង្ឃឹមផ្សេងៗជុំវិញ​ក្រុម​របស់លោក Unai Emery ពិតជា​ស្ថិតក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់។ ក្រោយពី​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ Metz 5-1 ក្នុងការ​ប្រកួត​លី​ក​កាលពី​ថ្ងៃ​សុក្រ ខ្សែការពារ Thomas Meunier បាន​ឲ្យ​ដឹងថា៖ «យើង​ត្រៀមលក្ខណៈ​បានល្អ​ប្រសើរ​ជាង​ពីមុន​ក្នុង Champions League។ យើង​ស្ថិតក្នុង​ពូ​ល​ដ៏​ល្អ ហើយ​យើង​អាច​មើលឃើញថា នៅថ្ងៃនេះ យើង​មាន​រាល់​ជម្រើស​ទាំងអស់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕
    ប្រភពពី៖ Sport24

  • Angelina Jolie បានបង្ហាញស្នាមញញឹមខុសពីធម្មតា

    Angelina Jolie បានបង្ហាញស្នាមញញឹមខុសពីធម្មតា

    មួយរយៈថ្មីៗនេះ អ្នកនាង Angelina Jolie និងកូនៗទាំង 6 នាក់ បានចូលរួមកម្មវិធីសម្ពោធភាពយន្ដរបស់អ្នកនាងគឺរឿង “ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” យ៉ាងកក្រើក​នៅលើទឹកដីសហរដ្ឋអាមេរិក។

    តែអ្វីដែលកាន់តែចម្លែកទៅទៀតនោះគឺ នៅថ្ងៃទី11 ខែកញ្ញា សារព័ត៌មាន Daily mail បានចេញផ្សាយឱ្យដឹងថា តារាសម្ដែងវ័យ 42 ឆ្នាំរូបនេះបានទៅចូលរួមកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិ Toronto Film Festival  យ៉ាងញញឹមញញែមខុសប្លែកពីធម្មតាក្នុងពេលបង្ហាញវត្តមានតាមរយៈភាពយន្ដគំនូរជីវចលគឺរឿង “The Breadwinner” ដែលជារឿងនិយាយអំពីជីវិតរបស់ក្មេងអាហ្វហ្គានីស្ថាន ដែលមានសាច់រឿងជីវិតស្រដៀងនឹងកូនស្រីចិញ្ចឹមរបស់អ្នកនាងដែលមានអាយុ12 ឆ្នាំ គឺនាងតូច សាហារ៉ា ដែរ។

    គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃនោះ តារាស្រីរូបនេះ ហាក់បីដូចជាមានអារម្មណ៍សប្បាយចិត្តខុសប្លែកពីធម្មតាយ៉ាងគួរឱ្យកត់សម្គាល់ ព្រោះថា ក្រៅពីឱបក្រសោបកូនៗហើយ អ្នកនាងបានចូលរួមរាក់ទាក់ជាមួយអ្នកគាំទ្រ និងបើកចិត្តទូលាយរីករាយក្នុងការថតរូបជាមួយគ្នាទៀតផងដែរ។ ក៏ប៉ុន្ដែយ៉ាងណាមិញ អ្នកនាងបានធ្វើឱ្យមហាជនគិតថា ខណៈដែលអ្នកនាងត្រូវគ្នាវិញជាមួយអតីតស្វាមីគឺលោក Brad Pitt ហើយនោះ  អ្នកនាងមានអារម្មណ៍ប្រសើរជាងមុន និងមិនសូវខ្វល់ខ្វាយពីបញ្ហាគ្រួសារដូចមុនទៀតឡើយ ទំនងជាមានសេចក្ដីសុខដូចគ្រារួមរស់ជាមួយនឹងគ្នាវិញ៕

  • Crystal Palace បណ្តេញ​លោក De Boer ចេញ ក្រោយពី​ដឹកនាំ​បានត្រឹមតែ 4ប្រកួត

    Crystal Palace បណ្តេញ​លោក De Boer ចេញ ក្រោយពី​ដឹកនាំ​បានត្រឹមតែ 4ប្រកួត

    ក្លិប Crystal Palace កាលពី​ថ្ងៃ​ចន្ទ បាន​បណ្តេញ​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​គឺ​លោក Frank de Boer ចេញពី​តំណែង ក្រោយពី​ចាប់ផ្តើម​មិន​បានល្អ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ក្រោយពី​ពួកគេ​បាន​ចាញ់​រាល់​ការប្រកួត​បើកឆាក​ទាំង 4លើក ដោយ​មិនបាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សូម្បីតែ 1គ្រាប់។

    ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​បាត​តារាង​លី​កមួយ​នេះ កំពុងតែ​ទាក់ទង​ជាមួយនឹង​លោក Roy Hodgson ដើម្បី​តែងតាំង​ជំនួស​កន្លែង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ។

    ក្លិប Crystal Palace បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្លិប​កីឡាបាល់ទាត់ Crystal Palace បានសម្រេច​ចែកផ្លូវ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​គឺ​លោក Frank de Boer ហើយ​កាលពី​ព្រឹក​មិញ​នេះ»។ ក្លិប Crystal បាន​ឲ្យ​ដឹង​ទៀតថា៖ «យើង​សូម​ថ្លែងអំណរគុណ​ដល់​លោក Frank សម្រាប់​ការលះបង់​របស់លោក និង​ការខិតខំ​ព្យាយាម​ធ្វើការ​របស់លោក​អំឡុង​ពេល​លោក​ចំណាយពេល​នៅក្នុង​ក្លិប​នេះ។ អ្នកចាត់ការ​ទូទៅ​ថ្មី​ម្នាក់​នឹងត្រូវ​តែងតាំង​ក្នុងពេលឆាប់ៗនេះ ហើយ​យើង​សូម​ជូនពរ​ឲ្យ​លោក Frank ជួបតែ​សំណាងល្អ​បំផុត​នៅ​ថ្ងៃ​អនាគត»។

    លោក De Boer វ័យ 47ឆ្នាំ ដែល​ការដឹកនាំ​បានត្រឹមតែ4ប្រកួត​របស់លោក​នោះ​គឺជា​ចំនួន​ដ៏​តិច​បំផុត​ក្នុង​ក្របខ័ណ្ឌ Premier League របស់​អ្នកចាត់ការ​ទូទៅ​ម្នាក់ បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា លោក​ពិតជា​សោកស្តាយ​ណាស់​ចំពោះ​ការសម្រេចចិត្ត​នេះ។ គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ពិតជា​ខកចិត្ត​ណាស់​ចំពោះ​ការសម្រេចចិត្ត​នេះ ប៉ុន្តែ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​កីឡាករ បុគ្គលិក និង​អ្នកគាំទ្រ​សម្រាប់​ការគាំទ្រ​របស់​ពួកគេ។ សូម​ឲ្យ​សំណាងល្អ​ទៅ​ថ្ងៃ​អនាគត»៕

    ប្រភពពី៖ AFP