Author: វល័ក្ខ

  • Messi នៅ​ស្រពេចស្រពិល ពេល Barca ប៉ះ Sevilla ចុង​សប្តាហ៍​នេះ

    Messi នៅ​ស្រពេចស្រពិល ពេល Barca ប៉ះ Sevilla ចុង​សប្តាហ៍​នេះ

    ក្រុម Barcelona ត្រូវតែ​សម្រេចចិត្តថា តើ​ត្រូវ​ប្រើប្រាស់​តារា​ឆ្នើម Lionel Messi ឬ​យ៉ាងណា ខណៈដែល​ពួកគេ​នឹងត្រូវ​ចាប់ផ្តើម​ការ​ប្រជែង​ជាថ្មី សម្រាប់​ពានរង្វាន់ La Liga ដោយ​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Sevilla នៅ​ថ្ងៃ​សោ​រ៍​នេះ ស្រប​ពេលដែល​កំពុងតែ​មាន​ភាពស្រពេចស្រពិល​ទៅលើ​ភាពរឹងមាំ​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ចំពេល​ដែល Barcaចាប់ផ្តើម​ដំណាក់កាល​នៃ​ការប្រកួត 7លើក​ក្នុង​រយៈពេល 22ថ្ងៃ។

    Messi បាន​អវត្តមាន​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី និង​អេ​ស្ប៉ា​ញ ដោយសារតែ​បញ្ហា​សាច់ដុំ ដែល​រូបគេ​បាន​ប្រឈម​នៅក្នុង​ការប្រកួត​ចុងក្រោយ​របស់ Barcelona ជាមួយនឹង​ក្រុម Athletic Bilbao និង​ត្រឹមតែ​អាច​ចូល​ហ្វឹកហាត់​បាន​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    រូបគេ​គឺជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ La Liga ដោយ​រកបាន 25គ្រាប់ និង​បាន​អវត្តមាន​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ​លី​ករ​បស់ Barcelona ត្រឹមតែ 1លើក​គត់​នៅ​រដូវ​កាល​នេះ ពោលគឺ​អវត្តមាន​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Malaga ក្រោយពី​ការចាប់​កំណើត​កូនប្រុស​ទី3របស់គេ។

    ការធ្វើដំណើរ​ទៅ​ជួប​ក្រុម Sevilla អាច​នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​មួយ​របស់​ក្រុម Sevillaនៅ​រដូវ​កាល​នេះ បើទោះបី​ការនាំ​មុខ11ពិន្ទុ​ដាច់​លើ​គូប្រជែង​យ៉ាង​ប្រកៀក​បំផុត​ក៏ដោយ។  Atletico Madrid ធ្វើឱ្យ​លោកគ្រូ​បង្វឹក Ernesto Valverde មានការ​ជឿជាក់​ខ្ពស់​ក្នុងការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​នេះ។

    Barcelona ត្រូវធ្វើ​ការប្រកួត​ជើង​ទី1 នៃ​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ​របស់​ពួកគេ ជាមួយនឹង​ក្រុម AS Roma នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ និង​ត្រូវធ្វើ​ការប្រកួត 5លើក​ទៀត ខណៈដែល​ពួកគេ​ក៏ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Sevilla ក្នុងការ​ប្រកួត​ពាន Copa del Rey ផងដែរ នា​ថ្ងៃទី12 ខែមេសា នៅ​មុនពេល​សម្រាក​រយៈ​ពេល 7ថ្ងៃ មុន​ការប្រកួត​ក្នុង​លី​ក​បន្ទាប់​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45 ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​គួរ​ចាប់ផ្តើម​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ជា​សាធារណៈ

    មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​គួរ​ចាប់ផ្តើម​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ជា​សាធារណៈ

    នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ដែល​ប្រជាជនមាន​កម្រិត​នៃ​ការយល់ដឹង​ខ្ពស់ ពួកគេ​ភាគច្រើន​តែងតែ​ជ្រើសរើស​ប្រធានបទសំខាន់ៗនៅ​កន្លែង​ជួបជុំ​ក្នុង​សហគមន៍ ឬ​គ្រឹះស្ថាន​អប់រំ ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នក​ដែលមាន​ជំនាញសំខាន់ៗធ្វើការ​បកស្រាយ និង​ចែករំលែក​ដល់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ក្នុងសង្គម។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជា សុខ​ហ៊ី សហ-ស្ថាបនិក​នៃ​កម្មវិធី Ignite Phnom Penh បាន​លើកឡើងថា ការបញ្ចេញមតិ និង​ការចែករំលែក​ចំណេះដឹង​ដល់​គ្នា​ទៅវិញទៅមក គឺជា​រឿង​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុងសង្គម ព្រោះថា​មនុស្សម្នាក់ៗតែងតែមាន​គំនិត និង​ការយល់ឃើញ​របស់គេរៀងៗខ្លួន ដែល​គន្លឹះ​ទាំងអស់នោះ​សុទ្ធសឹងតែ​ជា​ចំណុច​ដែល​អាចធ្វើឱ្យ​អ្នកដទៃ​មានការ​អភិវឌ្ឍ។ ហេតុនេះហើយ ការបង្ហាញ​នូវ​ប្រភព​ចំណេះដឹង និង​គន្លឹះសំខាន់ៗទាំងអស់នោះ អាច​ក្លាយជា​សិល្បៈ​នៃ​ការចែករំលែក​ប្រកបដោយ​គុណ​តម្លៃ។

    លោក ជា សុខ​ហ៊ី បាន​និយាយថា៖ “ខ្ញុំ​ចង់ឃើញ​ប្រជាជន​គ្រប់រូប និស្សិត និង​កូន​ខ្មែរ​ទាំងអស់​អាច​ពង្រឹង​សមត្ថភាព​ក្នុងការ​និយាយ​ជា​សាធារណៈ​ដើម្បី​លើកឡើង​ពី​គំនិត​របស់ខ្លួន​ដែល​ចង់​ចែករំលែក​ក្នុង​គោលបំណង អប់រំ លើកទឹកចិត្ត​ចែករំលែក​ភាពជោគជ័យ បង្ហាញ​ពី​ក្តី​ស្រមៃ​ប្រកបដោយ​ភាព​វិជ្ជមាន និង​គោលដៅ​របស់ខ្លួន។

    ស្ថាបនិក​កម្មវិធី​និយាយ​ជា​សាធារណៈ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការនិយាយ​ជា​សាធារណៈ​នៅ​ស្រុក​យើង លោក​ឃើញថា​វាគ្មិនម្នាក់ៗនិយាយ​ច្រើន​ម៉ោង ដែល​អាចធ្វើឱ្យ​អ្នកចូលរួម​មានការ​លំបាក​ក្នុងការ​ចាប់យក​អត្ថន័យ​សំខាន់។

    តាមពិតទៅ ការនិយាយ​សាធារណៈ​ក៏​អាច​ធ្វើបាន​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​បំផុត តែ​បញ្ចេញ​មកវិញ​នូវ​ខ្លឹមសារ​ខ្លី តែ​ប្រកបដោយ​អត្ថន័យសំខាន់ៗដែល​មិន​ធ្លាប់​ជួប​ពីមុនមក។ ម្យ៉ាងវិញទៀត ការនិយាយ​ពី​ជីវិត​ជាក់ស្តែង​របស់​មនុស្សម្នាក់ៗ ជា​មេរៀន​ដែល​មិនមែន​មានតែ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចនិយាយបាន ហើយ​ត្រូវ​បានបង្ហាញដូចៗគ្នា​នៅ​គ្រប់​វេទិកា​នោះទេ មានតែ​ម្ចាស់ខ្លួន​តែប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់ ហេតុនេះ​ចំណេះដឹង​ពី​ក្នុង​ខ្លួន​ទាំងអស់នោះ អាចជា​រឿង​ដែល​ថ្មី​បំផុត​សម្រាប់​អ្នកចូលរួម។

    លោក កូវ ពុទ្ធារ័ត្នន៍ សាស្ត្រាចារ្យ​គណិតវិទ្យា​បាន​លើកឡើងថា ការនិយាយ​ដើម្បី​បង្ហាញ​ពី​ចំណេះដឹង​ជា​រឿង​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ ព្រោះថា នៅពេលដែល​ការអប់រំ និង​ទម្លាប់​ក្នុង​ការអាន​របស់​យើង​នៅមានកម្រិត យើង​មិន​អាចធ្វើ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​ដែល​គ្រាន់តែ​បង្ហាញ​ពី​ប្រធានបទ គេ​អាច​ទៅ​ស្រាវជ្រាវ​នៅក្នុង​បណ្ណាល័យ​ដែលមាន​សៀវភៅ​រាប់រយ​ក្បាល​ដោយ​ខ្លួនឯង។

    សម្រាប់​នៅ​កម្ពុជា​គឺ ខុសគ្នា ប្រជាជន​យើង​ចូលចិត្ត​ស្តាប់​ច្រើនជាង​ចូលចិត្ត​អាន ហេតុនេះ​ប្រសិនបើ​ជំរុញ​ឱ្យ​គាត់​ស្វែងរក​អ្វីដែល​ថ្មី​ដោយ​ខ្លួនឯង​តាមរយៈ​ការអាន​អាចមាន​ការលំបាក​បន្តិច​សម្រាប់​ពួកគេ តែ​ប្រសិនបើ​យើង​ស្រាវជ្រាវ​ហើយ​និយាយ​ឱ្យ​គាត់​ស្តាប់​គឺជា​រឿង​ល្អ​មួយ​ដែល​អាចធ្វើឱ្យ​គាត់​បាន​យល់ដឹង​ពី​រឿងរ៉ាវ​ជាច្រើន​ដែលជា​ប្រយោជន៍​សម្រាប់​ពួកគាត់។

    លោក កូវ ពុទ្ធារ័ត្នន៍ បាន​និយាយថា៖ “នៅ​អាមេរិក យើង​គ្រាន់តែ​បង្ហាញ​ពី​រឿង​មួយ គាត់​នឹង​អាច​ចូល​បណ្ណាល័យ​ហើយ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង តែ​នៅ​ស្រុក​យើង ដោយសារតែ​យើង​នៅមានកម្រិត​ក្នុង​ទម្លាប់​នៃ​ការអាន និង​ការស្រាវជ្រាវ ការនិយាយ និង​ការជជែក​ជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​បង្កើត​ចម្ងល់ ហើយ​បំផុស​ឱ្យ​គាត់​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អ្វីដែល​ថ្មី​បន្ថែមទៀត។

    លោក កូវ ពុទ្ធារ័ត្នន៍ បានបង្ហាញ​ផងដែរ​ថា ម្យ៉ាងវិញទៀត ដោយសារតែ​ប្រជាជន​យើង​មិនសូវ​ចូលចិត្ត​អាន​ផង ហើយ​ពិភពលោក​បាន​អភិវឌ្ឍ​នូវ​វិធី​នៃ​ការ​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​ឱ្យ​កាន់តែ​ងាយស្រួល​ផង មនុស្ស​អាច​នឹង​កាន់តែ​ឆ្ងាយ​ពី​ការអាន។

    ជា​ឧទាហរណ៍ Facebook បាន​បង្កើត Newsfeed ដែល Feed មានន័យថា បញ្ចុក ព្រោះ​ព័ត៌មាន​ទាំងអស់​នឹង​ទៅដល់​យុវជន​សម័យថ្មី​ដោយ​មិនបាច់​ទៅរក គឺ​គ្រាន់តែ​អង្គុយតែ​មួយកន្លែង​ក៏មាន​ព័ត៌មាន​ទៅដល់​ដែរ ហេតុនេះ​ការចែករំលែក​នូវ​ចំណេះដឹងថ្មីៗតាមរយៈ​ការនិយាយ​គឺជា​រឿង​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​គាត់​ទទួលយកបាន​ដោយ​ងាយ ហើយក៏​ជា​វិធី​មួយ​ក្នុងការ​អប់រំ​ដ៏​ល្អ​ផងដែរ។

    ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ​លោក ថៃ វណ្ណ​ថា អ្នកជំនាញ​ថតរូប និង​ជា​គ្រូបង្រៀន​នៅ Canon Imaging Academy (CIA) បានលើកឡើង​ផងដែរ​ថា ក្រៅពី​ផលប្រយោជន៍​សម្រាប់​មនុ​ស្សទូ​ទៅក្នុង​សង្គម ការនិយាយ​សាធារណៈ​ក៏​ជា​វិធីសាស្ត្រ​សំខាន់​មួយ​ដើម្បី​ជួយ​ឱ្យ​ការគិត​របស់​យើង​ខ្លួនឯង​កាន់តែ​ល្អប្រសើរ​ឡើង។

    លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “ការនិយាយ​ចេញទៅ​ជា​សាធារណៈ អាចជួយ​ឱ្យ​គំនិត​របស់​យើង​ដែល​បាន​ស្តែងចេញ​ទៅនោះ ត្រូវបាន​វាស់វែង​ដោយ​មនុស្ស​ជាច្រើន ព្រោះថា យើង​នឹង​មិនអាច​ដឹងថា​គំនិត​នោះ​ត្រូវ ឬ​ខុស​កម្រិតណា​នោះទេ​ប្រសិនបើ​គ្មាន​ប្រតិកម្ម និង​ការវាស់វែង​ត្រឹមត្រូវ​ពី​មនុស្ស​ជាច្រើន​ផ្សេងទៀត​នោះ។

    លោក វណ្ណ​ថា បាន​បន្ថែមថា យើង​ម្នាក់​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​ច្រើន​នាក់​បាន​នោះទេ ហើយ​យើងម្នាក់ៗក៏​មិន​ប្រាកដថា​គំនិត​យើង​ប្រើប្រាស់​បាន​ទាំងស្រុង​នោះដែរ តែ​យើង​អាច​ប្រើប្រាស់​គំនិត​ដែល​យើង​ធ្លាប់​អនុវត្ត​ជាក់ស្តែង​ដោយ​ខ្លួនឯង ដើម្បី​ទុកជា​គំរូ​សម្រាប់​អ្នកដទៃ​ជ្រើសរើស និង​សម្រាប់​បន្ត​សិក្សា​សម្រាប់​ខ្លួនឯង​ផងដែរ។ សម្រាប់​រឿង​មួយ​ក្នុងស្ថានភាព​ជីវិត​របស់​យើង យើង​បាន​ជួប​ករណី​ជាក់ស្តែង​ហើយ​យើង​ប្រើ​វិធី​របស់​យើង​សម្រាប់​ដោះស្រាយ តែ​សម្រាប់​មនុស្ស​ដទៃទៀត​គេ​អាច​នឹង​ជួប​រឿង​ផ្សេងទៀត​ដែល​ពេលខ្លះ​វា​អាច​ឆ្លុះបញ្ចាំង​ឱ្យ​យើង​ឃើញ​ពី​លទ្ធផល​នៃ​គំនិត​ថ្មី​បន្ថែមទៀត​ដែល​វា​កាន់តែ​សុក្រឹត​នៅពេលដែល​យើង​ប្រើ​គំនិត​របស់​យើង​ទៅ​ជួយ​បុគ្គល​ដទៃ៕

  • តិច​ណូ​ឡូ​ជី AI នឹង​កាត់បន្ថយ ការងារ​មនុស្ស​នាពេល​អនាគត

    តិច​ណូ​ឡូ​ជី AI នឹង​កាត់បន្ថយ ការងារ​មនុស្ស​នាពេល​អនាគត

    នៅក្នុង​យុគសម័យ​បច្ចុប្បន្ននេះ ចង្វាក់​ផលិតកម្ម​នានា​ដែល​ប្រើប្រាស់​កម្លាំង​មនុស្ស រួមទាំង​ការងារ​ផ្នែក​បញ្ជីស្នាម​ផង​នោះ ត្រូវបាន​ជំនួស​ដោយ​កម្លាំង​ម៉ាស៊ីន កម្មវិធី​កុំព្យូទ័រ និង​ប្រព័ន្ធ​ខួរក្បាល​សិប្បនិម្មិត (Artificial Intelligence = AI)។ ស្របតាម​បរិបទ​មួយ​នេះ មនុស្ស​ចាំបាច់​ត្រូវតែ​រត់​ឱ្យទាន់​របត់​ថ្មី​នៃ​បច្ចេកវិទ្យា ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​ក្នុងការ​រស់នៅ ការធ្វើការងារ និង​ជាពិសេស​គឺ​ការស្វែងរក​ចំណូល​នៅ​ថ្ងៃ​អនាគត។

    យោងតាម​ការស្រាវជ្រាវថ្មីៗនេះ​ដោយ​សាកលវិទ្យាល័យ Oxford និង​សាកលវិទ្យាល័យ Yale បានឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ប្រព័ន្ធ​ម៉ាស៊ីន​ឆ្លាត​វៃ ឬ​មនុស្ស​យន្ត​នឹង​ចាប់ផ្តើម​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស។ ការស្រាវជ្រាវ​ក៏បាន​រកឃើញ​ផងដែរ​ថា រយៈពេល​ប្រមាណ​ជាជាង 50ឆ្នាំ​ទៀត មនុស្ស​យន្ត​នឹង​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក​នេះ ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីព​ជាច្រើន។

    តាមរយៈ​ការស្ទង់មតិ​លើ​អ្នក​អភិវឌ្ឍន៍​ប្រព័ន្ធ​ខួរក្បាល​សិប្បនិម្មិត (AI) ឬ​ភាព​វៃឆ្លាត​នៃ​គ្រឿង​ម៉ាស៊ីន ចំនួន352នាក់ បានបង្ហាញ​ពី​ការយល់ឃើញថា នៅ​ថ្ងៃ​អនាគត​គ្រឿង​ម៉ាស៊ីន​ពិតជា​នឹង​អាច​ជំនួស​មនុស្ស​លើ​មុខជំនាញ​មួយចំនួន។ ស្របពេល​ជាមួយគ្នានេះដែរ អ្នកដឹកនាំ​ការស្រាវជ្រាវ​ម្នាក់​ឈ្មោះ Katja Grace និង​សហការី​របស់គាត់​បាន​រកឃើញថា រយៈពេល 10ឆ្នាំ​ទៀត​ការងារ​ភាគច្រើន​ជាង 50ភាគរយ​របស់​មនុស្ស​នាពេល​បច្ចុប្បន្ន​នឹងត្រូវ​កែសម្រួល​ទៅជា​ការធ្វើការងារ​ដោយ​ម៉ាស៊ីន។

    ការងារ​បកប្រែ​គ្រប់​ភាសា​នឹងមិន​បាច់​ប្រើប្រាស់​មនុស្ស​ទៀត​ទេ​នៅ​ឆ្នាំ2024 ហើយ​ប្រហែលជា​មនុស្ស​យន្ត​អាច​សរសេរ​អត្ថបទ​ក្នុង​កម្រិត​វិទ្យាល័យ​បានល្អ​ជាង​មនុស្ស​នៅក្នុង​ឆ្នាំ2026។ លើសពីនេះទៅទៀត ការងារ​ដែល​មនុស្ស​ធ្វើ​នាពេល​បច្ចុប្បន្ននេះ​នឹងត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ទាំងស្រុង​នៅក្នុង​ឆ្នាំ2136 ហើយនឹង​កើតមាន​ការងារថ្មីៗបន្ថែម​ផ្សេងទៀត​ដែល​មនុស្ស​ត្រូវធ្វើ។

    របាយការណ៍​មួយ​ថ្មី​ទៀត​បានសរសេរថា​កម្រិត​ភាព​ឆ្លាត​វៃ​របស់​គ្រឿង​ម៉ាស៊ីន កាន់តែ​កើនឡើង​ជា​រៀងរាល់ថ្ងៃ ដែល​វា​អាច​នឹង​ជំរុញ​ការរស់នៅ​របស់​មនុស្ស​ក្នុងសម័យ​ទំនើប​នេះ​ឱ្យ​កាន់តែ​ប្រើប្រាស់​ម៉ាស៊ីនច្រើនឡើងៗ ដូចជា វិស័យ​ដឹកជញ្ជូន វិស័យ​សុខាភិបាល វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​យោធា​ជាដើម៕

  • វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ទទួល​ការ​ចាប់​អារម្មណ៍​លើ​ឆាក​អន្តរជាតិ​ដោយ​សារ​អ្នក​គាំទ្រ​ស្រាបៀរ HEINEKEN®

    វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ទទួល​ការ​ចាប់​អារម្មណ៍​លើ​ឆាក​អន្តរជាតិ​ដោយ​សារ​អ្នក​គាំទ្រ​ស្រាបៀរ HEINEKEN®

    រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២០ ខែមីនា វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិបន្ទាប់ពីបានប្រកាសថា កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

    ដោយសារមានការគាំទ្រពេញទំហឹងពីក្រុមអ្នកគាំទ្រកម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions League របស់ស្រាបៀរ Heineken® ទូទាំងប្រទេសនេះ គេបានសម្រេចថា ប្រទេសកម្ពុជាជាទីតាំងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានជ្រើសរើសក្នុងចំណោមប្រទេសចំនួនប្រាំមួយដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីដំណើរទេសចរណ៍ឆ្នាំនេះ។

    កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® មិនត្រឹមតែផ្តល់ឱ្យអ្នកគាំទ្រមានឱកាសកាន់តែស្និទ្ធ​ស្នាលជាមួយវីរបុរសជើងឯកពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League  ប៉ុន្តែថែមទាំងទទួលបានការគាំទ្រពីស្រាបៀរ Heineken® វីរបុរសបាល់ទាត់ល្បីល្បាញសញ្ជាតិហូឡង់ លោក Ruud van Nistelrooy ជាអតីតខ្សែប្រយុទ្ធនៃក្រុម Manchester United និងក្រុម Real Madrid បានយល់ព្រមចូលរួមកម្មវិធីដំណើរទេសចរណ៍នេះក្នុងនាមជាទូតសុឆន្ទៈប្រចាំកម្មវិធីក្របខ័ណ្ឌ UEFA Champions League ។

    លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។

    លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញនូវមហិច្ឆិតាចំពោះការប្រកួតនេះ  ហើយនឹងចែករំលែកការគាំទ្រនិងចំណេះដឹងរបស់លោកដើម្បីជួយណែនាំអ្នកមានទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។

    ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken

    សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

  • អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​អាមេរិក​លើកឡើង​ពី​ចំណុច​វិជ្ជមាន​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា

    អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​អាមេរិក​លើកឡើង​ពី​ចំណុច​វិជ្ជមាន​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា

    សាស្ត្រាចារ្យ Raymond Robertson នៃ​សាលា The Bush School of Government and Public Service របស់​សាកលវិទ្យាល័យ Texas A&M University បាន​សម្ដែង​ការកោតសរសើរ​នូវ​ដំណើរ​វិវឌ្ឍន៍​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

    ការសរសើរ​នេះ​ត្រូវបាន​ធ្វើឡើង​ខណៈដែល​លោក​សាស្ត្រាចារ្យ​រួម​ដំណើរ​ដោយ​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា។

    លោក​សាស្ត្រាចារ្យ Robertson បាន​សរសើរ​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ជាពិសេស​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ ដោយ​ស្ថានភាព​ដ៏​ល្អប្រសើរ​នៅ​កម្ពុជា​បានក្លាយ​ទៅជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ពិភពលោក។ លោក​សាស្ត្រាចារ្យ​បាន​បន្តទៀតថា ស្ថានភាព​ការងារ​ល្អ​នៅក្នុង​រោងចក្រ រួមផ្សំ​ជាមួយនឹង​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ជំរុញ​ទឹកចិត្ត​ជូន​ដល់ក​ម្មករ-កម្មការិនី ឱ្យខិត​ខំប្រឹងប្រែង និង​បង្កើន​ផលិតកម្ម​របស់​រោងចក្រ​បន្ថែមទៀត។

    បន្ថែម​ពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ បាន​ជម្រាបជូន​អំពី​កិច្ចប្រជុំ​ជាមួយ​កម្មវិធី Better Factories Cambodia (BFC) នៃ​អង្គការ​ពលកម្ម​អន្តរជាតិ (International Labor Organization) ដោយបាន​ពិភាក្សា​លើ​ការត្រួតពិនិត្យ​អនុលោមភាព​ជាមួយនឹង​ច្បាប់​ការងារ និង​ការជំរុញ​ឱ្យមាន​ស្ថានភាព​រឹតតែ​ប្រសើរឡើង​នៅក្នុង​រោងចក្រ​ទាំងឡាយ​នៅ​កម្ពុជា។

    ឯកឧត្តម​បន្ថែមទៀតថា ក្រោម​ការត្រួតពិនិត្យ​អនុលោមភាព​ច្បាប់​ការងារ​នៅ​រោងចក្រ​ប្រមាណ 500រោងចក្រ​ក្រោម​កម្មវិធី BFC ឃើញថា រោងចក្រ​ទាំងអស់​បាន​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ជា​ធរមាន។ ជាមួយ​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី 153ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017 មក 170ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018នេះ គឺ​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជា​គោលនយោបាយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

    ក្នុងជំនួប​ខាងលើ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​លើ​ការបន្ត​និរន្តរភាព​ក្នុងការ​ត្រួតពិនិត្យ​អនុលោមភាព ការតភ្ជាប់​ឧស្សាហកម្ម​ក្នុងស្រុក (Backward Linkage) ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជំនាញ​កាត់ដេរ ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​បង្កើត​តម្លៃបន្ថែម​ផងដែរ៕

  • ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រៀម​កែសម្រួល​បរិយាកាស​ធុរកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រៀម​កែសម្រួល​បរិយាកាស​ធុរកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច​ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ការវិនិយោគថ្មីៗបន្ថែមទៀត​មកកាន់​ទី​ផ្សារ​របស់ខ្លួន។

    យោងតាម​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កិច្ចប្រជុំ​នោះបាន​ផ្តោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​របស់​វិស័យ​ឯកជន ដើម្បី​រួមចំណែក​បង្កើត​នូវ​បរិយាកាស​កាន់តែ​ល្អប្រសើរ​ឡើង​ចំពោះ​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុងការ​កែលម្អ​បរិស្ថាន​វិនិយោគ និង​ធុរកិច្ច ជាពិសេស​ការបន្ត​រៀបចំ​ប្រព័ន្ធ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងឡាយ ដើម្បី​ទ្រទ្រង់​ដល់​ធុរកិច្ច និង​ពង្រឹង​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​យុត្តិធម៌ និង​ដើម្បី​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ។

    តាមរយៈ​កិច្ចប្រជុំ​នោះដែរ ការងារ​ចំពោះមុខ​គឺ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានរៀបចំ​គោលការណ៍​ណែនាំ​សាមញ្ញ​មួយទៀត​សម្រាប់​ពន្យល់​ដល់​អ្នកជា​ប់​ពន្ធ​ឱ្យ​កាន់តែ​ងាយ​យល់​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ពន្ធ ដោយ​រៀបចំ​ពង្រីក​វិសាលភាព និង​ពង្រឹង​យន្តការ​នេះ​បន្ថែមទៀត សំដៅ​ធានា​ដល់​ការផ្តល់​កិច្ចសហការ​ពេញលេញ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ចំពោះ​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ​ទាំងអស់។

    ជាមួយគ្នា​នោះ បច្ចុប្បន្ននេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏បាន​បង្កើត​ក្រុមការងារ​រវាង​វិស័យ​ពន្ធដារ និង​ផ្នែក​ឯកជន​ដើម្បី​បង្កើតជា​វេទិកា​សម្រាប់​ផ្តល់​ការពន្យល់​ឱ្យ​កាន់តែច្បាស់​លាស់​ឡើង​នូវ​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធផ្សេងៗជាដើម។

    ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដា​រ ធ្លាប់បាន​លើកឡើង​រួចមកហើយ​ថា បន្ទាប់ពី​មានការ​ផ្តាស់​ប្តូរ​របប​យកពន្ធ​ពីរ​បប​ម៉ៅការ​មកជា​របប​ពិត​វិញ មានវិស័យ​ឯកជន​រហូតដល់​ទៅ 80% បាន​អះអាងថា ខ្លួន​រកស៊ី ឬ​ប្រកប​អាជីវកម្ម​ខាត ប៉ុន្តែ​ការ​ត្អូញត្អែរ​នេះ​ត្រូវបាន​ច្រានចោល​ដោយ​មន្ត្រីជំនាញៗនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។

    ថ្មីៗបំផុត​នេះ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ថ្លែង​ជា​សាធារណៈ​ថា ការប្រកាស​ពន្ធ​របស់​វិស័យ​ឯកជន​តាមរយៈ​វិក្កយបត្រ​រហូតដល់ 99% មិនមាន​ភាពត្រឹមត្រូវ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារត្រៀម​ដាក់ឱ្យ​ដំណើរការ​ការប្រកាស​ព​ន្ធ​តាមរយៈ​អន​ឡាញ ដើម្បី​ធ្វើឱ្យ​ការបង់ពន្ធ​កាន់​តែមាន​តម្លាភាព និង​ងាយស្រួល​ឡើង។

    កាលពី​សប្តាហ៍​កន្លងទៅ​នេះ ឯកឧត្តម សុខ​ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​លក្ខណៈ​អំណោយផល​ក្នុងការ​វិនិយោគ ជាពិសេស​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម 7.7% ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​កន្លងមក​នេះ ក្នុងនោះ​កំណើន​នេះ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ទទួលបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគទុន​ប​រទេស​ឱ្យមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា។

    ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ចំណែក​ការសម្រេចចិត្ត​របស់​អ្នកវិនិយោគទុន​ហុងកុង ដែល​បានជ្រើសរើស​យក​កម្ពុជា​ជា​គោលដៅ​អភិវឌ្ឍន៍​ការវិនិយោគ​ដ៏​មាន​សក្តានុពល គឺជា​ការចាប់ផ្តើម និង​ការពង្រីក​ជីវ​កម្ម​របស់ខ្លួន​ដ៏​មាន​តម្លាភាព។

    យោងតាម​តួលេខ​នៃ​ការវិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ1994 ដល់​ឆ្នាំ2017 មាន​ចំនួន​សរុប 257គម្រោង និង​ទុន​សរុប​ប្រមាណ 1.33ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង2% នៃតម្លៃ​វិនិយោគទុន​សរុប។ ដោយឡែក​នៅ​ឆ្នាំ2017 វិនិយោគទុន​ហុងកុង​មាន​ចំនួន13គម្រោង ក្នុងនោះ​មាន​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ កាបូប ស្បែកជើង និង​ឧស្សាហកម្ម​ដទៃទៀត​ក្នុង​ទឹកប្រាក់​វិនិយោគ​ប្រមាណ 85លាន​ដុល្លារ​អាមេរិក​ស្មើនឹង 1.64% នៃ​ទុនវិនិយោគ សរុប​ប្រចាំឆ្នាំ2017៕

  • Apple កំពុង​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ត្រៀម​បង្ហាញ​ក្នុងពេលឆាប់ៗ

    Apple កំពុង​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ត្រៀម​បង្ហាញ​ក្នុងពេលឆាប់ៗ

    ក្រុមហ៊ុន Apple ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងតែ​សំងំ​ផលិត​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​កោង (Foldable) និង​អាច​បត់​បាន ហើយ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters។

    កាលពី​ឆ្នាំ2017 មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​លេចឮ​មក​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ-រិ​កមួយ​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន LG ក្នុងការ​បង្កើត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ប៉ុន្តែ​នៅពេលនេះ​បែរជា​ធ្លាយ​ព័ត៌មាន​ថ្មី​មក​ថា ក្រុមហ៊ុន Apple បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្សេង​មួយទៀត​ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ហើយ​គ្រោង​នឹងដាក់​បង្ហាញ​នៅ​ឆ្នាំ2020។

    ក្រុមអ្នកវិភាគ​បានលើកឡើង​ថា ទោះជា Apple ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង​ក្រោយ Samsung និង Lenovo ក្ដី ប៉ុន្តែ​បើសិនជា​ព័ត៌មាន​ចចាមអារ៉ាម​នេះ​ក្លាយជា​ការពិត​នោះ Apple នឹង​អាច​នាំមុខ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង ព្រោះ Apple គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ និង​លំដាប់​លេខ1 របស់​អាមេរិក ជាពិសេស​គឺ​ការអភិវឌ្ឍ​របស់ Appleដែល​តែងតែមាន​អ្វី​ប្លែក​ថ្មី​ខុសពី​គេ​ជានិច្ច។

    យោងតាម​ការបញ្ជាក់រ​បស់​សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Apple បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​ថ្មី​មួយ​ដែល​មិនមែនជា​គួ​ប្រជែង​របស់ខ្លួន ដើម្បី​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង​ថ្មី​នេះ។

    គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​បន្ទះ​អេក្រង់​សម្រាប់ iPad និង iPhone ធំជាងគេ​គឺ Samsung និង LG៕

  • ប្រតិបត្តិ​ករ​ឥណទាន​ជាច្រើន​ស្ថិត​នៅក្រៅ CBC នៅឡើយ

    ប្រតិបត្តិ​ករ​ឥណទាន​ជាច្រើន​ស្ថិត​នៅក្រៅ CBC នៅឡើយ

    បច្ចុប្បន្ន​ការិយាល័យ​ឥណទាន​កម្ពុជា(CBC)មាន​សមាជិក​សរុប​ចំនួន 149ស្ថាប័ន​ដែល​រួមមាន​ធនាគារពាណិជ្ជ​ចំនួន 53ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន 75 ស្ថាប័ន​ក្រុមហ៊ុន​ភតិសន្យា (Leasing Company)ចំនួន 11ស្ថាប័ន  និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មាន​ចំនួន 10ស្ថាប័ន​ដោយឡែក​ប្រតិ​ប​តិ្ត​ករ​ឥណទាន​ជនបទ​ជាង 300ស្ថាប័ន​ផ្សេងទៀត​នៅ​មិនទាន់​ចូល​ជា​សមាជិក​នៅឡើយ។

    លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​មានប្រសាសន៍ថា សមាជិក CBC ទាំងអស់​គឺ​សុទ្ធតែ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ឥណទាន​នៅ​កម្ពុជា ហើយ​នៅពេល​ស្ថាប័ន​ទាំងនោះ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ គឺ​ត្រូវបាន​គេដាក់បញ្ចូល​ជា​សមាជិក​នៃ​ការិយាល័យ​ឥណទាន​ដោយ​ស្វ័យប្រវត្តិ។

    លោក​បន្តថា នៅពេល​ចូល​ជា​សមាជិក​នៃ​ការិយាល័យ​ឥណទាន ស្ថាប័ន​ទាំងនោះ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដែលមាន​ដូចជា ទទួលបាន​ព័ត៌មាន​ពិត ច្បាស់លាស់ និង​ទុកចិត្តបាន​ដោយសារ​អ្នក​ដែល​ផ្តល់​ទិន្នន័យ​មក​ការិយាល័យ​ឥណទាន គឺជា​ស្ថាប័ន​ផ្លូវការ​ដែលជា​សមាជិករ​បស់ CBC។

    ម្យ៉ាងទៀត CBC មាន​បុគ្គលិក​ពោរពេញ​ដោយ​សមត្ថភាព​ក្នុងការ​បញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​ដោយ​សុក្រឹត​ធ្វើឱ្យ​សមាជិក​អាច​ដឹង​ពី​ប្រវត្តិ​ឥណទាន​របស់​អតិថិជនម្នាក់ៗដែលជា​ប្រយោជន៍​ធ្វើឱ្យពួកគេ​ស្គាល់​អតិថិជន​ទាំង​នោះបាន​កាន់តែច្បាស់។

    លោក​បញ្ជាក់​ដូច្នេះ​ថា “ក្នុង​វិស័យ​ឥណទាន សំខាន់​គឺ​ការ​ស្គាល់​អតិថិជន នៅពេល​ស្គាល់​គាត់ នឹង​ដឹង​ពី​ប្រវត្តិ​អតិថិជន​ថា​យ៉ាងដូចម្តេច។ ចំណុច​ទាំងអស់នេះ​ការិយាល័យ​ឥណទាន​អាច​ផ្តល់ជូនបាន​ដោយសារ​ការិយាល័យ​ឥណទាន​មាន​ព័ត៌មាន​ទាំងអស់នេះ មាន​ទិន្នន័យ​ទៅលើ​អតិថិជនម្នាក់ៗថា តើ​អតិថិជន​ទាំងនោះ​ធ្លាប់​ប្រើប្រាស់​ឥណទាន​ឬទេ?

    បើសិន​ធ្លាប់ប្រើ តើ​ប្រើ​នៅទីណា​ខ្លះ? ការបង់​សង​ទៀងទាត់ ឬ​មិន​ទៀងទាត់​យ៉ាងណា? ដែល​ព័ត៌មាន​ទាំងអស់នេះ​អាចជួយ​សម្រួល​ក្នុងការ​សម្រេចចិត្ត​ផ្ដល់​ឥណទាន​បាន។

    ទិន្នន័យ​ទាំងនេះ​នឹង​ជួយ​ដល់​ការសម្រេចចិត្ត​ផ្ដល់​ឥណទាន​ប្រកបដោយ​ការទទួលខុសត្រូវ​ព្រោះថា បញ្ហាសំខាន់​នៅពេលដែល​ភ្នាក់ងារឥណទាន​ដឹង​ពីព័ត៌មាន​អតិថិជន​ហើយ​ពួកគាត់​អាច​សម្រេច​ចិត្តបាន​ថា គួរផ្តល់​កម្ចី​ឱ្យ​ឬទេ? ឬ​យើង​អាច​សម្រេចចិត្ត​ផ្តល់​កម្ចី​ដោយ​ផ្អែកលើ​គោលការណ៍​កណ្តាល​មួយ។

    ឧទាហរណ៍​បើសិន​អតិថិជន​មាន​ហានិភ័យ​ខ្ពស់​ធ្លាប់​ទទួលបាន​កម្ចី​តែ​សង​វិញ​យឺត ឬ​លំបាក ភ្នាក់ងារឥណទាន​អាច​សម្រេច​ផ្តល់ឱ្យ​ក្នុង​កម្រិត​ទាប​ជាង​មុន​បន្តិច ហើយ​ការប្រាក់​ក៏​ខ្ពស់ជាង​មុនបន្តិច​ដែរ តែបើ​អតិថិជន​មាន​ហានិភ័យ​ទាប​មាន​ប្រវត្តិ​ល្អ ភ្នាក់ងារឥណទាន​អាច​ផ្តល់​កម្ចី​កាន់តែ​ខ្ពស់​តែ​ការប្រាក់​ទាប​ជាង​មុន​បន្តិច​វិញ។ ចំណុច​មួយទៀត​ទិន្នន័យ​នេះ​អាចជួយ​ព​ន្លឿ​ន​ពេលវេលា​ក្នុងការ​សម្រេចចិត្ត ផ្តល់​ឥណទាន។

    ដូច​យើង​ធ្លាប់​ដឹង​ហើយ​ថា ដើមឡើយ​នៅពេល​អតិថិជន​ម្នាក់​គាត់​ចង់​ខ្ចី​ឥណទាន​គឺ​គាត់​ទូរស័ព្ទ​មក​មន្ត្រី​ឥណទាន​ហើយ​មន្ត្រី​ឥណទាន​តែង​ជិះ​ម៉ូតូ​ទៅដល់​ផ្ទះ​សួរនាំ​អំពី​គោលបំណង​កម្ចី និងប្រវត្តិផ្សេងៗដូចជា​ធ្លាប់​ខ្ចី​ឥណទាន​ពីមុនមក​ឬ​អត់? ធ្លាប់ប្រើ​ប្រាស់​ឥណទាន​ផ្សេង​ណា​ឬ​អត់? ជួនកាល​អតិថិជន​ឆ្លើយ​ពិត ជួនកាល​ឆ្លើយ​មិន​ពិត​រួច​ភ្នាក់ងារឥណទាន​ទៅ​សួរ​អ្នកជិតខាង ហើយ​បន្ត​សួរ​ទៅ​មេឃុំ/ចៅសង្កាត់ ពេល​ទទួលបាន​ចម្លើយ​ហើយ ចម្លើយ​នោះ​អាច​ពិត និង​មិន​ពិត​ដូចគ្នា ហើយ​មកទល់​ពេលបច្ចុប្បន្ន សំនួរ​នេះ​នៅតែ​ត្រូវបាន​សួរ​ដដែល។ ប៉ុន្តែ​ពេលដែល​ភ្នាក់ងារឥណទាន​ដែលជា​សមាជិក CBC មកដល់​ការិយាល័យ​វិញ គាត់​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​អតិថិជន​មក​វាយ​ឈ្មោះ​ចូលក្នុង​ប្រព័ន្ធ​ភ្លាម​គាត់​នឹង​ទទួលបានព័ត៌មាន​ដែល​អាចធ្វើឱ្យ​គាត់​សម្រេច​ចិត្តបាន​កាន់តែ​លឿន និង​មាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់។

    យ៉ាងណា មកទល់​បច្ចុប្បន្ន​គេ​សង្កេតឃើញថា ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ប្រមាណ​ជាង300 ស្ថាប័ន​នៅ​មិនទាន់​ចូល​ជា​សមាជិក​ការិយាល័យ​ឥណទាន​កម្ពុជា(CBC)នេះ​ទេ ដោយសារ​ពួកគាត់​នៅ​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​ពី​ធនាគារជាតិ។

    លោក សុធា​រ័ត្ន បាន​បញ្ជាក់ថា នៅក្នុង​ប្រព័ន្ធ​ធនាគារជាតិ គឺ​គ្របដណ្តប់​ទៅលើ​តែ​ធនាគារពាណិជ្ជ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​មួយផ្នែក​ទៀត​ដែលជា​ស្ថាប័ន​ឥណទាន​ជនបទ​ដែល​កន្លងមក​បាន​ដើរតួ​ជា​អង្គការ​ផ្តល់​កម្ចី​ឥណទាន។ ពួកគេ​បានទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួងមហាផ្ទៃ។ ហើយ​ដើម្បី​សម្រួល​បញ្ហា​នេះ កាលពី​ឆ្នាំ2015កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​បញ្ជាក់ថា អង្គការ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ឥណទាន​នៅ​កម្ពុជា គឺ​ខុសច្បាប់ ដោយសារ​មិនមាន​ការទទួលស្គាល់​ពី​ធនាគារជាតិ​ដែល​តម្រូវឱ្យ​ពួកគេ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​បន្ថែមទៀត។

    ពេលនោះ​ដែរ ស្ថាប័ន​មួយចំនួន​បាន​បញ្ឈប់​ប្រតិបត្តិការ​របស់ខ្លួន ហើយ​ស្ថាប័ន​ចំនួន​ជាង 300ផ្សេងទៀត​បន្ត​ទៅសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ ប៉ុន្តែ​អង្គការ​ជាស្ថាប័ន​ឥណទាន​ប្រភេទ​ថ្មី​នេះ ធនាគារជាតិ​នៅ​មិនទាន់​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យនៅ​ឡើយ គឺ​បានត្រឹមតែ​ទទួលស្គាល់​ជា​បណ្តោះអាសន្ន​សិន​ប៉ុណ្ណោះ។ ទោះជា​ដូច្នេះ​ក្ដី​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន10 ក្នុងចំណោម​ជាង 300នោះបាន​ចូល​ជា​សមាជិក​របស់​CBC រួចហើយ។

    ដើម្បី​ទទួលបាន​ព័ត៌មាន​របស់​អតិថិជន​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ទំនុកចិត្ត លោក​អំពាវនាវ​ឱ្យ​ស្ថាប័ន​ឥណទាន​ជនបទ​ទាំងនោះ​ចូល​ជា​សមាជិក CBC ដើម្បី​ពង្រឹង​ប្រតិបត្តិការ​ឥណទាន​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ដោយសារ​ក្នុង​ប្រព័ន្ធ CBCមាន​ប្រវត្តិ​អតិថិជន​ដែល​ធ្លាប់ប្រើ​ឥណទាន​ជិត 5លាន​នាក់​មកទល់​បច្ចុប្បន្ន ប៉ុន្តែ​អ្នក​ដែល​កំពុងប្រើប្រាស់​មាន​ចំនួន​តែ​ជិត3លាន​នាក់​ប៉ុណ្ណោះ​ខណៈ​ជាង2លាន​នាក់​ទៀត​ឈប់​ប្រើប្រាស់​កម្ចី​ឥណទាន​ទៅហើយ។

    ពាក់ព័ន្ធ​ករណីនេះ​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត​បានឱ្យដឹងថា បើទោះបីជា​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​មួយចំនួន​មិនបាន​ចូល​ជា​សមាជិក​របស់ CBCក្ដី ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ​មិន​ប្រឈម​ហានិភ័យ​ខ្លាំង​នោះទេ។

    លោក​ថា ទិន្នន័យ​បាន​ពី​ការិយាល័យ​CBC គឺជា​ផ្នែក​មួយ​សម្រាប់​ការវិភាគ​ទៅលើ​ស្ថានភាព​ទូទៅ​របស់​វិស័យ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ប៉ុន្តែ​ដល់ពេល​ផ្តល់​កម្ចី​ជាក់ស្តែង​គ្រឹះស្ថាននីមួយៗនៅតែ​ត្រូវការ​មូលដ្ឋាន​របស់ខ្លួន​ឯង​សម្រាប់​វាយតម្លៃ​ដដែល មុន​ការទម្លាក់​កម្ចី​ដល់​អ្នកស្នើសុំ​កម្ចី “ខ្ញុំ​យល់ថា វា​គ្មានហានិភ័យ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ទេ ស្រប​ពេលដែល​ប្រតិបត្តិ​ករ​ខ្លះ​នៅក្រៅ​ការិយាល័យ​ឥណទាន​កម្ពុជា​ព្រោះ​ទិន្នន័យ​នោះ​ជា​ផ្នែក​មួយ​សម្រាប់​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ ឬក៏​ជា​ទិន្នន័យ​បន្ទាប់បន្សំ ហើយ​ក្រុមហ៊ុន​ប្រតិបត្តិ​ករនីមួយៗមាន​មូលដ្ឋាន​ចុះ​វាយតម្លៃ​ផ្ទាល់ខ្លួន​ដែលមាន​ភាពច្បាស់លាស់ និង​គ្រប់គ្រង​ហានិភ័យ​បាន​ស្រាប់​ទៅហើយ។

    យោងតាម​ទិន្នន័យ​របស់​ធនាគារជាតិ​បាន​បង្ហាញថា មកទល់​បច្ចុប្បន្ន​មាន​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​រហូតដល់ 312ស្ថាប័ន មិនមែនជា​សមាជិករ​បស់​ការិយាល័យ​ឥណទាន​កម្ពុជា​ដែលជា​ក្រុមហ៊ុន​កណ្តាល​មួយ​សម្រាប់​ចែករំលែក​ព័ត៌មាន​ឥណទាន​រួម​ដល់​សមាជិក​របស់ខ្លួន​សម្រាប់​ជា​មូលដ្ឋាន​វិភាគ​អំពី​ប្រវត្តិ​ជាប់បំណុល​របស់​អតិថិជន​ដែល​ខ្ចីប្រាក់។

    ករណីនេះ​ការិយាល័យ​ឥណទាន​កម្ពុជា បាននិងកំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ដើម្បីឱ្យ​គ្រឹះស្ថាន​ជា​សមាជិក​អាច​បញ្ចូល និង​ទាញយក​របាយការណ៍​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​បន្ថែម​លើ​ទិន្នន័យ​ឥណទាន​បុគ្គល។

    របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានបញ្ជាក់​ទៀតថា គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក​ទាំងអស់​របស់​ក្រុមហ៊ុន CBC បានផ្តល់​នូវ​ទិន្នន័យ​ឥណទាន​អតិថិជន​ដែលមាន​សារៈសំខាន់​មួយចំនួន​រួមមាន​ទំហំ​ឥណទាន​ឯកត្តជន​ចំនួន អ្នក​ខ្ចីប្រាក់ ចំនួន​អ្នកធានា និង​ចំនួន​ប្រតិបត្តិការ​ឆែក​ព័ត៌មាន​អតិថិជន។ សម្ពាធឥណទាន​សរុប​ដែល​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានផ្តល់ និង​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​មាន​ចំនួន 64.9ទ្រី​លាន​រៀល និង​មាន​គណនី​ចំនួន2.5លាន៕

  • ប្អូនប្រុស Mbappe ដើរ​តាម​ជំហាន​របស់​បងប្រុស ក្រោយ​ជាប់​ជា​តារា​ឆ្នើម​ក្នុង​ក្រុម PSG

    ប្អូនប្រុស Mbappe ដើរ​តាម​ជំហាន​របស់​បងប្រុស ក្រោយ​ជាប់​ជា​តារា​ឆ្នើម​ក្នុង​ក្រុម PSG

    ប្អូនប្រុស​បង្កើត​របស់​ខ្សែប្រយុទ្ធ Kylian Mbappe កំពុងតែ​ស្ថិតនៅ​លើផ្លូវ​ដើម្បី​ដើរ​តាម​ជំហាន​របស់​បងប្រុសរ​បស់​ខ្លួន។

    EthanMbappe កំពុងតែ​ដណ្តើមបាន​នូវ​ការចាប់អារម្មណ៍ផ្សេងៗ ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី 1គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ជា​លើក​ទី1 របស់គេ​សម្រាប់​ក្រុម Paris Saint-Germain។ តារា​ឆ្នើម​វ័យក្មេង​រូបនេះ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mediterranean International Cup ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដែល​ត្រូវបាន​ទស្សនា​ដោយ​កីឡាករឆ្នើមៗជាច្រើន​ដូចជា Lionel Messi, Cesc Fabregas និង Marcelo ជាដើម។

    ជាមួយគ្នានេះ​វា​ហាក់​បង្ហាញថា ពួកគេ​អាច​នឹង​បន្ថែម​ឈ្មោះ​ថ្មី​មួយ​ទៅក្នុង​បញ្ជី​កីឡាករឆ្នើមៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ។ ជាមួយនឹង​ការ​មាន​ស្ទីល​សក់វែង​ដ៏​គួរឱ្យ​ទាក់ទាញ Ethan ហាក់​ស្ថិតក្នុង​កម្រិត​ខុស​បែ្ល​ក​ពី​គេ​ក្នុងពេល​លេង​នៅលើ​ទីលាន​ប្រកួត ដោយ​ពាក់អាវ​លេខ10។

    ក្នុងពេល​លេង​ក្នុង​កម្រិត​អាយុ​ក្រោម 12ឆ្នាំ ក្រុម​របស់គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 9គ្រាប់ ដើម្បី​ផ្តួល​ក្រុម Ys Gem។ Ethan បា​នរក​គ្រាប់​បាល់​ទី7 ក្នុងការ​ប្រកួត​នោះ ហើយ​ក្រុម​របស់គេ​កំពុងតែ​ស្ថិត​ក្នុងចំណោម​ក្រុម​ដែលមាន​ក្តីសង្ឃឹម​ច្រើនជាងគេ​ក្នុង​ការលើក​ពាន​ក្នុង​យុទ្ធនាការ​នោះ។ បើ​រូបគេ​ឈានដល់​កម្រិត​លេង​ត្រឹមតែ​ពាក់កណ្តាល​នៃ​បងប្រុស​របស់គេ នោះ​រូបគេ​នឹងត្រូវ​ឈ្នះ​ពាន​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​មិន​ខាន៕

    ប្រភពពី៖ The Sun

  • ការនាំចេញ​របស់​កម្ពុ​ជា​កើន​ឡើងដល់​ជាង 11ពាន់​លាន​ដុល្លារ

    ការនាំចេញ​របស់​កម្ពុ​ជា​កើន​ឡើងដល់​ជាង 11ពាន់​លាន​ដុល្លារ

    ក្នុងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ក្រោម​ការអនុគ្រោះ​ពន្ធ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស បានធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​មានការ​កើន​ឡើងជា​លំដាប់ ដែល​កាលពី​ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់​ជាង 11ពាន់​លាន​ដុល្លារ​អាមេរិក។

    យោងតាម​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញថា ការនាំចេញ​របស់​កម្ពុ​ជា នៅក្នុង​ឆ្នាំ2007 មាន​ទឹកប្រាក់ 3,525លាន​ដុល្លារ ហើយ​បាន​កើនឡើង​ដល់ 11,142លាន​ដុល្លារ​នៅក្នុង​ឆ្នាំ2017 ក្នុងនោះ​ផលិតផល​នាំចេញ​មានដូចជា ទំនិញ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​ផ្គុំ​អេឡិចត្រូនិក ទោចក្រយានយន្ត ផល​នេសាទ ជ័រកៅស៊ូ ឈើ​កែច្នៃ និង​ទំនិញ​កសិកម្ម​រួមមាន អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយ​ស្រស់ និង​ប្រេង​ឆៅ។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍ លើកឡើង​ពី​សក្តានុពល និង​កាលានុវត្តភាព នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ MFN GSP និង EBA ផ្តល់​ដោយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការធ្វើ​ពិពិធ​កម្មវិស័យ​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា កម្ពុជា​បាន​ប្រឹងប្រែង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅក្នុង​តំបន់ និង​ប្រទេស​ដៃគូ​ចំនួន 6ទៀត និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ព្រមទាំង​ចរចា​ក្រោម​ក្របខ័ណ្ឌ​អង្គការ WTO សំដៅ​ដក​របាំង​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​នាំ​ចេញពី​កម្ពុជា​ដែល​នឹង​ជួយ​សម្រួល​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព៕