Author: វល័ក្ខ

  • Ronaldo រកបាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ ខណៈ Thiago សង្គ្រោះ Bayern

    Ronaldo រកបាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ ខណៈ Thiago សង្គ្រោះ Bayern

    តារា​ឆ្នើម Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់​ដ៏​ល្អ​តាមរយៈ​ការ​ស៊ុត​បក​រំលង​ក្បាល​មួយ​គ្រាប់​ផងដែរ ខណៈដែល​ក្រុម Real Madrid បាន​បោះជំហាន​យ៉ាង​កៀក​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ Juventus 3-0 ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Bayern Munich ក៏បាន​បោះជំហាន​ឆ្ពោះទៅកាន់​វគ្គ 4ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions Leagueផងដែរ ខណៈដែល​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​របស់​ខ្សែបម្រើ Thiago Alcantara បាន​ជួយ​ឱ្យ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Sevilla កាលពី​ថ្ងៃ​អង្គារ ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម​អេ​ស្ប៉ា​ញ។

    Ronaldo បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​ទីក្រុង Turin ក្រោយពី​លេង​បានត្រឹមតែ 3នាទី និង​បាន​បន្ថែម​គ្រាប់​បាល់​ទី2 នៅ​នាទី​ទី64តាមរយៈ​ការ​ស៊ុត​បាល់​បក​រំលង​ក្បាល​យ៉ាង​ល្អ ដើម្បី​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី 10ប្រកួតជាប់ៗគ្នា​នៃ​ក្របខ័ណ្ឌ Champions League និង​ដើម្បី​ជួយ​ឱ្យ​រូបគេ​រកបាន​គ្រាប់​បាល់​សរុប 14គ្រាប់​ក្នុង​យុទ្ធនាការ​នៅ​រដូវ​កាល​នេះ។ ខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus បាន​រង​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី66 នៅមុន​ពេល Ronaldo បាន​ជួយ​ឱ្យ Marcelo បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន និង​ជួយ​ឱ្យ Real ស្ថិតក្នុង​ការគ្រប់គ្រង​ទាំងស្រុង មុននឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ នា​ថ្ងៃទី11 ខែមេសា ខាងមុខនេះ៕

    ប្រភពពី៖ Sky Sports

  • លោក Guardiola សន្យា​បើក​ការ​វាយ​សម្រុក​លើ Liverpool នៅ​រាត្រី​នេះ

    លោក Guardiola សន្យា​បើក​ការ​វាយ​សម្រុក​លើ Liverpool នៅ​រាត្រី​នេះ

    នៅ​ថ្ងៃ​ពុធ​នេះ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester City បាន​សន្យាថា នឹង​រក្សា​ការប្រើប្រាស់​គោលការណ៍​របស់លោក ដោយ​នឹង​ធ្វើការ​វាយ​សម្រុក​លើ​ក្រុម Liverpool ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី1 របស់​ពួកគេ បើទោះបី​ទទួលស្គាល់ថា លោក​ត្រូវ​លេង​ក្នុង​ក្រញាំដៃ​គូប្រជែង​របស់លោក​ក៏ដោយ។

    Liverpool គឺជា​ក្រុម​តែមួយគត់​ដែល​បាន​ផ្តួល​ក្រុម​ខ្លាំង Man City ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​នេះ ក្រោយពី​បាន​យកឈ្នះ​ក្នុង​លទ្ធផល 4-3 នា​កីឡដ្ឋាន Anfield កាលពី​ខែមករា។ ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ទាំង3 របស់​ក្រុម​ម្ចាស់ផ្ទះ​ដែល​រួមមាន Mohamed Salah, Roberto Firmino និង​Sadio Mane សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ទាំងអស់ ដោយ​ទាំង3 នាក់​នេះ​រកបាន​គ្រាប់​បាល់​សរុប​ដល់​ទៅ៧៥គ្រាប់​ឯណោះ​ក្នុង​រដូវ​កាល​នេះ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា បច្ចេកទេស​លេង​ប្រកបដោយ​ការ​វាយ​សម្រុក​របស់លោក Guardiola តែង​បានទទួល​ជោគជ័យ​ក្នុង​រាល់​ក្លិប​ដែល​លោក​បាន​ដឹកនាំ​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់លោក ពោលគឺ​ចាប់ពី​ក្លិប Barcelona, Bayern Munich និង​បច្ចុប្បន្ន​ជាមួយនឹង Man City។

    គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ជឿជាក់ថា បច្ចេកទេស​លេង​បែប​វាយ​សម្រុក គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់ Man City ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ទី2 របស់​ពួកគេ ប៉ុន្តែ​ជា​លើក​ទី8 ក្នុងចំណោម 9រដូវ​កាល​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក។ លោក Guardiola បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា៖ «ខ្ញុំ​ដឹងថា របៀប​ដែល​យើង​លេង​គឺ​ល្អ​សម្រាប់ Liverpool ពីព្រោះ​ពួកគេ​ជា​ក្រុម​មួយ​ដែល​វាយ​សម្រុក​បែបនេះ មិន​ដូច​ក្រុម​ផ្សេង​ក្នុង​ពិភពលោក​ឡើយ ជាពិសេស Mane, Salah, Firmino ដែល​សុទ្ធតែជា​ខ្សែប្រយុទ្ធ​ឆ្នើម​ទាំងអស់»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ឈ្នះ គឺត្រូវធ្វើ​តាមរបៀប​ដែល​យើង​បានធ្វើ​ចាប់តាំងពី​យើង​ស្ថិតនៅ​ទីនេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពព័ត៌មាន៖ Sky Sports

  • ពូជ​ស្តៅ​ខុសរដូវ ដាំ​ម្តង​ប្រមូល​ផល​បាន​រាល់ថ្ងៃ

    ពូជ​ស្តៅ​ខុសរដូវ ដាំ​ម្តង​ប្រមូល​ផល​បាន​រាល់ថ្ងៃ

    តាម​ធម្មតា​ដើម​ស្តៅ​ខ្មែរ​យើង​ផ្តល់​ផល​ពេល​លាស់​ស្លឹក​ខ្ចី(ត្រួយ) និង​ចេញ​ផ្កា​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​សម្រាប់​ស្តៅ​ខុសរដូវ​នេះ​វិញ ដាំ​តែម្តង​ចំណាយពេល​ប្រហែល​តែមួយ​ឆ្នាំ វា​នឹង​ហុច​ផល​ឱ្យ​បេះ​លក់បាន​រាល់ថ្ងៃ។

    លោក ឆន សុភ​ក្តី អ្នកលក់​កូនឈើ​នៅ​កសិដ្ឋាន​បណ្តុះ​កូនឈើ​ខេត្តពោធិ៍សាត់​មានប្រសាសន៍ថា ពូជ​ស្តៅ​ខុសរដូវ​នេះ​ត្រូវបាន​នាំចូល​ពី​ប្រទេស​ថៃ​ដែល​ទើប​យកមកចែកចាយ​លក់​ដល់​កសិក​រ​នៅ​ប្រទេស​កម្ពុជា​យើង​បាន​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ ហើយ​មានការ​គាំទ្រ​ច្រើន​ពី​កសិករ​នៅតាម​បណ្តា​ខេត្តផ្សេងៗដូចជា​ខេត្តកំពង់ចាម កំពង់ធំ និង​កំពង់ស្ពឺ​ជាដើម។

    លោក​ថា ស្តៅ​ខុសរដូវ​មានតម្លៃ​មួយ​ដើម 2ដុល្លារ​ហើយ​បើ​កសិករ​ទិញ​កាន់តែច្រើន​នឹង​លក់​បញ្ចុះតម្លៃ​ថែមទៀត និង​ដឹកជញ្ជូន​ដោយ​ឥត​គិត​ថ្ងៃ​ទៅដល់​ទីកន្លែង និង​ថែមទាំងជួយ​ប្រាប់​ពី​វិធីសាស្ត្រ​ដាំ​ដុះ និង​ថែទាំ​ដើម្បីឱ្យ​ស្តៅ​ឆាប់​ធំ​លូតលាស់ និង​ឆាប់​បាន​ប្រមូល​ផល​កាន់តែ​លឿន​សម្រាប់​រកប្រាក់​ចំណេញ​ត្រឡប់មកវិញ​ទៀតផង។

    ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ គេ​ដាំ​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ប្រវែង 5ម៉ែត្រ​បួន​ជ្រុង ហើយ​សម្រាប់ រណ្តៅនីមួយៗ គេ​ត្រូវ​ជីក​ទៅ​ក្រោម​ជម្រៅ 4 សង់ទីម៉ែត្រ និង​មាន​ទំហំ 4 សង់ទីម៉ែត្រ​ជា​រាង​ការ៉េ​បួន​ជ្រុង​ដូចគ្នា។ មុននឹង​ជីករណ្តៅ​គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​រយៈពេល​មួយ​សប្តាហ៍ ដើម្បី​សម្លាប់​មេរោគ​និង​សម្លាប់​ស្មៅ​មួយចំនួន​ដើម្បី​កុំឱ្យ​វា​បឺត​យក​ជីជាតិ​ចេញពី​ដើម​ស្តៅ ហើយ​ក្រោយពី​ភ្ជួរ​ដី​រួច គេ​ជីករណ្តៅ​ហាល​ទុកចោល​រយៈពេល​មួយ​សប្តាហ៍​ដូចគ្នា​ទើប​យក​កូន​ទៅ​ដាក់​ដាំ ដោយ​យក​ជីលាយ​ជាមួយ​ដី​ទៅ​ដាក់​នៅតាម​រណ្តៅនីមួយៗ រួច​ទើប​ស្រោច​ទឹក។

    លោក​បានបញ្ជាក់​ដូច្នេះ​ទៀតថា “នៅពេល​មុនពេល​ដាំ គេ​ត្រូវយក​ជី​អាចម៍គោ 30ភាគរយ​ទៅ​លាយ​ជាមួយ​ដី ហើយ​បើ​គ្មាន​ជីធម្មជាតិ​ទេ គេ​គ្រាន់តែ​យក​ជីគីមី​ទៅ​លាយ​ជាមួយ​ដី រួច​ដាក់​ដាំ​កូន​ស្តៅ ហើយ​សឹម​យក​ទឹក​ទៅ​ស្រោច​តាម​ក្រោយ​ជាការ​ស្រេច។

    ក្រោយពី​ដាំ​រួច គេ​ត្រូវ​មើលថែ​ដោយ​ដាក់​ជី​មួយខែ​ម្តង និង​ត្រូវ​បូមទឹក​ដាក់​ក្នុង​ចម្ការ​មួយ​សប្តាហ៍​ពីរ​ទៅ​បី​ដង​ចំពោះ​រដូវប្រាំង ប៉ុន្តែ​សម្រាប់​រដូវវស្សា​វិញ បើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​មិនបាច់​ស្រោច​ទឹក​ទេ គឺ​ដើម​ស្តៅ​អាច​លូតលាស់​បាន​ដោយ​ខ្លួនឯង។

    ការដាំ​ស្តៅ គេ​មិនបាច់​ប្រើ​ថ្នាំ​សម្លាប់សត្វ​ល្អិត​នោះទេ ដោយសារតែ​ត្រួយ និង​ផ្កា​របស់​វា​មាន​រសជាតិ​ល្វីង​អាច​បណ្តេញ​សត្វល្អិត​ចង្រៃ​មិន​ឱ្យមក​ជិត​បាន ហើយ​គេ​ក៏​មិនចាំបាច់​បាញ់​អ័រម៉ូន ឱ្យ​ឆាប់​ចេញ​ផ្កា​នាំឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​ដែរ គ្រាន់តែ​ដាក់​ជី​មួយខែ​ម្តង និង​ស្រោច​ទឹកជា​ប្រចាំ​ប៉ុណ្ណោះ ដើម​ស្តៅ​នឹង​លូតលាស់​រាល់ថ្ងៃ ចេញ​ត្រួយ​ចេញ​ផ្កា​អាច​បេះ​វិលជុំ​ដែល​ធ្វើឱ្យ​កសិករ​អាច​ប្រមូល​ផល​យកទៅ​លក់បាន​គ្រប់​រដូវ និង​ប្រមូល​លុយ​បាន​រាល់ថ្ងៃ​តែម្តង៕

  • ការស្រាវជ្រាវ​រកឃើញ​ថា មនុស្ស​លេងសើច​ច្រើន ភាគច្រើន​ជាម​នុស្ស​ឆ្លាត

    ការស្រាវជ្រាវ​រកឃើញ​ថា មនុស្ស​លេងសើច​ច្រើន ភាគច្រើន​ជាម​នុស្ស​ឆ្លាត

    ការសន្និដ្ឋាន​របស់ Albert Einstein បានឱ្យដឹងថា​ដើម្បីឱ្យ​មានចិត្ត​ស្រឡះ​ល្អ និង​មាន​ថាមពល​ដ៏​អស្ចារ្យ​នោះ គឺត្រូវធ្វើ​ខ្លួន​ឱ្យ​រីករាយ​ដូច​កូនក្មេង។ ចាប់ផ្តើម​ពី​សេចក្ដីសន្និដ្ឋាន​ខាងលើនេះ មាន​ស្ថាប័ន​ស្រាវជ្រាវ​មួយ​បានចាប់ផ្តើម​ធ្វើការ​សាកល្បង​សិក្សា​កាន់តែ​សី​ុ​ជម្រៅ​ឡើង​ពី​ភាព​រីករាយ ឬ​ចរិត​កំប្លែង​លេង​របស់​មនុស្ស​ជាមួយនឹង​ភាព​វៃឆ្លាត របស់​ពួកគេ​ក្នុង​ការគិត​លើ​បញ្ហា​នានា។

    តាម​ការស្រាវជ្រាវ​នៅក្នុង​ប្រទេស​អូទ្រីស កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា មនុស្ស​ដែល​ចូលចិត្ត​កំប្លែង ឬ​លេងសើច​ច្រើន ភាគច្រើន​ជាម​នុស្ស​ដែលមាន​កម្រិត​នៃ​ភាព​វៃឆ្លាត (IQs) ខ្ពស់ជាង​មនុស្ស​ដែល​មិនសូវ​លេងសើច​ឬ​មិនសូវមាន​ភាព​រីករាយ​ក្នុង​ជីវិត។ របាយការណ៍​នៃ​ការស្រាវជ្រាវ​បានបង្ហាញ​ជា​ភ័ស្តុតាង​ថា ដើម្បី​ធ្វើឱ្យ​មនុស្ស​មានគំនិត​សប្បាយរីករាយ​បាន គឺ​ត្រូវមាន​ភាព​ឆ្លាត​វៃ​និង​សមត្ថភាព​ក្នុង​ការគិត​យ៉ាង​វិជ្ជមាន​ជាមុនសិន​បន្ទាប់មក​ពួកគេ​នឹង​បញ្ចេញ​សកម្មភាព ប្រកបដោយ​ភាពរស់រវើក ហើយ​ធ្វើ​ការងារ​បាន​លឿន និង​មិនចេះ​នឿយហត់។ ពួកគេ​បានបង្ហាញ​ពី​លទ្ធផល​នៃ​ការវិភាគ​ផងដែរ​ថា មនុស្ស​កំប្លែង​ក៏មាន​ភាព​វៃឆ្លាត​ផ្នែក​ការដោះស្រាយ​បញ្ហា​យ៉ាងពិត-ប្រាកដ​ដែរ (verbal and non-verbal intelligence)។

    ក្រៅពីនេះ បុគ្គល​ដែលមាន​ភាព​ឆ្លាត​វៃ​ទាំងអស់នោះ​ក៏មាន​លក្ខណៈពិសេស​មួយ​ផ្សេងទៀត​ផងដែរ គឺ​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ទាក់ទង​ជាមួយ​គាត់ ព្រោះ​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ភ័ស្តុតាង​ឱ្យឃើញ​យ៉ាងច្បាស់​ថា អ្នក​ដែលមាន​អារម្មណ៍​រីករាយ​ពី​ខាងក្នុង​មិន​ត្រឹម​តែមាន IQ ខ្ពស់​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែមទាំង​មាន​កម្រិត​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ (Emotional intelligence, EQ) និង​ទទួល​ពិន្ទុ​ល្អ​ផ្នែក​ទំនាក់ទំនង​ថែម​ទៀតផង។

    មិន​ថា ពួកគេ​ជានា​រី ឬ​បុរស​នោះទេ បុគ្គល​ដែលមាន​អារម្មណ៍​រីករាយ​ច្រើន តែងតែ​ទទួលបាន​ពិន្ទុ​ខ្ពស់​នៅពេលដែល​ពួកគេ​បង្ហាញខ្លួន​ជា​សាធារណៈ ឬ​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​នៅក្នុង​ការទំនាក់ទំនង ដែល​គេ​អាច​ក្លាយជា​ដៃគូ​ល្អ​សម្រាប់​រយៈពេល​យូរអង្វែង​លើ​រាល់​ការងារសំខាន់ៗ ក៏ដូចជា​អាជីវកម្ម​ជាដើម។

    នៅក្នុង​ផ្នែក​ចិត្ត​វិទ្យា គេ​ប្រើប្រាស់​ភាព​វិជ្ជមាន​នៃ​គំនិត​រីករាយ​ដើម្បី​ជំរុញ​មនុស្ស​ឱ្យមាន​ទំនាក់ទំនង​ល្អ ហើយ​បង្កើត​ភាពខ្លាំង​នៅក្នុង​អារម្មណ៍​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​សក្តានុពល​លើ​គ្រប់​ការងារ ទាំង​ផ្នែក​ឯកជន និង​ការធ្វើការងារ​ជា​ក្រុម។ អ្នកជំនាញ​បាន​រកឃើញ​ផងដែរ​ថា មនុស្ស​ដែល​អាច​រកឃើញ​នូវ​ការងារ​ដែលមាន​ភាពសប្បាយ​រីករាយ​ច្រើន ភាគច្រើន​ជា​អ្នក​ដែល​អាច​រកឃើញ​សេចក្តីសុខ​យ៉ាងពិត​ប្រាកដ ហើយ​មិន​ចូលចិត្ត​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​គេ​មិន​ស្រឡាញ់ ឬ​ការងារ​បែប​មាន​សម្ពាធ​នោះទេ ព្រោះ​គេ​អាច​ឆាប់​ធុញទ្រាន់។ ភាគច្រើន​គេ​ជា​មនុស្ស​ដែល​ស្វែងរក​សេចក្តីសុខ និង​បន្ត​អភិវឌ្ឍ​លើផ្លូវ​ដែល​គេ​ពេញចិត្ត ដោយ​មិន​បង្ខំចិត្ត​ធ្វើ​រឿង​សាំញ៉ាំ​ដើម្បី​តែ​លុយកាក់ ឬ​មុខមាត់​នោះទេ៕

  • ប្រទេស ឆែក ផ្តល់​ទឹកប្រាក់​ជាង 7លាន​ដុល្លារ​ជួយ​អភិវឌ្ឍ​វិស័យ 3នៅ​កម្ពុជា

    ប្រទេស ឆែក ផ្តល់​ទឹកប្រាក់​ជាង 7លាន​ដុល្លារ​ជួយ​អភិវឌ្ឍ​វិស័យ 3នៅ​កម្ពុជា

    ក្នុង​គោលដៅ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឡើង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ ឆែក ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យសំខាន់ៗចំនួន3 នៅ​កម្ពុជា។

    ថ្លែង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ក្នុង​កិច្ចពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទេ្វ​ភាគី​ឆ្នាំ2018-2023 រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ ឆែក ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​សាធារណរដ្ឋ ឆែក បាន​បន្ត​ជ្រើស​យក​ប្រទេស​កម្ពុជា​ជា​ប្រទេស​អាទិភាព​តែមួយគត់​ក្នុង​ទី្វ​ប​អាស៊ី។

    ឯកឧត្តម​បន្តថា ដើម្បី​អនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ ឆែក សម្រាប់​រយៈពេល5 ឆ្នាំ (2018-2023) ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន 3 គឺ៖

    1. វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ
    2. វិស័យ​សុខាភិបាល

    និង3. វិស័យ​ទឹក​សា្អ​ត និង​អនាម័យ ដែល​អាទិភាព​ទាំង3នេះ​បាន​ប្រមូលផ្តុំ​អនុវត្ត​នៅ​ខេត្តកំពង់ឆ្នាំង​ទាំងអស់។

    គួរ​បញ្ជាក់ដែរថា ហិរញ្ញប្បទាន​ដែល​គ្រោង​ផ្តល់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ ឆែក មាន​ប្រមាណ 1.5លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​មួយឆ្នាំ៕

  • សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់ UEFA CHAMPIONS LEAGUE 2018 ជាមួយ​កីឡាបាល់ទាត់​អន្តរជាតិ RUUD VAN NISTELROOY

    សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់ UEFA CHAMPIONS LEAGUE 2018 ជាមួយ​កីឡាបាល់ទាត់​អន្តរជាតិ RUUD VAN NISTELROOY

    ភ្នំពេញ៖ នៅ​ថ្ងៃទី 3 ខែមេសា សន្និសីទ​សារព័ត៌មាន​មួយ​បាន​រៀបចំឡើង​ដើម្បី​ឧទ្ទេសនាម​តារាបាល់ទាត់​អន្តរជាតិ​លោក Ruud van Nistelrooy អ​តី​តៈ​ខ្សែប្រយុទ្ធ​របស់​ក្រុម Manchester United និង​ក្រុម Real Madrid ដែល​កាន់​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League 2018 ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®។

    លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា លោក​ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ឯកឧត្តម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចូលរួម​ជា​អធិបតីភាព​នៃ​អង្គ​សន្និសីទ​សារព័ត៌មាន​នេះ ហើយ​បាន​ស្វាគមន៍​លោក Ruud van Nistelrooy មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា។

    ឯកឧត្តម វ៉ា​ត់ ចំរើន អនុ​អគ្គលេខាធិការ​នៃ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ក៏បាន​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​នេះ​ផងដែរ។

    ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទូទាំង​ពិភពលោក កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League 2018 ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ។ សម្រាប់​រយៈពេល​បី​ថ្ងៃ ក្រុម​អ្នកគាំទ្រ​មានឱកាស​ដ៏​កម្រ​ក្នុង​ការថតរូប​ជាមួយនឹង​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy និង​ទទួល​បទពិសោធន៍​ដ៏​រំភើប​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

    លោក Ruud van Nistelrooy ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់គាត់​ដោយ​ស៊ុត​បញ្ចូល​ទី​បាន 150គ្រាប់​ក្នុង 219 ប្រកួត​សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លិប និង​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​បី​សម័យកាល​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ក្របខ័ណ្ឌ UEFA Champions League និង​ដើរតួ​យ៉ាងសំខាន់​ជំនួស​ស្រា​បៀរ Heineken® ក្នុងការ​បង្ហាញ​នូវ​ម​ហិ​ច្ឆិ​តា​និង​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​កម្មវិធី​ប្រកួត​នេះ។

    តារាបាល់ទាត់​រូបនេះ​មាន​អារម្មណ៍​រំភើប​រីករាយ​ខ្លាំងណាស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ និង​កីឡាករ​បាល់ទាត់​កម្ពុជា ដោយ​កីឡាករ​កម្ពុជា​មួយចំនួន​នឹងមាន​ឱកាស​ចូលរួម​ក្នុង​វគ្គ​បង្វឹក​ពិសេស​ជាមួយ​លោក Ruud van Nistelrooy ។

    លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ​ភាព​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយមាន​ប្រសាសន៍ថា៖ “ស្រា​បៀរ Heineken®មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ក្នុង​ការនាំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League មកកាន់​ប្រទេស​កម្ពុជា។

    នេះ​គឺជា​បទពិសោធន៍​វិសេសវិសាល​មួយ​សម្រាប់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ក្របខ័ណ្ឌ UEFA Champions League ដើម្បី​បានឃើញ​ផ្ទាល់​នូវ​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ហើយ​និង​ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy។ គោលបំណង​របស់​យើង​គឺ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដែល​មិនមាន​ឱកាស​អាច​ទទួល​បាន​នូវ​បទពិសោធន៍​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល​ចំពោះ​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League ។ យើង​ក៏​ចង់​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​របស់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ”

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅ​កម្ពុជា សូម​ចូល​មើល​គេហទំព័រ៖ www.facebook.com/Heineken

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ 

  • វិធីសាស្ត្រ​បង្កើន​ភាព​រីករាយ​ក្នុង​ការរៀន និង​ធ្វើឱ្យ​យើង​រៀន​ពូកែ

    វិធីសាស្ត្រ​បង្កើន​ភាព​រីករាយ​ក្នុង​ការរៀន និង​ធ្វើឱ្យ​យើង​រៀន​ពូកែ

    អ្នកសិក្សា​មួយចំនួន​ហាក់​កំពុងមាន​ការយល់ច្រឡំ​ថា អ្នក​ដែល​ខំរៀន​ទាំងអស់​សុទ្ធតែជា​អ្នករៀន​ចេះ ឬ​សុទ្ធតែជា​អ្នក​ដែល​ជោគជ័យ​ក្នុងការ​សិក្សា តែ​ស្ថានភាព​ពិត​គឺអាច​ខុសស្រឡះ​ពី​ការគិត ព្រោះ​មាន​អ្នក​ខំរៀន​មួយចំនួន​បែរជា​ជោគជ័យ​តិចជាង​អ្នក​ដែល​មើលទៅ​មិនសូវ​ខំ​ក៏មាន។ បញ្ហា​ទាំងអស់នេះ អាច​កើតឡើង​ពី​វិធីសាស្ត្រ​ក្នុង​ការគិត និង​អនុវត្ត​សម្រាប់​ទទួលបាន​ភាពល្អ​ប្រសើរ​ក្នុង​ជីវិត​សិក្សា។

    កញ្ញា ឡាំ សុ​វ​ណ្ណី និស្សិត​ដែល​ទទួលបាន​និទ្ទេស A រាល់​ឆ្នាំ និង​ជា​និស្សិត​ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ បាន​លើកឡើងថា លក្ខណសម្បត្តិ​របស់​និស្សិត​ពូកែ​មាន​ច្រើនណាស់ ហើយ​ខុសប្លែកគ្នា​ទៅតាម​ជំនាញ និង​វិធីសាស្ត្ររៀងៗខ្លួន។ សម្រាប់​អ្នករៀន​ពូកែ​ភាគច្រើន​ជា​អ្នក​ដែលមាន​វិធីសាស្ត្រ​រៀន​ច្បាស់លាស់ មិនមែន​ខំ​ដោយ​គ្មាន​គោល​គំនិត​នោះទេ។ ចំណុច​សំខាន់​ទី1 សម្រាប់​អ្នករៀន​ពូកែ គឺ​គេ​ជ្រើស​រើសយក​មុខវិជ្ជា​ត្រឹមត្រូវ ហើយ​មុខវិជ្ជា​ទាំងអស់នោះ​ជា​មុខវិជ្ជា​ដែល​គេ​ស្រឡាញ់​ពេញចិត្ត​ពិតប្រាកដ។

    កាលណា​មនុស្ស​សិក្សា​លើ​មុខវិជ្ជា​ដែល​គេ​មិន​ស្រឡាញ់ ទោះបីជា​ខិតខំ​រៀន​ខ្លាំង​ក៏មាន​ការលំបាក​ដែរ ព្រោះ​ចិត្ត​យើង​មិន​ចង់ ហេតុនេះ​កាន់តែ​ជម្នះ​ខ្លួនឯង កាន់​តែមាន​អារម្មណ៍​ថា​ធុញទ្រាន់ តែ​ប្រសិនបើ​យើង​ជ្រើសរើស​ចំ​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​វិញ យើង​នឹង​អាច​រៀន​ដោយ​មិន​ធុញទ្រាន់ ហើយក៏​ឆាប់​យល់ច្បាស់​ដែរ ព្រោះ​យើង​មាន​ទេពកោសល្យ​ពី​កំណើត​ស្រាប់​ទៅហើយ។

    កញ្ញា ឡាំ សុ​វ​ណ្ណី បាន​និយាយថា៖ “ចំណុច​សំខាន់​មួយទៀត​ដែល​ធ្វើឱ្យ​អ្នក​ខំរៀន​មួយចំនួន​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ គឺ​ការធ្វើ​ដោយ​គ្មាន​ផែនការ។ នៅពេលដែល​យើង​រៀន​អ្វីមួយ​ដោយ​គ្មាន​ផែនការ និង​ការស្រាវជ្រាវ​ច្បាស់លាស់ វា​នឹង​ធ្វើឱ្យ​យើង​ពិបាក​យល់ ហើយ​មេរៀន​ទាំងអស់នោះ នឹង​គរច្រើនឡើងៗ រហូតដល់​យើង​មិនដឹងថា​ត្រូវ​ចាប់ផ្តើម​ពី​ណា​ទៅណា បញ្ហា​នេះ អាច​នឹង​ធ្វើឱ្យ​សិស្ស​ទាំងអស់នោះ​មិនអាច​អនុវត្ត​បានល្អ​នៅពេល​ប្រឡង បើទោះបីជា​ខំ​អាន ឬ​មើល​ច្រើនដង​យ៉ាងណាក៏ដោយ។

    និស្សិត​ឆ្នើម​ខាងលើ បានលើកឡើង​ផងដែរ​ថា ការកំណត់​ផែនការ​ច្បាស់លាស់​សម្រាប់​សិក្សា​គឺជា​រឿង​សំខាន់​ណាស់ ព្រោះថា នៅក្នុង​អំឡុងពេល​សិក្សា យើង​ចាំបាច់​ត្រូវតែ​ដឹង​ឱ្យបាន​ច្បាស់ជាមុន​ថា យើង​នឹងត្រូវ​រៀន​ពីអ្វី​ខ្លះ ហើយ​រាល់​មេរៀន​ទាំងអស់នោះ​ត្រូវតែ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​មុន​ដល់​ម៉ោង​សិក្សា។ នៅពេលដែល​យើង​ស្រាវជ្រាវ​បាន​មុន យើង​នឹងមាន​សំណួរ​ជាច្រើន​ដែល​អាច​សួរ​នៅក្នុង​ម៉ោង​រៀន ហើយ​ក្រោយពេល​សួរ​អស់ហើយ យើង​នឹង​អាច​ដឹង​ពី​ហេតុផល​នៃ​មេរៀន ហើយ​ចងចាំ​ដោយ​មិនបាច់​ខំប្រឹង​ដាច់​យប់​ដើម្បី​រត់តាម​មេរៀន​ដែល​ចេះតែ​ទៅមុខ​រាល់ថ្ងៃ​នោះទេ។

    ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​ដឹង​នោះ​គឺ ការជឿជាក់​ខ្លួនឯង។ អ្នករៀន​ដែល​ពូកែ ភាគច្រើន​ជា​អ្នក​ដែលមាន​ទំនុកចិត្ត​លើ​ខ្លួនឯង មាន​ភាពច្បាស់លាស់​ពី​ហេតុផល​នៃ​មេរៀន​ត្រឹមត្រូវ ហើយមិន​ងាយ​ប្រែប្រួល​ទៅតាម​ស្ថានការណ៍​ណាមួយ ឬ​ទៅតាម​គេ​នោះទេ។ ខុសគ្នា​ស្រឡះ​ពី​អ្នក​ដែល​រៀន​មិនសូវ​ពូកែ ពេលខ្លះ​ខំប្រឹងប្រែង​អាន​ចាំមាត់ តែ​ងាយ​នឹង​ជឿ​តាម​អ្នកផ្សេង​ដែល​មើលទៅ​ពូកែជាង បើទោះបីជា​អ្នកនោះ​ពេលខ្លះ​ធ្វើ​ខុស​ក៏ដោយ។

    និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​ជា​អតីត​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​រូបវិទ្យា លោក​សុខ ពិសី បាន​លើកឡើងថា ការរៀន​ពេលខ្លះ​មិន​លំបាក​ខ្លាំងពេក​នោះទេ ប្រសិនបើ​យើង​ឧស្សាហ៍​អនុវត្តតាម​ដំណាក់កាល។ ការដែល​យើង​មាន​ភាព​ឈឺក្បាល​ខ្លាំង​លើ​លំ​ហាត់លំបាកៗ ភាគច្រើន មកពី​យើង​មិនបាន​ចាប់ផ្តើម​ពី​ដំណាក់កាលដំបូងៗឬ​មើលងាយ​លំ​ហាត់​តូច។ ពេលខ្លះ​លំ​ហាត់លំបាកៗហើយ​មាន​ភាព​ស៊ីជម្រៅ ឬ​ក្បួន​ច្រើន ភាគច្រើន​គេ​ប្រមូលផ្តុំ​ប្រភេទ​ក្បួនតូចៗបញ្ចូល​គ្នា ហើយ​បង្កើតជា​លំ​ហាត់​ធំ​តែប៉ុណ្ណោះ ប្រសិនបើ​យើង​តាម​ទាន់​គ្រប់​ដំណាក់កាល​ឱ្យ​ជាប់ យើង​នឹង​អាចធ្វើ​វា​បាន​ដោយ​ងាយ។

    លោក សុខ ពិសី បាន​និយាយថា៖ “ការតាមដាន​និង​ស្វែងយល់​ពី​ឫសគល់​នៃ​មេរៀននីមួយៗ ជា​វិធី​ល្អ​មួយ​សម្រាប់​អ្នក​ខំរៀន ព្រោះថា នៅពេលដែល​យើង​យល់​មកពី​ក្នុង​សាលា​ហើយ យើង​អាច​ចំណាយពេល​នៅផ្ទះ​ច្រើន​ដើម្បី​អនុវត្ត ហើយ​មិនចាំបាច់​ត្រូវ​ខំ​អាន ឬ​មើល​លំ​ហាត់​ច្រើនពេក​នោះទេ។

    និស្សិត​ពូកែ​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេល​យើង​មាន​វិធី​ឆ្លាត​វៃ​ក្នុង​ការរៀន​ហើយ យើង​នឹង​អាច​សល់​ពេល​ច្រើន​ក្នុង​ការគិត ឬ​ធ្វើអ្វីៗជាច្រើន​ផ្សេងទៀត​ដែល​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ការសិក្សា។ ហេតុនេះ​ប្រសិនបើ​យើង​ចង់​ចំណាយពេល​ឱ្យមាន​ប្រយោជន៍ ហើយ​អាច​ចងចាំ​បានល្អ ការផ្តោត​អារម្មណ៍​នៅក្នុង​ម៉ោង​រៀន និង​ព្យាយាម​ដោះស្រាយ​នូវ​ចម្ងល់​ដែលជា​មន្ទិល ហើយ​លំបាក​ដោះស្រាយ យើង​នឹង​អាច​រៀន​ដោយ​ភាពសប្បាយ​រីករាយ ហើយ​មិន​លំបាក​ស្មុគស្មាញ​ពេក​នោះទេ៕

  • ពានរង្វាន់អចលនទ្រព្យនាំមកនូវសន្ទុះថ្មីដល់វិស័យសំណង់ និងវិស័យអចលនទ្រព្យនៅកម្ពុជា

    ពានរង្វាន់អចលនទ្រព្យនាំមកនូវសន្ទុះថ្មីដល់វិស័យសំណង់ និងវិស័យអចលនទ្រព្យនៅកម្ពុជា

    វាគឺជាភាពជោគជ័យដ៏ធំធេងមួយសម្រាប់ពានរង្វាន់ប្រចាំឆ្នាំលើកទីបីរបស់ PropertyGuru Cambodia Property Awards ឆ្នាំ2018 ដែលបាននាំមកជូនដោយក្រុមហ៊ុន KHI បានប្រារព្ធធ្វើ​ឡើងនៅថ្ងៃទី16 ខែមីនាកន្លងទៅនេះនៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sofitel Phnom Penh Phokeethra ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ បើយើងធ្វើការប្រៀបធៀបរវាងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ កម្ពុជា កាលពីឆ្នាំមុន ជាមួយនឹងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ កម្ពុជា លើកទីបីនៅក្នុងឆ្នាំ2018នេះ ឃើញថា មានការរីកចម្រើនជាខ្លាំង ទាំងចំនួនភ្ញៀវដែលមកចូលរួមនៅក្នុងកម្មវិធី ដែលមានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនៅក្នុងវិស័យអចលនទ្រព្យ ហើយចំពោះចំនួនពានរង្វាន់ក៏មានការកើនឡើងផងដែរ ដែលកាលពីឆ្នាំកន្លងទៅពានរង្វាន់អចលនទ្រព្យកម្ពុជា មានត្រឹមតែ12ពានរង្វាន់តែប៉ុណ្ណោះ ចំណែកនៅក្នុងឆ្នាំ2018នេះ ពានរង្វាន់បានកើនទាំងរហូតដល់26ពានរង្វាន់ផ្សេងៗគ្នា និងត្រូវបានទទួលស្គាល់ និងវាយតម្លៃដោយគណៈកម្មាធិការឯករាជ្យសម្រាប់ការអភិវឌ្ឍ ការរចនា និងការអនុវត្តន៍អាជីវកម្មល្អឥតខ្ចោះ។ ចំណែកក្រុមហ៊ុនដែលមានសិទ្ធិចូលរួមនៅក្នុងកម្មវិធីនេះ ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងជាខ្លាំង គឺមានតែក្រុមហ៊ុន​​​ជាង50ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមប្រកួតនៅក្នុងចំណោមក្រុមហ៊ុនដែលបានដាក់ពាក្យយ៉ាងច្រើន (ចំនួនក្រុមហ៊ុនដែលបានដាក់ពាក្យគឺកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុន)។ ចំណុចវិជ្ជមានទាំងអស់នេះហើយ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាគឺកំពុងមានការរីកចម្រើន និងមានការចាប់អារម្មណ៍ពីសំណាក់បណ្តាវិនិយោគិននានាទាំងនៅក្នុងស្រុក នៅក្នុងតំបន់ និងនៅជំុវិញពិភពលោក។

    ពានរង្វាន់នេះមានសារៈសំខាន់ណាស់ក្នុងការជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យ​សំណង់ និងវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការប្រកួតប្រជែងនេះក៏ជួយទាក់ទាញវិនិយោគិនពីបណ្តាប្រទេសរីកចម្រើនក្នុងវិស័យអចលនទ្រព្យឱ្យមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។ ភាពជោគជ័យនៃកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ2018នេះ បានបង្ហាញយ៉ាងច្បាស់ថា វិស័យសំណង់ និងអចលនទ្រព្យ គឺជាសសរស្តម្ភដ៏សំខាន់មួយដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

    កម្មវិធីពានរង្វាន់អចលនទ្រព្យ កម្ពុជា លើកទីបីនៅក្នុងឆ្នាំ2018នេះ គឺទទួលបាននូវភាពជោគជ័យ និងមានភាពរីកចម្រើនគួរជាទីមោទនៈក្រៃលែង ដូច្នេះសូមរងចាំតាមដានថា តើកម្មវិធីពានរង្វាន់អចលនទ្រព្យ កម្ពុជា នៅឆ្នាំបន្ទាប់ នាឆ្នាំ2019ខាងមុននេះ នឹងមានភាពរីកចម្រើន និងមានអ្នកគាំទ្រខ្លាំងដល់កម្រិតណាជាបន្តទៀត៕

    (សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ PropertyGuruGroup.com)

     

  • ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ធនាគារជាតិ ប្រកាស​ទទួល​ប្ដូរ​ក្រដាស​ប្រាក់រៀល ចាស់ ទក់ និង​រហែក

    ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ធនាគារជាតិ ប្រកាស​ទទួល​ប្ដូរ​ក្រដាស​ប្រាក់រៀល ចាស់ ទក់ និង​រហែក

    ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា មាន​សេចក្ដីសោមនស្ស​រីករាយ សូម​ជម្រាប​ជូនដំណឹង ស្ដីអំពី «យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល» ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា សម្រាប់​អ្នក​ដែលមាន​ក្រដាស​ប្រាក់រៀល ចាស់ ទក់ និង​រហែក អាច​ដូរ​យក​ក្រដាស​ប្រាក់រៀល​ថ្មី​វិញ​បាន គ្រប់​សាខា​ធនាគារជាតិ រាជធានី-ខេត្ត រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃទី 09 ដល់​ថ្ងៃទី13 ខែមេសា ឆ្នាំ 2018 ដែល​យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ៕

  • សាលា​រាជធានី​ភ្នំពេញ ជូនដំណឹង កែសម្រួល​ខ្សែ​រត់ និង​ទីតាំង​ចំណតរថយន្ដ​ក្រុង​សម្រាប់​ដឹក​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ទៅតាម​បណ្ដា​ខេត្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំ

    សាលា​រាជធានី​ភ្នំពេញ ជូនដំណឹង កែសម្រួល​ខ្សែ​រត់ និង​ទីតាំង​ចំណតរថយន្ដ​ក្រុង​សម្រាប់​ដឹក​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ទៅតាម​បណ្ដា​ខេត្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំ

    ភ្នំពេញ៖ នៅ​ថ្ងៃទី03 ខែមេសា ឆ្នាំ2018 នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ ស្ដីអំពី​ការកែសម្រួល​ខ្សែ​រត់ និង​ទីតាំង​ចំណត​រថយន្ដក្រុង របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ដក្រុង រាជធានី​ភ្នំពេញ ដែល​ត្រូវ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត​នានា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ដោយ​គិត​បង់ប្រាក់។

    សូម​អាន​សេចក្ដីជូនដំណឹង​ដូចខាងក្រោម៖