Author: វល័ក្ខ

  • ខ្សែ​វីដេអូ​របស់​អង្គការ IOM X ដើម្បី​អប់រំ​ដល់​ស្ត្រី​កម្ពុជា  អំពី​ការ​រៀបការ​ដោយ​បង្ខំ​ទៅ​ប្រទេស​ចិន

    ខ្សែ​វីដេអូ​របស់​អង្គការ IOM X ដើម្បី​អប់រំ​ដល់​ស្ត្រី​កម្ពុជា  អំពី​ការ​រៀបការ​ដោយ​បង្ខំ​ទៅ​ប្រទេស​ចិន

    ផ្អែក​តាម​ការស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) បា​នប​លើកឡើងថា ស្ត្រី​វ័យក្មេង​មកពី​ជនបទ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ជួញដូរ​ដើម្បី​រៀបការ​ដោយ​បង្ខំ​នៅ​ប្រទេស​ចិន។ អង្គការ IOM X បាន​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​លើកដំបូង​មួយ ដើម្បី​លើកកម្ពស់​ការអនុវត្ត និង​លើកទឹកចិត្ត​ស្ត្រី​កម្ពុជា​វ័យក្មេង ឱ្យធ្វើ​ការស្វែងរក​ព័ត៌មាន មុនពេល​សម្រេចចិត្ត​រៀបការ ដើម្បី​ទៅ​រស់នៅ​ក្រៅប្រទេស។

    អង្គការ IOM X គឺជា​យុទ្ធនាការ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច។ ការរៀប​ការដែល​គេ​រៀបចំ​ឱ្យនៅ​ប្រទេស​កម្ពុជា គឺជា​ការអនុវត្ត​ដែលមាន​ការទទួលស្គាល់​ដោយ​សង្គម ជាពិសេស​នៅតាម​ទីជនបទ ដូច្នេះហើយ​ការរៀប​ការ​ទៅ​ប្រទេស​ចិន រៀបចំ​ដោយ​មេខ្យល់ គឺ​មិនមែនជា​រឿង​ចម្លែក​ឡើយ។ មាន​ស្ត្រី​ជាច្រើន​ទៅ​ប្រទេស​ចិន​ដោយ​ស្ម័គ្រចិត្ត ដោយសារតែ​ការ​លួងលោម​ថា នឹងមាន​ឱកាស​រកលុយ​ផ្ញើ​ត្រឡប់មកផ្ទះ​វិញ។

    ជារឿយៗ ស្ត្រី​ទាំងនោះ ជឿជាក់ថា ពួកគេ​មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​គូស្រករ និង​បដិសេធ​អាពាហ៍ពិពាហ៍ ប្រសិនបើ​ពួកគេ​មិន​ពេញចិត្ត។ មេខ្យល់ នឹង​ប្រាប់​ដល់​ស្ត្រី​ទាំងនោះ​ថា ពួកគេ​នឹង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ ដោយសារ​ការរៀប​ការ​ជាមួយ​បុរស​អ្នកមាន ឬ​អាច​ធ្វើការ​នៅ​ប្រទេស​ចិន​បាន។ បើទោះបី​ជាមាន​ស្ត្រី​ជាច្រើន​ចំណាកស្រុក​ទៅ​ចិន​ដើម្បី​រៀបការ ហើយ​រីករាយ​នឹង​ជីវិត​របស់​ពួកគេ​នៅ​ទីនោះ​ក៏ដោយ ប៉ុន្តែ​ស្ត្រី​មួយចំនួន ត្រូវបាន​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស ដែល​ពួកគេ​មិន​ពេញចិត្ត។ ស្ត្រី​ជាច្រើន ក៏​មិន​បានដឹង​ដែរ​ថា ដើម្បី​អាចធ្វើ​ការ​ស្របច្បាប់​នៅ​ប្រទេស​ចិន​បាន ពួកគេ​ត្រូវ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ស្របច្បាប់​របស់​ពួកគេ ហើយ​រស់នៅ​ប្រទេស​ចិន​បាន​រយៈពេល5ឆ្នាំ​ជាមុនសិន។

    ការពិត​គឺមាន​ភាពខុសគ្នា​ខ្លាំងណាស់ ទៅនឹង​អ្វីដែល​គេ​សន្យា​ជាមួយ​ស្ត្រី​វ័យក្មេង​ទាំងនោះ។ ពួកគេជារឿយៗ មិនមាន​ជម្រើស​ថា ត្រូវ​រៀបការ​ជាមួយ​អ្នកណា​ឡើយ ហើយ​ជាទូទៅ ត្រូវបាន​គេ​លក់។ ថ្វីបើ​អ្នកអនុវត្ត​ច្បាប់ នៅក្នុង​ប្រទេស​ចិន បាន​បន្ត​កិច្ចប្រឹងប្រែង​ក្នុង​បំបាត់​ការអនុវត្ត​បែបនេះ​ក៏ដោយ  ក៏​នៅមាន​របាយការណ៍​ជាច្រើន​អំពី​ស្ត្រី ដែល​បាន​រៀបការ​ទៅ​ចិន​នោះ ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ផ្លូវភេទ ការរំលោភបំពាន ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការងារ ត្រូវបាន​គេ​ដកហូតយក​ឯកសារ​អត្តសញ្ញាណ និង​មិន​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​របស់​ពួកគេ​ផងដែរ។

    អង្គការ IOM X ចាប់​ដៃគូ​ជាមួយ​មណ្ឌល​ព័ត៌មាន​ស្ត្រី (WMC) ផលិត​ខ្សែភាពយន្ត​មួយ​ឈ្មោះ «ការ​ចំណាកស្រុក​ដោយ​ជោគជ័យ»។ WMC គឺជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ ដែល​មិន​រកប្រាក់​ចំណេញ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​មធ្យោបាយ​ដើម្បី​សម្រេចបាន​នូវ​សមធម៌​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឆ្លើយតប​ទៅនឹង​បញ្ហា​សង្គម សេដ្ឋកិច្ច នយោបាយ និង​ផ្លូវច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី។

    អង្គការ IOM ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​នឹង WMC គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (NCCT) ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) អង្គការ UN-ACT អង្គការ Winrock អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី និង​កុមារ LSCW និង​អង្គការ​CCPCR នឹង​រៀបចំ​កម្មវិធី​វិទ្យុ ជា​ឈុត​ចំនួន 4លើក  ដើម្បី​លើកកម្ពស់​ចំណេះដឹង​អំពី​ហានិភ័យ នៃ​ការ​ចំណាកស្រុក​តាមរយៈ​ការរៀប​ការ​ទៅ​ប្រទេស​ចិន ចំណាកស្រុក​ដោយ​ភាព​វៃឆ្លាត របៀប​នៃ​ការរៀបចំ​ឯកសារ ដើម្បី​ធ្វើ​ចំណាកស្រុក និង​បញ្ហា​ប្រឈម​ដែល​ស្ត្រី អាច​ជួបប្រទះ​នៅពេល​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស។

    កម្មវិធី​វិទ្យុ​ទាំង 4លើក​នេះ នឹង​ធ្វើឡើង​រៀងរាល់ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ចាប់ពី​ម៉ោង 2:10-3:00រសៀល នៅ​វិទ្យុ​ស្ត្រី​កម្ពុជា FM102 ចាប់ពី​ថ្ងៃទី 5 ដល់​ថ្ងៃទី 26ខែមេសា​ទៅ។ កម្មវិធី​វិទ្យុ​នេះ នឹង​ចាក់ផ្សាយ ឡើងវិញ​រៀងរាល់ថ្ងៃ​ច័ន្ទ​ចាប់ពី​ម៉ោង 4:10 ដល់ 4:35នាទី​រសៀល ចាប់ពី​ថ្ងៃទី9 មេសា ហើយ​បញ្ចប់​នៅ​ថ្ងៃទី 30 មេសា។ វិទ្យុ វាយោ VAYO FM នឹងធ្វើ​ការចាក់ផ្សាយ​នូវ​ការចម្លង​កម្មវិធី​ផ្សាយ​ផងដែរ​នេះ​នៅ​ថ្ងៃទី 17, 18, 20, 21, 22និង​ថ្ងៃទី 30ចាប់ពី​ម៉ោង 4:10នាទី រសៀល។ ខ្សែ​វីដេអូ​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ PNN នៅ​ថ្ងៃទី 5 ដល់ 6មេសា ចាប់ពី​ម៉ោង 7:50 ដល់ 8:00 យប់ និង​នៅ​ទូរទស្សន៍​ MyTVនៅ​ថ្ងៃទី 7 ដល់ 8មេសា ចាប់ពី​ម៉ោង 9:10 ដល់9:20 នាទី​ព្រឹក។

    លើសពីនេះទៅទៀត ក្រុមការងារ​របស់ ​WMC នឹងធ្វើ​ដំណើរ​ចុះទៅ ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី 23 ដល់26ខែមេសា ដើម្បី​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​ទៅដល់​សហគមន៍​ក្នុងភូមិ​នោះ។

    ដើម្បី​ទស្សនា​ខ្សែភាពយន្ត​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ៖

  • ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ចាប់ឆ្នោត​លើក​ទី 1 ជូន​គូ​ស្វាមីភរិយា​ថ្មីនៅ​ចុង​សប្តាហ៍​នេះ

    ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ចាប់ឆ្នោត​លើក​ទី 1 ជូន​គូ​ស្វាមីភរិយា​ថ្មីនៅ​ចុង​សប្តាហ៍​នេះ

    ភ្នំពេញ៖ នៅ​ថ្ងៃទី 8 ខែមេសា ឆ្នាំ2018  ខាងមុខនេះ ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer)នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី1 នៅ​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សា​ផ្ទាល់ នៅវេលា​ម៉ោង 8យប់-10យប់ ដោយមាន​ការចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា៖ ក្រុម Mustache Band កញ្ញា ប៉ាច គីម​មួយ កញ្ញា បាន មុន្នី​ល័​ក្ខ និង លោក ហង្ស សុ​វណ្ណា​រិ​ទិ្ធ។ ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ2018 ។

    កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ សម្រាប់​ការចាប់​រង្វាន់​លើកទីមួយ​នេះ ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ប្រគល់​រង្វាន់​សម្រាប់​គូ​ស្វាមី​រិ​យា​ថ្មី​ចំនួន​ប្រាំ​គូ​គឺ៖ រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ 1500ដុល្លារ ចំនួន​ប្រាំ​រង្វាន់។

    តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា!!!
    ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ។
    ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ!!!

  • តើ​កសិកម្ម​កម្ពុជា​ផ្តោតលើ​ប្រភេទ​បន្លែ និង​ដំណាំ​អ្វីខ្លះ?

    តើ​កសិកម្ម​កម្ពុជា​ផ្តោតលើ​ប្រភេទ​បន្លែ និង​ដំណាំ​អ្វីខ្លះ?

    តាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​បាន​បង្ហាញថា ក្នុង​មួយថ្ងៃ​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណ​ជា 400តោន និង​ត្រូវការ​ជាង 1សែន​តោន​ក្នុង1ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​របស់ខ្លួន ក្នុងនោះ​មាន 55%ជា​បន្លែ​នាំចូល​ពី​ក្រៅប្រទេស ដូច្នេះ​សួរថា តើ​បច្ចុប្បន្ន​កម្ពុ​ជាមាន​សក្តា​នុព​ល​ដាំ​ដុះ​បន្លែ​អ្វីខ្លះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក?

    លោក នាង ថៃ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ចម្ការ​សរីរាង្គ​ពិ​កនិក មានប្រសាសន៍ថា បច្ចុប្បន្ន​កសិដ្ឋាន​រប​ស់លោក​មាន​ទីតាំង​ពីរធំៗដែល​ដាំ​ដុះ​បន្លែ​សរីរាង្គ​សម្រាប់​ផ្គត់​ផ្គត់​នៅលើ​ទីផ្សារ ដែល​ទី1.ស្ថិតនៅ​រមណីយដ្ឋាន​ពិ​កនិក​ផ្ទាល់ ដែល​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ប្រមាណ​ជា​ជិត 6ហិកតា​ដែល​ភាគច្រើន​ដាំ​បន្លែ​ស្លឹក ដូចជា​ស្ពៃ សាលាដ ខាត់ណា ត្រកួន ស្លឹកគ្រៃ​ជាដើម ដែលមាន​ចំនួន​សរុប 12ប្រភេទ និង​ប្រភេទ​បន្លែ​យក​ផ្លែ មានដូចជា​ត្រសក់ ត្រឡាច ល្ពៅ ននោង​ម្នាស់ រួមទាំង​បន្លែផ្សេងៗទៀត​រហូតដល់ 20ប្រភេទ។

    និង​ទី2.ក្រៅពី​តំបន់​ពិ​កនិក កសិដ្ឋាន​ខាងលើ​ក៏បាន​ពង្រីក​ការដាំដុះ​ទៅដល់​តំបន់​ស្រែអំបិល​នៅលើ​ផ្ទៃ​ប្រមាណ​ជា 40ហិកតាផ្សេងៗទៀត ដែលមាន​ដាំ​ប្រភេទ​បន្លែ-ផ្លែឈើផ្សេងៗ ដូចជា ត្រប់ប៉េងប៉ោះ ប្រពាយ ឃ្លោក-ត្រឡាច និង​ននោង​ជាដើម និង​បន្លែ​យក​មើម​ដូចជា ឆៃថាវ ដំឡូងជ្វា ដំឡូង​មី រំដេង ខ្ញី រមៀត ហើយ​បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​កំពុង​សហការ​ជាមួយ​កសិករ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី ដើម្បី​ដាំ​បន្លែ​ផ្សេងទៀត​ដូចជា​ការ៉ុត និង​ឆៃថាវ​ជាដើម ដោយសារ​នៅ​ទីតាំង​នោះ​ដី​មាន​នីវ៉ូទឹក​ខ្ពស់ មាន​ខ្យល់​ត្រជាក់ អំណោយផល​ខាង​ផ្នែក​ដំណាំ​ហូប​មើម ដូចជា​ការ៉ុត និង​ឆៃថាវ ដោយ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ទៀតផង។

    ជាមួយគ្នានេះ​កសិដ្ឋាន​ក៏បាន​ដាំ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ទៀត​ដែរ ដូចជា ពុទ្រា ខ្នុរ ផ្លែ Passion ចេក ត្របែក ជម្ពូ ស្ពឺ ម្កាក់ ស្វាយ និង​ម្នាស់​សម្រាប់​ផ្គត់ផ្គង់​នៅ​តំបន់​ទេសចរណ៍​ពិ​កនិក​ផ្ទាល់​និង​មួយចំនួនទៀត​យកមក​ផ្គត់ផ្គង់​នៅ​ទីផ្សារ​សរីរាង្គ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ ផ្សារ​ឡាក់​គី និង Star Mart មួយចំនួនទៀត។ លោក​ថា ទោះបី​បន្លែ​សរីរាង្គ​មានការ​គាំទ្រ​កាន់តែច្រើនឡើងៗ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែលមាន​ជីវភាព​ក្រោម​មធ្យម​មិនសូវមាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​របស់​បន្លែ​សរីរាង្គ​នៅឡើយ ហើយ​តែង​និយាយថា បន្លែ​នេះ​ថ្លៃ​ជាង​បន្លែ​នៅលើ​ទីផ្សារ ដែល​ភាគច្រើន​នៃ​បន្លែ​ទាំងនោះ គឺ​នាំចូល​ពី​ក្រៅប្រទេស។

    លោក​បញ្ជាក់ថា “ពលរដ្ឋ​ដែលមាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​របស់​បន្លែ​សរីរាង្គ​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លើ​មធ្យម ដោយ​ពួកគាត់​គិតថា បន្លែ​សរីរាង្គ​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ចំណែក​ពលរដ្ឋ​មាន​ជីវភាព​ទាប​ក្រោម​មធ្យម មិនសូវ​គិតគូរ​ពី​អត្ថប្រយោជន៍​បន្លែ​សរីរាង្គ និង​មិនសូវ​គិតពី​រឿង​សុខភាព​ប៉ុន្មាន​ឡើយ ហើយ​ចូលចិត្ត​ទិញ​បន្លែ​នៅតាម​ផ្សារ​ដែលមាន​តម្លៃ​ទាប​ជាង​បន្លែ​សរីរាង្គ ដែលជា​ហេតុ​ធ្វើឱ្យមាន​បញ្ហា​ប្រឈម​នឹង​សុខភាព នៅ​ថ្ងៃ​អនាគត។

    ចំណែក​លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា​មានប​ន្លែ​នាំចូល​គ្រប់​ប្រភេទ​ពី​ប្រទេសជិតខាង​រាប់មិនអស់​ទេ ច្រើន​មុខ​ណាស់ ពិសេស​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែលមាន​ចំនួន​ជាង 55% បើ​ធៀប​ជាមួយ​បន្លែ​ផលិត​ក្នុងស្រុក ដោយសារ​កសិករ​កម្ពុ​ជា​មិនសូវមាន​បច្ចេកទេស​ដាំ​ដុះ​បាន​ផល​ល្អ​ដូចប្រទេសជិតខាង​ទាំងនោះ ពិសេស​ថ្លៃដើម​នៃ​ការផលិត​ក៏មាន​តម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង​ដែរ ដូចជា​ជី និង​ប្រេងសាំង​ជាដើម ដែលជា​ហេតុ​ធ្វើឱ្យ​របរ​កសិកម្ម​រប​ស់​កសិករ​មិនសូវ​ទទួលបាន​ផលចំណេញ និង​មិនអាច​ប្រកួតប្រជែង​តម្លៃ ជាមួយ​បន្លែ​នាំចូល​បាន។

    ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុងស្រុក​ក៏​ដួច​ជា​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​សហការ​ជាមួយ​កសិករ នៅតាម​បណ្តា​ខេត្ត​មាន​សក្តានុពលផ្សេងៗ ដើម្បី​បណ្តុះបណ្តាល និង​ផ្តល់​បច្ចេកទេស​ជូន​ពួកគាត់​ឱ្យដាំ​បន្លែ​សរីរាង្គ និង​ចិញ្ចឹមសត្វ​តាម​បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស​សរី​រា​ង្គ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ និង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង។

    នៅ​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង មាន​សក្តានុពល​ក្នុង​ការដាំ​បន្លែ​យក​ស្លឹក ដូចជា ស្ពៃ ខាត់ណា សាឡាដ ត្រកួន ជាដើម ចំណែក​ខេត្តកោះកុង មណ្ឌលគិរី រតនគិរី មាន​សក្តានុពល​ក្នុង​ការដាំ​ដើមឈើ​ហូប​ផ្លែ​មានដូចជា ល្ហុង ទៀបបារាំង ប៊័រ និង​ផ្លែ Passion ជាដើម។ ឯ​ខេត្តព្រៃវែង ប៉ៃលិន បាត់ដំបង មាន​សក្តានុពល​ផ្នែក​បន្លែ​ពពួក​គ្រឿងទេស ដូចជា រំដេង រមៀត ខ្ជាយ ហើយ​ខេត្តកំពង់ចាម តាកែវ សម្បូរ​កសិករ​ចិញ្ចឹមសត្វ​យក​សាច់​ដូចជា ជ្រូក មាន់ ទា ការផលិត​ត្រីងៀត ត្រីឆ្អើរ សាច់ក្រក និង​ខេត្ត​ដែល​សម្បូរ​ស្រូវ​ជាងគេ មាន​បាត់ដំបង តាកែវ កំពង់ស្ពឺ កំពត និង​ព្រៃវែង ដោយ​បច្ចុប្បន្ន​បាន​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​បាន​នាំ​ចេញទៅ​ក្រៅប្រទេស ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប ហុងកុង និង​វៀតណាម​ជាដើម។

    មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​សហការ​ជាមួយ​កសិករ​បង្កើតជា​សហគមន៍​ផលិតកម្ម​ប្រមាណ​ជាង 100សហគមន៍​នៅតាម​បណ្តា​ខេត្តផ្សេងៗដែលមាន​ប្រជាជន​សរុប 2,500នាក់​ដើម្បី​ដាំ​ដុះ​បន្លែ​សរីរាង្គ សម្រាប់​ប្រកួតប្រជែង​ជាមួយ​បន្លែ​នាំចូល​ដែល​គេ​គិតថា មិនមាន​សុវត្ថិភាព​សម្រាប់​សុខភាព។ លោក​ថា ដើម្បី​ប្រកួតប្រជែង​ជាមួយ​បន្លែ​នាំចូល​បាន កសិករ​មានតែ​ដាំ​បន្លែ​សរីរាង្គ​ប៉ុណ្ណោះ ដើម្បី​ទាញយក​ចំណែក​ទីផ្សារ​ព្រោះថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ក៏​ចូលចិត្ត​ទទួលទាន​បន្លែ​សរីរាង្គ​ច្រើន​ណាស់ដែរ៕

  • កង្វះ​ឯកសារ​ស្រាវជ្រាវ ជា​បញ្ហា​រាំងស្ទះ​ដល់​ដំណើរ​ការបង្កើត​ស្នាដៃថ្មីៗ

    កង្វះ​ឯកសារ​ស្រាវជ្រាវ ជា​បញ្ហា​រាំងស្ទះ​ដល់​ដំណើរ​ការបង្កើត​ស្នាដៃថ្មីៗ

    អ្នកស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា រួមទាំង​និស្សិត​មួយចំនួន​ផង បានលើកឡើង​នូវ​បញ្ហា​រួមមួយ គឺ​កង្វះ​ឯកសារ​សម្រាប់​ស្រាវជ្រាវ ហើយ​កត្តា​ទាំងអស់នេះ​បាន​រាំងស្ទះ​ដល់​ដំណើរ​នៃ​ការបង្កើត​ស្នាដៃថ្មីៗរួមទាំង​ការបង្កើត​នូវ​គំហើញ​មួយចំនួន​ទាំង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​ពិត។

    សហ​ស្ថាបនិក​នៃ​បណ្ណាល័យ​បញ្ញវន្ត លោក សុខ ឡាក់ បាន​លើកឡើងថា អ្នកស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា​ពិត​ជាមាន​បញ្ហាលំបាក ហើយ​ផ្នែក​ដែលកំពុងមាន​បញ្ហា​ប្រឈម​ច្រើន​នោះ​គឺ​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)។ ផ្នែក​មួយទៀត​ដែល​កំពុងមាន​បញ្ហា​ប្រឈម​ដែរនោះ គឺពាក់ព័ន្ធ​នឹង​ជំនាញ​ភាសា​ខ្មែរ។ ដើម្បី​ជា​ដំណោះស្រាយ​បញ្ហា​ទាំងអស់នេះ លោក​បានផ្តល់​យោបល់​ថា គួរតែ​ធ្វើយ៉ាងណា​ឱ្យ​បណ្ណាល័យ​ដំណើរការ​បានល្អ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ឯកសារ ប្រឹក្សា​យោបល់​លើ​ឯកសារ ព្រមទាំង​អាច​ផ្តល់​សេវាកម្ម​បណ្ណាល័យ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​ធនធានមនុស្ស។ លើសពីនេះទៅទៀត ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​ចូលរួម​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​តម្លៃ​របស់​បណ្ណាល័យ។

    លោក សុខ ឡាក់ និយាយថា៖ “នៅ​កម្ពុ​ជាមាន​ចំនួន​បណ្ណាល័យ​ច្រើនណាស់ តែមាន​បណ្ណាល័យ​ខ្លះ​មានតែ​ឈ្មោះ ហើយ​មិនបាន​បើក​ឱ្យ​ដំណើរការ​នោះទេ ចំណែកឯ​បណ្ណាល័យ មួយចំនួនទៀត មាន​ឯកសារ​ច្រើនតែ​មិនបាន​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​សេវាកម្ម​បណ្ណាល័យ​ដែល​កត្តា​នេះ​ធ្វើឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​នៅតែមាន​ការលំបាក​ក្នុងការ​ស្វែងរក​ឯកសា​រដដែល។

    បើតាម​លោក​សុខ ឡាក់ បណ្ណាល័យ​ជា​ប្រភព​នៃ​ឯកសារ​ទាំងអស់ និង​ជា​កន្លែង​ដែល​សំខាន់បំផុត​សម្រាប់​អ្នកស្រាវជ្រាវ ទាំង​ការស្វែងរក​ឯកសារ​ស្រាវជ្រាវ និង​ការបញ្ចេញ​នូវ​ឯកសារ​របស់ខ្លួន​ជា​សាធារណៈ។ ប្រសិនបើ​បណ្ណាល័យ​ត្រូវបាន​យកចិត្តទុកដាក់ ហើយ​ត្រូវបាន​គេ​ផ្តល់​តម្លៃ​គ្រប់គ្រាន់ អ្នកស្រាវជ្រាវ​ជាច្រើន​នឹងមាន​កម្លាំងចិត្ត​ក្នុង​ការខិតខំ​ស្រាវជ្រាវ ហើយ​បង្កើត​ស្នាដៃ​ថ្មី ដើម្បី​ដាក់​បង្ហាញ​ស្នាដៃ​របស់ខ្លួន​នៅតាម​បណ្ណាល័យ ដែល​ចរន្ត​នេះ​ធ្វើឱ្យ​ឯកសារ​កាន់តែ​សម្បូរបែប​ឡើង ហើយ​អ្នកស្រាវជ្រាវ​ជំនាន់ក្រោយៗទៀត​កាន់​តែមាន​ភាពងាយស្រួល។

    អ្នកនិពន្ធ និង​ជា​អ្នក​បោះពុម្ពផ្សាយ​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា លោក ឈិន សីហា​បាន​លើកឡើងថា អ្នកស្រាវជ្រាវ​នាពេល​បច្ចុប្បន្ន​នេះ​មានការ​លំបាក​គួរសម ហើយ​បញ្ហា​ទាំងអស់នេះគឺ​មកពី​ខ្វះ​អ្នកស្រាវជ្រាវ និង​អ្នកសរសេរ​លើ​ប្រធានបទសំខាន់ៗជាច្រើន​ដែលជា​តម្រូវការ​របស់​ប្រជាជន​នៅក្នុង​ប្រទេស។ មាន​ឯកសារ​ខ្លះ​ត្រូវ​ស្វែងរក​ពី​ឯកសារ​បរទេស​មកវិញ ហើយ​ឯកសារ​ខ្លះទៀត​បាន​បាត់បង់​ដោយសារតែ​អ្នកស្រាវជ្រាវ ជំនាន់មុនៗបានត្រឹមតែ​ចងក្រង​មើល​សម្រាប់​ខ្លួនឯង​ដោយ​មិនបាន​បោះពុម្ពផ្សាយ​ជា​សាធារណៈ​ជាដើម។

    លោក ឈិន សីហា បាន​និយាយថា៖ “ជា​ដំណោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ឯកសារ​សម្បូរបែប​ឡើងវិញ​នៅក្នុង​ប្រទេស​របស់​យើង គឺ​យើង​គួរ​បង្កើន​គុណភាព​អប់រំ​ដោយ​បណ្តុះបណ្តាលអ្នកសរសេរ បង្កើត​មូលនិធិ​ជួយ​អ្នកសរសេរ និង​បោះពុម្ពផ្សាយ។

    លោក ឈិន សីហា បានលើកឡើង​បន្តទៀតថា ការធ្វើ​បែបនេះ​គឺជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​លើកទឹកចិត្ត​ឱ្យបាន​ច្រើន​ដល់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចងក្រង​ឯកសារថ្មី។ ក្រៅពីនេះ​អ្នក​ដែលមាន​ស្នាដៃ​កន្លងមក​គួរ​បង្កើត​ក្រុមប្រឹក្សា​អ្នកនិពន្ធ និង​ស្រាវជ្រាវ ដើម្បី​ផ្តល់​កិត្តិយស​ថ្នាក់ជាតិ​ជូន​ដល់​អ្នកនិពន្ធ អ្នកស្រាវជ្រាវ និង​អ្នក​រៀបរៀង​ជាដើម​ឱ្យមាន​ទឹកចិត្ត​កាន់តែខ្លាំង​ក្នុង​ការបន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃថ្មីៗ សម្រាប់​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម៕

  • ភាព​រីកចម្រើន​នៃ​វិស័យ​ធនាគារ និង​ផ្នែក​ឥណទាន​គេហដ្ឋាន ជួយ​ឲ្យ​អតិថិជន​ទទួលបាន​គេហដ្ឋាន​ផ្ទាល់ខ្លួន

    ភាព​រីកចម្រើន​នៃ​វិស័យ​ធនាគារ និង​ផ្នែក​ឥណទាន​គេហដ្ឋាន ជួយ​ឲ្យ​អតិថិជន​ទទួលបាន​គេហដ្ឋាន​ផ្ទាល់ខ្លួន

    ភ្នំពេញ៖ ការទិញ​គេហដ្ឋាន​ផ្ទាល់ខ្លួន គឺជា​ការសម្រេចចិត្ត​សំខាន់បំផុត​មួយ នៅក្នុង​ជីវិត។ ក្នុងប្រទេស​កម្ពុជា ការអភិវឌ្ឍ​សំណង់​លំនៅស្ថាន មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់។ ជាមួយគ្នានេះដែរ យើង​សង្កេតឃើញថា សន្ទុះ​កើនឡើង នៃ​ការស្វែងរក​ឥណទាន​គេហដ្ឋាន ពី​ស្ថាប័នហិរញ្ញវត្ថុ ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​គ្រួសារ​វ័យ​កណ្តាល មាន​កម្រិត​មួយ​ខ្ពស់​ផងដែរ។ ផ្អែក​តាម​ស្ថិតិ​ទិន្នន័យ​របស់​ធនាគារជាតិ គិត​ត្រឹម​ខែតុលា ឆ្នាំ២០១៧ ចំនួន​ទឹកប្រាក់​នៃ​ឥណទាន​គេហដ្ឋាន ក្នុងចំណោម​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស មាន​ចំនួន​ជាង ៦ ៣០០ ប៊ី​លាន​រៀល ឬ​ប្រហែល​នឹង ១ ៥៧៥ លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​ប្រមាណ ៤២% បើ​ធៀប​នឹង​ឆ្នាំ២០១៦។

    អត្រាកំណើន ប្រកបដោយ​ភាព​វិជ្ជមាន នៃ​ឥណទាន​គេហដ្ឋាន​នេះ បាន​ជម្រុញ​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់ និង​សម្បូរបែប ក្នុង​វិស័យ​ធនាគារ ដើម្បី​បំពេញតម្រូវការ​អតិថិជន នៅលើ​ទីផ្សារ​បច្ចុប្បន្ន។ សព្វថ្ងៃនេះ អត្រា​ការប្រាក់ និង​រយៈពេល​នៃ​ឥណទាន ក្នុងប្រទេស​កម្ពុជា គឺ​ប្រហាក់ប្រហែល​ទៅនឹង​ទីផ្សារ ក្នុង​តំបន់​អាស៊ាន​ផងដែរ។ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ក្នុងប្រទេស​កម្ពុជា តែងតែ​ឈានមុខ​គេ លើ​ការផ្តល់​ផលិតផល ប្រកបដោយ​ភាព​ច្នៃប្រឌិត។ កាលពី​ឆ្នាំមុន ធនាគារ​បាន​សម្ពោធ​គម្រោង HomePro ដែលជា​ផលិតផល​ឥណទាន​គេហដ្ឋាន​បំ​ដូង​តែមួយគត់ ភ្ជាប់​មក​ជាមួយនឹង​ការធានារ៉ាប់រង​អាយុជីវិត តម្លៃ​រហូតដល់ ៥០ ០០០ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ។

    លោកស្រី​ហេង ធីតា នាយិកា​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ឲ្យ​ដឹងថា៖ «នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ការបំពេញ​តម្រូវការ​ចាំបាច់​របស់​អតិថិជន គឺជា​អាទិភាព​ចម្បង​បំផុត​របស់​យើង។ យើង​ជឿជាក់ថា គម្រោង HomePro ផ្តល់នូវ​អត្ថប្រយោជន៍​ខ្ពស់ ដែល​រួមបញ្ចូល​គ្នា​នូវ​ឥណទាន​គេហដ្ឋាន​ដ៏​ល្អប្រសើរ និង​ការធានារ៉ាប់រង​អាយុជីវិត​ដ៏​មានតម្លៃ។ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី គឺ​ធនាគារ​ដំបូង​គេ​បង្អស់ ក្នុងប្រទេស​កម្ពុជា ដែល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ នូវ​សេវា​ធានា​រ៉ាប់​អាយុជីវិត សម្រាប់​អតិថិជន​ផ្នែក​ឥណទាន​គេហដ្ឋាន ដើម្បី​ការពារ​អនាគត​អតិថិជន និង​ក្រុមគ្រួសារ​របស់​ពួកគេ។ ដូច្នេះ​ពួកគេ​នឹងមាន​អារម្មណ៍​ថា ទទួលបាន​សុវត្ថិភាព​ខ្ពស់ ពេលដែល​សហការ​ជាមួយ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី»។

    ក្រៅពី​ការផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ទាប​ត្រឹមតែ ៧,៩៩% និង​រយៈពេល​ឥណទាន​រហូតដល់ ២០ឆ្នាំ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ក៏បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅស្ថាន និង​បុរីធំៗ ដើម្បី​នាំយក​លក្ខខណ្ឌ​ពិសេស ទៅដល់​អតិថិជន​ផងដែរ។ ការចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ​នេះ ជួយ​ឲ្យ​បុរី និង​អតិថិជន ទទួលបាន​អត្ថប្រយោជន៍ ពី​ដំណើរ​ការទិញ​លក់​គេហដ្ឋាន។ សម្រាប់​ផែនការ​អនាគត ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នឹង​ពង្រីក​កិច្ចសហការ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅស្ថាន និង​គម្រោង​បុរីធំៗ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់នូវ​ជម្រើស​កាន់តែ​សម្បូរបែប ជាមួយនឹង​គុណភាព​គេហដ្ឋាន​តាម​ស្តង់ដារ ដែល​អតិថិជន​ចង់បាន។

    ក្នុង​ឆ្នាំ២០១៨នេះ ផលិតផល​ឥណទាន​គេហដ្ឋាន ក្នុង​វិស័យ​ធនាគារ មានការ​រំពឹងទុក​ថា នឹងមាន​ការប្រកួត​កាន់តែ​ខ្ពស់ ស្របទៅនឹង​កំណើន​ទីផ្សារ​របស់​អតិថិជន។ ដូច្នេះ​ធនាគារ CIMB នឹង​បន្ត​រក្សា​ភាព​ឈានមុខ​គេ នៅលើ​ទីផ្សារ សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ ដោយ​ផ្តោត​សំខាន់​អំពី​តម្រូវ​របស់​អតិថិជន​ជា​អាទិភាព ទៅលើ​ការអភិវឌ្ឍ​ផលិតផល​ឥណទាន​គេហដ្ឋាន ដោយ​ផ្តល់នូវ​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ប្រកបដោយ​ភាព​ច្នៃប្រឌិត៕

  • RUUD VAN NISTELROOY ដង្ហែ​ពាន UEFA CHAMPIONS LEAGUE 2018 និង​ជួប​អ្នកគាំទ្រ

    RUUD VAN NISTELROOY ដង្ហែ​ពាន UEFA CHAMPIONS LEAGUE 2018 និង​ជួប​អ្នកគាំទ្រ

    ភ្នំពេញ៖ កាលពី​យប់មិញ​ថ្ងៃទី៣ខែមេសា​ឆ្នាំ2018 លោក Ruud van Nistelrooy ដែលជា​អ​តី​តៈ ខ្សែប្រយុទ្ធ របស់​ក្រុម Manchester United និង​ក្រុម Real Madridបានធ្វើការ​ដង្ហែ​ពាន UEFA Champions League 2018 និង​ជួប​អ្នកគាំទ្រ រាប់ពាន់នាក់​នៅ ស៊ីត​ធី​ហល កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ដែល​នាំមក​ជូន​ដោយ​ស្រា​បៀរ Heineken ។

    វត្តមាន​របស់​កំ​ពូ​កីឡាករ​បាល់ទាត់​លោក Ruud van Nistelrooy នៅ​រាត្រី​យប់មិញ​នេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​រ​ដល់​អ្នកគាំទ្រ​របស់ខ្លួន​ជាខ្លាំង​ដោយ លោក​មាន​ស្នាមញញឹម និង​រួសរាយ​រាក់ទាក់​យ៉ាងខ្លាំង​ទៅកាន់​អ្នកគាំទ្រ​របស់លោក ដោយ​អ្នកគាំទ្រ​ត​របស់លោក គិតថា​លោក ជា​មនុស្ស​ម្នាក់​ដែល​គួរ​ស្រលាញ់​បំផុត​ហើយ​លោក ក៏បានផ្ដល់​កិ​តក​តិ្ត​យក ថត​រួប​អនុស្សាវរីយ៍​ជាមួយ​អ្នកគាំទ្រ​របស់លោក​ផងដែរ។

    អម​ជាមួយ​វត្តមានរបស់លោក Ruud van Nistelrooy ស្រា​បៀរ Heineken ក៏បានអញ្ជើញ​តារាចម្រៀងល្បីៗ ដែល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មានដូចជា៖វត្តមាន​លោក ជី​ដេវីត កញ្ញា​ទេព បូ​ព្រឹ​ត្យ ប្រុស​ឡា និង​កញ្ញា​ឡូ​រ៉ា​ម៉ម​ដែលជា​តារាចម្រៀង​កូនកាត់​អាមេរិក ដើម្បី​ចូលរួម​ច្រៀង​កំដរ​អារម្មណ​ភ្ញៀវ​កិត្តិ​យកជាតិ​និង​អន្តរជាតិ​នៅក្នុង​រាត្រី​នោះ​ផងដែរ។

    ក្នុងឱកាស​នោះដែរ​លោក Ruud van Nistelrooy បាន​មានប្រសាសន៍ថា​ខ្ញុំ ចង់ទៅ​លេង​ឯ​ខេត្ត សៀមរាប​ខ្លាំងណាស់ ព្រោះ​ខេត្ត​នេះ​សម្បូរ​ទៅដោយ​ប្រា​ង​ប្រាសាទ​ជាច្រើន ដែល​សុទ្ធសឹងតែ ជា​ប្រាសាទ ដែលមាន​កេ​រិ៍​ឈ្មោះ​ល្បី នៅ​ទូទាំង​សាកលលោក ជាពិសេស​ខ្ញុំ​ចង់ទៅ​លេង​ប្រាសាទអង្គរវត្ត​ខ្លាំងណាស់។

    សូម​រំលឹកថា កម្មវិធី​ដំណើរ​ទេសចរណ៍ រយៈពេល​បី​ថ្ងៃ ត្រូវបាន​រៀបចំឡើង ដោយ​ស្រា​បៀរ Heineken ហើយ​កម្មវិធី​នេះ នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់ ក្នុងការ​ចូលរួម ទទួលបាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​ការប្រកួត​នេះ តាមរយៈ​យុទ្ធនាការ របស់​ស្រា​បៀរ Heineken ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”៕

  • ABC EXTRA STOUT បើក​យុទ្ធនាការ​ថ្មី “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក”

    ABC EXTRA STOUT បើក​យុទ្ធនាការ​ថ្មី “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក”

    ភ្នំពេញ៖ កាលពី​ថ្ងៃទី 5 ខែមេសា ឆ្នាំ 2018 នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បានរៀបចំ​ពិធី​ប្រកាស​បើក​យុទ្ធ​ការ​របស់ ABC Extra Stout ដែលមាន​ឈ្មោះថា “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” ។

    ភ្ញៀវកិត្តិយស​ពិសេស​រួមមាន​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់  តារាល្បីៗ តារា​បង្ហាញ​ម៉ូត ដៃគូ​ពាណិជ្ជកម្មរ​របស់ CBLនិង​អ្នកសារព័ត៌មានសំខាន់ៗ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​នាពេល​រាត្រី ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​ដ៏​ល្អ​ឯក​ក្នុងការ​កម្សាន្ត​សប្បាយ ។

    ការសម្តែង​របស់លោក​ខេមរៈ សេរី​មន្ត អ្នកនាង​ពេជ្រ សោភា និង​អ្នក​សម្តែង​សៀក​លោក Sovid ព្រមទាំង​ការសម្តែង​របាំ​ស្រមោល​បានផ្តល់​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ទស្សនិកជន។ ទស្សនិកជន​ក៏បាន​ទស្សនា​យ៉ាង​ជក់ចិត្ត​នូវ​កម្មវិធី​ក្រឡុក​ស្រា​ដែល​បានបង្ហាញ​ណែនាំ​ពី​ស្រា​ក្រឡុក​ថ្មី​បួន​ប្រភេទ​ជាមួយនឹង ABC Extra Stout ដែល​បាន​ជួយ “បើក​វាំងនន​អាថ៌កំបាំង” នៃ​កម្មវិធី​នេះ។ កម្មវិធី​រាត្រី​នេះ​ក៏បាន​បង្ហាញ​ពី​ការសម្តែង​ការដើរ​ម៉ូត​លំដាប់​ថ្នាក់ខ្ពស់​ក្នុង​កិច្ចសហការ​របស់ ABC ជាមួយ​ម៉ាក​សញ្ញា​អ្នក​ច្នៃ​ម៉ូត Queen Victoria។

    ក្នុងឱកាស​ពិសេស​នេះ លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBL បាន​មានប្រសាសន៍​ពន្យល់​ពី​ខ្លឹមសារ​នៃ​ពិធី​ប្រកាស​នេះ​ឲ្យ​ដឹងថា៖ “មនុស្ស​សម័យ​បច្ចុប្បន្ននេះ ឱ្យ​តម្លៃ​ទៅលើ​មនុស្ស​ដោយសារ​អត្តចរិត និង​សីលធម៌​រស់នៅក្នុង​ជីវិត។ ដូច្នេះ យុទ្ធនាការ​ថ្មី​របស់ ABC គឺ​ផ្តោតលើ​ការនាំ​ផ្លូវ​មនុស្ស​គ្រប់គ្នា​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ឧត្តមភាព​ដ៏​ល្អ​ឯក​ជាមួយគ្នា។ នេះ​ជា​ហេតុផល​ដែល​យើង​បានសម្រេច​ចិត្ត​ប្រើ​សត្វ​តោ ABC ដើម្បី​ធ្វើជា​និមិត្តរូប​នៃ​កិត្តិយស និង​អត្តចរិត​របស់​បុរស ABC ប្រកបដោយ​ឧត្តមភាព​ដ៏​ល្អ​ឯក”

    សត្វ​តោ ABC ត្រូវបាន​បញ្ចេញ​តាមរយៈ​របាំ​សម្តែង​តថភាព​ជាក់ស្តែង ដែល​មិន​ធា្ល​ប់​បាន​សម្តែង​ពីមុន។ ដូច​សត្វ​តោ​អញ្ចឹង បុរស ABC គឺជា​អ្នកដឹកនាំ​ដ៏​មហស្ចារ្យ និង​ចេះ​ជំរុញ​លើកទឹកចិត្ត​គេ។ កម្មវិធី​ពិសេស​នេះ​ក៏បាន​បញ្ចេញ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​ចុងក្រោយ​បំផុត​របស់ ABC ។ ស្ព​ត​នេះ​ផ្តោតលើ​ខ្លឹមសារ​ចម្បង​អំពី​ការវិវឌ្ឍ​នៃ​ភាពជោគជ័យ​តាមរយៈ​ការបង្ហាញ​ពី “បុរស ABC សម័យ​ទំនើប” ដែល​បាន​ឆ្លងកាត់​ការ​ប្រែកាយ​យ៉ាង​មហស្ចារ្យ​ទៅជា​សត្វ​តោ​ជា​និមិត្តសញ្ញា​នៃ​ម៉ាក​យីហោ​នេះ ដែល​ដឹកនាំ​មនុស្ស​ឆ្ពោះទៅរក​ឧត្តមភាព​ដ៏​ល្អ​ឯក តាមរយៈ​ភាព​ទាក់ទាញ​ចំពោះ​លក្ខណៈសម្បត្តិ​រប​ស់បុរ​ស ABC។ ស្ព​ត​នេះ​ក៏​ធ្វើការ​ស្វែងយល់​ផងដែរ​ពី​អភិជន​ភាព ភាពជា​អ្នកដឹកនាំ និង​បំណងប្រាថ្នា​ចង់បាន​ឧត្តមភាព​ដ៏​មហស្ចារ្យ​ដោយ​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ និង​ការគោរព​ចំពោះ​អ្នកដទៃ។

    យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍ​ឲ្យ​រីកចម្រើន​សម្រាប់ ABC Extra Stout ដែល​បន្ត​ផ្តល់​ការគាំទ្រ និង​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះវិជ្ជា និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC Extra Stout នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ  ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​ដែល​បានឈ្នះ​ពានរង្វាន់​ជាច្រើន។

    ដើម្បី​ស្វែងយល់​បន្ថែម​អំពី​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” សូម​ចូលទៅ​កាន់​គេហទំព័រ៖
    www.facebook.com/ABC.ExtraStoutCambodia/
    សូម​រីករាយ​ទទួលទាន ABC Extra Stout ដោយ​ការទទួលខុសត្រូវ

  • UNDP និង​ក្រុមហ៊ុន Green Leader ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ដំឡូង​មី​នៅ​កម្ពុជា

    UNDP និង​ក្រុមហ៊ុន Green Leader ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ដំឡូង​មី​នៅ​កម្ពុជា

    លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក Tse Michael Nam នាយក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន ​Green Leader Holdings GroupLimited ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ជីវភាព​កសិករ​ប្រកបដោយ​និរន្តរភាព។

    ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ខាងលើនេះ ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​កាលពីដើម​សប្តាហ៍​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូល​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​នាក់។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​បង្ហាញ​ពី​ការ​ខឹ​ត​ខំប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាកសិករ​តាមរយៈ​កា​រប​ណ្កុះ​បណ្តាល​បច្ចេកទេស និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារថ្មីៗសម្រាប់​វិស័យ​កសិកម្ម​កម្ពុជា។

    រោងចក្រ Green Leader ទីមួយ​ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​កាលពី​ចុង​សប្តាហ៍​មុន នៅ​ស្រុក​ស្នួល (ខេត្តក្រចេះ) ដែល​នេះ​បានបង្ហាញ​ពី​ការប្តេជ្ញា​យ៉ាងរឹងមាំ​របស់​ក្រុមហ៊ុន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ដំឡូង​មី។ ហើយ​អនុស្សរណៈ​យោគយល់​រវាង UNDP និង​រោងចក្រ Green Leader នឹង​រួមចំណែក​ជួយ​លើកកម្ពស់​វិស័យ​ដំឡូង​មី​របស់​កម្ពុជា ព្រមទាំង​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​ទៀតផង។

    សូមបញ្ជាក់ថា អនុស្សរណៈ​យោគយល់​ដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ គឺជា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​អង្គការ UNDP និង​វិស័យ​ឯកជន​ដើម្បី​ធានាបាន​និរន្តរភាព​នៃ​ការអភិវឌ្ឍ​នៅក្នុង​ឆ្នាំ 2030។ អនុស្សរណៈ​នេះ​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន​បី រួមមាន៖
    1.បង្កើន​ផលិតភាព​របស់​កសិក​រ​ដំឡូង​មី​ខ្នាតតូច តាមរយៈ​ការផ្ទេរ​សមត្ថភាព និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឱ្យមាន​ប្រព័ន្ធ​ផលិតកម្ម​ជា​និរន្តរភាព។

    2.ធ្វើឱ្យ​គុណភាព​កាន់តែ​ល្អប្រសើរ និង​បង្កើន​ទំនុកចិត្ត​លើ​ការផ្គត់ផ្គង់​តាមរយៈ​ការពង្រឹង​សមាគម​កសិករ​ដំឡូង​មី និង​សមត្ថភាព​លើ​កិច្ចសហប្រតិបត្តិការ​ដោយ​ការជំរុញ​ឱ្យមាន​គំរូ​កសិកម្ម​កិច្ចសន្យា។

    និង3. ជំរុញ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​លើ​អេតាណុល (bio-ethanol) និង​ទស្សនៈ​ដើម្បី​ជំរុញ​គោលនយោបាយ​ជាតិ​ឥន្ធនៈ (bio-fuel)៕

  • Arsenal លត់ CSKA Moscow ចាស់ដៃ ដើម្បី​ខិត​កាន់តែ​កៀក​ទៅ​វគ្គ 14ក្រុម​ចុងក្រោយ

    Arsenal លត់ CSKA Moscow ចាស់ដៃ ដើម្បី​ខិត​កាន់តែ​កៀក​ទៅ​វគ្គ 14ក្រុម​ចុងក្រោយ

    ក្រុម Arsenal បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 4គ្រាប់​ក្នុងពេល​ផ្តួល​ក្រុម​ជើង​ខ្លាំង​រុស្ស៊ី CSKA Moscow ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​ក្របខ័ណ្ឌ Europa League វគ្គ 8ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    ក្រុម Arsenal បានបញ្ចប់​ភាពស្រពេចស្រពិល​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ប្រកួត​នៅលើ​ទីលាន ខណៈដែល Ramsey និង Alexandre Lacazette សុទ្ធសឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ដូចគ្នា​ក្នុង​តង់​ទី1 ដើម្បី​បញ្ចប់​ក្តីសង្ឃឹម​របស់ CSKA ក្នុងការ​ប្រកួត​នេះ។

    លទ្ធផល​នេះ​មានន័យថា ក្រុម Arsenal នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 នៅលើ​ទឹកដី​របស់​ក្រុម CSKA នៅ​សប្តាហ៍​ក្រោយ ប្រកបដោយ​ភាពជឿជាក់ ខណៈដែល​ពួកគេ​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ទៅ​វគ្គ 4ក្រុម​ចុងក្រោយ។ ស្របពេល​ដែល​ការ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង4 នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ស្ថិតក្នុង​ភាព​ស្តួចស្តើង ហេតុនេះ​ការ​ឈ្នះ​ពាន Europa League គឺជា​ផ្លូវ​តែមួយគត់​សម្រាប់​ពួកគេ​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ។

    លោក Arsene Wengerគ្រូបង្វឹក​របស់​ក្រុម Arsenal បានឱ្យដឹងថា៖ «វា​ពិតជា​ការប្រកួត​តង់​ទី1 ដ៏​ពិ​សេសមួយ​ដែល​ត្រូវបាន​លេង​ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ ប៉ុន្តែ​មិនមែនជា​ការប្រកួត​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ខ្ញុំ​ឡើយ ពីព្រោះ​ពួកគេ​ហាក់​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​មាន​គ្រោះថ្នាក់»៕

    ប្រភពពី៖ The Sun

  • សំណង់​លំនៅឋាន​កើនឡើង​ខ្លាំង​កាលពី​ឆ្នាំ 2017

    សំណង់​លំនៅឋាន​កើនឡើង​ខ្លាំង​កាលពី​ឆ្នាំ 2017

    ទោះបីជា​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង 10ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ ក៏​គេ​មើលឃើញថា វិស័យនេះ​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​តទៅទៀត​ដោយសារ​តម្រូវការ​រប​ស់​ប្រជាជន​ក្នុងស្រុក​នៅមាន​ច្រើន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា នៅក្នុង​ឆ្នាំ2017កន្លងទៅនេះ​កម្ពុ​ជាមាន​លំនៅឋានសំណង់ផ្ទះ​ល្វែង​នៅតាម​បុរី​នានា​ប្រមាណ​ជាង 52ម៉ឺន​ខ្នង កើនឡើង​រហូតដល់1637% បើ​ធៀប​នឹង​ឆ្នាំ2016ដែលមាន​ចំនួន​ត្រឹមតែ​ជាង3ម៉ឺន​លំនៅឋាន​តែប៉ុណ្ណោះ។

    ឯកឧត្តម​មានប្រសាសន៍​ថា ដោយ​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ថេរ7% ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ និង​ដោយ​ចំណូល​ប្រចាំឆ្នាំ (GDP)របស់​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​លំដាប់​បានធ្វើឱ្យ​តម្រូវការ​នៃ​ការទិញ​លំនៅឋាន​នៅតែ​បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត។

    យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា  ទំហំ​សេដ្ឋកិច្ចជាតិ (ផ.ស.ស.តាម​ថ្លៃ​បច្ចុប្បន្ន) បាន​កើនឡើង​ពី 61,326,928លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 15,237លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2013 ដល់ 89,509,422លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 22,172 លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ 2017 ហើយនឹង​បន្ត​ឡើងដល់ 99,116,041លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 24,552 លាន​ដុល្លារ នៅ​ឆ្នាំ 2018។

    ចំណូល​មនុស្ស​ម្នាក់​ធៀប​នឹង ផ.ស.ស. បាន​កើនឡើង​ពី 1,042ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2013 ដល់​ប្រមាណ 1,435 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2017 ហើយនឹង​បន្ត​ឡើងដល់​ប្រមាណ 1,568 ដុល្លារ​អាមេរិក​នៅ​ឆ្នាំ 2018នេះ ខណៈដែល​អត្រា​ប្តូរប្រាក់​ស្ថិតក្នុង​រង្វង់ 4,050រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក។

    ប្រការនេះ​ជា​កត្តា​ដែល​ធ្វើឱ្យ​សំណង់ផ្ទះ​ល្វែង​នៅតែ​បន្ត​កើនឡើង​ដែល​បើ​គិត​ត្រឹម 2030 ខាងមុខ ត្រូវបាន​គេ​ព្យាករ​ឃើញថា កម្ពុជា​នៅ​ត្រូវការ​លំនៅឋាន​ប្រមាណ 80ម៉ឺន​ខ្នង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ប្រជាសាស្ត្រ និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម។

    ជាមួយគ្នានេះ លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust បាន​មានប្រសាសន៍ថា ខេត្ត​ដែលមាន​សក្តានុពល​ខ្លាំងជាងគេ គឺ​ខេត្តកណ្តាល​ដែលជា​ខេត្ត​នៅជាប់​នឹង​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​រហូតដល់ 8,900ខ្នង​ក្នុង​ឆ្នាំ2017។

    ទី2.គឺ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មានការ​កើនឡើង​រហូត​ដល់ 5,400ខ្នង។
    ទី3.បាត់ដំបង មាន3,800ខ្នង។
    ទី4.សៀមរាប​មាន 3,500ខ្នង ដែល​ភាគច្រើន​ស្ថិតនៅ​ក្នុងអំឡុង​ការសាងសង់។

    លោក​ថា អ្វីដែល​ធ្វើឱ្យ​សំណង់​លំនៅឋាន​មានការ​កើនឡើង​ខ្លាំង​នោះ គឺ​ដោយសារ​តម្រូវ​ការរស់នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ពី​បណ្តា​ខេត្ត​មក​រស់នៅ​បំពេញការងារ និង​រកស៊ី​ប្រក​បរបរផ្សេងៗនៅក្នុង​ក្រុងភ្នំពេញ ហើយ​និង​កំណើន​កើនឡើង​នៃ​គូស្រករ​វ័យក្មេង។

    តាម​ការសិក្សា​ស្រាវជ្រាវ​ខាងលើ​បង្ហាញថា ក្នុង​ឆ្នាំ2018នេះ អគារ​សំណង់​ផ្ទះល្វែង​នៅតែមាន​សញ្ញា​នៃ​ការរីកចម្រើន បើទោះបីជា​ឆ្នាំ​ដែលមាន​ការបោះឆ្នោត​អាណត្តិ​ថ្មី​ចូល​មកដល់​ក៏ដោយ៕