Author: វល័ក្ខ

  • វេទិកា​សេដ្ឋកិច្ចពិភពលោក​បង្ហា​ញ​ពី​ប្រទេស​ដែលមាន​បណ្ឌិត (PhD) ច្រើនជាងគេ​បំផុត

    វេទិកា​សេដ្ឋកិច្ចពិភពលោក​បង្ហា​ញ​ពី​ប្រទេស​ដែលមាន​បណ្ឌិត (PhD) ច្រើនជាងគេ​បំផុត

    ការអប់រំ ជា​កូនសោ​មិនអាច​ខ្វះ​បាន​ដែល​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​នៅលើ​ពិភពលោក។ គ្រប់​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​សុទ្ធតែ​ត្រូវការ​ធនធានមនុស្ស ព្រោះ​ធនធានមនុស្ស​ជា​បេះដូង​នៃ​របកគំហើញថ្មីៗទាំងអស់ ដែល​ពួកគេ​ជា​ចំណែក​មិនអាច​ខ្វះ​បាន​សម្រាប់​សង្គម និង​អភិវឌ្ឍន៍​ប្រទេស។

    ក្រាហ្វិករបាយការណ៍របស់ OECD

    ដោយ​មើលឃើញ​ពី​ចរន្ត​នេះ ប្រទេស​ជាច្រើន​លើ​ពិភពលោក​បានចាប់ផ្តើម​វិនិយោគ​លើ​ការអប់រំ​កម្រិត​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម ហើយ​ប្រទេស​មួយចំនួន​ក៏​ជំ​រុញឱ្យ​ប្រជាជន​របស់ខ្លួន​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​បញ្ចប់​ថ្នាក់បណ្ឌិត​ផងដែរ។ ខាងក្រោម​នេះ​ជា​ទិន្នន័យ​ចុងក្រោយ បំផុត​ទាក់ទង​នឹង​ចំនួន​បណ្ឌិត (PhD) ក្នុងប្រទេស​ដែលមាន​អ្នក​បញ្ចប់​ថ្នាក់បណ្ឌិត​ច្រើន​បំផុត​លើ​ពិភពលោក។

    យោងតាម​របាយការណ៍​របស់ OECD បាន​សហរដ្ឋអាមេរិក​ជា​អ្នក​នាំមុខគេ​ដែលមាន​ប្រជាជន​បញ្ចប់​ថ្នាក់ PhD ដល់​ទៅ 67,449នាក់​នៅក្នុង​ឆ្នាំ2014។ បន្ទាប់មក​គឺ​ប្រទេស​អាល្លឺម៉ង់ ដែលមាន​អ្នក​ចប់ PhD ចំនួន 28,147 និង​បន្ទាប់មកទៀត​គឺ​ប្រទេស​អង់គ្លេស​ដែល​ល្បីល្បាញ​ខាង​ផ្នែក​អប់រំ​លើ​ពិភពលោក និង​មាន​អ្នក​ចប់ PhD ប្រមាណ 25,020នាក់។

    ងាក​មក​បណ្ដា​ប្រទេស​នៅក្នុង​អាស៊ី​វិញ ឥណ្ឌា បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4 ដែលមាន​ប្រជាជន​ជាប់ PhD ចំនួន 24,300នាក់។ ចំនួន​នេះ គឺ​តាម​ពីក្រោយ​ដោយ​ប្រទេស​ល្បីល្បាញ​ផ្នែក​បច្ចេកវិទ្យា​គឺ ជប៉ុន ខណៈ​ប្រទេស​នេះ​មាន​អ្នក​ជាប់ PhD ចំនួន 16,039នាក់។

    យោងតាម​របាយការណ៍​របស់ OECD ក៏បាន​បង្ហាញ​ផងដែរ​ពី​ចំនួន​បណ្ឌិត​ដែល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅលើ​ពិភពលោក​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ។ នៅក្នុង​ពិភពលោកដែល​ពោរពេញ​ដោយ​លំហូរ​នៃ​សេដ្ឋកិច្ច​យ៉ាង​លឿន​នេះ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្លាំង។ ក្នុងនោះ​ចំនួន 40% នៃ​បណ្ឌិត​ដែល​បានបញ្ចប់​ការសិក្សា​គឺ​ជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ចំណែកឯ​ជំនាញ​ទាក់ទង​នឹង​សុខភាព និង​ជំនាញ​ពាក់ព័ន្ធ​ដទៃទៀត​គឺ 58%៕

  • Facebook សារភាពថា បាន​ឆែក និង​មើល​រាល់​សារ​របស់​អ្នកប្រើប្រាស់​ទាំងអស់

    Facebook សារភាពថា បាន​ឆែក និង​មើល​រាល់​សារ​របស់​អ្នកប្រើប្រាស់​ទាំងអស់

    បណ្ដាញ​ទំនាក់ទំនង​សង្គម​ធំ​បំផុត​របស់​ពិភពលោក Facebook បាន​សារភាពថា ខ្លួន​ពិតជា​បាន​បំពាន​លើ​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់​មែន ប៉ុន្តែ​ការបំពាន​នោះ​គឺធ្វើឡើង​ក្នុងគោលបំណង​ល្អ ដែល​ផ្ទុយស្រឡះ​ពី​ការចោទប្រកាន់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail។

    បើតាម​សម្តី​របស់ លោក Mike Schroepfer ដែលជា​នាយក​ផ្នែក​បច្ចេកវិទ្យា (CTO) របស់ Facebook បានឱ្យដឹងថា Facebook បានធ្វើការ​ស្គែ​ន​ទៅលើ​សារ រូបភាព និង Link ដែល​អ្នកប្រើប្រាស់​បាន​ផ្ញើឱ្យ​គ្នា​ទៅវិញទៅមក​តាមរយៈ Facebook Messenger ប៉ុន្តែ​ការដែល​ខ្លួន​ធ្វើបែបនេះ​គឺ​ទី1 ត្រួតពិនិត្យ​ទៅលើ​រូបភាព​ដែល​បាន​ផ្ញើ​នោះ តើ​វា​ជាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែរឬទេ? និង​មួយទៀត​ខ្លាច​រូបភាព​ដែល​ផ្ញើ​នោះ​ប៉ះពាល់​ដល់​ក្មេង និង​ជាពិសេស​គឺ Link ដែល​បាន​ផ្ញើ​ខ្លាច​មាន​មេរោគ​បង្កប់​ទៅជា​មួយ ព្រោះថា មួយរយៈ​មុននេះ​មាន​មេរោគ​ជាច្រើន​បាន​ឆ្លង​តាមរយៈ​ការផ្ញើ Link។

    លោក Mike Schroepfer ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា មាន​ភាគី​ទី3 ទំនងជា​បាន​កេងចំណេញ និង​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ តាមរយៈ​ការប្រើ​ឧបករណ៍​ស្វែងរក (Search Tool) ក្លែងក្លាយក្នុងការ​ប្រមែប្រមូល​ទិន្នន័យ​ផ្ទាល់​ឯកជន​របស់​អ្នកប្រើប្រាស់ Facebook នៅ​ជុំវិញ​ពិភពលោក​ប៉ុន្តែ​ករណីនេះ Facebook កំពុងធ្វើការ​ស៊ើបអង្កេត។

    នាពេលថ្មីៗនេះ​ផងដែរ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ទំនាក់ទំនង​ឥណ្ឌូនេស៊ី លោក Rudiantara បាន​គំរាម​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook នេះ​ចោល បើសិន​ទិន្នន័យ ឬ​ព័ត៌មាន​ឯកជន​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ។

    គួរបញ្ជាក់​ផងដែរ​ថា លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Facebook នឹង​ចូល​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​សភា​សហរដ្ឋអាមេរិក នា​ថ្ងៃទី11 ខែមេសា ខាងមុខនេះ ជុំវិញ​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នេះ៕

  • ស្អែក​នេះ​អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​បាន​ហើយ

    ស្អែក​នេះ​អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​បាន​ហើយ

    បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​រួចមក នៅ​ព្រឹកស្អែក​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​រថ​ភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​ដែរ​ហើយ។

    យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ស៊ុន ចាន់ថុល នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​គម្រោង​រថ​ភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី10 ខែមេសា ឆ្នាំ2018 វេលា​ម៉ោង06:30នាទី​ព្រឹក​នៅ​ស្ថានីយ​រថភ្លើង​ភ្នំពេញ។

    សម្រាប់​ការដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​ក្បួន​រថភ្លើង​នេះ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី10 ខែមេសា រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2018។

    រថភ្លើង​ដឹក​អ្នកដំណើរ​នេះ​នឹង​ចំណាយពេល​ប្រមាណ30នាទី​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ100នាក់(រួមទាំង​អ្នក​អង្គុយ និង​អ្នក​ឈរ)៕

  • សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​កើនឡើង​ជាង 5%

    សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​កើនឡើង​ជាង 5%

    តាម​ការវាយតម្លៃ​រប​ស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា​ការិយាល័យ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន+3 បានឱ្យដឹងថា នៅ​ឆ្នាំ2018 សេដ្ឋកិច្ច​អាស៊ាន​នឹង​បន្ត​រក្សាបាន​កំណើន​រឹងមាំ​ប្រមាណ5,2% ដែល​គាំទ្រ​ដោយ​ភាពល្អប្រសើរ​នៃ​សេដ្ឋកិច្ចពិភពលោក និង​កំណើន​តម្រូវការ​ក្នុងស្រុក ក្រោម​បរិការណ៍​ដែល​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​មាន​ភាព​សមាហរណកម្ម​កាន់តែ​កើនឡើង។

    ការ​ព្យាករ​ក៏ដូចជា​ការវាយតម្លៃ​ខាងលើ​ត្រូវ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​ដើរតួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ2018នេះ។ ក្នុងនោះ​ប្រទេស​សិង្ហបូរី​បាន​បន្ត​កំណត់​គោលដៅ​ជា​អាទិភាព​សម្រាប់​តំបន់​ចំនួន2 គឺ​ការពង្រឹង​ភាព​ធន់ (resilience) និង​លើកកម្ពស់​នវានុវត្តន៍ (Innovation)។

    ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​គាំទ្រ​ការកំណត់​អាទិភាព​សម្រាប់​ឆ្នាំ2018 របស់​ប្រទេស​សិង្ហ​បុរី ដោយសារ​ក្នុងស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បច្ចុប្បន្ន ការពង្រឹង​ភាព​ធន់ និង​លើកកម្ពស់​នវានុវត្តន៍​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដើម្បីឱ្យ​ប្រទេស​នានា​រក្សាបាន​នូវ​ស្ថិរភាព​ទាំង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទាញយក​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​បច្ចេកវិទ្យា និង​បង្កើត​ផលិតផល​ហិរញ្ញវត្ថុថ្មីៗស្របតាម​តម្រូវការ​ទីផ្សារ និង​សម្រាប់​ប្រជាជន​ក្រីក្រ សំដៅ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​រក្សា​ចីរភាព​កំណើន។

    ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ការងារ​នានា​របស់​អាស៊ាន ដែល​ទទួលបាន​ក្នុង​ឆ្នាំ2017 កន្លងទៅ និង​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឈានទៅ​សម្រេចបាន​តាម​គោលដៅ​នានា ដែល​បានដាក់​ក្នុង​ផែនការ 2016-2025។ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ និង​ចូល​រួមជាមួយ​គណៈកម្មាធិកា​រ​ការងារ​នានា​អាស៊ាន​ដើម្បី​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​នានា ដែល​ជួយ​ពង្រឹង​សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន។

    គួរ​បញ្ជាក់ថា តាម​ការវាយតម្លៃ​រប​ស់​ស្ថាប័ន​អន្តរជាតិ​នានា រួម​នឹង​ក្រសួង​សេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា កម្ពុជា​នៅតែ​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រង្វង់ 6.9% ឬ7.0% ដែលជា​កំណើន​មាន​ស្ថិរភាព​អូសបន្លាយ​ប្រមាណ​ជាង 2ទសវត្សរ៍​មកហើយ៕

  • ឆ្នាំនេះ​ខេត្តតាកែវ​សល់​ស្រូវ​ជិត 80ម៉ឺន​តោន

    ឆ្នាំនេះ​ខេត្តតាកែវ​សល់​ស្រូវ​ជិត 80ម៉ឺន​តោន

    កសិកម្ម​ជា​វិស័យ​មួយ​យ៉ាងសំខាន់​នៅ​ប្រទេស​កម្ពុជា ហើយ​ពេលថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ដល់​កសិករ​ឱ្យ​ផលិត​ស្រូវ​ដើម្បី​នាំចេញ​ឱ្យបាន 1លាន​តោន​ក្នុង​មួយឆ្នាំ។

    ខេត្ត តាកែវ ត្រូវបាន​គេ​មើលឃើញថា ជា​ខេត្ត​ដែលមាន​សក្តានុពល​មួយ​ក្នុងចំណោម​ខេត្តសំខាន់ៗដូចជា​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​កំពង់ធំ​ជាដើម។

    នៅ​ឆ្នាំនេះ បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ញ៉ិ​ប ស្រ៊ន បាន​លើកឡើងថា ការបង្កើត​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ 2017-2018នេះ កសិករ​នៅ​ខេត្ត តាកែវ​បាន​បង្កបង្កើនផល​ស្រូវ​លើ​ផ្ទៃដី​ចំនួន 198,438 ហិកតា ស្មើនឹង 116.72 ភាគរយ​នៃ​ផែនការ ក្នុង​ទិន្នផល​មធ្យម​ជាង 3តោន​ក្នុង​មួយ​ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន 662,778តោន។

    ងាក​មក​ទិន្នផល​ស្រូវប្រាំង​វិញ​ប្រជាជន​ខេត្តតាកែវ​អនុវត្តបាន 98,580ហិកតា ស្មើនឹង 131.44ភាគរយ​នៃ​ផែនការ​ក្នុង​ទិន្នផល​មធ្យម​ប្រមាណ​ជិត 5តោន​ក្នុង​មួយ​ហិកតា ដែល​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន 484,062តោន។

    សម្រាប់​ឆ្នាំ2018នេះ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ​មាន​ចំនួន 1,003,927នាក់ ខណៈម្នាក់ៗមាន​តម្រូវការ​ស្បៀង​ប្រមាណ 143គីឡូក្រាម​ក្នុង​មួយឆ្នាំ ហេតុនេះ​ប្រជាជន​ទូទាំង​ខេត្ត​អាច​នឹង​ត្រូវការ​ស្បៀង​ប្រមាណ 143,562តោន​ក្នុង​មួយឆ្នាំ។

    តាម​ការប៉ាន់ប្រមាណ​លើ​តុល្យភាព​ស្បៀង ដោយ​ដកចេញ​ស្រូវ​សម្រាប់​ការហូបចុក​ក្នុង​មួយឆ្នាំ ការ​ទុក​ពូជ ទុកជា​ចំណី​សត្វ និង​ការបាត់បង់​ស្រូវ​ខ្លះ​ពេល​ប្រមូល​ផល យើង​ឃើញថា នៅ​ទូទាំង​ខេត្តតាកែវ អាច​នៅសល់​ស្រូវ​ប្រមាណ 773,436តោន និង​គិត​ជា​អង្ករ​ប្រមាណ 494,999តោន សម្រាប់ធ្វើ​ការនាំ​ចេញទៅ​បណ្តា​ខេត្ត​នានា និង​ក្រៅប្រទេស៕

  • Bayern វាយបក​ផ្តួល Augsburg ដើម្បី​លើក​ពាន Bundesliga ជា​លើក​ទី6 ជាប់ៗគ្នា

    Bayern វាយបក​ផ្តួល Augsburg ដើម្បី​លើក​ពាន Bundesliga ជា​លើក​ទី6 ជាប់ៗគ្នា

    ក្រុម Bayern Munich បានឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga សម្រាប់​រយៈពេល 6រដូវ​កាលជាប់ៗគ្នា ក្រោយពី​បាន​វាយបក​ដើម្បី​ផ្តួល​ក្រុម Augsburg ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សៅរ៍។ លោក JuppHeynckes ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែតុលា ក្រោយពី​លោក Carlo Ancelotti ត្រូវបាន​បណ្តេញចេញ​នោះ បាន​ដឹក​នាំឱ្យ​ក្រុម​របស់លោក ជួប​លទ្ធផល​ដ៏​ជឿជាក់​មួយ ដោយ​ចាញ់​ត្រឹមតែ 2លើក​គត់​ក្នុងចំណោម​ការប្រកួត​ទាំង 31លើក​របស់លោក។

    Bayern បាន​របូត​ឱ្យមាន​គ្រាប់​បាល់ 1គ្រាប់​នាំមុខ​នៅលើ​ទឹកដី​ក្រុម Augsburg ក្រោយពី​ខ្សែការពារ NicklasSule បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង នៅ​មុនពេល​កីឡាករ CorentinTolisso, James Rodriguez និង Arjen Robben រកបាន​គ្រាប់​បាល់​មកវិញ​ដើម្បី​ជួយ​ឱ្យ​ក្រុម Bayern ឈ្នះ​ពាន​មួយ​នេះ​តែម្តង។

    ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Sandro Wagner បា​នរក​គ្រាប់​បាល់​ទី4នៅ​ជិត​បញ្ចប់​ការប្រកួត​សម្រាប់​ក្រុម Bayern Munich ដែល​ក៏​កំពុងតែ​ស្ថិតក្នុង​ទីតាំង​ដ៏​ល្អ​នៃ​ការប្រកួត​ជាមួយនឹង​ក្រុម Sevilla ក្នុង​ក្របខ័ណ្ឌ Champions League ផងដែរ។ ការ​ឈ្នះ​ពាន 6លើកជាប់ៗគ្នា គឺជា​ការគ្រប់គ្រង​ដ៏​យូរអង្វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រកបដោយ​ផ្លែផ្កា​របស់​ក្លិប​នេះ។ បច្ចុប្បន្ន Bayern បានឈ្នះ​ពាន​ក្របខ័ណ្ឌ​អាល្លឺម៉ង់​សរុប​ចំនួន 28លើក។

    លទ្ធផល​នេះ ធ្វើឱ្យ​ក្រុម Bayern នាំមុខ 20ពិន្ទុ​ដាច់ ខណៈដែល​នៅសល់​ការប្រកួត​លី​ក 5លើក​ទៀត​នៅ​រដូវ​កាល​នេះ និង​បានបង្ហាញ​ពី​សមត្ថភាព​ដ៏​ខ្លាំង​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​ក្របខ័ណ្ឌ Bundesliga ទាំងស្រុង។ តារា​ជើងចាស់ Robben ដែល​បច្ចុប្បន្ន បានឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga 7លើក ចាប់តាំងពី​ចូលរួម​ជាមួយនឹង​ក្លិប Bayern ក្នុង​ឆ្នាំ2009នោះ បានឱ្យដឹងថា៖ «វា​តែងតែ​ជា​រឿង​ដ៏​ល្អ​ក្នុងការ​ឈ្នះ​ពាន​មួយ។ យើង​បានដឹងថា វា​នឹង​កើតឡើង ប៉ុន្តែ យើង​នៅតែ​ត្រូវ​ឈ្នះ​ជា​ផ្លូវការ។ គ្មាន​អ្វីដែល​កើតឡើង​ដោយងាយៗឡើយ​នៅក្នុង Bundesliga»៕

    ប្រភពពី៖ The Sun

  • លោក Conte រិះគន់​តារាឆ្នើមៗ Chelsea ខណៈ​ឱកាស​បញ្ចប់​ត្រឹម​លេខ4កាន់តែ​ស្តួចស្តើង

    លោក Conte រិះគន់​តារាឆ្នើមៗ Chelsea ខណៈ​ឱកាស​បញ្ចប់​ត្រឹម​លេខ4កាន់តែ​ស្តួចស្តើង

    លោក Antonio Conte បានធ្វើការ​រិះគន់​ទៅលើ​តារាឆ្នើមៗរបស់​ក្រុម Chelsea ខណៈដែល​ក្តីសង្ឃឹម​នៃ​ការបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ4 របស់​ពួកគេ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League បាន​ជួបនឹង​ការខកចិត្ត​មួយ​ផ្សេងទៀត នៅពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម West Ham កាលពី​ថ្ងៃអាទិត្យ។

    ក្រុម​របស់លោក Antonio Conte បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​តាមរយៈ​គ្រាប់​បាល់​របស់​ខ្សែការពារ Cesar Azpilicueta នៅ​តង់​ទី1 នា​កីឡដ្ឋាន Stamford Bridge។ ប៉ុន្តែ ក្រុម Chelsea បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើនលើក​ដើម្បី​បន្ថែម​ការនាំ​មុខ​របស់​ពួកគេ និង​បាន​ជួប​ការខកចិត្ត​នៅពេលដែល​ខ្សែប្រយុទ្ធ Javier Hernandez បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ហើយ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ​នៅ​រយៈពេល 17នាទីចុងក្រោយ។

    ស្រប​ពេលដែល​ក្រុម​ឈរ​លេខ5 Chelsea ដេញតាម​ពីក្រោយ​ក្រុម​ឈរ​លេខ4 Tottenham ដល់​ទៅ 10ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ 6លើក​ទៀត ហើយ​លទ្ធផល​ដ៏​សែន​ខកចិត្ត​នេះ ប្រហែលជា​នឹង​បញ្ចប់​ការ​ប្រជែង​របស់​ពួកគេ​ដើម្បី​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League នេះហើយ។ Chelsea បាន​រង​នូវ​ការស្រែក​ចំអក​ឱ្យ​ក្នុងពេល​បញ្ចប់​ការប្រកួត ហើយ​នៅពេល​ត្រូវបាន​ចោទសួរ​ថា តើ​ពួកគេ​នៅតែ​អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4 ឬ​យ៉ាងណា​នោះ លោក Conte បានឱ្យដឹងថា៖ «ខ្ញុំ​មិនដឹង​ទេ តែ​យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​រប​ស់​យើង ខ្ញុំ​មិនដឹង​ពីអ្វី​ដែល​យើង​អាច​ផ្លាស់ប្តូរ​បាន​នោះឡើយ»។

    ទាក់ទង​នឹង​កំហឹង​របស់លោក​ចំពោះ​ការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​របស់ ក្រុម Chelsea លោក Conte បាន​និយាយថា៖ «យើង​ប្រាកដជា​ខកចិត្ត​មិន​ខាន យើង​កំពុង​ស្ថិតក្នុង​ទីតាំង​នេះ ពីព្រោះ​យើង​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុងការ​ដណ្តើម​ឱ្យបាន 3ពិន្ទុ។ យើង​មិនមាន​ភាព​មុត​ស្រួច​សោះ។ វា​ពិតជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ ពីព្រោះ​យើង​បាន​គ្រប់គ្រង​ការប្រកួត​នេះ​ស្ទើរតែ​ទាំងស្រុង»៕

  • ចាប់ផ្តើម​ពី​ការងារតូចៗ អនាគត​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ពូកែ

    ចាប់ផ្តើម​ពី​ការងារតូចៗ អនាគត​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ពូកែ

    បច្ចុប្បន្ន​យើង​សង្កេតឃើញថា ការងារ​ជា​អ្នកគ្រប់គ្រង​កំពុង​តែមាន​តម្រូវការ​ខ្លាំង ខណៈ​ក្រុមហ៊ុន​ជាច្រើន​បានកើត និង​រីកដុះដាល​ឡើង​ដូច​ផ្សិត​ក្នុងអំឡុង4-5ឆ្នាំ​ចុង​ក្រោយនេះ។  អ្នកគ្រប់គ្រង​ពូកែ គឺ​ទាមទារ​ឱ្យមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ និង​មាន​បទពិសោធ​ច្រើន​លើ​ផ្នែក​គ្រប់គ្រង ជាពិសេស​គឺ​ត្រូវមាន​ចិត្តសាស្ត្រ​ក្នុង​ការចរចា និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ។

    លោក ជួប រតនា ប្រធាន​ផ្នែក​ស្តង់ដារ និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន នៃ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា សម្រាប់​វិស័យ​ទេសចរណ៍ និស្សិត​ឬ​អ្នក​ដែល​មិន​ប្រកាន់ខ្លួន ហើយ​ចាប់​ផ្តើមធ្វើ​ពី​ការងារតូចៗនៅពេលដែល​ខ្លួន​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ភាគច្រើន​ជា​អ្នក​អភិវឌ្ឍន៍​ខ្លួន​បាន​លឿន​ជាង​អ្នក​ដែល​ចប់​ភ្លាម​ស្វែងរក​ការងារ​ធ្វើ​ភ្លាម។ លោក​បានបញ្ជាក់​ផងដែរ​ថា អ្នក​ដែល​ធ្វើការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​ទី1 ឬ​ឆ្នាំ​ទី2ឡើងទៅ ភាគច្រើន​ចាប់ផ្តើម​អាជីព​ជា​អ្នកបម្រើ​សេវាកម្មតូចៗ (waiter, waitress) តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់​នឹង​អាច​អភិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ល្អឡើងៗក្រោយ​ពេលដែល​គាត់​មាន​បទពិសោធ​ច្រើន​ពី​កន្លែងធ្វើការ​ងារ​នោះ។

    លោក ជួប រតនា បាន​និយាយថា ៖ «យើង​អាច​សាកល្បង​សួរ​ទៅ​អ្នកគ្រប់គ្រងសំខាន់ៗក្នុង​ស្ថាប័ន ឬ​អាច​សួរ​អ្នក​ដែលមាន​តួនាទីសំខាន់ៗនៅក្នុង​វិស័យ​ទេសចរណ៍ ឬ​បដិសណ្ឋារកិច្ច យើងនឹង​ឃើញថា អ្នក​ទាំងអស់នោះ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការងារ​ជា Waiter, Waitress ដូចគ្នា»។

    អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថា​ប្រសិនបើ​យើង​មិន​ប្រកាន់​ការងារតូចៗ ហើយ​ចាប់​ផ្តើមធ្វើ​វា យើង​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ដ៏​ល្អ​ម្នា​ក់នៅ​ថ្ងៃ​អនាគត ព្រោះ​យើង​បាន​ស្គាល់ និងដឹង​ពី​រសជាតិ​គ្រប់សព្វ​បែបយ៉ាង​នៃ​ការងារ​តូចតាច​ទាំងនោះ។ នៅពេលដែល​យើង​ធ្លាប់ធ្វើ​ការងារតូចៗយើង​នឹង​អាច​ដឹង​ពី​អារម្មណ៍​ហើយ​ស្គា​ល់ពី​ទុក្ខលំបាក​របស់​បុគ្គលិក​ទាំងអស់​ក្នុង​ស្ថាប័ន ដែល​អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នកគ្រប់គ្រង​ដែល​អាច​ទទួល​បានការ​គោរព​កោតខ្លាច​ពី​បុគ្គលិក​ព្រោះ​យើង​បាន​បំពេញ​នូវ​តម្រូវការសំខាន់ៗមួយចំនួន​ដែល​ពួកគេ​ចង់បាន។ លោក​បាន​បន្ថែម​ផងដែរ​ថា ការធ្វើការងារ​គឺ​ត្រូវមាន​ការតាំង​ចិត្ត ឬ​ដាក់​គោលដៅ​ឱ្យបាន​ច្បាស់លាស់ សូម​ចាប់ផ្តើម​ពី​ចំណុចតូចៗ តែ​ត្រូវ​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​ស្វែងរក​ភាព​ថ្កុំថ្កើង​នៃ​អាជីព​នៅ​ថ្ងៃ​អនាគត។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នករៀបចំ​ព្រឹត្តិការណ៍ (Event) សំខាន់ៗដែលមាន​ឈ្មោះថា Daily Plus លោក ពេជ្រ ពិសាល បាន​លើកឡើងថា អ្នកណា​ក៏​ចង់​ធ្វើ​ការងារសំខាន់ៗដែរ ហើយ​មនុស្ស​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ គឺ​ដើម្បី​ក្លាយជា​មនុស្ស​សំខាន់​ក្នុង​ស្ថាប័ន តែ​អ្វីដែល​ធ្វើឱ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព និង​តួនាទី​ខុសគ្នា​នោះ គឺ​វិធី​ដើម្បី​សម្រេច​គោលដៅ​ទាំងអស់នោះ។ ដើម្បី​សម្រេច​ជោគជ័យ​លើ​ដំណើរ​ឆ្ពោះទៅរក​ភាពខ្លាំង​នៃ​អាជីព​បាន គឺ​មិនអាច​មើលរំលង​ការចាប់ផ្តើម​ដ៏​សាមញ្ញ​បាន​នោះទេ។

    លោក ពេជ្រ ពិសាល បាន​និយាយថា ៖ មនុស្សម្នាក់ៗមិនអាច​ធ្វើការ​ងារ​បា​ន​ល្អ​ដោយ​គ្មាន​ការរៀនសូត្រ​នោះទេ ហេតុនេះ​ការចាប់ផ្តើម​ធ្វើការ​ងារតូចៗដែលមាន​ប្រាក់ខែតិចៗ អាចជា​ជម្រើស​ល្អ​បំផុត​សម្រាប់​រៀនសូត្រ​ធ្វើការ ហើយ​ថែមទាំង​មាន​ចំណូល​ទៀតផង។

    លោក​ពិសាល បានលើកឡើង​ទៀតថា ការចាប់ផ្តើម​ការងារ​ដំបូង មិនគួរ​មើល​តែ​លើ​ប្រាក់ខែ ឬ​ប្រាក់ចំណូល​ខ្លាំងពេក​នោះទេ តែ​អ្វីដែល​យើង​ត្រូវ​មើល​គឺ តើ​ឱកាស​ដែល​យើង​កំពុងមាន​នោះ អាចជួយ​យើង​ឱ្យ​សម្រេច​គោលដៅ​បាន​ច្រើន​ប៉ុនណា​នៅ​ថ្ងៃ​ខាងមុខ។ ក្រៅពីនេះ ការធ្វើការងារ​ដោយ​ចាប់ផ្តើម​ពី​បុគ្គល​មិនសូវ​សំខាន់ ហើយ​អាច​អភិវឌ្ឍ​ខ្លួន​ជាប់​រហូត​នោះ គឺជា​ចំណុច​ពិសេស​មួយ​ដែល​បង្ហាញ​ពី​ការដាក់​ចិត្ត ដាក់​កាយ​រៀនសូត្រ​ពី​ការងារ​ដោយ​មិន​ប្រកាន់ខ្លួន ហើយ​វា​ក៏​ជា​ចំណុច​ល្អ​មួយ​ដែល​អាច​នឹង​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកដឹកនាំ​ម្នាក់​ប្រកបដោយ​គុណប្រយោជន៍ គុណធម៌ និង​គុណ​តម្លៃ​ផងដែរ​នៅ​ថ្ងៃ​ខាងមុខ៕

  • Uber ផ្ញើ​សារ​ឱ្យ​អតិថិជន​ថា នឹង​ប​ញ្ឍ​ប់​ដំណើរ​នៅ​ថ្ងៃស្អែក​នេះ

    Uber ផ្ញើ​សារ​ឱ្យ​អតិថិជន​ថា នឹង​ប​ញ្ឍ​ប់​ដំណើរ​នៅ​ថ្ងៃស្អែក​នេះ

    ភ្នំពេញ៖ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​បាន​ជំរុញ​ឱ្យ​វិស័យ​ជាច្រើន​លើ​ពិភពលោក មានការ​ផ្លាស់ប្តូរ​កាន់​តែ​ប្រសើរឡើង ក្នុងនោះ​វិស័យ​ដឹកជញ្ជូន​ក៏បាន​វិ​វដ្ត​យ៉ាង​លឿន​ផងដែរ។ ការហៅ​តាក់ស៊ី​តាម​បច្ចេកវិទ្យា​បាន​រីក​សាយភាយ​លើ​ពិភពលោក​យ៉ាង​ឆាប់រហ័ស ដោយ​កម្ពុជា​ក៏​កំពុងមាន​ការប្រកួតប្រជែង​លើ​អាជីវកម្ម​មួយ​នេះ​ផងដែរ។

    ថ្មីៗនេះ បណ្តាញ​បច្ចេកវិទ្យា​ប្រទេសមួយ​ចំនួន​ដែល​ធ្លាប់​អនុវត្តបាន​ជោគជ័យ​នៅ​ទ្វីបអឺរ៉ុប បាន​ហូរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ក៏ដូចជា​បណ្តា​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍។

    Uber ជា​បណ្តាញ​ដែល​លេចធ្លោ​មួយ​ដែល​ទើបនឹង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​បាន​ប្រមាណ​ជិត 2 ឆ្នាំ ត្រូវបាន​គេ​មើលឃើញថា​បាន​អភិវឌ្ឍ​យ៉ាង​លឿន តាមរយៈ​ការផ្សព្វផ្សាយ និង​ការគាំទ្រ​របស់​ប្រជាជន​ខ្មែរ តែ​អ្វីដែល​ឱ្យ​គួរឱ្យ​ចាប់អារម្មណ៍ បណ្តាញ​យ៉ាង​មាន​ប្រជាប្រិយភាព​មួយ​នេះ បានប្រកាស​ដល់​អតិថិ​ជន​ពី​ការបញ្ឈប់​ដំណើរការ​របស់ខ្លួន​ទៅវិញ​នៅ​ថ្ងៃទី 08 ខែមេសា ឆ្នាំ2018 ស្អែក​នេះ។ អតិថិជន​ដែល​បាន​ប្រើប្រាស់ Mobile Apps របស់ Uber ទាំងអស់​អាច​នឹង​ឃើញ​សារ​នៅក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន​ពី​ព័ត៌មាន​នេះ។

    ប្រហែលជា 2សប្ដាហ៍​កន្លងទៅនេះ ក្រុមហ៊ុន​តាក់ស៊ី Uber បាន​លក់​ចំណែក​ទីផ្សារ​របស់ខ្លួន​ទាំងអស់​នៅ​តំបន់​អាស៊ី អាគ្នេយ៍ រួមមាន​កម្ពុជា​ផងដែរ​នោះ ឱ្យ​គូប្រជែង គឺ​ក្រុមហ៊ុន Grab ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ការទិញ-លក់​រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះ បានធ្វើឱ្យ​គណៈកម្មការ​ប្រកួតប្រជែង​របស់​សិង្ហ​បុរី ដាក់​ការសង្ស័យ និង​កំពុង​ស៊ើបអង្កេត ព្រោះ​អាចមាន​ករណី​រំលោភ​លើ​ច្បាប់​ទិញ-លក់៕

  • ទទួលបាន​បទពិសោធ​ន៍​ដ៏​ល្អ​ឯក​ជាមួយ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត នៅ Jet Container

    ទទួលបាន​បទពិសោធ​ន៍​ដ៏​ល្អ​ឯក​ជាមួយ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត នៅ Jet Container

    រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃទី 06 ខែមេសា ឆ្នាំ2018 ខាងមុខនេះ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត នឹង​រៀបចំ​កម្មវិធី​ដ៏​ធំ​មិន​ធ្លាប់មាន​ពីមុនមក​គឺ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ផ្សារ​រាត្រី Jet Container ចាប់ពី​ម៉ោង 7 យប់​តទៅ។ ក្នុងឱកាស​ពិសេស​នេះ លោកអ្នក​នឹង​បាន​ជួប​ជាមួយ​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា មាស សុខ​សោភា និង​ក្រុម​តារា​បង្ហាញ​ម៉ូត ព្រមទាំង​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី​កម្មវិធីសប្បាយៗជាច្រើន​ទៀត។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ABC ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ  ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​ជា​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ  មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    ឆ្ពោះទៅរក​ឧត្តមភាព​ដ៏​ល្អ​ឯក ជាមួយ ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ