– Location: Sangkat Boeung Kengkang1
– Land Size: 19m x 29m, (Room: 6, Bathroom:6)
– Price: $4,500/Month, (Parking: 4-5)
– Phone: 095 610 111
– Code: RCBR122-12
Author: វល័ក្ខ

វីឡាសម្រាប់ជួលនៅសង្កាត់បឹងកេងកង1

ដីលក់ ទីតាំងលក់ តម្លៃសមរម្យ
– Location: Phleung Chheh Roteh,Pou Senchey
– Land size: 18.5m x 30m
– Price: $45,000
– Phone: 095 610 111
– Code: RCBR122-20
ផ្ទះល្វែងត្រូវការលក់បន្ទាន់នៅទួលសង្កែ
– Location: Sangkat Tuol Sangke
– Building size: 4m x 15m , Land size:4m x 30m
– Price: $165,000 (Room:4, Height:3 floors)
– Phone: 095 610 111
– Code: RCBR122-18
ផ្ទះវីឡាលក់នៅក្បែរផ្សារដើមថ្កូវ
– Location: Sangkat Phsar Daeum Thkov
– Land size: 16m x 25m, (Room: 3)
– Price: $750,500, (Bathroom: 4)
– Phone: 095 610 111
– Code: RCBR122-19
ឯកឧត្ដម ថោង ខុន៖ Lion Air នឹងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា ក្រោយចូលឆ្នាំខ្មែរ
កម្ពុជានឹងទទួលបានការភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយទៀត ពីប្រទេសធំបំផុតរបស់អាស៊ាន នៅក្រោយពេលចូលឆ្នាំខ្មែរ ដែលបង្ហាញឱ្យឃើញថា កម្ពុជាបានភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសជាសមាជិកអាស៊ានជិតគ្រប់អស់ហើយ នៅសល់តែប្រទេសប្រ៊ុយណេមួយទៀតប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានអះអាងយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសអ៊ិស្លាមធំបំផុតនៅក្នុងតំបន់អាស៊ាន និងក្នុងពិភពលោកបានសម្រេចចិត្តភ្ជាប់ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាដោយជើងហោះហើរត្រង់តែម្ដង នៅក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច។
ជាមួយគ្នានេះឯកឧត្តម បានជំរុញឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ខឹតខំពង្រឹងគុណភាពសេវាកម្ម ដើម្បីត្រៀមទទួលទេសចរមកពីប្រទេសថ្មីៗទៀត ដែលកម្ពុជាធ្លាប់មានទំនាក់ទំនងយ៉ាងស្អិតល្មួត និងល្អូកល្អិនកាលពីមុនឆ្នាំ1970។
ឯកឧត្តម ថោង ខុន បញ្ជាក់ថា៖ «នៅក្រោយចូលឆ្នាំខ្មែរយើងនេះ Lion Air នឹងហោះភ្ជាប់ឥណ្ឌូនេស៊ីមកកម្ពុជា។ នេះជាដំណឹងថ្មីមួយទៀត និងជាដំណឹងល្អសម្រាប់យើង។ យើងត្រូវខិតខំប្រឹងបន្ថែមទៀត»។
ឯកឧត្តម បានអះអាងថា កម្ពុជាត្រូវតែចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍របស់អាស៊ាន ដោយមិនត្រូវឈរនៅតែម្នាក់ឯងនោះទេ។ នៅក្នុងតំបន់អាស៊ាន ប្រទេសថៃបានឈរនៅខ្ពស់ជាងគេក្នុងការទទួលភ្ញៀវទេសចរមកពីគ្រប់តំបន់។
លោក ស៊ិន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានអះអាងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រួលកិច្ចការអស់ហើយសម្រាប់បើកការហោះហើរពីឥណ្ឌូនេស៊ីមកកម្ពុជានេះ ប៉ុន្តែអាកាសចរណ៍ស៊ីវិលមិនទាន់ទទួលបានលិខិតផ្លូវការសម្រាប់ការហោះហើរនោះនៅឡើយទេរហូតមកដល់ពេលនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ «កិច្ចការងាររដ្ឋបាលសម្រាប់ការបើកការហោះហើរនេះ គឺយើងបានធ្វើចប់សព្វគ្រប់អស់ហើយ ដោយរង់ចាំតែកិច្ចការបច្ចេកទេសដាក់លិខិតជាផ្លូវការ ថាពេលណាគាត់ហោះតែប៉ុណ្ណោះ»។
លោកក៏បានលើកឡើងផងដែរថា ក្រុមការងាររបស់ក្រុមហ៊ុន Lion Air របស់ឥណ្ឌូនេស៊ី បានមកជួបពិភាក្សាប៉ុន្មានលើករួចមួយមកហើយជាមួយមន្ត្រីនៃអាកាសចរណ៍ស៊ីវិលកម្ពុជា ហើយបានបង្ហាញពីបំណងភ្ជាប់ការហោះហើររវាងប្រទេសទាំងពីរ។
លោក បន្ថែមថា ក្រុមការងារក៏នឹងជួបពិភាក្សាបន្ថែមទៀតនៅក្រោយពេលចូលឆ្នាំខ្មែរខាងមុខនេះ ដែលព័ត៌មានផ្លូវការស្តីពីកាលបរិច្ឆេទហោះហើរ អាចនឹងត្រូវបានដឹងច្បាស់តាមរយៈកិច្ចប្រជុំនោះ។
លោក ស៊ិន ចាន់សិរីវុត្ថា បញ្ជាក់ថា៖ «មុនការហោះហើរ ក្រុមហ៊ុន Lion Air គ្រាន់តែធ្វើលិខិតទៅអាជ្ញាធរគាត់ថា គាត់នឹងហោះមកកម្ពុជា គឺចប់ ហើយយើងគ្រាន់តែពិនិត្យ អនុម័តយល់ព្រម គឺចប់សព្វគ្រប់»។
បើទោះបីជាព័ត៌មាននៃការហោះហើរត្រង់ហាក់ឈានទៅរកការពិតក៏ដោយ ប៉ុន្តែគេមិនទាន់ដឹងថា តើក្រុមហ៊ុន Lion Air នឹងត្រូវហោះហើរចេញពីផ្នែកណា ឬកោះណាមួយរបស់ឥណ្ឌូនេស៊ី ឬក៏ពីទីក្រុងហ្សាការតា មកកាន់កម្ពុជា និងហោះហើរប្រចាំថ្ងៃ ឬក៏ប្រចាំសប្តាហ៍យ៉ាងណានៅឡើយទេ។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍វិញ ភ្ញៀវទេសចរឥណ្ឌូនេស៊ី ប្រមាណ 5ម៉ឺននាក់ បានចូលមកទស្សនាប្រទេសកម្ពុជា កាលពីឆ្នាំ2017 ដោយមានកំណើនជាង2,3% ធៀបនឹងឆ្នាំ2016៕

Torres នឹងចាកចេញពី Atletico Madrid នៅចុងរដូវកាលនេះ
ខ្សែប្រយុទ្ធ Fernando Torres របស់ Atletico Madrid គ្រោងនឹងចាកចេញពីក្លិបនេះ នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅចុងរដូវកាលនេះ ដើម្បីស្វែងរកកន្លែងដែលរូបគេអាចមានឱកាសលេងបានច្រើនជាងនេះ។

Torres វ័យ 34ឆ្នាំ បានចូលលេងក្នុងជម្រើស 11នាក់ដំបូងនៃក្របខ័ណ្ឌ La Liga ត្រឹមតែ 3ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ និងបានបង្ហាញខ្លួន 17លើកក្នុងនាមជាកីឡាករបម្រុង ដោយបានស៊ុតបាល់បញ្ចូលទី 2គ្រាប់។ Torres បានឱ្យដឹងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំចង់ឆក់យកឱកាសនេះដើម្បីនិយាយថា នៅទីនេះនឹងក្លាយជារដូវកាលចុងក្រោយរបស់ខ្ញុំជាមួយនឹងក្លិបនេះ»។
ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «វាមិនមែនជាការសម្រេចចិត្តដែលងាយស្រួលឡើយ តែការស្វែងរកភាពជាក់លាក់ និងស្ថានភាពមួយផ្សេងទៀត ប្រហែលជារឿងដ៏ល្អបំផុត។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនសូវមានតួនាទីច្រើនឡើយ ដូច្នេះឥឡូវនេះគឺ ដល់ពេលវេលាក្នុងការចាកចេញហើយ»។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ កំពុងតែស្ថិតក្នុងពេលវេលាទី2 របស់គេនៅក្នុងក្លិបនេះ ដែលរូបគេបានចាកចេញកាលពីឆ្នាំ2007ដើម្បីផ្ទេរទៅកាន់ក្លិប Liverpool ហើយរូបគេក៏ធ្លាប់បានចំណាយពេលនៅជាមួយនឹងក្លិប Chelsea និង AC Milan ផងដែរ នៅមុនពេលវិលទៅកាន់អេស្ប៉ាញវិញនៅឆ្នាំ2015។ Torres បានបន្ថែមទៀតថា៖ «វាពិតជាលំបាកណាស់ក្នុងការនិយាយថា លាហើយជាលើកទី2 ពីព្រោះខ្ញុំចង់លេងនៅទីនេះរហូតដល់ចូលនិវត្តន៍ ប៉ុន្តែ អ្វីៗមិនមែនដំណើរការទៅដូចអ្វីដែលអ្នកចង់បាននោះឡើយ»៕
ប្រភពពី៖ Channel News Asia

លោក Francesco ជំរុញឱ្យ Roma បង្កើតអភិនីហារ ពេលប៉ះ Barcelona រាត្រីនេះ
លោក Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម Roma បានជំរុញឱ្យក្រុមរបស់លោកជឿជាក់ទៅលើ «អភិនីហារ» មួយក្នុងការលុបចោលលទ្ធផលដេញតាមពីក្រោយ 4-1 នៅពេលប្រកួតជាមួយនឹងក្រុម Barcelona និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។ លោក Di Francesco បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនពេលការប្រកួតថា៖ «យើងត្រូវតែជឿជាក់លើចំណុចសំខាន់ផ្សេងៗ និងការប្រជែងដោយការស្រេកឃ្លានដ៏អស្ចារ្យ។

ពួកគេនឹងលេងក្នុងទម្រង់ដ៏ល្អបំផុតមួយរបស់ពួកគេដើម្បីយកលទ្ធផល ប៉ុន្តែយើងក៏អាចបង្កើតឱ្យមានអភិនីហារមួយដែរ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាពិតជាលំបាក ប៉ុន្តែយើងត្រូវតែជឿជាក់។ យើងបានធ្វើការរារាំង Lionel Messi កាលពីជើងទី1 ហើយយើងត្រូវតែព្យាយាមធ្វើឱ្យបានម្តងទៀតនៅរាត្រីនេះ»។
ខ្សែប្រយុទ្ធ EdinDzeko បានរកគ្រាប់បាល់ក្រៅទឹកដីដ៏សំខាន់មួយគ្រាប់ ក្រោយពីការធ្វើឱ្យបាល់ចូលទីខ្លួនឯងពីសំណាក់ Daniele De Rossi និង Kostas Manolas នាកីឡដ្ឋាន Camp Nou ប៉ុន្តែ ក្រុមរបស់អ៊ីតាលី ចាំបាច់ត្រូវតែធ្វើការវាយបកដ៏មិននឹកស្មានដល់មួយនាកីឡដ្ឋាន StadioOlimpico ដើម្បីឈានទៅវគ្គ 4ក្រុមចុងក្រោយជាលើកទី1 ចាប់តាំងពីឆ្នាំ1989។
ស្របពេលជាមួយគ្នានេះ លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទផងដែរថា លោករំពឹងទុកថា នឹងមានការវាយសម្រុកខ្លាំងក្លាពីក្រុម Roma ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 8ក្រុមចុងក្រោយ ជើងទី2 របស់ពួកគេនៅកីឡដ្ឋាន StadioOlimpico នារាត្រីនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24

តោះ! ទៅស្វែងយល់ពីប្រវត្តិសង្ខេប នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអ្នកគ្នា…
ហេតុអ្វីចាំបាច់មានពិធីបុណ្យចូលឆ្នាំថ្មី? ហើយពិធីបុណ្យចូលឆ្នាំខ្មែរមានកំណើរពីណា ពេលណា មានអ្វីខ្លះ និងដើម្បីអ្វី? ក្នុងនាមជាកុលបុត្រខ្មែរ តើយើងត្រូវធ្វើអ្វីខ្លះចំពោះពិធីចូលឆ្នាំខ្មែរនេះ?
ពិធីបុណ្យចូលឆ្នាំខ្មែរ ៖ ជាតិសាសន៍ណាក៏ដោយ តែងមានប្រវត្តិ និងប្រពៃណីរបស់ប្រទេសជាតិខ្លួននីមួយៗ ទៅតាមជាតិសាសន៍ និងតំបន់ ពិសេសការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយពួកគេតែងតែប្រារព្ធធ្វើឡើងទៅតាមតំបន់ទឹកដី និងជំនឿសាសនារបស់គេប៉ុណ្ណោះ។ សម្រាប់ប្រជាជាតិខ្មែរវិញ ប្រវត្តិនៃធ្វើបុណ្យចូលឆ្នាំថ្មី មានតាំងពីបុរាណកាលមក ហើយប្រជាពរដ្ឋខ្មែរ ក៏បានរៀបចំកម្មវិធីចូលឆ្នាំនេះជារៀងរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំមួយរបស់ខ្មែរ ហើយមានម្តងគត់ ក្នុងរយៈពេលមួយឆ្នាំពេញ។
ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ ៖ នៅដើមនៃភទ្ទកប្បមានសេដ្ឋីម្នាក់ មានបុត្រាឈ្មោះធម្មបាលកុមារម្នាក់ អាយុទើបតែប្រាំពីរឆ្នាំ តែមានចំណេះវិជ្ជាដ៏វិសេស និងចេះចាំចប់នូវគម្ពីរត្រីវេទ។ ធម្មបាលកុមារ ត្រូវបានសេដ្ឋីជាបីតារបស់ខ្លួន សង់ប្រាសាទមួយនាមាត់ទន្លេរ ក្រោមដើមជ្រៃមួយដ៏ធំ ដែលជាទីស្នាក់អាស្រ័យនៃបក្សីទាំងឡាយ។ ធម្មបាលកុមារ ក្រៅពីវិជ្ជាដ៏ពិសេសខាងលើហើយ មានជំនាញជាច្រើនទៀតដូចជា អាចនិយាយ និងស្តាប់គ្រប់ភាសាសត្វ និងអាចធ្វើជាអាចារ្យសម្ដែងមង្គលផ្សេងៗ ដល់មនុស្សគ្រប់រូបផង។
កាលគ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម មួយអង្គទៀត ដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ហើយកបិលមហាព្រហ្ម បានជ្រាបព័ត៌មាន ពីធម្មបាលកុមារ ក៏ចុះមកសួរបញ្ហានូវចំណោទបីប្រការ ដល់ធម្មបាលកុមារ ហើយបានដាក់ការសន្យាថា ប្រសិនបើធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើសិនធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួចទេ កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ចំពោះប្រស្នានេះ ធម្មបាលកុមារសុំឲ្យពន្យារពេលប្រាំពីថ្ងៃដើម្បីរកចម្លើយ។
លុះកន្លងទៅប្រាំមួយថ្ងៃហើយ ធម្មបាលកុមារនៅតែរកចម្លើយមិនឃើញ និងបានដឹងខ្លួនថា ព្រឹកស្អែកនឹងត្រូវស្លាប់ដោយអាជ្ញា កុបិលមហាព្រហ្មជាប្រាកដ ដូច្នោះហើយធម្មបាលកុមារបានសម្រេចចិត្តរត់ទៅលាក់ខ្លួនពួនអាត្មា។ ធម្មបាលកុមារ បានរត់ទៅឆ្ងាយពីភូមិ ហើយអស់កម្លាំង និងដល់ពេលល្ងាចល្មមត្រូវឈប់សំរាកផង ក៏បានចូលទៅសម្រាកនៅក្រោមដើមត្នោតមួយគូដែលជាសម្បុករបស់សត្វឥន្ទ្រីញី ឈ្មោលមួយគូ។
នាវេលាយប់នោះសត្វឥន្ទ្រីញី បានសួរទៅឥន្ទ្រីឈ្មោលថា «តើព្រឹកស្អែកនេះ យើងនឹងបានអាហារពីណាស៊ី?» ឥន្ទ្រី ឈ្មោលបានឆ្លើយថា «យើងនឹងស៊ីសាច់ធម្មបាលកុមារ» ដែលនឹងត្រូវកុបិលមហាព្រហ្មសម្លាប់ពីព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរបន្តថា «ប្រស្នានោះដូចម្តេចខ្លះទៅ?»។ ឥន្ទ្រីឈ្មោល បាននិយាយរៀបរាប់ថា ប្រស្នាទីមួយនៅវេលាព្រឹក តើសិរីសួស្តីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា «ស្ថិតនៅត្រង់មុខ» ព្រោះមនុស្សទាំងឡាយត្រូវយកទឹកលប់មុខនៅពេលភ្ញាក់ពីដំណេកនាព្រឹកព្រលឹម។ ប្រស្នាទីពីរ សួរថា «នៅវេលាថ្ងៃត្រង់ តើសិរីសួស្តីស្ថិតនៅត្រង់ណា?» ត្រូវឆ្លើយថា «ស្ថិតនៅត្រង់ដើមទ្រូង» ព្រោះមនុស្សត្រូវយកទឹកមកលប់លាងដើមទ្រូងនាវេលាថ្ងៃត្រង់ ដែលអាកាសធាតុកំពុងក្តៅ។ ប្រស្នាទីបីសួរថា «នៅវេលាយប់ តើសិរីសួស្តីស្ថិតនៅត្រង់ណា?» ។ ត្រូវឆ្លើយថា «នៅត្រង់ជើង» ព្រោះមនុស្សទាំងឡាយត្រូវយកទឹកលាងសំអាតជើងមុនពេល ចូលសម្រាកនិន្ទ្រានារាត្រីកាល (ពេលយប់)។
ធម្មបាលកុមារបានឮដូច្នោះហើយមានចិត្តត្រេកអរណាស់ ហើយក៏ត្រឡប់ទៅប្រាសាទវិញ លុះព្រឹកឡើងកុបិលមហាព្រហ្មក៏បានមកសួរប្រស្នា ធម្មបាលកុមារបានឆ្លើយដោះស្រាយតាមពាក្យដែលសត្វឥន្ទ្រីបានឆ្លើយឆ្លងគ្នា។ មុនកាត់ព្រះកេស កុបិលមហាព្រហ្ម បានហៅទេពធីតាទាំងប្រាំពីរអង្គ ដែលជាបុត្រីមកប្រាប់ថា «ឥឡូវបិតាត្រូវកាត់ក្បាល បូជាធម្មបាលកុមារ ប៉ុន្តែប្រសិនបើដាក់ក្បាលនោះនៅលើផែនដីនឹងកើតជាភ្លើងឆេះទាំងលោកធាតុ។ បើបោះទៅលើអាកាសភ្លៀងនឹងរាំង បើចោលក្នុងមហាសមុទ្រ ទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះចូរកូនទាំងប្រាំពីរអង្គ យកពានមកទទួលក្បាល»។ និយាយចប់ កុបិលមហាព្រហ្មក៏កាត់ក្បាលរបស់ខ្លួនហុចទៅឲ្យព្រះនាង ទុង្សាទេវី ជាបុត្រច្បង។ ព្រះនាង ទុង្សាទេវី បានយកពានទៅទទួលព្រះកេសបិតា ដើរហែប្រទក្សិណភ្នំព្រះសុមេរុ និង ទៅប្រតិស្ថានទុកក្នុងគុហាគន្ធមាលីភ្នំកៃលាស ដោយបូជាគ្រឿងទិព្វផ្សេង។
ព្រះវិស្សកម្មទេវបុត្រក៏និមិត្តរោងទិព្វដោយកែវប្រាំពីរប្រការ ឈ្មោះថា «ភគវតីសភា» ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់មួយឆ្នាំ ជាសង្ក្រាន្ត ហើយព្រះនាងទេពធិតាទាំងប្រាំពីរអង្គ ត្រូវផ្លាស់វេនគ្នាមកអញ្ជើញព្រះកេសកុបិលមហាព្រហ្ម ចេញហែប្រទក្សិណភ្នំព្រះសុមេរុ រៀងរាល់ឆ្នាំ ទើបត្រឡប់ទៅស្ថានទេវលោកវិញ។ ព្រះនាងទាំងប្រាំពីរនោះត្រូវផ្តើមចេញពីព្រះនាងច្បង និងបន្តបន្ទាប់រហូតដល់ព្រះនាងពៅ ដោយកំណត់យក សង្ក្រានត្រូវនឹងថ្ងៃអាទិត្យ គឺវេននាងច្បងទស្សាទេវី សៀតផ្កាទទឹម បើសង្ក្រានត្រូវនឹងថ្ងៃច័ន្ទ គឺ វេននាងគោរាគៈទេវី សៀតផ្កាអង្គាបុស្ស បើសង្ក្រានត្រូវនឹងថ្ងៃអង្គារ គឺ វេននាងរាក្យសាទេវី សៀតផ្កាឈូក បើសង្ក្រានត្រូវនឹងថ្ងៃពុធ គឺ វេននាងមណ្ឌាទេវី សៀតផ្កាចម្ប៉ា បើសង្ក្រានត្រូវនឹងថ្ងៃព្រហស្បត៍ គឺ វេននាងកិរិណីទេវី សៀតផ្កាមណ្ឌា បើសង្ក្រានត្រូវនឹងថ្ងៃសុក្រ គឺ វេននាងកិមិរាទេវី សៀតផ្កាចង្កុលនី បើសង្ក្រានត្រូវនឹងថ្ងៃសៅរ៍ គី វេននាងមហោទរាទេវី សៀតផ្កាត្រកៀត ។ វេននេះ គឺ ព្រះនាងទាំងប្រាំពីរត្រូវហែរព្រះកេសបិតា ប្រទក្សិណភ្នំព្រះសុមេរុ ហើយទៅប្រតិស្ថានទុកក្នុងគុហាគន្ធមាលីភ្នំកៃលាស។
ពេលវេលាចូលឆ្នាំខ្មែរ ៖ ដើមឡើយប្រជាពលរដ្ឋខ្មែរ យើងប្រារឰពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ក្នុងខែ «មិគសិរ» ព្រោះដូនតាបានកំណត់យកខែនេះជាខែដើមឆ្នាំ។ សម័យព្រេងនាយ ឆ្នាំនីមួយៗ បានចែកចេញជាបីរដូវ «ហេមន្ដរដូវ គិម្ហរដូវ និងវស្សានរដូវ»។ បុរាណចារ្យលោកគិតថា ហេមន្ដរដូវ ជារដូវត្រជាក់ត្រូវចាត់ទុកជាដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹកព្រលឹម គឺ ជាដើមថ្ងៃ។ គិម្ហរដូវ ជារដូវក្ដៅ ត្រូវចាត់ទុកជា កណ្ដាលឆ្នាំប្រៀបដូចជាពេលពេលថ្ងៃត្រង់។ ចំណែកឯ វស្សានរដូវ ជារដូវដែលមេឃមីរងងឹតមានភ្លៀងផ្គរ ត្រូវចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលយប់។ លុះចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរ យើងអនុលោមប្រើ ចុល្លសករាជ ជាសំខាន់នោះ ទើបការចូលឆ្នាំថ្មីមានការប្រែប្រួល ហើយកំណត់យកខែចេត្រជាដើមឆ្នាំវិញ។ តាមទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួនបីថ្ងៃ ហើយថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃកណ្តាល ជាថ្ងៃវារៈវ័នបត និងថ្ងៃចុងក្រោយ ជាថ្ងៃឡើងស័ក។
«ថ្ងៃមហាសង្ក្រាន្ត» ជាថ្ងៃទីមួយ ឬជាថ្ងៃចូលឆ្នាំដំបូង គេសង្កេតឃើញ នៅតាមគេហដ្ឋានប្រជាពលរដ្ឋខ្មែរនីមួយៗ មានសមាជិកស្លៀកពាក់ស្អាតបាត មកអង្គុយជួបជុំគ្នានៅមុខអាសនៈ ដោយមានរៀបពលីកា រង់ចាំស្ដាប់សំឡេងស្គរពីវត្ត ឯនាយឲ្យសញ្ញាថា ឆ្នាំថ្មីនឹងមកដល់បន្តិចទៀតនេះ។ កាលឮសូរសំឡេងស្គររោទ៍រណ្ដំហើយ ពិធីក៏ចាប់ផ្ដើមប្រព្រឹត្តទៅ ដោយមាន ទាន ធូប ត្រូវបានដុតឡើង ដោយគារវៈក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាបីដង និងនាំគ្នាចាប់ផ្ដើមសមស្សការថ្វាយបង្គំព្រះរតនត្រ័យ បន្ទាប់មកនាំគ្នាសូមស្វាគមវត្តមានទេវតាឆ្នាំថ្មី។
«ថ្ងៃវារៈវ័នបត» ជាថ្ងៃទីពីរ ឬថ្ងៃកណ្តាលនៃថ្ងៃចូលឆ្នាំ គឺជាថ្ងៃសម្រាប់បូជា និងដាក់ទាន ហើយក៏ជាថ្ងៃដែលមនុស្សម្នាក់ៗភ្ញាក់ពីព្រលឹមខុសពីធម្មតាដែរ ព្រោះត្រូវរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសម្លៀកបំពាក់ថ្មី និង ចំណីអាហារយកទៅជូនដល់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយជដើម ដើម្បីជាការរំលឹកនូវការគោរព ការដឹងគុណរ ចំពោះអ្នកមានគុណទាំងឡាយ ហើយគ្រួសារបរិច្ចាគលុយកាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ និងទៅវត្តដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនផង និងពូនភ្នំធំខ្សាច់ ដែលមានពំនូកខ្សាច់កណ្តាលមួយធំ និងពំនូកភ្នំខ្សាច់តូចៗបួនអមសង្ខាង ធ្វើរាជវ័តិព័ទ្ធជុំវិញ ដោយមានទ្វារចេញចូលបួនទិស។
«ថ្ងៃវារៈឡើងស័ក្ក» ជាថ្ងៃ រៀបចំនូវពិធីនិមន្តព្រះសង្ឃ ស្រង់ទឹក និងស្រង់ព្រះពុទ្ធរូបនៅវេលារសៀល ហើយក៏មានកម្មវិធីមួយផ្សេងទៀត គឺ ការនិមន្តព្រះសង្ឃធ្វើកិច្ចឆ្លងភ្នំខ្សាច់។
ថ្ងៃខែចូលឆ្នាំខ្មែរត្រូវបានកំណត់យក និងតែប្រព្រឹត្ដឡើង ក្នុងខែចេត្រ មិនយកខែមិគសិរទេ ព្រោះបុព្វបុរសខ្មែរយល់ថា នៅក្នុងខែមិគសិរនេះ ប្រជាកសិករខ្មែរ មានភាពវល់ និងមមាញឹកច្រើន ក្នុងរបរកសិកម្ម និងការងារស្រែចម្ការជាដើម។ ហេតុនេះបុព្វបុរសខ្មែរ បានកំណត់ពេលចូលឆ្នាំ មកធ្វើក្នុងខែចេត្រ ព្រោះខែនេះ ប្រជាកសិករ បានច្រូតកាត់ បោកបែនចប់សព្វគ្រប់ ហើយពលរដ្ឋក៏មានពេលទំនេរ និងឱកាសធ្វើបុណ្យទានកម្សាន្ដសប្បាយតាមប្រាថ្នា។ តាមជំនឿនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ12 13 14 រោចខែចេត្រត្រូវនឹងថ្ងៃទី13 14 15 ឬថ្ងៃទី14 15 16 ខែមេសា។
ល្បែងប្រជាប្រិយ ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នៅភូមិដ្ឋាននីមួយៗ ពិសេសវត្តអារាម បងប្អូនប្រជាពលរដ្ឋ នាំគ្នាលេងល្បែងប្រជាប្រិយ ដែលបន្សល់ទុកពីដូចតាមក ដែលជាការឆ្លុះបញ្ចាំងនូវមរតកវប្បធម៌ដ៏ល្អផូរផង់ ដែលបានចាក់ឬសចូលក្នុងផ្នត់គំនិត ពលរដ្ឋខ្មែរគ្រប់ៗរូប។ ល្បែងប្រជាប្រិយសម្រាប់លេងកំសាន្តក្នុងឱកាសចូលឆ្នាំខ្មែររួមមានដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ វាយក្អម ឡើងសរសរខ្លាញ់ជាដើម។ ក្រៅពីល្បែងកម្សាន្តនេះ នៅមានពិធីរាំសប្បាយរីករាយឆ្នាំថ្មីទៀតដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ជាដើម។ កេរដំណែលពីដូចតាទាំងនេះ ក្នុងនាមជាពលរដ្ឋខ្មែរ សូមចូលរួមថែរក្សាទាំងអស់គ្នា៕


ស្តាប់ប្រវត្តិរបស់អគ្គនាយកក្រុមហ៊ុន Forte Insurance និងដំណើរការបង្កើតក្រុមហ៊ុនដំបូង
ជាបុរសសញ្ជាតិខ្មែរម្នាក់ដែលមានបទពិសោធច្រើនលើវិស័យធានារ៉ាប់រង ព្រោះធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយ ដែលអាចនិយាយបានថាលោកធ្លាប់ប្រឡូកក្នុងវិស័យនេះយ៉ាងឆ្អិន និងស្គាល់យ៉ាងច្បាស់អំពីធុរកិច្ចលើវិស័យធានារ៉ាប់រងនេះ។ បុរសម្នាក់នោះគឺ លោក យក់ ចំរើនឫទ្ធិ ដែលសព្វថ្ងៃជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី។

បន្តទៅនេះ សារព័ត៌មាន ឡារ៉ែន នឹងនាំមិត្តអ្នកអានមកស្គាល់រូបលោកជាមួយនឹងជីវប្រវត្តិការសិក្សា ការតស៊ូ បទពិសោធទាក់ទងនឹងជីវិត និងធុរកិច្ចក្នុងវិស័យធានារ៉ាប់រងដូចខាងក្រោម។
លោក យក់ ចំរើនឫទ្ធិ កើតនៅអំឡុងឆ្នាំ1966 ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកព្រៃវែង ខេត្តព្រៃវែង។ ក្នុងចំណោមបងប្អូន4នាក់។ លោកគឺជាកូនទី2 ដែលមានឪពុកជាគ្រូបង្រៀន និងមានម្តាយជាអាជីវករដែលមានជីវភាពធូរធារនៅក្នុងភូមិ។ ក្រោយពីចាប់កំណើតមិនទាន់ដឹងក្តីស្រួលបួលផង នៅឆ្នាំ1970 រដ្ឋប្រហារ លន់ នល់ បានកើតឡើងធ្វើឱ្យកុមារទាំងឡាយនៅក្នុងភូមិរួមទាំងរូបលោកមិនបានចូលរៀន ព្រោះពេលនោះប្រទេសជាតិត្រូវស្ថិតក្រោមភ្លើងសង្គ្រាម ហើយឪពុករបស់លោកត្រូវបែកចេញពីគ្រួសារដោយសារត្រូវខាងរដ្ឋការផ្លាស់ឱ្យមកបង្រៀននៅទីក្រុងភ្នំពេញធ្វើឱ្យគ្រួសាររបស់លោកជួបការលំបាកយ៉ាងខ្លាំង។
លោករៀបរាប់ថា កាលនៅក្មេង លោកមានភាពស្និទ្ធស្នាលជាមួយឪពុកច្រើនជាងម្តាយ ឪពុករបស់លោកតែងបង្ហាត់បង្រៀនលោកក្រោយទំនេរពីការងារ ដូច្នេះពេលលោកបែកពីឪពុក លោកមានអារម្មណ៍បាក់ទឹកចិត្ត និងពិបាកចិត្ត។ រៀងរាល់ល្ងាច ពេលសម្លឹងឃើញស្លឹកឈើត្រូវខ្យល់បក់រវិចៗ លោកមានអារម្មណ៍ថា ហាក់បីដូចជាឪពុកកំពុងបក់ដៃហៅ ពេលខ្លះស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនដោយសារនឹកឪពុកពេក និងនៅពេលនោះហើយដែលម្ដាយរបស់លោកបានសម្រេចចិត្តនាំកូនចៅចាកចេញពីស្រុកកំណើតទាំងប្រថុយប្រថានជីវិត ដើម្បីមកភ្នំពេញស្វែងរកឪពុក។
«ពេលធ្វើដំណើរមកភ្នំពេញនោះ គ្រួសារខ្ញុំបានជួលកង់គេជិះ ហើយត្រូវទាហានអាមេរិកកាំងឃើញពួកគេក៏ទម្លាក់គ្រាប់បែកកាត់មុខដំណើររបស់យើង ធ្វើឱ្យឆេះសម្ពាយទ្រព្យសម្បត្តិ និងខោអាវអស់រលីង និងត្រូវគេចាប់បានទៀត។ ពួកគេប្រុងយកពួកយើងទៅសម្លាប់ចោល តែសំណាងល្អណាស់ដែលនៅពេលនោះម្តាយខ្ញុំគាត់បានដាក់លុយតាមខ្លួនខ្លះដែរ នៅពេលគេឆែកឃើញលុយ យើងបានឱ្យលុយនោះទៅគេទាំងអស់ ហើយអង្វរសុំតែរស់ជីវិត ទើបគេព្រមដោះលែងមកវិញ កុំអីពេលនោះពួកយើងស្លាប់បាត់ទៅហើយ»។
បន្ទាប់ពីមកដល់ទីក្រុងភ្នំពេញ លោក និងគ្រួសារក៏បានជួបឪពុកវិញក្នុងអំឡុងឆ្នាំ1972 ហើយបន្ទាប់ពីនោះមក លោកក៏បានចូលរៀនថ្នាក់ទី10 (ស្មើនឹងថ្នាក់ទី3បច្ចុប្បន្ន)ដោយសារតែចេះអានអក្សរតាំងពីតូចមកតាមរយៈឪពុកបង្រៀនខ្លះៗហើយហ្នឹងឯង។ តែក្រោយពីបានចូលរៀននៅសាលាបឋមសិក្សាចៅពញាយ៉ាតនៅម្តុំផ្សារតូច (ទួលសង្កែ)បានត្រឹមតែ4ខែ ស្រាប់តែត្រូវពួកទាហានខ្មែរក្រហមវាយឆ្មក់រំខាននៅតំបន់នោះ ធ្វើឱ្យក្រុមគ្រួសារលោកត្រូវផ្លាស់ទីលំនៅពីផ្សារតូចមកនៅជិតផ្សារដើមគរវិញម្ដង ហើយរូបលោកក៏បានផ្ទេរមករៀននៅសាលាបឋមសិក្សាឃ្លាំងរំសេវ (ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់បច្ចុប្បន្ន)វិញម្ដង។
ក្រោយពីរៀនបានមួយឆ្នាំ ឪពុកលោកក៏សុំផ្លាស់ទៅបង្រៀននៅខេត្តបាត់ដំបង ពេលនោះលោកបានចូលរៀននៅសាលាបឋមសិក្សាគោកឃ្មុំ តែក្រោយពីរៀនបានត្រឹមតែមួយឆ្នាំក៏ត្រូវផ្អាករហូត ដោយសារតែពួកខ្មែរក្រហមបានឈ្នះសង្គ្រាម និងចូលកាន់កាប់ទូទាំងប្រទេសកម្ពុជានៅឆ្នាំ1975។
ក្នុងសម័យប៉ុលពត លោកត្រូវបានគេចាត់ឱ្យចូលទៅនៅក្នុងកងចល័តកុមារ នៅភូមិគ្រួស ឃុំគោកឃ្មុំ និងបានចូលរួមលើកទំនប់អាងទឹកបានពីរ គឺអាងក្នុងភូមិគ្រួស និងអាងទឹកកំពីងពួយ។
ជំនាន់នោះ បើនិយាយពីរឿងលំបាកវិញ គឺលំបាកណាស់ក្នុងនាមជាយុវជន 3ទៅ4ខែទើបបានជួបក្រុមគ្រួសារម្តង ហើយត្រូវគេបង្ខំឱ្យធ្វើការ 17 ទៅ18ម៉ោងក្នុងមួយថ្ងៃ ពេលខ្លះអស់កម្លាំងខ្លាំងសូម្បីតែពេលដើរក៏ស្ទើរតែដេកលក់ដែរ ហើយ10ថ្ងៃទើបបានងូតទឹកម្តង ដោយសារតែបានជិះរទេះដឹកទឹកទៅជួយដងទឹកគេ ទើបបានងូតទឹកតែម្តងទៅ។ សម័យនោះហូបតែសម្លដើមចេកដែលគេតែងហៅថា (សម្លអំពូលម៉ែត្រ) ហើយសម្លនោះទៀតសោត ជួនក៏មានអំបឹលដាក់ ជួនក៏អត់មានទៅទៀត។ ជួនគេចែកត្រីឱ្យតិចតួច ជួនអត់មាន ហូបតែដើមចេក និងទឹក ឯបបរវិញ គេដួសឱ្យតែ2-3វែកប៉ុណ្ណោះ ហើយរាវកក្លូកទៀត។ សរុបទៅការរស់នៅពេលនោះពិបាកវេទនាខ្លាំងណាស់។
ធ្មេចបើកៗរហូតដល់ឆ្នាំ1979 របបខ្មែក្រហមបានដួលរំលំរលាយ គ្រួសារជាច្រើនគេនាំគ្នារត់ទៅជំរំ តែគ្រួសាររបស់លោកត្រឡប់មកស្រុកកំណើត នៅខេត្តព្រៃវែងវិញ។ ដល់ឆ្នាំ1980 លោកក៏បានចូលរៀនថ្នាក់ទី4 នៅសាលាបឋមសិក្សាព្រៃវែងក្រុង ហើយពេលរៀនចប់ថ្នាក់ទី5 មួយឆ្នាំបន្ទាប់មក លោកក៏ឡើងមកនៅភ្នំពេញរៀននៅសាលាបឹងត្របែក ដោយបានទិញផ្ទះតូចមួយនៅជាន់លើតម្លៃ 3ជីមាស ស្នាក់នៅតែម្នាក់ឯងដែលអ្វីៗត្រូវតស៊ូដោយខ្លួនឯង។ ក្នុងមួយខែម្តាយផ្ញើប្រាក់ 150រៀល និងអង្ករ 15គីឡូក្រាមមកឱ្យ។ សម័យនោះ ញ៉ាំបាយស្រូបមួយចានតម្លៃ 5រៀល ដូច្នេះអត់ហ៊ានញ៉ាំបាយស្រូបទេ គឺដាំបាយទុកហូបពីព្រឹកដល់ល្ងាចតែម្ដង និងឆ្លៀតពេលបង្រៀនគេបន្ថែម ក្នុងមួយខែរកបាន100 – 200រៀលបន្ថែមទៀត។ រហូតដល់ឆ្នាំ1986ប្រឡងជាប់បាក់ឌុប ក៏បានចូលរៀនបន្តផ្នែកសេដ្ឋកិច្ចផែនការនៅវិទ្យាស្ថានជាតិសេដ្ឋកិច្ច ដែលបច្ចុប្បន្នជាសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។
លុះឆ្នាំ1991 លោកក៏បានចូលធ្វើការជាមន្ត្រីរាជការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនៅពេលនោះ ប្រទេសបានផ្លាស់ប្តូរទម្រង់ពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ដែលមានភាពខុសគ្នាដាច់រវាងចំណេះដឹង និងការងារ ដូច្នេះលោកចាំបាច់ត្រូវតែខំប្រឹងរៀនសូត្របន្ថែមពីការងារបន្តទៀត។ សម្រាប់ការងារនៅក្នុងក្រសួងលោកទទួលបន្ទុកនៅក្នុងក្រុមហ៊ុនជាតិធានារ៉ាប់រង ហើយជាមនុស្សទី1 ដែលចេញអាជ្ញាប័ណ្ណឱ្យ ក្រុមហ៊ុនធានារ៉ាប់រងឯកជននានានៅសម័យនោះ។ ក្នុងឆ្នាំ1991នោះដែរ លោក យក់ ចំរើនឬទ្ឋិ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាឈ្មោះ អុំ សុគន្ឋា ជាកូនក្រមុំអ្នកខេត្តព្រៃវែងដូចគ្នា ហើយបច្ចុប្បន្នលោកមានកូន 3នាក់ កូនច្បងរៀបចំរកស៊ីដោយខ្លួនឯង កូនទី2កំពុងរៀននៅមហាវិទ្យាល័យ និងកូនស្រីពៅកំពុងរៀនអនុវិទ្យាល័យនៅឡើយ។
រហូតដល់ឆ្នាំ1996 លោកបានសុំឈប់ធ្វើការពីក្រសួងសេដ្ឋកិច្ច ដោយងាកមកធ្វើការក្នុងក្រុមហ៊ុនធានារ៉ាប់រងអាស៊ី (Asia Insurance) ក្នុងតួនាទីជាអ្នកកាន់ការងារប្រតិបត្តិការទូទៅរហូតដល់ឆ្នាំ 1999 ទើបលោកផ្លាស់មកចូលរួមធ្វើការងារនៅក្រុមហ៊ុន Forte Insurance (កម្ពុជា) ភីអិលស៊ី ក្នុងតួនាទីជាអ្នកចាត់ការទូទៅ ដែលពេលនោះក្រុមហ៊ុន Forte Insurance (កម្ពុជា) ភីអិលស៊ី ទើបតែមានបុគ្គលិក 4នាក់ដំបូងប៉ុណ្ណោះ។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្រា្តលី និងបច្ចុប្បន្នលោកនៅតែរៀនបន្តទៀតនៅឡើយដោយនៅពេលខាងមុខឆាប់ៗនេះ លោកនឹងទៅប្រឡងនៅប្រទេសម៉ាឡេស៊ីដើម្បីបញ្ចប់យកសញ្ញាបត្រ Fellowship ផ្នែកធានារ៉ាប់រង ដែលស្មើនឹងថ្នាក់បណ្ឌិត ហើយសញ្ញាបត្រនេះទំនងជាមានតែមួយប៉ុណ្ណោះនៅកម្ពុជាយើង។
ដំណើរការបង្កើតក្រុមហ៊ុន Forte Insurance ដំបូង និងការរីកចម្រើន “ការផ្តល់ទំនុកចិត្តទៅដល់អតិថិជន គឺជាកត្តាសំខាន់បំផុតសម្រាប់ក្រុមហ៊ុននីមួយៗដើម្បីទទួលបានការគាំទ្រ និងជោគជ័យរបស់ក្រុមហ៊ុន” នេះជាការលើកឡើងរបស់លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី។
ដើម្បីដឹងថា តើការផ្តល់ទំនុកចិត្តទៅដល់អតិថិជនជួយឱ្យក្រុមហ៊ុនជោគជ័យនៅលើទីផ្សារយ៉ាងណាខ្លះនោះ សូមស្តាប់បទសម្ភាសរវាងអ្នកយកព័ត៌មានកាសែតឡារ៉ែនជាមួយលោក យក់ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី ដែលមានសំណួរ-ចម្លើយដូចខាងក្រោម៖
1.សំណួរជាដំបូងខ្ញុំសូមអនុញ្ញាតសួរថា តើក្រុមហ៊ុន Forte Insurance ចាប់ផ្តើមដំណើរការនៅលើទីផ្សារកម្ពុជាចាប់ពីពេលណាមក? និយាយពីប្រវត្តិក្រុមហ៊ុន Forte Insurance គឺយើងចាប់ផ្តើមនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ1997 គឺជាថ្ងៃដែលយើងបានចុះបញ្ជី ប៉ុន្តែកាលៈទេសៈនោះ កម្ពុជានៅមិនទាន់មានអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងពេញសិទ្ធិនៅឡើយទេ គឺគ្រាន់តែចុះបញ្ជីពាណិជ្ជកម្ម និងធ្វើអាជីវកម្មក្រោមស្លាករបស់ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា Caminco កាមិនកូ។ ដំណាក់កាលនោះ ជាដំណាក់កាលដែលយើងគ្រាន់តែរៀបចំការងារប៉ុណ្ណោះ រហូតដល់ថ្ងៃទី1 ខែមករា ឆ្នាំ2003 ទើបក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពេញលេញ។
2.តើយើងត្រូវធ្វើដូចម្តេចខ្លះទើបទទួលបានអាជ្ញាប័ណ្ណពេញលេញដូច្នេះ? កាលណោះក្រុមហ៊ុនក៏មានភាពប្រទាំងប្រទើសផងដែរ ដោយសារក្រុមហ៊ុនខ្លះទទួលបានអាជ្ញាប័ណ្ណពីទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះនៅប្រទេសកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រងនៅឡើយទេ ដូច្នេះហើយបានជាយើងត្រូវជ្រកក្រោមស្លាកក្រុមហ៊ុនជាតិជាមុនសិន រង់ចាំការផ្តល់ឱ្យពីរដ្ឋាភិបាលចេញតាមក្រោយ ព្រោះថា វិជ្ជាជីវៈ ឬមុខរបរធានារ៉ាប់រងនេះ វាជាមុខរបរពាក់ព័ន្ធនឹងហិរញ្ញវត្ថុដូចធនាគារដែរ បើយើងធ្វើមិនបានច្បាស់លាស់ទេ វានឹងបង្កការលំបាក ដូចជាក្រុមហ៊ុនមួយចំនួនបើកដំណើរការមួយរយៈហើយដួលរលំទៅវិញដែលដូចជាការបង្កជាហានិភ័យទៅដល់អតិថិជនដូច្នោះដែរ។
3. រហូតពេលទទួលបានអាជ្ញាប័ណ្ណពេញលេញតើមានអតិថិជនទទួលយកសេវាពី Forte Insurance ដែរឬទេ? បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ2003រួចមក ក្រុមហ៊ុនបានចំណាយពេលពេញមួយឆ្នាំទៀត គឺឆ្នាំ2004 ទើបក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅលើទីផ្សារកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ នៅពេលនោះក្រុមហ៊ុននៅមិនទាន់មានបុព្វលាភធានារ៉ាប់រងច្រើននៅឡើយទេ មានប្រហែលតែជាង 2លានដុល្លារប៉ុណ្ណោះ តែរហូតមកដល់ឆ្នាំ2017នេះ ទើបក្រុមហ៊ុនបានពង្រីកបុព្វលាភរហូតដល់36លានដុល្លារ។
4. តើកាលណោះក្រុមហ៊ុនមានផលិតផលអ្វីខ្លះសម្រាប់លក់នៅលើទីផ្សារ? មុនចូលដល់សំណួរនេះខ្ញុំសូមបញ្ជាក់ថា កម្ពុជាមានអាជ្ញាប័ណ្ណធានារ៉ាប់រង 4ប្រភេទផ្សេងៗគ្នា ក្នុងនោះមាន៖
- អាជ្ញាប័ណ្ណធានារ៉ាប់រងទូទៅ មានដូចជាធានាទៅលើយានយន្ត ទ្រព្យសម្ភារ សំណង់ និងសុខភាពជាដើម
- អាជ្ញាប័ណ្ណធានារ៉ាប់រងអាយុជីវិត ដែលធានាទៅលើអាយុជីវិតមនុស្ស ដូចជាការស្លាប់ជាដើម។
- អាជ្ញាប័ណ្ណធានារ៉ាប់រងបន្ត (Re Insurance) ជាក្រុមហ៊ុនដែលមិនមានផលិតផលធានារ៉ាប់រងខ្លួនឯងទេ។ ក្រុមហ៊ុនធានារ៉ាប់រងបន្តនេះបានផ្ទេរហានិភ័យបន្តពីក្រុមហ៊ុនធានារ៉ាប់រងពីក្រុមហ៊ុនផ្សេង។
- អាជ្ញាប័ណ្ណធានារ៉ាប់រងខ្នាតតូច Micro Insurance។
ងាកមកសំណួរខាងលើវិញ Forte Insurance មានអាជ្ញាប័ណ្ណនៅឆ្នាំ2003 គឺអាជ្ញាប័ណ្ណធានារ៉ាប់រងទូទៅដែលផ្តោតសំខាន់ទៅលើធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងទ្រព្យសម្ភារ ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេង។ នៅសម័យនោះក្រុមហ៊ុនផ្តោតខ្លាំងទៅលើទ្រព្យសម្ភារ ដោយសារតែកាលនោះយើងមានតែក្រុមហ៊ុនបរទេសទេដែលគាត់យល់ពីសារៈប្រយោជន៍នៃការធ្វើធានារ៉ាប់រងទទួលយកសេវាពីក្រុមហ៊ុនទៅធានាលើទ្រព្យសម្ភារ និងការដ្ឋានសំណង់ពួកគេ។
5.នៅសម័យនោះប្រជាពលរដ្ឋនៅមិនទាន់យល់អំពីសារៈសំខាន់នៃវិស័យធានារ៉ាប់រងនៅឡើយទេ ដូច្នេះការលក់ផលិតផលនៅលើទីផ្សារមានជួបការលំបាកដែរឬទេ? ការលំបាកមានច្រើនណាស់ និងមានលក្ខណៈពិសេស និងដាច់ដោយឡែកពីគ្នា។ ការលំបាកទី1 គឺអតិថិជនដែលជាពលរដ្ឋខ្មែរនៅមិនទាន់យល់ថា តើអ្វីទៅជាការធានារ៉ាប់រង? ព្រោះថាវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាយើងបានបាត់បង់តាំងពីឆ្នាំ1975 រហូតមកដល់ឆ្នាំ2003 គឺបាត់មនុស្សអស់មួយជំនាន់ទៅហើយ ដែលជាការលំបាកសម្រាប់ធ្វើឱ្យពលរដ្ឋយល់ពីវិស័យធានារ៉ាប់រងនេះឡើងវិញ ម្យ៉ាងទៀតកាលណោះប្រជាពលរដ្ឋមានចំណូលទាបគឺមានចំណូលត្រឹមតែគ្រប់គ្រាន់ហូបចុកស្លៀកពាក់ បញ្ជួនកូនទៅសាលារៀន និងរស់នៅសមរម្យប៉ុណ្ណោះ មិនមាននៅសល់សម្រាប់ទិញធានារ៉ាប់រងនោះទេ។ ការលំបាកមួយទៀត គឺហេដ្ឋារចនាសម្ព័ន្ធ កាលណោះនៅមិនទាន់មានច្បាប់គ្រប់គ្រាន់ទេ ព្រោះថា ធានារ៉ាប់រងធ្វើឡើងទៅតាមតែកិច្ចសន្យាប៉ុណ្ណោះ ដូច្នេះសម្រាប់ប្រជាពលរដ្ឋគឺមិនទាន់យល់ ហើយតុលាការក៏នៅមិនទាន់យល់ដែរដូច្នេះពេលមានបញ្ហារវាងអ្នកធានា និងអ្នកទិញសេវា និងពេលប្តឹងឡើងតុលាការ គេមិនដឹងដោះស្រាយយ៉ាងម៉េចនោះទេ ដែលនេះគឺជាការលំបាកធំ។
6.បើលំបាកដូច្នេះ តើក្រុមហ៊ុនត្រូវធ្វើដូចម្តេចទើបទទួលជោគជ័យនៅលើទីផ្សារនេះ? កសាងទំនុកចិត្តជូនអតិថិជន គឺជារឿងសំខាន់ជាងគេបំផុត នៅពេលដែលយើងចាប់ផ្តើមនៅឆ្នាំ 1996 ក្រុមហ៊ុនរកស៊ីផ្តោតទៅលើការផ្តល់សំណងឱ្យបានសមរម្យ សមហេតុសមផល ធ្វើយ៉ាងណាផ្តល់ទំនុកចិត្តទៅដល់អតិថិជន ហើយពេលគាត់ទិញធានារ៉ាប់រង គាត់សង្ឃឹមថា នឹងបានបុព្វលាភត្រឡប់ទៅវិញ ពេលគាត់ជួបហេតុការណ៍ចៃដន្យណាមួយ យើងនឹងផ្តល់សំណងទៅតាមការសន្យាពិតប្រាកដ ដោយមិនលេងល្បិចជាមួយអតិថិជននោះទេ គឺយើងកសាងទំនុកចិត្តទាំងវិនិយោគិនបរទេស ទាំងវិនិយោគិនក្នុងស្រុក និងទាំងប្រជាជនទូទៅដែលយើងបានចំណាយពេលវេលាច្រើនធ្វើឱ្យអតិថិជនយល់ថា យើងជាក្រុមហ៊ុនដ៏គួរឱ្យទុកចិត្តមួយ ព្រោះសម័យនោះក្រុមហ៊ុនខ្លះបើកបាន2 ឬ3ឆ្នាំក៏បិទទៅវិញ ដែលធ្វើឱ្យអតិថិជនមិនយល់ថា តើពេលបង់លុយហើយ មិនដឹងថា ក្រុមហ៊ុននឹងសងត្រឡប់វិញមែន ឬអត់?។ ការកសាងទំនុកចិត្តនេះ គឺក្រុមហ៊ុនយើងតែងប្រកាន់ខ្ជាប់រហូតមកទល់បច្ចុប្បន្ន។
7.តើអតិថិជនដំបូងជាប្រជាជនខ្មែរ ឬជនបរទេស? អតិថិជនដំបូងដែលយើងទទួលបានគឺ 95% ជាជនបរទេស និងមានតែ5% ប៉ុណ្ណោះជាជនជាតិខ្មែរ ដោយសារតែពួកគាត់ធ្វើការជាមួយជនបរទេស ហើយក្រុមហ៊ុនបរទេសនោះជាអ្នកទិញធានារ៉ាប់រងឱ្យគាត់ប្រើ។ រហូតដល់ 5ឆ្នាំចុងក្រោយនេះទើបប្រជាពលរដ្ឋយល់ជ្រួតជ្រាបបានច្រើន ពិសេសពលរដ្ឋរស់នៅក្នុងទីក្រុងធំៗ ដោយសារមានវត្តមានក្រុមហ៊ុនខ្នាតអន្តរជាតិធំៗចូលមកក្នុងទីផ្សារកម្ពុជា ហើយនិងការផ្សព្វផ្សាយដែលមានច្រើនទៅៗ ទើបធ្វើឱ្យពលរដ្ឋបានយល់ដឹង។ ខ្ញុំចង់បញ្ជាក់ថា ល្បឿននៃការយល់ដឹងនេះមិនមែនលឿនពេកទេ យើងអាចបង្កើនល្បឿនឱ្យលឿនជាងនេះបានប៉ុន្តែល្បឿននេះក៏អាចជាប់ពាក់ព័ន្ធនឹងកត្តានយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលផងដែរ។
8.មកទល់បច្ចុប្បន្ន តើក្រុមហ៊ុនមានអតិថិជនប៉ុន្មានហើយ និងមានខ្មែរប៉ុន្មានភាគរយ? សម្រាប់អតិថិជនយើងមិនអាចរាប់បានទេ ដោយសារអតិថិជនខ្លះធានាជាឯកជន ខ្លះធានាជាក្រុម ប៉ុន្តែគ្រាន់តែដឹងថា ក្រុមហ៊ុនទទួលបានចំណែកទីផ្សារប្រមាណជា46.7% ក្នុងចំណោម11 ក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជា។ នៅពេលចាប់ផ្តើម យើងមានអតិថិជនខ្មែរតែ5% ប៉ុន្តែបច្ចុប្បន្នអតិថិជនខ្មែរកើនដល់30% ហើយកំណើននេះអាចកើនឡើងកាន់តែច្រើនថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ហើយអតិថិជនធំៗមាននៅភ្នំពេញ ខេត្តកណ្តាលសៀមរាបដែលជាខេត្តទេសចរណ៍ និងអតិថិជននៅខេត្តបាត់ដំបង ក្រុងព្រះសីហនុ និងកំពង់ចាមផងដែរ។
9.តើអតិថិជនដែលទទួលយកសេវាកម្មធានារ៉ាប់រងអាយុជីវិតសុទ្ធតែជាអ្នកមានជីវភាពល្អប្រសើរឬយ៉ាងណាដែរ? មិនមែនដូច្នោះទេ អតិថិជនខ្លះក៏មានចំណូលទាបដែរ ហើយពួកគាត់ភាគច្រើនប្រើធានារ៉ាប់រងខ្នាតតូច ដូច្នេះមនុស្សទូទៅគាត់ត្រូវការការធានារ៉ាប់រងគ្រប់ៗគ្នាសម្រាប់សុវត្ថិភាពហិរញ្ញវត្ថុ ឬសម្រាប់ធានាលើសុខភាពរបស់ពួកគាត់ ដូច្នេះយើងអាចច្នៃផលិតផលរបស់យើងទៅតាមតម្រូវការអតិថិជន។ បើនិយាយពីធានារ៉ាប់រងទូទៅវិញ ភាគច្រើនពួកគាត់មានចំណូលមធ្យមឡើងទៅ តែធានារ៉ាប់រងខ្នាតតូចគឺសម្រាប់ពលរដ្ឋជនបទ។ ហើយForte Insurance មានផលិតផលធានារ៉ាប់រងទូទៅចំនួនដល់ទៅ 200ប្រភេទ ហើយផលិតផលពេញនិយម គឺទ្រព្យសម្ភារ សុខភាព យានយន្ត និងធានារ៉ាប់រងការដ្ឋានសំណង់។
10. តើបច្ចុប្បន្នក្រុមហ៊ុន Forte Insurance មានបុគ្គលិកសរុបទាំងអស់ចំនួនប៉ុន្មានដែរ? បើរាប់ទូទាំងប្រទេសមានចំនួនប្រហែល 170នាក់ នៅប្រទេសឡាវមានបុគ្គលិក 35នាក់ ព្រោះប្រទេសឡាវស្ថិតក្នុងដំណាក់កាលក្រោយយើង។ កាលបើកដំបូងយើងមានបុគ្គលិកតែ 4នាក់ប៉ុណ្ណោះក្នុងដំណាក់កាលនោះខ្ញុំចំណាយពេលច្រើនណាស់ ធ្វើការ 15ម៉ោងក្នុងមួយថ្ងៃ និងធ្វើការ 6ថ្ងៃក្នុងមួយសប្តាហ៍ ហើយថ្ងៃសៅរ៍-អាទិត្យឆ្លៀតទៅរៀនទៀត។ ធ្វើការពេលខ្លះជាន់គ្នាជាមួយការរៀនសូត្រ ជាមធ្យមសរុបទៅ ខ្ញុំធ្វើការប្រហែល 90ម៉ោងក្នុង1សប្តាហ៍។
11.កត្តាអ្វីដែលធ្វើឱ្យលោកធ្វើការច្រើនរហូតដល់ 90ម៉ោងក្នុងមួយសប្តាហ៍? ការបើកក្រុមហ៊ុនដំបូងទាមទារឱ្យមានការខំប្រឹងប្រែង ទាំងការបណ្តុះបណ្តាលបុគ្គលិក និងពិនិត្យការងារកុំឱ្យមានខ្វះចន្លោះផ្សេងៗ ពិសេសមើលអំពីការប្រកួតប្រជែងថា តើដំណើរការដល់កម្រិតណាដែរ ហើយធានារ៉ាប់រងត្រូវតែមានទំនាក់ទំនងជាមួយអន្តរជាតិ ធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនធំៗទាំងក្នុងតំបន់ និងនៅអឺរ៉ុប។ ដំបូងយើងប្រឹងប្រែងធ្វើការរកចំណូល បន្ទាប់មក ក្រោយពីបណ្តុះបណ្តាលបុគ្គលិកហើយ ត្រូវត្រួតពិនិត្យមើលការងារប្រចាំថ្ងៃ។ ដូចនេះការចាប់ផ្តើមដំបូង គឺជាការលះបង់ពេលវេលាសម្រាប់ការងាររបស់យើង។
12.ក្រុមហ៊ុនForte Insurance នេះ តើលោកជាស្ថាបនិកតែម្តង ឬបរទេសជាអ្នកបង្កើត? តាមពិតទៅក្រុមហ៊ុននេះមានភាគហ៊ុនជាមួយបរទេស ប៉ុន្តែខ្ញុំដើរតួជាអ្នកបង្កើត ដោយសារខ្ញុំជាអ្នកធ្វើការងារហ្នឹងផ្ទាល់ ហើយខ្ញុំជាអ្នករត់ការឯកសារច្បាប់ ចុះបញ្ជីផ្សេងៗ និងជាអ្នកគ្រប់គ្រងទូទៅតែម្តង។ ម្ចាស់ភាគហ៊ុនគេដាក់គោលដៅឱ្យខ្ញុំ ដោយចែកភាគហ៊ុនឱ្យទៅតាម Target ដែលខ្ញុំសម្រេចបាន។ ដូច្នេះរហូតមកដល់ពេលនេះ អ្វីដែលខ្ញុំទទួលបានជាញើសឈាមរបស់ខ្ញុំផ្ទាល់តែម្តង។
13. សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ តើក្រុមហ៊ុនគិតនឹងពង្រីកទីផ្សារបន្ថែមទៀតដូចម្តេច? ទីផ្សារ គឺវិវឌ្ឍទៅតាមស្ថានភាពសេដ្ឋកិច្ច មានន័យថា ពេលប្រជាពលរដ្ឋធូរធារគាត់នឹងប្រើប្រាស់សេវាផលិតផលរបស់យើងកាន់តែច្រើនឡើង។ យើងឃើញថា ចំណូលផ្នែកខាងធានារ៉ាប់រងនៅកម្ពុជាស្ថិតនៅក្នុងកម្រិតទាបនៅឡើយបើធៀបជាមួយប្រទេសក្នុងតំបន់ កម្ពុជាមានចំនួនប្រហែល 0.5% នៃGDP ចំណែកប្រទេសជិតខាង ដូចជាវៀតណាមឡើងដល់ 2% និងប្រទេសថៃកើនឡើង 3-4% នៃGDPរបស់គេ ដូច្នេះខ្ញុំគិតថា ទីផ្សារកម្ពុជានៅតែមានសក្តានុពលទៅមុខ។ និរន្តរភាពនៃក្រុមហ៊ុន គឺទីផ្សារក្នុងស្រុក ហើយក្រុមហ៊ុនមានយុទ្ធសាស្ត្រពង្រីកក្នុងតំបន់បន្ថែមទៀត ដែលកាលពីខែកុម្ភៈ 2017 កន្លងមក យើងទទួលបានអាជ្ញាប័ណ្ណពេញលេញក្នុងការប្រតិបត្តិការនៅសាធារណរដ្ឋប្រជាមានិតឡាវ យើងកំពុងតែមើលទីផ្សារថ្មីថែមទៀត ដូចជាមីយ៉ាន់ម៉ា វៀតណាម និងថៃជាដើម។ ហើយយើងជឿជាក់ទៅលើផលិតផលរបស់យើងថាមានចំណុចពិសេសដែលមានសក្តានុពលក្នុងការជ្រៀតចូលទៅក្នុងប្រទេសជិតខាង។ ឧទាហរណ៍ដូចជាក្រុមហ៊ុនផ្សេងមិនហ៊ានធានារ៉ាប់រងមនុស្សឈឺ ឬមនុស្សចាស់ជរា ជាដើម តែយើងហ៊ាន! ដូច្នេះមានតែយើងទេដែលមានផលិតផលសុខភាពនេះ ជួនកាលនៅលើពិភពលោកមិនទាន់មានផង ព្រោះគេគិតថា វាដូចលេងអាប៉ោងបើកគ្របហើយទើបចាក់អ៊ីចឹង ប៉ុន្តែយើងមាន!។ ហើយផលិតផលនេះកំពុងទទួលបានការគាំទ្រខ្លាំងទៀតផង។
14.សម្រាប់ផលិតផលសុខភាពធានាទៅលើមនុស្សចាស់ ឬអ្នកជំងឺឈឺស្រាប់ ដូចជាមានហានិភ័យច្រើន ហេតុអីក្រុមហ៊ុនហ៊ានទទួលយក? អ្វីដែលយើងធ្វើ គឺយើងមានលក្ខណៈពិសេសផលិតផលនេះមិនសំដៅមនុស្សម្នាក់ទេ តែយើងធ្វើសម្រាប់គ្រួសារគាត់ទាំងមូល ទោះជា2នាក់ 4នាក់ ឬ6នាក់ក៏ ដោយយើងមិនគិតថាឈឺឬមិនឈឺទេ។
15.ក្រុមហ៊ុនមានបុគ្គលិកតាំងពី 4នាក់ រហូតមកដល់បច្ចុប្បន្នមានដល់ 170នាក់ តើក្រុមហ៊ុនមានវិធីសាស្ត្រគ្រប់គ្រងបុគ្គលិកបែបណាដែរ? ខ្ញុំសូមជម្រាបផងដែរថា ការរីកចម្រើនរបស់ក្រុមហ៊ុន គឺមិនអាចកាត់ផ្តាច់ពីធនធានមនុស្សបានទេ។ ធនធានមនុស្សជាកត្តាសំខាន់បំផុត ខ្ញុំតែងឱ្យតម្លៃទៅលើធនធានមនុស្ស ខ្ពស់ជាងធនធានទ្រព្យសម្បត្តិប្រាក់កាក់។ ការឱ្យតម្លៃលើធនធានមនុស្ស គឺយើងចំណាយពេលច្រើនណាស់សម្រាប់បណ្តុះបណ្តាល ទាំងជំនាញ និងអត្តចរិត យើងត្រូវធ្វើយ៉ាងណាឱ្យបុគ្គលិកមានអារម្មណ៍ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនរបស់គាត់ កុំឱ្យគាត់គិតថាជារបស់ថៅកែ។ ហើយក្រុមហ៊ុនយើងក៏កំពុងរៀបចំការបែងចែកភាគហ៊ុនទៅដល់បុគ្គលិកទៀតផង។ បុគ្គលិកចាស់ៗដែលនៅជាមួយយើង ខ្លះធ្វើការរយៈពេល 20ឆ្នាំមកហើយ ហើយយើងក៏មានជារង្វាន់លើកទឹកចិត្តសម្រាប់អ្នកធ្វើការលើសពី10ឆ្នាំឡើងទៅដែរ ដូចជាការផ្តល់កាដូប្រចាំឆ្នាំ ដូចជាកាក់មាសជាដើម។
16. ជាចុងក្រោយ តើលោកមានអនុសាសន៍អ្វី ដើម្បីជាការផ្តល់ជូន ក៏ដូចជាការចែករំលែកដល់ អ្នកអានរបស់ឡារ៉ែនដែរទេ? ខ្ញុំយល់ថា ជិវិតសម័យនោះចាប់អ្វីចេះតែខុសកើតខុសជំនាន់ កើតខុសកាលៈទេសៈ ដល់អាយុចូលរៀន អត់បានរៀន ជួបតែសង្គ្រាម លុះខំរៀនចប់ ប្រទេសជាតិប្តូររបបសេដ្ឋកិច្ចទៀត ពីសេដ្ឋកិច្ចផែនការ មកសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែយើងមិនបន្ទោសព្រហ្មលិខិត ឬសង្គមទេ ជាទូទៅខ្ញុំមិនបន្ទោសអ្នកណាទេ ខ្ញុំនៅតែខំប្រឹងបន្តទៀត។ ត្រង់នេះខ្ញុំសូមឱ្យយុវជនទាំងអស់ខិតខំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ តស៊ូក្នុងការងារដើម្បីចាប់យកឱកាសថ្មីៗ ជាពិសេសត្រូវចេះតាមដានសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពិភពលោក ការវិវឌ្ឍរបស់សង្គម ព្រោះវាអាចនឹងជួយឱ្យយើងបត់បែនបានទាន់ពេល និងអាចទទួលបានជោគជ័យក្នុងជីវិត ហើយកុំបន្ទោសសង្គម គឺត្រូវខំប្រឹងប្រែងដោយខ្លួនឯងសម្រាប់ជោគជ័យក្នុងជីវិតគ្រួសារ និងសង្គមរបស់យើង៕

លោកយក់ ចំរើនឫទ្ធិ និងក្រុមគ្រួសារ 
ធនាគារ PPCBank និង Wing បង្កើតសេវាផ្ទេរប្រាក់ពីកូរ៉េទៅដល់ទីជនបទ
ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ដោយថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុដ៏សំខាន់ទាំងពីរនេះបានចាត់ទុកថា វានឹងរួមចំណែកផ្តល់នូវជម្រើសថ្មីមួយសម្រាប់ការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាដោយផ្តល់ជូននូវសេរីភាពហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ពលករ និងជនអន្តោប្រវេសន៍កម្ពុជាជាង 4ម៉ឺននាក់ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។

លោក Shin Chang Moo ប្រធានធនាគារ PPCBank បាននិយាយថា ជាមួយកិច្ចសហការថ្មីនេះ អតិថិជននឹងមានភាពងាយស្រួលកាន់តែខ្លាំងឡើង សម្រាប់ការសម្រេចចិត្តផ្ទេរប្រាក់ទៅឱ្យសាច់ញាតិរបស់ខ្លួនដែលនៅទីជនបទក្នុងប្រទេសកម្ពុជា ព្រោះពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ តែងតែផ្ទេរប្រាក់យ៉ាងច្រើនមកឱ្យមនុស្សជាទីស្រឡាញ់របស់ខ្លួន។
លោកនិយាយថា៖ “ភាពជាដៃគូនេះបានផ្តល់ឱ្យយើងនូវឱកាសដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួលក្នុងការផ្ញើប្រាក់ចាប់ពីថ្ងៃទី2 ខែមេសានេះតទៅ ទៅឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
លោក Ruan Swanepoel នាយកផ្នែកពាណិជ្ជកម្មនៃធនាគារឯកទេស Wing បានលើកឡើងថា ថ្នាក់ដឹកនាំរបស់ធនាគារឯកទេសវីងតែងតែស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពនៃលំហូរមូលនិធិសម្រាប់អតិថិជនរបស់ខ្លួន និងតែងតែរិះរក និងផ្តល់ដំណោះស្រាយទូទាត់ថ្មីៗជានិច្ច។
យោងតាមការផ្សព្វផ្សាយរបស់ធនាគារទាំងពីរប្រជាជនកម្ពុជានៅកូរ៉េខាងត្បូងអាចផ្ញើប្រាក់មកផ្ទះវិញដោយប្រើកម្មវិធីធនាគារចល័តរបស់ធនាគារ PPCBank បានភ្លាមៗ ដោយនេះជាមធ្យោបាយផ្ទេរប្រាក់យ៉ាងលឿនរវាងប្រទេសទាំងពីរ ហើយអ្នកទទួល អាចទទួលបានសាច់ប្រាក់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីវេរលុយ ឬតាមបណ្តាញរបស់វីងចំនួន 5ពាន់កន្លែងនៅទូទាំងប្រទេស។
អតិថិជនក៏អាចផ្ទេរប្រាក់ពីគណនី ធនាគារ PPCBank របស់ពួកគេទៅគណនីវីងបានដែរ។ នេះជាការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមសម្រាប់ប្រជាពលរដ្ឋ ដែលជាគោលបំណងរួមគា្នទៅវិញទៅមករបស់ធនាគារ PPCBank និងវីង។ ភាពជាដៃគូនេះមានចំណុចសំខាន់ៗ ដូចជាឆាប់រហ័ស និងមានសុវត្ថិភាព ងាយស្រួល និងមានតម្លៃសមរម្យ។ សាច់ប្រាក់អាចផ្ទេរដោយផ្ទាល់ទៅគណនីវីង ឬប្រមូលនៅភ្នាក់ងារវីងដែលមានជាង 5ពាន់កន្លែងនៅទូទាំងប្រទេសតាមរយៈលេខកូដសម្ងាត់ 8ខ្ទង់។
ទិន្នន័យផ្ទេរប្រាក់ពីប្រទេសកូរ៉េតាមរយៈធនាគារអេស៊ីលីដា បានបង្ហាញថា ការផ្ទេរប្រាក់ពីសាធារណរដ្ឋកូរ៉េខាងត្បូង មានចំនួនជិត 235លានដុល្លារដោយមានកំណើនប្រមាណ13% ធៀបនឹងឆ្នាំ2016 ដែលមានចំនួនទឹកប្រាក់ជិត 208លានដុល្លារ។
ទិន្នន័យដដែលនេះបង្ហាញថា តាមរយៈចំនួនទឹកប្រាក់ខាងលើនេះ ចំនួននៃការផ្ទេរប្រាក់បានកើនឡើងប្រមាណ15% រហូតដល់ចំនួន 84,057ដងក្នុងឆ្នាំ2017 ធៀបនឹងឆ្នាំ2016 ដែលចំនួននៃការផ្ញើប្រាក់មានចំនួន 73,146ដង។
ពលករកម្ពុជាដែលកំពុងធ្វើការងារនៅប្រទេសសាធារណរដ្ឋកូរ៉េមានជាង 4ម៉ឺននាក់ ដោយផ្ទេរប្រាក់មកប្រទេសកម្ពុជាវិញ ប្រមាណ 300លានដុល្លារ ក្នុង1ឆ្នាំ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕