Author: វល័ក្ខ

  • ទៅ​បាត់ដំបង​ឆ្នាំនេះ កុំ​ភ្លេច​ជិះ​ឡូរី​ទេសចរណ៍​ទៅលេង​ភ្នំ​បាណន់

    ទៅ​បាត់ដំបង​ឆ្នាំនេះ កុំ​ភ្លេច​ជិះ​ឡូរី​ទេសចរណ៍​ទៅលេង​ភ្នំ​បាណន់

    មុនពេល​ផ្លូវ​រថភ្លើង​ភ្នំពេញ-ប៉ោយប៉ែត រៀបចំ​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ ប្រជាជន​ខ្មែរ​ជាពិសេស​យុវវ័យ ចូលចិត្ត​ថតរូប​ដោយ​ផ្តិត​យក​ទេសភាពស្អាតៗលើផ្លូវ​រថភ្លើង ដើម្បី​បង្ហាញ​លើ​បណ្តាញ​សង្គម ខណៈ​មាន​អ្នកខ្លះ​ថែមទាំង​ថតរូប​មុនពេល​អាពាហ៍ពិពាហ៍ (Pre-Wedding) នៅ​ទីនោះ​ទៀតផង។

    ក្រោយមក​នៅ​ចុងឆ្នាំ 2017 និង​ដើមឆ្នាំ 2018 នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានចាប់ផ្តើម​រៀបចំ​ស្ថាបនា​ឡើងវិញ​នូវ​ខ្សែ​រថភ្លើងសំខាន់ៗ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ។  សម្រាប់​ខេត្តបាត់ដំបង​វិញ ដោយសារតែ​មើលឃើញ​ពី​សក្តានុពល​នៃ​ទេសចរណ៍​លើផ្លូវ​រថភ្លើង តាមរយៈ​ការដាក់ឱ្យ​ដំណើរការ «ឡូរី» ដែលជា​យានជំនិះ​សម្រាប់​ដឹក​អ្នកដំណើរ​ខ្នាតតូច​នៅលើ​ផ្លូវ​រថភ្លើង។

    ឡូរី នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​អាជ្ញាធរ​ទេសចរណ៍​ខេត្តបាត់ដំបង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ សហគមន៍​ឡូរី​នៅ​ខេត្តបាត់ដំបង​បាន​ត្រៀម​ឡូរី​ចំនួន 10គ្រឿង​បន្ថែម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ។

    ភ្ញៀវទេសចរ​ជាតិ​ដែល​បាន​ទៅលេង​ភ្នំ​បាណន់ បាន​និយាយថា មូល​ហេតុដែល​ឆ្នាំនេះ​ពួកគាត់​ទៅលេង​រមណីយ​ដ្ឋា​ន​ភ្នំ​បាណន់​ព្រោះ​ពួកគាត់​ចាប់អារម្មណ៍​លើ​ការ​ជិះ​ឡូរី​កម្សាន្ត​មើល​ទេសភាព​ជើងភ្នំ ហើយ​ទីនោះ​មាន​កន្លែង​កម្សាន្ត​ច្រើន ដូចជា​ប្រាសាទភ្នំបាណន់ ចម្ការ​ទំពាំងបាយជូ និង​កន្លែង​ទេសចរណ៍​ក្នុង​តំបន់​មួយចំនួនទៀត។ ចំពោះ​ការ​ជិះ​ឡូរី​វិញ ក្នុង​ម្នាក់​ត្រូវ​ចំណាយ​តែមួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​អាច​ជិះ​បាន​ដល់​ទៅ​ចម្ងាយ 8 គីឡូម៉ែត្រ​លើផ្លូវ​រថភ្លើង​យ៉ាង​ស្រស់ស្អាត រលូន និង​គ្មាន​បញ្ហា​ស្ទះចរាចរណ៍​ឡើយ។

    លោក ជុំ ញ៉ អភិបាលស្រុក​បាណន់ បានឱ្យដឹងថា កន្លងមក​កាលពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន វៀតណាម មាន​ឡូរី​ដាក់ឱ្យ​ដំណើរការ​ដល់​ទៅ 25ឡូរី តែ​មិន​គ្រប់​ទៅនឹង​តម្រូវការ​អ្នកជិះ​នោះទេ ព្រោះ​មាន​អ្នក​រង់ចាំ​ជិះ​ច្រើន​គ្នា ដោយពេល​ខ្លះ​ដើម្បី​បាន​ជិះ​ឡូរី ភ្ញៀវ​ត្រូវ​រង់ចាំ​ដល់​ទៅ 3 ម៉ោង​ក៏មាន។ សម្រាប់​ឆ្នាំនេះ យើង​បាន​បន្ថែម​ឡូរី​ចំនួន 10ទៀត ឱ្យ​គ្រប់​ចំនួន 35 និង​សង្ឃឹមថា​វា​នឹង​អាចបំពេញ​តម្រូវ​ការបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅលេង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​បាន។

    សូមបញ្ជាក់ថា មុនពេល​បង្កើត​ឡូរី រត់តាម​ជើងភ្នំ​បាណន់​នេះ ការពិត​ឡូរី​មាន​តាំងពី​យូរ​មកហើយ គ្រាន់តែ​ការធ្វើ​នៅពេលនោះ​ប្រជាពលរដ្ឋ​រត់​ឡូរី​ដើម្បី​តែ​ដឹក​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ទៅ​ទី​រួម​ខេត្ត​តែប៉ុណ្ណោះ ហើយ​ពេលខ្លះ​ក៏មាន​ការ​ដង្ហែ​កឋិន​តាម​ឡូរី​ម្តងម្កាល​ដែរ។ នៅ​រដូវ​បុណ្យទានម្តងៗ ភ្ញៀវ​ទេសចរណ៍ ចាប់អារម្មណ៍​មក​ជិះ​ឡូរី​ច្រើន ទើប​មានការ​ចងក្រង​គ្នា​ក្លាយជា​សហគមន៍​ទេសចរណ៍ និង​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​អ្នក​ជ្រោមជ្រែង តែ​ក្រោយមក​ដោយសារតែ​រដ្ឋាភិបាល​ស្តារ​ផ្លូវដែក​ឡើងវិញ ទើប​ធ្វើឱ្យ​សហគមន៍​ឡូរី​ខាងលើ​មិនអាច​ដំណើរការបាន​ក៏​សម្រេចចិត្ត​បង្កើត​ថ្មី​នៅ​ស្រុក​បាណន់​តែម្តង។

    យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង បានឱ្យដឹងថា នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម មាន​ភ្ញៀវទេសចរ​មកលេង​នៅក្នុង​ខេត្ត​ប្រមាណ 78,809នាក់ កើនឡើង 94.35% បើ​ធៀប​នឹង​ចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ 2017។ ក្នុងនោះ​រមណីយដ្ឋាន​ដែលមាន​ភ្ញៀវ​ទៅ​កម្សាន្ត​លេង​ច្រើនជាងគេ​គឺ​ប្រាសាទ​បាណន់​ដែលមាន​ឡូរី​សម្រាប់​ជិះ​កម្សាន្ត​លេង​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ដល់​ទៅ​ជាង 18,000នាក់​ចូល​កម្សាន្ត លេង​បន្ទាប់ពី​រមណីយដ្ឋាន​ចម្ការ​ស្វាយ​មួយថ្ងៃ​មាន​ដល់​ទៅ​ជាង 2,000នាក់។ ក្រៅពីនោះ​មាន​ភ្នំ​សំពៅ ប្រាសាទឯកភ្នំ បឹង​កំពីងពួយ ជ្រលង​បុព្វ​តា សេក​សក ទឹក​ពុះ​កំរៀង ដែលមាន​ភ្ញៀវ​ទៅលេង​ក្នុង​មួយថ្ងៃ​ប្រមាណ 400នាក់​ក្នុងមួយកន្លែង៕

  • លោក លី តារា ចែករំលែក​ពី​ការបង្កើត​ស្នាដៃ​និពន្ធ​ជា​ភាសា​អង់គ្លេស

    លោក លី តារា ចែករំលែក​ពី​ការបង្កើត​ស្នាដៃ​និពន្ធ​ជា​ភាសា​អង់គ្លេស

    ជា​អ្នកនិពន្ធ​វ័យក្មេង និង​ជា​ម្ចាស់​ស្នាដៃ​និពន្ធ​ជា​ភាសា​អង់គ្លេស​ដែល​កំពុង​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​យុវវ័យ រួមទាំង​ប្រជាជន​កម្ពុជា​ជាច្រើន​ផង​នោះ​លោក លី តារា បាន​បន្ត​បោះពុម្ពផ្សាយ​សៀវភៅ​ប្រកបដោយ ភាពជោគជ័យ និង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​គំហើញថ្មីៗទាំង​ក្នុងប្រទេស និង​ឯកសារ​នានា​លើ​ពិភពលោក​សម្រាប់​ផ្តល់​ជា​គំនិត​តាមបែប​អក្សរសិល្ប៍​ដល់​ប្រជាជន​ខ្មែរ។

    ខាងក្រោម​នេះ ជា​កិច្ចសម្ភាសន៍​រវាង​លោក លី តារា ជាមួយនឹង​អ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ ដែល​ពាក់ព័ន្ធ​នឹង​គន្លឹះ​មួយចំនួន​ក្នុងការ​និពន្ធ​សៀវភៅ​ដែលមាន​លក្ខណៈ​សកល និង​ជា​ភាសា​អង់គ្លេស​សម្រាប់​ជា​ទុន​នៃ​គំនិត​ក្នុងការ​ពិចារណា​លើ​ការបង្កើត​ស្នាដៃ​ថ្មី។

    1. តើ​ការនិពន្ធ​សៀវភៅ​មួយ​ក្បាល​ត្រូវការ​ការតាំង​ចិត្ត និង​លក្ខខណ្ឌ​អ្វីខ្លះ?

    សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ការ​តែង​និពន្ធ​មិន​ខុសពី​កិច្ចការងារ​ផ្សេង​ប៉ុន្មាន​នោះទេ។ ការធ្វើការងារ ការសិក្សា ឬ​ការធ្វើ​អាជីវកម្ម និង​ការ​តែង​និពន្ធ​គឺ​មិន​ខុសគ្នា​ទេ ដើម្បី​សម្រេច​ជោគជ័យ​បាន​លុះត្រាតែ​ត្រូវការ​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ធនធាន ដើម្បី​ជម្នះ​ឧបសគ្គ និង​ឆ្លងកាត់​ការបរាជ័យ។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បានដាក់​ការតាំង​ចិត្ត​របស់ខ្ញុំ​លើក្តី​ស្រមៃ ដែល​ចង់ឃើញ​ស្នាដៃ​មួយ​កើតចេញ​ជា​រូបរាង​ឡើង ហើយ​ស្រមៃ​រួចជាស្រេច​ពី​អារម្មណ៍ និង​កម្លាំងចិត្ត​ដែល​នឹង​កើតឡើង​ក្រោយពេល​សៀវភៅ​មួយ​ក្បាល​ត្រូវបាន​បោះពុម្ពផ្សាយ​ចេញ​ជា​សាធារណៈ។

    ខ្ញុំ​ធ្លាប់​សរសេរថា អ្នកនិពន្ធ​ដែល​បង្កើត​ស្នាដៃ​បាន អ្នកនិពន្ធ​ខ្លះ​មាន​ផ្ទៃពោះ ហើយ​ខំ​សរសេរ​ផង​ចំណាយពេល​ថែរក្សា​សុខភាព​ផង ហើយ​អ្នក​ខ្លះទៀត​ត្រូវធ្វើ​ការងារ​ផង ហើយ​ចំណាយ​ពេលយប់ជ្រៅ​ដើម្បី​សរសេរ និង​អ្នក​ខ្លះទៀត​ត្រូវ​ចំណាយពេល​ច្រើន ដើម្បី​បង្កើតជា​សៀវភៅ​មួយ​ក្បាល​ចេញមក តែ​ក្រោយ​ពេលដែល​គាត់​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងអស់នោះ គឺ​សុទ្ធតែ​មានតម្លៃ​ខ្លាំង​សម្រាប់​មនុស្ស និង​សង្គម ហេតុនេះ​នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ ខ្ញុំ​តែងតែ​នឹកឃើញ​កម្លាំង​ជំរុញ​ទាំងអស់នោះ។

    1. តើ​ការនិពន្ធ​សៀវភៅថ្មីៗបានផ្តល់​ផល​វិជ្ជមាន​អ្វីខ្លះ​សម្រាប់​សង្គម?

    ការនិពន្ធ​សៀវភៅ​ថ្មី​មាន​ចំណុច​សំខាន់បំផុត គឺ​ផ្នែក​អប់រំ ទាំង​ការអប់រំ​តាម​ប្រព័ន្ធ​អប់រំ និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ។ ក្រសួង​អប់រំ​ក៏បាន​មើលឃើញ​ផងដែរ​ពីសាៈ​សំខាន់​នៃ​ការអាន​តាមរយៈ​ការជំរុញឱ្យមាន​ទិវា​អំ​ណាន និង​ចលនា​ជាច្រើន​ទៀត​សម្រាប់​បំផុស​ការអាន ព្រោះ​គាត់​មើលឃើញថា ការអាន​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស។ ការបង្កើត​ស្នាដៃ​ថ្មី គឺជា​ផ្នែក​មួយ​ដែល​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​បង្កើន​ការអាន​ក្នុងសង្គម ដែល​វា​នឹង​រុញច្រាន​មនុស្ស​ឱ្យមាន​ការគិត​ស៊ីជម្រៅ ទាំង​អ្នក​ដែល​ទទួលបាន​ការសិក្សា​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ មានន័យថា អ្នក​ដែល​បាន​ចូលរួម​ជំនាញសំខាន់ៗគាត់​នឹង​យល់​ពី​ទ្រឹស្តី ឬ​រូបមន្ត​ដែល​គាត់​បាន​ជួប តែ​អ្នក​ដែល​មិនបាន​ចូលរៀន ក៏​គាត់​អាច​ជ្រើសរើស​ការអាន​សៀវភៅ​ដើម្បី​បណ្តុះ​គំនិត និង​ទទួលបាន​ចំណេះដឹងថ្មីៗដែរ។

    1. តើ​មកដល់ពេលនេះ លោក​និពន្ធ​សៀវភៅ​បាន​ប៉ុន្មាន​ក្បាល​ហើយ? មាន​ចំណងជើង​អ្វីខ្លះ​ហើយ​ហេតុអ្វី​បានជា​សម្រេចចិត្ត​និពន្ធ​សៀវភៅនីមួយៗឡើង?

    បច្ចុប្បន្ននេះ​ខ្ញុំ​និពន្ធ​បាន​ចំនួន 6ក្បាល ដែល​ទាំងអស់នេះ គឺ​សរសេរ​ជា​ភាសា​អង់គ្លេស ដោយ​ក្នុងនោះ រួមមាន ទី1 គឺ​សៀវភៅ “Dara Ly Reading Standard” ជា​សៀវភៅ​មួយ​ដែល​ខ្ញុំ​បង្ហាញ វិធីសាស្ត្រ​អាន។ ខ្ញុំ​សរសេរ​សៀវភៅ​នេះ​បន្ទាប់ពី​ខ្ញុំ​បានធ្វើ​ការងារ​ជាមួយនឹង​អ្នកអាន មួយចំនួន​ដែល​អ្នកខ្លះ ជា​និស្សិត​មហាវិទ្យាល័យ​អ្នកខ្លះ​ជា​សិស្ស​នៅ​វិទ្យាល័យ និង​អ្នក​ខ្លះទៀត​ជាអ្នកធ្វើការងារ ឬ​រកស៊ី​ជាដើម។ ក្នុងនោះ​ខ្ញុំ​បានឃើញ​ពួកគាត់​មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ផ្លាស់ប្តូរ​ខ្លួនឯង​ពី​មនុស្ស​មិន​ធ្លាប់​អាន​មក​ក្លាយជា​អ្នកអាន​យ៉ាង​ល្អ ហើយ​ខ្ញុំ​ក៏បាន​ប្រើប្រាស់​វិធី​មួយចំនួន​ដែល​ខ្ញុំ​មាន​សម្រាប់​ខ្លួនឯង ដើម្បី​បង្កើតជា​សៀវភៅ​មួយ​ក្បាល​ដើម្បី​ជំរុញ​លើកទឹកចិត្ត​មនុស្ស​ដែល​កំពុងមាន​បញ្ហា​ខ្ជិល​អាន រវល់​ខ្លាំង និង​មាន​បញ្ហា​ជាច្រើន​ទៀត​ដើម្បីឱ្យ​ពួកគាត់​អាច​អាន​បានល្អ។

    ទី2 គឺ​សៀវភៅ “Book and Crush” សៀវភៅ​នេះ គឺជា​ភាគ​បន្ត បន្ទាប់ពី​បាន​បោះពុម្ពផ្សាយ​សៀវភៅ​លើក​ទី1ជោគជ័យ​ខ្លះ ហើយ​អត្ថន័យ​នៅក្នុង​សៀវភៅ​នេះ​គឺ​ទាញ​ភ្ជាប់​ការអាន​ជាមួយនឹងការរស់នៅ​ប្រចាំថ្ងៃ​ជាក់ស្តែង និង​ហេតុផល​ជាច្រើន​ផ្សេងទៀត​ដែល​ការអាន​បាន​ផ្លាស់​ប្តូរជីវិត​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរឡើង។

    ទី3 គឺ “Because I was selfish volume 1” សរសេរ​ពី​វិធីសាស្ត្រ​រំដោះ​មនុស្ស​ពី​ការបាក់​ទឹកចិត្ត។ ក្នុងការ​រស់នៅ​របស់​មនុស្សម្នាក់ៗ គឺ​តែងតែមាន​ការជួប​ឧបសគ្គ ការផ្លាស់ប្តូរ​ស្ថានភាព​ជីវិត​ចុះ និង​ឡើង ហើយ​ឧបសគ្គ​ទាំងអស់នោះ​អាចធ្វើឱ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង និង​ពេលខ្លះ​អាចធ្វើឱ្យ​មនុស្ស​រឹងមាំ​ជាង​មុន ឬ​អាចធ្វើឱ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​អាត្មានិយម។ មាន​មនុស្ស​ខ្លះ​ជោគជ័យ​លើ​ការងារ តែ​បរាជ័យ​ក្នុង​ជីវិត​គ្រួសារ ឬ​ស្នេហា​អ្នកខ្លះ​ជោគជ័យ​លើ​ផ្នែក​មួយ តែ​ផ្នែក​ផ្សេងទៀត​បរាជ័យ​ក៏មាន ហេតុនេះហើយ​ទើប​ខ្ញុំ​សរសេរ​សៀវភៅ​នេះ​ឡើង​ដើម្បី​ទុកជា​គំនិត​សម្រាប់​ពិចារណា។

    ទី4 គឺ “Because I was lazy to learn” សៀវភៅ​នេះ​គឺ​សរសេរ​ដើម្បី​ជំរុញ​មនុស្ស​ឱ្យមាន​កម្លាំងចិត្ត​ក្នុងការ​សិក្សា និង​ដោះស្រាយ​បញ្ហា​ជីវិត​តាមរយៈ​ការអប់រំ។

     

    ទី5 “Who is She?” លើក​នេះ​ប្លែក គឺ​ខ្ញុំ​សរសេរ​ពី​ជីវិត​របស់​មនុស្ស​ស្រី​ចំនួន 49នាក់ ដោយ​ក្នុងនោះ គឺ​លើកឡើង​ពី​បញ្ហា​នានា​របស់​មនុស្ស​ស្រី​ក្នុងការ​រស់នៅ និង​ក្នុងសង្គម។ ខ្ញុំ​ចំណាយពេល 4 ទៅ5ឆ្នាំ​ដើម្បី​ប្រមូល​តួអង្គ និង​សិក្សា​ពី​បញ្ហា​របស់​មនុស្ស​ស្រី​ទាំងអស់នោះ ដើម្បី​ដកស្រង់​យកមក​ធ្វើជា​ចំណោទបញ្ហា​សម្រាប់​ដោះស្រាយ​តាមរយៈ​វិធីសាស្ត្រ​របស់​អ្នកនិពន្ធ។

    ទី6 “Because I was Selfish volume 3” សៀវភៅ​នេះ គឺ​ចេញ​មុន volume 2 ព្រោះ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង volume 1 ដោយ​ផ្តោតលើ​ការបាក់​ទឹកចិត្ត​ដូចគ្នា​ដែរ តែ​លើក​នេះ​និយាយ​ពី​ការ​ងើបឡើង​វិញ​នៃ​វិបត្តិ​របស់​មនុស្ស ដោយ​នាំ​អ្នកអាន​ឱ្យមើល​ឃើញ​ពី​វិធី​ជាច្រើន​ថា ប្រសិនបើ​គាត់​ធ្លាក់ចូល​ស្ថានភាព​មិនល្អ តើ​គាត់​អាច​ងើបឡើង​ដោយ​វិធី​ណាខ្លះ?។

    1. តើ​ការនិពន្ធ​សៀវភៅ​ជា​ភាសា​អង់គ្លេស​មាន​លក្ខណៈពិសេស​ខុសពី​ការនិពន្ធ​សៀវភៅ​ជា​ភាសា​ខ្មែរ​ដូចម្តេចខ្លះ?

    ខ្ញុំ​យល់ថា ដោយសារតែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ជា​អ្នកអាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​ច្រើនជាង​សៀវភៅ​ជា​ភាសា​ខ្មែរ នោះ ពេលខ្លះ​ខ្ញុំ​គិតថា វា​មាន​លក្ខណៈ​ងាយស្រួល ព្រោះ​ការប្រើប្រាស់​ភាសា​អង់គ្លេសអាច​សម្បូរ​ឯកសារ​ច្រើន​ដើម្បី​គាំទ្រ។ នៅពេលដែល​យើង​ខ្វះ​ឯកសារ​មួយចំនួន គឺអាច​ស្វែងរក​តាម​អី​ុ​ន​ធើ​ណិ​ត និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​បាន ដោយ​មិនចាំបាច់​ទៅ​បណ្ណាល័យ​ដោយផ្ទាល់​នោះទេ។ ម្យ៉ាងទៀត​ដូចដែល​យើង​ដឹង​ហើយ​ថា ការសរសេរ​មាន​ច្រើន​ទម្រង់ ហើយ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ចូលចិត្ត​ការសរសេរ​បែប​ច្នៃប្រឌិត (creative writing) ឬ​អក្សរសិល្ប៍​ជាដើម ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំ​មាន​ភាពងាយស្រួល​បញ្ចូល​សិល្បៈ និង​ការប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន។ តែ​ទោះជា​យ៉ាងនេះ​ក្តី ការសរសេរ​ជា​ភាសា​ខ្មែរ​ក៏មាន​ចំណុចខ្លាំង​ច្រើន​ដែរ ព្រោះ​វិធីសាស្ត្រ​នៃ​ការសរសេរ រួមទាំង​សិល្បៈ​នៃ​ការនិពន្ធ គឺមាន​លក្ខណៈ​ល្អ​ដូចគ្នា។

    1. តើ​ការនិពន្ធ​សៀវភៅ​មាន​ឧបសគ្គ និង​កត្តា​ប្រឈម​អ្វីខ្លះ? ហើយ​លោក​ដោះស្រាយ​វា​ដោយ​វិធី​ណា?

    សម្រាប់​ខ្ញុំ​ទី1 គឺ​បញ្ហា​តម្លៃ​របស់​ស្នាដៃ ដែល​កន្លែង​នេះ​មិនមែន​ផ្តោតលើ​តម្លៃ​ក្នុង​ការលក់​សៀវភៅ​នោះទេ តែ​ផ្តោតទៅលើ​គុណ​តម្លៃ​នៃ​ផលិតផល​ដែល​បង្កើតឡើង។ មានពេលខ្លះ​នៅពេលដែល​យើង​និពន្ធ​សៀវភៅ​មួយ​ក្បាល​ឡើង​ហើយ​បន្ត​សរសេរ​ស្នាដៃបន្ទាប់ៗទៀត​នោះ អ្នកអាន​មួយចំនួន​បានផ្តល់​យោបល់​ល្អ និង​ជំរុញ​ទឹកចិត្ត តែ​ពេលខ្លះ​ក៏មាន​អ្នកអាន​មួយចំនួន​បាន​បង្អាក់​ទឹកចិត្ត​យើង​ដែរ ដោយសារតែ​គាត់​មិនបាន​មើលឃើញ​ពី​តម្លៃ​នៃ​ស្នាដៃ​នោះ។ បញ្ហា​ទី2 គឺ​ប្រព័ន្ធ ឬ​ដំណើរការ​នៃ​ការបោះពុម្ពផ្សាយ ព្រោះ​ពេលខ្លះ​យើង​ខ្វះ​ធនធានមនុស្ស​ក្នុង​ការធ្វើការងារ​ជាប់លាប់​ក្នុងការ​កែសម្រួល​អត្ថបទ​គ្រប់ពេល។ ប្រសិនបើ​យើង​ផ្តល់​តម្លៃ​ខ្លាំងពេក​លើ​ជនបរទេស យើង​នឹង​អាចមាន​បញ្ហា តែ​ប្រសិនបើ​យើង​មិន​ធ្វើបែបនេះ​យើង​នឹងខ្វះ​ធនធានមនុស្ស ហេតុនេះ​ក្នុង​កាលៈទេសៈ​នេះ គឺ​យើង​ចងក្រង​គ្នា​ជា​ក្រុម​ដើម្បី​ធ្វើ​ការងារ​ទៅតាម​ផ្នែកនីមួយ។

    1. តើ​លោក​មាន​យោបល់​អ្វីខ្លះ​ដើម្បី​ជំរុញ​អ្នកនិពន្ធ​វ័យក្មេង​នៅ​កម្ពុជា​ឱ្យ​បន្ត​ខិតខំ​បង្កើត​ស្នាដៃថ្មីៗបន្ថែមទៀត?

    ខ្ញុំ​គិតថា យើង​គ្រប់គ្នា​គួរតែបង្កើត​ទម្លាប់​ល្អ​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បន្ត​សិក្សា​ពីគ្នា​ពី​គ្រប់​ចំណុច​ដែលជា​តម្រូវការ​របស់​សង្គម។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​ចង់​និយាយ​ពី​បញ្ហា​បរិស្ថាន ហើយ​យើង​មាន​ជំនាញ​ផ្នែក​នេះ យើង​គួរ​បន្ត​សិក្សា​ស្រាវជ្រាវ​ដើម្បី​បង្កើតជា​ស្នាដៃ​ដើម្បី​ទុកជា​ប្រភពព័ត៌មាន​សម្រាប់​អ្នកផ្សេង​ទៀត​ដែល​មិនទាន់មាន​មូលដ្ឋានគ្រឹះ​ផ្នែក​នេះ ហើយ​ពេលខ្លះ​អ្នកនិពន្ធ​ខ្លួនឯង ក៏​គួរ​ដើរតួ​ជា​អ្នកអាន ដែល​រីករាយ​នឹង​ស្វែងយល់​នូវ​ចំណុចថ្មីៗពី​អ្នកនិពន្ធ​ដទៃ​ផ្សេងទៀត​ដែល​បាន​បង្កើត​ស្នាដៃ​ឡើង​ដែរ៕

  • លោក Heynckes រីករាយ ក្រោយពី Bayern រក្សា​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពាន 3

    លោក Heynckes រីករាយ ក្រោយពី Bayern រក្សា​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពាន 3

    លោក JuppHeynckes បាន​សម្តែង​នូវ​ការរីករាយ​របស់លោក​ចំពោះ​សមត្ថភាព​របស់​ក្រុម Bayern Munich ក្នុងការ​រក្សា​ការធ្វើដំណើរ​ឆ្ពោះទៅមុខ​របស់​ពួកគេ បើទោះបី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Sevilla ក៏ដោយ ខណៈដែល​ពួកគេ​បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League។ Bayern បាន​ឈានទៅ​វគ្គ 4ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ពុធ ជា​លើក​ទី7 ក្នុង​រយៈពេល 7រដូវ​កាល ក្រោយពី​ទទួលបាន​ជ័យជម្នះ​ទាំង 2ជើង​ក្នុង​លទ្ធផល 2-1 បន្ទាប់ពី​ជ័យជម្នះ​របស់​ពួកគេ​ក្នុងការ​ប្រកួត​ជើង​ទី1 ក្នុងប្រទេស​អេ​ស្ប៉ា​ញ កាលពី​សប្តាហ៍​មុន។

    ខ្សែបម្រើ​ស្លាប Franck Ribery រកបាន​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម Bayern ក្នុងការ​ប្រកួត​ជើង​ទី2 នា​កីឡដ្ឋាន Allianz Arena ប៉ុន្តែ ការ​ស៊ុត​បាល់​របស់គេ​ចំ​ទៅនឹង​អ្នកចាំទី David Soria របស់​ក្រុម Sevillaតែម្តង​ក្នុងការ​ប្រកួត​តង់​ទី1។

    ខ្សែបម្រើ Joaquin Correa របស់​ក្រុម Sevilla បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​របារ​ទី នៅមុន​ពេល​រង​ការពិន័យ​កាត​ក្រហម​ណ្តេ​ញ​ចេញ នៅ​ជិត​បញ្ចប់​ការប្រកួត​សម្រាប់​ការប្រព្រឹត្ត​កំហុស​ទៅលើ​កីឡាករ Javi Martinez។ លោក Heynckes បាន​សម្តែង​នូវ​ការរីករាយ និង​ពេញចិត្ត​ទៅលើ​លទ្ធផល​នេះ បើទោះបី​ពួកគេ​មិនអាច​ទម្លុះ​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម Sevilla ក៏ដោយ។ គ្រូបង្វឹក​ចាស់វស្សា​រូប​នេះ​បានឱ្យដឹងថា៖ «អ្នក​មិនអាច​លេង​បាន​យ៉ាង​ល្អឥតខ្ចោះ និង​យកឈ្នះ​លើ​គូប្រកួត​ដោយ​ងាយ​ឡើយ។ ពេលខ្លះ អ្នក​ត្រូវតែ​ការពារ​មិន​ឲ្យ​ពួកគេ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី»៕

    ប្រភពពី៖ The Sun

  • Ronaldo ធ្វើឱ្យ Juventus ខកចិត្ត បើទោះបី Real ចាញ់​ក្នុង​ជើង​ទី2

    Ronaldo ធ្វើឱ្យ Juventus ខកចិត្ត បើទោះបី Real ចាញ់​ក្នុង​ជើង​ទី2

    ក្រុម Real Madrid បាន​ឈានទៅ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ឆ្នាំ​ទី8 ជាប់ៗគ្នា បើទោះបី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 3-1 ក្រោម​ស្នាដៃ​ក្រុម Juventus ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ 8ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ពុធ​ក៏ដោយ។

    ក្រុម Real បាន​ឈានចូល​ទៅកាន់​ការប្រកួត​នេះ​នៅ​កីឡដ្ឋាន Bernabeu ជាមួយនឹង​ការជឿជាក់​ដ៏​ធំ​មួយ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី1 ក្នុង​លទ្ធផល 3-០ ក្នុង​ទីក្រុង Turin កាលពី​សប្តាហ៍​មុន។ ប៉ុន្តែ Juventus បាន​បំពេញ​ការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយ​ដើម្បី​តាម​ស្មើ​វិញ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី1 របស់​ខ្សែប្រយុទ្ធ Mario Mandzukic នៅ​មុនពេល​ខ្សែបម្រើ Blaise Matuidi បាន​បំពេញ​ការរក​គ្រាប់​បាល់​ទី3 សម្រាប់​ក្រុម​ខ្លួន។

    ទោះបីជា​យ៉ាងណា ស្រប​ពេលដែល​ការប្រកួត​ជើង​ទី2នេះ ហាក់ដូចជា​ត្រូវ​ឈានចូល​ដល់​នាទី​បន្ថែម 15នាទី 2ដង​ទៅហើយ លោក​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស Michael Oliver បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​ទៅ​ឲ្យ Real នៅ​ជិត​បញ្ចប់​ការប្រកួត។ ស្រប​ពេលដែល​ការប្រកួត​ឈានដល់​នាទី​ទី97  Ronaldo បាន​ស៊ុត​បាល់​ពី​ចំណុច11ម៉ែត្រ​ចូល​ទី​យ៉ាង​ល្អ ដើម្បី​ធ្វើឱ្យ​ក្រុម​ខ្លួន​ទទួលបាន 1គ្រាប់​មកវិញ តែ​ក៏​នៅតែ​ចាញ់ Juventus ក្នុង​លទ្ធផល 3-1 ប៉ុន្តែ​សរុប​ទាំង 2ជើង Real Madrid នៅតែ​ឈ្នះ​ក្នុង​លទ្ធផល 4-3។

    អ្នកចាំទី Gianluigi Buffon ដែល​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ជា​លើក​ទី25 របស់គេ និង​អាចជា​លើកចុងក្រោយ មុននឹង​ចូលនិវត្តន៍​នោះ បាន​រង​ពិន័យ​កាត​ក្រហម​សម្រាប់​ការតវ៉ា​របស់គេ។ បន្ទាប់ពី​ការប្រកួត​នេះ Ronaldo បាន​ប្រាប់​ទូរទស្សន៍ beIN Sports ថា៖ «ខ្ញុំ​មិន​យល់​សោះ ហេតុអ្វី​បានជា​ពួកគេ​ធ្វើ​ការតវ៉ា​ទៅលើ​បាល់​ប៉េ​ណា​ល់​ទី»៕

    ប្រភពពី៖ The Guardian

  • ធនាគារ CIMB ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ដោយ​ការអបអរ​បុណ្យចូលឆ្នាំ​ខ្មែរ ដល់​អតិថិជន នៅ​ទូទាំងប្រទេស

    ធនាគារ CIMB ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ដោយ​ការអបអរ​បុណ្យចូលឆ្នាំ​ខ្មែរ ដល់​អតិថិជន នៅ​ទូទាំងប្រទេស

    ភ្នំពេញ៖ កាលពី​ថ្ងៃ១១ ខែមេសា​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំ​ប្រារព្ធ​ពិធី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ក្នុងឱកាស​ទិវា​ថ្លែងអំណរគុណ​អតិថិជន នៅ​គ្រប់​សាខា​ទាំង១៣ ទូទាំងប្រទេស។ ពិសេស​ប្លែក​ខុសពី​សព្វមួយដង អតិថិជន​របស់​ធនា​គារ​ទទួលបាន​ភាព​ភ្ញាក់ផ្អើល​រីករាយ តាមរយៈ​ការតុបតែង​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ នៅតាម​សាខា​របស់​ធនាគារ CIMB រួមមាន​ការសម្តែងរ​បាំ​ទ្រុត ការតុបតែង​ក្នុង​សាខា ភេសជ្ជៈ​និង​នំ​ខ្មែរ ព្រមទាំង​សម្លៀកបំពាក់​ប្រពៃណី​របស់​បុគ្គលិក​ផងដែរ។ មិនតែប៉ុណ្ណោះ រាល់​អតិថិជន ដែល​បាន​អញ្ជើញ​មកកាន់​សាខា​ណាមួយ​របស់​ធនាគារ ក៏​ទទួលបាន​ក្រមា​ខ្មែរ ទុកជា​កាដូ​អនុស្សាវរីយ៍​ទៀតផង។

    នេះ​គឺជា​ការ​ប្រារព្ធ​ធ្វើ​ទិវា​ថ្លែងអំណរគុណ​អតិថិជន​លើក​ទី២ របស់​ធនាគារ CIMB បន្ទាប់ពី​ទទួលបាន​មតិយោបល់​ជា​វិជ្ជមាន សម្រាប់​ការ​ប្រារព្ធ​ពិធី កាលពី​ឆ្នាំមុន។ តាមរយៈ​កម្មវិធី​យកចិត្តទុកដាក់​ដល់​អ​តិ​ថិ​ជននេះ ធនាគារ CIMB បានបង្ហាញ​ពី​ការថ្លែងអំណរគុណ ដល់​អតិថិជន​គ្រប់រូប សម្រាប់​ការបន្ត​គាំទ្រ​របស់​ពួកគេ។ ក្នុងឱកាស​ដ៏​ឱ​ឡា​រឹក​នេះ ធនាគារ CIMB បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល ដោយ​ផ្តល់នូវ​សេវាកម្ម​បម្រើ​អតិថិជន​ជាពិសេស ពី​សំណាក់​និង​គណៈ​គ្រប់គ្រង​របស់​ធនាគារ រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ (CEO) ប្រធាន​នាយក​ប្រតិបត្តិ​រួម (DCEO) និង​នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល។

    កម្មវិធី​នេះ​មិន​ត្រឹមតែ​បង្កើត​នូវ​ឱកាស សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​គ​ណៈ​គ្រប់គ្រង និង​បុគ្គលិក​ជួរមុខ​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កើត​នូវ​ដំណើរការ​ទទួលយក​ម​តិ​យោបល់​អតិថិជន​ដោយផ្ទាល់​ផងដែរ។ ដោយមាន​ការទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន គណៈ​គ្រប់គ្រង​របស់​ធនាគារ​អាច​យល់ដឹង​កាន់តែច្បាស់​អំពី​កង្វះខាត​នានា ដែល​អតិថិជន​កំពុង​ជួបប្រទះ។ ដូច្នេះ​ធនាគារ​អាច​កែលម្អ និង​នាំយក​សេវាកម្ម​បម្រើ​អតិថិជន​ល្អប្រសើរ ដើម្បី​បំពេញតម្រូវការ​អតិថិជន។

    លោកស្រី​ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB បាន​ថ្លែងថា៖ «នៅ​ធនាគារ CIMB អតិថិជន​គឺជា​អ្វី ដែល​យើង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត។ ការបន្ត​គាំទ្រ​របស់​អតិថិជន​បានរួម​ចំណែក​ដល់​ភាព​រីកចម្រើន​ឥតឈប់ឈរ​របស់​ធនា​គារ តាំងពី​បើក​ដំណើរការ​ដំបូង។ ហើយ​កម្មវិធី​ថ្ងៃនេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ថ្នាក់ដឹកនាំ​ធនាគារ និង​អតិថិជន​ដោយផ្ទាល់ ឲ្យ​កាន់តែ​ជិតស្និទ្ធ។ នេះ​គឺជា​អ្វីដែល​យើង​យកចិត្តទុកដាក់ និង​តបស្នង​ដល់​អតិថិជន​របស់​យើង ព្រមទាំង​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខ ជាមួយគ្នា ដើម្បី​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ឆ្នាំ​ថ្មី ទាំងអស់គ្នា»។

    លោក​សម្បត្តិ ដែលជា​អតិថិជន​របស់​ធនាគា​រ CIMB តាំងពី​បើក​ដំណើរការ​ធនាគារ​ដំបូង​មកម្ល៉េះ បាន​រៀបរាប់​ពីបទ​ពិសោធន៍ និង​អារម្មណ៍​ផ្ទាល់ខ្លួន​ថា៖ «ថ្ងៃនេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​ខ្ញុំ​មិនបាន​រំពឹងថា មានកម្ម​វិធី​ធនាគារ​ពិសេស​ដូច្នេះ​ឡើយ។ ពេលមកដល់​សាខា​នេះ ខ្ញុំ​ឃើញ​បុគ្គលិក​ធនាគារ​ស្លៀកពាក់​បែប​ប្រពៃណី ហើយ CEO និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ នៅក្នុង​បញ្ជរ រួច​បម្រើ​សេវាកម្ម​ដល់​ខ្ញុំ។ ខ្ញុំ​សូម​សរសើរ ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ ដល់​អតិថិជន​ដូច្នេះ ហើយ​ព្រមទាំង​មានការ​ប្រារព្ធ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​ដ៏​រីករាយ​ទៀតផង»។

    គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​សាខា​ទាំង១៣ របស់​ធនាគារ CIMB នៅ​ទូទាំងប្រទេស មាន​អតិថិជន​សរុប​ប្រមាណ ១.០០០នាក់ ដែល​បាន​ចូលរួម​រីករាយ និង​មាន​ភាព​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ថ្លែងអំណរគុណ​អតិថិជន និង​អបអរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ អំឡុងពេល​មួយថ្ងៃ​នេះ។ នេះ​គឺជា​លើក​ទី២ហើយ ដែល​ធនាគារ CIMB បានរៀបចំ​ព្រឹត្តិការណ៍​រំភើប​រីករាយ​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ជួយ​ជម្រុញ​ឲ្យ​ធនាគារ CIMB មានការ​រីកចម្រើន​ឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១០៕

  • មុន​ទិញ-លក់​ដី គួរ​ដឹង​ពី​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ជាមុន

    មុន​ទិញ-លក់​ដី គួរ​ដឹង​ពី​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ជាមុន

    ការទិញ-លក់​ដី​ក្នុង​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​សកម្ម​ភាពខ្លាំងឡើងៗនៅលើ​ទីផ្សារ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ដើម្បីឱ្យ​ការទិញ-លក់​អាចមាន​ទំនុកចិត្ត និង​ភាពកក់ក្តៅទៅតាម​ផ្លូវច្បាប់ អ្នកទិញ​គួរ​ដឹង​ពី​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​ជាមុន។

    លោក សៅ វ៉ា​រី ប្រធាន​នាយកដ្ឋាន​អភិរក្ស​សុរិយោដី​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យឬ​ហៅថា (ប្លង់ដី) ត្រូវបាន​គេ​បែងចែក​ទៅតាម​ប្រភេទផ្សេងៗគ្នា ក្នុងនោះ​មានដូចជា៖

    1.ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ហៅថា ប័ណ្ណ​ស្លាបមាន់។

    2.ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ។

    3.វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ។

    4.វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន។

    5.វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​សមូហភាព។

    6.វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច។

    និង 7.វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​ជួល​អចិន្ត្រៃយ៍។

    លោក​បាន​បន្តថា ដើម្បីឱ្យ​ការទិញ-លក់​មាន​ទំនុកចិត្ត​តាមផ្លូវ​ច្បាប់ ម្ចាស់​អចលនទ្រព្យ​ពាក់ព័ន្ធ ពិសេស​ម្ចាស់​ដីឯកជន ត្រូវ​ដឹង​ពី​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនទ្រព្យ​ជា​ធរមាន។ បច្ចុប្បន្ន​ការចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ គឺ​ផ្អែកលើ​ប្រកាស​អន្តរក្រសួង​ពាក់ព័ន្ធ​ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ2011 និង​ឆ្នាំ2013។

    ដើម្បីឱ្យ​ការផ្ទេរសិទ្ធិ​មាន​សុពលភាព​រឹងមាំ គឺ​ត្រូវ​មានការ​ព្រមព្រៀងគ្នារ​វាង​ភាគី​លក់ និង​ទិញ​ជាមុន​ត្រូវមាន​សន្តតិ​កម្ម​ទៅតាម​មរតកសាសន៍ ឬ​ទៅតាម​ផ្លូវច្បាប់ ឬ​អនុវត្ត​ទៅតាម​សេចក្តីសម្រេច​របស់​តុលាការ ឬ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ជាអាទិ៍។

    ចំណែក​គោលការណ៍ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ ចាំបាច់​ត្រូវមាន​ការចូលរួម​ដឹងឮ​ពី​រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ឬ​រដ្ឋបាល​សុរិយោដី​ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ទទួល​ពាក្យសុំ​ចុះបញ្ជី។ រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ដែល​អចលនវត្ថុ​តាំងនៅ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះបញ្ជី។

    ចំណែក​ពាក្យសុំ​ចុះបញ្ជី ត្រូវ​ធ្វើជា​លាយលក្ខណ៍អក្ស​រ ហើយ​ត្រូវ​ចុះបញ្ជី​ទៅតាម​ចំណុច​ដែល មាននៅ​ក្នុង​ពាក្យសុំ​របស់​អ្នកដាក់ពាក្យសុំ ឬ​លិខិត​ផ្ទុកផ្តាក់។ លោក​បញ្ជាក់​បន្ថែមថា ពាក្យសុំ​ចុះបញ្ជី​ត្រូវធ្វើឡើង​រួមគ្នា​ដោយ​បុគ្គល​មាន​សិទ្ធិ​ចុះបញ្ជី និង​បុគ្គល​មាន​កាតព្វកិច្ច​ចុះបញ្ជី។ ក្នុងករណី​ខ្លះទៀត​បុគ្គ​ល​ចុះបញ្ជី​អាចដាក់​ពាក្យសុំ​តែម្នាក់ឯង​បាន ការផ្ទេរសិទ្ធិ​ដោយសារ​សន្តតិ​កម្ម (លើកលែងតែ​អច្ច័យទាន) ការផ្ទេរសិទ្ធិ​ដោយ​ការរួមបញ្ចូល​គ្នា​នៃ​នីតិបុគ្គល ការលុបចោល​ចុះបញ្ជី​ផល​ភោគ​ដោយសារ​មរណភាព​រប​ស់​ផលុបភោគ​ភាគី សាលក្រម សាលដីកា ឬ​ដីកា​សម្រេច​ដែល​បាន​ចូល​ជា​ស្ថាពរ​ឬ​លិខិត​អនុវត្តន៍​ដោយ​ផ្អែកលើ​ការផ្សះផ្សា ឬ​ការទទួលស្គាល់​នូវ​ការទាមទារ​ដែល​លិខិត​អនុវត្ត​ទាំងនោះ​បង្គាប់​ឱ្យមាន​នីតិវិធី​នៃ​ការចុះបញ្ជី។ ពាក្យសុំ​ចុះបញ្ជី​អាចធ្វើ​ឡើង​ដោយ​អ្នកតំណាង​ក៏បាន និង​អាច​សុំ​កែតម្រូវ​បាន​ក្នុងករណី​បំពេញ​ពាក្យសុំ​មិនបាន​ត្រឹមត្រូវ​តាម​ការកំណត់។

    គួរ​បញ្ជាក់ថា ការចុះបញ្ជី​ដីធ្លី​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​អាចជួយ​ឱ្យ​យើង​ទទួលបាន​គុណសម្បត្តិ ក្នុងនោះ​រួមមាន មាន​សិទ្ធិ​ផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ លក្ខខណ្ឌ​នៃ​ការ​តតាំង​នៃ​ការផ្ទេរ ធ្វើ​បច្ចុប្បន្នភាពព័ត៌មាន​ដែល​បាន​ចុះបញ្ជី ជួយផ្តល់​ចំណូល​ថវិកាជាតិ ធានា​លើ​សិទ្ធិ​នៃ​កម្មសិទ្ធិ ឬ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​អចលនវត្ថុ មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការគ្រប់គ្រង​ដីធ្លី ពង្រឹង និង​ការ​គាំពារ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី។

    គួរ​បញ្ជាក់ថា ប្លង់រឹង គឺ​សំដៅលើ​ប័ណ្ណ ឬ​ប្លង់​ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ប៉ុន្តែ​អ្នកខ្លះ​យល់ថា ប្លង់រឹង​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនវត្ថុ (ទោះជា​មិនទាន់បាន​ចុះបញ្ជី​សុរិយោដី/គ្មាន​ប័ណ្ណ)ដែល​បានបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ​ឃុំ-សង្កាត់ និង​ក្រុង-ស្រុក -ខណ្ឌ​ក៏ដោយ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទេ។

    ចំណែក​ប្លង់​ទន់​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​ក្តី(មាន​ប័ណ្ណ) មិនទាន់​ចុះបញ្ជី​ក្តី(គ្មាន​ប័ណ្ណ) ត្រឹមត្រូវ​បង់ពន្ធ​ប្រថាប់ត្រា លើកលែងតែ​ការអនុគ្រោះ​ពន្ធ ឬ​ការលើកលែង​ពន្ធ​ដែលមាន​កំណត់​ជាក់លាក់​ជាគោលការណ៍។ នេះ​ជាការ​អនុវត្ត​ផ្អែកលើ​មូលដ្ឋាន​នៃ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2013 និង​ដែល​បាន​កែប្រែ​ដោយ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នៅក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2017។

    បច្ចុប្បន្ន ការធ្វើ​លិខិតផ្សេងៗ ដូចជា​លិខិត​លក់​ផ្តាច់ អំណោយ​ផ្តាច់ កិច្ចសន្យា​បញ្ចាំ ហ៊ី​ប៉ូ​តែ​ក កិច្ចសន្យាជួល​រយៈពេល​វែង កិច្ចសន្យា​បង្កើត​សេវ-ភាព តាម​ការព្រមព្រៀង​រប​ស់​គូភាគី ជា​សមត្ថកិច្ច​របស់​មេ​ឃុំ-ចៅសង្កាត់​នៃ​ទីតាំង​អចលនវត្ថុ​នោះ៕

  • ឆ្នាំ2018 វិស័យ​ទេសចរណ៍​ចាប់ផ្ដើម​ឡើង​ដោយ​ភាព​វិជ្ជមាន​ខ្លាំង

    ឆ្នាំ2018 វិស័យ​ទេសចរណ៍​ចាប់ផ្ដើម​ឡើង​ដោយ​ភាព​វិជ្ជមាន​ខ្លាំង

    វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បន្ត​បង្ហាញ​នូវ​ភាព​វិជ្ជមាន​ដល់​វិស័យ​សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំនេះ ខណៈ​ទិន្នន័យ​ចំណូល​ពី​ភ្ញៀវទេសចរ​បរទេស បានបង្ហាញ​ឱ្យឃើញ​នូវ​កំណើន​ខ្ពស់​ឡើង​ក្នុង​ត្រីមាស​ទី1 ឆ្នាំ2018នេះ។

    ចំណូល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន 39.65លាន​ដុល្លារ​អាមេរិក (ជិត 40លាន)ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2018នេះ ដោយមាន​កំណើន 28.52ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ បានបង្ហាញ​ឱ្យឃើញថា ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង 85ម៉ឺន​នាក់ បានទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយមាន​កំណើន 12.36ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017កន្លងទៅ។

    ចំណែក​សម្រាប់​ខែមីនា ឆ្នាំ2018កន្លងទៅ មាន​ភ្ញៀវទេសចរ​បរទេស​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រមាណ​ជាង 26ម៉ឺន​នាក់ កើនឡើង 19.09ភាគរយ និង​បានទទួល​ចំណូល​សរុប 12.16លាន​ដុល្លារ​អាមេរិក កើន 15.23ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។

    ការកើនឡើង​នៃ​ចំនួន​ទឹកប្រាក់ ច្រើនជាង​ការកើនឡើង​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​នេះ គឺ​ដោយសារ​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើន​តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​រហូត​ជិត​ទ្វេដង កាលពី​ខែកុម្ភៈ​ឆ្នាំ2017កន្លងមក។

    តម្លៃ​ប័ណ្ណ​ថ្មី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី1 ខែកុម្ភៈ​កន្លងមក ដោយ​ត្រូវបាន​ដំឡើង​ពី 20ដុល្លារ ទៅ37ដុល្លារ សម្រាប់​ប័ណ្ណ​ចូល​ទស្សនា1ថ្ងៃ តម្លៃ 40ដុល្លារ ទៅ 62ដុល្លារ ចំពោះ​ប័ណ្ណ​ចូល​ទស្សនា 3ថ្ងៃ​មាន​សុពលភាព 10ថ្ងៃ និង​ពី 60ដុល្លារ ទៅ 72ដុល្លារ សម្រាប់​ប័ណ្ណ​ដែលមាន​សុពលភាព 1ខែ។

    របាយការណ៍​ក្រសួងទេសចរណ៍​បានបង្ហាញ​ឱ្យឃើញថា ភ្ញៀវទេសចរ​បរទេស​ដែល​ចូលមក​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ2018នេះ មាន​កំណើន​ជាង11% ដោយមាន​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង 1លាន​នាក់។

    រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹងធ្វើ​ទំនើបកម្ម​ក្នុងការ​ប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ ដោយ​ការ​ដាក់លក់​សំបុត្រ​តាម​អន​ឡាញ ដោយ​គ្រោង​នឹង​អនុវត្ត​នៅ​ត្រីមាស​ទី3 នៃ​ឆ្នាំ2018នេះ។ ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ទំនើបកម្ម​ដែល​គ្រប់គ្រង​គ្រឹះស្ថាន​អង្គរ​នេះ ធុរកិច្ច​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​មាន​ក្តី​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​នេះ ដោយ​ពួកគេ​ចាត់ទុកថា វា​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​រង់ចាំ​របស់​ភ្ញៀវ​នៅពេល​តម្រង់​ជួរ​ទិញ​សំបុត្រ និង​ថតរូប​សម្រាប់​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ។

    លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​អះអាងថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​ដាក់ឱ្យ​ដំណើរ​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរតាម​អន​ឡាញ​នេះ គឺជា​ដំណឹង​ដ៏​ល្អ​មួយ និង​ជាការ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​របស់​វិស័យ​ឯកជន។ ទោះជា​បែបនេះ​ក្តី ក៏​វិស័យ​ឯកជន​នៅតែ​បារម្ភ​ចំពោះ​ការផ្តល់សេវា​មិន​ពេញលេញ ចំពោះ​ការដាក់ឱ្យ​ដំណើរការ​នៅពេល​ខាងមុខ​នេះដែរ។

    ឯកឧត្តម និយាយថា៖ “កំណើន​ភ្ញៀវទេសចរ នាំឱ្យមាន​កំណើន​ក្នុង​វិស័យ​សេវាកម្ម លក់ដុំ និង​លក់រាយ ព្រមទាំង​កសិកម្ម​ផងដែរ”៕

  • ទាំងនេះ​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ

    ទាំងនេះ​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ

    អ្នក​ធាត់​ចង់​ស្គម អ្នក​ស្គម​ចង់​ធាត់! អ្នកណាៗក៏​គិត​ដែរ​ថា​ភាពធាត់​ធ្វើឱ្យ​រាងកាយ​របស់​យើង​មិនសូវ​ស្អាត ប៉ុន្តែ​បើ​ស្គម​មានតែ​ស្បែក​ដណ្តប់​ឆ្អឹង​នោះ​ក៏​មិន​ស្អាត​ដូចគ្នា​ដែរ។ យើង​សង្កេតឃើញថា​បច្ចុប្បន្ននេះ​ការផ្សព្វផ្សាយ​អំពី​វិធីសាស្ត្រ​ធ្វើឱ្យ​ទម្ងន់​ស្រក​ចុះ​មាន​ច្រើនណាស់ រហូត​ធ្វើឱ្យ​សុភាពបុរស​សុភាពនារី​មួយចំនួន​ដែលមាន​រូបរាង​ស្គមស្គាំង​មានការ​ពិបាក​បន្តិច​ក្នុងការ​ស្វែងរក​វិធី​ដែល​អាចជួយ​ឱ្យ​ខ្លួនឯង​មាន​សាច់មាន​ឈាម​ជាង​មុន។ មែនហើយ​អ្នក​អាច​នឹង​គិតថា​ដំណោះស្រាយ​នៃ​ការធ្វើឱ្យ​ធាត់​គឺ​ងាយ​បំផុត ព្រោះ​វា​គ្មានអ្វី​ក្រៅពី​ការដែល​ខំ​ទទួលទាន​ឱ្យបាន​ច្រើន​នោះទេ ប៉ុន្តែ​ទន្ទឹមនឹង​ការទទួល​ទាន​ឱ្យ​ច្រើន​នេះ លោកអ្នក​ក៏ត្រូវ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ មិន​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ហើយ​សម្រាប់​អាហារ​ដែល​ទទួលទាន​ហើយ​អាចធ្វើឱ្យ​អ្នក​ឡើង​គីឡូ ព្រមទាំង​ប្រកបដោយ​សុខភាព​ល្អ​ទៀត​នោះ​មានដូចជា៖

    សាច់​ក្រហម :  សាច់​ក្រហម​ជា​ប្រភេទ​សាច់​ដែលមាន​ប្រូតេអ៊ីន ជាតិ​ដែក និង​កូ​ឡេ​ស្តូ​រ៉ូ​ល​ខ្ពស់​ដែល​អាចធ្វើឱ្យ​ទម្ងន់​របស់​អ្នក​កើនឡើង​យ៉ាង​ងាយ។ សូមកុំ​ព្យាយាម​ចម្អិន​សាច់​ក្រហម​ជាមួយនឹង​ប្រេង​ឬ​ខ្លាញ់​មួយចំនួន​ដែល​អាច​នាំឱ្យ​ជាតិ​ខ្លាញ់​មិនល្អ​កើនឡើង ប៉ុន្តែ​អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​ជំនួស​វិញ។

    ប៊័រ​សណ្តែកដី : សណ្តែកដី​បាន​ភ្ជាប់​មកជា​ស្រេច​នូវ​ជាតិ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ហ្វូ​លិ​ក​អាស៊ីត វីតាមីន B, E និង​ខ្លាញ់ ហើយ​វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ។ ប៊័រ​ដែល​ផលិត​ចេញពី​សណ្តែកដី​មួយ​ស្លាបព្រា​មាន​កាឡូរី​រហូតដល់100កាឡូរី។

    ទឹកដោះគោ​សុទ្ធ :  ដំណោះស្រាយធម្មតាៗមួយទៀត​សម្រាប់​អ្នក​ចង់​ឡើង​ទង្ង​ន់​គឺ​ទទួលទាន​ទឹកដោះគោ​ដែល​ទឹកដោះគោ​នោះ​គឺជា​ទឹកដោះគោ​សុទ្ធ មិនមែនជា​ទឹកដោះគោ​ដែល​គេ​ចម្រាញ់​យកជាតិ​ក្រែ​ម​ចេញរួច​នោះទេ។ ទឹកដោះគោ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុចិញ្ចឹម ដូច្នេះ​មិន​ថា​អ្នក​ទទួលទាន​វា​ច្រើន​ប៉ុណ្ណា​ទេ គឺ​វា​នៅតែ​ល្អ​សម្រាប់​សុខភាព​របស់​អ្នកជា​និច្ច។

    ផ្លែ​ប៊័រ : ប៊័រ​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​បំផុត​ក្នុង​ការបន្ថែម​ជាតិ​ខ្លាញ់​ល្អ​ចូលទៅក្នុង​របប​អាហារ​របស់​អ្នក។ ផ្លែ​ប៊័រ​ត្រឹម​តែមួយ​ចំហៀង​ផ្លែ​មាន​កាឡូរី​ដល់​ទៅ140កាឡូរី ហើយ​វា​ក៏​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ហ្វូ​លិ​ក​អាស៊ីត និង​ប៉ូ​តា​ស្យូ​ម​ផងដែរ។

    ផ្លែឈើ :  ជាពិសេស​ផ្លែឈើ​នៃ​តំបន់​ត្រូពិច គឺ​ពិតជា​អាចជួយ​អ្នក​ក្នុង​ការឡើង​ទម្ងន់​បាន ដូចជា ផ្លែស្វាយ ចេក ល្ហុង និង​ផ្លែ​ម្នាស់ ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​យ៉ាង​ល្អ ដែល​ជួយ​ឱ្យ​ឡើង​ទម្ងន់​បាន​ដោយ​មិនចាំបាច់​បារម្ភ​ពី​ផលប៉ះពាល់​នោះទេ។អាហារ​ទាំងនេះ​ជា​ប្រភព​នៃ​ថាមពល​ចំពោះ​រាងកាយ​របស់​អ្នក។ផ្លែឈើ​ទាំងនេះ​ជា​បង្អែម​ធម្មជាតិ​ដោយ​មិនចាំបាច់​ត្រូវ​បន្ថែម​ស្ករ​ឬ​ជាតិ​ផ្អែម​ណា​ទៀត​នោះទេ។

    ធញ្ញជាតិ :  សណ្តែកដី កៅឡាក់ ស្វាយចន្ទី និង​គ្រាប់​ធញ្ញជាតិផ្សេងៗទៀត សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ សារធាតុចិញ្ចឹម និង​ជាតិ​សរសៃ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ទទួលទាន​លេង​កម្សាន្ត​មាត់​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ ប្រកបដោយ​សុវត្ថិភាព។

    ជាការ​ពិតណាស់​ដែលថា ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម ការទទួល​ទាន​អាហារ​ប្រភេទ Fast Food  អាហារ​បំពង​ជាដើម អាចជួយ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ប៉ុន្តែ​សូម​ចាំ​ថា​វា​មិនមែនជា​មធ្យោបាយ​ល្អ​ចំពោះ​សុខភាព​នោះទេ។ សូម​ចាំ​ថា​វិធី​ល្អ​បំផុត​គឺ​ត្រូវតែ​ឡើង​ទាំង​ទម្ងន់ ល្អ​ទាំង​សុខភាព​របស់​អ្នកផង ទើប​ត្រឹមត្រូវ៕

  • ស្អែក​នេះ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ហើយ

    ស្អែក​នេះ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ហើយ

    ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី ក៏ដូចជា​ក្នុង​ក្រុងភ្នំពេញ​ដែរនោះ ព្រឹកស្អែក​នេះ (12 មេសា) ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​សាកល្បង​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ចាប់ពី​ម៉ោង8ព្រឹក​តទៅ​បន្ទាប់ពី​ចំណាយពេល​សាងសង់​អស់​រយៈពេល​ប្រហែល 2ឆ្នាំ​រួចមក។

    ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ស​ម្រា​ប់​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈានចូល​មកដល់។ក្រោយពី​ការសាងសង់​ចប់​រួចរាល់ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ក៏ដូចជា​ការកកស្ទះ​ចរាចរណ៍​នៅលើ​មហាវិថី​សហព័ន្ធ​រុស្សី​ផងដែរ។

    យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​សាកល្បង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ។ ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី12 ខែមេសា ឆ្នាំ2018 វេលា​ម៉ោង6 និង30នាទី​ព្រឹក​ស្ថិតនៅ​ចំណុច​ខាងជើង​គល់ស្ពាន​អាកាស​ផ្សារ​ដី​ហុយ៕

  • អ្វីខ្លះ​ជា​កត្តា​សំខាន់​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា?

    អ្វីខ្លះ​ជា​កត្តា​សំខាន់​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា?

    បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ ដែលនាំឱ្យ​មានការ​ពិភាក្សា​ព្រោះថា​នាពេលថ្មីៗនេះ​គ្រោះថ្នាក់​ចរាចរណ៍​ហាក់​កើន​ច្រើនឡើង​គួរឱ្យកត់សម្គាល់ ខណៈ​មានការ​បកស្រាយ​ផ្សេងផ្សេងៗគ្នា​អំពី​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងមក។

    សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​បង្ហាញ​នៅក្នុង​កម្មវិធី​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ 2017 ថា តាម​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​បាន​ប៉ាន់​ស្មានថា បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​លើ​កត្តា​ចរាចរណ៍​នេះ អ្នកស្លាប់​អាច​នឹង​កើនឡើង​ដល់ 3,200នាក់​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ 2020។ កត្តា​សំខាន់​ដែលនាំឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​កត្តា​អ្នកប្រើប្រាស់​យានយន្ត​ក្នុងនោះ អ្នកប្រើប្រាស់​ទោចក្រយានយន្ត​មាន​ដល់​ទៅ 77%នៃ​ជនរងគ្រោះ​ទាំង​អស់ហើយ​ក្នុងចំណោម​នោះ ជនរងគ្រោះ​ចំនួន 78% ជា​អ្នកបើកបរ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព។

    បង្ហាញ​លើ​ចំណុច​នេះដែរ លោក​បណ្ឌិត ច័ន្ទ សុផល អ្នកស្រាវជ្រាវ​ពី​បញ្ហា​សង្គម​នៅ​កម្ពុជា បាន​លើកឡើងថា កត្តា​ដែលនាំឱ្យ​គ្រោះថ្នាក់​ច្រើនជាងគេ​នៅ​កម្ពុជា​គឺ​ដោយសារ​កំហុស​អ្នកបើកបរ ព្រោះ​កត្តា​ខាងក្រៅ​នានា​ដែល​លោក​មើលឃើញ​ដូចជា​កត្តា​ផ្លូវថ្នល់ កត្តា​ខ្វះ​ស្លាក​សញ្ញា និង​កត្តា​យានយន្ត​ជាដើម មិនមែនជា​កត្តា​ចម្បង​នោះទេ។

    លោក​បណ្ឌិត ច័ន្ទ សុផល បានបង្ហាញ​ក្នុង​បណ្តាញ​សង្គម​ថា៖ «គួរ​មានការ​រឹតបន្តឹង​ពីរ​យ៉ាង​បន្ថែមទៀត គឺ​ទី​ការប្រឡង​យក​ប័ណ្ណបើកបរ និង​កត្តា​ទី2 គឺ​ការកំណត់​លក្ខខណ្ឌ​ខ្ពស់​សម្រាប់​អ្នកបើកបរ​យានយន្ត​ដឹក​ខ្នាត​ធំ»។

    លោក​បណ្ឌិត​បានបញ្ជាក់​ផងដែរ​ថា កត្តា​អ្នកបើក​ឡានធំ​អាចជា​កត្តា​សំខាន់​មួយ​ក្នុង​ចំណែក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះ រថយន្ត 570 មិនអាច​បុក​ឈ្នះ​រថយន្ត​ដឹក​ដី រថយន្ត​កុងតឺន័រ និង​រថយន្តក្រុង​បានឡើយ។

    យោងតាម​ទិន្នន័យ​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ 2017 របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ បាន​បង្ហាញថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ 2017 មាន​ចំនួន 1,780 នាក់ កើនឡើង 63នាក់ ហើយ​អ្នករងរបួស​មាន​ចំនួន 5,539នាក់ ថយចុះ ១៩៦ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ 2016។

    ចំពោះ​កត្តា​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​វិញ បើ​យោងតាម​របាយការណ៍​ដ​ដែល​បាន​បង្ហាញថា មូលហេតុ​ចម្បង​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី​កត្តា​ល្បឿន​ចំនួន 36% មិន​គោរព​សិទ្ធិ​អាទិភាព 17% មិន​ប្រកាន់​ស្តាំ 13% វ៉ា​ប្រជែង 10% បត់ 10% កត្តា​យានយន្ត 3% កត្តា​ងងុយដេក 1%៕