Author: វល័ក្ខ

  • «ហ៊ឹង​ត្រចៀកភ្លាម» គ្រោះថ្នាក់​ដែល​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់រូប គ្រប់កន្លែង គ្រប់ពេលវេលា

    «ហ៊ឹង​ត្រចៀកភ្លាម» គ្រោះថ្នាក់​ដែល​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់រូប គ្រប់កន្លែង គ្រប់ពេលវេលា

    បើជា​រោគ​ចង្រៃ​ដែលមាន​សញ្ញា​ដាស់តឿន​ឱ្យ​អ្នក​បានដឹង​ជាមុន​នោះ យើង​នៅមាន​ពេល​អាច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​បាន​មុនពេល​ដែល​អាការ​របស់​រោគ​នោះ​បង្ហាញឡើង​ច្បាស់​រហូត​រំខាន​ដល់​ការរស់នៅ​របស់​អ្នក​បាន តែបើ​សំណាងអាក្រក់ វា​ជា​រោគ​ដែល​កើតឡើង​ទាន់ហន់ភ្លាមៗបែប​មិនបាន​ដឹងខ្លួន​មុន និង​រក​មូល​ហេតុដែល​នាំឱ្យ​កើត​យ៉ាងពិត​ប្រាកដ​មិនឃើញ​ផង​នោះ ប្រហែលជា​ធ្វើឱ្យ​អ្នក​ត្រូវ​ត្រៀមខ្លួន​ចាំ​ទប់ទល់​នឹង​ជំងឺ​យ៉ាង​លំបាក​មិន​ខាន។ ក្រៅពី​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​ទាន់ហន់​ដែល​មនុស្ស​យើង​គ្រប់គ្នា​ស្គាល់​ច្បាស់​ហើយ​នោះ នៅមាន​រោគ​មួយទៀត​ជា​រោគ​ដែល​កើតឡើង​យ៉ាង​ទាន់ហន់ និង​ជួបប្រទះ​ច្រើន​ដោយ​រក​មូលហេតុ​មិនឃើញ​ទៀតផង នោះ​គឺ​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់ ឬ​ជំងឺ​គាំង​ត្រចៀក។

    រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់

    ជំងឺ​ហ៊ឹង​ត្រចៀក​ទាន់ហន់ ឬ​ជំងឺ​គាំង​ត្រចៀក គឺជា​សភាវ​ដែល​បាត់បង់​ការ​បានឮភ្លាមៗ ប្រភេទ​ប្រព័ន្ធ​ប្រសាទ​ទទួល​ស្ដាប់​សំឡេង​ធ្វើការ​រអាក់រអួល​ដែល​កើតឡើងភ្លាមៗតែម្ដង។ ប្រទះឃើញ​នៅលើ​ទាំង​ភេទ​ស្រី និង​ភេទ​ប្រុស និង​ច្រើន​ជួប​នៅក្នុង​ក្រុមមនុស្ស​ដែលមាន​អាយុ​តិច និង​វ័យ​កណ្ដាល​មនុស្ស។

    មូលហេតុ​របស់​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់

    ជា​រឿង​គួរឱ្យ​ស្ដាយ​ណាស់​ដែល​បច្ចុប្បន្ន​ក៏​នៅតែ​មិនអាច​បញ្ជាក់​ពី​មូលហេតុ​បានច្បាស់លាស់​ថា បណ្ដាលមកពី​មូលហេតុ​អ្វី​នៅឡើយ តែ​គ្រូពេទ្យ​ជំនាញ​ជឿថា អាច​បណ្ដាលមកពី​មេរោគ​វីរុស ការ​ញ៉ុ​ក​ណែន​របស់​សរសៃឈាម​ដែល​ហូរ​ទៅ​ចិញ្ចឹម​ស្រទាប់​ត្រចៀក​ខាងក្នុង ការ​ហើម​ក្នុង​ក្រដាសត្រចៀក ការ​មាន​រន្ធ​ធ្លាយ​របស់​ទ-ត្រចៀក​ខាងក្នុង តែ​អាច​កើត​ពី​មូល​ហេតុដែល​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​បាន ដូចជា ដុះ​សាច់​បរិវេណ​សរសៃប្រសាទ​ត្រចៀក ឬ​ភាពខុសប្រក្រតី​របស់​ខួរក្បាល​ជាដើម។

    អាការ​របស់​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់​ដែល​ជួបប្រទះ​ញឹកញាប់

    1. បាត់បង់​ការ​បានឮ​ទាន់ហន់ភ្លាមៗ និង​ច្រើនតែ​កើត​នៅលើ​ត្រចៀក​តែ​ម្ខាង។
    2. អាចមាន​អាការ​ឮ​សំឡេងខ្លាំងៗរំខាន​នៅក្នុង​ត្រចៀក​ម្ខាង​នោះ។
    3. មាន​អាការ​វិលមុខ​រួមជាមួយ​ផង។

    វិធី​រក្សា​ព្យាបាល​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់

    1. ព្យាបាល​ដោយ​ថ្នាំ ដូចជា ថ្នាំ​កាត់បន្ថយ​ការ​រលាក​ក្លាយ ថ្នាំ​ពង្រីក​សរសៃឈាម វីតាមីន ឬ​ថ្នាំ​សម្រាល​អាការ​វិលមុខ។
    2. អ្នកជំងឺ​អាច​គេង​សម្រាក​ព្យាបាល​នៅផ្ទះ​បាន ឬ​អ្នកខ្លះ​អាច​ត្រូវ​គេង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​តាមដាន​អាការ។
    3. គ្រូពេទ្យ​នឹង​ណាត់​ពិនិត្យ​វាស់​កម្រិត​ការ​បាន​ឮជាដំណាក់កាលៗ ដើម្បី​វាយតម្លៃ​លទ្ធផល​នៃ​ការព្យាបាល និង​តាមដាន​លទ្ធផល​នៃ​ការព្យាបាល​ក្នុង​រយៈពេល​វែង​ជា​បន្ត៕
  • ដំណាង​ចែកចាយ​របស់ Canon’s i-Qlick រៀបចំ​ខួប​គម្រប់7ឆ្នាំ​នៅ​សណ្ឋាគារ ណាហ្គា​វើ​ល

    ដំណាង​ចែកចាយ​របស់ Canon’s i-Qlick រៀបចំ​ខួប​គម្រប់7ឆ្នាំ​នៅ​សណ្ឋាគារ ណាហ្គា​វើ​ល

    បន្ទាប់ពី​បាន​ដំណើរការ​នៅលើ​ទីផ្សារ​កម្ពុជា​បាន​រយៈពេល7ឆ្នាំ​រួចមក នៅត្រឹម​យប់​ថ្ងៃ​សៅរ៍ ទី 21 ខែមេសា Canon’s i-Qlick បានរៀបចំ​ពិធី​អញ្ជើញ​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​ច្រើនជាង ៥០០នាក់ ដែល​បូក​រួមទាំង​ដៃគូ​ពាណិជ្ជកម្ម តំណាង​ចែកចាយ និង​អ្នក​សារ​ព៌​ត​មាន ចូលរួម​ក្នុង​ពិធី​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាណិជ្ជកម្ម នៅ​សណ្ឋាគារ Naga World ។

    ក្នុង​ពិធី​ជួបជុំ​ញាំ​អាហារ​ពេល​ល្ងាច​ប្រចាំ​ឆ្នាំនេះ ក៏​ជា​ខួប​គម្រប់7ឆ្នាំ​របស់ i-Qlick ផងដែរ ហើយ​វា​ក៏​ត្រូវបាន​ធ្វើឡើង​សម្រាប់​ការសម្រេចបាន​នូវ​សមិទ្ធិផល​នៃ​ឆ្នាំ​ចាស់ និង​សម្រាប់​ការ​ថ្លែង​អំណ​គុណ​ដល់​អ្នក​ដែល​តែងតែ​គាំទ្រ​ដល់ i-Qlick ពី​ដៃគូ​ពាណិជ្ជកម្ម។

    លោក Satoru Takeda ដែលជា​អនុប្រធាន​ប្រចាំ​តំបន់ CII Group នៃ Canon Singapore ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ថ្លែងថា “កម្មវិធី​នេះ​គឺ​មិនមែន​ត្រឹមតែ​ជា​ខួប​របស់ i-Qlick នោះទេ ប៉ុន្តែ​ថែមទាំង​ចង់​ឆ្លៀត​យក​ឱកាស​នេះ​សម្រាប់ Canon Singapore និង i-Qlick ដើម្បី​ធ្វើការ​ថ្លែង​អំណ​គុណ​ទៅដល់​ដៃគូរ​មុខ​ជំនួញ និង​កិច្ចប្រឹងប្រែង​បន្ដ​សម្រាប់​ការអភិវឌ្ឍ​ផលិតផល​នៅក្នុង​ប្រទេស​កម្ពុជា។

    វត្តមាន​របស់លោក​អ្នក​នៅក្នុង​ទីនេះ ជាមួយនឹង​ការគាំទ្រ​តាំងពី​ឆ្នាំមុន បានធ្វើអោយ​ម៉ាក​សញ្ញា Canon អាច​បម្រើ និង​ផ្ដល់​ការ​ចំណេញ​ទៅដល់​ប្រជាជន​កម្ពុជា។ សូម​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ក្រុមហ៊ុន Canon បាន​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅទីនេះ​ហើយ​ខ្ញុំ​សង្ឃឹមថា​ដៃគូ​អាជីវកម្ម​របស់​យើង​អាច​បន្ត​ធ្វើការ​ជាមួយនិង i-Qlick ដើម្បី​ពុះពារ​លើ​ឧបសគ្គ​ដែល​អាច​កើតមាន។ ពិធីជប់លៀង​យប់​នេះ​គឺ​ត្រូវបាន​រៀបចំ​យ៉ាង​ពិសេស សម្រាប់​ការប្រឹងប្រែង​ឆ្នាំ​ចាស់ និង​លទ្ធផល​សម្រាប់​អ្នក​រាល់គ្នារ​នៅទីនេះ។

    លោក Andy Lee នាយក​នៃ i-Qlick ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​ថ្លែងថា “i-Qlick គឺ​ប្ដេជ្ញា​ថា នឹងធ្វើ​អោយ​មុខ​ជំនួញ Canon នៅក្នុង​ប្រទេស​កម្ពុជា​កា​ន់​តែ​រីកចម្រើន​ទៅមុខ។ ហើយ​យើង​ក៏​សូម​ធ្វើការ​ថ្លែង​អំណ​គុណ​ទៅដល់ អ្នក​ដែល​តែងតែ​គាំទ្រ​ផ្លាកសញ្ញារ​របស់​យើង យើង​ក៏​ជា​អ្នក​នាំមុខ​ទីផ្សារ​នៃ​ផលិតផល កាមេរ៉ា នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង 6 ឆ្នាំ និង​ជា​ផ្លាកសញ្ញារ​ដែល​នាំមុខគេ​សម្រាប់ ឧបករណ៍​ការិយាល័យ និង ម៉ាស៊ីន​ព្រី​ន។

    ដើម្បី​ផ្ដល់​ភាព​ងារ​ស្រួល​ទៅកាន់​អតិថិជន​កាន់តែ​ប្រសើរ យើង​ក៏បាន​ពង្រីក​នូវ​សាខារ​បស់ Canon Image Square កាន់តែច្រើន​ដែលមាន​ទីតាំង​ដូចជា៖ សាខា​ចាក់អង្រែ សាខា​ទួលគោគ សាខា​ចំការមន សាខា​Nojima សាខា​សុរិយា សាខា​ហង្ស​នាគ(ផ្លូវ​កម្ពុជា​ក្រោម) សាខា​ផ្លូវ​សីហនុ និង​សាខាផ្សេងៗជាច្រើន​ទៀត។

    ជាមួយនឹង​ហាង​ទាំងអស់​នៅក្នុង​ភ្នំពេញ យើង​នឹង​ប្តេជ្ញា​នាំយក​នូវ​ភាពងាយស្រួល និង​បទ​ពិស​សោធន៍​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន​របស់​យើង។ ក្រៅពី​ការប្តេជ្ញា​ជាមួយនឹង​ជំនួញ​ទាំងនេះ យើង​ក៏​ប្តេជ្ញា​ថា​នឹង ធ្វើ​អ្វី​អោយ​កាន់តែ​ប្រសើរ​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការផ្សេង។ ជាមួយនឹង​ការគាំទ្រ​ពី Canon យើង​ស​ង្ឈឹ​ម​ថា​យើង​អាចធ្វើ​អ្វី​អោយ​កាន់តែ​ប្រសើរឡើង​នៅក្នុង​ប្រទេស​កម្ពុជា ៕

  • Giroud ជួយ Chelsea ផ្តួល Southampton ដើម្បី​ទៅ​ជួប Man Utd ក្នុង FA Cup វគ្គ​ផ្តាច់ព្រ័ត្រ

    Giroud ជួយ Chelsea ផ្តួល Southampton ដើម្បី​ទៅ​ជួប Man Utd ក្នុង FA Cup វគ្គ​ផ្តាច់ព្រ័ត្រ

    ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Olivier Giroud បាន​ជួយ​ឱ្យ​ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម Southampton ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅ​ជួប​ក្រុម Manchester United របស់លោក Jose Mourinho ក្នុង​ពាន FA Cup វគ្គ​ផ្តាច់ព្រ័ត្រ។

    យុទ្ធនាការ​ជា​លើក​ទី137 មួយ​នេះ​ក៏​នឹង​ក្លាយជា​ការជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី1 រវាង​ក្លិប​យក្ស​ទាំង2 ផងដែរ​ក្នុង​រយៈពេល1ទសវត្សរ៍​នេះ។ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ លោក ­Antonio Conte បានឱ្យដឹងថា៖ «យើង​កំពុងតែ​និយាយ​ពី​អ្នកចាត់ការ​ទូទៅ 2នាក់​ដែលមាន​ឥរិយាបថ​ខ្លាំង​ដូចគ្នា និង​ជា​អ្នកឈ្នះ 2នាក់។ នៅពេលនោះ ក្នុង​ចិត្ត បេះដូង និង​ឈាម​របស់​អ្នក មានតែ​សុច្ឆន្ទៈ1ប៉ុណ្ណោះ គឺ​ឈ្នះ។ ពិតណាស់ យើង​ចង់​ប្រជែង​យក​ពានរង្វាន់​នេះ»។

    ការសម្រេចចិត្ត​ជ្រើស​រើសយក Giroud ឱ្យ​លេង​ក្នុង​ជម្រើស​ដំបូង​ជំនួស Alvaro Morata បានក្លាយ​ជាការ​កាត់សេចក្តី​ដ៏​ត្រឹមត្រូវ​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Chelsea លោក Conte ខណៈដែល​អតីត​តារា​ឆ្នើម​របស់​ក្លិប Arsenal រូបនេះ បានបង្ហាញ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់គេ​ដើម្បី​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​នៅ​ដើមតង់​ទី2។

    Giroud ពិតជា​បានផ្តល់​ការខកចិត្ត​ដ៏​ធំ​ដល់​ក្រុម Southampton នៅ​រដូវ​កាល​នេះ ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ដើម្បី​ជួយ​ឱ្យ​ក្រុម Chelsea ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-2 កាលពី​ចុង​សប្តាហ៍​មុន ហើយក៏​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ពួកគេ សម្រាប់​ក្រុម Arsenal កាលពី​ខែធ្នូ​ផងដែរ។គ្រាប់​បាល់​ទី4 របស់គេ​សម្រាប់​ក្រុម Chelsea ចាប់​តាំង​ការផ្ទេរ​របស់គេ​កាលពី​ខែមករា បានកើត​ឡើង នៅមុន​ពេល​មាន​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​ខ្សែប្រយុទ្ធ​បម្រុង Morata ដើម្បី​បង្កើតឱ្យមាន​ការជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង Man United នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី19 ខែឧសភា ខាងមុខនេះ​តែម្តង៕

    ប្រភពពី៖ The Telegraph

  • ឥណ្ឌូនេស៊ី ទាមទារ​ចម្លើយ​បន្ថែមទៀត​ពី Facebook រឿង​បំពាន​ទិន្នន័យ​ផ្ទាល់ខ្លួន​អ្នកប្រើប្រាស់

    ឥណ្ឌូនេស៊ី ទាមទារ​ចម្លើយ​បន្ថែមទៀត​ពី Facebook រឿង​បំពាន​ទិន្នន័យ​ផ្ទាល់ខ្លួន​អ្នកប្រើប្រាស់

    ហ្សា​កាតា៖ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ថ្មីៗនេះ បានទាមទារ​ឱ្យ​បណ្ដាញ​សង្គម​យក្ស Facebook ផ្ដល់នូវ​ចម្លើយ​បន្ថែមទៀត ទាក់ទង​នឹង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ដែល​ត្រូវបាន​គេ​លួច។

    រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​ឥណ្ឌូនេស៊ី បាន​ថ្លែងឱ្យដឹងថា Facebook ត្រូវតែ​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​រំលោភបំពាន ឬ​ត្រូវបាន​គេ​លួច​ដោយ​សម្ងាត់។

    រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ស្មើ​សុំឱ្យ Facebook ធ្វើការ​បកស្រាយ និង​ពន្យល់​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ប៉ុន្តែ Facebook នៅ​មិនទាន់​បានផ្ដល់​ចម្លើយ​លម្អិត​នោះទេ គ្រាន់តែ​បានចេញ​មុខ​សុំទោស​អ្នកប្រើប្រាស់​ទាំងអស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

    ថ្មីៗនេះ​ផងដែរ លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​សង្គម Facebook បាន​ប្រឈមមុខ​នឹង​សំណួរ​ដ៏​លំបាក​ជាច្រើន ពាក់​ព័ទ្ធ​នឹង​របៀប​ប្រមូល​ទិន្នន័យ និង​ភាពចាំបាច់​លើ​បទ​ប​ញ្ញ​តិ​ថ្មី នៅ​អំឡុង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ថាមពល និង​ពាណិជ្ជកម្ម នៃ​សភា​អាមេរិក​មាន​សមាជិក​ជិត 100នាក់ ក្នុង​រយៈពេល 5ម៉ោង ដែល​ការប្រឈមមុខ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លេច​ធ្លាយ​នូវ​ព័ត៌មាន​ថា ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ Facebook ត្រូវបាន​បែកធ្លាយ​ទៅដល់​ដៃ​ជន​ទី3៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 123

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 123

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/04/LRPN_123-Final-For-Web.pdf” force_dl=”1″]

  • វ៉ា​វ ម៉ូ​ដែល OPPO F7មាន​លក្ខណៈពិសេស​ច្រើន ហើយ​តម្លៃ​វិញ​ឡូយ​អស់ទាស់

    វ៉ា​វ ម៉ូ​ដែល OPPO F7មាន​លក្ខណៈពិសេស​ច្រើន ហើយ​តម្លៃ​វិញ​ឡូយ​អស់ទាស់

    នៅ​ថ្ងៃទី20 ខែមេសា ឆ្នាំ2018 ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា​បានធ្វើការ​សម្ពោធ​នូវ​ផលិតផល​ថ្មី គឺ OPPO F7 នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPOផងដែរ ។

    យើង​សង្កេតឃើញថា​មកទល់ពេលនេះ​ក្រុមហ៊ុន OPPO គឺមាន​តារា​តំណាង​បីនាក់​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​របស់ខ្លួន រួមមាន​ដូចជា ៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង លោក STEP ដែល​សុទ្ធសឹងតែ​ជា​តារា​កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នាពេល​បច្ចុប្បន្ន។

    ក្រុមហ៊ុន OPPO ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ទូរស័ព្ទ​ដែល​ខ្លួន​ដាក់​សម្ភោ​ធ​នេះ ជា​ម៉ូ​ដែល​មួយ​ដែលមាន​ការវិវឌ្ឍ​មួយកម្រិត​ទៀត​ទៅលើ​ការថតរូប​Selfie ហើយ​ម៉ូ​ដែល​នេះ​នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​កាន់​តែ​រីករាយ និង​ពេញចិត្ត​ចំពោះ​ការថតរូប Selfie ដោយ​បច្ចេកវិទ្យា AI ដែលមាន​នៅលើ OPPO F7 នេះ ។

    យើង​បានដឹងហើយថា​កាលពី​ចុងឆ្នាំ 2017 OPPOបាន​បញ្ចេញ​នូវ​ម៉ូ​ដែល F5 ជា​ម៉ូ​ដែល​ដំបូង​គេ​ដែល​បាន​បំពាក់​កាមេរ៉ា 20MP រួមជាមួយ​បច្ចេកវិទ្យា AI ដែល​បានធ្វើអោយ​អតិថិជន​ជាច្រើន​មានការ​ពេញចិត្ត និង​គាំទ្រ​ជាខ្លាំង។ មិន​បញ្ឈប់​ការខិតខំ​ប្រឹងប្រែង​ប៉ុណ្ណឹង​ទេ ពេលនេះ​OPPO បាន​នាំមក​នូវ​ម៉ូ​ដែល​OPPO F7 ដែល​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​មុខ​រហូតដល់​ទៅ 25MP ដែលមាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ដំបូង​គេ​បង្អស់​នាពេល​បច្ចុប្បន្ន ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​AI Beauty 2.0។ ពិសេស​ជាងនេះទៅទៀត វា​បាន​ប្រើប្រាស់​នូវ Sensor HDR 576 របស់​Sony ដែល​វា​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ​ក្នុងការ​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ទោះ​ស្ថិតក្នុង​ស្ថានភាព​រូបភាព​នៅ​ឆ្ងាយ​ឬ​កុង​ពន្លឺ​ក៏ដោយ។

    យ៉ាងណាមិញ​ចំពោះ​បច្ចេកវិទ្យា AI Beauty 2.0 របស់ F7 វា​អាច​ចាប់យក​ចំណុច​សម្គាល់សំខាន់ៗនៅលើ​ផ្ទៃមុខ​របស់​មនុស្ស​រហូត​ដល់​ទៅ 296 ចំណុច វា​ថែមទាំង​អាច​សម្គាល់​នូវ​ភេទ អាយុ សម្បុរស្បែក ប្រភេទ​ស្បែក​ដែល​អាចធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​និង​មាន​លក្ខណៈ​ធម្មជាតិ។ មួយវិញទៀត​នោះ​គឺ​មុខងារ AI Learning ដែល​វា​វៃឆ្លាត​ក្នុងការ​ចងចាំ​នូវ​អ្វីដែល​យើង​បានកំណត់​ទៅលើ​រូបភាព​ដែល​អ្នក​ចង់បាន នៅពេលដែល​យើង​ថតរូប​លើក​ក្រោយ វា​នឹងធ្វើ​ការកំណត់​ទៅលើ​រូបថត​របស់​យើង​ដោយ​ស្វ័យប្រវត្តិ​ដោយ​យើង​មិនចាំបាច់​ធ្វើការ​កំណត់​ម្តង​ទៀតឡើយ។

    ដោយឡែក​កាមេរ៉ា​មុខ​របស់ OPPO F7  ក៏មាន​មុខងា Vivid Mode ដែលជា​មុខងារ​ជួយ​ឲ្យ​ការថតរូប​កាន់តែ​ស្រស់ស្អាត បន្ថែម​ពណ៌​ទៅលើ Background ឲ្យ​កាន់តែ​ស្រស់ស្អាត​និង​មាន​ភាពរស់រវើក។ លើសពីនេះទៅទៀត វា​ក៏មាន​មុខងារ AR Stickers ដែល​អាច​ឲ្យ​លោកអ្នក​ថតរូប​ខ្យូតៗជាមួយ Stickers ជាច្រើន។ ចំណែក​កាមេរ៉ា​ក្រោយ​របស់ OPPO F7 មាន​ទំហំ 16MP បូករួម​ជាមួយ AI Recognition (ការ​សម្គាល់​ឆ្លាត​វៃ) ដែល​អាច​សម្គាល់​ទៅលើ​ស្ថានភាពផ្សេងៗរហូតដល់ 16ស្ថានភាព ដែល​អាចដាក់​នូវ​កំរិត​ពន្លឺ​ឲ្យ​ស្រស់ស្អាត​ទៅតាម​ស្ថានភាពនីមួយ។

    បើ​និយាយ​ពី​អេក្រង់​របស់ OPPO F7 វិញ វា​មាន​ទំហំ 6.23 អ៊ីង វិមាត្រ19:9  កម្រិត​បង្ហាញ FHD+ និង Resolution 2280×1080 pixels ហើយ​វា​ជា​អេក្រង់​ឆក (Notch Screen) Super Full Screen។ វា​ថែមទាំង​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ Full Screen Multitasking ដែល​មុខងារ​នេះ​អាច​ឲ្យ​យើង​មើល​វីដេអូ ឬ​លេង​ហ្គេម​បណ្តើរ ហើយ​អាចឆ្លើយតប​សារ ឬ​លេង chat បណ្តើរ (We chat, Messenger & What App)។

    សម្រាប់​ផ្នែក​ម៉ាស៊ីន​វិញ OPPO F7 ដំណើរការ​ដោយ Processor ចុងក្រោយ​បំផុត​គឺ 8+2(AI)-core ដែលមាន​ល្បឿន2.0 GHz (MTK P60)។ ចំពោះ​ម៉ូ​ដែល​OPPO F7នឹងមាន​Specs ពីរ​ជំរើស​សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស គឺ F7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ​សុទ្ធតែ​ដំណើរការ​ដោយ ColorOS 5.0 ដើរ​ដោយ Android 8.1។ ឯ​រូបរាង​ខាងក្រៅ​វិញ OPPO F7 ត្រូវបាន​បាន​រចនា​តួខ្លួន​ភ្លឺរលោង​ដូចជា​កញ្ចក់ ព្រមទាំង​មាន​កន្លែង​ស្កេ​ន​ក្រយៅដៃ​នៅលើ​ផ្ទៃ​ខាងក្រោយ​វា​ផងដែរ។

    វា​នឹងមាន​បី​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស មានដូចជា៖ ពណ៌​ក្រហម (Solar Red) ពណ៌​ប្រាក់ (Moonlight Silver) និង​ពណ៌​ពេជ្រ​ខ្មៅ(Diamond Black)។ ចំពោះ​តម្លៃ​វិញ OPPO F7 Ram4GB មានតម្លៃ​ត្រឹមតែ 329$ប៉ុណ្ណោះ ហើយ​លោកអ្នក​ក៏​អាច​ចាប់ផ្តើម​ធ្វើការ Pre-order តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី27 ខែមេសា ឆ្នាំ2018 និង​អាច​រក​ជាវ​បាន​នៅលើ​ទីផ្សារ​នៅ​ថ្ងៃទី28 ខែមេសា ឆ្នាំ 2018 នេះ​ផងដែរ។  រីឯ OPPO F7 (128GB) វិញ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅក្នុង​ខែឧសភា​នេះ​ជាមួយនឹង​តម្លៃ 429 $។

    សម្រាប់​តម្លៃ​សមរម្យ​ហើយ​មានលក្ខណៈពិសេសៗច្រើន​បែបនេះ តើ​អ្នកណា​មិន​ចង់បាន?

  • ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ច្រើនដងណាស់ដែលយើងតែងបានឮថា ទារក ឬកូនតូចៗញញឹមពេលគេងលក់មានន័យថា កូនកំពុងតែយល់សប្តិល្អ ឬកូនញញឹមពេលគេងលក់មានន័យថា កូនកំពុងតែលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិន ដែលជំនឿទាំងនោះអាចនឹងធ្វើឱ្យអ្នកម្តាយជាច្រើននាក់មានកង្វល់ចិត្ត តែការពិតវិញយ៉ាងណានោះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា។

    កូនតូចញញឹមពេលគេងលក់ព្រោះអ្វី?
    ទារកក្នុងអំឡុង 0 – 1ខែដំបូងក្រោយពេលប្រសូត ការញញឹមមិនបានកើតចេញពីការយល់សប្តិនោះទេ តែកើតចេញពីការបង្រួញខ្លួនរបស់សាច់ដុំផ្ទៃមុខ ព្រោះទារកនៅមិនទាន់អាចញែកអារម្មណ៍ល្អ ឬអាក្រក់បាននៅឡើយទេ។

    ទារកក្នុងអំឡុង 2 – 5ខែ ខណៈពេលគេងលក់ទារកនឹងមានអាការខាងទឹកមុខច្រើនយ៉ាង ដូចជា ទឹកមុខមាំ
    ចងចិញ្ចើម ធ្វើមាត់ជីបអូចៗ និងញញឹម អាការទាំងនេះមិនបានបណ្តាលមកពីការកំពុងយល់សប្តិ ឬកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិននោះទេ តែគឺជាវិវឌ្ឍនាការសាច់ដុំផ្ទៃមុខរបស់ទារកទៅវិញទេ។

    ទារកក្នុងអំឡុង 6 ខែឡើងទៅ នឹងចាប់ផ្តើមចេះយល់សប្តិហើយ ដោយសារតែទារកក្នុងវ័យនេះមើលឃើញបានពេញទំហឹងហើយ ទើបកើតមានការចងចាំទុកយកទៅយល់សប្តិ ដោយការយល់សប្តិរបស់ទារកវ័យ 6 ខែនេះនៅមិនទាន់ពេញជារឿងជារ៉ាវដូចមនុស្សធំទេ តែជារូបភាពស្លៃដ៍បែបមិនជាប់លាប់ និងទារកនៅមិនទាន់យល់ដឹងថា នេះគឺជាសុបិនឡើយ។

    កូនតូចចូលចិត្តញញឹមពេលគេងលក់ មិនមែនព្រោះកូនកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិនតាមជំនឿដែលយើងធ្លាប់បានឮនោះទេ តែកើតចេញពីវិវឌ្ឍនាការរបស់សាច់ដុំផ្ទៃមុខដូចដែលបានរឿបរាប់ពីខាងលើរួចហើយប៉ុណ្ណោះឯង ដូច្នេះលោកឪពុកអ្នកម្តាយមិនចាំបាច់ព្រួយកង្វល់ឡើយ ព្រោះវិវឌ្ឍនាការផ្សេងៗនឹងហុចផលល្អឱ្យកូនក្លាយជាក្មេងឆ្លាតនាពេលអនាគត៕

  • Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 លើកដំបូង​នៅ​ចុងឆ្នាំ​នេះ

    Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 លើកដំបូង​នៅ​ចុងឆ្នាំ​នេះ

    អាមេរិក៖ ថ្មីៗនេះ មាន​លេចឮ​នូវ​ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​មួយ​ទាក់ទង​នឹង​ទូរស័ព្ទដៃ iPhone របស់​ក្រុមហ៊ុន Apple ដែល​វា​ជា​ព័ត៌មាន​ថ្មី និង​រសើប​បំផុត​នៅក្នុង​ពិភព​ស្មា​ត​ហ្វូ​ន។ យោងតាម​អ្នកវិភាគ​ដ៏​ល្បី និង​ជំនាញ​ទាក់ទង​នឹង Apple លោក Ming-Chi Kuo បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន Apple នឹង​ប្រកាស​បង្ហាញ iPhone ដែល​អាច​ប្រើ​ស៊ីម​កាត 2 នៅក្នុងពេលឆាប់ៗខាងមុខនេះ។

    គេហទំព័រ GSM Arena បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សំដី​លោក Ming-Chi Kuo ថា «យ៉ាងយូរបំផុត​នៅ​ចុងឆ្នាំ 2018 នេះ iPhone ប្រើ​ស៊ីម​កាត 2 នឹង​បង្ហាញខ្លួន»។ ប្រភព​ដដែល​បានបញ្ជាក់​បន្តទៀតថា ក្រុមហ៊ុន Apple បានសម្រេច​ចិត្ត​បង្កើត iPhone ប្រើ​ស៊ីម​កាត2 នេះ ដោយសារតែ​មានការ​ជំរុញ​ពី​ក្រុម​អ្នកវិនិយោគ។

    បើទោះបីជា​គេ​មិនទាន់​ដឹង​ច្បាស់​ថា iPhone ប្រើ​ស៊ីម​កាត 2 នោះ​មានឈ្មោះ​អ្វី​ក៏ដោយ ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​ខាងលើ បានឱ្យដឹងថា វា​មាន​អេក្រង់​ទំហំ 6.1អ៊ីង និង​មានតម្លៃ​ចន្លោះ​ពី 650 ទៅ 750ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​មាន​ពីរ​ជម្រើស​សម្រាប់​អតិថិជន គឺអាច​ជ្រើស​រើសយក​ស៊ីម​កាត 1 ក៏បាន និង​ស៊ីម​កាត 2 ក៏បាន តែ​តម្លៃ​ខុសគ្នា។

    ក្រុមអ្នកវិភាគ​ជាច្រើន​បាន​លើកឡើងថា iPhone ប្រើ​ស៊ីម​កាត 2 នេះ នឹង​ជួយ​ជំរុញ​ទីផ្សារ iPhone ឱ្យ​កាន់តែខ្លាំង​ថែមទៀត បើទោះបីជា​ទូរស័ព្ទ​ស៊ីម​កាត 2 មិន​ពេញនិយម​នៅ​សហរដ្ឋអាមេរិក​ក្ដី ប៉ុន្តែ​សម្រាប់​នៅ​តំបន់​អាមេរិក​ឡា​ទិន អឺរ៉ុប និង​អាស៊ី​គឺ​ពេញនិយម​ខ្លាំង​បំផុត ហើយ​បើតាម​ការវិភាគ Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 នៅ​តំបន់​ដែលមាន​ការពេញនិយម​ប៉ុណ្ណោះ៕

  • កម្មវិធី ABC Exceptional Night ជាមួយ​កញ្ញា ឱក សុគន្ធ​កញ្ញា

    កម្មវិធី ABC Exceptional Night ជាមួយ​កញ្ញា ឱក សុគន្ធ​កញ្ញា

    រាជធានី​ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ  ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ទីតាំង 57 Route Pub ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​បានផ្តល់​បទពិសោធន៍​ដ៏​ល្អ​ឯក​ជូន​ដល់​អតិថិជន​ជាច្រើន។

    កម្មវិធី​រាត្រី​ដ៏​គួរ​រំភើប​នេះ​មានការ​សម្តែង​ដ៏​ពិសេស​អស្ចារ្យ​ពី​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា និង​ក្រុម​តារា​បង្ហាញ​ម៉ូត​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ព្រមទាំង​កម្មវិធីសប្បាយៗជាច្រើន​ទៀត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​ភ្លក់​នូវ​រសជាតិ​ថ្មី​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត​ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​ជា​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ The Storm Pub & Restaurantនៅ​ថ្ងៃ​សុក្រ ទី 20 ខែមេសា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​លោក ដួង វី​រះ​សិទ្ធ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ។

  • កូន​គ្មាន​គំនិត​ច្នៃប្រឌិត​អាច​បណ្ដាលមកពី​ឪពុកម្តាយ

    កូន​គ្មាន​គំនិត​ច្នៃប្រឌិត​អាច​បណ្ដាលមកពី​ឪពុកម្តាយ

    អាណាព្យាបាល​ជាច្រើន​បាន​រអ៊ូរទាំ​ពីកូនៗរបស់គាត់​ដែល​មិនអាច​ធ្វើ​រឿង​ជាច្រើន​តាមចិត្ត​របស់គាត់​បាន ហើយ​ពេលខ្លះទៀត​ក៏​បន្ទោស​លើ​ប្រព័ន្ធ​អប់រំ​ថា មិនអាច​ធ្វើឱ្យ​កូន​គាត់​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​បង្កើត​ថ្មី ឆ្លាត​វៃ ឬ​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​អភិវឌ្ឍន៍។

    ផ្អែកលើ​ស្ថានភាព​បែបនេះ អ្នកជំនាញ​អប់រំ​បានបង្ហាញ​ពី​អំណះអំណាង​ជាច្រើន​ស្រដៀង​គ្នា ដែល​ក្នុងនោះ​ក៏មាន​គេហទំព័រ Education world ផងដែរ​បានលើកឡើង​ថា ការដែល​ជំរុញ​កុមារ​តូច​ឱ្យធ្វើតាម​មនុស្ស​ធំ ឬ​ការបង្ខំ​ឱ្យ​កុមារ​ធ្វើតាម​អ្វីដែល​អាណាព្យាបាល​គិត​នោះ គឺជា​រឿង​ខុសឆ្គង។

    ការគិត​របស់​មនុស្ស​ធំ និង​គំនិត​របស់​កុមារ​មាន​ភាពខុសគ្នា ហើយ​ពេលខ្លះ​ការដែល​យើង​បង្ខំ​ឱ្យ​កុមារ​ធ្វើអ្វីៗតាម​មនុស្ស​ធំ​ទាំងស្រុង នឹងធ្វើ​ឱ្យ​កុមារ​កាន់តែ​ទន់ខ្សោយ​ទៅ ព្រោះ​គាត់​ប្រាកដជា​មិនអាច​ធ្វើ​ដូច​អ្វីដែល​យើង​រំពឹងទុក​ទាំងអស់​នោះទេ ហើយ​ប្រសិនបើ​គាត់​ធ្វើបាន នោះ​មានន័យថា កម្រិត​នៃ​ការគិត​របស់គាត់​បាន​ត្រឹមតែ​ស្មើ​អាណាព្យាបាល ហើយយូរៗទៅ អាណាព្យាបាល​នឹង​លែង​បានឃើញ​ពី​ចំណុច​ពិសេស​របស់​កូន។

    អាណាព្យាបាល​ជាច្រើន​បានគិត​ខុស ហើយ​ព្យាយាម​កាត់​តម្រឹម​ការគិត និង​គំនិត​ច្នៃប្រឌិត​របស់​ក្មេង​ឱ្យ​ស្ថិតក្នុង​គន្លង​ចាស់គំរឹលដដែលៗ ដែលជា​ហេតុ​ធ្វើឱ្យ​ក្មេង​បាត់បង់​ជំហរ​ក្នុងការ​អភិវឌ្ឍ​គំនិត ខណៈ​អ្នកស្រាវជ្រាវ​នានា​រកឃើញ​ថា​ក្មេង​ដែលមាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការគិត គឺអាច​រកឃើញ​ដំណោះស្រាយ​បញ្ហា​ឆ្លាត​វៃ​លឿន​ជាង​មនុស្ស​ធំ។ ក្រៅពីនេះ កុមារ​ក៏​អាច​នឹង​ក្លាយជា​មនុស្ស​សំខាន់ មានគំនិត​បង្កើត​ថ្មី ឬ​អាច​ក្លាយជា​មនុស្ស​លេចធ្លោ​បាន​លើសពី​មនុស្ស​ធំ ប្រសិនបើ​ពួកគេ​មាន​ភាព​រីករាយ​គ្រប់គ្រាន់​ក្នុង​ការគិត សាកល្បង ឬ​ស្វែងរក​ពិភព​នៃ​ការរស់នៅ​បាន​យ៉ាង​ទូលំទូលាយ​នោះ។

    អ្នក​អប់រំ​ជាច្រើន បាន​ជំរុញ​កុមារ​ឱ្យមាន​ការស្វែងយល់​យ៉ាង​ទូលាយ​តាមរយៈ​ការបង្កើត​កម្មវិធី​ពិសោធ​ជាក់ស្តែង ការមើល​វីដេអូ រួមទាំង​ការដើរទៅ​ក្រៅប្រទេស​ជាដើម ដើម្បី​ជំរុញ​ពួកគេ​ឱ្យ​ស្គាល់​បរិស្ថាន​ថ្មី វិធីសាស្ត្រ​នៃ​ការរស់នៅ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ការគិត និង​បង្កើត​ថ្មី​របស់​ក្មេង។ ហេតុនេះ​អាណាព្យាបាល ឪពុកម្តាយ​នៅ​កម្ពុជា គួរ​ចាប់ផ្តើម​សាកល្បង​សង្កេត​ដោយ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ចំពោះ​គំនិតប្លែកៗរបស់​ក្មេង ជាជាង​បង្ខំ​ពួកគេ​ឱ្យធ្វើ​នូវ​អ្វីដែល​យើង​ចង់ឱ្យក្មេងៗធ្វើ ទាំង​មិនបាន​មើល​ពី​សក្តានុពល​របស់​ពួកគេ៕