Author: វល័ក្ខ

  • កម្មវិធី ABC Exceptional Night ជាមួយ ឆាយ វីរៈយុទ្ធ

    កម្មវិធី ABC Exceptional Night ជាមួយ ឆាយ វីរៈយុទ្ធ

    ភ្នំពេញ៖ កាលពី​ថ្ងៃ​ពុធ ទី 02 ខែឧសភា ឆ្នាំ2018 ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ ភោជនីយដ្ឋាន​ភូមិ​យើង  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គាត់​ជា​តារាចម្រៀង​ដែលជា​និមិត្តរូប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​ក្នុងចំណោម​តារា​រួម​ជំនាន់ រាល់​ការសម្តែង​ជូន​ទស្សនិកជន​គាត់​តែងតែ​ធ្វើបាន​យ៉ាង​ល្អ និង​ពោរពេញ​ទៅដោយ​សមត្ថភាព​បំផុត​ជួប​ជាមួយ​លោក ឆាយ វី​រៈ​យុទ្ធ (The Matinee Idol) ។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន តារាចម្រៀង​ដែល​ចូលរួម ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ  ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត​ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង Motor Café Pub សាខា​ទួលគោក នៅ​ថ្ងៃ​សុក្រ ទី 04 ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​ក្រុម​តារាចម្រៀង​វ័យក្មេង​ដែលមាន​ទេពកោសល្យ ហើយ​តែងតែ​បង្កើត​នូវ​អ្វីដែល​ថ្មី ដើម្បី​ជា​អត្តសញ្ញាណ​របស់​ពួកគេ ពួកគេ​ជា​សិ​ល្បះ​ករ​សិល្បការ​នី ក្រុម​តូច (True Blue Exceptional) ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ

  • ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ

    ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ

    ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី 4 ដល់​ថ្ងៃទី 6 ខែឧសភា​ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​គឺ International Beach Volleyball 2-Star FIVB World Tour នៅ​កោះ​ពេជ្រ រា​ធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ក្រុម​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​ក្រុម។

    នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​លើកទីមួយ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB)  ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។ ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​នឹងមាន​ក្រុម​ចូលរួម​ចំនួន  29 ក្រុម​មកពី 17 ប្រទេស​ដូចជា​អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិ​ក ជប៉ុន ណូ​វែ​ល​ហ្សី​ឡង់ រុស្ស៊ី​ស៊ុយអែដ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

    ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​នឹង​ផ្តល់​ភាព​រំភើប​រីករាយ​ក្រៃលែង​សម្រាប់​ទស្សនិកជន ដោយសារ​កីឡាករ​មកពី​បណ្តា​ប្រទេស​ជាច្រើន​នឹងចូលរួម​ប្រកួតប្រជែង​គ្នា​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សន្សំ​ពិន្ទុ ដែល​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour  ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក។

    កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​បានរៀបចំ​សន្និសីទកាសែត​ប្រកាស​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2018 នៅ​សណ្ឋាគារ ខេ​ម​បូ​ឌីយ៉ាណា។ កម្មវិធី​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី 24ខែមីនា​រហូតដល់​ថ្ងៃទី 27 ខែឧសភា ឆ្នាំ 2018 នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំបី​រួមមាន​ខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀមរាប។

    ម៉ោង​ប្រកួត​កម្មវិធី International Beach Volleyball 2-Star FIVB World Tour ចាប់ផ្តើម​ពី​ម៉ោង 9 ព្រឹក​ដល់ 5 ល្ងាច​ចាប់ពី​ថ្ងៃទី 4 ដល់​ថ្ងៃទី 6 ខែឧសភា​ខាងមុខនេះ នៅ​បរិវេណ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភា​មា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារាល្បីៗប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជាច្រើនរូប​មានដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆន សុវណ្ណ​រាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួស វី​ហ្សា  អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត លោក ស្តិ​ប (Step) លោក ជី ដេវីត។

    សូម​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ! មាន​ស្រា​បៀរ​អាន់​ឆ័​រ​កាន់តែច្រើន កាន់តែ​សប្បាយ។

    ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ​ជាមួយ​រស​ជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ!

    រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ!

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ៖ https://www.facebook.com/AnchorBeerKH/ ។

    ពិសា​ស្រា​បៀរ​អាន់​ឆ័​ដោយ​ការទទួលខុសត្រូវ!!!

  • លោក Klopp បញ្ជាក់ថា លោក​ចង់បាន​ត្រឹម 1ពិន្ទុ​ទេ ពេល Liverpool ប៉ះ​Chelsea ថ្ងៃអាទិត្យ​នេះ

    លោក Klopp បញ្ជាក់ថា លោក​ចង់បាន​ត្រឹម 1ពិន្ទុ​ទេ ពេល Liverpool ប៉ះ​Chelsea ថ្ងៃអាទិត្យ​នេះ

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បញ្ជាក់ថា ការដណ្តើម​បានត្រឹមតែ1ពិន្ទុ​នៅពេលដែល​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Chelsea ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នា​ថ្ងៃអាទិត្យ​នេះ នឹង​ក្លាយជា​លទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​ការ​ប្រជែង​យក​កៅអី​ទៅកាន់​ក្របខ័ណ្ឌ Champions League។

    បើទោះជា​ទើបតែ​បាន​ជួប​ភាព​រីករាយផ្សេងៗតាមរយៈ​ការឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ទី1 ក្នុង​រយៈពេល 11ឆ្នាំ​ក៏ដោយ ប៉ុន្តែ​លោក Klopp បានចាត់ទុក​ការធ្វើដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដី Stamford ជាការ​ប្រកួត​Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មួយ​ផ្សេងទៀត។

    ការដណ្តើម​បាន​ជ័យជម្នះ​ណាមួយ​ក្នុងចំណោម​ការប្រកួត​ដែល​នៅសល់​ទាំង 3លើក​របស់​ក្រុម Liverpool នៅ​រដូវ​កាល​នេះ ដូចជា​កីឡដ្ឋាន Stamford Bridge ការ​ឈ្នះ​នៅលើ​ទឹកដី​ខ្លួនឯង​លើ​ក្រុម Brighton នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល Premier League ឬ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង Real Madrid ក្នុង Champions League នឹង​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​កៅអី​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប។ ប៉ុន្តែ ស្របពេល​លោក Klopp កំពុងស្ថិត​ក្នុង​អារម្មណ៍​ស្ងប់ និង​បាន​អនុញ្ញាតឱ្យ​តារាឆ្នើមៗសម្រាក ការដណ្តើម​បានត្រឹមតែ 1ពិន្ទុ​នៅ​ចុង​សប្តាហ៍​នេះ គឺជា​គោល​ដ៏​ធំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ។

    លោក Klopp បានឱ្យដឹងថា៖ «តើ​យើង​មាន​ក្រុម​ដ៏​ធំ​បំផុត​ក្នុង​ពិភព​កីឡាបាល់ទាត់​នៅពេលនេះ​ឬទេ? ទេ យើង​មិនមាន​ទេ។ ការដែល​ក្រុម​នេះ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺជា​រឿង​ដ៏​អស្ចារ្យ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10:30យប់៕

    ប្រភពពី៖ Sport24

  • Atletico ធ្វើឱ្យ​លោក Wenger ខកចិត្ត​ធំ ដើម្បី​ទៅ​ជួប Marseille ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Europa League

    Atletico ធ្វើឱ្យ​លោក Wenger ខកចិត្ត​ធំ ដើម្បី​ទៅ​ជួប Marseille ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Europa League

    ក្រុម Marseille បាន​កក់​កៅអី​របស់​ពួកគេ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ទៅ​ជួបនឹង​ក្រុម Atletico Madrid ក្រោយពី​ខ្សែការពារ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Rolando បា​នរក​គ្រាប់​បាល់​នៅ​នាទី​បន្ថែម 15នាទី 2ដង ដើម្បី​ជួយ​ឱ្យ​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ទាំង 2ជើង 3-2 លើ​ក្រុម Salzburg កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    Salzburg បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរឱ្យ​កោតសរសើរ​ក្នុង​តង់​ទី2 ដើម្បី​លុបចោល​ការដេញ​តាម​ពីក្រោយ 2-០ ពី​ការប្រកួត​ជើង​ទី1 ប៉ុន្តែ​ក្រុម Marseille បាន​ក្លាយជា​ក្រុម​បារាំង​ដំបូង​គេ ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ក្របខ័ណ្ឌ​អឺរ៉ុប ចាប់តាំងពី​ឆ្នាំ2004 បើទោះបី​ចាញ់​ក្នុង​លទ្ធផល 2-1 នៅ​រាត្រី​នោះ​ក៏ដោយ។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ Diego Costa បាន​កម្ទេច​ក្តីសង្ឃឹម​ចុងក្រោយ​របស់​លោក Arsene Wenger នៃ​ការបញ្ចប់​ការដឹកនាំ​ក្លិប Arsenal ទាំង​ភាពជោគជ័យ ខណៈដែល​គ្រាប់​បាល់​បញ្ចូល​ទី​របស់គេ​បាន​ជួយ​ឱ្យ​ក្រុម Atletico Madrid ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ការប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប​ជា​លើក​ទី250 របស់លោក Wenger ជាមួយនឹង​ក្រុម Arsenal ក៏​ជាការ​ប្រកួត​ជា​លើកចុងក្រោយ​ផងដែរ ដែល​ត្រូវបាន​កាត់សេចក្តី​ដោយ​គ្រាប់​បាល់​ដ៏​ល្អ​របស់ Costa។

    តំបន់​ការពារ​របស់​ក្រុម Arsenal បានបង្ហាញ​ពី​ភាពទន់ខ្សោយ និង​មាន​អារម្មណ៍​ភិតភ័យ ជាពិសេស​ស្ថិតក្នុង​ភាព​ស្លន់ស្លោ​យ៉ាង​ឆាប់រហ័ស ហើយ​ការរង​បរាជ័យ​ក្នុង​លទ្ធផល 1-០ និង 2-1 ពី​ការប្រកួត​ទាំង 2ជើង មានន័យថា រដូវ​កាល​ចុងក្រោយ​របស់លោក Wenger ក្នុងនាម​ជា​គ្រូបង្វឹក​នឹង​បញ្ចប់​ដោយ​ក្រុម​របស់លោក​អវត្តមាន​ពី​ក្របខ័ណ្ឌ Champions League ក្នុង​រយៈពេល 2ឆ្នាំជាប់ៗគ្នា៕

    ប្រភពពី៖ The Straits Times

  • IFR បង្ហាញ​ពី​ប្រទេស​ដែល​ប្រើប្រាស់ Robot ច្រើនជាងគេ​បំផុត​លើ​ពិភពលោក

    IFR បង្ហាញ​ពី​ប្រទេស​ដែល​ប្រើប្រាស់ Robot ច្រើនជាងគេ​បំផុត​លើ​ពិភពលោក

    ឧស្សាហកម្ម​នាពេល​បច្ចុប្បន្ន​នេះ​ហាក់​លែង​ស្ទាក់ស្ទើរ​ទៀតហើយ​ក្នុង​ប្រើប្រាស់​គ្រឿងយន្ត​ស្វ័យប្រវត្តិ (Robot) ដើម្បី​ប្រតិបត្តិការ​ផលិតកម្មរ​បស់​ខ្លួន ព្រោះថា បច្ចេកវិទ្យា​បាន​អភិវឌ្ឍ​ឱ្យ Robot កាន់តែ​មាន​ភាព​ឆ្លាត​វៃ​ខ្លាំង​ឡើង ទន្ទឹមនឹង​បច្ចេកវិទ្យា AI (Artificial Intelligence) ដែល​កំពុង​វាយលុក​កាន់តែខ្លាំង​លើ​ការងារសំខាន់ៗក្នុង​ពិភពលោក។

    នៅ​ចន្លោះ​ឆ្នាំ2015 និង​ឆ្នាំ2016 ចំនួន​ជា​មធ្យម​នៃ​ការប្រើប្រាស់ Robot ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុង​ពិភពលោក​បាន​កើនឡើង​ពី​ចំនួន 66ផ្នែក ក្នុងចំណោម​មនុស្ស 10,000នាក់ ដល់​ចំនួន 74ផ្នែក​ក្នុងចំណោម 10,000នាក់។

    ទិន្នន័យ​នេះ​បង្ហាញថា ការអភិវឌ្ឍ​បច្ចេកវិទ្យា Robot កាន់​តែមាន​សម្ទុះ​ទៅមុខ​លឿន​ខ្លាំង​ឡើង ហើយ​គ្មាន​សញ្ញា​នៃ​ការថយចុះ​នោះទេ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សហព័ន្ធ​គ្រឿងយន្ត​ស្វ័យប្រវត្តិ​អន្តរជាតិ (International Federation of Robotics = IFR) ដែល​បានធ្វើ​ស្ថិតិ​ពី​ចំនួន​សហគ្រាស​ដែល​ដំឡើង Robot នៅក្នុង​ឆ្នាំ2016។

    ប្រទេស​ដែលមាន​ការប្រើប្រាស់ Robot ច្រើនជាងគេ​លើ​ពិភពលោក គឺ​ប្រទេស​កូរ៉េខាងត្បូង​ជាមួយនឹង​វត្តមាន​របស់ Robot 631ផ្នែក​ក្នុងចំណោម​មនុស្ស10,000នាក់។ សហព័ន្ធ IFR បាន​បង្ហាញថា ការកើនឡើង​នេះ ដោយសារតែ​សមត្ថភាព​នៃ Robot មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​ឡើង​ក្នុង​កិច្ចការងារសំខាន់ៗលើ​ពិភពលោក ជាពិសេស​លើ​វិស័យ​អេឡិចត្រូនិក និង​ឧស្សាហកម្ម​ស្វ័យប្រវត្តិ។

    ឈរ​នៅ​លំដាប់ថ្នាក់​លេខ2 លើ​ពិភពលោក ដែលមាន Robot ធ្វើការ​ច្រើនជាងគេ​លើ​ពិភពលោក ប្រទេស​សិង្ហ​បុរី បាន​ដំឡើង Robot ចំនួន 488គ្រឿងក្នុង​ចំណោម​មនុស្ស 10,000នាក់។ ហើយបើ​យោងតាម​របាយការណ៍រ​បស់ IFR បាន​បង្ហាញថា 90% នៃ Robot នៅក្នុង​ប្រទេស​សិង្ហ​បុរី គឺ​ធ្វើ​ការងារ​លើ​ឧស្សាហកម្ម​អេឡិចត្រូនិក។

    ងាក​ទៅ​ទ្វីបអឺរ៉ុប​វិញ ប្រទេស​អាល្លឺម៉ង់​បាន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3 លើ​ពិភពលោក ដែលមាន Robot និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ច្រើនជាងគេ​លើ​ពិភពលោក និង​ជា​ប្រទេស​ដែល​ឈរ​នៅលំដាប់ថ្នាក់​លេខ1 ក្នុង​ទ្វីបអឺរ៉ុប។ អាល្លឺម៉ង់ មាន​Robot កំពុងធ្វើការ​ងារ​ចំនួន 309គ្រឿង ក្នុងចំណោម​មនុស្ស 10,000នាក់។ យោងតាម​ទិន្នន័យ​របស់ IFR បាន​បង្ហាញថា ប្រទេស​អាល្លឺម៉ង់​បាន​បង្កើត Robot ដើម្បី​លក់​ទៅ​ទ្វីបអឺរ៉ុប​ចំនួន 41% ក្នុង​ឆ្នាំ2016 ហើយ​តាម​ការរំពឹងទុក នៅ​ចន្លោះ​ឆ្នាំ 2018 និង​ឆ្នាំ2020 នឹងមាន​ការកើនឡើង​ប្រមាណ 5% បន្ថែមទៀត។

    ប្រៀបធៀប​ពី​ការងារ​របស់ Robot នៅក្នុង​ទ្វីបនីមួយៗបើ​គិតពី​ចំនួន​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​មាន​ចំនួន Robot ដែល​កំពុងធ្វើការ​ងារ​ច្រើនជាង​ទ្វីប​ដទៃ បើ​គិត​ជា​មធ្យម​ក្នុង​ពិភពលោក។ ក្នុងនោះ​ប្រទេស​ស៊ុយអែត មាន Robot ចំនួន 223គ្រឿង ដា​ណឺ-ម៉ាក មាន​ចំនួន 211គ្រឿង អ៊ីតាលី​មាន​ចំនួន 185គ្រឿង និង​បែ​ល​ហ្សិ​កមាន​ចំនួន 184គ្រឿង។

    ចំពោះ​ប្រទេស​អង់គ្លេស​វិញ​ថ្វីត្បិតតែ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​សំខាន់​ជាងគេ (G7) ក៏ពិតមែន​តែមាន Robot ធ្វើការ​ត្រឹមតែ​ចំនួន 71គ្រឿង​តែប៉ុណ្ណោះ​ក្នុងចំណោម​អ្នកធ្វើការងារ​ចំនួន 10,000នាក់។ របាយការណ៍​របស់ IFR បាន​បង្ហាញថា ចក្រភព​អង់គ្លេស គួរតែ​បង្កើន​ការវិនិយោគ​លើ​គ្រឿងយន្ត​ទំនើប​បន្ថែមទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។

    នៅ​អឺរ៉ុប​ខាងកើត ប្រទេស​ស្លូ​វេ​នៀ មានការ​ប្រើប្រាស់​គ្រឿងយន្ត​ចំនួន 137គ្រឿង ក្នុងចំណោម​មនុស្ស 10,000នាក់ ហើយ​ប្រទេស​ស្លូ​វា​គី​មាន​ចំនួន 135គ្រឿង ដែល​វា​ជា​ទិន្នន័យ​បង្ហាញ​ពី​ការប្រើប្រាស់​កើនឡើង​នៃ​ការប្រើប្រាស់ Robot និង​សាធារណរដ្ឋ​ឆែក ក៏​ជា​ប្រទេសមួយ​ដែលមាន​ការប្រើប្រាស់​គ្រឿងយន្ត​កើនឡើង​ខ្ពស់​ផងដែរ​ជាមួយនឹង​វត្តមាន​គ្រឿងយន្ត​ចំនួន 101គ្រឿងក្នុង​ចំណោម​អ្នកធ្វើការងារ 10,000នាក់ ដែល​មានន័យថា ការងារ​ជាច្រើន​របស់​មនុស្ស​កំពុង​ត្រូវបាន​ជំនួស​ដោយ​ម៉ាស៊ីន​កាន់តែច្រើន។

    លោក Zbynek Frolik អគ្គនាយក​នៃ​ក្រុមហ៊ុន Linet បាន​និយាយប្រាប់ The New York Times ថា៖ “យើង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំនួស​ការងារ​របស់​ម​នុស្ស​ដោយ​ម៉ាស៊ីន តាម​ដែល​យើង​អាចធ្វើ​ទៅបាន។

    យោងតាម​របាយការណ៍​ពី​ស្ថាប័ន​ប្រឹក្សា​យោបល់​ផ្នែក​គ្រប់គ្រង​លើ​ពិភពលោក McKinsy បាន​ព្យាករ​ថា​មួយ​ភាគ​ប្រាំ​នៃ​ប្រជាជន​លើ​ពិភពលោក​នឹង​អាច​ប៉ះពាល់​ដល់​វិស័យ​ការងារ ឬ​អាច​និយាយបាន​ថា មាន​អ្នកធ្វើការងារ​ចំនួន 800លាន​នាក់​អាច​នឹង​បាត់បង់​ការងារ​ដោយសារតែ​ការជំនួស​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ។

    អាមេរិក​ខាងជើង​នៅក្នុង​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក​ត្រូវបាន​គេ​ដឹង​តាមរយៈ​ទិន្នន័យ​ក្នុង​ឆ្នាំ2016 ថា មាន Robot ចំនួន189គ្រឿង​ត្រូវបាន​ដំឡើង​ក្នុងចំណោម​អ្នកធ្វើការងារ​ចំនួន 10,000នាក់។

    យោងតាម​ទិន្នន័យ​របស់ IFR បាន​បង្ហាញថា ផលប៉ះពាល់​ខ្លាំង​ដែល​អាច​នឹង​ងើបឡើង​យ៉ាង​ឆាប់រហ័ស​នៅ​សហរដ្ឋអាមេរិក​គឺ​ការធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​មួយចំនួន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ត្រូវធ្វើ​ដោយ​គ្រឿងយន្ត ហើយ​ចង្វាក់​ផលិតកម្ម​ខ្លះ​ត្រូវធ្វើ​នៅផ្ទះ។

    នៅជាប់​របង​ភាគខាងត្បូង​នៃ​អាមេរិក គឺ​ប្រទេស​ម៉ិ​ក​ស៊ិ​ក មាន Robot ចំនួន 33គ្រឿង​ក្នុងចំណោម​អ្នកធ្វើការ 10,000នាក់​ដែល​ចង្វាក់​ផលិតកម្ម​ទាំងអស់នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការនាំ​ចេញទៅ​អាមេរិក​ដែរ។

    ទ្វីបអាស៊ី​ខណៈពេលដែល​ប្រទេស​កូរ៉េខាងត្បូង និង​សិង្ហ​បុរី កំពុង​នាំមុខគេ​ផ្នែក​ការប្រើប្រាស់​បច្ចេកវិទ្យា Robot នៅលើ​ពិភពលោក និង​ទីផ្សារ​គ្រឿងយន្ត​នៅ​អាស៊ី ចិន​ក៏​ជា​ប្រទេសមួយ​ដែល​បាន​ប្រើប្រាស់ Robot ជំនួស​ពលកម្ម​មនុស្ស​ច្រើន​គួរសម​ដែរ ។ ចិន​បាន​ប្រើប្រាស់ Robot ចំនួន 68គ្រឿងក្នុង​ចំណោម​មនុស្ស 10,000នាក់​ក្នុង​ឆ្នាំ2016 ហើយ​មកដល់​ពេលថ្មីៗនេះ វា​ត្រូវបាន​គេ​មើលឃើញថា កាន់តែ​មានការ​កើនឡើង​បើទោះបីជា​មិនទាន់មាន​ទិន្នន័យ​ចុងក្រោយ​បំផុត​ណាមួយ​បង្ហាញឱ្យឃើញ​ច្បាស់លាស់​នៅក្នុង​ឆ្នាំ2018 នេះ​ក៏ដោយ៕

  • ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​ស្ថិតក្នុង​ភាព​ប្រឈម

    ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​ស្ថិតក្នុង​ភាព​ប្រឈម

    បច្ចុប្បន្ន​ដោយសារ​មានការ​ចូលរួម​ពី​ផ្នែក​ឯកជន​ប្រជាកសិករ​ខ្មែរ​ស្ទើរតែ90% បាន​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ក្នុង​ការជំរុញឱ្យ​ប្រសើរឡើង​នូវ​មុខរបរ​កសិកម្ម​របស់ខ្លួន​ដែល​ត្រូវបាន​គេ​មើលឃើញថា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ការធ្លាក់ចុះ​កម្លាំង​ពលកម្ម ការប្រែប្រួល​អាកាសធាតុ និង​ឱនភាព​ដី​បានធ្វើឱ្យ​វិស័យ​កសិកម្ម​មិនអាច​ឈានទៅ​សម្រេចបាន ឬ​ប្រើ​ឱ្យអស់​លទ្ធភាព​នូវ​សក្តានុពល​របស់ខ្លួន​ដែលមាន។

    បញ្ហា​នេះ​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​យល់ថា ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​មិនទាន់​លឿន​នៅឡើយ​ទេ ដោយសារតែ​បញ្ហា​ក្បាលដី​សម្រាប់ធ្វើ​កសិកម្ម​នៅមាន​ទំហំ​តូច និង​កម្សោយវិនិយោគ​លើ​ការកសាង​ប្រព័ន្ធធារាសាស្ត្រ។ ការណ៍​នេះ​ទាមទារ​ឱ្យមាន​ការធ្វើ​ទំនើបកម្ម​កាន់តែខ្លាំង​ឡើង​ថែមទៀត​ក្នុង​វិស័យ​សំខាន់​មួយ​នេះ។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

    លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែងថា វិស័យ​កសិកម្ម​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​បានធ្វើឱ្យ​វិស័យនេះ​មិនអាច​អភិវឌ្ឍ​ទៅមុខ​លឿន​បាន។ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក។

    លោក​បាន​បញ្ជាក់ថា៖“កសិករ​មាន​ក្បាលដីតូចៗសម្រាប់ធ្វើ​កសិកម្ម ហើយ​ជាការ​ត្រឹមត្រូវ​ណាស់ ក្បាលដីតូចៗទាំងនោះ​មិន​អនុញ្ញាតឱ្យ​ពួកគាត់​ប្រើប្រាស់​គ្រឿងយន្តធំៗបានទេ។ គាត់​មិនអាច​ទៅ​ទិញ​ត្រាក់ទ័រ​មួយ ឬ​ម៉ាស៊ីន​ច្រូត​មួយ​មក​ប្រើ​បានទេ អ៊ីចឹង​គាត់​មានតែ​ប្រើ​សេវា​ជួល​របស់​អស់ហ្នឹង ដែល​នេះ​គឺជា​ការចូលរួម​ពី​វិស័យ​ឯកជន។

    លោក​បាន​ថ្លែងបន្តថា ខណៈដែល​កម្ពុជា​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម តែ​វិស័យនេះ​ក៏​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ពាក់ព័ន្ធ​នឹង​ការកែច្នៃ​ផលិតផល​កសិកម្ម។ លោក​បានបន្តទៀតថា កម្ពុជា​មិនអាច​ពឹង​តែ​ពី​ការលក់​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​ប៉ុណ្ណោះ​ទេ ព្រោះ​ការលក់​បាន​ថ្លៃ ឬ​ថោក អាស្រ័យទៅលើ​ទីផ្សារ​អន្តរជាតិ។

    លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក (CEDAC) បានផ្ដល់​ទស្សនៈ​មួយចំនួន​ដែល​អា​ចព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យនេះ​បាន​លឿន​ជាង​មុន និង​ធ្វើឱ្យ​វិស័យនេះ បាន​រីកដុះដាល​បន្ថែមទៀត​នោះ​គឺ៖

    ទី1-ទាក់ទង​នឹង​ចំណេះដឹង ការយល់ដឹង​របស់​ប្រជាកសិករ​យើង។ ត្រូវ​បណ្តុះបណ្តាល​គាត់ និង​អប់រំ​ពី​ការវិនិយោគ​វិស័យ​កសិកម្ម ដូច​ជាការ​ស្ទូងស្រូវ​ដោយ​ម៉ាស៊ីន​ជាដើម“ចំណុច​នេះ​ឱ្យ​គាត់​សម្លឹង​មើលទៅ​ប្រទេសជិតខាង​ដើម្បី​ថ្លឹងថ្លែង​ពី​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​នេះ ពីព្រោះ​ពេលខ្លះ​វា​អាច​នាំមក​នូវ​ជោគជ័យ តែ​ពេលខ្លះ​វា​ក៏​មិន​នាំមក​នូវ​ជោគជ័យ​ដែរ។ដោយហេតុថា ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ​នេះ​មិន​សម​នឹង​តម្លៃ​ដែល​បាន​ចំណាយ ឧទាហរណ៍​ការធ្វើ​ស្រូវ​ដី 1ហិកតា​ដោយ​ការប្រើ​ត្រាក់ទ័រ វា​ខុសគ្នា​នឹង​ការ​ភ្ជួរ​ដោយ​គោ-ក្របី។

    ទី2-ទាក់ទង​នឹង​ផ្ទៃដី ភាគច្រើន​ប្រជាកសិករ​មាន​ទំហំ​ដី​ធ្វើ​កសិកម្មតូចៗ ហើយ​នៅ​ដាច់​ឆ្ងាយ​ពីគ្នា។លោក​បានបញ្ជាក់​បន្ថែម​ថា៖ “ការប្តូរ​ប្រព័ន្ធ​ក្បាលដី​ហ្នឹង គឺ​សំខាន់​ណាស់​ដើម្បីឱ្យ​គាត់​ប្រមូល​ដី​ហ្នឹង​មក​ជិតគ្នា​បើ​គាត់​មាន​មួយ​ហិកតា កុំ​ឱ្យមាន​ច្រើន​ស្រែ​ពេក គឺ​មួយ​ហិកតា នៅ​ប្រមូល​ផ្តុំគ្នា​តែមួយ​ហិកតា​ហ្នឹង គឺជា​ការល្អ​ដែល​អាច​ឲ្យ​គាត់​ធ្វើ​អី​បាន​ច្រើន​នៅលើ​ផ្ទៃដី​ផ្តុំគ្នា​ហ្នឹង។

    ទី3-ទាក់ទង​នឹង​ភាព​ដែល​អាច​រកបាន រដ្ឋាភិបាល​ត្រូវ​ជួយ​ដល់​កសិករ​នូវ​ការ​នាំចូល​នូវ​ក្រម​ហ៊ុន​ដែលមាន​គ្រឿងចក្រ​ដែល​អាច​ជួល​ក្នុងតម្លៃ​ទាប​ដើម្បីឱ្យ​កសិករ​ចំណាយ​ក្នុង​ការផលិត​សមស្រប​មិន​ចំណាយ​ដើមទុន​ធំ​ពេក។

    ទី4-ទាក់ទង​នឹង​ការឧបត្ថម្ភ​ធន រដ្ឋាភិបាល​ត្រូវ​ជួយ​ដល់​កសិករ​ដោយ​ផ្តល់នូវ​ដី​សម្បទាន​សង្គមកិច្ច និង​ជួយ​ជំរុញឱ្យមាន​ការផ្តល់​ឥណ​ទាន ឬ​ទុន​កម្ចី​ដែលមាន​កម្រិត​ការប្រាក់​ទាប ដែល​អាច​ផ្តល់ឱកាស​ឱ្យ​កសិករ​មាន​ទុនវិនិយោគ​លើដី​កសិកម្ម​របស់​ពួកគេ​បាន៕

  • សហគ្រាស​ធុន​តូច និង​មធ្យម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​កំណើនសេដ្ឋកិច្ច

    សហគ្រាស​ធុន​តូច និង​មធ្យម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​កំណើនសេដ្ឋកិច្ច

    សហគ្រាស​ធុន​តូច និង​មធ្យម (SME)មិន​ត្រឹមតែ​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​ការរីកលូតលាស់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។

    ឯកឧត្តម​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​រវាង​ក្រសួងពាណិជ្ជកម្ម និង ICC បង់​ក្លា​ដែ​ស​ស្តីអំពី​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​សកល កាលពី​សប្តាហ៍​មុន​ថា កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​អាស៊ី​ក្នុង​រយៈពេល 4ទសវត្សរ៍​កន្លងមក​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក និង​បានដាក់​ទីតាំង​អាស៊ី​ជា​អ្នកជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រីកចម្រើន​នេះ ក៏ដូចជា​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ2008-2009 តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​ក្នុងស្រុក និង​ការប្រមូល​តម្រូវការ​ក្នុងស្រុក។

    ឯកឧត្តម​បន្តថា សហគ្រាស​ធុន​តូច និង​មធ្យម​ជំរុញឱ្យមាន​តម្រូវការ​ក្នុងស្រុក​តាមរយៈ​ការបង្កើត​ការងារ ការច្នៃប្រឌិត និង​ការប្រកួតប្រជែង​ជាដើម​ដូច្នេះហើយ​ពួកគេ​គឺជា​កម្លាំង​ជំរុញ​មួយ​នៅ​ពីក្រោយ​សេដ្ឋកិច្ចជាតិ។ ប៉ុន្តែ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​វិញ ដើម្បី​រស់ និង​រីកចម្រើន លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ និង​បង្កើន​ផលិតភាព​របស់​ពួកគេ គឺ​ពិតជា​សំខាន់​យ៉ាងខ្លាំង។ ក្រៅពី​វិស័យ​គាំទ្រ​ហិរញ្ញវត្ថុ​ឧស្សាហកម្ម និង​ការលើកកម្ពស់​ការធ្វើ​អន្ដរ​ជាតូបនីយកម្ម (ដំណើរការ​ជា​អន្តរជាតិ) នៃ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​គន្លឹះ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​ទូលំទូលាយ និង​ការ​គេច​ចេញពី​អន្ទាក់​នៃ​ប្រាក់ចំណូល​មធ្យម​សម្រាប់​ប្រទេស​ជា​សមាជិក​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

    ទោះ​យ៉ាងនេះ​ក្តី នៅ​តំបន់​អាស៊ី សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅតែ​បន្ត​ខ្វះខាត​ហិរញ្ញវត្ថុ​ដោយ​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅពេល​មាន​ភាពមិនច្បាស់លាស់​ផ្នែក​ហិរញ្ញវត្ថុ​សកល​ដែល​កំពុង​បន្ត​ដោយសារ​ការទទួលបាន​ប្រភព​ហិរញ្ញវត្ថុ​សមស្រប​បាន​ក្លាយទៅជា​ការពិបាក​សម្រាប់ SME។ វិបត្តិ​ហិរញ្ញវត្ថុ​បាន​ប៉ះពាល់​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​សហគ្រិន​ដោយ​មិន​សម​ហេតុផល​កាន់តែ​ធ្ងន់ធ្ងរ​ទៅលើ​ឧបសគ្គ​ហិរញ្ញវត្ថុ​របស់​ពួកគេ។ ក្រៅពី​ហិរញ្ញវត្ថុ​មាន​កម្រិត​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​ត្រូវបាន​ចុះខ្សោយ​បន្ថែមទៀត​ដោយសារ​ការធ្លាក់ចុះ​នៃ​តម្រូវការ​សម្រាប់​ទំនិញ និង​សេវាកម្ម​ដែល​កំពុង​រារាំង​ឥណទាន។

    ជាមួយគ្នានេះ​លោក Mahbubur Rahman ជា​ប្រធាន ICC ប្រទេស​បង់​ក្លា​ដែ​សមាន​ប្រសាសន៍ថា ភាព​មិនមាន​ហិរញ្ញវត្ថុ​ជា​ឧបសគ្គ​ចំពោះ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ខណៈដែល​ពាណិជ្ជកម្ម​អន្ដរជាតិ​គឺជា​កម្លាំងចលករ​មួយ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ហើយ​ការផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាពិសេស​ការបញ្ចូល​ស​ហ​គ្រាស​ខ្នាតតូច និង​មធ្យម (SME) ទៅក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​តែម្តង។

    លោក​ថា បណ្តា​ប្រទេស​នៅ​អាស៊ី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចពិភពលោក​នោះទេ ថ្វីបើ​គម្លាត​សេដ្ឋកិច្ច​មាន​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​យ៉ាងសំខាន់​នៅក្នុង​រចនាសម្ព័ន្ធ និង​នីតិវិធី​នៃ​ការសម្រេចចិត្ត​ក្ដី។ ហើយ​ថា ការបណ្តុះបណ្តាល​រវាង​ក្រសួងពាណិជ្ជកម្ម និង ICC បង់​ក្លា​ដែ​ស​ស្តីអំពី​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​សកល និង​ជួយ​អភិវឌ្ឍ​សមត្ថភាព​ហិរញ្ញវត្ថុ នៅក្នុង​តំបន់​ពិសេស​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។

    ដើម្បី​ព​ន្លឿ​ន​ការពិភាក្សា​គោលនយោបាយ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យសេដ្ឋកិច្ចនីមួយៗ កិច្ចសហប្រតិបត្តិការ​សកល និង​ថ្នាក់​តំបន់​គឺ​ចាំបាច់​ជាពិសេស​ក្នុងការ​ចែករំលែក​ការអនុវត្ត​ល្អ លើ​ការអភិវឌ្ឍ​គំរូ​ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ​កង្វះខាត​ក្នុង​ហិរញ្ញវត្ថុ SME។ ក្នុងន័យនេះ​ធនាគារអភិវឌ្ឍន៍អាស៊ី​បានចាប់ផ្តើម​រៀបចំ​ក្របខ័ណ្ឌ​សម្រាប់​វេទិកា​ចែករំលែក​ព័ត៌មាន SME ដែលមាន​លក្ខណៈ​ទូលំទូលាយ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​ហៅថា S-RDTA (SME Finance Monitor – S-RDTA) ហើយ​សព្វថ្ងៃនេះ​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ជា​លើក​ទី2 នៃ​កម្មវិធី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ SME Finance របស់​អាស៊ី ដែល​គ្របដណ្តប់ 20DMCs មកពី 5 តំបន់​នៃ ADB៕

  • ចាប់ផ្តើម​លក់ OPPO F7 ថ្ងៃ​ដំបូង​សោះ ហាង​មួយចំនួនធំ​បាន​ដាច់​ស្តុក​ទៅហើយ!!

    ចាប់ផ្តើម​លក់ OPPO F7 ថ្ងៃ​ដំបូង​សោះ ហាង​មួយចំនួនធំ​បាន​ដាច់​ស្តុក​ទៅហើយ!!

    សន្ទុះ​នៃ​ការលក់  OPPO F7 នៅក្នុង​ថ្ងៃ​បើក​លក់​ដំបូង​នា​ថ្ងៃទី២៨មេសា​នេះ មាន​សន្ទុះ​យ៉ាង​ខ្លាំងខ្លា​ពោលគឺ​អតិថិជន​ចំនួន​រាប់ពាន់នាក់​បានមក​ចាំ​ទទួល​និង​ចាំ​ទិញ​នៅតាម​បណ្តារ​ហាង​ទូរស័ព្ទដៃ​ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ​និង​តាម​ខេត្ត​នានា ។ អ្នក​ខ្លះមក​តាំងពីព្រឹក​ព្រលឹម​ឈរ​ចាំ​ហាង​បើកទ្វារ អ្នកខ្លះ​ទៀត​មកឈរ​ត​ម្រ​ង់​ជួរ​គ្នា​ដើម្បី​ចាំ​ធ្វើការ​ជាវ​ទូរស័ព្ទ ការធ្វើ​បែបនេះ​ក៏ដោយ​សារ​ពួកគាត់​ចង់​ឆាប់​បាន​កាន់​ប្រើ​នូវ​ម៉ូ​ដែល​ដ៏​ថ្មីស្រឡាង​មួយ​នេះ។

    ជាក់ស្តែង យើង​ក៏បាន​ធ្វើការ​សម្ភាសន៍​ផ្ទាល់​ដល់​អតិថិជន​ដែល​បាន​ទៅ​ជាវ​ម៉ូ​ដែល​ថ្មី​របស់​OPPOផងដែរ។ លោក​សំណាង ដែលជា​អ្នក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ លោក​បាន​និយាយថា លោក​ខំ​មក​តាំងពី​ព្រលឹម​ម៉ោង7:30ព្រឹក​ដើម្បី​រង់ចាំ​ជាវ​ម៉ូ​ដែល​ថ្មី​នេះ ព្រោះ​ប្រពន្ធ​របស់លោក​ស្រលាញ់​និង​ចង់បាន OPPO F7 នេះ​មក​ប្រើ​តាំង​ពីថ្ងៃ​ដែល​គាត់​មើល​កម្មវិធី​សម្ភោ​ធ​របស់​វា​ម្លេះ ដូច្នេះ​លោក​ត្រូវតែ​ទិញ​វា​ឲ្យ​បាន​ដើម្បី​ធ្វើជា​កាដូ surprise ប្រពន្ធ​លោក។

    ឯ​អ្នកនាង​ហ៊ុយ ដែលជា​ប្រជាជន​រស់នៅ​ជាយក្រុង​ភ្នំពេញ បាន​និយាយថា ថ្ងៃនេះ​នាង​និង​មិត្ត​ភ​ក្ត​ពីរ​នាក់​ទៀត បានមក​ចាំ​ទិញ​ទូរស័ព្ទ OPPO F7 ព្រោះ​លឺ​ល្បី​ថា ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ ថតរូប​បាន​ស្អាត​និង មាន​លក្ខណៈពិសេស​ច្រើន រីឯ​តម្លៃ​ក៏​សមរម្យ ជាពិសេស​គឺ​គាត់​ចង់​ប្រើ​វា​ដូច​Idolក្នុង​ដួងចិត្ត​របស់គាត់​ដែរ  ហើយ​គាត់​ក៏បាន​ប្រាប់ថា គាត់​លក់​ទូរស័ព្ទ​សេរី​ចាស់​របស់គាត់​ដើម្បី​ដូរ​មក​ប្រើ​ម៉ូ​ដែល​ថ្មី​នេះ។

    បើ​ប្រៀបធៀប​ទៅនឹង​ការលក់​របស់ OPPO F5 ម្ចាស់​ហាង​នានា​បាន​និយាយថា OPPO F7 គឺ​លក់ដាច់​ខ្លាំងណាស់ គឺថា​លក់ដាច់​ខ្លាំង​តាំងពី​ថ្ងៃ​ចេញ​ដំបូង​តែម្តង។ ត្រឹមតែ​មួយថ្ងៃ​សោះ​មាន​ហាង​ជាច្រើន​ដែល​OPPO F7ត្រូវបាន​ដាច់​ស្តុក ដែល​នេះ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​បារម្ភ​ព្រោះ​ឥ​វ៉ាន់​មិន​គ្រប់​ជូន​ភ្ញៀវ​ហើយក៏​កំពុងតែធ្វើការ​កម្មង់​បន្ថែម​ពី​ខាង​ក្រុមហ៊ុន​ទៀតផង។

    ចំណុចពិសេសៗជាច្រើន​ដែល​ធ្វើ​ឲ្យ​អតិថិជន​បាក់ទឹកបាក់ដី​ទៅ​ជាវ​OPPO F7 នោះ​ក៏​ព្រោះតែ​កាមេរ៉ា​ដ៏​ធំ​រប​ស់វា​មាន​ទំហំ​រហូតដល់​25MP បូករួម​ជាមួយ​បច្ចេកវិទ្យា​AI Beauty2.0 ដែល​ធ្វើអោយ​ការថតរូប​ស្រស់ស្អាត។  លើសពីនេះទៅទៀត ការ​រចនា​រូបរាង​របស់​វា​ក៏​មិនធម្មតា​ដែរ ព្រោះ​វា​បាន​ទាក់ចិត្ត​អតិថិជន​ជាច្រើន​ឲ្យ​ចាប់អារម្មណ៍ បន្ថែម​មកជា​មួយ​ពណ៌​ដ៏​ស្រស់ស្អាត​ដូចជា ពណ៌​ខ្មៅ (Diamond Black) ពណ៌​ក្រហម (Solar Red) ពណ៌​ទឹកប្រាក់ (Moonlight Silver)។ ដោយឡែក​កម្លាំង​ម៉ាស៊ីន​របស់​វា​វិញ​គឺមាន​Ram4GB+ ROM64GB និង​មាន​កម្លាំង​ថ្ម​ធំ​រហូតដល់​3400mAh។

    OPPO F7 Ram 4GBដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេ​លេ​នេះ​មានតម្លៃ​ត្រឹមតែ329$ប៉ុណ្ណោះ រីឯ OPPO F7 (128GB) វិញ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅក្នុង​ខែឧសភា​នេះ​ជាមួយនឹង​តម្លៃ429$៕

    តើ​អ្នកណាខ្លះ​បាន​OPPO F7នៅក្នុង​ដៃ​ហើយ?

  • ទីបំផុត OPPO F7 ចេញលក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ!

    ទីបំផុត OPPO F7 ចេញលក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ!

    បន្ទាប់ពី​សម្ពោធ​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ដោយមាន​ការចូលរួម​ពី​សំណាក់​តារាល្បីៗមក​នោះ កំពូល​ស្មា​ត​ហ្វូ​ន OPPO F7 ចេញលក់​ជា​ផ្លូវ​នៅ​ថ្ងៃទី២៨ ខែមេសា នេះ ដោយ​អតិថិជន​អា​ចរក​ជាវ​បាន​នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​នានា​ទាំងអស់​ទូទាំងប្រទេស។

    គេ​សង្កេតឃើញថា ក្នុងកំឡុងពេល​ក​ម្ម៉​ង់​ទុក​មុន​នៃ OPPO F7 មាន​អតិថិជន​រាប់ពាន់នាក់​បានមក​ធ្វើការ​ក​ម្ម៉​ង់ ដែល​ធ្វើ​ឲ្យ​ហាង​ទូរស័ព្ទ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​មួយ​ត្រូវ​បញ្ជា​ទិញ​ច្រើនជាងឆ្នាំមុនៗ ត្បិត​ថា​អតិថិជន​ជាច្រើន​ពិតជា​ចង់​ក្លាយជា​ម្ចាស់​នៃ​ទូរស័ព្ទ​ដ៏​ទំនើប​នេះ ជាក់ស្តែង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO ក៏បាន​បង្ហោះ​រូប​អតិថិជន​ជាច្រើន​ដែល​បាន​ទៅធ្វើ​កា​រក​ម្ម៉​ង់​នូវ​ម៉ូ​ដែល OPPO F7 ដែល​កំពុង​ទទួលបាន​ការគាំទ្រ​នេះ។

    គួរ​រំលឹក​ផងដែរ​ថា កាលពី​ចុងឆ្នាំ ២០១៧ ក្រុមហ៊ុន OPPO បាន​បញ្ចេញ​នូវ​ម៉ូ​ដែល F5 ជា​ម៉ូ​ដែល​ដំបូង​គេ​ដែល​បាន​បំពាក់​កាមេរ៉ា​20MPរួមជាមួយ​បច្ចេកវិទ្យា​AI ដែល​បានធ្វើអោយ​អតិថិជន​ជាច្រើន​មានការ​ពេញចិត្ត និង​គាំទ្រ​ជាខ្លាំង។ ពេលនេះ​ក៏​មិន​ខុសពី​ឆ្នាំមុន​ព្រោះ​មាន​អតិថិជន OPPO ថ្មី​ចាស់​ជាច្រើន​កំពុងតែ​បាក់ចិត្ត​ទៅលើ​ចំនុចពិសេសៗជាច្រើន​របស់ OPPO F7 ដែលមាន​ដូចជា កាមេរ៉ា​មុខ​រហូតដល់​ទៅ 25MP ដែលមាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ដំបូង​គេ​បង្អស់​នាពេល​បច្ចុប្បន្ន ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​AI Beauty 2.0។ យ៉ាងណាមិញ​ចំពោះ​បច្ចេកវិទ្យា​AI Beauty 2.0 របស់ F7 វា​អាច​ចាប់យក​ចំនុច​សម្គាល់សំខាន់ៗនៅលើ​ផ្ទៃមុខ​របស់​មនុស្ស​រហូត​ដល់​ទៅ296ចំនុច វា​ថែមទាំង​អាច​សម្គាល់​នូវ​ភេទ អាយុ សម្បុរស្បែក ប្រភេទ​ស្បែក​ដែល​អាចធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​និង​មាន​លក្ខណៈ​ធម្មជាតិ។

    មួយវិញទៀត​នោះ​គឺ​មុខងារ AI Learning ដែល​វា​វៃឆ្លាត​ក្នុងការ​ចងចាំ​នូវ​អ្វីដែល​យើង​បានកំណត់​ទៅលើ​រូបភាព​ដែល​អ្នក​ចង់បាន នៅពេលដែល​យើង​ថតរូប​លើក​ក្រោយ វា​នឹងធ្វើ​ការកំណត់​ទៅលើ​រូបថត​របស់​យើង​ដោយ​ស្វ័យប្រវត្តិ​ដោយ​យើង​មិនចាំបាច់​ធ្វើការ​កំណត់​ម្តង​ទៀតឡើយ។ ដោយឡែក​កាមេរ៉ា​មុខ​របស់​OPPO F7  ក៏មាន​មុខងារ Vivid Mode ដែលជា​មុខងារ​ជួយ​ឲ្យ​ការថតរូប​កាន់តែ​ស្រស់ស្អាត បន្ថែម​ពណ៌​ទៅលើ​Backgroundឲ្យ​កាន់តែ​ស្រស់ស្អាត​និង​មាន​ភាពរស់រវើក។ លើសពីនេះទៅទៀត វា​ក៏មាន​មុខងារ​AR Stickers ដែល​អាច​ឲ្យ​លោកអ្នក​ថតរូប​ខ្យូតៗជាមួយ Stickers ជាច្រើន។

    បើ​និយាយ​ពី​អេក្រង់​របស់ OPPO F7វិញ វា​មាន​ទំហំ 6.23 អ៊ីង វិមាត្រ19:9  កម្រិត​បង្ហាញ​FHD+ និង​Resolution 2280×1080 pixels ហើយ​វា​ជា​អេក្រង់​ឆក(Notch Screen) Super Full Screen។ វា​ថែមទាំង​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ Full Screen Multitasking ដែល​មុខងារ​នេះ​អាច​ឲ្យ​យើង​មើល​វីដេអូ ឬ​លេង​ហ្គេម​បណ្តើរ ហើយ​អាចឆ្លើយតប​សារ ឬ​លេង ​chat បណ្តើរ (We chat, Messenger & What App)។ សម្រាប់​ផ្នែក​ម៉ាស៊ីន​វិញ OPPO F7 ដំណើរការ​ដោយ​Processorចុងក្រោយ​បំផុត​គឺ 8+2(AI)-core ដែលមាន​ល្បឿន2.0 GHz (MTK P60)។ ចំពោះ​ម៉ូ​ដែល​OPPO F7នឹងមាន​Specs ពីរ​ជំរើស​សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស គឺF7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ​សុទ្ធតែ​ដំណើរការ​ដោយ​ColorOS 5.0 ដើរ​ដោយ​Android 8.1។

    ចំពោះ​តម្លៃ​វិញ OPPO F7 Ram4GB មានតម្លៃ​ត្រឹមតែ329$ប៉ុណ្ណោះ ពេលនេះ​លោកអ្នក​អា​ចរក​ជាវ OPPO F7 បាន ហើយ។  រីឯ OPPO F7 (128GB) វិញ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ជាមួយនឹង​តម្លៃ​ត្រឹម429$ ប៉ុណ្ណោះ ហើយ​សម្រាប់​ថ្ងៃ​ចេញលក់​នោះ យើង​មានតែ​ចាំមើល​លើ​ផេ​ក​ផ្លូវការ​របស់​OPPO តែប៉ុណ្ណោះ។ ដូច្នេះ​សូម​ប្រញាប់​ឡើង​បើ​លោកអ្នក​ចង់​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី​ជាមួយ​ស្មាន​ហ្វូ​ន​ដ៏​ល្អ​មួយ​នេះ៕

  • ដាំ​ទំពាំង​បារាំង​ទទួលបាន​ផល​រាល់ថ្ងៃ និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ

    ដាំ​ទំពាំង​បារាំង​ទទួលបាន​ផល​រាល់ថ្ងៃ និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ

    ទំពាំង​បារាំង ជា​ប្រភេទ​បន្លែ​ថ្មី​ម្យ៉ាង​ដែល​ស្ត្រី​មេផ្ទះ​អាច​យកទៅ​ច្នៃ​ធ្វើជា​ម្ហូប​បាន​ច្រើនយ៉ាង ពិសេស​យកទៅ​ធ្វើជា​បន្លែ​អន្លក់​ផ្ទាប់​ជាមួយ​សាច់​អាំង ឆា​ជាមួយ​សាច់មាន់-សាច់គោ ឬ​ឆា​ប្រេងខ្យងមាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​គួរឱ្យ​ចង់​ទទួលទាន និង​ថែមទាំង​ជួយ​លើកកម្ពស់​សុខភាព​ទៀតផង។

    អ៊ំស្រី ជួន ជឿន ជា​កសិករ​ដាំ​ទំពាំង​បារាំង​នៅក្នុង​ភូមិ​ក្រចាប់ ឃុំ​អូ​តា​វ៉ៅ ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន​មានប្រសាសន៍ថា គ្រួសារ​លោក​អ៊ំ​ទើបតែ​ចាប់ផ្តើម​ដាំ​បន្លែ​ទំពាំង​បារាំង​នេះ​បាន​ត្រឹម​រយៈពេល 2ឆ្នាំ​ប៉ុណ្ណោះ និង​ពេល​ដាំដំបូងៗពុំ​សូវ​មាន​អ្នក​ស្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​បន្ទាប់ពី​បានទទួល​ទានតៗគ្នា​មក ធ្វើឱ្យ​បន្លែ​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ខ្ពស់​នៅលើ​ទីផ្សារ​ថែមទាំង​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ទៀតផង។

    អ៊ំស្រី​បន្តថា ដើមឡើយ​ជនជាតិ​ថៃ​បានមក​ផ្សព្វផ្សាយ​លក់​គ្រាប់​នៅក្នុង​ភូមិ តែ​ពុំមាន​អ្នក​ចាប់អារម្មណ៍​ដាំ​នោះទេ ហើយ​ដោយសារតែ​ចង់ដឹង គ្រួសារ​លោក​អ៊ំ​ក៏​ទិញ​គ្រាប់​យកមក​ដាំ​សាក ល្បង​លើ​ផ្ទៃដី​ចំនួន​មួយ​រ៉ៃ(40មx40ម) ហើយក៏​ទទួលបាន​ទិន្នផល​ដូច​ការផ្សព្វផ្សាយ​របស់​គេ​មែន។ ដំបូង​ឡើយ​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​រហូតដល់​អាយុ 8ខែ​ទើប​អាច​ប្រមូលបាន​ចន្លោះ​ពី8 ទៅ10គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ​មិនដែល​អត់​នោះទេ ហើយ​បោះ​ឱ្យ​ម៉ូយ​យកទៅលក់​បន្ត​នៅ​ខេត្តសៀមរាប និង​ក្រុងភ្នំពេញ​ក្នុងតម្លៃ​តែ 3.50ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ចំណែក​ម៉ូយ​គេ​យកទៅលក់​បោះ​ដុំ​បន្ត ឬ​លក់រាយ​បាន​ប្រហែល 5ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

    អ៊ំស្រី​បាន​បញ្ជាក់ថា “បច្ចុប្បន្ន​មាន​ឈ្មួញ​មករក​ទិញ​ដែរ តែដោយសារ​យើង​ដាំ​បាន​តិចពេក គេ​មិន​ទទួលយក​ទេ បើសិន​ប្រមូល​ផល​បាន 30គីឡូក្រាម​ក្នុង​មួយថ្ងៃ​គេ​នឹង​ចាំ​ទិញ​ដុំ​តែម្តង ហើយ​ពេលនេះ​ខ្ញុំ​កំពុងតែ​ពង្រីក​ដី​ថែម​មួយ​រ៉ៃ​ទៀតហើយ។ សម្រាប់​គ្រួសារ​លោក​អ៊ំ បច្ចុប្បន្ន​កំពុងតែ​កាប់​ដំណាំ​មួយចំនួន​ចោល​ដើម្បី​ពង្រីក​ដី​ដាំ​ដុះ​បន្លែ​ទំពាំង​បារាំង​នេះ ទោះបី​វា​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ស្មៅ និង​ស្រោច​ទឹក​បន្តិច​ក៏ដោយ ប៉ុន្តែ​វា​ផ្តល់​ផលប្រយោជន៍​បាន​ច្រើន ដោយ​ក្នុង​មួយ​ហិកតា​អាច​ប្រមូល​ផល​លក់បាន​ប្រហែល 100ដុល្លារ​ដែរ​ក្នុង​មួយថ្ងៃ ហើយ​ថែមទាំង​ផ្តល់​ទិន្នផល​បាន​ច្រើន​ឆ្នាំ​ទៀតផង​ទម្រាំ​តែ​វា​ងាប់​ដើម​ទៅវិញ។

    ការដាំ​ដំណាំ​បន្លែ​ទំពាំង​បារាំង​នេះ​ដំបូង​ឡើង​គេ​ត្រូវយក​គ្រាប់​ទៅ​ដាក់​បណ្តុះ​ក្នុង​កូន​កន្ទោង ប្រហែល​ជាមួយ​សប្តាហ៍ រួចមក​កូន​ទំពាំង​បារាំង​នឹង​ចាប់ផ្តើម​ដុះ ហើយ​ត្រូវ​ស្រោច​ទឹក​ឱ្យ​សើម​ល្មម​ជាប្រចាំ និង​ដាក់​ជី​ទើប​កូន​ទំពាំង​បារាំង​លូតលាស់​បានល្អ។ រហូតដល់ 3ខែ​ទើប​យក​កូន​ទាំងនោះ​ទៅ​ដាក់​ដាំ​នៅតាម​រងនីមួយៗ ដែលមាន​ចម្ងាយ​ពីគ្នា​ប្រហែល1.5ម៉ែត្រ និង​ត្រូវដាក់​ដាំ​ឃ្លាត​ពីគ្នា​ប្រហែល​កន្លះ​ម៉ែត្រ។ អំឡុងពេល​បណ្តុះ​កូន កសិករ​ត្រូវ​រៀបចំ​ដី​ឱ្យ​ល្អ ដោយ​ត្រូវ​ភ្ជួរ​រាស់​ដី​ឱ្យបាន2-3ដង ដើម្បី​ហាល​ដី​ឱ្យបាន​ឆ្អិន​ល្អ សម្លាប់​ស្មៅ និង​សម្លាប់​មេរោគផ្សេងៗ រួចហើយ​ទើប​លើក​ជា​រង​ចន្លោះ​ពីគ្នា1.5ម៉ែត្រ។ រហូតដល់​កូន​អាយុ 3ខែ​ទើបត្រូវ​លើក​យកមក​ដាំ ហើយ​មើលថែទាំ​បោចស្មៅ​ដាក់​ជីកំប៉ុស និង​ស្រោច​ទឹក​រាល់ថ្ងៃ (តែ​កុំ​ស្រោច​ច្រើនពេក​ខ្លាច​វា​ជាំ​ទឹក អាចធ្វើឱ្យ​កូន​ទំពាំង​បារាំង​រលួយ​ដើម) រហូតដល់ 3ខែក្រោយ​មកទៀត ទើប​ដើម​ទំពាំង​បារាំង​ចាប់ផ្តើម​ដុះ​កូន​ចេញមកបណ្តើរៗ និង​រហូតដល់​អាយុ 8ខែ​ទើប​វា​ឱ្យ​ហុច​ផល​ពេញលេញ​អាច​ដក​លក់បាន​រាល់ថ្ងៃ។

    យោងតាម​ឯកសារ​ស្រាវជ្រាវ​បង្ហាញថា ទំពាំង​បារាំង​មាន​ផ្ទុក​ជីវជាតិ និង​វីតាមីន​ជាច្រើន​ដូចជា វីតាមីន​អា (A) វីតាមីន​សេ (C) វីតាមីន​អ៊ី(E) វីតាមីន​បេ1 (B1) ហើយ​សម្បក​វា​សម្បូរ​ទៅដោយជាតិ​ដែក កាល់ស្យូម(CA) សារធាតុ​ខ្លាញ់ និង​មាន​សារធាតុចិញ្ចឹមផ្សេងៗជាច្រើន​ទៀត​ដែល​រាងកាយ​មនុស្ស​យើង​ត្រូវការ។ ក្រៅពីនេះ ជាតិ​កាក​សរសៃ​ដ៏​ល្អ​ក្នុង​ដំណាំ​នេះ​អាចជួយ​ទប់ទល់​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្លាំង ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ជួយ​ឱ្យ​ពោះវៀនធំ​ងាយស្រួល​ធ្វើការ ជួយ​ឱ្យ​សរសៃសក់​មាន​សុខភាព​ល្អ ជួយ​ថែរក្សា​សុខភាព​ភ្នែក និង​ជួយ​ថែរក្សា​សុខភាព​បេះដូង​ថែម​ទៀតផង៕