Author: វល័ក្ខ

  • Apple សារភាពថា iPhone 7 និង 7 Plus ពិត​ជាមាន​បញ្ហា​សំឡេង​មែន

    Apple សារភាពថា iPhone 7 និង 7 Plus ពិត​ជាមាន​បញ្ហា​សំឡេង​មែន

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ និង​ល្បីល្បាញ​របស់​អាមេរិក Apple បាន​សារភាពថា iPhone 7 និង 7 Plus មួយចំនួន​ពិតជា​កើតមាន​បញ្ហា​សំឡេង​នៅពេល​កំពុងនិយាយ (Call) ពិតប្រាកដ​មែន ដែល​បញ្ហា​នេះ​បាន​កើតមានឡើង​ដោយសារតែ​ការប្រើ iOS11.3 ឬ​ទាប​ជាង​នេះ។

    ការចេញមុខ​សារភាព​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន MacRumors បាន​ចុះផ្សាយ​ថា មាន​អ្នកប្រើប្រាស់ iPhone 7 និង 7 Plus មួយចំនួន កើតមាន​បញ្ហា​សំឡេង​នៅពេល​សន្ទនា ទាំង​ការហៅ​ជា​សំឡេង ការហៅ​ជា​វីដេអូ ឬ​ប្រើ​មុខងារ FaceTime ក្ដី។

    ក្រុមហ៊ុន Apple បាន​ណែនាំ​ឱ្យ​អ្នកប្រើប្រាស់​ដែល​ជួប​បញ្ហា​ខាងលើនេះ​ធ្វើការ​បិទ​ចោល​មុខងារ Bluetooth និង​ផ្ដាច់​ចោល​នូវ​ការភ្ជាប់​ជាមួយ​ឧបករណ៍ផ្សេងៗ ដែល​នេះ​ជា​ដំណោះស្រាយ​ដំបូង។

    ប្រសិនបើ​នៅតែ​មិនអាច​ដោះស្រាយបាន​ទៀត ក្រុមហ៊ុន Apple បានស្នើ​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យទៅ​កាន់ Apple Store ឬ Apple Care ដែល​នៅ​ជិត​បំផុត​ដើម្បីឱ្យ​ខាង​បុគ្គលិក​ជំនាញ​ដោះស្រាយ​ជូន។

    បើទោះបីជា Apple បាន​ចេញមុខ​សារភាព​ក្ដី ប៉ុន្តែ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​មិនបាន​បង្ហើប​ឱ្យដឹងពី​មូល​ហេតុដែល​បង្កឱ្យមាន​បញ្ហា​នេះឡើយ ខណៈដែល​អ្នកប្រើប្រាស់​ជាច្រើន​កំពុង​រង់ចាំ​ចម្លើយ៕

  • ការសិក្សា​ពេញ​មួយជីវិត​ជា​ចំណែក​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង និង​ប្រទេស​ទាំងមូល

    ការសិក្សា​ពេញ​មួយជីវិត​ជា​ចំណែក​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង និង​ប្រទេស​ទាំងមូល

    បើ​គិតពី​សេដ្ឋកិច្ច កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ផ្នែក​ទីតាំង​ភូមិសាស្ត្រ និង​លក្ខខណ្ឌ​ធនធានមនុស្ស ព្រោះ​ប្រទេស​នេះ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​តំបន់​អាស៊ាន​ដែលមាន​ប្រជាជន​វ័យ​ក្រោម 30ឆ្នាំ​ចំនួន 2/3 ហើយ​ប្រជាជន​សកម្ម​មាន​ដល់​ទៅ​ជាង 10លាន​នាក់ (ស្ថិតិ​របស់​គោលនយោបាយ​ជាតិ​ស្តីពី ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ2017-2025)។ កត្តា​នេះ​ជា​ចំណុចខ្លាំង​ដែល​អ្នកវិនិយោគ​បរទេស​សម្លឹង​ឃើញ ហើយក៏​ចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​មើលឃើញថា កត្តា​អប់រំ​គឺជា​កត្តា​ប្រឈម​មួយ​ដែល​ធ្វើឱ្យ​ធនធានមនុស្ស​ដ៏​ច្រើន​នេះ​មិនអាច​បញ្ចេញ​អស់​សមត្ថភាព​ក្នុងការ​បម្រើ​ការងារ។

    ថ្មីៗនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយនឹង​អង្គការ​យូណេស្កូ​រៀបចំ​ឱ្យមាន​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត ដែល​វា​អាច​នឹង​ផ្តល់ឱកាសល្អ​សម្រាប់​ជា​ជំនួយ​ដល់​ប្រជាជន​ទូទៅ​ឱ្យទទួល​បានការ​សិក្សា​លើ​ជំនាញ​ដែល​សង្គម​កំពុង​ត្រូវការ ដូចជា​បច្ចេកវិទ្យា ជំនាញ​បច្ចេកទេស និង​ជំនាញសំខាន់ៗជាច្រើន​ផ្សេងទៀត។

    រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា ឯកឧត្តម ណាត ប៊ុន​រឿន បាន​លើកឡើងថា គម្រោង​រៀបចំ​គោលនយោបាយ​ជាតិ ស្តីពី​ការសិក្សា​ពេញ​មួយ​ជិវិត​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល ព្រោះ​វា​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​ដែលជា​ផ្នែក​ដ៏​មាន​សក្តានុពល ឬ​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា។

    កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា

    ឯកឧត្តម ណាត ប៊ុន​រឿន បាន​មានប្រសាសន៍ថា ៖ “ដើម្បី​សម្រេច​លើ​គោលដៅ​ដ៏​មាន​សារៈសំខាន់​នេះ គឺ​ទាមទារ​ឱ្យ​តំណាង​ក្រសួង ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​នានា ជួយ​ពិនិត្យ​ប្រឹក្សា​យោបល់​ឱ្យបាន​ល្អិតល្អន់ ដើម្បី​ដាក់​គំនិត​យោបល់ និង​ទស្សនៈល្អៗទៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត​នេះ​ឱ្យ​ឆ្លើយតប​បានជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិក៏ដូចជា​ការសម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ2030 ដូច្នោះ​ដែរ។

    បើតាម​ឯកឧត្តម​រដ្ឋលេខាធិកា​រ ការកសាង​ធនធានមនុស្ស​នៅ​កម្ពុ​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​អាច​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ លើសពីនេះទៅទៀត ការកសាង​ចំណេះដឹង​របស់​ប្រជាជន​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បានដែ​លអាច​ជំរុញ​ឱ្យ​ប្រជាជន​ទាំងអស់​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ទីផ្សារការងារដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង និង​ទាមទារ​ភាព​ច្នៃប្រឌិត​ខ្ពស់។

    អនុប្រធាន​គណៈកម្មកា​រ​ខ្លឹមសារ​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត លោក​កួច គូ​លំអ បាន​លើកឡើងថា គោលនយោបាយ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា ព្រោះ​វា​គ្របដណ្តប់​លើ​មនុស្ស​គ្រប់​វ័យ​ចាប់តាំងពី​កុមារ​ចាប់កំណើត​រហូតដល់​ស្លា​ប់​ទៅវិញ។ យើង​ចង់ឱ្យ​ប្រជាជន​រៀន​ពេញ​មួយជីវិត ដោយ​ការជំរុញឱ្យ​យុវជន​យើង​ក្លាយជា​អ្នកមាន​ជំនាញ​ច្បាស់លាស់ មានគុណ​ធម៌ និង​ធ្វើឱ្យ​ពួកគាត់​ក្លាយជា​ពលរដ្ឋ​សកល​ស្របតាម​តម្រូវការ​សង្គម និង​និន្នាការ​វិវឌ្ឍន៍​របស់​ពិភពលោក។

    លោក កួច គូ​លំអ បាន​និយាយថា ៖ “ចំណុច​សំខាន់​ដែល​គម្រោង​នេះ​មាន​ផងដែរ​នោះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​សមត្ថ​ភាពឆ្លើយតប​ជាមួយនឹង​បរិបទ ទីផ្សារការងារ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​ក្នុងការ​រស់នៅ។

    គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ​ក្រសួង​អប់រំ​ដែលជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2030ដែល​ក្នុងនោះ ស្ថាប័ន​មួយ​នេះ​បាន​បង្កើត​នូវ​ផែនការ​សកម្មភាព​ជាច្រើន​ដែលមាន​ដូចជា ការពង្រឹង គុណភាព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ការបង្កើត​ផែនការអភិវឌ្ឍន៍ និង​គ្រប់គ្រង​ធនធានមនុស្ស​នៅ​កម្រិតមធ្យមសិក្សា​សម្រាប់​បម្រើ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ 2015 – 2025 និង​ផែនការ​សកម្មភាពសំខាន់ៗជាច្រើន​ទៀតផង​ដែរ៕

  • សមាគម និង​មន្ត្រី​និយាយ​ខុសគ្នា​ពី​បញ្ហា​ជ្រូក​នាំចូល

    សមាគម និង​មន្ត្រី​និយាយ​ខុសគ្នា​ពី​បញ្ហា​ជ្រូក​នាំចូល

    ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង (ប្រទេស​ថៃ និង​វៀតណាម)មក​កម្ពុជា​បានក្លាយ​ជា​ប្រធានបទ​មួយ​ដែល​ធ្វើឱ្យ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា (CLRA)បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ និង​បាន​ស្នើសុំ​ទៅ​ក្រសួងកសិកម្ម​ឱ្យជួយ​ចាត់វិធានការ​ដោះស្រាយ​លើ​បញ្ហា​នេះ។

    លោក​បណ្ឌិត សេន សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានផ្តល់​បទ​សម្ភាស​ថា៖ “សម្រាប់​បញ្ហា​នេះ​នាយកដ្ឋាន​ធ្លាប់បាន​ជួបប្រជុំ​ជាមួយ​សមាគម​នេះ​ដោយបាន​ពន្យល់​ពី​គោលការណ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​គោលនយោបាយ​រដ្ឋាភិបាល​ពេលបច្ចុប្បន្ន​ទៅ​គាត់​ឱ្យ​យល់​ពី​បញ្ហា​នេះ​រួចហើយ។

    លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា (CLRA) បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​បញ្ហា​នាំ​ជ្រូក​ចូល​នេះ​សមាគម​ចង់ឱ្យ​ក្រសួង​ទប់ស្កាត់​ការនាំ​ចូល​ដ៏​គំហុក​នេះ ព្រោះ​វា​ធ្វើឱ្យមានបញ្ហា​ដល់​កសិករ​ដែល​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា។

    កសិដ្ឋានចិញ្ចឹមជ្រូក

    លោក​បានឱ្យដឹងថា តម្លៃ​បាន​ធ្លាក់ចុះ និង​ការបង្ខំ​លក់​ចេញ​ជ្រូក​រស់​របស់​កសិករ​ក្នុងស្រុក ដោយសារ​ពួក​ឈ្មួញ​សម្រុក​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូលមកក្នុង​មួយថ្ងៃ​ប្រហែល​ជាង3,000ក្បាល(បើតាម​លោក​រដ្ឋមន្ត្រី​កសិកម្ម​ថា ការនាំ​ចូល​មាន​ត្រឹមតែ​ជាង 1,000ក្បាល​ប៉ុណ្ណោះ)។

    លោក​បាន​បញ្ជាក់ថា៖ “តម្លៃ​ជ្រូក​រស់​ដែល​ឈ្មួញ​លក់​ចេញ​ក្នុង​ទីផ្សារកម្ពុជា​មានតម្លៃ 7,500រៀល ទៅ8,000រៀល​ទាប​ជាង​តម្លៃ​ជ្រូក​ក្នុងស្រុក ខណៈ​អាជីវករ​អ្នកកាប់ជ្រូក​វិញ​ចូលចិត្ត​ទិញ​ជ្រូក​មកពី​វៀតណាម​ជាង​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក ដោយសារ​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង។ ពោលគឺ​ថ្លៃដើម​ជ្រូក​រស់ក្នុង​ស្រុក​របស់​ក​សិ​ករ​មានតម្លៃ​រហូត​ដល់ 8,000រៀល​រួចទៅហើយ​ដែល​តម្លៃ​នេះ​វា​ស្មើ ឬ​ខ្ពស់ជាង​តម្លៃ​ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម។

    លោក​បណ្ឌិត សេន សុវណ្ណ បានឱ្យដឹង​ដែរ​ថា​រដ្ឋាភិបាល​មាន​ទិសដៅ​ច្បាស់លាស់ យើង​កំពុងតែ​ធ្វើឱ្យ​សាច់ជ្រូក​ចុះថ្លៃ​ជា​បណ្តើរ។ កាលពី​ឆ្នាំមុន​សាច់ជ្រូក​មួយ​គីឡូ​ថ្លៃ 18,000រៀល ឥឡូវ​មួយគីឡូ​ថ្លៃ​ត្រឹមតែ 15,000រៀល​ទេ ហើយ​មាន​គុណភាព​ទៀត នេះ​គឺជា​ប្រសិទ្ធភាព​នៃ​ការចាត់វិធានការ។ លោក​បាន​បន្តថា ការដែល​សមាគម​មួយ​បាន​សម្ដែង​ការព្រួយបារម្ភ​ក្នុងការ​ចិញ្ចឹម​ជ្រូក ជា​រឿងរបស់គាត់​ដែល​ចង់ឱ្យ​រដ្ឋ​ជួយ តែ​ខាង​រដ្ឋាភិបាល​ក៏មាន​នាយកដ្ឋាន​ដែល​ទទួល​ការងារ​នេះ ដូចជា​បណ្ដុះបណ្តាល​ក្នុងការ​ចិញ្ចឹម​ថែទាំ​ជាប្រចាំ​តាម​បទដ្ឋាន​បច្ចេកទេស​ផងដែរ។ លោក​បណ្ឌិត​បញ្ជាក់ថា បើតាម​តួលេខ​ការចិញ្ចឹម​ជ្រូក​ឆ្នាំនេះ​គឺមាន​កំណើន 3.5ភាគរយ​ក្នុងចំណោម​សត្វ​ចិញ្ចឹម​ដទៃ​ដែលមាន​កំណើន​ដូចគ្នា។

    ឯ​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​វិញ​បានឱ្យដឹងថា ការដែល​សមាគម​ចង់ឱ្យ​ក្រសួង​មាន​វិធានការ​ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​នេះ គឺ​វា​អាចជួយ​កសិករ​មិនឱ្យ​បាត់បង់មុខរបរ និង​កសិដ្ឋាន ឬ​បោះបង់​ការចិញ្ចឹម​ជ្រូក​ដែលជា​មុខរបរ​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគាត់។ លោក​មិនមែន​ចង់ឱ្យ​រដ្ឋាភិបាល​បិទ​ការ​នាំចូល​ជ្រូក​នោះទេ ព្រោះ​ការផ្គត់ផ្គង់​ជ្រូក​ក្នុងស្រុក​នៅ​មិនទាន់​បំពេញតម្រូវការ​គ្រប់​នៅឡើយ​ទេ។

    លោក​បានឱ្យដឹង​បន្ថែមទៀតថា ការផ្គត់ផ្គង់​ក្នុងស្រុក​មាន​ត្រឹមតែ​ប្រមាណ70ភាគរយ​ទេ ដូច្នេះ​យើង​ចង់ឱ្យ​ក្រសួងកសិកម្ម​កំណត់ថា តើ​ត្រូវ​នាំចូល​ជ្រូក​ចំនួន​ប៉ុន្មាន​ក្បាល​ដើម្បី​បំពេញ​បង្គ្រប់​លើ​ចំនួន20 ទៅ30ភាគរយ​ដែល​យើង​ត្រូវការ​នោះ ប៉ុន្តែ​ការនាំ​ចូល​បច្ចុប្បន្ន វា​ច្រើន​រហូតដល់​ទៅ50 ទៅ60ភាគរយ​ឯណោះ។

    ដូច្នេះ​រដ្ឋាភិបាល​ដែលមាន​ក្រសួងកសិកម្ម​ជា​សេនាធិការ​នោះ​ត្រូវតែ​ធ្វើឱ្យមាន​តម្លាភាព​ក្នុងការ​នាំចូល​ជ្រូក និង​កំណត់​បរិមាណ​នាំចូល មិនអាច​បើកទូលាយ​ធ្វើឱ្យ​ស្លាប់​ទីផ្សារ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​នោះទេ។ មិនតែប៉ុណ្ណោះ​បរិមាណ​ជ្រូក​ពី​វៀតណាម​ចូល​ទីផ្សារ​កម្ពុជា​ថែមទាំង​ហាក់ដូចជា​ពិបាក​គ្រប់គ្រង​ទៀតផង ដោយសារតែ​ការនាំ​ចូល​តាម​ច្រករបៀង​ដែលជា​ច្រក​នាំចូល​ពី​វៀតណាម​មក​កម្ពុជា​នោះ​មាន​ច្រើនពេក។

    លោក​បណ្ឌិត សេន សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បានបញ្ជាក់​មកវិញ​ដែរ​ថា ចំពោះ​បញ្ហា​កសិដ្ឋាន​មួយចំនួន​ដែល​ត្រូវ​បិទ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​ក៏បាន​បញ្ជាក់​ហើយ​ថា“កសិដ្ឋាន​ខ្លះ​ពុំមាន​ការចិញ្ចឹម​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ទើបត្រូវ​ដួលរលំ​ដោយ​ខ្លួនឯង។ ស្រុក​ណា​ក៏​គេ​នាំចូល​ដែរ វា​ជាការ​ធ្វើ​ពាណិជ្ជកម្ម កម្ពុជា​កំពុងតែ​រីកចម្រើន​បែរជា​ចង់ឱ្យ​កម្ពុជា​ដើរ​ផ្លូវខុស រឿងនេះ​ថៃ​ក៏​ចង់​ដក​កូតា​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដែរ ដោយសារ​ចង់​បិទ​ការនាំ​ជ្រូក​ពី​ប្រទេស​គេ​គឺ​ដោយសារតែ​សម្តី​សមាគម។ ដូច្នេះ​រឿង​អ្វី​ក៏ដោយ​គេ​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់​សិន ព័ត៌មាន​អ្វី​ក៏ដោយ​ត្រូវតែ​ឆ្លុះបញ្ចាំង​នូវ​ការពិត​ផង។

    ជាការ​ពិត ដើម្បី​ស្តារ​បញ្ហា​តម្លៃ​ជ្រូក​នេះ​ឱ្យ​ល្អ​ឡើងវិញ កសិករ​ត្រូវតែ​សិក្សា​លើ​ថ្លៃដើម​នៃ​ការចិញ្ចឹម​ជ្រូក ព្រោះ​ការផលិត​របស់​យើង​នៅ​ប្រើ​ដើមទុន​ខ្ពស់ មិនអាច​ប្រ​កូត​ប្រជែង​ជាមួយ​ប្រទេស​ក្បែរខាង​បានទេ។ ដោយសារតែ​កសិករ​ខ្មែរ​យើង​នៅ​ពិបាក​ក្នុងការ​ធ្វើឱ្យ​ថ្លៃដើម​ធ្លាក់ចុះ​ទាប​បាន ព្រោះ​តម្លៃ​ទឹក-ភ្លើង និង​សេវា​ដឹក​ជ​ញ្ចូ​ន​ក្នុងស្រុក​មានតម្លៃ​ខ្ពស់​ពេក​បើ​ធៀប​នឹង​ប្រទេសជិតខាង​កម្ពុជា៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 125

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 125

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/05/LRPN_125-Final-For-Web.pdf” force_dl=”1″]

  • ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន​ធ្លាក់ចុះ 21% នៅ​ត្រីមាស​ដើមឆ្នាំ2018

    ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន​ធ្លាក់ចុះ 21% នៅ​ត្រីមាស​ដើមឆ្នាំ2018

    យោងតាម​របាយការណ៍​ថ្មី​មួយ​បានឱ្យដឹងថា ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​នៅ​ត្រីមាស​ទី1 ដើមឆ្នាំ2018 បាន​ធ្លាក់ចុះ​ខ្លាំង​ដែលនាំឱ្យ Apple បាត់បង់​តំណែង​លេខ4 មក​នៅ​លេខ5។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNBC។

    របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វិភាគ​ឯករាជ្យ Canalys បានឱ្យដឹងថា ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន នៅ​ត្រីមាស​ទី1 បាន​ធ្លាក់ចុះ 21% ដោយមាន​ចំនួន​លក់បាន​ត្រឹមតែ 91លាន​គ្រឿង​ប៉ុណ្ណោះ។ អ្វីដែល​គេ​ចាប់អារម្មណ៍​នៅក្នុង​ត្រីមាស​ទី1 នេះ​គឺ​ការលក់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​យីហោ​ក្នុងស្រុក Xiaomi បាន​កើនឡើង​ខ្លាំង​រហូត​រុញច្រាន Apple ឱ្យមក​នៅ​លេខ​រៀង​ទី5 ចំណែក Xiaomi ទៅ​នៅ​លេខ​រៀង​ទី4 វិញ ក្នុង​តារាង​ក្រុមហ៊ុន​ដែល​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើនជាងគេ។

    ជាមួយគ្នា​នោះ​ផងដែរ គេ​សង្កេតឃើញថា ការលក់​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei មានការ​កើនឡើង 2ភាគរយ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ នៅតែ​ស្ថិតក្នុង​កំពូល​តារាង​ដដែល។

    នៅក្នុង​របាយការណ៍​ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​ត្រីមាស​ទី1 នោះ​គឺ​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ប្រមាណ150ដុល្លារ​អាមេរិក ដែល​ស្មើនឹង 90%នៃ​ស្មា​ត​ហ្វូ​ន​ដែល​បាន​លក់៕

  • វិស័យ​សេវាកម្ម​នឹង​បន្ត​កំណើន​ល្អ​រហូតដល់​ឆ្នាំ​ខាងមុខ

    វិស័យ​សេវាកម្ម​នឹង​បន្ត​កំណើន​ល្អ​រហូតដល់​ឆ្នាំ​ខាងមុខ

    របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​បានបង្ហាញ​ថា វិស័យ​សេវាកម្ម​នឹង​បន្ត​កំណើន​ល្អប្រសើរ​ក្នុង​រង្វង់ 7ភាគរយ​សម្រាប់​ឆ្នាំ2018នេះ និង​ឆ្នាំ2019ខាងមុខ។ នេះ​បើ​យោងតាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ យោងតាម​ឯកសារ​សមិទ្ធកម្ម និង​ទស្សនវិស័យ​របស់​អគ្គ​នាយកដ្ឋាន​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​ឱ្យដឹងថា៖ វិស័យ​សេវាកម្ម​ត្រូវបាន​ព្យាករ​ថា​ទោះជា​សម្រេចបាន​កំណើន​ល្អប្រសើរ​ក្តី ក៏​វិស័យនេះ​នឹងមាន​ការ​ថមថយ​ចុះ​បន្តិចបន្តួច​ធៀប​ទៅនឹង​ឆ្នាំ2017 ដែល​ស្ថិតក្នុង​រង្វង់​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ 7,1ភាគរយ។

    នៅក្នុង​ផ្នែក​សេវាកម្ម វិស័យសំខាន់ៗទាំង3 រួមមាន វិស័យ​ទេសចរណ៍ ការលក់ដុំ-លក់រាយ ការដឹកជញ្ជូន និង​ទូរគមនាគមន៍ រួមជាមួយ​វិស័យ​អចលនទ្រព្យ ត្រូវបាន​រំពឹងទុក​ក្នុង​កំណើន​ល្អប្រសើរ ក្នុងនោះ​វិស័យ​ទេសចរណ៍​នឹង​បន្ត​ងើបឡើង ក្នុង​អត្រាកំណើន 4.5ភាគរយ​ក្នុង​ឆ្នាំ2018 ហើយនឹង​បន្ត​ងើបឡើង​កាន់តែ​ល្អ​ថែមទៀត​ក្នុង​រង្វង់ 4.7ភាគរយ​ក្នុង​ឆ្នាំ2019 ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ជាពិសេស​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ី រួមជាមួយ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ការលើកទឹកចិត្ត​ជំរុញឱ្យមាន​ការបើក​ជើង​ហោះហើរ​ត្រង់ និង​ការដាក់ចេញ​នូវ​គោលនយោបាយ​នានា។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ និង​សន្តិភាព(CICP)បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា៖ ជាការ​ពិតណាស់​វិស័យ​សេវាកម្ម​នេះ​ពិតជា​បាន​ជួយ​ដល់​ការរីកចម្រើន​ដល់​សេដ្ឋកិច្ចជាតិ​មែន។ គិត​ចាំ​ពី​ឆ្នាំ2009 រហូតដល់​ឆ្នាំ2012 វិស័យ​សេវាកម្ម​តែងតែមាន​ការកើនឡើង​ជានិច្ច។ លោក​បាន​បន្តថា អនុវិស័យនៃ​វិស័យ​សេវាកម្ម វិស័យ​ទេសចរ​ណ៏​ដែល​រួមមាន​ដូចជា​សេវាកម្ម​សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម​ដឹកជញ្ជូន​ជាដើម រួម​ជាមួយនឹង​ធនាគារ ដែល​សុទ្ធតែ​ផ្តល់​ប្រាក់ចំណូល​ដោយផ្ទាល់​ចូលក្នុង​កញ្ចប់​ថវិកាជាតិ។

    តែ​ទោះជា​យ៉ាងណា ការធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការទាក់ទាញ​ភ្ញៀវ នៅតែ​ជាការ​ចាំបាច់ និង​បន្ទាន់ ដើម្បី​សំដៅ​ធានា​ចីរភាព​កំណើន​នៃ​វិស័យនេះ ក្នុង​ការបន្ត​តួនាទី​ជា​ជ​ន្ទ​ល់​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ។

    ឯកសារ​ដដែល​បាន​បន្តថា ចំណែក​វិស័យ​លក់ដុំ-រាយ​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​រឹងមាំ​ក្នុង​អត្រា 7,2ភាគរយ​ក្នុង​ឆ្នាំ2018 និង 7,3ភាគរយ​នៅក្នុង​ឆ្នាំ2019 ដែល​កំណើន​នេះ នឹង​ឡើង​ខ្ពស់ជាង​ឆ្នាំ2017 ដែលមាន​ត្រឹម 6,9ភាគរយ។ ជាក់ស្តែង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ការប្រើប្រាស់​ទំនិញ​ក្នុងស្រុក​ត្រូវបាន​វាយតម្លៃថា មាន​សម្ទុះ​ខ្លាំង ហើយ​និន្នាការ​នេះ នឹង​នៅតែ​បន្ត​ទៅមុខទៀត ព្រោះ​បច្ចុប្បន្ន​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម​បាន​កើនឡើង ដែល​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ចាយវាយ​មាន​ច្រើនជាង​មុន​ទៀតផង។

    ដោយឡែក​វិស័យ​អចលនទ្រព្យ​ត្រូវបាន​រំពឹងថា នឹង​នៅតែមាន​កំណើន​តិចតួច​ក្នុង​រង្វង់ 8.5ភាគរយ ក្នុង​ឆ្នាំ2018 និង​ឆ្នាំ2019 គឺមាន​ការធ្លាក់ចុះ​បន្តិចបន្តួច​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ2017។ ចំណែក​វិស័យ​ការដឹកជញ្ជូន និង​ទូរគមនាគមន៍​ក៏​ត្រូវបាន​រំពឹងថា នឹង​នៅ​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​រង្វង់ 7.3ភាគរយ​ក្នុង​ឆ្នាំ2018 និង7.5ភាគរយ​នៅក្នុង​ឆ្នាំ2019បើ​ប្រៀបធៀប​ទៅ​ឆ្នាំ2017 ដែល​ស្ថិតក្នុង​អត្រាកំណើន 9.2ភាគរយ។ ចំណែក​វិស័យ​ដឹកជញ្ជូន​នឹង​បន្ត​កំណើន ហើយ​កំណើន​នៃ​វិស័យនេះ នឹងត្រូវ​ជំរុញ​ដោយ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការបើកផ្លូវ​រថភ្លើង​ថ្មី (ភ្នំពេញ-ប៉ោយប៉ែត) ការពង្រីក​ព្រលានយន្តហោះ និង​កំពង់ផែ​នានា ព្រមទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក ដែល​នឹង​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត​នៃ​ការនាំចេញ​ផលិតផល​នានា​ផងដែរ។

    តាមរយៈ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានឱ្យដឹងថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​គេ​បាន​ស្រាវជ្រាវ​ឃើញថា៖ វិស័យ​សេវា​កម្មបាន​ជួយ​បង្កើន​ប្រាក់ចំណូល​ប្រមាណ​ជា 40ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប GDP កាលពី​ឆ្នាំ2013។

    ធនាគារ ADB បានឱ្យដឹង​ទៀតថា គ្រាន់តែ​សេវា​ដឹកជញ្ជូន និង​ទេសចរណ៍​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​បាន​ជាង 1លាន 8សែន​នាក់​ក្នុង​ឆ្នាំ2012 ឬ​ស្មើនឹង​ជាង 22ភាគរយ​នៃ​ចំនួន​និយោជិត​ទាំងអស់​ក្នុងប្រទេស។ ក្នុង​ឆ្នាំ2013 ចំនួន​អ្នកធ្វើការ​ក្នុង​វិស័យ​សេវា​កម្មបាន​កើន​រហូតដល់ 1លាន9សែន​នាក់។ គេ​ក៏​រំពឹងថា នៅ​ឆ្នាំ2023 និយោជិត​ដែល​បម្រើ​ការងារ​សេវាកម្ម​នឹងមាន​ចំនូ​ន 2លាន 6សែន​នាក់។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ បាន​គូសបញ្ជាក់ថា៖ “មកដល់​បច្ចុប្បន្ន​វិស័យ​សេវាកម្ម​បានផ្តល់​ប្រាក់ចំណូល​ដោយផ្ទាល់​ចូលក្នុង​កញ្ចប់​ថវិកាជាតិ​ប្រមាណ 50%ដែលជា​ចំណែក​មួយ​ដ៏​ធំ​ក្នុងការ​រួមចំណែក​ដល់​ការជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ”៕

  • Barca សង្ឃឹម​អាច​រក្សា​ការមិន​ស្គាល់​ចាញ់​ក្នុង La Liga ពេល​ប៉ះ Real ថ្ងៃអាទិត្យ​នេះ

    Barca សង្ឃឹម​អាច​រក្សា​ការមិន​ស្គាល់​ចាញ់​ក្នុង La Liga ពេល​ប៉ះ Real ថ្ងៃអាទិត្យ​នេះ

    ខ្សែការពារ Lucas Digne របស់​ក្រុម Barcelona បាន​ទទួលស្គាល់ថា រូបគេ និង​មិត្ត​រួម​ក្រុម​របស់គេ សង្ឃឹមថា អាច​គេច​ផុតពី​ការបោះបង់​កំណត់ត្រា​នៃ​ការមិន​ស្គាល់​ចាញ់​ក្នុង​ក្របខ័ណ្ឌ La Ligaនៅពេល​ប៉ះ​ក្រុម Real Madrid នៅ​ថ្ងៃអាទិត្យ​នេះ។

    ក្រុម Barca នៅសល់​ត្រឹមតែ 4ប្រកួត​ទៀត​ប៉ុណ្ណោះ​ពី​ការរក្សា​ការមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ប៉ុន្តែ នៅ​ចុង​សប្តាហ៍​នេះ ពួកគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​កំពុងតែ​ឡើង​ទម្រង់​លេង​ខ្លាំង Real ខណៈដែល​ពួកគេ​ក៏​រង​នូវ​ការស្រែក​ចំអក​ឱ្យ​ផងដែរ ដោយសារតែ​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League បើទោះបី​បានឈ្នះ​ពាន2 ហើយក៏​ដោយ។

    ការប្រកួត​ដែលមាន​ឈ្មោះថា Clasico នា​កីឡដ្ឋាន Camp Nou មួយ​នេះ ប្រហែលជា​មិន​សំខាន់​ចំពោះ​ការ​ប្រជែង​ចំណាត់ថ្នាក់​នៅលើ​តារាង​ឡើយ ប៉ុន្តែ​ភាពជោគជ័យ​របស់​ក្រុម Real ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប កំពុងតែ​បាំងបិទ​ជ័យជម្នះ​របស់​ក្រុម Barcelona ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក។ Digne បាន​បញ្ជាក់ថា ការបញ្ចប់​ក្នុង​យុទ្ធនាការ​មួយ​ដែល​មិន​ស្គាល់​ចាញ់​សោះ បច្ចុប្បន្ន​ក្លាយជា​កូនសោ​ដ៏​សំខាន់​មួយ។ Digne បានឱ្យដឹងថា៖ «វា​បង្ហាញ​ពី​ភាពរឹងមាំ វា​បង្ហាញ​ពី​ការងារ​ដ៏​លំបាក​ដែល​ក្រុម​ក្នុង​ពូ​ល​ទាំងអស់​ព្យាយាម​ធ្វើ​នៅ​រដូវ​កាល​ទាំងមូល​នេះ។ វា​ពិតជា​សមិទ្ធផល​ដ៏​ធំ។

    ពិតណាស់ នេះ​គឺជា​កំណត់ត្រា​មួយ​ដែល​ក្រុម​នេះ​ចង់បាន​ពេលបច្ចុប្បន្ន។ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង ហើយ​យើង​នឹង​ព្យាយាម​ឱ្យអស់​សមត្ថភាព​ក្នុង​ការរក្សា​កំណត់ត្រា​នេះ»។ ក្រុម Barca ក៏​នៅតែមាន​អារម្មណ៍​ផងដែរ​ថា ពួកគេ​នៅតែមាន​ការខកចិត្ត​សម្រាប់​ការធ្លាក់​ចេញ​របស់​ពួកគេ​ពី​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Roma បើទោះបី​ឈ្នះ​ពាន​ក្នុងស្រុក2 នៅ​រដូវ​កាល​នេះហើយ​ក៏ដោយ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • ព្រឹត្តិការណ៍ LG InnoFest Asia 2018 បង្ហាញ​នូវ​បច្ចេកវិទ្យា AI ដែល​បញ្ជា​ដោយ​សំឡេង

    ព្រឹត្តិការណ៍ LG InnoFest Asia 2018 បង្ហាញ​នូវ​បច្ចេកវិទ្យា AI ដែល​បញ្ជា​ដោយ​សំឡេង

    ក្រុមហ៊ុន LG Electronics បាន​ប្រារព្ធ​ពិធី LG InnoFest Asia ប្រចាំឆ្នាំ 2018 ដែល​ប្រព្រឹត្តិ​នៅ LG Electronics Arena នៅ​ថ្ងៃទី 25 ខែមេសា និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​ដៃគូ​អាជីវកម្ម​នៅ​អាស៊ី។ ប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន LG Electronics អាស៊ី​ប៉ា​ស៊ី​ភិ​ច បាន​មានប្រសាសន៍ថា “LG អេ​ឡិច​ត្រូ​និ​ច គឺជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ធំ​បំផុត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។ វា​ក្លាយជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ និង​ការច្នៃប្រឌិត​នូវ​ផលិតផលទំនើបៗចុងក្រោយ​គេ​បង្អស់​នៅក្នុង​ទីផ្សារ​អាស៊ី ដែលមាន​ការប្រកួតប្រជែង​ខ្ពស់ ដូចជា​ក្រុមហ៊ុន​ល្បីផ្សេងៗនៃ​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន។ ដូច្នេះហើយ​ក្រុមហ៊ុន LG នឹង​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ដើម្បី​អាច​ប្រកួតប្រជែង​និង​ក្លាយជា​អ្នក​នាំ​ទីផ្សារ​អាស៊ី​ធំជាងគេ។

    ដោយឡែក ទូរទស្សន៍ LG OLED TV និង​ផលិតផល​ទូរទស្សន៍​ផ្សេង នឹង​ត្រូវបាន​ផ្អែកលើ​បច្ចេកវិទ្យា AI(artificial intelligence) ដែល​បង្កើតឡើង​ដោយ LG ដែល​ឈ្មោះថា ThinQ នៅក្នុង​ផលិតផល​ទាំងនេះ។ អ្នកនឹង​ឃើញ​វា​នៅលើ​ទីផ្សារ​ចាប់ពីពេលនេះ​តទៅ។

    ក្រុមហ៊ុន LG នឹង​ផ្តោតលើ​ទីផ្សារ​ឌីជីថល​បន្ថែមទៀត។ តាមរយៈ​ក្រុមទី​ផ្សារ​ឌីជីថល និង ការសហការ​ជាមួយ​ក្រុមហ៊ុន​ទិន្នន័យ​អន្តរជាតិសំខាន់ៗ គឺ​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​លក្ខណៈ​របស់​អតិថិជន និង​ការធ្វើផែនការ​ទីផ្សារ​តាមរយៈ សិល្បករ និង​តារាចម្រៀង​កូរ៉េ ដើម្បី​ផ្តល់ព័ត៌មាន​ផលិតផល​ថ្មី​ដល់​អតិថិជន​និង​បង្កើន​ការយល់ដឹង​ដល់​ពួកគេ។

    លោក សេង​ចេ​លី នាយក​គ្រប់គ្រង​ក្រុមហ៊ុន LG Electronics (Thailand) បាន​និយាយថា​នៅក្នុង​ប្រទេស​ថៃ​នា​ឆ្នាំនេះ ក្រុមហ៊ុន LG នឹង​វិនិយោគ​លើ​ការផ្សព្វផ្សាយ​យីហោ ដើម្បី​ឈានទៅដល់​អតិថិជន​កាន់តែច្រើន និង​បង្ហាញ​អំពី​បច្ចេកវិទ្យា AI ថ្មី​នេះ​ទៅកាន់​អតិថិជន​បន្តិចម្តង។

    លោក នី​ផុន វ៉ុ​ង​សេង​អា​រុន​ស៊ី នាយក​ទីផ្សារ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច LG Electronics (Thailand) បាន​និយាយថា​នៅ​ឆ្នាំនេះ​នឹង​ឃើញ​ផលិតផល​របស់​ក្រុមហ៊ុន LG ថ្មី​នេះ ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ប្រទេស​ថៃ​ក្នុងអំឡុង​ខែ 6 រួមមាន​ដូចជា​ទូរទស្សន៍ LG OLED ជាមួយនឹង​បច្ចេកវិទ្យា (ThinQ) ដើម្បី​ពង្រីក​បន្ទាត់​ទៅ​ផលិតផល​ផ្សេងទៀត​នៅ​ឆ្នាំក្រោយ ហើយក៏​មានការ​ផ្សព្វផ្សាយ និង​ប្រ៉ូ​ម៉ូ​សិន​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ដែលជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ការលក់​ទូរទស្សន៍។

    នៅឯ​ព្រឹត្តិការណ៍ LG InnoFest Asia 2018 ក្រុមហ៊ុន LG បាន​ណែនាំ​ផលិតផល​ដែលមាន​បច្ចេកវិទ្យា AI ដែល​ផ្តល់នៅ​ភាព​ឆ្លាត​វៃ​ក្នុងផ្ទះ និង​ការត្រួតពិនិត្យ​សម្លេង​តាមរយៈ​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ នៅក្នុង​បន្ទប់ទទួលភ្ញៀវ បន្ទប់​បោកគក់ និង​បន្ទប់ទឹក ដែល​រួមមាន​ឧបករណ៍ប្រើប្រាស់​ដូចជា ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ ដែល​អាច​ប្រើ​បាន​ជាមួយ​កម្មវិធី​ថ្នាក់​ពិភពលោក​បាន​ដូចជា Amazon Alexa និង GoogleAssistant។ ឧទាហណ៍ LG OLED TV ដែល​បញ្ជា​ដោយ​សម្លេង​សម្រាប់​ការគ្រប់គ្រង ស្វែងរក​ប៉ុស្តិ៍​ដែល​ពេញនិយម​តាមរយៈ​ទូរស័ព្ទ LG V30SThinQ និង LG ThinQ ជាដើម៕

  • ព្រឹត្តិការណ៍ Anchor international Beach Volleyball 2-Star FIVB World Tour 2018

    ព្រឹត្តិការណ៍ Anchor international Beach Volleyball 2-Star FIVB World Tour 2018

    ភ្នំពេញ៖ នៅ​ថ្ងៃ​សុក្រ ទី4 ខែឧសភា 2018 ដែលជា​ព្រឹ​ត្ត​ការណ៍​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​អន្តរជាតិ Anchor International Beach Volleyball 2-Star FIVB World Tour 2018 ដែល​នាំមក​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ បាន​មកដល់​រាជធានី​ភ្នំពេញ   ដោយបាន​បង្ហាញ​វត្តមាន​លើកដំបូង​នៅ​កម្ពុជា ដែលជា​ឧកាស ក្នុងការ​អភិវឌ្ឍ​វិស័យ​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នៅ​កម្ពុជា និង​ជា​វេទិកា​មួយ​សម្រាប់​យុវវ័យ​ដែល​ស្រលាញ់​កីឡាបាល់ទះ អាច​បញ្ចេញ​សមត្ថភាព​របស់ខ្លួន ព្រមទាំង​ផ្លាស់ប្ដូរ​បទពិសោធន៍រ​បស់​ខ្លួន​ជាមួយ​គូរ​ប្រកួតខ្លាំងៗដទៃទៀត​មកពី​បរទេស​ផងដែរ។

    ព្រឹត្តិការណ៍ Anchor International Beach Volleyball 2-Star FIVB World Tour បានចាប់ផ្តើម​តាំងពី​ថ្ងៃទី២៤ មីនា គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី 6 ឧសភា ឆ្នាំ2018 នេះ ដោយ​ធ្វើតាម​បណ្តា​ខេត្ត​ចំនួន​ន7 រួមមាន កំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ខណៈ​ដែរ​មណ្ឌល​ចុងក្រោយ​រាជធានី​ភ្នំពេញ​នេះ​នឹងធ្វើ​ការប្រកួត​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី 04, 05, 06 ខែឧសភា ឆ្នាំ2018 នេះ​ដែលមាន​ទីតាំងនៅ​កោះ​ពេ​ជ្យ រាជធានី​ភ្នំពេញ ចាប់​ប្រកួត​ពី​ម៉ោង 9ព្រឹក ដល់ 5ល្ងាច។

    ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ដាក់ពាក្យ​ចូលរួម​សរុប​រហូតដល់​ទៅ 29ក្រុម ដែល​មកពី17ប្រទេស​ដូចជា​អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិ​ក ជប៉ុន ណូ​វែ​ល​ហ្សី​ឡង់ រុស្ស៊ី​ស៊ុយអែដ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

    រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ!

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ៖ https://www.facebook.com/AnchorBeerKH/ ។

    ពិសា​ស្រា​បៀរ​អាន់​ឆ័​ដោយ​ការទទួលខុសត្រូវ!!!

  • បុគ្គលិក​ក្រុមហ៊ុន CBL ចុះជួយ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​វិទ្យាល័យ​ព្រែ​កឯក

    បុគ្គលិក​ក្រុមហ៊ុន CBL ចុះជួយ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​វិទ្យាល័យ​ព្រែ​កឯក

    ភ្នំពេញ៖ ថ្មីៗនេះ បុគ្គលិក​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដែលមាន​ផលិត​ស្រា​បៀរ​ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បាន​ចុះជួយ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​នៃ​អគារសិក្សា​ទ្រុឌទ្រោម​មួយ​ខ្នង​ទៀត ជូន​សាលា​វិទ្យាល័យ​ព្រែក​ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រែ​កឯក ខ័​ណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

    សកម្មភាព​នេះ​បាន​ដឹកនាំ​ដោយ​លោក Roland Bala  នាយក​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន CBL  និង​មានការ​ចូលរួម​គាំទ្រ​ពី លោក​អ៊ុំ សារី ប្រធានការិយាល័យ​អប់រំ​ខ័​ណ្ឌ​ច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយក​វិទ្យាល័យ​ព្រែក​ឯង ព្រមទាំង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រែ​កឯក​ជាច្រើន។

    ក្នុងឱកាស​ដ៏​ពិសេស​នេះ លោក ប៉ាង វិសុទ្ធ នាយក​សាលា​វិទ្យាល័យ​ព្រែ​កឯក  ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​អគ្គនាយក​ក្រុមហ៊ុន​ព្រមទាំង​សហការី​ទាំងអស់ ដែល​បាន​ចំណាយ​ថវិកា រួមទាំង​កម្លាំងកាយ​ចិត្ត ជួយ​ដល់​សាលា​ឱ្យមាន​ការរីកចំរើន ជាពិសេស​បានប្រែក្លាយ​បន្ទប់​ថ្នាក់រៀន​នីមួយ​ទៅជា​ទីកន្លែង​មាន​បរិយាកាស​ល្អ​គួរ​ចង់​សិក្សា ដោយ​ឆ្នាំនេះ​បានធ្វើការ​លាបថ្នាំ​ថ្មី​នៃ​អគារសិក្សា​មួយ​ខ្នង​ទៀត​ដែលមាន 5បន្ទប់ ព្រមទាំង​សាងសង់​ផ្លូវ​ប៉េ​តុង​ប្រវែង 45ម៉ែត្រ សាងសង់​ផ្លូវ​ជុំវិញ​អគារ និង​ជួសជុល​បន្ទប់ទឹក​ផងដែរ។

    ជាមួយគ្នា​នោះដែរ លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBL   បាន​មានប្រសាសន៍ថា នេះ​ជា​ឆ្នាំ​ទី៥ ដែល​បុគ្គលិក​ក្រុមហ៊ុន​របស់​យើង​បាន​ចំណាយពេល​ចុង​ស​ប្តា​ហ៏​ចូលរួម កម្មវិធី​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​នៃ​អគារសិក្សា​សម្រាប់​សិស្សានុសិស្ស​របស់​យើង។ យុវជន​ថ្ងៃនេះ ជា អនាគត​អ្នកដឹកនាំ​នាពេលខាងមុខ ដូច្នេះ​ពូក​គាត់​ត្រូវ​ត្រៀមខ្លួន​ឲ្យ​ល្អ​សម្រាប់​ការសិក្សា​រៀនសូត្រ។

    ប្អូនស្រី សំរេច មេត្តា តំណាង​សិស្ស​នុ​សិស្ស​នៃ​សាលា​វិទ្យាល័យ​ព្រែ​កឯក  ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន  ហើយ​ប្តេជ្ញាចិត្ត​ចូលរួម​ថែទាំ​អគារសិក្សា​និង​សមិទ្ធិផល​នានា ព្រមទាំង​ប្តេជ្ញាចិត្ត​ខិតខំ​រៀនសូត្រ​ដើម្បី​ប្រឡង​ឲ្យ​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុ​តយ​ភូមិ​នាពេល​ខាង​មុន។

    គួរ​រម្លឹក​ផងដែរ​ថា គម្រោង​កែលម្អ​សាលា​វិទ្យាល័យ​ព្រែក​ឯង​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) មាន​រយៈពេល​ពីរ​ឆ្នាំ ដែល​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​ដល់​សិស្សានុសិស្ស​ប្រមាណ ១៩០០នាក់ ដោយ​ផ្តោត​ជា​ចម្បង​លើ​ការជួលជុល​កែលម្អ​អគារសិក្សា​ចំនួន​ពីរ​ខ្នង ជួលជុល​កែលម្អ​បន្ទប់​សិក្សា​កុំព្យូទ័រ​មួយ​បន្ទប់​ព្រមទាំង​បំពាក់​កុំព្យូទ័រ​និង​ម៉ាស៊ីន​ព្រី​ន ដាក់​ប្រព័ន្ធ​បណ្តាញ​លូទឹក​ដើម្បី​បញ្ជៀ​ស​ទឹក​ជន់​នៅពេល​ភ្លៀង​ធ្លាក់ កសាង​ផ្លូវ​ដើរ​ពី​អគារ​មួយ​ទៅ​អគារ​មួយទៀត និង​ជួលជុល​បន្ទប់ទឹក​ផងដែរ។

    ក្រុមហ៊ុន CBL ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​គុណភាព​លំដាប់​ពិភពលោក​ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែ​ចូលរួម​រាល់​សកម្មភាព​នានា​ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​ជាពិសេស​លើ​ការ​ប្រ​ព្រឹ​ត្ដ​ខ្លួន​ជា​សហគ្រាស​មួយ​ដែលមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គមជាតិ៕