Author: វល័ក្ខ

  • Salah៖ ការមិន​អាត្មានិយម គឺជា​កូនសោ​សម្រាប់​ខ្សែប្រយុទ្ធ​ទាំង3 របស់ Liverpool

    Salah៖ ការមិន​អាត្មានិយម គឺជា​កូនសោ​សម្រាប់​ខ្សែប្រយុទ្ធ​ទាំង3 របស់ Liverpool

    ខ្សែប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល Mohamed Salah របស់​ក្រុម Liverpool បាន​ទទួលស្គាល់ថា វា​នឹង​ក្លាយជា «សុបិន​ក្លាយ​មួយ» ក្នុងការ​បំពេញ​រដូវ​កាល​ទី1 ដ៏​អស្ចារ្យ​របស់គេ​នា​កីឡដ្ឋាន Anfield តាមរយៈ​ការបញ្ចប់​ការគ្រប់គ្រង​របស់ Real Madrid ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប ក្នុងការ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​នេះ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា Salah បាន​បញ្ជាក់ថា រូបគេ​នឹង​រីករាយ ប្រសិនបើ  Roberto Firmino ឬ Sadio Mane រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដែល​នឹង​ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម​របស់​ពួកគេ ឈ្នះ​ពាន​កំពូល​អឺរ៉ុប ជា​លើក​ទី៦របស់​ពួកគេ។ Salah បានឈ្នះ​ពាន​កិត្តិយស​ជា​បន្តបន្ទាប់ ខណៈដែល​រូបគេ​រកបាន44គ្រាប់ ក្នុងចំណោម​គ្រាប់​បាល់​សរុប​ទាំង៩០ដែល​ខ្សែប្រយុទ្ធ​ទាំង៣របស់​ក្រុម Liverpool រកបាន​នៅ​រដូវ​កាល​នេះ។ ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក៏បាន​កើតឡើង​ច្រើន​ផងដែរ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League។

    Salah បាន​ប្រាប់​គេហទំព័រ UEFA.com ថា៖ «វា​មិនមាន​បញ្ហា​នោះឡើយ​ចំពោះ​កីឡាករ​រូប​ណា​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទីនោះ។ ការ​ឈ្នះ​ការប្រកួត ការដណ្តើម​បាន​ពិន្ទុ នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត​សម្រាប់​យើង ពីព្រោះ​ដូចដែល​អ្នក​អាច​ឃើញស្រាប់​ហើយ ខ្ញុំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី10គ្រាប់ ក្នុង​ក្របខ័ណ្ឌ Champions League កីឡាករ Sadio រកបាន9គ្រាប់ ហើយ Firmino រកបាន 10គ្រាប់ ហេតុនេះ យើងទាំងអស់គ្នា​មាន​កម្រិត​ដូចគ្នា»។

    តារា​ឆ្នើម​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បាន​បន្ថែមទៀតថា៖ «គ្មាន​នរណាម្នាក់​នៃ​យើង មាន​ភាព​អាត្មានិយម ឬ​ចង់តែ​ស៊ុត​បាល់​បញ្ចូល​ទី​ឡើយ។ យើង​ព្យាយាម​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​រកបាន​គ្រាប់​បាល់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Channel News Asia

  • កម្មវិធី ABC Exceptional Night ជាមួយ​អ្នកនាង ពេជ្រ សោភា

    កម្មវិធី ABC Exceptional Night ជាមួយ​អ្នកនាង ពេជ្រ សោភា

    នៅ​ថ្ងៃ​ពុធ ទី 23 ខែឧសភា ឆ្នាំ2018 ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ Snow Container Pub ខេត្តបាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ស្រី ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ និង​តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិល្បការិនី ដែលមាន​ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល នាង​គឺជា​តារា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន Snow Container Pub ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង ភោជនីយដ្ឋាន 1ម៉ឺន នា​ក្រុង​កំពត នៅ​ថ្ងៃ សៅរ៍ ទី 26 ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង រូបសម្បត្តិ​ស្រស់​សង្ហា សំឡេង​ស្រទន់ និង​ជា​ម្ចាស់​ជ័យលាភី ដែលមាន​ទេពកោសល្យ​ពិតប្រាកដ ក្នុង​កម្មវិធី I Am The Singer ឆ្នាំ 2016 លោក​គឺជា​តារា​ដែលមាន​ចំណុច​ល្អ​ឯក​ដែល​រះ​យ៉ាង​ត្រចះត្រចង់ (Rising Exceptional) លោក ដួង វីរៈ​សិទ្ធ ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ!!!

  • មិត្ត​ហ្វូ​ន​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី ដើម្បី​ឆ្ពោះទៅរក​ភាពទាន់សម័យ

    មិត្ត​ហ្វូ​ន​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី ដើម្បី​ឆ្ពោះទៅរក​ភាពទាន់សម័យ

    មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​លេខ1 នៅ​កម្ពុជា​ដែល​បានផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ទូទាំងប្រទេស រួមមាន ទូរស័ព្ទ​ចល័ត​ឥត​ខ្សែ ទូរស័ព្ទ​អចល័ត​ឥត​ខ្សែ អី​ុ​ន​ធើ​ណេ​ត Lease Line ហើយក៏​កំពុង​នាំមុខ​នៃ​សេវាកម្ម  ePayment (eMoney)។ មិត្ត​ហ្វូ​ន​មាន​មោទនភាព​ក្នុង​ការបម្រើ​សេវាកម្ម​ទៅដល់​អតិថិជន​ជាង8លាន​នាក់​ជា​រៀងរាល់ថ្ងៃ។

    បន្ទាប់ពី​ការផ្តល់សេវា​ជាច្រើន មិត្ត​ហ្វូ​ន​កំពុងមាន​អាយុ​ចាស់​បន្តិច ហើយ​មិនមាន​សក្ដានុភាព​ចំពោះ​អតិថិជន​ជាទី​ស្រឡាញ់​របស់ខ្លួន វា​ហាក់​មិន​សមស្រប​នឹង​ការរំពឹងទុក​របស់​អតិថិជន​ក្នុងការ​ផ្លាស់ប្តូរ​ទីផ្សារ​ទូរគមនាគមន៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​របស់ខ្លួន​ឡើងវិញ ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​នៃ​ការវិនិយោគ​ក្នុង​រយៈពេល​វែង ដែលជា​និច្ច​ជា​កាល​ផ្តល់នូវ​ការច្នៃប្រឌិតថ្មីៗ លើ​ផលិតផល​និង​សេវាកម្ម​ជា​លក្ខណៈ​បុគ្គល​ប្រកបដោយ​ភាព​សកម្ម​និង​ច្នៃប្រឌិត​ខ្ពស់។ ក្នុង​គោលបំណង​នេះ មិត្ត​ហ្វូ​ន​ចង់​រួមចំណែក​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុង​ការកសាង​ជីវិត​រីកចម្រើន​បែប​យុវវ័យ និង​ទាន់សម័យ​ទៅដល់​មនុស្ស​គ្រប់រូប គ្រប់​គ្រួសារ គ្រប់​ទីកន្លែង ក៏ដូចជា​ថ្ងៃ​ដំបូង​ដែល​មិត្ត​ហ្វូ​ន​បាន​ចូលមកក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    ជាក់ស្តែង​កាលពី​ថ្ងៃទី21 ខែឧសភា ឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានរៀបចំ​កម្មវិធី​ជា​ផ្លូវការ​ក្នុងការ​ណែនាំ​នូវ​ស​ស្លាក​សញ្ញា​ថ្មី​របស់ខ្លួន ដែលមាន​ពណ៌​ក្រហម ដែលជា​ពណ៌​ដ៏​ស្រស់ស្អាត ពណ៌​របស់​យុវវ័យ និង​បង្ហាញ​ពី​ជីវិត​ដ៏​រឹងមាំ ហើយ​វា​ក៏​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​មិត្ត​ហ្វូ​ន​លើ​ការធ្វើឱ្យ​ស្រស់ស្រាយ​លើ​ស្លាក​សញ្ញា ដើម្បី​ទទួលបាន​ដំណោះស្រាយ​ថ្មី   ផលិតផល​ថ្មី និង​សេវាកម្ម​ថ្មី​ដល់​អតិថិជន​របស់ខ្លួន។

    ក្នុងនោះដែរ មិត្ត​ហ្វូ​ន​ក៏បាន​ណែនាំ​ម៉ា​ស្ក​ត់​ថ្មី ដែលមាន​ឈ្មោះថា “មុន្នី” ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ចេញពី​ស្លាក​សញ្ញា​មិត្ត​ហ្វូ​ន ហើយ​គាត់​នឹង​រួមបញ្ចូល​ជាមួយ​ឡូ​ហ្គូ​មិត្ត​ហ្វូ​ន​ផងដែរ។ “មុន្នី” គឺជា​បុរស​ឆ្លាត​ម្នាក់​ដែល​ស្គាល់ និង​យល់ដឹងពីអ្វីៗទាំងអស់។ មុន្នី គឺជា​បុរស​ម្នាក់​ដែលមាន​ជីវិត​រស់​រវើក គាត់​រស់នៅ​ដោយ​គ្មាន​ការ​បំភាន់ និង​ការ​ក្លែងបន្លំ គាត់​គឺជា​មិត្ត​ដែល​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា មាន​ភាពសាមញ្ញ​បំផុត ហើយ​គេ​ក៏​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​ផងដែរ។ គាត់​គឺជា “បងប្អូន” សម្រាប់​អ្នក​គ្រប់គ្នា។

    មុន្នី គឺជា​អ្នកទំនាក់ទំនង​ដ៏​ល្អឥតខ្ចោះ​រវាង​មិ​ត្ដ​ហ្វូ​ន និង​អតិថិជន។ គាត់​ដើរតួនាទី​យ៉ាង​ជិតស្និទ្ធ ជា​មិត្តភក្តិ​ដែល​តែងតែ​ស្តាប់​ការតម្រូវ​ការ​របស់​អតិថិជន និង​ដឹង​ច្បាស់​ថា​ពួកគាត់​ចង់បាន​អ្វីដែល​ប្រាកដ។ ក្នុងឱកាស​នោះដែរ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​ណែនាំ​ពី​ការបើក​ដំណើរការ​បច្ចេកវិទ្យា4.5G ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា LTE Advance Pro ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​លើផ្លូវ​រួម​ជាមួយនឹង​ការវិវត្ត​បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G។ ព្រម​ជាមួយនឹង​ការផ្តល់ជូន Promotion ថ្មី NOP70+ ដែល​អតិថិជន​ចំនាយ​ត្រឹមតែ1ដុល្លារ​ក្នុង1សប្តាហ៍ អតិថិជន​មិត្ត​ហ្វូ​ន​នឹង​ទទួលបាន​ការលេង​ Facebook ដោយ​សេរី រួម​ជាមួយនឹង​ទឹកប្រាក់​បន្ថែម100ដុល្លារ ដើម្បី​បំពេញតម្រូវការ​ផ្សេងទៀត៕

  • តិច​និច​ជ្រើស​រើស​ទឹក​ដោះគោ​ម្សៅ​ដើម្បី​ឱ្យ​ឆ្អឹង​កូន​រឹងមាំ ​និង​មាន​សុខភាព​ល្អ

    តិច​និច​ជ្រើស​រើស​ទឹក​ដោះគោ​ម្សៅ​ដើម្បី​ឱ្យ​ឆ្អឹង​កូន​រឹងមាំ ​និង​មាន​សុខភាព​ល្អ

    នរណាៗក៏​ដឹង​យ៉ាងច្បាស់​ដែរ​ថា ទឹកដោះ​ម្តាយ​មាន​ប្រយោជន៍​ច្រើនជាងគេ​បំផុត​សម្រាប់​ការចិញ្ចឹម​កូន  តែ​នៅក្នុង​ករណីខ្លះ​អ្នក​ម្តាយ​ក៏មាន​ភាពចាំបាច់​ត្រូវតែ​ប្រើ​ម្សៅ​ទឹកដោះគោ​មកជួយ​ដែរ ដូចជា ពេល​អ្នក​ម្តាយ​ឈឺ​ធ្ងន់​មិន​អាចឱ្យ​កូនតូច​បៅដោះ​បាន ឬ​អ្នក​ម្តាយ​មិនអាច​ចិញ្ចឹម​កូនតូច​ដោយ​ខ្លួនឯងបាន​ជាដើម ដូច្នេះហើយ​យើង​ត្រូវតែ​ទទួលស្គាល់ថា ចាំបាច់​ត្រូវតែ​ពឹង​លើ​ម្សៅ​ទឹកដោះគោ។

    ឥឡូវ​យើង​មក​មើ​លពី​ព័ត៌មាន និង​ពាក្យ​ណែនាំ​របស់លោក​វេជ្ជបណ្ឌិត​ជំនាញ អំពី​វិធី​ជ្រើសរើស​ទឹកដោះគោ​ម្សៅ​របស់​កូនតូច​វិញ​ប្រសើរ​ជាង។

    វិធី​ជ្រើសរើស​ម្សៅ​ទឹកដោះគោ

    ម្សៅ​ទឹកដោះគោ​នៅលើ​ទីផ្សារ​ដែល​យើង​ឃើញ​នោះ មាន​ឱ្យ​ជ្រើសរើស​ច្រើនយ៉ាង ច្រើន​យីហោ​ណាស់ ដោយ​យីហោនីមួយៗសុទ្ធតែ​ព្យាយាម​កែច្នៃ​ឱ្យមាន​ចំណែក​ផ្សំ​ដូច​ទឹកដោះ​ម្តាយ​បំផុត ដូចជា​កាត់បន្ថយ​ជាតិ​ប្រូ​តេ​អុ​ី​ន​នៅក្នុង​ទឹកដោះគោ ដើម្បីឱ្យ​ដូច​ទឹកដោះ​ម្តាយ​ឱ្យបាន​ច្រើន​បំផុត ព្រោះ​ទារក​បើ​បានទទួល​ជាតិ​ប្រូ​តេ​អុ​ី​ន​ច្រើន​ជ្រុល​ពេក ក្រលៀន​នឹង​កាន់តែ​ធ្វើការ​ខ្លាំង​ឡើង ឬ​សម្រួល​ខា​បូ​ហាយ​ដ្រេ​ត​នៅក្នុង​ចំណែក​ផ្សំ​មួយចំនួន​ឱ្យ​ស្រដៀង​ទឹកដោះ​ម្តាយ ងាយស្រួល​រំលាយ មិន​កក​ជាដុំៗ និង​បន្ថែម​សារជាតិ​អាហារផ្សេងៗដែលមាន​ប្រយោជន៍​ចំពោះ​ទារក​ចូលទៅ ព្រោះ​នៅក្នុង​ទឹកដោះ​ម្តាយ​មាន​សារធាតុ​អាហារ​ច្រើនជាង200ប្រភេទ​ឯណោះ។

    ការជ្រើសរើស​ម្សៅ​ទឹកដោះគោ​ត្រូវ​មើល​លើ​អាយុ​របស់​កូន​ជា​ចម្បង ទឹកដោះ​ដែលជា​ទឹកដោះគោ​នឹងមាន​ចាប់តាំងពី៖

    រូបមន្ត​ទី1: សម្រាប់​ទារក​ទើបនឹង​កើត រហូតដល់1ឆ្នាំ យើង​ហៅថា Infant Formula។
    រូបមន្ត​ទី2: គឺជា​ទឹកដោះ​រូបមន្ត​បន្ត ឬ Follow on Formula សម្រាប់​ទារក​អាយុ6ខែ ដល់3ឆ្នាំ។
    រូបមន្ត​ទី3: ជា​ម្សៅ​ទឹកដោះគោ​គ្រប់គ្រឿង ហៅថា Powdered Whole Milk ។

    ក្រៅពី​អាយុ​កូន​ហើយ ត្រូវ​សង្កេត​មើលថា តើ​កូន​យើង​មាន​សភាវ​ពិសេស​ណាមួយ​ដែល​ត្រូវ​ជ្រើសរើស​ម្សៅ​ទឹកដោះគោ​សម្រាប់​គេ​ជាពិសេស ឬក៏​អត់ ដូចជា នៅលើ​ក្មេង​ដែលមាន​ជំងឺ​ខាង មេ​តា​បូ​លី​ហ្សឹ​ម រំលាយ​ជាតិ​ប្រូ​តេ​អុ​ី​ន​មួយចំនួន​មិនបាន ត្រូវ​ប្រើ​ម្សៅ​ទឹកដោះគោ​រូបមន្ត​ពិសេស​ដោយឡែក ឬ​បើ​ចំពោះ​ក្មេង​ដែល​គ្រួសារ​មាន​ប្រវត្តិ​ច្បាស់​ថា មាន​រោគ​ប្រតិកម្ម​ចាញ់ ក៏​នឹងមាន​ម្សៅ​ទឹកដោះគោ​ពិសេស​មួយ​ដែល​យកជាតិ​ប្រូ​តេ​អុ​ី​នធំៗមក​រំលាយ​ឱ្យ​តូច គឺជា​រូបមន្ត​សម្រាប់​ក្មេង​ដែលមាន​សភាវ​ប្រថុយប្រថាន​នឹង​ការកើត​ប្រតិកម្ម​ចាញ់។

    ក្រៅពីនោះ នៅមាន​ម្សៅ​ទឹកដោះគោ​សម្រាប់​ក្មេង​ដែលមាន​សភាវផ្សេងៗទៀត ដូចជា ទារក​ដែល​ប្រសូត​មុន​កំណត់ នឹងមាន​ទឹកដោះគោ​ពិសេស​ដែល​ផ្តល់នូវ​កម្លាំង​ថាមពល និង​មាន​សារជាតិ​អាហារ​ប្រភេទ​ខ្លះ​ច្រើនជាង​ម្សៅ​ទឹកដោះគោ​ធម្មតា ដើម្បី​បំប៉ន​ឱ្យ​កាន់តែ​រឹងមាំ​ឡើង។ ក្មេង​ដែលមាន​សភាវ​ក្អែទឹកដោះ​ចេញមក​វិញ ឬ​សាច់ដុំ​មាត់​ក្រពះ​មិនល្អ ក៏​នឹងមាន​ទឹកដោះគោ​រូបមន្ត​ពិសេស​ដោយឡែក ដែល​នឹង​ធ្វើឱ្យ​ក្មេង​លែង​សូវ​ក្អែ​ចេញមក  ចំណែកឯ​ក្មេង​ដែលមាន​អាការ​រាករូស ឬ​ការរំលាយ​អាហារ​ខុស​ប្រក្រតី នឹងមាន​ម្សៅ​ទឹកដោះគោ​ជាពិសេស​ដោយឡែក​ដូចគ្នា​ដែរ គឺជា​ទឹកដោះ​ដែល​គ្មាន​ជាតិ លែ​ក​តូ​ស។ ម្សៅ​ទឹកដោះគោ​ដែលជា​រូបមន្ត​ពិសេស​ទាំងនេះ ប្រភេទ​ខ្លះ​អ្នក​ម្តាយ​អាច​ទិញ​បាន​ដោយ​ខ្លួនឯង តែ​ប្រភេទ​ខ្លះទៀត​ត្រូវឱ្យ​លោកគ្រូ​ពេទ្យ​ជួយ ព្រោះ​ត្រូវ​ពិនិត្យមើល​ប្រវត្តិ​របស់​ក្មេងម្នាក់ៗផង។

    ចំពោះ​ទារក​ដែល​រឹងប៉ឹង​ល្អ ប្រសូត​តាម​កំណត់ ជ្រើសរើស​ប្រើ​ម្សៅ​ទឹកដោះគោ​ប្រភេទ​ណា​ក៏​គ្មាន​ខុសប្លែកគ្នា​ដែរ តែ​ត្រូវ​មើលថា តើ​មាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដែរឬទេ? បើ​ចង់បាន​ការណែនាំ ក៏​ចង់​ជម្រាប​ថា អ្នក​ម្តាយ​គួរ​សាកល្បង​ទិញ​កំប៉ុង​តូច​ប្រើ​មើល​សិន បើ​កូន​ញ៉ាំ​ហើយ​មិន​ឆ្ងល់​ពោះ បន្ទោបង់​បាន​តាម​ប្រក្រតី​ក៏​អូ​ខេ។ ពេល​លាយ ក៏ត្រូវ​លាយ​តាម​កម្រិត​ដែល​បានបញ្ជាក់​ទុក​ស្រាប់ បើ​លាយ​ខាប់​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​កូនតូច​រាក ឬ​ទល់លាមក​បាន ឬ​បើ​លាយ​រាវ​ពេក នឹងធ្វើ​ឱ្យ​កូនតូច​ទទួលបាន​ថាមពល​មិន​គ្រប់គ្រាន់។

    សង្កេតមើល​កូនតូច​បៅ​ទឹកដោះគោ

    មាន​អ្នក​ម្តាយ​ជាច្រើន​ដែល​ពេល​កូន​យំ ក៏​ឱ្យ​បៅ​ទឹកដោះ ព្រោះ​គិតថា កូន​ឃ្លាន ការពិតទៅ​កូន​អាច​មិនទាន់​ឃ្លាន​ក៏​ថា​បានដែរ អាច​យំ​ដោយសារ​មូលហេតុ​អ្វី​ផ្សេង​ផង​ក៏​មិនដឹង ដូច្នេះ​ចង់ឱ្យ​អ្នក​ម្តាយ​សាកល្បង​សង្កេតមើល​ជាមុនសិន ព្រោះ​ជាធម្មតា ទារក​ក្នុងអំឡុង2-3ខែ​ដំបូង​នឹង​បៅ​ក្នុង​មួយពេល2-3អន​ស៍(1អន​ស៍​ស្មើនឹង28.35ក្រាម) បើជា​ម្សៅ​ទឹកដោះគោ អាច​នឹង​ឱ្យ​បៅ​រៀងរាល់3-4ម៉ោង​ម្តង បើ​ទឹកដោះ​ម្តាយ​វិញ​អាច​នឹង​ញឹក​ជាង គឺ​ប្រហែលជា​រៀងរាល់2-3ម៉ោង​ម្តង ព្រោះ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ​ជាង ដូច្នេះ បើ​កូន​ទើបនឹង​បៅ​ទឹកដោះ​ហើយ​មិនយូរប៉ុន្មាន ករណី​កូន​ស្រែកយំ​នេះ អ្នក​ត្រូវ​ពិនិត្យមើល​មូលហេតុ​ផ្សេង​ជាមុនសិន។

    នៅលើ​ទារក​ទើបនឹង​កើត រហូតដល់2-3ខែ​ដំបូង នឹងមាន​ប្រតិកម្ម​មួយ​ដែល​ហៅថា Sucking Reflex គឺ​អ្វី​ក៏ដោយ​ដែល​នៅក្នុង​មាត់ ទារក​នឹង​តបស្នង​ដោយ​ការ​បឺត ទើប​ធ្វើឱ្យ​អ្នក​ម្តាយ​យល់ច្រឡំ​ជា​ញយ​ដង ដោយ​គិតថា​កូន​បិ​ុ​ន​មឹ​ម  ឃើញ​កូន​បិ​ុ​ន​មឹ​ម មឹ​ម​បានជារឿយៗបែបនេះ លុះដល់​ពេល​កូន​យំ​ក៏​ញ៉ុ​កដប​ទឹកដោះគោ​ដាក់​មាត់​កូន ពេល​ដាក់​ដល់​មាត់ កូន​ក៏​ស្ងាត់ និង​ចេះតែ​បឺតជារឿយៗទៅ ធ្វើឱ្យ​បៅ​លើស​កំណត់ កូន​ក៏​ណែន​ឆ្ងល់​ពោះ។  អ្នក​ម្តាយ​ត្រូវ​ចេះ​សង្កេតមើល​ទង្វើ​ការ​បៅ​ទឹកដោះ​របស់​កូន និង​រៀន​យល់ដឹង​រវាង​អ្នក​ម្តាយ​ដែលមាន​កូនតូច​ដូចគ្នា នឹង​បាន​តារាង​ការ​បៅ​ទឹកដោះ​ដែល​មិន​ដូចគ្នា អ្នក​ម្តាយ​ខ្លះ​អាចឱ្យ​កូនបៅ​ពេល​ថ្ងៃ​ញឹក អ្នក​ម្តាយ​ខ្លះទៀត​ឱ្យ​កូនបៅ​ពេលយប់​ញឹក តែបើ​ដល់ពេល​ត្រូវឱ្យ​បៅ​ទឹកដោះ​ហើយ តែ​កូន​កំពុង​គេង​លក់ ក៏​មិនចាំបាច់​ដាស់​កូន​ឱ្យ​ភ្ញាក់​ឡើងមក​បៅ​ដែរ បណ្តោយឱ្យ​កូន​គេង​ឱ្យ​បានយូរ​សិន​ចុះ រួចហើយ​លោកឪពុក​អ្នក​ម្តាយ​ចាំ​បន្ថែម​ពេល​មឹ​ម​ទឹកដោះ​ឱ្យ​កូន​នៅពេល​ក្រោយ​ក៏បាន៕

  • លេច​នោម មិនមែនជា​បញ្ហា​តូចតាច​ទេ សម្រាប់​ស្ត្រី

    លេច​នោម មិនមែនជា​បញ្ហា​តូចតាច​ទេ សម្រាប់​ស្ត្រី

    លេច​នោម ជា​បញ្ហា​ដែល​ជួបប្រទះ​ច្រើន​នៅលើ​មនុស្ស​ស្រី ដោយសារ​បច្ច័យ​មួយចំនួន ដូចជា ការ​មានគភ៌ ការ​ប្រសូត​បុត្រ ការវះកាត់​ខាង​ជំងឺ​ស្ត្រី ជាពិសេស​ការវះកាត់​ស្បូន។ល។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស1នាក់​ក្នុងចំណោម5នាក់​ដែល​កើត​ជំងឺ​នេះ គឺជា​ស្ត្រី និង​ច្រើនជាង​បុរស​ដល់​ទៅ3ដង​ឯណោះ។

    មូលហេតុផ្សេងៗរបស់​ជំងឺ​លេច​នោម

    មូលហេតុ​សំខាន់​គឺ​ភាពខុសប្រក្រតី​ដែល​កើតឡើង​ទាំង​ខាង​ផ្នែក​នៃ​ការធ្វើការងារ និង​ខាង​ផ្នែក​រូបរាង​របស់​អវយវៈ​ដែលមាន​ចំណែក​ក្នុងការ​គ្រប់គ្រង​ការ​បន្ទោបង់​ទឹកនោម ដូចជា ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ទ្រាំ​ទប់ និង​បញ្ចេញ​ទឹកនោម ប្លោកនោម បង្ហួរនោម ប្រព័ន្ធ​ខ្ជឹប​បង្ហួរនោម និង​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក។

    ក្នុងវ័យកុមារ : កើតឡើង​ដោយសារ​ប្រព័ន្ធគ្រប់គ្រង​ការ​បន្ទោបង់​នៅ​មិនទាន់​ដំណើរការ​ស្រួល និង​ទង្វើ​រួមទាំង​ទម្លាប់​និស្ស័យ​មួយចំនួន និង​ច្រើនតែ​ចេញមក​ក្នុង​រូប​បែប​នៃ​ការ​លេច​នោម​ដាក់​ពូក​នៅ​ពេលយប់​ញឹកញាប់។

    ក្នុងវ័យក្រមុំ : ច្រើនតែ​កើតឡើង​ដោយសារ​តែមាន​ទម្លាប់​និស្ស័យ​មួយចំនួន​ដែល​មិន​ត្រឹមត្រូវ ដូចជា ទទួលទាន​ទឹក​តិច ទ្រាំ​ទប់​មិន​ព្រម​នោម​រយៈពេល​យូរ ឬ​ញឹកញាប់ ធ្វើឱ្យ​ប្លោកនោម​កើត​មានការ​ច្របាច់​ខ្លួន​ខុស​ប្រក្រតី​រហូតដល់​ទ្រាំ​ទប់​ទឹកនោម​លែងរួច។

    សម្រាប់មនុស្សវ័យកណ្តា អ្នក​ដែល​ធ្លាប់​មានគភ៌ ឬ​ធ្លាប់​វះកាត់​ស្បូន​ពីមុនមក អាចមាន​ការចុះ​ខ្សោយរ​បស់​សាច់ដុំ​ខ្ជឹបមាត់​ប្លោកនោម ធ្វើឱ្យ​បិទ​មិន​ជិត។ នៅលើ​មនុ​ស្សវ័យ​ចំណាស់ និង​អស់​វដ្ត​រដូវ​វិញ អ័រម៉ូន​ភេទ​ស្រី​នឹង​ថយចុះ​ធ្វើឱ្យ​ប្រព័ន្ធ​ការបិទ​ខ្ជឹប​របស់​បង្ហួរនោម​ចុះខ្សោយ ធ្វើឱ្យមាន​ទឹកនោម​លេច​ជ្រាប​ចេញមក​បាន​ដូចគ្នា។

    អា​ការដែល​បង្ហាញ​ពី​ការ​លេច​នោម

    អាការផ្សេងៗរបស់​ការ​លេច​នោម​បែបនេះ​មានដូចជា មាន​អារម្មណ៍​ថា​ត្រូវតែ​នោម តែ​មិនអាច​ទៅ​នោម​បាន​ទាន់  ពេល​កណ្តាស់ ក្អកមាន​ទឹកនោម​លេចចេញ​មក អាការ​ទឹកនោម​ហូរ​ចេញមក​ដោយ​មិនដឹង​ខ្លួន ឬ​ទឹកនោម​ស្រក់​ចេញមក​ក្រោយពេល​បត់ជើងតូច​រួច​ជាដើម។

    វិធី​បំបាត់ និង​កែ​អាការ​លេច​នោម

    ការព្យាបាល អាស្រ័យ​លើ​មូលហេតុ​របស់​អាកា​រថា តើ​កើត​ភាពខ្វះ​ចន្លោះ​នៅលើ​អវយវៈ​ដែល​គ្រប់គ្រង​ការ​បត់ជើងតូច​ក្នុង​ផ្នែក​ណាមួយ។ ជាទូទៅ វិធី​ក្នុង​ការរក្សា​ព្យាបាល​មាន3យ៉ាង គឺ ការព្យាបាល​ដោយ​ទង្វើ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ និង​ការព្យាបាល​ដោយ​វះកាត់។ អ្នក​ដែលមាន​អាការ​មិនសូវ​ខ្លាំង​ប៉ុន្មាន គួរ​ចាប់ផ្តើម​ពី​ការព្យាបាល​ដោយ​ទង្វើ គឺ​ការ​បង្វឹក​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក ដោយ​ការ​ខ្ជឹបមាត់​បង្ហួរនោម​ដែលមាន​លក្ខណៈ​ដូច​ពេល​ខ្ជឹប​ទ្រាំ​ទប់​នោម​អ៊ីចឹង ដោយ​ត្រូវ​ធ្វើឱ្យបាន100 ដង​ក្នុង​មួយថ្ងៃ។ វិធី​នេះ​ត្រូវមាន​ការអត់ធ្មត់ ព្រោះ​ត្រូវ​ប្រើពេល​រាប់​ខែ​ទំរាំ​នឹង​ឃើញ​លទ្ធផល និង​គួរ​ធ្វើឱ្យបាន​ជាប់លាប់ ដើម្បី​កុំឱ្យ​អាការ​នេះ​កើតឡើង​ទៀត។

    វិធីងាយៗក្នុងការ​ការពារ​មិនឱ្យ​កើត​អាការ​លេច​នោម

    . គួរ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងតិច​ក្នុង​មួយថ្ងៃ​ពី8-10កែវ។

    . មិនគួ​ទ្រាំ​ទប់​នោម​ញឹកញាប់ ឬយូរៗជ្រុល​ពេក​ឡើយ។

    . ចៀសវាង​ពីស​ភាវណា​ដែល​ត្រូវ​ប្រើ​កម្លាំង​ប្រឹង​នៅ​ខាងក្នុង​ប្រអប់​ពោះខ្លាំងៗ និង​អាការ​ទល់លាមក។

    . ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក​ដោយ​ការ​ខ្ជឹបមាត់​បង្ហួរនោម​ជាប្រចាំ។

    បញ្ហា​ធំ​នឹង​ក្លាយជា​បញ្ហា​តូច​ដែល​អាច​ការពារ និង​ដោះស្រាយ​វិញ​បាន ដោយ​គ្រាន់តែ​កែសម្រួល​ទង្វើ​ណា​ដែល​ប្រថុយ​នឹង​ការកើត​ជំងឺ និង​ឧស្ស​ហ៍​មើលថែទាំ​ខ្លួន​ដោយ​វិធីងាយៗទាំងនេះ នារីៗសម័យថ្មី​យើង នឹង​ច្បាស់​ជា​ស្ថិតនៅ​ឆ្ងាយ​ពី​ជំងឺ​លេច​នោម​នេះ​ជាមិនខាន៕

  • ឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្ម​ជា​អ្នកអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​របស់​រាជ​រដ្ឋាភិបាល

    ឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្ម​ជា​អ្នកអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​របស់​រាជ​រដ្ឋាភិបាល

    ថ្លែង​ទៅកាន់​សមាជិកសភា​ពាណិជ្ជកម្ម​ក្នុងឱកាស​សរុប​បិទ​របាយការណ៍​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ2017 និង​លើក​ទិសដៅ​ការងារ​ឆ្នាំ2018 ដែល​ប្រព្រឹត្ត

    ទៅ​កាលពី​ថ្ងៃទី30 ខែមេសា ឆ្នាំ2018 នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា អ្នកឧកញ៉ា​គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​គូសបញ្ជាក់ថា៖ “សភាពាណិជ្ជកម្ម​កម្ពុជា បាននិងកំពុង​បន្ត​ភារកិច្ច​ស្នូល​របស់ខ្លួន​តំណាងឱ្យ​ផលប្រយោជន៍​ក្នុង​វិស័យ​ឯកជន និង​ចូលរួម​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល ប៉ុន្តែ​ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​លើ​វិស័យសេដ្ឋកិច្ច​នេះ យើង​ចាំបាច់​ត្រូវតែ​ខិតខំ​ទាំងអស់គ្នា។

    អ្នកឧកញ៉ា គិត ម៉េង បាន​ថ្លែង​ឱ្យដឹងទៀតថា តាមរយៈ​យន្តការ​កន្លងមក វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន និង​សភាពាណិជ្ជកម្ម​បាន​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ឯកជន​ចំនួន 194បញ្ហា ក្នុងជំនួប​ប្រជុំ​ចំនួន 49លើក​របស់​ក្រុមការងារ​ទាំង10 នៃ​សភាពាណិជ្ជកម្ម។ ក្នុង​លទ្ធផល​ដ៏​ល្អ​សម្រាប់​វិស័យ​ឯកជន​ទាំងមូល​ក៏ដូចជា​សមាជិកសភា​ពាណិជ្ជកម្ម​ទាំងមូល បាននិងកំពុង​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​សមាគម​ធុរកិច្ច​ជាតិ និង​អន្តរជាតិ និង​ស្ថានទូត​បរទេស​នៅ​កម្ពុជា​ដោយបាន​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ជាង 30លើក​ជាមួយ​វិនិយោគិន

    បរទេស រួមមាន​ជប៉ុន ចិន កូរ៉េ រុស្ស៊ី ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ជំនួប​ពិភាក្សា​ពាក់ព័ន្ធ​កិច្ចការ​ពាណិជ្ជកម្ម​ចំនួន 58លើក រួមទាំង​ការធ្វើ​ទស្សនកិច្ច​ក្រៅប្រទេស​ចំនួន6លើក​ទៅកាន់​ប្រទេស​រ៉ូ​ម៉ា​នី រុស្ស៊ី ស៊ែ​ប៊ី ចិន ថៃ និង​ហ្វ៊ី​លី​ពី​ន។

    តាមរយៈ​ការ​ថ្លែង​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា អំពី​របាយការណ៍​ស្តីពី​សមិទ្ធផល​ការងារ​ឆ្នាំ2017 របស់​សភាពាណិជ្ជកម្ម​កម្ពុជា លោក​បានបង្ហាញ​ពី​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​ដែល​សម្រេចបាន​បើទោះបីជា​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ផ្នែក​ធនធាន និង​កត្តា​បច្ចេកទេសខ្លះៗក្តី។ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្រសួងពាណិជ្ជកម្ម​បាន​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ការងារ​អាទិភាព​មួយចំនួន ដូចជា​បានផ្តល់​អំណាច​ជូន​សភាពាណិជ្ជកម្ម​កម្ពុ​ជា​ក្នុង​ការបង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស ផ្តល់​សិទ្ធិ​ពេញលេញ​ជូន​សភាពាណិជ្ជកម្ម​កម្ពុ​ជា​ក្នុងការ​ប្រើ​បារ​កូដ​ទំនិញ រៀបចំ​ជំនួប​ធុរកិច្ច-ពាណិជ្ជកម្ម និង​ចុះ​អនុស្សរណៈផ្សេងៗរវាង​សភាពាណិជ្ជកម្ម​កម្ពុជា នឹង​សភាពាណិជ្ជកម្មនៃ​បណ្តា​ប្រទេស​ដទៃទៀត រួមទាំង​កិច្ចការសំខាន់ៗមួយចំនួនទៀត​ក្នុងការ​ជំរុញ​ទីផ្សារ​សម្រាប់​សភាពាណិជ្ជកម្ម​រាជធានី និង​ខេត្ត។

    ឯកឧត្តម ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​

    ឯកឧត្តម ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​បានផ្តល់​បទ​សម្ភាស​ថា៖ “ការលើក​ទិសដៅ​ថ្មី​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គឺ​កិច្ចសហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការកែប្រែ​ច្បាប់ទម្លាប់​លើ​ចំណុចខ្លះៗដើម្បី​ពង្រីក​វិសាលភាព​សភាពាណិជ្ជកម្ម​ដែល​អាច​អនុញ្ញាតឱ្យ​យើង​បើក​ទីស្នាក់ការ​នៅក្រៅ​ប្រទេស​បាន។ ចំពោះ​ឧបសគ្គចម្បងៗដែល​យើង​មាន ហាក់ដូចជា​មិនមាន​អ្វី​ធំដុំ​នោះទេ បើ​មិន​ដូច្នេះ​ទេ យើង​មិន​អាចមាន​កំណើនសេដ្ឋកិច្ច​ដល់ 7%នោះទេ។

    ចំពោះ​ប្រទេស​យើង​ក៏មាន​លក្ខណៈពិសេស​ដែរ​ដែល​យើង​មាន​សក្តានុពល​សេដ្ឋកិច្ច និង​មាន​អ្នកដឹកនាំ​ប្រទេស​ល្អ និង​មាន​កំណើនសេដ្ឋកិច្ច​មាន​លក្ខណៈ​ថេរ​ជាច្រើន​ឆ្នាំ តែ​លោក​បាន​បន្ថែមថា៖ “បើ​មើ​លពី​កំណើនសេដ្ឋកិច្ច​នេះ​វា​ខ្ពស់​ពិតមែន តែ​ភាព​ប្រឈម​វា​ពិតជា​មាន​ខ្លះ​ហើយ តែ​យើង​អាច​ដោះស្រាយបាន។ សម្រាប់​ទិសដៅ​ឆ្នាំ2018នេះ​ក៏​យើង​មានការ​ទាក់ទាញ​ការវិនិយោគ​ឱ្យបាន​ច្រើន​ដើម្បី​រក​ទីផ្សារការងារ​ឱ្យ​យុវជន-យុវនារី និង​ប្រជាពលរដ្ឋ​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពួកគាត់ និង​ប្រទេស​របស់​យើង។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ក៏៏​បាន​គូសបញ្ជាក់​ដែរ​អំពី​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការបន្ត​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាពជាពិសេស​ប្រែក្លាយ​វិស័យ​មួយ​នេះ​ឱ្យទៅជា​ក្បាលម៉ាស៊ីន​ថាមវន្ត​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 របស់​រាជរដ្ឋាភិបាល​កម្ពុជា។

    លោក​បន្តថា៖ “វិស័យ​ឯកជន​គឺជា​ដៃគូ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល។ យើង​មាន​មោទនភាព​នឹង​ប្រាប់​ពិភពលោក​ថា វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​រីកចម្រើន​បាន លុះត្រាតែ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​យើង​មាន​សកម្មភាព​ផុសផុល និង​រស់​រវើក។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ក៏បាន​ពន្យល់​អំពី​វត្ថុបំណង​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ2015 – 2025 និង​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ (QIPs) ដែលជា​របប​លើកទឹកចិត្ត​ផ្តល់​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​ជួយ​វិនិយោគិន​ឱ្យ​ទទួលបាន​អត្ថប្រយោជន៍ផ្សេងៗ ដូចជា​ការលើកលែង​ពន្ធលើប្រាក់ចំណេញ​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​រហូតដល់ 9ឆ្នាំ និង​ពន្ធ​លើ​ការ​នាំចូល​វត្ថុធាតុដើម ប្រភេទ​គ្រឿង​ម៉ាស៊ីន20% ជាដើម។ ដែល​ទាំងអស់នេះ គឺជា​ការបំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ម្ចាស់ការ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​សភាពាណិជ្ជកម្មដើម្បី​ចូលរួម​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា​សំដៅ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា៕

  • អ្នក​ម្តាយ​មានគភ៌​គេង​មិន​លក់ គួរ​ធ្វើ​យ៉ាងម៉េច?

    អ្នក​ម្តាយ​មានគភ៌​គេង​មិន​លក់ គួរ​ធ្វើ​យ៉ាងម៉េច?

    ក្តី​លំបាក​មួយទៀត​របស់​ម​នុស្ស​យើង​គឺ “ងងុយគេង តែ​គេង​មិន​លក់” ហើយ​អ្នក​ម្តាយ​មានគភ៌​ជាច្រើន​នាក់​ក៏​ប្រហែលជា​ធ្លាប់​កើត​អាការ​បែបនេះ​ញឹកញាប់​ដែរ មែន​ទេ?

    ហេ​ត​អ្វី​បាន​អ្នក​ម្តាយ​មានគភ៌​គេង​មិន​លក់? មូលហេតុ​ចម្បង គឺ​បណ្តាលមកពី​ការប្រែប្រួល​របស់​អ័រម៉ូន​នៅក្នុង​រាងកាយ​ហ្នឹងឯង។

    ក្នុង​ត្រីមាស​ទី1 ៖ ជាពិសេស​ក្នុងអំឡុងពេល​ត្រីមាស​ដំបូង ដែល​កម្រិត​អ័រម៉ូន ប្រូ​ជេ​ស្ទើ​រ៉ូ​ន កើនឡើង​ខ្ពស់ជាង​ប្រក្រតី ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ម៉ួ​ម៉ៅ  នឿយ​ល្វើយ  សោកសៅ និង​គេង​មិន​លក់ ឬ​ពេលខ្លះ​មាន​អារម្មណ៍​ងងុយគេង​ខ្លាំង តែ​គេង​លក់​មិនសូវ​ពេញលេញ ឬ​អ្នក​ម្តាយ​ខ្លះ​គេង​ពេល​ថ្ងៃ​ច្រើនពេក ក៏​ជា​មូលហេតុ​មួយ​ធ្វើឱ្យ​ពេលយប់​មាន​អារម្មណ៍​មិនសូវ​ងងុយគេង​ផងដែរ។

    ក្នុង​ត្រីមាស​ទី2 ៖ ខណៈដែល​ក្នុងអំឡុង​ត្រីមាស​ទី2 មាន​មូលហេតុ​ចម្បង​មកពី​ការ​រើ​របស់​កូន​នៅក្នុង​ពោះ បូក​ជាមួយ​ក្នុងអំឡុង​ពេលនេះ​អ័រម៉ូន ប្រូ​ជេ​ស្ទើ​រ៉ូ​ន នៅក្នុង​រាងកាយ​របស់​អ្នក​ម្តាយ​នៅតែ​ខ្ពស់​ដដែល ដូចនេះ​អ្នក​ម្តាយ​ក៏​អាច​នឹង​គេង​មិន​លក់បាន​ដូចគ្នា។

    ក្នុង​ត្រីមាស​ទី3 ៖ និង​ក្នុង​ត្រីមាស​ចុងក្រោយ អ្នក​ម្តាយ​មួយចំនួន​អាច​គេង​មិន​លក់ ដោយសារតែ​ការរីក​ធំ​របស់​ក្បាលពោះ ទើប​មាន​អារម្មណ៍​ថា​តឹង​ពោះ ឈឺ​ខ្នង ឬ​ឈឺ​បត់ជើងតូច​ញឹក រហូត​ត្រូវ​ងើប​ឡើងទៅ​ចូល​បន្ទប់​ទឹកជា​ញឹកញាប់។

    ក) គេង​មិន​លក់​មាន​ផលប៉ះពាល់​ដល់​សុខភាព

    បើ​ត្រឹមតែ1ដង ឬ2ដង អ្នក​ម្តាយ​គ្រាន់តែ​ងងុយគេង ស្ងាប​នៅពេល​ថ្ងៃ​តែប៉ុណ្ណោះ តែបើ​ញឹកញាប់​រៀងរាល់​យប់​វិញ​នោះ វា​ប្រហែល​មិនមែនជា​រឿង​ល្អ​ទេ ព្រោះថា៖

    . គេង​មិន​លក់​ធ្វើឱ្យមាន​អារម្មណ៍​តានតឹង : អាកា​រគេង​មិន​លក់​ជាមួយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​គឺជា​រឿង​ដែល​ពាក់ព័ន្ធ​គ្នា ព្រោះ​នៅពេល​អ្នក​គេង​មិន​លក់ វា​នឹង​បង្កឱ្យមាន​ភាព​ធុញថប់​តានតឹង រឹត​តែមាន​អារម្មណ៍​តានតឹង រឹតតែ​ភ័យ​បារម្ភ រហូត​ទីបំផុត​នឹង​រឹតតែ​ធ្វើឱ្យ​គេង​មិន​លក់​ទៅទៀត។

    . សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប្រថុយ​នឹង​សភាវ​គភ៌​មាន​ជាតិពុល : ដោយ​នៅក្នុង​មួយយប់ៗអ្នក​ម្តាយ​គួរ​គេង​ឱ្យបាន8-9ម៉ោង ដើម្បីឱ្យ​រាងកាយ​សម្រួល​តុល្យភាព និង​គ្រប់គ្រង​អ័រម៉ូនផ្សេងៗបាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​អ័រម៉ូន​ដែល​គ្រប់គ្រង​ការធ្វើការងារ​របស់​ស​រ​សៃ​ឈាម ព្រោះ​បើ​អ្នក​ម្តាយ​គេង​មិនបាន​គ្រប់គ្រាន់​នោះ អាចធ្វើឱ្យ​អ័រម៉ូន​មានការ​ប្រែប្រួល ហុច​ផល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្ក​ឱ្យ​កើត​សភាវ​គភ៌​មាន​ជាតិពុល។

    . កូន​លូតលាស់​ធំធាត់​យឺត : នៅពេល​អ្នក​ម្តាយ​គេង​មិន​លក់ នឹង​ធ្វើឱ្យ​កូនតូច​គេង​មិន​លក់​តាម​នោះដែរ ដែល​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់​ផ្នែក​រាងកាយ និង​ខួរក្បាល​របស់​ទារក។ ការដែល​អ្នក​ម្តាយ​គេង​មិន​លក់ នឹង​ធ្វើឱ្យ​រាងកាយ​ល្វើយ​ខ្សោយ លំហូរ​វិល​របស់​ឈាម​នឹងមិន​សូវ​ល្អ  ហើយ​ឈាម​ដែល​ហូរ​ទៅ​ចិញ្ចឹម​កូន​នៅក្នុង​គភ៌​មាន​ប្រសិទ្ធភាព​ទាប ឬ​មិន​គ្រប់គ្រាន់ ពេល​ប្រសូត្រ​ចេញមក​ទារក​អាច​នឹងមាន​ទម្ងន់​ខ្លួន​តិចជាង​ប្រក្រតី ហើយ​ការ​ធំធាត់​របស់​កូន​ក៏​នឹង​យឺត​ជាង​ធម្មតា​ដែរ។

    ខ) គន្លឹះ​ជួយ​ធ្វើឱ្យ​ងាយ​គេង​លក់

    – ជ្រើសរើស​ឥរិយាបថ​គេង​ដែល​ស័ក្តិសម ព្រោះ​ក្នុងពេល​មានគភ៌ អ្នក​ម្តាយ​អាច​កើត​អា​ការឈឺ​ខ្នង ហើមពោះ ដូច្នេះ​ឥរិយាបថ​គេង​ដែល​ជួយ​កាត់បន្ថយ​អា​ការឈឺ​ខ្នង នឹងធ្វើ​ឱ្យ​អ្នក​ម្តាយ​កាន់តែ​ងាយ​គេង​លក់​ឡើង  ទោះជា​ពាក្យ​ណែនាំ​ទូទៅ​ប្រាប់​ឱ្យ​អ្នក​ម្តាយ​គេង​ផ្អៀង​ខាងឆ្វេង ព្រោះ​ស្បូន​នឹងមិន​សង្កត់​លើ​សរសៃ​ឈាមខ្មៅ​ធំ​ដែល​នៅ​ខាងស្តាំ​មែន តែ​ការពិត​អ្នក​ម្តាយ​អាច​គេង​ក្នុង​ឥរិយាបថ​ណា​ក៏បាន​ឱ្យតែ​មាន​អារម្មណ៍​ថាស​ប្បាយ​ស្រួលខ្លួន។

    – កែសម្រួល​សភាព​ក្នុង​បន្ទប់​គេង​ឱ្យ​ស័ក្តិសម​សម្រាប់​អ្នក​មានគភ៌ ដូចជា ជ្រើសរើស​ពូក ខ្នើយ​កល់ ខ្នើយឱប​ឱ្យ​អំណោយផល​នឹង​ស្ថានភាព​នៃ​ការ​គេង​របស់​អ្នក​ម្តាយ​ជាដើម។

    – គួរ​ចៀសវាង​ការទទួល​ទាន​ទឹក​ច្រើន ជាពិសេស3ម៉ោង​មុន​ចូល​គេង ព្រោះ​នឹងធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឈឺ​បត់ជើងតូច និង​បើ​ភ្ញាក់​ពេល​កណ្តាលយប់​ហើយ ធ្វើឱ្យ​មិន​ងាយ​គេង​លក់​វិញ​នោះទេ។

    – ព្យាយាម​ចូល​គេង និង​ភ្ញាក់​ឱ្យ​ទៀងពេល ព្រោះ​បើ​មានការ​ផ្លាស់ប្តូរ​កន្លែង ឬ​ខុស​ពេលវេលា អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិន​ងងុយ ឬ​មិន​ចង់​គេង។

    – មុន​ចូល​គេង ចូរ​អ្នក​ម្តាយ​ទទួលទាន​ទឹកដោះគោ​ក្តៅឧណ្ហៗ នឹង​ជួយ​ឱ្យ​គេង​ឆាប់​លក់។

    – ហាត់ប្រាណស្រាលៗជាប់​ជានិច្ច ជួយ​ឱ្យ​ឈាម​ហូរ​វិល​បាន​កាន់តែ​ល្អ​ឡើង ធ្វើឱ្យ​អ្នក​ម្តាយ​គេង​លក់​កាន់តែ​ស្រួល​ឡើង។

    – បើក​បទ​ចម្រៀង​ស្តាប់តិចៗមុន​ចូល​គេង ឬ​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ ព្រោះ​ភាគច្រើន​អ្នក​ម្តាយ​ច្រើនតែ​បារម្ភ​ថា បើ​គេង​មិន​លក់ កូន​នឹងមាន​បញ្ហា ដូច្នេះ​កាត់បន្ថយ​ភាព​ជ្រួលច្រាល​នេះ​ចេញ ធ្វើ​ចិត្ត​ឱ្យ​សប្បាយ តែ​ប៉ុណ្ណឹង​មិនបាច់​តានតឹង​ក្នុង​អារម្មណ៍​រហូត​គេង​លែង​លក់​ទៅហើយ។

    សាកល្បង​នាំយក​វិធី​ទាំងនេះ​ទៅប្រើ​ល​ល​មើល៍ តែបើ​អ្នក​ម្តាយ​ណា​នៅតែ​គេង​មិន​លក់​ដូច​មុន​ដដែល​នោះ សូម​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូ​ពេទ្យ​ភ្លាម ព្រោះ​បើ​បណ្តោយ​ទុក​យូរ​នឹង​ខូចសុខភាព ហើយ​មាន​គ្រោះថ្នាក់​ថែមទៀត  ហើយ​ដែល​សំខាន់​គឺ​កុំ​ទិញ​ថ្នាំ​គេង​លក់​មក​ញ៉ាំ​ដោយ​ខ្លួនឯង​ឱ្យសោះ ព្រោះ​វា​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្លាំងណាស់​ចំពោះ​ទារក៕

  • ការពន្យារ​កំណើត​ជា​អ្វី?

    ការពន្យារ​កំណើត​ជា​អ្វី?

    ការពន្យារ​កំណើត​គឺជា​ការ​អនុវត្តតាម​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ការពារ​អ្នក​ពី​ការបង្ករ​កំណើត។ ស្ត្រី​រាប់លាន​នាក់ បានជ្រើសរើស​វិធី​នៃ​ការពន្យារ​កំណើត​ទៅតាម​កាលៈទេសៈ និង​ស្ថានភាព​សុខភាព​របស់​ពួកគេ។ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ថា​តើ​អ្នក​នឹងត្រូវ​ប្រើប្រាស់​វិធី​ណា ដើម្បី​ពន្យារកំណើត​នោះ​អ្នក​ត្រូវតែ​បានដឹង​ពី​គុណប្រយោជន៍ ផលវិបាក និង​កត្តា​មួយចំនួនទៀត​ឱ្យបាន​ច្បាស់​ជាមុនសិន។ ភាពច្បាស់លាស់​អស់ទាំងនោះ​អាច​កើតមានឡើង​បាន​លុះណាតែ​អ្នក​បាន​ទៅ​ជួបពិភាក្សា​ឱ្យបាន​ច្បាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់បាន​ព័ត៌មានខ្លះៗអំពី​ការពន្យារ​កំណើត​ជាមុនសិន​នោះ​សូម​តាមដាន​អត្ថបទ​ខាងក្រោម​ដូចតទៅ៖

    ស្រោមអនាម័យ៖ មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ​នោះទេ តែ​វា​ថែមទាំង​អាចជួយ​ការពារ​អ្នក​ពី​ការ​ចម្លងរោគផ្សេងៗផងដែរ។ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ជាទី​ពេញចិត្ត​នោះ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​របៀប​ប្រើប្រាស់ និង​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​ច្បាស់​មិនឱ្យ​មាន​រហែក ឬ​ផុតកំណត់​ប្រើប្រាស់​នោះឡើយ។ សូម​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​អ្នកជំនាញ​អំពី​វិធី​ប្រើប្រាស់ ប្រសិនបើ​អ្នក​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​ធ្វើការ​ពន្យារកំណើត។

    ថ្នាំលេបពន្យារកំណើត៖ ជាវិធីការពារអ្នកពីការមានត៌មួយប្រភេទទៀតដែលតម្រូវឱ្យអ្នកត្រូវលេបវាជារៀងរាល់ថ្ងៃ។ ថ្នាំ​នេះ មាន​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ អឺស​ត្រូ​ហ្សែ​ន (estrogen) និង ប្រូ​ដ្យិ​ស​ស្ដេ​រ៉ូ​ន (progesterone) ដែលមាន​តួនាទី​ការពារ​កុំឱ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​បាន។ ការពន្យារ​កំណើត​តាមរយៈ​ការ​លេបថ្នាំ​អាចជួយ​កាត់បន្ថយ​ភាពស្លេកស្លាំង និង​កាត់បន្ថយ​ការឈឺចាប់​នៅពេល​មាន​ឈាមរដូវ​បាន​ខ្លះ ប៉ុន្តែ​វា​ក៏​បណ្តាលឱ្យមាន​ផលវិបាក​មួយចំនួន​ដូចជា វិលមុខ ឡើង​ទម្ងន់ ដោះ​ឡើង​តឹង ឈឺ​ដោះ ឈឺក្បាល ឬ​ក្អួតចង្អោរ​ជាដើម។

    ថ្នាំលេបពន្យារកំណើតន្ទាន់៖ វា​មិនមែនជា​ប្រភេទ​ថ្នាំ​ដែល​តម្រូវឱ្យ​អ្នក​លេប​ជា​រៀងរាល់ថ្ងៃ​នោះទេ តែ​វា​អាច​ការពារ​អ្នក​ពី​ការ​មាន​ផ្ទៃពោះ​បាន​តាមរយៈ​ពេលដែល​គេ​បានកំណត់ បន្ទាប់ពី​រួមភេទ​រួច។ ថ្នាំ​ពន្យារកំណើត​បន្ទាន់ អាចមាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​លេប​បន្ទាប់ពី​មានការ​រួមភេទ​រួច​មិនឱ្យ​លើសពី72ម៉ោង។

    ថ្នាំចាក់ពន្យារកំណើត៖ វិធី​មួយ​ផ្សេងទៀត​ដែល​អាចជួយ​ការពារ​អ្នក​ពី​ការ​មាន​ផ្ទៃពោះ​នោះ​គឺ​ការចាក់​ថ្នាំ​ពន្យារកំណើត​រាល់3ខែម្តង។ ជាទូទៅ​ថ្នាំ​ប្រភេទ​នេះ គេ​ចាក់​នៅលើ​ដើមដៃ និង​នៅលើ​ត្រគាក ប៉ុន្តែ​សូមកុំ​ភ្លេច​ទៅ​ចាក់​ជាថ្មី​ម្តងទៀត​តាម​ពេលវេលា​ដែល​គ្រូពេទ្យ​បាន​ណាត់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​នឹងមាន​កូន​ដោយ​មិនដឹង​ខ្លួន​ក៏​ថា​បាន។ ការចាក់​ថ្នាំ​អាចធ្វើ​ឱ្យមាន​ការរំខាន​មួយចំនួន​ឡើង​ដូចជា ការ​មក​រដូវ​យឺតយ៉ាវ ដោះ​ឡើង​តឹង ឈឺ​ដោះ ឬ​ឈឺក្បាលតិច។

    ការពន្យារ​កំណើត​ដោយ​ប្រើ​កង៖ កង​ពន្យារកំណើត​មាន​ពីរ​ប្រភេទ គឺ​កង​ដាក់​ក្នុង​ស្បូន និង​កង​ដា​ក់ដៃ។ កង​ដា​ក់ដៃ​ស្បូន​គឺជា​ឧបករណ៍​តូច​មួយ​ដែល​អាច​បត់​បាន​សម្រាប់​ដាក់ចូល​ក្នុង​ស្បូន ដើម្បី​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ។ ចំណែកឯ​កង​ដា​ក់ដៃ​វិញ គឺជា​បំពង់តូចៗទន់​អាច​បត់​បាន មាន​ទំហំ​ប៉ុន​ដើមឈើ​គូស​ក្នុងនោះ​មាន​ជាតិ​អ័រម៉ូន ប្រូ​ហ្សេ​ស្ទី​ន ដែលជា​អ័រម៉ូន​ដូចគ្នា​ទៅនឹង​អ័រម៉ូន​ធម្មជាតិ​ក្នុង​ខ្លួន​ស្ដ្រី​សម្រាប់​ការពារ​ការ​មាន​ផ្ទៃពោះ។ បំពង់​ទាំងនេះ​ដាក់បញ្ចូល​ទៅ​ក្រោម​ស្បែក​ដើមដៃ​របស់​ស្ដ្រី។ កង​ដា​ក់ដៃ​មាន3ប្រភេទ ប្រភេទ​ទី1 គឺជា​កង​ដែលមាន​បំពង់6ដើម ការពារ​បាន7ឆ្នាំ។ ប្រភេទ​ទី2 គឺ​កង​មាន2ដើម ការពារ​បាន5ឆ្នាំ។ រីឯ​ប្រភេទ​ទី3 គឺ​កង1ដើម ការពារ​បាន3ឆ្នាំ។ ការដាក់​កង​អាច​ផ្តល់នូវ​ភាពងាយស្រួល មិនមាន​ការរំខាន​ដល់​ការរួម​ភេទ មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សមស្រប​សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ហើយ​វា​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ពន្យារកំណើត​ក្នុង​រយៈពេល​វែង។

    នៅមាន​វិធី​ពន្យារកំណើតផ្សេងៗទៀត​ដែល​អ្នក​អាចអនុវត្ត ប៉ុន្តែ​មិន​ថា​អ្នក​ជ្រើសរើស​វិធី​ពន្យារកំណើត​ណាមួយ​នោះទេ សូម​ទៅ​ជួប​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​ស្វែងរក​វិធី​ពន្យារកំណើត​មួយ​ដែល​សមស្រប​បំផុត​សម្រាប់​ខ្លួន​អ្នក។ ម្យ៉ាងវិញទៀត​សូម​ចងចាំ​ឱ្យបាន​ច្បាស់​នូវ​ករណី​មួយចំនួន​ដែល​គ្រូពេទ្យ​បាន​ហាម​មិន​ឱ្យធ្វើ ដើម្បី​ចៀសវាង​ការកើតមាន​នូវ​បញ្ហាផ្សេង៕

  • មន្ទីរពិសោធន៍​សុវត្ថិភាព​ផលិតផល​កសិកម្ម និង​ចំណីអាហារ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់

    មន្ទីរពិសោធន៍​សុវត្ថិភាព​ផលិតផល​កសិកម្ម និង​ចំណីអាហារ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់

    មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម និង​ចំណីអាហារ​មួយ​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ដោយ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​កាលពី​ដើមខែ​នេះ (ឧសភា) ស្រប​ពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​ចំណីអាហារ​ដែលជា​ផលិតផល​ក្នុងស្រុក​ដែល​កំពុង​ដាក់លក់​ពាសពេញ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​នាពេល​បច្ចុប្បន្ន។

    តាម​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម​រដ្ឋមន្ត្រី វេ​ង សាខុន បានឱ្យដឹងថា មន្ទីរពិសោធន៍​នេះ​នឹង​ផ្តល់នូវ​ការវិភាគ​អំពី​គុណភាព និង​សុវត្ថិភាព​លើ​ចំណីអាហារ​ដែលមាន​វត្ថុ​ធាតុ​ដើម​ជា​ផលិតផល​កសិកម្ម​ដោយ​អនុលោម​ទៅតាម​បទដ្ឋាន​ជាតិ​របស់​អាស៊ាន អង្គការ​សុវត្ថិភាព​ស្បៀង និង​កសិកម្ម ក្រុម​អង្គការ​សុខភាព​ពិភពលោក និង​ស្តង់ដារ​តម្រូវ​នៃ​បណ្តា​ប្រទេស​នាំចូល​ផ្សេង។

    សេចក្តីប្រកាស​នេះ​ក៏បាន​ណែនាំ​ឱ្យ​ម្ចាស់​សិប្បកម្ម ផលិតកម្ម និង​អ្នកជំនួញ​ផ្នែក​កសិកម្ម​អញ្ជើញ​មកប្រើប្រាស់​មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម និង​ចំណីអាហារ​របស់​រដ្ឋ​នេះ​ដើម្បី​ធានា​នូវ​គុណភាព និង​សុវត្ថិភាព​លើ​ផលិតផល និង​ទំនិញ​ដែលជា​ចំណីអាហារ​របស់ខ្លួន ព្រោះថា រាល់​មុខទំនិញ ឬ​ផលិតផល​ដែល​បាន​ឆ្លងកាត់​មន្ទីរពិសោធន៍​មួយ​នេះ​នឹងត្រូវ​បានចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព និង​សុវត្ថិភាព​ជូន​ទាំងអស់។

    លោកស្រី សៀង ហ៊ុយ អតីត​អនុប្រធាន​វិទ្យាស្ថាន​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បានឱ្យដឹងថា៖ មន្ទីរពិសោធន៍​មាន​ច្រើន​កន្លែង ដូចជា​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម មន្ទីរពិសោធន៍​របស់​កាំកុងត្រូល ជាដើម តែ​វា​អាស្រ័យទៅលើ​ការចង់​ពិសោធ​មើល​ពីអ្វី? ក្រសួងសុខាភិបាល​ក៏មាន​មន្ទីរពិសោធន៍​របស់គេ​ដែរ តែមាន​ជំនាញ និង​ធ្វើការ​ផ្សេង​ពីគ្នា។ ពោលគឺ​វា​មាន​តួនាទីផ្សេងៗគ្នា ហើយ​ការដាក់ឱ្យ​ប្រើប្រាស់​មន្ទីរ​ពិសោធន៍​ទាំងនេះ វា​មាន​ផលប្រយោជន៍ និង​មាន​សារៈសំខាន់​សម្រាប់​ស្ថាប័ននីមួយៗចំពោះ​សាធារណជន​ទាំងអស់។

    លោកស្រី​បាន​បន្តថា៖ “ចំពោះ​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​មន្ទីរពិសោធន៍​របស់​ក្រសួងកសិកម្ម​នេះ​វិញ គឺ​គេ​ប្រើ​សម្រាប់​មើល​តែ​លើ​ផលិតផល​ក​សិ-ឧស្សាហកម្ម ឬ​ផលិតផល​កសិកម្ម​ដែលជា​ចំណីអាហារ ដូច្នេះ​វា​ជាការ​រួមចំណែក​មួយ​ដែល​ជួយ​ដល់​ការត្រួត​ពិនិត្យមើល​ទៅលើ​ផលិតផល​កសិកម្ម(បន្លែ​ផ្លែឈើ ត្រី​សាច់-ល-) ទាំងនោះ​ថា តើ​មាន​ជាតិគីមី ឬ​ជា​ផលិតផល​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ​របស់​យើង​ដែរ​ឬ​អត់?។

    ផលិតផលកសិកម្ម និងចំណីអាហារ​ដែល​ផលិត​នៅ​កម្ពុជា

    សេចក្តីប្រកាស​ខាងលើ​ក៏បាន​បញ្ជាក់ដែរថា មន្ទីរពិសោធន៍​នេះ​ក៏មាន​តួនាទី​ផ្តល់​សេវាកម្ម​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​សហប្រតិបត្តិ-ការស្រាវជ្រាវ​លើ​ការវិភាគ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ដែលជា​ផលិតផល​កសិកម្ម​ផងដែរ។ មន្ទីរពិសោធន៍​នេះ​មានអំណាច​ចេញ​លិខិត​ព្រមាន ផ្អាក ឬ​បញ្ឈប់ និង​ដកហូត​ចំពោះ​ផលិតផល​ចំណីអាហារ​ណា​ដែល​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​សារធាតុ​គីមី លោហធាតុ កាកសំណល់​ថ្នាំ​គីមីកសិកម្ម សារធាតុ​កែច្នៃ កម្រិត​សារធាតុ​បន្ថែម​ដែល​ហាមឃាត់ និង​ពពួក​មីក្រូ​សរីរាង្គ​ចម្លងរោគ​ជាដើម។

    មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម និង​ចំណីអាហារ​នេះ​នឹង​ផ្តល់​ការវិភាគ​ពី​គុណភាព និង​សុវត្ថិភាព​ដ៏​គួរឱ្យ​ទុកចិត្ត​លើ​ចំណីអាហារ​ដែលជា​ផលិតផល​កសិកម្ម​ដោយ​អនុលោម​ទៅតាម​បទដ្ឋាន​ជាតិ​អាស៊ាន និង​អន្តរជាតិ ដូចជា FAO, WHO, Codex Alimentarius Commission (CAC) និង​ស្តង់ដារ​តម្រូវ​នៃ​បណ្តា​ប្រទេស​នាំចូល​ផ្សេង។ល។

    មន្ត្រី​សង្គម​ស៊ីវិល​បាន​និយាយថា មន្ទីរពិសោធន៍​នេះ​នឹង​រួមចំណែក​ដល់​ការពង្រឹង​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​នៅ​កម្ពុជា​ដែល​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កាន់តែច្រើន​កំពុង​ព្រួយបារម្ភ​ពីផលប៉ះពាល់​នៃ​ចំណីអាហារ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ដែល​ដាក់លក់​ដោយ​គ្មាន​ស្ថាប័ន​ណា​ត្រួតពិនិត្យ។

    លោក អ៊ុក ម៉ា​កា​រា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើន​ទំនុកចិត្ត​លើ​គុណភាព​បន្លែ​ផ្លែឈើ និង​ចំណីអាហារ​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​សុខភាព​សាធារណៈ។ តែ​លោក​បានឱ្យដឹង​ដែរ​ថា ចំពោះ​ផលិតផល​មួយចំនួន​ដែល​កសិករ​ផលិត​បាន ឈ្មួញ​បាន​ទិញ​ពី​កសិករ​យកទៅ​កែច្នៃ​ជា​ចំណីអាហារ ហើយ​លក់​ចេញ​ទៅដោយ​មិនបាន​ឆ្លងកាត់​មន្ទីរពិសោធន៍​នោះឡើយ ដូច្នេះ​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​គួរតែ​កំណត់ ឬ​តម្រូវឱ្យ​ផលិតផល​ទាំងនោះ​ត្រូវតែ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ត្រឹម​ត្រូវជា​ចាំបាច់​ដើម្បី​ពិសោធន៍​រកមើល​សារធាតុពុល​ដែល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​មុននឹង​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ឬ​នាំចេញ​ជាដើម។

    លោក​បន្តថា៖ “តាម​ការពិត មន្ទីរពិសោធន៍​នេះ​ថែមទាំង​ត្រូវ​ពិនិត្យមើល​លើ​ផលិតផល​ដែល​បម្រើឱ្យ​ផលប្រយោជន៍ខាង​កសិក​ម្ម ដូចជា​ជីគីមី ថ្នាំ​សម្រាប់​ប្រើ​លើ​ការដាំដុះ​ដំណាំ​កសិកម្ម​ទៀតផង ហើយ​ពួកគេ​មាន​សិទ្ធិ​ចុះទៅ​ត្រួត​ពិនិត្យមើល​ផលិតផល​ដែល​កសិករ​កំពុង​ផលិត​ហ្នឹង​ថា​តើ​មាន​សារធាតុពុល​ច្រើន ឬ​តិច​កម្រិតណា? ប៉ះពាល់​ដល់​សុខភាព​អ្នកទទួល​ទាន​ឬទេ? ទៀតផងដើម្បី​ធ្វើឱ្យ​ផលិតផល​ឬ​មុខទំនិញ​ដែលជា​ចំណីអាហារ​មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទៅតាម​កម្រិតស្តង់ដា​រដែ​ល​ក្រសួងពាណិជ្ជកម្ម​បានកំណត់”៕

  • មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា៖ អតីត បច្ចុប្បន្ន និង​អនាគត

    មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា៖ អតីត បច្ចុប្បន្ន និង​អនាគត

    ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​បញ្ញត្តិ​ករ (ធនាគារជាតិ​នៃ​កម្ពុជា) សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ពី​គុណភាព តម្លៃ​សមរម្យ និង​មាន​តម្លាភាព ជាពិសេស​ការផ្តល់សេវា​ដល់​តំបន់​ជនបទ។

    សេវា​ហិរញ្ញវត្ថុ​ទាំងនេះ​បាន​ចូលរួម​សម្រាល​បន្ទុកគ្រួសារ​បង​ប្អូន​ប្រជាពលរដ្ឋ និង​បាន​បង្កើត​ឱកាស​ដល់​ប្រជា​ជាន​ក្នុងការ​ពង្រីក​មុខ​ជំនួញ​នឹង​ដាំ​ដុះ (រកស៊ី ទុកដាក់​សន្សំ បង្ការ​ហានិភ័យ​នានា​សម្រាប់​គ្រួសារ​និង​លំនៅដ្ឋាន)។

    វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​បន្ត​ជា​ចលករ​យ៉ាងសំខាន់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កសាង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា។

    សូម​ថ្លែងអំណរគុណ​នូវ​ការចូលរួម​ចែករំលែក​ពី​វាគ្មិន​ទាំងអស់!!!