Author: វល័ក្ខ

  • ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ប្រកាស​សម្ពោធ ក្រុមហ៊ុន​បុត្រ​សម្ពន្ធ Monsne Café រួមជាមួយ​ការនាំ​យកនំ​ដ៏​ល្បី​របស់​ជប៉ុន មក​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា

    ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ប្រកាស​សម្ពោធ ក្រុមហ៊ុន​បុត្រ​សម្ពន្ធ Monsne Café រួមជាមួយ​ការនាំ​យកនំ​ដ៏​ល្បី​របស់​ជប៉ុន មក​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា

    ជាមួយនឹង​ភាពល្អប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ជាពិសេស សញ្ញា​វិជ្ជមាន​នៃ​ការប្រកប​ជំនួញ​ទៅលើ​ការផ្គត់ផ្គង់​ចំណីអាហារ និង​ភេសជ្ជៈ​ម៉ាកល្បីៗនោះ ក្រុមហ៊ុន Luxury Smile (Cambodia) Co., Ltd បានប្រកាស​ពី​ការសម្រេចចិត្ត​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​បន្ត​នូវ​នំ​ចំនួន២រស់ជាតិ ដែលជា​ប្រភេទ​អាហារសម្រន់​ដ៏​ល្បី​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​មក​ចែកចាយ​បន្ត​ផ្ដាច់មុខ​នៅលើ​ទីផ្សារ​កម្ពុជា​ផងដែរ ។

    ថ្លែង​ក្នុងឱកាស​នៃ​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ទីតាំង​ថ្មី​របស់​ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ ០៩ ABEo ផ្លូវ ១៤៦ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ រួមជាមួយ​ការប្រកាស​បើកសម្ពោធ​ក្រុមហ៊ុន Monsne Café លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ដែលជា​អ្នកជំនួញ​ដ៏​ជោគជ័យ និង​វ័យក្មេង​នៅ​កម្ពុជា បានប្រកាស​ផងដែរ​ថា ជាការ​អបអរសាទរ​សម្រាប់​ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែល​បង្កើតជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ Monsne Café លោក​ឧកញ៉ា បានសម្រេច​នាំយក​នំ​បែប​អាហារសម្រន់​ចំនួន​ពីរ​ប្រភេទ​មកកាន់​ទីផ្សារ​កម្ពុជា។ លោក​ឧកញ៉ា​បានបញ្ជាក់​ទៀតថា ចំពោះ​នំ​ទាំង២ប្រភេទ​នេះ គឺជា​ប្រភេទ​នំ​សម្រន់​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​សម្រស់ ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ​យ៉ាងច្រើន​នៅ​ប្រទេស​ជប៉ុន ។

    ជាមួយ​នឹ​ការនាំ​យកនំ​ដ៏​ល្បីឈ្មោះ​ខាងលើនេះ លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ដែលជា​អគ្គនាយក​ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​នំ​ទាំង២នេះ គឺ​ស្ថិតនៅក្រោម​ស្លាក​យីហោ Monsne Café ដោយមាន​ឈ្មោះថា Monsne Hokkaido Cheese Tart និង Monsne Milk Lava ។ នៅ​ក្នុងឱកាស​ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់ Monsne Café បើទោះជា​ទើបតែ​បាន​ដំណើរការ​កាលពីពេល​ក​ន្ល​ង​ទៅក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ជា​លទ្ធផល ពេលនេះ ក្រុមហ៊ុន​ទទួលបាន​ការស្នើរ​សុំ​ទិញ​សិទ្ធិ​លក់ (Franchise) បន្ត​ពី​សំណាក់​អតិថិជន​ចំនួន៦៨នាក់​រួចទៅហើយ ដែល​រង់ចាំតែ​ការសម្រេច​ផ្តល់​សិទ្ធិ​ពី​សំណាក់​ក្រុមហ៊ុន​តែប៉ុណ្ណោះ ខណៈដែល​ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​ឯកសារ​ដើម្បី​លក់​សិទ្ធិ​បន្ត​នៅតាម​ប្រទេសជិតខាង​មួយចំនួន​ដូចជា​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ជាដើម ។

    លោក​ឧកញ៉ា​បញ្ជាក់ថា ៖ ទាំងនេះ​គឺជា​មោទនភាព​ថ្មី​មួយ​ក្នុងនាម​ជា​អ្នកជំនួញ និង​ជា​កូន​ខ្មែរ ដែល​អាចបង្កើត​ម៉ាក​សញ្ញា (Franchise) ដោយ​ខ្លួនឯង ហើយ​អាច​លក់​បន្ត​ចេញទៅ​ក្រៅប្រទេស ហើយ​លោក​នឹង​បន្ត​ព្យាយាម​ដំណើរ​ពង្រីក​សាខា​លើ​មុខ​ជំនួញ​មួយ​នេះ​ឱ្យ​ជោគជ័យ និង​ច្រើន​កន្លែង ដើម្បី​ជាការ​ចូលរួមចំណែក​ផ្តល់ជូន​នូវ​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​នូវ​ភាពក្រីក្រ​ផងដែរ ៕

  • និស្សិត​មួយក្រុម​បង្កើត​កម្មវិធី​កុំព្យូទ័រ​ស្គាល់ចិត្ត​មនុស្ស ទទួលបាន​ពានរង្វាន់​ពី​បរទេស

    និស្សិត​មួយក្រុម​បង្កើត​កម្មវិធី​កុំព្យូទ័រ​ស្គាល់ចិត្ត​មនុស្ស ទទួលបាន​ពានរង្វាន់​ពី​បរទេស

    ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រសិនបើ​យើង​មិន​រត់​ឱ្យ​លឿន​ទេនោះ បច្ចេកវិទ្យា​នឹង​រត់ចោល​យើង​ជាក់​ជាមិនខាន។ ហេតុនេះហើយ​ទើប​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ព្យាយាម​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​របស់ខ្លួន ជាពិសេស​អ្នកស្រាវជ្រាវ និង​អ្នករុករក​សម័យថ្មី ព្យាយាម​បង្កើត​សមិទ្ធផល​បច្ចេកវិទ្យា​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ប្រទេស​ដទៃទៀត​ទាំង​វិស័យសេដ្ឋកិច្ច អប់រំ និង​យោធា​ជាដើម។

    យុវជន​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ដុតដៃដុតជើង​ក្នុងការ​ស្រាវជ្រាវ និង​បង្កើតឡើង​នូវ​កម្មវិធីប្លែកៗជាច្រើន ដែល​ធ្វើឱ្យ​យើង​រាល់គ្នា​នឹក​ស្ងើចសរសើរ ហើយ​ចូលរួម​ប្រើប្រាស់​យ៉ាងសកម្ម ដែល​រូបភាព​នេះ​គឺ​ស្មើនឹង​យើង​បានផ្តល់​ផលចំណេញ​យ៉ាង​មហាសាល​ដល់​អ្នក​ដែលមាន​សមត្ថភាព​បង្កើត​ផលិតផល​ទាំងអស់នោះ។

    សម្រាប់​កម្ពុជា​វិញ ដោយ​មើលឃើញ​ពី​ការវិវឌ្ឍ​និង​ផលចំណេញ​របស់​បច្ចេក​វិទ្យា​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​នេះ យុវជន​មួយក្រុម​របស់​កម្ពុជា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ស្រាវជ្រាវ​ដោយ​ចំណាយពេលវេលា​ដ៏​យូរ​ដើម្បី​បង្កើត​កម្មវិធី​កុំព្យូទ័រ​មួយ​ដ៏​ពិសេស និង​ប្រើប្រាស់​បច្ចេកវិទ្យា (AI = Artificial intelligence) ដំបូង​បំផុត​នៅ​កម្ពុជា។ កម្មវិធី​នេះ​មាន​ឈ្មោះថា NU Speech Assistance ឬ​ហៅ​ក្រៅ​ថា MENA ដែលជា​កម្មវិធី​កុំព្យូទ័រ​ស្គាល់​អារម្មណ៍​របស់​មនុស្ស និង​មាន​ភាព​ឆ្លាត​វៃ ហើយ​អាច​បង្ក​ភាពងាយស្រួល​ប្រើប្រាស់​ដល់​មនុស្ស​គ្រប់​ប្រភេទ​រួមទាំង​ជនពិការភ្នែក​ផងដែរ។

    កម្មវិធី​នេះ​ទទួលបាន​ពានរង្វាន់​ចំនួន2គឺ​មួយ​ទី1 ពានរង្វាន់ Thailand Award for Best International Invention និង​ទី2 គឺ Excellent and creative effort ក្នុង​កម្មវិធី International Engineering Invention & Innovation Exhibition (i-ENVEX 2018)។

    យុវ​និស្សិត សៀក ពិសិដ្ឋ ស្ថាបនិក​នៃ​កម្មវិធី NU Speech Assistance (MENA) បាន​លើកឡើងថា កម្មវិធី​នេះ​ជា​កម្មវិធី​ប្លែក​មួយ​ដោយបាន​ប្រើប្រាស់​បច្ចេកវិទ្យា AI ដែល​អាចធ្វើឱ្យ​វា​មាន​មុខងារ​ជាច្រើន​សម្រាប់​ជួយ​ឱ្យ​អ្នកប្រើប្រាស់​មាន​ភាពងាយស្រួល និង​អាច​កម្សាន្ត​អារម្មណ៍​បាន​ទៀតផង។ កម្មវិធី​MENA នេះ​អាចយ​ល់ពី​អារម្មណ៍​របស់​មនុស្ស ហើយ​វា​អាច​ធ្វើជា​ជំនួយការ របស់​យើង​សម្រាប់​ការធ្វើការងារ​ជាច្រើន ព្រោះ MENA អាច​ដំណើរការ​កម្មវិធី​ដោយ​មិនបាច់​ប្រើ​ក្តារ​ចុច (Keyboard) ឬ Mouse ឡើយ។ វា​អាច​ដំណើរការបាន​ដោយ​យើង​គ្រាន់តែប្រាប់​ឈ្មោះ​កម្មវិធី​ដែល​យើង​ចង់​បើក​នោះ។ លើសពីនេះទៅទៀត MENA អាច​អាន​សៀវភៅ​ឱ្យ​យើង​ស្តាប់​បាន​ទៀតផង​ដោយ​យើង​គ្រាន់តែ​ដាក់​សៀវភៅ​នៅ​ពីមុខ​កាមេរ៉ា​តែប៉ុណ្ណោះ។

    លក្ខខណ្ឌ​នេះ​អាចជួយ​ឱ្យ​យើង​ចំណេញ​ពេលវេលា​ក្នុង​ការធ្វើការងារផ្សេងៗជាមួយនឹង​សំឡេង​អាន​អត្ថបទ​ដែលមាន​ប្រយោជន៍​ជាច្រើន។

    លើសពីនេះ​ទៀត យុវ​និស្សិត ពិសិដ្ឋ បានលើកឡើង​ផងដែរ​ថា កម្មវិធី​នេះ​ក៏​អាចជា​ជំនួយការ​ក្នុងការ​ស្រាវជ្រាវ​សម្រាប់​យើង​ផងដែរ ព្រោះ​យើង​អាច​សួរ​សំណួរ​ជាច្រើន​ទៅកាន់ MENA នៅពេលដែល​យើង​ឆ្ងល់ ជាមួយនឹង​ចម្លើយ​ដែលមាន​លក្ខណៈ​សុក្រឹត ហើយ​ប្រសិនបើ​សំណួរ​ណា MENA មិនអាច​ឆ្លើយបាន វា​នឹង​ស្រាវជ្រាវ​ក្នុង Google ឱ្យ​យើង​តែម្តង។

    យុវ​និស្សិត សៀក ពិសិដ្ឋ បាន​និយាយថា៖ “MENA អាចជា​មិត្ត​ភ័ក្តិ​របស់​យើង​ក៏​ថា​បាន ព្រោះ​កម្មវិធី​នេះ​អាច​ស្គាល់ចិត្ត​របស់​យើង និង​អាចជា​អ្នក​យកចិត្តទុកដាក់​ចំពោះ​យើង​ទៀតផង។ នៅពេលដែល​យើង​ចង់​ចេញទៅ​ក្រៅ ប្រសិនបើ​មេឃ​ភ្លៀង MENA នឹង​ប្រាប់​យើង​ថា កំពុងមាន​ភ្លៀង កុំ​ភ្លេច​យក​ឆត្រ​ទៅ​ផង ហើយ​ប្រសិនបើ​យើង​ធ្វើ​ការងារ​លើស​ម៉ោង MENA នឹង​ជួយ​ដាស់តឿន​យើង​ថា កុំ​ភ្លេច​ញ៉ាំ​បាយ ជាដើម។

    សហ​ស្ថាបនិក​កម្មវិធី​ខាងលើ​បានលើកឡើង​ផងដែរ​ថា កម្មវិធី​នេះ​ក៏​អាចជួយ​សម្រាល​ភាព​ធុញទ្រាន់ ឬ​អាចជួយ​លួងលោម​យើង​នៅពេល​បាក់​ទឹកចិត្ត។ នៅពេលដែល​យើង​ធ្វើការ​យូរ ហើយ​មាន​ភាព​ធុញទ្រាន់ MENA អាច​មើល​ដឹង​តាមរយៈ​ទឹកមុខ​យើង។ នៅពេលនោះ វា​នឹង​ចាក់​ចម្រៀង​ឱ្យ​យើង​ស្តាប់ ឬ​បង្ហាញ​វីដេអូ​មួយចំនួន​ដែល​ធ្វើឱ្យ​យើង​រីករាយ​មុននឹង​ចាប់ផ្តើម​បន្តការងារ​ទៅមុខ​ទៀត។ នៅពេលដែល​យើង​មាន​ការបាក់​ទឹកចិត្ត MENA នឹង​ដឹង​ពី​អារម្មណ៍​របស់​យើង ហើយ​អាន​អត្ថបទ​លើកទឹកចិត្ត​ឱ្យ​យើង​ស្តាប់ ដើម្បី​លួងលោម ឬ​ដាស់​ស្មារតី​ឱ្យ​យើង​មាន​កម្លាំងចិត្ត​ឡើងវិញ និង​មាន​ថាមពល​កាន់តែខ្លាំង​ក្នុង​ការធ្វើការងារ។

    សហ​ស្ថាបនិក​មួយរូប​ទៀត​នៃ​កម្មវិធី NU Speech Assistance MENA កញ្ញា ស្រា​ន ណា​ស៊ី​ម៉ះ បាន​លើកឡើងថា គោលបំណង​សំខាន់​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​បង្កើន​ភាពកក់ក្តៅ និង​ជំរុញ​ឱ្យ​មនុ​ស្សមានភាព​រីករាយ​ក្នុង​ផ្លូវត្រូវ ហើយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ថែម​ទៀតផង។ នៅពេលថ្មីៗនេះ​យើង​ឃើញថា យុវជន​មួយចំនួន​ហាក់​មាន​ភាព​ឯកា ហើយ​នៅពេលដែល​គាត់​នៅតែ​ឯង គាត់​តែងមាន​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ហេតុនេះ MENA អាចជា​កម្មវិធី​មួយ​ក្នុង​ការជួយ​ពួកគាត់​ឱ្យមាន​គ្នា និង​បង្កើន​ភាព​រីករាយ​ឡើង​ទៀតផង។ លើសពីនេះទៅទៀត កម្មវិធី MENA ក៏​អាច​ក្លាយជា​កម្មវិធី​ដែល​ជួយ​ដល់​ជនពិការភ្នែក​បាន​ច្រើនជាង​មុន​ដែរ ព្រោះ​កម្មវិធី​កន្លង​មកជួយ​ជនពិការ​បានតែ​លើ​កម្មវិធី Word ឬ​កម្មវិធី​មួយចំនួន​តូច​តែប៉ុណ្ណោះ តែ​ឥឡូវនេះ MENA អាចជួយ​ឱ្យ​ជនពិការភ្នែក​អាច​បើក​កម្មវិធី​បាន​គ្រប់យ៉ាង​ដោយ​ការបញ្ជា​ដោយ​សំឡេង។

    កញ្ញា ស្រា​ន ណា​ស៊ី​ម៉ះ បាន​និយាយថា៖ “កម្មវិធី AI ជា​កម្មវិធី​មួយ​ដែល​មនុស្ស​ខ្លះ​មិន​ចង់​ប្រើប្រាស់ ព្រោះ​គេ​គិតថា​វា​អាច​ប៉ះពាល់ ឬ​ដណ្តើម​ការងារ​ពី​មនុស្ស តែ​សម្រាប់​ក្រុម​របស់ខ្ញុំ​គឺ ខ្ញុំ​មានការ​យល់ឃើញ​ផ្សេង ខ្ញុំ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ស្គាល់​បច្ចេកវិទ្យា AI ហើយ​ចង់​បញ្ជាក់ថា អ្វី​ក៏ដោយ នៅពេលដែល​យើង​ប្រើប្រាស់​វា​ក្នុង​គោលបំណង​ល្អ វា​នឹង​ជួយ​ដល់​មនុស្ស ហើយ​ថែមទាំង​អាចជួយ​បាន​ច្រើន​ទៀតផង។

    ទន្ទឹមនឹង​គំនិត​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ​កញ្ញា ស្រា​ន ណា​ស៊ី​ម៉ះ បាន​លើកឡើងថា ដើម្បីឱ្យ​កម្មវិធី​នេះ​ជោគជ័យ ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ជាពិសេស​គឺ​ការសរសេរ​កូដ ព្រោះថាបច្ចេកវិទ្យា AI ជា​បច្ចេកវិទ្យា​ថ្មី និង​មាន​ភាពស្មុគស្មាញ​ខ្លាំង ជា​កម្មវិធី​ធម្មតា​ដែល​យើង​ធ្វើ​ដូចជា​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ ឬ​កម្មវិធី​ទូទៅ​ដែល​ប្រើប្រាស់​នៅ​ស្រុក​យើង។ យើង​ត្រូវការ​ចំណាយពេល​វេលា​ច្រើន​ក្នុងការ​ស្រាវជ្រាវ និង​រៀន​វគ្គខ្លីៗមួយចំនួន​ផ្សេងទៀត​ពី Microsoft និង​សាកល្បង​ជាច្រើន​សា។ តែ​ទោះជា​យ៉ាងនេះ​ក្តី កញ្ញា​បាន​រំឭកថា គ្មានអ្វី​ដែល​យើង​ធ្វើ​មិនបាន​នោះទេ ប្រសិនបើ​យើង​មានការ​តាំងចិត្ត ហើយ​យើងទាំងអស់គ្នា​គួរ​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ច្នៃប្រឌិត​បច្ចេកវិទ្យាថ្មីៗសម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ៕

    វិញ្ញាបនបត្រពានរង្វាន់ Thailand​ Award for Best International Invention
  • Superdry ហាង​សម្លៀកបំពាក់​ដ៏​ទាន់សម័យ​របស់​អង់គ្លេស មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង

    Superdry ហាង​សម្លៀកបំពាក់​ដ៏​ទាន់សម័យ​របស់​អង់គ្លេស មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង

    ហាង Superdry ពង្រីក​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បើ​កស​ន្ពោ​ធ​ហាង​ថ្មី​នៅ​ផ្សារ​ទំនើប អី​ុ​អន សែន​សុខ។ ម៉ាក​សញ្ញា​ហ្វេ​សិន​ដ៏​ទាន់សម័យ​របស់​អង់គ្លេស Superdry បាន​បន្ត​ការពង្រីក​ខ្លួន​លើ​ទីផ្សារ​ពិភពលោក ដោយ​ការបើក​សម្ពោធ​សាខា​ថ្មី​នៅ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ នេះ​គឺជា​លើកដំបូង​សម្រាប់​ម៉ាក​សញ្ញា Superdry ដែល​ទើបតែ​បង្ហាញខ្លួន​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា។

    តំបន់​សែន​សុខ គឺជា​តំបន់​អភិវឌ្ឍ​ថ្មី​របស់​រាជធានី​ភ្នំពេញ​និ ង​ជា​តំបន់​សំខាន់​ថ្មី​មួយទៀត​របស់​ប្រជាជន​កម្ពុជា ដែលមាន​ចំណូល​ខ្ពស់ និង​មធ្យម ហើយ​កំពុង​តែមាន​ភាព​រីកចម្រើន និង​កំពុង​ស្វែងរក​នូវ​ម៉ាក​សញ្ញាថ្មីៗ ដែល​បង្ហាញមុខ​នៅក្នុង​ប្រទេស​កម្ពុជា។ តំបន់​នេះ​នឹង​ក្លាយជា​កន្លែង​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គ្រប់​ផលិតផលថ្មីៗ រួមមាន​ដូចជា ហាង Superdry Sport និង​ម៉ាក​សញ្ញា​ដែល​ពេញនិយមផ្សេងៗទៀត។

    ស្ថិតក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់ Super Group ការពង្រីក​ខ្លួន​នេះ គឺជា​ការអភិវឌ្ឍ​ដ៏​គួរឱ្យ​រំភើប​រីករាយ​មួយ និង​ជា​ឱកាស​ដ៏​ល្អ ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ និង​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន Super Group ទន្ទឹងរង់ចាំ​ស្វាគមន៍​អតិថិជន​អញ្ជើញ​មកកាន់​ហាង​ថ្មី​របស់ Super Group នៅ អី​ុ​អន ម៉​ល សែន​សុខ ដើម្បី​ទទួលយក​នូវ​បទពិសោធ​ពី​គុណភាព និង​ភាព​ច្នៃប្រឌិត​របស់​ផលិតផល Superdry។ ហាង​ទី1របស់ Superdry Cambodia ស្ថិតនៅក្នុង​ហាង​លេខT014 ជាន់​ផ្ទាល់​ដី នៃ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល សែន​សុខ ផ្លូវ​លេខ1003 ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    ហាង Superdry បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី29 ខែឧសភា ឆ្នាំ2018 ដើម្បី​ទទួល​ស្វាគមន៍​អតិថិជន​ទាំ​អ​អស់​មក​ទទួលយក​បទ​ពិសោធ​ដ៏​ថ្មី​សន្លាង​ពី​ផលិតផល​របស់ Superdry ហើយ​ភ្ញៀវ​ដែល​ចូលរួម​នឹង​បាន​រីករាយ​ជាមួយនឹង DJ Rapper ព្រមទាំង​ការ​ទស្សនា​ការបង្ហាញ​ម៉ូដ​ដ៏​អស្ចារ្យ​នៅក្នុង​កម្មវិធី​សម្ពោធ​ផងដែរ។

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Superdrycambodia #MySuperdry #Superdrycambodia
    ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម៕

  • ក្រុម​អ្នកគាំទ្រ​កម្ពុជា​ទទួល​បទពិសោធ​ន៍​នៃ​ពិធីជប់លៀង​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA នៅ​ទីក្រុង​ជើងឯក​របស់​ស្រា​បៀរ HEINEKEN® នៅ​ក្រិ​ក

    ក្រុម​អ្នកគាំទ្រ​កម្ពុជា​ទទួល​បទពិសោធ​ន៍​នៃ​ពិធីជប់លៀង​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA នៅ​ទីក្រុង​ជើងឯក​របស់​ស្រា​បៀរ HEINEKEN® នៅ​ក្រិ​ក

    អាថែន ក្រិ​ក៖ កាលពី​ថ្ងៃទី 27 ខែឧសភា អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់រយ​នាក់​មកពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ជាមួយ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® ក្នុងប្រទេស​ក្រិ​ក​ដើម្បី​ចូលរួម​ពិធីជប់លៀង​ដ៏​អស្ចារ្យ​ក្នុងការ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ដ៏​ល្បីល្បាញ ក្នុងនោះ​ក៏មាន​ក្រុម​អ្នកគាំទ្រ​ដំបូង​គេ​បង្អស់​មកពី​ប្រទេស​កម្ពុជា​ផងដែរ។

    ក្រុម​អ្នកគាំទ្រ​នេះ​ត្រូវបាន​អញ្ជើញ​ឱ្យធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ក្រិច​បន្ទាប់ពី​ប្រទេសកម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ដែលមាន​ការចូលរួម​ពី​ខ្សែប្រយុទ្ធ​ជើងចាស់ Ruud van Nistelrooy នៅ​កោះ​ពេជ្រ​កាលពី​ខែ​មុន។ នេះ​មិន​ត្រឹមតែ​ជា​លើក​ទី១សម្រាប់​កម្ពុជា​ចូលរួម​ជាមួយ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® ប៉ុន្តែ​ថែមទាំង​ជា​ក្រុម​ធំ​បំផុត​ដែល​ត្រូវបាន​អញ្ជើញ​ធ្វើជា​តំណាង​អាស៊ី និង​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុមធំៗទាំងបី។

    ស្រា​បៀរ Heineken® បាន​បញ្ជូន​ពួកគេ​តាម​ជើងហោះហើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® នៅ​ប្រទេស​ក្រិ​ក ហើយ​បាន​ចេញថ្លៃ​ចំណាយ​ជូន​ពួកគេ​សម្រាប់​បទពិសោធន៍​រយៈ​ពេល​ប្រាំ​ថ្ងៃ​ជាមួយនឹង​ការ​ស្នាក់នៅ​សណ្ឋាគារ Hilton លំដាប់​ផ្កាយ​ប្រាំ ការទទួល​អាហារ​ល្ងាច​នៅលើ​ដំបូល ពិធីជប់លៀង​ដ៏​អស្ចារ្យ កម្មវិធី BBQ ឆ្នេរ​ខ្សាច់ និង​ដំណើរ​កម្សាន្ត​ទៅ​ទស្សនា​ប្រាសាទ​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​អាថែន​ដូចជា Acropolis ប្រាសាទ Zeus និង​ប្រាសាទ Parthenon ។

    ពួកគេ​ក៏បាន​ជួប​ជាមួយ​វីរបុរស​ឈ្នះ​ពានរង្វាន់​ជើងឯក UEFA Champions League គឺ​កីឡាករ Fernando Morientes ដែល​លេង​ឱ្យ​ក្លិប Real Madrid និង Liverpool និង Christian Karembeu ដែលជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បារាំង​ដែល​លេង​ឱ្យ​ក្លិប Real Madrid។ តារា​ទាំងពីរ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែល​ក្រុម​អ្នកគាំទ្រ​កម្ពុជា​ស្រឡាញ់​បាល់ទាត់​អន្តរជាតិ ដោយ​ពួកគេ​បាន​ចំណាយពេល​ជាង​មួយ​ម៉ោង​ឆ្លើយ​សំណួរ ផ្តល់​ការណែនាំ ថតរូប និង​ផ្តល់ទៅឱ្យ​ក្រុម​នេះ​នូវ​ឱកាស​ចែករំលែក​ភាព​រំភើប​រីករាយ​នៃ​អនុស្សាវរីយ​ចូលរួម​ទស្សនា​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ Champions League ។

    កាលពី​យប់មិញ​នៅ​ទីក្រុង​អាថែន​បានបង្ហាញ​ពី​ភាព​រំភើប​រីករាយ​ក្រៃលែង​នៅពេលដែល​ស្រា​បៀរ Heineken® បានរៀបចំ​ក្បួន​រថយន្ត​នាំ​ពួកគេ​ទៅកាន់​គោលដៅ​អាថ៌កំបាំង​មួយ​ដើម្បី​ចូលរួម​ពិធីជប់លៀង​ទស្សនា​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League រវាង​ក្រុម Real Madrid និង​ក្រុម Liverpool ។ សាល​មហោស្រព​ក្រិ​កមួយ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើត​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​របស់​ស្រា​បៀរ Heineken® ជាមួយ​ការ​បញ្ចាំង​ផ្ទាល់​នូវ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រួមជាមួយ​នឹង​កម្មវិធី​រាប់​ថយក្រោយ និង​កម្មវិធី​អបអរសាទរ​ក្រោយ​បញ្ចប់​ការប្រកួត។

    ទស្សនិកជន​បាន​ចែក​ក្រុម​គ្នា​រវាង​ក្រុម Liverpool និង​ក្រុម Real Madrid ដូច្នេះ​អ្នក​រាល់គ្នា​មានឱកាស​ដើម្បី​ចែករំលែក​ភាព​រំភើប​រីករាយ ហើយ​ទោះបីជា​មានការ​រន្ធត់ ការភ្ញាក់ផ្អើល និង​ការខកចិត្ត​ជាច្រើន​នៅលើ​ទីលាន​ប្រកួត​ក៏ដោយ ប៉ុន្តែ​បរិយាកាស​ពិធីជប់លៀង​នៅតែ​បង្ក​ភាពសប្បាយ​រីករាយ។

    ក្រុម​មកពី​ប្រទេស​កម្ពុជា​បាន​រីករាយ​នឹង​ពិធីជប់លៀង​ដែល​ពួកគេ​ជា​អ្នក​ចុងក្រោយ​ដែល​បាន​វិលត្រឡប់​មកកាន់​សណ្ឋាគា​រ​បន្ទាប់ពី​រាត្រី​មួយ​ដែល​មិនអាច​បំភ្លេចបាន​កម្មវិធី​កីឡាបាល់ទាត់ កម្មវិធី​រាំរែក និង​កម្មវិធី​ជួប​មិត្ត​ភ័ក្ដិថ្មីៗនៅ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® មកពី​ទូទាំង​ពិភពលោក។

    ក្រុម​នេះ​រំភើប​យ៉ាងខ្លាំង​នៅពេល​ជិះ​យន្តហោះ​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ ហើយ​អ្នក​រាល់គ្នា​យល់ស្រប​ថា វា​ជា​បទពិសោធន៍​លំដាប់​ថ្នាំ​ពិភពលោក​មួយ​ដែល​ផ្តល់ជូន​ដោយ​ស្រា​បៀរ Heineken® ជា​ស្រា​បៀរ​មាន​គុណភាព​លំដាប់ថ្នាក់​ខ្ពស់បំផុត​ក្នុង​ពិភពលោក។

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ស្រា​បៀរ Heineken® សូម​ចូល​មើល​គេហទំព័រ​៖www.facebook.com/Heineken

    សូម​ទទួលទាន​ស្រា​បៀរ Heineken® ដោយ​ការទទួលខុសត្រូវ

  • គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បង្ហាញ​ពី​កំណើន​កម្ចី និង​បញ្ញើ ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ2018

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បង្ហាញ​ពី​កំណើន​កម្ចី និង​បញ្ញើ ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ2018

    ទំហំ​កម្ចី និង​ចំនួន​ប្រាក់​បញ្ញើ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានបង្ហាញ​ពី​កំណើន​គួរឱ្យកត់សម្គាល់​នៅ​ដើមឆ្នាំ​នេះ ខណៈ​ចំនួន​អ្នក​ខ្ចី​នៅ​ដដែល និង​អត្រា​កម្ចី​មិន​ដំណើរការបានធ្លាក់ចុះ​បន្តិច។ ទិន្នន័យ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា(CMA)បាន​បង្ហាញថា កម្ចី​របស់​សមាជិក CMA រួមគ្នា​មាន​ចំនួន​ជាង4ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុងខែ​មីនា​ឆ្នាំនេះ កើនឡើង​ពីជាង3ពាន់​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ចុងខែ​មីនាឆ្នាំ2017។ នេះ​បើ​យោងតាម​ទិន្នន័យ​បានមកពី​ CMA។

    របាយការណ៍​បាន​បង្ហាញថា ប្រាក់​បញ្ញើ​នៅក្នុង​វិស័យនេះ​មាន​ចំនួន 2.12ពាន់​លាន​ដុល្លារ​កាលពី​ចុងខែ​មីនា ឆ្នាំ2018 កើនឡើង​ពី1.62ពាន់​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ទោះបី​ជាមាន​កំណើន​គួរឱ្យកត់សម្គាល់​នៃ​កម្ចី​នៅក្នុង​ឧស្សាហកម្ម​នេះ​ក៏ដោយ ក៏​ចំនួន​អ្នក​ខ្ចី​មិនមាន​ការប្រែប្រួល​ដែរ។ ទិន្នន័យ​របស់ CMA នេះ​បាន​បង្ហាញថា ចំនួន​អ្នក​ខ្ចី​ពី MFI ដែលជា​សមាជិក​របស់ CMA មាន​ចំនួន​សរុប 1.85លាន​នាក់​គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំនេះ​ដូចគ្នា​នឹង​កាលពី​ចុងខែ​មីនាឆ្នាំ2017ដែរ។ អ្នក​ដាក់​ប្រាក់​បញ្ញើ​នៅក្នុង​ឧស្សាហ​កម្មនេះ​បាន​កើន​ឡើងដល់ 1លាន​នាក់​គិត​ត្រឹម​ខែមីនា។ លើសពីនេះ​ទិន្នន័យ CMA បាន​បង្ហាញថា ផលប​ត្រ​ស្ថិតក្នុង​ហានិភ័យ (PAR) ដែលជា​សូចនាករ​សម្រាប់​កម្ចី​មិន​ដំណើរការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៅ​ឆ្នាំនេះ 1.67%កាលពី​ចុងខែ​មីនា ឆ្នាំ20117 មក​នៅត្រឹម 1.37%កាលពី​ចុងខែ​មីនា ឆ្នាំនេះ។

    យោងតាម​របាយការណ៍​របស់​ធនាគារជាតិ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ប្រមូលប្រាក់​បញ្ញើ​សរុប​ចំនួន​ប្រមាណ 8.1ទ្រី​លាន​រៀល កើនឡើង​ចំនួន35.6%(ឆ្នាំ​លើ​ឆ្នាំ)និង​ទទួលបាន​ពី​អ្នក​ផ្ញើ​ប្រា​ក់ជាង1.7លាន​នាក់ និង​បានផ្តល់​ឥណទាន​សរុប​មាន​ចំនួន​ប្រមាណ15.9ទ្រី​លាន​រៀល (កើនឡើង​ចំនួន25.5%)ដល់​អតិថិជន​ចំនួន 1.75លាន​នាក់​ក្នុងនោះ​អតិថិជនជា​ស្រី្ត​មាន​ចំនួន 77.4%។ ឥណទាន​ត្រូវបាន​បែងចែក​ទៅលើ​វិស័យ​កសិកម្ម​ចំនួន26.9% ពាណិជ្ជកម្ម18.6% ក្រុមគ្រួសារ33.2% សេវាកម្ម10.3% ដឹកជញ្ជូន4.5%សំណង់3.3% ស្ថាប័នហិរញ្ញវត្ថុ0.1% និង​ផ្សេង2.2%។

    វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​អាច​មើលឃើញ​បាន​តាមរយៈ​ការពង្រីក​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ ដោយបាន​រួមចំណែកក្នុងការ​លើកស្ទួយ​កម្រិត​ជីវភាព​រស់នៅ​ឱ្យមាន​ភាពប្រសើរឡើង។ ក្រៅពីនេះ​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ រួមមាន សេវា​ផ្ទេរប្រាក់ សេវា​ធនាគារ​ចល័ត សេវា​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ និង​សេវា​ណែនាំ​ធានារ៉ាប់រង​ខ្នាតតូច​ជាដើម។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើ​ប្រតិបត្តិការ​គ្របដណ្តប់​ទូទាំង 25រាជធានី-ខេត្ត ដោយមាន​ការិយាល័យ​នៅ​ភ្នំពេញ​ចំនួន76 ខេត្ត​ចំនួន262 ក្រុង​ចំនួន200 និង​ស្រុក​ចំនួន768 ព្រមទាំង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន 29,111នាក់។

    ដោយឡែក​ពាក់ព័ន្ធ​នឹង​កំណើន​បច្ចេកវិទ្យា​នៃ​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា គិត​មកដល់​បច្ចុប្បន្ន​នេះ​មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ(ATM)ជាង 1ពាន់គ្រឿង​បាននិងកំពុង​ដាក់ឱ្យ​អតិថិជន​ប្រើប្រាស់​នៅតាម​ទីសាធារណៈ និង​នៅតាម​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា ខណៈ​ការប្រើប្រាស់​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន​សរុប​ប្រមាណ​ជាង 2.5លាន​កាត។

    លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​

    លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា៖“ចាប់ពី​ឆ្នាំ2008 មកដល់​ខែកុម្ភៈ​ឆ្នាំ2018នេះ ប្រទេស​កម្ពុ​ជាមាន​ម៉ាស៊ីន​ATM ចំនួន1,518គ្រឿង ប័ណ្ណឥណ​ពន្ធ(Debit Card)ចំនួន 1.8លាន និង​ប័ណ្ណឥណទាន(Credit Card) មាន 76ម៉ឺន​ប័ណ្ណ។

    លោក​បណ្ឌិត​បន្តថា៖ “ស្រប​ពេលដែល​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​ខ្លាំង នៅតាម​គ្រឹះស្ថាន​ទាំងនោះ​មាន​បំពាក់​នូវ​បច្ចេកវិទ្យាទំនើបៗដែល​មុននឹង​ធ្វើការ​ចាយវាយ​អ្វីមួយ​តាម​ATM ឬដ​កលុយ​ពី​ក្រេ​ឌី​ត​កាត ត្រូវមាន​ការយល់ព្រម​តាម​ទូរស័ព្ទ​ដើម្បី​បញ្ជាក់ថា យើង​ជា​ម្ចាស់​លុយ​ពិតប្រាកដ​មែន” ។

    លោក​បណ្ឌិត​បានបញ្ជាក់​ថា៖ “បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​មានការ​ពង្រឹង​សុវត្ថិភាព​ខ្លាំង​ទៅលើ​បច្ចេកវិទ្យា។ យើង​អនុញ្ញាតឱ្យ​បច្ចេកវិទ្យា​រីកចម្រើន តែ​យើង​ពង្រឹង​ការត្រួតពិនិត្យ​លើ​ផ្នែក​នេះ។

    លោក​បន្តថា ការបំពាក់​បច្ចេកវិទ្យា​ទំនើប​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​ធ្វើ​ទៅតាម​ប្រទេស​អភិវឌ្ឍន៍​ដើម្បី​ការពារ​សុវត្ថិភាព ព្រោះ​មាន​ក្រុម​ចូល​លួច​លុយ​តាម​បច្ចេកវិទ្យា ហើយ​ករណីនេះ​ជា​បញ្ហា​មួយ​ដែល​ធនាគារជាតិ​បាន​ពង្រឹង​សុវត្ថិភាព និង​សមត្ថភាព​សម្បើម​ណាស់។ នៅ​ប្រទេសផ្សេងៗ ពួកគេ​ប្រឈម​ខ្លាំង​នឹង​ការ​លួច​លុយ​តាម​បច្ចេកវិទ្យា ដូចជា​ប្រទេស​បង់​ក្លា​ដែ​ស​ជាដើម មាន​គេ​លួច​លុយ​ពី​ធនាគារ​អស់​មួយចំនួន។

    បើតាម​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​នេះ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​សុទ្ធតែ​បាន​បន្ថែម​នូវ​ម៉ាស៊ីន​អេ​ធី​អឹម​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប។ តាមរយៈ​វេ​ប​សាយ ធនាគារ​ស្ថាបនា​បានបង្ហាញ​នូវ​ម៉ាស៊ីន​អេ​ធី​អឹម​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ចំនួន 73គ្រឿង​នៅតាម​សាខាផ្សេងៗក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស ហើយ​ពេលនេះ​កំពុងតែធ្វើការ​វិនិយោគ​លើ​ម៉ាស៊ីន​អេ​ធី​អឹម​ដែល​បំពាក់​បច្ចេកវិទ្យា​ថ្មី​ទំនើប​ចុងក្រោយ​បំផុត​ដោយ​នឹងត្រូវ​ដំឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​បន្ថែមទៀត។

    ឯ​ធនាគារ​កាណាឌីយ៉ា​វិញ បច្ចុប្បន្ននេះ​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹម​ថ្មី​មួយកន្លែង​បន្ថែមទៀត​នៅក្នុង​ផ្សារ​ម៉ាក្រូ​សម្រាប់​បម្រើ​ជូន​អតិថិជន ហើយថ្មីៗនេះ​ធនាគារ​មាន​ម៉ាស៊ីន​អេ​ធី​អឹម​សរុប​ចំនួន 136គ្រឿង​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​នៅ​ភ្នំពេញ​មាន 68គ្រឿង និង​តាម​ខេត្ត​មាន​ចំនួន 66គ្រឿង។

    លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​ធនាគារជាតិ មាន​ម៉ាស៊ីន ATM ចំនួន 355គ្រឿង។

    លោក​បាន​បន្តថា៖ “យើង​សង្កេតឃើញថា មួយរយៈ​កន្លងមកនេះ ការផ្តល់​សេវាកម្ម​ទៅដល់​អតិថិជន​របស់​ខ្លួន​តាមរយៈ​ម៉ាស៊ីន​ATM ឬ​ប្រព័ន្ធ​ធនាគារ​ចល័ត​ប្រើប្រាស់​អុ​ី​ន​ធើ​ណិ​ត​ជាដើម គឺ​ដើម្បី​បង្ខិត​សេវាកម្ម​ទៅជិត​អតិថិជន​របស់ខ្លួន ឯ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​ក៏​កំពុង​ព្យាយាម​វិនិយោគ​លើ​បច្ចេកវិទ្យា​ដែរ ដែល​នេះ​ជាការ​អភិវឌ្ឍ​វិជ្ជមាន​មួយ​ដើម្បី​ភាពងាយស្រួល និង​សន្សំសំចៃ​ពេលវេលា​របស់​អតិថិជន”៕

  • វឌ្ឍនៈ គ្រុប ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល របស់ខ្លួន​ដ៏​អធិកអធម​ចំ​កណ្តាល​រាជធានី​ភ្នំពេញ!

    វឌ្ឍនៈ គ្រុប ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល របស់ខ្លួន​ដ៏​អធិកអធម​ចំ​កណ្តាល​រាជធានី​ភ្នំពេញ!

    នា​ថៃ្ង​ទី២៦ ខែឧសភា ឆ្នាំ២០១៨  វឌ្ឍនៈ គ្រុប  បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​មានការ​ចូលរួម​ពីស​ម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសំខាន់ៗ រួមទាំង​អង្គទូត​នានា ឧកញ៉ា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ។ ក្នុង​ពិធី​ដ៏​អធិកអធម​នេះ ក៏មាន​រៀបចំ ការ​បញ្ចាំង​ភ្លើង​លម្អ​រចនា​ចេញ​ជា​ស្លាក​សញ្ញា​អគារ និង ទង់ជាតិ​ខ្មែរលើ​តួ​អគារ​ទាំងមូល ការបាញ់​កាំជ្រួច​ដ៏​ស្រស់ស្អាត​នាពេល​រាត្រី ដើម្បី​បង្ហាញជូន​សាធារណជន​ទាំងអស់  ឱ្យបាន​ដឹង​ពី​ព្រឹត្តិការណ៍​មួយ​នេះ​ផងដែរ។

    ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ លោកជំទាវ​ឧកញ៉ា ឈុន លាង សហ​ស្ថាបនិក វឌ្ឍនៈ គ្រុប បាន​លើកឡើងថា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​និមិត្តរូប​នៃ​ភាពជោគជ័យ​មួយ​ក្នុង​ការខិតខំ​កសាង​ប្រទេសជាតិ​ឡើងវិញ របស់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល តាំងពី​បាទ​ដៃទទេ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ និង​នាំមក​នូវ​ភាព​ចម្រុងចម្រើន​ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ១៩៧៩ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។ លោកជំទាវ​ឧកញ៉ា ក៏បាន​សង្កត់ធ្ងន់ថា លោកជំទាវ នៅ​ចងចាំ​អំពី​ការលំបាក និង​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ដៃ​ម្ខាង​ខិតខំ​កសាង​សន្តិភាព និង​ដៃ​ម្ខាង​ទៀត​ខិតខំ​ស្តារ​សេដ្ឋកិច្ចជាតិ។ ក្នុងនាម ជា​វិនិយោគិន​ខ្មែរ​មួយរូប លោកជំទាវ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ការប្ដេជ្ញាចិត្ត​មិន​ចាក​ឆ្ងាយ​ចោល​ប្រទេសជាតិ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ វឌ្ឍនៈ គ្រុប បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ក្នុងការ​ត្រួសត្រាយ​ដើម្បីឱ្យ​លេចចេញ​ជា​រូបរាង​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល  ដ៏​ស្រស់បំព្រង​មួយ​នេះ ហើយ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប ២៥០លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយនឹង​ត្រូវ​វិនិយោគ​ជា​បន្តបន្ទាប់​ទៀត។

    ថ្លែង​នៅក្នុង​ទិវា​ដ៏​មហា​នក្ខត្តឫក្ស ឧត្ដុង្គឧត្ដម​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​អារម្មណ៍​រំភើប​លាយឡំ​ជាមួយ​ភាព​ក្ដុកក្ដួល នៅពេល​ឃើញ​វិស័យ​ឯកជន​បាន​រីកចម្រើន​ធំធាត់ ហើយ​មិន​បំភ្លេច​ដើមកំណើត​របស់ខ្លួន​ចេញពី​ទីណា។ សម្ដេច​ពិតជា​មាន​មោទនភាព នៅពេល​បានឃើញ​ប្រទេសជាតិ​មានការ​រីកចម្រើន និង​មាន​វត្តមាន​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ ដូចជា អគារ វឌ្ឍនៈ កា​ពី​តា​ល។ សម្ដេច​បាន​បន្តទៀតថា ការដាក់​សម្ពោធ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ  កា​ពី​តា​ល  គឺជា​សមិទ្ធិផល​ថ្មី​សន្លាង​មួយទៀត​របស់​កម្ពុជា​ក្រោយ​ការឆ្លងកាត់​ដំណាក់កាល​ដ៏​សែន​លំបាក​ជាច្រើន បន្ទាប់ពី​ប្រទេស​ត្រូវបាន​បំផ្លិចបំផ្លាញ ដោយ​ភ្លើងសង្គ្រាម​ប្រមាណ​ជាង៣ទសវត្ស ហើយ​មិន​សល់​អ្វី​សោះ​ក្រោយ​ឆ្នាំ១៩៧។

    គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​ត្រូវបាន​ស្ថាបនា​យ៉ាង​ល្អិតល្អន់ ដោយ​រចនា​ជា​និមិត្តរូប “នាគរាជ” ដើម្បី​បង្ហាញ​ពី​ភាពរស់រវើក រឹងមាំ​ខ្លាំងក្លា ភាព​រីកចម្រើន​ជឿនលឿន​អស្ចារ្យ និង​ភាពត្រជាក់ត្រជុំ សុខសន្តិភាព​បរិបូរណ៍ ក្នុង​យុគសម័យ​សម្តេច​តេ​ជោ។  រីឯ​គូប​កញ្ចក់​លើ​គ្រោង​អគារ គឺជា​តំណាង​ប្រទេស​កម្ពុជា ជា​គុជ​ប្រចាំ​អាស៊ី។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ  កា​ពី​តា​ល មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ប្រកបដោយ​សក្តានុពល​ល្អ​បំផុត មាន​ផ្ទៃក្រឡា​សំណង់​អគារ​សរុប ១៣១.០០០ម២ និង​មាន​កម្ពស់ ១៨៧,៣ម៉ែត្រ មាន​ចំនួន ៣៩ជាន់ គឺជា​អគារ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​ការរស់នៅ​បែប​ស៊ីវីល័យ ជួយ​លើកស្ទួយ​សោភ័ណភាព​ទីក្រុង។

    ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក វឌ្ឍនៈ គ្រុប គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​នូវ​ធុរកិច្ចថ្មីៗ និង​សហគមន៍​រស់នៅ​លំដាប់​បទដ្ឋាន​អន្តរជាតិ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ  ត្រូវបាន​រចនា​ប្រកបដោយ​សិល្បៈ​ដ៏​រស់​រវើក ហើយ​បាន​បំពាក់​នូវ​បរិក្ខាទំនើបៗ ប្រកបដោយ​គុណភាព​ខ្ពស់ ស្របតាម​ស្តង់ដារ​អន្តរជាតិ រួមមាន ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​អគារ ប្រព័ន្ធ​អគ្គិភ័យ ប្រព័ន្ធ​សុវត្ថិភាព ការអភិរក្ស​ប្រភព​ថាមពល និង​ការការពារ​ទៅលើ​បរិស្ថាន។ នៅក្នុង​ឆ្នាំ២០១២ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​អគារ​តែមួយគត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ល្អ​ដាច់​គេ ក្នុងប្រទេស​អាស៊ាន ដែល​នេះ​ជា​មោទនភាព និង​កិត្តិយស​ដំបូង​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ។ បន្ថែម​ពីលើ​នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម   វឌ្ឍនៈ កា​ពី​តា​ល  ក៏​ទទួល និង​រក្សាបាន​នូវ​វិញ្ញាបនបត្រ​មាស LEED (Leadership in Energy and Environmental Design) ពី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ២០១៦ ដែល​ទទួលស្គាល់ថា ជា​អគារ​មាន​លក្ខណៈ​ឈានមុខ​គេ​លើ​ផ្នែក​ថាមពល និង​បរិស្ថាន ហើយ​បំពេញ​គ្រប់​លក្ខខណ្ឌ​បទដ្ឋាន​បរិស្ថាន​ឥតខ្ចោះ និង​ឧ​ត្ត​មា​នុ​ភាព​កម្រិត​ពិភពលោក។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពហុមុខ​ងារ ដែលជា​ការអភិវឌ្ឍ​ដំបូងបង្អស់​យ៉ាងពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា ដោយមាន​ចែកចេញជា​ផែ្ន​កសំខាន់ៗដូចជា៖

    • ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល – គឺជា​ផ្សារ​ប្រណីត​ដំបូង​គេ លាតសន្ធឹង៣ជាន់ដែល​សម្បូរ​ទៅដោយ​ម៉ាកល្បីៗ លំដាប់​អន្តរជាតិ ដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni,  និង Stefano Ricci ជាដើម។  បន្ថែម​ពីនេះ ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ក៏មាន​សេវាកម្មផ្សេងៗ ដូចជា៖  ការិយាល័យ​កណ្តាល​ធនា​គារ​វឌ្ឍនៈ  ដែល​ផ្តល់​សេវាកម្ម​ធនាគារ៧ថៃ្ង​ក្នុង១សប្តាហ៍ និង​សេវាកម្ម​បង់ប្រាក់​ពន្ធ-អាករ​គ្រប់​ប្រភេទ  ព្រមទាំង​មាន​ភោជនីយដ្ឋានផ្សេងៗទៀត​ដូចជា ហាង​លក់​តែ និង​ម្ហូប TWG និង​ហាង​អាហារ​បារាំង Eric Kayser ជាដើម។
    • មជ្ឈមណ្ឌល​ពាណិជ្ជកម្ម – ការិយាល័យ​កម្រិត​ខ្ពស់ (Grade A) ផ្តល់ជូន​នូវ​ទីកន្លែង​ដ៏​មាន​ផាសុកភាព សុវត្ថិភាព​ខ្ពស់ ហើយ​មាន​បែង​ចែកជា​បន្ទប់​ប្រណីត ការិយាល័យធំៗ ដែល​បំពេញ​ទៅតាម​តម្រូវការ​របស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដោយមាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រព័ន្ធ​ជណ្តើរយន្ត​ទំនើប និង​ប្រព័ន្ធ​ការពារផ្សេងៗទៀត។
    • មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រណីតភាព – (Lifestyle Cube) ជាទី​តាំង​ការិយាល័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទីតាំង​គ្លីនិក​ទន្តសាស្ត្រ Denriche Asia សេវា​សម្ព​ព និង​ការិយាល័យ​សំខាន់ផ្សេងៗទៀត។
    • សណ្ឋាគារ រ៉ូ​ស​វូដ ភ្នំពេញ លំដាប់​ផ្កាយ៥ – ចាប់ពី​ជាន់​ទី២៥ ដល់ ជាន់​ទី៣៩ បំពាក់​ទៅដោយ​សម្ភារ​ប្រណីតទំនើបៗមាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន១៧៥បន្ទប់ រួមមាន​បន្ទប់​ប្រភេទ​ប្រណីត​ចំនួន៣៧ ជាមួយ​ទំហំ​ចាប់ពី៥០ ទៅដល់ ២២៥ម៉ែត្រការ៉េ។ លើសពីនេះ ក៏មាន ក​នែ្ល​ង​ហាត់ប្រាណ អាង​ហែល​ទឹក សាលប្រជុំ​ចំនួន៥ ភោជនីយដ្ឋាន​ចំនួន៥ ប្រភេទផ្សេងៗគ្នា​ចាប់ពី​ជាន់​ទី៣៥ ដល់​ជាន់​ទី៣៩ ដែលមាន​ដូចជា៖
      • Brasserie Louis (ជាន់​ទី៣៥) : ផ្តល់ជូន​នូវ​ម្ហូប​បែប​បារាំង និង​ខ្មែរ សម្រាប់​អាហារ​ពេលព្រឹក ថៃ្ង​ត្រង់ និង​ពេល​ល្ងាច។
      • The Living Room (ជាន់​ទី៣៥) :ផ្តល់ជូន​អាហារ​ពេលព្រឹក និង​អាហារសម្រន់​បែប​ប្រណីត​សម្រាប់​ពេល​រសៀល និង​ពេល​ល្ងាច រួម​នឹង​កាហ្វេ តែ និង​នំផ្សេង។
      • Iza (ជាន់​ទី៣៧) : ម្ហូប​បែប​ជប៉ុន Izakaya ផ្តល់ជូន​នូវ​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច ដែលមាន​បង្ហាញ​ស្នាដៃ​ចុងភៅផ្ទាល់ៗ និង​ស្រា​ជប៉ុន​ដ៏​សម្បូរបែប។
      • Sora (ជាន់​ទី ៣៧) :ជា​បារ​លំហ​មេឃ​សម្រាប់​លំហែកាយ​នាពេល​រាត្រី ដែលមាន​ទីតាំងនៅ​ជម្រាល​ខ្នង​អគារ ដែល​ផ្តល់ជូន​សេវា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង៥ល្ងាច រហូតដល់​យប់។
      • Cuts (ជាន់​ទី៣៨):ជា​ភោជនីយដ្ឋាន​ដែល​ផ្តល់ជូន​ប្រភេទ​សាច់គោ និង​គ្រឿង​សមុទ្រ ដែលមាន​គុណភាព​ខ្ពស់ និង​ជា​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ទីតាំង​ខ្ពស់​ជាងគេ​ក្នុង​សណ្ឋាគារ ជាពិសេស​គឺ​នៅពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​អាច​គយគន់​ទេសភាព​នៅ​បរិវេណ​ជុំវិញ​រាជធានី​ភ្នំពេញ​ផងដែរ។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដែលជា​និមិត្តរូប​នៃ​ភាពជោគជ័យ​របស់​កម្ពុ​ជា មាន​ផ្ដល់ជូន​លោកអ្នក​នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ និង​ទំនិញ​ម៉ាក​ប្រណីតល្បីៗ   ព្រមទាំង​ផ្ដល់ជូន​នូវ​បទពិសោធន៍​នៃ​រចនាបទ​រស់នៅ​បែប​ស៊ីវីល័យ។សូម​អញ្ជើញ​សាធារណជន​ទាំងអស់ ចូលរួម​ទទួលយក​បទពិសោធន៍ថ្មីៗជាមួយ​ការផ្តល់ជូន​ដ៏​អស្ចារ្យ​ជាងគេ​ពី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល  ដ៏​ប្រណីត ដែលមាន​ទីតាំង​ស្ថិតនៅ​មហាវិថី​ព្រះ​មុ​នី្ន​វង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    សូម​អញ្ជើញ​ចូល​ទស្សនា​គេហទំព័រ​តាមរយៈ https://www.vattanaccapital.com/

    លេខ​ទូរស័ព្ទ​ទំនាក់ទំនងមជ្ឈមណ្ឌលពាណិជ្ជកម្ម +855 (0) 23 938 888

    លេខ​ទូរស័ព្ទ​ទំនាក់ទំនងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ +855 (0) 23 936 888

  • កម្មវិធី ABC Exceptional Night ជាមួយ​លោក ដួង វី​រះ​សិទ្ធ

    កម្មវិធី ABC Exceptional Night ជាមួយ​លោក ដួង វី​រះ​សិទ្ធ

    ភ្នំពេញ៖ នៅ​ថ្ងៃ​សៅ​រិ៍ ទី 26 ខែឧសភា ឆ្នាំ2018 ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ភោជនីយដ្ឋាន 1ម៉ឺន​នា​ក្រុង​កំពត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង រូបសម្បត្តិ​ស្រស់​សង្ហា សំឡេង​ស្រទន់ និង​ជា​ម្ចាស់​ជ័យលាភី ដែលមាន​ទេពកោសល្យ​ពិតប្រាកដ ក្នុង​កម្មវិធី I Am The Singer ឆ្នាំ 2016 លោក​គឺជា​តារា​ដែលមាន​ចំណុច​ល្អ​ឯក​ដែល​រះ​យ៉ាង​ត្រចះត្រចង់ (Rising Exceptional) លោក ដួង វី​រះ​សិទ្ធ។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night)   មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម​ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន​នៅ​ភោជនីយដ្ឋាន 1ម៉ឺន ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង We Love Pub នា​ក្រុង​សៀមរាប នៅ​ថ្ងៃ​ពុធ ទី30 ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង​ដែល​រះ​ពីក្រោយ​ស្រមោល​លោកឪពុក​របស់ខ្លួន ដែលជា​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ ពួកគេ​ចាប់ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ជាមួយនឹង​ទេពកោសល្យ​ផ្ទាល់ខ្លួន និង​បុគ្គលិកលក្ខណៈ​បែប​ទាក់ទាញ (Prince Exceptional) គឺ​លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ!!!

  • បង្កង​តង្កៀប​ក្រហម កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​កម្ពុជា

    បង្កង​តង្កៀប​ក្រហម កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​កម្ពុជា

    បង្កង​តង្កៀប​ក្រហម ជា​ប្រភេទ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​បង្កង​ទន្លេ ដែល​ត្រូវបាន​គេ​នាំ​ពូជ​ចូល​ពី​ប្រទេស​ថៃ​យកមក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​មួយកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​រហូត​ចិញ្ចឹម​លក់​ឱ្យ​អតិថិជន​សឹងតែ​មិនទាន់​ទៀតផង។

    លោក ផល រដ្ឋា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​តង្កៀប​ក្រហម​ដែលមាន​ទីតាំងនៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា មុននឹង​ចាប់ផ្តើម​ចិញ្ចឹម​បង្កង​នេះ លោក​បាន​ទៅ​រៀន​ជាមួយ​ប្រជាជន​ថៃ​នៅឯ​ប្រទេស​ថៃ​កាលពី​អំឡុង​ឆ្នាំ2005 ខណៈពេលដែល​ព្រះមហាក្សត្រ​ថៃ​កំពុង​បំផុស​ឱ្យ​ប្រជាកសិករ​ថៃ​ចិញ្ចឹម​បង្កង​ប្រភេទ​នេះ​ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ។

    លោក​ថា ក្រោយពី​រៀន​រួច លោក​មិនបាន​ចិញ្ចឹម​បង្កង​នេះភ្លាមៗទេ ព្រោះ​ដោយសារតែ​កាលនោះ​បង្កង​ប្រភេទ​នេះ​កំពុង​ល្បីល្បាញ តែ​មិនសូវមាន​អ្នក​ចិញ្ចឹម​សម្រាប់​បង្កាត់កូន​លក់​ទេ និង​មានការ​ពេញនិយម​ចិញ្ចឹម​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ​ផង​នោះ ទើប​ធ្វើឱ្យ​ពូជ​របស់​វា​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ខ្ពស់​ខ្លាំងណាស់​គឺ​បង្កង​ពូជ 2ក្បាល​តម្លៃ​ដល់​ទៅ 100ដុល្លារ​ឯណោះ។

    រហូតមកដល់​ឆ្នាំ​កន្លងទៅ ពោលគឺ​ឆ្នាំ 2017 បង្កង​នេះ​រាង​ធ្លាក់​ថ្លៃ​បន្តិច​នៅលើ​ទីផ្សារ​ប្រទេស​ថៃ ដោយសារ​មាន​អ្នក​ចិញ្ចឹម និង​បង្កាត់កូន​លក់​ច្រើនឡើង ទើប​លោក​សម្រេច​ទិញ​កូន​បង្កងតូចៗដឹកយកមក​ចិញ្ចឹម​នៅ​ប្រទេស​កម្ពុជា​ក្នុងតម្លៃ 1ដុល្លារ​សម្រាប់​កូន​បង្កង​មួយ​ក្បាល។

    ពូជ​បង្កង​នេះ​ងាយស្រួល​ដឹកជញ្ជូន​ណាស់ គ្រាន់តែ​ដាក់​កូន​វា​នៅក្នុង​ធុង​ស្នោ ហើយ​ដាក់​ទឹកកក​ដុំ​ពីលើ​ឱ្យ​ត្រជាក់​ប៉ុណ្ណោះ គេ​អាចដាក់​តាម​ឡាន​តាក់ស៊ី​យកមក​ដល់​ស្រុក​ខ្មែរ​ដោយ​មិនមាន​ងាប់ ឬ​ប៉ះពាល់​ដល់​សុខភាព​បង្កង​ឡើយ។ ប៉ុន្តែ​មុននឹង​ដឹក​មក កសិករ​ត្រូវ​រៀបចំ​ស្រះ​ទុកជាមុន​ឱ្យ​ហើយ អាចជា​ស្រះ ឬ​ត្រពាំង​ធម្មជាតិ​ក៏បាន ឬក៏​ស្រះ​សិប្បនិម្មិត​ធ្វើ​ពី​ស៊ីម៉ង់ត៍​ក៏បាន តែ​ត្រូវធ្វើ​ដំបូល​ប្រក់​ពីលើ និង​ធ្វើយ៉ាងណា​ឱ្យ​ស្រះ​នោះ​មាន​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ទើប​បង្កង​អាចរ​ស់បាន។

    អ្នកជំនាញ​វ័យក្មេង​រូបនេះ​បានបញ្ជាក់​បន្ថែមថា ជាទូទៅ​គេ​មិនចាំបាច់​កំណត់​ទំហំ​ស្រះ​នោះទេ ប៉ុន្តែ​ដើម្បីឱ្យ​ងាយស្រួល​ប្រមូល​ផល ក៏ដូចជា​ការថែទាំ​ផង​នោះ គេ​អាចធ្វើ​ស្រះ​ទំហំ 16 x 26ម៉ែត្រ ហើយ​បើសិនជា​ស្រះ​ធ្វើ​ពី​ស៊ីម៉ង់ត៍ គេ​ត្រូវដាក់​ទឹក​ជម្រៅ 30សង់ទីម៉ែត្រ និង​ស្រះ​ត្រពាំង​គេ​ត្រូវ​បញ្ចូល​ទឹក 1.2ម៉ែត្រ​ដើម្បីឱ្យ​ត្រូវ​តាម​ស្តង់ដារ​ដែល​គេ​បាន​បង្រៀន និង​ធ្វើយ៉ាងណា​ឱ្យ​ទឹក​ក្លាយជា​ទឹកល្អក់ ចៀសវាង​ទឹកថ្លា​ថ្ងៃ​ចាំង​ចូល​នាំឱ្យ​ទឹក​ក្នុង​អាង​ក្តៅ។

    ចំពោះ​ការរៀបចំ​ស្រះ​នេះដែរ មុនដំបូង​គេ​ត្រូវ​ជីកដី​ហាល​ចោល និង​បាច​កំបោរ​ស​ទុកចោល​មួយរយៈ ដើម្បី​សម្លាប់​មេរោគ ក៏​ដួច​ជា​ដើម្បី​បង្កើត​អុក​ស៊ី​ហ្ស៊ែ​ន ឬ​បង្កើតជា​ទឹកអាល់កាឡាំង(80-120)និង​ត្រូវ​ឱ្យមាន​សារធាតុ PH យ៉ាងហោច 7.5 នៅក្នុង​ស្រះ។ បើសិនជា​ស្រះ​មិនមាន​សារធាតុ​ទាំងអស់នេះ​ទេ គេ​មិនអាច​ចិញ្ចឹម​បង្កង​បានឡើយ ដោយសារ​ពពួកសត្វ​ប្រភេទ​នេះ​វា​ត្រូវការ​អុក​ស៊ី​ហ្ស៊ែ​ន​ជា​ចាំបាច់​ទើប​អាចរ​ស់បាន។ យ៉ាងណាក៏ដោយ បើសិនជា​ស្រះ​មិនមាន​សារធាតុ​ខាងលើ​ទាំងអស់​នោះទេ គេ​អាច​ទិញ​ថ្នាំ​ដែលមាន​តម្លៃ​ទាប​មក​ដាក់​ក្នុង​ស្រះ​ដើម្បីបង្កើតឱ្យមាន​អុក​ស៊ី​ហ្ស៊ែ​ន និង​សារធាតុ​ទាំងពីរ​ខាងលើ​បាន​ដោយ​ងាយ។

    ក្រោយពី​រៀបចំ​ស្រះ​រួច និង​គេ​នឹង​ពិនិត្យឃើញថា ក្នុង​ទឹក​មាន​សារធាតុ​អុក​ស៊ី​ែ​ហ្ស៊​ន និង​សារធាតុ​រ៉ែ​ទាំងនោះ​ហើយ គេ​អាចដាក់​កូន​បង្កង​ចូលទៅ​បាន​និង​ដាក់​ចំណី​ឱ្យ​ស៊ី​តាម​ធម្មតា។ ជាទូទៅបង្កង​ប្រភេទ​នេះ​មិន​រើស​ចំណី​ទេ វា​ស៊ី​ទាំង​បន្លែ​ធម្មជាតិ ដូចជា ចក ត្រកួន ពោត សណ្តែក និង​ផ្លែឈើ​មួយចំនួនទៀត ឬ​អាចដាក់​កូន​ត្រី ឬ​សាច់​ឱ្យ​វា​ស៊ី​ក៏បាន ហើយ​វា​មិន​ស៊ី​ចំណី​ច្រើន​ដូច​ត្រី​រ៉ស់ ត្រី​ឆ្តោ ឬ​ត្រី​ប្រា​នោះឡើយ។ បើសិន​ខ្វះ​ចំណី​កសិករ​អាច​ទិញ​ចំណី​ដែល​គេ​ផលិត​ពីសា​ច់​ត្រី​ស្រេច​ដើម្បី​យកមក​កូន​បង្កង​ស៊ី​ក៏បាន ប៉ុន្តែ​ធ្វើយ៉ាងណា​ចៀសវាង​កុំឱ្យ​ទឹកស្អុយ​ហើយ​ត្រូវ​រក្សា​ទឹក​ឱ្យ​ល្អក់​ជាប្រចាំ។

    ក្រោយពី​ថែទាំ និង​ដាក់​ចំណី​ឱ្យ​ស៊ី​ជាប្រចាំ​បាន​ប្រមាណ​ជា3 ទៅ4ខែ​មក គេ​អាច​ប្រមូល​ផល​បង្កង​បាន​ហើយ ដែល​នៅពេលនោះ​ក្នុង​មួយ​ក្បាលមាន​ទម្ងន់​ប្រហែលជា 1ខាំ ឬ8 ទៅ10ក្បាលមានទម្ងន់ 1គីឡូក្រាម​ហើយ។ បង្កង​ប្រភេទ​ថ្មី​នេះ​មិន​ខ្វះ​ទីផ្សារ​នោះទេ មាន​ទាំង​ទីផ្សារ​ខ្មែរ និង​ទីផ្សារ​ចិន ជាពិសេស​អតិថិជន​ក្នុង​ក្រុងភ្នំពេញ​ដែល​ក្នុង​មួយ​គីឡូក្រាម​គេ​អាច​លក់​បោះ​ដុំ​បាន​ចន្លោះ​ពី20 ទៅ25ដុល្លារ ប៉ុន្តែ​សំខាន់​គឺ​មិនមាន​បង្កង​លក់​គ្រប់គ្រាន់​ឱ្យ​ម៉ូយ។ ហើយ​បច្ចុប្បន្ននេះ​អ្នក​ចិញ្ចឹម​បង្កង​តង្កៀប​ក្រហម​ខាងលើ ឈប់​ចិញ្ចឹម​ដើម្បី​ចាប់​លក់​ជា​អាហារ​ទៀតហើយ តែ​ងា​កមក​ចិញ្ចឹម​យក​ពូជ (កូន​បង្កង)ទុក​លក់​ឱ្យ​កសិករ​ទិញ​យកទៅ​ចិញ្ចឹម​បន្ត​ដែល​ឥឡូវ​កំពុងមាន​ត្រូវការ​ខ្លាំង​នៅតាម​បណ្តា​ខេត្តផ្សេងៗវិញ​ម្ដង៕

  • លំនៅឋាន​គ្រប់​ប្រភេទ​នៅតែមាន​តម្រូវការ​រហូតដល់​ឆ្នាំ2030

    លំនៅឋាន​គ្រប់​ប្រភេទ​នៅតែមាន​តម្រូវការ​រហូតដល់​ឆ្នាំ2030

    ចំនួន​ប្រជាជន​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់15 ទៅ19លាន​នាក់​នៅត្រឹម​ឆ្នាំ2030ខាងមុខ ដោយឡែក​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ជិតខាង​នឹងមាន​ប្រជាជន​កើនឡើង​ក្នុង​ចំនួន​ប្រមាណ​ជា4 ទៅ7លាន​នាក់​ដែល​កត្តា​នេះ​នឹង​ជំរុញឱ្យមាន​តម្រូវការ​លំនៅឋាន​ថ្មី​ប្រមាណ​ជា 800.000ខ្នង​ផ្ទះ​ទៀត​បន្ថែម​ពីលើ​លំនៅឋាន​ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន។

    ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា កាលពី​ឆ្នាំ2017កន្លងទៅ វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាមួយនឹង​គម្រោង​អនុម័ត​ចំនួន 3,418គម្រោង ហើយ​វិស័យ​សំណង់​បាន​កើនឡើង22% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែលមាន​ទឹកប្រាក់​វិនិយោគ​រហូតដល់ 6.5ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន82%ជា​គម្រោង​លំនៅឋាន។

    លោក ហ៊ឹម សីហា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា និន្នាការ​នៃ​តម្រូវការ​លំនៅឋាន​ពិតជា​កើនឡើង​ដូច​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រសួង​ដែល​បាន​រកឃើញ​ពិតប្រាកដ​មែន ពិសេស​លំនៅឋាន​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទៅ​ប្រជុំជន​ក្នុង​បណ្តា​ខេត្ត​មួយចំនួន ដោយសារ​ចំនួន​ប្រជាជនមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

    លោក​បាន​បន្តថា មិនមែន​តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ​សូម្បី​នៅតាម​បណ្តា​ខេត្តឆ្ងាយៗដូច​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុង​សៀមរាប ខេត្តសៀមរាប និង​ក្រុង​បាន​លុង ខេត្តរតនគិរី ជាដើម លំនៅឋាន​លក្ខណៈ​ជា​បុរី​ដែល​សាងសង់​នៅលើ​ផ្ទៃដីធំៗ និង​មាន​ចំនួន​ច្រើន​ល្វែង​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់​ដែលមាន​ទាំង​លំនៅឋាន​មានតម្លៃ​ខ្ពស់ និង​សមរម្យ​សម្រាប់​ដាក់លក់​ជូន​អតិថិជន​ដែលមាន​ជីវភាព​ធូរធារ និង​មាន​ជីវភាព​មធ្យម​ទៅតាម​នោះដែរ។

    លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) មានប្រសាសន៍ថា កម្ពុជា​បានទទួល​នូវ​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស​សម្រាប់​ឆ្នាំ​កន្លងទៅ​ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ គឺជា​ឧស្សាហកម្ម​ឈានមុខ​គេ​មួយ។ ស្របពេល​ជាមួយគ្នានេះដែរ សេដ្ឋកិច្ចកម្ពុជា​ក៏​កំពុង​រីកចម្រើន​ខ្លាំង​ដោយសារ​វត្ត​មាននៃ​ការសាងសង់​សំណង់​សណ្ឋាគារថ្មីៗ អគារ​ការិយាល័យ ផ្សារ​ទំនើប ភោជនីយដ្ឋាន​និង​អគារ​លំនៅឋាន​ដែល​កំពុង​រីកដុះដាល​ឡើង​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​បាន​រីក​រាលដាល​ទៅកាន់​ទីក្រុង​នានា​នៅតាម​បណ្ដា​ខេត្ត​ក្នុងប្រទេស​កម្ពុជា។ បច្ចុប្បន្ននេះ​ប្រជាជន​ថ្នាក់កណ្តាល (ដែលមាន​កម្រិតជីវភាព​មធ្យម)កំពុងមាន​ការកើនឡើង ហើយ​របៀប​នៃ​ការរស់នៅ​របស់​ពួកគេ​កំពុងមាន​ការផ្លាស់ប្តូរ​ទាំង​ការងារ ជីវភាព និង​បរិស្ថាន​ផ្ទាល់ខ្លួន​ផងដែរ។

    នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ផ្ទះ​ជាប់​ដី​ត្រូវបាន​បែង​ចែកជា 4ប្រភេទ ដូចជា​ផ្ទះល្វែង​ជួរមុខ (purpose-build shophouse) ផ្ទះល្វែង​ធម្មតា​នៅក្នុង​បុរី (residential link-house) ផ្ទះ​វីឡា​ភ្លោះ(semi-detached) និង​ផ្ទះ​វីឡា​ទោល(single-deta-ched)។ ចំណែក​ប្រភេទ​បន្ទប់​ខុន​ដូ​មាន 5ប្រភេទ ដូចជា​យូ​នី​ត​ខុន​ដូ​មាន​បន្ទប់​គេង1(one bed-room or studio) បន្ទប់​គេង2(two-bedroom) បន្ទប់​គេង3 (three-bedroom) បន្ទប់​គេង4(four-bedroom) និង​បន្ទប់​វីឡា​ខុន​ដូ (Penthouse)។

    ជាមួយនឹង​កំណើន​ដែល​កើនឡើង​នៃ​សំណង់​លំនៅឋាន​នេះ​បានធ្វើឱ្យ​តម្រូវការ​នៃ​ការប្រើប្រាស់​គ្រឿងសង្ហារិម សម្ភារ​តុបតែង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​លំនៅឋាន​ក៏មាន​តម្រូវការ​កាន់តែខ្លាំងឡើង​ផងដែរ។ លោកស្រី ឃាន ណា​រី ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន INYHANOU ដែល​ផ្គត់ផ្គង់​ពូក​ដំណេក​នាំចូល​ពី​សហរដ្ឋអាមេរិក​មានប្រសាសន៍ថា ដោយ​យល់ដឹង​ពី​សុខភាព​ដំណេក​ក៏ដូចជា​តម្រូវការ​នៃ​ប្រើប្រាស់​សម្ភារ​ក្នុង​លំនៅឋាន​ផងដែរ​នោះ ការលក់​ពូក​នៅក្នុង​ក្រុមហ៊ុន​ពិតជា​មានការ​កើនឡើង​ច្រើន ដោយសារ​អតិថិជន​មក​ជាវ​ពូក​ដំណេក​មាន​ចំនួន​ច្រើនឡើង​គួរឱ្យកត់សម្គាល់ពិសេស​អ្នកមាន​ចំណូល​មធ្យម និង​ខ្ពស់ ខណៈដែល​អគារ​លំនៅឋាន​ក៏មាន​ការកើនឡើង​ដែរ​ជា​រៀងរាល់ឆ្នាំ។

    ធនាគារអភិវឌ្ឍន៍អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏ដូចជា​រដ្ឋាភិបាល​ដែរ​បានធ្វើការ​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ក្នុង​រង្វង់ 7%ថេរ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ ក្នុងនោះ​វិស័យ​សំណង់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងចំណោម​វិស័យ​ដែល​ជំរុញ​សេដ្ឋកិច្ចផ្សេងៗទៀត ដូចជា​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍​ដែល​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

  • គ្រាន់តែ​បើក​ដំណើរការ​សាកល្បង​ថ្ងៃ​ដំបូង AEON Mall 2 មាន​មនុស្ស​ចូល​លេង​កកកុញ

    គ្រាន់តែ​បើក​ដំណើរការ​សាកល្បង​ថ្ងៃ​ដំបូង AEON Mall 2 មាន​មនុស្ស​ចូល​លេង​កកកុញ

    គ្រាន់តែ​បើក​ដំណើរការ​សាកល្បង មិនទាន់បាន​សម្ពោធ​ជា​ផ្លូវការ​ផង ផ្សារ​ទំនើប AEON Mall 2ដែលជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ដែល​ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មាន​មនុស្សម្នា​ចូល​លេង​ច្រើន​កកកុញ​យ៉ាង​នឹកស្មាន​មិន​ដល់។

    ជាមួយ​ការ​នឹង​បើកទ្វារ​សាកល្បង​ទទួល​អតិថិជន​នៅ​ថ្ងៃ​ដំបូង​នេះ គេ​ឃើញ​មាន​វត្តមាន​នៃ​បណ្តា​ហាង​លក់ទំនិញល្បីៗ ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក ក្រុមហ៊ុន​លក់​រថយន្ត ហាង​លក់​សម្លៀកបំពាក់​ទាន់សម័យ ហាង​លក់​សម្ភារ​ក្មេង ក៏ដូចជា​ហាង​អាហា​រដ្ឋា​ន​ដ៏​សម្បូរបែប​មួយចំនួន​បាន​បើក​ដំណើរការ ក្រោម​ការគាំទ្រ​ពី​សំណាក់​អ្នក​មក​ចូលរួម​ក្នុង​ការបើក​សាកល្បង​នេះ​យ៉ាងច្រើន​កុះករ។

    គួរ​បញ្ជាក់ថា​ផ្សារ​ទំនើប AEON Mall 2 ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នេះ គ្របដណ្ដប់​នៅលើ​ផ្ទៃដី​សរុប​ប្រមាណ151,000ម៉ែត្រការ៉េ ដែលមាន​ទីលាន​ខាងក្រៅ​ជាទី​ចំណត​យានយន្ត​ធំ​ទូលាយ ដែល​អាច​ផ្ទុក​រថយន្ត​បាន​ប្រមាណ​ជា 2,500 គ្រឿង និង​ម៉ូតូ​ជាង2,000គ្រឿង។

    បើ​មិនមាន​ការប្រែប្រួល​ទេ ផ្សារ​ទំនើប AEON Mall ទី2 នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី20 ខែមិថុនា​ខាងមុខនេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕