Author: វល័ក្ខ

  • ក្រុមហ៊ុន​បច្ចេកវិទ្យា 5 ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មាន​ស្លាក​សញ្ញា​ថ្លៃ​ជាងគេ​បំផុត

    ក្រុមហ៊ុន​បច្ចេកវិទ្យា 5 ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មាន​ស្លាក​សញ្ញា​ថ្លៃ​ជាងគេ​បំផុត

    កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដី​ដ៏​ល្បីល្បាញ​របស់​អាមេរិក Forbes បានបង្ហាញ​ពី​តារាង​ស្លាក​សញ្ញា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ (Most Valuable Brands) ទាំង 5 ក្នុងនោះ​ក្រុមហ៊ុន​ដែល​នាំមុខគេ គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អាមេរិក Apple។

    យោងតាម​ការបង្ហាញរ​បស់ Forbes បានឱ្យដឹងថា 5 ក្រុមហ៊ុន​ដែលមាន​ស្លាក​សញ្ញា​ថ្លៃ​ជាងគេ​បំផុត​នោះ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ដែលមាន Apple នាំមុខគេ និង​បន្ត​បន្ទាប់មកទៀត​មានដូចជា Google, Microsoft, Facebook និង​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​របស់​សហរដ្ឋអាមេរិក Amazonខណៈដែល Coca-Cola ដែល​ធ្លាប់តែ​នៅ​កំពូល​តារាង​នោះ នៅពេលនេះ​បាន​ធ្លាក់​ចេញពី​តារាង Top 5 នេះហើយ។

    Forbes បាន​គណនា​ថា ស្លាក​សញ្ញា​ក្រុមហ៊ុន Apple នៅក្នុង​ឆ្នាំនេះ​មានតម្លៃ 182.8ពាន់​លាន​ដុល្លារ​អាម​រិ​ក ដោយបាន​កើនឡើង 8ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន ចំណែក Google វិញ​មានតម្លៃ 132.1ពាន់​លាន​ដុល្លារ​អាមេរិក រីឯ Microsoft មានតម្លៃ 104.9ពាន់​លាន​ដុល្លារ​អាមេរិក​ខណៈដែល Facebook មានតម្លៃ 94.8ពាន់​លាន​ដុល្លារ​អាមេរិក និង​ចុងក្រោយ Amazon មានតម្លៃ 70.9ពាន់​លាន​ដុល្លារ​អាមេរិក៕

  • សិស្ស​ពូកែ​និទ្ទេស A ហេង គីមហុង បង្ហាញ​បទពិសោធ​ត្រៀមប្រឡង

    សិស្ស​ពូកែ​និទ្ទេស A ហេង គីមហុង បង្ហាញ​បទពិសោធ​ត្រៀមប្រឡង

    នៅក្នុង​ដំណាក់កាល​នៃ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចាប់ផ្តើម​មាន​ភាព​សុក្រឹត ហើយ​កាន់​តែមាន​ភាព​តឹងតែង​ឡើង ដែល​អនុញ្ញាតឱ្យ​សិស្សពូកែៗអាច​បញ្ចេញ​សមត្ថភាព​ប្រកបដោយ​ភាពជឿជាក់ និង​ទទួលបាន​តម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន។ នៅ​ឆ្នាំ2017 មាន​សិស្ស​មិន​ច្រើនពេក​ទេ​ដែល​ទទួលបាន​និទ្ទេស A ដែលជា​និទ្ទេស​សំខាន់​មួយ​ដែល​អាច​រុញច្រាន​សិស្ស​ឱ្យទទួល​បាន​នូវ​កិត្តិយស និង​ផលប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​អនាគត រួមទាំង​ឱកាស​ទទួលបាន​អាហារូបករណ៍សំខាន់ៗទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង។

    នៅពេលនេះ អ្នកសារព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយនឹង​ប្អូន ហេង គីម​ហុង អតីត​សិស្ស​ទទួលបាន​និទ្ទេស A នៅ​ឆ្នាំ2017 ដើម្បី​ចែករំលែក​នូវ​បទពិសោធ​ប្រឡង​ឱ្យ​ទទួលបាន​និទ្ទេស​ល្អ ដល់​សិស្សានុសិស្ស​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅពេល​ខាងមុខនេះ។

    1. តើ​មុន​ប្រឡង​បាក់​ឌុប​បេក្ខជន​ត្រូវ​ត្រៀម​អ្វីខ្លះ?

    ចំណុច​សំខាន់​ដែល​បេក្ខជន​ត្រូវ​ត្រៀម​គឺ​ប្រមូល​ឯកសារ​ទាំងឡាយណា​ដែល​គិតថា​នឹង​ចេញ​នៅពេល​ប្រឡង​មក​អនុវត្ត និង​អាន ព្រោះ​វិធី​នៃ​ការចេញ​វិញ្ញាសា​ប្រឡង​គឺស្រដៀងៗគ្នា ហើយ​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។ មាន​លំ​ហាត់​ខ្លះ​គឺ​រក្សា​វិធី​គណនា​ដដែល គ្រាន់តែ​ផ្លាស់ប្តូរ​លេខ ឬ​កែ​ប្រធាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

    វិធីងាយៗក្នុងការ​ស្វែងរក​ប្រភព​ឯកសារ​ទាំងអស់នោះ​គឺ ប្រមូល​លំ​ហាត់​ដែល​គ្រូ​ធ្លាប់​បង្រៀន​មក​អនុវត្ត​ឱ្យបាន​ច្រើន រួមទាំង​លំ​ហាត់​ដែល​ប្រមូល​ទិញ​ពី​សៀវភៅ​នៅ​ទីផ្សារ​ដែលមាន​ប្រជុំ​ពី​វិញ្ញាសាចាស់ៗជា​រៀងរាល់ឆ្នាំ។ ចំពោះ​លំ​ហាត់​ដែល​គ្រូបង្រៀន គឺ​ភាគច្រើន​ជា​លំ​ហាត់ល្អៗ ហើយ​មាន​អត្រា​ខ្ពស់​ក្នុង​ការចេញ​នៅពេល​ប្រឡង ព្រោះ​គ្រូបង្រៀន​គាត់​យល់​ពី​វិធី​ដែល​គេ​ដាក់​លំ​ហាត់​ប្រឡងនិង​ដឹង​ពី​ល្បិច​ដែល​ភាគច្រើន​គេ​ចេញ​លើ​វិញ្ញាសា។

    1. ចំពោះ​វិទ្យាសាស្ត្រ​ពិត អាចមាន​បញ្ហា​ខ្លះ​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម ឬ​ភាសា​ខ្មែរ។ តើ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ពិន្ទុ​ខ្ពស់​លើ​មុខវិជ្ជា​ទាំងអស់នេះ​ខណៈ​ត្រូវ​ខំប្រឹងប្រែង​ផ្នែក​គណិត ឬ​រូបវិទ្យា​ជាដើម?

    តាមពិត​មុខវិជ្ជា ដែល​យើង​រៀន​គឺមាន​ចរិត- លក្ខណៈ​ខុសគ្នា​ដាច់ រវាង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម។ ដើម្បី​រក្សា​តុល្យភាព​នៃ​ចំណេះដឹង​លើ​ផ្នែក​ទាំងពីរ សិស្ស​គួរ​យល់ដឹង​ពីម៉ោង​ដែល​គួរ​រៀន និង​វិធីសាស្ត្រ​រៀន ដើម្បី​ងាយស្រួល​បែងចែក​ពេលវេលា​រៀន។

    ជា​ឧទាហរណ៍ មុខវិជ្ជា​ភាសា​ខ្មែរ យើង​មិនត្រូវ​ការអនុវត្ត​លំ​ហាត់​ដូចជា​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​នោះទេ តែ​យើង​ទាមទារ​ឱ្យមាន​ការអាន​ច្រើន ដើម្បីឱ្យ​មានគំនិត​ច្រើន​សម្រាប់​សរសេរ។ បើ​ចង់​ពូកែ​ខ្មែរ យើង​គួរ​អាន​សៀវភៅ កាសែត ទស្សនា​វ​ដ្តី និង​ព្យាយាម​តាមដាន​អត្ថបទល្អៗដែល​ពាក់ព័ន្ធ​នឹង​អក្សរសិល្ប៍ ឬ​ចំណេះដឹង​ពី​ការរស់នៅ​ជាក់ស្តែង​ជាដើម ដើម្បីឱ្យ​មានគំនិត​ច្រើន​សម្រាប់​សរសេរ​នៅក្នុង​អត្ថបទ​តែងសេចក្តី។ ការសិក្សា​លើ​មុខវិជ្ជា​នេះ​គឺ​ទាមទារ​ឱ្យ​យើង​ពូកែ​ដោះស្រាយ​បញ្ហា និង​មាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ពន្យល់​ឱ្យបាន​ច្រើន​ដើម្បីឱ្យ​សំណេរ​របស់​យើង​មានតម្លៃ និង​ទទួលបាន​ពិន្ទុ​ល្អ។

    សម្រាប់​ខ្ញុំ ភាគច្រើន​ខ្ញុំ​ចូលចិត្ត​អាន ឬ​រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​នៅពេល​ជិត​ភ្លឺ ព្រោះ​ម៉ោង​នេះ​ខួរក្បាល​ត្រជាក់ និង​មាន​ភាពស្ងប់ស្ងាត់​ល្អ។ ចំណែកឯ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត ដូចជា​គណិត រូបវិទ្យា គីមី ឬ​ជីវៈ​វិញ ខ្ញុំ​តែងតែ​អនុវត្ត​លំ​ហាត់​ក្រោយ​ពេលដែល​ខ្ញុំ​សល់​ពេល​ពី​ការសិក្សា​នៅពេល​ល្ងាច ឬ​ចន្លោះ​ម៉ោង​ទំនេរផ្សេងៗ ព្រោះ​វា​មិនត្រូវ​ការ​ផ្ចង់​គំនិត​ខ្លាំង​ដូច​ភាសា​ខ្មែរ​នោះទេ។

    1. ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ចាំបាច់​ត្រូវធ្វើ​លំ​ហាត់​រាល់ថ្ងៃ ហើយ​អាន​រាល់ថ្ងៃ​ទៀត។ តើ​កត្តា​ទាំងអស់នេះ​អាចធ្វើឱ្យ​អ្នករៀន​ធុញទ្រាន់ ឬ​មាន​អារម្មណ៍​ថា​ហត់​ដែរឬទេ?

    តាមពិតទៅ ប្រសិនបើ​មាន​ទម្លាប់​រៀន​រាល់ថ្ងៃ​វា​មិន​ធ្វើឱ្យ​យើង​ធុញ ឬ​ខ្ជិល​នោះទេ ខ្លាច​តែ​រៀនខានៗទើប​ធ្វើឱ្យ​យើង​ធុញ។ ការរៀន​ប្រសិនបើ​យើង​ដឹង​ខ្លួនឯង​ច្បាស់​ពី​ពេលដែល​ត្រូវ​អាន និងពេលដែល​ត្រូវធ្វើ​លំ​ហាត់ យើង​នឹងមាន​ភាព​រីករាយ​ជាមួយ​វា ហើយ​យើង​អាចធ្វើ​វា​រាល់ថ្ងៃ​ដោយ​មិន​នឿយហត់ ឬ​ធុញទ្រាន់​នោះទេ។ ពេលខ្លះ នៅពេលដែល​យើង​ទម្លាប់​ធ្វើបែបនេះ​រាល់ថ្ងៃ​ហើយវា​នឹង​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​អផ្សុក​នៅពេលដែល​យើង​មិនបាន​ធ្វើ​លំ​ហាត់។

    ការរៀន​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ស្មើគ្នា​រាល់ថ្ងៃ អាន​រាល់ថ្ងៃ និង​ធ្វើ​លំ​ហាត់​រាល់ថ្ងៃ ដើម្បី​រក្សា​នូវ​កំណើន​នៃ​ភាពខ្លាំង​លើ​មុខវិជ្ជា​ដែល​យើង​កំពុង​រៀន​ទាំងអស់នោះ កុំឱ្យ​ធ្លាក់ដៃ។ នៅពេលដែល​យើង​បានធ្វើ​វា​រាល់ថ្ងៃ យើង​នឹងមាន​អារម្មណ៍​ថា វា​នឹង​ទៅមុខ​លឿន ហើយ​មិនចាំបាច់​បង្ខំ​ខ្លាំងពេក​នៅពេល​ជិត​ប្រឡង​នោះទេ ព្រោះ​ប្រសិនបើ​យើង​មិន​រក្សា​លំនឹង​ក្នុង​ការសិក្សា ហើយ​ចាំតែ​ខំប្រឹង​រៀន​ពេល​ជិត​ប្រឡង​នោះ យើង​នឹង​មិនអាច​ទទួលបាន​ល​ទ្ធ​ផល​ល្អ​នោះទេ ព្រោះ​គ្មាន​អ្នកណា​អាច​ចាប់បាន​នូវ​មេរៀន​ម្តង 7 ឬ 10មុខ​ក្នុង​រយៈពេល​ខ្លី​នោះទេ។

    1. មនុស្ស​ពូកែ​ប៉ុនណា​ក៏ដោយ ជិត​ប្រឡង​តែងតែ​ត្រៀម និង​ខំ​ខ្លាំង​ជាង​មុន។ តើ​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​គួរ​ចាប់ផ្តើម​ត្រៀម​ឱ្យបាន​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ត្រូវ​រៀបចំខ្លួន​បែបណា​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព?

    សម្រាប់​ខ្ញុំ ខ្ញុំ​ត្រៀមខ្លួន​មុន​ប្រឡង​មួយខែ។ នៅក្នុង​ដំណាក់កាល​នេះ មិនមែនជា​ដំណាក់កាល​សម្រុក​រៀន​នោះទេ តែ​វា​ជា​ដំណាក់កាល​នៃ​ការ​រំឭក​មេរៀនចាស់ៗដែល​យើង​ធ្លា​ប់រៀន។ មុន​ប្រឡងប្រសិនបើ​យើង​បាន​ខំ​ពេញ​មួយឆ្នាំ​ហើយ យើង​នឹងមាន​ភាពងាយស្រួល​នៅ​ថ្ងៃ​ប្រឡង មិន​ខំ​ប្រញឹក​ពេក និង​មិន​ធ្វើឱ្យ​យើង​មានការ​ភ័យខ្លាច។

    ចំពោះ​មេរៀន​វិទ្យាសាស្ត្រ​សង្គម​វិញ យើង​គួរ​ចំណាយពេល​សង្ខេប​មេរៀន​នោះ​ទៅជា​សំណួរខ្លីៗដើម្បី​ងាយស្រួល​ចាំ ឬ​គ្រាន់តែ​សម្រួច​សមត្ថភាព​កុំឱ្យ​ភ្លេច​តែប៉ុណ្ណោះ។ នៅពេលដែល​យើងមាន​ទំនុកចិត្ត​ច្បាស់លាស់​លើ​ការខិតខំ​ប្រឹង​យូរអង្វែង​របស់​យើង​ហើយ យើង​នឹង​មិនមាន​ភាពភ័យខ្លាច​នៅ​ថ្ងៃ​ប្រឡង​ឡើយ។

    1. នៅ​ថ្ងៃ​ប្រឡង តើ​បេក្ខជន​គួរ​ត្រៀមខ្លួន​បែបណាខ្លះ​ដើម្បី​អនុវត្ត​លំ​ហាត់ ឬ​សរសេរ​ឱ្យបាន​ល្អ?

    ពេលវេលា​នេះ ជា​ពេលវេលា​ដែល​ត្រូវ​សម្រាក ព្រោះ​ថាបើ​យើង​រៀបចំខ្លួន​បានល្អ​ក្នុង​រយៈពេល​វែង​ហើយ យើង​គួរតែ​ស្វែងរក​ពេល​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ទុក​កម្លាំង​ប្រឡង និង​ធ្វើឱ្យ​ខួរក្បាល​ស្រឡះ​ល្អ​សម្រាប់​អនុវត្ត​លំ​ហាត់ ឬ​សរសេរ​ឱ្យបាន​ល្អ។ មាន​អ្នកខ្លះ​គេង​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​គាត់​ងាយ​នឹង​ភ័យ ហើយ​អារម្មណ៍មិនល្អ​អាចធ្វើឱ្យ​គាត់​ភ្លេច​មេរៀន​ដែល​ខំប្រឹងប្រែង​នោះ​អស់​ក៏មានដែរ។

    1. គេ​ថា អ្នក​និទ្ទេស A ចាំបាច់​ត្រូវតែមាន​អក្សរ​ស្អាត​ទើប​អាច​ទទួលបាន​ពិន្ទុល្អៗគ្រប់មុខ​វិជ្ជា។ តើ​រឿងនេះ​ពិត​ឬទេ? ហើយ​បេក្ខជន​ប្រឡង​គួរ​ធ្វើ​បែបណា?

    តាមពិតទៅ​មិនមែន​អ្នក​និទ្ទេស A សុទ្ធតែ​អក្សរ​ស្អាត​នោះទេ ហើយ​អ្នក​អក្សរ​មិន​ស្អាត​ក៏​មិនគួរ​អស់សង្ឃឹម​ដែរ។ អ្វីដែល​សំខាន់​គឺ​ព្យាយាម​សរសេរ​ឱ្យ​ច្បាស់​ល្អ និង​ធ្វើយ៉ាងណា​ឱ្យគេ​អាន​ដាច់ ហើយ​មាន​របៀបរៀបរយ​ជាការ​ស្រេច។

    1. តើ គីម​ហុង មាន​សារ​អ្វី​សម្រាប់​ជម្រាប​ទៅ​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅពេល​ខាងមុខនេះ​ដែរឬទេ?

    ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​សិស្ស​ទាំងអស់​ថា កុំ​មានការ​ភិតភ័យ​ច្រើនពេក​ពី​ការប្រឡង ព្រោះ​នៅពេល​បច្ចុប្បន្ននេះ​ប្រព័ន្ធ​អប់រំ​គឺមាន​ការកែលម្អ​ច្រើនណាស់ ហេតុនេះ​ប្រសិនបើ​យើង​មានការ​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​នោះ យើង​នឹង​ជាប់ ហើយ​គ្មាន​ឧបសគ្គ​អ្វីដែល​រាំងស្ទះ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​នោះទេ។ ដើម្បី​ធានាថា​ការប្រឡង​ទទួលបាន​លទ្ធផល​ល្អ គឺ​សូម​ត្រៀមខ្លួន​ឱ្យបាន​ល្អ ហើយ​រក្សា​នូវ​លំនឹង​សម្រាប់​ការសិក្សា​ដោយ​ឧស្សាហ៍​អនុវត្ត​ជាប្រចាំ​ទាំងមុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម៕

  • ប្រទេស​កូរ៉េខាងត្បូង​ចង់​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក

    ប្រទេស​កូរ៉េខាងត្បូង​ចង់​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក

    បន្ទាប់ពី​ប្រាសាទសំបូរព្រៃគុក ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចមក ក្រុម​អ្នកវិនិយោគ​ជនជាតិ​កូរ៉េ បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​នៅ​ទីនោះ​ដើម្បីប្រែក្លាយ​តំបន់​ព្រៃស្រោង​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ​ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយទៀត នៅក្នុង​ខេត្ត​នោះ។

    ក្នុងជំនួប​ជាមួយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​សប្តាហ៍​មុននេះ លោក លី ហ៊ី យុក អគ្គលេខាធិការ​ថ្មី​នៃ​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ (AKC) បាន​មានប្រសាសន៍ថា អ្នកវិនិយោគ​កូរ៉េ​បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​លើ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្តកំពង់ធំ ពិសេស​គឺ​តំបន់​ប្រាសាទសំបូរព្រៃគុក ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរកូរ៉េ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត។

    ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យដឹងថា ភ្ញៀវទេសចរ​កូរ៉េ​បានមក​ទស្សនា​កម្ពុ​ជាមាន​ជាង 30ម៉ឺន​នាក់​នៅ​ឆ្នាំ2017 ហើយ​បើតាម​ការ​សង្កេតឃើញ​គោលដៅ​សំខាន់បំផុតរបស់​ទេសចរ​កូរ៉េ គឺ​តំបន់​សៀមរាប-អង្គរ។ ជាមួយគ្នា​នោះទេ​សចរ​កូរ៉េ​ក៏​កំពុង​ចាប់អារម្មណ៍​លើ​ការ​ទស្សនា​តំបន់​ប្រាសាទសំបូរព្រៃគុក​នៃ​ខេត្តកំពង់ធំ​ផងដែរ។ ដោយ​មើលឃើញ​ពី​និន្នាការ​របស់​ទេសចរ​កូរ៉េ​ដែល​កំពុងតែ​កើនឡើង ដូច្នេះហើយ​ទើប​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ​បាន​នាំមក​នូវ​ដំណឹង​ពិសេស​មួយ​ថា អ្នកវិនិយោគ​កូរ៉េ​កំពុង​សម្លឹងមើល​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ​នេះ​តែម្ដង។

    ឆ្លើយតប​នឹង​ការលើកឡើង​ដែល​ស្រប​នឹង​គោលបំណង​របស់​កម្ពុជា​ដែរនោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជា​ក់នូវ​ការស្វាគមន៍ និង​បានស្នើ​ដល់​ភាគី​កូរ៉េ​ឱ្យ​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជាពិសេស​នៅ​ខេត្តកំពង់ធំ​ផ្ទាល់​តែម្ដង ពីព្រោះ​ខេត្ត​មួយ​នេះ​ស្រប​នឹង​ខ្សែ​ផ​លូវ​ទស្សនកិច្ច​របស់​ភ្ញៀវទេសចរ​នានា​ដែល​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តសៀមរាប-អង្គរ ពោលគឺ​មុននឹង​ទៅដល់​ខេត្តសៀមរាប ភ្ញៀវទេសចរ​ត្រូវ​ឆ្លងកាត់​ខេត្តកំពង់ធំ​សិន ដែល​ទីនោះ​មាន​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្អល្អះ​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហើប​ប្រាប់​ភាគី​កូរ៉េ​ថា​ចំពោះ​ខេត្តកំពង់ធំ អ្នកវិនិយោគ​អាចបង្កើត​សណ្ឋាគារថ្មីៗ អាចបង្កើត​ទីលាន​វាយ​កូន​ហ្គោល​ដ៏​ធំ​មួយ និង​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែមទៀត​បាន។ ម្យ៉ាងទៀត​ដោយសារតែ​អ្នកទេសចរ​កូរ៉េ​ភាគច្រើន​ចូលចិត្ត​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ​ផង​នោះ អ្នកវិនិយោគ​អាចបង្កើត ឬ​ជួយ​អភិវឌ្ឍ​សហគមន៍​នានា​នៅក្នុង​ខេត្ត​មួយ​នេះ ពិសេស​គឺ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​តែម្ដង ដូចជា​ការជួយ​ធ្វើ​ផ្លូវ​ទៅកាន់​សហគមន៍ ការបណ្ដុះបណ្ដាល​ប្រជា​សហគមន៍​ឱ្យ​យល់ដឹង​ពី​វិស័យ​ទេសចរណ៍​ជាដើម។ល។

    លោក អាង គឹម​អ៊ាង នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មហានគរ​ទេសចរណ៍ និង​ជា​អ្នកមាន​ស្រុកកំណើត​នៅ​ទីនោះ​ផង បាន​មានប្រសាសន៍​គាំទ្រ​ដល់​វិនិយោគិន​បរទេស​ទាំងឡាយណា ដែលមាន​បំណង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ប៉ុន្តែ​ធ្វើយ៉ាងណា​សូមឱ្យ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផង។

    លោក​ថា អ្វីដែល​ធ្វើឱ្យ​ប្រាសាទសំបូរព្រៃគុក​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​កាន់តែច្រើនឡើងៗ គឺ​ដោយសារ​ក្រុម​ប្រាសាទ​ទាំងនោះ​ជា​អតីត​រាជធានី​ខ្មែរ ដែលមានផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា 20,000ខ្នង​បង្កើតបានជា​មជ្ឈមណ្ឌល​សម្រាប់​បណ្តុះបណ្តាល​ធន-ធាន​មនុស្ស​សំខាន់​មួយ​សម្រាប់​ចូលរួម​កសាង​ប្រាសាទ​អង្គ​វត្ត​កាលពី​សម័យ​នោះ។

    លើសពីនេះ ប្រាសាទសំបូរព្រៃគុក​មាន​អាយុកាល​មុន​ប្រាសាទ​អង្គ​វត្ត​ក្នុង​រង្វង់​ប្រហែលជា 200ឆ្នាំ ដែល​សាងសង់ឡើង​ដោយ​ថ្ម​ឆ្អិន ថ្មភក់ និង​ថ្មបាយក្រៀម ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​បច្ចេកទេស​កសាង​ប្រាសាទ​របស់​បុព្វបុរស​ខ្មែរ​ដែល​ធ្វើឱ្យ​ថ្ម​រឹងមាំ​មាន​អាយុកាល​ជាច្រើន​សតវត្សរ៍ បាន​បន្សល់ទុក​ដល់​កូន​ខ្មែរ​ជំនាន់ក្រោយៗរហូតមកទល់​បច្ចុប្បន្ន៕

  • ធនាគារពិភពលោក៖ “កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​កម្ពុជា នៅតែ​បន្ត​កើតមាន”

    ធនាគារពិភពលោក៖ “កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​កម្ពុជា នៅតែ​បន្ត​កើតមាន”

    ធនាគារពិភពលោក (World Bank) បានចេញ​របាយការណ៍​ព្យាករ​ថ្មី​មួយ​ឱ្យដឹងថា កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​នឹង​នៅតែ​បន្ត​រក្សា​ភាពស្វាហាប់​ទៅមុខ ហើយ​ត្រូវបាន​ព្យាករ​ទុក​ថា​នឹង​កើន​ល្បឿន​បន្តិច​រហូតដល់​ទៅ 6.9ភាគរយ ក្នុង​ឆ្នាំ2018ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ​ក្នុង​វិស័យ​នាំចេញ​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់ អមដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ផងដែរ។

    យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ( Cambodia Economic Update ) ដែល​ត្រូវបាន​សម្ពោធ​នៅ​ខែឧសភា ឆ្នាំ2018នេះ​បង្ហាញថា ការចំណាយ​កាន់តែ​ច្រើនឡើង​របស់រ​ដ្ឋា​ភិ​បាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ចពិភពលោក​មាន​អំណោយផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាង​ស្វាហាប់​នៅក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿនលឿន​ផង សុទ្ធតែជា​កត្តា​ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើឱ្យ​កម្ពុជា​បន្ត​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់។

    ប៉ុន្តែ​យ៉ាងណាក៏ដោយ ហានិភ័យ​ក៏​នៅតែ​បន្ត​មាន​ដែរ ដែល​ក្នុងនោះ​រួមមាន​ការបាត់បង់​បន្តិចម្តងៗនូវ​ភាព​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​ដោយសារតែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​របស់កម្មករ ពំ​នូ​នគរ​នៃ​ភាព​ងាយ​រងគ្រោះ​ដែលមាន​មកជា​យូរ​មកហើយ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់ ភាពមិនច្បាស់លាស់​ដែល​អាច​កើតមាន​ជុំវិញ​ការបោះឆ្នោត ភាព​ញ័រ​រញ្ជួយ​ម្តងម្កាល​បណ្តាលមកពី​ការ​គាំពារ​និយម និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែលមាន​ជំនួញធំៗក្នុង​ពិភពលោក។

    លោកស្រី អុិន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា

    លោកស្រី អុ​ិ​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា​សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែមទៀត​ទៅលើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ហើយ​ស្របពេល​គ្នា​នោះដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែល​ធុរកិច្ច​ធុន​តូច និង​មធ្យម​កំពុង​ជួបប្រទះ។ ការវិនិយោគ​ទៅលើ​មនុស្ស​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈានទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន។

    របាយការណ៍​នេះ​បានធ្វើការ​កត់សម្គាល់ថា ប្រទេស​កម្ពុជា​អាចធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ចម្រុះ​ជាង​មុន និង​បង្កើត​ការងារ​បាន​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការកាត់បន្ថយ​ចំណាយរបស់​ក្រុមហ៊ុន​ទៅលើ​ដំណើរការ​បំពេញបែបបទ​បង្កើត​ក្រុមហ៊ុន ទៅលើ​ផ្នែក​ប្រតិបត្តិការ និង​ទៅលើ​ការធ្វើ​ហិរញ្ញប្បទាន។ របាយការណ៍​នេះ​ក៏បានផ្តល់​ផងដែរ​នូវ​អនុសាសន៍​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើការ​តាមឃ្លាំមើល​ឱ្យបាន​ដិតដល់​ទៅលើ​ដំណើរ​ស្ទុះ​ឡើង​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយ​រៀបចំ​ឱ្យមាន​គោលនយោបាយ​ប្រុងប្រយ័ត្ន​ជា​លក្ខណៈ​ម៉ាក្រូ ដែល​នឹង​ជួយ​បន្ថយ​វិសាលភាព​របស់​សកម្មភាព​ដែល​កេង​យកចំណេញ​នៅក្នុង​វិស័យ​ទាំងនេះ។

    ចំណែក​ការមកដល់​របស់​ភ្ញៀវទេសចរ​បាន​កើន​ដល់​ទៅ 11.8ភាគរយ នៅក្នុង​ឆ្នាំ2017 ប្រៀប​ទៅនឹង​កំណើន 5ភាគរយ​នៅក្នុង​ឆ្នាំ2016 ដោយសារ​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល​ក្នុងការធ្វើឱ្យមាន​ការហោះហើ​រ​កាន់តែច្រើន​មកពី​ក្នុង​តំបន់ រួមទាំង​ពី​ប្រទេស​ចិន​ផងដែរ ដែលជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍។ វិស័យ​កសិកម្ម​ក៏មាន​ការ​ស្ទុះ​ឡើង​ដែរ ជាមួយនឹង​ការពង្រីក​ផ្ទៃដី​ធ្វើ​ស្រូវ និង​ចម្ការកៅស៊ូ និង​ការ​ងើប​ឡើងវិញ​បន្តិចម្តងៗរបស់​តម្លៃ​កសិផល។

    លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​សិក្សា​ដើម្បី​ការអភិវឌ្ឍ​បាន​មានប្រសាសន៍​ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​ពីរ​យ៉ាង គឺ​កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង ដែលជា​មូលដ្ឋាន​ចាំបាច់​មិនអាច​ខ្វះ​បាន។ កត្តា​ខាងក្រៅ​គឺ​ត្រូវ​ពឹង​ផ្អែកលើ​ការនាំចេញ ដែលជា​មូលដ្ឋាន​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន និង​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស។ ចំណែក​កត្តា​ខាងក្នុង គឺជា​កត្តា​មិនអាច​ខ្វះ​បាន​ដែល​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​មូលដ្ឋាន​ខ្លួនឯង តាមរយៈ​ការពង្រឹង​ធនធានមនុស្ស និង​បច្ចេកទេស ដើម្បី​ពង្រឹង​នូវ​ធនធានមនុស្ស​តាមរយៈ​ការប្រើប្រាស់​ជំនាញ ហើយ​ទទួលបាន​ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាជន។

    គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ2015-2025 ដើម្បី​ពង្រឹង​មូលដ្ឋាន និង​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​ផ្លាស់ប្តូរ​និន្នាការ​ពី​កម្លាំង​ពលកម្ម​សុទ្ធសាធ ទៅប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ជំនាញ​ទើប​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ប្រជាជន​កម្ពុ​ជាមាន​ការរីក​ចម្រើន​កាន់តែ​មាន​ល្បឿនខ្លាំង​ឡើង៕

  • និយាយ​ពាក្យ​ជូនពរ​ទៅកាន់ Idol ពេជ្រ សោភា អាច​នឹងមាន​សំណាង​បាន​រង្វាន់​ធំ

    និយាយ​ពាក្យ​ជូនពរ​ទៅកាន់ Idol ពេជ្រ សោភា អាច​នឹងមាន​សំណាង​បាន​រង្វាន់​ធំ

    នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​ខួបកំណើត​របស់​កំពូល​តារាចម្រៀង ពេជ្រ សោភា​ហើយ។ ជា​តារាចំរៀង​ដែលជា​ទី​ពេញនិយម​មួយរូប យើង​សង្កេតឃើញ​មានការ​ចូលរួម​អបអរ​និង​ជូនពរ​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ ក្នុងនោះ​ក៏មាន​ក្រុម​ដែលជា​ដៃគូ​សហ​ការណ៍​របស់​អ្នកនាង​ផង​ដែង​នោះ​គឺ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO។

    គួរ​រំលឹក​ផងដែរ​ថា បើ​គិត​មកទល់ពេលនេះ កំពូល​តារាចម្រៀង ពេជ្រ សោភា​បាន​សហ​ការណ៍​ជាមួយនឹង​ក្រុមហ៊ុន OPPO ក្នុងការ​ធ្វើជា​អគ្គរាជទូត​សុច្ឆន្ទៈ មាន​រយៈពេល២ឆ្នាំ​ហើយ។ ហើយ​យើង​អាច​សង្កេតឃើញថា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​មួយ​នេះ​គឺ​ទទួលបាន​នូវ​ការ​ស្គាល់​និង​ពេញនិយម​ជាខ្លាំង​ពី​សំណាក់​អតិថិជន​នាពេល​បច្ចុប្បន្ន។

    តាមរយៈ​រូបភាព​ជូនពរ​មួយ​នោះ ក្រុមហ៊ុន OPPO បានធ្វើការ​អំពាវនាវ​ដល់​បណ្តារ​អ្នកគាំទ្រ​របស់​ទូរស័ព្ទ OPPO ក៏ដូចជា​អ្នកគាំទ្រ​របស់​អ្នកនាង ពេជ្រ សោភា​ទាំងឡាយ​ឲ្យ​ចូលរួម​សរសេរ​ពាក្យពេជន៍​ជូនពរ​ដែល​ខ្លួន​ចង់​និយាយ​ទៅកាន់​អ្នកនាង។ ស្របពេល​ជាមួយគ្នានេះដែរ អ្នក​ដែល​ចូលរួម​សរសេរ​ពាក្យ​ជូនពរ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ OPPO នោះ​នឹង​អាចមាន​ឱកាស​ឈ្នះ​នូវ​ទូរស័ព្ទដៃ​ស៊េរី​ថ្មី​គឺ OPPO R15 Pro។

    នេះ​ពិតជា​ឱកាស​ពិសេស​មែនទែន​ដែល OPPO រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ជូនពរ​ដល់​តារា​តំណាង​របស់ខ្លួន ហើយ​កាន់តែ​ពិសេស​នោះ​ការលើកទឹកចិត្ត​ដោយ​រង្វាន់ OPPO R15 Proនេះ​តែម្តង។ OPPO R15 Pro គឺជា​ម៉ូ​ដែល​សំខាន់​ស៊េរី​ខ្ពស់​របស់ OPPO ដែល​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​ចិន​ក៏ដូចជា​ប្រទេស​មួយចំនួនទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។ បច្ចុប្បន្ន​មិនទាន់មាន​វត្ត​មាននៅ​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​នៅឡើយ​ទេ តែបើ​តាម​ការ Post រូបភាព​ក្នុង​ផេ​ករ​បស់ OPPO កម្ពុជា វា​នឹង​មកដល់​ក្នុងពេលឆាប់ៗនេះ។

    លក្ខណៈពិសេសៗរបស់ OPPO R15 Pro មានដូចជា៖ ជា​ប្រភេទ​ទូរស័ព្ទ Full Screen ដែលមាន​អេក្រង់​ទំហំ6.28អ៊ិ​ញ កាមេរ៉ា​មុខ​ទំហំ 20MP កាមេរ៉ា​ក្រោយ​ភ្លោះ​មាន​ទំហំ 20MP+16MP មាន​RAM ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 128GB។ វា​ប្រើប្រាស់​នូវ Chipset: Qualcomm SDM660 Snapdragon 660 និង CPU: Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) ចំនែកឯ​កំលាំង​ថ្ម​វិញ​មាន​ទំហំ​3430mAh ហើយ​ថែមទាំង​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស VOOC។ ចំពោះ​តម្លៃ​វិញ យើង​អាច​ប៉ាន់ប្រមាណ​ថា​វា​អាច​នឹងមាន​តម្លៃ​ចាប់ពី៦០០ដុល្លារ ដល់៨០០ដុ​លា្ល​របើ​លក់​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

    ដូច្នេះ​សូមកុំ​ភ្លេច​ណា សម្រាប់​អ្នក​ដែល​និយម​គាំទ្រ​កំពូល​តារាចំរៀង ពេជ្រ សោភា សូម​ចូលទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់​OPPOដើម្បី​ទទួលបាន​នូវ​ពត៌មាន​លម្អិត​អំពី​ការចូលរួម​ធ្វើការ​ជូនពរ​ទាំងអស់​គ្នា ហើយ​លោកអ្នក​អាច​នឹង​ជា​អ្នក​មានសំណាង​ក្នុងការ​ឈ្នះ​រង្វាន់ OPPO R15 Pro ផងដែរ៕

  • Fred នឹង​ពិនិត្យ​សុខភាព​ជាមួយ Man Utd ថ្ងៃ​ចន្ទ​នេះ មុន​ផ្ទេរ​ចូលក្នុង​តម្លៃ 53លាន​ផោន

    Fred នឹង​ពិនិត្យ​សុខភាព​ជាមួយ Man Utd ថ្ងៃ​ចន្ទ​នេះ មុន​ផ្ទេរ​ចូលក្នុង​តម្លៃ 53លាន​ផោន

    Fred ត្រូវបាន​រំពឹងទុក​ថា នឹង​បំពេញ​ការផ្ទេរ​របស់គេ​ក្នុងតម្លៃ​ខ្លួន 53លាន​ផោន (ស្មើនឹង 71លាន​ដុល្លារ​អាមេរិក) ទៅកាន់​ក្លិប Manchester United ក្នុង​រយៈពេល 24ម៉ោង​ទៀត ក្រោយពី​រូបគេ​បាន​ចាក​ចេញពី​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដើម្បី​ទទួល​ការពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ចន្ទ​នេះ។

    ខ្សែបម្រើ​របស់​ក្លិប Shakthar Donetsk រូបនេះ ដែល​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 2-០ លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី កាលពី​ថ្ងៃអាទិត្យ​នោះ នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់លោក Jose Mourinho នា​រដូវក្តៅ​នេះ។

    កីឡាករ​វ័យ 25ឆ្នាំ​រូបនេះ បាន​ស្ថិតក្នុង​ការពិភាក្សាផ្សេងៗ ជាមួយនឹង​ក្លិប​មាន​មូលដ្ឋាន​នៅ​កីឡដ្ឋាន Old Trafford មួយ​នេះ ក្រោយពី​ការផ្ទេរ​ទៅកាន់​ក្លិប Man City កាលពី​ខែមករា​មុននេះ​ទទួល​បរាជ័យ ហើយ​លោក Tite គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ចង់ឱ្យ​ការផ្ទេរ​នេះ ត្រូវបាន​បំពេញ​នៅ​មុនពេល​យុទ្ធនាការ World Cup។

    លោក Titeបានឱ្យដឹងថា៖ « វា​មិនអាច​ជៀស​រួច ដែល​ពេល​នៅ ឡើង​កើត ករណីនេះ ពួកគេ​នឹង​មកជួប​យើង ហើយ​ការណែនាំ​របស់​យើង​ទៅកាន់​ពួកគេ​គឺថា ដោះស្រាយ​បញ្ហា​នេះ​ឱ្យ បាន​ឆាប់​តាម​ដែល​អាច ហេតុនេះ អារម្មណ៍​របស់​អ្នកនឹង​ស្ថិតនៅ​ជាមួយនឹង​យើង ហើយ​និង​ផ្តោតលើ​ក្រុម​ជម្រើសជាតិ»។

    Fred បាន​ចូលរួម​ជាមួយនឹង​ក្លិប Shakhtar ដោយ​ចេញពី​ក្លិប​ប្រេ​ស៊ី​ល Internacional កាលពី​ឆ្នាំ2013ហើយ​ចាប់តាំងពី​ពេល​នោះមក​បានបង្ហាញ​ខ្លួន​ច្រើនជាង 150លើក​សម្រាប់​ក្លិប​របស់​អ៊ុយ​ក្រែ​ន​មួយ​នេះ៕

    ប្រភពពី៖ Daily Mail

  • Neymar រកបាន​គ្រាប់​បាល់​ដ៏​ល្អ​នៅ​ថ្ងៃ​វិល​ពីរ​បួស ជួយ​ប្រេ​ស៊ី​ល ផ្តួល​ក្រូ​អាស៊ី

    Neymar រកបាន​គ្រាប់​បាល់​ដ៏​ល្អ​នៅ​ថ្ងៃ​វិល​ពីរ​បួស ជួយ​ប្រេ​ស៊ី​ល ផ្តួល​ក្រូ​អាស៊ី

    ខ្សែប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ថ្ងៃ​នៃ​ការវិល​ចូល​លេង​ជាថ្មី​ឡើងវិញ ក្រោយពី​អវត្តមាន​អស់​រយៈពេល 3ខែ​ដោយសារតែ​បញ្ហា​របួស ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​កម្តៅ​សាច់ដុំ​សម្រាប់​យុទ្ធនាការ World Cup ជាមួយនឹង​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នា​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ។

    កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​រូបនេះ បាន​អវត្តមាន​តាំងពី​ថ្ងៃទី25 ខែកុម្ភៈ ដែល​នៅពេលនោះ​រូបគេ​បាន​បាក់ឆ្អឹង​ប្រអប់ជើង និង​របួស​កជើង ក្នុងពេល​លេង​ឱ្យ​ក្រុម Paris St Germain ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ករ​បស់​បារាំង​ជាមួយនឹង​ក្រុម Olympique de Marseille។ Neymar អតីត​តារា​ឆ្នើម​របស់​ក្លិប Barcelona ដែលជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ប្រេ​ស៊ី​ល​ក្នុងការ​ប្រជែង​ពាន World Cup នៅ​រុស្ស៊ី បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី2 និង​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ខ្លួន​ឈ្នះ​ការប្រកួត​នេះ​នៅ​នាទី​ទី69។

    Neymar ត្រូវការ​រយៈពេល​ត្រឹមតែ 23នាទី​ប៉ុណ្ណោះ​ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​ដែល​រូបគេ​មាន​ទៅលើ​ក្តីសង្ឃឹម​របស់​ប្រេ​ស៊ី​ល​ក្នុងការ​ប្រជែង​ពាន World Cup ជា​លើក​ទី6 របស់​ពួកគេ។ កីឡាករ​បម្រុង​ម្នាក់ទៀត Roberto Firmino បានផ្តល់​ការរីករាយ​ដល់​អ្នកគាំទ្រ​របស់​ក្រុម Liverpool នា​កីឡដ្ឋាន Anfield តាមរយៈ​ការរក​គ្រាប់​បាល់​ទី2 នៅ​ជិត​ពេល​បញ្ចប់​ការប្រកួត ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​ប្រអប់​គ្រោះថ្នាក់។

    លោក Titeគ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បានឱ្យដឹងថា៖ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ជាមួយនឹង​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នេះ៕

    ប្រភពពី៖ Sport24

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 128

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 128

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/06/LRPN_128-Final-For-Web.pdf” force_dl=”1″]

  • ពូជស្រូវ​ថ្មី 2ប្រភេទ​នឹង​បង្ហាញ​ទិន្នផល-គុណភាព​ពិតប្រាកដ​នៅ​ចុង​ឆ្នាំនេះ

    ពូជស្រូវ​ថ្មី 2ប្រភេទ​នឹង​បង្ហាញ​ទិន្នផល-គុណភាព​ពិតប្រាកដ​នៅ​ចុង​ឆ្នាំនេះ

    វិស័យ​កសិកម្ម​របស់​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​ការរីកចម្រើន​នៃ​វិស័យនេះ​បានរួម​ចំណែក​ធ្វើឱ្យមាន​ការរីកចម្រើន​ដល់​សេដ្ឋកិច្ច​ជារួម​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។ “យើង​មានមោទនភាព​ចំពោះ​វិស័យ​កសិកម្ម​របស់​យើង​ដែល​ក្នុង​ឆ្នាំ 2017 – 2018 នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ដែល​ក្នុងនោះ​លទ្ធផល​ស្រូវ​សរុប​ប្រមាណ 10លាន 5ម៉ឺន 2ពាន់​តោន កើនឡើង 5.7% និង​មាន​អតិរេក​ស្រូវ​ជាង 5លាន 5សែន 6ម៉ឺន​តោន និង​វារីវប្បកម្ម​កើនឡើង​ប្រមាណ20% ធៀប​នឹង​ឆ្នាំមុន ដែល​នេះ​ជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា។ នេះ​ជា​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​លើ​វិស័យ​កសិកម្ម។

    ជាមួយនឹង​មោទនភាព​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់  និង​នេសាទ (CADI) បានផ្តល់​នូវ​ពូជស្រូវ​ថ្មី​ដ៏​ល្អ​មួយ​ប្រភេទ​ឈ្មោះ “ផ្កាមាលតី”សម្រាប់​ចែកចាយ​បន្ត​ទៅដល់​កសិករ​ដើម្បី​យកទៅ​ដាំ​សាកល្បង​នៅក្នុង​រដូវវស្សា​ឆ្នាំនេះ​ដើម្បី​ធ្វើការ​ប្រៀបធៀប​ទិន្នផល​ជាមួយ​ពូជស្រូវ​ផ្សេងទៀត​នាពេល​អនាគត។

    ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​អះអាងថា មន្ត្រី​ជំនាញ​របស់​ក្រសួង​គ្រោង​នឹង​ចុះទៅ​ផ្សព្វផ្សាយ​ពី​ប្រភេទ​ពូជស្រូវ​ផ្កាមាលតី​នេះ​ជូន​ដល់​ប្រជាកសិករ​នា​ចុងខែ​ឧសភា​នេះ​ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ដាំ​ដុះ និង​អត្ថប្រយោជន៍​ពី​ប្រភេទ​ពូជស្រូវ​ដែល​ទើបនឹង​រកឃើញ​នេះ។

    លោក​បណ្ឌិត អ៊ុក ម៉ា​កា​រា ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បានបញ្ជាក់​ឱ្យដឹងថា តាម​គម្រោង​ក្នុង​ឆ្នាំ 2018នេះ ក្រសួងកសិកម្ម​នឹង​ផ្តល់​ពូជស្រូវ​ថ្មី​ប្រភេទ​ផ្កាមាលតី​នេះ​ជូន​កសិករ​សម្រាប់ធ្វើ​កា​រ​ដាំ​ដុះ​សាកល្បង​ចំនួន 50គ្រួសារ​តាមរយៈ​ស្រែ​បង្ហាញ​ជាង 50ហិកតា ប៉ុន្តែ​ប្រសិនបើ​កសិករ​ណា​ចាប់អារម្មណ៍​ចង់​ដាំ​ដុះ​ពូជស្រូវ​ប្រភេទ​ថ្មី​នេះ អាចមក​ទាក់ទង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ឬ​តាម​មន្ទីរ​កសិកម្ម​នៅតាម​បណ្តា​ខេត្ត​នានា​បាន។

    លោក​បណ្ឌិត​បាន​បន្តថា ពូជស្រូវ​ផ្កាមាលតី​ដែល​បង្កាត់​បញ្ចូល​គ្នា​រវាង​ស្រូវ​ផ្ការំដួល និង​ខា3 នេះ ជា​ពូជស្រូវ​ក្រអូប​ប្រណីត​ដែល​ធន់​ជា​មធ្យម​នឹង​ភាពរាំងស្ងួត ទឹកជំនន់ និង​ការ​ដួល​ដើម ព្រមទាំងទទួលបាន​បរិមាណ​ទិន្នផល​ខ្ពស់​ពី​ជាង 3តោន ទៅដល់ 6តោន​ក្នុង​មួយ​ហិកតា ទៅតាម​ប្រភេទ​ដី ឬ​ទឹក​គ្រប់គ្រាន់។ លោក​បណ្ឌិត​បាន​ពន្យល់​ថា ពូជស្រូវ​ថ្មី​នេះ​មាន​ក្លិនក្រអូប​ឈ្ងុយ​ដូច​ផ្ការំដួល ហើយ​គ្រាប់​អង្ករ​រលោង​ភ្លឺ​ដែល​គេ​រំពឹងថា នឹង​ទទួលបាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ផងដែរ។

    សូមបញ្ជាក់ថា កាលពី​ឆ្នាំ2017 ក្រុម​អ្នកស្រាវជ្រាវ​កសិកម្ម​បាន​ចាប់ផ្តើម​ធ្វើការ​ពិសោធ​ស្រាវជ្រាវ​ដើម្បី​បន្សុទ្ធ​ពូជស្រូវ​ថ្មី អម្បូរ​ពូជស្រូវ​សែន​ក្រអូប​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស។ ក្រុម​កសិករ​ចំនួន 28សហគមន៍​នៅ​ទូទាំងប្រទេស​បានចាប់ផ្តើម​សាប​ពូជស្រូវ​ថ្មី​នៅលើ​ដីស្រែ​របស់ខ្លួន​ដើម្បី​ពិសោធ​ជាបឋម​នូវ​សែស្រឡាយ​ស្រូវ​សែន​ក្រអូប​ចំនួន 3ពូជ បន្ទាប់ពី​វិទ្យាស្ថាន​ខាងលើ​បាន​សម្រិតសម្រាំង​ជាង 2ឆ្នាំ​រួចមក។ វា​ជា​ប្រភេទ​ស្រូវ​ដែល​មិន​ប្រកាន់​រដូវ​ដាំ​ដុះ​ឡើយ ដោយ​ប្រជាកសិករ​អាចធ្វើ​ការដាំ​ដុះ​បាន2 ទៅ3ដង​ក្នុង 1ឆ្នាំ និង​ទទួលបាន​ទិន្នផល​ខ្ពស់​ចន្លោះ​ពី 5.5 ទៅ 6តោន​ក្នុង 1ហិកតា។ ពូជស្រូវ​សែស្រឡាយ​ថ្មី​សែន​ក្រអូប​នេះ​អាចនឹងទទួល​ផល​នៅ​ចុងឆ្នាំ 2018ខាងមុខ ហើយ​វា​អាចជា​ប្រភេទ​ស្រូវ​ថ្មី​មួយ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ។

    នៅ​កម្ពុជា​សព្វថ្ងៃ មានពូជ​ស្រូវសំខាន់ៗដែល​កសិករ​កំពុង​ដាំ​ដុះ​រហូតដល់​ជាង 500ពូជខុសៗគ្នា ប៉ុន្តែ​បច្ចុប្បន្ននេះ​ពូជស្រូវ​ផ្ការំដួល ជា​ប្រភេទ​ពូជ​ដែល​កសិករ​ពេញនិយម​ដាំ​ច្រើនជាងគេ ព្រោះ​វា​មានគុណ​ភាពល្អ ក្រអូប​ឈ្ងុយឆ្ងាញ់ គ្រាប់​រលូន ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ1 ជា​អង្ករ​ល្អ​បំផុត​នៅលើ​ពិភពលោក។ តែ​ជា​អកុសល​ចំណាត់ថ្នាក់​លេខ1 របស់​អង្ករ​កម្ពុជា​បាន​ត្រូវ​បាត់បង់​ដោយ​អ្នកជំនាញ​មិនទាន់​រក​មូលហេតុ​ឃើញ​នៅឡើយ តែ​ជំនួស​មកវិញ​នូវ​ស្រូវពូជថ្មីៗដែល​កំពុងតែ​ស្វែងរក​ការគាំទ្រ និង​ទីផ្សារ។

    ដោយឡែក​នៅ​ដើមខែ​ឧសភា​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​បានឱ្យដឹងថា កម្ពុជា​មានបំណង​យក​ពូជស្រូវ​មួយ​ប្រភេទ​ទៀត គឺ​ស្រូវ​គ្រាប់​កន្តុល (TropicalJaponica) មក​ដាំ​នៅក្នុង​ប្រទេស ក្រោយពី​បាន​ពិសោធ​ហើយ​ឃើញថា ពូជស្រូវ​ប្រភេទ​នេះ​អំណោយផល​ជាមួយនឹង​ដី និង​អាកាសធាតុ​នៅ​កម្ពុជា។ ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ដាំ​ដំណាំ​ស្រូវ​ប្រភេទ​គ្រាប់​កន្តុល​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់ថា ពូជស្រូវ​គ្រាប់​កន្តុល​តំបន់​ត្រូ​ពិ​ក (Japonica) នេះ​ត្រូវបានធ្វើ​ការពិសោធ​លើ​ការដាំដុះ​នៅ​ក្នង​ទឹកដី​ខេត្តកំពង់ស្ពឺ​រួចហើយ ឃើញថា​ទទួលបាន​ទិន្នផល​ស្រូវ​ខ្ពស់​ប្រមាណ​ពី 5 ទៅ 6តោន​ក្នុង 1ហិកតា។

    លោក​មានប្រសាសន៍ថា គម្រោង​វិនិយោគ​លើ​ដំណាំ​ស្រូវ​មួយ​នេះ មាន​ផែនការ​សហការ​ជាមួយ​កសិករ​ដើម្បី​ដាំ​ដុះ​លើ​ផ្ទៃដី 20ម៉ឺន​ហិកតា​ក្នុង​គោលបំណង​បង្កើន​ទិន្នផល​ស្រូវ​សម្រាប់​ផលិត​អង្ករ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដែលមាន​តម្រូវការ​លើ​អង្ករ​ប្រភេទ​នេះ​ខ្ពស់។ លោក​បាន​បន្តថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពូជស្រូវ និង​កែច្នៃ​អង្ករ​ទំនើប​ហ៊ូ​ណាន ពី​ប្រទេស​ចិន​មាន​គម្រោង​សាងសង់​រោងចក្រ និង​ឃ្លាំង​ស្តុក​ស្រូវ​ដ៏​ទំនើប​មួយ​ដើម្បី​កែច្នៃ​អង្ករ​ប្រកបដោយ​គុណភាព​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ការនាំចេញ​អង្ករ​ដែល​ផលិត​បាន​ទៅកាន់​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ី។

    បើតាម​ការអះអាង​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​បានឱ្យ​ដឹងថា ចំពោះ​ពូជស្រូវ​កន្តុល​មកពី​ចិន​វិញ ខាង​វិទ្យាស្ថាន​យើង​មិន​ធ្លាប់បាន​ធ្វើការ​សាកល្បង​នៅឡើយ តែ​ខាង​វិទ្យាស្ថាន​ធ្លាប់បាន​អះអាង​ពី​ពូជស្រូវ​ផ្កាមាលតី ជា​ពូជ​ដែល​បង្កាត់​ចេញពី​ពូជ​ផ្ការំដួល​ដោយ​ធ្វើឱ្យមាន​ភាព​ធន់​ទ្រាំ​នឹង​ភាព​រីងស្ងួត និង​ដួល​ដើម ហើយ​មាន​គុណភាព​អង្ករ​ល្អ​ដូច​ផ្ការំដួល ដូច្នេះ​ចំពោះ​ទីផ្សារ​វិញ គឺ​ច្បាស់​ជា​មិនមាន​បញ្ហា​ទេ។

    ខាង​វិទ្យាស្ថាន​ក៏បាន​ឱ្យដឹង​ដែរ​ថា៖ “ពូជស្រូវ​ផ្កាមាលតី​នេះ មិនទាន់​ចែកចាយ​ជូន​កសិករ​ទេ​ក្នុងឆ្នាំនេះ ព្រោះ​កំពុង​ពង្រីក​គ្រាប់ពូជ​សម្រាប់​ផ្សព្វផ្សាយ​ឆ្នាំក្រោយ ក៏ប៉ុន្តែ​កសិករ​មួយចំនួន​នៅ​ខេត្តតាកែវ ព្រៃវែង និង​ពោធិ៍សាត់​ដែល​សាកល្បង​កាលពី​ឆ្នាំទៅ​គាត់​អាច​ពង្រីក​ការដាំដុះ​បាន។

    បើ​យោងតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​កសិកម្ម អង្គការ សេ​ដាក បានឱ្យដឹងថា ចំពោះ​ពូជស្រូវ​កន្តុល (TropicalJaponica) នេះ ជា​ពូជ​ត្រូវការ​ត្រជាក់ ជា​ពូជ​ស្រូវស្រាល​ដែល​អាច​ទទួលបាន​ទិន្នផល​ពី 7-8តោន​ក្នុង1ហិកតា។ ការនាំមក​កម្ពុជា​គឺ គេ​ចង់បាន​ការពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ក្នុង​តំបន់។ សេ​ដាក ក៏​ធ្លាប់​បានដឹង​ពី​ការសាកល្បង​ពូជស្រូវ​កន្តុល​នេះ​នៅ​ខេត្តបាត់ដំបង​ដែរ តែ​កាលនោះ​មិន​ទទួលបាន​ទិន្នផល​ខ្ពស់​ទេ គឺ​បានត្រឹមតែ3 ទៅ 3,5ប៉ុណ្ណោះ​ក្នុង 1ហិកតា។

    លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ សេ​ដាក បាន​មានប្រសាសន៍​ឱ្យដឹងថា ប្រសិនបើ​ពូជស្រូវ​ថ្មី​គឺ​ពូជស្រូវ​ផ្កាមាលតី និង​ពូជស្រូវ​កន្តុល​ទាំងពីរ​នេះ​ប្រជែង​គ្នា​ក្នុង​ទីផ្សារ លោក​យល់ថា ការដណ្តើម​ទីផ្សារ​គេ​ត្រូវ​ការមើល​ទៅលើ​ខ្នាត ទំហំ ក្លិន រសជាតិ​ហើយ​ពូជ​ទាំងពីរ​នេះ​ជា​ពូជ​ថ្មី ត្រូវការ​បង្ហាញ​ឱ្យ​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​ឱ្យគេ​បាន​ស្គាល់​សិន។

    ចំពោះ​ពូជស្រូវ​ផ្កាមាលតី​ត្រូវ​ការឱ្យ​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​ស្គាល់​ពី​គុណភាព​សិន​ថា តើ​អាច​មានគុណ​តម្លៃ​ដូច​ប្រភេទ​ស្រូវ​ល្បីចាស់ៗ ដូចជា​ផ្កាម្លិះ រំដួល រំដេង​ដែរឬទេ? ព្រោះ​ពូជ​ទាំងនោះ​ពុំទាន់​ដណ្តើម​ទីផ្សារ​បាន​នៅឡើយ។

    លោក​ពន្យល់ថា បើ​ប្រៀបធៀប​ទៅ រសជាតិ​នៃ​អង្ករ​របស់​ពូជ​ស្រូវពូជ​ទាំងពីរ​នេះ ខុសគ្នា​តែ​បន្តិច​ទេ ដោយ​ផ្កាមាលតី​មាន​ភាព​រឹង​ជាង ខុសពី​ពូជស្រូវ​កន្តុល​ដែលមាន​ភាព​ទន់​ជាង តែបើ​ដាក់លក់​ក្នុង​ទីផ្សារ​ពូជស្រូវ​កន្តុល​អាច​ថ្លៃ​ជាង ព្រោះ​ទាក់ទង​ទៅនឹង​ការផលិត ដោយសារ​សីតុណ្ហភាព​មិន​អាច​ដូច​ពូជ​ក្នុងស្រុក​ទេ។ ម្យ៉ាង​ការផលិត​មានតម្លៃ​ថ្លៃ ទិន្នផល​វិញ​ក៏​មិនទាន់​ខ្ពស់់។ លោក​បន្តថា សូម្បីតែ​ម៉ាស៊ីនកិនស្រូវ​ក៏​គេ​មាន​លក្ខណៈផ្សេង​ដោយឡែក​ដែរ មិនអាច​ប្រើ​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​បានទេ។

    ដូច្នេះ​បើ​ចំណាយ​ក្នុង​ការផលិត​ខ្ពស់ តម្លៃ​លក់​ក៏​ខ្ពស់​ដែរ។ តែបើ​គេ​ដាំ​ពូជស្រូវ​កន្តុល​នេះ​បាន​ក្នុង​ទិន្នផល​ល្អ វេច​ខ្ចប់​ក្នុង​លក្ខណៈ​មួយ​ដែល​តម្រូវ​តាម​ផ្សារ​ទំនើប មិនមែន​ទីផ្សារ​សាមញ្ញ​នោះ គេ​អាច​នាំ​ចេញទៅ​ប្រទេសជិតខាង​ក្នុង​តំបន់​បាន៕

  • មុន​ចាប់ផ្តើម​អាជីវកម្ម អ្នក​គួរ​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន​គោលដៅ​ជាមុនសិន

    មុន​ចាប់ផ្តើម​អាជីវកម្ម អ្នក​គួរ​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន​គោលដៅ​ជាមុនសិន

    ការបង្កើត​អាជីវកម្ម​មួយ​មិនមែនជា​ការលំបាក​នោះទេ ប៉ុន្តែ​ការលំបាក​គឺ ធ្វើយ៉ាងណា​ដើម្បីឱ្យ​អាជីវកម្ម​ដំណើរការ​ទៅមុខ​បាន​រហូត មិនមាន​ឈប់​ឬ​បញ្ចប់​កណ្ដាល​ទីនោះ​ឡើយ ហើយ​ដើម្បីឱ្យ​អាជីវកម្ម​ដំណើរការ​ទៅមុខ​បាន​ជោគជ័យ លុះត្រាតែ​អ្នកជំនួញ​បង្កើត​អតិថិជន​គោលដៅ​ជាមុន ដែល​នេះ​ជាការ​លើកឡើង​របស់លោក ឆាក់ សុជាតិ អ្នកជំនួញ​វ័យក្មេង​ម្នាក់​នៅ​កម្ពុជា។

    លោក ឆាក់ សុជាតិ ដែលជា​អគ្គនាយក​ក្រុមហ៊ុន Three Natural Life មានប្រសាសន៍ថា​បច្ចុប្បន្ន​លោក​មាន​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន4 នៅក្នុង​ដៃ ដោយ​ក្រុមហ៊ុន​ទាំងនោះ​មានដូចជា ក្រុមហ៊ុន​ផលិត​សាប៊ូ​ម៉ាក Dr. Natural ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ ក្រុមហ៊ុន​ផលិត​ប្រេងឆា និង​ស្ករស ជាដើម​ដែល​ផលិតផល​ទាំងនេះ​កំពុងមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​នៅ​ទូទាំងប្រទេសកម្ពុជា។

    ពិសេស​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​ដែល​ចំណាយ​ទុន​ប្រមាណ​ជា 5លាន​ដុល្លារ​សាងសង់ឡើង បច្ចុប្បន្ន​ផលិត និង​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​មិន​គ្រប់​ទៀតផង ហើយ​កំពុង​ពិចារណា​សហការជាមួយ​វិនិយោគិន​បរទេស​ដើម្បី​បោះទុន​វិនិយោគ​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម នេះ​ឱ្យ​កាន់តែ​ធំ​បំពេញតម្រូវការ​អតិថិជន​ឱ្យបាន​គ្រប់គ្រាន់ ចំណែក​ផលិតផល​ដទៃទៀត​ទន្ទឹមគ្នា​នោះ​ក៏​កំពុងមាន​ការគាំទ្រ​ច្រើន​គួរសម​ពី​អតិថិជន​ដែរ។

    លោក​ថា មុននឹង​សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង លោក​មិនមែន​ធ្វើ​ទៅតាម​ក្តី​ស្រមៃ ឬ​តាម​ការស្រឡាញ់ ឬ​ធ្វើ​ទៅតាម​ការនឹកឃើញ​នោះទេ ពោលគឺ​មុននឹង​បង្កើត លោក​បាន​សិក្សា​ពី​ទីផ្សារធ្វើ​ផែនការ​ច្បាស់លាស់ និង​ទំនាក់ទំនង​ជាមួយ​អតិថិជន​គោលដៅ​បានជា​ច្រើន ហើយ ដូចជា​ទំនាក់ទំនង​នៅក្នុង​សិក្ខាសាលា ការតាំង​ពិ​ព័​ណ៍​ពាណិជ្ជកម្ម ការចូលរួម​កម្មវិធីផ្សេងៗ និង​ទំនាក់ទំនង​សង្គម​ខាងក្រៅ​ទៀតផង “មុននឹង​ចាប់ផ្តើម ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន​គោលដៅ​របស់ខ្ញុំ​បាន​ប្រហែល 30 ទៅ40%រួចទៅហើយ។ បង​ដឹង​ទេ? សម្រាប់​ផលិតផល​មួយ​បើសិន​មាន​អតិថិជន​គាំទ្រ​ពី10 ទៅ20%រួចហើយនោះ វា​នឹង​ដើរទៅ​មុខ​ដោយ​រលូន​ចុះ​ចំណែក​ខ្ញុំ​ដែល​បាន​ទំនាក់ទំនង30 ទៅ40%នៃ​អតិថិជន​គោលដៅ​រួចហើយនោះ វា​ប្រាកដ​ណាស់​ថា ទំនិញ​ខ្ញុំ​ប្រាកដជា​ទទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ​មិន​ខាន។

    លោក​បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​អតិថិជន​ដែល​លក់​ផលិតផល​ទាំង​ប៉ុន្មាន​មុខ​ខាងលើនេះ គឺ​មាននៅ​ពាសពេញ​ប្រទេស នៅទីណា​ក៏​ជា​អតិថិជន​របស់​យើង​ដែរ ដូច្នេះ​ពេល​ដើរទៅ​ណា​មក​ណាត្រូវបង្កើត​ទំនាក់ទំនង (Build Connection) ជាប់​ជាប្រចាំ ប៉ុន្តែ​យើង​ត្រូវតែ​មើល​ដែរ​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែលជា​អតិថិជន​គោលដៅ​ពិតប្រាកដ​របស់​យើង “ខ្ញុំ​ឧទាហរណ៍​ថា យើង​បង្កើត​គម្រោង​លក់​អចលនទ្រព្យ ដីធ្លី ផ្ទះល្វែង ឬ​ផ្ទះ​វីឡា​ជាដើម ហើយ​បើ​យើង​ទៅ​ទំនាក់ទំនង​ជាមួយ​សិស្ស-និស្សិត ឬ​ប្រជាជន​តាម​ទីជនបទ សួរថា តើ​ពួកគាត់​មាន​ប្រាក់​ទិញ​ផលិតផល​អចលនទ្រព្យ​របស់​យើង​ដែរឬទេ?

    ដូច្នេះ​អតិថិជន​របស់​យើង​គឺ អ្នកធ្វើការ​រាជការ អ្នកធ្វើការងារ​ឯកជ​ន ឬ​អ្នកជំនួញ​ជាដើម អ៊ីចឹង​មុននឹង​ចាប់ផ្តើម​អាជីវកម្ម​អ្វីមួយ​ត្រូវ​សម្លឹងមើល​អតិថិជន​គោលដៅឱ្យចំៗ ចៀសវាង​ការបរាជ័យ។

    លោក​បន្តថា ក្រៅតែពី​ទំនាក់ទំនង​ក្នុង​ការងារ លោក​ក៏​តែង​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សង្គម​ខាងក្រៅ​ឱ្យបាន​កាន់តែច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ផងដែរ ទោះជា​ពេលខ្លះ​គេ​មិន​ចាប់អារម្មណ៍​ជាមួយ​យើង​ក៏ដោយ ក៏​យើង​នៅតែ​រក​វិធីសាស្ត្រ​និយាយ​ជាមួយ​គេ​ដោយ​ស្និទ្ធស្នាល​ឱ្យបាន។

    ត្រង់ចំណុច​នេះ​លោក​បានលើកឡើង​តាមរយៈ​បទពិសោធ​ផ្ទាល់ខ្លួន​ថា​ថ្ងៃមួយ ថ្ងៃ​ដែល​មិត្ត​ភ័ក្តិ​របស់លោក​រៀបការ​គឺជា​ថ្ងៃ​ដែល​លោក​ត្រូវ​ឡើង​យន្តហោះ​ទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស​ដែរប៉ុន្តែ​យ៉ាងណា​ក៏​លោក​បាន​ឆ្លៀតពេល​ទៅមុន​ម៉ោង​ទៅ​ចងដៃ​ជូនពរ​មិត្ត​ភ័ក្តិ​ឱ្យបាន​មួយ​ភ្លែត​ក៏​គ្នា​អស់ចិត្ត​ដែរ។ រឿង​មួយទៀត អតីត​បុគ្គលិក​របស់​លោក​ម្នាក់ ដែល​ឈប់​ធ្វើការ​យូរ​ឆ្នាំ​មកហើយ បានមក​អញ្ជើញ​ការ​នៅឯ​ខេត្ត​ឆ្ងាយ ក៏​លោក​មិន​បោះបង់ចោល​ដែរ លោក​សុខចិត្ត​ចំណាយ​ប្រាក់​ចាក់​សាំង​រថយន្ត​ធ្វើដំណើរ​តែម្នាក់ឯង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដើម្បី​បាន​ចូលរួម​មង្គលការ​របស់​អតីត​បុគ្គលិក​ម្នាក់​នោះ លើកទឹកចិត្ត​ដល់​អ្នក​ដែល​គេ​ធ្លាប់ធ្វើ​ការឱ្យ​យើង ដែល​គេ​ធ្លាប់ជួយ​ឱ្យ​ក្រុមហ៊ុន​យើង​ដំណើរការបាន​រហូតមក​ទល់​បច្ចុប្បន្ន។

    ងាក​មក​មើល​ទីផ្សារ​បច្ចុប្បន្ន​វិញ មិន​ខ្វះ​ទេ​អ្នកជំនួញ​បរាជ័យ ពោលគឺ​ក្នុងចំណោម​អ្នកបង្កើត​ក្រុមហ៊ុន​ចំនួន 100នាក់ មាន​ចន្លោះ​ពី50 ទៅ80%ហើយ​ដែល​បរាជ័យ ដោយសារ​ពួកគាត់​បង្កើតឡើង​ដោយ​មិនបាន​រៀបចំ​គម្រោង​ផែន​ការឱ្យ​ច្បាស់ និង​មិនបាន​បង្កើត​អតិថិជន​គោលដៅ​ជាមុន។ ដោយ​ពួកគេ​ទាំងនោះ ភាគច្រើន​ជា​អ្នកមាន​លុយ មិន​ចូលចិត្ត​ធ្វើការ​ឱ្យគេ បង្កើត​ក្រុមហ៊ុន​ទៅតាម​ការនឹកឃើញ ទៅតាម​ការស្រឡាញ់ ដើម្បីឱ្យ​គ្រាន់​តែមាន​ការងារ​ធ្វើ​បំបាត់​ការ​អផ្សុក​តែប៉ុណ្ណោះ អារម្មណ៍​បែបនេះ​នៅពេល​ធ្វើយូរៗទៅនឹង​ធុញ ហើយនឹង​ឆាប់​បោះបង់ចោល​មិន​ខាន។

    លោក ឆាក់ សុជាតិ អគ្គនាយក​ក្រុមហ៊ុន Three Natural Life

    សម្រាប់​បទពិសោធ​ផ្ទាល់​របស់​សហគ្រិន​វ័យក្មេង​រូបនេះ ដើមឡើយ​លោក​កើតចេញពី​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​មួយ ដោយសារតែ​ស្ថានភាព​គ្រួសារ​ជួប​ការលំបាក ជាប់បំណុល​ធនាគារ​ដោះ​ស្រាយមិន​ចេញ ក៏​ដាច់ចិត្ត​ធ្វើដំណើរ​មក​ភ្នំពេញ រៀន​បណ្តើរ​រក​ការងារ​ធ្វើ​បណ្តើរ មុនដំបូង​ធ្វើការ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែលមាន​ប្រាក់ខែ 200ដុល្លារ។ លុះ​ធ្វើការ​យូរ​ទៅ​ក្រុមហ៊ុន​មាន​ទំនុកចិត្ត​ក៏​លក់​ភាគហ៊ុន​ចំនួន 3%មកឱ្យ​ក្នុង​ទឹកប្រាក់ 2ពាន់​ដុល្លារ។

    កាលណោះ​ដោយសារ​ឃើញ​សក្តានុពល​នៃ​វិស័យ​សារព័ត៌មាន លោក​ក៏បាន​សម្រេចចិត្ត​ទិញ​ទាំង​មិនមាន​លុយ​នៅជាប់​ខ្លូន​មួយ​រៀល​សោះ។ នៅពេល​ទិញ លោក​បាន​សុំ​ប្រធាន​បង់​ពាក់កណ្តាល​សិន (ស្មើនឹង1,000ដុល្លារ) លុះដល់​ប្រធាន​យល់ព្រម លោក​ក៏​ដាច់ចិត្ត​ទៅ​ខ្ចីលុយ​មិត្ត​ភ័ក្តិ​របស់​បងប្រុស​របស់​លោក​មក​ទិញ​ភាគហ៊ុន​នោះ។ ក្រោយមក​លោក​ក៏បាន​លក់​ភាគហ៊ុន​នោះ​បន្ត ដោយ​ចំណេញ​បាន​ប្រាក់​មួយចំនួនធំ ទើប​ចាប់ផ្តើម​ចេញទៅ​រកស៊ី​ផ្ទាល់ខ្លួន ធ្វើ​រោងចក្រ​ផលិត​ប្រេងឆា ស្ករស​លក់​នៅតាម​ទីផ្សារ​នានា លុះ​មានការ​គាំទ្រ​ច្រើន​ហើយ ក៏បាន​សហការ​ជាមួយ​អ្នកវិនិយោគ​បរទេស​សាងសង់​ក្រុមហ៊ុន​ផលិត​សាប៊ូ និង​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​ឡើង ចែកចាយ​បន្ថែមទៀត​នៅលើ​ទីផ្សារ​ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ពង្រីក​ទុន​បន្ថែម​ដើម្បីឱ្យ​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​បាន​កាន់តែច្រើនឡើងៗ ហើយក៏​កំពុង​សម្លឹងមើល​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទៀតផង​ដែរ។

    អ្វីដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​ពុំមាន​ការបរាជ័យ​បែបនេះ​គឺ​មុននឹង​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​ជំនួញ យុវជន​ឆាក់  សុជាតិ បាន​ខិតខំ​សិក្សា​ជំនាញផ្សេងៗជាច្រើន​ដើម្បី​ធ្វើជា​ធាតុ​ផ្សំ​សម្រាប់​ឱ្យ​អាជីវកម្ម​ជោគជ័យ ឬ​ហៅថា គ្រឿងផ្សំ​ដើម្បីឱ្យ​សម្ល​ឆ្ងាញ់។ គ្រឿងផ្សំ​អាជីវកម្ម​ជោគជ័យ​ទាំងនោះ​គឺ ជំនាញ​កុំព្យូទ័រ ជំនាញ​គ្រប់គ្រង​ធនធានមនុស្ស ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ ទីផ្សារ និង​ជំនាញ​គួបផ្សំ​មួយចំនួនទៀត​ដែលជា​តម្រូវការ​ជាក់ស្តែង ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​ឆ្ពោះទៅរក​គោលដៅ​ជោគជ័យ។

    តាមរយៈ​បទពិសោធ​នេះ លោក​បាន​ផ្តាំផ្ញើ​ទៅដល់​អតិថិជន​ទាំងអស់​ថា ធ្វើជា​មនុស្ស​ត្រូវមាន​គោលដៅ​មួយ​ច្បាស់លាស់ ហើយ​បើ​ចង់​ធ្វើជា​អ្នកជំនួញ​ត្រូវ​ខំរៀន​ជំនាញ​ឱ្យបាន​ច្បាស់លាស់ ហើយ​សម្លឹង​រកឱ្យឃើញ​នូវ​អ្វី​ដែលជា​តម្រូវ​ការពិត​ប្រាកដ​ក្នុង​ទីផ្សារ​សិក្សា​ឱ្យបាន​ច្បាស់លាស់ ពី​ផលិតផល​របស់ខ្លួន និង​ត្រូវ​ចេះ​បង្កើត​ទំនាក់ទំនង​ឱ្យបាន​ច្រើន​ជាមុន​តាម​ដែល​អាច​ធ្វើបាន ទើប​អាជីវកម្ម​ដែល​បង្កើតឡើង​នោះ​ទទួលបាន​ជោគជ័យ ប្រសើរ​ជាង​ការបង្កើត​តាម​ការនឹកឃើញ ឬ​បង្កើតឡើង​តាមចិត្ត​ចង់​ទាំង​ប្រថុយប្រថាន ដែល​អាជីវកម្ម​ប្រភេទ​នេះ​ជួនកាល​ដំណើរការ​ទៅ​ជោគជ័យ និង​ជួនកាល​មិន​ជោគជ័យ​ក៏បាន។ ក្រុមហ៊ុន​បែបនេះ​គឺមាន​ឱកាស និង​មាន​ហានិភ័យ​នៅ​ទន្ទឹមគ្នា​ជានិច្ច៕