Author: វល័ក្ខ

  • លោក Southgat ឈឺក្បាលលើការជ្រើសរើសក្រុមអង់គ្លេស ក្រោយផ្តួលកូស្តារីកា

    លោក Southgat ឈឺក្បាលលើការជ្រើសរើសក្រុមអង់គ្លេស ក្រោយផ្តួលកូស្តារីកា

    លោក Gareth Southgate បានទទួលស្គាល់ថា លោក «មានការសម្រេចចិត្តដ៏លំបាក» ជាច្រើនដែលត្រូវធ្វើ ជុំវិញកាជ្រើសរើសទាំង 11នាក់ដំបូងរបស់លោកសម្រាប់ការប្រកួតបើកឆាកក្នុងពូលរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការ World Cup ជាមួយនឹងក្រុមជម្រើសជាតិទុយនីស៊ី ក្នុងរយៈពេល 10ថ្ងៃទៀត ក្រោយពីក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនរបស់លោក បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យទាក់ទាញនៅពេលប្រកួតជាមួយនឹងក្រុមកូស្តារីកា។

    ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Ruben Loftus-Cheek បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យទាក់ទាញក្នុងពេលយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល 2-០ ក្នុងទីក្រុង Leeds កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ឱ្យអ្នកចាត់ការទូទៅរូបនេះមានហេតុផលជាច្រើនដែលត្រូវពិចារណា នៅមុនពេលការធ្វើដំណើររបស់ក្រុមអង់គ្លេសទៅកាន់យុទ្ធនាការ World Cup នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

    លោក Southgate បានឱ្យដឹងថា៖ «ពិតណាស់ វាកាន់តែលំបាក។ មានការសម្រេចចិត្តធំៗជាច្រើនដែលត្រូវធ្វើ ប៉ុន្តែ ស្ថិតក្នុងវិធីដ៏ល្អមួយ។ ប្រសិនបើខ្ញុំគិតថា ខ្ញុំមិនមាននរណាម្នាក់ក្នុងការលេងក្នុងទីតាំងនេះ ឬក្នុងទីតាំងនោះ វានឹងក្លាយជាស្ថានភាពដ៏លំបាក។ យើងបានស្នើឱ្យកីឡាករផ្តល់ឱ្យយើងនូវការប្រជែងគ្នាសម្រាប់កៅអីផ្សេងៗ ហើយពួកគេធ្វើបាន។ យើងត្រូវការជម្រើសជាច្រើន»។

    គ្រូបង្វឹករូបនេះបានប្រាប់បន្ថែមទៀតថា៖ «អ្វីដែលបានធ្វើឱ្យខ្ញុំរីករាយនោះគឺថា Marcus Rashford បានរីករាយនឹងកីឡាបាល់ទាត់របស់គេនៅរាត្រីនេះ។ រូបគេលេងបានយ៉ាងល្អ ជាមួយនឹងភាពមុតស្រួចយ៉ាងពិតប្រាកដ»៕

    ប្រភពពី៖ The Guardian

  • គូលែន​ខ្មែរ ផ្លែ​ច្រើន លក់បាន​តម្លៃ​ខ្ពស់​ខ្លាំង​នៅលើ​ទីផ្សារ

    គូលែន​ខ្មែរ ផ្លែ​ច្រើន លក់បាន​តម្លៃ​ខ្ពស់​ខ្លាំង​នៅលើ​ទីផ្សារ

    ដោយ​សង្កេតឃើញថា​បច្ចុប្បន្ន​ផ្លែ​គូលែន​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា ភាគច្រើន​នាំចូល​ពី​ប្រទេសជិតខាង​នោះ កសិករ​ខ្មែរ​ម្នាក់​បានសម្រេច​ចិត្ត​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​បង្កាត់​ពូជ​គូលែនពី​ប្រទេស​ថៃ និង​នាំ​ចូលមក​ដាំ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ទទួលបាន​ជោគជ័យ​ក្នុង​ការដាំដុះ និង​ទទួលបាន​ទិន្នផល​ល្អ ព្រមទាំង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

    លោក គីម សំអឿន ម្ចាស់​ចម្ការ​គូលែន​ឈ្មោះ “ហា​វ៉ៃ​ខ្មែរ” មាន​ទីតាំងនៅ​ក្នុងភូមិ​ស្រ​យ៉ង់ ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​មានប្រសាសន៍ថា លោក​បានសម្រេច​ចិត្ត​ចំណាយ​ថវិកា​ជាច្រើន​ទិញ​ចម្ការ​គូលែន​នៅឯ​ប្រទេស​ថៃ​ដើម្បី​បង្កាត់​ពូជ​សម្រាប់​នាំចូល​មក​ដាំ​ដុះ​សាកល្បង​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​អំឡុង 2ឆ្នាំមុន។ ជា​លើកដំបូង​លោក​បាន​យកមក​ដាំ​សាកល្បង​ត្រឹមតែ 50ដើម​ប៉ុណ្ណោះ ហើយ​មកទល់ពេលនេះ​វា​បាន​ហុច​ផល​ជាបណ្តើរៗហើយ “ដើម​គូលែន​យើង​មិនមែន​បណ្តុះ​គ្រាប់​ដាំ​នោះទេ គឺ​យើង​ផ្សាំ​យក​មែក​ពី​ដើមមុនៗដែល​វា​មាន​ផ្លែ​ស្រាប់ ដូច្នេះ​នៅពេល​យើង​ផ្សាំ​បាន​ហើយ​យកមក​ដាំ​ពេល​ដល់​រដូវ​វា​ផ្លែ គឺ​វា​ចាប់ផ្តើម​ផ្លែ​តែម្ដង គ្រាន់តែ​ថា​វា​ឱ្យ​ផ្លែ​តិច ដោយសារតែ​ដើម​វា​នៅ​តូច​នៅឡើយ។

    លោក​បន្តថា ចាប់ពី​ឆ្នាំ​ទី1 ឬ​ឆ្នាំ​ទី2ឡើងទៅ វា​នឹង​ចាប់ផ្តើម​ហុច​ផល​ឱ្យ​ជាបណ្តើរៗ ហើយ​ផ្លែ​នឹង​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ លុះ​នៅពេល​វា​អាយុ​បាន5 ទៅ6ឆ្នាំ វា​នឹង​ចាប់ផ្តើម​ផ្លែ​ពេញទំហឹង ដោយ​ក្នុង​មួយ​ដើម​ហុច​ផល​ឱ្យ​ក្នុង​ចន្លោះ​ពី 70គីឡូក្រាម ទៅដល់300 ឬ400គីឡូក្រាម​ក្នុង​មួយឆ្នាំ​ក៏មាន អាស្រ័យ​លើ​ការថែទាំ​របស់​ម្ចាស់​ចម្ការ និង​ដើម​ល្អ ឬ​មិនល្អ។ ហើយ​សម្រាប់​ការដាំ​សាកល្បង​ចំនួន 50ដើមដំបូង​នោះ ឥឡូវ​យើង​ប្រមូល​ផល​បាន​ប្រមាណ​ពី2 ទៅ3តោន​ក្នុង​មួយឆ្នាំ​ដោយ​មិនទាន់បាន​ដាក់លក់​នៅលើ​ទីផ្សារ​នៅឡើយ​ទេ គ្រាន់តែ​បេះ​ចែក​បងប្អូន​ពិសា​សាកល្បង និង​លក់រាយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​តែប៉ុណ្ណោះ។

    ដោយសារ​វា​មានឱជារស​ផ្អែម​ឆ្ងាញ់​ជាប់មាត់​នោះ ធ្វើឱ្យ​ផ្លែ​របស់​វា​លក់បាន​ថ្លៃ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ 20,000រៀល មាន​ប៉ុន្មាន​ក៏​គេ​ទិញយក​អស់​ដែរ។ នេះ​គ្រាន់តែ​ចែកចាយ​នៅក្នុង​ភូមិ-ឃុំ​ប៉ុណ្ណោះ មិនមាន​លក់​ឱ្យ​ម៉ូយធំៗនៅតាម​ផ្សារ ឬ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ។

    លោក​បន្តថា បច្ចុប្បន្ន​លោក​ដាំ​បាន​ប្រមាណ​ជា 3,000ដើម​ហើយ​នៅលើ​ផ្ទៃដី​ប្រហែល​ជិត 20ហិកតា និង​កំពុងតែ​ពង្រីក​បន្ថែម​ទៀតផង ដោយ​មួយថ្ងៃ​អាច​ដាំ​បាន​ចន្លោះ​ពី50 ទៅ100ដើម ដើម្បីឱ្យ​គ្រប់​តាម​ផែនការ​នៅលើ​ផ្ទៃដី​ដាំ​ដុះ​ចំនួន 150ហិកតា​នៅក្នុង​ខេត្តព្រះវិហារ​សម្រាប់​ទុក​ចែកចាយ​ទិន្នផល​របស់​វា​នៅលើ​ទីផ្សារ​ផង និង​បង្កាត់​ពូជ​ទុក​លក់​បន្ត​ជូនទៅ​អតិថិជន​នៅតាម​បណ្តា​ខេត្តផ្សេងៗទៀតផង។ ហើយ​បច្ចុប្បន្ន​មានគ្រួសារ​អ្នកធូរធារ​មួយចំនួន​បានមក​ទិញ​ពូជ​ពី​ចម្ការ​របស់លោក​យកទៅ​ដាំ​បន្ត​នៅតាម​បណ្តា​ខេត្ត​ផ្សេងខ្លះៗហើយ ដោយ​អ្នកខ្លះ​កុម្ម៉ង់​ទិញ 2,000ដើម អ្នកខ្លះ1,000ដើម ឬ100 ទៅ200ដើម​ក៏មានដែរ។ សម្រាប់​ពូជ​ដែល​គេ​លក់​នៅក្នុង​ប្រទេស​ថៃ​ដំបូង​ឡើយ តម្លៃ​មួយ​ដើម​ស្មើនឹង 15ដុល្លារ ប៉ុន្តែ​សម្រាប់​ពូជ​ដែល​លក់​ចេញ​នៅ​កម្ពុជា​យើង​វិញ មិន​ថ្លៃ​ដូច​នៅ​ប្រទេស​ថៃ​ទេ។

    សម្រាប់​បច្ចេកទេស​ដាំ​ដុះ​វិញ គេ​មិន​បណ្តុះ​ចេញពី​គ្រាប់​ដូច​ដំណាំ​មួយចំនួន​ទៀតឡើយ ពោលគឺ​កសិករ​គ្រាន់តែ​ផ្សាំ​មែក​ដែលល្អៗទុក​រយៈពេល 3ខែ រួច​កាត់​យកមក​ដាក់​ក្នុង​ថង់​ដែល​ដី​នៅក្នុង​ថង់​នោះ​ត្រូវតែមាន​ជីជាតិ​ល្អ និង​រក្សាទុក​រយៈពេល 3ខែ​ទៀត​ដើម្បីឱ្យ​កូន​គូលែន​ចេញ​ឫស​បានល្អ ទើប​យកទៅដាក់​ដាំ​នៅក្នុង​រណ្តៅ​ទំហំ 40សង់ទីម៉ែត្រ 4ជ្រុង និង​ដាក់​ដាំ​ចន្លោះ​ឆ្ងាយ​ពីគ្នា 5ម៉ែត្រ​ក្នុង​មួយដើមៗ ឬ​ចន្លោះ10ម៉ែត្រ​មួយ​ក៏​រឹតតែ​ល្អ ព្រោះ​បើ​ដាំ​ចម្ងាយ​ពីគ្នា 5ម៉ែត្រ​មួយ នៅពេល​ដើម​គូលែន​អាយុ​បាន 10ឆ្នាំ ដើម​វា​ធំ​ខ្លាំង ដែល​តម្រូវ​ឱ្យគេ​កាប់​ដើមមួយៗចោល​វិញ តែបើ​ដាំ​ចម្ងាយ​ពីគ្នា 10ម៉ែត្រ​មួយ​ដើម គេ​មិនបាច់​កាប់​ដើម​ចោល​ខ្លះ​ទេ ទោះជា​មែក​ធំ​ក៏​វា​មិន​ទើស​គ្នា និង​ចង្អៀត​ដី​ដែរ។

    មុននឹង​ចាប់ផ្តើម​ដាំ​កសិករ​គួរ​ភ្ជួរ​ដី​ហាល​ចោល​ជាមុន​ដើម្បីឱ្យ​ស្មៅ​ងាប់​អស់​ក៏បាន ឬ​មិនបាច់​ភ្ជួរ​ដី​មុន​ក៏បាន គ្រាន់តែ​លំបាក​ថែទាំ​ស្មៅ​នៅពេល​ក្រោយ​តែប៉ុណ្ណោះ។ បន្ទាប់មក​គេ​ត្រូវ​កាប់​រណ្តៅ​ទំហំ 40សង់ទីម៉ែត្រ 4ជ្រុង ហើយ​យក​កូន​គូលែន​ដែល​ផ្សាំ​ហើយ​នោះមក​ដាក់​ដាំ (កុំ​ភ្លេច​ដកថង់​ចេញ​ផង)ហើយ​ក្នុង​រណ្តៅ​នោះ​មិនចាំបាច់​ក្រាល​ជី​ទេ គ្រាន់តែ​យក​ដីផុសៗមក​ដាក់ចូល ហើយ​មិនចាំបាច់​សង្កត់​ឱ្យ​ដី​នោះ​ហាប់​ណែន​ឡើយ តែ​ត្រូវយក​ឈើ​មួយ​ដើម​មក​ដោត​ក្បែរ​កូនដើម​គូលែន​នោះ និង​ចង​ជាប់​គ្នា ដើម្បី​កុំឱ្យ​ត្រូវ​ខ្យល់​បក់បោក​ដួល រួច​មើលថែទាំ​ជាប្រចាំ បើ​ខែវស្សា​មិនបាច់​ស្រោច​ទឹក​ទេ តែបើ​ខែប្រាំង​វិញ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង ឬ2ថ្ងៃ​ម្តង​បើ​កូន​ធំ ស្រោច​ទឹក​មួយ​សប្តាហ៍​ម្ដង​ក៏បាន​ដែរ។

    រហូតដល់2ខែ នៅពេលដែល​កូន​គូ​លេន​ចាក់ឫស​លូតលាស់​បានល្អ​ហើយ គេ​ត្រូវដាក់​ជី​ដោយ​វាស់ដី​ចេញពី​គល់​មួយ​ចំអាម​ជុំវិញ ហើយ​កាយ​ដី​រោយ​ជី​ជុំវិញ​ដើម​នោះ​រួច​កប់​ដី​ចោល​ទៅវិញ ហើយ​ស្រោច​ទឹក​បន្តទៀត វា​នឹង​លូតលាស់​ល្អ​មិន​ខាន។ តែ​កសិករ​ត្រូវ​ចេះ​ពី​របៀប​តុបតែង​ដើម មានន័យថា នៅពេល​ដើម​គូលែន​ធំ​ឡើង អាយុ​បាន 2ឆ្នាំ វា​ចាប់ផ្តើម​បែកមែក​សាខា​លូត​កម្ពស់​ប្រហែល​ជាជាង 2ម៉ែត្រ បើ​មើលឃើញថា មែក​ណា​មិនសូវ​ល្អ គេ​ត្រូវកា​ត់វា​ចោល​ខ្លះ ដើម្បី​កុំឱ្យ​វា​លូត​កម្ពស់​ឡើង​ខ្លាំងពេក​ពិបាក​ថែទាំ និង​ពិបាក​ប្រមូល​ផល។ ម្យ៉ាងទៀត​ពេលដែល​យើង​កាត់​មែក​ដែល​មិនល្អ​ចោល គឺ​វា​អាច​ស្រូបយក​ជីជាតិ​ទៅ​ចិញ្ចឹម​មែកល្អៗដែល​យើង​ទុក​ទាំង​ប៉ុន្មាន​ឱ្យ​វា​លូតលាស់​បានល្អ បាន​លឿន ឆាប់​ផ្តល់​ផល និង​ផ្តល់​ផល​បាន​កាន់តែ​ច្រើនឡើង​ទៀតផង៕

  • Man Utd ចុះហត្ថលេខា​ជាមួយ Dalot មកពី Porto ក្នុងតម្លៃ​ខ្លួន 19លាន​អឺរ៉ូ

    Man Utd ចុះហត្ថលេខា​ជាមួយ Dalot មកពី Porto ក្នុងតម្លៃ​ខ្លួន 19លាន​អឺរ៉ូ

    ក្លិប​បិសាច​ក្រហម Manchester United បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ DiogoDalot មកពី​ក្លិប Porto កាលពី​ថ្ងៃ​ពុធ។ ខ្សែការពារ​កណ្តា​លវ័យ 19ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​គេ​យល់ឃើញថា បាន​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន 19លាន​អឺរ៉ូ (ស្មើនឹង 26លាន​ដុល្លារ​អាមេរិក) នោះ បានទទួល​ការពិនិត្យ​សុខភាព​ជាមួយនឹង​ក្លិប Man United រួចហើយ​កាលពី​ថ្ងៃ​អង្គារ។

    Dalot បាន​ចុះហត្ថលេខា​រយៈពេល 5ឆ្នាំ ជាមួយនឹង​ជម្រើស​ក្នុង​ការបន្ត​រយៈពេល 1ឆ្នាំ​ទៀត និង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី2 របស់លោក Jose Mourinho នា​រដូវក្តៅ​នេះ ក្រោយពី​ខ្សែការពារ​អន្តរជាតិ​អង់គ្លេស Fred បាន​ចូលរួម​ក្នុងតម្លៃ​ខ្លួន 50លាន​ផោន (ស្មើនឹង 67លាន​ដុល្លារ​អាមេរិក)។

    Dalotបានឱ្យដឹងថា៖ «ការចូលរួម​ជាមួយនឹង​ក្លិប Manchester United គឺជា​ឱកាស​ដែល​មិន​គួរឱ្យ​ជឿ​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​បានធ្វើ​ការអភិវឌ្ឍ​ចេញពី​ក្រុមយុវជន​របស់ Porto ហើយ​ខ្ញុំ​ពិតជា​ថ្លែងអំណរគុណ​ដល់​រាល់អ្វីៗទាំងអស់​ដែល​ពួកគេ​បានធ្វើ​ចំពោះ​ខ្ញុំ។ ប៉ុន្តែ​ឱកាស​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ គឺជា​ឱកាស​ដែល​ខ្ញុំ​មិនអាច​ច្រានចោល​បានឡើយ»។

    Dalot បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​រំភើប​ណាស់​ក្នុងការ​ធ្វើការ​ជាមួយនឹង​លោក Jose Mourinhoនិង​រៀន​រាល់អ្វីៗទាំងអស់​ដែល​ខ្ញុំ​អាច​ពី​គ្រូបង្វឹក​ដ៏​ជោគជ័យ​ម្នាក់នេះ។ ខ្ញុំ​កំពុងតែ​សម្លឹង​ឆ្ពោះទៅមុខ ទៅកាន់​ការលេង​រួមជាមួយ​នឹង​កីឡាករ​ដ៏​អស្ចារ្យ​ជាច្រើន​ក្នុង​ក្រុម​នេះ»។ លោក Mourinho បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ Man United ថា៖ «Diogo គឺជា​ខ្សែការពារ​វ័យក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ​ម្នាក់ ដែលមាន​រាល់​គុណភាព​ទាំងអស់​ក្នុងការ​ក្លាយជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​សម្រាប់​ក្លិប​របស់គេ»៕

    ប្រភពពី៖ Sky Sports

  • Lukaku រកបាន​គ្រាប់​បាល់ ខណៈ​បែលហ្ស៊ិក យកឈ្នះ​លើ អេ​ហ្ស៊ី​ប យ៉ាង​ងាយ

    Lukaku រកបាន​គ្រាប់​បាល់ ខណៈ​បែលហ្ស៊ិក យកឈ្នះ​លើ អេ​ហ្ស៊ី​ប យ៉ាង​ងាយ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​ដែល​បានឈ្នះ​សិទ្ធិ​ទៅ World Cup ដែរនោះ បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល 3-០ ក្នុង​ទីក្រុង Brussels កាលពី​ថ្ងៃ​ពុធ។

    ជាមួយនឹង​ការប្រើប្រាស់​ខ្សែការពារ​តែ 3នាក់ ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ដែល​កំពុងតែ​ស្ថិតក្នុង​ពូ​ល G រួម​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ដែរនោះ បានបង្ហាញ​ពី​ទម្រង់​លេង​ប្រកបដោយ​ភាព​មុត​ស្រួច​នៅពេល​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កាលពី​ថ្ងៃ​សៅរ៍។

    ខ្សែប្រយុទ្ធ Romelu Lukaku ដែល​ត្រូវបាន​ដាក់ឱ្យចូល​លេង​ក្នុង​ជម្រើស​ដំបូង​ជំនួស​ខ្សែប្រយុទ្ធ MichyBatshuayi នោះ បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​មុន​នៅ​នាទី​ទី27 ក្រោយពី​អ្នកចាំទី Essam El-Hadary វ័យ 45ឆ្នាំ​របស់​អេ​ហ្ស៊ី​ប បាន​ចាប់​បាល់​ក្រឡក​ចេញពី​ដៃ​ពី​ការ​ស៊ុត​របស់​កីឡាករ Eden Hazard។

    បន្ទាប់មក Hazard បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​មាន​គ្រាប់​បាល់​នាំមុខ 2-០ ក្នុង​រយៈពេល 11នាទី​ក្រោយមក ក្រោយពី​កីឡាករ Yannick Carrasco បាន​បញ្ជូន​បាល់​ចូលក្នុង​ប្រអប់​គ្រោះថ្នាក់​យ៉ាង​ល្អ នៅមុន​ពេល Batshuayi ដែល​ចូល​ជំនួស Lukaku បាន​ជួយ​ឱ្យ MarouaneFellaini រកបាន​គ្រាប់​បាល់​ទី3 ដើម្បី​បំពេញ​ឱ្យ​ការមិន​ស្គាល់​ឈ្នះ​សោះ​ជា​លើក​ទី6 សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប ដែល​បាន​អវត្តមាន​តារា​ឆ្នើម Mohamed Salah។ Hazard បានឱ្យដឹង​បន្ទាប់ពី​ការប្រកួត​ថា៖ «វា​ជា​រឿង​ដ៏​ល្អ​ក្នុង​ការបន្ថែម​ភាពស៊ីចង្វាក់​គ្នា​ក្នុងការ​ប្រកួត​នេះ ដើម្បី​បង្កើត​ឱកាស​ជាច្រើន និង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី»។

    ប្រភពពី៖ The Guardian

  • ជ្រោយចង្វារ​កំពុង​ក្លាយជា​បណ្តុំ​សំណង់​អគារ​ដ៏​សម្បូរបែប

    ជ្រោយចង្វារ​កំពុង​ក្លាយជា​បណ្តុំ​សំណង់​អគារ​ដ៏​សម្បូរបែប

    ដោយមាន​អំណោយផល​ពី​ធម្មជាតិ ស្ថិតនៅតាម​ដង​ទ​ន្ល ជា​ដី​ជ្រោយ​ដែលមាន​ទន្លេ​នៅ​សងខាង និង​នៅក្បែរ​ទន្លេរ​មេគង្គ​ដ៏​ធំ មាន​ទេសភាព​ស្រស់បំព្រង និង​ខ្យល់អាកាស​ស្រស់ស្អាត​បរិសុទ្ធ​ផងនោះបាន​ធ្វើឱ្យ​ទឹកដី​ជ្រោយចង្វារ​ក្លាយជា​តំបន់​មួយ​ដែល​ប្រមូលផ្ដុំ​ទៅដោយ​សំណង់​អគារប្រណីតៗដ៏​សម្បូរបែប​មិន​ចាញ់​តំបន់​បឹង​កេងកង​ឡើយ ទាំង​សំណង់​លំនៅឋាន​ជា​លក្ខណៈ​គ្រួសារ សំណង់​លំនៅឋានទំនើបៗនៅក្នុង​បុរី និង​សំណង់​ខុន​ដូ-អា​ផាត​មិនខ្ពស់ៗជាច្រើន។

    លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal  បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​ទេ នៅពេលដែល​តំបន់​ក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​នូវ​ចំនួន​អគារធំៗច្រើន ដូចជា​សំណង់​អគារ​ខុន​ដូ-អា​ផាត​មិន និង​សំណង់​លំនៅឋាន​ផង​នោះ វា​ធ្វើឱ្យ​តំបន់​ដែល​ស្ថិត​នៅជាប់​ទីក្រុង​ក្លាយជា​មុខសញ្ញា​ក្នុងការ​អភិវឌ្ឍ និង​មាន​តម្រូវការ​ខ្ពស់​ជា​បន្ទាប់។ ជាក់ស្ដែង​ដូចជា​តំបន់​ជ្រោយចង្វារ​ជាដើម ពីមុន​មាន​ភាព​ទូលាយ​ស្រឡះ​ល្ហល្ហេវ ប៉ុន្តែ​បច្ចុប្បន្ននេះ​ទីនោះ​បានក្លាយ​ទៅជា​តំបន់​ដ៏​មាន​សក្ដានុពល ជាពិសេស​លើ​ផ្នែក​សំណង់​លំនៅឋាន​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ខ្ពស់។

    លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ដី​នៅជាប់​ផ្លូវធំ​ក្នុង​តំបន់​ជ្រោយចង្វារ​មានតម្លៃ​ទាប​នៅឡើយ ពោលគឺ​ប្រមាណ​ជា1,000 ទៅ1,500ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែឥឡូវ​បាន​កើនឡើង​ខ្ពស់​រហូតដល់2,500 ទៅដល់ 3,500ដុល្លារ​ឯណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    លោក​ឧកញ៉ា​បាន​បន្តទៀតថា ប្រសិនបើ​បរិយាកាស​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពល្អប្រសើរ​ដូចជា​ពេល​បច្ចុប្បន្ននេះ មិនយូរ​ទៀត​ទេ​តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​តំបន់​ពិសេស​មួយ​ដែលអំណោយផល​លើ​វិស័យ​សំណង់​លំនៅដ្ឋាន​សម្រាប់​ការរស់នៅ ក៏ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្មផ្សេងៗដែល​នឹង​ធ្វើឱ្យ​កើតមាន​វត្តមាន​របស់​អគារធំៗ និងខ្ពស់ៗមិន​ក្រោម15 ទៅ20ជាន់​ជាច្រើន​ប្រៀបដូចជា​តំបន់​កៅ​លូន​ដែល​ស្ថិតនៅ​ជ្រោយ​ម្ខាង​នៃ​ទីក្រុង​ហុងកុង​ដូច្នោះ​ដែរ។

    ជាក់ស្តែងថ្មីៗនេះ​ក៏មាន​គម្រោង​ខុន​ដូ Residences Bel Air ដែលមាន​លក្ខណៈ​ទំនើប​ស្តង់ដារ​បែប​បារាំង​កម្ពស់ 18ជាន់​ត្រៀម​សាងសង់​ក្រោម​ការបណ្តាក់ទុន​រូ​ម​គ្នា​រវាង​អ្នកវិនិយោគ​ជនជាតិខ្មែ​រ និង​បរទេស​សង់​នៅ​តំបន់​ជ្រោយចង្វារ​បែរមុខ​ទៅ​ទន្លេមេគង្គ​នេះ​ផងដែរ។ លោក ជា ឡាយ​ឃាង​អគ្គនាយក ខុន​ដូ Residences Bel Air បាន​មានប្រសាសន៍​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់​អ្នកជំនាញ​ខាងលើ​ថា ហេតុផល​ដែល​ជំ​រុញឱ្យ​រូបលោក​បោះទុន​ជាច្រើន​លាន​ដុល្លារ​លើ​ការសាងសង់​អគារ​ខុន​ដូ Residences Bel Air ព្រោះ​ជ្រោយ-ចង្វារ​ជា​តំបន់​មួយ​ដែលមាន​សក្ដានុពល។

    ក្រៅពី​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​នូវ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​ស្ថិតនៅ​ទិសខាងកើត​ឆៀង​ខាងជើង​អមដោយ​ដង​ទន្លេ​ព័ទ្ធជុំវិញ ជ្រោយចង្វារ​ក៏​ជា​តំបន់ ដែល​ជិត​ងាយស្រួល​ធ្វើដំណើរ​មកកាន់​កណ្តាល​រាជធានី​ភ្នំពេញ។ លោក​បាន​បន្តថា សម្រាប់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ចាប់ផ្តើម​មាន​ទំនោរ​ក្នុងការ​រស់នៅ​បែប​អគារ​សហកម្មសិទ្ធិ​ជាបណ្តើរៗដែរ ហើយ និង​រឿង​ដែល​ពួកគាត់​តែងមាន​ការបារម្ភ​គឺ​សុវត្ថិភាព​នៃ​អគ្គិភ័យ​ព្រោះ​វា​ជាការ​រស់នៅ​លើ​ខុន​ដូ​ដ៏​ខ្ពស់​មួយ ហេតុដូច្នេះ​ទើប​លោក​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​បច្ចេកទេស​នៃ​ការសាងសង់ ដោយមាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​បំពាក់​ដោយ​ឧបករណ៍​ការពារ​អគ្គិភ័យ​ដ៏​ទំនើប​ប្រកបដោយ​ភាពជឿជាក់ ធ្វើយ៉ាងណា​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នករស់នៅ​លើ​ខុន​ដូ​របស់លោក។

    ចំណែក​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 MEKONG បាន​មានប្រសាសន៍​ស្រដៀង​គ្នា​នឹង​លោក ជា ឡាយ​ឃាង ដែរ​ថា តំបន់​ជ្រោយចង្វារ​ជា​តំបន់​អភិវឌ្ឍ​ន៍ទី2 បន្ទាប់ពី​តំបន់ភ្នំ​ពេញ​ថ្មី(ប៉ែក​ពាយព្យ​រាជធានី​ភ្នំពេញ) ដែល​អ្នកវិនិយោគធំៗកំពុង​នាំគ្នា​សម្លឹង​បែរ​ទិស​ទៅ​អភិវឌ្ឍ​នៅ​ទីនោះ​ម្ដង ដោយសារតែ​ទីតាំង​ខាងលើ​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​លើ​ការរស់នៅ មាន​ដង​ទន្លេ​សងខាង​ដែល​ផ្តល់នូវ​ភាពស្រស់​ស្រាយ​បរិសុទ្ធ មានផ្លូវធំៗ មាន​ស្ពាន​ឆ្លងកាត់​ច្រើន និង​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​ទីតាំងសំខាន់ៗរបស់​រាជធានី​ភ្នំពេញ​ច្រើនជាងគេ​ក្នុងចំណោម​តំបន់​ជាយក្រុង​ទាំង4ទិស ដូចជា​ផ្លូវជាតិ​លេខ1 ផ្លូវជាតិ​លេខ2 លេខ3 លេខ4 និង​ផ្លូវជាតិ​លេខ5។

    លោក​ថា ក្រៅពី​សំណង់​លំនៅឋាន​រស់នៅ​បែប​ស៊ី​វិ​ល័យ​សម័យ​ទំនើប​ហើយ តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ដ៏​សម្បូរបែប ខណៈដែល​អ្នកវិនិយោគធំៗពិសេស​ក្រុមហ៊ុន OCIC បាននិងកំពុង​ត្រៀម​អភិវឌ្ឍ​សំណង់ពិសេសៗ អគារខ្ពស់ៗ នៅ​ទីនោះ​បន្ថែមទៀត។

    គួរ​បញ្ជាក់ថា ចាប់តាំងពី​តំបន់​គល់ស្ពាន​ជ្រោយ-ចង្វារ​ឆ្ពោះទៅ​ទិសខាងកើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A សំណង់​គ្រប់​ប្រភេទ​បាន​លេចចេញ​រូបរាង​ព្រោងព្រាត ដែល​ក្នុងនោះ​រួមមាន​ដូចជា បុរី​សុភមង្គល បុរី ​The Mekong Royal បុរី​ប៉េង​ហួត បុរី​អរ​គី​ដេ​វីឡា និង​បុរី The Flora ជាដើម៕

  • Man Utd ធ្វើឱ្យ Fred ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មុនគេ​របស់ខ្លួន​នៅ​រដូវក្តៅ​នេះ

    Man Utd ធ្វើឱ្យ Fred ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មុនគេ​របស់ខ្លួន​នៅ​រដូវក្តៅ​នេះ

    ក្លិប Manchester United បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Shakhtar Donetsk ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Fred ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា 52លាន​ផោន (ស្មើនឹង 69លាន​ដុល្លារ​អាមេរិក)។

    Man United បានប្រកាស​ពី​ព័ត៌មាន​នេះ ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​ខ្លី​មួយ​នៅលើ​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​ពួកគេ​តាមរយៈ​ការបញ្ជា​ក់ថា៖ «ក្លិប Manchester United ពិតជា​រីករាយ​ណាស់​ក្នុងការ​ប្រាប់ថា យើង​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​ជាមួយនឹង​ក្លិប Shakhtar Donetsk សម្រាប់​ការផ្ទេរ Frederico Rodrigues de Paula Santos (Fred)។ ការប្រកាស​បន្ថែមទៀត​នឹងត្រូវ​ធ្វើឡើង​ក្នុងពេលឆាប់ៗនេះ។

    Fred បាន​ចូល​លេង​ក្នុងពេល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី 2-0 ក្នុងការ​ប្រកួត​មិត្តភាព​នា​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​នៅតែមាន​ភាព​ខ្មាស់អៀន​ទៅលើ​អនាគត​របស់គេ នៅពេលដែល​ត្រូវបាន​ចោទសួរ​ដោយ​បណ្តាញសារព័ត៌មាន​ប្រេ​ស៊ី​ល​ក្រោយពី​ការប្រកួត​នេះ។

    កីឡាករ​វ័យ 25ឆ្នាំ​រូបនេះ ដែល​បាន​ចូលរួម​ជាមួយនឹង​ក្លិប Shakhtar ដោយ​ចេញពី​ក្លិប Inter Milan កាលពី​ឆ្នាំ2013 ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល សម្រាប់​យុទ្ធនាការ World Cup ក្នុងប្រទេស​រុស្ស៊ី។

    រូបគេ​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​នៅ​រដូវក្តៅ​នេះ របស់លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់ Man United ដែល​ក៏​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការបំពេញ​ការផ្ទេរ​ខ្សែការពារ DiogoDalot ពី​ក្លិប Porot ផងដែរ៕

    ប្រភពពី៖ Daily Mail

  • រុស្ស៊ី សម្លឹង​រកមើល​ការធ្វើឱ្យ​បាល់ទាត់​ស្ថិតក្នុង​ទីតាំង​នាំមុខគេ​នៅ World Cup 

    រុស្ស៊ី សម្លឹង​រកមើល​ការធ្វើឱ្យ​បាល់ទាត់​ស្ថិតក្នុង​ទីតាំង​នាំមុខគេ​នៅ World Cup 

    ប្រទេស​ឯកោ​រុស្ស៊ី នឹងត្រូវ​បើកទ្វារ​ចំហ ដើម្បី​រៀបចំ​យុទ្ធនាការ World Cup ក្នុង​រយៈពេល 1សប្តាហ៍​ទៀត ក្រោម​ការតុបតែង​រចនា​ប្រកបដោយ​ភាពស្រស់​បំព្រង និង​ល្អ​ប្រណីត ដើម្បី​ធ្វើឱ្យ​ប្រទេស​ម្ចាស់​ផ្ទះមួយ​នេះ ចាក​ចេញពី​ភាព​ត្រជាក់។

    ការអបអរសាទរ​រ​យៈ​ពេល 1ខែ​ពេញ​នៃ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ពិភពលោក​មួយ​នេះ អាច​នឹងត្រូវ​រំខាន​ដោយ​ការបារម្ភ​អំពី​ការរើសអើង​ជាតិ​សាសន៍ និង​អំពើហិង្សាផ្សេងៗ ក៏ដូចជា​ជម្លោះ​ផ្នែក​ការទូត​ដែរ។ ប៉ុន្តែ លោក Vladimir Putin មិនមាន​ភាពស្រពេចស្រពិល​ក្នុងការ​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត និង​រំភើប​បំផុត ដែល​រុស្ស៊ី​មិន​ធ្លាប់​បានឃើញ​នេះឡើយ ចាប់តាំងពី​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ឆ្នាំ1980ម្ដង​រួចមក។

    កីឡដ្ឋាន​ចំនួន12 ក្នុង​ទីក្រុង11 ជាប់​តំបន់​អឺរ៉ុប ក្នុងប្រទេស​ដ៏​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក កំពុង​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ក្រោយពី​បំពេញ​ការ​លាប​ពណ៌​ជា​លើកចុងក្រោយ​របស់ខ្លួន​រួចរាល់។ តារាឆ្នើមៗជាច្រើន​ចាប់ពី​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar រហូតដល់ Lionel Messi របស់​អា​ហ្ស​ង់​ទីន និង Cristiano Ronaldo របស់​ព័រ​ទុយ​ហ្គា​ល់ សុទ្ធសឹង​កំពុងតែ​ត្រៀម​ធ្វើការ​ប្រជែង​គ្នា​ដើម្បី​ទទួលបាន​សិទ្ធិ​លើក​ពាន​ឈ្មោះថា Jules Rimet Trophy នា​ថ្ងៃទី15 ខែកក្កដា។

    ស្ទើរតែ​គ្រប់​មនុស្ស នៅក្នុង​ពិភពលោក បាន​ចាប់អារម្មណ៍​ទៅលើ​យុទ្ធនាការ World Cup ចុងក្រោយ​គេ ក្នុងប្រទេស​ប្រេ​ស៊ី​ល កាលពី​ឆ្នាំ2014។ ក្នុង​យុទ្ធនាការ​នោះ ក្រុម​ម្ចាស់ផ្ទះ បាន​ចាញ់​ទាំង​អាម៉ាស់​ក្នុង​លទ្ធផល 7-1 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​នៅពេលដែល​ត្រូវបាន​ស្នើឱ្យ​ជ្រើសរើស​ក្រុម​ដែល​អាច​ឈ្នះ​ពាន​នៅ​ឆ្នាំនេះ លោក Putin បាន​ឆ្លើយថា៖ «ក្រុម​ម្ចាស់ផ្ទះ»៕

    ប្រភពពី៖ Channel News Asia

  • រ៉ូ​បូត​បូម​ធូលី​របស់ LG មិន​ត្រឹមតែ​បូម​ធូលី​ប៉ុណ្ណោះ​ទេវា​ក៏​អាច​ការពារ​ផ្ទះ​បាន​ផងដែរ

    រ៉ូ​បូត​បូម​ធូលី​របស់ LG មិន​ត្រឹមតែ​បូម​ធូលី​ប៉ុណ្ណោះ​ទេវា​ក៏​អាច​ការពារ​ផ្ទះ​បាន​ផងដែរ

    លោក Kobi Ozer ដែល​រស់នៅ​ទីក្រុង Holon នៃ​ប្រទេស​អុ​ី​ស្រា​អែល, ខណៈដែល​គាត់​កំពុងធ្វើការ​នៅក្នុង ការិយាល័យ​របស់គាត់​គឺ​គាត់​ទទួលបាន​ដំណឹង​នៅក្នុង​ទូរស័ព្ទដៃ​របស់គាត់​ពី​ប្រភព​ដែល​មិនគួរ​អោយ​ជឿ​មួយ គឺ​ម៉ាស៊ីន​បោសសំអាត​របស់គាត់។ នៅពេលដែល​លោក Ozer គាត់​បើក​កម្មវិធី LG SmartThinQទើប​គាត់​ដឹងថា​រ៉ូ​បូត​បូម​ធូលី​របស់គាត់​បាន​ផ្ញើរ​រូបភាព​អ្នក​លួច​ចូលទៅ​ក្នុងផ្ទះ​របស់គាត់។ HOM-BOT មានមុខ​ងារ​ពិសេស​ការពារ​ផ្ទះ ដែលមាន​កាមេរ៉ា​ចាប់​សកម្មភាព ដែល​មិន​ប្រក្រតី​នៅពេល​ដែលមាន​នរណាម្នាក់​លួច​ចូលទៅ​ក្នុងផ្ទះ។

    HOM-BOT Wi-Fi របស់ LG គឺ​រ៉ូ​បូត​បូម​ធូលី​ដែលមាន​មុខងារ​ពិសេស​បញ្ជា​ពី​ចំងាយ និង​មុខងារ​ចាប់​សកម្មភាព​ដែល​វា​ដំណើរការ​ជាមួយ​កម្មវិធី SmartThinQ។ ជាមួយនឹង​ភាព​ឆ្លាត​វៃ​របស់​កម្មវិធី DeepThinQ ™ AI រ៉ូ​បូត​បូម​ធូលី​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ឆ្លាត​វៃ​របស់ខ្លួន​ដើម្បី​ចៀសវាង​ការប៉ះទង្គិច​ជាមួយ​គ្រឿង​សង្ហា​រឹម​និង​មើលឃើញ​ក្នុងផ្ទះ​ជាមួយ​កាមេរ៉ា​របស់​វា​ដើម្បី​ធានាថា​វា​គ្រប់​ដណ្តប់ គ្រប់​ជ្រុង​និង​រន្ធតូចៗទាំងអស់​និង​មិន​បន្សល់​ធូលី​និង​កំទេចផ្សេងៗទៀតឡើយ។

    មុខងារ Home-View និង Home-Guard គឺជា​លក្ខណៈពិសេស​នៃ​សុវត្ថិភាព​ផ្ទះ​ដែល​បាន​បង្កើតឡើង​នៅក្នុង HOM-BOT ដើម្បី​តាមដាន​និង​ផ្តល់​ការជូនដំណឹង​នៅក្នុង​ហេតុការណ៍​នៃ​ការ​លួច​ចូល​ឬ​ការឈ្លានពាន។ មុខងារ Home-View អនុញ្ញាតឱ្យ​ម្ចាស់ផ្ទះ​ប្រើប្រាស់​កាមេរ៉ា​នៅក្នុង​ម៉ាស៊ីន​បូម​ធូលី​ដើម្បី​មើល​ផ្ទៃ​ខាងក្នុង​ផ្ទះ​របស់​ពួកគេ​ពី​ចម្ងាយ​តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ។ មុខងារ Home-Guard បំពេញបន្ថែម មុខងារ Home-View ដោយ​តាមដាន​សកម្មភាព​នៅផ្ទះ​ជានិច្ច​តាមរយៈ​ឧបករណ៍​ចាប់​សញ្ញា​របស់ខ្លួន​និង​បញ្ជូន​រូបភាព​ចំនួន​ប្រាំ​បន្ត​គ្នា​ទៅ​កម្មវិធី Smart ThinQ នៅពេលដែល​វា​រកឃើញ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ។

    សុវត្ថិភាព​ផ្ទះ​ត្រូវបាន​រីកលូតលាស់​នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​និង​ហេតុផល​ដ៏​សំខាន់​ម្ចាស់ផ្ទះ​ដែលមាន​ចំណាប់អារម្មណ៍​ធ្វើឱ្យ​ផ្ទះ​របស់​ពួកគេ​ឆ្លាត​វៃ​ជាង​មុន។ ខណៈពេលដែល HOM-BOT របស់​ក្រុមហ៊ុន LG អាច​គ្រាន់តែ​ជា​ម៉ាស៊ីន​សម្អាត​ធូលី​មួយ​មាន​ភាព​ឆ្លាត​វៃ​គ្រប់គ្រាន់​ដើម្បី​ដឹង​នៅពេល​ដែលមាន​អ្វីមួយ​កើតឡើង​ខុស​ប្រក្រតី។ នៅពេលដែល​វា​ផ្តល់ដំណឹង​លោក Ozer បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស​និង​អ្នកជិតខាង​របស់គាត់។ ចោរ​គាស់​ផ្ទះ​ទំនងជា​គេចខ្លួន​បន្ទាប់ពី HOM-BOT បាន​បញ្ចេញ​ពន្លឺ​របស់​វា។ សំណាងល្អ​គ្មាន​របស់​អ្វីដែល​នៅក្នុង​ផ្ទះ​បាត់បង់​ឬ​ខូចខាត​សោះឡើយ៕

  • ការអនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង​ចុងក្រោយ​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ កំណត់​ត្រឹម​ចុងឆ្នាំ2018

    ការអនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង​ចុងក្រោយ​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ កំណត់​ត្រឹម​ចុងឆ្នាំ2018

    ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការ​កាត់​ប្លង់ដី​ដែល​កន្លងមក​មាន​ភាព​ស្មុគស្មាញ​ក្នុងការ​សើរើ​អំពី​ការបង់ពន្ធ​ប្រថាប់ត្រា​នោះ រាជរដ្ឋាភិបាល​តាមរ​យៈ​សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​តែ​មួយដង (មិនបាច់​សើរើ) នៅត្រឹម​ថ្នាក់​ខណ្ឌ ដោយ​ទុក​រយៈពេល​ឱ្យ​រហូត​មុន​ដំណាច់ឆ្នាំ2018។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​នៅលើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​ដែល​ពុំមាន​លទ្ធភាព​បង់ពន្ធ​ប្រថាប់ត្រា​ច្រើនដង​គ្រប់​ដំណាក់កាល​នៃ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ឯកភាព និង​អនុញ្ញាត​ជាគោលការណ៍​ដើម្បី​បន្ត​ផ្តល់​ការអនុគ្រោះ​ឱ្យ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយដង​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ដែល​កន្លងមក​ធ្លាប់បាន​ផ្ទេរ​បន្ត​ដៃ​គ្នា​ពី​ម្នាក់​មក​ម្នាក់​ច្រើន​ដងនោះ​នៅត្រឹម​ថ្នាក់​សង្កាត់-ខណ្ឌ ហើយ​កំណត់​សុពលភាព​នៃ​ការអនុវត្ត​ការងារ​នេះ​ត្រឹម​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018តែប៉ុណ្ណោះ។

    ជាមួយគ្នានេះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា កាលពី​ឆ្នាំ 2016កន្លងទៅ រាជរដ្ឋាភិបាល​ធ្លាប់បាន​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​បង់ពន្ធ​ប្រថាប់ត្រា​តែមួយ​លើកចុងក្រោយ​នៅត្រឹម​ថ្នាក់​សង្កាត់-ខណ្ឌ​នេះ​ម្តង​រួចមកហើយ ហើយ​បច្ចុប្បន្ន​ដោយ​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​កាត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​នៅឡើយ ទើប​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍​អនុគ្រោះ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ឱ្យបាន​គ្រប់គ្នា​នៅមុន​ដំណាច់ឆ្នាំ2018នេះ​កុំឱ្យ​ខកខាន។

    ឯកឧត្តម ឃួង ស្រេង (ឆ្វេង) អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ

    លោក​ថា បើសិនជា​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ណា​ម្នាក់​ខកខាន​មិនបានកា​ត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​ឱ្យបាន​មុន​កាលកំណត់ គឺ​ដំណាច់ឆ្នាំ2018នេះ​ទេ គេ​នឹង​ជួប​ការលំបាក​ដោយ​ត្រូវ​សើរើ​ពី​ម្ចាស់​ដើមដំបូង ដែល​មានន័យថា បើសិន​ប្លង់ដី​មួយកន្លែង​មាន​អ្នកទិញ-លក់តៗគ្នា​ចំនួន 3លើក នោះ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​នឹងត្រូវ​បង់​ទាំង 3លើក​នោះ​ឡើងវិញ ទើប​អាច​កាត់​ប្លង់​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​បាន។ តែ​យ៉ាងណា​លោក​មិនបាន​ប្រាប់ឱ្យដឹង​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើក​នេះឡើយ ដោយ​លោក​លើកឡើងថា នេះ​ជា​ការងារ​បច្ចេកទេស។

    លោក សេង ចន្ថា ម្ចាស់​អចលនទ្រព្យ​មួយកន្លែង​នៅក្នុង​ខណ្ឌដង្កោ​បាន​មានប្រសាសន៍ សាទរ​ទៅនឹង​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​ប្រថាប់ត្រា​តែមួយលើកចុងក្រោយ​នៅត្រឹម​ថ្នាក់​សង្កាត់ និង​ខណ្ឌ​នេះ។

    លោក​ថា លោក​បាន​ទិញ​ដី​មួយ​ប្លង់​មាន​ទំហំ 5ម៉ែត្រ​គុណ​នឹង25ម៉ែត្រ នៅក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​កាត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​នៅ​ថ្នាក់​ក្រសួង​នៅឡើយ ពោលគឺ​បាន​កាត់ឈ្មោះ​នៅត្រឹម​ថ្នាក់ភូមិ និង​សង្កាត់​តែប៉ុណ្ណោះ ហើយ​បើសិនជា​រដ្ឋាភិបាល​អនុ​គ្រោះ​បែបនេះ លោក​នឹង​រក​ពេលទំនេរ​ណាមួយ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ឱ្យបាន​ទាន់ពេលវេលា​មិនឱ្យ​ខកខាន​ឡើយ។

    លោក​ថា កាលពី​ឆ្នាំ2013 គ្រួសារ​លោក​បាន​ទិញ​ដី​មួយ​ប្លង់​នៅ​ជិត​ផ្សារ​ទួល​ពង្រ ដោយ​កាត់ឈ្មោះ​ត្រឹម​ថ្នាក់​សង្កាត់​តែប៉ុណ្ណោះ ហើយ​កន្លងទៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​លោក​មានបំណង​លក់​ដី​នោះ​ទៅឱ្យ​អ្នកទិញ​បន្ទាប់​ទៀត ប៉ុន្តែ​ថ្នាក់​សង្កាត់​មិន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​ការទិញ-លក់​ដី​នោះឡើយ ដោយសារតែ​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​មក ដែល​ធ្វើឱ្យ​ការងារទិញ-លក់​ដី​នោះ​ជួប​ការលំបាក និង​ស្មុគស្មាញ​ជាខ្លាំង ដោយ​ត្រូវ​តម្រូវឱ្យ​រក​ម្ចាស់​ដើម និង​ម្ចាស់​បន្ទាប់មក​កាត់ឈ្មោះ​បង់ពន្ធ​ប្រថាប់ត្រា​ជាមុន​ទើប​អាច​លក់​បន្តទៀត​បាន។

    ជាទូទៅ​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ត្រូវបាន​ចែកជា​ពីរ គឺ​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ប្លង់​ទន់ និង​ប្លង់រឹង។ ចំពោះ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ដែលមាន​ប្លង់​ទន់ តាម​ធម្មតា​ធ្វើឡើង​តាមរយៈ​សេចក្តីបញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់ភូមិ ឬ​ឃុំ/សង្កាត់ ឬ​អាច​រហូតដល់​ស្រុក/ខណ្ឌ។ ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ​មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស ប៉ុន្តែ​បច្ចុប្បន្ន​ការផ្ទេរសិទ្ធិ​ប្លង់​ទន់​ក៏​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា 4% ផងដែរ។

    ចំណែក​អចលនវត្ថុ​ដែលមាន​ប្លង់រឹង​វិញ គូភាគី​អាច​តាក់តែង​កិច្ចសន្យា​ដែលមាន​ចែង​អំពី​លក្ខខណ្ឌ​សិទ្ធិ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ​ដោយ​អនុលោម​ទៅតាម​ដំណាក់កាល​នៃ​ការចាត់ចែង​ផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ​គ្រាន់តែ​ជា​ឯកសារ​នៃ​ការ​ព្រមព្រៀងគ្នា​ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ ដោយ​មិនអាច​យកទៅ​ចាត់ចែង​ផ្ទេរកម្មសិទ្ធិ​បានឡើយ។ ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត​របស់​រដ្ឋបាល​សុរិយោដី​និង​ផ្តិត​ស្នាម​មេដៃ​នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច។

    ឯកសារ​គាំទ្រ​ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ រួមមាន​ជាអាទិ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត​ក៏បាន​ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយកបាន ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ​ជា​នីតិបុគ្គល​ក្រុមហ៊ុន ម្ចាស់​ហ៊ុន​ត្រូវធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ដើម្បី​អនុញ្ញាតឱ្យ​អ្នកតំណាង​ជា​រូបវ័ន្ត​បុគ្គល​បំពេញ​កិច្ច​ក្នុងនាម​នីតិបុគ្គល​ដែល​អាច​តម្រូវឱ្យ​មានកា​រ​បញ្ជាក់​ពី​មេធាវី និង/ឬ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់។

    នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី និង​បែបបទ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​រួចហើយ ច្បាប់​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ (ដែល​បច្ចុប្បន្ន​អត្រាពន្ធ​គឺ 4%នៃ​តម្លៃ​អចលនវត្ថុ​ដែល​វាយតម្លៃ​ដោយ​អាជ្ញាធរ​ពន្ធដារ)។ ក្រោយពី​បាន​បង់ពន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ អាជ្ញាធរ​សុរិយោដី​នឹង​បញ្ចប់​នីតិវិធី​នៃ​ការផ្ទេរសិទ្ធិ ដោយ​ធ្វើការ​ចុះបញ្ជី​ការផ្ទេរ​នេះ​ក្នុង​កំណត់ត្រា​ផ្លូវការ និង​ចារ​និទ្ទេស​ន៍​សម្គាល់ការ​ផ្ទេរសិទ្ធិ​នៅលើ​ឯកសារ​ប័ណ្ណកម្មសិទ្ធិ ជាការ​បញ្ចប់​ដំណើរការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ និង​ដោយ​ស្របច្បាប់៕

  • ចង់​ទិញ​ផ្ទះ​បង់​រំលស់​គួរតែ​ពិនិត្យ​ទៅលើ​ចំណុច​អ្វីខ្លះ​ដើម្បី​កុំឱ្យ​ខាតបង់​ធ្ងន់ធ្ងរ?

    ចង់​ទិញ​ផ្ទះ​បង់​រំលស់​គួរតែ​ពិនិត្យ​ទៅលើ​ចំណុច​អ្វីខ្លះ​ដើម្បី​កុំឱ្យ​ខាតបង់​ធ្ងន់ធ្ងរ?

    និន្នាការ​នៃ​ការទិញ​ផ្ទះ​បង់​រំលស់​កំពុងមាន​ភាព​ពេញនិយម​នៅលើ​ទីផ្សារ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា ដោយសារតែ​ប្រជាពលរដ្ឋ​យល់ថា ការរស់នៅ​លើផ្ទះ​បង់​រំលស់ ទោះជា​ត្រូវ​ចំណាយ​ខ្ពស់ជាង​ផ្ទះជួល​ពិតមែន ប៉ុន្តែ​ពេល​បង់​ប្រចាំខែយូរៗទៅ នឹង​ក្លាយជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ចំណែក​ផ្ទះជួល​ទោះជា​បង់​យូរ​យ៉ាងណា​ក៏​នៅតែ​ជា​កម្មសិទ្ធិ​របស់គេ​ដដែល។

    ចំពោះ​ការបង់​រំលស់​នៅតាម​បុរី​លំនៅឋាន​មួយចំនួន តម្រូវឱ្យ​អតិថិជន​បង់​ចន្លោះ​ពី 20%ទៅ30%នៃ​តម្លៃ​ផ្ទះ​សរុប​ជាមុនសិន ហើយ​អាច​បង់​រំលស់​បន្ត​ជាមួយ​ធនាគារ​បាន ចំណែក​បុរី​មួយចំនួន​ផ្តល់​លទ្ធភាព​អនុញ្ញាតឱ្យ​អតិថិជន អាច​បង់​រំលស់100% ដោយ​មិនចាំបាច់​មាន​ប្រាក់​កក់​ជាមុន​នោះទេ ប៉ុន្តែ​ត្រូវ​បង់ប្រាក់​ប្រចាំខែ​ខ្ពស់ និង​មាន​រយៈពេល​វែង​ទៀតផង។

    លោក រិ​ន លាង​ហ៊ត់ ជា​អ្នកធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ទិញ​ផ្ទះល្វែង​មួយកន្លែង​នៅ​ជិត​សាកលវិទ្យាល័យ​កសិកម្ម​ចំការ​ដូង ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​រួច គ្រួសារ​របស់លោក​បាន​ជួល​ផ្ទះ​គេ​នៅ នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ក្នុងតម្លៃ180ដុល្លារ​ក្នុង​មួយខែ លុះ​ទទួលបាន​ព័ត៌មាន​ថា មានផ្ទះ​លក់​បង់​រំលស់​ដោយ​មិនបាច់​មាន​ប្រាក់​ដើម​កក់ គ្រួសារ​លោក​បាន​ពិភាក្សាគ្នា​ពី​ចំណូល រួច​ហើយក៏​សម្រេចចិត្ត​ទិញ​ផ្ទះ​បង់​រំលស់​ក្នុង​មួយខែ​ប្រមាណ​ជា 600ដុល្លារ ក្នុង​រយៈពេល 17ឆ្នាំ​ដោយ​គ្មាន​ប្រាក់​កក់​ដំបូង ក្នុង​អត្រា​ការប្រាក់ 12%ក្នុង​មួយឆ្នាំ។

    លោក​ថា ដោយសារ​ចំណូល​គ្រួសារ​អាចមាន​លទ្ធភាព​ទើប​លោក​ហ៊ាន​បង់​រំលស់​ដូច្នេះ ដោយ​យក​ប្រាក់ខែ​ខ្លួន​មួយចំនួនធំ​មក​បង់ សល់​បន្តិចបន្តួច​បូក​ជាមួយ​ចំណូល​ពី​ការរកស៊ី​របស់ភរិយា​ទុក​សម្រាប់​ចាយវាយ​ទៅតាម​តម្រូវការផ្សេងៗប្រចាំថ្ងៃ។

    ទោះយ៉ាងណា​លោក​និយាយថា ក្រោយពី​ទិញ​ផ្ទះល្វែង​ក្នុង​បុរី​មក លោក​បាន​ផ្លាស់​ទីលំនៅ​ឆ្ងាយ​ជាង​មុន ដែល​ហាក់​ទទួលបន្ទុក​ក្នុង​គ្រួសារ​ធ្ងន់​ជាង​ជួល​ផ្ទះ​គេ​នៅ តែ​ចេះតែ​ស៊ូទ្រាំ​ទៅ​ដើម្បី​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​សម្រាប់​រស់នៅ​ដូច​គេ​ដូច​ឯង។ លោក​បាន​គិតថា គួរតែ​សន្សំ​ប្រាក់​ឱ្យបាន​ប្រមាណ​ជា 20,000ដុល្លារ​ដើម្បី​បង់ថ្លៃ 30%ទៅឱ្យ​ម្ចាស់​បុរី​ហើយ​កាត់​ប្លង់​ចេញពី​បុរី​យកទៅ​តម្កល់​នៅ​ធនាគារ​ដើម្បី​អាច​ខ្ចីប្រាក់​យកទៅ​បង់​ផ្តាច់​ឱ្យ​បុរី ព្រោះ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ មាន​អត្រា​ការប្រាក់​ទាប​ជាង​ការបង់​ផ្ទាល់​ជាមួយ​ម្ចាស់​បុរី។

    ជាការ​ពិតណាស់​អ្នកទិញ​ផ្ទះ​បង់​រំលស់​នៅក្នុង​គម្រោង​លំនៅឋាន​ឯកជន​នានា ពិតជា​ចង់​បង់​រំលស់​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាកដ​មែន ដើម្បី​ទទួលបាន​អត្រា​ការប្រាក់​ទាប​ត្រឹមតែ7% ឬ9%ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ជា​ការជួយ​សម្រួល​ដល់​ការចំណាយ​ក្នុងបន្ទុក​គ្រួសារ ប៉ុន្តែ​បញ្ហា​វា​ស្ថិត​នៅត្រង់ថា តើ​អ្នកទិញ​មាន​ប្រាក់​ដើម 30%សម្រាប់​បង់​ក្នុងដំណាក់កាល​ដំបូង​ដែរ​ទេ? ដើម្បីឱ្យ​ស្របតាម​តម្រូវការ និង​លក្ខខណ្ឌ​ទាមទារ​របស់​ធនាគារ​នោះ?

    បុគ្គលិក​គណនេយ្យ​ក្នុង​បុរី​មួយ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា សម្រាប់​គម្រោង​បុរី​លំនៅឋាន​របស់ខ្លួន​មិនមាន​ការយល់​ទាស់​អ្វី​ទេ បើសិនជា​អតិថិជន​មានលទ្ធភាព បង់ប្រាក់​ដើម 30%មកឱ្យ​បុរី ហើយ​មាន​ថវិកា​សម្រាប់​កាត់​ប្លង់​នោះ បុរី​លំនៅឋាន​នឹង​រៀបចំ​ឯកសារ​ជូន​អតិថិជន ដោយ​មិន​មានការ​រួញរា ឬ​ស្ទាក់ស្ទើរ​អ្វី​ឡើយ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឱ្យមាន​លក្ខខណ្ឌ​ងាយស្រួល​ក្នុង​ការបង់​ផ្តាច់ ព្រោះថា ក្នុង​គម្រោង​បុរី​គឺ​ចង់​បានតែ​អតិថិជន​មាន​ប្រាក់​គ្រប់​ចំនួន​មក​ទិញ​ផ្តាច់​មិនចាំបាច់​បង់​រំលស់​ដើម្បីឱ្យ​ក្រុមហ៊ុន​ប្រមូល​ទុន​យកទៅ​ពង្រីក​ការវិនិយោគ សាងសង់​លំនៅឋាន​សម្រាប់​លក់​ឱ្យ​អតិថិជន​បន្តទៀត។

    លោក ណុប សូ​នី ប្រធាន​ផ្នែក​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធី​ប៊ី​ប៊ី(ខេ​ម​បូ​ឌា) ភីអិលស៊ី (TBB (CAMBODIA) MICROFINANCE INSTITUTION PLC) របស់​ចិនតៃវ៉ាន់​ដែលមាន​ការិយាល័យ​តំណាង​នៅក្នុង​ក្រុងភ្នំពេញ មានប្រសាសន៍ថា ការបង់​រំលស់​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពិតជា​ទទួលបាន​អត្រា​ការប្រាក់​ទាប​ជាង​ការបង់​រំលស់​ជាមួយ​បុរី​ផ្ទាល់​ពិតប្រាកដ​មែន បើសិនជា​អតិថិជន​មានទ្រព្យ​បញ្ចាំ(ប្លង់​ផ្ទះ) ដែលមាន​តម្លៃ​ចាប់ពី 30,000ដុល្លារ​ឡើងទៅ។

    លោក​ថា សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់លោក​អាច​ផ្តល់​កម្ចី​ដែលមាន​ទឹកប្រាក់​ច្រើន​ចន្លោះ​ពី30,000ដុល្លារ ទៅដល់ 500,000ដុល្លារ​ក្នុង​អត្រា​ការប្រាក់​ត្រឹមតែ 7%ទៅ 10%ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដែលមាន​ការប្រាក់​ទាប​ជាង​បង់​ផ្ទាល់​ជាមួយ​បុរី​ដែល​ខាង​បុរី​ជាទូទៅ​តម្រូវឱ្យ​អតិថិជន​បង់​រំលស់​ជាមួយ​អត្រា​ការប្រាក់ 12%ក្នុង​មួយឆ្នាំ។

    ជាទូទៅ​ការរក​កម្ចី​ពី​ធនាគារ​ដើម្បី​ទិញ​ផ្ទះ អតិថិជន​គួរតែ​សិក្សា​ឱ្យបាន​លម្អិត​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុនីមួយៗ ព្រោះ​សព្វថ្ងៃ​មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​ដែលផ្តល់​កម្ចី​ជូន​ក្នុង​លក្ខខណ្ឌខុសៗគ្នា ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ផ្តល់ជូន​នូវ​កម្ចី​ដល់​អតិថិជន​ដោយ​ផ្តោត​តែ​លើ​កម្ចី​សម្រាប់​បើក​អាជីវកម្ម​ដែលមាន​រយៈពេល​ខ្ចី​ពី 5-10ឆ្នាំ និង​មាន​អត្រា​ការប្រាក់​ខ្ពស់​ចន្លោះ​ពី10%-12%។

    ចំណែកឯ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួនទៀត​ផ្តល់​កម្ចី​ផ្តោតលើ​ការទិញ​ផ្ទះ​ដោយ​អាច​ផ្តល់ជូន​ចន្លោះ​ពី50%-80%នៃ​តម្លៃ អចលនទ្រព្យ(ផ្ទះ) អាស្រ័យ​លើ​ទីតាំង​របស់​អចលនទ្រព្យ​នោះ ហើយ​ផ្តល់ជូន​នូវ​រយៈពេល​សង​ត្រឡប់​វែង​ពី15-25ឆ្នាំ និង​អត្រា​ការប្រាក់​ទាប​ចន្លោះ​ពី6%-10%។ ប្រសិនបើ​អតិថិជន​មិនបាន​សិក្សា​លម្អិត​លើ​កម្ចី​របស់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពី​លក្ខខណ្ឌ និង​ប្រភេទ​នៃ​កម្ចីនីមួយៗទេនោះ ការខ្ចីប្រាក់​ទិញ​ផ្ទះ​ក្តី​ឬ​បើក​អាជីវកម្ម​ក្តី លោកអ្នក​អាច​ប្រឈម​នឹង​ការខាតបង់​លើ​អត្រា​ការប្រាក់​ខ្ពស់ ក៏ដូចជា​រយៈពេល​សង់​ត្រឡប់​លឿន​ពេក​ដែល​ធ្វើឱ្យ​យើង​ពិបាក​នឹង​បង់​សង៕