Author: វល័ក្ខ

  • កម្ពុជា​ត្រូវការ​មនុស្ស​ដែលមាន​គំនិត​ច្នៃប្រឌិត និង​បង្កើត​អ្វីដែល​ថ្មី

    កម្ពុជា​ត្រូវការ​មនុស្ស​ដែលមាន​គំនិត​ច្នៃប្រឌិត និង​បង្កើត​អ្វីដែល​ថ្មី

    គំនិត​ច្នៃប្រឌិត ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​មនុស្ស និង​រុញច្រាន​ពិភពលោក​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​កាន់តែ​ប្រសើរឡើង តាមរយៈ​សមិទ្ធផល​ប្រកបដោយ​គុណ​តម្លៃ​នានា​ដែល​ត្រូវបាន​គេ​ផលិតឡើង​តាមរយៈ​គំនិតប្លែកៗទាំងអស់នោះ។

    នៅ​កម្ពុជា ក្រៅពី​ជំរុញ​យុវជន​ជំនាន់​ថ្មី​ឱ្យ​ស្រឡាញ់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត STEM និង​ជំនាញ​បច្ចេកទេស​ដើម្បី​បំពេញ​ទីផ្សារការងារ និង​ទាក់ទាញ​ការវិនិយោគ​ហើយ​នោះ ជំនាញ​ច្នៃប្រឌិត ឬ​នវានុវត្តន៍​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ត្រូវការ ព្រោះ​ជំនាញ​នេះ​អាច​ជំរុញ​ប្រទេស​យើង​ឱ្យមាន​សម្ទុះ​លឿន ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកឡើងថា ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ ជា​ចំណុច​ចាប់ផ្តើម​យ៉ាងសំខាន់​មួយ​ដែល​ជំរុញ​ឱ្យ​សិស្សានុសិស្ស​កម្ពុជា ព្យាយាម​ប្រើប្រាស់​ចំណេះដឹង​ពិតប្រាកដ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​បោះជំហាន​ទៅជា​ប្រជាជន​សកម្ម ឬ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​កម្ពុជា។ ចាប់ផ្តើម​ពី​មូលដ្ឋានគ្រឹះ​នៃ​ការអប់រំ ពី​ថ្នាក់មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា សិស្ស-និស្សិត​កម្ពុជា​គួរ​ចាប់ផ្តើម​បង្កើតជា​ក្លិប​សិក្សា ឬ​ផ្លាស់ប្តូរ​របៀប​សិក្សា​ពី​ការរៀន​បែប​ធម្មតា មក​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​បំបែកចេញ​ជា​គំហើញថ្មីៗទាក់ទង​នឹង​វិស័យ​វិទ្យាសាស្ត្រ​ដើម្បី​ជួយ​ដោះស្រាយបញ្ហាសំខាន់ៗនៅក្នុង​សង្គម។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ “សិស្ស-និស្សិត​គួរ​ចាប់ផ្តើម​សិក្សា​ឱ្យដល់​ឬ​សគល់​នៃ​ចំណេះដឹង ហើយ​ព្យាយាម​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ដើម្បី​យក​ទ្រឹស្តី ទាំងនោះ ទៅ​បង្កើតជា​សមិទ្ធផល ឬ​គំហើញ​ថ្មី។ វិស័យ​កសិកម្ម ក៏​ជា​វិស័យ​សំខាន់​មួយ​ដែរ និស្សិត​គួរ​ស្រាវជ្រាវ​ថា ធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​ទទួលបាន​ទិន្នផល​ច្រើន ហើយ​មាន​វិធី​ឆ្លាត​វៃ​អ្វីខ្លះ​ដើម្បី​ឱ្យមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ក្នុងការ​រស់នៅ​ជាដើម។

    លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅពេលដែល​យើង​មាន​ធនធានមនុស្ស​ដែល​អាចមាន​សមត្ថភាព​ក្នុងការ​បង្កើត​អ្វីដែល​ថ្មី​បាន ពួកគេ​ក៏​អាច​សហការ​ជាមួយនឹង​អ្នកជំនាញ ឬ​បង្កើត​វា​ទៅជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SME)ឡើង​ដើម្បី​ទាក់ទាញ​ធនធានមនុស្ស​បាន​ច្រើន​ថែម​ទៀតផង។ ម្យ៉ាងវិញទៀត ការបង្កើត​អ្វីដែល​ថ្មី និង​មានគំនិត​ច្នៃប្រឌិត រួមទាំង​ភាពជា​អ្នកដឹកនាំ​ផង ក៏​ជា​គុណសម្បត្តិ​ពិសេស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចាប់អារម្មណ៍​កាន់តែខ្លាំង​នៅ​កម្ពុជា​ព្រោះ​អ្នកវិនិយោគ​បាន​សម្លឹង​ឃើញ​ពី​លក្ខណៈពិសេស​របស់​កម្ពុ​ជា​ជាច្រើន តែ​ពួកគេ​ក៏​ត្រូវការ​ធនធានមនុស្ស​ដែល​អាចធ្វើ​ការងារ​បាន និង​យល់​ពី​គេ​បាន​ច្រើន​ផងដែរ។

    យុវជនមួយក្រុមកំពុងសង្កេតមើលស្នាដៃផ្នែកបច្ចេកវិទ្យាបង្កើតថ្មី

    សហគ្រិន​កម្ពុជា ដែល​បាន​បង្កើត​សមិទ្ធផល​ឥដ្ឋ​បរិស្ថាន និង​គម្រោង​ផ្ទះ​តាម​ក្តី​ប្រាថ្នា លោក​ហាវ គង់​ងី បាន​លើកឡើងថា នវានុវត្តន៍​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះ​នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ប្រជាជន​ជាច្រើន​មិនអាច​ប្រើប្រាស់​ផលិតផល​ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​បង្កើត ដូចជា​ទូរស័ព្ទ​ទំនើប ឬ​សម្ភារ​ប្រើប្រាស់ផ្សេងៗដែលមាន​តម្លៃថ្លៃៗនោះទេ តែ​ត្រូវការ​ជំនួយពី​នវានុវត្តន៍សំខាន់ៗមួយចំនួន​ដែល​ត្រូវ​នឹង​កម្រិតជីវភាព​របស់​ពួកគាត់។ អ្វីដែល​យើង​គួរ​ធ្វើ គឺ​ស្វែងរក​គំហើញ​ថ្មី ឬ​ផលិតផល​ណា​ដែល​ចំណេញ​ដល់​ការរស់នៅ​របស់​មនុស្ស​នៅក្នុង​សង្គម​ទូទៅ ឬ​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង ទាំង​អ្នកមាន​ជីវភាព​ធូរធារ និង​អ្នកមាន​ជីវភាព​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម។

    លោក ហាវ គង់​ងី បាន​និយាយថា ៖ “សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បាន​រកឃើញថា ប្រជាជន​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​ត្រូវការ​លំនៅឋាន តែ​លទ្ធភាព​នៃ​ប្រាក់ចំណូល​របស់គាត់​មិនអាច​ធ្វើឱ្យ​គាត់ទទួលបាន​លំនៅឋាន​ដោយ​ងាយស្រួល​នោះទេ ហេតុនេះ​ការបង្កើត​ឥដ្ឋ​បរិស្ថាន​ឡើង គឺ​ដើម្បី​កាត់បន្ថយ​ចំណាយ​សម្រាប់​អ្នក​សាងសង់ និង​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​សង់ផ្ទះ​ឡើង​បាន​ក្នុងតម្លៃ​ធូរ​ថ្លៃ​សម្រាប់​ប្រជាជន​ដែលមាន​កម្រិតជីវភាព​មធ្យម។

    ស្ថាបនិក​នៃ​នវានុវត្តន៍​ដ៏​មាន​សារៈសំខាន់​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា យើង​គួរ​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ថ្មី​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ពី​ការស្វែងរក​របកគំហើញថ្មីៗដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​រស់នៅ​របស់​មនុស្ស  ព្រោះ​ចាប់ផ្តើម​ពី​ការចូលរួមចំណែក​ពី​នវានុវត្តន៍ល្អៗ ប្រជាជន​នៅ​ទីជនបទ ឬ​ប្រជាជន​ដែលមាន​លទ្ធភាព​តិចតួច​ក៏​អាច​ទទួលបាន​នូវ​ឧបករណ៍​នានា​សម្រាប់​សម្រួល​ដល់​ការរស់នៅ ដែល​អាចធ្វើឱ្យ​គាត់​ចំណាយ​តិច និង​បង្កើត​ចំណូល​បាន​ច្រើន។

    យុវជន​ដែល​បាន​ស្រាវជ្រាវ​រកឃើញ​កង្ហារ​ឆ្លាត​វៃ ដែលមាន​សមត្ថភាព​ក្នុង​ការជួយ​ដល់​ប្រជាជន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ លោក សៀន ផា​លីន​ហួរ បាន​លើកឡើងថា នៅក្នុង​សង្គម​មាន​បញ្ហាច្រើនណាស់​ដែល​ទាមទារ​ឱ្យមាន​ដំណោះស្រាយ។ ហើយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់នោះ​ប្រកបដោយ​ភាព​ឆ្លាត​វៃ អ្នកបង្កើត​នវានុវត្តន៍ គួរតែ​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដើម្បី​ជួយ​ដល់​ប្រជាជន និង​ធ្វើយ៉ាងណា​ឱ្យ​សមិទ្ធផល​របស់ខ្លួន​ក្លាយជា​របស់​ដែល​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​មានតម្លៃ​សមរម្យ តែ​បាន​ផលប្រយោជន៍​ច្រើនជាង​មុន។

    លោក សៀន ផា​លីន​ហួរ បាន​និយាយថា ៖ “ជា​ឧទាហរណ៍​ជាក់ស្តែង​យើង​ឃើញ​ហើយ​ថា មនុស្ស​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ឬ​អ្នក​នៅ​តំបន់​ជនបទ​គាត់​មិនមាន​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​នោះទេ​ព្រោះ​វា​មានតម្លៃ​ថ្លៃ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គាត់​ចង់បាន​ឧបករណ៍​អេឡិចត្រូនិក​ដែល​អាចជួយ​ឱ្យ​គាត់​មាន​ភាពងាយស្រួល​ដែរ។ ហេតុនេះ​ការបង្កើត​កង្ហារ​ឆ្លាត​វៃ​ដែលមាន​មុខងារ​ច្រើន និង​តម្លៃ​សមរម្យ​សម្រាប់​ពួកគាត់ គឺអាច​ជួយ​គាត់​ឱ្យមាន​ការរស់នៅ​កាន់តែ​ប្រសើរ នៅក្នុង​សង្គម​ដែលមាន​ការអភិវឌ្ឍ​លឿន​ផ្នែក​បច្ចេកវិទ្យា។

    បើតាម​លោក សៀន ផា​លីន​ហួរ នវានុវត្តន៍​ដែល​បាន​គិតគូរ​ល្អិតល្អន់ ពី​ផលចំណេញ​សម្រាប់​អ្នកប្រើប្រាស់ នឹង​អាច​ជំ​រុញឱ្យ​ប្រទេស​យើង​កាន់​តែមាន​លក្ខណៈ​ឆ្លាត​វៃ ហើយ​ការរស់នៅ​របស់​ប្រជា​ជន​ក៏​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ៕

  • GPE ផ្តល់ជំនួយ​ជាង 20លាន​ដុល្លារ អភិវឌ្ឍ​គុណភាព​អប់រំ​ថ្នាក់បឋមសិក្សា

    GPE ផ្តល់ជំនួយ​ជាង 20លាន​ដុល្លារ អភិវឌ្ឍ​គុណភាព​អប់រំ​ថ្នាក់បឋមសិក្សា

    មូលដ្ឋានគ្រឹះ​សំខាន់បំផុត​សម្រាប់​ការកសាង​អនាគត​ធនធានមនុស្ស គឺ​ពង្រឹងសមត្ថភាព​ក្នុងការ​បណ្តុះបណ្ដាល​ថ្នាក់បឋមសិក្សា ព្រោះ​និស្សិត ឬ​ធនធានមនុស្ស​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យទាំងអស់​នៅក្នុង​ប្រទេស​សុទ្ធតែ​កើតចេញពី​កុមារ។ នៅពេលដែល​កុមារ​តូច​ត្រូវបាន​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព នោះ​អ្នក​អប់រំ​នៅថ្នាក់ខ្ពស់ៗនឹង​លែងមាន​បញ្ហា​ប្រឈម​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​សិស្ស​ឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​តទៅទៀត ហើយ។

    ផ្តោតលើ​មូលដ្ឋាន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឱ្យ​កាន់តែខ្លាំង​ដើម្បី​បណ្តុះបណ្តាល​កុមារ​តូច នៅ​កម្រិត​បឋមសិក្សា ដោយ​បង្កើន​កិច្ចសហការ​ល្អជា​មួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន។ ដោយ​មើលឃើញ​ពិ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ​ក្រុមប្រឹក្សាភិបាល​នៃ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) បានអនុម័ត​ហិរញ្ញប្បទាន​ឥណទាន​ឥត​សំណង​ក្នុង​ទឹកប្រាក់​ចំនួន​ប្រមាណ 20.6លាន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​ថ្នាក់បឋមសិក្សា។

    គោលបំណង​សំខាន់​នៃ​ការ​ផ្តល់ជំនួយ​នេះ គឺ​ជួយ​ទ្រទ្រង់​កុមារ​មកពី​គ្រួសារ​លំបាក​ឱ្យទទួល​បានការ​បណ្តុះបណ្តាល​ស្មើគ្នា ជាពិសេស​កុមារ​នៅ​ទីជនបទ។ លើសពីនេះ​ទៀត គម្រោង​នេះ​ក៏នឹង​ជួយ​វិស័យ​អប់រំ​ឱ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការបង្រៀន​របស់លោក​គ្រូ-អ្នកគ្រូ ពង្រឹង​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​មន្ត្រី​អប់រំ​នៅតាម​សាលារៀន និង​ការផ្តល់សេវា​អប់រំ​តាម​មូលដ្ឋាន និង​ថ្នាក់ជាតិ​ជាដើម។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែងថា ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​វិស័យ​អប់រំ​តាំងពី​ឆ្នាំ2006 មក​ម្លេ​៉ះ ហើយ​ការគាំទ្រ​នេះ​បានផ្តល់​លទ្ធភាព​ឱ្យ​ក្រសួង​អប់រំ​អាច​ពង្រីក និង​ពង្រឹងគុណភាព​គ្រូបង្រៀន​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង និង​ជួប​ដល់​កុមារ​ដែល​ជួប​ទុក្ខលំបាក​ឱ្យមាន​លទ្ធភាព​ទទួលបាន​ការរៀនសូត្រ និង​រីកចម្រើន។

    គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី3 ហើយ​ដែល​ស្ថាប័ន​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មក​កម្ពុជា ដោយ​ក្នុងនោះ​ស្ថាប័ន​យ៉ាងសំខាន់​នេះ​ក៏បាន​បង្កើន​កិច្ចសហការ​ល្អ​ផងដែរ​ជាមួយនឹង​អង្គការ​ពាក់ព័ន្ធ​នានា​ដែល​ធ្វើការ​ងារ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា៕

  • របរ​ភ្ញាស់​កូន​មាន់​លក់ ប្រើ​រយៈពេល​ខ្លី និង​មាន​ទីផ្សា​ធំ

    របរ​ភ្ញាស់​កូន​មាន់​លក់ ប្រើ​រយៈពេល​ខ្លី និង​មាន​ទីផ្សា​ធំ

    ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​យល់ដឹង​ពី​ការទទួល​ទាន​អាហារ​ធម្មជាតិ​គ្មាន​ជាតិគីមី បានធ្វើឱ្យ​ការចិញ្ចឹម​មាន់​ស្រែ​លក់​ទទួលបាន​ការគាំទ្រ​ខ្លាំង​ឡើង ដែល​ធ្វើឱ្យ​របរ​ភ្ញាស់​កូន​មាន់លក់​ក៏​កាន់តែ​កាក់កប ឆាប់​ទទួលបាន​ផល និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ផងដែរ។

    លោក សៅ ឌី ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​ស្រែ​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត បានឱ្យដឹងថា កន្លងមក​លោក​ធ្លាប់តែ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មើលឃើញ​តម្រូវការ​មាន់​ស្រែ​នៅលើ​ទីផ្សារ​កើនឡើង លោក​ក៏បាន​បង្កើត​កសិដ្ឋាន​ខ្នាតតូច​មួយ​ឡើង ដោយបាន​ច្នៃ​បង្កើត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់​ដោយ​ខ្លួនឯងបាន​ដោយ​ជោគជ័យ កាលពី​អំឡុង​ឆ្នាំ2016។

    ក្រោយពី​បង្កើត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់បាន​ជោគជ័យ​រួចមក លោក​បាន​ចិញ្ចឹម​មេមាន់​ចំនួន​ជាង 30ក្បាល និង​មាន់​ឈ្មោល​ប្រមាណ​ជា 5-6ក្បាល ដែល​មេមាន់​ទាំងនោះ​មាន​សមត្ថភាព​អាចផ្ដល់​ស៊ុត​ឱ្យម្តងៗបាន​ចំនួន​ជាង300 ទៅ400គ្រាប់​សម្រាប់​ដាក់​ភ្ញាស់​មួយ​លើក។ តាមពិតទៅ លោក​មិនសូវ​បាន​ចិញ្ចឹម​មាន់​ច្រើន​ប៉ុន្មាន​ទេ ដោយសារតែ​ជាប់រវល់​ផលិត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់​លក់ ហើយ​សរុបទៅ​មកទល់​ពេលនេះ​លោក​ទើបតែ​ភ្ញាស់​បាន​ចំនួន 4-5លើក និង​លក់​កូន​មាន់​សរុប​បាន​ចំនួន​ប្រហែល​ជាជាង 2,000កូន​តែប៉ុណ្ណោះ។

    លោក​បានបញ្ជាក់​បន្ថែម​ថា នៅពេលដែល​គេ​ចិញ្ចឹម​មាន់បាន​ពង​មកហើយ គេ​ត្រូវ​យកមក​ដាក់​នៅក្នុង​ធុង​ភ្ញាស់​ដោយមាន​ដោត​ភ្លើងអគ្គិសនី​កម្តៅ ហើយ​ត្រូវ​មើលថែ​ជាប់​ជាប្រចាំ ចៀសវាង​ភ្លើង​ក្តៅ​ខ្លាំង​ជ្រុល និង​ត្រជាក់​ជ្រុល។ ក្រោយពី​នោះ​មួយ​សប្តាហ៍ គេ​ត្រូវ​បើក​ទូ​ភ្ញាស់​នោះ​ពិនិត្យមើល​ម្ដង ដើម្បី​ឱ្យដឹងថា តើ​ពងមាន់​មួយណា​ដែល​មិនមាន​កូន និង​ត្រូវ​យកចេញ​ក្រៅ​ដើម្បី​កុំឱ្យ​ចង្អៀត​កន្លែង និង​កុំឱ្យ​ខាត​ភ្លើង​កម្ដៅ​ចោល។ រហូតដល់ 21ថ្ងៃ ទើប​កូន​មាន់​អាច​ញាស់​ឡើង​បានល្អ​តែម្តង។ ពេលនោះ​ត្រូវ​ដក​ចរន្តអគ្គិសនី​ចេញពី​ទូ ដើម្បី​ប្រមូល​កូន​មាន់​ទៅ​ចិញ្ចឹម​នៅក្នុង​ទ្រុង​ដែល​បានរៀបចំ​ទុក​រួចជាស្រេច។

    សម្រាប់​ទ្រុង​ចិញ្ចឹម​កូន​មាន់ គេ​ត្រូវ​រៀបចំ​ក្នុង​ទីកន្លែង​ដែល​ស្អាត គ្មាន​មេរោគ និង​ការពារ​កុំឱ្យ​ត្រូវ​ទឹកភ្លៀង ឬ​ត្រូវ​ពន្លឺ​ចាំង​ចូលមក​នាំឱ្យ​កើន​កម្ដៅ​ឡើង​ខ្លាំងពេក ព្រោះថា ក្នុង​រោង​ច​ញ្ចឹ​ម​កូន​មាន់​នោះគេ​មាន​ដាក់​បំពង់ ឬ​ក្អម​ដើម្បី​ដុត​ធ្យូង​សម្រាប់​កម្ដៅ​រួចស្រេច​ហើយ។ សម្រាប់​កូន​មាន់តូចៗទើបនឹង​ញាស់​ឡើង​នេះ​វា​មិនចេះ​ស៊ី​ចំណី​រឹង​ខ្លាំង​ទេ​ពោល​កសិករ​ត្រូវយក​ចំណី ស្រូវ ពោតឬ​អង្ករ​ទៅបុក ឬ​កិន​ឱ្យ​បែក​ជា​គ្រាប់​តូចប៉ុនៗចុងអង្ករ ទើប​វា​អាច​ស៊ី​បាន ឬ​បើ​យើង​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ យើង​អាច​ទៅ​ទិញ​ចំណី​ពី​ផ្សារ​មក​បំប៉ន​កូន​មាន់​មួយរយៈ​ជាមុនសិន ទម្រាំ​នឹង​វា​រឹង​ដៃ​រឹង​ជើង​អាច​ដើរ​បាន និង​ចេះ​រក​ចំណី​ស៊ី​ដោយ​ខ្លួនឯងបាន​ខ្លះ។

    បន្ទាប់ពី​កូន​មាន់​អាយុ​បាន1សប្តាហ៍ គឺ​វា​មាន​កម្លាំង​ខ្លះ​ហើយ និង​អាច​លែង​ចេញពី​ទ្រុង​ឱ្យ​ដើររក​ចំណី​ខាងក្រៅ​បានខ្លះៗហើយ និង​គេ​អាច​វា​ចាប់​លក់បាន​ជាប​ណ្តើរៗហើយ ដោយ​កូន​មាន់​មួយ​ក្បាល​តម្លៃ​ពី 3-4ពាន់​រៀល​ទៅតាម​ការ​កុម្ម៉ង់​តិច ឬ​ច្រើន និង​កូន​មាន់​ដែលមាន​អាយុ 2សប្តាហ៍​មានតម្លៃ 4-5ពាន់​រៀល និង​អាយុ 3សប្តាហ៍​មានតម្លៃ​ចន្លោះ​ពី 5-6ពាន់​រៀល​ក្នុង​មួយ​ក្បាល។ លោក​ថា ការ​ភ្ញាស់​កូន​មាន់​លក់ គឺ​មិនដែល​គ្រប់​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​នៅក្នុង​ភូមិ​ស្រុក​ឬ​មកពី​បណ្តា​ខេត្តផ្សេងៗនោះទេ ដោយសារ​លោក​រវល់​តែ​ចំណាយពេល​ផលិត​ម៉ាស៊ីន​ភ្ញាស់​កូន​មាន់​លក់ ទើប​មិនសូវមាន​ពេល​ទៅ​ចិញ្ចឹម​មាន់​យក​ពង​សម្រាប់​ភ្ញាស់​កូន​មាន់​លក់។

    គួរ​បញ្ជាក់ថា នៅក្នុង​ស្រុក​ឈូក​នេះ​មិនមែន​មានតែ​កសិដ្ឋាន​របស់លោក សៅ ឌី​តែមួយ​នោះទេ​ដែល​ចិញ្ចឹម​មាន់​សម្រាប់​យក​ស៊ុត​ភ្ញាស់​យក​កូន​លក់​នោះ​ប៉ុន្តែ​នៅមាន​កសិដ្ឋានធំៗចំនួន 3-4ទីតាំង​ផ្សេងទៀត​ក៏​ចិញ្ចឹម​មាន់​យក​ស៊ុត​ភ្ញាស់​យក​កូន​លក់​ដែរ ប៉ុន្តែ​នៅតែ​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​អតិថិជន​នៅលើ​ទីផ្សារ​ដដែល។

    កសិករ​ម្នាក់​ឈ្មោះ តាន់ លី អ្នកទិញ​កូន​មាន់​យកទៅ​ចិញ្ចឹម​នៅក្នុង​ស្រុក​ឈូក​នោះដែរ​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា លោក​យក​កូន​មាន់​នោះ​ទៅ​បំប៉នចំណី​ធម្មជាតិ​សុទ្ធសាធ ដូចជា​យក​កន្ទក់​មក​ដាំ​ជាប​បរលាយ​ជាមួយ​ត្រកួន​ឱ្យ​ស៊ី និង​មាន​ចំណី​ផ្សេងទៀត ដូចជា​គ្រាប់ពោត គ្រាប់ស្រូវ និង​ចុងអង្ករ​ទុក​សម្រាប់​បាច​ឱ្យ​កូន​មាន់​ស៊ី​បន្ថែម​ពេល​រក​ចំណី​ខាងក្រៅ​ស៊ី​មិន​គ្រប់គ្រាន់​ដើម្បី​បំប៉ន​ឱ្យ​វាឆាប់​ធំធាត់។

    ត្រឹមតែ​រយៈពេល 3ខែ​ប៉ុណ្ណោះ កូន​មាន់​នឹង​ធំ​មាន​ទម្ងន់​បាន1គីឡូ ឬ​ជាង 1គីឡូ​ក៏មាន។ ឯ​តម្លៃ​លក់​វិញ ជាធម្មតា​គេ​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ​ដែល​មក​ទិញ​ដល់ផ្ទះ បាន​មួយ​គីឡូក្រាម​ថ្លៃ 18,000រៀល ហើយ​មាន​ប៉ុន្មាន​ក៏​គេ​ទិញយក​ទាំងអស់​ដែរ ព្រោះថា សាច់មាន់​ស្រែ​កំពុងមាន​តម្រូវការ​ខ្លាំងណាស់​នៅលើ​ទីផ្សារ ទាំង​នៅ​ជនបទ​ស្រុកស្រែ និង​នៅក្នុង​ទីប្រជុំជន​នានា​ទូទាំងប្រទេស៕

  • 2ឆ្នាំ​ទៀត គម្រោង​សិក្សា​ស្ថាបនា​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ឆ្លងកាត់​ស្វ័យប្រវត្តិ​នឹង​បញ្ចប់

    2ឆ្នាំ​ទៀត គម្រោង​សិក្សា​ស្ថាបនា​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ឆ្លងកាត់​ស្វ័យប្រវត្តិ​នឹង​បញ្ចប់

    គម្រោង​សិក្សា​ពី​ការស្ថាបនា​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ឆ្លងកាត់​ស្វ័យប្រវត្តិ (Automated gatewaytransit (AGT) system ដែល​ហៅថា(AGT) ឬ​ដែល​គេ​ច្រើន​ហៅថា ខ្សែ​ផ្លូវ​រថភ្លើង​លើ​អាកាស ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​អនុវត្ត ប៉ុន្តែ​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់ 2ឆ្នាំ​បន្ថែមទៀត​ដើម្បី​សិក្សា​លម្អិត​មុននឹង​ឈានទៅ​អភិវឌ្ឍ។ នេះ​បើតាម​ការអះអាង​របស់​ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    លោក​រដ្ឋមន្ដ្រី​បានឱ្យដឹងថា៖ “គម្រោង​ស្ថាបនា​ខ្សែ​ផ្លូវ​រថភ្លើង​លើ​អាកាស​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​អនុវត្ត ដោយ​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់ 2ឆ្នាំ​បន្ថែមទៀត​ដើម្បី​សិក្សា​លម្អិត​មុននឹង​ឈានទៅ​អភិវឌ្ឍ។ ព្រោះថា​ការចំណាយ​ពេលវេលា​សិក្សា​យូរ​នេះ គឺ​ដើម្បី​សិក្សា​ឱ្យបាន​ប្រាកដថា នៅពេល​អនុវត្ត​គម្រោង​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ទៅ​នឹងមាន​ផលប៉ះពាល់​តិចតួច​បំផុត​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ។ តែ​គម្រោង​កំពុងដំណើរការ​ទៅតាម​ការគ្រោងទុក និង​កំពុង​ត្រូវបាន​ធ្វើឡើង​ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន Japan International Cooperation Agency(JICA)នឹង​ចប់​រួចរាល់​ក្នុង​រយៈពេល 2ឆ្នាំ​ខាងមុខ។

    ដើម្បី​ធានា​ដល់​សាធារណជន​ថា ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ឆ្លងកាត់​ស្វ័យប្រវត្តិ(AGT) ឬ​ខ្សែ​ផ្លូវ​រថភ្លើង​លើ​អាកាស​ដែល​នឹង​ភ្ជាប់​មជ្ឈមណ្ឌល​ទីក្រុង​ភ្នំពេញ​ជាមួយ​អាកាសយានដ្ឋាន​ពិតជា​ត្រូវបានសាងសង់​តាម​ការគ្រោងទុក​មែន បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាមថ្មីៗនេះ​ថា គម្រោង​នេះ​ប្រហែលជា​ត្រូវបាន​បោះបង់ចោល​នោះ លោក ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍ថា AGTដែល​ត្រូវបាន​គេ​ពិពណ៌នា​ថា ជា​ប្រព័ន្ធ​ឆ្លងកាត់​ដ៏​ធំ​មួយ​ដែល​អាច​ការពារ​បរិស្ថាន​បាន អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 60គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​មិនមាន​ផ្សែង​បារី។ លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​ទៀតថា វា​តម្រូវឱ្យមាន​កន្លែង​ទំនេរ​តិចតួច ហើយ​ងាយស្រួល​ក្នុង​ការចត​នៅតាម​ផ្លូវតូចៗក្នុង​ទីក្រុង។ វា​នឹងធ្វើ​ទំនើបកម្ម​ការដឹកជញ្ជូន​សាធារណៈ​នៅក្នុង​ទីក្រុង និង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍។

    លោក​បាន​និយាយថា ពាក្យ​ចចាមអារ៉ាម​ដែលថា រដ្ឋាភិបាល​ជប៉ុន​បាន​ដកហូត​ការគាំទ្រ​របស់ខ្លួន​ចំពោះ​គម្រោង​នេះ គឺជា​ពាក្យ​ដែល​ត្រូវបាន​គេ​ប្រឌិត​ឡើង ពីព្រោះ​ជប៉ុន​នៅតែ​ប្តេជ្ញា​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់​គម្រោង​នេះ​ចំនួន 800លាន​ដុល្លារ​ដដែល។ តែ​មិនទាន់បាន​បញ្ជាក់ថា តើ​លុយ​នេះ​នឹងត្រូវ​បានផ្តល់​ជា​ប្រាក់កម្ចី ឬ​ជំនួយ​នោះទេ។ “យើង​នៅតែ​ត្រូវការ​ការពិភាក្សា​អំពី​បញ្ហា​ហិរញ្ញប្បទាន​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ដោយ​យើង​មិនដឹងថា តើ​ពួកគេ​គិត​ចង់​ផ្តល់​ជា​ប្រាក់កម្ចី ឬ​ជំនួយ​នោះទេ ប៉ុន្តែ​យើង​ប្រាកដ​ច្បាស់​ថា ជប៉ុន​នឹង​ជួយ​យើង។

    លោក​បន្តថា៖ “ការសាងសង់​ផ្លូវ​រថភ្លើង​អាកាស​នេះ​នឹងត្រូវ​ធ្វើ​ឡើងជា 2ដំណាក់កាល​ដោយ​បែង​ចែកជា​ផ្លូវ​លើ​អាកាស​ប្រវែង 14គីឡូម៉ែត្រ និង​នៅក្រោម​ដី​មាន​ប្រវែង 4គីឡូម៉ែត្រ​ពី​ស្ថានីយ​ចំណតដែល​ស្ថិតនៅក្នុង​ព្រលានយន្តហោះ​តែម្ដង។ លោក​បន្តទៀតថា៖ “ហេតុផល​ដែល​ជ្រើសរើស​ទីតាំង​ខាងលើនេះ ក៏​ព្រោះតែ​ជា​រៀងរាល់ថ្ងៃ​មហាវិថី​សហព័ន្ធរុស្ស៊ី​មាន​ភាព​កកស្ទះ​ច្រើនជាងគេ ជាពិសេស​វា​ជា​មហាវិថី​សំខាន់បំផុត​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញទៅ​តាម​បណ្តា​ខេត្ត​នានា ក៏ដូចជា​មាន​ភាព​មមា​ញឹក​សម្រាប់​អ្នកធ្វើដំណើរ​ទៅ​ក្រៅប្រទេស​តាមរយៈ​ការហោះហើរ​ដែរ។

    សូម​បញ្ជាក់ដែរថា គម្រោងការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​នេះ​ត្រូវបានធ្វើ​ការសិក្សា​តាំងពី​អំឡុង​ឆ្នាំ2014 ទៅលើ​ផ្លូវ​ចំនួន 3ខ្សែ ដោយ​ខ្សែ​ទី1ចាប់ផ្តើម​ពី​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ព្រះមុនីវង្ស មហាវិថី​សហព័ន្ធរុស្ស៊ី និង​រង្វង់​មូល​ចោមចៅ។ ខ្សែ​ទី2 ចាប់ផ្តើម​ពី​មហាវិថី​ព្រះមុនីវង្ស​រត់​ស្រប​ផ្លូវ​រថភ្លើង(ចាស់)ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខ្សែ​ទី3 ចាប់ផ្តើម​ពី​ផ្សារ​ធំថ្មីមហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​វ៉េងស្រេង​ឆ្ពោះ​មក​រង្វង់​មូល​ចោមចៅ និង​បត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ។

    យោងតាម​រូបភាព​នៃ​គម្រោង​ដែល​អង្គការ JICAបាន និង​កំពុងធ្វើការ​សិក្សា បានបង្ហាញ​ឱ្យឃើញថា គម្រោង​នេះ​នឹង​បែក​ជា4ទិស ដោយ​ទិស​ជើងមាន​ប្រវែង 9.6គ.ម ឆ្លងកាត់​តំបន់​ទួលគោក។

    ទិស​ខាងត្បូង​ប្រវែង 10.5គ.ម ឆ្លងកាត់​មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវជាតិ​លេខ2។ ទិស​ខាងលិច​មាន2ខ្សែ មួយ​ប្រវែង 11.8គ.ម ឆ្លងកាត់​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី និង​មួយទៀត​ប្រវែង 11.5គ.ម ឆ្លងកាត់​តាមផ្លូវ​វ៉េងស្រេង​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

    គម្រោង​ក្រោយ​គេ​ទាំង2នេះ គឺមាន ប្រវែង​សរុប14គីឡូម៉ែត្រ​ជា​ផ្លូវអាកាស និង 4គីឡូម៉ែត្រ​ជា​ផ្លូវ​ក្រោម​ដី​ដោយសារ​កៀក​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រថភ្លើង​មិនអាច​រត់​លើ​អាកាស​បានឡើយ។ តាម​គោលដៅ​គ្រោងទុក កម្ពុជា​នឹងមាន​ប្រព័ន្ធ​រថភ្លើង​អាកាស​ស្វ័យប្រវត្តិ​នេះ​មុន​ឆ្នាំ2023 ដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម៕

  • វិស័យ​អចលនទ្រព្យ​មុនពេល​បោះឆ្នោត​មាន​ស្ថានភាព​បែបណា?

    វិស័យ​អចលនទ្រព្យ​មុនពេល​បោះឆ្នោត​មាន​ស្ថានភាព​បែបណា?

    “ទោះបី​ស្ថិតក្នុង​ពេលមុន​បោះឆ្នោត កំពុង​បោះឆ្នោត ឬ​ក្រោយ​បោះឆ្នោត​ក្ដី​ក្នុង​បណ្ដា​ឆ្នាំ​កន្លងមកនេះ​បញ្ហា​អចលនទ្រព្យ​មិនមាន​ការប្រែប្រួល​ខ្លាំង​ទេ ខណៈ​បច្ចុប្បន្ននេះ​ទីផ្សារ​ដីធ្លី​នៅ​កន្លែង​ណា​ក៏មាន​ការកើនឡើង​ខ្ពស់​ដែរ ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ​តែម្ដង។

    ទាំងអស់នេះ​បង្ហាញ​ពី​ជំនឿ​ជឿជាក់ថា ប្រទេស​កម្ពុជា​ពិតជា​មាន​ស្ថិរភាព និង​ការវិនិយោគ​លើ​អចលនទ្រព្យ​អាច​ទទួល​ប្រាក់ចំណេញ​បាន។ នេះ​បើតាម​ប្រសាសន៍​របស់់​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបញ្ជាក់​កាលពី​ខែឧសភា​កន្លងទៅនេះ។

    ការ​ថ្លែង​របស់​ឯកឧត្តម គឺ​ស្របពេល​មានការ​លេចឡើង​នូវ​វត្តមាន​ផ្សារ​ទំនើប​អន្តរជាតិ អុ​ី​អន​ដែល​បាន​បើក​ដំណើរការ​សាកល្បង​កាលពី​ចុងខែ​ឧសភា និង​គម្រោង​វិនិយោគថ្មីៗទៀត​នៅក្នុង​ខណ្ឌសែន​សុខ ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ និង​ដីធ្លី​ក្នុង​ខណ្ឌ​នេះ​ហក់​ឡើង​ខ្ពស់ និង​ក្លាយទៅជា​គោលដៅ​វិនិយោគ បើទោះបីជា​កៀក​នឹង​ពេល​បោះឆ្នោត​ក៏ដោយ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​នៅមាន​វិនិយោគិន​ខាង​អចលនទ្រព្យ​ខ្លះ​បាន​បង្អង់​ល្បឿន​នៃ​ការទិញ-លក់​ដោយនៅ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​បោះឆ្នោត​សិន​ថា តើ​អាច​នឹងមាន​បញ្ហា​អ្វី​កើតឡើង​ឬទេ?

    ការ​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​អចលនទ្រព្យ​នេះ​ត្រូវបាន​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ពន្យល់​ឱ្យដឹងថា ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីតាំងខាងលើ​នោះ(ខណ្ឌ​សែន​សុខ) គឺ​ដោយសារតែ​តំបន់​នោះ​មាននូវ​អ្វី​ដែលជា​តម្រូវការ​សម្រាប់​ការរស់នៅ​ស្ទើរ​គ្រប់​ទៅហើយ ដូច​ជាមាន​សាលារៀន ផ្សារ​ទំនើប​លំនៅឋាន​ស្នាក់​នៅមាន​លក្ខណៈ​ស្ដង់ដារ កន្លែង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នេះ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​ដែល​សុទ្ធតែជា​ប្រភេទ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ។

    លោក​បញ្ជាក់ថា កាលពី 3ឆ្នាំមុន ផ្ទះ​លក់​ក្នុង​បុរី​ពិភពថ្មី​មានតម្លៃ​តែ​ជាង 20ម៉ឺន​ទេ ប៉ុន្តែ​ឥឡូវ​តម្លៃ​បាន​ហក់​ឡើង​រហូតដល់​ជាង 40ម៉ឺន​ដុល្លារ។ គួរ​បញ្ជាក់ដែរថា គម្រោង​ខ្នាត​ធំ​ដែល​បាននិងកំពុង​សាងសង់ និង​គម្រោង​ដែល​បាន​បើក​ដំណើរការ​ហើយ​នៅក្នុង​ខណ្ឌ​សែន​សុខ​រួមមាន​ផ្សារ​ម៉ាក្រូ​របស់​ថៃ គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​រៀបចំ​អាពាហ៍ពិពាហ៍​អន្តរជាតិ ឌឹ ព្រី​មៀមលែ​ន និង​ផ្សារ​ទំនើប​ធំ​ទី2 របស់​ជប៉ុន អុ​ី​អន​ម៉​ល ដែល​បាន​បើក​ដំណើរការ​សាកល្បង​រួចហើយ​កាលពី​ចុងខែ​កន្លងទៅ។

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន cencury21mekong បាន​មានប្រសាសន៍​អំពី​បញ្ហា​នេះ​ថា ពាក់ព័ន្ធ​នឹង​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ វា​អាច​កើតមាន​ឡើងជា​ករណី​ពិសេសគឺ​កើនឡើង​តែ​ម្តុំ​អុ​ី​អន​ម៉​ល​ហ្នឹងឯង។

    លោក​បាន​បន្តថា ជាទូទៅ​យើង​ត្រូវ​មើលឃើញថា តម្លៃ​ផ្ទះ​បុរី​វា​អាច​កើនឡើង​តែ​មិនអាច​ឡើង​ខ្លាំង​រហូតដល់100%បានទេ។ យើង​ទទួលស្គាល់ថា វា​កើនឡើង តែ​វា​មិនអាច​ស្ទុះ​ឡើង​ខ្លាំងពេក​ទេ គឺ​ត្រឹមតែ​ខ្ពស់ជាង​តម្លៃ​ពីមុន​តិចតួច។ ចំណែក​ផ្ទះ​នៅក្នុង​បុរី​ពិភពថ្មី​ជិត​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល​ទី2វិញ ទិញ​ថ្លៃ17-18ម៉ឺន​ដុល្លារ​អាមេរិក ឥឡូវ​កើន​ដល់30-40ម៉ឺន​ដុល្លារ​អាមេរិក​ដែល​យើង​អាច​និយាយបានថា ជា​លក្ខណៈពិសេស​ដោ​យក​ន្លែ​ង មិនអាច​សន្និដ្ឋានថា​ជាត​ម្លៃ​ទីផ្សារ​រួម​ក្នុង​ខណ្ឌ​សែន​សុខ​បានទេ។

    លោក សុខ​នី​ម គិតថា គឺ​គ្រាន់តែ​ជា​តម្រូវការ​ជុំវិញ​ផ្សារ​អុ​ី​អន និង​ផ្សារ​ម៉ាក្រូ​ប៉ុណ្ណោះ ដោយសារ​វា​ជា​ផ្ទះ​បែប shophouse(ផ្ទះ​ដែល​អាចធ្វើ​អាជីវ​កម្មបាន)។ តែ​ជាទូទៅ​ទីផ្សារ​អចលនទ្រព្យ​នៅមាន​តម្លៃ​ធម្មតា​ទោះបីជា​កៀក​ពេល​បោះឆ្នោតជាតិ​ដែល​គេ​បាន​សង្កេតឃើញថា វា​តែងតែមាន​ការជាប់គាំង​តម្លៃ​ក្នុង​រយៈពេល​កន្លងមក​ក៏ដោយ វា​ក៏​មិនមាន​អ្វី​ជា​ក្តីបារម្ភ​ខ្លាំងពេក​ដែរ គឺ​ទីផ្សារ​នៅមាន​ដំណើរការ មិនមាន​ភាពស្ងប់ស្ងាត់​នោះទេ។

    លោកស្រី សេង ហ្គិ​ច​អ៊ាង ជា​អ្នក​ទីផ្សារ​នៅ​ក្រុមហ៊ុន សាន់​នី ប្រ​ភើ​ធី (Sunny Property) មានប្រសាសន៍ថា ការកើនឡើង​ខុសប្លែក​ពី​ឆ្នាំ​បោះឆ្នោតមុនៗ មកពី​មាន​វិនិយោគិន​ចិន​ចូលមក​ច្រើន ហើយ​ពួកគេ​ពុំ​ខ្វល់​ពី​នយោបាយ​ទេ ដោយ​គេ​គិតថា​កម្ពុ​ជាមាន​ស្ថិរ​ភាពជា​បន្ត ទោះបី​បោះឆ្នោត​រួច​ក៏ដោយ​ទើប​គេ​នៅតែ​បន្ត​បោះទុន​វិនិយោគ​ខាង​អចលនទ្រព្យ​នេះ។ ដូច្នេះ​ទើប​ធ្វើឱ្យ​ស្ថានភាព​អចលនទ្រព្យ​នៅតែមាន​ទីផ្សារ​ធម្មតា។

    ដោយឡែក​អ្នកវិភាគ​អចលនទ្រព្យ និង​សេដ្ឋកិច្ច លោក ង៉ែត ជូ ត្រូវបាន​គេ​ស្រង់​សម្តី​ថា នៅក្នុង វិស័យនេះ​មានការ​បំពុល​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ការបង្ហាញ ឬ​លើកឡើង​ពី​គម្រោង​អភិវឌ្ឍន៍​នានា​តាមរយៈ​អ្នកវិនិយោគ​មួយចំនួន​នៅក្នុង​វិស័យនេះ​ដើម្បី​ទាក់ទាញ​អតិថិជន ប្រយោជន៍​ដើម្បី​ធ្វើឱ្យ​ពួកគេ​លក់​គម្រោង​របស់​ពួកគេ​ឆាប់​ដាច់។ លោក​បន្តថា ប៉ុន្តែ​ជាក់ស្តែង​យើង​ឃើញ​គម្រោងព្រលានយន្តហោះ​ថ្មី​ក្នុង​ខេត្តកណ្តាល​ជា​ឧទាហរណ៍​ស្រាប់ អ្នកវិនិយោគ​មួយចំនួន​បាន​ប្រឈមមុខ​នឹង​ហានិភ័យ ព្រោះ​នៅពេលដែល​រដ្ឋាភិបាល​បានប្រកាស​សាងសង់​ព្រលាន​ថ្មី​នោះ អ្នកខ្លះ​បាន​ខ្ចីលុយ​ធនាគារ​ទៅ​ទិញ​ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​នោះបាន​ស្ងប់ស្ងាត់​ទៅវិញ ហើយ​ចលនា​នៃ​ការទិញ-លក់​ដីធ្លី​នៅ​តំបន់​នោះ​ក៏​ស្ងប់ស្ងាត់​ទៅវិញ​ដែរ។

    លោក​បាន​បន្តថា “ហេតុនេះ​មុននឹង​សម្រេចចិត្ត​វិនិយោគ ខ្ញុំ​សុំឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន មុននឹង​ធ្វើការ​សម្រេច​ចិត្ត​វិនិយោគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ។ លោក​បាន​បន្តទៀតថា “នៅពេល​យើង​មិនសូវ​ស្វែងយល់​សិក្សា និង​តាមដាន​ព័ត៌មាន​ឱ្យបាន​ជាក់លាក់​ទេ​នឹង​ធ្វើឱ្យ​ការវិនិយោគ​របស់​យើង​មាន​ហានិភ័យ​ខ្ពស់។

    លោក ង៉ែត ជូ បាន​បន្តថា ការសិក្សា​និង​ប្រមូល​ព័ត៌មាន​បាន​ត្រឹម​ត្រូវជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត និង​អាច​កាត់បន្ថយ ឬ​បញ្ចៀស​បាន​នូវ​ហានិភ័យ​ជាជាង​យើង​វិនិយោគ​បែបប្រថុយប្រថាន ព្រោះ​បើ​ការវិនិយោគ​ពឹង​លើ​ព្រេងសំណាង មិនមែនជា​ជម្រើស​របស់​អ្នកវិនិយោគ​ឆ្លាត​វៃ​នោះឡើយ៕

  • លោក Deschamps ៖ បារាំង ត្រូវ​ដណ្តើមយក​ឱកាស​ពេល​ប៉ះ អូស្ត្រាលី

    លោក Deschamps ៖ បារាំង ត្រូវ​ដណ្តើមយក​ឱកាស​ពេល​ប៉ះ អូស្ត្រាលី

    លោក Didier Deschamps គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រជុំ​ដោយ​តារាឆ្នើមៗរបស់ខ្លួន «ដណ្តើមយក​ថ្ងៃ​របស់ខ្លួន​ឱ្យបាន» នៅពេលដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី ដែល​កំពុង​សម្លឹង​រក​ជ័យជម្នះ​ក្នុងការ​ប្រកួត​បើកឆាក​របស់ខ្លួន​ក្នុង​យុទ្ធនាការ World Cup ក្នុង​ទីក្រុង Kazan នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។

    Soccer Football – FIFA World Cup – France Press Conference – Domaine de Montjoye, Clairefontaine, France – May 23, 2018 France coach Didier Deschamps during the press conference REUTERS/Gonzalo Fuentes

    លោក Deschamps ដែលជា​សមាជិក​ឈ្នះ​ពាន World Cup ឆ្នាំ1998 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង នឹងត្រូវ​ដឹកនាំ​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង​បំផុត​នៃ​យុទ្ធនាការ​នេះ និង​កំពុងតែ​សង្ឃឹមថា អាចធ្វើ​ការស្តារ​មុខមាត់​ពី​ការរង​បរាជ័យ​ក្នុងការ​ប្រកួត Euro ឆ្នាំ2016 វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ក្នុងប្រទេស​បារាំង កាលពី 2ឆ្នាំមុន។

    ក្នុងចំណោម​កីឡាករ​ទាំង 23នាក់​ក្នុង​ក្រុម​របស់លោក Deschamps មាន​កីឡាករ 14នាក់​មិន​ធ្លាប់បាន​លេង​ក្នុង​យុទ្ធនាការធំៗណាមួយ​នៅឡើយ ប៉ុន្តែ លោក​មិនបាន​ចាត់ទុក​ការខ្វះ​នូវ​បទពិសោធ​នេះ​ថា ជា​បញ្ហា​ធំ​ឡើយ។  លោក Deschamps វ័យ 49ឆ្នាំ បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា៖ «សម្រាប់​ខ្ញុំ វា​គ្មាន​នូវ​ការប្រថុយប្រថាន​ណាមួយ​ឡើយ  និង​ប្រសិនបើ​មាន គឺ​ដោយសារតែ​ពួកគេ​ខ្លួនឯង​ហ្នឹងឯង»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​មិនអាច​ធ្វើឱ្យមាន​អារម្មណ៍​ភ័យខ្លាច​បានឡើយ។ ខ្ញុំ​ចង់ឱ្យ​កីឡាករ​ទាំងអស់​មាន​អារម្មណ៍​ស្ងប់ និង​មានការ​ផ្តោតអារម្មណ៍។ គោលដៅ​របស់​ពួកគេ គឺ​ការធ្វើឱ្យ​បានល្អ​បំផុត។ ពួកគេ​ត្រូវតែ​ដណ្តើមយក​ឱកាស​របស់​ពួកគេ​ឱ្យបាន​ច្រើន​បំផុត»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 5ល្ងាច៕

    ប្រភពពី៖ Channel News Asia

  • រថយន្ត​ Land Cruiser GX.R​ ឆ្នាំ2009 លក់ក្នុងតម្លៃពិសេស

    រថយន្ត​ Land Cruiser GX.R​ ឆ្នាំ2009 លក់ក្នុងតម្លៃពិសេស

    • Model: Land Cruiser GX.R, Year: 2009
    • Price: $64,500
    • Color: Gold
    • Engine: V6, Fuel: Gasoline
    • Tel: 069 327 305
    ­• Code: AED129-19

  • រថយន្ត​ Toyota Highlander​ ឆ្នាំ2003 លក់ក្នុងតម្លៃពិសេស

    រថយន្ត​ Toyota Highlander​ ឆ្នាំ2003 លក់ក្នុងតម្លៃពិសេស

    • Model: Toyota Highlander, Year: 2003
    • Price: $20,500 (Installment)
    • Color: Gold(Limited)
    • Engine: V6 3.0, Fuel: Gasoline
    • Tel: 069 327 305
    ­• Code: AED129-15

  • រថយន្ត​ CAMRY ឆ្នាំ2002 លក់ក្នុងតម្លៃសមរម្យ

    រថយន្ត​ CAMRY ឆ្នាំ2002 លក់ក្នុងតម្លៃសមរម្យ

    • Model: CAMRY, Year: 2002
    • Price: $12,200 (Installment)
    • Color: White
    • Engine: V4 2.4L, Fuel: Gasoline
    • Tel: 069 327 305
    ­• Code: AED129-10

  • រថយន្ត​ Toyota Prius​ ឆ្នាំ2004 លក់ក្នុងតម្លៃពិសេស

    រថយន្ត​ Toyota Prius​ ឆ្នាំ2004 លក់ក្នុងតម្លៃពិសេស

    • Model: Toyota Prius, Year: 2004
    • Price: $11,500 (Installment)
    • Color: Silver
    • Engine: 1.5L , Fuel: Gasoline
    • Tel: 069 327 305
    ­• Code: AED129-05