Author: វល័ក្ខ

  • ទីផ្សារ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច បាន​កើនឡើង​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន 65% គឺ​ចំណែក​ទីផ្សារ​របស់ VISA កាត

    ទីផ្សារ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច បាន​កើនឡើង​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន 65% គឺ​ចំណែក​ទីផ្សារ​របស់ VISA កាត

    ភ្នំពេញ Visa គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក  បានប្រកាសថា ខ្លួន​មាន​កំណើន​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ 2017 ដោយ​ចំនួន វីសា​ ​កាត នៅក្នុង​ប្រទេស​នេះ បាន​កើនឡើង 65% ធៀប​ទៅនឹង​ឆ្នាំមុន។

    Visa ក៏បាន​មើលឃើញថា បរិមាណ​ទូទាត់​សរុប និង​តម្លៃ​សរុប​នៃ​ប្រតិបត្តិការ​នៅលើ​បណ្តាញ​របស់ខ្លួន​កើនឡើង 30% រៀងៗខ្លួន ខណៈពេលដែល​ក្រុមហ៊ុន​បាន​បង្កើន​ចំនួន​ទីតាំង​ដែល​ទទួល​ការទូទាត់​ចំណាយ​ដោយ​កាត​របស់ខ្លួន បាន 20%។

    អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង វី​សា ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា៖  “វា​មាន​ហេតុផល​ច្រើនណាស់​សម្រាប់​សុទិដ្ឋិនិយម​លើ​សេដ្ឋកិច្ចកម្ពុជា។ ជា​ចម្បង​យើង​ឃើញថា GDP ជាតិ​បាន​កើនឡើង7% កាលពី​ឆ្នាំមុន ខណៈពេលដែល​តួលេខ​ពី​បណ្តាញ​របស់​យើង​ចង្អុលបង្ហាញ​យ៉ាងច្បាស់​ពី​កំណើន​នៃ​សកម្មភាព​សេដ្ឋកិច្ច។ ខណៈ​សេដ្ឋកិច្ចកម្ពុជា​បន្ត​វិវត្ដន៍​នឹងធ្វើ​សមាហរណកម្ម​ជាមួយ​សេដ្ឋកិច្ចពិភពលោក យើង​រំពឹងថា​នឹងមាន​ការកើនឡើង​នូវ​ការទូទាត់​សាច់ប្រាក់​តាមរយៈ​អេឡិចត្រូនិក ខណៈពេលដែល​អតិថិជន និង​អាជីវកម្ម​កាន់តែច្រើន កំពុង​ស្វែងរក​អត្ថប្រយោជន៍​ពី​ភាព​ឆាប់រហ័ស ភាពងាយស្រួល និង​សុវត្ថិភាព ជាង​សាច់ប្រាក់”។

    ក្នុង​រយៈពេល 12ខែ​ចុង​ក្រោយនេះ វី​សាបាន​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដើម្បី​ជួយ​ពង្រីក​ការប្រើប្រាស់​ការទូទាត់​សាច់ប្រាក់​តាមរយៈ​អេឡិចត្រូនិក​ក្នុងប្រទេស​កម្ពុជា ដែល​រួមមាន​ការសហការ​ជាមួយ​គ្រឹះស្ថាន​អង្គរ ដើម្បី​អនុញ្ញាតឱ្យ​ប្រើប្រាស់​វី​សា​កាត ក្នុង​ការទិញ​ប័ណ្ណ​សម្រាប់​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទអង្គរវត្ត។

    អ្នកស្រី​បាន​បន្ត​លើកឡើង​ទៀតថា៖ “នៅ​ឆ្នាំ 2016 ប្រទេស​កម្ពុជា​បានទទួល ភ្ញៀវទេសចរ​ជាង 5លាន​នាក់ ដែល​កើនឡើង​ជិត​ពីរដង​នៃ​ចំនួន​ភ្ញៀវទេសចរ កាលពី​ប្រាំ​ឆ្នាំមុន។ ដូច្នេះ​យើង​យល់ថា​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង ដើរតួ​យ៉ាងសកម្ម​ក្នុង​ការជួយ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ការទូទាត់​ប្រាក់​របស់​ប្រទេស​កម្ពុជា​ដើម្បីឱ្យ​ប្រជាជន​មកពី ជុំវិញ​ពិភពលោក​អាច​ទូទាត់​ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព នៅ​រមណីយដ្ឋាន​ប្រាសាទអង្គរវត្ត ក៏ដូចជា​នៅ​តំបន់​ទេសចរណ៍សំខាន់ៗជាច្រើន​ទៀត​នៅ​កម្ពុជា។

    ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ខ្លួន​ក្នុងការ​បង្កើនល្បឿន​ផែនទី​បង្ហាញផ្លូវ​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​សម្រាប់​ប្រទេស​កម្ពុជា វី​សា កំពុង​កំណត់​គោលដៅ​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់ខ្លួន​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​បន្ថែមទៀត​ដូចជា​ការទូទាត់​សាច់ប្រាក់​តាមរយៈ ការ​ស្កេ​ន​កូដ QR កូដ និង​ការបង់ប្រាក់​តាម​ប្រព័ន្ធ Contactless ក្នុងឆ្នាំនេះ ដើម្បី​បម្រើ​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរឡើង។ ការទូទាត់​សាច់ប្រាក់​តាមរយៈ QR កូដ អតិថិជន​អាច​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដើម្បី​ស្កេ​ន​កូដ QR ហើយ​ប្រាក់​ត្រូវបាន​ផ្ញើ​ពី​គណនី​ធនាគារ​របស់​អតិថិជន ទៅ​អ្នកលក់ ខណៈពេលដែល​ការទូទាត់​តាម​ប្រព័ន្ធ Contactless អតិថិជន គ្រាន់តែ​ដាក់​កាត​ប៉ះ​ម៉ាស៊ីន​ទូទាត់​ប្រាក់​កន្លែង​លក់ទំនិញ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់។

    អ្នកស្រី បាន​បន្ថែមថា៖ «ដោយ​សម្លឹង​ឆ្ពោះទៅមុខ​យើង​នឹង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការព្យាយាម​ពង្រីក​បណ្តា​ពាណិជ្ជករ និង​ពង្រីក​បណ្តា​ការប្រើប្រាស់ ការទូទាត់​តាមរយៈ​អេ​ឡិច​ត្រូ​និ​ច​ទោះបីជា​វា​ត្រូវ​ប្រើប្រាស់​សម្រាប់​ទិញ​ទំនិញធំៗដូចជា​គ្រឿង​សង្ហា​រឹម​ថ្មី យានជំនិះ ឬ​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​ដូចជា​ការចាក់​ប្រេងឥន្ធនៈ ឬ​ទិញ​គ្រឿងទេស។ គោលដៅ​របស់​យើង​ពិតជា​ធ្វើឱ្យ​ការទូទាត់​មាន​ភាពសាមញ្ញ សុវត្ថិភាព និង ងាយស្រួល ជាង​មុន សម្រាប់​អតិថិជន​នៅទីនេះ ដូច្នេះ​ពួកគាត់​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការរីកចំរើន​លូតលាស់​នៃ​សេដ្ឋកិច្ច​មួយ​នេះ៕

  • ការសាងសង់​ស្ពាន​អាកាស​ថ្មី​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ

    ការសាងសង់​ស្ពាន​អាកាស​ថ្មី​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ

    ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជួយ​កាត់បន្ថយ​ពេលវេលា និង​សន្សំសំចៃ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ អាជ្ញាធរ​រាជធានី​បានគ្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ថ្មី​មួយទៀត​នៅចំណុចប្រសព្វ​ផ្លូវជាតិ​លេខ3 និង​លេខ4 ត្រង់​រង្វង់​មូល​ចោមចៅ​ក្នុងពេលឆាប់ៗនេះ។

    លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា មកទល់​បច្ចុប្បន្ន​ការពិភាក្សា​រវាង​អាជ្ញាធរ​រាជធានី រួម​នឹង​អ្នកជំនាញ​ពាក់ព័ន្ធផ្សេងៗលើ​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ បាន​ឈានដល់​ទីបញ្ចប់​ទាំងស្រុង​ហើយ ទាំង​គម្រោង​ប្លង់​សាងសង់ ប​ចេ្ច​ក​ទេស និង​ថវិកា​ដោយ​គ្រាន់តែ​រង់ចាំ​ពេលវេលា​មកដល់​ដើម្បី​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​តែប៉ុណ្ណោះ។

    ស្ពាន​អាកាស​ចោមចៅ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កើតមាន​ជាអន្លើៗនាពេល​កន្លងមក​ក៏ដូចជា​នាពេល​បច្ចុប្បន្ន​ដែរ ដោយសារ​ស្ពាននេះ​ជា​ចំណុច​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ3 និង​ផ្លូវជាតិ​លេខ4 ឆ្ពោះទៅ​ខេត្ត​ដែលមាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​កម្ពុជា ដើម្បី​បញ្ជូន និង​ផ្លាស់ប្តូរ​ទំនិញចេញ-ចូលមកក្នុង និង​ទៅ​ក្រៅប្រទេស។

    លោក​បាន​បញ្ជាក់ថា “ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​សំខាន់​ជាងគេ​ដែល​អាចឱ្យ​វិនិយោគិន អាជីវករ និង​ប្រជាពលរដ្ឋ​ទូទៅ ទទួលបាន​ផលចំណេញ​សម្រាប់​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​មិន​ត្រឹមតែ​ចំណេញ​ពេលវេលា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចំណេញ​ថវិកា​ក្នុងការ​ចំណាយ​លើ​សាំង​រថយន្ត និង​ម៉ូតូ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៀតផង។

    លោក​ថា ដោយសារតែ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះហើយ ទើប​កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់​មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍​ឱ្យទៅ​សម្រួល​នៅ​ខ្សែ​ផ្លូវ​ខាងលើ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្ដី ក៏​គេ​នៅតែ​មិនអាច​បញ្ចៀស​ការកកស្ទះ​នោះបាន​ដែរ ជាហេតុ​ធ្វើឱ្យ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​ចំណាយ​ថវិកា​ត្រៀម​សាងសង់​ស្ពាន​នេះ​ឡើង​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

    ក្រៅពី​ការសាងសង់​ស្ពាន​អាកាស​ខាងលើ​ហើយ បច្ចុប្បន្ន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ភ្នំពេញ ក៏បាន និង​កំពុង​ជួសជុល​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ4 ឱ្យមាន​ទំហំ​កាន់តែ​ធំឡើងៗ ដោយមាន​ការចាក់​បេតុង និង​ក្រាល​កៅស៊ូ​ពង្រីក​ផ្លូវ​ឱ្យ​កាន់តែ​ទូលាយ សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក និង​ដាក់លូ​បង្ហូរទឹក​ចេញ​កុំឱ្យ​ភ្លៀង​លិច​ផ្លូវ​ដូច​ឆ្នាំ​កន្លង​ទៅទៀត។

    គម្រោង​នេះ​ត្រូវបាន​សាទរ​ដោយ​ប្រជាពលរដ្ឋ អាជីវករ អ្នករកស៊ី​លើ​វិស័យ​ដឹកជញ្ជូន រួមទាំង​អ្នករត់​តាក់ស៊ី អ្នកបើកបរ​ម៉ូតូឌុប ម៉ូតូ​កង់​បី​ជាដើម ដែល​អាចជួយ​សម្រួល​ដ​ល់​ការធ្វើដំណើរ​បានលឿន លែង​សូវ​កកស្ទះ លែង​លិច​ទឹក ដែល​ធ្វើឱ្យ​ពួកគាត់​លែង​សូវ​ចំណាយលុយ​ច្រើន​ក្នុង​ការចាក់​សាំង​រថយន្ត ឬ​ម៉ូតូ​ដូចកាលពីមុនៗទៀត។

    លោក ជា សុធី អ្នករត់​ម៉ូតូ​កង់​បី​នៅត្រង់ចំណុច​អូ​ឌឹ​ម​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​បាន​និយាយថា លោក​តែង​ដឹក​ភ្ញៀវ​ចេញចូល​តាមផ្លូវ​ជាតិ​លេខ4 ឆ្លងកាត់​រង្វង់​មូល​ចោមចៅ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ។

    លោក​ថា កន្លងមក​ផ្លូវជាតិ​លេខ4 ចាប់ពី​ចំណុចកំបូល រហូតដល់​រង្វង់​មូល​ចោមចៅ​នេះ មានការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ​មិន​ថា​ពេលព្រឹក ឬ​ពេល​ល្ងាច​នោះទេ ដែល​វា​ជា​បញ្ហា​ធ្វើឱ្យ​គាត់​ជួប​ការលំបាកយ៉ាង​ខ្លាំ​នៅពេល​ចេញដំណើរ​ដឹក​ភ្ញៀវម្តងៗ ខាតបង់​ទាំង​ពេលវេលា ខាត​ទាំង​ថវិកា​ក្នុង​ការចំណាយ​ចាក់​សាំង​ម៉ូតូ។ លើសពីនេះ​ផ្លូវ​ដែលមាន​ជង្ហុកជ្រៅៗ នៅពេល​មេឃ​រាំង​ខ្លាំង ធូលី​ហុយ​ទ្រលោម ស្ទើរ​មើលផ្លូវ​មិនឃើញ ហើយ​បើ​នៅពេល​មេឃ​ភ្លៀង​ខ្លាំង​វិញ ទឹក​ជន់​លិច​មើលផ្លូវ​មិនឃើញ ធ្វើឱ្យ​រថយន្ត​មិនសូវ​ហ៊ាន​បើកបរទៅខាងៗដងផ្លូវ​ឡើយ ខ្លាច​ធ្លាក់​លូ​ហើយ​ប្រឹង​មក​បើកប​ញ្ច្រៀ​ត​ចូល​កណ្តាលផ្លូវ បង្ក​ការកកស្ទះ​រាប់​ម៉ោង​ពេល​មេឃ​ភ្លៀងម្តង។

    តែ​យ៉ាងណាក៏ដោយ ក្នុងនាម​អ្នករស់នៅ​ទីនោះ លោក​មានការ​សប្បាយចិត្ត​នៅពេល​ឃើញ​អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវជាតិ​លេខ4ត្រង់ចំណុច​ខាងលើ​ឡើងវិញ ពិសេស​រៀបចំ​ពង្រីក​ផ្លូវ​ឱ្យ​កាន់តែ​ធំ​ទូលាយ ថែមទាំង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ដែលជា​កត្តា​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នេះ ដែល​វា​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​គាត់​ចំណេញ​ថវិកា​ក្នុងការ​ចំណាយ​លើការចាក់​សាំង​ជាដើម “មិន​ថា​ខ្ញុំ មិន​ថា​គេ​ផ្សេង​ទេ តែ​កាលណា​ផ្លូវ​ល្អ ងាយស្រួល​ធ្វើដំណើរ យើង​ពិតជា​រីករាយ​សប្បាយចិត្ត​ណាស់ ព្រោះ​ជាធម្មតា​ពេល​ស្ទះម្តងៗ អ្នកណា​មិន​ធុញ ពិសេស​អ្នកជិះម៉ូតូ​ដូច​ពួកយើង ជួនកាល​ស្ទះ​កណ្តាល​ថ្ងៃ​ក្តៅ តើ​លំបាក​យ៉ាងណា? ជាពិសេស​ធុំ​ស្អុយ​ក្លិន​ផ្សែង​ម៉ូតូ ឡាន​គ្រប់​ប្រភេទ​ដែលជា​បញ្ហា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជិះម៉ូតូ​ដូច​ពួកយើង ហើយ​បើសិន​បាន​ស្ពាន​នេះ​ធ្វើ​ហើយ ផ្លូវ​ល្អ​ហើយ យើង​នឹង​លែង​លំបាក លែង​ចំណាយលុយ​ចាក់​សាំង​ច្រើន​ទៀត ហើយ​ម៉ូយ​ក៏​គេ​លែង​រអ៊ូ​ថា​យូរ ថា​ក្តៅ​ទៀត​ដែរ។

    ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មួយ​បានឱ្យដឹងថា ស្ពាន​នេះ​អាច​នឹង​សាងសង់​ក្នុងពេលឆាប់ៗ នេះ ដោយ​អាច​នឹង​ដំណើរការ​បុកគ្រឹះ​នៅ​មុនពេល​បោះឆ្នោតជាតិ​ឆ្នាំ2018។ សូមជម្រាបថា នៅរាជធានី​ភ្នំពេញ​ស្ពាន​អាកាស​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ1.ស្ពាន​អាកាស​ក្បាលថ្នល់ 2.ស្ពាន​អាកាស​ស្ទឹងមានជ័យ 3.ស្ពាន​អាកាស 7មករា(ពេទ្យ​លោកសង្ឃ) 4.ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី 5មករា(ស្ពាន​តិច​ណូ) 5.ស្ពាន​អាកាស​ផ្សារ​ដី​ហុយ 6.ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ និង​បន្ទាប់ពី​ស្ពាន​នេះ អាជ្ញាធរ​រាជធានី​នឹង​សាងសង់​ស្ពាន​ទី7 មួយទៀត គឺ​ស្ពាន​អាកាស​ក្បាលថ្នល់2 ត្រង់ចំណុច​ច្រមុះជ្រូក​កាត់​ពី​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​បឹងត្របែក​ឆ្ពោះទៅ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុន សែន (ផ្លូវ60ម៉ែត្រ) ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ៕

  • សេដ្ឋកិច្ចជាតិ​ផ្លាស់ប្តូរ​កាន់តែ​ទំនើប ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម

    សេដ្ឋកិច្ចជាតិ​ផ្លាស់ប្តូរ​កាន់តែ​ទំនើប ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម

    បច្ចុប្បន្ននេះ រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ចជាតិ​កាន់តែ​មាន​ទំនើបកម្ម និង​បាន​ផ្លាស់ប្តូរ​ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​ដែល​នេះ គឺជា​ដំណើរ​នៃការកសាង​ជាតិ​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​កម្ពុជា​សម្រេចបាន​នូវ​សេដ្ឋកិច្ច​ខ្ពស់​ប្រមាណ7.7% បើ​គិតពី​ឆ្នាំ2000 ដល់​ឆ្នាំ2017។ នេះ​បើតាម​ការ​ថ្លែង​របស់លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)។

    លោក​បាន​បញ្ជាក់់ថា ប្រការនេះ​បានធ្វើឱ្យ​ទំហំ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស) GDP គិត​តាម​ថ្លៃ​បច្ចុប្បន្ន មានការ​កើនឡើង​ប្រមាណ 6ដង។ ពោលគឺ ពី​ប្រមាណ​តែ​ជាង 3ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2000 ឡើងដល់​ប្រមាណ​ជាង 24ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018។

    លោក វិស្សុត បាន​ថ្លែងថា ប្រាក់ចំណូល​របស់​ប្រជាជន​ម្នាក់​ធៀប​នឹង ផ.ស.ស(GDP) បាន​កើនឡើង​ប្រមាណ 5ដង ពោលគឺ ពី​ប្រមាណ​តែ 288ដុល្លារ​ក្នុង​ឆ្នាំ2000 ឡើងដល់ 1,563ដុល្លារ​ក្នុងឆ្នាំ2018 ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ2015កន្លងទៅ។ ក្រៅពី​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ហើយ កម្ពុជា​ក៏មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​ល្អប្រសើរ​ផងដែរ។ ជាក់ស្តែង អត្រា​អតិផរណា​មាន​កម្រិត​ទាប គឺ​ក្នុង​រង្វង់ 3.0% និង​អត្រា​ប្តូរប្រាក់​ក្នុង​កម្រិត4,037រៀល/ដុល្លារ ដែល​ធ្វើឱ្យមាន​កំណើន​នៃ​ចំណូល​ពិត​របស់​ប្រជាពលរដ្ឋ។

    លោក​បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម​ក៏មាន​ការកើនឡើង​ពី​ប្រមាណ​តែ​ជាង 3ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2000 ឡើងដល់​ប្រមាណ​ជាង 28ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ក្នុងខណៈដែល​ដំណើរការ​នៃ​ការធ្វើពិពិធ​កម្ម​ក្នុងការ​នាំចេញ ទាំង​លើ​មុខទំនិញ និង​ទាំង​ទីផ្សារ​នាំចេញ​កាន់​តែមាន​សម្ទុះ​ល្អជា​លំដាប់។

    ទុនបម្រុង​អន្តរជាតិ​ក៏មាន​កើន​ឡើងជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់​ផងដែរ ក្នុងខណៈដែល​ប្រាក់​បញ្ញើ​ធនាគារ​នៅ​បន្ត​រក្សា​ទំហំ​ធៀប​នឹង​ផ.ស.ស (GDP)ដែល​ឆ្លុះ​ប​ញ្ចំ​ង​ឱ្យឃើញ​ពី​ការកើនឡើង​នូវទំនុកចិត្ត​លើ​វិស័យ​ធនាគារ។

    លោក វ​ង្សី វិស្សុត​បាន​ពន្យល់​ដូច្នេះ​ថា សេដ្ឋកិច្ចកម្ពុជា​បន្តរ​ក្សា​កំណើន​ខ្ពស់ ប៉ុន្តែ​តម្រូវឱ្យ​មានការ​ព​ន្លឿ​ន​លើ​ការកែទម្រង់​រចនាសម្ព័ន្ធ។ បើ​យើង​មើល​ពី​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ឃើញថា​វិស័យ​កសិកម្ម​នៅ​ឆ្នាំ2000 មាននៅ​ក្នុង​ចំណែក​នៃ​ផ.ស.ស​ដល់​ទៅ 36% ឥឡូវ​នៅសល់តែ 23%ប៉ុណ្ណោះ។ តែ​យើង​មាន​កំណើន​លើ​វិស័យ​ឧស្សាហកម្ម​ដែល​ពីមុន​មានតែ 23%នៃ​ផ.ស.ស ឥឡូវ​កើន​ដល់ 31% គឺ​មិនទាន់​ដល់​រយៈពេល​រំពឹងទុក​ឆ្នាំ2025ផង ត្រឹមតែ​ឆ្នាំ2017ប៉ុណ្ណោះ សេដ្ឋកិច្ច​យើង​អាច​សម្រេចបាន។

    លោក​បាន​បញ្ជាក់ថា៖ “នេះ​បញ្ជាក់ថា ប្រទេស​យើង​លែង​ពឹង​ទៅលើ​វិស័យ​កសិកម្ម​ហើយ គឺ​ពឹង​ទៅលើ​ឧស្សាហកម្ម​ច្រើនជាង។ មានន័យថា វិស័យ​កសិកម្ម​ជា​វិស័យ​ដែលមាន​ផលិតភាព​ទាប ព្រោះ​យើង​ឃើញថា ចំណែក​កសិកម្ម​ក្នុង​សេដ្ឋកិច្ច​នៃ GDP មាន23% តែ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដល់​ទៅ42%។ រីឯ​វិស័យ​ឧស្សាហកម្ម​វិញ មាន31%នៃ​ផ.ស.ស កម្លាំង​ពលកម្ម​ត្រឹមតែ 25% តែមាន​ផលិតភាព​ខ្ពស់។ ប្រទេស​យើង​កាលណា​វិស័យ​ឧស្សាហកម្ម​កាន់តែ​រីកចម្រើន​ខ្លាំង ផលិតភាព​យើង​កាន់តែ​ខ្ពស់​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អ។ លោក​បន្តថា៖ “ចំពោះ​សេដ្ឋកិច្ចកម្ពុជា​បន្ត​រក្សា​កំណើន​ខ្ពស់7% ទ្រទ្រង់​មកដល់​សព្វថ្ងៃ​ក៏​ដោយសារតែ​វិស័យ​ឧស្សាហកម្ម​ដឹកមុខ​ដែរ។ ចំណែក​វិស័យ​កសិកម្ម​ពិតមែនតែ​រួម​តូច​ក្នុង​ចំណែក​នៃ​សេដ្ឋកិច្ច​មែន តែ​ទំហំ​នៃ​កិច្ច​អភិវឌ្ឍ​ធំ ព្រោះតែ​វិស័យ​ឧស្សាហកម្ម​កើន​លឿន​ជាង ហើយ​ផលិតភាព​វា​ក៏​ខ្ពស់ជាង​ដែរ ទើប​យើង​ឃើញ​វិស័យ​កសិកម្ម​មាន​ល្បឿន​យឺត​ដូច្នេះ។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ សេដ្ឋវិទូ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ និង​សន្តិភាព(CICP)បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា៖ “តាមពិតទៅ ទោះជា​ប្រទេស​យើង​មាន​លក្ខខណ្ឌ​អំណោយផល​ទៅខាង​ឧស្សាហកម្ម​ច្រើន​ទៅ​ថ្ងៃ​អនាគត​ក៏ដោយ ក៏​យើង​មិនអាច​ចោល​វិស័យ​កសិកម្ម​បានដែរ ព្រោះ​វា​ជា​ស្នូល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​យើង​មិនអាចបោះបង់ចោល​បានទេ។ ទោះបីជា​កាលពី​ជាង 10ឆ្នាំមុន​វិស័យ​កសិកម្ម​មាននៅ​ក្នុង​ចំណែក​នៃ​ផ.ស.ស​ដល់​ទៅ 36%ឥឡូវ​នៅសល់តែ 23%ក៏ដោយ។ ចំពោះ​វិស័យ​កសិកម្ម​ដែល​យើង​ឃើញថា មាន​ចំណែក​ក្នុង​ផ.ស.ស​តូច​នោះ តែបើ​គិតពី​ទំហំ​វិញ គឺមាន​ទំហំ​ធំ គ្រាន់តែ​វា​មាន​កំណើន​យឺត​ដូច្នេះ​យើង​ត្រូវធ្វើ​ការអភិវឌ្ឍ​វិស័យ​ចម្រុះផ្សេងៗទៀតផង​ដែរ។

    លោក​បណ្ឌិត​បានបញ្ជាក់​ថា តែ​យើង​ក៏​ទទួលស្គាល់ថា មាន​កំណើន​ទៅលើ​វិស័យ2 មែន គឺ​សេវាកម្ម និង​ឧស្សាហកម្ម​ដែល​កំណើន​នេះ​ជា​និន្នាការ​សកល។ តែ​ការកើនឡើង​ជា​និន្នាការ​សកល​វាមិនមាន​អ្វី​ប្លែក​ទេពី​ព្រោះ​គ្រប់​ប្រទេស​លើ​សកលលោក​ក៏​គេ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ដូច្នេះ​ដែរ ហើយ​នេះ​ជា​រឿង​ត្រឹមត្រូវ​ដោយសារតែ​គេ​មិនអាច​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​តែមួយ​មុខ​បានទេ។

    យោងតាម​ប្រព័ន្ធ​ទិន្នន័យ​ស្ដីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រដែ​ល​បាន​កែសម្រួល​ឱ្យស្រប​តាម អាទិភាព​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ធនធាន 144លាន​ដុល្លារ​ស្មើនឹង13%នៃ​ហិរញ្ញប្បទាន​សរុប​ក្នុង​ឆ្នាំ2017 ត្រូវ​បានផ្តល់​សម្រាប់​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម។សម្រាប់​រយៈពេល5ឆ្នាំ (ឆ្នាំ2014-2018) ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការដែល​បានគាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​បាន​កើន​ដល់ 697លាន​ដុល្លារ គិត​ជា​មធ្យម 139លាន​ដុល្លារ​ក្នុង​មួយឆ្នាំ៕

  • ថ្នាំដុសធ្មេញ Colgate ផ្តល់​អាហារូបករណ៍​ដល់​សិស្ស-និស្សិត លើក​ទី1 ឆ្នាំ2018 បាន​ចំនួន 37នាក់

    ថ្នាំដុសធ្មេញ Colgate ផ្តល់​អាហារូបករណ៍​ដល់​សិស្ស-និស្សិត លើក​ទី1 ឆ្នាំ2018 បាន​ចំនួន 37នាក់

    ក្រុមហ៊ុន ខ​ល​ហ្គេ​ត បាន​ត្រឡប់មកវិញ​ជាមួយនឹង​យុទ្ធនាការ​អាហារូបករណ៍​ថ្នាក់ជាតិ​របស់ខ្លួន​ជាថ្មី​ម្តងទៀត​ក្នុងប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ2018។

    យុទ្ធនាការ​នេះ​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា ជាពិសេស មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​ពី​ការសិក្សា​របស់កូនៗ និង​សិស្សានុសិស្ស​ដែល​កំពុងតែ​បារម្ភ​ពី​ការសិក្សា​របស់ខ្លួន ឥឡូវនេះ​អតិថិជន​ទាំងអស់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍ ដែលមាន​តម្លៃ​សរុប 240លាន​រៀល។ ការបង្កើតឱ្យមាន​ព្រឹត្តិការណ៍​នេះ គឺ​ក្នុង​គោលបំណង​ផ្តល់នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឱ្យមាន​ការអប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង។

    ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍​នេះ ក្រុមហ៊ុន ខ​ល​ហ្គេ​ត មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​អ្នកឈ្នះ​រង្វាន់​ដើម្បី​ធ្វើការ​ចំណាយ​ទៅលើ​ការសិក្សា សម្ភារ:សិក្សា ឬ​ជំនាញផ្សេងៗ សម្រាប់កូនៗ ដែល​កំពុង​ត្រូវការ​ចំណេះដឹង​ជា​ចាំបាច់។ កម្ម​វី​ធី​ចាប់​រង្វាន់​អាហារូបករណ៍​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី01 ខែឧសភា រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2018 ដែលមាន​រង្វាន់​សរុប​ចំនួន 111រង្វាន់។

    គួរ​រំលឹក​ផង​ថា កាលពី​ថ្ងៃ​សៅរ៍ ទី16 ខែមិថុនា ឆ្នាំ2018 ក្រុមហ៊ុន  ខ​ល​ហ្គេ​ត បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ទី1 របស់ខ្លួន ស្ថិតនៅ​បរិវេណ​ផ្សារ​រាត្រី ក្នុង​ទី​រួម​ខេត្តកំពង់ចាម និង​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ចំនួន 37រូប រួចមកហើយ។ នៅក្នុង​កម្ម​វី​ធី​នេះ ក៏មាន​កម្មវិធី​លេងល្បែង​កម្សាន្តសប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន និង​ការលក់​ជូន​ពិសេស​ដល់​អតិថិជន​ផងដែរ។

    សូមកុំ​ឲ្យ​ឱកាស​ឈ្នះ​រង្វាន់​នេះ​រំលង​ឲ្យ​សោះ! រង្វាន់​អាហារូបករណ៍ 74រង្វាន់​ផ្សេងទៀត​កំពុង​រង់ចាំ​អ្នក ដូច្នេះ​ប្រញាប់​ឡើង! ការចាប់​រង្វាន់​អាហារូបករណ៍​លើក​ទី2 នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី14  ខែកក្កដា ឆ្នាំ 2018 ស្ថិតនៅ​ផ្សារ​រាត្រី ទី​រួម​ខេត្តកំពង់ស្ពឺ និង​ការចាប់​រង្វាន់​អាហារូបករណ៍​លើកចុងក្រោយ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី18 ខែសីហា ឆ្នាំ2018 ស្ថិតក្នុង Lively Plaza Aeon Mall រាជធានី​ភ្នំពេញ។

    លោកអ្នក​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ដោយ​គ្រាន់តែ​សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន លើ​សំបក​ប្រអប់​ថ្នាំដុសធ្មេញ ខ​ល​ហ្គេ​ត ឬ សំបក​ច្រាស​ដុសធ្មេញ ខ​ល​ហ្គេ​ត គ្រប់​ប្រភេទ រួច​យកទៅដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​អ្នក។

    ក្រុមហ៊ុន ខ​ល​ហ្គេ​ត សន្យាថា​នឹង​បន្ត​ផ្តល់​យុទ្ធនាការ​អាហារូបករណ៍​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ​និង​មាន​អនាគត​រុងរឿង។ ខ​ល​ហ្គេ​ត ផ្គត់ផ្គង់​ការសិក្សារ​កុមារ​កម្ពុជា​ឱ្យមាន​អនាគត​កាន់តែ​ប្រសើរ៕

  • តើ​កាត​ធនាគារ​ប្រភេទ​ណា​ដែល​ល្អ​ស័ក្តិសម​សម្រាប់​អ្នកប្រើប្រាស់?

    តើ​កាត​ធនាគារ​ប្រភេទ​ណា​ដែល​ល្អ​ស័ក្តិសម​សម្រាប់​អ្នកប្រើប្រាស់?

    បច្ចុប្បន្ន​ពេលដែល​សង្គម​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​រីកចម្រើន ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នៅតាម​គ្រឹះស្ថាន​ធនាគារពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​ក៏​កំពុង​តែមានការប្រកួតប្រជែង​គ្នា ដែល​ផ្តល់​ភាពងាយស្រួល និង​ជម្រើស​ជាច្រើន​ដល់​អ្នកប្រើប្រាស់​ផងដែរ។ ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ភាគ​ធំ​បាននិងកំពុង​ប្រើប្រាស់​កាត​ធនាគារ​ជាច្រើន​ប្រភេទ​ដើម្បី​ចរាចរ​ទឹកប្រាក់​របស់ខ្លួន​តាមរ​យៈ​គណនី​ប្រាក់​សន្សំ ក៏ដូចជា​គណនី​ចរន្ត​សម្រាប់​ការធ្វើ​អាជីវកម្មផ្សេងៗ ដែល​ប្រភេទ​កាត​ទាំងនោះ​រួមមាន​កាត​អេ​ធី​អឹម (ATM) កាត​ឥណទាន(Credit Card) កាត​ឥណ​ពន្ធ (Debit Card) របស់​ក្រុមហ៊ុន ម៉ា​ស្ទ័​រកា​ត (Master card) វី​សា​កាត (Visa card) និង យូ​ញៀន​ផេ​យ (UnionPay) ជាដើម។

    អ្នកប្រើប្រាស់​មួយចំនួន​នៅ​មិនទាន់​យល់ច្បាស់​ពី​ភាពខុសគ្នា​នៃ​ការប្រើប្រាស់ និង​អត្ថប្រយោជន៍ផ្សេងៗគ្នា​រវាង​ប្រភេទ​កាត​ធនាគារ​ខាងលើ​នៅឡើយ​ទេ ហើយ​មិនដឹងថា​តើ​គួរ​ជ្រើសរើស​កាតធនាគារ​ប្រភេទ​មួយណា​ដែល​ល្អ​សម្រាប់​ការប្រើប្រាស់? ឡា​រ៉ែ​ន នឹង​លើកយក​ចំណុច​នេះ​មក​បកស្រាយ ដើម្បីឱ្យ​អ្នកប្រើប្រាស់​កាត​ធនាគារ​ទាំងឡាយ​អស់​ចម្ងល់ និង​បាន​យល់​កាន់តែច្បាស់ឡើង។

    ជាទូទៅ​កាត​ឥណ​ពន្ធ ឬ​កាត​ឥណទាន ជា​គោលនយោបាយ​ទូទាត់​ប្រាក់​ក្នុង​វិស័យ​ធនាគារ ដើម្បី​កាត់បន្ថយ​ការចាយវាយ​សាច់ប្រាក់​សុទ្ធ​នៅលើ​ទីផ្សារ ដែលមាន​ចំនួន​ច្រើន​ហើយក៏​ជា​គោលនយោបាយ​របស់​ធនា​គារ​កណ្តាល ដែល​គាំទ្រ​នូវ​ការប្រើប្រាស់​កាត​ទាំងនេះ។ ការប្រើប្រាស់​កាត​ធនាគារ​ទាំងនេះ​ធ្វើឱ្យ​ទឹកប្រាក់​ដែលមាន​ចំនួន​ច្រើន​ចរាចរ​នៅក្រៅ​ធនាគារ និង​ចរាចរ​តាមរយៈ​ធនាគារ គឺ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សាច់ប្រាក់​បានច្បាស់លាស់​ពីព្រោះ​កាត​ធនាគារ​ក៏ដូចជា​ប្រាក់​សម្រាប់​ចាយ​ទូទៅ​ដែរ គ្រាន់តែ​វា​បំប្លែង​ទៅជា​កាត សម្រាប់​ចរាចរ​ជំនួស​សាច់ប្រាក់​តែប៉ុណ្ណោះ។

    យោងតាម​វេ​ប​សាយ​ធនាគារជាតិ​បានឱ្យដឹងថា​ប័ណ្ណទូទាត់ប្រាក់​ដែល​ប្រើប្រាស់​ទូលំទូលាយ​នាពេល​បច្ចុប្បន្ន​មាន 4ប្រភេទ គឺ​ប័ណ្ណឥណទាន (Credit Card)  ប័ណ្ណ​ឥណ​ពន្ធ (Debit  Card)ប័ណ្ណ​អេ​ធី​អឹម (ATM) និង​ប័ណ្ណ​បង់ប្រាក់​ជាមុន (Prepaid Card) ។

    1-ប័ណ្ណឥណទាន(Credit Card): ជា​ប័ណ្ណ​មួយ​ប្រភេទ​ដែល​ធនាគារនីមួយៗចេញ​ឱ្យ​អតិថិជន​របស់ខ្លួន​ប្រើ ដោយ​អតិថិជន​មិនចាំបាច់​ដាក់​ប្រាក់​តម្កល់​ក្នុង​គណនី​ទេ ធនាគារ​នឹងសិក្សា​ពី​ចំណូល​អតិថិជន​របស់​ខ្លួន​ដោយ​ផ្តល់នូវ​ទឹកប្រាក់​ក្នុង​ការឱ្យ​អតិថិជន​ប្រើប្រាស់​ជាមុន លើ​ការទូទាត់​ការទិញ​ទំនិញ និង​សេវា​ផ្សេង ហើយ​អតិ​ជន​ត្រូវ​បង់ប្រាក់​សងបញ្ចូល​ក្នុង​កាត​វិញ​រៀងរាល់ខែ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្រើ​អស់ បន្ទាប់ពី​ធនាគារ​ចេញ​វិក័យប័ត្រ​ជូន​នៅ​រៀងរាល់​ចុងខែ​នីមួយ។

    ប័ណ្ណឥណទាន​គឺ​ធនាគារ​ចេញ​ឱ្យ​អ្នកប្រើប្រាស់​ដោយ​ផ្តល់នូវ​កម្រិត​ឥណទាន​មានកំណត់​មួយ ដែល​អ្នកប្រើប្រាស់​អាចយ​ក​ទៅ​ចាយ​ទិញ​ទំនិញ និង​សេវា​ឬ​អាច​ដក​សាច់ប្រាក់​សម្រាប់​ប្រើប្រាស់​ជាមុន តាមរយៈ​ម៉ាស៊ីន​ដក​ប្រាក់ ដែល​ការដក​ប្រាក់​នេះ​នឹងត្រូវ​គិតថ្លៃ​សេវា​ពី​ធនាគារ​ដែល​ចេញ​ប័ណ្ណឥណទាន​ឱ្យប្រើ​ប្រាស់ ។ ធនាគារពាណិជ្ជ​ជាច្រើន​បាន​ផ្តល់ទៅឱ្យ​អតិថិជន​របស់​ពួកគេ​នូវ​ប័ណ្ណឥណទាន​ជា​ប្រភេទ ​Visa Master និង UnionPay ជាដើម។

    2-ប័ណ្ណ​ឥណ​ពន្ធ(Debit Card): ជា​ប័ណ្ណ​មួយ​ប្រភេទ​ដែល​អាចធ្វើ​ការទូទាត់​ជំនួស​ឱ្យ​សាច់ប្រាក់​នៅពេល​ទិញ​ទំនិញ ឫ​សេវាកម្មផ្សេងៗដូច​ប័ណ្ណឥណទាន​ដែរ គ្រាន់តែ​ប័ណ្ណ​ឥណ​ពន្ធ​តម្រូវឱ្យ​ម្ចាស់​ប័ណ្ណ​ត្រូវដាក់​ប្រាក់​ចូលក្នុង​គណនី​របស់​ខ្លូន​ជាមុន​ទើប​អាច​ចាយ​ទូទាត់​ទំនិញ ឫ​សេវា​កម្មបាន។ បើ​មើល​តាម​មុខងារ​របស់​វា ប័ណ្ណ​ឥណ​ពន្ធ​អាច​ត្រូវបានគេ​ហៅថា​ជា​មូល​ប្ប​ទា​នប​ត្រ​អេឡិចត្រូនិក ដោយសារតែ​សាច់ប្រាក់​ត្រូវបាន​ដក​ដោយផ្ទាល់​ចេញពី​គណនី​របស់​អ្នក​កាន់​ប័ណ្ណ​តាម​កម្រិត​សមតុល្យ​ដែលមាន។ អតិថិជន​ទាំងឡាយ​អាចធ្វើ​ការដកសាច់ប្រាក់​របស់ខ្លួន​ពី​កាត​ឥណ​ពន្ធ​នេះ​តាមរយៈ​ម៉ាស៊ីន​ដក​ប្រា​ក់បាន​ដូច​ប័ណ្ណឥណទាន​ដែរ តែ​មិន​អស់ថ្លៃ​សេវា​នៃ​ការដក​ប្រាក់​នោះទេ។

    ធនាគារនីមួយៗបាន​សហការ​ជាមួយ​ក្រុមហ៊ុន​កាត​ទាំងឡាយ​ដែលមាន​ដូចជា​វី​សា​កាត (Visa card) ម៉ា​ស្ទ័​រកា​ត(Master card) និង​យូ​ញៀន​ផេ​យ (UnionPay)  ជេ​ស៊ី​បី (JCB) អា​មេ​រិច​ខេន អិ​ច​ស្ព្រេ​ស(American Express)។ល។ ដើម្បី​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍ផ្សេងៗគ្នា​ដល់​អ្នកប្រើប្រាស់ ប៉ុន្តែ​តើ​មាន​ចំណុច​ខុសគ្នា​បែបណាខ្លះ​ចំពោះ​ម៉ាក​កាត​អន្តរជាតិ​ទាំងនេះ? វា​មាន​លក្ខណៈ​ខុសគ្នា​នៅលើ​ទីផ្សារ​ទៅតាម​ប្រទេសនីមួយៗហើយ​វា​មាន​ចំណុច​ពិសេស​ផ្ទាល់ខ្លួន​របស់​វា។

    3-ប័ណ្ណ​អេ​ធី​អឹម(ATM): ជា​ប័ណ្ណ​ដែល​អាច​ប្រើ​បាន ជាមួយ​ម៉ាស៊ីន​ATMសម្រាប់ធ្វើ​ប្រតិបត្តិការ ដូចជា ការមើល​សមតុល្យ​គណនី និង​ការដក​ប្រាក់​ជាដើម។ ប័ណ្ណ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ប័ណ្ណ​ឥណ​ពន្ធ​ដែរ ព្រោះថា​ប័ណ្ណ​នេះ​ត្រូវបាន​ភ្ជាប់​ដោយផ្ទាល់​ទៅ​គណនី​ធនាគារ​មួយ ប៉ុន្តែ​មិនអាច​ត្រូវបាន​ប្រើ​សម្រាប់​ទិញ​ទំនិញ​ជា​លក្ខណៈ​អន្តរជាតិបាន​នោះទេ តែ​អាច​ប្រើប្រាស់​សម្រាប់​ការទូទាត់​ការទិញ​ទំនិញ ឫ​សេវា ក្នុង​ហាង​មួយចំនួន​ក្នុងស្រុក​បាន​ប្រសិនបើ​ហាង​ឫ​ក្រុមហ៊ុន​ទាំង​នោះបាន​សហការ​ជាមួយ​ធនាគារ ដែល​បានចេញ​កាត​អេ​ធី​អឹម​នោះ។

    4- ប័ណ្ណ​បង់ប្រាក់​ជាមុន(Prepaid Card):  ជា​ប័ណ្ណ​មួយ​ប្រភេទ​ដែល​ប្រាក់​ត្រូវបាន​បញ្ចូល​តាមរយៈ​ការដាក់​ប្រាក់​ក្នុងគណ​នីមួយ​ដែល​ភ្ជាប់​ទៅនឹង​ប័ណ្ណ​នោះ ហើយ​ចំនួន​ប្រាក់​នោះ​អាច​ត្រូវបានចំណាយ​នៅតាម​ហាង​លក់ទំនិញ​ដែល​ចូលរួម​ជា​សមាជិក។ នៅក្នុង​ករណីខ្លះ ប័ណ្ណ​នេះ​ត្រូវបាន​រៀបចំឡើង​សម្រាប់​ប្រើតែ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ-ណិ​ត​ប៉ុណ្ណោះ ដូច្នេះហើយ​វា​អាច​មិនមាន​រូបរាងជា​រូបវន្ត​នោះទេ។ ជាធម្មតា ការប្រើប្រាស់​ប័ណ្ណ​បង់ប្រាក់​ជាមុន​ទាំងនេះ​រួមមាន ប័ណ្ណ​ទូរស័ព្ទ ប័ណ្ណ​អំណោយ និង​ប័ណ្ណ​ធ្វើដំណើរ ជាដើម។

    ប្រតិ​ប​តិ្ត​ការ​ប័ណ្ណទូទាត់ប្រាក់​ខាងលើនេះ​មានការ​កើនឡើង​ទាំង​ប្រតិបត្តិការ​ជា​ប្រាក់រៀល និង​ជា​ប្រាក់​ដុល្លារ​អាមេរិក ប៉ុន្តែ​ចំនួន​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​អាមេរិក​មាន​រហូត​ដល់​ជាង70%។

    អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់​ស្រដៀង​គ្នា ថា​ប័ណ្ណឥណទាន គេ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​ការទូទាត់​តាម​បណ្តា​ធនាគារ។ ទី1គឺ​សំដៅ​ទៅលើ​ការគ្រប់គ្រង​សាច់ប្រាក់ ដើម្បី​កុំឱ្យ​សាច់ប្រាក់នៅ​រាយប៉ាយ ម្យ៉ាង​យើង​មិនចាំបាច់​យកប្រាក់​សុទ្ធ​តាម​ខ្លួន​ឡើយ​ដែល​អាចជួយ​បង្ការ​ហានិភ័យ​នៃ​ការបាត់បង់ ឬ​ត្រូវ​ចោរលួច​ជាដើម​បាន។ ទី2ជា​លក្ខណៈ​កម្ចី​ឯកជន​ដែល​ធនាគារ អាចឱ្យ​យើងខ្ចីប្រាក់​មុន​បាន ពេល​ដាច់​ខែ​ត្រូវយក​ប្រាក់​ទៅ​ទូទាត់​ឱ្យគេ​វិញ ពោលគឺ​ទូទាត់់​សមតុល្យ​ចុងក្រោយ​សរុប​នៃ​របាយការណ៍​កាត​ឥណទាន​ទៅតាម​កាលបរិច្ឆេទ​កំណត់។

    ខុសពី​កាត​ឥណ​ពន្ធ​ទាល់តែ​យកប្រាក់​ទៅ​ដាក់​ក្នុង​គណនី​ធនាគារ​ទើប​យើង​អាច​ដក​ប្រាក់​នោះ​ចាយ​បាន។ ក៏ប៉ុន្តែ​វា​មាន​ផលប្រយោជន៍​ដូចគ្នា​ក្នុង​ការជួយ​ដល់​អ្នកធ្វើការ អ្នករកស៊ី ឫ​អ្នកធ្វើ​ពាណិជ្ជកម្ម​ដែល​រកស៊ី​មាន​ចំនួន​ទឹកប្រាក់ច្រើនៗមាន​ភាពងាយស្រួល​ក្នុងការ​ប្រើ​វា។ ទាំងអស់នេះ​ចាត់ទុកថា​ជា​បច្ចេកវិទ្យា​ឌីជីថល​ដែល​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ក្នុង​វិស័យសេដ្ឋកិច្ច​រីកចម្រើននាពេល​បច្ចុប្បន្ន​នេះដែរ។

    គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ2018នេះ​ប្រទេស​កម្ពុ​ជាមាន​ម៉ាស៊ីន​ATMចំនួន1,518គ្រឿង ប័ណ្ណ​ឥណ​ពន្ធ (Debit Card) ចំនួន1.8លាន និង​ប័ណ្ណឥណទាន (Credit Card) មាន76ម៉ឺន​ប័ណ្ណ៕

  • តម្លៃ​ដី​ក្នុង​ខណ្ឌដង្កោ មាន​សម្ទុះ​ឡើង​ខ្លាំង រយៈពេល 5ឆ្នាំ​ចុង​ក្រោយនេះ

    តម្លៃ​ដី​ក្នុង​ខណ្ឌដង្កោ មាន​សម្ទុះ​ឡើង​ខ្លាំង រយៈពេល 5ឆ្នាំ​ចុង​ក្រោយនេះ

    ស្រប​ពេលដែល​វិស័យ​សំណង់​បាន និង​កំពុង​រីកលូតលាស់​ខ្លាំង​នៅក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន​វិស័យនេះ​បាន​ងាក​ទៅ​ខណ្ឌដង្កោ​វិញ​ម្ដង ជាហេតុ​នាំឱ្យតម្លៃ​ដី​នៅ​ភាគខាងត្បូង​រាជធានី​បាន​ហក់​កាន់តែ​ខ្ពស់​ឡើង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    លោក ហ៊ឹម សីហា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍​ឱ្យដឹងថា របាយការណ៍​ស្រាវជ្រាវ នៅ​ត្រីមាស​ទី1 ដើមឆ្នាំ2018 របស់​ក្រុមហ៊ុន VTrust Appraisal សហការ​ជាមួយ​ក្រុមហ៊ុន Zillenium បាន​រកឃើញថា អត្រាកំណើន​តម្លៃ​ដីធ្លី​ជា​មធ្យម​នៅក្នុង​ខណ្ឌដង្កោ​ពី​ឆ្នាំ2002 ដល់​ឆ្នាំ2007 បាន​កើនឡើង​ប្រមាណ​ជា 35%។ លោក​ថា “ខណ្ឌដង្កោ​និយាយ​ជាទូទៅ នៅ​សង្កាត់​ដង្កោ និង​សង្កាត់​ជើងឯក តម្លៃ​ដី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​តែមាន​គម្រោង​ទីក្រុង​រណប ING City និង​គម្រោង​ព្រលានយន្តហោះ​ថ្មី ដែលមាន​ទីតាំងនៅ​ស្រុក​កណ្តាលស្ទឹង ខេត្ដ​កណ្តាល។

    តម្លៃ​ដីធ្លី​នៅ​ខណ្ឌដង្កោ​អាច​ខ្ពស់ ឫ​ទាប​អាស្រ័យ​លើ​ចម្ងាយ​ផ្លូវ​ពី​វត្តភ្នំ​ដែលជា​ចំណុចកណ្ដាល​របស់​រាជ​ធានី​ភ្នំពេញ។ តាម​បណ្តោយ​ផ្លូវធំ ដី​ទំនេរ​ចម្ងាយ​ប្រហែល10គីឡូម៉ែត្រ​ពី​វត្តភ្នំ អាចមាន​តម្លៃ 450ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដី​អាច​ត្រឹមតែ 10ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប្រសិនបើ​មាន​ចម្ងាយ​ប្រហែល 25គីឡូម៉ែត្រ​ពី​វត្តភ្នំ។ ទោះជា​យ៉ាងណាក៏ដោយ ដី​ទំនេរ​ដែលមាន​ចម្ងាយ2 ទៅ3គីឡូម៉ែត្រ​ពី​សង្កាត់​ដង្កោ​នៅតាម​បណ្តោយ​ផ្លូវ​ចំការ​ដូង (ឫ​ផ្លូវ217) អាចមាន​តម្លៃ​ចាប់ពី 400ដុល្លារ ទៅ 800ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែលជា​តម្លៃ​ខ្ពស់បំផុត​នៅក្នុង​សង្កាត់​ដង្កោ។

    ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​មួយចំនួន​ដូចជា​បុរី​ពិភពថ្មី លឹម​ឈាង​ហាក់ និង​សូ​នី​ជាដើម បាន​សាងសង់​គម្រោង​លំនៅឋាន​មួយចំនួន​នៅក្នុង​សង្កាត់​ដង្កោ។ ចំពោះ​ការអភិវឌ្ឍ​លំនៅឋាន ខណ្ឌដង្កោ មាន​ចំនួន​លំនៅឋាន​ច្រើនជាងគេ​លំដាប់​ទី3 បន្ទាប់ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សែន​សុខ។ ការផ្គត់ផ្គង់​លំនៅឋាន​នៅ​ខណ្ឌដង្កោ​បាន​ឈានដល់​ចំនួន 17,664ខ្នង​ផ្ទះ ដែល​ក្នុងនោះ​ចំនួន 11,386ខ្នង​ផ្ទះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។

    ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនប្រជាជន​ប្រចាំឆ្នាំ 8ភាគរយ​នៃ​ខណ្ឌ​មួយ​នេះ អ្នក​អភិវឌ្ឍន៍​មាន​គម្រោង​សាងសង់​លំនៅឋាន​ចំនួន 3,000ខ្នង​បន្ថែមទៀត​នៅត្រឹម​ឆ្នាំ2018នេះ។ ទន្ទឹមនឹង​នេះដែរ ការផ្គត់ផ្គង់​លំនៅឋាន​ថ្មី​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ការពង្រីក​ទីក្រុង​នៅក្នុង​ខណ្ឌដង្កោ​ផងដែរ។

    គម្រោង​អភិវឌ្ឍន៍សំខាន់ៗដូច ING City និង​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​នឹង​ដើរតួ​ជា កាតាលីករ​ដើម្បី​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ដទៃទៀត​នៅក្នុង​ខណ្ឌដង្កោ ហើយ​ប្រការនេះ​នឹងធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​កាន់តែ​ប្រសើរឡើង​នៅក្នុង​តំបន់។ ជាមួយនឹង​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម ឆាប់រហ័ស​នៅក្នុង​រាជធានី​ភ្នំពេញ ខណ្ឌដង្កោ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្លាស់ប្តូរ​ទៅជា​តំបន់​ទីក្រុង​ពេញលេញ​ក្នុង​រយៈពេល2ទសវត្សរ៍​ខាងមុខ​ទៀត។

    លោក សន ស៊ា​ប ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Key Real Estate Co., Ltd មានប្រសាសន៍ថា ក្រោយពី​វិស័យ​សំណង់​បាន​រីក​ឡើង​ខ្លាំង​នៅ​ភាគ​ខាងលិច និង​ភាគ​ខាងជើង​រាជធានី​ភ្នំពេញរួចមក និន្នាការ​នៃ​ការសាងសង់​សំណង់​លំនៅឋាន​នានា រួម​នឹង​អគារ​ពាណិជ្ជកម្ម ក៏ដូចជា​ផ្សារ​ទំនើប​កំពុង​បែ​ឆ្ពោះទៅ​ភាគខាងត្បូង​ជាបណ្តើរៗហើយ ពិសេស​នៅក្នុង​ខណ្ឌដង្កោ​នេះ​តែម្តង។

    លោក​បន្តថា នៅពេល​សំណង់​កើនឡើង​ខ្លាំង​នៅក្នុង​ខណ្ឌ​ខាងលើ​រួច សកម្មភាព​សំណង់ និង​បន្ត​ឆ្ពោះទៅ​ភាគ​ខាងកើត​វិញ​ម្តង ពិសេស​នៅ​តំបន់​អរិយ​ក្សត្រ​ក្នុងស្រុក​ល្វាឯម និង​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ក្រោយ​ពេលដែល​រដ្ឋាភិបាល​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​រួច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ។

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ មានប្រសាសន៍ថា ជាទូទៅ​នៅពេលដែល​ទីក្រុង​ភ្នំពេញ​មាន​លក្ខណៈ​ចង្អៀត ទីតាំង​ភូមិសាស្ត្រ​នេះ​នឹង​ពង្រីក​កាន់តែ​ធំឡើងៗ ដោយ​បច្ចុប្បន្ន​វិស័យ​សំណង់​បាន​រីកដុះដាល​ក្នុង​រង្វង់ 20គីឡូម៉ែត្រ​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​នៅ​រយៈពេល​ប្រមាណ​ជា 10ឆ្នាំក្រោយ​ទៀត វា​នឹង​រីក​កាន់តែ​ធំ​រហូតដល់ 40គីឡូម៉ែត្រ​ជុំវិញ​រាជធានី​ភ្នំពេញ៕

  • ការប្រមូល​ពន្ធ​នៅ​កម្ពុជា​មានការ​កើនឡើង 20%ជា​រៀងរាល់ឆ្នាំ

    ការប្រមូល​ពន្ធ​នៅ​កម្ពុជា​មានការ​កើនឡើង 20%ជា​រៀងរាល់ឆ្នាំ

    ស្រប​ពេលដែល​រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​នានា មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​បានធ្វើឱ្យ​ចំណូល​ពន្ធ​នៅ​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​ជា 20%ជា​រៀងរាល់ឆ្នាំ។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។

    ក្នុងជំនួប​ជាមួយ​វិស័យ​ឯកជន ធុរជន និង​ពាណិជ្ជករ ដែល​រៀបចំឡើង​ដោយ​សហគមន៍​អឺរ៉ុប ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មានប្រសាសន៍ថា តាមរយៈ​ការអនុវត្ត​យ៉ាង​យកចិត្តទុកដាក់​នូវ​កំណែទម្រង់រដ្ឋបាល និង​គោលនយោបាយ​សារពើពន្ធ ព្រមទាំង​ការធ្វើ​ទំនើបកម្ម​ពន្ធដារ ដោយ​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រកៀរគរ​ចំណូល​រយៈពេល​មធ្យម  ចាប់ពី​ឆ្នាំ2014-2018 ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​ចាប់តាំងពី​ឆ្នាំ2012មក អគ្គនាយកដ្ឋាន​ពន្ធដា​រតែង​សម្រេចបានគ្រប់​និង​លើស​ផែនការ​កំណត់ ពិសេស​ឆ្នាំ2017កន្លងទៅនេះ​ជា​កំណត់​ថ្មី​របស់​ពន្ធដារ​ដែល​ស​ម្រេច​បាន​នេះ បាន​ឆ្លុះបញ្ចាំង 113% នៃ​ផែនការ​ច្បាប់។

    លទ្ធផល​សម្រេចបាន​នេះ​ក្នុង​បរិបទ​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់ ៖1.មិនមាន​ការបង្កើន​អត្រាពន្ធ ឬ​បង្កើត​ពន្ធ​ថ្មី។ ទី2. មានតែ​ពង្រឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ពន្ធដារ​មាន​ស្រាប់។ 3.ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យអស់​សក្តានុពល​ដែលមាន​ស្រាប់ និង​ទី4.ធានា​ឱ្យបាន​នូវ​ភាពងាយស្រួល សមធម៌ និង​ភាពត្រឹមត្រូវ​ក្នុងការ​បង់ពន្ធ ខណៈដែល​គោលដៅ​នៃ​ការប្រមូល​ពន្ធ​កំណត់ដោយ​ច្បាប់​ត្រូវបាន​កើនឡើង​ក្នុង​រង្វង់​ប្រមាណ 20% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

    ឯកឧត្តម​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ដើម្បី​ប្រែក្លាយ​អគ្គនាយកដ្ឋាន​ពន្ធដារ ទៅជា​អង្គភាព​សាធារណៈ​មួយ​ដែល​ត្រូវបាន​ទទួលស្គាល់​លើ​គុណភាព និង​ជំនាញ​ក្នុងការប្រមូល​ចំណូល​ពន្ធ ក៏ដូចជា​ការបញ្ជ្រាប​ព័ត៌មាន​ពន្ធដារ ដោយ​ធ្វើឱ្យ​ការផ្តល់សេវា​សាធារណៈរ​បស់​រាជរដ្ឋាភិបាល​សារពើពន្ធ​កាន់តែ​មាន​ប្រសិទ្ធភាព គុណភាព​ខ្ពស់​រហ័ស សាមញ្ញ ស័ក្តិសិទ្ធិភាព​គួរឱ្យ​ទុកចិត្ត ក្នុងន័យ​ថា ប្រព័ន្ធ​ពន្ធដារ​កម្ពុជា​កាន់តែ​សាម​ញ្ញា ងាយស្រួល សម្រាប់​អ្នក​ជាប់ពន្ធ ប៉ុន្តែ​លំបាក​ក្នុងការ​គេចវេះ។

    ដើម្បី​ធ្វើ​ទំនើប ពន្ធដារ និង​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានដាក់​ឱ្យប្រើ​ប្រា​ស់នូ​វប្រ​ព័ន្ធ​តាមដាន លំហូរ​ឯកសារ​ចេញ-ចូល (Tracking Document System) សេវា Call Center ទូរស័ព្ទ 1277, GDT Live Chat ក្នុងន័យ​ពង្រឹង​សេវា និង​ការឆ្លើយតប​នានា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យបាន​ប្រសើរ ការបង់ពន្ធ​តាម​ប្រព័ន្ធ​ធនាគារ និង​ការបង់ពន្ធ​តាម​ប្រព័ន្ធអន​ឡាញ (E-Payment) កម្មវិធី​ពិនិត្យ​លិខិត​សវនកម្ម (Audit Checking Application) តាមរយៈ​ទូរស័ព្ទដៃ​ដែល​អាច​ទាញយក​ពី Appstore ឬ Playstore ដោយ​ឥត​បង់ថ្លៃ និង​បំពេញ​នូវព័ត៌មាន​ដែល​បាន​តម្រូវ។ បន្ថែម​ពីនេះ​ទៀត ក្នុងពេលឆាប់ៗខាងមុខ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ជាប់ពន្ធ​អាចដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Filing) បន្ថែម​ពីលើ​ការបង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Payment ដែល​កំពុង​បានដាក់​ឱ្យប្រើ​ប្រាស់។

    ជាមួយគ្នានេះ​លោក Anaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អុ​ឺ​រ៉ុ​ប (EUROCHAM) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តល់​នូវ​ការគាំទ្រ​ដល់​វិស័យ​ឯកជន ក្នុងការ​ពង្រឹង​នូវ​ការប្រកួតប្រជែង​ដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌​ក្នុងចំណោម​សហគ្រាស​ទាំងឡាយ ទាំង​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ធំ សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​តូច តាមរយៈ​ការធ្វើកំណែទម្រង់ គោលនយោបាយ និង​រដ្ឋាភិបាល​សារពើពន្ធ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បាន និង​កំពុង​អនុវត្ត​ជាពិសេស​ក្នុង​រយៈពេល 5ឆ្នាំ​ចុង​ក្រោយនេះ។

    គួរ​បញ្ជាក់ថា ក្នុង​រយៈពេល 4ខែ ដើមឆ្នាំ2018 ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ប្រមូលបាន​សរុប​មាន​ចំនួន 3,638.31 ពាន់​រៀល​ប្រមាណ​ជា 909.57លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ​ជា 47.29% នៃ​ផែនការ​កំណត់។ ប្រសិនបើ​ធៀប​នឹង​រយៈពេល 4ខែ ដើមឆ្នាំ2017 ឃើញថា ការប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ(តាម​ប្រព័ន្ធ​អន​ឡាញ)ក្នុង​រយៈពេល 4ខែ ឆ្នាំ2018 កើនឡើង​ចំនួន 389.96ពាន់​លាន​រៀល ស្មើនឹង 97.49 លាន​ដុល្លារ​អាមេរិក ស្មើនឹង12.01%៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 130

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 130

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/06/LRPN_130-Final-For-Web.pdf” force_dl=”1″]

  • Google អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផាកពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ

    Google អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផាកពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ

    ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក Google អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផាកពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ​នៅ​ពាក់កណ្ដាល​ខែកក្កដា​ខាងមុខនេះ ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប (EU) រកឃើញថា ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ស្មោកគ្រោក​ក្នុងការ​ប្រូ​ម៉ូត​ប្រព័ន្ធ​ដំណើរការ Android ឱ្យ​ល្បី។

    យោងតាម​ការចេញផ្សាយ​របស់ Reuters បានឱ្យដឹងថា EU បានធ្វើការ​ស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន Google អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ក្នុងករណី​ប្រូ​ម៉ូត​ប្រព័ន្ធ​ដំណើរការ Android ឱ្យ​ល្បី​តាមរយៈ​មធ្យោបាយ​ផ្សេង។

    ប្រភព​ដែល​ជិតស្និទ្ធ​នឹង EU បាន​លួច​បង្ហើប​ឱ្យដឹងថា EU បាន​តាមដាន​ទៅលើ​កិច្ចព្រមព្រៀង​រវាង Google និង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទផ្សេងៗ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android ជាពិសេស Google អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ បើសិនជា EU រកឃើញថា Google បាន​ប្រើប្រាស់ Google Search ដើម្បី​ជួយ​ជំរុញ​ឱ្យ Android មាន​ភាពល្បីល្បាញ។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Google ទើបតែ​បញ្ចប់​សំណុំរឿង​ដ៏​ធំ​មួយ​ជាមួយនឹង​តុលាការ​ក្នុងករណី​បិទ និង​ប្រើប្រាស់​ផ្ទាំង​ពាណិជ្ជកម្ម AdSense លើសពី​ច្បាប់​កំណត់ ប៉ុន្តែ​សំណុំរឿង​មួយ​នេះមិនត្រូវ​បាន​គេ​ទម្លាយ​ឱ្យដឹង​លម្អិត​ឡើយ៕

  • វេទិកា​សេដ្ឋកិច្ចពិភពលោក បង្ហាញ​សៀវភៅ និយាយ​ពី​អនាគត​របស់​មនុស្ស​ដែល​យើង​គួរ​អាន

    វេទិកា​សេដ្ឋកិច្ចពិភពលោក បង្ហាញ​សៀវភៅ និយាយ​ពី​អនាគត​របស់​មនុស្ស​ដែល​យើង​គួរ​អាន

    នៅលើ​លោក​នេះ គ្មាន​អ្នកណា​អាច​ដឹង​ច្បាស់ ឬ​ស្មាន​ត្រូវ​ថា​ពិភពលោក​នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៀត មួយ​សតវត្សរ៍ ឬមួយ​សហ​វត្សរ៍​ទៀត​នឹង​ក្លាយជា​យ៉ាងណា​នោះទេ តែ​ទោះជា​យ៉ាងនេះក្តី​មាន​អ្នកជំនាញ រួមទាំង​អ្នកនិពន្ធ​ផង​បានចាប់ផ្តើម​ស្រាវជ្រាវ ហើយ​យក​ភ័ស្តុតាងសំខាន់ៗមួយចំនួន​នាពេល​បច្ចុប្បន្ន​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​សន្និដ្ឋាន​ពី​ភាពប្រែប្រួល​នៅ​ថ្ងៃ​អនាគត។

    នៅពេលថ្មីៗនេះ វេទិកា​សេដ្ឋកិច្ចពិភពលោក បានធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​អ្នកជំនាញ​ដើម្បី​ស្វែងរក​សៀវភៅ​ដែលមាន​តម្លៃ និង​ជឿ​ទុកចិត្តបាន​សម្រាប់​ម​នុស្ស​នាពេល បច្ចុប្បន្ន ដែល​ចង់​សិក្សា​ពី​អនាគត​នៃ​ពិភពលោក។

    1. Children of the New World

    សៀវភៅ​នេះ​និពន្ធ​ដោយ​អ្នកនិពន្ធ Alexander Weinstein ដែល​វា​ជា​បណ្ដុំ​ប្រលោមលោកខ្លីៗចំនួន 13 រឿង​ប​ញ្ជូ​ល​គ្នា​ដើម្បី​បង្ហាញ​ពី​អនាគត​របស់​ពិភពលោក។ អត្ថន័យសំខាន់ៗដែល​ត្រូវបាន​រំលេច​ឡើង​ក្នុង​ស្នាដៃ​យ៉ាង​មាន​សារៈសំខាន់​នេះ​មានដូចជា​បញ្ហា​ទំនាក់ទំនង​រវាង​បណ្តាញ​សង្គម និង​ការរស់នៅ ការកសាង​ប្រព័ន្ធ​ចងចាំ​របស់​មនុស្ស Game ដែល​ធ្វើឱ្យ​មនុស្ស​ញៀន​ព្រោះ​វា​កាន់​តែមាន​លក្ខណៈ​ទំនើប​ដូចជា​មនុស្ស​ស្ថិតក្នុង​ល្បែង​នោះ​ផ្ទាល់ និង​មនុស្ស​យន្ត​ដែលមាន​លក្ខណៈ​ដូចគ្នា​បេះបិទ​នឹង​មនុស្ស។

    1. The Handmaid’s Tale

    សៀ​ភៅ​នេះ​និពន្ធ​ដោយ​អ្នកនិពន្ធ Margaret Atwood ដែល​និយាយ​ពី​ក្តី​ស្រមៃ​ពោរពេញ​ដោយ​ក្តីបារម្ភ​លើ​ពិភពលោក​នាពេល​អនាគត ដែល​អាច​នឹងមាន​ភាព​សង្កត់សង្កិន ហើយ​អង្គការ​សាសនាទាំងអស់​អាច​នឹងត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែលមាន​អំណាច​បំផុត​លើ​ពិភពលោក។ នៅពេលនោះ​ស្ត្រីក្មេងៗអាច​ស្ថិតក្នុង​ស្ថាន​ភាពមិន​សុវត្ថិភាព​ឬ​ផុយស្រួយ​នឹងរង​ភាព​ចាប់ជំរិត។ មនុស្ស​មួយចំនួន​អាច​ត្រូវគេ​បង្ខំ​ឱ្យ​លុបបំបាត់​អត្តសញ្ញាណ​របស់ខ្លួន និង​ជំរុញ​កុមារ​ឱ្យ​ខំ​ដោយ​មិន​ស្របទៅនឹង​សមត្ថភាព​របស់ខ្លួន។

    តែ​ទោះជា​យ៉ាងនេះ​ក្តី ស្នាដៃ​នេះ​ក៏​បង្ហាញ​នូវ​ដំណោះស្រាយ​ជាច្រើន​ដែល​អាច​សង្គ្រោះបាន​នូវ​ស្ថានភាព​អាក្រក់​នា​ថ្ងៃ​អនាគត​ដូចជា​ការអប់រំ​ពី​ប្រព័ន្ធ​គាំពារ​ស្ត្រី​ពី​ការរំលោភបំពាន ការបណ្តុះសីលធម៌ ការអប់រំ​ផ្លូវភេទ និង​ពង្រឹង​ថាមពល​ពិតប្រាកដ​របស់​ប្រជាជន​ដែល​កំពុង​រស់នៅ​គ្រប់​ទីកន្លែង​នៃ​ពិភពលោក។

    1. The Sixth Extinction: An Unnatural History

    សៀវភៅ​នេះ​និពន្ធ​ដោយ​អ្នកនិពន្ធ Elizabeth Kolbert ដែលជា​ស្នាដៃ​បញ្ចូល​គ្នា​នូវ​វិទ្យាសាស្ត្រ និង​ប្រវត្តិសាស្ត្រ តាមរយៈ​ការបង្ហាញ​ពី​ផលប៉ះពាល់​មកលើ​មនុស្ស​តាមរយៈ​ការបំផ្លាញ​បរិស្ថាន។ តាមរយៈ​ស្នាដៃ​នេះ​អ្នកនិពន្ធ​ទទួលបាន​ពានរង្វាន់ Pulitzer Prize នៅ​ឆ្នាំ2014។

    សៀវភៅ​នេះ​ក៏​បង្ហាញ​ផងដែរ​ពី ផលប៉ះពាល់​នៃ​បរិយាកាស ផលប៉ះពាល់ និង​គ្រោះថ្នាក់​ដែល​កើតចេញពី​សកម្មភាព​ម​នុស្ស​ចំពោះ​មហាសមុទ្រ ការផ្លាស់ប្តូរ​អាកាសធាតុ និង​ការបំផ្លិចបំផ្លាញជាច្រើន​ទៀត​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​អនាគត​ពិភពលោក។

    1. This Changes Everything: Capitalism vs. The Climate

    ស្នាដៃ​នេះ​និពន្ធ​ដោយ​អ្នកនិពន្ធ Naomi Klein ដែល​បង្ហាញ​អ្នកអាន​ពី​ការបោះបង់ចោល​សេដ្ឋកិច្ច​បែប​មូលធននិយម និង​កសាង​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​បែប​ថ្មី និង​ប្រព័ន្ធ​នយោបាយ​ដើម្បីឱ្យ​ពិភពលោក​មាន​ភាព​បៃតង​នៅ​ថ្ងៃ​អនាគត។ អ្នកនិពន្ធ​រូបនេះ​ក៏បាន​បង្ហាញ​ពី​ករណីសំខាន់ៗមួយចំនួន​ដែល​អាច​ផ្លាស់ប្តូរ​ប្រព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ដែល​ឧស្សាហកម្ម​ជាច្រើន​កំពុង​បង្កើត​ឧស្ម័ន​កាបូ​និក ឱ្យ​រៀបចំ​ដំណើរការ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ដោយ​កាត់បន្ថយ​ផលប៉ះពាល់។

    សៀវភៅ​ដែល​សង្កត់ធ្ងន់​លើ​វិធីសាស្ត្រសំខាន់ៗក្នុងការ​សង្គ្រោះ​ពិភពលោក​នេះ និង​ក៏បាន​បង្ហាញ​ផងដែរ​ពី​ផលប៉ះពាល់​នៃ​សេដ្ឋកិច្ច និង​នយោបាយ​សកលលោក ដែលមាន​នាពេល​បច្ចុប្បន្ន​រួមទាំង​ចន្លោះប្រហោង​មួយចំនួនទៀត​ដែល​ត្រូវ​កែសម្រួល​ផងដែរ។

    1. In 100 Years: Leading Economist Predict the Future

    សៀវភៅ​នេះ​រៀបចំឡើង​ដោយ​អ្នកនិពន្ធ Ignacio Plalacios-Huerta ដោយ​វា​ជា​ស្នាដៃ​ដែល​បញ្ចូល​គ្នា​នូវ​គំនិត​សេដ្ឋកិច្ចល្បីៗចំនួន10 លើ​ពិភពលោក ដោយ​ក្នុងនោះ​មាន​ស្នាដៃ​ដែល​ជាប់​ពានរង្វាន់​ណូបែល​ផងដែរ។ គំនិត​ទាំងអស់នោះ​គឺជា​ការសន្និដ្ឋាន​ពី​ស្ថានភាព​ពិភពលោក​ក្នុង​សតវត្សរ៍​ទី22 ដោយ​ផ្តោតលើ​អនាគត​នៃ​វិស័យ​ការងារ ប្រាក់ខែ គុណភាពនៃ​ការងារ​របស់​មនុស្ស​ជំនាន់​ថ្មី បច្ចេកវិទ្យា និង​ការផ្លាស់ប្តូរ​អាកាសធាតុ។

    1. Physics of the Future: How Scientist Will Shape Human Destiny and Our daily Lives by the Year 2100

    ស្នាដៃ​នេះ​និពន្ធ​ដោយ​អ្នកនិពន្ធ Michio Kaku ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ2011 ជាមួយនឹង​គំនិត​ដែល​បង្ហាញ​ពី​ការពិភាក្សា​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ឱសថ​វេជ្ជសាស្ត្រ ការធ្វើដំណើរ និង​ការប៉ាន់ស្មាន​ពី​ការរុករកថ្មីៗរបស់​ពិភពលោក​ក្នុង​រយៈពេល 100ឆ្នាំ​ទៀត។

    ក្នុងចំណោម​ការប៉ាន់ស្មាន​របស់គាត់ មានរឿង​អស្ចារ្យ​មួយចំនួន​ដែល​មនុស្ស​គិតថា​នឹង​អាច​កើតមាន​ដូចជា ជណ្តើរយន្ត​លំហ រថយន្ត​អាច​ហោះ​បាន និង​តំបន់​នានា​ដែល​គ្រប់គ្រង​ដោយ​អី​ុ​ន​ធើ​ណិ​ត៕