Author: វល័ក្ខ

  • មូលហេតុធំៗ 4យ៉ាងនៃ​ការ​កើតមុន

    មូលហេតុធំៗ 4យ៉ាងនៃ​ការ​កើតមុន

    បញ្ហា​កើតមុន ការពិតទៅ​គឺជា​រឿងធម្មតាៗដែល​អាច​កើត​លើ​មនុស្ស​គ្រប់រូប តែ​ធម្មជាតិ​របស់​ស្បែក​មុខរប​ស់មនុស្ស​យើង​ខុសប្លែក​ពីគ្នា ទើប​ហុច​ផល​ដល់​ផ្ទៃមុខ​របស់​មនុស្ស​ម្នាក់​ៗមិន​ដូចគ្នា ធ្វើឱ្យ​អ្នកខ្លះ​កើតមុន​ច្រើន ឯ​អ្នកខ្លះ​កើតមុន​តិច ដូច្នេះ​ថ្ងៃនេះ ឡារ៉ែ​ន​ មាន​មូលហេតុ​នៃ​ការ​កើតមុន​មក​ជម្រាបជូន​ដូចតទៅ។

    1/ ពូជ​អម្បូរ​របស់​បុគ្គល​ម្នាក់ ធ្វើឱ្យ​ស្បែក​ខុសប្លែក​ពីគ្នា​ទាំង​គ្រោង​សាង​របស់​ស្បែក ការ​សាង​សារធាតុ​ខ្លាញ់​ដែល​ច្រើន ឬតិច​ជ្រុល​ពេក សមត្ថភាព​ក្នុងការ​ជួសជុល​ស្បែក​ក្នុងអំឡុងពេល​កើតមុន និង​ការជួសជុល​នៅពេល​ជា​ពី​អាការ​ក្លាយ​របស់​មុន​ហើយ។

    2/ ចូលចិត្ត​រញ៉េរញ៉ៃ​ជាមួយ​ផ្ទៃមុខ ដូចជា ចាប់ ប៉ះ អង្អែល កេះ អេះ​ផ្ទៃមុខ​ញឹកញាប់។ ​​កុំភ្លេចថា ដៃរបស់អ្នកបាន​ទៅ​ចាប់​ប៉ះ​អ្វី​មក​ខ្លះ​ក្នុងមួយថ្ងៃៗ បើ​អ្នក​មិនបាន​លាងដៃ ហើយ​មក​ផ្ទៃមុខ​ញឹកញាប់ ក៏​អាច​បង្ក​ឱ្យ​កើតការ​រមាស់​ក្រហាយ ឬ​នាំ​មេរោគ​បាក់តេរី​មក ធ្វើឱ្យ​មុន​ដែលមាន​ស្រាប់​កើតការ​រលាក​ក្លាយ​បាន​ទៀតផង។ ការ​ដុសខាត់​មុខ​ញឹកញាប់ អាច​ក្លាយជា​មូលហេតុ​មុន​រីក​រាលដាល​បាន ព្រោះ​ពេលដែល​យើង​ដុសខាត់​មុខ នោះ​មានន័យថា អ្នកកំពុង​ធ្វើឱ្យ​ស្បែ​កមុខ​ក្រាស់​ឡើង​ដោយ​មិនដឹង​ខ្លួន ធ្វើឱ្យ​រន្ធរោម​​ត្បៀត​​តូច ជាតិ​ខ្លាញ់​ដែល​គួរតែ​ចេញមក ក៏​ចេញមក​មិនបាន (ដុសខាត់​មុខ​បាន តែ​កុំ​ញឹកញាប់ បើ​កំពុង​កើតមុន​ក៏​កុំ​ដុសខាត់ រង់ចាំ​ឱ្យ​ជា​សិន​សឹម​ធ្វើ) ការ​លុប​លាងមុខ​ញឹកញាប់​ជ្រុល​ពេក ឬ​ច្រើនជាង2ដង​ក្នុង​មួយថ្ងៃ នឹង​ក្លាយជា​ការជំរុញ​ក្រពេញ​ជាតិ​ខ្លាញ់​ឱ្យធ្វើ​ការងារ​ខ្លាំង​ខុស​ប្រក្រតី និង​ទង្វើ​មួយចំនួន​ដែល​រុក​គួ​ន​រំខាន​ស្បែ​កមុខ ដូចជា អ្នកខ្លះ​ចូលចិត្ត​យកដៃ​សើយ​សក់​ក្បាល អ្នកខ្លះ​ចូលចិត្តយក​ដៃ​​ច្របាច់​ច្រមុះ យក​ទូរស័ព្ទ​ដាក់​ផ្អឹប​នឹង​ថ្ពាល់​ពេល​សន្ទនា ឬ​ចូលចិត្ត​អង្គុយ​យកដៃ​ច្រត់​ចង្កា ឬ​ថ្ពាល់​ជាប្រចាំ​ជាដើម។

    3/ កិច្ចការងារ​ប្រចាំថ្ងៃផ្សេងៗ ដូចជា ការមិន​ថែ​សម្អាត ការ​លុប​លាងមុខ ឬ​គ្រឿងសម្អាង​មិន​ស្អាត ការប្រើប្រាស់​ផលិតផលបិទបាំង​ចំណុច​មិនល្អផ្សេងៗលើ​ផ្ទៃមុខ ឬ​គ្រឿងសម្អាង​ដែលមាន​ជាតិ​ខ្លាញ់​ជា​គ្រឿងផ្សំ ការប្រើ​គ្រី​ម ឬ​ម្សៅ​ដែល​អាចជា​ដើមហេតុ​រប​ស់​មុន​លើ​ផ្ទៃមុខ ការពាក់​មួកសុវត្ថិភាព​ដោយ​មិនដែល​បោកគក់​សម្អាត ការ​គេង​ផ្អៀង​ហើយ​ទឹកមាត់​ហៀរ​ចេញមក​ប្រឡាក់​ថ្ពាល់ អាជីព​ចុងភៅ​ដែល​បានទទួល​ផ្សែង​ពី​សារធាតុ​ពពួក​ខ្លាញ់ និងប្រេងផ្សេងៗ ជាង​ម៉ាស៊ីន​ដែល​ធ្វើការ​ជាមួយ​ប្រេង និង​អ្នក​ដែល​ប្រើក្រដាស​កា​បូន​ញឹកញាប់​ជាដើម។

    4/ លាង​សម្អាត​មុខ​ខុស​វិធី កុំ​គិត​ដោយ​ខ្លួនឯង​ថា ត្រឹមតែ​ការប្រើ​ហ្វូ​មលុប​លាងមុខ​ធម្មតា​នឹង​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្អាត​បែប​ហ្មត់ចត់​នោះ ឬ​ទោះជា​យកដៃ​ស្ទាប​មុខ​ហើយ ក៏​មិនមាន​អារម្មណ៍​ថា​មាន​ជាតិ​ខ្លាញ់​នៅ​សេសសល់ ឬ​មាន​អ្វី​នៅជាប់​លើ​ស្បែ​កមុខ​ទៀតឡើយ ព្រោះ​គ្រឿងសម្អាង​ដែល​អ្នក​បំពោក​ទៅលើ​ផ្ទៃមុខ​នោះ វា​មិនអាច​លាង​ចេញ​បាន​ដោយ​សាប៊ូ​ហ្វូ​ម​លាង​មុខតែម្យ៉ាង​នោះទេ ទីបំផុត​គ្រឿងសម្អាង​ទាំងនោះ​ក៏​នឹង​ទៅ​លាយ​ផ្សំ​ជាមួយ​សាប៊ូ​ហ្វូ​ម​លាងមុខ​នោះ​រហូត​កើតការ​ញ៉ុ​ក​ណែន​ក្នុង​រន្ធ​រោម​ធ្វើឱ្យ​មុន​ផុស​ឡើង និង​រួម​ទៅដល់​អ្នក​ដែល​មិន​តុបតែង​មុខ លុះ​មុខ​មាន​ជាតិ​ខ្លាញ់​ឡើង​ច្រើន ក៏​គិតតែ​ពី​លាងមុខ​ពេញ​មួយថ្ងៃ ដែល​ជំនួស​ឱ្យ​ការបាត់​មុន វា​ក្លាយជា​ការជំរុញឱ្យ​មុន​កើត​កាន់តែ​ច្រើនឡើង​ទៅវិញ៕

  • ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    មិនគួរឲ្យជឿសោះ!!! កូននឹងរៀនពូកែ ប្រើប្រាស់ភាសា និងសម្ដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសម្របខ្លួនបានគ្រប់ស្ថានការណ៍ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេលល្ងាចនៅក្នុងផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពិតមែនឬ?

    គឺជារឿងពិត…លទ្ធផលនៃការសិក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖
    1. កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។

    2. កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង។

    3. កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារ ដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។

    4. ពេលឈានចូលទៅរកវ័យត្រៀមជំទង់ (ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសម្រកទម្ងន់ដោយថ្នាំ (ចំពោះកូនស្រី) ពឹងបារីបញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿងបរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបានទាន់ពេលវេលា ។

    5. កុមារនឹងចេះសម្របខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នា
    កុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅតែមានទំនាក់ទំនងនឹងគ្នា ហើយជិតដិត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។

    ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…? កុមារអាចមានបញ្ហាក្នុងការរសនៅទាំងនៅផ្ទះ និងនៅសាលារៀន អាចចេះផឹកស្រាមុនអាយុ សេពគ្រឿងញៀនឬអាចមានទង្វើខាងការបរិភោគដែលខុសពីប្រក្រតី។ អ្នកស្រី បារ៏បារ៉ា ហ្វ៊ីស អ្នកវីភាគ និងជាសាស្ត្រាចារ្យមហាវិទ្យាល័យអ៊ីលលីណយស៍ បានចង្អុលបង្ហាញថា ទោះជាមិនមានពេលវេលាទទួលទានអាហារជុំគ្នាបានរាល់ថ្ងៃក៏ដោយ តែយ៉ាងហោចណាស់គួររៀបចំឲ្យបាន 3ដងក្នុងមួយសប្តាហ៏ សុខភាពដ៏ល្អទាំងកាយ និងចិត្តរបស់កុមារក៏អាចកើតមានឡើងបានដែរ៕

  • ចំណេះដឹងស្រ្តីមេផ្ទះ៖ ការរក្សាទុកសាច់ជ្រូក

    ចំណេះដឹងស្រ្តីមេផ្ទះ៖ ការរក្សាទុកសាច់ជ្រូក

    ការថែរក្សាសាច់ជ្រូកដើម្បីទុកសម្រាប់ធ្វើម្ហូបឲ្យបានយូរនោះ គួររក្សាទុកនៅក្នុងកន្លែងកកក្នុងទូទឹកកក តែពេលយកចេញមកដើម្បីធ្វើម្ហូប សាច់ជ្រូកដែលកកមួយដុំធំនោះ ពិបាកកាត់យកតាមតម្រូវការខ្លាំងណាស់ ឬបើមិនដូច្នោះទេក៏ត្រូវរង់ចាំយូរណាស់ទំរាំតែវាទន់វិញ ឬពេលខ្លះប្រញាប់ផងនោះ ក៏យកទៅដាក់ត្រាំក្នុងទឹកធ្វើឲ្យសាច់ជ្រូកបាត់បង់គុណប្រយោជន៍ខាងអាហារអស់ ដូច្នេះពេលទិញសាច់ជ្រូកមកហើយ គួរលាងឲ្យស្អាត រួចកាត់ជាដុំៗធំល្មមទុកសម្រាប់ធ្វើម្ហូបមួយពេលៗទុកជាស្រេច បន្ទាប់មកដាក់ក្នុងថង់ផ្លាស្ទិកដោយឡែកពីគ្នា រួចយកទៅដាក់ក្លាស់សេទុកនៅក្នុងទូទឹកកក ។ នៅពេលត្រូវធ្វើម្ហូបក៏យកចេញមកទុកឲ្យបាត់កកត្រឹមចំនួនដែលត្រូវការ ឬបើប្រញាប់អាចដាក់ត្រាំទឹកបាន តែចូរត្រាំទាំងថង់ផ្លាស្ទិក…ធ្វើបែបនេះពិតជាងាយស្រួលមែន៕

  • គួរធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យកូនមានខួរក្បាលឆ្លាតវាងវៃ?

    គួរធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យកូនមានខួរក្បាលឆ្លាតវាងវៃ?

    តើអ្នកម្តាយដឹងទេថា ការវឌ្ឍន៍នៃខួរក្បាលរបស់កូនតូចប្រព្រឹតុ្តទៅយ៉ាងដូចម្ដេច? ការវិវឌ្ឍន៍របស់ខួរក្បាលកូនក្នុងអំឡុងពេល 1,000ថ្ងៃដំបូងនៃជីវិត គឺជាអំឡុងពេលមួយដែលសំខាន់ជាទីបំផុត ព្រោះជាអំឡុងពេលដែលខួរក្បាលកូនតូចមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត។ 1,000 ថ្ងៃ ចាប់តាំងពីថ្ងៃដំបូងនៃការចាប់បដិសន្ធិនៅក្នុងគភ៌រហូតមកដល់អាយុ 2 ឆ្នាំ អ្នកម្តាយអាចសាងគ្រឹះ និងកំណត់សក្តានុពលដល់ខួរក្បាលរបស់កូនបាន ទាំងអស់នេះគឺដើម្បីអនាគតដ៏ល្អរបស់កូនតូច។ ខួរក្បាលរបស់កូនតូចមានអង្គប្រកប 3 បច្ច័យគោលគឺ ៖

    1 . តំណពូជ ដែលបានទទួលតមកពីលោកឪពុក និងអ្នកម្តាយដោយត្រង់
    2 . ការចិញ្ចឹមមើលថែ ដែលនឹងតភ្ជាប់ទៅដល់រឿងរបស់សភាពជុំវិញខ្លួន និងការសិក្សារបស់កូន
    3 . ភោជនាហារ គឺការបានទទួលអាហារដែលល្អ និងមានគុណភាព

    បើលោកឪពុកអ្នកម្តាយចង់ឱ្យកូនឆ្លាត និងមានខួរក្បាលវាងវៃ គួរបង្កើន និងជំរុញការវិវឌ្ឍន៍របស់កូនឱ្យស័ក្តិសមនឹងវ័យដូចជា ការបើកឱកាសឱ្យកូនបានលេង ឬធ្វើកិច្ចការងារផ្សេងៗដោយខ្លួនឯង ដោយមានលោកឪពុកអ្នកម្តាយនៅចាំជួយ និងណែនាំ រួមទាំងគួរយកចិត្តទុកដាក់មើលថែទាំចិញ្ចឹមកូនតូចយ៉ាងយកចិត្តទុកដាក់ឱ្យស្ថិតក្នុងស្ថានភាពជុំវិញខ្លួនដែលល្អ ដើម្បីឱ្យកូនបានទទួលការជំរុញ និងការហ្វឹកហាត់ជំនាញផ្នែកផ្សេងៗយ៉ាងជាប់លាប់ និងបន្តបន្ទាប់ ដោយសារតែការធ្វើកិច្ចការងារផ្សេងៗរបស់កុមារនោះ ប្រកបទៅដោយការធ្វើការរបស់ខួរក្បាលច្រើនចំណែកដែលធ្វើការភ្ជាប់តគ្នាយ៉ាងស្មុគស្មាញ ដូចជា ការទទួលស្តាប់ពាក្យបញ្ជា ភ្នែកសម្លឹងក្រដាសតរូប ប្រើម្រាមដៃចាប់យកចំណែកផ្សេងៗមកផ្គុំគ្នាជាដើម ។

    ដូច្នេះទើបអាចនិយាយបានថា អ្នកម្តាយក៏មានចំណែកសំខាន់ដែលអាចបំពេញនាទីមើលថែ និងបង្កើនការអភិវឌ្ឍន៍ខួរក្បាលរបស់កូនបានតាំងពីថ្ងៃដំបូងនៃការមានគភ៌រហូតដល់ 1,000 ថ្ងៃដំបូង ជារយ:ពេលដែលខួរក្បាលវិវឌ្ឍន៍យ៉ាងលឿនបំផុត។ ក្រៅពីនេះរឿងភោជនាហារល្អៗក៏ជារឿងសំខាន់ដែលអ្នកម្តាយមិនអាចប្រហែសបានជាដាច់ខាត ដើម្បីឱ្យអាហារក្លាយជាអង្គប្រកបមួយដែលជួយបង្កើនខួរក្បាលកូនក្នុងអំឡុងពេលដែលខួរក្បាលវិវឌ្ឍលឿនបំផុតនេះ៕

  • ស្រឡាញ់គ្នាបែបណា ឱ្យគូស្នេហ៍ផ្សេងទៀតនឹកច្រណែន?

    ស្រឡាញ់គ្នាបែបណា ឱ្យគូស្នេហ៍ផ្សេងទៀតនឹកច្រណែន?

    សេចក្តីស្នេហាត្រូវប្រើពេលវេលាជាគ្រឿងពិសោធន៍ថា តើមនុស្សម្នាក់នោះ គេត្រៀមខ្លួននឹងមើលថែទាំ និងយកចិត្តទុកដាក់លើយើងច្រើន ឬតិចប៉ុនណាទៅ? ព្រោះពេលវេលាចំពោះមនុស្សម្នាក់ៗដែលត្រូវសិក្សាមើលចិត្តមើលថ្លើមគ្នានោះ មិនដូចគ្នា ហើយក៏មិនស្មើគ្នាដែរ ដូច្នេះហើយ តើយើងត្រូវធ្វើយ៉ាងណាទៅ ដើម្បីឱ្យសេចក្តីស្នេហារបស់យើងទាំងពីរនាក់ នៅតែស្រឡាញ់គ្នាដូចពីដើម ដោយគ្មានពេលវេលា ឬភាពចន្លោះប្រហោង ចូលមកធ្វើឱ្យអ្នកទាំងពីរកើតមានជម្លោះឡើងនោះ?

    – ធ្វើដូចជាទើបនឹងចាប់ផ្តើមស្គាល់គ្នាថ្មីៗ មិនថាតែអ្នកទើបតែរៀបការជាមួយគ្នាមក 6ខែ ឬ 6ឆ្នាំហើយក៏ដោយ ចូរសាក
    ល្បងរកពេលវេលារឹតចំណងអាពាហ៍ពិពាហ៍ ដោយការបន្លំធ្វើហាក់ដូចជាទើបនឹងស្គាល់គ្នាថ្មីៗម្តងទៅមើល៍ ដើម្បីជាការបញ្ជាក់បន្ថែមពីចំណងស្នេហ៍បានយ៉ាងល្អ។

    – ខ្សែភាពយន្តស្នេហារ៉ូមែនទិកអាចបំផ្លាញជីវិតស្នេហ៍របស់អ្នកបាន នៅពេលណាដែលអ្នកអារម្មណ៍ថា ជីវិតស្នេហ៍របស់
    អ្នកប្រព្រឹត្តទៅមិនដូចនៅក្នុងខ្សែភាពយន្តស្នេហាដែលអ្នកពេញចិត្តនោះ ពេលនោះយើងសូមប្រាប់ថា ជីវិតស្នេហ៍របស់អ្នកចាប់ផ្តើមមានបញ្ហាហើយ។
    – ទ្រឹស្តីភាពទាក់ទាញខាងរូបកាយ ឬរូបសម្ផស្សមិនអាចប្រើការបានរហូតនោះទេ ដឹងទេថា ពេលខ្លះការរស់នៅជាមួយមនុស្សដែលមានរូបសម្ផស្សធម្មតាៗ គ្មានអ្វីលេចធ្លោជាពិសេសនោះគឺជា កូនសោរឆ្ពោះទៅរកសម្ព័នភាពដ៏យូរអង្វែង។
    – ស្នេហាមួយនេះមិនរាប់អានស្រាទេ ទោះជារស់នៅចូលគ្នាចុះប៉ុនណាក៏ដោយ ព្រោះគូស្នេហ៍ខ្លះចប់កណ្តាលទីដោយសាតែស្រាក៏មាន។
    – ចូរប្រើធម៌ត្រជាក់ បើសិននៅសុខៗ ស្រាប់តែស្វាមី ឬភរិយារបស់អ្នកក្តីមួម៉ៅក្រេវក្រោធយ៉ាងខ្លាំង ពេលត្រឡប់មកដល់ផ្ទះនិយាយឡូឡារករឿងឥតឈប់ ជំនួសឱ្យការលេងខ្លាំងៗតបទៅវិញនោះ សូមអ្នកសាកល្បងគិតថា គាត់ច្បាស់ជាមានបញ្ហាពីកន្លែងណាមួយមកហើយបានជាមួម៉ៅក្តៅក្រហាយខ្លាំងបែបនេះ។
    – លេងធ្វីតធើរ៍មានកំណត់ ព្រោះតាមរយៈលទ្ធផលរបស់ការពិនិត្យនៅលើមនុស្សជាច្រើនម៉ឺននាក់ បានសង្កេតឃើញថាបណ្តាពួកអ្នកចូលចិត្តលេងធ្វីតធើរ៍ទាំងឡាយ ច្រើនតែមានជីវិតអាពាហ៍ពិពាហ៍មិនស្ថិតស្ថេរយូរអង្វែង។
    – ភាពស្មើភាគក្នុងជីវិតគូ ព្រោះពេលនេះនារីៗនិយមមានផ្នត់គំនិតដែលគិតថា បុរស និងស្រ្តីស្មើភាពគ្នា មានសិទ្ធិ និងតួនាទីក្នុងកម្រិតដូចគ្នានោះ កំពុងតែប្រែក្លាយទៅជាភាពរ៉ូមែនទិកថ្មីមួយទៀតដែលនារីយុគសម័យនេះត្រូវការ។
    – បញ្ឈប់ទង្វើធ្វើត្រាប់តាមគេ មិនថាដឹងខ្លួន ឬមិនដឹងខ្លួនក៏ដោយ ពេលមនុស្សយើងខ្លះឃើញមិត្តភ័ក្តិជិតស្និទ្ធលែងលះគ្នាជាមួយគូស្នេហ៍នោះ 75% របស់មនុស្សស្រីហ៊ាននឹងពោលពាក្យសុំលែងពីគូស្នេហ៍របស់ខ្លួនដែរ។
    – កាន់តែញឹកញាប់ កាន់តែល្អ ជនជាតិអាមេរិកទូទៅច្រើនមានសិច 2 – 3ដងក្នុង 1ខែ តែប្រទេសយើងកុំយកធ្វើជាគំរូអី
    ព្រោះរឹតតែមានសិចញឹកញាប់ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងរឹតតែស្អិតល្មួតឡើងយ៉ាងពិតប្រាកដ ជឿចុះ!៕

  • រឿង​គួរ និង​មិនគួរ​ធ្វើ ដើម្បី​សក់​មាន​សុខភាព​ល្អ

    រឿង​គួរ និង​មិនគួរ​ធ្វើ ដើម្បី​សក់​មាន​សុខភាព​ល្អ

    បើ​និយាយ​ដល់​អត្ថបទ​ដែល​ទាក់ទង​ទៅនឹង​ការថែរក្សា​សក់ ដើម្បីឱ្យ​សក់​ស្អាត មាន​សុខ​ភាពល្អ មាន​សភាព​ទន់​រលោង ស្រស់ស្អាត ឡា​រ៉ែ​ន ស្ទើរតែ​មិនដែល​ភ្លេច​ទាល់តែសោះ​ក្នុងការ​លើកយក​នូវ​អត្ថបទផ្សេងៗជាច្រើន​ឱ្យ​ប្រិយមិត្ត​បាន​អាន និង​អនុវត្ត ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ជាទី​គាប់ចិត្ត ប៉ុន្តែ​មិនដឹងថា​តើ​មិត្ត​អ្នកអាន​ប៉ុន្មាន​រូប​ទេ ដែល​បាន​អនុវត្តតាម​យ៉ាង​ត្រឹមត្រូវ​ជាប់លាប់​ទៅតាម​ក្បួន​នោះ។ មិន​ថា​លោកអ្នក​ធ្លាប់ ឬ​មិន​ធ្លាប់បាន​អាន​នោះទេ អត្ថបទ​មួយ​នេះ​នៅតែ​អាច​ផ្តល់​ជា​ប្រយោជន៍​សម្រាប់​អ្នក​ដែល​ចង់ឱ្យ​សក់​មាន​សុខភាព​ល្អ​ដដែល។ នេះ​គឺជា​ទង្វើ​ដែល​អ្នក​គួរ និង​មិនគួរ​ធ្វើ ប្រសិនបើ​ចង់បាន​សក់​ស្អាត​ដូច​បំណង។

    រឿង​គួរ​ធ្វើ
    – ម៉ាស្សា​ស្បែកក្បាល​ជា​រៀងរាល់ថ្ងៃ
    – សម្អាត​សក់​ជាមួយ​ទឹក​ត្រជាក់
    – សម្អាត​ស្បែកក្បាល មិនមែន​តែ​ចុង​សក់​នោះទេ
    – កក់សក់ជាមួយសាប៊ូដែល​អាចបន្ថែមសំណើមដល់សរសៃសក់​រាល់ពេល​ដែល​អ្នក​ងូតទឹក​ក្នុង​អាង​ហែល​ទឹក​រួច
    – ប្រើ​កន្សែង​ទន់ ងាយ​ជក់ទឹក សម្រាប់​ជូត​ស​ម្ងួ​ត​សក់
    – យកជាតិ​ទឹក​ចេញពី​សក់​ដោយ​ការ​ផ្តិត មិនមែន​ញីខ្លាំងៗ ឬ​ទាញ​នោះទេ។

    រឿង​មិនគួរ​ធ្វើ
    – ថ្នាំ​អប់​សក់ ឬ​ផលិតផល​ធ្វើ​ម៉ូដ​សក់ គួរប្រើ​ចំពោះតែ​សរសៃសក់ មិនត្រូវ​ឱ្យ​ប៉ះ​ដល់​ស្បែកក្បាល​ឡើយ
    – មិនត្រូវ​លាង ឬ​សម្អាត​សក់​ដោយ​ទឹក​ក្តៅ​ញឹកញាប់​ពេកទេ
    – កុំ​ធ្វើ​ម៉ូដ​សក់​ណា​ដែល​ត្រូវ​ចង ឬ​ទាញ​សក់ខ្លាំងៗពេក
    – កុំ​និយម​ម៉ូដ​សក់​ដែល​ប្រើ​កម្តៅ​ញឹកញាប់​ពេក
    – កុំ​សិតសក់​នៅពេល​វា​កំពុង​សើម។

    រឿង​ទាំងអស់នេះ​គឺងាយៗ ខ្លីៗ ស្រួល​ចាំ ដូច្នេះ​បើ​លោកអ្នក​ពិតជា​ធ្វើ​មែន​នោះ ធានាថា​សក់​របស់​អ្នក​ពិតជា​មិន​រងគ្រោះ​ឡើយ៕

  • 3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

    3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

    មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ទាល់តែ​បាន​សិក្សា​រៀនសូត្រ​នៅ​មហាវិទ្យាល័យ ទើប​មានចំណេះដឹង​ទាំងអស់នេះ ប៉ុន្តែ​វា​មិនមែន​ដូច​ការគិត​របស់​ពួកគេ​នោះទេ។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅទីនេះ ខុសប្លែក​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នករៀន​នៅ​សាលា។

    ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​អ្នកមានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ភាព​ឆ្លាត​វៃ​ក្នុងការ​ប្រើប្រាស់​លុយ​ឱ្យបាន​ល្អ៖

    1) ទិញ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន

    ការវិនិយោគ​លុយ​របស់​អ្នក​ទៅលើ​ការទិញ​សៀវភៅ​ដែល​ទាក់ទង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន នឹង​ជួយ​ឱ្យ​អ្នក​កាន់តែ​រីកចម្រើន។ អ្នក​អាច​ចំណាយលុយ​បន្តិច​បន្តូច​ក្នុង​ការទិញ​សៀវភៅ​ផ្នែក​នេះ​មក​អាន ប៉ុន្តែ​អ្នកនឹង​ចំណេញ​ច្រើន​ក្រោយពេល​អាន​រួច។

    2) អាន​អត្ថបទផ្សេងៗទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ

    ក្រៅពី​ការអាន​សៀវភៅ អ្នក​អាច​អាន​នូវ​អត្ថបទផ្សេងៗដែល​គេ​បាន​ចុះផ្សាយ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដូចជា​កាសែត ទស្សនាវដ្ដី ជាដើម ដែល​អត្ថបទ​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​ចុះផ្សាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុថ្មីៗ ដែល​អ្នក​អាច​ស្វែងយល់​ពី​វា​បាន​បន្ថែមទៀត។

    3) ចូលរួម​សិក្ខា​សិលា​បណ្ដុះបណ្ដាល

    គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​ចូលរៀន​ក្នុង​វគ្គ​សិក្សា​ជាមួយ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក​នោះទេ ពីព្រោះ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក នឹង​អាច​ចែក​រំ​លេក​នូវ​ចំណង​ចំណូលចិត្ត រួមជាមួយ​បទពិសោធន៍ល្អ។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ ព្រោះថា​អ្នកធ្វើ​បទ​បង្ហាញ​ភាគច្រើន​ជា​មនុស្ស​មានបទពិសោធន៍ និង​មានចំណេះដឹង ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ស្គាល់​មនុស្សផ្សេង៕

  • ថ្ងៃនេះ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ដំណើរការជាបណ្តោះអាសន្នសម្រាប់ជើងហោះហើរ ឆាតទើរ

    ថ្ងៃនេះ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ដំណើរការជាបណ្តោះអាសន្នសម្រាប់ជើងហោះហើរ ឆាតទើរ

    នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co., Ltd. អញ្ជើញជាអធិបតីពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការអាកាសយានដ្ឋានតារាសាគរនៃខេត្តកោះកុង ជាបណ្តោះអាសន្ន សម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង។

    យោងតាមការបញ្ជាក់ពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង នឹងដាក់សម្រាប់ការស្វាគមន៍ការជើងហោះហើរជួល «ឆាតទើរ»  (ឆាតទើរ គឺជាជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) ក្នុងស្រុកជំហានដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ប្រមាណ១៥០នាក់។

    អាកាសយានដ្ឋានតារាសាគរ នឹងបើកជើងហោះ ឆាតទើរ ក្នុងស្រុក (Domestic Charter Flight) ពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាងមុខ។

    អាកាសយានដ្ឋាន ដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុងនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលទី១ លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ដោយក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិករ (ក្រុមហ៊ុនខូសថល អ៊ែរផត អ៊ិនវេសមិន (CAI))។
     
    បើតាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានតារាសាគររយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងថានឹងទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

  • កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

    កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

    ក្នុងពិធីបើក វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូ និកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថល» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ  ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម គួរយកចិត្តដាក់បន្ថែម ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលនិងវិនិយោគធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល សំដៅឆ្លើយតបនិងដើរឱ្យទាន់សភាពការណ៍នៃការវិវត្តិរបស់សាកលភាវូបនីយកម្មនៅក្នុងបរិបទឌីជីថល។

    ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

    ជាការឆ្លើយបត ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានលើកឡើងថា ការប្រារព្វធ្វើវេទិកានេះដោយយកប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល» សម្រាប់ការពិភាក្សាគឺត្រឹមត្រូវនិងមានអត្ថន័យបំផុត ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាម និងកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍមូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ នេះជាវេទិកាដ៏មានអត្ថន័យដែលជួយធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសនីមួយៗ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដោយរួមចំណែកជំរុញពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជានាពេលខាងមុខ។

    វាយតម្លៃលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលជារួម ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានឱ្យដឹងថា ទាំងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យនេះ ក៏ដូចជា សកម្មភាពគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌអំណោយផលដែលមានសារៈសំខាន់សម្រាប់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ៕

  • មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។

    មន្ទីរពិសោធន៍ DNA នេះមានតួនាទីយ៉ាងសំខាន់ ដែលជួយដល់ការងារជាច្រើន ដូចជា៖

    * ជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ

    * បញ្ជាក់នូវទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ

    * ជួយកំណត់នូវទំនាក់ទំនងសាច់ញាតិ ឬឪពុកម្តាយបង្កើត

    * ជួយពន្លឿនក្នុងការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ

    * កំណត់នូវភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌

    * ជួយសម្រួលក្នុងការកាត់បន្ថយនូវការចោទប្រកាន់ដែលគ្មានភស្តុតាងដាក់បន្ទុក

    * ជួយសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការជាដើម។

    ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យមានការគាំទ្របន្តទៀតពីសំណាក់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការធ្វើកោសល្យវិច្ច័យ បម្រើឲ្យការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ ចំពោះនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំនូវកិច្ចការ សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

    ទី១៖ បន្តចុះត្រួតពិនិត្យការអនុវត្តការងារជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀងរាល់៦ខែម្តង

    ទី២៖ បន្តបណ្តុះបណ្តាលជំនាញ DNA ដល់មន្ត្រីជំនាញនៃនាយកដ្ឋាន និងមន្ត្រីនៃស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ស្របតាមកម្មវិធីរបស់នាយកដ្ឋាន ឬតាមសំណើ សំណូមពរ របស់ស្នងការដ្ឋាន

    ទី៣៖ បន្តការសហការជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» រៀបចំកម្មវិធីបណ្តុះបណ្តាលមុខជំនាញ DNA និងអភិវឌ្ឍមន្ទីរពិសោធន៍ DNA របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាន់តែរីកចម្រើនឡើងថែមទៀត

    ទី៤៖ រៀបចំកសាងឃ្លាំងផ្ទុកទិន្នន័យ DNA (DNA Database) ឲ្យបានស្របតាមនិយាម និងត្រូវធានាឲ្យបាននូវសុវត្ថិភាពក្នុងការរក្សាទុកទិន្នន័យ DNA

    ទី៥៖ រួមគ្នាថែរក្សាមន្ទីរពិសោធន៍ DNA និងឧបករណ៍ សម្ភារជំនាញ ឲ្យបានគត់មត់ ទុកជាឧត្តមប្រយោជន៍ បម្រើការងារកោសល្យវិច្ច័យ

    ទី៦៖ ត្រូវចូលរួមសហការគ្រប់ករណីបទល្មើសព្រហ្មទណ្ឌ ដើម្បីប្រមូលភស្តុតាង កំណត់ អត្តសញ្ញាណជនសង្ស័យ បម្រើឲ្យការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបឲ្យដល់ឫសគល់៕