Author: វល័ក្ខ

  • បច្ចេកវិទ្យា Inverter របស់ LG មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការផលិត​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក

    បច្ចេកវិទ្យា Inverter របស់ LG មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការផលិត​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក

    ទូរ​ទឹកកក​ដ៏​ទំនើប​ដែលមាន​គ្រឿងបន្លាស់​ជាង 1400 ផ្នែក។ ផ្នែក​ដ៏​សំខាន់បំផុត​គឺ​ម៉ូ​ទ័​រ និង​កុំ​ប្រេ​ស​ស័​រ ដែលជា​ហេតុ​ធ្វើអោយ​ក្រុមហ៊ុន LG ផលិត​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដ៏​មាន​ប្រជាប្រិយភាព និង​ឈានមុខ​គេ ហើយ​ដែល​ផ្តល់នូវ​សមត្ថភាព​ពិសេស​ខុសគេ ប្រសិទ្ធភាព​ថាមពល​ខ្ពស់ និង​មាន​មុខងារ​ស្រួល​ប្រើ​ជាច្រើន ដើម្បី​បំពេញចិត្ត​របស់​អតិថិជន។ ប្រភេទ Inverter ម៉ូ​ទ័​រ និង​កុំ​ប្រេ​ស​ស័​រ គឺជា​ស្តង់ដារ ដែលមាន​នៅក្នុង​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ប្រភេទ​របស់​ក្រុមហ៊ុន​LG និង​ផ្តល់ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន មានគុណ​សម្បត្តិ និង​គុណភាព​ខ្ពស់​ល្អផ្តាច់គេ។

    អាវុធ​សម្ងាត់​របស់ LG Inverter គឺ​ការគ្រប់គ្រង​ល្បឿន

    គុណសម្បត្តិ​ដ៏​សម្ងាត់​នៃ Inverter ម៉ូ​ទ័​រ និង​កុំ​ប្រេ​ស​ស័​រ​របស់​LG ទៅលើ​ម៉ូ​ដែល​ធម្មតា គឺមាន​ការគ្រប់គ្រង​ល្បឿន​បាន​យ៉ាង​ច្បាស់លាស់ មិន​ថា​វា​ជា​ម៉ាស៊ីន​បោកគក់ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ឬ Microwave នោះទេ។ LG Inverter ធ្វើការ​កំណត់​ល្បឿន និង​ធ្វើការ​បង្វិល​ម៉ូ​ទ័​រ​កុំ​ប្រេ​ស​ស័​រ ដែល​អាស្រ័យ​លើ​ស្ថានភាព​ល្បឿន​យ៉ាង​ស្វ័យប្រវត្តិ ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ថាមពល​តិច និង​សម្លេង​ស្ងាត់​ល្អ។

    រក្សា​ចំណីអាហារ​អោយនៅ​ស្រស់​បាន​កាន់តែ​យូរ

    ទូរ​ទឹកកក​របស់​ក្រុមហ៊ុន LG រក្សា​អាហារ​អោយនៅ​ស្រស់​បាន​រយៈពេល​យូរ ដោយសារតែ​បច្ចេកវិទ្យា Inverter ធ្វើ​ការរក្សា​សីតុណ្ហភាព​អោយ​ប្រែប្រួល​បាន​យ៉ាង​ល្អប្រសើរ។ ទូរ​ទឹកកក LG កំណត់​សីតុណ្ហភាព​ខាងក្នុង​ទូរ​ទឹកកក​ក្នុង​គម្លាត ±0.5˚C អង្សារ​សេ ពាក់កណ្តាល​នៃ​សីតុណ្ហភាព​ចុះឡើង​នៃ ទូរ​ទឹកកក​ម៉ូ​ដែល​គ្មាន Inverter  ដែល​ឡើង​ចុះ​ក្នុង​សីតុណ្ហភាព (±1.0˚C). អង្សារ​សេ។

    បោកគក់​សំលៀកបំពាក់​ស៊ី​ភ្លើង​តិច

    បច្ចេកវិទ្យា Inverter ធ្វើអោយ​ការបោក​គក់​ម្តង​សុ​ី​ភ្លើង​ត្រឹមតែ 67 វ៉ា​ត់​តែប៉ុណ្ណោះ ។ វា​សុ​ី​ភ្លើង​តិចជាង​ប្រភេទ​ម៉ា​សុ​ី​ន​បោកគក់​ធម្មតា 36 % វា​សុ​ី​ភ្លើង​ស្មើនឹង​ម៉ា​សុ​ី​នស​ម្ងួ​ត​សក់​រយៈពេល ៤ នាទី។ នេះ​មិនមែន​មានន័យ​ការប្រើ​ថាមពល​តិច​ហើយ​បោក​មិន​ស្អាត​នោះទេ សំលៀកបំពាក់​បោកគក់​រួច​ចេញមកក្រៅ​នៅតែ​ស្រស់ស្អាត​ជានិច្ច។

    ស៊ី​ភ្លើង​កាន់តែ​តិច​ត្រជាក់​កាន់តែ​លឿន

    សម្រាប់​ម៉ាស៊ីនត្រជាក់​ក្នុងផ្ទះ LG Inverter ធានា​អានុភាព​ត្រជាក់​ដ៏​អស្ចារ្យ និង​ការ​សន្សំសំចៃ​អគ្គីសនី​បាន​យ៉ាង​ល្អ។ ម៉ាស៊ីនត្រជាក់​របស់​ក្រុមហ៊ុន LG ប្រើប្រាស់​អគ្គិសនី​តិចជាង​មុន 70 % និង​ផ្តល់​ភាព​ត្រជាក់​ជាង​មុន 40 % លឿន​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា ដែល​មិន​ប្រើ​បច្ចេកវិទ្យា Inverter

    ជា​ឧបករណ៍​ក្នុងផ្ទះ​បាយ​ដ៏​ចំណាន

    បច្ចេកវិទ្យា Inverter ផ្តល់​ថាមពល​ដល់ Microwave លើសពី​មុន ដោយ​ផ្តល់ កំដៅ​ដល់​អាហារ​ខ្លាំង និង​លឿន​ជាង​មុន។ តាមរយៈ​ការកំណត់​សីតុណ្ហភាព​នៃ Microwave ដែល​កាត់បន្ថយ​គម្លាត​សីតុណ្ហភាព​ត្រឹមតែ 3 អង្សា​សេ ហើយ​វា​ជា​ផ្នែក​គួរឱ្យកត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​ម៉ូ​ដែល​មិនមាន Inverter ដែល​ធានាបាន​នូវ​អាហារ​ឆ្អិន​ល្អ​ក្នុង​រយៈពេល​យ៉ាង​លឿន។

    Inverter កាន់តែ​ប្រសើរ​ឧបករណ៍ប្រើប្រាស់​កាន់តែ​ល្អ

    LG Inverter ជា​ក្បាលម៉ាស៊ីន​នៃ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ ដែល​រក្សា​ថាមពល​បាន​រហូតដល់​ទ្វេដង និង​ដំណើរការបាន​យ៉ាង​ល្អប្រសើរ និង​បានធ្វើឱ្យ​ឧបករណ៍ប្រើប្រាស់​របស់​ក្រុមហ៊ុន LG ក្លាយជា​ស្តង់ដា​ឧស្សាហកម្ម​សកលលោក។ សម្រាប់​ក្រុមហ៊ុន LG Inverters កាន់តែ​ប្រសើរ​មានន័យ​ស្មើនឹង ឧបករណ៍ប្រើប្រាស់​កាន់​តែ​ល្អប្រសើរ។

  • រដ្ឋមន្ត្រី​អប់រំ​ថា សិស្ស​មាន​ពេល​ត្រៀម 5ឆ្នាំ ដូច្នេះ​គ្មាន​ហេតុផល​ត្រូវ​បន្ធូរ ឬ​ប្រឡង​លើក​ទី2ទេ

    រដ្ឋមន្ត្រី​អប់រំ​ថា សិស្ស​មាន​ពេល​ត្រៀម 5ឆ្នាំ ដូច្នេះ​គ្មាន​ហេតុផល​ត្រូវ​បន្ធូរ ឬ​ប្រឡង​លើក​ទី2ទេ

    ការប្រឡង​បាក់ឌុប ជាការ​ប្រឡង​ដ៏​សំខាន់​មួយ​ដែល​កំពុង​សិ្ថ​ត​ក្នុង​ចំណាប់អារម្មណ៍​របស់​សាធារណជន ជាពិសេស​គឺ​បេក្ខជន​ដែល​ត្រូវ​ប្រឡង​ផ្ទាល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

    ជា​រៀងរាល់ឆ្នាំ សិស្ស​មួយចំនួនធំ​តែងតែ​អ៊ុត​មើលថា តើ​ឆ្នាំនេះ​ក្រសួង​នឹងមាន​ការបន្ធូរបន្ថយ ចេញ​វិញ្ញាសា​ធូរ​ជាង​ឆ្នាំមុន ឬក៏​បង្កើន​ការ​រឹតបន្តឹង​បន្ថែម ខណៈ​សិស្ស​មួយចំនួនទៀត​មិន​ខ្វល់​ពី​រឿងនេះ​ប៉ុន្មាន​ឡើយ ព្រោះ​ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ក៏​មិនអាច​បើក​មើល​សំណៅ​ឯកសារ​បានដែរ។

    ឆ្លើយតប​នឹង​បញ្ហា​នេះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​នៅតែ​បន្ត​រក្សា​វិន័យ​យ៉ាង​តឹងរ៉ឹង​ដដែល ហើយ​វិញ្ញាសា​ទៀតសោត គឺ​សិ្ថ​ត​ក្នុង​ស្តង់ដារ​មួយ​ដែល​អាច​ប្រៀបធៀប​គ្នា​បាន គ្មាន​ការបន្ធូរបន្ថយ ឬ​ចេញ​វិញ្ញាសា​ដែល​ខុសគ្នា​ដាច់​ឆ្ងាយ​ពី​បណ្តាឆ្នាំមុនៗនោះទេ បើទោះបីជា​មានការ​រឹតបន្តឹង​ច្បាប់​ក្នុងពេល​ប្រឡង​យ៉ាង​ហ្មត់ចត់​ក៏ដោយ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «បើ​រាប់​ពី​ពេលដែល​យើង​រឹតបន្តឹង​ការប្រឡង​មក យើង​ឃើញថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី5ហើយ ដែល​សិស្ស​អាច​ត្រៀមខ្លួន​បាន។ នៅ​ឆ្នាំនេះ​សិស្ស​អាចមាន​ពេលវេលា​ច្រើន​ក្នុង​ការត្រៀម និង​ខិតខំ​ប្រឹងប្រែង ហេតុនេះ​គ្មាន​ការប្រឡង​លើក​ទី2 ទេ»។

    រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ផងដែរ​ថា ការរៀបចំ​ប្រឡងម្តងៗគឺ​ត្រូវ​ចំណាយ​ថវិកា​រហូតដល់​ទៅ​ប្រមាណ 5លាន​ដុល្លារ​ឯណោះ ព្រោះ​ត្រូវ​ចំណាយ​លើ​ការ​ដំណើរការ​មណ្ឌល​ប្រឡង​ផង ទិញ​សម្ភារ​ដូចជា​ក្រដាស ប៊ិក​ហ្វឺត និង​សម្ភារផ្សេងៗផង ឧបត្ថម្ភ​ដល់​មន្ត្រី​អប់រំ ទាំង​អនុរក្ស និង​ពេលធ្វើ​កំណែ​ផង និង​សន្តិសុខ​ខ្លះទៀត ដោយ​នេះ​មិនទាន់​រាប់​ពី​ការចំណាយ​លើ​កម្លាំង​សន្តិសុខ​ដែល​អាជ្ញាធរ​ដែនដី​ដែល​គាត់​ដាក់​កម្លាំង​ជួយ​ការពារ​ផង។

    លុយ 5លាន​ដុល្លារ​នេះ បើ​យកទៅ​ទិញ​សម្ភារ កុំព្យូទ័រ​ដាក់​សាលា ឬ​បរិក្ខារ​អប់រំ​ដទៃទៀត​បាន​ច្រើនណាស់ ហេតុនេះ​យើង​មិនអាច​មានការ​រៀបចំ​ប្រឡង​ជា​លើក​ទី2 នោះទេ ម្យ៉ាង​ក្រសួង​អប់រំ ក៏បាន​គិតគូរ និង​ជួយ​សិស្ស​ច្រើន​ដែរ​តាមរយៈ​ការជួយ​សង្ខេប​មេរៀន បង្កើន​ក្លិប​សិក្សា រួមទាំង​បង្កើត​ប្រព័ន្ធ​សិក្សា​តាម​បច្ចេកវិទ្យា​ដែល​សិស្ស​អាចធ្វើ​តេស្ត​សមត្ថភាព​ខ្លួនឯង​ជាដើម៕

  • ក្រុមខ្លាំងៗ ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នៃ World Cup

    ក្រុមខ្លាំងៗ ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នៃ World Cup

    ព្រឹត្តិការណ៍ World Cup បាន​ផ្អាក​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ខណៈដែល​ក្រុម​ដែល​នៅតែមាន​វត្តមាន​ចំនួន 8ក្រុម ត្រៀម​សម្រាប់​ការប្រកួត​វគ្គ1/4ផ្តាច់ព្រ័ត្រ ក្រោយពី​អង់គ្លេស បាន​ក្លាយជា​ក្រុម​ចុងក្រោយ​គេ ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅ​វគ្គ​បន្ត ក្រោយពី​ការយក​ឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី។

    ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល របស់​តារា​ឆ្នើម Neymar គឺជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើនជាងគេ​ក្នុង​ការលើក​ពាន World Cup ជា​លើក​ទី6 របស់​ពួកគេ​នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ នា​ថ្ងៃទី15 ខែកក្កដា ប៉ុន្តែ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បែលហ្ស៊ិក និង​អ៊ុយ​រូ​ហ្គា​យ នឹង​ក្លាយជា​ឧបសគ្គ​របស់​ពួកគេ ក្នុងការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

    ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់លោក Gareth Southgate គឺជា​អតីត​ម្ចាស់​ជើងឯក​តែមួយ​ដែល​ស្ថិតក្នុង​បណ្តុំ​នៃ​ការចាប់​ឆ្នោត​មួយទៀត រួមជាមួយ​នឹង​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី ក្រូ​អាស៊ី និង​ស៊ុយអែត។ ការ​ដណ្តើមបាន​ជ័យជម្នះ​របស់​អង់គ្លេស លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​អង្គារ បានធ្វើឱ្យ​ក្រុម​របស់លោក Southgate ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ដែល​បាន​ទម្លាក់​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​លទ្ធផល 1-០ ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ។

    លោក Southgate បាន​បញ្ជាក់ថា លោក​បាន​ផ្តោតអារម្មណ៍​រួចជាស្រេច​ចំពោះ​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​ទីក្រុង Samara ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពោលគឺ​ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ឬ​រុស្ស៊ី។

    លោក Southgate ដែល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​មិន​ចូល​ទី​ផ្ទាល់​របស់លោក បានធ្វើឱ្យ​អង់គ្លេស ចាញ់​ក្រុម​អាល្លឺម៉ង់ ក្នុង​វគ្គ1/2ផ្តាច់ព្រ័ត្រ ក្នុង Euro ឆ្នាំ1996 នា​កីឡដ្ឋាន Wembley នោះ បានឱ្យដឹងថា៖ «នេះ​ពិតជា​ពិសេស​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់ឱ្យ​យើង​បន្តដំណើរ​ទៅមុខ»៕

    ប្រភពពី៖ Channel News Asia

  • ការប្រមូល​ពន្ធ​នៅក្នុង​ខែឧសភា មាន​ចំនួន​ច្រើន​គួរឱ្យកត់សម្គាល់

    ការប្រមូល​ពន្ធ​នៅក្នុង​ខែឧសភា មាន​ចំនួន​ច្រើន​គួរឱ្យកត់សម្គាល់

    ការប្រមូល​ពន្ធ​ក្នុង​ខែឧសភា ឆ្នាំ2018 កន្លងទៅនេះ​បាន​កើនឡើង​ចំនួន 65.92ប៊ី​លាន​រៀល (ស្មើនឹង 16.48លាន​ដុល្លារ​អាមេរិក) កើនឡើង​ប្រមាណ​ជា13.99% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017កន្លងទៅ។

    ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ពន្ធ​ក្នុង​ខែឧសភា ឆ្នាំ2018 ថា​ក្នុង​រយៈពេល5ខែ ដើមឆ្នាំ2018 នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ-អាករ​បាន​ចំនួន 4,171.82 ប៊ី​លាន​រៀល (ប្រមាណ​ជា 1,042.96លាន​ដុល្លារ​អាមេរិក) ឬ​ស្មើនឹង 59.23%។ ប្រសិនបើ​ប្រៀបធៀប​រយៈពេល5ខែ ដើមឆ្នាំ2017 ឃើញថា​ការប្រមូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​មានការ​កើនឡើង 452.05ប៊ី​លាន​រៀល (ប្រមាណ​ជា 113 លាន​ដុល្លារ​អាមេរិក)ស្មើនឹង 12.15%។

    ទន្ទឹមនឹង​ការកើនឡើង​នៃ​ការប្រមូល​ពន្ធ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​រំពឹងថា ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ2018 អាច​ប្រមូលបាន​គ្រប់​ផែន​ការដែល​កំណត់ដោយ​ច្បាប់។ ជាមួយគ្នានេះ​ឯកឧត្តម​បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួកគាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការ​រអ៊ូរទាំ របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ៕

  • ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ជិត 12ម៉ឺន​នាក់ ខណៈ​ការអនុវត្ត​គោលការណ៍​នៅតែ​តឹងតែង

    ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ជិត 12ម៉ឺន​នាក់ ខណៈ​ការអនុវត្ត​គោលការណ៍​នៅតែ​តឹងតែង

    ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ជិត 12ម៉ឺន​នាក់ ខណៈ​ការអនុវត្ត​គោលការណ៍​នៅតែ​តឹងតែង

    ក្រោយ​កំណែរ​ទម្រង់​ប្រព័ន្ធ​អប់រំ បេក្ខជន​ប្រឡង​មធ្យមសិក្សា​បាន​បង្កើត​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ក្នុងការ​សិក្សា​បន្ថែម ដើម្បី​ឆ្លងកាត់​ដំណាក់កាល​យ៉ាងសំខាន់​សម្រាប់​ជីវិត​នេះ។

    ជាទូទៅ គេ​សង្កេតឃើញថា​នៅ​ឆ្នាំ​ដំបូង​សិស្ស​ធ្លាក់​មាន​ចំនួន​ច្រើន ដោយសារតែ​ក្រសួង​មានការ​រឹតបន្តឹង​ដើម្បី​ធ្វើយ៉ាងណា​ពង្រឹងគុណភាព​អប់រំ​ឱ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​ប្រឡង​ដោយ​ប្រើ​សមត្ថភាព​ពិតប្រាកដ។ ស្ថិតក្នុង​កាលៈទេសៈ​នោះ សិស្ស​ជំនាន់ក្រោយៗមានការ​ព្រួយបារម្ភ​ជាខ្លាំង តែ​ក្រសួង​នៅ​រក្សា​លំនឹង​នៃ​ភាព​ហ្មត់ចត់ និង​រឹតបន្តឹង​ដដែល រហូត​ទទួលបាន​លទ្ធផល​វិជ្ជមាន​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​ដែល​ស្តែងចេញ​តាមរយៈ​ចំនួន​សិស្ស​ជាប់​និទ្ទេសល្អៗ និង​ចំនួន​សិស្ស​ជាប់​បាក់​ឌុប​មានការ​កើនឡើង។

    នៅ​ឆ្នាំ​សិក្សា 2017-2018 នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តី​ប្រកាសថា សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​នឹងធ្វើ​ទៅ​នៅ​ថ្ងៃទី 20 ខែសីហា ឆ្នាំ2018 ខាងមុខ​នោះ​ដែល​ក្នុងនោះ​មាន​បេក្ខជន​សរុប​ប្រមាណ 117,061នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន 195មណ្ឌល ដែល​ចែកចេញជា 4,716បន្ទប់​នៅ​ទូទាំង 25រាជធានី​ខេត្ត​នៅ​កម្ពុជា។

    ចំពោះ​ថ្ងៃ​ប្រកាស​លទ្ធផល ក្រសួង​នឹង​ចេញ​តាម​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នៅ​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2018 និង​ចេញ​លទ្ធផល​សម្រាប់​គ្រប់​មណ្ឌល​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2018។ នៅ​ឆ្នាំ 2018 នេះ​ក្រសួង​នៅតែ​ត្រៀមលក្ខណៈ​ល្អប្រសើរ​ដើម្បី​ទប់ស្កាត់​ភាព​អសកម្ម និង​ចន្លោះប្រហោង​នានា ដើម្បី​ធានា​រឹតបន្តឹង​គោលការណ៍​វិន័យ​ឱ្យបាន​ល្អ តាមរយៈ​ការឃាត់​មិនឱ្យ​លាក់ទុក​នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត។ ក្នុងករណី​ដែល​រក​ឃើ្ ត្រូវ​ចាត់​ទុកដាក់​បេក្ខជន​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ ដែល​ត្រូវ​កំណត់ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ៕

  • គ្រូបង្វឹក​ម៉ិ​ក​ស៊ិ​ក ថា អាជ្ញាកណ្តាល​ចាញ់បោក Neymar ក្រោយ​ប្រេ​ស៊ី​ល ទៅ​ជួប​បែលហ្ស៊ិក

    គ្រូបង្វឹក​ម៉ិ​ក​ស៊ិ​ក ថា អាជ្ញាកណ្តាល​ចាញ់បោក Neymar ក្រោយ​ប្រេ​ស៊ី​ល ទៅ​ជួប​បែលហ្ស៊ិក

    លោក Juan Carlos Osorio គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក បាន​លើកឡើងថា លោក​អាជ្ញាកណ្តាល​សញ្ជាតិ​អ៊ីតាលី GianlucaRocchi បាន​ចាញ់បោក​ការសម្តែង​ដ៏​ហួសហេតុ របស់​ខ្សែប្រយុទ្ធ Neymar ក្រោយពី​ក្រុម​របស់លោក​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup កាលពី​ថ្ងៃ​ចន្ទ។

    Neymar បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី ទី51 នៅ​កីឡដ្ឋាន Samara Arena និង​ជួយ​ឱ្យ Roberto Firmino រកបាន​គ្រាប់​បាល់​ទី2 នៅ​ជិត​បញ្ចប់​ការប្រកួត។ ប៉ុន្តែ​ភាព​តានតឹងផ្សេងៗបានកើត​ឡើង ក្រោយពី​ការប៉ះទង្គិច​មួយ​ជាមួយនឹង​ខ្សែបម្រើ Miguel Layun ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក បាន​ព្យាយាម​វាយបក​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ។ គ្រូបង្វឹក​របស់​ក្រុម​ប្រេ​ស៊ី​ល លោក Tite បាន​បញ្ជាក់ថា Layun បាន​ជាន់​កជើង​របស់ Neymar។

    ប៉ុន្តែ លោក Osorio វ័យ 55ឆ្នាំ បាន​បដិសេធ​ក្នុង​ការនិយាយ​ឈ្មោះ Neymar ចំៗ ក្រោយពី​ការបរាជ័យ​នេះ ប៉ុន្តែ​បាន​បញ្ជាក់ថា ការសម្តែង​ក្នុងការ​ប្រកួត ត្រូវបាន​កាត់សេចក្តី​ដោយ​មិន​សមរម្យ​ដោយ​លោក Rocchi។ គ្រូបង្វឹក​រូបនេះ​បាន​រិះគន់ថា៖ ខ្ញុំ​គិតថា វា​ជា​រឿង​ដ៏​អាម៉ាស់​មួយ​ក្នុង​កីឡាបាល់ទាត់។ យើង​បាន​ខ្ជះខ្ជាយ​ពេលវេលា​ជាច្រើន​ដោយសារតែ​កីឡាករ​តែ​ម្នាក់។ យើង​បាន​បាត់បង់​ទម្រង់​លេង​របស់​យើង​នៅ​តង់​ទី2 ដោយសារតែ​អាជ្ញាកណ្តាល។

    ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់ Neymar ត្រូវបាន​មើលរំលង​ដោយសារតែ​ការប្រើប្រាស់​កលល្បិច​រប​ស់​គេ​ក្នុង​ការបញ្ចេញ​ប្រតិកម្ម​ជ្រុល​ចំពោះ​ការ​ប្រជែង​ដណ្តើម​បាល់​មិនសូវ​ជា​ធ្ងន់ធ្ងរ។

    ទំព័រ​ថ្មី​ចុងក្រោយ​បំផុត​នៃ​ការបញ្ចេញ​ឥរិយាបថ​ដ៏​គួរឱ្យ​អស់សំណើច​របស់​គេ បាន​កើតឡើង​ក្នុង​តង់​ទី2 នៅពេលដែល​ខ្សែបម្រើ​អន្តរជាតិ​ម៉ិ​ក​ស៊ិ​ក Layun ហាក់ដូចជា​បានជា​ន់​ទៅលើ​ជង្គង់​របស់គេ ក្នុងពេល​រូបគេ​កំពុង​ដួល​លើ​ទីលាន។ Neymar បាន​សម្តែង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង និង​លោត​ចុះឡើង ដែល​ហាក់ដូចជា​រូបគេ​កំពុងតែ​ឆក់​ខ្សែភ្លើង​អ៊ីចឹង៕

    ប្រភពពី៖ Channel News Asia

  • លោក Martinez កោតសរសើរ​ស្មារតី​ប្រយុទ្ធ​របស់​បែលហ្ស៊ិក ក្រោយពី​ផ្តួល​ជប៉ុន

    លោក Martinez កោតសរសើរ​ស្មារតី​ប្រយុទ្ធ​របស់​បែលហ្ស៊ិក ក្រោយពី​ផ្តួល​ជប៉ុន

    លោក Roberto Martinez គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក បាន​បញ្ជាក់ថា លោក​ពិត​ជាមាន​មោទនភាព​ណាស់ ក្រោយពី​ក្រុម​របស់លោក​បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ក្រោយ​ក្នុង​លទ្ធផល 2-០ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​ជប៉ុន ក្នុងការ​កក់​កៅអី​មួយ​ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ​នា​យុទ្ធនាការ World cup។

    ខ្សែបម្រើ​ NacerChadli ដែល​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត ខណៈដែល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក បាន​បំពេញ​ការដេញ​តាម​ពីក្រោយ 2-០ ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​ជប៉ុន ក្នុង​លទ្ធផល 3-2 កាលពី​ថ្ងៃ​ចន្ទ និង​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ជាមួយនឹង​ប្រេ​ស៊ី​ល។

    ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Chadli នៅ​នាទី​ទី4នៃ​នាទី​បន្ថែម គឺជា​សកម្មភាព​ចុងក្រោយ​នៃ​ការប្រកួត​ដ៏​រំភើប​ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ ដែល​ធ្វើឱ្យ​បែលហ្ស៊ិក បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុង​រយៈពេល 48ឆ្នាំ​ក្នុងការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ 2-០ យ៉ាង​ជោគជ័យ​ក្នុងការ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់​នៃ​យុទ្ធនាការ WorldCup។

    ក្រុម​បិសាច​ក្រហម​មួយ​នេះ នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក 5សម័យកាល ប្រេ​ស៊ី​ល ក្នុង​ទីក្រុង Kazan នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​រកបាន 3គ្រាប់​ក្នុង​តង់​ទី២ ដោយ​គ្មាន​ការ​វាយបក​វិញ ដើម្បី​បំបែក​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ជប៉ុន។ លោក Roberto Martinez គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​កោតសរសើរ​ទៅនឹង​ដំណោះស្រាយ​នៃ​ក្រុម​របស់លោក។

    លោក Martinez បានឱ្យដឹងថា៖ «មិនមាន​ភាព​វិជ្ជមាន​ឡើយ​នៅថ្ងៃនេះ។ វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត។ វា​ជា​ថ្ងៃមួយ​ក្នុងការ​មាន​មោទនភាព​លើ​កីឡាករ​ទាំងនេះ»៕

    ប្រភពពី៖ Channel News Asia

  • ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា រៀបចំ​កម្មវិធី​អបអរ​ការលក់​គម្រោង​អ័​រ​គី​ដេ​វីឡា​ដឹ​រ៉ូយ៉ាល់​ផ្លូវ2004 អស់100%

    ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា រៀបចំ​កម្មវិធី​អបអរ​ការលក់​គម្រោង​អ័​រ​គី​ដេ​វីឡា​ដឹ​រ៉ូយ៉ាល់​ផ្លូវ2004 អស់100%

    អ័​រ​គី​ដេ​វីឡា ដឹ​រ៉ូយ៉ាល់​ផ្លូវ2004 បានរៀបចំ​កម្មវិធី​អបអរ​សារ​ទរ​ការលក់​អស់ 100ភាគរយ ក៏ដូចជា​ការថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​គាំទ្រ និង​បាន​ទិញ​ផ្ទះ​នៃ​គម្រោង​អ័​រ​គី​ដេ​វីឡា ដឹ​រ៉ូយ៉ាល់ នា​ល្ងាច​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2018 នៅ​ទីតាំង​ការិយាល័យ​លក់​ផ្លូវ2004 សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា បានផ្តល់​ជូន​អតិថិជន​នូវ​គេហដ្ឋាន​ដ៏​ល្អ​ប្រណិត និង​ស្របទៅតាម​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា។ ជាក់ស្តែង​គម្រោង​អ័​រ​គី​ដេ​វីឡា ដឹ​រ៉ូយ៉ាល់​គឺជា​គម្រោង​ទី2 ដែល​បានចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ2015កន្លងមក បន្ទាប់ពី​ភាពជោគជ័យ​ពី​គម្រោង​ដំបូង​ទី1 មាន​ឈ្មោះថា អ័​រ​គី​ដេ​វីឡា ដឹ​ហ្គ្រេ​ន ដែល​ត្រូវបាន​លក់​អស់​ក្នុង​រយៈពេល​ត្រឹមតែ 3ខែ​តែប៉ុណ្ណោះ។

    គម្រោង​ទាំងមូល​របស់​អ័​រ​គី​ដេ​វីឡា ដឹ​រ៉ូយ៉ាល់ បច្ចុប្បន្ន​បាន​លក់​អស់ 100ភាគរយ ដែល​ក្នុងនោះ​ផ្ទះ​ប្រកប​អាជីវកម្ម​ហ្ស​ប ហោ​សត្រូវ​បាន​សាងសង់​រួចរាល់ ព្រមទាំង​មាន​អតិថិជន​ជាច្រើន​បាន​ចូល​ស្នាក់នៅ ក៏ដូចជា​ប្រកប​អាជីវកម្ម​ផងដែរ។ ក្នុងនោះដែរ គម្រោង​ខុន​ដូរ​អ័​រ​គី​ដេ​ដឹ​រ៉ូយ៉ាល់​ខុន​ដូ​មី​នី​ម ដែលមាន​ទីតាំងនៅ​ជាមួយគ្នា​ផងដែរ​នោះ ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អតិថិ​ជនជាតិ និង​អន្តរជាតិ ដោយ​គម្រោង​ទាំងមូល​លក់​អស់​ជាង 60ភាគរយ។

    គួរ​បញ្ចាក់​ផងដែរ​ថា ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា ក៏មាន​គម្រោង​ដ៏​ធំ​មួយទៀត​មាន​ឈ្មោះថា អ័​រ​គី​ដេ​វីឡា ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី ដែលមាន​ទីតាំងនៅ​ខណ្ឌ​ជ្រោយចង្វារ គ្របដណ្តប់​លើ​ផ្ទៃដី​ជិត 200ហិច​តា ហើយ​ត្រូវបាន​លក់​អស់​ជាង 50ភាគរយ​នៃ៣ផ្នែក​ដំបូង​នៃ​គម្រោង​ទាំងមូល៕

  • Verstappen ឈ្នះ​ការប្រណាំង​នៅ​អូទ្រីស ខណៈ Vettel ដណ្តើម​ការនាំ​មុខ​លើ​តារាង​ពិន្ទុ​រួម

    Verstappen ឈ្នះ​ការប្រណាំង​នៅ​អូទ្រីស ខណៈ Vettel ដណ្តើម​ការនាំ​មុខ​លើ​តារាង​ពិន្ទុ​រួម

    កីឡាករ Max Verstappen បាន​ដណ្តើមយក​ប្រៀប​លើ​ការបោះបង់​ការប្រណាំង​ដ៏​កម្រ​របស់​ក្រុម Mercedes កាលពី​ថ្ងៃអាទិត្យ តាមរយៈ​ការ​ឈ្នះ​ការប្រកួត​ជា​លើក​ទី1 របស់គេ​នៅ​ឆ្នាំនេះ ក៏ដូចជា​ជួយ​ឱ្យ​ក្រុម Red Bull ដណ្តើមបាន​ជ័យជម្នះ​នៅលើ​ទឹកដី​ខ្លួនឯង​ជា​លើក​ទី1 ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ដែល​ពោរពេញ​ដោយ​គ្រោះថ្នាក់ “Austrian Grand Prix”។

    កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ បាន​កត់ត្រា​ជ័យជម្នះ ក្រោយពី​ទាំង​កីឡាករ Lewis Hamilton និង​ValtteriBottas បាន​បោះបង់ចោល​ការប្រកួត​ដោយសារ​តែមាន​បញ្ហា​ផ្នែក​ថាមពល និង​ប្រអប់លេខរៀងៗខ្លួន ខណៈដែល​ការ​ប្រជែង​របស់​ក្រុម​ពួកគេ​សម្រាប់​ការ​ឈ្នះ​ការប្រណាំង​នៅលើ​ទឹកដី​អូទ្រីស​ជា​លើក​ទី4 ជាប់ៗគ្នា បានបញ្ចប់​ទាំង​ខកចិត្ត នៅលើ​ទីលាន​ផ្លូវ Red Bull Ring ដែលជា​កន្លែង​មាន​សីតុណ្ហភាព​ដល់​ទៅ 48អង្សា​សេ។

    during the Formula One Grand Prix of Austria at Red Bull Ring on July 1, 2018 in Spielberg, Austria.

    Verstappen ដែល​ត្រូវបាន​គាំទ្រ​ដោយ​អ្នកគាំទ្រ​ច្រើនជាង 20,000នាក់​នោះ បានឱ្យដឹងថា៖ «វា​ពិតជា​រឿង​ដ៏​អស្ចារ្យ​ណាស់​ក្នុងការ​ឈ្នះ​ក្នុងនាម​រថយន្ត Red Bull នៅលើ​ទីលាន Red Bull Ring»។ កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ពិតជា​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង​លើ​បញ្ហា​កង់ ដោយសារ​តែមាន​កម្តៅ​យ៉ាងខ្លាំង ប៉ុន្តែ​យើង​បន្តធ្វើ​បាន​យ៉ាង​ល្អ។ វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុងការ​ឈ្នះ​នៅទីនេះ ជាមួយនឹង​អ្នកគាំទ្រ​ហូ​ឡង់​ជាច្រើន»។

    ការបោះបង់ចោល​ការប្រកួត​របស់​កីឡាករ​ទាំង2នាក់​ក្នុង​ក្រុម​តែ1 បានកើត​ឡើងជា​លើក​ទី1 សម្រាប់​ក្រុម McLaren ចាប់តាំងពី​ការប្រណាំង Spanish Grand Prix ឆ្នាំ2016 ដោយ​កាលនោះ Verstappen បានឈ្នះ​ការប្រណាំង​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ឱ្យ​ក្រុម Red Bull ជា​លើក​ទី1 របស់គេ ក្រោយពី Hamilton បាន​ប៉ះទង្គិច​ជាមួយនឹង​មិត្ត​រួម​ក្រុម​ខ្លួន Nico Rosberg នៅត្រឹម​ជុំ​ទី1។

    Sebastian Vettel របស់​ក្រុម Ferrari បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដើម្បី​នាំមុខ​លើ​តារាង​ប្រជែង​ពាន ដោយមាន 146ពិន្ទុ ខណៈដែល Hamilton មាន145៕

    ប្រភពពី៖ Channel News Asia

  • T-Shop សាខា Aeon Mall សែន​សុខ​បើកសម្ពោធ​ជាមួយ​ការផ្តល់ជូន​ប្រូ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់

    T-Shop សាខា Aeon Mall សែន​សុខ​បើកសម្ពោធ​ជាមួយ​ការផ្តល់ជូន​ប្រូ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់

    T-Shop ជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ​នូវ​សម្ភារៈ Accessary ទូរ​សព្ទ័ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​យ៉ាង​សម្បូរបែប​នៅ​កម្ពុជា ដែល​ត្រូវបាន​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​ជាពិសេស​យុវវ័យ ឥលូវ​នេះ​បាន​ពង្រីក​បណ្តាញ​សាខា​របស់ខ្លួន​បន្ថែម គឺ​សាខា​ទី13នៅ​ផ្សារ​ទំនើប ដោយ​ការ​ប្រារព្ធ​ធ្វើ​ពិធី​សម្ភោ​ធ​បើក​លក់​ជា​ផ្លូវការ កាលពី​ថ្ងៃទី 29ខែមិថុនា ឆ្នាំ2018។

    នៅក្នុង​កម្មវិធី​សម្ភោ​ធ​នេះ T-Shop បាន​បង្កើត​នូវ​កម្មវិធី​ល្បែងសប្បាយៗ ការផ្តល់ជូន​នូវ​រង្វាន់ Lucky Draw រហូតដល់ 200រង្វាន់ ព្រមទាំង​ការលក់​បញ្ចុះតម្លៃ​ពិសេស​រហូត​ទៅដល់ 50% លើ​ផលិតផល​គ្រឿង Accessary ទូរ​សព្ទ័ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយចំនួន​ទៅដល់​អតិថិជន​ផងដែរ។

    កញ្ញា អ៊ុយ អ៊ែ​ល​ណា អគ្គនាយិកា​រង​នៃ​ក្រុមហ៊ុន T-Shop បាន​ឲ្យ​ដឹងថា កញ្ញា​មាន​ភាពសប្បាយ​រីករាយ​ជាខ្លាំង​ចំពោះ​ការគាំទ្រ​ពី​សំណាក់​អតិថិជន ដែល​បានធ្វើ​ឲ្យ T-shop មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល 2ឆ្នាំ​កន្លងមកនេះ។ កញ្ញា អ៊ែ​ល​ណា បាន​សង្កេតឃើញថា​បច្ចុប្បន្ន​សន្ទុះ​នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន ពី​សំណាក់​ប្រជាជន​ខ្មែរ​មានការ​កើនឡើង ដូច​ច្នេះ​ហើយ​កញ្ញា​ចង់​ផ្តល់​ភាពងាយស្រួល ក៏ដូចជា​បទពិសោធល្អៗក្នុងការ​ប្រាស់​ប្រាស់​សម្ភារៈ​ដែល​ទាក់ទិន​នឹង​បច្ចេកវិទ្យា ជាពិសេស​ការផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​គុណភាព និង​តម្លៃ​សមរម្យ​ទៅដល់​ប្រជាជន​ខ្មែរ។

    គួរ​បញ្ចាក់​ដែរ​ថា សព្វថ្ងៃនេះ​ក្រុមហ៊ុន​T-Shop បាន​ពង្រីក​សាខារ​របស់ខ្លួន​ចំនួន 15សាខា​នៅក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត​មួយចំនួន។ ក្នុងនោះ T-shop នឹង​គ្រោង​បើក​ជា​ផ្លូវការ​នូវ​សាខា​ទី14 និង​ទី 15របស់ខ្លួន​នៅ T-Shop Eden Garden និង T-Shop Heritage Walk នៅ​ខេត្តសៀមរាប​នាពេលខាងមុខឆាប់ៗនេះ​ផងដែរ៕