រីករាយជាមួយការបង់វិក្កយបត្រអគ្គិសនីកម្ពុជា ដោយឥតគិតថ្លៃសេវានៅការិយាល័យ អេ អឹម ខេ ចាប់ពីថ្ងៃនេះទៅ!
ព័ត៌មានលម្អិត 023220202/1800200200

រីករាយជាមួយការបង់វិក្កយបត្រអគ្គិសនីកម្ពុជា ដោយឥតគិតថ្លៃសេវានៅការិយាល័យ អេ អឹម ខេ ចាប់ពីថ្ងៃនេះទៅ!
ព័ត៌មានលម្អិត 023220202/1800200200

ភ្នំពេញ៖ នៅថ្ងៃទី 11 ខែកក្កដានេះ ក្រុមការងារ TEAM (The Entrepreneur Association & Member) បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» ក្នុងគោលដៅចែករំលែក និងផ្លាស់ប្ដូរបទពិសោធលើការទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងគ្នា និងគ្នា ជាពិសេសជាមួយសមាជិកទាំងអស់ដែលបានចូលរួមនៅភោជនីយដ្ឋាន Samtoo ចាប់ពីម៉ោង 8:30 នាទីព្រឹក ដល់ម៉ោង 11 ព្រឹក។
គោលដៅសំខាន់នៃកម្មវិធី «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» នេះ គឺធ្វើឡើងដើម្បីប្រមូលផ្ដុំម្ចាស់ក្រុមហ៊ុន ម្ចាស់ជំនួញ និងអ្នកដែលមានបំណងចង់បង្កើតអាជីវកម្មថ្មីផ្ទាល់ខ្លួនឱ្យមកជួបជុំគ្នាដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរបទពិសោធដែលទាក់ទងនឹងសិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម។
នៅក្នុងកម្មវិធី «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» នេះផងដែរ នៅមានវាគ្មិនសំខាន់ៗជាច្រើនរូបទៀត ដូចជាលោក Frank Ebert ប្រធានទីផ្សារក្រុមហ៊ុន Biota Manufacturing , លោក ប៉ុល គិរីសម្បត្តិ ស្ថាបនិក TEAM, លោក សុក មុនី ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន Global Biomatrix និងលោក ហ្គោ សមន្ថា ស្ថាបនិកក្រុមហ៊ុនទឹកសុទ្ធ Super Gold។
វាគ្មិនទាំងអស់ខាងលើនេះ បានធ្វើបទបង្ហាញស្ដីអំពីបទពិសោធផ្ទាល់នៃសិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ដោយបទពិសោធទាំងនោះអាចនិយាយបានថា ជាមេរៀនថ្មី និងល្អសម្រាប់សមាជិកដែលបានចូលរួម។
សមាជិកដែលបានចូលរួមនៅក្នុងកម្មវិធី «សិល្បៈនៃការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម» មានអារម្មណ៍សប្បាយរីករាយ និងគាំទ្រចំពោះការរៀបចំឡើងដោយ TEAM ព្រោះពួកគាត់មានឱកាសបានជួបនូវមនុស្សសំខាន់ៗ ជាពិសេសគឺបុគ្គលដែលមានឥទ្ធិពលនៅក្នុងការសម្រេចចិត្តធ្វើជាដៃគូសហការទៅលើមុខជំនួញ ដោយសារតែសមាជិកដែលចូលរួមភាគច្រើន គឺសុទ្ធតែជាម្ចាស់ក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម និងម្ចាស់មុខជំនួញទាំងអស់៕







ទីភ្នាក់ងារព័ត៌មាន ថេឡេក្រាហ្វ របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា ប្រតិបត្តិការនាំក្មេងៗក្រុមបាល់ទាត់ “ជ្រូកព្រៃ អាខាដេមី” 12នាក់ និងគ្រូបង្វឹកម្នាក់ចេញពីរូងភ្នំ ថាំលួង ឃុនណាម នាងណន ក្នុងស្រុក មែសាយ ខេត្ត ឈៀងរ៉ាយ ភាគខាងជើងនៃប្រទេសថៃ គឺជាការជួយសង្គ្រោះនៅក្រោមដីដ៏សែនគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយក្រុមមន្ត្រីរបស់ថៃក៏បានទទួលការជួយយកអាសាពីអ្នកមុជទឹកដ៏ល្អ និងពូកែបំផុតរបស់ពិភពលោកចំនួនជាង 90នាក់។
តែអ្នកប្រយុទ្ធដែលនាំមុខគេនៅក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងរូងភ្នំរបស់ថៃក្នុងគ្រានេះគឺ បុរសជនជាតិអង់គ្លេស 7នាក់ ដែលសុទ្ធតែជាអ្នកដែលមានបទពិសោធដ៏ច្រើនអនេកតាមរយៈការលុកលុយកម្សាន្តនៅក្រោមទឹកដ៏សែនត្រជាក់ ក្នុងរណ្ដៅរ៉ែរហោស្ថាន និងរូងថ្លើមថ្មទាំងនៅក្នុងប្រទេសអង់គ្លេស និងវេលស៍។
វីរបុរសអ្នកសង្គ្រោះទាំង 7នាក់នោះគឺ ៖
វើណន ឬ “វើន” អាន់វើធ

វើណន អាន់វើធ ដែលធ្លាប់រស់នៅក្នុងទីក្រុង សេនត៍ អាល់បានស៍ តែពេលនេះបានមកតាំងលំនៅនៅក្នុងប្រទេសថៃហើយនោះ ជាបុរសអង់គ្លេសដំបូងគេដែលទៅដល់ និងនៅក្នុងកន្លែងកើតហេតុ។ គាត់ជាអ្នកមុជទឹកមានបទពិសោធដែលរស់នៅក្បែររូងភ្នំមួយនេះ និងជាអ្នកទំនាក់ទំនងដ៏សំខាន់ម្នាក់ក្នុងការបញ្ចុះបញ្ចូលក្រុមមន្ត្រីរបស់ថៃឱ្យអញ្ជើញអ្នកចំណានការមកពីប្រទេសអង់គ្លេស។
“ពេលដែលអង្គភាព ស៊ីល របស់ថៃចូលទៅក្នុងរូងភ្នំ តែមិនឃើញមានអ្វីសោះ ព្រោះទឹកនៅក្នុងនោះវាល្អក់ខ្លាំងពេក ពួកគេក៏នាំគ្នាចេញមកវិញ” លោក ឆៃយុន ស្រ៊ីសៈមុទ សមាជិកគណៈគ្រប់គ្រងខេត្ត ឈៀងរ៉ាយ ដែលជាមិត្តភ័ក្តិរបស់ អាន់វើធ ប្រាប់ទីភ្នាក់ងារព័ត៌មាន ដេលីមេល។ “តែគាត់ស្គាល់ជនជាតិអង់គ្លេសជាច្រើននាក់ដែលអាចជួយបានយ៉ាងពិតប្រាកដ”
ចន វ៉ូឡាន់ថេន និង រិគ ស្ទែនតាន់

នៅពេលបានទទួលភ្លើងបៃតងពីខាងរដ្ឋបាលថៃហើយ លោកអាន់វើធ ក៏ទាក់់ទងទៅ ចន វ៉ូឡាន់ថេន ទីប្រឹក្សាផ្នែកអៃធី នៅក្នុងទីក្រុង ប្រ៊ីស្ថល និង រិគ ស្ទែនតាន់ អតីតមន្ត្រីពន្លត់អគ្គិភ័យក្នុងតំបន់ មិដលែនដ៍ ឱ្យមកជួយគ្នាភ្លាមតែម្ដង ដោយអ្នកទាំងពីរនោះស្ថិតនៅក្នុងសមាគមអ្នកជួយសង្គ្រោះគ្រោះភ័យក្នុងរូងភ្នំនៃប្រទេសអង់គ្លេស ដែលលោកអនុប្រធានសមាគមគឺលោក ប៊ីល វ៉ៃហៅស៍ បានបញ្ជាក់ថា ទាំងពីរនាក់ហ្នឹងគឺ “អេ ធីម”(A Team) ឬកំពូលអ្នកមុជទឹកដ៏កំពូលហ្នឹងឯង។
នៅទីបំផុត លោកវ៉ូឡាន់ថេន និងលោកស្ទែនតាន់ ក៏មិនធ្វើឱ្យខកបំណងដែរ នៅពេលដែលពួកគេក្លាយជាមនុស្សដំបូងគេដែលរកឃើញក្មេងៗក្រុមជ្រូកព្រៃ និងគ្រូបង្វឹកនៅក្នុងរូងភ្នំថាំលួង ម្ដុំទួលដោះក្រមុំ(នើននុំសាវ)ដែលស្ថិតនៅឆ្ងាយពីមាត់រូងភ្នំប្រមាណជា 2.5ម៉ាយល៍កាលពីថ្ងៃទី2 កក្កដាកន្លងទៅ។

លោក វ៉ៃហៅស៍ បានរៀបរាប់នៅក្នុងកម្មវិធី “Today” របស់ស្ថានីយវិទ្យុ “Radio4” កាលពីសប្ដាហ៍មុនថា “ទាំងពីរនាក់បានក្លាយជាអ្នកនាំមុខក្នុងការចូលរូងភ្នំ ព្រោះតែពួកគេមានជំនាញ និងភាពចំណាន។ មួយក្នុងចំណោមរឿងដែលពួកគេត្រូវធ្វើមុនគេបង្អស់ក្នុងការពុះពារចូលទៅក្នុងនោះគឺ ការដាក់ខ្សែនាំផ្លូវ ដើម្បីឱ្យពួកគេអាចត្រឡប់មកវិញបាន និងឱ្យអ្នកឯទៀតចូលទៅតាមបានដែរ”។
លោក វ៉ូឡាន់ថេន និងលោកស្ទែនតាន់ បានសាងកេរ្តិ៍ឈ្មោះឱ្យខ្លួនឯងរហូតក្លាយជាផ្នែកមួយក្នុងចំណោមអ្នកមុជទឹកជួយសង្គ្រោះក្នុងរូងភ្នំដែលអស្ចារ្យបំផុតក្នុងពិភពលោក។ ទាំងពីរនាក់ជាអ្នកស្ម័គ្រចិត្តនៅក្នុងធីមជួយសង្គ្រោះក្នុងរូងភ្នំ សៅធ៍ និងមិដវេលស៍ ដែលក្នុងឆ្នាំ2010 ពួកគេបានធ្វើកំណត់ត្រាពិភពលោកក្នុងការមុជទឹកក្នុងរូងភ្នំក្នុងចម្ងាយផ្លូវដ៏ឆ្ងាយបំផុត ដោយបានចូលទៅក្នុងរូងភ្នំនៅភាគខាងជើងរបស់ប្រទេសអេស្ប៉ាញបានឆ្ងាយដល់ទៅ 5.5ម៉ាយល៍(ប្រមាណជា 9គីឡូម៉ែត្រ)ដោយឧបករណ៍មុជទឹកដែលពួកគេកែច្នៃឡើងជាពិសេស។
រ៉ូប៊ើត ហាពើរ៍
អ្នកគ្រប់គ្រងលើប្រតិបត្តិការរបស់អ្នកមុជទឹកជនជាតិអង់គ្លេសផ្សេងទៀតក្នុងការបញ្ជាក់ពីទីកន្លែងរបស់ក្រុមជ្រូកព្រៃទាំង 13នាក់នៅក្នុងរូងភ្នំនោះ មិនមែនជានរណាផ្សេងឡើយ គឺលោក រ៉ូប៊ើត ហាពើរ៍ អ្នកចំណានការផ្នែកល្អាងភ្នំ និងរន្ធបង្ហុយជ្រៅៗលើរូងភ្នំ មកពីទីក្រុង សាំមើរ៍សិត វ័យ 70ឆ្នាំដែលធ្វើដំណើរមកប្រទេសថៃព្រមជាមួយលោក វ៉ូឡាន់ថេន និងលោក ស្ទែនតាន់ ហ្នឹងឯង។

បន្ទាប់ពីភារកិច្ចតាមរកក្រុមក្មេងៗជ្រូកព្រៃចប់សព្វគ្រប់ លោក ហាពើរ៍ ក៏ធ្វើដំណើរត្រឡប់ទៅប្រទេសវិញកាលពីថ្ងៃទី5 កក្កដាកន្លងទៅ ដោយមានលោក វីរៈស័ក្តិ ខូវៈស៊ុរ៉ាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃជូនដំណើររហូតទៅដល់អាកាសយានដ្ឋាន និងបានថ្លែងអំណរគុណលោក ហាពើរ៍ ដែលបានបំពេញតួនាទីយ៉ាងអស់ពីសមត្ថភាព និងលះបង់ និងពិតជាអ្នកជំនាញអាជីពដ៏ខ្លាំងអស្ចារ្យមែន។
គ្រីស ជីវេលល៍ និងចេសាន់ ម៉ាល់លិសាន់
គ្រីស ជីវេលល៍ និងចេសាន់ ម៉ាល់លិសាន់ ធ្វើដំណើរមកចូលរួមក្នុងប្រតិបត្តិការនាំខ្លួនក្មេងៗក្រុមជ្រូកព្រៃចេញពីរូងភ្នំ ដោយសារពួកគេជាសមាជិករបស់ “ក្រុមអ្នកមុជទឹកក្នុងរូងភ្នំ”(Cave Diving Group)ដែលជាសមាគមអ្នកមុជទឹកក្រោមដីស្ម័គ្រ ចិត្តដ៏ចំណាស់បំផុតនៅក្នុងប្រទេសអង់គ្លេស។

លោក ជីវេលល៍ និងលោកម៉ាល់លិសាន់ បានទទួលការលើកតម្កើងថា ជាអ្នកជំនាញការផ្នែកការមុជទឹកនៅក្នុងរូងភ្នំចង្អៀតៗ ដោយលោកម៉ាល់លិសាន់ធ្លាប់បានជួយសង្គ្រោះជីវិតអ្នកពិនិត្យរូងភ្នំជនជាតិអង់គ្លេស 6នាក់ចេញពីក្នុងរូងភ្នំ ខេបា ដេ អាល់ប៉ាសាត់ ក្នុងប្រទេសម៉ិកស៊ិករួចមកហើយ និងស្ថិតនៅក្នុងក្រុមអ្នកបំបែកឯតទគ្គកម្មមុជទឹកបានឆ្ងាយបំផុតក្នុងពិភពលោកជាមួយលោក វ៉ូឡាន់ថេន និងលោកស្ទែនតាន់ទៀតផង។

ចំណែកឯលោក ជីវេលល៍ វិញជាសមាជិក BCRC ធ្លាប់ចូលទៅពិនិត្យរូងភ្នំថ្មីៗនៅក្នុងប្រទេសអង់គ្លេស និងក្រៅប្រទេសជាច្រើនរួចមកហើយ រួមទាំងរូងភ្នំ ហួអាត់ឡា ក្នុងប្រទេសម៉ិកស៊ិក ដែលជារូងភ្នំជ្រៅបំផុតនៅប៉ែកប្រទេសលោកខាងលិច។ លោកជាមួយសមាជិកដទៃទៀតក្នុងក្រុមធ្លាប់បានចូលទៅដល់ចំណុចជ្រៅបំផុតនៅក្នុងរូងភ្នំដែលល្បីល្បាញថា ជាចំណុចដ៏អាថ៌កំបាំងបំផុតមួយក្នុងពិភពលោកនេះទៀតផង។

ធីម អ៊ែកតុន
លោក ធីម អ៊ែកតុន អ្នកមុជទឹកវ័យ 39ឆ្នាំក៏ស្ថិតក្នុងក្រុមអ្នកប្រតិបត្តិការជួយសង្គ្រោះក្រុមជ្រូកព្រៃចេញពីរូងភ្នំថាំលួងដែរ ដោយលោកធំធាត់ឡើងនៅក្នុងទីក្រុង ហាវិជ ចាប់ផ្ដើមមុជទឹកក្នុងឯសមុទ្រខាងក្រៅមណ្ឌល អេសឆេក មុននឹងផ្លាស់មករស់នៅក្នុងប្រទេសថៃកាលពី 12ឆ្នាំមុន និងបច្ចុប្បន្ននេះលោកមានធុរកិច្ចផ្ទះសំណាក់មួយជាមួយ “ទុក” ភរិយាជនជាតិថៃរបស់លោក។
កាលពីឆ្នាំ2003 លោកបានចូលទៅក្នុងហេតុការណ៍មហារលកយក្ស ស៊ូណាមិ ដែលបោកបក់កម្ទេចភាគខាងត្បូងរបស់ប្រទេសថៃ និងបានទទួលការកោតសរសើរពីសំណាក់លោកឯកអគ្គរាជទូតនៃប្រទេសអង់គ្លេសនាពេលនោះទៀតផង ព្រោះលោកបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននៅពេលដែលភូមិមួយដែលលោកបានបើកសាលាបង្ហាត់មុជទឹកត្រូវបានលិចទៅក្នុងទឹក។
លោក អ៊ែកតុន បានទទួលការអញ្ជើញឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះក្រុមជ្រូកព្រៃនេះ ក្រោយពីបានទាក់ទងជាមួយក្រុមស៊ីលរបស់ថៃ ហើយលោកបានចូលទៅក្នុងរូងភ្នំថាំលួងជាច្រើនដង៕

មន្ទីរពិសោធន៍ថ្មីមួយសម្រាប់ធ្វើតេស្តពិសោធផលិតផលក្នុងស្រុក និងចេញលិខិតបញ្ជាក់គុណភាពនាំចេញ នឹងបើកឱ្យដំណើរការនៅដំណាច់ឆ្នាំ2019ខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ឯកឧត្ដម ចម ប្រសិទ្ធ បានឱ្យដឹងនៅក្នុងដំណើរទស្សនកិច្ចទៅទីតាំងដែលមន្ទីរពិសោធន៍ដែលកំពុងត្រូវបានសាងសង់ដោយបានថ្លែងថា៖ «មន្ទីរពិសោធន៍នេះនឹងក្លាយជាមជ្ឈមណ្ឌលធំ និងទំនើបបំផុតមួយនៅកម្ពុជា និងជាមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មទី2 នៅកម្ពុជា» ដោយការសាងសង់ត្រូវរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ2019 ហើយវានឹងក្លាយជាគន្លឹះសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។
បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងបានឱ្យដឹងថា មជ្ឈមណ្ឌលមន្ទីរពិសោធន៍នេះនឹងស្ថិតនៅក្រោមវិទ្យាស្ថានស្តង់ដារកម្ពុជា(ISC ៖ The Institute of Standards of Cambodia) ហើយវានឹងត្រូវបានបំពាក់ដោយឧបករណ៍មន្ទីរពិសោធន៍ទំនើបៗដើម្បីពិសោធផលិតផលគ្រប់ប្រភេទសម្រាប់នាំចេញ និងធានាថា ផលិតផលទាំងនោះត្រឹមត្រូវតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏អាចប្រកួតប្រជែងជាមួយនឹងផលិតផលផ្សេងៗទៀតបានដែរ។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រាប់គេហទំព័រឡារ៉ែនតាមទូរស័ព្ទថា ការពង្រីកសមត្ថភាពមជ្ឈមណ្ឌលមន្ទីរពិសោធន៍នេះបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 របស់រាជរដ្ឋាភិបាលអាណត្តិទី5 ក្នុងគោលបំណងចូលរួមចំណែកពង្រឹងគុណភាពផលិតផលរបស់ខ្មែរ។
លោកបន្តថា គោលការណ៍ដែលយើងទៅធ្វើការប្រកួតប្រជែងខាងក្រៅ វាផ្តោតទៅលើគុណភាពជាចម្បង ដូច្នេះដើម្បីឱ្យប្រាកដថា ទំនិញយើងត្រូវស្តង់ដារឬនៅ? យើងត្រូវលើកទឹកចិត្តផ្នែកឯកជន ធ្វើយ៉ាងណាឱ្យគាត់ងាកមកផលិតតាមស្តង់ដារ ដែលអាចជ្រៀតចូលទីផ្សារក្រៅប្រទេសក៏បាននិងប្រកួតប្រជែងក្នុងស្រុកក៏បាន គឺយើងត្រូវពង្រីកសមត្ថភាពក្នុងមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា។
លោកបញ្ជាក់ថា កន្លងមកយើងមានមន្ទីរពិសោធន៍ឧស្សាហកម្មចាស់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ5 តែមានទំហំតូច និងឧបករណ៍ក៏មិនទំនើបដែរ។ ថ្វីដ្បិតតែមន្ទីរពិសោធន៍យើងត្រូវបានទទួលស្គាល់ពីស្ថាប័នពិសោធន៍អន្តរជាតិ ទទួលបាន ISO ពីអង្គការស្តង់ដារអន្តរជាតិហើយថា មន្ទីរពិសោធន៍របស់យើងមានលទ្ធភាព សមត្ថភាពវាយតម្លៃ និងធ្វើពិសោធន៍លើផលិតផលរបស់យើងបានមែនក្ដី តែនៅមិនទាន់ឆ្លើយតបទៅនឹងទំហំរោងចក្រ-សិប្បកម្មដែលកំពុងរីកចម្រើននាពេលសព្វថ្ងៃនេះទេ ព្រោះគ្រាន់តែរោងចក្រ យើងមានប្រមាណជាង1,600កន្លែង ឯសហគ្រាសធុនតូច និងមធ្យមមានប្រមាណជា10ម៉ឺន ដូច្នេះការពង្រីកមន្ទីរពិសោធន៍ថ្មីជាការចាំបាច់ណាស់។
លោកបន្តថា គម្រោងនេះថ្មី តែអង្គភាពមិនមែនថ្មីទេ ដែលថាថ្មីនោះគឺ ការពង្រីកសមត្ថភាពព្រោះមន្ទីរពិសោធន៍ថ្មីនេះនឹងត្រូវបានបង្កើតឡើងដោយមានកម្ពស់ 7ជាន់ ដែលមានសមត្ថភាពធំជាងមុន និងបំពាក់ដោយឧបករណ៍ទំនើបៗជាងបន្ទប់ពិសោធន៍ដែលមានស្រាប់នៅក្នុងខណ្ឌឫស្សីកែវនោះ និងប្រហែលជាត្រូវចំណាយច្រើនទៀតផង តែយើងក៏មានបណ្តាប្រទេសជាច្រើនចង់ជួយជាឧបករណ៍ពិសោធន៍ទំនើបៗដែរ ប៉ុន្តែដោយសារយើងមិនទាន់មានមន្ទីរពិសោធន៍ធំៗដែលអាចដាក់ឧបករណ៍ពិសោធន៍ទំនើបៗទាំងនោះបាន ទើបយើងត្រូវខិតខំរៀបចំទីតាំងថ្មីនេះសិន។
អ្នកនាំពាក្យក្រសួងរូបនោះបានបញ្ជាក់ទៀតថា៖ «គោលបំណងរបស់មជ្ឈមណ្ឌលមន្ទីរពិសោធន៍ថ្មីរបស់យើង គឺដើម្បីជួយដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុក ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មទាំងមូល»។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងចាប់ផ្តើមធ្វើការចរចាជាមួយប្រទេសអ្នកទិញដើម្បីឱ្យពួកគេទទួលស្គាល់លទ្ធផលនៃមន្ទីរពិសោធន៍នេះ។
លោកបញ្ជាក់ថា មន្ទីរពិសោធន៍ថ្មីនេះនឹងត្រូវធ្វើឱ្យដំណើរការ តែរោងចក្រ-សហគ្រាសត្រូវបង់ថ្លៃសេវាតាមមុខទំនិញ ឬផលិតផលដែលខ្លួនបានផលិត ប៉ុន្តែមានពេលខ្លះផលិតផលដែលត្រូវវិភាគយើងមិនទាមទារឱ្យមានការបង់ថ្លៃសេវាទេ ឧទាហរណ៍ដូចជាផលិតផលមានជាតិពុល ឬផលិតផលដែលយើងសង្ស័យ ក្រុមអធិការកិច្ចយើងនឹងចុះទៅធ្វើតែម្តង ក្នុងគោលដៅការពារផលប្រយោជន៍សាធារណៈ។
លោកបញ្ជាក់ថា មួយវិញទៀត វាគឺជាតម្រូវការមួយដែលយើងត្រូវធ្វើពិសោធន៍ឱ្យគេ និងជូនដល់វិស័យឯកជនក្នុងនាមជាអ្នកផ្តល់សេវាឱ្យអតិថិជនថា តើផលិតផលរបស់ពួកគេត្រូវតាមកម្រិតស្តង់ដារ និងមានគុណភាពគ្រប់គ្រាន់ឬទេ? គេត្រូវយកផលិតផលនោះទៅមន្ទីរពិសោធន៍ ដើម្បីគេទទួលបានវិញ្ញាបនបត្រដែលបញ្ជាក់ពីផលិតផលរបស់គេ។ នៅពេលដែលគេទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពនៃផលិតផលពីមជ្ឈមណ្ឌលមន្ទីរពិសោធន៍យើងហើយ ផលិតផលរបស់ក្រុមហ៊ុន-សហគ្រាស ទាំងនោះនឹងមានកម្រិតស្តង់ដារត្រឹមត្រូវតែម្តង។
លោកបានបន្ថែមថា វិស័យឯកជន គាត់នឹងលែងព្រួយបារម្ភពីបញ្ហានាំផលិតផលចេញទៀតហើយ ព្រោះផលិតផលដែលបានឆ្លងកាត់មន្ទីរពិសោធន៍ថ្មីនេះនឹងមានការទទួលស្គាល់ជាអន្តរជាតិ ដោយហេតុថា មន្ទីរពិសោធន៍ថ្មីរបស់យើងនេះមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិរួចហើយ។ យើងកំពុងរង់ចាំមន្ទីរពិសោធន៍ថ្មីដែលយើងរំពឹងថា នឹងធ្វើឱ្យអ្វីៗកាន់តែមានភាពប្រសើរឡើង និងកាន់តែងាយស្រួលសម្រាប់យើង ព្រោះអ្វីៗដែលយើងរំពឹងទុក និងចាប់ផ្តើមធ្វើនេះ គឺក្នុងគោលបំណងជួយដល់វិស័យឯកជនក្នុងទិសដៅជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសយើង៕

ចម្រៀងជាតិរបស់ប្រទេសបារាំងដែលមានចំណងជើងថា La Marseillaise ការស្រែកបន្ទរគ្នាឡើងថា «យើងទៅដល់វគ្គផ្តាច់ព្រ័ត្រហើយ!!» និងសំឡេងស៊ីហ្វ្លេរថយន្ត និងកាំជ្រួច បានបន្លឺឡើងយា់ងកងរំពងទូទាំងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ខណៈដែលប្រជាជនក្នុងរដ្ឋធានីនេះបានអបអរសម្រាប់ការធ្វើដំណើររបស់ក្រុមជម្រើសជាតិបារាំងឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ World Cup។

អ្នកគាំទ្រដ៏ច្រើនកុះករប្រមាណ 20,000នាក់ បានប្រមូលផ្តុំគ្នាដើម្បីទស្សនាការប្រកួតរបស់ក្រុមលោក Dider Deschamps ក្នុងពេលពួកគេផ្តួលក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងលទ្ធផល 1-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Saint Petersburg នៅលើផ្ទាំងសំពត់សដ៏ធំមួយនៅឯ Hotel de Ville ក្នុងទីក្រុងប៉ារីស។
ដោយសារតែទស្សនីយភាពនៃការប្រកួតត្រូវបានបិទបាំងដោយហ្វូងមនុស្សដ៏ច្រើនកុះករនេះ អ្នកខ្លះបានឡើងលើដើមឈើនានា លើរថយន្ត ឬក៏លើធុងសំរាម ដើម្បីមើលការប្រកួតផ្សាយផ្ទាល់ឱ្យបានច្បាស់។ គ្រាប់បាល់កាត់សេចក្តីរបស់ខ្សែការពារ Samuel Umtiti នៅនាទីទី51 បានបង្កើតឱ្យមានការអបអរយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនបានឱប និងថើបគ្នា និងរាំរែកយ៉ាងរីករាយ។ លោក Didier Deschampsគ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឱ្យដឹងថា៖ «យើងបានបង្ហាញពីឥរិយាបថ និងស្មារតី។ វាពិតជាលំបាកណាស់សម្រាប់យើងនៅរាត្រីនេះ។ យើងបានធ្វើការងារយ៉ាងលំបាកលើតំបន់ការពារ យើងត្រូវតែដណ្តើមយកការមានប្រៀបបន្តិចលើការវាយបករហ័ស ប៉ុន្តែ សូមអបអរសាទរដល់កីឡាករ និងបុគ្គលិករបស់ខ្ញុំ»។

ក្រុមជម្រើសជាតិបារាំង នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ឬក្រូអាស៊ីក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យនេះ ខណៈដែលបារាំងសម្លឹងរកការលើកពាននេះជាលើកទី2 ក្រោយពីបានឈ្នះនៅលើទឹកដីខ្លួនឯងម្ដងរួចមកហើយកាលពីឆ្នាំ1998៕
ប្រភពពី៖ Channel News Asia

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកូរ៉េ(BOK) ត្រូវបានរៀបចំឡើងក្រោមការប្រកាសស្តីពីកិច្ចសិក្សារួមគ្នាលើការស្រាវជ្រាវឱ្យបានស៊ីជម្រៅក្នុងគោលបំណងបង្កើនជំនាញវិភាគ និងសិក្សាអំពីទំនាក់ទំនងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយនឹងការអនុវត្តគំរូសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមករវាងធនាគារកណ្តាលកម្ពុជា និងធនាគារកណ្តាលនៃប្រទេសកូរ៉េ។
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា នេះគឺជាកិច្ចសហការ BOK-KPP ទី3 នេះធ្វើឡើងក្រោយពីមានផ្លែផ្កាក្នុងរយៈពេល 2ឆ្នាំចុងក្រោយ។ កម្មវិធីទី1 នៅឆ្នាំ2016 គឺជាគំរូសម្រាប់ការវិភាគម៉ាក្រូសេដ្ឋកិច្ច និងការព្យាករអំពីអតិផរណានៅក្នុងប្រទេសកម្ពុជា និងទី2 គឺការវិភាគជាក់ស្តែងលើទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា។
ប្រតិបត្តិការទី3 នេះស្ថិតក្រោមគម្រោងកម្មវិធី BOK-KPP (the Bank of Korea-Knowledge Part-nership Program)ភាពជាដៃគូនៃចំណេះដឹងរបស់ធនាគារកូរ៉េឆ្ពោះទៅរកកិច្ចសហការជិតស្និទ្ធរវាងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ BOK និងសាកលវិទ្យាល័យយ៉ុនសី(Yonsei)ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវបានបញ្ជាក់ថា ការស្រាវជ្រាវរួមគ្នាទាំង2 នេះបានរួមចំណែកក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុដើម្បីសម្រេចបាននូវស្ថិរភាពតម្លៃ ស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាជំនាញស្រាវជ្រាវដែលបច្ចុប្បន្នកំពុងខ្វះខាត និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការបន្តរបស់ BOK-KPP ជាមួយធនាគារជាតិនៃកម្ពុជាពិតជាជួយបង្កើនសមត្ថភាពបុគ្គលិកក្នុងការធ្វើគំរូសម្រាប់ទំនាក់ទំនងម៉ាក្រូហិរញ្ញវត្ថុ និងសិក្សាពីការរីកចម្រើនពីម៉ាក្រូសេដ្ឋកិច្ចទៅវិស័យហិរញ្ញវត្ថុ និងផ្ទុយមកវិញ។
លោក Seung hee Lee អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិនៃធនាគារកូរ៉េបានមានប្រសាសន៍ថា៖ «ឆ្នាំនេះយើងបានសម្រេចចិត្តផ្តោតលើទំនាក់ទំនងរវាងវិស័យហិរញ្ញវត្ថុ និងវិស័យពិតប្រាកដជាពិសេសលើវិស័យសំខាន់ៗចំនួន4 រួមមានវិស័យកាត់ដេរ សំណង់ កសិកម្ម និងទេសចរណ៍»។
ទោះជាយ៉ាងណាក៏ដោយលោក Lee បានមានប្រសាសន៍ថា ការរកឃើញនៃការស្រាវជ្រាវនេះនឹងមានប្រយោជន៍ក្នុងការសម្រេចបាននូវការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៃសេដ្ឋកិច្ចកម្ពុជា។
លោកស្រី ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រទេសកម្ពុជា គឺជាសេដ្ឋកិច្ចប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ហើយរហូតមកដល់ពេលនេះការប្រែប្រួលនៃអត្រាអតិផរណាមានឥទ្ធិពលខ្លាំងដោយអត្រាការប្រាក់» ដូច្នេះភាគីទាំងពីរនឹងស្រាវជ្រាវចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយរំពឹងថានឹងបញ្ចប់ ហើយចេញរបាយការណ៍ការរកឃើញនៅខែធ្នូ ឆ្នាំ2018នេះ៕


រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមជាផ្លូវការនូវយុទ្ធសាស្ត្រថ្មីរបស់ខ្លួនសម្រាប់ឧស្សាហកម្មដំឡូងមីក្នុងគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ដែលអាចទុកចិត្តបានដល់ទីផ្សារពិភពលោកតាមរយៈគោលនយោបាយជាតិសម្រាប់ឧស្សាហកម្មដំឡូងមី។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងពិធីប្រកាសគោលនយោបាយជាតិសម្រាប់ឧស្សាហកម្មដំឡូងមីកាលពីថ្ងៃទី10 ម្សិលមិញ នៅទីស្ដីការក្រសួងក្នុងរាជធានីភ្នំពេញថា យុទ្ធសាស្ត្រថ្មីនេះគ្របដណ្ដប់ 5ឆ្នាំ ចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2022 ហើយមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រភពសម្រាប់ឧស្សាហកម្មកែច្នៃដំឡូងមី។ គោលនយោបាយថ្មីនេះនឹងជួយផ្លាស់ប្តូរវិស័យដំឡូងមី ពីកសិកម្មចិញ្ចឹមជីវិត ទៅជាផលិតកម្មសម្រាប់ពាណិជ្ជកម្មព្រមជាមួយការផ្តល់អាទិភាពដល់ការកែលម្អស្តង់ដារជីវភាពសម្រាប់កសិករ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «គោលនយោបាយនេះនឹងជួយដល់រោងចក្រកែច្នៃសកម្មនិងទាក់ទាញការវិនិយោគដើម្បីផលិតផលិតផលដំឡូងមីដែលមានតម្លៃបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារចម្រុះ។ ជាងនេះទៀត ក៏នឹងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលដំឡូងមី និងសំណល់ពីចំណីសត្វនិងជី ជាសម្ភារដែលមានតម្លៃថោកសម្រាប់កសិករខ្មែរ។ ផលិតកម្មពាណិជ្ជកម្ម ក៏នឹងជួយបង្កើនសមត្ថភាពដល់កសិករទាំងអស់ដើម្បីបង្កើនប្រាក់ចំណូលក្នុងបរិបទនៃការប្រែប្រួលតម្លៃ ការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តរភាព និងកសិកម្មដែលឆ្លាតវៃតាមអាកាសធាតុ»។
អ្នកសេដ្ឋកិច្ច អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា(UNDP) លោក Richard Marshall បានថ្លែងថា អង្គការយូអិនឌីភីបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមី។ គោលបំណង គឺធ្វើឱ្យកម្ពុជាបង្កើនខ្សែចង្វាក់តម្លៃដោយកែលម្អគុណភាពផលិតកម្មដំឡូងមី និងបង្កើនភាពជឿជាក់។ គោលនយោបាយនេះមានបំណងផ្លាស់ប្តូរដំឡូងមីទៅជាដំណាំផ្ដល់ផលចំណេញដល់កសិករខ្នាតតូច និងជាប្រភពនៃការអភិវឌ្ឍឧស្សាហកម្មសម្រាប់កម្ពុជា។
លោកបានមានប្រសាសន៍ថា ដើម្បីចាប់ផ្តើមដំណើរការផ្លាស់ប្តូរនេះ ការធ្វើពាណិជ្ជកម្មនៃផលិតកម្មដំឡូងមី និងការអភិវឌ្ឍកសិ-ពាណិជ្ជកម្មគួរតែត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាដើម្បីលើកកម្ពស់ដំណាំនៅតាមតំបន់ផ្សេងទៀតក្នុងពិភពលោក” ។
ជារួម គោលនយោបាយនេះនឹងលើកទឹកចិត្តដល់ការវិនិយោគបន្ថែមទៀត ហើយវានឹងជំរុញតម្លៃដំឡូងមី និងបង្កើនជីវភាពរស់នៅរបស់កសិករ ខណៈដែលប្រទេសកម្ពុជាមានកសិករប្រហែល90,000គ្រួសារដែលផលិតដំឡូងមី។
បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បាននិងកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមីទៅកាន់ប្រទេសចិនដោយសារតែប្រទេសទាំង2 បានចុះហត្ថលេខាលើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបាននិងកំពុងសិក្សាពីលទ្ធភាពកែច្នៃដំឡូងមីនិងធ្វើពិពិធកម្មទីផ្សារនាំចេញ។
នៅក្នុងប្រទេសកម្ពុជា ដំឡូងមីត្រូវបានដាំដុះក្នុងខេត្តចំនួន13 នៅលើផ្ទៃដីជាង 570,000ហិកតា និងផ្តល់ទិន្នផលប្រមាណ 13លានតោនក្នុងមួយឆ្នាំ។ កាលពីឆ្នាំ2017 កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី8 ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០នៅលើពិភពលោក៕

លោក Gareth Southgate គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា ក្រុមដែលគ្មានបទពិសោធរបស់លោក ត្រូវតែសម្លឹងរកការបង្ហាញពីទម្រង់លេងក្នុង «កម្រិតជាធម្មតា» របស់ពួកគេ បើទោះបីត្រូវមានសម្ពាធសម្រាប់ការលេងក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក៏ដោយ។
ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងទីក្រុងម៉ូស្គូ នៅរាត្រីនេះ ក្រោយពីបានឈានទៅវគ្គ 4ក្រុមចុងក្រោយនៃយុទ្ធនាការដ៏ធំមួយនេះជាលើកដំបូង ចាប់តាំងពីព្រឹត្តិការណ៍ Euro ឆ្នាំ1996 ដែលនៅពេលនោះលោក Southgate បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីមិនចូលទី បណ្ដាលឱ្យចាញ់ក្រុមជម្រើសជាតិអាល្លឺម៉ង់។
បច្ចុប្បន្ន គ្រូបង្វឹករូបនេះកំពុងតែព្យាយាមលុបចោលការធ្វេសប្រហែសផ្សេងៗ ខណៈដែលក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់លោកកំពុងត្រៀមប្រជែងកៅអីទៅវគ្គបន្តដើម្បីឈ្នះពាន World Cup ដូចកាលពីឆ្នាំ1966 នៅលើទឹកដីខ្លួនឯង។ លោក Southgate បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រឿងដ៏សំខាន់បំផុត គឺការក្សា និងធ្វើឱ្យអ្វីៗស្ថិតនៅជាធម្មតាតាមដែលអាចធ្វើបាន។ យើងបានស្ថិតក្នុងអារម្មណ៍ស្ងប់ក្នុងជំរំរបស់យើង ដោយត្រៀមលក្ខណៈដូចគ្នា។ ការត្រៀមលក្ខណៈរបស់យើងសម្រាប់ការប្រកួតនេះ ស្ថិតនៅជាធម្មតា។ ខ្ញុំគិតថា វាពិតជាសំខាន់ណាស់ក្នុងការមានភាពរឹងមាំក្នុងការប្រកួតនេះ»។

ជាមួយគ្នានេះ ខ្សែការពារអន្តរជាតិក្រូអាស៊ី DejanLovren ជឿជាក់ថា ក្រុមរបស់គេ កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការដណ្តើមយកឱកាសដ៏ល្អមួយក្នុងជីវិត នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។ មានកង្វល់ជាច្រើនថា ការអស់កម្លាំងអាចនឹងក្លាយជាកត្តាគួរឱ្យបារម្ភមួយសម្រាប់ក្រុមរបស់លោក Zlatko Dalic ដោយសារតែពួកគេត្រូវបង្ខំចិត្តលេងពន្យារការប្រកួតរយៈពេល120នាទី និងការស៊ុតបាល់ប៉េណាល់ទី ទាំងក្នុងពេលប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះ និងក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងការប្រកួត 2ជុំចុងក្រោយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែការពារកណ្តាល Lovren របស់ក្លិប Liverpool បានច្រានចោលចំពោះការបារម្ភបែបនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 1រំលងអធ្រាត្រ៕
ប្រភពពី៖ Channel News Asia

បន្ទាប់ពីកម្មវិធី ”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” ត្រូវបានបព្ចាប់ពេលនេះក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ស្វែងរកម្ចាស់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់ ១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀតពីកម្មវិធីនេះនៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុងនៅថ្ងៃទី10 ខែកក្កដាឆ្នាំ2018។
បន្ទាប់ ពីធ្វើការចាប់សន្លឹកឆ្នោតផ្តល់សំណាងជូនដល់អតិថិជនក្នុងកម្មវិធី”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” រួចហើយ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា ឡាវ បានមានប្រសាសន៍ថា៖ “ក្រៅពីផ្ដត់ផ្គង់ផលិតផល ប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនមិនដែលភ្លេចទេ រឿងលើកទឹកចិត្ត និងការផ្ដល់ជូនពិសេសផ្សេងៗបន្ថែមទៀតដល់អតិថិជនរបស់យើង។
ការផ្ដល់ជូននេះ ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលសាមសុង និងដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នារវាងក្រុមហ៊ុនសាមសុង និងអតិថិជនរបស់យើងផង”។
លោកបានបន្ថែមទៀតថា “យើងនឹងបន្តនាំមកនូវកម្មវិធីពិសេសៗជាច្រើនទៀត សម្រាប់អតិថិជនដែលតែងតែបន្តគាំទ្រផលិតផលរបស់យើង។ ”
កញ្ញា មាន សុនិតា ជាតំណាងឲ្យផលិតផលសាមសុង ក៏បានផ្ដល់កិត្តិយសចាប់រង្វាន់ក្នុងកម្មវិធីនេះផងដែរនិង បានសំដែងចំណាប់អារម្មណ៍ថា៖ “ពេលនិយាយ ឬឮឈ្មោះសាមសុង ខ្ញុំនឹកឃើញដល់គុណភាព បច្ចេកទេសទំនើប និងភាពសប្បាយរីករាយ ពីព្រោះសាមសុង តែងតែនាំមកនូវកម្មវិធីពិសេសៗសម្រាប់អតិថិជនមិនដែលដាច់ឡើយ។ ពេលធ្វើការចាប់សន្លឹកឆ្នោត ខ្ញុំមានអារម្មណ៍រំភើបជំនួសអតិថិជន ហើយពិតជាសប្បាយរីករាយជំនួសគាត់ នៅពេលចាប់បានឈ្មោះពួកគាត់រួចហើយ” កញ្ញាបានបន្ថែមទៀតថា ៖ “ការចាប់ឆ្នោតនេះ ធ្វើឡើងដោយសុក្រិត និងពឹងលើសំណាង ព្រោះយើងធ្វើការចាប់ដោយជ្រាវសន្លឹកឆ្នោត ហើយបោះឡើងទើបចាប់ គឺចាប់បានអ្នកណា សំណាងនឹងបានទៅអ្នកនោះ…”សូមរំលឹកថា ប្រូម៉ូសិនពិសេសពីម៉ាស៊ីនត្រជាក់សាមសុង បានចាប់ផ្ដើមពីថ្ងៃទី១១ខែឧសភាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ជាមួយលក្ខខណ្ឌងាយ ដោយរាល់ការជាវម៉ាស៊ីនត្រជាក់សាមសុងមួយគ្រឿងនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត។
ចំពោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំក្រុមហ៊ុនក៏បានផ្តល់រង្វាន់លើកទឹកចិត្តមានដូចជា៖មួកសុវត្តិភាពចំនួន150រង្វាន់,អាវធំសាមសុង100រង្វាន់និងកាបូបសាមសុង50រង្វាន់ផងដែរ។ ក្រោយបញ្ចប់ការផ្ដល់ជូននេះ ក្រុមហ៊ុនបានសន្យានឹងនាំមកនូវកម្មវិធីពិសេសថ្មីៗជាច្រើនទៀតសម្រាប់អតិថិជនក្នុងពេលឆាប់ៗខាងមុខនេះ។
ឥឡូវនេះកម្មវិធី”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង”បានរកឃើញអ្នកដែលមានសំណាងហើយ ខាងក្រោមនេះ ជាឈ្មោះអតិថិជនដែលបានឈ្នះរង្វាន់៖
១/ រង្វាន់ម៉ូតូ Honda Zoomer X 1គ្រឿងបានទៅលើឈ្មោះ Seang Toma
២/ រង្វាន់ទឹកកក ២គ្រឿងបានទៅលើឈ្មោះ Chor Bouleang, ឈ្មោះ Phom
៣/ រង្វាន់ទូរទស្សន៏ ២គ្រឿងបានទៅលើឈ្មោះ Sok Sophea និង ឈ្មោះ Sovatha
៤/ រង្វាន់ម៉ាស៊ីត្រជាក់ 10គ្រឿងបានទៅលើឈ្មោះ Kruy Monin ឈ្មោះ Loeung Henglong
ឈ្មោះ Yong Veasna ឈ្មោះ Seoung PengHuon ឈ្មោះ Ly ឈ្មោះ Yim Sodana ឈ្មោះ Kim Nay ឈ្មោះ Chor Bouleang ឈ្មោះ Sroeun Sokheng និង ឈ្មោះ Sopheak
សូមបញ្ជាក់៖ ក្រុមហ៊ុនសាមសុងនឹងប្រគល់រង្វាន់ដល់អតិថិជនដែលឈ្នះរង្វាន់នៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ2018 វេលាម៉ោង ២រសៀល៕





ឃ្លាំងស្តុក និងឡសម្ងួតស្រូវធំជាងគេនៅខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពស្តុកស្រូវបាន 5ម៉ឺនតោន និងឡដែលអាចសម្ងួតស្រូវបានចំនួន 1,500តោនក្នុងមួយថ្ងៃ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ។
ឯកឩត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានលើកឡើងថា កន្លងមកដោយមើលឃើញពីបញ្ហាតម្លៃស្រូវនៅលើទីផ្សារមានការធ្លាក់ចុះដោយមិនសមហេតុផល ជាពិសេសកាលពីឆ្នាំ2016 ដែលនៅពេលនោះរាជរដ្ឋាភិបាលបានរិះរកដំណោះស្រាយបន្ទាន់ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃស្រូវរបស់កសិករមានស្ថិរភាពឡើងវិញ។
ឯកឧត្តម បន្តថា ភ្លាមៗប្រមុខរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ឥណទានពិសេសបន្ទាន់មួយតាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីផ្ដល់ជូនដល់បណ្តារោងម៉ាស៊ីនទាំងឡាយណាដែលមានតម្រូវការឥណទានក្នុងការប្រមូលទិញស្រូវក្នុងតម្លៃទីផ្សារ។
ទន្ទឹមនេះជាដំណោះស្រាយយូរអង្វែង រាជរដ្ឋាភិបាលបានទម្លាក់នូវឥណទានពិសេសបន្ថែមមកធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករអនុវត្តគម្រោងផ្តល់ឥណទានជូនក្រុមហ៊ុនឯកជនឱ្យធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ដែលក្នុងនោះមាននៅខេត្តបាត់ដំបងមានលទ្ធភាពស្តុកស្រូវបានចំនួន 2សែនតោន និងមានលទ្ធភាពសម្ងួត 3,000តោនក្នុងមួយថ្ងៃ និងនៅ 3តំបន់ផ្សេងទៀត រួមមានខេត្តកំពង់ធំ តាកែវ និងព្រៃវែង ហើយតំបន់នីមួយៗមានសមត្ថភាពស្តុកស្រូវបានចំនួន 5ម៉ឺនតោន និងឡដែលមានសមត្ថភាពសម្ងួតស្រូវបានចំនួន 1,500តោនក្នុងមួយថ្ងៃ។
បន្ទាប់ពីយន្តការនេះបានដាក់ចេញមក តម្លៃស្រូវរបស់បងប្អូនប្រជាពលរដ្ឋបានស្ទុះងើបឡើងវិញពីចន្លោះ 1,150រៀល ទៅ1,200រៀលក្នុងមួយគីឡូក្រាមក្នុងពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ឃ្លាំងស្តុក និងឡសម្ងួតដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺនេះ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនខ្មែរហ្វូត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងតម្លៃសរុបចំនួន 5លានដុល្លារអាមេរិក៕

