Author: វល័ក្ខ

  • វិនិយោគិន​ខេត្ត​សៀង​ហៃ នឹង​មក​វិនិយោគ​វិស័យ​ថាមពល​នៅ​កម្ពុជា

    វិនិយោគិន​ខេត្ត​សៀង​ហៃ នឹង​មក​វិនិយោគ​វិស័យ​ថាមពល​នៅ​កម្ពុជា

    ក្នុងទិសដៅ​លើកកម្ពស់​វិស័យ​ថាមពល​នៅ​កម្ពុជា ក្រុម​អ្នកវិនិយោគ​ខេត្ត​សៀង​ហៃ ប្រទេស​ចិន​គ្រោង​ចូលមក​បោះទុន​ដំឡើង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​ប្រព័ន្ធ​ផ្កាយរណប​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ និង​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    លោក លាំង សាន  (Liang Shan) អនុប្រធាន​ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក​មា​ន​ឯកទេស​ខាង​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ជាមួយ​បច្ចេកវិទ្យា​ទំនើប​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​លក្ខណៈពិសេស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្កាយរណប​ដែល​អាច​ចាប់​រូបភាព និង​បញ្ជូន​ទិន្នន័យ​ឆ្លងកាត់​ទ្វីប​និង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ តំណាង​ក្រុមហ៊ុន​ទាំង2 បាន​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម ជួយ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ដើម្បី​បង្កើន​ទំហំ​វិនិយោគ​រវាង​ខេត្ត​សៀង​ហៃ និង​ប្រទេស​កម្ពុជា។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​សម្តែង​ការគាំទ្រ​ខ្លាំង​ចំពោះ​គម្រោង​ការវិនិយោគ​ខាងលើ និង​បាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​ទាំងនេះ​ឱ្យ​លេច​រូបរាង​ឡើង​នាពេល​អនាគត។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅកាន់​តំណាង​ក្រុមហ៊ុន​ខាងលើ ធ្វើការ​សិក្សា​អំពី​លក្ខណៈ​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​សក្តានុពល​អតិថិជន​ឱ្យបាន​ច្បាស់ ដើម្បី​រៀបចំ​សំណើ​វិនិយោគ​ផ្លូវការ ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា៕

  • សាលា​រាជធានី​ភ្នំពេញ ផលិត​វីដេអូ​ជំ​រុញឱ្យ​ប្រជាជន​ជិះ​រថយន្តក្រុង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍

    សាលា​រាជធានី​ភ្នំពេញ ផលិត​វីដេអូ​ជំ​រុញឱ្យ​ប្រជាជន​ជិះ​រថយន្តក្រុង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍

    ភ្នំពេញ៖ សេវា​ដឹកជញ្ជូន​សាធារណៈ បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ប្រជាជន ក្នុងប្រទេស​អភិវឌ្ឍន៍​នានា ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​រុញច្រាន​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​បាន​លឿន​ថែម​ទៀតផង។

    នៅពេលដែល​មនុស្សម្នាក់ៗកាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន ហើយ​ងាក​មក​ធ្វើដំណើរ​តាម​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ នោះ​ពួកគេ​នឹង​អាច​ចំណេញ​ថវិកា​ក្នុងការ​ធ្វើដំណើរ ចំណេញ​ពេលវេលា​ដើម្បី​ធ្វើ​ការងារ ឬ​អាន​សៀវភៅ មិន​ទើសចិត្ត ឬ​ខាត​ថវិកា​ចំណាយ​លើ​សាំង​នៅពេល​ស្ទះចរាចរណ៍ និង​អាច​សម្រាក​បាន​យ៉ាង​ល្អ​ដែល​អាចធ្វើឱ្យ​ពួកគេ​សន្សំ​ថាមពល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ការងារ​ប្រចាំថ្ងៃ។ នៅ​ប្រទេស​អភិវឌ្ឍន៍ធំៗ សេវាសាធារណៈ ដូចជា​រថយន្តក្រុង និង​រថភ្លើង​ជាដើម​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ការរស់នៅ​របស់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ មិន​ថា​អ្នក​ដែលមាន​ចំណូល​តិច ចំណូល​មធ្យម ឬ​បុគ្គលសំខាន់ៗក្នុងសង្គម​នោះទេ។

    នៅពេលថ្មីៗនេះ សាលា​រាជធានី​ភ្នំពេញ បានចេញ​វីដេអូ​អប់រំ​មួយ​ដែល​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ជិះ​រថយន្តក្រុង​សាធារណៈ ដើម្បី​ធ្វើជា​មធ្យោបាយ​ធ្វើដំណើរ។ ក្នុង​វីដេអូ​នោះ​ក៏​បង្ហាញ​ពី​គុណសម្បត្តិ​ជាច្រើន​សម្រាប់​ការ​ជិះ​រថយន្តក្រុង វិធីសាស្ត្រ​ទូទាត់​សាច់ប្រាក់ និង​វិធីសាស្ត្រ​ចុង​ប៊ូ​តុង​ដើម្បី​ស្នើសុំ​ឈប់​យ៉ាង​ងាយស្រួល​ដើម្បី​ជា​ជំនួយ​ដល់​ប្រជាជន​ដែល​មិន​ធ្លាប់​ប្រើប្រាស់​សេវា​រថយន្តក្រុង​ងាយ​ធ្វើដំណើរ​ដោយ​មិន​បារម្ភ។

    ខាងក្រោម​នេះ​ជា​វីដេអូ​ដែល​សាលា​រាជធានី​ភ្នំពេញ​បានចេញ​កាលពី​ព្រឹក​មិញ​នេះ៖

  • 6ខែ​ដើមឆ្នាំ2018 ការនាំចេញ​អង្ករ​កម្ពុជា ថយចុះ 5.9ភាគរយ ធៀប​ឆ្នាំ2017

    6ខែ​ដើមឆ្នាំ2018 ការនាំចេញ​អង្ករ​កម្ពុជា ថយចុះ 5.9ភាគរយ ធៀប​ឆ្នាំ2017

    របាយការណ៍​ស្ដីអំពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​បាន​បង្ហាញថា រយៈពេល 6ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ក្នុង​ឆ្នាំ2018 ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន 271.537 តោន។ ចំនួន​នេះ​បាន​ថយចុះ 5.9ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​ដូចគ្នានេះ​នៅ​ឆ្នាំ2017 ដែលមាន​ចំនួន 288.562តោន។បញ្ហា​នេះ​គឺ​ដោយសារតែ​តម្រូវការ​ក្រៅ​ស្រុក​បាន​ថយចុះ។

    របាយការណ៍​ដដែល​នោះបាន​ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​ប្រទេស​ទាំង56 ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​នោះគេ​សង្កេតឃើញថា ប្រទេស​ចិន​បាន​កាត់បន្ថយ​ការទិញ​អង្ករ​ពី​កម្ពុជា​យ៉ាងច្រើន គឺ​កាត់បន្ថយ​ពី​ជាង 1ម៉ឺន​តោន​ក្នុង​ខែឧសភា មក​នៅត្រឹម​ជាង 500តោន នៅក្នុង​ខែមិថុនា។ ដោយឡែក​បណ្តា​ប្រទេស​ផ្សេងទៀត រួមមាន​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ប្រហាក់ប្រហែលគ្នា ដែល​កន្លងមក​ទីផ្សារ​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​គឺ ប្រទេស​ចិន​បាន​នាំចូល 6ម៉ឺន​តោន ប្រទេស​បារាំង​ជិត 4ម៉ឺន​តោន ប្រទេស​ម៉ាឡេស៊ី​ជាង 2ម៉ឺន​តោន។

    ចំពោះ​ក្រុមហ៊ុន​ដែល​នាំចេញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺ​ក្រុមហ៊ុន​បៃតង​របស់​ឧកញ៉ា ភូ ពុ​យ​បាន​នាំចេញ​ចំនួន​ជាង 2.3ម៉ឺន​តោន លេខ2 គឺ​ក្រុមហ៊ុន ​City Rice នាំចេញ​បាន 2.1ម៉ឺន​តោន និង​លេខ3ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ដរ​បស់​ឧកញ៉ា គឹម​សាវុធ។ គិត​ជា​សរុប​ក្រុមហ៊ុន​ដែល​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន 68ក្រុមហ៊ុន។

    របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ពី​ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​ក្នុង​រយៈពេល 6ខែ​ក្នុង​ឆ្នាំ2018 នេះដែរ គឺ​ប្រភេទ​អង្ករ​ក្រអូប​ច្រើនជាងគេ ដែលមាន​ចំនួន​ដល់​ទៅ 199.658តោន និង​អង្ក​រស​គ្រាប់​វែង​ចំនួន 54.637តោន។ ក្នុងនោះ​អង្ករ​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​គោល​ដៅ​ច្រើនជាងគេ​នៅ​សហភាព​អឺរ៉ុប(26ប្រទេស)ចំនួន 137.353តោន និង​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន(ម៉ាឡេស៊ី​ប្រ៊ុយណេ សិង្ហ​បុរី និង​វៀតណាម)មាន​ចំនួន 29.375តោន ព្រមទាំង​គោលដៅ​នៅផ្សេងៗទៀត​ចំនួន 26ប្រទេស មាន​ចំនួន 104.809តោន។

    ចំពោះ​របាយការណ៍​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​ប្រចាំខែ​ក្នុង​ឆ្នាំ2018 របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​ដែល​បាន​បំពេញបែបបទ​នាំចេញ​អង្ករ​បាន​បង្ហាញថា នៅ​ខែមករា ការនាំចេញ​អង្ករ​កម្ពុ​ជាមាន​ចំនួន 62.623តោន។ ខែកុម្ភៈ​មាន​ចំនួន 47.809តោន។ ខែមីនា មាន​ចំនួន 50.683តោន។ ខែមេសា មាន​ចំនួន36.239តោន។ ខែឧសភា មាន​ចំនួន 42.865តោន និង​ខែមិថុនា មាន​ចំនួន31.318តោន។

    ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក៏​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ប្រកាស​ឱ្យដឹង​ដែរ​ថា នៅ​ឆ្នាំ2013 កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ចំនួន 378.856តោន។ ឆ្នាំ2014 ចំនួន 387.061តោន។ ឆ្នាំ2015 ចំនួន 538.396តោន។ ឆ្នាំ2016 ចំនួន 542.144តោន។ ឆ្នាំ2017 មាន​ចំនួន 635.679តោន៕

  • ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សមាន​កំណើន​ប្រមាណ​ជាង10% ជា​រៀងរាល់ឆ្នាំ

    ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សមាន​កំណើន​ប្រមាណ​ជាង10% ជា​រៀងរាល់ឆ្នាំ

    យោងតាម​តួលេខ​របស់​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បង្ហាញថា ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ជាតិ និង​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ មាន​ចំនួន​ជាង 5លាន 1សែន​នាក់ កើនឡើង24% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ស៊ិន ចាន់​សេរី​វុត្ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា។

    លោក​បញ្ជាក់ថា៖ «តួលេខ​ខាងលើនេះ គឺ​រាប់បញ្ចូល​ចំនួន​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​ទាំង3 របស់​កម្ពុជា គឺ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន 2លាន 6សែន​នាក់ ព្រលានយន្តហោះ​ខេត្តសៀមរាប ចំនួន 2លាន 3សែន​នាក់ និង​ក្រៅពីនោះ​គឺ​ឆ្លងកាត់​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​ប្រមាណ 2សែន​នាក់»។

    លោក​បានឱ្យដឹងថា ចំនួន​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​ទាំង3 របស់​កម្ពុជា​ប្រសិនបើ​មិនមាន​ព្រឹត្តិការណ៍ធំៗដូចជា​ជំងឺ សារ(SAR) និង​បាតុកម្មផ្សេងៗទេនោះ ជើងហោះហើរ​នឹង​នៅតែមាន​ជាប្រចាំ​ដដែល ជាពិសេស​ជើងហោះហើរ​ក្នុងស្រុក ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អ៊ែ​រវេ​យ៍(Cambodia Airways) ដែល​ទើប​ចាប់ផ្តើម​ប្រតិបត្តិ​ការដឹក​អ្នកដំណើរ​របស់ខ្លួន​នោះ មិនទាន់​អាច​ចាត់ទុកថា ជាការ​បង្កើន​ចំនួន​ភ្ញៀវ​អ្នកធ្វើដំណើរ​នៅឡើយ​ទេ ព្រោះ​គ្រាន់​តែមាន​ផ្លូវ​ហោះហើរ​ថ្មី​នៅក្នុង​ស្រុក​នៅឡើយ ទាល់តែ​ក្រុមហ៊ុន​គាត់​បើក​ការហោះហើរ​ជា​អន្តរជាតិ​ទើប​អាច​ហៅថា ជាការ​ទទួលបាន​ភ្ញៀវថ្មីៗមក នោះ​ទើប​អាច​ចាត់ទុកថា​មាន​កំណើន​ភ្ញៀវទេសចរ។

    លោក​បញ្ជាក់​បន្ថែមថា តែ​រដូវ​នេះ​ជា​រដូវ​ខ្សត់​ភ្ញៀវ ដែល​គេ​ហៅថា Low season គឺ​ចំនួន​ភ្ញៀវ​មានការ​ថយចុះ​ជាធម្មតា ប៉ុន្តែ​កំណើន​ពាណិជ្ជកម្ម​តាមផ្លូវ​អាកាស​នៅតែមាន​ដដែល គឺ​ប្រមាណ​ជាជាង10% ជា​រៀងរាល់ឆ្នាំ។

    លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​អះអាងថា កំណើន​ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សបាន​ឆ្លុះបញ្ចាំង​ពី​កំណើនសេដ្ឋកិច្ច​ការអភិវឌ្ឍ និង​សន្តិភាព​របស់​កម្ពុជា​ដែល​បាន​ផ្តល់នូវ​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ក្នុង​ការបន្ត​បោះទុន​វិនិយោគ​ជា​បន្តបន្ទាប់ និង​មិនចាំបាច់​តែមាន​ជើងហោះហើរ​ត្រង់​ផ្ទាល់(Direct flight)ឬ​មិនផ្ទាល់​នោះទេ សំខាន់​ឱ្យតែ​មាន​កិច្ចព្រមព្រៀង​នៃ​ការតភ្ជាប់​ផ្លូវអាកាស​របស់​ក្រុមហ៊ុន​ណាមួយ​ហើយ​នោះ យើង​នឹង​ទទួលបាន​លំហូរ​ចូល​នៃ​អ្នកដំណើរ​ដែល​នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសជាតិ។

    អគ្គនាយក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា លោក Eric DELOBEL បាន​ថ្លែងថា កិច្ចសហការ​របស់រ​ដ្ឋ​បាល​គយ​ដែល​បាន និង​កំពុងផ្តល់​សេវាកម្ម​នៅក្នុង​អាកាសយានដ្ឋាន​ទាំង3 (ភ្នំពេញ សៀមរាប​និង​ព្រះសីហនុ) បានផ្តល់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដែល​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​នឹង​កំណើន​ទំហំ​ពាណិជ្ជកម្ម​ដែល​គ្របដណ្តប់​ប្រមាណ40% នៃ​សកម្មភាព​របស់​អាកាស​យានដ្ឋាន​ទាំងមូល​ក្នុង2017កន្លងមក៕

  • Woods៖  British Open គឺជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ឈ្នះ​ពាន​ធំ​មួយទៀត

    Woods៖  British Open គឺជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ឈ្នះ​ពាន​ធំ​មួយទៀត

    កីឡាករ​វាយកូនគោល Tiger Woods បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ British Open នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​បំផុត​របស់គេ​ក្នុងការ​ឈ្នះ​ពានរង្វាន់​ធំ​មួយទៀត ហើយ​យុទ្ធនាការ​នេះ អាច​នឹង​ក្លាយជា​សប្តាហ៍​ថ្មី​មួយ​ដើម្បី​បញ្ចប់​ការមិន​ស្គាល់​ឈ្នះ​ពានធំៗសោះ​របស់គេ​រយៈពេល​ច្រើនជាង 1ទសវត្សរ៍ កន្លងមកនេះ។

    ក្នុងពេល​និយាយ​នៅឯ​ទីលាន Carnoustie កាលពី​ថ្ងៃ​អង្គារ ពោលគឺ​រយៈពេល 2ថ្ងៃ​មុនពេល​ការប្រកួត​ជុំ​ទី1 របស់​ព្រឹត្តិការណ៍​នេះ Woods បាន​បញ្ជាក់ថា British Open នឹង​បង្កើតឱ្យមាន​ការប្រើប្រាស់​ថាមពល​តិចតួច ដែលជា​រឿង​ដ៏​ល្អ​សម្រាប់​កីឡាករ​វាយកូនគោល​ម្នាក់​ដែល​ស្ថិតក្នុង​វ័យ​កណ្តាល​ម្នាក់នេះ។

    Tiger Woods walks up the hill towards the 16th green during the first round of the Quicken Loans National golf tournament, Thursday, June 28, 2018, in Potomac, Md. (AP Photo/Nick Wass)

    កីឡាករ​វ័យ 42ឆ្នាំ​រូបនេះ ដែល​ល្បឿន​នៃ​ការ​វាយកូនគោល​របស់គេ​នៅតែ​ស្ថិត​ក្នុងចំណោម​ល្បឿន​ដ៏​លឿន​បំផុត​បើទោះបី​ឈានដល់​វ័យ​កណ្តាល និង​វះកាត់​សាច់ដុំ​ខ្នង​ជាច្រើនលើក​មកហើយ​នោះ បានឱ្យដឹងថា៖ «អ្នក​មិនចាំបាច់​វាយកូនគោល​ឱ្យបាន​ឆ្ងាយ​នៅលើ​ទីលាន​មួយ​ឡើយ ពិតណាស់ ខ្ញុំ​នឹង​និយាយថា វា​នឹង​ផ្តល់ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ឈ្នះ​ពាន​ធំ 1ទៀត»។ ប៉ុន្តែ រូបគេ​ដឹងថា ពេលវេលា​ចេះតែ​ដើរទៅ​មុខ និង​ដឹងថា រូបគេ​នឹងមិន​តែងតែ​អាច​ប្រជែង​ជាមួយនឹង​កីឡាករ​វ័យក្មេង​ជាច្រើន​ទៀតឡើយ។ កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា៖ «កីឡាករ​ជាច្រើន​ដែល​ធ្វើ​បានល្អ កំពុងស្ថិត​ក្នុង​អារម្មណ៍​ដ៏​ល្អ​មួយ ហើយក៏​វាយកូនគោល​បាន​យ៉ាង​ល្អ​ផងដែរ»៕

    ប្រភពពី៖ Channel News Asia

  • Mbappe នឹង​ផ្តល់ប្រាក់ 50ម៉ឺន​ដុល្លារ​ដែល​ខ្លួន​បាន​ពី World Cup ទៅឱ្យ​អង្គការ​សប្បុរសធម៌

    Mbappe នឹង​ផ្តល់ប្រាក់ 50ម៉ឺន​ដុល្លារ​ដែល​ខ្លួន​បាន​ពី World Cup ទៅឱ្យ​អង្គការ​សប្បុរសធម៌

    ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Kylian Mbappe វ័យ 19ឆ្នាំ ទទួលបាន​ប្រាក់ 22,300ដុល្លារ​ក្នុង​មួយ​ប្រកួត​នៃ​យុទ្ធនាការ World Cup បូករួម​ទាំង​ប្រាក់​លើកទឹកចិត្ត 350,000ដុល្លារ​ទៀត​សម្រាប់​ការជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ទទួលបាន​ជ័យជម្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើឱ្យ​រូបគេ​ទទួលបាន​ប្រាក់​សរុប​ទាំងអស់ 50ម៉ឺន​ដុល្លារ។ ប៉ុន្តែ ទោះជា​ដូច្នេះ​ក្ដី តារា​ឆ្នើម​វ័យក្មេង​រូបនេះ​បានប្រកាសថា ខ្លួន​នឹង​ផ្តល់ប្រាក់​ទាំងអស់នោះ​ទៅឱ្យ​អង្គការ​សប្បុរសធម៌ Premiers de Cordees។

    ប្រាក់​ចំនួន​នេះ គ្រាន់តែ​ជា​ចំណែក 1ភាគ​នៃ​ប្រាក់ខែ​សរុប​របស់គេ​ប៉ុណ្ណោះ ខណៈដែល​រូបគេ​ទទួលបាន 1.7លាន​ដុល្លារ​ក្នុង​មួយខែ​ពី​ក្លិប​បច្ចុប្បន្ន​របស់គេ​គឺ Paris-Saint Germain ប៉ុន្តែ​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​នេះ នឹងមាន​ន័យ​យ៉ាង​ធំធេង​សម្រាប់​អង្គការ Premiers de Cordees ដែលជា​អង្គការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​សម្រាប់​កុមារ​ពិការ។

    លោក Sebastien Ruffin អ្នកចាត់ការ​ទូទៅ​រប​ស់​អង្គការ Premiers de Cordee បានឱ្យដឹងថា៖ «Kylian គឺជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។ នៅពេលដែល​កាលវិភាគ​របស់គេ​អនុញ្ញាត គេ​បាន​ចូលមក​ធ្វើ​អន្តរាគមន៍​សម្រាប់​យើង​ទាំង​ភាព​រីករាយ។ រូបគេ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយនឹងក្មេងៗ ដោយ​គេ​តែងតែ​ស្វែងរក​ការប្រើប្រាស់​ពាក្យពេចន៍​យ៉ាង​ត្រឹមត្រូវ​ក្នុងការ​លើកទឹកចិត្ត​ដល់​ពួកយើង»។

    ខ្សែប្រយុទ្ធ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ក្នុងចំណោម​ការប្រកួត 7លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង World Cup ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់ 1គ្រាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ក្រុម​របស់គេ បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្នុង​លទ្ធផល 4-2។ Mbappe ក៏បាន​ឈ្នះ​រង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធនាការ​នេះ​ផងដែរ៕

    ប្រភពពី៖ The Straits Times

  • ធនាគារពិភពលោក ផ្តល់​ឥណទាន​សម្បទាន 200លាន​ដុល្លារ ដើម្បី​ជួយ​វិស័យ2 នៅ​កម្ពុជា

    ធនាគារពិភពលោក ផ្តល់​ឥណទាន​សម្បទាន 200លាន​ដុល្លារ ដើម្បី​ជួយ​វិស័យ2 នៅ​កម្ពុជា

    ភ្នំពេញ៖ ធនាគារពិភពលោក​បាន​សម្រេច​ផ្តល់​សម្បទាន​លើក​ទី2 ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 200លាន​ដុល្លារ​អាមេរិក ដ​ម្រា​ប់​កែលម្អ​ប្រព័ន្ធ​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី2។

    ជំនួយ​នេះ​នឹង​ជួយ​លើ​គម្រោង​ពង្រឹងសមត្ថភាព​គ្រូបង្រៀន និង​ស្រាវជ្រាវ​សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន5នៅ​កម្ពុជា​រួមមាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង។ ជំនួយ​នេះ​ក៏​នឹង​ជួយ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកជន​មួយចំនួន​ដែលជា​រួម​នឹង​អាចជួយ​ដល់​សិស្ស​សរុប​ប្រមាណ 16,356នាក់​នៅ​ទ​ទូទាំងប្រទេស។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា​គម្រោង​កែលម្អ​វិស័យ​អប់រំ​ផ្នែក​ឧ​ត្ត​មសិ​ក្សា​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ 92.50លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​មាន​ថវិកា​ប្រមាណ 90លាន​ដុល្លារ​ជា​ថវិកា​ឥណទាន​ពី​សហរដ្ឋអាមេរិក និង​ចំនួន 2.5លាន​ដុល្លារ​ជា​ថវិកាបដិភាគ។ គម្រោង​នេះ​នឹង​ផ្តោត​សំខាន់​ដើម្បី​ជំរុញ​ការអប់រំ​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និង​កសិកម​ម ដែលជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស។

    ចំណែកឯ​ជំហាន​ទី2 គឺ​ហិរញ្ញប្បទាន​បន្ថែម​ប្រមាណ 113លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ថវិការ​សម្បទាន​ពី​ធនាគា​ពិភពលោក​ចំនួន 110លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ចំនួន 3លាន​ដុល្លារ​អាមេរិក គឺ​សម្រាប់ធ្វើ​ការវិនិយោគ​លើ​ការស្តារ និង​ពង្រីក​ផ្លូវជាតិ​លេខ4 ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ៕

  • សណ្ឋាគារ Palace Gate Hotel & Resort ទទួលបាន​ពានរង្វាន់2 ក្នុងពេល​តែ1

    សណ្ឋាគារ Palace Gate Hotel & Resort ទទួលបាន​ពានរង្វាន់2 ក្នុងពេល​តែ1

    ភ្នំពេញ៖ Palace Gate Hotel & Resort គឺជា​សណ្ឋាគារ​ដ៏​ប្រណីត​ថ្មី​មួយ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​បេះដូង​នៃ​ទីក្រុង​ដ៏​រស់​រវើក​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបតែ​បើក​ដំណើរ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិបាន​រយៈ​មួយឆ្នាំ​សោះ ក៏​ទទួលបាន​ពានរង្វាន់​ចំនួន2 ក្នុងពេល​តែ1 ទៅហើយ។

    ថ្មីៗនេះ​ក្រុមហ៊ុន Prix Villegiature ដែលជា​គណៈកម្មការ​វាយតម្លៃ​ទៅលើ​សណ្ឋាគារ​ដែល​ល្អ​ដាច់​គេ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប អាស៊ី អាហ្វ្រិក និង​ម​ជ្ឈឹ​ម​បូព៌ា បានផ្ដល់​ពានរង្វាន់​ដល់​សណ្ឋាគារ Palace Gate Hotel & Resort ជា «សណ្ឋាគារ​តែមួយគត់​ដ៏​ល្អ​បំផុត​នៅ​អាស៊ី (Best unique hotel in Asia)» និង​ពានរង្វាន់​មួយទៀត​គឺជា «សណ្ឋាគារ​ដែលមាន​រចនា​បទ និង​ស្ថាបត្យកម្ម​ខាងក្នុង​ល្អ​បំផុត​នៅ​អាស៊ី (Best interior design and Architecture design in Asia)» ។

    លោក ធី សុធា នាយក​គ្រប់​គ្រង់​ទូទៅ​នៅ​សណ្ឋាគារ Palace Gate Hotel & Resort បាន​ថ្លែងឱ្យដឹងថា៖ ហេតុ​ផង​ដែល​ខាង​ក្រុមហ៊ុន Prix Villegiature បានជ្រើសរើស និង​កំណត់ឱ្យ​សណ្ឋាគារ Palace Gate Hotel & Resort ជាប់​ចំណាត់ថ្នាក់​លេខ1 ក៏​ព្រោះ​តែមាន​កត្តា2ធំៗដែល​យើង​គឺ​ទី1 កត្តា​ស្ថាបត្យកម្ម ព្រោះ​សណ្ឋាគារ Palace Gate Hotel & Resort មាន​រចនាបទ និង​ស្ថាបត្យកម្ម​បែប​វប្បធម៌​ខ្មែរ ស្ទើរតែ​គ្រប់កន្លែង​មិន​ថា បន្ទប់​គេង បន្ទប់ទឹក សួរ​កម្សាន្ត អាង​ហែល​ទឹក ភោ​ជនី​ដ្ឋា​ន​ជាដើម ដែល​ធ្វើឱ្យ​ភ្ញៀវ​ដែល​បានមក​ស្នាក់​នៅទីនេះ​គាត់​ទទួលបាន​អារម្មណ៍​ពិត ពាក់ព័ន្ធ​នឹង​វប្បធម៌​របស់​ខ្មែរ និង​អារម្មណ៍​ពី​សណ្ឋាគារផ្សេង។ កត្តា​ទី2 ដែល​ធ្វើឱ្យ Palace Gate Hotel & Resort ជាប់​ជា «សណ្ឋាគារ​តែមួយគត់​ដ៏​ល្អ​បំផុត​នៅ​អាស៊ី» ក៏​ព្រោះតែ​ភ្ញៀវ​ដែល​បានមក​ស្នាក់នៅ បានផ្ដល់​មតិ​ត្រឡប់ (feedback) ថា Palace Gate Hotel & Resort ជា​សណ្ឋាគារ​ដែល​ល្អ ទាំង​សេវាកម្ម តម្លៃ រួមទាំង​អ្វីផ្សេងៗទៀត បើ​ប្រៀប​ធៀន​ទៅនឹង​សណ្ឋាគារ​ដទៃ​គឺ Palace Gate Hotel & Resort ល្អ​ជាងគេ។

    នាយក​គ្រប់​គ្រង់​ទូទៅ​រូបនេះ បានបញ្ជាក់​បន្ថែមទៀត​ថា ការទទួលបាន​ពានរង្វាន់​នេះ ក៏បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ផងដែរ ជាពិសេស​គឺ​វិស័យ​ទេសចរណ៍ ព្រោះ​ខាង​ក្រុមហ៊ុន Prix Villegiature នឹង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​សេវាកម្មល្អៗទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា៕

  • ផាក​កាហ្វេ សាខា​ភ្នំពេញ​សិន​ធើរ ចាប់ផ្តើម​បើកសម្ពោធ​ហើយ

    ផាក​កាហ្វេ សាខា​ភ្នំពេញ​សិន​ធើរ ចាប់ផ្តើម​បើកសម្ពោធ​ហើយ

    កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ភោជនីយដ្ឋាន ផាក​កាហ្វេ សាខា​ភ្នំពេញ​សិន​ធើរ ដែលជា​សាខា​ទី14 របស់​ក្រុមហ៊ុន ផាក​កាហ្វេ ហ្វ៊ូ​ត អេ​ន បេ​វើ​រី​ច ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី16 ខែកក្កដា ឆ្នាំ2018នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាច្រើនរូប។

    ភោជនីយដ្ឋាន ផាក​កាហ្វេ ជាទូទៅ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ហាង​ដែល​បាន​ផ្តោត​សំខាន់​ទៅលើ​គុណភាព និង​អនាម័យ​ម្ហូបអាហារ ជាពិសេស​គ្មាន​ជាតិ​ប៊ីចេង ព្រមទាំង​មានការ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​នូវ​គុណភាព​សេវាកម្ម​របស់ខ្លួន និង​កត្តា​ធនធានមនុស្ស បានធ្វើឱ្យ ផាក​កាហ្វេ ប្រែ​ក្លាយខ្លួនជា​អាជីវកម្ម​បែប​គ្រួសារ មកជា​អាជីវកម្ម​បែប​ស្តង់ដារ។ មកទល់ពេលនេះ ហាង ផាក​កាហ្វេ បាន​ពង្រីក​សាខា​របស់​ខ្លូន​រហូតដល់15សាខា គិត​ត្រឹម​ខែកក្កដា ឆ្នាំ2018  ដោយ​ក្នុង​មួយឆ្នាំ ផាក​កាហ្វេ បានទទួល​អតិថិជន​ប្រមាណ​ជាង1.5លាន​នាក់។

    ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នេះ​ផងដែរ លោក ហេង សេង​លី អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ផាក​កាហ្វេ បានឱ្យដឹងថា ក្រុមហ៊ុន​បានចាប់ផ្តើម​លក់​សិទ្ធិ​អាជីវកម្ម​លើកដំបូង​គឺ​នៅក្នុង​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្តល់​សិទ្ធិ​អាជីវកម្ម​ចំនួន8ហើយ ដោយ​ខ្លះ​បាន​ដំណើរការ ហើយ​ខ្លះទៀត​កំពុងធ្វើការ​សាងសង់ និង​គូរ​ប្លង់ ហើយ​ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​មើល​ទីតាំង​មួយចំនួនទៀត រួមទាំង​ទីតាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្តា​ខេត្តធំៗមួយចំនួនទៀត​ផងដែ​រ។

    បន្ថែម​ពីលើ​ការលក់​សិទ្ធិ​អាជីវកម្ម ក្នុងនោះ​ក្រុមហ៊ុន ផាក​កាហ្វេ ក៏បាន​បើក​ឱ្យ​ដំណើរការ2សាខា​ទៀតផង​ដែរ កាលពី​ខែមិថុនា​កន្លងទៅ គឺ​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ សី​ុ​ធី និង​មួយទៀត​នៅ​ខេត្តកំពង់ចាម។

    គួរបញ្ជាក់​ផងដែរ​ថា ភោជនីយដ្ឋាន ផាក​កាហ្វេ ចាប់ផ្តើម​បើក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ2004មកម្ល៉េះ ហើយ​ក្រុមហ៊ុន​នេះ​មាន​ចក្ខុវិស័យ​ពង្រីក​ខ្លួន​ឱ្យ​ក្លាយជា​ភោជនីយដ្ឋាន​លំដាប់​លេខ1នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​គុណភាព​ម្ហូបអាហារ សេវាកម្ម និង​ការ​រចនា​ភោជនីយដ្ឋាន​ឱ្យ​កាន់តែ​ទំនើប។

    ក្នុងនោះដែរ ក្រុមហ៊ុន ផាក​កាហ្វេ ក៏មាន​គម្រោង​ក្នុងការ​ពង្រីក​ឱ្យបាន60សាខា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្តធំៗនៅក្នុង​ឆ្នាំ2022 ដោយ​រំពឹងថា នឹង​អាច​ក្លាយជា​ចំណែក​មួយ​ចូលរួម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការជួយ​គាំទ្រ​ផលិតផល​ខ្មែរ និង​ការបង្កើត​ការងារ​បន្ថែម​សម្រាប់​ប្រជាជន​កម្ពុជា​ប្រមាណ1,350នាក់​បន្ថែម​ពីលើ​អ្នក​ដែល​កំពុង​បម្រើ​ការងារ​នាពេល​បច្ចុប្បន្ន ដែលមាន​ប្រមាណ​ជា450នាក់៕

  • ហេតុអ្វី​បានជា​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ បង្កើត​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ ហើយ​វា​ផ្តល់​គុណប្រយោជន៍​អ្វីខ្លះ?

    ហេតុអ្វី​បានជា​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ បង្កើត​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ ហើយ​វា​ផ្តល់​គុណប្រយោជន៍​អ្វីខ្លះ?

    ភ្នំពេញ៖ វ៉េ​ស្ទ​ឡា​ញន៍ គឺជា​ស្ថាប័ន​អប់រំ​មួយ ដែល​បង្កើតឡើង​ដោយ​ផ្អែកលើ​គោលការណ៍ គុណភាព គុណធម៌ មនុស្សធម៌ និង​ភាពជា​អ្នកដឹកនាំ ជាពិសេស​គឺ ដើរ​ស្រប​ជាមួយ​កម្មវិធីសិក្សា​បែប​អឺរ៉ុប ដែល​អាច​ផ្តល់ឱ្យ​សិស្ស​នូវ​ចំណេះដឹង ទាំង​ផ្នែក​បញ្ញា ស្មារតី សីលធម៌​រស់នៅ និង​កាយសម្បទា ហើយ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​បាន​បញ្ចូល​នូវ​កម្មវិធីសិក្សា​ថ្មី ដែលមាន​ឈ្មោះថា «កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ»។

    តើ​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ​មាន​អ្វីខ្លះ? ហើយ​ផ្តល់​គុណប្រយោជន៍​យ៉ាងដូចម្តេចខ្លះ?

    លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡា​ញន៍ អេ​ឌ្យូ​ខេ​សិន គ្រុប បានបញ្ជាក់​នៅ​ក្នុង​សិក្ខាសាលា ​ទម្លាប់​ទាំង 7 ​សម្រាប់​គ្រួសារ ​«គន្លឹះ​​ឆ្ពោះ​ទៅ​កាន់​​ភាព​ជោគជ័យ» ​នា​រសៀល​ថ្ងៃ​ទី ​14 ​ខែ​កក្កដា​​ថា ឆ្នាំ​សិក្សា​ថ្មី​នេះ គ្រប់​សាខា​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​ទាំងអស់​ត្រូវបាន​ដាក់បញ្ចូល​នូវ​កម្មវិធីសិក្សា​ថ្មី ដែលមាន​ឈ្មោះថា  «កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ» ដោយ​អាណាព្យាបាល​ចុះឈ្មោះ​បុត្រ​ធីតា នឹង​បាន​សិក្សា​មួយ​គ្រួសារ។

    ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រូបនេះ បាន​បញ្ជាក់ថា មូល​ហេតុដែល​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​បង្កើត «កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ» ដោយសារ​លោក​បានគិត​ឃើញថា មាតាបិតា​គាត់​ត្រូវការ​ចំណូល ហើយ​ចំណូល​គាត់​កើតចេញ​ពីរកស៊ី ឬ​ធ្វើការ អីចឹង​ហើយ​បានជា​យើង (សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍) បង្កើត​កម្មវិធី​ស​ក្សា​នេះ​ឡើង ដើម្បី​ជួយ​អាណាព្យាបាល​ឱ្យមាន​ចំណូល​និរន្តរ៍​កាន់តែ​ល្អ និង​រីកចម្រើន​ការងារ ឬ​មុខ​បរបរ ហើយក៏​ចង់ឱ្យ​សុភមង្គល​គ្រួសារ​កាន់តែ​ល្អ ក៏ដូចជា​យើង​អាចធ្វើ​ការ​ជាមួយ​កូន​គាត់​បាន​ច្រើន អីចឹង​ក្នុង​ហ្នឹង​មាន​កម្មវិធីសិក្សា​ដោយ​ឥតគិតថ្លៃ​នោះ​មានដូចជា៖

    1/ កម្មវិធី​ប​ណ្តះ​បណ្តាល​ទម្លាប់​ល្អ​ទាំង 7

    2/ កម្មវិធី​បណ្តុះបណ្តាល និង​ប្រឹក្សា​យោបល់​ចិត្តសាស្ត្រ

    3/ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​អភិវឌ្ឍ​អាជីវកម្ម

    4/ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​អភិវឌ្ឍ​អាជីព​ការងារ។

    លោក ប៉ិច បូ​ឡែ​ន បាន​បន្ថែម​ចុងក្រោយ​ថា ដូច្នេះ​ដើម្បី​ធានា​ឱ្យ​បុត្រ​ធីតា​របស់​ពួកយើង​គ្រប់រូប អាច​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ដើម្បី​ឆ្លើយតប​ទៅនឹង​គុ

    ណភាព​ទីផ្សារការងារ​ទាំង​ក្នុង​បច្ចុប្បន្ន និង​ក្នុង​ពេលអនាគត គឺ​តម្រូវឱ្យ​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់​សហការគ្នា ដើម្បី​លើកកម្ពស់ និង​ជ្រោមជ្រែង​បុត្រ​ធីតា​ក្នុងការ​អភិវឌ្ឍន៍​ផ្នែក​ចំណេះដឹង។ ហើយ​ដើម្បី​បានសម្រេច​នូវ​ការអភិវឌ្ឍន៍​មួយ​នេះ យើង​ឃើញថា​ការអប់រំ គឺជា​ការងារ​ដ៏​សំខាន់​មួយ​ដែល​ទាមទារ​ពេលវេលា និង​ធនធាន​របស់​មាតាបិតា និង​អាណាព្យាបាល។ ការអប់រំ​នេះ​នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា សង​ត្រលប់​មកវិញ​ដ៏​ល្អប្រសើរ​បំផុត សម្រាប់​បុត្រាបុត្រី​របស់​យើង​ក្នុង​ថ្ងៃ​អនាគត៕