Author: វល័ក្ខ

  • ទុនបម្រុង​ក្នុង​វិស័យ​ធនាគារ​កើនឡើង​ជាង16ភាគរយ

    ទុនបម្រុង​ក្នុង​វិស័យ​ធនាគារ​កើនឡើង​ជាង16ភាគរយ

    គ្រឹះស្ថាន​ធនាគារ​បាន​បន្ត​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​មាន​កំណើន​ប្រមាណ​ជា12.2% ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 125.2ទ្រី​លាន​រៀល ឬ​ប្រហែល​នឹង 31ប៊ី​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆមាស​ទី1 ឆ្នាំ2018នេះ។

    របាយការណ៍​របស់​ធ​នាគារ​ជាតិ​បានឱ្យដឹងថា ស្រប​ពេលដែល​ទ្រព្យសកម្ម​កើនឡើង​នេះ បានធ្វើឱ្យ​ឥណទាន​កើន​ឡើងជា​បន្តបន្ទាប់​ដែលមាន​ចំនួន​ប្រមាណ​ជា16.8% ស្មើនឹង70.6ទ្រី​លាន​រៀល។ ក្នុងនោះ​ដើមទុន​មាន​កំណើន​ប្រមាណ​ជា 22.7% ដល់14.8 ទ្រី​លាន​រៀល និង​កំណើន​មូលនិធិ​កម្ចី​ប្រមាណ​ជា33% ស្មើនឹង6.6ទ្រី​លាន​រៀល និង​កំណើន​ប្រាក់​បញ្ញើ​ប្រមាណ 21.5% ស្មើនឹង 77.4ទ្រី​លាន​រៀល។

    គ្រឹះស្ថាន​ធនាគារ​បាន​ពង្រីក​ការផ្តល់សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ភាពងាយស្រួល​ជាង​មុន តាមរយៈ​ការពង្រីក​សាខា​រហូតដល់ 862សាខា ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ(ATM) ដល់​ទៅ 1,593គ្រឿង។ ការប្រើប្រាស់​ប័ណ្ណឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ជាមួយនឹង​កំណើន 36.6% ស្មើនឹង 88,533ប័ណ្ណ និង16.4% ដល់ 1,9 លាន​ប័ណ្ណ​តាម​លំដាប់។

    របាយការណ៍​បង្ហាញថា ឥណទាន​ជា​ប្រភព​ទុន​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​ដល់​ការបង្កើត និង​ពង្រីក​អាជីវកម្ម និង​តម្រូវការ​ប្រើប្រាស់ ដែលជា​កត្តា​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា និង​ការកាត់បន្ថយ​ភាពក្រីក្រ។ ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​បាន​ចូលរួមចំណែក​ទៅលើ​វិស័យសេដ្ឋកិច្ច រួមមាន​ការជួញដូរ​រាយ17.4% ការជួញដូរ​ដុំ11.7% កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ9.8% សំណង់9.9% ការផ្ដល់​កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ 9.4% សេវាកម្ម​មិនមែន​ហិរញ្ញវត្ថុផ្សេងៗទៀត7.1% កម្មន្តសាល​កម្ម5.9% ការជួញដូរ​អចលនទ្រព្យ 6.3% សណ្ឋាគារ និង​ភោជនីយដ្ឋាន4.5% និង​វិស័យផ្សេងៗទៀត18%៕

  • ទេសចរណ៍​ក្នុងស្រុក​មាន​កំណើន​ភ្ញៀវ​ពី1ឆ្នាំ ទៅ1ឆ្នាំ ប្រមាណ 6%

    ទេសចរណ៍​ក្នុងស្រុក​មាន​កំណើន​ភ្ញៀវ​ពី1ឆ្នាំ ទៅ1ឆ្នាំ ប្រមាណ 6%

    ពិព័រណ៍​ទេសចរណ៍​ជាតិ​ដ៏​ធំ ជា​លើកដំបូង​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA =The Cambodia Association of Travel Agents)ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ដែល​កំពុងមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី22 ខែកក្កដា ឆ្នាំ2018 ម្សិលមិញ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយថា វិស័យ​ទេសចរណ៍​កម្ពុជា ដែលជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា «មាស​បៃតង»។ វិស័យនេះ​បាន​នឹង​កំពុង​បោះជំហាន​ទៅមុខ និង​រីកចម្រើន​ជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់ឆ្នាំ បានរួម​ចំណែក​ប្រមាណ12% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង 62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​ទៀត។

    លោក​រដ្ឋមន្ត្រី​បន្តថា សម្រាប់​ទេសចរណ៍​ក្នុងស្រុក កំណើន​ភ្ញៀវ​មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ (6% ជា​មធ្យម)។ ជាក់ស្តែង នៅ​ឆ្នាំ2015 ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង 9.6លាន​នាក់ កើន​ដល់​ជាង 10លាន​នាក់​នៅ​ឆ្នាំ2016 និង​ជិត 11លាន​នាក់​នៅ​ឆ្នាំ2017 ហើយ​ជា​ចក្ខុវិស័យ​ក្រសួងទេសចរណ៍​រំពឹងថា នឹងមាន​ទេសចរ​ប្រមាណ 19លាន​នាក់​នៅ​ឆ្នាំ2025។

    ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​មាន 5.6លាន​នាក់​នៅ​ឆ្នាំ2017 កើនឡើង11.8%។ ហើយ​ក្នុង​រយៈពេល5ខែ ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ 2,6លាន​នាក់។ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 6.2លាន​នាក់​នៅ​ឆ្នាំ2018នេះ 7លាន​នាក់​នៅ​ឆ្នាំ2020  និង15លាន​នាក់​នៅ​ឆ្នាំ2030។

    ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​បញ្ជាក់ថា ពិព័រណ៍​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​រដ្ឋាភិបាល​ឱ្យសម្រេចបាន​ទិសដៅ​ទេសចរណ៍​របស់ខ្លួន។ «ខ្ញុំ​ជឿថា តាមរយៈ​ពិព័រណ៍​នេះ​ជា​លើកដំបូង​នៅ​កម្ពុជា​យើង​នឹង​ខិត​កាន់តែ​កៀក​ដល់​គោលដៅ​របស់​យើង​ក្នុងចំណោម​ទេសចរ​ក្នុងស្រុក​ចំនួន 11 លាន​នាក់​ត្រឹម​ឆ្នាំ2025»។

    លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម CATA បាន​ថ្លែងថា៖ «ការតាំងពិព័រណ៍​នេះ​បាន​លើកកម្ពស់​តំបន់​ទេសចរណ៍​កម្ពុជា​ជាមួយនឹង​ការធ្វើដំណើរ​ក្នុងស្រុក» ។ ប្រតិបត្តិ​ករ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អ្នក​ផលិត​ផលិតផល​ក្នុងស្រុក ក៏បាន​បង្ហាញ​ពី​សេវាកម្ម និង​ផលិតផល​របស់​ពួកគេ​ក្នុង​រយៈពេល 3ថ្ងៃ ហើយ​ក៏បាន​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ទទួល​បានកា​រ​យល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​ផលិតផល និង​ម្ហូបអាហារ ដែល​ក្នុង​ពិព័រណ៍​នេះ​មាន​ស្តង់​បង្ហាញ​ផលិតផល​ទេសចរណ៍​ប្រមាណ​ជា 150ស្តង់។

    លោកស្រី​បន្តថា៖ «ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​កំពុង​ជ្រើសរើស​ធ្វើដំណើរ​ទេសចរណ៍​ក្នុងប្រទេស ពិសេស​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ។ ការកែលម្អ​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ត្រូវតែ​ជា​អាទិភាព​សម្រាប់​វិស័យ​សាធារណៈ និង​ឯកជន។ យើង​ចាំបាច់​ត្រូវ​បន្ត​ធ្វើឱ្យ​គោលដៅ​ទេសចរណ៍​របស់​យើង​កាន់​តែមាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​បរទេស»៕

  • រឿង​ពិត និង​ចម្លែក «ចង់​សម្លាប់​មនុស្ស ដើម្បីឱ្យ​ម្ដាយ​មាន​មោទនភាព?!»

    រឿង​ពិត និង​ចម្លែក «ចង់​សម្លាប់​មនុស្ស ដើម្បីឱ្យ​ម្ដាយ​មាន​មោទនភាព?!»

    រឿងរ៉ាវ​ដ៏​ចម្លែក​មួយ​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​កាល​ខែ​កន្លងទៅ ដោយ​ជនល្មើស​ជា​យុវជន​ម្នាក់(សូម​លាក់​អត្តសញ្ញាណ​ទាំងអស់​នៅក្នុង​បទ​យកការណ៍​នេះ ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​តួ​បុគ្គល និង​ទីកន្លែង) មាន​វ័យ​ទើបតែ 18ឆ្នាំ ដែលមាន​អតីតកាល​ពោរពេញ​ដោយ​វិបត្តិ និង​សម្ពាធ​ផ្នែក​ផ្លូវចិត្ត​ដោយសារ​ការ​មើលងាយមើលថោក និង​ត្រូវ​ជេរ​ស្ដីបន្ទោស​រហូត​ចាំ​ជាប់​នៅក្នុង​ចិត្ត ទើប​ធំ​ឡើង​ចង់​សម្លាប់​មនុស្ស ព្រោះ​រំពឹង​ឱ្យ​ម្ដាយ​មាន​ក្ដី​មោទនភាព​ចំពោះ​ខ្លួន។

    គេ​មិនដែល​ស្គាល់មុខ​ឪពុក​តាំងពី​ពេល​កើតមក មិនដែល​ដឹងថា តើ​ឪពុក​ជា​នរណា​ឡើយ។ រឿង​តែមួយគត់​ដែល​ធ្វើ​ឱ្យគេ​ស្គាល់​ពាក្យ​ថា ឪពុក​នោះ​គឺ ពាក្យសម្ដី​របស់​ម្ដាយ​គេ​ដែល​ស្រែកជេរ​បញ្ចោរ​ឡើង​ថា “មុខ..ហ្អ៉.. ដូច​អា..ច.ម្រ៉.. ហ្នុ៎​ង​អ៊ីចឹង!!” ហ្នឹងឯង​គឺជា​រឿង​តែមួយគត់​ដែល​ភ្ជាប់​រូបគេ​ទៅនឹង​ឪពុក…។

    ម៉ែ គឺជា​មនុស្ស​តែ​ម្នាក់​គត់​នៅក្នុង​ជីវិត​របស់គេ ជា​មនុស្ស​ដែល​គេ​ស្រឡាញ់ ខឹង ខ្លាច និង​ស្អប់​បំផុត​នៅក្នុង​ចិត្ត។ រឿង​តែមួយគត់​ដែល​ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ធូរស្រាល គឺ​ការ​បាន​យក​សត្វ​ជីងចក់​មក​ធ្វើបាប​លេង។ គេ​តែង​ចាប់​សត្វ​ជីងចក់​មក​ចង​ឆ្កាង ហើយ​យក​ចុង​ខ្មៅ​ដៃ​ចាក់​វះ កាត់​ជាបំណែក។ គេ​សម្លឹងមើល​សត្វ​ជីងចក់​ដែល​ព្យាយាម​រើបម្រះ​ដើម្បីឱ្យ​រស់​ជីវិត តែ​ក៏​មិនអាច​គេច​រួច​បានឡើយ។ វា​ធ្វើ​ឱ្យគេ​មាន​សេចក្ដីសុខ​បាន​បន្តិច​ដែរ ក្រោយពី​ត្រូវ​ម្ដាយ​ស្រែកជេរ​បញ្ចោរ និង​វាយ​ទះតប់​រួចមក។

    ព្រឹក​ថ្ងៃមួយ ម៉ែ​ស្រែក​គំហក និង​ធាក់​រូបគេ​ធ្លាក់​ពីលើ​គ្រែ។ គេ​ភ្ញាក់​ចេញពី​ក្ដី​សុបិន​ដែល​កំពុងមាន​អារម្មណ៍​ថា កំពុង​ស្ថិតនៅលើ​ទូក​នៅក្នុង​សមុទ្រ​ដែលមាន​រលកធំៗដូច​នៅក្នុង​ខ្សែភាពយន្ត។ “នោម​ដាក់​កន្លែងដេក​ទៀ​ត​ហើយ​ហ្អេ៎ អា..ច.ម្រ៉..! អាយុ 10ឆ្នាំ​ហើយ នៅតែ​ដេក​នោម​ដូច​ក្មេង​អាយុ 3ឆ្នាំ​ទៀត!” រួចហើយ​ម៉ែ​ទះកំភ្លៀង​គេ​មួយ​ដៃ​យ៉ាងខ្លាំង គេ​ភ្ញាក់ និង​ភ័យ​ខ្លាំងណាស់។ កន្លងមក គេ​ទ្រាំ​ទប់​នោម​មិនសូវ​បានឡើយ រៀងរាល់​យប់​គេ​តែង​យល់សប្តិ និង​រាក​នោម​ជានិច្ច ទើប​ធ្វើឱ្យ​នៅលើ​កន្លែង​គេង​ប្រឡាក់​ពេញ​ទៅដោយ​ទឹកនោម។ គេ​ដេក​នោម​ញឹកញាប់​រហូតដល់​ម៉ែ​ដេញ​គេ​ឱ្យទៅ​ដេក​នៅក្នុង​ចង្ក្រាន​បាយ។ “វា​ថី​ហ្អែ​ង?!…អត់​ចេះ​ទ្រាំ​នោម​ទេ​ហ្អី​យ៉ាងម៉េច?!”

    ម៉ែ​មាន​ប្ដី​ថ្មី​ញឹកញាប់។ ម៉ែ​ជា​អ្នកលក់​នំគ្រក់​នៅក្នុង​ផ្សារណាត់ មាន​មនុស្ស​ប្រុស​មក​ទាក់ទង ហើយ​នៅ​ជាមួយគ្នា​មួយរយៈ រួច​ក៏​ទៅ​បាត់ អ្វីដែល​នៅសល់ គឺ​ការ​ពពោះ​ជាថ្មី។ មិនយូរប៉ុន្មាន គេ​ក៏បាន​ប្អូនស្រី​ម្នាក់ និង​ប្អូនប្រុស​ម្នាក់ ដែល​គេ​ក៏​មិនសូវ​ជា​ស្និទ្ធស្នាល​ជាមួយ​ប៉ុន្មាន​ឡើយ​ទោះជា​ខំព្យាយាម​យ៉ាងណាក៏ដោយ។ ម៉ែ​លក់​នំគ្រក់​បាន​ប្រា​ក់មក​ចិញ្ចឹមកូនៗ នៅសល់​ប៉ុន្មាន​ក៏​យកទៅ​ផឹកស្រា​សប្បាយ “ជីវិត​វា​ចោលម្សៀត​មែនទែន”

    គេ​តាម​ម៉ែ​ទៅ​លក់​នំគ្រក់​នៅឯ​ផ្សារណាត់ ធ្វើ​គ្រប់សព្វ​តាម​ម៉ែ​បញ្ជា តែ​មិនដែល​លឿន​ជាង​ដៃ​ម៉ែ​ដែល​វាត់​ផាច់ៗមកលើ​ខ្លួនគេ​ម្ដង​ហើយ​ម្ដងទៀត​គ្រប់​ពេលដែល​គេ​ធ្វើ​ខុស​ឡើយ “អា..ច.ម្រ៉..!! ធ្វើ​អី​ឱ្យ​អញ​សប្បាយចិត្ត​ខ្លះ​ផង​បានទេ!?” ប្រយោគ​នេះ​បន្លឺ​ចេញ​មកជា​ញឹកញាប់​រហូតដល់​គេ​កើតមាន​គំនិត​បង្កប់​នៅក្នុង​ចិត្ត​ថា ត្រូវតែ​ធ្វើឱ្យ​ម៉ែ​សប្បាយចិត្ត និង​មាន​មោទនភាព​នៅ​ថ្ងៃ​ណាមួយ​ឱ្យបាន ត្រូវតែ​ធ្វើឱ្យបាន…។

    នាពេល​រាត្រី​មួយ​ដែល​រូបគេ​ធំធាត់​ឡើង​ល្មម​នឹង​រត់គេច​ចេញពីផ្ទះ​បាន​ហើយ។ ខណៈពេលដែល​ម៉ែ​កំពុង​លង់លក់​ដោយ​ឥទ្ធិពល​សុរា គេ​តែងតែ​យក​ដែកកេះ​មក​ដុត​ស្មៅស្ងួតៗលេង។ គេ​មាន​សេចក្ដីសុខ​ខ្លាំងណាស់​ដែល​បានឃើញ​អណ្ដាតភ្លើង​ដែល​ឆាបឆេះ វា​ធ្វើឱ្យ​បេះដូង​របស់គេ​លោត​រណ្ដំ ញាប់​ញ័រ​ហាក់ដូចជា​មានអំណាច​យ៉ាង​មហាសាល។

    អំឡុង​ពេលនោះ ផ្សារណាត់​បាន​លេចឮ​ដំណឹង​ចចាមអារ៉ាម​ពី​ការបាត់​សត្វ​ឆ្មា​ពនេចរ​ជាច្រើន​ក្បាល។ ស្ត្រី​អ្នកលក់ដូរ​ជាច្រើន​នាក់​នឹក​សង្ស័យថា តើ​អា​ពួក​សត្វ​ឆ្មា​ដែល​តែងតែ​មក​ដើររក​ចំណី​ស៊ី​ជាប្រចាំ​នោះ វា​បាត់​ទៅណា​អស់?។ គេ​ក៏​មិនដែល​និយាយ​អំពី​រឿង​អាថ៌កំបាំង​នេះដែរ ព្រោះ​កន្លងមក គេ​តែង​ជន្ល​សត្វ​ឆ្មា​ពនេចរ​នោះ​ដោយ​ចំណី ហើយ​ចាប់​វា​សម្លាប់​ដោយ​ផ្លែ​ឡា​ម​តូច​មួយ។ សេចក្ដីសុខ​ដែល​បានឃើញ​ពួកវា​កំពុងតែ​ដាច់ខ្យល់​ងាប់ និង​ឈាម​ក្រហមច្រាល​ធ្វើ​ឱ្យគេ​ញញឹម​យ៉ាង​មាន​សេចក្ដីសុខ រួចហើយ​ទើប​នាំយក​សាកសព​ឆ្មា​នោះ​ទៅ​បោះចោល​នៅក្នុង​ធុងសំរាម ដាក់​ក្នុង​ថង់​ខ្មៅ និង​ចង​មាត់​យ៉ាង​ជិត។ បើ​ម៉ែ​ដឹង ម៉ែ​អាច​នឹង​សប្បាយចិត្ត…។

    ក្នុង​រាត្រី​នៃ​ក្ដី​រសាប់រសល់​មួយ គេ​សាកល្បង​កេះ​ដែកកេះ ហើយ​បណ្ដោយឱ្យ​អណ្ដាតភ្លើង​ឆេះ​រាល​ទៅលើ​សំណង់​ឈើ​ដែលជា​ប៉ម​យាម​តូច​មួយ។ ភ្លើង​ឆេះ​ថ្គោល​ឡើង​យ៉ាង​ឆាប់រហ័ស គេរ​ត់ទៅ​ពួន​លបមើល​ពី​ចម្ងាយ។ មាន​អ្នកស្រុក​ម្នាក់​ធុំក្លិន​ផ្សែងភ្លើង ក៏​ប្រញាប់​ស្រែក​ប្រកាស​ដាស់​មនុស្ស​គ្រប់គ្នា​ឱ្យមក​ជួយ​ពន្លត់ភ្លើង។ គេ​លប​មើលឃើញ​ហើយ​មាន​អារម្មណ៍​ថា ដូច​បាន​គ្រប់គ្រង​លើ​អ្វី​ម្យ៉ាង ដូច​បាន​សម្ដែង​ជា​តួ​អ្វីមួយ​ដែល​ក្នុង​ជីវិត​របស់គេ​មិន​ធ្លាប់មាន​អារម្មណ៍​បែបនេះ​ពីមុនមក​ឡើយ។ ខ្លួនគេ​នេះ​មាន​អានុភាព​ខ្លាំង​លើស​ពាក្យ​ថា “អាចង្រៃ” ដែល​ម៉ែ​តែងតែ​ហៅ​ជាប្រចាំ​ទៅទៀត។ បើ​ម៉ែ​ដឹងថា គេ​ចេះ​ជប់​អណ្ដាតភ្លើង​ដោយ​ចុង​ម្រាមដៃ​បាន​បែបនេះ ម៉ែ​ប្រហែល​ជាមាន​មោទនភាព​លើ​រូបគេ​ខ្លាំងណាស់​មើលទៅ។ ម៉ែ​ត្រូវតែមាន​មោទនភាព​ដែល​កូនប្រុស​ម្នាក់នេះ​ធ្វើឱ្យ​មនុស្ស​ទូទាំង​ទីប្រជុំជន​ភិតភ័យ​ញាប់​ញ័រ។ ខណៈដែល​មនុស្ស​គ្រប់គ្នា​កំពុងតែ​កោលាហល គេ​បែរជា​ឈរ​ស្ងៀម​គ្មាន​នរណាម្នាក់​សង្ស័យ ម៉ែ​ច្បាស់​ជាមាន​មោទនភាព​ប្រាកដ​ណាស់…។

    នៅ​ទីបំផុត គេ​ក៏​បានដឹង​ពី​ខ្លួនឯង​ហើយ​ថា រូបគេ​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ និង​ទីបំផុត​គេ​ក៏​បានដឹង​ទៀត​ដែរ​ថា តើ​រឿង​អ្វីដែល​នឹងធ្វើ​ឱ្យ​ម៉ែ​សប្បាយចិត្ត និង​មាន​មោទនភាព ព្រោះ​តាំងពី​យប់​កើតរឿង​នោះមក ម៉ែ​មិនដែល​ជេរ​បញ្ចោរ វាយ​ទះតប់​គេ​ទៀតឡើយ។ ចាប់តាំងពី​គេ​សម្លាប់សត្វ​ឆ្មា លួច​ដុត​ប៉ម​យាម​មក ម៉ែ​គ្រាន់តែ​សម្លឹង​មើលមុខ​គេ​ដោយ​ក្ដី​សង្ស័យ តែ​មិនបាន​និយាយ​អ្វី​ឡើយ។ មិនយូរប៉ុន្មាន និង​មិនយូរប៉ុន្មាន​តម​កទៀត ជីវិត​របស់​យុវជន​វ័យ 18ឆ្នាំ​ម្នាក់នេះ​ក៏ត្រូវ​ចេញ-ចូល​ប៉ុស្តិ៍​ប៉ូលិស​ជា​ញឹកញាប់។ លួច ឆក់ លូក-វះ​កាបូបស្រីៗនៅក្នុង​រថយន្តក្រុង​ជាប្រចាំ និង​ត្រូវគេ​រោម​វាយ​ទាត់​ធាក់ មុននឹង​ចាប់​បញ្ជូនទៅ​ប៉ុស្តិ៍​ប៉ូលិស ជា​កន្លែង​ដែល​គេ​តែងតែ​ត្រូវបាន​ធានា​ចេញមក​វិញ ដោយសារតែ​ម៉ែ​របស់គេ​ជា “ប្រពន្ធចុង​លួចលាក់” របស់​អធិការរង​ម្នាក់​នៅ​ទីនោះ។

    គេ​សន្សំ​គំនុំ​ចំពោះ​អា​ព្រូ​ឡានក្រុង ដែល​តែងតែ​វាយ​ធ្វើបាប​រូបគេ​នៅពេល​ត្រូវ​ចាប់ខ្លួនបានម្ដងៗ ដូចជា​លើកចុងក្រោយ​បំផុត​នេះ វា​បាន​ដាល់​មុខ​គេ​រហូត​ភ្នែក​ស្ដាំ​ឡើង​ហើម​ជាំ និង​បិទ​ជិត មើល​អ្វី​មិនឃើញ​ជិត​មួយអាទិត្យ។ គេ​សម្រេចចិត្តថា ត្រូវតែ​សងសឹក…។

    ក្នុង​យប់​មួយ​ដែល​គេ​តាម​សង្កេត គេ​ឃើញ​អា​ព្រូឡាន​នោះ​កំពុង​អង្គុយ​ផឹក​ស្រាស​ជាមួយ​មិត្ត​ភ័ក្តិ គេ​ក៏​ទន្ទឹងរង់ចាំ។ លុះ​វង់​ស្រា​បំបែក​គ្នា គេ​ក៏​លប​តាម​ពីក្រោយ ព្រោះ​ជាម​នុស្ស​ដែល​រស់នៅក្នុង​សំណង់​អនាធិបតេយ្យ​ជាមួយគ្នា និង​ធ្លាប់​ឮ​វា​អួតថា ធ្លាប់បានអីៗជាមួយ​ម៉ែ​ទៀតផង។ គេ​លប​ដើរ​តាម​ពីក្រោយ​វា​ដែល​ដើរទ្រេតទ្រោតៗជិត​ទៅដល់​ផ្ទះ​ហើយ។ តែ ហ្អា៎? គឺជា​ផ្ទះ​របស់គេ ហើយ​អា​ព្រូឡាន​នោះ​ថែមទាំង​ប្រុង​វាយ​ធ្វើបាប​ម៉ែ​ទៀតផង។ វិនាទី​នោះឯង គេ​សម្រេចចិត្ត​យ៉ាង​រហ័ស កាំបិតកៃ​ក្ដាប់ជាប់​នៅក្នុង​ដៃ រួច​ហើយក៏​ហក់​ចូលទៅ​ភ្ជង់​ខ្នង​អា​ព្រូឡាន​នោះ តែដោយសារ​តែ​កំហឹង និង​ក្ដី​គុំកួន​ដែល​នៅតែ​ក្ដៅ​ពុះ​គគុក​នៅក្នុង​ចិត្ត​នោះ គេ​ក៏​បុក​មួយ​កាំបិត​យ៉ាងខ្លាំង​ចំ​កណ្ដាល​ខ្នង​អា​ព្រូឡាន​នោះ​ពេញ​មួយ​ទំហឹង។ កាំបិត​ដោត​ជាប់​កណ្ដាល​ខ្នង តែ​ដោយ​ក្ដី​ភ្ញាក់ផ្អើល ក៏​ប្រញាប់​ដក​កាំបិត​ចេញមក​វិញ ព្រមជាមួយ​សម្រែក​រប​ស់អា​ព្រូឡាន​នោះ។ គេ​ព្យាយាម​ធ្វើឱ្យ​អា​ព្រូឡាន​នោះ​ឈប់​ស្រែក​ដែល​អាច​នឹង​ដាស់​អ្នក​ទៀត​ឱ្យ​ភ្ញាក់​បាន​នោះ ដោយ​ការ​ចាក់ទៅលើ​ខ្លួន​វា ចាក់-ដក ចាក់-ដក​ជាច្រើន​កាំបិត។ មាន​អារម្មណ៍​ថា​បាន​ទម្លាយ​កំហឹង​យ៉ាងច្រើន…។ មិនយូរប៉ុន្មាន ឈាម​ហូរ​ក្រាល​ពេញ​កម្រាល​ឥដ្ឋ អា​ព្រូឡាន​នោះ​ដាច់ខ្យល់​ស្លាប់​នៅ​ទីបំផុត។

    គេ​ភ្ញាក់ផ្អើល បោះ​កាំបិត​ចោល ព្យាយាម​ប្រុង​រត់គេច តែ​ត្រូវ​អ្នកភូមិ​ដែល​ភ្ញាក់​ឡើងមក​រោម​ព័ទ្ធ​ចាប់បាន ត្រូវ​ទាត់​ធាក់ និង​ត្រូវ​ចាប់ខ្លួន​យកទៅ​ប៉ុស្តិ៍​ប៉ូលិស។ អ្នកសារព័ត៌មាន​ដែល​នៅក្នុង​បន្ទប់​ស៊ើបសួរ សួរនាំ​គេ​ដោយ​ពាក្យសំដី​គំរោះគំរើយ​ដូចគ្នា​នឹង​ប៉ូលិស​ដែរ។ គេ​ឆ្លើយ​រៀបរាប់​ទៅតាម​ការពិត។ មិនយូរប៉ុន្មាន​គេ​ក៏ត្រូវ​នាំខ្លួន​ទៅ​តុលាការ ហើយ​ឆ្ពោះទៅ​ពន្ធនាគារ​ជា​លើកដំបូង ដែល​នៅពេលនោះ​ម៉ែ​បាន​ប្រាប់ថា “អត់ធន់​ណា៎​កូន ម៉ែ​រង់ចាំ​កូន​ជានិច្ច”។ គេ​សង្កេតឃើញ​ទឹកមុខ​ម៉ែ មាន​មោទនភាពតិចៗដែរ។ ទីបំផុត គេ​ក៏​ធ្វើឱ្យ​ម៉ែ​មាន​មោទនភាព​ចំពោះ​កូនប្រុស​ម្នាក់នេះ​បាន​ហើយ។

    ថ្ងៃ​ដំបូង​នៅក្នុង​ពន្ធនាគារ គេ​ភ័យ ហើយ​ខ្លាច​ជាទីបំផុត តែ​ក្ដី​រីករាយ​សប្បាយចិត្ត​ពី​ការ​បានសម្លាប់​មនុស្ស ធ្វើ​ឱ្យគេ​សឹងតែ​គេង​ញញឹម រឹតតែ​នឹកឃើញ រឹតតែ​ពេញចិត្ត​ខ្លួនឯង។ បងធំ​នៅក្នុង​គុក​សម្លឹង​ឃើញ​ហើយ ក៏​ចាប់ផ្ដើម​ដឹងថា គេ​គឺ​ពិតជា​មហា​ឃាតករ​យ៉ាងពិត​ប្រាកដ គេ​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ ឱ្យតែ​គេច​ង់​ធ្វើ។ បងធំ​ចាប់ផ្ដើម​បង្រៀន​គេ​ឱ្យដឹងថា ការបោកប្រាស់ ក្លែងបន្លំ​ទឹកមុខ​ត្រូវធ្វើ​យ៉ាងណា។ គេ​ធ្វើតាម​ទាំងអស់។

    ហើយ​នៅ​ទីបំផុត ទោស​ជាប់ពន្ធនាគារ​ដែល​មិនយូរប៉ុន្មាន​នោះ ក៏ត្រូវ​បានបញ្ចប់…។

    គុក​បាន​បង្ហាត់បង្រៀន​គេ​ជាច្រើន​យ៉ាង…បើសិនជា​ចង់​សម្លាប់​ន​ណា​ម្នាក់…ត្រូវឱ្យ​វា​ល្អិតល្អន់​ជាង​នេះ​បន្តិច។ គេ​យល់ និង​ចងចាំ​យ៉ាងច្បាស់។

    រាត្រី​ដំបូង​ដែល​ចេញពី​គុក គេ​ឃើញ​ស្រី​ក្រមុំ​ម្នាក់​ស្លៀក​ឈុត​ជា​និស្សិត​ដើរចូល​ទៅក្នុង​ផ្លូវឌឿងហែម​មួយ​តែម្នាក់ឯង។ គេ​ចង់​សាកល្បង​មុខវិជ្ជា​ដែល​បាន​រៀន​ពី​ក្នុង​គុក​មកជា​លើកដំបូង។ លើក​នេះ គេ​ប្រើ​កាំបិត​វែង និង​មុត​ជាង​មុន ទុក​សម្លុត​ដើម្បី​ធ្វើឱ្យ​ជនរងគ្រោះ​ភ័យ​ភាន់ភាំង ហើយ​បើ​ជនរងគ្រោះ​ស្រែក ការ​ត្រូវ​បញ្ឈប់ និង​គ្រប់គ្រង​ជនរងគ្រោះ​នោះ មិនមែនជា​រឿង​ពិបាក​ឡើយ ព្រោះ​ធ្លាប់​ឆ្លងកាត់​សាកសព​មួយ​រួចមកហើយ ដូច្នេះ​សាកសព​បន្តទៅទៀត​ប្រហែលជា​មិន​ពិបាក​អ្វី​ឡើយ។ គេ​បិទ​ភ្នែក ហើយ​នឹក​នៅក្នុង​ចិត្ត មុននឹង​ចាប់ផ្ដើម​សកម្មភាព​រំលោភ​សម្លាប់​ថា…”ម៉ែ…កូន​នឹង​ធ្វើឱ្យ​ម៉ែ​មាន​មោទនភាព​ចំពោះ​រូប​កូន​ម្ដងទៀត”

    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • អង្គការ​ទស្សន​ពិភពលោក​ បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ស្ត្រី​ឱ្យធ្វើ​ការងារ​ស្មើ​បុរស

    អង្គការ​ទស្សន​ពិភពលោក​ បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ស្ត្រី​ឱ្យធ្វើ​ការងារ​ស្មើ​បុរស

    ជាទូទៅ​ស្ត្រី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភេទ​ទន់ខ្សោយ ឬ​ជា​អ្នក​ដែលមាន​កាតព្វកិច្ច​ធ្វើ​ការងារ​ខាងក្នុង​ផ្ទះ ហើយ​រង់ចាំ​ចំណូល​ពី​បុរស ជាដើម។ តែ​ទោះជា​យ៉ាងនេះ​ក្តី ដោយសារតែ​ការអប់រំ​មាន​ការវិវឌ្ឍ នារី​សម័យថ្មី​បាន​ក្លាយជា​មេផ្ទះ​ផង និង​ជា​អ្នករក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ផង។

    ស្ថិតក្នុង​ស្ថានភាព​សង្គម​មានការ​ប្រែប្រួល ស្ត្រី​បាន​ក្លាយជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​គ្រួសារ និង​សង្គម តែ​ទោះជា​យ៉ាងនេះ​ក្តី ស្ត្រី​នៅ​ជនបទ និង​ស្ថិតក្នុង​គ្រួសារ​មិនសូវមាន​ជីវភាព​ធូរធារ​ក៏​រង​សម្ពាធ​ជាច្រើន​ពី​មនុស្ស​ចាស់ ដែល​នៅតែ​គិតថា គាត់​មិនអាច​ធ្វើ​ការងារ​ដោយ​ប្រើ​កម្លាំង និង​ខួរក្បាល​ច្រើន​ដូច​បុរស​បាន។ នៅ​កម្ពុជា​បច្ចុប្បន្ន​មិនសូវមាន​ស្ត្រី​ជា​មេជាង​សំណង់ អ្នកធ្វើការងារ​ក្នុង​ផ្នែក​ដឹកជញ្ជូន និង​ជាង​ជួសជុល​គ្រឿងយន្ត​នោះទេ បើទោះបីជា​ស្ត្រី​អាចធ្វើ​រឿង​ទាំងអស់នោះ​ក៏ដោយ។

    តាមពិត​ប្រសិនបើ​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឱ្យធ្វើ​ការងារសំខាន់ៗទៅតាម​ចំណង់​ចំណូលចិត្ត និង​ក្តី​ស្រឡាញ់​របស់​ពួកគាត់ គាត់​អាច​នឹង​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ថែម​ទៀតផង។ ហេតុនេះហើយ​ទើប​អង្គការ​ទស្សន​ពិភពលោក ប្រចាំ​នៅ​កម្ពុជា​បាន​បណ្តុះបណ្តាល​ស្ត្រី​អំពី​សហគ្រិនភាព ដើម្បីឱ្យ​ស្ត្រី​មានលទ្ធភាព​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​បាន​ដូច​បុរស​ដែរ។

    អង្គការ​ខាងលើ​ក៏បាន​បង្ហាញ​ផងដែរ​នូវ​រូប​យុវតី​មួយរូប​ដែល​គាត់​បាន​បញ្ជាក់ថា​ឈ្មោះ ស្រី​ពៅ ដែល​បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​សហគ្រិនភាព និង​ទទួលបាន​សម្ភារ​សម្រាប់​បង្កើតជា​អាជីវកម្ម​ជួស​ជូ​ល​ម៉ូតូ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ សកម្មភាព​នេះ​បាន​បង្កើតឱ្យមាន​ភាព​ភ្ញាក់ផ្អើល ខណៈ​មនុស្ស​មួយចំនួនធំ​ចាប់ផ្តើម​មើលឃើញ​ពី​តម្លៃ​ស្ត្រី​កាន់តែខ្លាំង​ក្នុង​ការធ្វើការងារកម្រៗមួយចំនួន៕

  • ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការធ្លាក់ចុះ​តម្លៃ​ស្រូវ-អង្ករ

    ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការធ្លាក់ចុះ​តម្លៃ​ស្រូវ-អង្ករ

    ក្រសួងពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ប្រមូល​ព័ត៌មាន​នៅក្នុង​តំបន់​ផលិត​ស្រូវសំខាន់ៗ រួមមាន​ខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង និង​តាកែវ និង​កំពុង​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការធ្លាក់ចុះ​តម្លៃ​អង្ករ ក្រោយពី​ក្រសួង​បាន​រកឃើញថា «តម្លៃ​អង្ក​រស(អ៊ី​អែរ)បាន​ធ្លាក់ចុះ 15ភាគរយ»។ យោងតាម​របាយការណ៍​នៃ​ការធ្លាក់ចុះ​តម្លៃ​ទំនិញ​យ៉ាង​ឆាប់រហ័ស​របស់​ក្រសួងពាណិជ្ជកម្ម។

    ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួង​បានឱ្យដឹងថា កត្តា​មួយចំនួន​ត្រូវបាន​កំណត់ថា ជា​ប្រភព​នៃ​ការធ្លាក់ចុះ​នេះ​រួមមាន​ការកើនឡើង​នូវ​កម្ពស់​ទឹក​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ការខ្វះខាត​ដើមទុន​ពី​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញ​ដើម្បី​ទិញ​អង្ករ និង​ការធ្លាក់ចុះ​តម្លៃ​អង្ករ​នៅ​អន្តរជាតិ។ សេចក្តីថ្លែងការណ៍​បាន​បង្ហាញថា ទីផ្សារ​ដែល​បាន​ធ្លាក់ចុះ​គឺ​ប្រហែលជា 50ដុល្លារ​ក្នុង​មួយ​តោន។

    បន្ទាប់មក កិច្ចប្រជុំ​ជាបន្ទាន់​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញ​អង្ករ​ដើម្បី​បញ្ឈប់​ការធ្លាក់ចុះ​តម្លៃ និង​ធានា​ជីវភាព​របស់​កសិករ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ។ ក្រសួងពាណិជ្ជកម្ម​បាន​ពិគ្រោះ​យោបល់​ជាមួយ RDB ដើម្បី​ពិនិត្យឡើងវិញ​នូវ​លទ្ធភាព​នៃ​ការផ្តល់ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញ​ដើម្បីឱ្យ​ពួកគេ​អាច​ទិញ​អង្ករ​បាន​តាមរយៈ​ការទិញ​ស្រូវ​ជាវ​ត្ថុ​បញ្ចាំ។ ក្រសួង​ក៏​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​ដើម្បី​តាមដាន​តម្លៃ​អង្ករ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

    នៅ​ឆ្នាំ2016 រដ្ឋាភិបាល​បាន​បើក​ដំណើរការ​ឥណទាន​រយៈពេល 1ឆ្នាំ​ដំបូង​របស់ខ្លួន​តាមរ​យៈ​RDB ដើម្បី​ជួយ​ដល់​វិស័យ​អង្ករ។ មូលនិធិ​សង្គ្រោះបន្ទាន់​សម្រាប់​ឆ្នាំ2016-2017 មាន​ចំនួន 27លាន​ដុល្លារ​ប៉ុន្តែ​សម្រាប់​រយៈពេល2017-2018 វា​ត្រូវបាន​កើនឡើង​ដល់ 50លាន​ដុល្លារ។

    តាម​សេចក្តីថ្លែងការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB=Rolral Development Bank)បានឱ្យដឹងថា តម្លៃ​អង្ករ​សបាន​ស្ទុះ​ងើប និង”បាន​ផលចំណេញ” ឡើងវិញ​សម្រាប់​កសិករ ក្រោយពី​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ប្រមូល​ព័ត៌មាន​អំពី​តម្លៃ​អង្ករសំរូប និង​មាន​ពាក្យបណ្តឹង​ជាច្រើន​ពី​កសិករ​ដែល​អះអាងថា តម្លៃ​អង្ករ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

    ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ RDB បានឱ្យដឹងថា បន្ទាប់ពី​វិធានការ​មួយចំនួន​ដែល​ទទួលបាន​ជោគជ័យ​ត្រូវបាន​អនុវត្ត​ដោយ​អាជ្ញាធរ​ក្នុងស្រុក និង​ថ្នាក់ជាតិ​រួចមក តម្លៃ​ទំនិញ​នេះ ឥឡូវនេះ​បាន​ត្រឡប់​ទៅរក​កម្រិត​បាន​ផលចំណេញ​វិញ។ «តម្លៃ​ស្រូវ​ល្អ មាន​ផលចំណេញ​ខ្ពស់​សម្រាប់​កសិករ ជាពិសេស​ប្រសិនបើ​យើង​យកចិត្តទុកដាក់​ចំពោះ​ការចំណាយ​ជា​មធ្យម​ពាក់ព័ន្ធ​នឹង​ការដាំដុះ​ស្រូវ» ការផ្តល់​ជី កម្លាំង​ពលកម្ម និង​ការដឹកជញ្ជូន​ទៅ​កន្លែង​ស្តុក ដែលជា​ទូទៅ​បរិមាណ​ផលដំណាំ​បាន​កើន​ឡើងជា​មធ្យម 6តោន​ក្នុង​មួយ​ហិកតា។

    បន្ថែម​ពីនេះ តម្លៃ​បច្ចុប្បន្ន​សម្រាប់​ស្រូវ​មួយ​គីឡូក្រាម​គឺ 800រៀល ដូច្នេះ​ប្រាក់ចំណូល​ក្នុង1ហិកតា​គឺ4.800.000រៀល(ប្រហែល 1.200ដុល្លារ)។ ជាមួយនឹង​ការចំណាយ​ជា​មធ្យម 2.800.000រៀល(ប្រហែល 700ដុល្លារ)កសិករ​អាច​រកប្រាក់​បានជា​មធ្យម 2.000.000រៀល (ប្រហែល 500ដុល្លារ) ក្នុង​មួយ​ហិកតា។

    យោងតាម RDB នៅ​ខេត្តកំពង់ធំ អង្ក​រស 1គីឡូក្រាម​លក់​ក្នុងតម្លៃ 790រៀល ទៅ800រៀល។នៅ​ខេត្តកណ្តាល វា​មានតម្លៃ 1គីឡូក្រាម​ពី800 ទៅ830រៀល ក្នុងនោះ​នៅ​ខេត្តតាកែវ តម្លៃ1គីឡូក្រាម800-850រៀល និង​នៅ​ខេត្តព្រៃវែង 1គីឡូក្រាម​តម្លៃ790-800រៀល។

    យោងតាម​លេខាធិការដ្ឋាន​សេវា​ច្រកចេញចូល​តែមួយ​សម្រាប់​ការនាំចេញ​អង្ករ​ក្នុងអំឡុងពេល6ខែ​ដំបូង​នៃ​ឆ្នាំ2018 កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន271,537តោន ពោលគឺ​ធ្លាក់ចុះ 5.9ភាគរយ។

    ប្រទេស​ចិន​នៅតែ​ជា​អ្នកទិញ​អង្ករ​ពី​កម្ពុជា​លំដាប់​កំពូល ដែល​តាម​ដោយ​ប្រទេស​បារាំង ប៉ូឡូញ ហូ​ឡង់​និង​ចក្រភព​អង់គ្លេស៕

  • Hamilton ឈ្នះ​ការប្រណាំង German GP បើទោះបី​មានការ​ព្រមាន​ពី​មន្ត្រី​រៀបចំ​ការប្រកួត​ក្ដី

    Hamilton ឈ្នះ​ការប្រណាំង German GP បើទោះបី​មានការ​ព្រមាន​ពី​មន្ត្រី​រៀបចំ​ការប្រកួត​ក្ដី

    កីឡាករ Lewis Hamilton បាន​បញ្ជាក់ថា រូបគេ «មិន​ធ្លាប់ធ្វើ​ការប្រណាំង​បែបនេះ​ឡើយ» ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​របស់គេ​ក្នុងការ​ប្រណាំង​រថយន្ត German Grand Prix ខណៈដែល​កីឡាករ​ជា​គូប្រជែង​របស់គេ Sebastian Vettel បាន​ធ្លាក់​ចេញពី​ការ​ប្រជែង។

    រយៈពេល 3ថ្ងៃ ក្រោយពី​ការប្រកាស​ពី​ការបន្ត​កុងត្រា​រយៈពេល 3ឆ្នាំ​ទៀត​របស់គេ ម្ចាស់​ការពារ​តំណែង​ជើងឯក​ពិភពលោក 4សម័យកាល​រូបនេះ បាន​ប្រើប្រាស់​ល្បឿន​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម Mercedes ខណៈដែល​រូបគេ និង​មិត្ត​រួម​ក្រុម​របស់គេ Valtteri Bottas ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ1 និង​លេខ2 នៅលើ​ទឹកដី​អាល្លឺម៉ង់។

    កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ បាន​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​មន្ត្រី​រៀបចំ​ការប្រកួត សម្រាប់​ការប្រើប្រាស់​ល្បឿន​លឿន​ពេក​ក្នុងពេល​ចាក​ចេញពី​កន្លែង​ប្តូ​រកង់ នៅពេលដែល​ក្រុមការងារ​របស់គេ​បញ្ចប់​ការផ្លាស់ប្តូ​រកង់ ស្រប​ពេលដែល​រថយន្ត​សុវត្ថិភាព​បានបង្ហាញ​ខ្លួន។ ក្នុង​សេចក្តីប្រកាស​នោះ មន្ត្រី​រៀបចំ​ការប្រកួត​បានបញ្ជាក់​ថា វា​ជាការ​រំលោភបំពាន​មួយ​យ៉ាងច្បាស់ ប៉ុន្តែ​បានសម្រេច​ចិត្ត​ចេញ​ត្រឹមតែ​ការស្តីបន្ទោស​ប៉ុណ្ណោះ។

    Hamilton បានចាប់ផ្តើម​ប្រណាំង​ដោយ​ស្ថិត​លើ​លេខ​រៀង​ទី14 នៅលើ​ទីលាន ក្រោយពី​ធ្វើ​មិន​បានល្អ​ក្នុងការ​ប្រណាំង​ជម្រុះ កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ ការប្រើប្រាស់​ល្បឿន​ដ៏​ល្អ បូករួម​ទាំង​ការ​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​បាន​ជួយ​ឱ្យ​រូបគេ​ដណ្តើមបាន​ជ័យជម្នះ​តែម្តង។ Hamilton បានឱ្យដឹងថា៖ «វា​ពិតជា​លំបាក​ណាស់​ពី​ទីតាំង​នោះ និង​មិនអាច​យកឈ្នះ​បានឡើយ ប៉ុន្តែ អ្នក​ត្រូវតែមាន​ការជឿជាក់»៕

    ប្រភពពី៖ Channel News Asia

  • Ozil ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដោយ​បង្ហោះ​ពី​ការរើសអើង និង​ការមិន​គោរព​គ្នា

    Ozil ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដោយ​បង្ហោះ​ពី​ការរើសអើង និង​ការមិន​គោរព​គ្នា

    ខ្សែបម្រើ Mesut Ozil បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​គេ​ពី​កីឡាបាល់ទាត់​អន្តរជាតិ ជាមួយនឹង​ការសម្រេចចិត្តភ្លាមៗ ខណៈដែល​ខ្សែបម្រើ​រូបនេះ​បាន​បង្ហើប​ពី​ភាពអយុត្តិធម៌​ដែល​រូបគេ​បានទទួល និង​ការរើសអើង​ជាតិ​សាសន៍​ជុំវិញ​កិច្ចប្រជុំ​របស់គេ​ជាមួយនឹង​ប្រធានាធិបតី​តួ​ក​គី​លោក RecepTayyip Erdogan កាលពី​ខែឧសភា។

    Ozil គឺជា​សមាជិក​ម្នាក់​រប​ស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដែល​បាន​ធ្លាក់​ចេញពី​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី ត្រឹម​វគ្គ​ចែក​ពូ​ល និង​បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​ទម្រង់​លេង​របស់គេ ក៏ដូចជា​ការចូល​ជួប​របស់គេ​ជាមួយនឹង​លោក Erdogan ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស។

    ខ្សែបម្រើ​របស់​ក្លិប Arsenal មាន​ឈាមជ័រ​ជា​ជនជាតិ​តួ​ក​គី និង​បាន​ការពារ​សកម្មភាព​របស់គេ​ក្នុង​សេចក្តីប្រកាស​ដ៏​វែង​មួយ ខណៈដែល​រូបគេ​ក៏បាន​វាយប្រហារ​ទៅលើ​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB) ផងដែរ។ ខ្សែបម្រើ​រូបនេះ​បានឱ្យដឹង​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «សម្រាប់​ខ្ញុំ ការថតរូប​ជាមួយនឹង​លោក​ប្រធានាធិបតី Erdogan មិនមែនជា​បញ្ហានយោបាយ ឬ​ការបោះឆ្នោត​ឡើយ វា​គ្រាន់តែ​ជាការ​បង្ហាញ​កា​ររ​គោរព​របស់ខ្ញុំ​លើ​ប្រទេស​នៃ​ក្រុមគ្រួសារ​របស់ខ្ញុំ​ប៉ុណ្ណោះ»។

    ខ្សែបម្រើ​រូបនេះ​បានឱ្យដឹងថា៖ «ខ្ញុំ​ចង់​និយាយ​ដោយត្រង់ៗចេញពី​បេះដូង ក្រោយពី​ការពិចារណា​យ៉ាង​យកចិត្តទុកដាក់ ដោយសារតែ​ហេតុការណ៍​កាលពីពេលថ្មីៗនេះ។ ខ្ញុំ​នឹងមិន​លេង​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ទៀតឡើយ ស្រប​ពេលដែល​ខ្ញុំ​មាន​អារម្មណ៍​ពី​ការរើសអើង​ជាតិ​សាសន៍ និង​ការមិន​គោរព​គ្នា»៕

    ប្រភពពី៖ The Guardian

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 135

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 135

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/07/LRPN_135-Final-For-Web.pdf” force_dl=”1″]

  • ស្រា​បៀរ​ថៃ​ហ្គ័​រ និង WWF រួមគ្នា​ប្រារព្វ​ទិវា​ «សត្វ​ខ្លាធំ» ជំ​រុញឱ្យ​រួមគ្នា​អភិរក្ស

    ស្រា​បៀរ​ថៃ​ហ្គ័​រ និង WWF រួមគ្នា​ប្រារព្វ​ទិវា​ «សត្វ​ខ្លាធំ» ជំ​រុញឱ្យ​រួមគ្នា​អភិរក្ស

    ដើម្បី​ទប់ស្កាត់​ការសម្លាប់​សត្វ​ខ្លាធំ ដែល​ស្ទើរតែ​ផុត​ពូជ​នៅលើ​ពិភពលោក ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វព្រៃ​និង​ក្រុមហ៊ុន KENZOO រៀបចំ​ទិវា​សត្វ​ខ្លាធំ នៅ​ថ្ងៃទី21 ខែកក្កដា​នេះ រួមគ្នា​អភិរក្ស​សត្វ​ខ្លាធំ និង​បង្កើន​ឱ្យមាន​ចំនួន​កាន់តែច្រើន​ឡើងវិញ។

    លោក សេង ទៀក នាយក​អង្គការ WWF មានប្រសាសន៍ថា “សត្វ​ខ្លាធំ​គឺជា​សត្វ​ដ៏​អស្ចារ្យ​និង​មាន​ភាព​ទាក់ទាញ ហើយ​វា​ត្រូវបាន​ចាត់ទុកជា​សម្បត្តិ​បិ​តិក​ភណ្ឌ​ជាតិ ដែលជា​ពេលវេលា ត្រឹមត្រូវ​បំផុត ដែល​យើងទាំងអស់គ្នា​ដែលមាន​ទាំង​ក្រុមហ៊ុនស្រា​បៀ Tiger និង​ក្រុមហ៊ុន KENZO រួមគ្នា​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​នេះ។

    លោក​សូមអោយ​មានការ​ចូលរួម​ពី​គ្រប់​ស្រទាប់​ទាំងអស់​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ ហើយក៏​សូម​អំពាវនាវ​ដល់​អតិ​ថិ​ជន​ទាំងអស់​អោយ បញ្ឈប់​ការជួញដូរ​សត្វ​ខ្លាធំ និង​សាច់​សត្វព្រៃ​ជាបន្ទាន់ និង​សូមអោយ​រាជរដ្ឋាភិបាល​ជួយ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធិភាព អ្នក​ដែល​ដាក់​អន្ទ្រាក់​នៅក្នុង​ព្រៃ ការពារ​និង​បង្កើន​ការពិន័យ​ដល់​អ្នក​ដែល​ដាក់​អន្ទាក់​ក្នុងព្រៃ​ការពារ។

    លោក​បាន​បន្ថែមទៀតថា “អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​ដែល​ឆក់យក​ជីវិត​សត្វព្រៃ និង​កំពុងតែ​បំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​សត្វព្រៃ​ដែលមាន​ការយក​ចាត់ទុក​ដាក់​ខ្ពស់​របស់​ពិភពលោក​ទាំងមូល”

    លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា៖ “យើង​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែលជា​និមិត្តសញ្ញា​ម៉ាក​យីហោ​ដ៏​ពេញនិយម​របស់​យើង។ ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា យើង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ជាមួយ​អង្គការ WWF ម៉ាក​សម្លៀកបំពាក់ KENZO និង​សិល្បករ​ច្នៃ​ម៉ូត​ដ៏​លេចធ្លោ​ចំនូ​ន៤រូប​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀកបំពាក់ Rare Stripes ពិសេស​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជាស​កល និង​មូលនិធិ​សម្រាប់​ជួយសង្គ្រោះ​សត្វ​ខ្លាធំ”

    គួរ​បញ្ជាក់ថា ចំនួន​សត្វ​ខ្លាធំ​នៅលើ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ កាលពី​សតវត្សរ៍​មុន ដោយសារតែ​ការ​បរបាញ់​សត្វព្រៃ និង​ការបំផ្លាញ​ទីជម្រក​សត្វព្រៃ​គ្មាន​ការគ្រប់គ្រង។ បច្ចុប្បន្ន​មាននៅ​សល់​សត្វ​ខ្លាធំ​ចំនួន 3900 ក្បាល​រស់នៅ​ក្នុងព្រៃ ប៉ុន្តែ​សត្វ​ខ្លាធំ​ទាំងនេះ​បាន​រង​ការគំរាមកំហែង​ជា​រៀងរាល់ថ្ងៃ ដោយសារ​ការ​បរបាញ់ ដើម្បី​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់។ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការការពារ​និង​ជួយសង្គ្រោះ​សត្វ​ខ្លាធំ គេ​បានរៀបចំ​បង្កើត​ស្នាដៃ​ស្នាដៃ​រចនា​ម៉ូត​សម្លៀកបំពាក់ Rare Stripes ជា​ផ្នែក​មួយ​នៃ​កិច្ចសហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដែលជា​គម្រោង​ផ្តួចផ្តើម​រយៈពេល​ប្រាំមួយ​ឆ្នាំ​ដែល​គាំទ្រ​ដល់​យុទ្ធនាការ TX2 ដែលជា​គោលដៅ​ពិភពលោក​ដើម្បី​បង្កើន​ទ្វេដង​ចំនួន​សត្វ​ខ្លាធំ​ត្រឹម​ឆ្នាំ2022។

    ចំណែក​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន 13 ដែលមាន​សត្វ​ខ្លាធំ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​បង្កើន​ទ្វេដង​ចំនួន​សត្វ​ខ្លាធំ​ទូទាំង​ពិភពលោក ដោយបាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ផ្តោតលើ​ការនាំយក​សត្វ​ខ្លាធំ ចូលទៅក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា៕

  • សាលា ខេ​ម​ប្រ៊ី​ជ អន្តរជាតិ​កម្ពុជា ប្រារព្ធ​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​ម​ត្តេ​យ្យ​សិក្សា

    សាលា ខេ​ម​ប្រ៊ី​ជ អន្តរជាតិ​កម្ពុជា ប្រារព្ធ​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​ម​ត្តេ​យ្យ​សិក្សា

    សាលា ខេ​ម​ប្រ៊ី​ជ អន្តរជាតិ​កម្ពុជា គឺជា​សាលា​ដែល​ផ្តល់​សេវាកម្ម​មើលថែទាំ​កុមារ​តូច និង​ម​ត្តេ​យ្យ​សិក្សា ព្រមទាំង​ផ្តល់​ការអប់រំ​កម្រិត​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា បានរៀបចំ​ធ្វើ​កម្ម​វិធីចែក​វិញ្ញាបនបត្រ និង​ប័ណ្ណសរសើរ​ដល់​សិស្ស​ម​ត្តេ​យ្យ​សិក្សា​នៃ Cambridge Child Development Centre កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី21 ខែកក្កដា ឆ្នាំ2018 នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា – កូរ៉េ(CKCC)។

    និង​ប័ណ្ណសរសើរ​ដល់​សិស្ស​កម្រិត​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​នេះ ក៏មាន​ការសម្តែង​សមត្ថភាព និង​សិល្បៈ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ពី​សំណាក់ប្អូនៗសិស្សានុសិស្ស​ផងដែរ ដែល​កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​មាតាបិតា​សិស្ស សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា និង​ភ្ញៀវកិត្តិយស ដែល​សរុប​មាន​ចំនួន​ប្រមាណ​ជាង 200នាក់។  ក្នុង​កម្ម​វិធីចែក​វិញ្ញាបនបត្រ​នេះដែរ មាន​សិស្ស​បញ្ចប់​វគ្គ​សិក្សា​ក្នុង​ឆ្នាំ2018 នេះ​មាន​ចំនួន 23នាក់ ដែល​ត្រូវ​ចូលរៀន​ថ្នាក់បឋមសិក្សា​អន្តរជាតិ​នៅ​ឆ្នាំ​បន្ទាប់។ ឧទាហរណ៍​ក្នុង​ឆ្នាំ​សិក្សា2018នេះ សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា  មាន​សិស្ស​កម្រិត​ថ្នាក់​ម​ត្តេ​យ្យ សរុប​ចំនួន 63នាក់ និង​សិស្ស​កម្រិត​ថ្នាក់​បឋម និង​មធ្យមសិក្សា​សរុប​ចំនួន 117នាក់។

    ថ្លែង​ក្នុង​ពិធី​នេះដែរ លោកស្រី Joanne Lorena នាយិកា​ម​ត្តេ​យ្យ​សិក្សា​នៃ Cambridge Child Development Centre បាន​មានប្រសាសន៍ថា  លោកស្រី​មាន​មោទនភាព​ក្រៃលែង ចំពោះ​សមិទ្ធផល​ដែល​សិស្សានុសិស្ស និង លោកគ្រូ-អ្នកគ្រូ​សម្រេចបាន​ក្នុងឆ្នាំនេះ ហើយ​ថ្ងៃនេះ​ជា​ពេលវេលា​ដែល​ក្រុមគ្រួសារ ក៏ដូចជា​សហគមន៍ បានទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់សិ​ស្សានុសិស្ស។ លោកស្រី​សង្ឃឹមថា សិស្សានុសិស្ស​នឹងមាន​ភា​ព​សប្បាយរីករាយ​ក្នុងការ​សិក្សា​នៅ​ឆ្នាំ​បន្ទាប់។

    ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​របស់​សាលា ខេ​ម​ប្រ៊ី​ជ អន្តរជាតិ​កម្ពុជាថ្មីៗនេះ​ផងដែរ សិស្ស​ចំនួន 17នាក់ ពី​ថ្នាក់​ទី4 ដល់ទី7 នៃ​សាលា ខេ​ម​ប្រ៊ី​ជ អន្តរជាតិ​កម្ពុជា​បាន​ចូលរួម​កម្មវិធី​ប្រឡង​គណិតវិទ្យា និង​វិស្វកម្ម​ប្រចាំ​អាស៊ី2018 ដោយ​លទ្ធផល​ទទួលបាន​មេដាយមាស​ចំនួន 10គ្រឿង និង​មេដាយប្រាក់​ចំនួន 7គ្រឿង​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា សាលា ខេ​ម​ប្រ៊ី​ជ អន្តរជាតិ​កម្ពុជា​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ2008 មកម្ល៉េះ ដែល​កម្មវិធីសិក្សា​ស្របតាម​ពាក្យស្លោក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ គ្រប់មុខ​វិជ្ជា​នៃ​កម្មវិធីសិក្សា​ត្រូវបាន​បណ្តុះបណ្តាល​ជា​ភាសា​អន្តរជាតិ ដែល​ទទួលស្គាល់​ដោយ​ប្រទេស​ជាង90។ ជាក់ស្តែង កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​ត្រូវ​បានទទួល​សិទ្ធិ​ពី​ប្រទេស​សិង្ហ​បុរី ចំណែក​កម្មវិធី​បឋម​សិក្សា និង​មធ្យមសិក្សា​ត្រូវ​បានទទួល​សិទ្ធិ​ពី​ប្រទេស​អង់គ្លេស៕