Author: វល័ក្ខ

  • អាមេរិក​រារាំង​សំណើ​របស់ IOC ក្នុងការ​បញ្ជូន​សម្ភារៈ​កីឡា​ទៅ​ឲ្យ​កូរ៉េខាងជើង

    អាមេរិក​រារាំង​សំណើ​របស់ IOC ក្នុងការ​បញ្ជូន​សម្ភារៈ​កីឡា​ទៅ​ឲ្យ​កូរ៉េខាងជើង

    សហរដ្ឋអាមេរិក បាន​រារាំង​សំណើ​មួយ​ពី​សំណាក់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ហៅ​កាត់​ថា ICO ក្នុងការ​បញ្ជូន​សម្ភារៈ​កីឡា​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាងជើង ដើម្បី​អាច​ឲ្យ​អត្ត​ព​លិ​ក​របស់​ពួកគេ ត្រៀម​លក្ខ​ខណៈ ឈ្នះ​សិទ្ធិ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    លោក Thomas Bach ប្រធាន IOC បានស្នើ​សុំ​គណៈកម្មាធិការ​ដា​ក់ណ្ឌរ​បស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង លិខិត​មួយ​កាលពី​ថ្ងៃទី13 ខែកក្កដា សម្រាប់​ការលើកលែង​មួយ​ក្នុងការ​អនុញ្ញាត​ឲ្យ​មានការ​បញ្ជូន​នេះ។ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ បាន​ប្រាប់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ដែល​ប្រតិបត្តិ​តាម​មតិរួម ថា ខ្លួន​បាន​ច្រានចោល​សំណើ​របស់​ពួកគេ។

    មន្ត្រី​ម្នាក់​របស់​សហរដ្ឋអាមេរិក បាន​បដិសេធ​ក្នុងការ​បកស្រាយ​ទៅលើ​សេចក្តីសម្រេច​ក្នុងការ​រារាំង IOC ប៉ុន្តែ បាន​បន្ថែមថា៖ យើង​នៅតែមាន​សុទិដ្ឋិនិយម អំពី​ក្តីសង្ឃឹម​នៃ​ការលុបចោល​កម្មវិធី​អាវុធ​នុយ​ក្លេ​អែរ របស់​កូរ៉េខាងជើង ប៉ុន្តែ​វា​នឹងធ្វើ​ការពង្រឹង​ការដាក់ទណ្ឌកម្ម​នានា ដើម្បី​អាចធ្វើ​ឲ្យ​យើង​ឈានដល់​គោលដៅ​នោះ»។

    លោក Donald Trump ប្រធានាធិបតី​របស់​ស​ហ​រដ្ឋ​អាមេរិក និង​លោក Kim Jong Un មេដឹកនាំ​របស់​កូរ៉េខាងជើង បាន​ជួបប្រជុំគ្នា​ជា​លើក​ទី1 នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ខែមិថុនា ហើយ​លោក Mike Pompeo រដ្ឋលេខាធិការ​សហរ​ដ្ឋ​អាមេរិក បានរៀបចំ​កិច្ចប្រជុំ​ជាច្រើន​បន្ទាប់ពីនោះ​ជាមួយនឹង​កូរ៉េខាងជើង នៅ​ខែ​នេះ៕

    ប្រភពពី៖ Reuters

  • Newcastle យល់ព្រម​ជាមួយនឹង​ក្លិប Mainz ដើ​ម្បិ​ទិញ​ខ្សែប្រយុទ្ធ​ជប៉ុន Muto

    Newcastle យល់ព្រម​ជាមួយនឹង​ក្លិប Mainz ដើ​ម្បិ​ទិញ​ខ្សែប្រយុទ្ធ​ជប៉ុន Muto

    ក្លិប​សារិកា​ព្រៃ Newcastle បាន​យល់ព្រម​លើ​ការផ្ទេរ​មួយ​ជាមួយនឹង​ក្លិប​អាល្លឺម៉ង់ Mainz ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ជប៉ុន Yoshinori Muto

    ខ្សែប្រយុទ្ធ​វ័យ 25ឆ្នាំ​រូបនេះ បានធ្វើ​ដំណើ​ពី​ទីក្រុង​តូ​ក្យូ ទៅកាន់ Newcastle ដើម្បី​ទទួល​ការត្រួតពិនិត្យ​សុខភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ការផ្ទេរ​នេះ មានតម្លៃ​ខ្លួន 95,5លាន​ផោន (ស្មើនឹង 12,4លាន​ដុល្លារ​អាមេរិក)។

    លោក Rouven Schroder ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប Mainz បាន​ឲ្យ​ដឹងថា៖ «យើង​មានការ​ពិភាក្សា​ដ៏​ល្អ និង​ប្រកបដោយ​ផ្លែផ្កា​ជាមួយនឹង​ក្លិប Newcastle United ហើយ​យើង​ឈានដល់​ការព្រមព្រៀង​ជាគោលការណ៍​មួយ»។ ខ្សែប្រយុទ្ធ​វ័យ 26ឆ្នាំ​រូបនេះ បាន​ចំណាយពេល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើដំណើ​ពី​ទីក្រុង​តូ​ក្យូ​ទៅកាន់​ទីលាន Tyneside ដើម្បី​ត្រួតពិនិត្យ​សុខភាព និង​ត្រូវបាន​រំពឹងទុក​ថា នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី5របស់លោក Benitez

    ខ្សែការពារ​កណ្តាល​អន្ត​រ​ជាតិ​ស្វ៊ី​ស Fabian Schar ត្រូវបាន​ប្រកាសថា ជា​កីឡាករ​ចំណូល​ថ្មី​ទី4របស់​ក្លិប Newcastle ក្រោយពី​បាន​បំពេញ​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន3លាន​ផោន​ពី​ក្លិប Deportivo de La Coruna ហើយ​គួរតែ​ត្រូវបាន​ចូលរួម​ដោយ​ក្លិប​ម្នាក់​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី8គ្រាប់​សម្រាប់​ក្រុម Mainz កាលពី​រដូវ​កាល​មុន ខណៈដែល​ពួកគេ​បានគេច​ផុតពី​តំបន់​កាត់ចោល​នៃ​ក្របខ័ណ្ឌ Bundesliga

    Muto គឺជា​សមាជិក​ម្នាក់​ក្នុង​ក្រុម World Cup របស់​ជប៉ុន ប៉ុន្តែ បានធ្វើការ​បង្ហាញខ្លួន​ត្រឹមតែ1លើក​គត់ ពោលគឺ​ក្នុងពេល​ចាញ់​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ 1-0 ក្នុងការ​ប្រកួត​ពូ​ល H

    ប្រភពពី៖ Sky Sports

  • រយៈពេល 5ឆ្នាំ ចំណូល​បាន​ពី​វិស័យ​រ៉ែ សរុប​ជាង 10,305,170,000រៀល

    រយៈពេល 5ឆ្នាំ ចំណូល​បាន​ពី​វិស័យ​រ៉ែ សរុប​ជាង 10,305,170,000រៀល

    ក្នុង​រយៈពេល 5ឆ្នាំ​ចាប់ពី2013-2017 ចំណូល​ដែល​ប្រមូលបាន​ពី​វិស័យ​រ៉ែ​លើ​ថ្លៃ​ចុះបញ្ជី​ធនធាន​រ៉ែ កម្រៃ​អាជ្ញាប័ណ្ណ ថ្លៃ​ផ្ទេរសិទ្ធិ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ ចំណូល​ពី​ការទទួលស្គាល់​សមាសភាព​ភាគហ៊ុន ចំណូល​ចេញ​លិខិតបញ្ជាក់​សំណាក​រ៉ែ និង​ធនធាន​រ៉ែ ចំណូល​ពី​សេវា​ពិនិត្យ​រៀបចំ និង​ដំណើរការ​ឯកសារ លិខិតអនុញ្ញាត​បុរេសនា កម្រៃ​ឈ្នួល​ដី សួយ​សារ​ដី និង​ប្រាក់​ពិន័យ​មាន​ចំនួន​សរុប10,305,170,000រៀល និង31,143,116ដុល្លារ​អាមេរិក។ បើ​យោងតាម​របាយការណ៍​ស្ដីពី​សមិទ្ធផលសំខាន់ៗរបស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល 5ឆ្នាំ ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2017។

    របាយការណ៍​បានឱ្យដឹងថា ក្រៅពី​ចំណូល​ពី​វិស័យ​រ៉ែ ក៏មាន​ចំណូល​ថវិការដ្ឋ ដែល​ប្រមូលបាន​ពី​វិស័យ​ប្រេងកាត មានដូចជា​ថ្លៃឈ្នួល​ផ្ទៃក្រឡា កម្រៃ​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ប្រាក់រង្វាន់​ចុះហត្ថលេខា កម្រៃ​រដ្ឋបាល និង​ថវិកា​បណ្តុះបណ្តាល មាន​ចំនួន​ប្រមាណ 17លាន​ដុល្លារ​បន្ថែមទៀត។

    ជាមួយគ្នានេះ កន្លងមក​ក្រសួង​រ៉ែ និង​ថាមពល បាន​ខិតខំ​អភិវឌ្ឍ​វិស័យ​ប្រេងកាត ដោយ​ទទួលបាន​លទ្ធផល​ការងារ​មួយចំនួន​ដូចជា​ជំរុញ​ដល់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ឱ្យ​ដំណើរការ​តាម​បច្ចេកទេស​សុវត្ថិភាព និង​នីតិវិធី​នៃ​ការគ្រប់គ្រង​របស់​ក្រសួង​រ៉ែ និង​ថាមពល និង​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ត្រូវបាន​លក់​ប្រែប្រួល​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ដោយមាន​រូបមន្ត​ជាក់លាក់។

    សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​ប្រេងកាត និង​កិច្ចប្រតិបត្តិការ​ប្រេងកាត​បាន​ឈានដល់​ដំណាក់កាល​ធ្វើ​ផលិតកម្ម​នៅក្នុង​ប្លុក A ដែល​រំពឹងថា​នឹង​អាច​ផលិត​ប្រេង​បាន​នៅ​ឆ្នាំ2020 ដោយ​ក្រុមហ៊ុន​ឯកជន។

    របាយការណ៍​បាន​បន្ថែមថា ការស្រាវជ្រាវ និង​វាយតម្លៃ​សក្តានុពល​ធនធាន​រ៉ែ គឺជា​ការវិនិយោគ​មួយ​ដែល​ទាមទារ​ឱ្យ​អ្នក​វិនិយោគិន​មាន​សមត្ថភាព​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពិតប្រាកដ និង​ច្បាស់លាស់ ដោយសារ​ការវិនិយោគ​នេះ មាន​ហានិភ័យ​ខ្ពស់​ណាស់ ពីព្រោះ​ធនធាន​រ៉ែ​ដែល​បាន​រកឃើញ​មិន​ប្រាកដថា អាចធ្វើ​អាជីវ​កម្មបាន​ចំណេញ និង​មិន​ប៉ះពាល់​បរិស្ថាន​ឡើយ។

    ដូច្នេះ​ក្រសួង​ត្រូវធ្វើ​ការថ្លឹងថ្លែង​ទៅលើ​ទិដ្ឋភាព​ទាំងអស់ ដែល​រួមមាន​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​គូភាគី​ពាក់ព័ន្ធ រដ្ឋ និង​ក្រុមហ៊ុន​ឯកជន សេដ្ឋកិច្ចសង្គម អត្ថប្រយោជន៍ ដែល​ប្រជាពលរដ្ឋ​ទទួលបាន​ពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ ផលប៉ះពាល់​បរិស្ថាន​ចំពោះមុខ និង​ទៅ​អនាគត ការតម្រូវ​ឱ្យ​ស្តារ​បរិស្ថាន​នៅក្នុង​ការដ្ឋាន និង​ផលប៉ះពាល់ផ្សេងៗដល់​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ​ដែល​អាច​កើតមានឡើង​នៅពេល​អនាគត បន្ទាប់ពី​ការដ្ឋាន​អណ្តូងរ៉ែ​ត្រូវបាន​បិទ​ជា​ស្ថាពរ។

    តែ​ទោះបីយ៉ាងណា រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​កន្លងមក នៅតែមាន​គតិយុត្ត​នៅក្នុង​ការអនុវត្ត​រហូត​ក្នុង​រយៈពេល​ស្វែង​រុករក​រ៉ែ​ដែល​បានកំណត់​មិនឱ្យ​លើសពី 8ឆ្នាំ​នឹង​ត្រូវផុត​សុពលភាព។ ចំណែក​រាល់​សំណើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ និង​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម អាជីវកម្ម​រ៉ែ​លោហៈ​នៅ​តំបន់​សម្បទាន​ថ្មី ត្រូវ​អនុវត្តតាម​គោលការណ៍ និង​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ។

    រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម ស៊ុយ សែម បាន​ថ្លែង​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា កម្ពុជា​ដល់ពេល​អាច​ប្រមូល​ផល​ពី​ធនធាន​រ៉ែ​របស់ខ្លួន​ដើម្បី​យកមក​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ហើយ ពិសេស​ប្រាក់ចំណូល​ពន្ធ​បានមកពី​វិស័យ​រ៉ែ និង​ថាមពល​ក៏បាន​កើនឡើង​យ៉ាងខ្លាំង​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    ឯកឧត្ដម​បន្តថា «ធនធាន​រ៉ែ​កម្ពុ​ជាមាន​ភាព​សម្បូរបែប ប៉ុន្តែ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​បាន​រកឃើញ​រ៉ែ​មាស​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ផលិត​មាស ដោយ​ខ្លួនឯងបាន​នៅ​ឆ្នាំ2019 ខាងមុខនេះ»៕

  • កម្ពុជា-ថៃ ឯកភាពគ្នា​ប្រើ QR Code លើ​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់រៀល និង​ប្រាក់​បាត

    កម្ពុជា-ថៃ ឯកភាពគ្នា​ប្រើ QR Code លើ​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់រៀល និង​ប្រាក់​បាត

    លោកជំទាវ ជា សេរី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Chantavarn Sucharitakul ឧបការី​ទេសាភិបាល​ធនាគារកណ្តាល​ថៃ ស្តីពី​គម្រោង​ពង្រឹង​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ (ប្រាក់រៀល​ខ្មែរ និង​ប្រាក់​បាត​ថៃ) ចំពោះ​ប្រតិបត្តិការ​ផ្ទេរប្រាក់​ឆ្លងកាត់​ព្រំដែន។

    ការពិភាក្សា​ផ្តោតលើ​គម្រោង​រួមគ្នា​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ QR Code ដែលជា​ជំហាន​ដំបូង​សម្រាប់​ការទូទាត់​ជាទូទៅ ដូចជា​ការទូទាត់​រប​ស់​ភ្ញៀវទេសចរ​របស់​ប្រទេស​ទាំង2 និង​បន្ទាប់មក​នឹង​បង្កើន​វិសាលភាព​ដល់​ការផ្ទេរ​ប្រាក់​របស់​កម្ម​ករ និង​ការទូទាត់​ក្នុង​ពាណិជ្ជកម្ម និង​វិនិយោគ។
    ការប្រើប្រាស់ QR Code នឹង​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​ដែលមាន​គណនី​ជា​ប្រាក់រៀល ទទួលបាន​ផលចំណេញ​ជាច្រើន ដូចជា​អាចធ្វើ​ការទូទាត់​ចេញពី​គណនី​ជា​ប្រាក់រៀល​របស់ខ្លួន​សម្រាប់​ចំណាយ​ទិញ​ទំនិញ ឬ​ទូទាត់​ចំណាយ​នានា ដូចជា​សេវា​ព្យាបាល​ជាដើម នៅលើ​ទឹកដី​ថៃ​ដោយ​ងាយស្រួល សុវត្ថិភាព និង​ចំណាយ​តិច​បំផុត បើ​ធៀប​ទៅនឹង​ការ​ប្តូរប្រាក់ និង​ការ​កាន់​សាច់ប្រាក់​បាត​ទៅ​ចាយ​លើ​ទឹកដី​ថៃ។ ដូច្នេះ​ប្រជាជន​កម្ពុជា នឹងមិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការ​ប្តូរប្រាក់​ដែល​ពេលខ្លះ​អាច​ទទួលរង​នូវ​ការខាតបង់​ពី​ការ​ប្តូរប្រាក់​ពេលធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ហើយ​អាចធ្វើ​ការចំណាយ​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ពី​ការបាត់បង់ និង​ខ្វះខាត​ប្រាក់​បាត​ថៃ​នៅពេល​ដែលមាន​គណនី​ជា​ប្រាក់រៀល​នៅ​កម្ពុជា​ទៀតផង។

    លើសពីនេះ ការប្រើប្រាស់ QR Code ក៏​នឹង​អាច​អនុញ្ញាតឱ្យ​ពាណិជ្ជករ​ទូទាត់​ថ្លៃទំនិញ​ឱ្យ​គ្នា​ដោយផ្ទាល់ ដោយ​មិនចាំបាច់​ធ្វើការ​ប្តូរប្រាក់​នៅតាម​ភ្នាក់ងារ​ប្តូរប្រាក់​នានា​ឡើយ ចំណែកឯ​កម្មករ​កម្ពុ​ជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ក៏​នឹង​អាច​ផ្ទេរប្រាក់​ទៅ​គ្រួសារ​របស់ខ្លួន​តាមរ​យៈ​ប្រព័ន្ធ​នេះ​ជាមួយនឹង​ការចំណាយ​ទាប និង​មាន​សុវត្ថិភាព​បំផុត។

    គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមរយៈ QR Code នឹង​ក្លាយជា​កម្លាំងចលករ​មួយទៀត ចំពោះ​ការលើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​គណនី​ជា​ប្រាក់រៀល ដោយ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទាំង​ក្នុងស្រុក និង​នៅក្រៅ​ស្រុក ស្របតាម​គោលនយោបាយ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា។ ម្យ៉ាងទៀត​ការប្រើប្រាស់ QR Code ជាមួយនឹង​គណនី​ជា​ប្រាក់រៀល នឹង​ជួយ​បង្កើន​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ផ្លូវការ ដែល​ធ្វើឱ្យ​ការចំណាយ​លើ​ប្រតិបត្តិការ​មានតម្លៃ​ទាប ងាយស្រួល និង​មាន​សុវត្ថិភាព ជាពិសេស​ចំពោះ​ប្រតិបត្តិការតូចៗរបស់​ប្រជាជន​ក្រីក្រ និង​ថ្នាក់កណ្តាល៕

  • Everton ចុះហត្ថលេខា​ជាមួយ Richarlison ក្នុងតម្លៃ​ខ្លួន 40លាន​ផោន

    Everton ចុះហត្ថលេខា​ជាមួយ Richarlison ក្នុងតម្លៃ​ខ្លួន 40លាន​ផោន

    ក្លិប​ទូកក្តោង Everton បាន​បំពេញ​ការចុះហត្ថលេខា​ជា​មូ​យ​នឹង​ខ្សែប្រយុទ្ធ Richarlison មកពី​ក្លិប Watford ក្នុង​កិច្ចសន្យា​រយៈពេល 5ឆ្នាំ។ បើ​យោងតាម​បណ្តាញសារព័ត៌មាន Sky Sports បាន​រាយការណ៍​ថា  ក្លិប Everton បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា 40លាន​ផោន (ស្មើនឹង 52.6លាន​ដុល្លារ​អាមេរិក) សម្រាប់​តារា​ឆ្នើម​វ័យ 21ឆ្នាំ​រូបនេះ។

    Richarlison នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់លោក Marco Silva អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Everton ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​កីឡដ្ឋាន Goodison Park ក្នុង​រយៈពេល​ត្រឹមតែ 1ឆ្នាំ ក្រោយពី​យក​កីឡាករ​រូបនេះ​ចេញពី​ក្លិប Fluminense ទៅកាន់​ក្លិប Watford ។ Richarlison បាន​ប្រាប់​ទូរទស្សន៍ evertontv ថា៖ «ខ្ញុំ​ចង់បាន​ការជោគជ័យ​ជាច្រើន​ជាមួយនឹង Everton។

    ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​រឿង​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​ក្នុងការ​ស្ថិតនៅ​នេះ​ជាមួយនឹង​លោក Marco Silva ម្តងទៀត។ ខ្ញុំ​នឹង​រៀន​ឱ្យបាន​ច្រើន​បន្ថែមទៀត ពីព្រោះ​ខ្ញុំ​នៅតែ​រៀន​ក្នុងនាម​ជា​កីឡាករ​ម្នាក់ ហើយ​ខ្ញុំ​ចង់​អភិវឌ្ឍ និង​រីកចម្រើន​នៅទីនេះ»។ ខ្សែប្រយុទ្ធ​វ័យ 21ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា៖ «Everton បានដាក់​ការជឿជាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​មានបំណង​ក្នុងការ​ផ្តល់​កិត្តិយស​ដល់​អាវ​របស់ខ្ញុំ​នៅទីនេះ និង​បង្ហាញ​នៅលើ​ទីលាន​អំពី​មូល​ហេតុដែល​ខ្ញុំ​បានមក​ទីនេះ»។

    ការផ្ទេរ​នេះ​ស្ទើរតែ​បាន​បំពេញ​កាលពី​សប្តាហ៍​មុន​ទៅហើយ ខណៈដែល​Everton បាន​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ ដែល​ធ្លាប់បាន​លេង​ឱ្យ​លោក Silva ក្នុងពេល​លោក​ដឹក​នាំនៅ Watford តែ​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​របស់ Everton៕

    ប្រភពពី៖ Sky Sports

  • កុមារ​ក្រោម 5ឆ្នាំ​នៅ​កម្ពុជា 32.4% មាន​បញ្ហា​លើ​ការលូតលាស់​ផ្នែក​កម្ពស់

    កុមារ​ក្រោម 5ឆ្នាំ​នៅ​កម្ពុជា 32.4% មាន​បញ្ហា​លើ​ការលូតលាស់​ផ្នែក​កម្ពស់

    បើទោះបីជា​បច្ចុប្បន្ននេះ បញ្ហា​ចំណីអាហារ​មិនមែនជា​បញ្ហា​ចោទ​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា​ក្តី តែ​ជាទូទៅ​គ្រួសារ​ដែល​ទទួលបានរ​បប​អាហារ​ល្អ និង​សម្បូរបែប ភាគច្រើន​រស់នៅក្នុង​ទីប្រជុំជន​ដែលមាន​លទ្ធភាព​ស្វែងរក​អាហារ​បំប៉ន​សម្រាប់​កុមារ​តូច​នៅក្នុង​ផ្សារ​ទំនើប ឬ​ហាង​លក់​សម្ភារ​សម្រាប់​កុមារ។

    តែ​ចំពោះ​គ្រួសារ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ហាក់​មិនទាន់​មានលទ្ធភាព​ក្នុងការ​ទទួលយក​នូវ​ប្រភេទ​អាហារ​ដែល​អាច​ជំរុញ​ដល់​ការរីកលូតលាស់​សម្រាប់​កុមារ​បានល្អ​នៅឡើយ​នោះទេ។ ម្យ៉ាងវិញទៀត ចំណេះដឹង​ពី​ការរៀបចំ​របប​អាហារ​សម្រាប់​កុមារ ក៏​មិនទាន់បាន​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នៅឡើយ​ដែរ​នៅតាម​តំបន់​ជនបទ​មួយចំនួន។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ UNICEF នៅ​កម្ពុជា​បាន​បង្ហាញថា កុមារ​ក្រោម 5ឆ្នាំ​នៅ​កម្ពុជា​ប្រមាណ 32.4% មាន​បញ្ហា​ក្រិន ឬ​មាន​កម្ពស់​ទាប​ពេក​បើ​ធៀប​នឹង​អាយុ ដោយសារ​កត្តា​កង្វះខាត​អាហារូបត្ថម្ភ។ ហេតុនេះ​ការយកចិត្តទុកដាក់​លើ​របប​អាហារ គឺជា​រឿង​ចាំបាច់​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​ក្មេង ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការរីកលូតលាស់​ផ្នែក​រាងកាយ ដែល​វា​ក៏​បណ្តាលឱ្យមាន​ផលប៉ះពាល់​ខ្លះ​ផងដែរ​ដល់​ការលូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី​ចំពោះ​កុមារ​ដែលជា​មនុស្ស​សំខាន់បំផុត​សម្រាប់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​នាពេល​អនាគត៕

  • Lochte រង​ពិន័យ​ព្យួរ 14ខែ ក្រោយពី​រកឃើញ​សារធាតុ​ហាមឃាត់​ក្នុង​ឈាម

    Lochte រង​ពិន័យ​ព្យួរ 14ខែ ក្រោយពី​រកឃើញ​សារធាតុ​ហាមឃាត់​ក្នុង​ឈាម

    ម្ចាស់​មេដាយមាស​អូឡាំពិក​លើ​វិញ្ញាសា​ហែល​ទឹក 6សម័យកាល Ryan Lochte បាន​រង​ការពិន័យ​ព្យួរ​រយៈពេល 14ខែ​សម្រាប់​ការប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ប្រឆាំង​សារធាតុ​ហាមឃាត់ ក្រោយពី​រូបគេ​ទទួល​ការព្យាបាល​មួយ​ដោយ​ការចាក់​បញ្ចូល​តាម​សរសៃឈាម។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ភ្នាក់ងារ​ប្រឆាំងនឹង​សារធាតុ​ហាមឃាត់​របស់​អាមេរិក (USADA) កាលពី​ថ្ងៃ​ចន្ទ។

    បើទោះបី USADA បញ្ជាក់ថា Lochte មិនបាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក៏ដោយ ប៉ុន្តែ​អត្ត​ព​លិ​ក​ទាំងអស់​ត្រូវតែ​ទទួលយក​ការចាក់​ថ្នាំ​បញ្ចូល​តាម​សរសៃឈាម​ដែលជា​ផ្នែក​មួយ​នៃ​ការព្យាបាល​ផ្នែក​សុខាភិបាល ឬ​តាមរយៈ​ការព្យាបាល​ផ្សេងទៀត​ប្រកបដោយ​ការជឿជាក់។ Lochte បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ South Florida ថា៖ «ខ្ញុំ​មិនបាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ឡើយ។ រាល់អ្វីៗទាំងអស់​គឺ​ស្របច្បាប់។ អ្នក​អាច​ទទួលយក​ការព្យាបាល ប៉ុន្តែ​វា​គឺ​ស្របច្បាប់ ហើយ​អ្នក​ត្រូវតែ​គោរព​ច្បាប់​ទាំងនោះ»។

    កីឡាករ​ហែល​ទឹក​របស់​អាមេរិក​វ័យ 33ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបភាព​មួយ​របស់គេ​ក្នុងពេល​ទទួល​ការព្យាបាល​តាម​សរសៃឈាម នៅលើ​បណ្តាញ​សង្គម កាលពី​ខែឧសភា ដែល​បានធ្វើឱ្យ USADA បើក​ការស៊ើបអង្កេត​មួយ​តែម្តង ខណៈដែល Lochte បាន​បញ្ជាក់ថា រូបគេ​បាន​ចូលរួម​សហការ​យ៉ាង​ពេញទំហឹង​ជាមួយនឹង​មន្ត្រី​ច្បាប់​របស់​អង្គភាព​នេះ៕

    ប្រភពពី៖ Channel News Asia

  • Richarlison នឹងត្រូវ​ផ្ទេរ​ទៅ Everton ក្នុង​រយៈពេល 24ម៉ោង​ទៀត

    Richarlison នឹងត្រូវ​ផ្ទេរ​ទៅ Everton ក្នុង​រយៈពេល 24ម៉ោង​ទៀត

    Richarlison នឹងត្រូវ​បំពេញ​ការផ្ទេ​រ​របស់គេ​ក្នុងតម្លៃ​ខ្លួន 50លាន​ផោន (ស្មើនឹង 65.5លាន​ដុល្លារ​អាមេរិក) ទៅកាន់​ក្លិប Everton ក្នុង​រយៈពេល 24ម៉ោង​ទៀត​ចាប់ពីពេលនេះ​ទៅ។

    ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានទទួល​ការពិនិត្យ​សុខភាព​នៅ Everton កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយពី​ក្លិប​ទូកក្តោង​មួយ​នេះ បាន​យល់ព្រម​លើ​ការផ្ទេរ​មួយ​ជាមួយនឹង​ក្លិប Watford កាលពី​ចុង​សប្តាហ៍​ថ្មី​នេះ។ Richarlison វ័យ 21ឆ្នាំ នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់លោក Marco Silva នៅក្នុង​ក្លិប​នេះ ខណៈដែល​រូបគេ​ត្រូវ​ដើរ​តាម​អតីត​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់គេ​ពី​កីឡដ្ឋាន Vicarage Road។

    Richarlison បាន​ចូលរួម​ជាមួយនឹង​ក្លិប Watford ដោយ​ចេញពី​ក្លិប Fluminense សម្រាប់​តម្លៃ​ខ្លួន 13លាន​ផោន កាលពី​ខែសីហា និង​បានបង្ហាញ​ពី​ទម្រ​ង​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​រដូវ​កាល​ទី1 របស់គេ​ក្នុង​ក្របខ័ណ្ឌ Premier League ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី 5គ្រាប់ ក្នុងការ​បង្ហាញខ្លួន 12លើកដំបូង​របស់គេ។

    Everton មិនទាន់​ទិញ​ចូល​កីឡាករ​ថ្មី​ណា​ម្នាក់​នៅឡើយ​ទេ​ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅពេលនេះ បើទោះបីជា​ធ្លាប់បាន​ទាក់ទង​ជាមួយនឹង​ខ្សែការពារ Lucas Digne របស់​ក្លិប Barcelona ក៏ដោយ។ Richarlison ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 5ឆ្នាំ និង​ចាប់ផ្តើម​ការហ្វឹកហាត់​នៅមុន​ពេល​បើក​រដូវ​កាល​របស់គេ​ជាមួយនឹង​ក្លិប​ថ្មី​នៅ​សប្តាហ៍​នេះ៕

    ប្រភពពី៖ Daily Star