Author: វល័ក្ខ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពបរិស្ថាន និងការរស់នៅរបស់កុមារ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពបរិស្ថាន និងការរស់នៅរបស់កុមារ

    ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា តាមរយៈឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ។

    ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា (CCRI) ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលនេះ ពិតជាមាសារៈសំខាន់ និងសបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការចូលរួមឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបញ្ជាក់ ពីការគិតគូររបស់ រាជរដ្ឋាភិបាល កម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់កុមារ និងបរិស្ថានរស់នៅរបស់ពួកគេ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

    ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ព័ត៌មានទាំងនេះ ក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពីហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែម ពីការគំរាមកំហែង ដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា សន្ទស្សន៍ហានិភ័យនេះ គឺជារបកគំហើញថ្មីមួយទៀត ដែលនឹងផ្តល់នូវវិភាគទាន ដើម្បីជួយតម្រង់ទិស ក្នុងការចូលរួមរៀបចំ គោលនយោបាយប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ជ្រាប បញ្ហាប្រែប្រួលអាកាសធាតុ ទៅថ្នាក់ក្រោមជាតិ ជាពិសេសការដោះស្រាយ បញ្ហាអាកាសធាតុ ដែលកើតឡើងចំពោះកុមារ។

    លោក Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានចាត់ទុកថារបាយការណ៍ ដែលបានផ្សព្វផ្សាយនៅពេលនេះ គឺជាឧបករណ៍ដ៏មានអានុភាព មួយ ដើម្បីសកម្មភាពរួម សម្រាប់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

    សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ UNICEF នៅឆ្នាំ២០២៣ ដើម្បីរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុ សម្រាប់កុមារនៅកម្ពុជា (Children’s Climate Risk Index) ដើម្បីកំណត់អំពីស្ថានភាព នៃភាពប្រឈម និងភាពងាយរងគ្រោះ របស់កុមារ ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។

    យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា កុមារកម្ពុជាប្រមាណជិត២លាននាក់ ដែលមានចំនួនច្រើនជាងមួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅប្រឈមនឹង ការប្រែប្រួលអាកាសធាតុ ដូចជាប្រឈមទៅនឹងគ្រោះរាំងស្ងួត ខណៈជាងពាក់កណ្តាលនៃកុមារកម្ពុជា សរុបប្រឈមមុខខ្លាំង ទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់និងទឹកនឹងជំនន់ទឹកទន្លេ។ មូលដ្ឋានភាគច្រើនប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន ក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាបនៃប្រទែសកម្ពុជា៕

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បង្ហាញពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី និងបរិយាកាសគ្មានវិវាទក្រោយការដោះស្រាយ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បង្ហាញពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី និងបរិយាកាសគ្មានវិវាទក្រោយការដោះស្រាយ

    ភ្នំពេញ ៖ «វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ» ជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកយកមកបង្ហាញ និងចែករំលែកនៅក្នុងអង្គសិក្ខាសាលាជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីរាជរដ្ឋាភិបាលជំនាញដែលពាក់ព័ន្ធកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះនៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា ៖ ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ គិតត្រឹមខែមករាឆ្នាំ២០២៥ នៅទូទាំងប្រទេស ចាប់ពីដំណើរការវាស់វែងបាន ១២ ២១១ ២៥៩ ក្បាលដី ចេញបណ្ណបាន ៨ ០៣១ ២១៧ បណ្ណ ។ នៅក្នុងអាណត្តិទី៧នេះផងដែរ ការវាស់វែងបាន ៣ ៦៧៥ ៦៥៦ ក្បាលដី ចេញបណ្ណបាន ១ ១២៩, ២៨៤ បណ្ណ និងចែកបណ្ណបាន ៨៤០ ៨៣៣ បណ្ណ។ ដោយឡែក ពាក់ព័ន្ធនឹងការបញ្ចប់វិវាទដីធ្លី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានពាក្យបណ្តឹងសរុបចំនួន ១៦ ៤២៨ករណី ដោះស្រាយបញ្ចប់បាន ១៥ ២៧៣ករណីនិងកំពុងដោះស្រាយ ១ ១៥៥ករណី។ ចំណែកវិវាទដីធ្លីកំពុងដោះស្រាយ មានដីឯកជនចំនួន ៨២៤ករណី ដីរដ្ឋ និងដីសហគមន៍ចំនួន ១៧៤ករណី។ ចំណែកឯបញ្ហាពាក់ព័ន្ធការសម្រេចរបស់តុលាការ ឬក្រសួងស្ថាប័នមានចំនួន ៥៥ករណី បញ្ហាពាក់ព័ន្ធនយោបាយចំនួន ២ករណី និងសំណើចុះបញ្ជីចំនួន ១០០ករណី។

    ឯកឧត្តមបានបញ្ជាក់ថា ចំពោះការផ្តល់សេវាគាប់ចិត្ត ក្រសួងមានសេវាសាធារណៈ ៤៩៦ប្រភេទ ស្មើនឹង ៩៩៤មុខសេវា។ ក្នុងឆ្នាំ២០២៣ រកចំណូលបានជាង១៤០លានដុល្លារ ដែលមាន ៧១% ជាចំណូលពន្ធលើការផ្ទេរអចលនទ្រព្យ ហើយបច្ចុប្បន្ននេះកំពុងបង្កើនគុណភាពសេវាសាធារណៈក្នុងយុគសម័យឌីជីថល ផ្អែកលើមូលដ្ឋានទិន្នន័យ និងការធ្វើបរិវត្តកម្មឌីជីថល។

    ដោយឡែក សម្រាប់ផ្នែកការគ្រប់គ្រងតំបន់បឹងទន្លេសាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ តំបន់ទន្លេសាប មានផ្ទៃដីសរុបប្រមាណ ១៤១ម៉ឺនហិកតា។ក្នុងនោះតំបន់១ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ តំបន់២ជាតំបន់ទ្រនាប់និងតំបន់៣ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ។ក្រោយការកែសម្រួល គិតត្រឹមឆ្នាំ២០២៤ ៖តំបន់១ មានផ្ទៃដីសរុបប្រមាណ ៤៦៣,៤៦៥ ហិកតា តំបន់២ មានផ្ទៃដីសរុបប្រមាណ ៣៨២,៨៦៤ ហិកតានិងតំបន់៣ មានផ្ទៃដីសរុបប្រមាណ ៥៦៥,២៩១ ហិកតា។

    ចំណែកការរៀបចំ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ កម្ពុជាមានរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ មានទំហំ ៤០១គីឡូម៉ែតការ៉េ ក្នុងនោះតំបន់ឧទ្យានកណ្តាល៣៥១គីឡូម៉ែត្រការ៉េ តំបន់រលួស៣០ គីឡូម៉ែត្រការ៉េ និងតំបន់បន្ទាយស្រី២០ គីឡូម៉ែត្រការ៉េ។សូមបញ្ជាក់ថា៖តំបន់១ ជាតំបន់រមណីយដ្ឋានមានប្រាសាទ តំបន់២ជាឧទ្យានបុរាណវត្ថុត្រូវការពារ តំបន់៣ ជាទេសភាពវប្បធម៌ត្រូវការពារ តំបន់៤ ជាចំណុចមានសារសំខាន់ផ្នែកបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិសាស្ត្រ និងតំបន់៥ ជាបរិវេណអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាប-អង្គរ។

    ទាក់ទងនឹងការដោះស្រាយវិវាទបុរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យមានបញ្ហា ចំនួន១១០គម្រោង ក្នុងនោះបុរី ៨៤គម្រោង ផ្សារ និងខុនដូ ៥គម្រោង ដីឡូតិ៍ ២១គម្រោង ។ បញ្ហានេះដោះស្រាយបាន ៥៦គម្រោង និងកំពុងសម្របសម្រួល៥៤គម្រោង៕

  • ក្រុងព្រះសីហនុ នឹងរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល៥ថ្ងៃ នាចុងខែមករានេះ

    ក្រុងព្រះសីហនុ នឹងរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល៥ថ្ងៃ នាចុងខែមករានេះ

    ព្រះសីហនុ ៖ នាដំណាច់ចុងខែមករានេះ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣១ ដោយមានកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅទីលានតេជោ ក្រុងព្រះសីហនុ ។

    នៅក្នុងព្រឹត្តការណ៍នេះនឹងមានសកម្មភាពជាច្រើនដូចជា ការប្រគុំតម្ត្រី និងសម្តែងសិល្ប: ការតាំងពិព័រណ៍ម្ហូបអាហារ ការតាំងផលិតផលពាណិជ្ជកម្ម និងកសិកម្ម ការប្រកួតរត់ប្រណាំង ការប្រកួតថតរូប និងវីដេអូក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” ក្នុងគោលបំណងជ្រើសរើសបេក្ខជនដែលមានទេពកោសល្យស្នាដៃឆ្នើម ដើម្បីចូលរួមជំរុញការផ្សព្វផ្សាយអំពីភាពទាក់ទាញ និងតំបន់សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុ ជាពិសេស ការបង្កើតនូវព្រឹត្តការណ៏ទាក់ទាញកម្សាន្តសប្បាយ ការផ្សព្វផ្សាយតម្លៃវប្បធម៌ខ្មែរក៏ដូចជាផលិតផលខ្មែរជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ផងដែរថា ដើម្បីញាំងឱ្យការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កាន់តែមានភាពអធិកអធម និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវដែលចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ មន្ទីរទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំឱ្យមានការរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាព និងអប់រំអនាម័យបរិស្ថានតំបន់ឆ្នេរ”។ ចំពោះការចូលរួមប្រកួតរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រនេះដែរ អ្នកចូលរួមពុំមានការបង់ប្រាក់ឡើយ ហើយទទួលបានអាវយឺតចំនួន០១ នៅពេលចុះឈ្មោះ។ សម្រាប់ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៥០០ ០០០រៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៤០០ ០០០រៀល, ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៣០០ ០០០រៀល, ជ័យលាភីលេខ៤ ទទួលបានទឹកប្រាក់ ២០០ ០០០រៀល និងជ័យលាភីលេខ៥ ទទួលបានទឹកប្រាក់ ១០០ ០០០រៀល សម្រាប់ជ័យលាភីប្រុស ០៥នាក់ និងស្រី ០៥នាក់។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីម្ចាស់ អាជីវកម្ម និងភ្ញៀវជាតិ-អន្តរជាតិ មេត្តាចូលរួមការតាំងពិព័រណ៍ និងទស្សនាកម្សាន្តកម្មវិធីខាងលើឱ្យបានច្រើនកុះករ។ ដោយឡែកសម្រាប់បណ្តាក្រុមហ៊ុនឯកជន សមាគមទេសចរណ៍ អាជីវករទេសចរណ៍ និងសិស្ស និស្សិត ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមទំនាក់ទំនងមកមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរៀងរាល់ម៉ោងធ្វើការ៕

  • វឌ្ឍនភាព ៖ គម្រោងលើកកម្ពស់គុណភាព និងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចបានជិត ២៩ភាគរយហើយ

    វឌ្ឍនភាព ៖ គម្រោងលើកកម្ពស់គុណភាព និងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចបានជិត ២៩ភាគរយហើយ

    កំពង់ចាម ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្ពស់គុណភាព និងពង្រីកផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ជា៤គន្លង ដែលមានប្រវែង ៤៥. ៤៨ គីឡូម៉ែត្រ សម្រេចបានវឌ្ឍនភាពប្រមាណ ២៨,៧៦ភាគរយហើយ។

    ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) កាលពីសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) ចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) នៅកំណាត់ទី១ ដែលមានប្រវែង ១៩ គីឡូម៉ែត្រ ដើម្បីពិនិត្យពីភាពជាក់ស្ដែងនៃកិច្ចការងារសាងសង់ វឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។

    សូមបញ្ជាក់ដែរថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះមានប្រវែងសរុប ៤៥,៤៨ គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងផ្លូវពី ២ គន្លងទៅ ៤ គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ ម៉ែត្រ។ កំណាត់ផ្លូវនេះ នឹងត្រូវប្រែពីផ្លូវកៅស៊ូស្ដើង DBST ទៅជាផ្លូវបេតុងកៅស៊ូ AC ដែលមានកម្រាស់ ៩ សង់ទីម៉ែត្រ ហើយមានការសាងសង់ស្ពានថ្មីចំនួន ១ កន្លែងប្រវែង ៤០ ម៉ែត្រ ទទឹង ២៤ ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀតប្រវែងសរុប ១០៦ គីឡូម៉ែត្រ ទទឹង ១២ ម៉ែត្រ ព្រមទាំងពង្រីកស្ពានចាស់ចំនួន ១ កន្លែង ទទឹង ១០,៥ ម៉ែត្រ ដាក់លូ ៣៣០ កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿន ២ កន្លែង ស្ថានីយជញ្ជីងថ្លឹងរថយន្ត ២ កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន និងបច្ចេកទេសផ្លូវថ្នល់។

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះធ្លាប់បានស្ថាបនាឡើងវិញកាលពីឆ្នាំ១៩៩៩ ជាផ្លូវកៅស៊ូស្ដើង DBST រួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ យ៉ាងណាមិញ ក្រោយការរីកលូតលាស់នៃវិស័យដឹកជញ្ជូន កំណើនឡើងសេដ្ឋកិច្ច និងតម្រូវការធ្វើដំណើរ លំហូរចរាចរណ៍នៅលើកំណាត់ផ្លូវនេះកើនឡើងយ៉ាងគំហុក ដែលធ្វើអោយផ្លូវនេះទៅជា «ផ្លូវកដប» មានសភាពចង្អៀត កកស្ទះ និងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ផងដែរ។ ដូចនេះ រាជរដ្ឋាភិបាល បានសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នេះអោយបានទូលាយ ងាយស្រួលធ្វើដំណើរជាងមុន ដោយគ្រោងចំណាយថវិកា ១១៧ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយបដិភាគរាជរដ្ឋាភិបាលកម្ពុជា ចំណាយពេលសាងសង់រយៈពេល ៤០ ខែអាចនឹងបញ្ចប់នៅឆ្នាំ២០២៦។ គម្រោងនេះ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន។

    សូមរំលឹកដែរថា ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងផ្លូវមួយខ្សែរនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕

  • ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជាអះអាងថា នឹងមានក្រុមហ៊ុនឯកជនចុះបញ្ជីលក់មូលបត្របន្ថែមទៀត ខណៈឆ្នាំ២០២៤ ទទួលបានផ្លែផ្កាច្រើន

    ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជាអះអាងថា នឹងមានក្រុមហ៊ុនឯកជនចុះបញ្ជីលក់មូលបត្របន្ថែមទៀត ខណៈឆ្នាំ២០២៤ ទទួលបានផ្លែផ្កាច្រើន

    ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរំពឹង ជាមួយនឹងភាពជឿជាក់ថា នឹងមានក្រុមហ៊ុនឯកជនជាច្រើនទៀតបន្តចុះបញ្ជីលក់មូលបត្រ ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ខណៈដែលកាលពីឆ្នាំ២០២៤កន្លងទៅនេះ បណ្តាវិនិយោគិនបានបង្ហាញពីការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផលវិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ និងជឿជាក់ពីការទទួលបានផលចំណេញពីការវិនិយោគ។

    តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ គឺប្រមាណ ៥.៨% និងបន្តកំណើនទៅដល់ ៦.០% ក្នុងឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពនៃការវិនិយោគនៅមានភាពស្រពេចស្រពិលនៅឡើយ ដោយសារភាពវិបត្តិនយោបាយជាសកលដែលជះឥទ្ធិពលដល់វិនិយោគិនក្នុងការរក្សាសាច់ប្រាក់នៅក្នុងដៃ។ ទោះបីជាយ៉ាងណា ផ្សារមូលបត្រកម្ពុជា (ផមក) ជឿជាក់ថា ឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់ទីផ្សារទាំងមូល និងជាឱកាសមាសសម្រាប់វិនិយោគិនរបស់យើង។ វិនិយោគិនមានការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផលវិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ ស្របពេលដែលវិនិយោគិនសកម្មក្នុងទីផ្សារមានការកើនឡើង និងជឿជាក់ពីផលចំណេញលើការវិនិយោគភាគហ៊ុនក្នុងថ្លៃបច្ចុប្បន្ន។ ដោយឡែក ក្នុងឆ្នាំ២០២៥នេះផង យើងនឹងមានក្រុមហ៊ុនចុះ បញ្ជីលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាបន្តបន្ទាប់ ដោយបច្ចុប្បន្នមានក្រុមហ៊ុនខ្លះកំពុងរៀបចំខ្លួន និងខ្លះទៀតបាន និងកំពុងរៀបចំឯកសារ និងដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីមកកាន់ផ្សារមូលបត្រកម្ពុជា។

    នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជាបានទទួលស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ២ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន តែល ភូថេក និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិកាលពីឆ្នាំ២០១៦។

    ផ្អែកលើទិន្នន័យក្នុងឆ្នាំ២០២៤ សង្កេតឃើញថា គណនីជួញដូរសរុបមានចំនួន ៥៨,៣៩៤ ត្រូវបានបើកដំណើរការ ដែលក្នុងនោះមានការកើនឡើងគណនីថ្មីចំនួន ១២ ៧៤៥ គណនី កើនឡើងជាង ២៦% បើធៀបនឹងចំនួនគណនីសរុបត្រឹមឆ្នាំ២០២៣។ តម្លៃជួញដូរជាមធ្យមក្នុងឆ្នាំ២០២៤ មានជាង ៥៣៥លានរៀល (ប្រមាណ ១៣៣ ៩៦៣ ដុល្លារ) ដែលមានការថយចុះប្រមាណ ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺការទទួលបានចំណាប់អារម្មណ៍ និងការចូលរួមរបស់វិនិយោគិនក្នុងស្រុកក្នុងវិស័យមូលបត្របានកើនឡើងជាលំដាប់។

    ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមស្មើនឹង ១០១ ៨៤៣ ភាគហ៊ុន ដោយ ៩៣% ត្រូវបានជួញដូរដោយវិនិយោគិនក្នុងស្រុក។ ការដាក់បញ្ជាទិញ-លក់ជាមធ្យមប្រចាំថ្ងៃមានចំនួន ៣ ៦២៧ ក្នុងឆ្នាំ២០២៤ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០២៣ ។ ក្រៅពីការជួញដូរតាមទីផ្សារ ប្រតិបត្តិការតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចា (NTM) ក្នុងឆ្នាំ២០២៤ ទទួលបាន ១០ ប្រតិបត្តិការ ដែលក្នុងនោះមានភាគហ៊ុនដូចជា PAS, GTI និង PWSA។ ទំហំជួញដូរសរុបនៃប្រតិបត្តិការទាំងនេះមានចំនួន ១ ២១៣ ៥៥៤ ហ៊ុន ដែលស្មើនឹង ៦២៦៦ ពាន់លានរៀល ដែលធ្វើការជួញដូរដោយវិនិយោគិនបរទេស ៦០% ខណៈដែលវិនិយោគិនក្នុងស្រុកបានរួមចំណែក ៤០%។

    ជារួម នៅក្នុងឆ្នាំ២០២៤ គេសង្កេតឃើញថា ផ្សារមូលបត្រកម្ពុជាក៏ទទួលបានការចូលរួមពីវិនិយោគិនបរទេសតាមបណ្តាប្រទេសនានា ដែលក្នុងនោះមានវិនិយោគិនតៃវ៉ាន់នាំមុខគេក្នុងទំហំជួញដូរដែលមានចំនួន ៣៩.៥០% នៃវិនិយោគិនបរទេសសរុប។ ក្រៅពីនេះមានដូចជា ជប៉ុន ចិន និងថៃ តាមពីក្រោយដោយ ២១, ៣១%, ១៤,១៨% និង ៥,៣៦% រៀងគ្នា៕

  • អាប់ដេតបន្ថែម រឿងគម្រោងឆបោករបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ប្រទេសថៃ ពេលនេះតារាល្បីឈ្មោះ២រូបបានរួចពីការចោទប្រកាន់ហើយ

    អាប់ដេតបន្ថែម រឿងគម្រោងឆបោករបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ប្រទេសថៃ ពេលនេះតារាល្បីឈ្មោះ២រូបបានរួចពីការចោទប្រកាន់ហើយ

    បើប្រិយមិត្តអ្នកអាននៅចាំបាននោះ ជនសង្ស័យ​ ឬជនជាប់ចោទដែលស្ថិតនៅក្នុងគម្រោងឆបោក ដឺ អាយ​ខុន​ គ្រុប គឺមានចំនួនសរុបទាំងអស់១៨​នាក់​ រួមទាំងស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ដឺ អាយ​ខុន​ គ្រុប គឺលោក Warathaphon Waratyaworrakul “ហៅ Boss Paul” និងនាយកប្រតិបត្តិផ្សេងទៀត ដោយជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការខ្ចីប្រាក់ក្លែងបន្លំ ការបើកអាជីវកម្មលក់ផ្ទាល់ដោយខុសច្បាប់ និងបទល្មើសពាក់ព័ន្ធផ្សេងទៀត។

    តែនៅពេលថ្មីៗនេះ ព្រះរាជអាជ្ញារបស់ប្រទេសថៃបានសម្រេចចិត្តមិនចោទប្រកាន់ កញ្ញា Peechaya Wattanamontri “ហៅ Boss Min” ដែលជាតារាស្រីដ៏ល្បីឈ្មោះរបស់ប្រទេសថៃ និងតារាសម្តែងជើងចាស់ លោក Yuranan Pamornmontri “ហៅ Boss Sam” ដោយលើកឡើងថា ភ័ស្តុតាងមិនគ្រប់គ្រាន់។ នៅពេលនេះអ្នកទាំង២នាក់បានចេញពីមន្ទីរឃុំឃាំងមករស់នៅក្នុងផ្ទះរបស់ពួកគេដូចធម្មតាវិញហើយ ហើយក៏អាចចេញសម្តែង និងទទួលការងារដូចធម្មតា ដោយពួកគេបានតម្កល់ប្រាក់ចំនួន ៥០ម៉ឺនបាត ស្មើនឹងប្រមាណជា១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ នៅថ្ងៃដែលពួកគេចេញពីមន្ទីរឃុំឃាំងគឺមានអ្នកសារព័ត៌មានជាច្រើន ពីគ្រប់ស្ថាប័នបានមកចាំថតរូប និងសាកសួរព័ត៌មានពីកញ្ញា Peechaya និងលោក Sam តែអ្នកទាំងពីរនៅមិនទាន់ព្រមឱ្យធ្វើបទសម្ភាសន៍ជាមួយពួកគេនៅឡើយទេ ក្នុងនោះ កញ្ញា Peechaya បានប្រាប់មកអ្នកសារព័ត៌មានថា នាងសុំពេលបន្តិច នៅពេលដែលនាងមានសុខភាពរឹងមាំឡើងវិញ និងមានពេលវេលាសមរម្យហើយ នាងនឹងធ្វើសន្និសិទសារព័ត៌មានលម្អិតពីរឿងនេះដល់សាធារណជនទាំងអស់។ បើមើលតាមសភាពរបស់អ្នកទាំងពីរនៅថ្ងៃចេញពីមន្ទីរឃុំឃាំង ឃើញថា ពួកគេមានសភាពទ្រុឌទ្រោមខាងផ្នែកសុខភាពជាច្រើន ជាពិសេសកញ្ញា Peechaya មានសភាពស្គមស្គាំង និងស្រកគីឡូខ្លាំងគួរឱ្យកត់សម្គាល់។

    ដោយឡែកជនសង្ស័យផ្សេងទៀតកំពុងដាក់ស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់ផងដែរ។

    តែទោះជាយ៉ាងណាក៏ដោយនៅក្នុងរឿងនេះ លោក Pol Maj Yutthana អគ្គនាយកនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ប្រទេសថៃបានបញ្ជាក់ថា គណៈកម្មាការ DSI នឹងធ្វើការត្រួតពិនិត្យមើលលើការសម្រេចរបស់ព្រះរាជអាជ្ញាដែលនឹងចាប់ផ្តើម30ថ្ងៃបន្ទាប់ពីនាយកដ្ឋានទទួលបានឯកសារទាំងអស់។

    លោកបានបន្ថែមថា នីតិវិធីនេះធានាឱ្យមានការត្រួតពិនិត្យ និងតុល្យភាពនៅក្នុងប្រព័ន្ធយុត្តិធម៌។ លោកបានមានប្រសាសន៍ថា ប្រសិនបើ DSI មិនយល់ស្របនឹងចំណាត់ការរបស់ព្រះរាជអាជ្ញាទេ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅអគ្គមេធាវី ដើម្បីសម្រេចចុងក្រោយជាបន្តទៀត។

    តើវាសនារបស់ជនសង្ស័យ​ទាំងអស់នឹងទៅជាយ៉ាងណាទៀតនោះ សូមរង់ចាំតាមដានបន្ត…៕

  • មិនស​សើរមិនបាន! ប្អូនស្រី ជូរី ល្អហួស អាយុត្រឹមប៉ុណ្ណឹងសោះអាចជួយលើកស្ទួយមុខមាត់កម្ពុជា នៅលើទឹកដីប្រទេសចិន និងពិភពលោក

    មិនស​សើរមិនបាន! ប្អូនស្រី ជូរី ល្អហួស អាយុត្រឹមប៉ុណ្ណឹងសោះអាចជួយលើកស្ទួយមុខមាត់កម្ពុជា នៅលើទឹកដីប្រទេសចិន និងពិភពលោក

    “ទោះជាត្រជាក់យ៉ាងណា ក៏កូនស្រីកម្ពុជាអាចស៊ូបាន ទាំងស្នាមញញឹម «របាំ​អប្សរា» ឧបសគ្គ​មិន​ឈ្នះ​ការ​ព្យាយាម កូនស្រី​កម្ពុជា​អាច​ធ្វើ​បាន”

    មហាជន និងអ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​សម្តែង​ការ​កោត​ស​សើរ និងមានមោទនភាពជា​ខ្លាំងចំពោះការស៊ូទ្រាំ និងភាពអំណត់របស់ប្អូនស្រី ជូរី ​ល្អ​ហួស ដែល​បាន​ជ​ម្នះ​លើ​ភាព​ត្រជាក់​ខ្លាំងនៅលើទឹកដីប្រទេសចិន ក្នុងទីក្រុង Harbin  ដើម្បី​សម្តែង​ និង​រាំរបាំ​អប្សរា​ខ្មែរ​ឱ្យពិភពលោកទាំងមូល​បាន​ស្គាល់​ពីក្បាច់រាំដ៏ស្រស់ស្អាតល្វតល្វន់ទន់ភ្លន់នៅ​លើ​ផ្ទាំង​ទឹកកក​ដែលមានសីតុណ្ហភាពក្រោមសូន្យអង្សាសេ។ ជារឿយៗ នៅលើផេករបស់ប្អូនស្រីល្អហួស បាន​បង្ហាញពីសកម្មភាព និង​រូបភាព​របស់នាង ​មុន និង​ក្រោយ​ពេល​សម្តែងរាំ​របាំ​អប្សរា​ ​ដែល​នាង​ត្រូវ​បាន​អញ្ជើញ​ដោយ​រដ្ឋបាល​ខេត្ត ​ Harbin ប្រទេស​ចិន ដើម្បីរាំបង្ហាញ​ពីវប្បធម៌​ដ៏ថ្លៃថ្លារបស់ប្រទេសកម្ពុជា និង​ចូលរួម​ការ​ប្រគំ​តន្ត្រី​នៅ​ទីនោះផ្ទាល់។

    តាម​រយៈ​សកម្មភាព​ដែលបានផុសមកជាបន្តបន្ទាប់ បានបញ្ជាក់ពីភាពមោះមុតរបស់ ប្អូនស្រី ជូរី ល្អហួស ដែលនាង​បាន​ខិតខំ​ប្រឹងប្រែង ​និងអត់ធ្មត់ជាខ្លាំង​ចំពោះ​អាកាសធាតុ​ដ៏​ត្រជាក់​រហូតដល់ដកសូន្យអង្សាសេ ដើម្បី​សម្តែង​ និងរាំរបាំ​អប្សរា​រហូត​ដល់​ចប់​ប្រកបដោយ​មោទនភាព និងភាព​ជោគជ័យធំធេងមែនទែន នៅ​ពីមុខ​ផ្ទាំង​ទឹកកក​ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជា​រូប​ប្រាសាទបាយ័ននៅឯកន្លែងកម្សាន្ត ស្ថិតក្នុងទីក្រុង Harbin ប្រទេស​ចិន។

    ក្នុងនោះដែរ ប្អូនស្រី ល្អហួស បានសរសេរ​ជា​សំ​ណេ​រភ្ជាប់ជាមួយថា “អប្សរា​សក់ខ្មៅ កំពុង​បង្ហាញខ្លួន​នៅ​លើ​ផ្ទាំង​ទឹកកក​នៅ​ឯ​ប្រទេស​ចិន ផ្ការំដួល​មួយ​ទង​នេះ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ក្លិនក្រអូប ទោះបីជា​ត្រជាក់​យ៉ាងណា ក៏​កូនស្រី​កម្ពុជា អាច​ស៊ូ​បាន ទាំង​ស្នាមញញឹម «របាំ​អប្សរា» ឧបសគ្គ​មិន​ឈ្នះ​ការ​ព្យាយាម កូនស្រី​កម្ពុជា​អាច​ធ្វើ​បាន។

    សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា សម្រាប់​ការ​គាំទ្រ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្ប​ធ​ម៍​ខ្មែរ​នៅ​ប្រទេស​ចិន នាង​ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​ដែរ​បាន​កើតជា​កូន​ខ្មែរ”។

    បើ​យោងតាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួ​សារ និងក្រុមការងារដែលមានវត្តមាននៅប្រទេសចិនជាមួយនឹងរូបនាងបាន​បញ្ជាក់​ថា ក្នុងអំឡុង​ពេលដែលប្អូនស្រី ល្អហួស បាន​សម្តែង​នៅ​ទីនោះពិតជា​មានការ​ខិតខំប្រឹងប្រែង និង​តស៊ូ​យ៉ាង​ខ្លាំង ​ដើម្បី​ជម្នះ​ភាព​ដ៏​ត្រជាក់​ខ្លាំង​ ទាំងការ​សម​រាំនៅលើផ្ទាំងទឹកកកមុន​សម្តែង និងក្នុងអំឡុង​ពេល​សម្តែងផ្ទាល់នៅក្នុងកន្លែងកម្សាន្ត ដែលពេញដោយផ្ទាំងទឹកកកឆ្លាក់ជារូបរាងផ្សេងៗយ៉ាងប្រណីត ដែលមានសីតុណ្ហភាពរហូតដល់ដកសូន្យអង្សាសេ គឺត្រជាក់ខ្លាំង រឹងដៃរឹងជើង សឹងតែឈរទប់ខ្លួនមិនទាំងជាប់ផង។ ហើយនៅពេល​ការ​សម្តែង​ចប់ ប្អូនស្រី ល្អហួស ស្ទើរតែ​ទ្រាំ​មិន​បាន ដោយសារ​ភាព​ត្រជាក់​នោះ​បាន​ធ្វើ​ឱ្យនាង​ស្ពឹក​ដៃ​ស្ពឹកជើង និង​ច្រមុះឡើងក្រហម ប៉ុន្តែ​នាង​ក៏​នៅ​តែ​ធ្វើវា​បានយ៉ាង​ល្អ ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​នាង និងជួយលើកស្ទួតមុខមាត់ប្រទេសជាតិនៅលើប្រព័ន្ធបណ្តាញសង្គមមិនត្រឹមតែនៅប្រទេសកម្ពុជាយើង និងនៅប្រទេសចិនផ្ទាល់នោះទេ គឺទូទាំងពិភពលោកបានឃើញ និងមានការស្ញើចសរសើរមិនដាច់ពីមាត់ពីភាពអំណត់ និងការខិតខំតស៊ូរបស់ក្មេងតូចដែលមានអាយុត្រឹម១៦ឆ្នាំម្នាក់នេះ។

    គួរបញ្ជាក់ផងដែរថា ​ប្អូនស្រី ជូរី ល្អហួស ទើបតែមានអាយុ១៦ឆ្នាំ ហើយនាងបានជាប់ Miss Preteen Cambodia ឆ្នាំ២០២៣ និង Miss Preteen Junior Idol World ឆ្នាំ២០២៤ ផងដែរ “ក្មេងតូច អាយុតិច សមិទ្ធិផលធំ”៕

  • សារធាតុដែក សំខាន់ចំពោះអ្នកម្តាយមានគភ៌យ៉ាងណាខ្លះ?

    សារធាតុដែក សំខាន់ចំពោះអ្នកម្តាយមានគភ៌យ៉ាងណាខ្លះ?

    សារធាតុដែក អាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀត ដែលចាំបាច់ណាស់សម្រាប់អ្នកម្តាយមានគភ៌ទាំងឡាយ ព្រោះក្រៅពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នកម្តាយមិនងាយនឹងងងឹតមុខ ឬខ្យល់គដួលបានទៀតផង។

    ក្រៅពីនៅក្នុងសភាវប្រក្រតី ដែលមនុស្សយើងត្រូវការសារធាតុដែក​ដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌រឹតតែជាអំឡុងពេលមួយ ដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនទៀតផង ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេកហើយ នៅមានផលប៉ះពាល់ដល់កម្មវិធីសាងអវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកក្នុងផ្ទៃទៀតផង។

    ជាប្រក្រតី នៅពេលមានការទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាមដើម្បីពិនិត្យមើលថា តើរាងកាយអ្នកម្តាយរឹងប៉ឹងមាំមួនដែរឬទេ មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា បើរកឃើញថាអ្នកម្តាយមានសភាវលោហិតស្លេក ឬមានភាពប្រថុយប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែនឹងជាការល្អបំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិ ដែលសម្បូរទៅដោយសារធាតុដែកនោះ ដោយចែកចេញជាសារធាតុដែកដែលរាងកាយអាចបឺតជ្រាបបានលឿន និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានរាងយឺត។

    . អាហារដែលផ្តល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿន មានដូចជា អាហារពពួកសាច់សត្វ គ្រឿងក្នុង និងអាហារសមុទ្រ ដែលផ្តល់នូវសារធាតុដែកខ្ពស់គឺ សួត និងថ្លើមជ្រូក កំពិស បង្គាក្រៀម គ្រំកំភេមជាដើម។
    . អាហារដែលផ្តល់សារធាតុដែកដែលរាងកាយបឺតជ្រាបរាងយឺត ត្រូវអាស្រ័យវីតាមីន C ជាជំនួយការក្នុងការបឺតជ្រាបនោះ មានដូចជា អាហារពពួកបន្លែស្លឹកបៃតង និងគ្រាប់សណ្តែកផ្សេងៗ ស្លឹកជីបហោ ស្លឹកកន្ទំទេស និងធញ្ញជាតិពពួកគ្រាប់ល្ងស។

    អ្នកម្តាយមានគភ៌គ្រាន់តែឧស្សាហ៍ទទួលទានអាហារខាងលើនេះឱ្យបានច្រើន គួបផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតី
    នៅក្នុងគភ៌ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនឯងកើតសភាវលោហិតស្លេកដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបាន។

    ចំពោះអ្នកម្តាយមានគភ៌ណាដែលនៅមិនទាន់បានធ្វើការពិនិត្យឈាម អាចសាកល្បងសង្កេតមើលដោយខ្លួនឯងក៏បានថា តើខ្លួនឯងស្ថិតក្នុងសភាវលោហិតស្លេក ឬកំពុងមានភាពប្រថុយនឹងការកើតសភាវលោហិតស្លេកឬក៏អត់? ព្រោះអាការលោហិតស្លេកនេះតែងបង្ហាញឡើងនៅលើរាងកាយ ដូចជា ខ្លួនឡើងស្លេកស្លាំង លឿង ដៃស្លាំង បបូរមាត់ស្លេក ឆាប់វឹល និងងងឹតមុខ ខ្យល់គញឹកញាប់ ឆាប់ហត់ ស្ពឹកស្រពន់ – ល – បើរកឃើញថាខ្លួនឯងមានអាការដូចខាងដើមនេះទោះជាក្នុងចំណុចណាមួយក៏ដោយ ឡា រ៉ែន សូមណែនាំឱ្យប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីទទួលវីតាមីនបំប៉ន និងជួសឈាមរកមើលភាពខុសប្រក្រតីផ្សេងៗទៀតផង៕

  • រូបមន្ត​ធ្វើ​ម៉ាស​បិទមុខ ដើម្បី​ស្បែ​កស​ស្អាត​ដូច​ចិត្ត

    រូបមន្ត​ធ្វើ​ម៉ាស​បិទមុខ ដើម្បី​ស្បែ​កស​ស្អាត​ដូច​ចិត្ត

    ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ និង​ភាពស្រស់ស្អាត​តាមរយៈ​ការតុបតែង​មុខ​គឺមាន​ភាពផ្ទុយ​គ្នា​ស្រឡះ ព្រោះ​សម្រស់​ទាំង2ប្រភេទ​នេះ​គឺ​បានបង្ហាញ​ពី​ភាពស្រស់ស្អាត​ខុសគ្នា ដែល​អាច​សម្គាល់​ឃើញ​យ៉ាងច្បាស់។ ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិ ​គឺជា​ភាពស្រស់ស្អាត​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ព្រោះ​វា​ជា​សោ​ភ័ណភាព​នៃ​សម្រស់​ដែល​មិន​ងាយ​នឹង​រលាយបាត់​ពី​ខ្សែ​ភ្នែក​របស់​អ្នកផង​ទាំងពួង។ ចំពោះ​អ្នក​ដែល​មិនបាន​កើតមក​រួមជាមួយ​នឹង​ភាពស្រស់ស្អាត​ពី​ធម្មជាតិ​ទាំងស្រុង​ទេនោះ ក៏​មិនមែន​មានន័យថា អ្នក​មិនអាច​ទទួលបាន​ភាពស្រស់​ស្អាត​តាមបែប​ធម្មជាតិ​ដែរ។ ចង់បាន​ស្បែក​ស្រស់ស្អាត​ជាទី​ទាក់ទាញ​ចិត្ត​នៃ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​នោះ​មិនមែនជា​បញ្ហា​ធំ​នោះទេ ព្រោះថា​មាន​វិធី​ច្រើនណាស់​ដែល​អាចឱ្យ​អ្នក​យកមកប្រើ​ដើម្បី​ទាញយក​ភាពស្រស់ស្អាត​បាន​ដោយ​រូ​ម​មន្ត​ទាំង4ដូចខាងក្រោម​៖

    រូបមន្ត​ទី1៖ កិន​ដំឡូងបារាំង​ឱ្យ​ម៉ដ្ឋ រួច​យកមក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​រាល់ថ្ងៃ ដើម្បី​កាត់បន្ថយ​សារជាតិ​ពណ៌​ខ្មៅ​នៅក្នុង​រាងកាយ និង​ជួយ​បំបាត់​ស្នាម​ជាំ​នៅលើ​ស្បែ​កមុខ និង​បន្ថែម​ភាព​ស​ស្អា​តដល់​ស្បែ​កមុខ និង​ស្បែក​ដងខ្លួន​របស់​អ្នក។ អ្នក​អាចអនុវត្ត​វិធី​នេះ​បាន​ទាំង​ចំពោះ​ដំឡូងបារាំង​ឆៅ និង​ដំឡូងបារាំង​ឆ្អិន។ ប្រសិនបើ​
    អ្នក​ជ្រើសរើស​ប្រើ​ដំឡូងបារាំង​ឆ្អិន​នោះ អ្នក​អាច​បន្ថែម​ទឹកដោះគោឆៅ​បន្តិច​ទៅក្នុង​សាច់​ដំឡូង​ដែល​កិន​រួច​នោះ​ទៀត​ក៏​កាន់តែ​ប្រសើរ។

    រូបមន្ត​ទី2៖ ម្សៅ​ដែល​បានមកពី​ដើម​ចន្ទន៍​ក្រស្នា លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ទឹក​ប៉េងប៉ោះ និង​ទឹក​ត្រសក់ រួច​យកមក​លាប​នៅលើ​ស្បែ​កមុខ។ ទុកចោល​ប្រហែល15 ទៅ20នាទី សឹម​លាង​ចេញ​ដោយ​ទឹកស្អាត។ ការធ្វើ​បែបនេះ អាចជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ស​ស្អាត ស្រស់​ផូរផង់​ថែម​មួយកម្រិត​ទៀត។ វិធី​នេះ​វា​អាចមាន​ការពិបាក​បន្តិច​សម្រាប់​អ្នក​ក្នុងការ​ស្វែងរក​ម្សៅ​ពី​ដើម​ចន្ទន៍​ក្រស្នា ប៉ុន្តែ​បើ​អាចធ្វើ​បាន​អ្នក​គួរតែ​សាកល្បង ដើម្បី​បង្អួត​អ្នកដទៃ​នូវ​សម្រស់​ដ៏​ស្អាត​ផូរផង់​របស់​អ្នក តែបើ​អ្នក​ចង់​ឱ្យស្បែក​ដងខ្លួន​របស់​អ្នក​ស​ស្អាត​ដូច​បំណង​នោះ អ្នក​ក៏​អាចអនុវត្ត​វិធី​នេះ​ជាមួយនឹង​ស្បែក​ដងខ្លួន​របស់​អ្នក​ក៏បាន។

    រូបមន្ត​ទី3៖ យក​សម្បក​ក្រូច​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត ​រួច​កិន​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​យ​កវាម​កលាយ ជាមួយ​ទឹកដោះគោឆៅ ហើយ​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​របស់​អ្នក។ ទុក​វា​លើ​ផ្ទៃមុខ​រហូតដល់​អ្នកមើល​ឃើញថា វា​ស្ងួត​បានយូរ​បន្ដិច សឹម​ជម្រះ​ចេញ​ដោយ​ទឹក​ក្ដៅឧណ្ហ។ ប្រសិនបើ​អ្នក​អាចអនុវត្ត​វិធី​បែបនេះ​ឱ្យបាន​រាល់ថ្ងៃ នោះ​អ្នក​ពិតជា​បានឃើញ​ពី​បម្រែបម្រួល​នៃ​សភាព​ស្បែក​របស់​អ្នក​ជាក់​ជាមិនខាន។

    រូបមន្ត​ទី4៖ ក្រូចឆ្មារ​ជាមួយ​ត្រសក់ ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ដែរ ក្នុង​ការជួយ​បន្ថែម​ភាព​ភ្លឺ​ថ្លា​ទៅឱ្យ​ស្បែក ហើយក៏​ជួយ​សម្រួល​ដល់​ស្បែក​ដែលមាន​បញ្ហា​ដោយ​ការ​រលាក​នៃ​កម្តៅថ្ងៃ​ផងដែរ។ ទឹក​ត្រសក់1ស្លាបព្រា, ទឹកក្រូច​ឆ្មារ 1ស្លាបព្រា និង​ម្សៅ​រមៀត1ស្លាបព្រា រូបមន្ត​នេះ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ឡើងជា​តិ​ប្រេង​ច្រើន ប៉ុន្តែ​បើ​អ្នកមាន​ស្បែក​ស្ងួត​វិញ​នោះ គួ​របន្ថែម Glycerine 1ស្លាបព្រា​ទៀត។ លាយ​ល្បាយ​ទាំងអស់នេះ​ចូលគ្នា រួច​យកមក​លាប​នៅលើ​ផ្ទៃមុខ និង​ក្រោម​ភ្នែក​ដោយ​ប្រើ​សំឡី​ជា​ជំនួយ។ ទុក​វា​ចោល15នាទី សឹម​សម្អាត​ចេញ​ជាមួយនឹង​ទឹកស្អាត (ទឹក​ត្រជាក់​ធម្មតា)។ រយៈពេល​មួយ​សប្តាហ៍​ក្រោយមក អ្នកនឹង​ទទួលបាន​នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​មិន​ខាន។

    សាកល្បង​អនុវត្ត​វិធី​ណាមួយ​ដែល​អ្នក​គិតថា​ល្អ និង​ងាយស្រួល​ដោយ​ខ្លួន​អ្នក ដើម្បី​ភាពស្រស់ស្អាត​ទាក់ភ្នែក​ដែលជា​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់គ្នា៕

  • ការអានលើឯកសារបោះពុម្ព និងការអានលើប្រព័ន្ធបច្ចេកវិទ្យាមួយណាល្អជាង?

    ការអានលើឯកសារបោះពុម្ព និងការអានលើប្រព័ន្ធបច្ចេកវិទ្យាមួយណាល្អជាង?

    មនុស្សភាគច្រើនគ្រប់គ្នាសរសើរបច្ចេកវិទ្យាដែលអាចបង្កើត PDF អាច​មានកម្មវិធីអាន និងអាច​ធ្វើឱ្យយើងទទួលបានចំណេះដឹងច្រើន ខណៈដែលពេលមុនមិនធ្លាប់មាន។ បណ្ណាល័យ​មួយអាចដាក់សៀវភៅបានច្រើន ឬតិចគឺអាស្រ័យលើទំហំនៃអាគារ តែពេលនេះកាន់តែទូរស័ព្ទ ឬកុំព្យូទ័រមួយ អាចដាក់បណ្ណាល័យមួយតាមខ្លួនដោយលែងបារម្ភ។

    ទន្ទឹមនឹងមានចំណុចល្អនេះ មនុស្សមួយចំនួនធំ បានលើកឡើងថាទូរស័ព្ទ និងកុំព្យូទ័ររបស់គាត់មានសៀវភៅច្រើន​ តែពេលខ្លះពិបាកអាន។ ពិបាកមិនមែនមកពីគាត់មិនទាន់ទម្លាប់ជាមួយនឹងបច្ចេកវិទ្យា ឬមកពី Screen ខុសពីសៀវភៅនោះទេ តែពិបាកត្រង់​ការគ្រប់គ្រងចិត្តខ្លួនឯង។ នៅពេលដែលកាន់ឧបករណ៍អេឡិចត្រូនិចដើម្បីអាន មានរឿងជាច្រើនបានលោតឡើងស្របពេលដែលគាត់អាន ហើយធ្វើឱ្យចិត្តគាត់ចង់បើកមើល ចង់ដឹងពីហេតុការណ៍នៃ notification ដែលបានលោតឡើងនោះ ហើយក៏ចង់​ចូលទៅកាន់កម្មវិធីកម្សាន្តជាច្រើនទៀតនៅក្នុងដៃរបស់គាត់។

    ជាដំណោះស្រាយនៃបញ្ហាខាងលើនេះ មានមនុស្សមួយចំនួនបានឱ្យយោបល់ថា​គ្រាន់តែបិទ Internet នៅពេលដែលយើងកំពុងអានសៀវភៅជាការស្រេច តែមានអ្នកខ្លះលើកឡើងថា បើទោះបីជាគ្មាន Internet ក៏ដោយ គាត់ក៏នៅតែពិបាកដែរ ព្រោះ​មានកម្មវិធីដែលគាត់ជក់ចិត្តច្រើនណាស់នៅក្នុងដៃរបស់គាត់ ហើយរង់ចាំឱ្យ​គាត់ទៅបើកវាមើល។

    ជារួមគឺ បច្ចេកវិទ្យាល្អ តែមកពីមនុស្សខ្លួនឯងគ្រប់គ្រងវាមិនបានល្អ។ សំណួរសួរថា ចុះបើពិបាកគ្រប់គ្រងម្លឹងៗ ម្តេចក៏មិនប្រើវាឱ្យមានតុល្យភាព? កុំបដិសេធការប្រើបច្ចេកវិទ្យា តែក៏កុំភ្លេចការមើលឯកសារបោះពុម្ព៕