Author: វល័ក្ខ

  • ក្រុម Force India នឹង​រួច​ផុតពី​ការជាប់​ពិន័យ​រដ្ឋបាល ក្រោយ​ការកាន់កាប់​របស់​ម្ចាស់​ថ្មី

    ក្រុម Force India នឹង​រួច​ផុតពី​ការជាប់​ពិន័យ​រដ្ឋបាល ក្រោយ​ការកាន់កាប់​របស់​ម្ចាស់​ថ្មី

    ក្រុម Force India ក្នុងការ​ប្រណាំង​រថយន្ត Formula One នឹងត្រូវ​រួចផុត​ពី​ការជាប់​ពិន័យ​ផ្នែក​រដ្ឋបាល ក្រោយពី​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ពី​ការកាន់កាប់​មួយ​ដោយ​ក្រុមមនុស្ស​បណ្តាក់ទុន​មួយក្រុម​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​មហាសេដ្ឋី​សញ្ជាតិ​កាណាដា លោក Lawrence Stroll។

    ក្រុម​ប្រណាំង​រថយន្ត​របស់​ឥណ្ឌា​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Silverstone ប្រទេស​អង់គ្លេស​មួយ​នេះ ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ការជាប់​ពិន័យ​រដ្ឋបាល​កាលពី​ខែ​មុន ប៉ុន្តែ​បាន​បញ្ជាក់ថា អនាគត​របស់​ក្រុម​នេះ ត្រូវបាន​ធ្វើឱ្យមាន​សុវត្ថិភាព​ដោយ​ក្រុមហ៊ុន​បណ្តាក់ទុន​ថ្មី​នេះ។

    លោក Stroll គឺជា​ឪពុក​របស់​កីឡាករ Lance ដែល​បើករថយន្ត​ឱ្យ​ក្រុម Williams។ ក្រុមហ៊ុន​បណ្តាក់ទុន​មួយ​នេះ មិនបាន​បង្ហាញ​ពី​សេចក្តីលម្អិត​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការព្រមព្រៀង​គ្នា​នេះឡើយ ប៉ុន្តែ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ខ្លួន​នឹងធ្វើ​ឱ្យ​ការងារ​ចំនួន 405កន្លែង​មាន​សុវត្ថិភាព​ក្នុង​ក្រុម​នេះ។

    ម្ចាស់​ថ្មី​មួយ​នេះ​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ការព្រមព្រៀង​គ្នា​នេះ​នឹង​ធានា​សុវត្ថិភាព​ចំពោះ​អនាគត​របស់​ក្រុម Force India ក្នុងការ​ប្រណាំង​រថយន្ត Formula One ហើយ​និង​អនុញ្ញាតឱ្យ​អ្នកបើកបរ​របស់​យើង​ចូលរួម​ប្រកួត​ប្រកបដោយ​ភាពជឿជាក់»។

    ខណៈដែល​ត្រូវបាន​ស្ថាបនិក និង​ស្ថិតក្រោម​សហកម្មសិទ្ធិ​របស់​អាជីវ​ករ​សញ្ជាតិ​ឥណ្ឌា​លោក Vijay Mallya ក្រុម​នេះ ត្រូវបាន​បញ្ចូល​ក្នុង​ការពិន័យ​ផ្នែក​រដ្ឋបាល​នៅ​អង់គ្លេស កាលពី​ថ្ងៃទី27 ខែកក្កដា កន្លងទៅ៕

    ប្រភពពី៖ Channel News Asia

  • Chelsea យល់ព្រម​លើ​តម្លៃ​ខ្លួន 71.6លាន​ផោន ដើម្បី​ទិញ Kepa ពី​ក្លិប Bilbao

    Chelsea យល់ព្រម​លើ​តម្លៃ​ខ្លួន 71.6លាន​ផោន ដើម្បី​ទិញ Kepa ពី​ក្លិប Bilbao

    ក្លិប​តោ​ខៀវ Chelsea បាន​យល់ព្រម​ចំណាយ​ប្រាក់​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​ចំនួន 71.6លាន​ផោន (ស្មើនឹង 91.6លាន​ដុល្លារ​អាមេរិក) ដើម្បី​នាំយក​អ្នកចាំទី KepaArrizabalaga ពី​ក្លិប Athletic Bilbao ដើម្បី​មក​ជំនួស​កន្លែង​របស់​កីឡាករ Thibaut Courtois។

    ស្រប​ពេលដែល Courtois ព្យាយាម​បង្ខំ​ឱ្យមាន​ការផ្ទេរ​មួយ​ទៅកាន់​ក្លិប Real Madrid ក្លិប Chelsea បាន​ចាត់វិធានការ​តាមរយៈ​ការចំណាយ​ប្រាក់​ទិញ​រំលាយ​កិច្ចសន្យា​របស់ Kepaនៅឯ​ក្លិប Athletic Bilbao នៅមុន​ពេល​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ។

    ក្លិប Bilbao បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​បាត់បង់​អ្នកចាំទី​វ័យ 23ឆ្នាំ​រូបនេះ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ា​ឌ្រី​ដ ជាមួយនឹង​ភ្នាក់ងារ​របស់គេ នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយពី Bilbao ប៊ិះ​តែ​លក់ Kepa ទៅឱ្យ​ក្លិប Real ក្នុងតម្លៃ​ខ្លួន២០លាន​អឺរ៉ូ​ទៅហើយ កាលពី​ខែមករា។

    តាមរយៈ​ការបំពេញ​ការផ្ទេរ​នេះ ក្លិប Chelsea នឹង​បំបែក​កំណត់ត្រា​នៃ​តម្លៃ​ខ្លួន 66.9លាន​ផោន (ស្មើនឹង 86.6លាន​ដុល្លារ​អាមេរិក) ដែល​ក្លិប  Liverpool បាន​ចំណាយ​ទៅឱ្យ​ក្លិប Roma ដើម្បី​ទិញយក​អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល Alisson កាលពី​ខែ​មុន។

    Kepa ត្រូវបាន​រំពឹងទុក​ថា នឹងត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​អាច​នឹង​បង្ហាញខ្លួន​ជា​លើក​ទី1 របស់គេ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍​នេះ នៅលើ​ទឹកដី​ក្រុម Huddersfield។

    Kepa បាន​ចំណាយពេល 2រដូវ​កាល​មុន ក្នុង​ក្រុម​ជម្រើស​ទី1 របស់ Bilbao ដោយបាន​បង្ហាញខ្លួន​ក្នុង​ក្របខ័ណ្ឌ La Liga ចំនួន 53លើក៕

    ប្រភពពី៖ The Telegraph

  • ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ត្រឹម 16%ប៉ុណ្ណោះ ដែលមាន​ទឹក​សុវត្ថិភាព​ហូប

    ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ត្រឹម 16%ប៉ុណ្ណោះ ដែលមាន​ទឹក​សុវត្ថិភាព​ហូប

    ទឹកជា​វត្ថុ​សំខាន់បំផុត​សម្រាប់​ការរស់នៅ​របស់​មនុស្ស ហើយ​សម្រាប់​កម្ពុជា​យើង គេ​មើលឃើញថា ការផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​តំបន់​ទីប្រជុំជន និង​តំបន់​ជិត​ទីប្រជុំជន មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន  តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​បញ្ហា​ទឹកស្អាត​នៅតាម​តំបន់​ទីជនបទ​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ។

    នៅ​ទីជនបទឆ្ងាយៗមួយចំនួន​ដែល​មិនមាន​អណ្តូង​ទឹកស្អាត​ប្រើប្រាស់ ប្រជាជន​នៅតែ​ប្រើប្រាស់​ប្រភពទឹក​ត្រពាំង បឹង ស្ទឹង នៅឡើយ ខណៈដែល​ស្ថានភាព​នៃ​សុវត្ថិភាព​ទឹក​នាពេល​បច្ចុប្បន្ននេះ​មានការ​ថយចុះ ព្រោះ​មានការ​បំពុល​ច្រើន​ពី​ថង់​ប្លា​ស្ទិ​ក រួមទាំង​កាកសំណល់​ពី​ឧស្សាហកម្ម​ជាដើម។

    យោងតាម​របាយការណ៍​របស់​អង្គការ UNICEF បាន​បង្ហាញថា នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​នៅតាម​តំបន់​ដាច់ស្រយាល​ត្រឹមតែ 16% ប៉ុណ្ណោះ​ដែលមាន​ទឹក​សុវត្ថិភាព​ប្រើប្រាស់។ ហេតុនេះ​សូមឱ្យ​មានការ​ចូលរួម​ពី​ប្រជាជន​ទូទៅ​នៅ​ទូទាំងប្រទេស​ក្នុងការ​កាត់បន្ថយ​ការ​ចោល​សំរាម​ទៅក្នុង​ទឹក និង​សន្សំសំចៃ​គ្រប់​ដំណក់​ទឹកស្អាត៕

  • ខេត្ត 3 មាន​សក្តានុពលសំខាន់ៗ ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ភាគី​ចិន​ជួយ​វិនិយោគ

    ខេត្ត 3 មាន​សក្តានុពលសំខាន់ៗ ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ភាគី​ចិន​ជួយ​វិនិយោគ

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​ពិចារណា​វិនិយោគ​នៅក្នុង​ខេត្ត​ចំនួន 3 ដែលមាន​សក្តានុពលសំខាន់ៗរួមមាន​ខេត្តបាត់ដំបង​ដែល​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ ផលិតផល​កសិកម្ម ខេត្តសៀមរាប​ដែលមាន​សក្តានុពល​ទេសចរណ៍ និង​ខេត្ត​ព្រះសីហនុ​ដែលមាន​សក្តានុពល​វិស័យ​ឧ​ស្សហកម្ម​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន។

    ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានធ្វើ​ឡើង​ក្នុងជំនួប​ការងារ​កាលពី​ថ្ងៃទី2 ខែសីហា ឆ្នាំ2018 កន្លងទៅ​នៅ​ទីស្តីការក្រសួង​ជាមួយ​លោក យ៉ាង គ័​រពីង(Yang Guoping) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Global Ecological Co., Ltd. របស់​ខេត្ត​ហ៊ូ​ណាន ដែល​បាន​ដឹកនាំ​សហការី​មក​សិក្សា​អំពី​លទ្ធភាព​ពង្រីក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ ការកែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ខេត្តបាត់ដំបង និង​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ដែល​អាច​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍ ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែរ។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​លើក​ពី​ចំណុច​មួយចំនួន ដែល​ត្រូវ​ការឱ្យ​ចិន​ជួយ​ដោះស្រាយ​នៅក្នុង​វិស័យ​កសិកម្ម​នេះ ដោយមាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ការ​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ និង​ដំណាំ​សក្តានុពលផ្សេងៗ រួមមាន ស្វាយ មៀន ពោត និង​ដំឡូង​មី ព្រមទាំង​និយាយ​អំពី​អត្ថប្រយោជន៍​នៃ​ការសាងសង់​ឡស​ម្ងួ​ត​ដើម្បី​រក្សាទុក​កសិផល​បាន​ក្នុង​រយៈពេល​យូរ សំដៅ​ដល់​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ និង​ការផ្គត់ផ្គង់»។

    បន្ថែម​លើ​នេះ​ឯកឧត្តម​ក៏​សូមឱ្យ​ភាគី​ចិន​ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​ដែលមាន​សក្តានុពល​វិស័យ​ទេសចរណ៍ និង​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ​ដែលមាន​សក្តានុពល​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​ជាដើម។

    លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សក្តានុពល​ខេត្ត​ព្រះសីហនុ​ដែលជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា និង​ជា​ខេត្ត​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​កំពង់ផែ​ពហុ​បំណង ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប្រមូលផ្តុំ​ទៅដោយ​រោងចក្រ​តូចធំ​ជាង 100ក្រុមហ៊ុន​សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម។

    ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​ទាំងនេះ ភាគី​ចិន​បាន​សន្យាថា​នឹង​នាំយក​ព័ត៌មាន​ដែល​លោក​ទទួលបាន​ទាំងនេះ​ទៅ​ជម្រាបជូន​លោក​អភិបាលខេត្ត​ហ៊ូ​ណាន ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ខែវិច្ឆិកា​ខាងមុខ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ជូន​សមាគម​ធុរជន និង​វិនិយោគិន​ក្នុងប្រទេស​ចិន និង​ក្នុង​ខេត្ត​ហ៊ូ​ណាន ដើម្បី​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ឱ្យ​រីកចម្រើន​ទៅមុខ៕

  • ផាក​កាហ្វេ គឺ​ជម្រើស​ដំបូង​សម្រាប់​លោកអ្នក ពេល​នឹកឃើញ​ចង់​ញ៉ាំ​បបរ​ខ​កង្កែប

    ផាក​កាហ្វេ គឺ​ជម្រើស​ដំបូង​សម្រាប់​លោកអ្នក ពេល​នឹកឃើញ​ចង់​ញ៉ាំ​បបរ​ខ​កង្កែប

    ថ្មីៗនេះ​បន្ទាប់ពី​បានដាក់​លក់​នូវ​ផលិតផល​បបរ​ខ​កង្កែប​បែប​ថ្មី​នៅតាម​សាខា​មួយចំនួន​នៃ​ផាក​កាហ្វេ​ហើយ ឃើញថា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន ឥឡូវនេះ​គ្រប់​សាខា​ទាំងអស់​របស់​ផាក​កាហ្វេ​បានដាក់​លក់​បបរ​ខក​ង្កែ​ប​ហើយ គឺ​ដើម្បី​បំពេញតម្រូវការ និង​ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន​នៅពេល​នឹកឃើញ​ចង់​ញ៉ាំ​បបរ​ខ​កង្កែប គឺ​អាចមក​ភោជនីយដ្ឋាន​ផាក​កាហ្វេ​បាន​ភ្លាម​តែម្ដង។

    បើ​និយាយ​ពី​បបរ​ខ​កង្កែប គឺមាន​លក់​នៅក្នុង​ហាង​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តែងមាន​រសជាតិខុសៗពីគ្នា តែ​រសជាតិ​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំងជាងគេ គឺ​បបរ​ខ​កង្កែប​បែប​សិង្ហ​បុរី។

    សម្រាប់​ខ​កង្កែប​នេះ ប្រិយមិត្ត​ដែល​ចូលចិត្ត​ញ៉ាំ​បបរ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប្រាកដជា​ពេញចិត្ត​មិន​ខាន​ជាមួយ​រសជាតិ​បបរ​ខ​កង្កែប​បែប​ថ្មី​នៅ​ភោជនីយដ្ឋាន​ផាក​កាហ្វេ ព្រោះថា​សម្រាប់​គ្រឿងផ្សំ​ខ​កង្កែប​នៅទីនេះ យើង​ច្នៃ​ផ្សំ​បន្ថែម​ពីលើ​រសជាតិ​ដើម​បែប​សិង្ហ​បុរី​ជាមួយនឹង​សាច់​កង្កែបថ្មីៗ ស្រស់ៗឱ្យ​ត្រូវ​នឹង​រសជាតិ​របស់​ខ្មែរ​យើង​តែម្តង ហើយ​ចម្អិន​ដោយ​ចុងភៅ​ដែលមាន​បទពិសោធ​ខ្ពស់ មាន​អនាម័យ ជាមួយនឹង​តម្លៃ​សមរម្យ ដែល​អាច​ញ៉ាំ​បាន​ដល់​ទៅ 2នាក់។

    លោកអ្នក​អា​ចរក​ទទួលទាន​បាន​នៅ​គ្រប់​សាខា​របស់​ផាក​កាហ្វេ លើកលែងតែ​ផាក​កាហ្វេ​សាខា​ព្រលានយន្តហោះ​ភ្នំពេញ ផ្សារកណ្តាល និង​អគារ​វី​ត្រាស់​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ។

    ផាក​កាហ្វេ ជា​ភោជនីយដ្ឋាន​ដែលមាន​ឈ្មោះ​ល្បី និង​មាន​សាខា​ច្រើន​នៅ​ភ្នំពេញ​ដែល​ត្រូវបាន​អតិថិជន​ទទួលស្គាល់​លើ​ស្តង់ដារ និង​គុណភាព​អាហារ ដែល​គ្មាន​ប៊ីចេង ហើយ​នៅតែ​អាច​រក្សា​គុណភាព និង​រសជាតិ​ដូចដើម៕

  • អាស៊ាន កំពុង​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ធុរកិច្ច​ទន្លេមេគង្គ-ជប៉ុន

    អាស៊ាន កំពុង​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ធុរកិច្ច​ទន្លេមេគង្គ-ជប៉ុន

    ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រឈម ការធ្វើ​វិនិយោគ​ក្នុង​បណ្តា​ប្រទេស​តាម​បណ្តោយ​ទន្លេ​ทำษ​មេគង្គ-ជប៉ុន ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​អាសា​ន បាន​ជួប​ពិភាក្សាគ្នា​ដ៏​កម្រ​មួយ​ដើម្បី​ស្វែងរក​ច្រក​អភិវឌ្ឍន៍​វិស័យនេះ​ឱ្យ​កាន់តែ​រីកចម្រើន។

    កិច្ចប្រជុំ​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង​គមនាគមន៍​ថៃ និង​ឯកឧត្តម Tatsuya Terazawa អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន និង​មានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​អនុតំបន់​ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ថៃ និង​ប្រទេស​ជប៉ុន តំណាង​លេខាធិការដ្ឋាន AMEICC ព្រមទាំង​តំណាង​អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា JICA, JETRO, NEDO និង​ធនាគារ ADB និង JBIC ជាដើម​ទៀតផង។

    ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​លើ​ការពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​សហប្រតិបត្តិការ​កន្លង​មក និង​កម្មវិធី​ការងារ​សម្រាប់​អនុវត្ត​ចក្ខុវិស័យ​ឧស្សាហកម្ម​មេគង្គ-ជប៉ុន ក៏ដូចជា​រិះរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា ដែល​វិស័យ​ឯកជន​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ-ជប៉ុន​កំពុង​ជួបប្រទះ។ អង្គប្រជុំ​ក៏បាន​ពិភាក្សា និង​ឯកភាព​លើ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​បន្ត និង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ចក្ខុវិស័យ​ឧស្សាហកម្ម​មេគង្គ-ជប៉ុន លើក​ទី2 (MIDV 2.0) សម្រាប់​រាយការណ៍​ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មេគង្គ-ជប៉ុន ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​សីហា ឆ្នាំ2018 នៅ​ប្រទេស សិង្ហ​បុរី និង​ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​អនុម័ត​នៅឯ​កិច្ចប្រជុំ​កំពូល​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ2018 ខាងមុខ។

    ឯកឧត្តម​បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​សមិទ្ធផល និង​វិធានការ​នានា​ដែល​កម្ពុជា​បាន​អនុវត្ត​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ ព្រមទាំង​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​ដែល​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ខិតខំ​ដោះស្រាយ​រួមគ្នា និង​ដោយមាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ពី​ភាគី​ជប៉ុន និង​ប្រទេស​ទន្លេមេគង្គ ដែល​សមិទ្ធផល​ទាំងនោះ​ទទួលបាន​ការគាំទ្រ​ពី​ភាគី​ជប៉ុន​និង​ដៃគូ​អភិវឌ្ឍន៍​នានា។

    គួរ​បញ្ជាក់ថា វិស័យសំខាន់ៗទាំងនោះ រួមមាន​ការបណ្តុះបណ្តាល វិជ្ជាជីវៈ​ផ្នែក​ឧស្សាហកម្ម និង​គ្រប់គ្រង​កម្រិត​មធ្យម ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ការផ្ទេរ​បច្ចេកវិទ្យា កែលម្អ​ប្រព័ន្ធ​ភស្តុភារ (Logistics) ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​នឹង​ការសម្រួល​ពាណិជ្ជកម្ម និង​កែលម្អ​បរិយាកាស​ពាណិជ្ជកម្ម​ដើម្បី​ទទួល​វិនិយោគ​ផ្នែក​ឧស្សាហកម្មថ្មីៗ ពី​ជប៉ុន​ជាដើម៕

  • រយៈពេល 6ខែ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ជប៉ុន​កើន 19% ខណៈ​ជប៉ុន​នាំ​ចូលមក​កម្ពុជា​កើន 9.5%

    រយៈពេល 6ខែ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ជប៉ុន​កើន 19% ខណៈ​ជប៉ុន​នាំ​ចូលមក​កម្ពុជា​កើន 9.5%

    យោងតាម​ទិន្នន័យ​ថ្មី​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) បានឱ្យដឹងថា ចាប់ពី​ខែមករា មកដល់​ត្រឹម​ខែមិថុនា ឆ្នាំ2018 កម្ពុជា​បានធ្វើការ​នាំចេញ​នូវ​ទំនិញ​ជាច្រើន​ប្រភេទ​ទៅកាន់​ប្រទេស​ជប៉ុន​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ 705លាន​ដុល្លារ ខណៈ​ជប៉ុន​ក៏បាន​នាំចេញ​ទំនិញ​ចូលមក​កាន់​កម្ពុជា​វិញ គិត​ជា​ទឹកប្រាក់​ប្រមាណ 191លាន​ដុល្លារ។

    តាម​ទិន្នន័យ​ថ្មី​នេះ​បាន​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ 705លាន​ដុល្លារ  គឺមាន​កំណើន 19% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 កន្លងទៅ។ ចំណែក​ការនាំចេញ​ទំនិញ​របស់​ជប៉ុន​ចូលមក​កម្ពុជា មានការ​កើនឡើង 9.5% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    គ្រាន់តែ​នៅក្នុង​ខែមិថុនា ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ច្រើនជាង 20% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការ​នាំចូល​បាន​កើនឡើង30%។ នៅក្នុង​អំឡុង​ខែ​នោះ​ការនាំចេញ​មានតម្លៃ 81លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន 39លាន​ដុល្លារ។

    យោងតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ប្រទេស​ជប៉ុន​ភាគច្រើន​នាំចេញ​គ្រឿង​ម៉ាស៊ីនរថយន្ត និង​គ្រឿង​អេឡិចត្រូនិក​ចូលមក​កម្ពុជា និង​ទំនិញ​ផ្សេងទៀត ដូចជា​ចំណីអាហារ ដែក ថ្នាំពេទ្យ និង​ផលិតផល និង​វត្ថុធាតុដើម​សម្រាប់​ដំណើរការ​ក្នុង​រោងចក្រ-ល- ឯ​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ភាគច្រើន គឺ​ផលិតផល​កាត់ដេរ កាបូប  ស្បែកជើង និង​គ្រឿង​ផ្គុំ​ផលិតផល​អេឡិចត្រូនិក ព្រមទាំង​គ្រឿងអគ្គិសនី ជាដើម។

    យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា អ្នកទទួល​ទិញ​ផលិតផល​ពី​កម្ពុជា​ច្រើនជាងគេ គឺ​សហរដ្ឋអាមេរិក មាន 21% បន្ទាប់មក​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់​ដែល​រួមគ្នា​មាន​ចំនួន 17.8% នៃ​ការនាំចេញ​សរុប ឯ​ជប៉ុន​មាន 7.5 ភាគរយ។

    កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ទិញ​ទំនិញ​ភាគច្រើន​ពី​ប្រទេស​ចិន​មាន​ចំនួន 41.7% ពី​ថៃ16.5 % ពី​វៀតណាម 11.7%លើ​ការនាំ​ចូល​សរុប​របស់​ប្រទេស។ ទន្ទឹមនឹង​នេះដែរ ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន​មាន​ចំនួន​សរុប 4.2% នៃ​ការ​នាំចូល​ទាំងអស់។

    គួរ​រំឭក​ផងដែរ​ថា ពេញ​មួយឆ្នាំ2017 កន្លងទៅ ការវិនិយោគ​របស់​ជ​ប៉ុន​នៅ​កម្ពុជា បាន​កើន​ឡើងដល់ 1.6ពាន់​លាន​ដុល្លារ​លើ​ការវិនិយោគ​ចំនួន 130គម្រោង។ ទន្ទឹមគ្នានេះ បើតាម​របាយការណ៍ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2018 បាន​បង្ហាញថា ការបន្ត​កើនឡើង​នៃ​ទំហំ​ទុនវិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា គឺ​បានមកពី​វិស័យសំខាន់ៗដូចជា ធនាគារ ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម៕

  • សេវា​សង្គមកិច្ច​ចាំបាច់​ប៉ុនណា​សម្រាប់​សហគមន៍

    សេវា​សង្គមកិច្ច​ចាំបាច់​ប៉ុនណា​សម្រាប់​សហគមន៍

    នៅក្នុង​សង្គម​ដែលមាន​ការរីកចម្រើន​លើ​កិច្ច​គាំពារ​ប្រជាជន កុមារ និង​ជន​ងាយ​រង​គ្រោះល្អ សេវា​សង្គមកិច្ច​គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្ពស់។ នៅ​កម្ពុជា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួមជាមួយ​នឹង​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​បាន និង​កំពុង​ប្រតិបត្តិការ​ទៅតាម​តួនាទីរៀងៗខ្លួន​ដើម្បី​បម្រើសេវា​សង្គមកិច្ច​នៅ​គ្រប់​តំបន់។

    នៅក្នុង​នោះ អង្គការ Plan អន្តរជាតិ​នៅ​កម្ពុជា​បានបង្ហាញ​ពី​មូលហេតុសំខាន់ៗជាច្រើន​ដែល​ចាំបាច់​ត្រូវ​មានការ​អ្នកផ្តល់​សេវា​សង្គមកិច្ច​សម្រាប់​ស​ហគ​មន៍នីមួយៗនៅ​កម្ពុជា។ អង្គ​ការដែល​ធ្វើការ​លើ​ផ្នែក​អប់រំ​នេះ​បាន​លើកឡើងថា ទិន្នន័យ​ចុងក្រោយ​បំផុត បានឱ្យដឹងថា កុមារ​នៅតែ​ទទួលរង​អំពើហិង្សា​ពី​មនុស្ស​ជុំវិញខ្លួន រួមមាន​មិត្ត​ភ័ក្តិ ឪពុកម្តាយ សាច់ញាតិ និង​សមាជិក​សហគមន៍ផ្សេង។ អំពើហិង្សា​នេះ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ និង​ការចូលរួម​របស់​កុមារ​យ៉ាងខ្លាំង។

    ហេតុនេះ​សហគមន៍នីមួយៗត្រូវមាន​អ្នកផ្តល់​សេវា​សង្គមកិច្ច ដែលជា​អ្នកស្ម័គ្រចិត្ត​ធ្វើ​ការផ្តល់​ការប្រឹក្សា​យោបល់​ផ្នែក​សង្គម និង​ចិត្តសាស្ត្រ​ដើម្បី​ជួយ​ដល់​កុមារ​រងគ្រោះ​ក្នុង​សហគមន៍។ តាម​បទពិសោធ​នៃ​អង្គការ Plan បាន​បង្ហាញថា ឃុំ​ដែលមាន​អ្នកផ្តល់​សេវា​សង្គមកិច្ច ធ្វើឱ្យ​កុមារ​ទទួលរង​ការរំលោភបំពាន​ធ្ងន់ធ្ងរ មានការ​ចូលរួម​ក្នុង​សហគមន៍​ឡើងវិញ៕

  • ក្រសួង​អប់រំ​ជ្រើសរើស​សិស្ស​បឋមសិក្សា​ឱ្យ​ចូលរួម​កម្មវិធី​គណិតវិទ្យា​នៅ​បរទេស

    ក្រសួង​អប់រំ​ជ្រើសរើស​សិស្ស​បឋមសិក្សា​ឱ្យ​ចូលរួម​កម្មវិធី​គណិតវិទ្យា​នៅ​បរទេស

    ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​សិស្ស​ថ្នាក់​ទី5 និង​ថ្នាក់​ទី6 ឱ្យទៅ​ចូលរួម​កម្មវិធី  The 15th Mathematics and Science Olympiad នៅ​ខេត្ត Zhejing នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    សិស្ស​ដែល​នឹងត្រូវ​បញ្ជូនទៅ​ពី​កម្ពុ​ជាមាន​ចំនួន 24នាក់​ដែល​នឹង​ចេញទៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2018 ដល់​ថ្ងៃទី4 ខែតុលា ឆ្នាំ2018។  បេក្ខជន​អាចដាក់​ពាក្យ​ប្រឡង​បាន​ដោយ​គោរព​លក្ខខណ្ឌ​ដូចខាងក្រោម។

    ទី1. បេក្ខជន​ត្រូវតែ​ជា​សិស្ស​កំពុង​រៀន​ថ្នាក់​ទី5 និង​ទី6 នៅតាម​គ្រឹះស្ថានសិក្សាសាធារណ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។

    ទី2 . បេក្ខជន​ត្រូវជា​សិស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​លើ​មុខវិជ្ជា​គណិតវិទ្យា វិទ្យាសាស្ត្រ ភាសា​អង់គ្លេស និង​កុំព្យូទ័រ។

    ទី3. បេក្ខជន​ត្រូវមាន​សីលធម៌​រស់នៅ​ល្អ មាន​សមត្ថភាព​ធ្វើការ​ងារ​ជា​ក្រុម និង​មាន​ពេលវេលា​ចូលរួម​វគ្គ​បំប៉ន។

    ចំពោះ​បេក្ខជន​ដែល​ចាប់អារម្មណ៍​ក្នុងការ​ដាក់ពាក្យ​អាចទាក់ទង​ទៅ​នាយកដ្ឋាន​បឋមសិក្សា មុន​ថ្ងៃទី10 ខែសីហា ឆ្នាំ2018៕

  • ហ្វីលីពីន នឹង​បញ្ជូន​ក្រុម​បាល់បោះ​ទៅ​ប្រកួត ទោះ​កីឡាករ​ជាប់​ពិន័យ​ច្រើន​ក៏ដោយ

    ហ្វីលីពីន នឹង​បញ្ជូន​ក្រុម​បាល់បោះ​ទៅ​ប្រកួត ទោះ​កីឡាករ​ជាប់​ពិន័យ​ច្រើន​ក៏ដោយ

    ហ្វីលីពីន បានបញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​នៅតែ​បញ្ជូន​ក្រុមកីឡា​បាល់បោះ​ផ្នែក​បុរស​ឱ្យទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ដដែល  ក្រោយពី​បានប្រកាស​ដកខ្លួន​បន្ទា​ប់​ពី​ជម្លោះ​នៅលើ​ទីលាន​ប្រកួត​ជាមួយនឹង​ក្រុម​កីឡាករ​អូស្ត្រាលី ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅ។

    ក្រុមកីឡា​បាល់បោះ​របស់​ហ្វីលីពីន បានប្រកាស​ពី​ការដកខ្លួន​ចេញពី​យុទ្ធនាការ​កីឡាបាល់បោះ កាលពី​ថ្ងៃទី27 ខែកក្កដា ដោយសារតែ​អង្គភាព​គ្រប់គ្រង​កីឡាបាល់បោះ​អន្តរជាតិ​ហៅ​កាត់​ថា FIBA បានដាក់​ពិន័យ​ព្យួរ​កីឡាករ 10នាក់ និង​គ្រូបង្វឹក 2នាក់​របស់​ពួកគេ ជុំវិញ​ការផ្ទុះ​ជម្លោះ​វាយតប់​គ្នា​មួយ​កាលពី​ថ្ងៃទី២ ខែកក្កដា ដោយ​កីឡាករ និង​អ្នកគាំទ្រ​បាន​វាយ​ទាត់​ធាក់​គ្នា​នៅលើ​ទីលាន​ប្រកួត។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ជំនួយការ​ពិសេស​ម្នាក់​របស់លោក​ប្រធានាធិបតី Rodrigo Duterte បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា សហព័ន្ធ​ជាតិ និង​ក្របខ័ណ្ឌ​លី​ក​កីឡាបាល់បោះ​អាជីព​របស់​ប្រទេស​នេះ បាន​យល់ព្រម​បញ្ជូន​ក្រុម​មួយ ខណៈដែល​ការសម្រេចចិត្ត​នេះ ត្រូវបាន​អះអាង​ដោយ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​បាល់បោះ​ហ្វីលីពីន។

    លោក Christopher Go ដែលជា​ជំនួយការ​ពិសេស បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ប្រកាស​ពី​ការចូលរួម​ក្រុម​របស់​ក្រុម​ហ្វីលីពីន​ថា៖ «យើង​មិនមាន​កាតព្វកិច្ច​អ្វីដែល​ត្រូវតែ​ឈ្នះ​ឡើយ តែ​យើង​មាន​កាតព្វកិច្ច​ក្នុង​ការរក្សា​ការព្យាយាម និង​ធ្វើឱ្យ​បានល្អ​បំផុត​តាម​ដែល​យើង​អាចធ្វើ​បានជា​រៀងរាល់ថ្ងៃ។ នេះ​គឺជា​មោទនភាព​របស់​ហ្វីលីពីន។ គ្មាន​អ្វីដែល​បង្រួបបង្រួម​សង្គម​ហ្វីលីពីន ល្អប្រសើរ​ជាង​នៅលើ​ទីលានកីឡា​បាល់បោះ​ឡើយ»៕

    ប្រភពពី៖ Channel News Asia