Author: វល័ក្ខ

  • ADB ផ្តល់​ហិរញ្ញប្បទាន​សង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៅ​ខេត្តកំពត

    ADB ផ្តល់​ហិរញ្ញប្បទាន​សង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៅ​ខេត្តកំពត

    រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB (The Asian Development Bank) ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ពាក់ព័ន្ធ​ក្នុង​តំបន់ឆ្នេរ​ចំនួន3 គឺ​ខេត្ត​កែប កំពត និង​ខេត្តកោះកុង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ការធ្វើដំណើរ និង​ទេសចរណ៍​តាម​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម។

                ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​បាន​ប្រារព្ធ​នៅ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី8 ខែសីហា ឆ្នាំ2018 នៅឯ​ទីតាំង​កំពង់ផែ​អន្តរជាតិ ដែល​ស្ថិត​ក្នុងភូមិ​កំពង់​ទ្រាក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។ កំពង់ផែ​ដែល​គ្រប់គ្នា ពិសេស​ប្រជាពលរដ្ឋ​ខេត្តកំពត​កំពុង​ទន្ទឹងរង់ចាំ​នោះ បានចាប់ផ្តើម​សាងសង់​ហើយ ដោយ​អ្នក​ចូលរួមបាន​និយាយថា កំពង់ផែ​នេះ​នាពេលខាងមុខ​នឹង​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ជាមួយ​វៀតណាម និង​ថៃ និង​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ និង​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​សម្បូរបែប​ឡើង។

                ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា កំពង់ផែ​ទេសចរណ៍​នេះ​កំពុង​ត្រូវបាន​សាងសង់​ដោយ​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ត្រូវ​បានផ្តល់​ជា​ថវិកា​ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេសជិតខាង ព្រោះ​ការដឹក​ជ​ញ្ចូ​ន​តាម​ផ្លូវទឹក​ក៏​ជា​សេវាកម្ម​ទេសចរណ៍​មួយ​ដែរ។ រដ្ឋាភិបាល​បាន និង​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​ផ្លូវទឹក​ទាំងនេះ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់ឆ្នេរ និង​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ដោយ​នឹងមាន​លទ្ធភាព​ផ្តល់​សេវាកម្ម​ដល់ក​ប៉ាល់​កម្សាន្ត​មកពី​ប្រទេស​វៀតណាម និង​ថៃ។

                យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍​បានឱ្យដឹងថា នៅ​ឆ្នាំ2017 ប្រទេស​កម្ពុជា​ទទួលបាន​ទេសចរ​អន្ដរជាតិ​ជាង 5.6 លាន​នាក់​កើនឡើង 11.8%ដែល​រកចំណូលបាន​ច្រើនជាង 3.6 ពាន់​លាន​ដុល្លារ (ជិត12%នៃ​ផលិតផល​ក្នុងស្រុក​សរុប) និង​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​មនុស្ស​ជាង 650,000 នាក់។ ចំពោះ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន 3.2 លាន​នាក់​ដោយមាន​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន 740,000 នាក់​កើនឡើង 20%។

                ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ក្រោយ។ ដោយ​គ្របដណ្តប់​ផ្ទៃដី 4ហិកតា​នៅ​ស្រុក​ទឹកឈូ កំពង់ផែ​នេះ​នឹង​អាច​ផ្ទុក​ឡាន​ដឹក​ភ្ញៀវទេសចរ​ដែលមាន​សម​ត្ថ​ភាព​ផ្ទុក​បាន​ពី 200 ទៅ300នាក់។ កំពង់ផែ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បម្រើភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ 360.000នាក់​ក្នុង​មួយឆ្នាំ​នៅក្នុង​ឆ្នាំ​ដំបូង និង442.000នាក់​នៅ​ឆ្នាំ2022។

                តាម​របាយការណ៍​រប​ស់ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានឱ្យដឹងថា ក្នុង​រយៈពេល 6ខែ ឆ្នាំ2018 នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន 857,529នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន92,718នាក់ ហើយ​ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន 17កន្លែង សហគមន៍​ទេសចរណ៍​ចំនួន4គោលដៅ​ទាក់ទង នឹង​សេវា​ស្នាក់នៅ​ចំនួន 220កន្លែង ស្មើនឹង 3,112បន្ទប់ និង​សេវា​ម្ហូបអាហារ​ចំនួន 127កន្លែង។ ជាមួយគ្នានេះ ខេត្តកំពត​គឺជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ល្អ​បំផុត​លើ​ពិភពលោក ហើយ​ក្រុង​កំពត​ក៏​ជា​ក្រុង​ដែល​ទទួលបាន​ផ្ការំដួល 3ទង ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​កាលពីដើមឆ្នាំ2018នេះដែរ៕

  • លោក Pochettino ប្រឈម​នឹង​ការសាកល្បង​ដ៏​សំខាន់ ក្រោយ Spurs មិន​ទិញ​កីឡាករ​ថ្មី

    លោក Pochettino ប្រឈម​នឹង​ការសាកល្បង​ដ៏​សំខាន់ ក្រោយ Spurs មិន​ទិញ​កីឡាករ​ថ្មី

    លោក Mauricio Pochettino បាន​បញ្ជាក់ថា លោក​មិនមាន​ការរីករាយ​សោះឡើយ​ចំពោះ​ភាព​អសកម្ម​របស់​ក្លិប Tottenham ក្នុងអំឡុងពេល​នៃ​ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ ប៉ុន្តែ​ការសាកល្បង​ដ៏​ពិតប្រាកដ​ចំពោះ​ការសម្រេចចិត្ត​មិន​ទិញ​កីឡាករ​ថ្មី​ចូល​សូម្បីតែ​ម្នាក់​របស់​ក្លិប​នេះ​នឹង​កើតឡើង​ក្នុងពេល​រដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League ចាប់ផ្តើម។

    ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ ជារឿយៗមានរឿង​ជាច្រើន​ដែល​ផ្ទុយ​ពី​ក្លិប​ផ្សេង នៅពេលដែល​ឈានដល់​ដំណាក់កាល​ទិញ និង​លក់​កីឡាករ ស្របពេល​ដែល​លោក Daniel Levy ដែលជា​ប្រធាន​ក្លិប ទទួលបាន​កេរ្តិ៍ឈ្មោះ​ក្នុងនាម​ជា​អ្នកចរចា​ដ៏​តានតឹង ដែល​មិន​ខ្លាច​បាត់បង់​អ្វី​ឡើយ រហូតដល់​នាទីចុងក្រោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា នៅពេលនេះ កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការដោះដូរ​កីឡាករ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កន្លងផុតទៅ ដោយ​មិនមាន​ការបន្ថែម​កីឡាករ​ថ្មី​សោះ​ក្នុង​ក្លិប Tottenham។

    នេះ​គឺជា​លើក​ទី1 ហើយ​ដែល​ក្លិប​មួយ​របស់​ក្របខ័ណ្ឌ Premier League មិនបាន​ទិញ​កីឡាករ​ថ្មី​ចូល​សោះ​សូម្បីតែ​ម្នាក់ អំឡុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ។ បច្ចុប្បន្ន​លោក Pochettino គ្រូបង្វឹក​ថ្មី​របស់ Tottenham នឹង​ត្រូវបាន​រំពឹងទុក​ថា នឹង​បន្ត​ទម្រង់​លេង​ដ៏​រឹងមាំ​របស់ខ្លួន​ដូច​កាលពី​រដូវ​កាល​មុន​ជាមួយនឹង​សមាជិក​នៃ​ក្រុម​កីឡាករ​ដូចគ្នា ដែល​បានធ្វើឱ្យ​ក្លិប​នេះ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ3 នៅលើ​តារាង។

    ការធ្វើដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដី​ក្រុម Newcastle នៅ​ថ្ងៃអាទិត្យ​នេះ ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួកគេ នឹង​ផ្តល់នូវ​ការភ្ញាក់ផ្អើល​តិចតួច​ប៉ុណ្ណោះ បើទោះបី​លោក Pochettino ត្រូវតែ​សម្រេចចិត្តថា កីឡាករ​រូប​ណា​ក្នុងចំណោម​កីឡាករ9នាក់​ដែល​បានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រៀម​រួចរាល់​ក្នុង​ការវិល​ទៅកាន់​ការប្រកួត​វិញ៕

    កម្មវិធី​ប្រកួត​ចុង​សប្តាហ៍

    ថ្ងៃ​សុក្រ ទី10 ខែសីហា

    ManUnited v Leicester- 2ទៀបភ្លឺ

    ថ្ងៃ​សៅរ៍ ទី11 ខែសីហា

    Newcastle v Tottenham – 9 យប់

    Bournemouth v Cardiff – 9 យប់

    Fulham v Crystal Palace – 9 យប់

    Huddersfield v Chelsea – 9 យប់

    Watford v Brighton – 9 យប់

    Wolves v Everton – 11:30 យប់

    ថ្ងៃអាទិត្យ ទី12 ខែសីហា

    Liverpool v West Ham – 7:30 យប់

    Southampton v Burnley – 7:30 យប់

    Arsenal v Man City- 10 យប់

    ប្រភពពី៖ Channel News Asia

  • Tsitsipasទម្លាក់​ជើង​ខ្លាំង Djokovic ក្នុង​ព្រឹត្តិការណ៍ Toronto Masters

    Tsitsipasទម្លាក់​ជើង​ខ្លាំង Djokovic ក្នុង​ព្រឹត្តិការណ៍ Toronto Masters

    កីឡាករ​វាយ​កូន​បាល់ StefanosTsitsipas បាន​បង្កើត​ការភ្ញាក់ផ្អើល​ក្នុង​យុទ្ធនាការ Toronto Masters កាលពី​ថ្ងៃ​ព្រហស្បតិ៍ តាមរយៈ​ការយក​ឈ្នះ​លើ​កីឡាករ Novak Djokovic ដែលជា​ម្ចាស់​ជើងឯក Wimbledon ក្នុង​លទ្ធផល 6-3, 6-7 (5/7) និង6-3 ដើម្បី​ឈានទៅ​វគ្គ 8នាក់​ចុងក្រោយ។

    កីឡាករ​វ័យក្មេង​សញ្ជាតិ​ក្រិ​ក​ដែល​ទើបតែ​ឈានចូល​វ័យ 20ឆ្នាំ​កាលពី​ថ្ងៃអាទិត្យ​រូបនេះ បាន​យកឈ្នះ​លើ​ម្ចាស់​ជើងឯក 4សម័យកាល Djokovic ដែលមាន​ចំណាត់ថ្នាក់​លេខ9 ប្រចាំ​ព្រឹត្តិការណ៍​ក្នុងការ​ជួបគ្នា​ជា​លើក​ទី1 រវាង​កីឡា​ករទាំង2 ក្រោយពី​បាន​ផ្តួល​កីឡាករ​ចំណាត់ថ្នាក់​លេខ7ប្រចាំ​ព្រឹត្តិការណ៍​គឺ Dominic Thiem។

    Tsitsipas បានឱ្យដឹងថា៖ «នេះ​គឺជា​ការប្រកួត​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​របសខ្ញុំ។ ខ្ញុំ​បានដឹងថា ខ្ញុំ​លេង​បាន​យ៉ាង​ល្អ​នៅថ្ងៃនេះ។ ការរង​បរាជ័យ​ក្នុងការ​ប្រកួត​សិត​ទី2 វា​ពិតជា​លំបាក​ក្នុងការ​ដោះស្រាយ​ខ្លាំងណាស់។ ខ្ញុំ​មានឱកាស​របស់ខ្ញុំ​ជាច្រើន និង​មិនបាន​ប្រើប្រាស់​ឱកាស​ទាំងនោះ​សោះ»។

    កីឡាករ​វ័យក្មេង​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ ខ្ញុំ​នៅតែ​ស្ថិតក្នុង​អារម្មណ៍​ស្ងប់ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​រឿង​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​សាកល្បង​ធ្វើ​កាលពីមុន។ ការប្រកួត​នៅ​សិត​ទី3 គឺជា​ចំណុច​កាត់សេចក្តី។ វា​បានធ្វើឱ្យ​ខ្ញុំ​ទទួល​ជ័យជម្នះ»។ Tsitsipas ដែលមាន​ចំណាត់ថ្នាក់​លេខ27 ក្នុង​ពិភពលោក បាន​ចំណាយពេល​ត្រឹមតែ 2ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ឈានទៅ​វគ្គ1/4ផ្តាច់ព្រ័ត្រ​ជា​លើក​ទី1 នៃ​អាជីព​របស់គេ ក្នុង​ព្រឹត្តិការណ៍ Masters លើក​ទី1000 នេះ៕

    ប្រភពពី៖ Channel News Asia

  • ផលិតផល​ចម្បង 5 ដែល​ក្រសួងពាណិជ្ជកម្ម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ

    ផលិតផល​ចម្បង 5 ដែល​ក្រសួងពាណិជ្ជកម្ម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ

    ក្រសួងពាណិជ្ជកម្ម​កំពុង​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ដើម្បី​ផ្សារភ្ជាប់​ផលិតផល​របស់​ប្រជាកសិករ​ជាមួយនឹង​ទីផ្សារ ដោយ​ផ្ដោត​សំខាន់​លើ​ផលិតផល​ចំនួន 5 រួមមាន ស្រូវ មាន់​ស្រែ បន្លែ ដំឡូង​មី និង​សូត្រ​ប្រណីត។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បានលើកឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ជ័យលាភី​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ជប៉ុន ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​ជប៉ុន ឆ្នាំ2018-2020 កាលពី​ថ្ងៃទី7 ខែសីហា ឆ្នាំ2018 នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម។

    ឯកឧត្តម​បានឱ្យដឹងថា ក្រសួង​បាននិងកំពុង​ខិតខំ​ជំរុញ​លិខិតបទដ្ឋាន​គតិយុត្ត​នៅក្រោម​វិស័យ​ពាណិជ្ជកម្ម​ដូចជា ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក(E-Commerce)ច្បាប់​ស្តីពី​កិច្ចសន្យា​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ជាដើម ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​វិស័យ​ឯកជន និង​អ្នកប្រើប្រាស់។ ច្បាប់​ទាំងអស់នេះ និង​លើកស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​នាពេល​អនាគត។

    ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល 6ខែ ដើមឆ្នាំ2018 នេះ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​សម្រេចបាន 13,985លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ មាន​ចំនួន​ប្រមាណ 5,794លាន​ដុល្លារ គឺ​កើនឡើង11% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន។ ចំណែក​ការនាំ​ចូល​មាន​ចំនួន 8,191លាន​ដុល្លារ គឺ​បាន​កើន 10.6%។

    សូម​រំឭកថា កាលពី​ឆ្នាំ2017 កន្លងទៅ ការនាំចេញ​របស់​កម្ពុ​ជាមាន​តម្លៃ​ប្រមាណ 11.2ពាន់​លាន​ដុល្លារ គឺ​បាន​កើនឡើង 9.2% ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់ 10.2ពាន់​លាន​ដុល្លារ។ រីឯ​ការនាំ​ចូល​មាន​ទំហំ15.5ពាន់​លាន​ដុល្លារ គឺ​បាន​កើន9.8% ធៀប​នឹង14.1ពាន់​លាន​ដុល្លារ។

    ផលិតផល​នាំចេញសំខាន់ៗ របស់​កម្ពុជា រួមមាន វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​ផ្គុំ​អេឡិចត្រូនិក ទោចក្រយានយន្ត ផលិតផល​នេសាទ ជ័រកៅស៊ូ ឈើ​កែច្នៃ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយ​ស្រស់ ដូងប្រេង និង​ទំនិញ​កសិកម្ម​ដទៃទៀត។ ដោយឡែក សម្រាប់​ទីផ្សារធំៗរបស់​កម្ពុជា​រួមមាន សហគមន៍​អឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និង​អាស៊ាន ជាដើម៕

  • Chelsea បំពេញ​ការផ្ទេរ Kepa ពី​ក្លិប Bilbao ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក

    Chelsea បំពេញ​ការផ្ទេរ Kepa ពី​ក្លិប Bilbao ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក

    ក្លិប​តោ​ខៀវ Chelsea បាន​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​តម្លៃ​ខ្លួន​អ្នកចាំទី​ម្នាក់ តាមរយៈ​ការចុះហត្ថលេខា​ជាមួយនឹង​កីឡាករ KepaArrizabalaga ពី​ក្លិប Athletic Bilbao ក្នុងតម្លៃ​ខ្លួន 71.6លាន​ផោន (ស្មើនឹង 92.9លាន​ដុល្លារ​អាមេរិក) ក្នុង​កិច្ចសន្យា​រយៈពេល 7ឆ្នាំ។

    អ្នកចាំទី​វ័យ 23ឆ្នាំ​រូបនេះ ធ្វើដំណើរ​ទៅដល់​ទីក្រុង​ឡុង​ដ៍ នៅ​ល្ងាច​នៃ​ថ្ងៃ​ដែល​អ្នកចាំទី Thibaut Courtois ចាក​ចេញពី​កីឡដ្ឋាន Stamford Bridge ដែរ ខណៈដែល​អ្នកចាំទី​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ នឹងត្រូវ​បង្ហាញខ្លួន​នៅឯ​ក្លិប Real Madrid នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រោយពី​រូបគេ​ទទួល​ការពិនិត្យ​សុខភាព​រួចរាល់។

    ក្រោយពី​បាន​ចំណាយ​ប្រាក់​ទិញ​រំលាយ​កិច្ចសន្យា​របស់ Kepa ជាមួយនឹង​ក្លិប Bilbao កាលពី​ថ្ងៃ​ពុធ ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន 71.6លាន​ផោន​របស់ Chelsea នឹង​បំបែក​កំណត់ត្រា​នៃ​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន​សម្រាប់​អ្នកចាំទី​ម្នាក់​ចំនួន 67លាន​ផោន ដែល​ក្លិប Liverpool បាន​ចំណាយ​ដើម្បី​ទិញយក Alisson Becker ពី​ក្លិប Roma កាលពី​ខែ​មុន។ Kepa នឹង​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី​របស់គេ​ជា​លើក​ទី1 នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​និង​ចូល​លេង​សម្រាប់​ការប្រកួត​បើក​រដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Huddersfield នៅ​ថ្ងៃ​សៅរ៍​នេះ។

    Kepaបានឱ្យដឹងថា៖ «វា​ជាការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ សម្រាប់​អាជីព​របស់ខ្ញុំ និង​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ។ កត្តា​ជាច្រើន​បាន​ទាក់ទាញ​ខ្ញុំ​មកកាន់​ក្លិប​នេះ ដូចជា​រាល់​ពាន​ដែល​ក្លិប​នេះ​បានឈ្នះ កីឡាករ​ផ្សេងទៀត ទីក្រុង​នេះ និង​ក្របខ័ណ្ឌ​អង់គ្លេស Premier League»។

    Kepa បានបង្ហាញ​ខ្លួន​ចំនួន 30លើក​សម្រាប់​ក្លិប Athletic ក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Ligaកាលពី​រដូវ​កាល​មុន ដោយ​ការពារ​មិន​ឱ្យមាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន 7លើក ខណៈដែល​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​បាន​ជួយ​ឱ្យ​រូបគេ​ទទួលបាន​ការកោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​សម្រាប់ World Cup ក្រោយពី​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ជា​លើក​ទី1 របស់គេ​កាលពី​ខែវិច្ឆិកា៕

    ប្រភពពី៖ Sky Sports

  • Chelsea យល់ព្រម​លក់​អ្នកចាំទី Courtois ទៅឱ្យ​ក្លិប Real Madrid

    Chelsea យល់ព្រម​លក់​អ្នកចាំទី Courtois ទៅឱ្យ​ក្លិប Real Madrid

    ក្លិប​តោ​ខៀវ Chelsea បានប្រកាសថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ​ជាមួយនឹង​ក្លិប Real Madrid សម្រាប់​ការផ្ទេរ​អ្នកចាំទី Thibaut Courtois ក្នុងតម្លៃ​ខ្លួន 35លាន​អឺរ៉ូ (ស្មើនឹង 40.7លាន​ដុល្លារ​អាមេរិក)ហើយ។

    Courtois នឹង​ចុះហត្ថលេខា​រយៈពេល 6ឆ្នាំ​នៅឯ​កីឡដ្ឋាន Bernabeu ដោយ​រង់ចាំតែ​ការយល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ឆ្លងកាត់​ការពិនិត្យ​សុខភាព​តែប៉ុណ្ណោះ។ ខ្សែបម្រើ​អន្តរជាតិ​ក្រូ​អាស៊ី Mateo Kovacic ក៏​នឹងចូលរួម​ជាមួយនឹង Chelsea ដែរ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លិប Real Madrid រយៈពេល 1រដូវ​កាល ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ការផ្ទេរ​នេះ។

    Chelsea បានឱ្យដឹង​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «នៅ​រាត្រី​នេះ យើង​បាន​យល់ព្រម​លើ​លក្ខខណ្ឌផ្សេងៗជាមួយនឹង​ក្លិប Real Madrid សម្រាប់​ការផ្ទេរ​របស់ Thibaut Courtois ដែល​រង់ចាំតែ​ការយល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ការពិនិត្យ​សុខភាព​ប៉ុណ្ណោះ។

    ក្នុង​ផ្នែក​មួយ​នៃ​ការផ្ទេរ​នេះ ខ្សែបម្រើ Mateo Kovacic ក៏​នឹងចូលរួម​ជាមួយនឹង​ក្លិប Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ 1រដូវ​កាល​ដែរ»។ ក្លិប Real Madrid បានប្រកាសថា Courtois នឹង​ទទួល​ការពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​មុនពេល​បង្ហាញខ្លួន​ទៅកាន់​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន Bernabeu។

    Courtois បាន​លេង​ការប្រកួត​ចំនួន 154លើក​សម្រាប់ Chelsea ក្រោយពី​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge កាលពី​ឆ្នាំ2011 ដោយបាន​ការពារ​មិន​ឱ្យមាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន​ចំនួន 58លើក។ រូបគេ​បាន​ចំណាយពេល​អស់ 3ឆ្នាំ​ក្នុងនាម​ជា​កីឡាករ​កម្ចី​នៅឯ​ក្លិប Atletico Madrid ចាប់ពី​រដូវ​កាល​ឆ្នាំ2011 ដល់2014៕

    ប្រភពពី៖ Sky Sports

  • ជីវប្រវត្តិសំខាន់ៗរបស់​ព្រឹទ្ធាចារ្យ «យូ បូ» គ្រូធំ​ផ្នែក​សារព័ត៌មាន និង​អ្នកនិពន្ធ​កម្ពុជា

    ជីវប្រវត្តិសំខាន់ៗរបស់​ព្រឹទ្ធាចារ្យ «យូ បូ» គ្រូធំ​ផ្នែក​សារព័ត៌មាន និង​អ្នកនិពន្ធ​កម្ពុជា

    នៅក្នុង​វិស័យ​តែង​និពន្ធ​កម្ពុជា មាន​មនុស្ស​តិច​ណាស់​ដែល​មិន​ស្គាល់​ព្រឹទ្ធាចារ្យ យូ បូ ស្ថាបនិក​ដ៏​សំខាន់​មួយរូប​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ សាស្ត្រាចារ្យ​អក្សរសាស្ត្រ និង​ជា​អតីត​អ្នកសារព័ត៌មាន​ជើងចាស់​របស់​កម្ពុជា។

    លោក​ព្រឹទ្ធាចារ្យ យូ បូ បានកើត​នៅ​ថ្ងៃទី6 ខែមេសា ឆ្នាំ1942 រស់នៅក្នុង​សង្កាត់​ដង្កោ ស្រុក​ដង្កោ ខេត្តកណ្តាល ដែល​បច្ចុប្បន្ន​ជា​ខណ្ឌដង្កោ​នៃ​រាជធានី​ភ្នំពេញ។ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ1962 ហើយ​ចាប់ផ្តើម​អាជីព​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​នៅ​ឆ្នាំ1962 ដល់​ឆ្នាំ1963 និង​បាន​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃទី13 ខែមិថុនា ឆ្នាំ1963។

    ក្រោយ​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​មួយឆ្នាំ លោក​សាស្ត្រាចារ្យ យូ បូ បាន​ចូល​បម្រើ​ការងារ​ជា​អ្នកសារព័ត៌មាន​នៃ​កាសែត​មាតុភូមិ និង​បាន​អភិវឌ្ឍ​ក្លាយជា​និពន្ធ​នាយក​របស់​កាសែត​សុភ​មិត្រ​នៅ​ឆ្នាំ1967 ហើយ​ស្ថិតនៅលើ​វិស័យ​សារព័ត៌មាន​នេះដែរ លោក​បាន​ផ្លាស់​ទៅធ្វើជា​ចាងហ្វាង​កាសែត​រាស្ត្រនិយម។ ក្រោយមក​ចន្លោះ​ពី​ឆ្នាំ1970 ដល់​ឆ្នាំ1975 លោក​នៅតែ​បន្តធ្វើ​ការងារ​ជា​អ្នកសារព័ត៌មាន តែ​លោក​បាន​បន្ថែម​អាជីព​មួយទៀត គឺជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក។

    ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ចន្លោះ​ឆ្នាំ1979 ដល់​ឆ្នាំ1990 លោក​ព្រឹទ្ធាចារ្យ យូ បូ បាន​ធ្វើជា​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ ហើយ​នៅ​ចន្លោះ​ឆ្នាំ1993 លោក​បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នកសារព័ត៌មាន​វិញ ដែល​កាលណោះ​លោក​ជា​ចាងហ្វាង​កាសែត​យុត្តិធម៌ មុននឹង​ចាប់ផ្តើម​រៀបចំ​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជាថ្មី​ឡើងវិញ នៅ​ថ្ងៃទី12 ខែមេសា ឆ្នាំ1993ដដែល​នោះ។

    ទន្ទឹមនឹងនេះ លោក​ក៏បាន​ចាប់​អាជីព​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ឡើងវិញ​ផងដែរ នៅ​ចន្លោះ​ឆ្នាំ1993 ដល់​ឆ្នាំ1995។ ស្របពេល​ជាមួយគ្នា​នោះ​លោក​ក៏បាន​បំពេញ​តួនាទី​ជា​អ្នកបកប្រែ​ភាសា​ឱ្យ​អ៊ុនតាក់​ផងដែរ នៅក្នុង​ខេត្តបន្ទាយមានជ័យ បន្ថែម​ពីលើ​អាជីព​របស់លោក​ជា​សាស្ត្រាចារ្យ និង​ចាងហ្វាង​សារព័ត៌មាន។

    លោក​ព្រឹទ្ធាចារ្យ យូ បូ បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការ​តែង​និពន្ធ តាមរយៈ​កា​បណ្តុះបណ្តាល​យុវជន​ខ្មែរ​ជាច្រើន និង​បង្កើត​ស្នាដៃ​និពន្ធ​ប្រកបដោយ​គុណ​តម្លៃ។ ស្នាដៃ​និពន្ធ​របស់លោក​ដែលមាន​ការគាំទ្រ​ច្រើន​មានដូចជា៖

    – រឿង មាគ៌ា​សុខ
    – រឿង បុរស​ឈើចាក់ធ្មេញ
    – រឿង គ្រូពេទ្យ​អាយុ 190ឆ្នាំ
    – រឿង នារី​បាត់​ខ្លូន
    – រឿង ទេពធីតា​កោះ​ចេនឡា
    – រឿង ដាវ​ដោះ​ក្រមុំ
    – រឿង ក្រុម​កុមារ​ឃ្លោក​ទិព្វ
    – រឿង ភ្លើង​ស្នេហ៍​ភក្តី
    – រឿង ង្វៀង ម៉ាញ់​ត្វិ​ន (ប្រលោមលោក​បកប្រែ​ពី​ភាសា​វៀតណាម​មកជា​ភាសា​ខ្មែរ)៕

  • អាហារូបករណ៍ Chevening បានមក​ដល់​ទៀតហើយ​សម្រាប់​យុវជន​កម្ពុជា

    អាហារូបករណ៍ Chevening បានមក​ដល់​ទៀតហើយ​សម្រាប់​យុវជន​កម្ពុជា

    អាហារូបករណ៍ Chevening សម្រាប់​ឆ្នាំ​សិក្សា 2019-2020 បាន​បើក​ឱ្យ​ដាក់ពាក្យ​ជាថ្មី​ម្តង​ទៀតហើយ​ចាប់ពី​ថ្ងៃទី6 ខែសីហា ដល់​ថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2018នេះ។

    Chevening គឺជា​អាហារូបករណ៍​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​ដែល​ផ្តល់ឱកាស​ឱ្យ​សិស្ស​មកពី​ប្រទេស​នានា​ក្នុង​ពិភពលោក​ដែលមាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ ឬ​ដែលជា​អ្នក​បន្តវេន​ក្នុងការ​ដឹកនាំ​សង្គម មានឱកាស​ដើម្បី​បន្ត​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស។ អាហារូបករណ៍​នេះ​ផ្តល់ជូន​សម្រាប់​អ្នកជំនាញឆ្នើមៗមកពី​ប្រទេស​កម្ពុជា​សម្រាប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​រយៈពេល​មួយឆ្នាំ​លើ​មុខវិជ្ជា​នានា​នៅក្នុង​សាកលវិទ្យាល័យ​នៅ​អង់គ្លេស។

    អាហារូបករណ៍ Chevening ផ្តល់ឱ្យ​នូវ​ការឧបត្ថម្ភ​ផ្នែក​ថវិកា​ទាំងស្រុង​សម្រាប់​ការសិក្សា និង​ការ​ស្នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​សម្រាប់​រយៈពេល​សិក្សា ដែល​ផ្តល់ឱកាស​ឱ្យ​និស្សិត​ទទួលបាន​នូវ​ចំណេះដឹង​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​ទទួលបាន​បទពិសោធ​សម្រាប់​ការ​ស្នាក់នៅ​ក្នុងប្រទេស​អង់គ្លេស តាមរយៈ​ការស្វែងយល់​ពី​របៀបរ​បប​នៃ​ការរស់នៅ វប្បធម៌ ការគិត និង​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកជំនាញ​មកពី​ប្រទេសផ្សេងៗទៀត​លើ​ពិភពលោក។

    ប្រសិនបើ​យុវជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​សក្តានុពល​ក្នុង​ភាពជា​អ្នកដឹកនាំ​ចាប់អារម្មណ៍ និង​មាន​ប្រវត្តិ​សិក្សា​ល្អ អាចទាក់ទង​ដាក់ពាក្យ​បាន​តាមរយៈ​គេហទំព័រ https://www.chevening.org/cambodia/

  • ក្រសួងកសិកម្ម និង (IFAD) បន្ថែម​ប្រាក់​ជាង 15លាន​ដុល្លារ​សម្រាប់​ជួយ​កសិករ​រងគ្រោះ

    ក្រសួងកសិកម្ម និង (IFAD) បន្ថែម​ប្រាក់​ជាង 15លាន​ដុល្លារ​សម្រាប់​ជួយ​កសិករ​រងគ្រោះ

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​អាយ​ហ្វេ​ត(International Fund for Agricultural Development ហៅ​កាត់​ថា IFAD)បាន​សហការគ្នា​បង្កើន​ថវិកា​ប្រមាណ​ជាង 15លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​នៅក្នុង​វិស័យ​កសិកម្ម ពិសេស​គឺ​ជួយ​ដល់​ប្រជាកសិករ​ដែល​រងគ្រោះ។

    នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ការបង្កើន​ប្រាក់​បន្ថែម​នេះ​គឺ​បន្ទាប់ពី​បាន​សង្កេតឃើញថា កម្មវិធី​នេះ​បាន និង​កំពុងដំណើរការ​ល្អ និង​កំពុង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ដោយ​ថវិកា​នេះ​គឺ​សម្រាប់​អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន 11ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ភាព​ធន់​របស់​ដំណាំ​កសិកម្ម​តាមរយៈ​កម្មវិធី​ច្នៃប្រឌិត​ថ្មី ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ពង្រីក (The Agriculture Services Program for Innovation, Resilience and Extension = ASPIRE) ។

    IFAD ធ្លាប់បាន​ចំណាយ​ប្រាក់​សរុប 52.4លាន​ដុល្លារ​អាមេរិក​រួចមកហើយ​សម្រាប់​អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន11 ក្នុងនោះ​រួមមាន ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង រយៈពេល7ឆ្នាំ គិត​ចាប់ពី​ឆ្នាំ2015 ដល់​ឆ្នាំ2022។ ទាក់ទិន​នឹង​ការងារ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី6 ខែសីហា ឆ្នាំ2018កន្លងទៅនេះ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​បានរៀបចំ​ពិធី​ចែក​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ ជូន​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នៃ​កម្មវិធី ASPIRE ។

    ការផ្តល់​យានជំនិះ និង​ឧបករណ៍​ទាំងនេះ​ក្នុង​គោលបំណង​លើកកម្ពស់ និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការផ្តល់​សេវាកម្ម​កសិក​ម្ម​ដែល​ឆ្លើយតប​នឹង​តម្រូវការ​កសិករ​ខ្នាតតូច​ដែលមាន​ទំហំ​ផលិតកម្ម​តូច​ចំនួន 120ពាន់​គ្រួសារ​ក៏ដូចជា​ជួយ​កសិករ​ដែលមាន​ទំហំ​ផលិតកម្ម​តូច ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​អាចធ្វើ​ធុរកិច្ច​កសិកម្ម និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បន្ត​យកចិត្តទុកដាក់​ពង្រីក​ចំណះ​ដឹង ភាព​ឆ្លាត​វៃ ភាព​ឆ្នៃប្រឌិត និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​បន្ត​ដើរតួនាទី​ជា​គ្រូ និង​ដៃគូ​ដ៏​មាន​សមត្ថភាព និង​ប្រសិទ្ធភាព​ដល់​ប្រជាកសិករ ធ្វើយ៉ាងណា​ឱ្យ​ប្រជាកសិករ​មាន​ភាព​រឹង​ប៉ឹង និង​មាន​ភាពម្ចាស់ការ​ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​នេះ​នៅពេលដែល​កម្មវិធី​នេះ​ត្រូវបាន​បញ្ចប់​ដូច​ពាក្យ​ថា ទូក​ទៅ កំពង់​នៅ។

    ឯកឧត្តម ក៏បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម សាលា​ជាតិ​កសិកម្ម និង​សាលា​កសិកម្ម​ដទៃទៀត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ ក៏ដូចជា​ស្រាវជ្រាវ​បច្ចេកទេស​និង​បច្ចេកវិទ្យា​ថ្មី​ទំនើប​សម្រាប់​ប្រជាកសិករ រួមចំណែក​កាត់បន្ថយ​កម្លាំង​ពលកម្ម បង្កើន​ផលិតភាព គុណភាព និង​ប្រាក់ចំណូល។ ធ្វើយ៉ាងណា​ដើរ​ឱ្យទាន់​កំណើន​សេដ្ឋកិច្ចជាតិ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ2030។

    សូមបញ្ជាក់ថា ពិធី​ចែក​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ​ខាងលើនេះ គឺជា​ថវិកា​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចែក​ជូនទៅ​ខេត្ត​គោលដៅ​ចំនួន11 ដែលមាន​ទោចក្រយានយន្ត​សរុប​ចំនួន178គ្រឿង និង​កុំព្យូទ័រ​បន្ទះ​សរុប​ចំនួន៥៦០គ្រឿង៕

  • ឥណ្ឌា​មើលឃើញ​ឱកាស​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា

    ឥណ្ឌា​មើលឃើញ​ឱកាស​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា

    ក្រៅពី​វិនិយោគិន​ចិន និង​ជប៉ុន​ហើយ​នោះ ពេលនេះ​វិនិយោគិន​ឥណ្ឌា​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែរ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

    លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា បច្ចុប្បន្ន​វិនិយោគ​គិ​ន​ឥណ្ឌា​កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​បណ្ដាក់ទុន​នៅ​កម្ពុជា ដោយសារ​មើលឃើញ​ពី​ឱកាស​ដែល​កម្ពុជា​នឹង​នៅតែ​បន្ត​រីកចម្រើន​ខ្លាំង​ក្នុង​វិស័យនេះ។ លោកជំទាវ​បន្តថា បច្ចុប្បន្នភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា​កំពុងមាន​សក្តានុពល ដែល​ធ្វើឱ្យ​វិនិយោគិន​ឥណ្ឌា​មួយចំនួន​មានការ​ចាប់​អា​ម្មណ៍​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​ដីធ្លី សំណង់ វាយ​ន​ភណ្ឌ ស្រូវ​អង្ករ ដែក និង​វិស័យផ្សេងៗទៀត។

    គួរ​រំលឹក​ដែរ​ថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ធ្លាប់បាន​មានប្រសាសន៍​អំពី​ការជ្រើសរើស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ថា បើសិនជា​ជ្រើសរើស​ដី​នៅ​តំបន់​ជាប់​ក្រុង​គឺ​ថ្លៃ​បន្ដិច តែបើ​ជ្រើសរើស​នៅ​តំបន់​ឆ្ងាយ​ពី​ក្រុង​បន្ដិច​មានតម្លៃ​ថោក​ជាង ដូចជា​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ3 លេខ4 លេខ5 និង​លេខ6 ជាដើម ម្យ៉ាង​នៅ​តំបន់​ជាយក្រុង​ក៏​អាច​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​បាន និង​មាន​បរិស្ថាន​ល្អ​ទៀតផង៕