Author: វល័ក្ខ

  • កម្ពុជា​ទទួលបាន​ជាង 140លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ

    កម្ពុជា​ទទួលបាន​ជាង 140លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ

    ត្រឹម​រយៈពេល 7ខែ​ដើមឆ្នាំ2018 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ទៅកាន់​ទីផ្សារ​បរទេស មាន​ចំនួន 100,535 តោន កើនឡើង​ប្រមាណ​ជា20% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    របាយការណ៍​បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ2018 ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​របស់​កម្ពុជា មាន​ចំនួន​ជាង 140លាន​ដុល្លារ​អាមេរិក ដោយ​តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម គឺ1,412ដុល្លារ​ក្នុង1តោន តម្លៃ​នេះ​ធ្លាក់ចុះ 18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    បើ​គិត​មកទល់​ឆ្នាំ2018នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប​ចំនួន 436,299ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន 173,017ហិកតា ស្មើនឹង39% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន 263,281ហិកតា ស្មើនឹង61%។

    សូមបញ្ជាក់ថា នៅ​ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត 20ម៉ឺន​តោន មាន​ចំណូល​ប្រមាណ 300លាន​ដុល្លារ​អាមេរិក​ដែល​បាន​ពី​ការនាំ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​មានដូចជា​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ជាដើម៕

  • Brighton បាន​បន្ថែម​ភាព​វេទនា​លើ Man Utd ខណៈ Aguero រកបាន 3គ្រាប់

    Brighton បាន​បន្ថែម​ភាព​វេទនា​លើ Man Utd ខណៈ Aguero រកបាន 3គ្រាប់

    ការភ័យខ្លាច​របស់លោក Jose Mourinho ជុំវិញ​ការមិន​ទិញ​ខ្សែការពារ​កណ្តាល​ថ្មី​ម្នាក់​ត្រូវបាន​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់ ខណៈដែល​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​បានធ្វើឱ្យ​ក្រុម Manchester United របស់លោក​រង​បរាជ័យ​ក្នុង​លទ្ធផល 3-2 នៅលើ​ទឹកដី​ក្រុម Brighton កាលពី​ថ្ងៃអាទិត្យ។

    សម្រាប់​ជា​លើក​ទី1ក្នុង​រយៈពេល​ជិត 2ឆ្នាំ ក្រុម​របស់លោក Mourinho បាន​របូត​គ្រាប់​បាល់​ច្រើនជាង 2គ្រាប់ ខណៈដែល​គ្រាប់​បាល់​ទាំង3 របស់​ក្រុម Brighton បាន​កើតឡើង​នៅមុន​ពេល​តង់​ទី2 តាមរយៈ​កីឡាករ Glenn Murray, Shane Duffy និង Pascal Gross។

    លោក Mourinho បានឱ្យដឹងថា៖ «យើង​បាន​រង​នូវ​ការដាក់ទណ្ឌកម្ម​ដោយសារតែ​កំហុសផ្សេងៗដែល​យើង​បានធ្វើ។ សម្រាប់​ខ្ញុំ នោះ​គឺជា​ចំណុច​សំខាន់​នៃ​ការប្រកួត​នេះ។ យើង​បាន​ប្រព្រឹត្ត​កំហុស​ដ៏​មិន​គួរឱ្យ​ជឿ​ក្នុងដំណាក់កាល​ដ៏​សំខាន់។ កំហុស​ទាំងនោះ​បានសម្លាប់​យើង»។

    ស្របពេល​ជាមួយគ្នានេះ លោក Pep Guardiola បាន​បញ្ជាក់ថា Sergio Aguero គួរតែ​មិនអាច​ធ្វើបាន​ល្អប្រសើរ​ជាង​នេះឡើយ ក្រោយពី​ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester City បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន​លត់​ក្រុម Huddersfield យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-1 កាលពី​ថ្ងៃអាទិត្យ។

    ក្រុម​ម្ចាស់​ជើងឯក​របស់លោក Guardiola បាន​បើក​យុទ្ធនាការ​នៅលើ​ទឹកដី​របស់​ពួកគេ ជាមួយនឹង​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ ហើយ Aguero បាន​បន្ត​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​របស់គេ​នៅលើ​ទីលាន។

    លោក Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City ពិតជា​រំភើប​ចំពោះ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​របស់ Aguero និង​បាន​ទទួលស្គាល់ថា ខ្សែប្រយុទ្ធ​របស់លោក​កំពុងតែ​ឈានទៅ​កាន់​កម្រិត​ថ្មី​មួយ៕

    ប្រភពពី៖ Channel News Asia

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 139

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 139

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/08/LRPN_139-Final-For-Web-1.pdf” force_dl=”1″]

  • កីឡាករ​ហែល​ទឹក 5នាក់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង Asian Games

    កីឡាករ​ហែល​ទឹក 5នាក់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង Asian Games

    កីឡាករ 5នាក់​ដែល​អាច​នឹង​បង្កើតឱ្យមាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​វិញ្ញាសា​ហែល​ទឹក ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី រួមមាន៖

    កីឡាករ Sun Yang របស់ចិន
    កីឡាករ​ហែល​ទឹក​ដ៏​ឆ្នើម​រូបនេះ​បានឈ្នះ​មេដាយមាស​អូឡាំពិក 3គ្រឿង​លើ​វិញ្ញាសា​ហែល​សេរី(Free style) និង​ក្រោយពី​ចាញ់​ក្នុង​ការប្រកួត​ហែល​ចម្ងាយ 400ម៉ែត្រ​នៅ​ទីក្រុង Rio កាលពី 2ឆ្នាំមុន​នោះ រូបគេ​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​សេរី​ចម្ងាយ 200ម៉ែត្រ។

    កីឡាករជប៉ុន Kosuke Hagino

    កីឡាករ​ដ៏​ឆ្នើម​រូបនេះ បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ចម្រុះ​ក្បាច់​ឯកត្តជន​ចម្ងាយ 400ម៉ែត្រ និង​បានឈ្នះ​មេដាយប្រាក់ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 បន្ទាប់ពី​តារា​ឆ្នើម​អាមេរិក Michael Phelps លើ​វិញ្ញាសា​ហែល​ចម្ងាយ 200ម៉ែត្រ។

    កីឡាការិនីជប៉ុន Rikako Ikee

    ជាមួយនឹង​ទឹកមុខ​ប្រកបដោយ​ស្នាមញញឹម Ikee គឺជា​តារា​ឆ្នើម​ថ្មី 1រូប​សម្រាប់​ប្រទេស​របស់​នាង។ កីឡាការិនី​វ័យ 18ឆ្នាំ​រូបនេះ​បានឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Pan Pacific លើ​វិញ្ញាសា​ហែល​បែប​មេអំបៅ​ចម្ងាយ 100ម៉ែត្រ ហើយ​នាង​ក៏បាន​ឈ្នះ​មេដាយប្រាក់​ក្នុងការ​ប្រកួត​ហែល​បែប​សេរី ចម្ងាយ 200ម៉ែត្រ​ផងដែរ។

    កីឡាករសិង្ហបុរី Joseph Schooling

    ក្រោយពី​បាន​បង្កើត​ភាព​អស្ចារ្យ​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​បែប​មេអំបៅ ចម្ងាយ100ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Asian Games កាលពី​ឆ្នាំ2014 រួចមក Schooling បាន​យកឈ្នះ​កីឡាករ Phelps ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង Rio លើ​វិញ្ញាសា​ដូចគ្នានេះ។

    កីឡាករកាហ្សាក់ស្ថាន Dmitriy Balandin

    ក្រោយពី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ទឹក​បែប​កង្កែប​ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ2014 កីឡាករ Balandin បានក្លាយ​ម្ចាស់​ជើងឯក​អូឡាំពិក​លើ​កីឡាហែលទឹក​ដំបូង​គេ​របស់​កា​ហ្សា​ក់​ស្ថាន នៅពេល​រូបគេ​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​ចម្ងាយ 200ម៉ែត្រ កាលពី 2ឆ្នាំមុន៕

    ប្រភពពី៖ Channel News Asia

  • លោក Pochettino សន្យា​តបស្នង​អ្នកគាំទ្រ​របស់ Tottenham ជាមួយ​ជ័យជម្នះ

    លោក Pochettino សន្យា​តបស្នង​អ្នកគាំទ្រ​របស់ Tottenham ជាមួយ​ជ័យជម្នះ

    លោក Mauricio Pochettino ជឿជាក់ថា ការដណ្តើម​បាន​ជ័យជម្នះ គឺជា​វិធីសាស្ត្រ​តែមួយគត់​ក្នុងការ​រក្សា និង​ធ្វើឱ្យ​អ្នកគាំទ្រ​របស់​ក្រុម Spurs មាន​ភាព​រីករាយ ស្រប​ពេលដែល​ពួកគេ​កំពុងតែ​រង់ចាំ​ការប្តូរ​ទៅកាន់​កីឡដ្ឋាន​ថ្មី​របស់​ពួកគេ។

    ក្រុម Tottenham បាន​ប្រឈមមុខ​នឹង​សុបិន​អាក្រក់​ផ្នែក​ប្រតិបត្តិការ ក្រោយពី​ការពន្យារពេល​ការផ្លាស់ប្តូរ​របស់​ពួកគេ​ទៅកាន់​កីឡដ្ឋាន​ទើប​កែសម្រួល​ថ្មី​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ដល់​ទៅ 62,000នាក់ ដែល​យ៉ាងហោចណាស់​ក៏​ដល់​ខែតុលា​ដែរ «ដោយសារតែ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព»។

    ក្រុម​របស់លោក Pochettino ត្រូវបាន​គ្រោង​ឱ្យ​ប៉ះ​ជាមួយនឹង​ក្រុម​Fulham នា​កីឡដ្ឋាន  Wembley នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​បច្ចុប្បន្ន ពួកគេ​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Liverpool និង Cardiff នៅ​កីឡដ្ឋាន​របស់​ក្រុម​ជម្រើសជាតិ ដែលជា​កន្លែង​ពួកគេ​បាន​លេង​រាល់​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​កាលពី​រដូវ​កាល​មុន​ផងដែរ។

    លោក Pochettino បានឱ្យដឹងថា៖ «យើងទាំងអស់គ្នា មាន​អារម្មណ៍​ខកចិត្ត​ជាមួយនឹង​ការប្រកាស​ពី​សំណាក់​ក្លិប​នៅ​សប្តាហ៍​នេះ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ អ្នកគាំទ្រ​របស់​យើង កីឡាករ​គ្រប់គ្នា និង​សម្រាប់​ប្រធាន​ក្លិប។ យើង​នឹង​ព្យាយាម​តបស្នង​វិញ​តាមរយៈ​ការដណ្តើម​ជ័យជម្នះ​ក្នុងការ​ប្រកួត​នានា​ឱ្យបាន»។

    លោក Daniel Levy ប្រធាន​ក្លិប Spurs បាន​ស្ថិតក្រោម​ការរិះគន់​រួចជាស្រេច​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ ចំពោះ​ការមិនអាច​ទិញ​ចូល​កីឡាករ​ថ្មី​សូម្បីតែ​ម្នាក់ បើទោះបីជា​បង្កើន​តម្លៃ​សំបុត្រ​ប្រចាំ​រដូវ​កាល​ក៏ដោយ។ ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់៕

    ប្រភពពី៖ Sports.yahoo.com

  • ការអប់រំ​បុត្រ​ធីតា ត្រូវធ្វើឡើង​ឱ្យ​ដូច​ភ្លៀងរលឹម

    ការអប់រំ​បុត្រ​ធីតា ត្រូវធ្វើឡើង​ឱ្យ​ដូច​ភ្លៀងរលឹម

    ការអប់រំ គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ។ យើង​ជឿជាក់ថា ប្រសិនបើ​យើង​ចង់ឃើញ​ការប្រែប្រួល​ជា​វិជ្ជមាន​ជាច្រើន​នៅក្នុង​ពិភពលោក និង​នាពេល​អនាគត​នោះ យើង​ពិតជា​ត្រូវ​ការផ្តល់​ការអប់រំ​មួយ​ប្រកបដោយ​គុណភាព​ដល់​កុមារ​នៅថ្ងៃនេះ។

    បរិបទ​នៃ​ពិភពលោក និង​សង្គមជាតិ​មាន​ការវិវឌ្ឍ​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ។ កត្តា​ទាំងនេះ​តម្រូវឱ្យ​ប្រព័ន្ធ​អប់រំ​យើង​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន និង​រៀបចំ​កែលម្អ​កម្មវិធីសិក្សា និង​សេវាកម្ម​អប់រំ​របស់​យើង​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ធានា​ឱ្យបាន​ថា “សិស្ស​គ្រប់រូប​មានគុណ​វុឌ្ឍិ​គ្រប់គ្រាន់​សម្រាប់​កសាង​អនាគត​ដ៏​ត្រចះត្រចង់។

    ដើម្បី​សម្រេច​គោលដៅ​នេះ​បាន សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​នឹង​អនុវត្ត​កម្មវិធីសិក្សា​គោល កម្មវិធីសិក្សា​អម និង​កម្មវិធីសិក្សា​បន្ថែ​ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើងលើ​គ្រប់​ចំណុច ជាពិសេស​ចំណេះដឹង និង​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21 (21st Century Skills) ជំនាញ​ទំនាក់ទំនង ជំនាញ​ធ្វើការ​ជា​ក្រុម គំនិត​ច្នៃប្រឌិត និង​ការគិត​វិភាគ​បែប​ស៊ីជម្រៅ(4 Cs: Communication, Collaboration, Creativity and Critical Thinking) ភាសា​ចិន ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ទម្លាប់​ល្អ​ទាំង7 សម្រាប់​យុវជន និង​សហគ្រិនភាព ដែលជា​បំ​ណិ​ន​ជីវិត​ចាំបាច់​សម្រាប់​ភាពជោគជ័យ​ក្នុង​ការងារ អាជីវកម្ម និង​ការរស់នៅ​នាពេល​អនាគត។

    ទន្ទឹមនឹង​នេះដែរ ចំណេះដឹង និង​ជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​សិល្បៈ (STEM & Arts) ក៏​ជា​អាទិភាព​មួយ​ថ្មី​ទៀត​របស់​សាលារៀន​យើងខ្ញុំ ដែល​ពិចារណា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ផងដែរ។

    ក្រៅពី​ការផ្តល់​ចំណេះដឹង និង​ជំនាញ​នៃ​ការអប់រំ​ដល់​សិស្សានុសិស្ស​ហើយ សាលារៀន​យើងខ្ញុំ​ក៏បាន​បង្កើត​នូវ​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​អប់រំ និង​ចិត្តសាស្ត្រ និង​អាជីព​ការងារ​ដល់ប្អូនៗសិស្សានុសិស្ស និង​មាតាបិតា​ដើម្បី​ជួយ​បំពេញបន្ថែម​ពីលើ​កម្មវិធី​ដែល​យើង​កំពុង​ដាក់ឱ្យអនុវត្ត​នៅតាម​សាលារៀននីមួយ។

    ការជំរុញឱ្យ​មានការ​ផ្លាស់ប្តូរ​បទពិសោធ​ដល់​សិស្សានុសិស្ស តាមរយៈ​ការបោះ​ជំរំ​នៅតាម​បណ្តា​ប្រទេស​នានា​នៃ​សហគមន៍​អាស៊ាន និង​ប្រទេស​ដទៃទៀត ព្រមទាំង​ការស្វែងរក​សាលារៀន​ជា​ដៃគូ​ក្នុងស្រុក និង​នៅ​បរទេស​ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​នៃ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​គ្រប់​សាខា។

    បវេសនកាល​ថ្មី ឆ្នាំ​សិក្សា2018-2019 នឹង​ចូល​មកដល់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។ ក្នុងនាម​ក្រុមប្រឹក្សាភិបាល​គណៈ​គ្រប់គ្រង បុគ្គលិក និង​គ្រូបង្រៀន​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ដែល​បាន​គាំទ្រ​កន្លង​មកលើ​សេវាកម្ម​អប់រំ​របស់​សាលារៀន​យើងខ្ញុំ។

    បវេសនកាល​ថ្មី ឆ្នាំ​សិក្សា2018-2019 នឹង​ចូលរៀន​ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2018 “ចុះឈ្មោះ​បុត្រ​ធីតា​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​ការសិក្សា​ទាំង​គ្រួសារ” និង​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​យើងខ្ញុំ​តាមរយៈ​ទូរស័ព្ទ​លេខ 092 888 499 ៕

  • Atletico វាយបក​ដើម្បី​ផ្តួល​ក្រុម Real Madrid ក្នុង UEFA Super Cup

    Atletico វាយបក​ដើម្បី​ផ្តួល​ក្រុម Real Madrid ក្នុង UEFA Super Cup

    ខ្សែប្រយុទ្ធ Diego Costa បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ខណៈដែល​ក្រុម Atletico Madrid បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ Real Madrid ក្នុង​លទ្ធផល 4-2 កាលពី​ថ្ងៃ​ពុធ និង​ឈ្នះ​ពាន UEFA Super Cup។

    អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Chelsea រូបនេះ បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Diego Simeone មាន​គ្រាប់​បាល់​នាំ​មុខមុន ក្រោយពី​លេង​បានត្រឹមតែ​រយៈពេល 49វិនាទី ខណៈដែល​រូបគេ​បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​របស់​អ្នកចាំទី KeylorNavas យ៉ាង​ល្អ។ ខ្សែប្រយុទ្ធ Karim Benzema បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម Real Madrid ខណៈដែល​រូបគេ​បាន​លេង​ស៊ីចង្វាក់​គ្នា​យ៉ាង​ល្អ​ជាមួយនឹង Gareth Bale ក្នុងពេល​មិនមាន​វត្តមាន​របស់ Cristiano Ronaldo ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី។

    ខ្សែការពារ Sergio Ramos ហាក់ដូចជា​បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ឯក Champions League របស់ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​ទៅហើយ នៅពេលដែល​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ចំណុច​ពិន័យ 11ម៉ែត្រ ក្នុង​តង់​ទី2  ប៉ុន្តែ Costa បាន​លុបចោល​ក្តីសង្ឃឹម​នោះ និង​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ក្នុង​រយៈពេល 10នាទីចុងក្រោយ។ គ្រាប់​បាល់​តាម​ស្មើ​របស់គេ​បានធ្វើឱ្យ​ការប្រកួត​ឈានដល់​នាទី​បន្ថែម 15នាទី 2ដង ហើយ​ខ្សែបម្រើ Saul Niquez និង Koke បា​នរក​គ្រាប់​បាល់​ទី3 និង​ទី4 ដើម្បី​ជួយ​ឱ្យ​ក្រុម Atletico ដណ្តើមបាន​ជ័យជម្នះ​តែម្តង។

    នេះ​គឺជា​ការ​ឈ្នះ​ពាន UEFA Super Cup ជា​លើក​ទី3 ហើយ​សម្រាប់​ក្រុម Atletico និង​ជា​លើក​ទី3 ក្នុង​រយៈពេល 9រដូវ​កាល។ ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atletico បានឱ្យដឹងថា៖ «ខ្ញុំ​បាន​បន្ត​នៅ Atletico ពីព្រោះ​គម្រោង​នេះ​ពិតជា​គម្រោង​ដ៏​ល្អ។ ខ្ញុំ​មានការ​ជឿជាក់​លើ​ក្លិប​នេះ និង​លើ​គ្រូបង្វឹក ហើយ​ខ្ញុំ​បាន​មើលឃើញ​នៅ​រាត្រី​នេះ​ថា ខ្ញុំ​ពិតជា​គិត​មិន​ខុស​ឡើយ»៕

    ប្រភពពី៖ The Mirror

  • គប់​ភ្លើង Asian Games ឆ្នាំ2018 ទៅដល់​ទីក្រុង​ហ្សា​ការ​តា​ហើយ

    គប់​ភ្លើង Asian Games ឆ្នាំ2018 ទៅដល់​ទីក្រុង​ហ្សា​ការ​តា​ហើយ

    គប់​ភ្លើង Asian Games លើក​ទី18 បាន​ទៅដល់​រដ្ឋធានី​ហ្សា​ការ​តា របស់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ កាលពី​ថ្ងៃ​ពុធ ដើម្បី​បញ្ចប់​ការធ្វើដំណើរ​រយៈពេល 1ខែ​ពេញ ទូទាំងប្រទេស​ប្រជុំ​កោះ​ដ៏​ច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ។

    គប់​ភ្លើង​មួយ​នេះ ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ក្រុម​តន្ត្រី ក្រុម​អ្នករាំ​ក្បាច់​ប្រពៃណី និង​ក្រុម​ប្រគំ​តន្ត្រី​នានា ក្រោយពី​ការចាប់ផ្តើម​ដំណើរ​នាំយក​គប់​ភ្លើង​មួយ​នៅ​តំបន់​មជ្ឈមណ្ឌល​វប្បធម៌ Yogyakarta ក្នុងប្រទេស​ម្ចាស់​ផ្ទះមួយ​នេះ កាលពី​ថ្ងៃទី17 ខែកក្កដា។

    គប់​ភ្លើង​មួយ​នេះ​ត្រូវបាន​ដុត​នៅ​រដ្ឋធានី New Delhi របស់​ប្រទេស​ឥណ្ឌា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ Asian Games ដំបូង​គេ កាលពី​ឆ្នាំ1951។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​សង្ឃឹមថា ការរត់​បណ្តាក់​គ្នា​យក​គប់​ភ្លើង​មួយ​នេះ​នឹង​ទាក់ទាញ​អ្នកទស្សនា​យ៉ាងហោចណាស់ 1លាន​នាក់​ទូទាំង​រដ្ឋធានី​ឥណ្ឌូនេស៊ី​នេះ។

    អ្នក​នាំយក​គប់​ភ្លើង 10,000នាក់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​អតីត​តារា​វាយ​សី​ដ៏​ឆ្នើម​របស់​ឥណ្ឌូនេស៊ី Rudy Hartono, IcukSugiartoនិង Ricky Subagja ផងដែរ​នោះ នឹងចូលរួម​ក្នុង​ការរត់​បណ្តាក់​គ្នា​នេះ។ គប់​ភ្លើង​មួយ​នេះ​នឹងត្រូវ​ទៅដល់​កីឡដ្ឋាន Gelora Bung Karno នៅ​ថ្ងៃ​សៅរ៍​នេះ សម្រាប់​កម្មវិធី​បើក​ការប្រកួត​នៃ​ព្រឹត្តិការណ៍ Asian Games ដើម្បី​បញ្ចប់​ការធ្វើដំណើរ​ចម្ងាយ 18,000គីឡូម៉ែត្រ​ទូទាំង​ទីក្រុង​ចំនួន 54។

    ឥណ្ឌូនេស៊ី នឹង​ទទួល​អត្ត​ព​លិ​ក​ប្រមាណ​ជា 11,000នាក់ និង​មន្ត្រី​កីឡា 5,000នាក់​មកពី​ប្រទេស​ក្នុង​អាស៊ី​ទាំង45 សម្រាប់​ព្រឹត្តិការណ៍​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី18 ខែសីហា ដល់ទី2 ខែកញ្ញា៕

    ប្រភពពី៖ Channel News Asia

  • កម្ពុជា​សម្រេចបាន​ជាង 6ប៊ី​លាន​ដុល្លារ ពី​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

    កម្ពុជា​សម្រេចបាន​ជាង 6ប៊ី​លាន​ដុល្លារ ពី​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

    ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​នៅ​ឆមាស​ទី1 ដើមឆ្នាំ2018នេះ បានសម្រេច​ប្រមាណ​ជា 6,229លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​បាន​កើនឡើង​ជាង15% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ2017 ដែលមាន​ទឹកប្រាក់​ត្រឹមតែ 5,386លាន​ដុល្លារ​អាមេរិក។

    ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ស្តីពី​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ-នាំចូល(ជំនា​ន់ទី2 និង​ទី3) និង​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​តំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ-នាំចូល (ជំនា​ន់ទី4)ថា សហភាព​អឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និង​អាស៊ាន គឺជា​ទីផ្សារ​ដែល​ស្រូបយក​ផលិតផល​កម្ពុជា​បាន​ច្រើនជាងគេ ដោយ​ផលិតផល​ទាំងនោះ​មានដូចជា​សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូង​មី និង​ផលិតផល​កសិកម្មផ្សេងៗទៀត។

    គួរ​រំឭក​ដែរ​ថា ដើម្បី​ជួយ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ក៏ដូចជា​ការផ្តល់​ឯកសារ​នាំចេញ-នាំចូល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម​តាមរយៈ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ (TTRI) បាន​សហការ​ជាមួយ​នាយកដ្ឋាន​នាំចេញ-នាំចូល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ-នាំចូល» ចំនួន 3វគ្គ​រួចមកហើយ ដោយមាន​សិក្ខាកាម​ចូលរួម​សរុប 180នាក់។

    តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​វឌ្ឍនភាព​ល្អប្រសើ​រ។ ជាក់ស្តែង​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​ឆ្នាំ2017 មានតម្លៃ​សរុប 11,153លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង​ប្រមាណ18% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់​ត្រឹមតែ 9,421លាន​ដុល្លារ​អាមេរិក​នោះ៕

  • អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដាក់​ដំណើរការ System ថ្មី​គ្រប់គ្រង​ការបង់ប្រាក់​យានយន្ដ

    អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដាក់​ដំណើរការ System ថ្មី​គ្រប់គ្រង​ការបង់ប្រាក់​យានយន្ដ

    អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រភេទ​ថ្មី​មួយ​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​ចេញ-ចូល​នៅក្នុង​ព្រលានយន្តហោះ ជាពិសេស​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅមុខ​ព្រលានយន្តហោះ​តែម្តង។ នេះ​បើតាម​ប្រសាសន៍​លោកស្រី CHLOE LAPEYRE អគ្គនាយិកា ក្រុមហ៊ុន CAMBODIA Airports នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី14 ខែសីហា ឆ្នាំ2018។

    លោកស្រី​អគ្គនាយិកា បានឱ្យដឹងថា ការដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រភេទ​ថ្មី​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើចរាចរ​ចេញ និង​ចូល​នៅក្នុង​ព្រលានយន្តហោះ​បាន​រហូតដល់​ទៅ 3ដង នេះ​គឺ​ចង់​សំដៅ​ទៅដល់​រថយន្ត​ដែល​បាន​ចរាចរ​នៅក្នុង​ព្រលានយន្តហោះ​អាច​ចេញ-ចូល​បាន​ឆាប់រហ័ស​ជាង​មុន និង​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ជាពិសេស System ថ្មី​នេះ មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​លើ​ការគ្រប់គ្រង​ថវិកា ដោយ​តម្រូវឱ្យ​អ្នកចេញ-ចូល​ត្រូវ​បង់​ថវិកា​តាមរយៈ​ម៉ាស៊ីន​ប្រភេទ​ថ្មី​នេះ​វិញ។

    លោកស្រី​ថ្លែងថា Systemប្រភេទ​ថ្មី​មាន​ភាពបត់បែន​ឆាប់រហ័ស​ទៅតាម​ចំនួន​មនុស្ស និង​យានយន្ត​ជាក់ស្តែង​ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​នៅក្នុង​ព្រលានយន្តហោះ​នេះ​ផ្ទាល់។ ទាំងនេះ​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ការគ្រប់គ្រង​លើ​ដំណើរការ​ចរាចរណ៍​មាន​ភាពប្រសើរឡើង និង​មាន​សុវត្ថិភាព​ខ្ពស់​ផងដែរ។

    នៅ​ថ្ងៃទី16 ខែសីហា ឆ្នាំ2018 ស្អែក​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​បើក​ឱ្យ​ដំណើរការ​ចំណត​ម៉ូតូ​សាធារណៈ និង​ចំណត​តាក់ស៊ី។ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​កាត​ពណ៌​ស្វាយ​ដែលមាន​សារៈសំខាន់​ចំនួន 3សំខាន់ៗដែល​នឹង​ធ្វើឱ្យ​រថយន្ត​អាច​ចេញ-ចូល​បាន​លឿន​ដើម្បី​ដាក់​ភ្ញៀវ​ចុះ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដោយ​មិន​តម្រូវឱ្យ​អ្នក​ដែលមាន​កាត​ប្រភេទ​នេះ​ចុះទៅ​បង់ប្រាក់​ឡើយ ប៉ុន្តែ​System ប្រភេទ​ថ្មី​នេះ​នឹង​បើក​ច្រក​ទាំង​ចេញ-ទាំង​ចូល​ដោយ​ស្វ័យប្រវត្តិ​តែម្តង។

    លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន​បានបញ្ជាក់​ថា ការចូល​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តម្លៃ​ម៉ូតូ និង​ម៉ូតូ​កង់​បី​គឺ 2,000រៀល បង់​នៅ​បញ្ជរ​បង់ប្រាក់​របៀប​ទំ​នើ​ប​គ្មាន​បុគ្គលិក​រង់ចាំ​ទទួល​ទេ គឺ​បង់លុយ​ក្នុង​ម៉ាស៊ីន​ស្វ័យប្រវត្តិ។ រីឯ​រថយន្ត​ធុន​តូច​ចត​ក្នុង​ព្រលានយន្តហោះ​ក្នុង​រយៈពេល15នាទី តម្លៃ 4,000រៀល ចត​លើសពី 15នាទី​ឡើងទៅ ត្រូវ​គិត​បន្ថែមទៀត ហើយ System ថ្មី​នេះ​គឺ​មិនទាន់មាន​ប្រើប្រាស់​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​ទេ មានតែ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​ប៉ុណ្ណោះ។

    លោកស្រី​បានបញ្ជាក់​ទៀតថា ក្នុង 1ថ្ងៃ​មាន​រថយន្ត​ចំនួន 3,000គ្រឿង បាន​ចូលមកក្នុង​អាកាសយានដ្ឋាន ព្រមទាំង​មាន​ចំណតរថយន្ត​ចំនួន 450ចំណត។ បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​បាន​ដាក់ឱ្យ​ដំណើរការ Systemប្រភេទ​ថ្មី​នេះ​តែ​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តែមួយ​ប៉ុណ្ណោះ ដោយសារតែ​នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​នៃ​ចំនួន​អ្នកចេញ-ចូលក្នុង​ព្រលានយន្តហោះ ពួកគាត់​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន។ រីឯ​នៅ​ខេត្តសៀមរាប អ្នកចេញ-ចូល​ភាគច្រើន​ជា​ភ្ញៀវទេសចរ​អន្តរជាតិ ដូច្នេះ​គឺ​ពួកគាត់​ប្រើប្រាស់​ការដឹកជញ្ជូន​សាធារណៈ​ដូចជា តាក់ស៊ី និង​មធ្យោបាយផ្សេងៗទៀត៕