Author: វល័ក្ខ

  • ការវិនិយោគ​អចលនទ្រព្យ​គួរតែ​ភ្ជាប់​មកជា​មួយ​នូវ​ការទូទាត់​ប្រាក់​ដែលមាន​ភាពងាយស្រួល

    ការវិនិយោគ​អចលនទ្រព្យ​គួរតែ​ភ្ជាប់​មកជា​មួយ​នូវ​ការទូទាត់​ប្រាក់​ដែលមាន​ភាពងាយស្រួល

    ការវិនិយោគ​អចលនទ្រព្យ គូរ​តែ​ភ្ជាប់​មកជា​មួយ​នូវ​ការទូទាត់​ប្រាក់​ដែលមាន​ភាពងាយស្រួល” នេះ​គឺជា​ជំនឿ​មួយ​របស់់​ភ្នាក់ងារ​ដែល​ប្រកបដោយ​ជំនាញ​ក្នុងការ​គ្រប់គ្រង​អចលនទ្រព្យ ខេ​ប​ភី​ថ​ល មេ​នេ​ច​មិន សូ​លូ​សិន (ស៊ី អ៊ឹម អេស) និង​អ្នកផ្ដល់​សេវាកម្ម​ធនាគា​រចល័ត​នាំមុខគេ​នៅ​កម្ពុជា ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លី​មី​ធី​ត។ នា​ថ្ងែ​នេះ​ក្រុមហ៊ុន​ទាំងពីរ​ បាន​ចុះ​​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្ដល់​សេវាកម្ម​ដំបូងបង្អស់ ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​លើ​ថ្លៃ​សេវា ឬ​ថ្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា។

    ភាពជា​ដៃគូ​នេះ នឹង​អនុ​ញ្ញា​តិ​ឱ្យ​អតិថិជន​ដែលមាន​ទំនុកចិត្ត​លើស​វា​កម្ម​ឥតខ្ចោះ ដែលផ្ដល់ជូន​ដោយ​ភ្នាក់ងារ ស៊ី អ៊ឹម អេស បង់ថ្លៃ​ជួល​ប្រចាំខែ ថ្លៃ​ទឹក​ភ្លើង ថ្លៃ​គ្រប់គ្រង និង​សេវាកម្ម​ផ្សេងទៀត បាន​យ៉ាង​ងាយស្រួល​រហ័ស និង​មាន​សុវត្ថិភាព តាមរយៈ​សេវា​ធនាគារ​ចល័ត​ដែល​ផ្ដល់ជូន​ដោយ​វី​ង។ អតិថិ​ជន​អាចធ្វើ​ប្រតិប​ត្តិ​ការទូទាត់​ទាំងនេះ ដោយ​ចូល​ទៅកាន់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ​វាយ​លេខ​កូដ USSD * 989 # ក៏ដូចជា​ទៅកាន់​ភ្នាក់ងារ​ជាង 5000កន្លែង ទូទាំងប្រទេស​ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់។

    មានប្រសាសន៍​ក្នុង​ពិធី លោក​ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង​ បាន​ប្រាប់​ឱ្យដឹងថា ការចាប់​ដៃគូរ​រវាង​ធានា​គារ​ឯកទេស​វី​ង និង​ភ្នាក់ងារ​អចលនទ្រព្យ ស៊ី អ៊ឹម អេស មិន​ត្រឹមតែ​រួមចំណែក​ក្នុងការ​ធ្វើ​មាន​ងាយស្រួល​ក្នុងការ​ឱ្យទទួល​សេវា​ហិរញ្ញ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ។ ជាក់ស្ដែង វា​ក៏​ចូលរួមចំណែក​ជួយ​ដល់​ការរីកចម្រើន​នៃ​វិ​ស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបង្កើត​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ដែលជា​លទ្ធផល​នៃ​ការរួមបញ្ចូល​គ្នារ​រវាង​ការច្នៃប្រឌិត និង​ការ​រចនា​ដែល​គិតដល់​អ្នកប្រើប្រាស់​ជាធំ។

    លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍ថា “យើង​មានបំណង​ផ្ដល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​របស់ ស៊ី អ៊ឹម អេស ក្នុងការ​បង់ថ្លៃ​ជួល ក៏ដូចជា​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​ប្រព​ន្ធ័​ឌីជីថល ដែលជា​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ផ្ដល់ជូន​ដោយ​វី​ង ដែល​អាច​ឱ្យអតិថិជន​ធ្វើការ​ទូទាត់​តាមរយៈ​ទូរស័ព្ទ​ប្រភេទ​ស្មា​ត​ហ្វូ​ន ឬ​ទូរស័ព្ទ​ធម្មតា បាន​យ៉ាង​ងាយស្រួល​នៅ​គេហដ្ឋាន​របស់​ពួកគេ ឬ​នៅ​គ្រប់​ទីកន្លែង”។

    លោក ចូ​វ៉ា​នី អេ​តូ​នី​ញ៉ូ នាយក​គ្រប់គ្រង ភ្នាក់ងារ ស៊ី អ៊ឹម អេស មានប្រសាសន៍ថា​ ក្រុមហ៊ុន​តែងតែ​ស្វែងរក​វិធីសាស្ត្រ​ដែល​ល្អប្រសើរ​ជាង​មុន ដើម្បី​ឱ្យ​ប្រាកដថា អតិថិជន​របស់​យើង​ពេញចិត្ត​នឹង​សេវាកម្ម​របស់​យើង ចាប់ពី​ពេលដែល​ពួកគេ​មក​ទទួល​សេវាកម្ម​ណែនាំ​ទាក់ទង​នឹង​ការវិនិយោគ​អចលនទ្រព្យ រហូតដល់​ពេលដែល​ពួកគាត់​សម្រេចចិត្ត​ក្លាយជា​ម្ចាស់​អចលនទ្រព្យ​នោះ។

    លោក អេ​ន​តូ​នី​ញ៉ូ “យើង​ឃើញ​ឧទាហរណ៍​ជាច្រើន ដែល​ធនាគារ​ឯកទេស​វី​ង​បានធ្វើ​កន្លងមក ពាក់​ព​ន្ធ័​នឹង​ការបង្កើត​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ជាមួយ​ស្ថា​ប័ន​នានា” ហេតុដូចនេះ ស៊ី អ៊ឹម អេស បាន​បង្កើត​យុទ្ធសាស្ត្រ​ដែល​នឹងធ្វើ​ឱ្យ​យើង​ក្លាយទៅជា​ក្រុមហ៊ុនអចលនទ្រព្យ​ដំបូង​គេ ​ដែល​បាន​ធ្វើជា​ដៃគូ​សហការ​ជាមួយ​ធនាគារ ដើម្បី​ណែនាំ​ដំណោះស្រាយ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​គ្រប់គ្រង​អចលនទ្រព្យ។ ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ជំ​ហ៊ាន​ដំបូង​របស់​យើង​ក្នុងការ​រួមបញ្ចូល​គ្នា​នូវ​សេវាកម្ម​អចលនទ្រព្យ និង​បច្ចេកវិទ្យា ហើយ​យើង​សង្ឃឹមថា ការ​នាំ​មក​ជូន​ថ្មី​នេះ នឹង​ក្លាយជា​ឱ​កាស​នៃ​ការច្នៃប្រឌិតថ្មីៗក្នុង​វិស័យ​សេវាកម្ម​អចលនទ្រព្យ ដែល​ស្រដៀង​ទៅនឹង​សេវាកម្ម​នៅក្រៅ​ប្រទេស​ផងដែរ។

    ដើម្បី​រីករាយ​ជាមួយ​វិធី​ងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ អតិថិជន ស៊ី អ៊ឹម អេស ត្រូវតម្រូវ​ឱ្យចុះឈ្មោះ​បង្កើត​គណនី​វី​ង។ ដើម្បី​បង្កើត​គណនី​យ​វី​ង អតិថិជន​អាច​ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​បំពេញ​ព័ត៌មាន​មួយចំនួន។ ពួកគេ​ក៏​អាច​ទៅកាន់​ភ្នាក់ងារ​វី​ង ខាស អ៊ិ​ច​ប្រេ​ស ឬ​វី​ង​មី​នី​ដើម្បី​ទទួលបាន​គណនី​នេះ។ ជាមួយនឹង​បច្ចេកវិទ្យា​ផ្ដល់ជូន​ដោយ​វី​ង ពួកគេ​ក៏​អាចធ្វើ​ប្រតិបត្តិការ​ជាច្រើន​តាមរយៈ​កម្ម​វី​ធី​ស្មា​ត​ហ្វូ​ន​វី​ង រួមមាន​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិ​ក្ក័​យ​ប​ត្រ ទិញ​ទំនិញ​តាម​អន​ឡាញ ផ្ទេរប្រាក់​ និង​ជាច្រើន​ទៀត។

    អ្នកឧកញ៉ា គិត លី​ផាន់​ណា នាយក​ប្រតិបត្តិ​ភ្នាក់ងារ ស៊ី អ៊ឹម អេស បាន​មានប្រសាសន៍ថា “គោលដៅ​មួយ​ដ៏​សំខាន់​របស់​យើង​នៅ​ឆ្នាំនេះ គី​ការកែលម្អ​ឥតឈប់ឈរ​នៅក្នុង​ដំណើរការ​លើកកម្ពស់​កា​រ​ផ្ដល់ជូន​នូវ​សេវាកម្ម​អតិ​ថិ​ជន​របស់​យើង” យើង​បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទីផ្សារ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្នហើយ​បាន​វិភាគ​ពី​ដំណើរការ​របស់​វា។ យើង​បាន​រកឃើញថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើន​សមត្ថភាព​សេវាកម្ម​របស់​យើង​គឺ​តាមរយៈ​កា​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា។ នេះ​រួមបញ្ចូល​ទាំង​ការចាប់​ដៃគូ​សហការ​ជាមួយ​ធនាគារ ឯកទេស​វី​ង​ផងដែរ។ លើសពីនេះ​ទៀត យើង​ក៏បាន​បង្កើត​សេវាកម្ម​ទីផ្សារ​ផ្ទាល់ខ្លួន​របស់​យើង​ដែល​នឹងធ្វើ​ឱ្យប្រសើរឡើង​នូវ​បរិបថ​នៃ​ការជួល​អចលនទ្រព្យ​ និង​អត្រា​ជោគជ័យ​របស់​អតិថិជន​របស់​យើង។ យើង​ចង់​ប្រកាស​ជា​ផ្លូវការ​នូវ​សេវាកម្ម​នេះ​នាពេល​អនាគត។ ការផ្ដោត​ការយកចិត្ត​របស់​យើង​នឹង​បន្ត​ធានា​ឱ្យបាន​នូវដំណើរការ​បទពិសោធ​ន៍​អតិថិជន​ដ៏​អស្ចារ្យ សម្រាប់​អតិថិជន​របស់​យើង​ទាំងអស់​ទោះបីជា​ពួកគេ​ជា​អ្នក​អភិវឌ្ឍ​ អ្នកកាន់កាប់ ឬ​អ្នក​ជួល​អចលនទ្រព្យ​ក៏ដោយ។

    អ្នកជំនាញ​ និង​វិនិយោគ​គិ​ន​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​ទទួលបាន​កំណើន​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ 2018 ។ គេ​ប៉ាន់ប្រមាណ​ថា យ៉ាងហោចណាស់​មាន​ខុន​ដូ​ចំនួន 13,000 បន្ថែមទៀត​នឹងមាន​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ 2018 ខណៈពេលដែល​តម្រូវកា​រ​ជួល​ការិយាល័យ​នៅតែ​ជា​តម្រូវការ​ពិសេស​អគារ​ថ្នាក់ B និង​ថ្នាក់ C ដែលជា​អាគារ​ដែលមាន​តម្រូវការ​ខ្ពស់ នៅក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​នេះ៕

  • អាស៊ាន​កំពុង​ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    អាស៊ាន​កំពុង​ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    ក្នុង​គោលដៅ​អភិវឌ្ឍន៍​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យមាន​ភាព​កាន់តែ​ងាយស្រួល ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​មកពី​ក្រុម​ប្រទេស CLMVT (កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ) បាន​ជួប​ពិភាក្សាគ្នា​ក្រោម​ប្រធានបទ “Taking Off through Technology” នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

    ថ្លែងប្រាប់​អ្នកយកព័ត៌មាន នៅក្រោយ​បញ្ចប់​ការពិភាក្សា ឯកឧត្តម ឈួន ដា​រ៉ា បាន​បញ្ជាក់ថា ប្រធានបទ​ដែល​បាន​លើក​យកមក​ពិភាក្សា​នៅក្នុង​វេទិកា CLMVT ឆ្នាំនេះ គឺ​ការធ្វើ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy)។ បច្ចុប្បន្ននេះ ពិភពលោក​ទាំងមូល​បាន​ចូលដល់​បរិបទ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដូច្នេះ​ការធ្វើ​ពាណិជ្ជកម្ម ក៏​ត្រូវតែ​ទំនើប​ផងដែរ ក្នុងនោះ​ការទិញ​លក់​តាម​ប្រព័ន្ធ Online គឺជា​ការងារ​ល្អប្រសើរ​មួយ ដើម្បី​កាត់បន្ថយ​ពេលវេលា ផ្តល់​ភាពងាយស្រួល​ដល់​អ្នកលក់ និង​អ្នកទិញ។

    ឯកឧត្តម​បានបញ្ជាក់​ទៀតថា ការធ្វើ​ពាណិជ្ជកម្ម​ឌីជីថល​នេះ បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ខណៈដែល​ពិភពលោក​យើង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទំនើបទៅ។ បណ្តា​ប្រទេស CLMVT ក្នុង​វេទិកា​នេះ យើង​ពិភាក្សា​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​ទាំង5 ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ E-Commerce ឱ្យ​កាន់​តែមាន​សក្តានុពល​ខ្លាំង និង​ក៏បាន​ពិភាក្សា​ផងដែរ ដោយ​យើង​ត្រូវតែ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យនៅ​តាម​ច្រកព្រំដែន​មានដំណើរ​ការ​រលូន​ទាំង​បញ្ហា​ដឹកជញ្ជូន និង​បញ្ហា​ប​ចេ្ច​ក​ទេសផ្សេងៗទៀតផង​ដែរ៕

  • ក្រុមហ៊ុន​សាជីវកម្ម Marubeni នៃ​ប្រទេស​ជប៉ុន​ចង់​វិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត​កម្ពុជា

    ក្រុមហ៊ុន​សាជីវកម្ម Marubeni នៃ​ប្រទេស​ជប៉ុន​ចង់​វិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត​កម្ពុជា

    រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម Marubeni មកពី​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​លោក Kaoru Iwasa នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Marubeni ប្រចាំ​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា ថ្ងៃទី2 ខែសីហា ឆ្នាំ2018 ដោយ​កិច្ច​ពិភាក្សាបាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​ការវិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត និង​ពិភាក្សា​ពី​ការទិញ​ភាគហ៊ុន នៃ​កម្មវិធី​ដៃគូ​រវាង​រដ្ឋ និង​ឯកជន(PPP) ក្នុង​វិស័យ​វិនិយោគ​ទឹកស្អាត​ផងដែរ។

    ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​សាជីវកម្ម​ដ៏​ល្បី​របស់​ជប៉ុន​មាន​ប្រវត្តិ​ធ្វើ​អាជីវកម្ម​ជា​យូរលង់​មកហើយ។ ចំពោះ​គោលបំណង​នៃ​ការសិក្សា​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​តាមរយៈ​ការទិញ​ភាគហ៊ុន ឬ​កម្មវិធី​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ឯកឧត្តម បានលើកឡើង​ពី​លទ្ធភាព​តិចតួច​ដែល​កើតមានឡើង​នៅ​កម្ពុជា។ ប៉ុន្តែ បើតាម​រូបភាព BOT ឬ​ជា​កម្ចីសម្បទាន ឬ​ជា​ជំនួយឥតសំណង ឃើញថា ដៃគូ​ជប៉ុន​បាន​ជួយ និង​ប្រតិបត្តិការ​ច្រើន​នៅ​កម្ពុជា ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាមួយនឹង​គុណភាព​ទឹក​ទទួលបាន​តាម​កម្រិត​ស្តង់ដារ​ទៀតផង។

    លោក Kaoru Iwasa ជា​ប្រធាន​ប្រតិភូ​បាន​ជម្រាប​ពីមុខ​សញ្ញា​អាជីវកម្ម​ជាច្រើន ដូចជា​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ធនធាន​រ៉ែ និង​ថាមពល​ជាដើម។ បច្ចុប្បន្ន​ក្រុមហ៊ុន​សាជីវកម្ម​នេះ​មាន​សាខា​ចំនួន131 និង​ការិយាល័យ​ចំនួន 66ប្រទេស​ក្នុង​តំបន់ មាន​បុគ្គលិក​ធ្វើការ​ប្រមាណ 4ម៉ឺន​នាក់ ចំណូល​ប្រចាំឆ្នាំ2017 គឺ​ប្រមាណ 1,921លាន​ដុល្លារ​អាមេរិក។ ទាក់ទង​នឹង​វិស័យ​ទឹកស្អាត​ក្រុមហ៊ុន​មាន​ជំនាញ​ខ្ពស់ ហើយ​បានធ្វើ​ប្រតិបត្តិការ​ជាច្រើន​ប្រទេស​លើ​ពិភពលោក ហើយក៏​មានបំណង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​ផងដែរ។

    ឯកឧត្តម ចម ប្រសិទ្ធ បាន​បញ្ជាក់ថា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី6 ខាងមុខនេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នឹង​ឈាន​ទៅមុខ​មួយ​ជំហាន​ទៀត គឺ​យើង​មិន​ត្រឹម​ផ្តោត​តែ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ត្រឹម​តំបន់​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ តែ​យើង​នឹង​ឈាន​បន្តិចម្តងៗទៅដល់​តំបន់​ទីប្រជុំជនតូចៗ និង​ជនបទ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​ទឹកស្អាត​ចេញពី​បំពង់។ ពីព្រោះ​បើ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​កាន់តែច្រើន យើង​នឹង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពួកគាត់​បាន​មួយកម្រិត​ទៀត។ ដោយសារ​ពួកគាត់​មិនត្រូវ​ចំណាយ​លើ​ការព្យាបាល​ជំងឺផ្សេងៗ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ទឹក​មិន​ស្អាត។ ដូច្នេះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ស្វាគមន៍​ជានិច្ច​រាល់​ការវិនិយោគ​ផ្នែក​វិស័យ​ទឹកស្អាត​ពី​ដៃគូ​ជប៉ុន៕

  • លោក Hodgson រិះគន់​លើ​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ Liverpool ផ្តួល Crystal Palace

    លោក Hodgson រិះគន់​លើ​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ Liverpool ផ្តួល Crystal Palace

    លោក Roy Hodgson បាន​បញ្ជាក់ថា លោក «នឹងមិន​ទទួលយក» បាល់​ប៉េ​ណា​ល់​ទី ដែល​បានធ្វើឱ្យ​ក្រុម Liverpool ដណ្តើមបាន​ជ័យជម្នះ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace កាលពី​ថ្ងៃ​ចន្ទ​ឡើយ។

    លោក​អាជ្ញាកណ្តាល Michael Oliver បាន​ចង្អុល​ទៅ​ចំណុច​ពិន័យ 11ម៉ែត្រ នៅ​ជិត​បញ្ចប់​តង់​ទី១ ក្រោយពី​បាន​កាត់សេចក្តី​ថា ខ្សែការពារ Mamadou Sakho របស់​ក្រុម Crystal Palace បាន​ប្រព្រឹត្ត​កំហុស​ទៅលើ​តារា​ឆ្នើម Mohamed Salah របស់​ក្រុម​ភ្ញៀវ។

    រូបភាព​វីដេអូ​ផ្សាយ​ឡើងវិញ បានបង្ហាញ​ពី​ការប៉ះទង្គិច​គ្នា​រវាង​កីឡាករ​ទាំង2 នៅ​មុនពេល​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អេ​ហ្ស៊ី​ប Salah ដួល ដែលនាំឱ្យ​ខ្សែបម្រើ James Milner ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 2-០ នា​កីឡដ្ឋាន Selhurst Park កាលពី​ថ្ងៃ​ចន្ទ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា Salah ត្រូវបាន​ចោទប្រកាន់ថា ធ្វើ​ពុត​ជា​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ នៅ​ចុង​តង់​ទី1។ លោក Gary Neville អតីត​ខ្សែការពារ​របស់​ក្លិប Manchester United និង​កំពុងតែធ្វើការ​ឱ្យ​ទូរទស្សន៍ Sky Sports បាន​អះអាងថា វា​ជាការ​ធ្វើ​ពុត​ជា​ដួល​យ៉ាងពិត​ប្រាកដ ដោយបាន​និយាយថា៖ «មនុស្ស​ជាច្រើន​នឹងមិន​ចូលចិត្ត​លើ​ករណី​នេះឡើយ។ ប្រសិនបើ​វា​ប្រឆាំងនឹង​អ្នក អ្នកនឹង​គិតថា វា​ជា​រឿង​ធម្មតា។ វា​ជាការ​ដួល​ហួស​ពី​ការពិត ដែល​យើង​បានឃើញ​កីឡាករ​ជាច្រើន​ធ្លាប់​បានធ្វើ»។

    ដើម្បី​បន្ថែម​ទៅលើ​ភាព​សោកសៅ​របស់​ក្រុម Crystal Palace កីឡាករ Aaron Wan-Bissaka ត្រូវ​បានផ្តល់​ការពិន័យ​កាត​ក្រហម​បណ្តេញចេញ​ក្នុង​តង់​ទី2 សម្រាប់​ការ​ទាញ​ឱ្យ Salah ដួល ខណៈដែល​រូបគេ​កំពុងតែ​បណ្តើ​របាល់​ដាច់​តែឯង។

    លោក Hodgson គ្រូបង្វឹក​របស់ Crystal Palace បានឱ្យដឹងថា៖ «វា​ជា​មិនមែនជា​បាល់​ប៉េ​ណា​ល់​ទី​ឡើយ… ខ្ញុំ​បាន​ស្ថិតនៅ​ជាមួយនឹង​កីឡាបាល់ទាត់​ជា​យូរ​មកហើយ។ ប្រសិនបើ​វា​ជា​បាល់​ប៉េ​ណា​ល់​ទី ការប្រកួត​នោះ​មាន​លក្ខណៈ​ខុសពី​គេ​ហើយ»៕

    ប្រភពពី៖ Liverpool Echo

  • អត្ត​ព​លិ​ក​ជប៉ុន​ទាំង 4រូប ចេញមុខ​សុំទោស​ចំពោះ​ការទិញ​សេវា​ផ្លូវភេទ​ក្នុង Asian Games

    អត្ត​ព​លិ​ក​ជប៉ុន​ទាំង 4រូប ចេញមុខ​សុំទោស​ចំពោះ​ការទិញ​សេវា​ផ្លូវភេទ​ក្នុង Asian Games

    កីឡាករ​បាល់បោះ 4រូប​របស់​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ បានចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ការធ្វើឱ្យ​ប្រទេស​របស់ខ្លួន​ទទួលរង​នូវ «ភាពអាម៉ាស»  ក្រោយពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games សម្រាប់​ការទិញ​ស្ត្រី​ពេស្យា​ដើម្បី​រួមភេទ។

    គណៈកម្មាធិការ​អូឡាំពិក​របស់​ជប៉ុន (JOC) ត្រូវបាន​ធ្វើឱ្យ​ធ្លាក់​ចូលក្នុង​រឿងអាស្រូវ ក្រោយពី​កីឡាករ​ទាំង 4រូបនោះ ត្រូវបាន​គេ​ឃើញ​ស្ថិតក្នុង​តំបន់​ភ្លើងពណ៌​ក្រហម​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា របស់​ប្រទេស​ឥណ្ឌូនេស៊ី ទាំង​ស្ថិតក្នុង​សម្លៀកបំពាក់​របស់​ក្រុម​ជម្រើសជាតិ​កាលពី​សប្តាហ៍​មុន។

    ការបណ្តេញ​កីឡាករ Yuya Nagayoshi, Takuya Hashimoto, Takuma Sato និង Keita Imamura នឹង​ក្លាយជា​រឿង​ដ៏​អាម៉ាសមុខ​សម្រាប់​ជប៉ុន ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រយៈពេល 2ឆ្នាំ​ទៀត។ ក្រោយពី​កីឡាករ​ទាំង 4រូប បាន​វិល​ទៅកាន់​ទីក្រុង​តូ​ក្យូ​វិញ កាលពី​ថ្ងៃ​ចន្ទ Sato បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ខ្ញុំ​ពិតជា​ត្រូវសុំ​ការ​អភ័យទោស​សម្រាប់​ទង្វើ​មិន​យកចិត្តទុកដាក់​របស់​យើង ដែល​បានផ្តល់​ភាពអាម៉ាស​មិន​ត្រឹមតែ​ដល់​អ្នកគាំទ្រ​កីឡាបាល់បោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​រាល់​ប្រជាជន​ជប៉ុន​ផងដែរ»។

    ឯ Nagayoshi ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវធំ​ពណ៌​ខ្មៅ និង​ក្រវាត់ក បាន​បញ្ជាក់ថា រូបគេ «មិនអាច​គិតពី​ការលេង» កីឡាបាល់បោះ​ម្តងទៀត​ឡើយ។

    លោក Yuko Mitsuya ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​របស់​ជប៉ុន បាន​បញ្ជាក់ថា ខ្លួន​នឹង​រង់ចាំ​របាយការណ៍​ពី​គណៈកម្មាធិការ​មេធាវី​ពិសេស​ជាមុនសិន មុននឹង​ដាក់ទណ្ឌកម្ម​ដល់​កីឡាករ​ទាំង 4រូប​ជា​ផ្លូវការ៕

    ប្រភពពី៖ Channel News Asia

  • មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុន Google ថា ព័ត៌មានស្ថិតិ ប្រៀបដូចជាផ្លែដាវ

    មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុន Google ថា ព័ត៌មានស្ថិតិ ប្រៀបដូចជាផ្លែដាវ

    លោក Jonathan Rosenberg ជាទីប្រឹក្សាសាជីវកម្ម Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google  បានលើកឡើងថា «statistic is the sword of the 21th century, those who wield it well the Samurai» មានន័យថា ស្ថិតិប្រៀបដូចជាដាវក្នុងសតវត្សរ៍ទី21នេះ ប្រសិនបើប្រើប្រាស់បានល្អ វានឹងក្លាយជាអាវុធដ៏មុតស្រួចបំផុតដូចដាវសាមូរ៉ៃ។

    ការលើកឡើងដូច្នេះ ខណៈដែលលោកអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីសារៈសំខាន់នៃការចងក្រងស្ថិតិដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជាកាលពីសប្តាហ៍មុន។ ក្នុងសិក្ខាសាលានោះ លោកបានលើកឡើងថា ស្ថិតិមិនត្រឹមតែជាតួលេខធម្មតាប៉ុណ្ណោះទេ តែវាថែមទាំងបានដើរតួនាទីដ៏មិនអាចខ្វះបាន និងជាគ្រឿងផ្សំចាំបាច់ក្នុងការរៀបចំ ការត្រួតពិនិត្យ និងការវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់លើផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសក្នុងគោលដៅចុងក្រោយ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនផង ប្រើសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ជាតិផង និងការរៀបចំផែនការថវិកាជាតិ និងការតាមដាននិងវាយតម្លៃលើដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។

    ជាមួយគ្នានេះ ស្ថិតក្នុងបរិបទនៃសកលភាវូបនីយកម្មដែលសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានភាពប្រទាក់ក្រឡា និងសមាហរណកម្មស៊ីជម្រៅទៅក្នុងតំបន់ និងពិភពលោក តម្រូវការស្ថិតិក៏មានភាពចាំបាច់ដែរសម្រាប់ការវិភាគ និងការប្រៀបធៀបលទ្ធភាពប្រកួតប្រជែងសេដ្ឋកិច្ចអន្តរជាតិ ការចរចាពាណិជ្ជកម្មអន្តរជាតិផ្នែកទំនិញ និងសេវាកម្ម និងសមាហរណកម្មប្រព័ន្ធស្ថិតិក្នុងតំបន់។ ជាក់ស្តែងសមាគមសេដ្ឋកិច្ចអាស៊ានដែលបានបង្កើតឡើងកាលពីឆ្នាំ2015 មានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ក្នុងតំបន់ និងប្រែក្លាយតំបន់អាស៊ានជាមូលដ្ឋានផលិតកម្ម និងជាទីផ្សាររួមសម្រាប់ការប្រកួតប្រជែងក្នុងពិភពលោកជាមួយនឹងលំហូរដោយសេរីនូវទំនិញ សេវាកម្ម ពលកម្ម និងការវិនិយោគក្នុងចំណោមប្រទេសទាំង10។

    លោកថា ផ្នែកសំខាន់ក្នុងផែនការនេះនឹងដំណើរការដើម្បីសម្រេចឱ្យបាននូវគោលដៅសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ2025 គឺការធ្វើសមាហរណកម្មប្រព័ន្ធស្ថិតិដែលតម្រូវឱ្យប្រទេសជាសមាជិក ត្រូវធ្វើបច្ចុប្បន្នកម្មវិធីសាស្រ្តចងក្រងស្ថិតិ និងមានភាពលម្អិត ដើម្បីងាយស្រួលក្នុងការធ្វើគោលនយោបាយរួម និងស្វែងយល់ពីតម្រូវការរបស់ប្រទេសនីមួយៗ៕

  • Word Bridge សហការ​ជាមួយ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ

    Word Bridge សហការ​ជាមួយ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ

    ក្រុមហ៊ុន​ក្នុងស្រុក WordBridge Group នឹង​សហការ​ជាមួយ​ភ្នាក់ងារ​ចំនួន2 របស់​អង្គការសហប្រជាជាតិ គឺ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ (UNIDO) ដើម្បី​បង្កើត​គោលដៅ​ជំរុញ​ឧស្សាហូបនីយកម្ម និង​ដឹកជញ្ជូន​សាធារណៈ​ជំរុញ​ការច្នៃប្រឌិត​លើកកម្ពស់​ថាមពល​កកើត​ឡើងវិញ និង​បង្កើន​លទ្ធភាព​ទទួលបាន​លំនៅឋាន​ក្នុង​គោលបំណង​ជួយ​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ។

    ការធ្វើឱ្យ​ស​ម្រ​ច​បាន​ដោយមាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា MoUលើ​គម្រោង​អភិវឌ្ឍន៍​ចំនួន3 រួមមាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ការគ្រប់គ្រង​ការដឹកជញ្ជូន​បៃតង និង​ការអភិវឌ្ឍ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម។

    តាមរយៈ MoU នេះ UNDP នឹង​ជួយ​លើ​ការងារ​មួយចំនួន ដូចជា​បច្ចេកទេស​ទាក់​ទង​នឹង​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ការរៀបចំ​គ្រប់គ្រង​កាកសំណល់ សេវា​រថយន្ត​សាធារណៈ ការហ្វឹកហ្វឺន​អ្នកបើកបរ ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​តាម​ដងផ្លូវ និង​ការពន្យល់​ពី​របៀប​ទទួល​បាន​ព័ត៌មាន​ពី​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ជាដើម។ ក្នុងចំណោម​គម្រោង​ទាំង3 នេះ UNIDO នឹង​ជួយ​តែ​លើ​ផ្នែក​ការអភិវឌ្ឍ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​ប៉ុណ្ណោះ។ នេះ​បើតាម​លោក យក់ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge។

    លោក​ឧក​ញ៉ាំ សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge បាន​ថ្លែងថា ការងារ​ជាមួយ​ទីភ្នាក់ងារ​ទាំង2 នឹង​ផ្តោត​ជុំវិញ​គម្រោង WorldBridge ដែលមាន​ស្រាប់​ក្នុង​លំនៅឋាន​មានតម្លៃ​សមរម្យ ប្រព័ន្ធ​ដឹកជញ្ជូន​បៃតង ការគ្រប់គ្រង​យានយន្ត និង​ការបង្កើត​ក្រុម​ចង្វាក់​សហគ្រាស​ធុន​តូច និង​មធ្យម។

    លោក​មានប្រសាសន៍ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​នាពេល​អនាគត​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើតាម​របៀប​មួយ​ដែលមាន​និរន្តរភាព និង​មាន​ផលប៉ះពាល់​ដល់​សង្គម។ «ដោយ​ចូលរួម​ជាមួយ​UNDP និង​UNIDO យើង​មាន​អារម្មណ៍​ថា យើង​នឹងមិន​ត្រឹមតែ​អាច​សម្រេចបាន​នូវ​គោលបំណង​ដំបូង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​អាចឈាន​ទៅដល់​លើស និង​នាំមក​នូវ​លទ្ធផល​ប្រកបដោយ​ចីរភាព​នៅក្នុង​គម្រោង​របស់​យើង»។

    លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​ឱ្យបាន​ដឹងថា កិច្ចព្រមព្រៀង​នេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដើម្បី​ជំរុញ​ការវិនិយោគ​ប្រកបដោយ​ចីរភាព​ដែលមាន​ឥទ្ធិពល​ដល់​សង្គម សេដ្ឋកិច្ច និង​ស្របទៅតាម​គោលបំណង​របស់ UNDP ក្នុងការ​លើកកម្ពស់​កា​រ​អនុវត្ត​អាជីវកម្ម​ដែលមាន​និរន្តរភាព និង​ការវិនិយោគ​នៅក្នុង​តំបន់។

    លោក​បាន​មានប្រសាសន៍ថា ៖ «ដោយមាន​ផលប៉ះពាល់​មួយចំនួន​លើ​ភាពជា​ដៃគូ​នេះ​ការចុះហត្ថលេខា​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅត្រឹម​ឆ្នាំ2030»។

    លោក សុខ ណារិន តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ UNIDO បាន​មានប្រសាសន៍ថា អនុស្សរណៈ​នៃ​ការយោគយល់​បាន​ផ្តល់នូវ​ក្របខ័ណ្ឌ​មួយ​ដែល​អនុញ្ញាតឱ្យ​ទីភ្នាក់ងារ​នេះ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​លើកកម្ពស់​និរន្ត​ភាព​នៅក្នុង​ឧស្សាហកម្ម​ក្នុងស្រុក។

    លោក​ថ្លែងថា ដោយហេតុថា វិស័យ SME នៅ​កម្ពុជា​តែង​ជួបប្រទះ​នឹង​បញ្ហា​មួយចំនួន ដូចជា​កង្វះ​ព័ត៌មាន​ទីផ្សារ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ធនធានមនុស្ស និង​បញ្ហា​តម្លៃ​ថាមពល​អគ្គិសនី​ខ្ពស់​ជាដើម។ «តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ UNIDO នឹង​អាច​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ SME នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​ចីរភាព»។

    ការសហការ​គ្នា​នឹង​ចាប់ផ្ដើម​នៅ​ខែ​នេះ​ជាមួយនឹង​ការរៀបចំ​ផែនការ​សិក្ខាសាលា​ស្តីពី “ការអភិវឌ្ឍ​ចង្កោម​សហគ្រាស​ខ្នាតតូច និង​មធ្យម” ដែល​គ្រោង​នឹង​រៀបចំ​ធ្វើឡើង​នៅ​ពាក់កណ្តាល​ខែកញ្ញា​នៅ​រាជធានី​ភ្នំពេញ៕

  • មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ផ្តល់​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា 7នាក់

    មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ផ្តល់​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា 7នាក់

    ស​ន្និសិទ​សារព័ត៌មាន​ស្តីពី «គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា» ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ពី​មូល​និ​ធី​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទី​ពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ រួមជាមួយ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ មន្ទីរពេទ្យ​កាល់ម៉ែត ព្រមទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ អ៊ែរ អេ​ស៊ា ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

    «គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា» តាមរយៈ​មូល​និ​ធី​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទី​ពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ប្រើប្រាស់​ជំនាញ​ឯកទេស និង​ធនធាន​ផ្ទាល់​របស់​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់​ដើម្បី​ផ្តល់​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ក្នុងប្រទេស​ជិតខាង ដែល​កន្លងមក​មានដូចជា​ប្រទេស​មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម ហើយ​ឆ្នាំនេះ បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

    តាំងពី​ឆ្នាំ២០០៣ គម្រោង​មួយ​នេះ​បាន​ជួយ​ដល់​អ្នកជំងឺ​បាន​ជាង ៧៧៧នាក់ មកហើយ នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការព្យាបាល ហើយ​ធ្វើ​ឲ្យ​ពួកគេ​មានជីវិត​ស្រស់បំព្រង​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​សារជាថ្មី​ឡើងវិញ។ ក្នុងនោះ​ក៏មាន​កុមារ​កម្ពុជា​ចំនួន៧នាក់​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​ត្រូវបាន​ជ្រើសរើស​ក្នុង​ការទទួល​បានការ​វះកាត់​ព្យាបាល​ជំងឺ​បេះដូង​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ប្រទេស​ថៃ។

    ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​នេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា តាមរយៈ​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​អន្ដរជាតិ បំ​រ៉ុង​រ៉ាត់ គឺជា​ការចូលរួមចំណែក​ដ៏​ធំធេង​មួយ​ផងដែរ​ទោះបីជា​ប្រទេស​ខុសគ្នា​ក្ដី ប៉ុន្ដែ​ទិសដៅ​រួម​របស់​យើង​គឺ​ជួយ​ប្រជាពលរដ្ឋ ដែលមាន​ការលំបាក។

    ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​មួយចំនួន ដើម្បី​បង្កើន​ការគិតគូរ និង​យក​ចិ​ត្ដ​ទុកដាក់ ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ នៅ​ទូទាំង ប្រទេស និង​ការជំរុញ​លើកទឹកចិត្ត ឲ្យ​មានការ​ចូលរួម​របស់​វិស័យ​ឯកជន អង្គការ​សមាគម​នានា តាមរយៈ​កម្មវិធី និង​សកម្មភាព​មនុស្សធម៌ផ្សេងៗ ដើម្បី​ផ្ដល់​សេវា​ថែទាំ​សុខភាព ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ការចុះពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ​ផងដែរ។

    ជាមួយគ្នានេះ​ផងដែរ លោកស្រី Napas Paorohitaya   តំណាង​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​ជានា​យក​ផ្នែក​ទីផ្សារ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ បាន​លើកឡើងថា «គម្រោង​ដែល​ផ្តល់​ការវះកាត់​បេះដូង​សម្រាប់​កុមារ​ដែលមាន​ជំងឺ​សរសៃឈាម​បេះដូង​ពី​កំណើត ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​កុមារ និង​ត្រូវការ​ការវះកាត់​បេះដូង​ពិតប្រាកដ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​ប្រឈម​នឹង​ការស្លាប់​មុន​អាយុ ឬ​ការលូតលាស់​មិន​ប្រក្រតី»។

    លោកស្រី Napas Paorohitaya   បន្ថែមថា ការវះកាត់​បេះដូង​គឺជា​ការងារ​ដ៏​ចាំបាច់ និង​ស្មុគស្មាញ​ដែល​តម្រូវឱ្យមាន​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ខ្ពស់ និង​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​ដែលមាន​បទពិសោធន៍ ហើយ​លើសពីនេះ​ទៀត ការវះកាត់​មានតម្លៃ​ខ្ពស់ ជាពិសេស​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​ជំនួយ។ ទាំងនេះ​ជា​មូល​ហេតុដែល​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានាបាន​ថា កុមារ​ត្រូវបាន​ព្យាបាល​ទាន់ពេលវេលា​ដោយ​កាត់បន្ថយ​ផលវិបាក និង​អត្រា​មរណភាព​ស្រប​ពេលដែល​សុខភាព​របស់​កុមារ​ត្រូវបាន​លើកកម្ពស់។

    ក្នុងនោះដែរ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា «គម្រោង​នេះ គឺជា​បេសកកម្ម​ដ៏​ល្អ​ឧត្តុង្គឧត្តម​ជាទីបំផុត។ គម្រោង​នេះ មិន​ត្រឹមតែ​ជួយសង្គ្រោះ​អាយុជីវិតក្មេងៗដែលមាន​ជីវភាព​ក្រីក្រ និង​អស់​ក្តីសង្ឃឹម​ទាំងនេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ពី​ចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ទៀតផង​ដែរ។ គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នេះ គឺ​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​ជាក់ច្បាស់​រវាង”បេះដូង និង បេះដូង” ពោលគឺ​បញ្ជាក់​ពី​ទឹកចិត្ត​របស់​ប្រទេស​ថៃ​មាន​ចំពោះ​ប្រទេស    កម្ពុជា»។

    ឯកឧត្តម​សា​ស្រា្ត​ចា​រ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់ថា «ក្នុងនាម​ជា​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ម្ចាស់ជំនួយ និង​ដៃគូ​ទាំងអស់​នៃ​មូលនិធិ​នេះ ដែល​សកម្មភាព​ទាំងអស់នេះ គឺជា​ការចាប់ផ្តើម​ចូលរួមចំណែក​ដល់​កុមារ​កម្ពុជា​ជាមួយ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​ភ្នំពេញ ដែល​ធ្លាប់បាន​ជួយ​វះកាត់ និង​ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​ជាច្រើន​មកហើយ ហើយ​គម្រោង​នេះ នៅតែ​ត្រូវការ​ដៃគូ​សហការ​យូរអង្វែង​សម្រាប់​អនាគត តទៅទៀត»

    គួរបញ្ជាក់​ផងដែរ​ថា អ្នកជំងឺ ក៏ដូចជា​ក្រុមគ្រួសារ​របស់​អ្នកជំងឺ​ដែល​បានជ្រើសរើស​ក្នុងការ​វះកាត់​ព្យាបាល​ជំងឺ​បេះដូង នឹងត្រូវ​បានផ្តល់​ការធ្វើដំណើរ​តាម​យន្តហោះ​ដោយ​ឥតគិតថ្លៃ​ទៅកាន់​ប្រទេស​ថៃ​ដើ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ អ៊ែរ អេ​ស៊ា៕

  • រូបភាព​បង្ហាញ​ពី​ការតស៊ូ​នៃ​សិស្ស​ប្រ​ឡ​បាក់​ឌុប ឃើញ​រូបភាព​ទាំងនេះហើយ​អ្នកនឹង​យល់​ពី​តម្លៃ​នៃ​ការខិតខំ​ប្រឹងប្រែង

    រូបភាព​បង្ហាញ​ពី​ការតស៊ូ​នៃ​សិស្ស​ប្រ​ឡ​បាក់​ឌុប ឃើញ​រូបភាព​ទាំងនេះហើយ​អ្នកនឹង​យល់​ពី​តម្លៃ​នៃ​ការខិតខំ​ប្រឹងប្រែង

    ក្រោម​កម្តៅថ្ងៃ​ម៉ោង​ជិត 12ថ្ងៃត្រង់ សិស្ស​ជាច្រើន​បានចេញ​មកពី​ប្រឡង​ក្នុងស្ថានភាពផ្សេងៗគ្នា។ អ្នកខ្លះ​ទទួលបាន​ការទទួល​រាក់ទាក់​ពី​អាណាព្យាបាល បងប្អូន និង​មិត្តភក្តិ ខណៈ​អ្នក​ខ្លះទៀត​ត្រូវ​ស្វែងរក​អាហារ​ថ្ងៃត្រង់​តែម្នាក់ឯង ដើម្បី​យក​កម្លាំង​បន្តដំណើរ​ប្រឡង​រយៈពេល2ថ្ងៃនេះ​ឱ្យទទួល​បាន​ជោគជ័យ។

    ស្ថិតក្នុង​ស្តង់ដារ​អាហារ​ថ្ងៃត្រង់​ខុសគ្នា ថ្ងៃនេះ​អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ បាន​ផ្តិត​យក​រូបថត​មួយចំនួន​នៃ​ការទទួល​ទាន​អាហារ​ថ្ងៃត្រង់​របស់​សិស្ស​ដែលជា​បេក្ខជន​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​បាន​ទៅ​ភោជនីយដ្ឋានល្អៗ អ្នក​ខ្លះទៅ​ហាង​បាយ​ជិត​សាលា ខ្លះទៀត​ទទួលទាន​អាហារ​កណ្តាលវាល​ជាមួយ​ក្រុមគ្រួសារ ខ្លះ​ទទួលទាន​អាហារ​ជាមួយ​មិត្តភក្តិ ខណៈ​ខ្លះទៀត​អង្គុយ​ញ៉ាំង​មី​កំប៉ុង​លើ​ម៉ូតូ​តែម្នាក់ឯង​កណ្តាលថ្ងៃត្រង់។

    ការប្រឡង​បាក់​ឌុប ជា​ដំណាក់កាល​សំខាន់​មួយ​ក្នុង​ដំណើរ​ជីវិត ដែល​បើកទ្វា​សម្រាប់​អនាគត​ខ្លួនឯង ទៅកាន់​គោលដៅ​ត្រចះត្រចង់​សម្រាប់​មនុស្សម្នាក់ៗ ហេតុនេះ​ការតស៊ូ​អាច​ក្លាយជា​កម្លាំង​ជំរុញ​យ៉ាងសំខាន់​មួយ​ដើម្បី​សម្រេច​ភាព​ថ្កុំថ្កើង​ក្នុងការ​រស់នៅ៕

  • បាក់​ឌុប​ព្រឹក​នេះ​ មិនទាន់​ឃើញ​មាន​ភាពមិនប្រក្រតី តែមាន​សិស្ស​មាន​បញ្ហា​សុខភាព​មួយចំនួន

    បាក់​ឌុប​ព្រឹក​នេះ​ មិនទាន់​ឃើញ​មាន​ភាពមិនប្រក្រតី តែមាន​សិស្ស​មាន​បញ្ហា​សុខភាព​មួយចំនួន

    បើទោះបី​ជាមាន​ការធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​អប់រំ​ខ្លាំងក្លា​យ៉ាងណាក៏ដោយ ក៏​យើង​ឃើញ​មាន​សិស្ស​មួយចំនួន​នៅតែ​ហ៊ាន​ល្មើស នឹង​បទបញ្ជារ​របស់​ក្រសួង​អប់រំ​ដដែល ខណៈ​ហ៊ាន​ដល់​ថ្នាក់​ពឹង​ឱ្យគេ​ប្រឡង​ជំនួស​ថែម​ទៀតផង។

    ទោះជា​យ៉ាងនេះ​ក្តី នៅ​ព្រឹក​ដំបូង​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ មិនទាន់មាន​ឃើញ​បញ្ហា​ប្រឈម​ដែល​កើតឡើង​ពី​ភាពមិនប្រក្រតី​នៃ​ការធ្វើ​ខុស​របស់​បេក្ខជន ឬ​គណៈមេប្រយោគ​នៅឡើយ​ទេ តែមាន​ឃើញ​បញ្ហា​មួយចំនួន​គួរឱ្យកត់សម្គាល់​គឺ​សិស្ស​ដែលមាន​ជំងឺ និង​សង្គ្រោះបន្ទាន់​ក្នុង​ថ្ងៃ​ប្រឡង​ម​នេះ​មាន​នៅតាម​មណ្ឌល​ប្រឡង​មួយចំនួន។

    នៅ​ព្រឹក​ថ្ងៃទី 20 ខែសីហា ឆ្នាំ2018 នេះ មាន​បេក្ខជន​មួយចំនួន​វិលមុខ ដួលសន្លប់ ខ្យល់គរ និង​ក្អួត ដែល​តម្រូវឱ្យ​មានការ​ជួយ​បន្ទាន់ភ្លាមៗពី​ក្រុមគ្រូពេទ្យ​ប្រចាំការ ខណៈ​សិស្ស​មួយចំនួន​ត្រូវ​បន្តោង​សារ៉ូ​ម​ដើម្បី​ប្រឡង​បន្តទៀត។ ហេតុនេះ​បេក្ខជន​ប្រឡង និង​អាណាព្យាបាល​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​នៅ​ថ្ងៃ​ប្រឡង​យ៉ាងសំខាន់​នេះ។

    ខាងក្រោម​នេះ​ជា​រូបភាព​មួយចំនួន​នៃ​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព និង​ត្រូវបាន​សង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ​ដើម្បី​ប្រឡង​បន្ត៕