Author: វល័ក្ខ

  • ខ្លាំង​មែន! TrueMoney ធ្វើឱ្យ​ការទិញ​សំបុត្រ​កុន​របស់លោក​អ្នក​កាន់​តែមាន​ភាពងាយស្រួល

    ខ្លាំង​មែន! TrueMoney ធ្វើឱ្យ​ការទិញ​សំបុត្រ​កុន​របស់លោក​អ្នក​កាន់​តែមាន​ភាពងាយស្រួល

    ព្រឹត្តិការណ៍​ដ៏​កក្រើក​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី07 ខែកញ្ញា ថ្មីៗនេះ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​វេរ​លុយ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​គឺ TrueMoney សហការ​ជាមួយ​រោងភាពយន្ត Major Cineplex by Smart នៅ​ផ្សារ​ទំនើប AEON Mall ភ្នំពេញ។

    ភ្ញៀវសំខាន់ៗ តារាល្បីៗ រួមទាំង​អ្នកគាំទ្រ​ជាច្រើនរូប​លើសពី​មួយ​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជាន់​ទី2 នៃ​ផ្សារ​ទំនើប AEON Mall ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ជា​ផ្លូវការ​នៃ​រោងភាពយន្ត 4DX by TrueMoney និង​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មុខងារ​ថ្មី​ក្នុង​ការទិញ​សំបុត្រ​កុន​តាមរយៈ​ទូរ​សព្ទ​ដៃ ដោយ​សូម្បីតែ​តួឯក​ល្បី​នៅក្នុង​រឿង “ផ្កាថ្ម” លោក ណា​ឃុន ក៏បាន​ប្រើប្រាស់​កម្មវិធី TrueMoney នេះ​ផងដែរ។

    អគ្គនាយក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី លោក គង់ មាន បាន​មានប្រសាសន៍ថា “គិត​មកដល់ពេលនេះ មាន​អ្នក​កំពុង​ប្រើប្រាស់​កម្មវិធី TrueMoney រហូតដល់​ជាង15ម៉ឺន​នាក់​ហើយ។ ពួកគាត់​កាត់បន្ថយ​ការដាក់​លុយ​ច្រើន​តាម​ខ្លួន ដោយ​ប្តូរ​មក​ចាយលុយ​កាន់តែ​ទំនើប​តាមរយៈ​កម្មវិធី​នៅក្នុង​ទូរ​សព្ទ​ដៃ​វិញ ព្រោះ​វា​មាន​ភាពងាយស្រួល ចំណេញ​ពេលវេលា ព្រមទាំង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ច្រើន​ទៀតផង។

    “ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ​ច្រើនជាង6000 ទូទាំង​ខេត្ត​ក្រុង​គ្រប់​ទីកន្លែង ដែល​អ្នកប្រើប្រាស់​កម្មវិធី TrueMoney អាច​ទៅ​ដាក់​លុយ​ទុក​ចាយ​បាន​គ្រប់ពេលវេលា” លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ។

    ប្អូនស្រី នី​តា ដែល​កំពុងតែ​ត្រេកអរ ដែល​ឈ្នះ​សំបុត្រ​ចូល​ទស្សនា​រឿង “Mission Impossible” បែប 4DX ដោយ​គិតថ្លៃ បាន​និយាយថា “ការប្រើប្រាស់​កម្មវិធី TrueMoney នៅក្នុង​ទូរ​សព្ទ​ដៃ​នេះ​គឺ​ពិតជា​ងាយស្រួល​ខ្លាំង​មែនទែន ជាពិសេស​នាង​ខ្ញុំ​ពេញ​ចិត្តនឹង​ការបញ្ចូល​លុយ​ទូរស័ព្ទ​តាម TrueMoney ព្រោះ​នាង​ខ្ញុំ​ទិញ​កាត $5 ទទួលបាន1ម៉ឺន​រៀល​មកវិញ។ និយាយ​រួម​ចំណេញ​បាន1ម៉ឺន​រៀល។

    បើតាម​ការបញ្ជាក់​ពី​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី លោក ឈន់ សកល បានឱ្យដឹង ថា “សម្រាប់​មុខងារ​ទិញ​សំបុត្រ​តាម​ទូរស័ព្ទដៃ គឺ​អតិថិជន​ចំណេញ​បាន2យ៉ាង ទី1 ចំណេញ​ពេលវេលា មានន័យថា អតិថិជន​មិនចាំបាច់​តម្រង់​ជួរ ហើយ​ត្រូវអស់​កៅអីល្អៗនោះទេ ទី2 គឺ​ចំណេញ​លុយ ព្រោះ​រាល់​ការទិញ​សំបុត្រ​តាម TrueMoney អតិថិជន​ចំណេញ​បានការ​បញ្ចុះតម្លៃ​រហូត​ដល់25%ឯណោះ។

    នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់ TrueMoney ដែល​បាន​ពង្រីក​សក្តានុពលរ​បស់​ខ្លួន​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​សេវាថ្មីៗបន្ថែមទៀត។ អតិថិជន​អាច​ចាយលុយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​ប្រើ​កម្មវិធី​នៅក្នុង​ទូរស័ព្ទដៃ​ជាមួយ​អត្ថប្រយោជន៍​ដ៏​សម្បូរបែប។ លោកអ្នក​អាច​ទាញយក​កម្មវិធី TrueMoney មកប្រើប្រាស់​ដោយ​ចូលទៅ​កាន់ App StorePlay Store ដើម្បី​ទាញយក​កម្មវិធី TrueMoney សូម​ចុច https://bit.ly/2NiWWzz

  • Nadal និង Djokovic ត្រូវការ​ឈ្នះ 1លើក​ទៀត ដើម្បី​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

    Nadal និង Djokovic ត្រូវការ​ឈ្នះ 1លើក​ទៀត ដើម្បី​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

    ម្ចាស់​ការពារ​តំណែង​ជើងឯក US Open គឺ Rafael Nadal និង​ម្ចាស់​ជើងឯក 2សម័យកាល Novak Djokovic ត្រូវការ​ជ័យជម្នះ​ត្រឹមតែ 1លើក​ទៀត​ប៉ុណ្ណោះ ដើម្បី​ទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈដែល​កីឡាករ​ទាំង2 សុទ្ធសឹង​ត្រូវបាន​រំពឹងទុក​ថា នឹង​ឆ្លង​ផុត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សុក្រ​នេះ។

    កីឡាករ​វាយ​កូន​បាល់​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Nadal នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​អា​ហ្ស​ង់​ទីន Juan Martin del Potro ស្រប​ពេលដែល​កីឡាករ Novak Djokovic ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​ជប៉ុន Kei Nishikori ដើម្បី​ប្រជែង​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី7 នៅលើ​ទីលាន Flushing Meadows។

    Nadal ដែល​បានគេច​ផុតពី​ការបរាជ័យ​ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ​អូទ្រីស Dominic Thiem ដើម្បី​ឈាន​មកកាន់​វគ្គ 4នាក់​ចុង​ក្រោយនេះ មានកំណត់​ត្រា​ឈ្នះ​ដល់​ទៅ 11លើក ចាញ់ 5លើក នៅពេល​ប្រកួត​ជាមួយនឹង Del Potro ខណៈដែល​ការ​ចាញ់​លើកចុងក្រោយ​របស់គេ​បាន​កើតឡើង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ2016។

    កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដែល​បាន​ផ្តួល Del Potro នៅ​ឆ្នាំនេះ​ក្នុង​ព្រឹត្តិការណ៍ French Open វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​Wimbledon វគ្គ 8នាក់​ចុងក្រោយ​រូបនេះ ហាក់​មិនបាន​ធ្លាក់ចុះ​ទម្រង់​លេង​របស់ខ្លួន​សោះឡើយ។ Nadal ដែល​បានឈ្នះ​ពាន US Open 3លើក​នោះបាន​ឱ្យដឹងថា៖ «គាត់ (Del Potro) ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ប៉ុន្តែ​ការ​ប្រជែង​ក្នុងពេល​ប្រកួត​ជាមួយនឹង​រូបគេ​នៅលើ​ទីលាន​រឹង ពិតជា​ស្វិតស្វាញ​សម្រាប់​ខ្ញុំ​ជាង​ការលេង​នៅលើ​ទីលាន​ពណ៌​ក្រហម»៕

    ប្រភពពី៖ Channel News Asia

  • Isco ស្វាគមន៍​ការហាម​មិនឱ្យ​ប្រើ​ទូរស័ព្ទ​របស់លោក Luis Enrique ក្នុង​ក្រុម​អេ​ស្ប៉ា​ញ

    Isco ស្វាគមន៍​ការហាម​មិនឱ្យ​ប្រើ​ទូរស័ព្ទ​របស់លោក Luis Enrique ក្នុង​ក្រុម​អេ​ស្ប៉ា​ញ

    ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ Isco បាន​បញ្ជាក់ថា រូបគេ​ស្វាគមន៍​បម្រាម​របស់លោក​គ្រូបង្វឹក Luis Enrique លើ​ការប្រើ​ទូរស័ព្ទដៃ អំឡុងពេល​នៃ​ការ​ញ៉ាំ​អាហារ​របស់​ក្រុម និង​បាន​គាំទ្រ​គំនិត​ផ្នែក​កីឡាបាល់ទាត់​របស់​គ្រូបង្វឹក​ថ្មី​រូបនេះ និង​ការធ្វើ​លំ​ហាត់ប្រាណ​របស់​ក្រុម។

    Isco បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «វា​តែងតែ​ជា​រឿង​ដ៏​ល្អ​ក្នុងការ​មាន​វិន័យ​បន្តិច ការ​មិនមាន​ទូរស័ព្ទ​នៅឯ​កន្លែង​ញ៉ាំ​អាហារ គឺជា​គំនិត​ដ៏​ល្អ​មួយ​ចំពោះ​ខ្ញុំ ដោយសារតែ​នៅ​សម័យនេះ យើង​ធ្វើការ​ផ្តោតអារម្មណ៍ជារឿយៗទៅលើ​ការនិយាយ​ទូរស័ព្ទ ជាង​ការនិយាយ​ជាមួយ​មិត្ត​រួម​ក្រុម​របស់​យើង»។

    ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ នឹងត្រូវ​ធ្វើការ​ប្រកួត​ជា​លើក​ទី1 របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​របស់​ក្លិប Barcelona រូបនេះ នៅ​ថ្ងៃ​សៅរ៍ នៅលើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុងការ​ប្រកួត​បើកឆាក​នៃ​យុទ្ធនាការ UEFA Nations League នៅ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នៅ​ថ្ងៃ​អង្គារ។

    ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​គឺ​ការធ្លាក់​ចេញ​ដ៏​មិន​នឹកស្មាន​ដល់​ពី​យុទ្ធនាការ World Cup ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ដោយសារតែ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយពី​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ 1-1 ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ។

    អ្នកគាំទ្រ និង​អ្នក​អធិប្បាយ​ជាច្រើន មានការ​សង្ស័យ​ទៅលើ​ការតែងតាំង​លោក Luis Enrique ដើម្បី​ជំនួស​កន្លែង​របស់លោក JulenLopetegui ដោយសារតែ​ការ​មាន​ទំនាក់ទំនង​មិនសូវ​ល្អ​របស់លោក​ជាមួយនឹង​បណ្តាញសារព័ត៌មាន និង​ការ​ប្រេះស្រាំ​ផ្នែក​ទំនាក់ទំនង​ជាមួយនឹង​ក្លិប Real Madrid កាលពី​ពេលមុន។ ទោះបីជា​យ៉ាងណា ខ្សែបម្រើ Isco របស់ Real Madrid បាន​បញ្ជាក់ថា ក្រុម​អេ​ស្ប៉ា​ញ បាន​សម្រប​ខ្លួន​ទៅនឹង​វិធីសាស្ត្រ​ហ្វឹកហាត់​របស់​គ្រូបង្វឹក​រូបនេះ ក៏ដូចជា​គំនិត​ដ៏​ចម្លែក​នៅក្រៅ​ដី​ទីលាន​របស់លោក​ដែរ៕

    ប្រភពពី៖ Channel News Asia

  • ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថៃ​ដោយ​គ្រាន់តែ​ជាវ​ទំនិញ ឬ​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន Star Auto Cambodia

    ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថៃ​ដោយ​គ្រាន់តែ​ជាវ​ទំនិញ ឬ​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន Star Auto Cambodia

    ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា (Star Auto Cambodia) កំពុង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ពិសេស​សម្រាប់​អតិថិជន ក៏ដូចជា​សាធារណជន គឺ​ដំណើរ​កម្សាន្ត​សម្រាប់​មនុស្ស 2នាក់​ទៅ​ទីក្រុង​បាងកក។ កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី1 ខែកញ្ញា ដល់​ថ្ងៃទី5 ខែតុលា ឆ្នាំ2018។

    បើតាម​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​នេះ​អតិថិជន​គ្រាន់តែ​អញ្ជើញ​ទៅកាន់​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes-Benz ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ 60ម៉ែត្រ ចាប់ពី​ថ្ងៃទី1 ខែកញ្ញា រហូតដល់​ថ្ងៃទី5 ខែតុលា ឆ្នាំ2018 ហើយ​ជាវ​វត្ថុ​អនុស្សាវរីយ៍ ឬ​ទៅ​ទទួលយក​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដោយ​ចំណាយ​ត្រឹម 1ដុល្លារ​ឡើងទៅ​ប៉ុណ្ណោះ លោក​អ្នកនឹង​ទទួលបាន​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ផ្សងសំណាង។

    លោក ឃុន ចាន់ថា  បានបញ្ជាក់​ទៀតថា៖ «ទោះ​គាត់​ទិញ​អស់ 1,000រៀល ក៏​គាត់​បាន​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ផ្សងសំណាង​ដែរ ទិញ​ឡាន​ក៏បាន​ឆ្នោត​ផ្សងសំណាង​ដែរ។ ទិញ​អ្វី​ក៏ដោយ​ហើយ​អស់​ទឹកប្រាក់​ប៉ុន្មាន​ក៏បាន​ដែរ។ មក​ទិញ​ម្តង​បាន​សន្លឹកឆ្នោត​មួយ​សន្លឹក។ ថ្ងៃក្រោយ​គាត់​មក​ទិញ​ទៀត​បាន​មួយ​សន្លឹក​ទៀត»។

    សូមបញ្ជាក់ថា រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដែល​នឹង​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន Star Auto Cambodia នេះ រួមមាន​សំបុត្រ​យន្តហោះ​ទៅមក(ភ្នំពេញ-បាងកក-ភ្នំពេញ) សម្រាប់​មនុស្ស 2នាក់​រួម​នឹង​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ5 ចំនួន 2យប់។ លើសពីនេះ Star Auto Cambodia ដែលជា​ក្រុមហ៊ុន​តែមួយគត់​ទទួល​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត Mercedes ប្រចាំ​ប្រទេស​កម្ពុជា​នឹង​ផ្តល់​សាច់ប្រាក់​សុទ្ធ​ចំនួន 1,000ដុល្លារ​បន្ថែមទៀត​សម្រាប់​ការចំណាយ​លើ​ការធ្វើដំណើរ និង​ការដើរ​ទិញ​អីវ៉ាន់ផ្សេង។

    សូម​ជម្រាប​ផងដែរ​ថា រង្វាន់​ដំណើរ​កម្សាន្ដ​នេះ​មាន​សុពលភាព​ត្រឹម​ដំណាច់ឆ្នាំ2018នេះ​ប៉ុណ្ណោះ​មិនអាច​បន្តទៅ​ឆ្នាំ​បន្ទាប់​បានឡើយ ហើយ​តម្លៃ​សំបុត្រ​យន្តហោះ និង​សណ្ឋាគារ​មិនអាច​ប្តូរ​ជា​សាច់ប្រាក់​បានទេ។ ប៉ុន្តែ​អ្នកឈ្នះ​រង្វាន់​នៅតែ​អាច​ទទួល​សាច់ប្រាក់​ចំនួន 1,000ដុល្លារ​ដដែល៕

  • កម្ចី​អនាគត អេ អឹម ខេ ផ្ដល់ឱកាស 2 ឱ្យ​និស្សិត​ក្រីក្រ​ក្នុងពេល​តែ1

    កម្ចី​អនាគត អេ អឹម ខេ ផ្ដល់ឱកាស 2 ឱ្យ​និស្សិត​ក្រីក្រ​ក្នុងពេល​តែ1

    ភ្នំពេញ៖ កម្ចី​អនាគត គឺជា​ប្រភេទ​កម្ចី​ថ្មី​មួយ​របស់ អេ អឹម ខេ ក្នុងការ​គាំទ្រ​ដល់​អតិថិជន​ក្រីក្រ។ អតិថិជន​អាច​ទទួលបាន​កម្ចី​ពី អេ អឹម ខេ ដើម្បីឱ្យកូនៗរបស់​ពួកគាត់ មានឱកាស​ទទួលបាន​កម្រិតសិក្សា​ខ្ពស់ជាង​មុន។ កម្ចី​អនាគត គឺជា​ផ្នែក​មួយ​នៃ​ការយកចិត្តទុកដាក់​មួ​យ របស់ អេ អឹម ខេ ទៅលើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការអប់រំ ជាពិសេស​ផ្ដល់ឱកាស​ឱ្យ​សិស្ស និស្សិត​ក្រីក្រ មានឱកាស​ទទួលបាន​ការសិក្សា​ខ្ពស់ជាង​មុន

    អ្វីដែល​ពិសេស ក្រៅតែពី​ទទួលបាន​កម្ចី ដើម្បីឱ្យកូនៗបាន​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ហើយកូនៗរបស់​អតិថិជន នឹង​ទទួលបាន​ឱកាស​ការងារ​ពី អេ អឹម ខេ ថែម​ទៀតផង។

    សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​របស់​អ្នកស្រី ពាំង ពិសាខ នាយក​ប្រតិបត្តិ ធនធានមនុស្ស នៃ​អេ អឹម ខេ ដើម្បី​ស្វែងយល់​បន្ថែម​ពី​កម្ចី​មួយ​នេះ៖

  • សន្និសីទ​សារព័ត៌មាន ស្ដីអំពី មហា​ស្រព​ភាពយន្ត​ថៃ លើក​ទី3 ឆ្នាំ2018

    សន្និសីទ​សារព័ត៌មាន ស្ដីអំពី មហា​ស្រព​ភាពយន្ត​ថៃ លើក​ទី3 ឆ្នាំ2018

    ភ្នំពេញ៖ ថ្ងៃទី6 ខែកញ្ញា ឆ្នាំ2018 ក្រោយពី​បានទទួល​ការគាំទ្រ យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន នៅ​ប្រទេស​កម្ពុជា ក្នុងការ​ទស្សនា​ខ្សែភាពយន្ត​ភាគ​ថៃ ស្ថានទូត តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គ​រាជ ទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ នឹង​រៀបចំ​មហា​ស្រព ភាពយន្ត​ថៃ លើក​ទី3 ឆ្នាំ2018 (Thai Film Festival 2018) នៅ​កម្ពុជា ដែល​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី13 ដល់ 16 ខែកញ្ញា ឆ្នាំ2018 នៅ​រោងភាពយន្ត Major Platinum Cineplex ស្ថិតនៅ ផ្សារ​ទំនើប Aeon Mall សែន​សុខ។

    លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអង្គ​រាជទូត​ថៃ នៅ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​សន្និសីត សារ​ព័​ត៍​មាននៅ​រសៀល ថ្ងៃទី6 ខែកញ្ញា ឆ្នាំ2018 នេះ​ថា​កម្មវិធី Thai Film Festival 2018 ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ ការ​រវាង​អ្នក​ផលិត​ខ្សែរ​ភាពយន្ត និង​បណ្តា​ក្រុមហ៊ុន​ដែល​ពាក់​ព​ន្ធ័ ជាមួយ​វិស័យ ឧស្សាហ៍កម្ម​ភាពយន្ត របស់​ប្រទេស​កម្ពុជា​និង​ថៃ។

    នៅ​ថ្ងៃ​ដំបូង នៃ​ការរៀបចំ​មហោស្រព ភាពយន្ត​ថៃ​នេះ និង​មាន​រៀបចំ​កម្មវិធី “ចាប់ដៃ​គូរ​ពាណិជ្ជកម្ម” រវាង​ពាណិជ្ជករ​ថៃ និង កម្ពុជា ដែលជា​វេទិកា​រដ៍​សំខាន់ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍ និង​បច្ចេកទេស​នៃ​ការថត និង​ការ កាត់ត​ភាពយន្ត ពី​អ្នកជំនាញ​ដូចជា អ្នក​ផលិត​ភាពយន្ត អ្នកដឹកនាំ​សម្តែង និង​អ្នក​ដែលមាន ទេពកោសល្យ​ក្នុង​វិស័យ​ភាពយន្ត​មកពី​ប្រទេស​ទាំងពីរ។

    លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត បាន​បន្តថា ខ្សែរ​ភាពយន្ត​ថៃ ចំនួន4រឿង ដែល​នឹង​យកមក ចាក់​បញ្ចាំង​ជូន​ទស្សនា ដោយ​ឥតគិតថ្លៃ នៅក្នុង​រោងភាពយន្ត Major Platinum Cineplex Hall 3 ផ្សារ​ទំនើប Aeon Mall សែន​សុខ ដែល​អាច​ផ្ទុក​ទស្សនិកជន បាន​ចំនួន266នាក់ ក្នុង​មួយ លើក។  រឿង​ទី1 ដែល​នឹង​ចាក់​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 នៅ​ម៉ោង7ល្ងាច មាន​ចំណងជើង​ថា “Memories of New Year ” (អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ) ដែល​រឿងនេះ​បាន​សម្តែង​រួមគ្នា ដោយ​តារា​សម្ដែង​មកពី​ប្រទេស​ចំនួន4 ដែលមាន​ដូចជា ប្រទេស​កម្ពុជា ថៃ ឡាវ និង មី​យ៉ាន់​ម៉ា។ រឿង​ទី2 រឿង “Premika Parab” (ខារ៉ាអូខេ​មរណៈ) ចាក់​បញ្ចាំង​ជូន​ទស្សនា នៅ​ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2018 ម៉ោង7ល្ងាច។ រឿង​ទី3 រឿង “Siam square” (ខ្មោច​ស្រី​ចាំ​អាគារ) ចាក់​បញ្ចាំង​ជូន​ទស្សនា នៅ​ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2018 ម៉ោង12ថ្ងៃត្រង់។ និង​រឿង​ទី4 រឿង “ Som Pak Sian  (E-Sarn Love Story)” (រដឺន​ខក​ស្នេហ៍) ចាក់​បញ្ចាំង​ជូន​ទស្សនា នៅ​ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018 ម៉ោង12ថ្ងៃត្រង់។

    សូម​ជំរាបជូន​ថា ក្នុង​ថ្ងៃ​បើ​សម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3នេះ នឹងមាន តារា​កិត្តិយស​ថៃ គឺ​លោក Chhakrit Yaemnam ដែលជា​តួរ​សម្តែង​ក្នុង​រឿង “Memories of New Year” និង​កញ្ញា Kaimook ដែលជា​តួ​សម្ដែង​ក្នុង​រឿង “Som Pak Sian” ព្រមទាំង​មាន​សិល្បករ សិល្បការិនី ប្រចាំ​ប្រទេស​កម្ពុជា​ជាច្រើនរូប​ចូលរួម​ជា​ភ្ញៀវកិត្តិយស ដែល​កម្មវិធី​សម្ពោធ​នេះ នឹង​រៀបចំ​នៅ​រោងភាពយន្ត Major Platinum Cineplex ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 វេលា​ម៉ោង 5ល្ងាច ស្ថិតនៅ​ផ្សារ​ទំនើប Aeon Mall សែន​សុខ៕

  • ក្រុមហ៊ុន LG បង្ហាញ​ទូរទស្សន៍ OLED 8K ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ព្រឹត្តិការណ៍ IFA

    ក្រុមហ៊ុន LG បង្ហាញ​ទូរទស្សន៍ OLED 8K ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ព្រឹត្តិការណ៍ IFA

    ក្រុមហ៊ុន LG ជា​អ្នក​ឈានមុខ​គេ​ស្រាប់​ក្នុងការ​បង្កើត​ទូរទស្សន៍ OLED ដ៏​ទំនើប ហើយ​ឥឡូវនេះ​ក៏បាន​បង្ហាញ​នូវ​ទូរទស្សន៍ OLED 8K  ទំហំ (7680 x 4320) ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​នៅឯ​ព្រឹត្តិការណ៍ IFA 2018 ។

    ទូរទស្សន៍ LG 88 អុ​ី​ញ OLED 8K មាន​លក្ខ​ណះ​ពិសេស​បញ្ចេញ​ពន្លឺ​ដោយ​ខ្លួនឯង 33 លាន​ភី​ច​សេល​ដើម្បី​បង្កើត បានជា​គុណភាព​រូបភាព​យ៉ាងច្បាស់​ឥតឧបមា។

    ជាមួយនិង​ទូរទស្សន៍ OLED ដែល​ចែកចាយ​ក្នុង​ទីផ្សារ​នៅក្នុង​ឆ្នាំ 2018 រំពឹង​ទ្វេ​រដង​និង​កើន​ដល់​ជាង 9 លាន​គ្រាប់​ក្នុង​ឆ្នាំ 2022 ។ ក្រុមហ៊ុន LG និង​បន្ត​ដើម្បី​បង្កើន​ការចែក​ចាយ​ទូរទស្សន៍ OLED និង​ធ្វើអោយមាន​តំរូវការ​ទូរទស្សន៍ OLED  កាន់តែច្រើន​ថែមទៀត។ ខ​ណះ​ពេលដែល​ទីផ្សារ​ទូរទស្សន៍ OLED 8K ស្ថិតនៅក្នុង​កម្រិត​ចាប់ផ្តើម​នៅឡើយ​គេ​រំពឹងថា​ទូរទស្សន៍ OLED 8K  នេះ​និង​កើនឡើង​ច្រើន ជាង5លាន​គ្រាប់​នៅក្នុង​ឆ្នាំ 2022 ហើយ​ក្រុមហ៊ុន LG ប្តេជ្ញា​ថា​និង​ធ្វើអោយ​បច្ចេកវិទ្យា​និង​ទីផ្សារ​ទូរទស្សន៍ OLED 8K  និង​ឈានមុខ​គេ។

    ថ្វីបើ​អេក្រង់ LCD មាន​ភាពទំនើប​ក៏ដោយ។ ជារឿយៗ OLED វិ​វដ្ត​ន៍​ខ្លួន​ទៅជា​បច្ចេកវិទ្យា​អេក្រង់ ជំនាន់​ថ្មី។ពីព្រោះ​វា​បញ្ចេញ​ពន្លឺ​ដោយ​ខ្លួនឯង​បំបាត់​ពន្លឺ​ផ្ទៃ​ខាងក្រោយ។ទាំងនេះ​វា​ធ្វើអោយ​ទូរទស្សន៍​ទទួលបាន​នូវ​លទ្ធផល​យ៉ាង​ល្អ​ឥត​ខ្ជោះ​ទាំង​គុណភាព​រូបភាព​និង​ការ​រចនា។

    ក្រុមហ៊ុន​LG មិនមែន​ត្រឹម តែមាន​លទ្ធ​ភាពជា​អ្នក​នាំមុខ​លើ​បច្ចេកវិទ្យា​ទាំងនេះ​ទេ​ក៏ប៉ុន្តែ​ក្រុមហ៊ុន​ក៏​ជោគជ័យ​លើ​ទីផ្សារ​ផងដែរ។

    លោក Brian Kwon នាយក​ក្រុមហ៊ុន LG Home Entertainment បាន​មានប្រសាសន៍ថា “ ទូរទស្សន៍  OLED 8K  ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន LG គឺជា​ស្នាដៃ​បច្ចេកវិទ្យា​កំពូល​និង​ជា​ជំហាន​វិវត្តន៍​បន្ទាប់ នៅក្នុង​បច្ចេកវិទ្យា​អេក្រង់​ផងដែរ” ។ ទូរទស្សន៍ 4K OLED  ដើរតួរ​នាទី​យ៉ាងសំខាន់​នៅក្នុង​ឧស្សាហកម្ម ទូរទស្សន៍ ហើយ​ក្រុមហ៊ុន LG សង្ឃឹម​យ៉ាង​មុតមាំ​ថា OLED 8K  និង​តួរ​យ៉ាងសំខាន់​ដូចគ្នា៕

  • កម្មវិធី​សិក្ខាសាលា “យុទ្ធសាស្ត្រ​នៃ​ពិភព​ជំនួញ”

    កម្មវិធី​សិក្ខាសាលា “យុទ្ធសាស្ត្រ​នៃ​ពិភព​ជំនួញ”

    បើ​យើង​និយាយ​អំពី​ការធ្វើ​ជំនួញ​គឺ​មិនមែនជា​ភាពងាយស្រួល​នោះទេ ព្រោះ​ការធ្វើ​ជំនួញ​មួយ​គឺ​ត្រូវមាន​កត្តា​ជាច្រើន​ដោយ​ផ្អែកទៅលើ​កត្តា​ដូចជា ចំនេះដឹង ប្រាក់​ទន់ ការទំនាក់ទំនង​ល្អ យុទ្ធសាស្ត្រ​នៃ​ការធ្វើ​ជំនួញ និង​មាន​សម្ថ​ត​ភាពជា​ម្ចាស់​សហគ្រិន​អាជីវកម្ម។ដូច្នេះ​បើ​យើង​គិត​អំពី​ការធ្វើ​ជំនួញ​គឺ​ត្រូវ​គិត​រឿង​ទាំង​អស់ហ្នឹង​ដើម្បី​ការធ្វើ​ជំនួញ​របស់​យើង​មាន​ភាពងាយស្រួល និង​បង្កើត​ដំណើរ​អាជីវកម្ម​យូរអង្វែង​នៅលើ​វិថី​ជំនួញ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក។

    ដោយមាន​ចំនុច​នៃ​ការមើលឃើញ​ពី​តម្រូវការ​របស់​សហគ្រិន​ភាព​ត្រូវមាន​សម្ថ​ត​ភាព​នៃ​ចំនេះដឹង​ខាងលើនេះ បាន​ជំរុញ​ធ្វើ​ឲ្យ​ក្រុមយុវជន​មួយក្រុម​ឈ្មោះថា M-BUSINESS មាន​ផ្នត់គំនិត និង​បង្កើត​កម្មវិធី​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ដែលមាន​ចំនងជើង​ថា ” យុទ្ធសាស្ត្រ​នៃ​ពិភព​ជំនួញ ” ដោយ​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៨ វេលា​ចាប់ពី​ម៉ោង ៧:៣០ នាទី ដល់ ១១:៣០ នាទី ពេលព្រឹក ដោយ​ផ្តល់ឱកាស​សម្រាប់​អ្នកចូលរួម​ចំនួន 500 នាក់ ដូចជា និស្សិត​ដែល​រៀន​ចប់ បុគ្គលិក​ធ្វើការ​ងារ អ្នកធ្វើអាជីវកម្ម និង​អ្នក​កំពុង​ត្រៀម​ធ្វើ​អា​វី​កម្ម អាច​ចូលរួម​ដោយ​ឥត​ថ្លៃ និង​ទទួល​ការសិក្សា​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​ជំនួញ​ជាច្រើន​នៅ​ក្មុង​កម្មវិធី​សិក្ខាសាលា​ផងដែរ។

    ផ្អែកទៅលើ​កម្មវិធី​សិក្ខាសាលា ” យុទ្ធសាស្ត្រ​នៃ​ពិភព​ជំនួញ ” ដែល​ជជែក​អំពី​ចំនុច​ស្នូលសំខាន់ៗនៅក្នុង​វិថី​អាជីវកម្ម​បច្ចុប្បន្ននេះ ត្រូវបាន​ចូល​ជារួម​វត្តមាន​ដោយ​វាក្មិនសំខាន់ៗដូចជា លោក អ៊ុក ចាន់​វាសនា (នាយក​គ្រប់គ្រង ក្រុមហ៊ុន RMT Group Co.,Ltd) អ្នកស្រី សុន ច័ន្ទ​ដា​នី (ប្រធាន​ប្រតិបត្តិ​ទីផ្សារ​ផលិតផល របស់​ក្រុមហ៊ុន SONY International Signapore) លោក សយ តារា​ទី​តូ (អ្នក​ប្រឹក្សា​អាជីវកម្ម CFO) និង លោក ព្រាប កុល (ឯកអគ្គរាជទូត​សន្តិភាព និង​អគ្គនាយក​គ្រប់គ្រង អង្គការ​តម្លាភាព​ពិភពលោក)។ ហើយ​វាក្មិន​ទាំង 4 រូបនេះ នឹងចូលរួម​យ៉ាង​មុះ​មុត​ក្នុងការ​ចែករំលែក​នៅ​ចំនេះដឹង និង​បទពិសោធន៍​របស់ខ្លួន ទៅកាន់​អ្នកចូលរួម​ចំនួន 500 នាក់ ក្នុង​កម្មវិធី​សិក្ខាសាលា​ផងដែរ។

    តាម​ការបកស្រាយ​រប​ស់លោក ចេង សម្បត្តិ ដែលជា​អ្នកគ្រប់គ្រង​ក្រុមយុវជន M-BUSINESS និង​ជា​អ្នករៀបចំ​កម្មវិធី” យុទ្ធសាស្ត្រ​នៃ​ពិភព​ជំនួញ ” ផងដែរ បាន​បញ្ចេញ​នៅ​ទស្សនៈវិស័យ និង​ឆន្ទៈ​របស់​ខ្លន​យ៉ាង​មុះ​មុត​ថា “ ក្រុមយុវជន M-BUSINESS នឹង​បង្កើត​សកម្មភាព​កម្មវិធី​សិក្ខាសាលា​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​ស្តីអំពី​គន្លឹះ​យុទ្ធសាស្ត្រ​នៃ​ការធ្វើការ​ជំនួញ​ដោយ​ចូលរួម​ដោយ​ឥត​ថ្លៃ ដើម្បី​ផ្តល់ឱកាស​សម្រាប់​មហាជន​ជុំវិញ​ក្នុងការ​សិក្សា​ស្វែងយល់​ពី​ការធ្វើ​ជំនួញ​ប្រកបដោយ​ភាពជោគជ័យ “។

    កម្មវិធី​សិក្ខាសាលា ” យុទ្ធសាស្ត្រ​នៃ​ពិភព​ជំនួញ “ នេះ ត្រូវបាន​ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ៖ ក្រុមហ៊ុន​ជ​ម្រោះ​ទឹក អេកូ អា​ក្វេ (ECOAQUA) និង​ក្រុមហ៊ុន​ទឹក​ញ សាន់​ណូ​នី (SUN NONI GOLD) និង​ការចូលរួម​ឧបត្ថម្ភ​អាហារសម្រន់ និង​ភេសជ្ជៈ​ដោយ៖ ហាង​នំ​បុ័ង Fresh Bakery Shop និង​កាហ្វេ NIRON Coffee Catering ព្រមទាំង​ចូលរួម​សហការ​ផ្សព្វផ្សាយ​ដោយ៖សារព័ត៌មាន CTN សារព័ត៌មាន BTV សារព័ត៌មាន PNN ការ​សែត​ឡា​រ៉ែ​ន ពាណិជ្ជ វិទ្យុ​ភ្នំពេញ 103 ប្រព័ន្ធ​ផ្សព្វផ្សាយ យ៉ូ​ពេ​ច (Yoopec)  និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ខេ​ត (CATS)៕

  • រាជបណ្ឌិត្យសភា និង​អ្នកជំនួញ​ចិន​បង្កើត​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សម្រាប់​ទំនិញ​ក្នុងស្រុក

    រាជបណ្ឌិត្យសភា និង​អ្នកជំនួញ​ចិន​បង្កើត​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សម្រាប់​ទំនិញ​ក្នុងស្រុក

    រាជបណ្ឌិត្យសភាកម្ពុជា RAC (Royal Academy of Cambodia) បាន​ចាប់​ដៃគូ​ជាមួយ​អ្នកជំនួញ​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មកពី​យូ​ណាន​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​ដើម្បី​បង្កើន​ការលក់​ផលិតផល​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​លើ​ផលិតផល​កសិកម្ម​កម្ពុ​ជា។ នេះ​បើតាម​ការឱ្យ​ដឹង​តាមរយៈ​ពី​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង MoU មួយ​កាលពីពេលថ្មីៗនេះ។

    នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក Yimin Yu មកពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​តំបន់​យូ​ណាន ទីក្រុង​គុន​មីង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្ឌិត​សភាចា​រ្យ សុខ ទូច​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា RAC បាន​យល់ព្រម​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​ទីផ្សារ​អន​ឡាញ​សម្រាប់​ទំនិញ​កសិកម្ម​ក​ម្ពុ​ជា​ក្នុងចំណោម​គម្រោង​ដទៃទៀត ហើយ​ក៏បាន​ព្រមព្រៀង​សហការគ្នា​ដើម្បី​ប្រមូល​ទិន្នន័យ​ស្តីពី​ទំនិញ​កសិកម្ម​កម្ពុជា និង​បង្កើត​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជា​ភាសា​ខ្មែរ និង​ចិន​ដើម្បី​ជំរុញ​ការទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណិ​ត​ដោយផ្ទាល់។

    នៅក្នុង​ជំនួប​នេះ ភាគី​ទាំង2 ក៏បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការនាំ​ផលិតផល​កសិកម្ម​ពី​ទីជនបទ​របស់​ប្រទេស​កម្ពុជា​ទៅ​លក់​នៅក្នុង​ប្រទេស​ចិន ហើយ​រំពឹងថា​ស្ថាប័ន​ទាំង2 អាចបំពេញ​ការងារ​ជាមួយគ្នា​ក្រោយពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​រួច។ កិច្ចសហប្រតិបត្តិការ​នេះ​ក៏​គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​ផ្ទុក​ព័ត៌មាន​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុ​ជា ហើយនឹង​សាងសង់​ឃ្លាំង​នៅក្នុង​កំពង់ផែ​ក្រុងព្រះសីហនុ និង​ទីតាំងផ្សេងៗទៀត។

    គោលបំណង​នៃ​ជំនួប​រវាង​ស្ថាប័ន​ទាំង2 គឺ៖

    – កិច្ចសហប្រតិបត្តិការ​លើ​ទម្រង់​នៃ​គម្រោង​ជំនួយ​នៃ​ថវិកា​សហប្រតិបត្តិការ​សម្រាប់​ប្រទេស LDC ៖ ផ្តោតលើ​ការផលិត​ដែល​ធានា​គុណភាព​ដោយ​ពឹងផ្អែក​ទម្រង់​ពាណិជ្ជកម្ម​ក្នុង​ទីជនបទ​របស់​ប្រទេស​កម្ពុជា

    – កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ​ពាណិជ្ជកម្ម​ការបោះពុម្ព និង​បង្កើន​ការគាំទ្រ​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល និង​ការផ្លាស់ប្តូរ​អ្នកសិក្សា​ស្រាវជ្រាវ។

    ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​គាំទ្រ​គម្រោង​នេះ។ លោក​បាន​មានប្រសាសន៍ថា ដោយសារ​កិច្ចសហការ​នេះ វា​នឹង​ជំរុញ​ការធានា​គុណភាព​សម្រាប់​ផលិតផល​កសិកម្ម​ចម្បង​របស់​កម្ពុជា។ «ខ្ញុំ​គិតថា ភាពជា​ដៃគូ​នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​លើកកម្ពស់​ការ​លក់​ផលិតផល​របស់​យើង​នៅ​បរទេស»។

    ក្នុង​រយៈពេល 5 ឆ្នាំ​ចុង​ក្រោយនេះ​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​លើស 21ពាន់​លាន​ដុល្លារ ដោយ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ជិត 3,000គីឡូម៉ែត្រ និង​ស្ពាន7 នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ2018 ការវិនិយោគ​របស់​ចិន​ស្មើនឹង​ជាង 5ពាន់​លាន​ដុល្លារ៕

  • កម្ពុជា​កំពុង​អភិវឌ្ឍ​ពី​ប្រទេស​ខ្វះ​ស្បៀង ក្លាយជា​ប្រទេស​ផលិត​ស្បៀង​លើស​តម្រូវការ

    កម្ពុជា​កំពុង​អភិវឌ្ឍ​ពី​ប្រទេស​ខ្វះ​ស្បៀង ក្លាយជា​ប្រទេស​ផលិត​ស្បៀង​លើស​តម្រូវការ

    ប្រទេស​កម្ពុជា​នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​ស្នូល​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែលមាន​អំណោយផល​ខាង​កសិកម្ម ស្រប​នឹង​ទិសដៅ​គោលនយោបាយ​ឆ្នាំ2014-2018នៃ​វិស័យ​កសិកម្ម ដែល​ត្រូវ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ឱ្យ​កើនឡើង​ក្នុង​រង្វង់5% ដែល​នឹង​បាន​ចូលរួមចំណែក​ប្រមាណ​ជា24,9% នៃ​ផលិតផល​ក្នុងស្រុក​សរុប(GDP)។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា កាលពី​ឆ្នាំ2017កម្ពុជា​នៅសល់​ស្រូវ​ជាង 5.5លាន​តោន គិត​ជា​អង្ករ​ស្មើនឹង​ជាង 3.5លាន​តោន​សម្រាប់​បម្រើឱ្យ​ការនាំចេញ ដែលជា​មោទនភាព​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​ដែល​ខ្វះខាត​ស្បៀងអាហារ ទៅជា​ប្រទេស​ផលិត​ស្រូវ​លើស​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក។ នៅក្នុង​វិស័យ​កសិកម្ម​នេះ​ផងដែរ ផ្នែក​ដំណាំ​បាន​ចូលរួម​ចំនួន13% ផ្នែក​ផលិតកម្ម​សត្វ​ចំនួន2.6%, ផ្នែក​ជលផល5.5% និង​ផ្នែក​ព្រៃឈើ1.6% ។

    ឯកឧត្តម​បន្ដថា៖ «ក្រៅពី​ផ្នែក​ដំណាំ ផ្នែក​ផលិតកម្ម​សត្វ​ក៏បាន​នឹង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​វិស័យ​កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ​ផងដែរ។ «នេះ​គឺ​ដោយសារ​ការចូលរួម​ពី​គម្រោង​ដៃគូ​អភិវឌ្ឍន៍ ដែលជា​កម្លាំងចលករ​មួយ​ជួយ​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​សម្រេច​ទៅបាន​តាម​ទិសដៅ​កំណត់»។

    លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានលើកឡើង​ដែរ​ថា ខេត្តសៀមរាប​ក្រៅពី​ជា​តំបន់​ទេសចរណ៍​ដែល​សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទ​ជាច្រើន ពិសេស​ប្រាសាទអង្គរវត្ត​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ហើយ​នោះ ខេត្ត​នេះ​ក៏មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​ផងដែរ។ «បច្ចុប្បន្ន​ខេត្តសៀមរាប មាន​កសិដ្ឋាន​ដាំ​ដុះ​បន្លែ​សរីរាង្គ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជាច្រើន​ដែល​កំពុង​ផ្គត់ផ្គង់​ដល់​សេចក្ដីត្រូវការ​នៅតាម​សណ្ឋាគារ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

    គួរ​កត់សម្គាល់ថា សិក្ខាសាលា​នេះ​ត្រូវបាន​គាំទ្រ និង​រៀបចំ​ក្រោម​កិច្ចសហការ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គំនិត​ផ្តួចផ្តើម​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ស្បៀង និង​កសិកម្ម​អាស៊ី ហៅ​កាត់ (អា​ហ្វា​ស៊ី-AFACI) នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ។ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង និង​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ជា​សមាជិក​ទាំង14 របស់​អា​ហ្វា​ស៊ី រួមមាន​ប្រទេស​កម្ពុជា សាធារណរដ្ឋ​កូរ៉េ គី​ហ្សី​ស្ថាន បង់​ក្លា​ដេ​ស ប៊ូ​តាន ហ្វីលីពីន ឥណ្ឌូនេស៊ី  នេ​ប៉ាល់ មី​យ៉ាន់​ម៉ា  ម៉ុង​ហ្គោ​លី ស្រីលង្កា ថៃ ឡាវ និង​វៀតណាម ។

    លោក​បណ្ឌិត ហ្សឹ​ង ហ្សូ​លី ប្រធាន​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សត្វ​នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែងថា៖ «សិក្ខាសាលា​នាពេលនេះ​ពិតជា​ផ្តល់ឱកាស​ក្នុងការ​ចែករំលែក​លទ្ធ​ផល​ការងារ និង​ពិភាក្សា​លើ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់​លើ​គម្រោង​ចំនួន២ គឺ​បច្ចេកទេស​កសិកម្មសរីរាង្គ និង​ធនធាន​ហ្សេ​នេ​ទិ​ក​សត្វ»។ លោក​ថ្លែងថា៖ «អា​ហ្វា​ស៊ី ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2009 ក្នុង​គោលបំណង​កែលម្អ​ផលិតកម្ម​ស្បៀង ពង្រឹង​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ជំរុញ​ការផ្លាស់ប្តូរ​បច្ចេកទេស និង​ព័ត៌មាន​រវាង​ប្រទេស​ជា​សមាជិក ដែល​ប្រទេស​កម្ពុជា គឺជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ដំបូង​គេ​រប​ស់អា​ហ្វា​ស៊ី»៕