Author: វល័ក្ខ

  • ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនអន្តរជាតិ VISA

    ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនអន្តរជាតិ VISA

    ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ VISA ក្រោមអធិបតី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនានាគារជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

    ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា គឺដើម្បីរួមចំណែកពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ជាឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិ និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីប្រតិបត្តិការទូទៅតាមបែបឌីជីថលបន្ទាប់ពីទាញយកកម្មវិធីទូទាត់បាគងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរស័ព្ទដៃ បន្ទាប់មកភ្ជាប់ជាមួយប័ណ្ណទូទាត់វីសាដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។

    ការភ្ជាប់កម្មវិធីទូទាត់បាគងទេសចរជាមួយមុខងារ VISA card connection នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់មួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចបញ្ចូលទឹកប្រាក់ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម តាមបែបឌីជីថលបានកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសរអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្តេន ខេអេច ឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤.៥ លានកន្លែង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះអាចសម្រេចទៅបានដោយយាមានការចូលរួមធ្វើសន្ធានកម្មពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

    លោក ឌិត សុចល ប្រធាននាយយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានលើកឡើងថា៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្មវិធីទូទាត់បាគងទេសចររបស់ធនាគារជាតិនៃកម្ពុជា និងប័ណ្ណទូទាត់វីសា ភ្ញៀវទេសចរអន្តរជាតិដែលមានប័ណ្ណទូទាត់វីសារអាចធ្វើប្រតិបត្តិការទូទាត់ងាយស្រួលនៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរដើម្បីស្កេនទូទាត់តាមរយៈខេអេចឃ្យូអរកូត។ នេះគឺជាជម្រើសថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុដោយមិនចាំបាច់ប្រើក្រដាសប្រាក់ ជាពិសេស ក្រដាសប្រាក់ចាស់ ទក់រហែក និងដើម្បីលើកតម្កើងការប្រើប្រាស់រូបិយវត្ថុជាតិយើង គឺប្រាក់រៀល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ”។

    លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានមានប្រសាសន៍ថា៖ នេះគឺជាសមិទ្ធផលសំខាន់មួយរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា ហើយរំពឹងទុកថានឹងមានសមិទ្ធផលជាច្រើនបន្តទៀត ស្របពេលដែលក្រុមហ៊ុនក៏កំពុងជំរុញការទូទាត់ជាឌីជីថលនៅកម្ពុជា។ កាលពីឆ្នាំមុន ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់កំណើនភ្ញៀវទេសចរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា ក្នុងការរួមចំណែកពង្រឹងចំណេះដឹងឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា មានសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីមួយនេះ។

    លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ ធនាគារជាតិនៃកម្ពុជា យល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍទៅមុខឥតឈប់ឈរនៅក្នុងទិដ្ឋភាពនៃការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ហេតុនេះហើយ ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយផ្តោតសំខាន់លើការធ្វើអន្តរប្រតិបត្តិការ និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ធុរជន និងភ្ញៀវទេសចរដែលអ្នកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

    លោកជំទាវបានបន្តថា តាមរយៈការធ្វើសមាហរណកម្មជាមួយនឹងប័ណ្ណទូទាត់វីសា អ្នកប្រើប្រាស់អាចភ្ជាប់ប័ណ្ណទូទាត់វីសាដែលមានស្រាប់របស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដោយមិនប្រើសាច់ប្រាក់បានកាន់តែងាយស្រួលតាមរយៈការស្កេនខេអេចយ្យូអរកូត។
    មុខងារនេះ នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយតម្រូវការសាច់ប្រាក់ ជារួមពង្រឹងបទពិសោធន៍ក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណទូទាត់អន្តរជាតិ វីសា នេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នសង្គម។ ការណ៍នេះ សរបញ្ជាក់អំពីជំហររបស់ប្រទេសកម្ពុជាក្នុងនាមជាជាតិសាសន៍ដែលមានការគិតឆ្ពោះទៅមុខ ស្របពេលដែលផ្តល់ឱ្យភ្ញៀវទេសចរអន្តរជាតិនូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕

  • តើឆ្នាំ២០២៤ ស្រីស្អាត​បំផុត​លើ​ពិភពលោកបានទៅលើអ្នកណាខ្លះ?

    តើឆ្នាំ២០២៤ ស្រីស្អាត​បំផុត​លើ​ពិភពលោកបានទៅលើអ្នកណាខ្លះ?

    តោះមកមើលថាតើស្រីស្រស់រូបណាខ្លះ​ដែល​បានជាប់ជាស្រីស្អាត​បំផុតនៅ​ក្នុង​ពិភពលោក ដែលមានទាំងសម្រស់ មានទាំងរូបរាងដ៏​ទាក់ទាញ​ ហើយថែមទាំងមាននូវសមត្ថភាពខ្ពស់ថែមទៀត។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្គាល់ពីឈ្មោះស្រីស្រស់របស់យើងដែលជាប់ជាស្រីស្អាតបំផុតនៅលើពិភពលោក ព្រមទាំងសមត្ថភាព ទេពកោសល្យរបស់ពួកគេ ដែលនាំឱ្យពួកគេបានទទួលនូវពានរង្វាន់ និងសមិទ្ធិផលនៅក្នុងវិស័យសិល្បៈ និងអាជីពរបស់ពួកគេជាច្រើនរាប់មិនអស់។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​នារី​ដែលស្រស់​ស្អាត​បំផុត​ក្នុង​ពិភពលោក ដោយ​យោង​តាមការដាក់ពន្ទុតាមបែប​វិទ្យាសាស្ត្រទំនើប៖

    1. Jodie Comer

    ប្រវត្តិរបស់ស្រីស្អាត Jodie Comer ដែលជាប់ចំណាត់ថ្នាក់លេខ1ជាស្រីដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំ2024 នាងកើតនៅថ្ងៃទី11 ខែ​មីនា ​ឆ្នាំ1993 នៅ Liverpool ចក្រភពអង់គ្លេស នាងមានកម្ពស់ 5ហ្វីត 8អ៊ីង (1.73ម៉ែត្រ) សញ្ជាតិអង់គ្លេស និងមានអាជីពជាតារាសម្តែងជនជាតិអង់គ្លេសដ៏ស្រស់សោភា។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ Tony (2023) – ជាតួស្រីនាំមុខគេក្នុងរឿង “Prima Facie”។
    • ពានរង្វាន់ Laurence Olivier – តារាសម្តែងល្អបំផុតសម្រាប់ “Prima Facie” (ការសម្តែងនៅភាគខាងលិច)។
    • ពានរង្វាន់ទូរទស្សន៍ BAFTA (ទី1)។
    • ពានរង្វាន់ទូរទស្សន៍ BAFTA (ទី2)។
    • និងពានរង្វាន់ Emmy – តួឯកស្រីឆ្នើមក្នុងរឿងភាគសម្រាប់តួនាទីរបស់នាងជា Villanelle ក្នុងរឿង “Killing Eve”។
    1. Zendaya

    ស្រីស្រស់ Zendaya ជាប់ជាស្រីស្អាតបំផុតលេខ2ប្រចាំឆ្នាំ២០២៤កន្លងទៅនេះ នាងកើតនៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ1996 នៅ Oakland រដ្ឋ California សហរដ្ឋអាមេរិក មានកម្ពស់1.78ម៉ែត្រ សញ្ជាតិអាមេរិក និងមានអាជីពជាតារាម៉ូដែល តារាចម្រៀង តួសម្តែងភាពយន្ត ផលិតករភាពយន្ត ផលិតករទូរទស្សន៍ និងអ្នករាំដ៏ល្បីឈ្មោះ។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ Primetime Emmy សម្រាប់តួឯកស្រីឆ្នើមក្នុងរឿងភាគ ក្នុងឆ្នាំ2020 និងឆ្នាំ2022 សម្រាប់ Euphoria។
    • ពានរង្វាន់ CFDA Fashion Icon Award 2021។
    • ពានរង្វាន់ Golden Globe សម្រាប់ការសម្តែងល្អបំផុតដោយតួសម្តែងក្នុងរឿងភាគទូរទស្សន៍ – រឿង 2023 Euphoria។
    • ពានរង្វាន់ MTV Movie & TV សម្រាប់ការសម្តែងល្អបំផុតនៅក្នុងកម្មវិធីឆ្នាំ2022 Euphoria។
    • ពានរង្វាន់តារាភាពយន្តវ័យក្មេង ដែលទទួលបានប្រជាប្រិយភាពខ្លាំងជាងគេប្រចាំឆ្នាំ2018 និងឆ្នាំ 2022។
    1. Bella Hadid

    Bella Hadid កើតនៅថ្ងៃទី09 ខែតុលា ឆ្នាំ1996 នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិកមានកម្ពស់ 5ហ្វីត 9អ៊ីង (1.75ម៉ែត្រ) សញ្ជាតិអាមេរិក និងមានអាជីពជាតារាម៉ូដែលដ៏ល្បីឈ្មោះ។

    ពានរង្វាន់ និងសមិទ្ធិផល

    • នៅខែមីនា ឆ្នាំ2016 Hadid បានឈ្នះពានរង្វាន់ “ម៉ូដែលប្រចាំឆ្នាំ” នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Fashion Front Row នៅទីក្រុង Los Angeles។
    • នៅខែមិថុនា ឆ្នាំ2016 Hadid បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាម៉ូដែលកំពូលទាំង50រូបរបស់ Models.com។
    • ក្នុងខែកញ្ញា នាងបានឈ្នះពានរង្វាន់ “ម៉ូដែលប្រចាំឆ្នាំ” នៅក្នុងកម្មវិធី GQ Men of the Year Awards នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
    • នៅក្នុងខែធ្នូ Models.com បានតែងតាំង Hadid សម្រាប់ពានរង្វាន់ជម្រើសរបស់អ្នកអានសម្រាប់ “ម៉ូដែលប្រចាំឆ្នាំ” និងជា “តារាប្រព័ន្ធផ្សព្វផ្សាយសង្គមប្រចាំឆ្នាំ”។
    1. Beyonce

    Beyonce នាងកើតនៅថ្ងៃទី04 ខែកញ្ញា ឆ្នាំ1981 នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាងមានកម្ពស់ 5ហ្វីត 6អ៊ីង (1.68ម៉ែត្រ) សញ្ជាតិអាមេរិក ហើយនាងមានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាអ្នកជំនួញជនជាតិអាមេរិក។

    ពានរង្វាន់ និងសមិទ្ធិផល

    • ពានរង្វាន់ Grammy ជាច្រើន រួមទាំងអាល់ប៊ុម R&B សហសម័យល្អបំផុត និងវីដេអូតន្ត្រីល្អបំផុត។
    • ពានរង្វាន់តន្ត្រី Billboard។
    • ពានរង្វាន់ MTV Video Music Awards។
    • ពានរង្វាន់តន្ត្រីអាមេរិក។
    • ពានរង្វាន់រូបភាព NAACP។
    • និងពានរង្វាន់អូស្ការ សម្រាប់បទចម្រៀងដើមល្អបំផុត។

    អានរឿង៖ បុរសសង្ហាបំផុតទាំង10 នៅលើពិភពលោក ក្នុងឆ្នាំ2024

    1. Ariana Grande

    នាងកើតនៅថ្ងៃទី26 ខែមិថុនា ឆ្នាំ1993 នៅទីក្រុង Boca Raton រដ្ឋ Florida សហរដ្ឋអាមេរិក មានកម្ពស់ 5ហ្វីត 3អ៊ីង (1.61ម៉ែត្រ) សញ្ជាតិអាមេរិក និងមានអាជីពជាតារាចម្រៀង អ្នកនិពន្ធចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក។

    ពានរង្វាន់ និងសមិទ្ធិផល

    • ពានរង្វាន់ Grammy រួមទាំងអាល់ប៊ុមចម្រៀងប៉ុបល្អបំផុត និងការសម្តែងទោលល្អបំផុត។
    • ពានរង្វាន់តន្ត្រី Billboard។
    • ពានរង្វាន់តន្ត្រីវីដេអូ MTV។
    • ពានរង្វាន់តន្ត្រីអាមេរិក។
    • ពានរង្វាន់ Brit។
    1. Taylor Swift

    ចំណាត់ថ្នាក់ស្រីស្អាតទី6បានទៅលើតារាចម្រៀងស្រីដ៏ល្បីឈ្មោះមិនចេះរីងស្ងួត Taylor Swift នាងកើតនៅថ្ងៃទី13 ខែធ្នូ ឆ្នាំ1989 នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក នាងមានកម្ពស់ 5ហ្វីត 10អ៊ីង (1.78ម៉ែត្រ) សញ្ជាតិអាមេរិក និងមានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែង។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ Grammy ជាច្រើន។
    • ពានរង្វាន់តន្ត្រីអាមេរិក។
    • ពានរង្វាន់តន្ត្រី Billboard។
    • ពានរង្វាន់សមាគមតន្ត្រីប្រទេស។
    • និងពានរង្វាន់តន្ត្រីវីដេអូ MTV ផងដែរ។
    1. Jourdan Dunn

    ស្រីស្អាត Jourdan Dunn នាងកើតនៅថ្ងៃទី03 ខែសីហា ឆ្នាំ1990 នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាងមានកម្ពស់ 5ហ្វីត 10អ៊ីង (1.78ម៉ែត្រ) សញ្ជាតិអង់គ្លេស ហើយ Jourdan Dunn មានអាជីពជាតារាម៉ូដែលជនជាតិអង់គ្លេស ដែលល្បីល្បាញដោយសារការងាររបស់នាងនៅក្នុងឧស្សាហកម្មបង្ហាញម៉ូដ។ នាង​បាន​ដើរ​លើ​កម្រាលព្រំពណ៌ក្រហម​សម្រាប់​អ្នក​ច្នៃ​ម៉ូដល្បីៗ និង​ម៉ាក​ល្បីៗ​ជា​ច្រើន ហើយ​បាន​បង្ហាញ​ខ្លួននៅ​ក្នុង​ទស្សនាវដ្ដី​ម៉ូដ​ល្បី​ៗ​ជា​ច្រើនថែម​ទៀតផង។

    ពានរង្វាន់ និងសមិទ្ធិផល

    • ឆ្នាំ2008 នាងទទួលបានពានរង្វាន់ម៉ូដសម្លៀកបំពាក់អង់គ្លេសសម្រាប់តារាម៉ូដែលប្រចាំឆ្នាំ។
    • នៅឆ្នាំ2013 ទទួលបានពាន Harper’s Bazaar Women of the Year- ម៉ូដែលប្រចាំឆ្នាំ។
    • ឆ្នាំ2015 ទទួលបានពានរង្វាន់បំផុសគំនិត Glamour Women of the Year។
    • ឆ្នាំ2015 ទទួលបានពានរង្វាន់ម៉ូដែលប្រចាំឆ្នាំសម្រាប់ម៉ូដសម្លៀកបំពាក់អង់គ្លេស។
    • ឆ្នាំ2016 ទទួលបានពានរង្វាន់ Elle Style – Style Influencer of the Year។
    • និងឆ្នាំ2017 នាងក៏ទទួលបានពានរង្វាន់ Glamour Women of the Year និង Entrepreneur of the Year ផងដែរ។
    1. Kim Kardashian

    Kim Kardashian ស្រីស្អាតបំផុតទី8 ប្រចាំឆ្នាំ2024 នាងបានកើតនៅថ្ងៃទី21 ខែតុលា ឆ្នាំ1980នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក នាងមានកម្ពស់ 5ហ្វីត 2អ៊ីង (1.57ម៉ែត្រ) មានសញ្ជាតិអាមេរិក។ Kim Kardashian គឺជាពិធីការិនីទូរទស្សន៍ អ្នកជំនួញ និងអ្នកសង្គមវិទ្យា ហើយនាងក៏​មាន​ជំនួញ​ផ្សេង​ៗ រួម​ទាំង​ជំនួញ​គ្រឿង​សម្អាង និង​គ្រឿង​ក្រអូប​ផ្ទាល់​ខ្លួនរបស់នាងផងដែរ។

    ពានរង្វាន់ និងសមិទ្ធិផល

    • ពាន​រង្វាន់​ជម្រើស​យុវវ័យ​សម្រាប់​ជម្រើស​ទូរទស្សន៍​នារី​ Reality Star ឆ្នាំ2013 ឆ្នាំ2012 និងឆ្នាំ2011។
    • ពានរង្វាន់ Glamour សម្រាប់សហគ្រិនឆ្នាំ2011។
    • ពានរង្វាន់ជម្រើសប្រជាជនសម្រាប់រូបតំណាងម៉ូដឆ្នាំ2021។
    • ពានរង្វាន់ជម្រើសប្រជាជនសម្រាប់តារាទូរទស្សន៍ដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ2012។
    • ពានរង្វាន់ CFDA Influencer Award ឆ្នាំ2018។
    • ពានរង្វាន់ MTV Movie & TV សម្រាប់ការប្រកួតល្អបំផុត-ល-។
    1. Deepika Padukone

    Deepika Padukone កើតនៅថ្ងៃទី05 ខែ​មករា ​ឆ្នាំ1986 នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក នាងមានកម្ពស់ 5ហ្វីត 9អ៊ីង (1.74ម៉ែត្រ) មានសញ្ជាតិឥណ្ឌា ហើយស្រីស្រស់ Deepika Padukone គឺជាតារាសម្តែង និងជាផលិតករជនជាតិឥណ្ឌា។ នាង​ជា​តារា​សម្ដែង​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​ និងជាតារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ឥណ្ឌា។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ភាពយន្តជាច្រើន រួមទាំងជាប់ជាស្ត្រីឆ្នើម និងជាតារាសម្ដែងឆ្នើមផងដែរ។
    • ពានរង្វាន់ភាពយន្តជាតិសម្រាប់តារាសម្តែងឆ្នើម។
    • ពានរង្វាន់ International Indian Film Academy (IIFA) ជាច្រើន។
    • Padma Shri ពានរង្វាន់ស៊ីវិលខ្ពស់បំផុតទីបួនរបស់ប្រទេសឥណ្ឌា។
    • និងជាប់ក្នុងចំណោម100នាក់ ជាបុគ្គលឆ្នើម និងមានឥទ្ធិពលបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ2018។
    1. Ho Yeon Jung

    ស្រីស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ2024 ចុងក្រោយបានទៅលើ Ho Yeon Jung នាងកើតនៅថ្ងៃទី22 ខែ មេសា ឆ្នាំ1994 នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាងមានកម្ពស់ 5ហ្វីត 8អ៊ីង (1.73ម៉ែត្រ) សញ្ជាតិកូរ៉េខាងត្បូង ហើយ Ho Yeon Jung គឺជាតារាសម្ដែង និងជាតារាម៉ូដែលកូរ៉េខាងត្បូងដ៏ល្បីល្បាញ។

    ពានរង្វាន់ និងសមិទ្ធិផល

    • Ho Yeon Jung ទទួលបានពានរង្វាន់ Blue Dragon Series Awards ឆ្នាំ2022 សម្រាប់តារាសម្តែងថ្មីល្អបំផុត។
    • ពានរង្វាន់ Super Awards 2022 របស់ Critics’ Choice សម្រាប់តួសម្តែងល្អបំផុតនៅក្នុងរឿងភាព។
    • ពានរង្វាន់ Director’s Cut Awards 2022 សម្រាប់តារាស្រីឆ្នើមក្នុងរឿងភាគ។

    ស្រស់ស្អាតអត់អ្នកទាំងអស់គ្នា សម្រាប់តារាស្រីស្រស់សោភាបំផុតលើពិភពលោកប្រចាំឆ្នាំ2024 ទាំង10រូបខាងលើនេះ? តើលោកអ្នកស្រឡាញ់ និងគាំទ្រស្រស់ស្រស់រូបណាជាងគេដែរ? នៅក្នុងចំណោមម្ចាស់ជ័យលាភីទាំង10រូបនេះក៏មាន Idol របស់អ្នកសរសេរដែរ ស្អាត ឆ្លាត និងភេញដោយសមត្ថភាព ពិតជាគួរឱ្យស្ញើចសរសើរពិតមែន!៕

  • គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលផ្អែមល្ហែមបំផុតក្នុងឆ្នាំ២០២៤

    គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលផ្អែមល្ហែមបំផុតក្នុងឆ្នាំ២០២៤

    រឿង​ស្នេហាផ្អែមល្ហែមដូចទឹកឃ្មុំ​មិន​មែនមានតែ​នៅក្នុងសាច់រឿងដែលគេចាក់​បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍នោះ​ទេ នៅក្នុងជីវិតពិតក៏មានដែរ ដូចជា​តារា​ថៃ​ជា​ច្រើនគូដែលពួកគេបានរកឃើញដៃគូដ៏ស័ក្តិសម និងស្មោះស្ម័គ្ររបស់ពួកគេ ហើយជីវិតស្នេហារបស់ពួកគេកំពុងតែបញ្ចេញពន្លឺពណ៌ស៊ីជំពូយ៉ាងភ្លឺចិញ្ចាច គឺថាពួកគេស្រឡាញ់គ្នាយ៉ាងស្អិតរមួតនៅ​ក្នុង​ជីវិត​ពិតរបស់ពួកគេ តួយ៉ាងដូចជាគូស្នេហ៍ទាំង៩គូនេះចឹង សេ្នហារបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អ និងផ្អែមល្ហែមឡើងរហូតធ្វើឱ្យទស្សនិកជន ក៏ដូចជា Fans Fans ទាំងអស់នឹកច្រណែនពួកគេជាខ្លាំង។ សូមក្រឡេកមកមើលមើល៎គូស្នេហ៍គំរូប្រចាំឆ្នាំ២០២៤បានទៅគូណាខ្លះ ហើយរឿងរ៉ាវស្នេហារបស់ពួកគេដូចម្តេចដែរ បានជាអាចឆក់យកបេះដូងអ្នកគាំទ្រខ្លាំងដល់ថ្នាក់នេះ។

    គូស្នេហ៍ទី១. Nadech Kugimiya និង Yaya Urassaya

    មិនចំឡែកចិត្តទេ ដែលគូស្នេហ៍ដំបូងគេដែលជាប់ឈ្មោះថាជាគូស្នេហ៍ដ៏ស័ក្តិសម និងផ្អែមល្ហែមមិនចេះចុះថយ និងបានឆក់យកបេះដូងអ្នកគាំទ្រប្រចាំឆ្នាំ២០២៤ ជាគូស្នេហ៍របស់តួឯកប្រុសរូបសង្ហា Nadech Kugimiya ជាមួយនិងតួឯកស្រីដ៏ល្បីឈ្មោះ Yaya Urassaya នោះ ព្រោះថាគូស្នេហ៍មួយគូនេះជាសំណព្វចិត្តរបស់ទស្សនិកជនទូទាំងប្រទេសថៃ និងប្រទេសនៅក្នុងតំបន់អាស៊ីនេះហើយ ហើយក៏ជាគូស្នេហ៍តារាល្បីដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យសិល្បៈថៃផងដែរ។ កាលពីឆ្នាំ២០២៣ Nadech បានស្នើសុំមិត្តស្រីរបស់ខ្លួនរៀបការរួចស្រេចហើយ ដោយរឿងនេះបានបំពេញនូវក្តីសុបិនរបស់អ្នកគាំទ្ររបស់ពួកគេពេញៗតែម្តង ព្រោះថាអ្នកគាំទ្រទាំងអស់ពិតជាចង់ឃើញ Idol ទាំង២របស់ពួកគេដើរចូលរោងការជាមួយគ្នាឆាប់ៗនេះ។ ស្រីស្រស់ Yaya ក៏បានបង្ហើបប្រាប់មកថា នាងមានគម្រោងរៀបការជាមួយ Nadech នៅក្នុងឆ្នាំ២០២៦ខាងមុខនេះហើយ ហើយនេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ពួកគេទាំងពីរ។

    គូស្នេហ៍ទី២. Mark Prin និង Kimmy Kimberley

    រឿង​រ៉ាវស្នេហា​​របស់គូស្នេហ៍មួយគូនេះវិញគឺប្រៀបដូចជាផ្ការីកគ្រប់រដូវអីចឹង ដោយពួកគេទាំង២នាក់បានផ្តើមស្នេហ៍នៅលើ​កញ្ចក់​ទូរទស្សន៍​ នៅពេល​ពួក​គេ​បានសហការ​​ថត​រឿងភាគជាគូនឹងគ្នា​។ Mark Prin និង Kimmy Kimberley បាន​ចង​ចំណង​អាពាហ៍ពិពាហ៍នៅឯ​ប្រទេស​អ៊ីតាលីរួចរាល់ហើយកាលពីចុងឆ្នាំ២០២៤កន្លងទៅនេះ ដោយ​ពួកគេបានរៀបចំ​ពិធីរៀប​មង្គលការរបស់ពួកគេ​តាមបែបដូច​វេទមន្តអីចឹង ប្លែក ស៊ីវីល័យ និងស្រស់ស្អាតខ្លាំងណាស់។ តាមរយៈបទ​សម្ភាសន៍​ចុង​ក្រោយ​របស់​លោក Mark Prin ​លោកបាន​ប្រាប់ពីគម្រោងជីវិតគូរបស់ខ្លួន​ថា ពួកគេ​គ្រោង​នឹងយក​កូន​​នៅ២ឆ្នាំ​ខាង​មុខនេះ។

    គូស្នេហ៍ទី៣. James Jirayu និង Foam

    James Jirayu បានបង្កាត់ភ្លើង​ស្នេហ៍ដ៏សាមញ្ញ តែបង្កប់ដោយភាពរ៉ូមែនទិក​ជាមួយស្រីស្អាត​ Foam ដែល​មិន​មែនជា​តារា​ល្បីនៅក្នុងវិស័យសិល្បៈនោះទេ។ បន្ទាប់ពីមានទំនាក់ទំនងស្នេហា និងស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល១០ឆ្នាំ តារាសម្តែងរូបនេះបានស្នើសុំមិត្តស្រីរបស់គាត់រៀបការនៅចុងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ ដែលអង្រួនចិត្តអ្នកគាំទ្រឱ្យរំភើបញាប់ញ័រជាមួយនឹងស្នេហាដ៏ស្មោះស្ម័គ្ររបស់អ្នកទាំង២មិនតិចនោះទេ។

    គូស្នេហ៍ទី៤. Tono Pakin និង Nychaa Nattanicha

    ស្នេហារបស់ Tono Pakin និង Nychaa Nuttanicha កើតឡើងពីភាពស្និតស្នាល និងយល់ចិត្តគ្នានៅពេលពួកគេបាន​ថត​រឿងជាមួយគ្នា ដែលសាច់រឿងផ្តើមស្នេហ៍របស់អ្នកទាំង២គឺជារឿង “កាមទេព ស៊ន កុល” ហើយពួកគេ​បានសាងទំនាក់ទំនងស្នេហាដ៏ស្អិតរមួតជាមួយ​គ្នានេះ​អស់​រយៈពេល៧ឆ្នាំ​មក​ហើយ ប៉ុន្តែកញ្ញារូបស្រស់ Nychaa បានបញ្ជាក់​ថា បច្ចុប្បន្ន​អ្នកទាំង២នៅ​មិន​ទាន់មាន​គម្រោង​រៀបការជាមួយគ្នានៅឡើយទេ។

    គូស្នេហ៍ទី៥. Mario Maurer និង Junji Junjira

    តួឯកប្រុសមុខក្មេងមិនចេះចាស់ Mario Maurer និងស្រីស្អាត Junji Junjira បានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយពួកគេបានធ្វើការជាមួយគ្នាយ៉ាងរលូននៅក្នុងពិភពសិល្បៈ នៅក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមមួយ ហើយពួកគេក៏ជាដៃគូពិភាក្សាដ៏ល្អសម្រាប់គ្នាផងដែរ ពួកគេទាំងពីរគឺជាគូស្នេហ៍ដ៏យល់ចិត្តគ្នា និងតែងតែជួយគាំទ្រគ្នាទៅវិញទៅមក។

    គូស្នេហ៍ទី៦. Will Chawin និង Bella Ranee

    អ្នកជំនួញវ័យក្មេង លោក Will Chawin និងតួឯកស្រីមុខស្រទន់មានមន្តស្នេហ៍ កញ្ញា Bella Ranee បានជួប​គ្នា​ពេល​ធ្វើ​ដំណើរ ដោយសាច់រឿងស្នេហារបស់អ្នកទាំងពីរប្រៀបដូចជារឿងនិទានស្នេហាដ៏សែនរ៉ូមែនទិកអីចឹង គឺរឿង ចៃដន្យជួបស្នេហ៍ ដែលតួប្រុសជួបជាមួយខាងស្រីដែលជាតារាល្បីឈ្មោះតែមិនស្គាល់ថានាងជាអ្នកណា ល្បីប៉ុណ្ណានោះទេ ហើយពួកគេក៏ចាប់ផ្តើមមានចិត្តលើគ្នា ចាប់អារម្មណ៍ចំពោះគ្នារហូតឈានដល់ការណាត់ជួប និងស្វែងយល់ចិត្តគ្នាបានមួយរយៈហើយ ហើយថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើដំណើរកម្សាន្តជាមួយបុរសសង្ហាជាគូស្នេហ៍ទៅកាន់ប្រទេសជប៉ុន ដើម្បីធ្វើបុណ្យជុំសាច់ញាតិបងប្អូនថែមទៀតផង គឺពិតជាស្វីតមែនទែនស្នេហាមួយគូនេះ។

    គូស្នេហ៍ទី៧. Alek Teeradetch និង Bow Maylada

    តួឯកប្រុសមុខមានមន្តស្នេហ៍ លោក Alek Teeradetch និងកញ្ញារូបស្រស់ Bow Maylada បានចាប់​ផ្ដើម​ទំនាក់​ទំនងស្នេហាជាមួយគ្នា​កាល​ពី​៣​ឆ្នាំ​មុន នៅពេលពួកគេបាន​ថត​វីដេអូ​ចម្រៀងជាគូនឹងគ្នា។ ភាពលេងសើចច្រើន ភាព​រីករាយ និងភាពក្រមិចក្រមើម​របស់​គូស្នេហ៍មួយគូនេះ បានធ្វើ​ឱ្យ​ពួក​គេ​ក្លាយទៅជា​គូស្នេហ៍​ដ៏​គួរ​ឱ្យ​ស្រឡាញ់ និងគួរឱ្យច្រណែនបំផុតនៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ​!

    គូស្នេហ៍ទី៨. Boy Pakorn និង Faye Pornpawee

    Boy Pakorn និង Faye Porhpawee បាន​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​អស់​រយៈពេល៣ឆ្នាំ​មក​ហើយ។នៅក្នុងបទសម្ភាសន៍ជាមួយ Faye កាលពីខែមេសាកន្លងទៅនេះ នាងបានប្រាប់ថា ពួកគេទាំងពីរនៅមិនទាន់មានគម្រោងរៀបការជាមួយគ្នានៅពេលនេះទេ ទោះជាស្នេហារបស់ពួកគេផ្អែមល្ហែមស្ទើស្រមោចរោមក៏ដោយ។

    គូស្នេហ៍ទី៩. Nonkul Chanon និង Aff Taksaorn

    គូស្នេហ៍មួយគូនេះបានជួបគ្នានៅក្នុងខ្សែភាពយន្តភាគដ៏ល្បីនាឆ្នាំ២០២៣ ដែលមានចំណងជើងថា “ស្វែងរកខ្លួនឯង”។ ថ្មីៗនេះ លោក Nonkul Chanon បានប្រកាសនៅក្នុងកិច្ចសម្ភាសន៍ចុងក្រោយរបស់លោកថា លោកគ្រោងនឹងរៀបការជាមួយ Aff Taksaorn ក្នុងរយៈពេល3ឆ្នាំខាងមុខនេះ បើទោះបីជាស្នេហារបស់ពួកគេមានវ័យខុសគ្នាខ្លាំងបន្តិចក៏ដោយ តែសំខាន់ពួកគេស្រឡាញ់គ្នា និងចង់នៅជាមួយគ្នាគ្រប់ពេលវេលា។

    ស្វីតអត់អ្នកទាំងអស់គ្នា ហើយចុះអ្នកអានយើងវិញ តើស្រឡាញ់ពេញចិត្តគូស្នេហ៍មួយគូណាជាងគេដែរ? អាច Comment និងស្រមៃចង់បានគូស្នេហ៍ដ៏ផ្អែមល្ហែមដូច Idol យើងទាំង៩គូនេះបានណា៎!៕

    អានបន្តគូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្រេចចិត្ត​ចែកផ្លូវ​គ្នាក្នុងឆ្នាំ២០២៤

  • រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅក្នុងប្រទេសជប៉ុន

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅក្នុងប្រទេសជប៉ុន

    (ហ៊ីមេជី, ជប៉ុន) ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ជាមួយបណ្តាប្រទេសនានាលើពិភពលោកសរុបប្រមាណ ១៦០ប្រទេស។

    ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥។

    កិច្ចប្រជុំ IPM 2025 នេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ ACREA ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម ITO Yoshitaka រដ្ឋមន្រ្តីសម្រាប់ពិព័រណ៍ពិភពលោក២០២៥ ឯកឧត្តម HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា និង ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions) ព្រមទាំង ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ សរុបប្រមាណ ៦០០នាក់ មកពី១៦០ប្រទេស ។

    កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ និងដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ ព្រមទាំងឯកសារណែនាំនានាអំពីដំណើរការនៃការរៀបចំរចនាពន្លាជាតិ គម្រោងរៀបចំទិវាជាតិនិងព្រឹត្តិការណ៍នានា ការប្រតិបត្តិក្នុងពេលដំណើរការពិព័រណ៍និងកាលកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ។

    គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ក្រោមប្រធានបទរួមគឺ “រៀបចំសង្គមសម្រាប់អនាគត ដើម្បីជីវិតរស់នៅ” (Designing Future Society for Our lives) ដែលមានប្រធានបទរងចំនួន ៣គឺ៖ ១.ការសង្គ្រោះជីវិត ២. ការបង្កើនភាពអង់អាចដល់ជីវិត និង៣. ការភ្ជាប់ទំនាក់ទំនងជីវិត។

    ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសយកប្រធានបទរងទី១ “ការសង្គ្រោះជីវិត” និងជ្រើសរើសយកពន្លាជាតិប្រភេទ B ទំហំ ៣០០ម៉ែត្រការ៉េ ស្ថិតនៅទីតាំងលេខ BS3 សម្រាប់ការចូលរួមពិព័រណ៍នេះ ដោយនឹងសម្ពោធ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃរៀបចំទិវាជាតិកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

  • ខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ប្រទេសចិន ចុះ MOU គាំទ្រគម្រោងវិនិយោគលើវិស័យដាំដុះ និងចិញ្ចឹមសត្វ

    ខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ប្រទេសចិន ចុះ MOU គាំទ្រគម្រោងវិនិយោគលើវិស័យដាំដុះ និងចិញ្ចឹមសត្វ

    ខេត្តស្ទឹងត្រែង ៖ ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យអាទិភាព ជាពិសេសការដាំដុះដំណាំ និងការចិញ្ចឹមសត្វ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន មកពីប្រទេសចិន បានចុះអនុស្សរណៈយោគយល់គ្នា (MOU) បន្ទាប់ពីបង្ហាញពីគោលបំណងដាក់ទុនវិនិយោគលើវិស័យខាងលើនេះ ដែលមានភូមិសាស្ត្រស្ថិតនៅខេត្តស្ទឹងត្រែងតែម្ដង។

    លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាស បានដឹកនាំប្រតិភូនៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ទៅដល់ឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និងបានទៅដល់ដីចំការមួយកន្លែងទៀតនៅចំនុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ដើម្បីពិនិត្យលើដីចំការស្វាយកែវល្មៀត និងស្វាយចន្ទី ហើយបានជីកយកដីដើម្បីយកទៅពិនិត្យនៅប្រទេសចិន ។ ការយកដីទៅពិនិត្យនេះ គឺចង់ដឹងថាដីនេះត្រូវការប្រើប្រាស់សារធាតុ និងជីប្រភេទណាខ្លះដើម្បីបំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ ជៀសវាងកសិករប្រើប្រាស់ជីកសិកម្មមិនសមស្របធ្វើឱ្យខូចដីទាំងស្រុងនាពេលអនាគត់។

    សូមរំលឹកដែរថា កាលពីពេលថ្មីៗនេះប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចនៅប្រទេសចិន និងឈានទៅរកកិច្ចទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយវិនិយោគិនចិន ដើម្បីទាក់ទាញក្រុមហ៊ុនចិនមកបណ្តាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែង ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត។

    ក្រៅពីនេះ កាលពីថ្មីៗកន្លងទៅ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីររ៉ែ និងថាមពល និងមន្ទីរបរិស្ថាន ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនជាច្រើន ដូចជា Wengfu Zijin Chemical Co., Ltd. ការដ្ឋានរ៉ែមាស និងរោងចក្រផលិតមាសរបស់ក្រុមហ៊ុន ZIJIN, ក្រុមហ៊ុនផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ, ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ និងសម្ភារៈបង្គុំ, ក្រុមហ៊ុនផលិតថាមពលអគ្គីសនីដោយខ្យល់ធម្មជាតិតាមរយៈកង្ហាល់, សិប្បកម្មកែច្នៃថ្មម៉ាប, ក្រុមហ៊ុនបញ្ជាទិញ Uptop ព្រមទាំងទស្សនកិច្ចនៅរោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន HE TAI XING BAG CO.,LTD, និងរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Huata (Fujian) Sports Goods Development Co.,Ltd.ផងដែរ៕

  • ឆ្នាំ២០២៤ កម្ពុជា ទទួលបានទុនវិនិយោគសរុបជិត ៧០០០លានដុល្លារ លើគម្រោងចំនួន ៤១៤ គម្រោង

    ឆ្នាំ២០២៤ កម្ពុជា ទទួលបានទុនវិនិយោគសរុបជិត ៧០០០លានដុល្លារ លើគម្រោងចំនួន ៤១៤ គម្រោង

    ភ្នំពេញ ៖ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធុការ បានទទួលគម្រោងវិនិយោគមកពីក្រៅប្រទេស និងអ្នកវិនិយោគនៅក្នុងប្រទេស សរុបចំនួន ៤១៤ គម្រោង ដែលមានទុនសរុបរហូតជិតដល់ ៧០០០លានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។

    តាមរយៈសេចក្ដីប្រកាសដដែលនេះបានបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។

    ជារួម ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២០០០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

    ក្នុងឆ្នាំ២០២៤ ដដែលនេះ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះមានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

    ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារអាម៉េរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

  • ត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥ មានគម្រោងចំនួន១៧ មានទុនសរុប ១៥០លានដុល្លារ ស្នើសុំចុះបញ្ជីដំណើរការវិនិយោគនៅកម្ពុជា

    ត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥ មានគម្រោងចំនួន១៧ មានទុនសរុប ១៥០លានដុល្លារ ស្នើសុំចុះបញ្ជីដំណើរការវិនិយោគនៅកម្ពុជា

    ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥ នេះ មានគម្រោងចំនួន ១៧ ជាមួយនឹងទុនសរុបប្រមាណ ១៥០លានដុល្លារ បានស្នើចុះបញ្ជី សុំសេចក្ដីអនុម័តពីរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបានដំណើរការវិនិយោគនៅកម្ពុជា។ តាមរយៈគម្រោងទាំងនេះអាចបង្កើតឱកាសការងារបានប្រមាណ ៩០០០កន្លែង

    តាមទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី១ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

    គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួនប្រមាណ ៩០០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

    គួររំលឹកដែរថា ក្រោមបរិយាកាសនៃស្ថិរភាពនយោបាយ សន្តិសុខសង្គម ជាពិសេស គោលនយោបាយអនុគ្រោះ និងទាក់ទាញអ្នកវិនិយោគ ស្របជាមួយនឹងយុទ្ធនាការដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» ក្រោមសកម្មភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាបានទាក់ទាញបានបណ្តាក្រុមហ៊ុនអន្តរជាតិយ៉ាងចូលមកបណ្តាក់ទុននៅកម្ពុជា។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលមានទុនសរុបប្រមាណ ៦, ៩ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។

    ក្នុងឆ្នាំ២០២៤ នេះផងដែរ ចំពោះវិស័យឧស្សាហកម្មនៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤ ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣៕

  • រឿង​ដែល​អ្នក​ម្តាយ​ត្រូវ​ដឹង… តើ​រាងកាយ​កូនតូច​ត្រូវការ​ទឹក​ច្រើន​ប៉ុនណា?

    រឿង​ដែល​អ្នក​ម្តាយ​ត្រូវ​ដឹង… តើ​រាងកាយ​កូនតូច​ត្រូវការ​ទឹក​ច្រើន​ប៉ុនណា?

    ក្មេងតូចៗខ្លះ​បៅ​ទឹកដោះ​ហើយ​មិន​ញ៉ាំ​ទឹក ក្មេង​ខ្លះ​ញ៉ាំទឹកតែ​បន្តិចបន្តួច មួយថ្ងៃ​មិន​ទាំង​ដល់​មួយ​កែវ​ផង រហូត​អ្នក​ម្តាយ​អាច​នឹក​កង្វល់​ថា បើ​បែប​ហ្នឹង តើ​កូន​នឹង​បានទទួល​ជាតិ​ទឹក​គ្រប់គ្រាន់​ដែរឬទេ?

    ទឹក នៅក្នុង​ទីនេះ​មានន័យ​អំពី​វត្ថុ​រាវ​ដែល​រាងកាយ​ត្រូវការ ដែល​ក៏​រួមទាំង​ទឹកដោះ និង​ទឹក​ផ្លែឈើ​ផងដែរ។ ក្នុងមួយថ្ងៃៗកូន​ត្រូវការ​វត្ថុ​រាវ​ប្រមាណ​ជា15%នៃ​ទម្ងន់​ខ្លួន ដូចជា កូនតូច​មាន​ទម្ងន់​ខ្លួន10គីឡូក្រាម ដូច្នេះ​កូន​នឹងត្រូវ​ការ​វត្ថុ​រាវ = 0 . 15 X 10 = 1 លិ​ត្រក​ន្លះ ដូច្នេះ​ស្មើនឹង​ក្នុង1ថ្ងៃ​កូន​គួរ​បានទទួល​ទឹកដោះ 960មី​ល្លី​លិ​ត្រ ទឹក​ផ្លែឈើ 60-120មី​ល្លី​លិ​ត្រ និង​ទឹកបរិសុទ្ធ 60មី​ល្លី​លិ​ត្រ និង​ចំណែក​ដែល​នៅសល់ កូន​នឹង​បានទទួល​អំពី​អាហារ​បន្ថែម​ក្នុងពេលនីមួយៗទៀតផង។

    ដូច្នេះ​បើ​រាប់​ទឹកដោះ​ជា​ចំណែក​មួយ​របស់​ជាតិ​ទឹក​ដែល​រាងកាយ​កូន​ត្រូវការ​ហើយ​នោះ ក៏​មិនចាំបាច់​ទៅ​បារម្ភ​ថា កូន​នឹង​បានទទួល​ជាតិ​ទឹក​មិន​គ្រប់គ្រាន់​នោះទេ តែ​មូល​ហេតុដែល​ពេល​ឱ្យ​កូន​មឹ​ម​ទឹកដោះ​ហើយ គួរឱ្យ​កូន​មឹ​ម​ទឹក​ផង​នោះ គឺជា​ការបង្ហាត់​ឱ្យកូន​ចេះ​ញ៉ាំ​ទឹកស្អាត​បរិសុទ្ធ ហើយ​ដែល​សំខាន់​នោះ ជា​ការលាង​សម្អាត​កំណក​ទឹកដោះ​ដែល​ប្រឡាក់​ជាប់​នៅក្នុង​ប្រអប់មាត់​ផងដែរ។

    ទឹកស្អាត…ចាប់ផ្តើម​នៅពេលណា​ល្អ?
    គួរ​ចាប់ផ្តើម​តាំងពី​ពេល​កើត​ដំបូង ចូរ​ឱ្យ​មឹ​ម​ក្រោយពេល​បៅ​ទឹកដោះរួច ឬ​ក្នុងអំឡុងពេល​បៅ​ទឹកដោះ​ក៏បាន ជាពិសេស​ក្នុងអំឡុងពេល​ចាប់ផ្តើម​ឱ្យ​អាហារ​បន្ថែម គួរ​បញ្ចុក​ទឹកស្អាត​ឱ្យ​កូន​ញ៉ាំ​ក្នុងអំឡុងពេល​បញ្ចុក​អាហារ​ផង ដោយ​ចាប់ផ្តើម​ឱ្យ​ញ៉ាំ​ប្រមាណ​ជា 1ស្លាបព្រា​កាហ្វេ​ជាមុនសិន និង​បន្ទាប់ពី​ញ៉ាំ​អាហារ​រួច (និង​មុន​ឱ្យ​បៅ​ទឹកដោះ) រួចហើយ​សឹម​បង្កើន​ជាបណ្តើរៗឱ្យបាន​បរិមាណ120-180មី​ល្លី​លិ​ត្រ​ក្នុង​មួយថ្ងៃ។ អ្វីដែល​សំខាន់​នោះ គួរឱ្យ​កូនតូច​ញ៉ាំ​ទឹក​ដែល​ដាំ​ឆ្អិន​ល្អ​បំផុត និង​គួរ​ប្តូរ​
    ទឹក​ញឹកញាប់​មុននឹង​ឱ្យ​កូនបៅ។ ទឹក​ដាំ​ឆ្អិន​ដែល​ឱ្យ​កូនបៅ​គួរ​រក្សាទុក​ក្នុង​ទូទឹកកក ព្រោះ​នឹង​ជួយ​បញ្ឈប់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​បាន តែ​មិនគួរ​រក្សាទុកលើសពី1-2ថ្ងៃ​ទេ។

    ទឹក​ផ្លែឈើ… ក៏​សំខាន់ប៉ុនៗគ្នា​ដែរ
    ទឹក​ផ្លែឈើ​ជា​ចំណែក​មួយ​របស់​ជាតិ​ទឹក​ដែល​ចាំបាច់​ដល់​រាងកាយ​របស់​កូន គួរ​ចាប់ផ្តើម​ឱ្យ​កូនតូច​ញ៉ាំ​ទឹក​ផ្លែឈើ​នៅពេល​មាន​អាយុ 6-7ខែ​ឡើងទៅ។ គួរ​ជ្រើសរើស​ផ្លែឈើ​ដែលមាន​រសជាតិស្រាលៗជាមុនសិន ដូចជា ផ្លែ​ប៉ោម ទំពាំងបាយជូរ និង​ល្ហុង​ទុំជាដើម ហើយ​រឿង​ភាព​ស្អាត​មាន​អនាម័យ​គឺជា​រឿង​សំខាន់ ចូរ​ប្រយ័ត្ន​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​នៅជាប់​សេសសល់​លើ​ផ្លែឈើ​នោះ​ឱ្យបាន​ខ្លាំង​ផង (គួរ​យកទៅ​ត្រាំ​ទឹក​ទុកចោល​ប្រមាណ​ជា15-20នាទី មុននឹង​យកទៅ​ច្របាច់ ឬ​ក្រឡុក​ឱ្យ​កូន​
    ញ៉ាំ) និង​នៅពេល​ច្របាច់ ឬ​ក្រឡុក​ហើយភ្លាមថ្មីៗ គួរឱ្យ​កូន​ញ៉ាំ​តែម្តង បន្ទាប់ពីនោះ​ចូរ​ឱ្យ​ញ៉ាំ​ទឹកស្អាត​តាម​ក្រោយ​គ្រប់ពេល ដើម្បី​លាង​កំណក​ជាតិ​ស្ករ​ដែល​នៅជាប់​តាម​ជើងធ្មេញ និង​ក្នុង​ប្រអប់មាត់។

    សូម​កុំភ្លេចថា បរិមាណ​របស់​ទឹក​ផ្លែឈើ​ដែល​ឱ្យ​កូនតូច​ញ៉ាំ​ក្នុងមួយថ្ងៃៗនោះ មិនគួរ​លើសពី90-120មី​ល្លី​លិ​ត្រ​ឡើយ បើសិនជា​ច្រើនជាងនោះ នឹងមាន​ផល​មិនល្អ​តាម​មក គឺ​នឹង​ធ្វើឱ្យ​កូនតូច​បៅ​ទឹកដោះ​បាន​តិច ព្រោះ​ទឹកដោះ​មានគុណ​ប្រយោជន៍​ចំពោះ​រាងកាយ​របស់​កូនតូច​ខ្លាំងជាង​ទឹក​ផ្លែឈើ​ច្រើនណាស់ ហើយ​មិនអាច​ជំនួស​គ្នា​បានឡើយ។ មាន​លោកឪពុក​អ្នក​ម្តាយ​ខ្លះ​ប្រើ​វិធី​ដាក់​ស្ករស​ទៅក្នុង​ទឹក​សម្រាប់​ឱ្យ​កូនតូច​ញ៉ាំ ដើម្បី​ជួយ​ឱ្យ​កូន​ញ៉ាំ​ទឹកស្អាត​ឱ្យបាន​ច្រើនឡើង តែ​វិធី​នេះ​ត្រូវបាន​
    ហាម​ដាច់ខាត ព្រោះ​ក្រៅពី​នឹងធ្វើ​ឱ្យ​កូន​ញៀន​ជាតិ​ផ្អែម​ហើយ មេរោគ​ក៏​ចូលចិត្ត​ស្ករ​ដូចគ្នា​ដែរ ធ្វើឱ្យ​វា​មានឱកាស​បង្កើន​ចំនួន​ច្រើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងពេល​ដ៏​ខ្លី។

    ពេល​ឱ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ គួរឱ្យ​ញ៉ាំ​ពី​កែវ ព្រោះ​ការឱ្យ​កូន​បឺត​ជញ្ជក់​ពី​ដប​ទឹកដោះគោ​នឹងធ្វើ​ឱ្យ​ភាព​ផ្អែម​នៅ​សេសសល់​ក្នុងប្រអប់មាត់ និង​ជាប់​តាម​កន្លុកកន្លៀត​ធ្មេញ​របស់​កូន​រយៈពេល​យូរ ធ្វើឱ្យ​មានឱកាស​ធ្មេញ​ពុក​បាន​ដោយ​ងាយ៕

  • Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

    Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

    រថយន្ត Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់​ទីផ្សារ​តំបន់អាមេរិចខាងជើង (North American Truck of the Year™) ដែលជាឆ្នាំទី5 ជាប់ៗគ្នាដែលរថយន្ត Ford បានទទួលពានរង្វាន់នេះ។ សមិទ្ធិផលនេះ គូសបញ្ជាក់អំពីភាពរឹងមាំ ផាសុកភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបរបស់ Ford នៅក្នុងផ្នែករថយន្ត Pick-Up។ 

    កាលពីកន្លងមក រថយន្ត Ford Ranger ធ្លាប់ជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ និងថែមទាំងជាប់ជារថយន្តលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលីម្តងទៀតក្នុងឆ្នាំនេះ និងជារថយន្តដែលលក់ដាច់បំផុតសម្រាប់ឆ្នាំទី 10 ជាប់ៗគ្នាក្នុងប្រទេសនូវែលសេឡង់។

    ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Ford Ranger គឺជារថយន្តដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៦ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ​​​ដោយសារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងទទួល​បានការគាំទ្រ​ជាច្រើននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។​ ដោយសារហេតុផល​ទាំងអស់​នេះ ទើប​នាំ​អោយ​រថយន្ត Ford Ranger ជាប់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់​ទីផ្សារ​តំបន់អាមេរិចខាងជើង (North American Truck of the Year™) ។

    Ford Ranger ដែលត្រូវបានរចនាឡើងក្រោមគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច ដែលនាំអោយរថយន្ត Ford Ranger មានភាពរឹងមាំ និងមានសមត្ថភាពខ្ពស់​ ដោយត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ជុំវិញពិភពលោក ដូចជា តំបន់ដាច់ស្រយាលរបស់អូស្ត្រាលី រហូតដល់ផ្លូវ High-way របស់អាមេរិក រហូតដល់ទទួលបានលទ្ធផលមួយដ៏ពេញលេញ និងអាចបើកបរគ្រប់ស្ថានភាពផ្លូវ​សម្រាប់​ការផ្សងព្រេងស្ទើរតែគ្រប់ទ្វីបទាំងប្រាំមួយ។ 

    ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី 2.0L Bi-Turbo ដែលផលិតឡើងសម្រាប់បើកបរផ្លូវឆ្ងាយ និង​សាកសម​បំផុតសម្រាប់អតិថិជនរថយន្ត Pick-Up ។ Ford Ranger មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត និងផ្ទៃខាងក្នុងថ្មីជាមួយនឹងអេក្រង់ឌីជីថលដ៏ធំ និងមាន​ប្រព័ន្ធ​សុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

    រីឯរថយន្ត Ford Ranger Raptor គឺត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្តដែលធ្លាប់​ទទួលបាន​ជ័យ​ជំនះ​ក្នុង​កម្មវិធី Finke Desert Race 2023 និង 2024 និងកម្មវិធី 2022 SCORE-International Baja 1000  បច្ចេកវិទ្យាទំនើបៗដែលមាន​​បំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter)​  ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាព​របស់​រថយន្តដោយ​មាន​ការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗទាំង​អស់​។

    សម្រាប់អតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើរថយន្ត Ford Ranger​​ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

    • សាខាព្រះមុនីវង្ស 078 999 773​ 
    • សាខាទឹកថ្លា 095 939 939 
    • សាខាទូលសង្កែ 078 935 935 
    • សាខាជ្រោយចង្វារ 017 999 027 
    • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
    • សាខាបឹងបៃតង 099 999 747
    • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357 
    • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 
  • គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្រេចចិត្ត​ចែកផ្លូវ​គ្នាក្នុងឆ្នាំ២០២៤

    គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្រេចចិត្ត​ចែកផ្លូវ​គ្នាក្នុងឆ្នាំ២០២៤

    នៅក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បើក្រឡេកមើលមកគូស្នេហ៍របស់តារាសម្តែងល្បីឈ្មោះរបស់ប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់យើង គឺមានគូស្នេហ៍​ជាច្រើន​គូកំពុងមាន​ស្នេហា​ដ៏​ស្រស់​ស្អាត និងផ្អែមដូចទឹកឃ្មុំ ប៉ុន្តែក្នុងនោះក៏មានគូស្នេហ៍ចាស់វស្សា​ខ្លះក៏បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នាដើររៀងខ្លួនផងដែរ ​បន្ទាប់ពីពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ។

    ខាងក្រោមនេះគឺជា​គូស្នេហ៍​តារា​ថៃ ​ដែលបាន​បែក​បាក់​គ្នា​នៅក្នុង​ឆ្នាំ២០២៤កន្លងទៅ​នេះ៖

    1. Punpun Sutatta និងមិត្តប្រុសរបស់នាង

    ថ្មីៗ​នេះ​ការ​បែក​បាក់​រវាង​ Punpun Sutatta ជាមួយ​មិត្ត​ប្រុស​របស់នាងដែលមិន​មែន​ជាអ្នកស្ថិតក្នុងពិភពសិល្បៈបាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រមានការ​ភ្ញាក់​ផ្អើលជាខ្លាំង បន្ទាប់ពី​ពួក​គេបាន​រួម​រស់​ជាមួយ​គ្នា​អស់រយៈពេល​៧​ឆ្នាំ។

    1. Puen Khanin និង Cine Phatraakorn

    តារាសម្តែងស្រី Cine Phatraakorn បានប្រកាសជាផ្លូវការថា នាង និងតារាសម្តែងប្រុសរូបស្រស់សង្ហា Puen Khanin បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេហើយ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល៨ឆ្នាំដោយនាងបានប្រកាសដំណឹងដ៏សោកសៅនេះនៅក្នុងកម្មវិធីដ៏ពេញនិយម “Suek 12 Rasee”។

    1. លីណា ឡាលីណា (Lena Lalina) និងមិត្តប្រុស

    លី​ណា ឡា​លី​ណា តួ​ស្រី​ស្រស់​ស្អាត​ក្នុង​រឿង “មិន​ចេះ​គ្រប់” បានបង្ហើប​ប្រាប់ជាសាធារណៈថា ​បច្ចុប្បន្ននេះ​នាងគឺ​នៅ​លីវ ដែលបញ្ជាក់ថា រូបនាងបាន​បញ្ចប់​ចំណង​ស្នេហ៍​រយៈ​ពេល​ពីរ​ឆ្នាំ​ជាមួយ​មិត្ត​ប្រុសរបស់នាង ​ដែល​មិន​មែន​ជា​តារា​ល្បីឈ្មោះជាផ្លូវការហើយ។

    1. Nine Naphat និង Baifern Pimchanok

    ប្រុសស្អាត Nine Naphat និងកញ្ញារូបស្រស់ Baifern Pimchanok ដែលបានចែករំលែក​រូបមន្តស្នេហាដ៏​មិន​គួរ​ឱ្យ​ជឿនៅ​ក្នុង​រឿង​បែបមនោសញ្ចេតនាដ៏​ល្បីល្បាញ ដែលមានចំណងជើងថា “ Friend Zone”។ អ្នកទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នានៅចុងឆ្នាំ២០២២ ប៉ុន្តែពួកគេបានចែកផ្លូវគ្នាជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៤កន្លងទៅនេះហើយ។

    1. PK និង Yoghurt Nattasha

    នៅក្នុងខែមីនា ឆ្នាំទៅនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា តារាសម្ដែងស្រីដ៏ស្រស់ស្អាត Yoghurt Nattasha បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយ PK ហើយ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល១២ឆ្នាំ។

    1. Nack Charlie និង Gamin

    នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ តារាសម្តែង Nack Charlie បានផ្សាយបន្តផ្ទាល់ដើម្បីចែករំលែកព័ត៌មានដល់ Fans Fans ទាំងអស់ថា គាត់ និងមិត្តស្រីជនជាតិកូរ៉េរបស់គាត់ Gamin បានបែកបាក់គ្នាហើយ តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤មកម្ល៉េះ។

    1. Mickey Allapach និង Janie Tienphosuwan

    កាលពីខែកញ្ញា ឆ្នាំ២០២៤ តារាសម្ដែងស្រីល្បីឈ្មោះ Janie Tienphosuwan បានបង្ហើបប្រាប់ថា នាង និង Mickey បានចែកផ្លូវគ្នាហើយ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល៦ឆ្នាំ។

    1. Aum Atichart និង Nat Myria

    កាលពីខែធ្នូ កន្លងទៅនេះ អ្នកនាង Nat Myria បានសារភាពថា នាង និង Aum Atichart បានបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធរយៈពេល១៥ឆ្នាំរបស់ពួកគេហើយ។ ក្រោយ​មក​តារា​សម្ដែង​រូប​នេះ​បាន​ប្រាប់​ថា ការ​បែក​គ្នា​របស់​ពួក​គេ ​គឺ​​មិន​មាន​ភាគី​ទី​បីចូល​ពាក់ព័ន្ធ​នោះទេ៕