Author: វល័ក្ខ

  • ផ្អែកលើ​មូលដ្ឋាន​សំខាន់​ចំនួន4 ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ខ្ពស់

    ផ្អែកលើ​មូលដ្ឋាន​សំខាន់​ចំនួន4 ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ខ្ពស់

    មូលដ្ឋានសំខាន់ៗចំនួន4 បាន​នាំឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំ​ដោយ​លោក ម៉ា​បុ​ប អា​មេ​ដ (Mr. Mahbub Ahmed)។

    ក្នុងជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​ជំនួស​ប្រចាំ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018  ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​លើកឡើងថា កម្ពុជា​សម្រេចបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម​ក្នុង​កម្រិត 7.7% ក្នុង​មួយឆ្នាំ ហើយ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​រង្វង់​អត្រា7,2 ក្នុង​ឆ្នាំ2018នេះ ។

    ឯកឧត្ដម​អគ្គបណ្ឌិត​បាន​បន្តថា កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជនម្នាក់ៗកើនឡើង​ជាង 7ដង ប្រមាណ​ជាង 200ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ1992 មក​ប្រមាណ​ជិត1,500ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018នេះ ចំណែកឯ​អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ប្រមាណ50% ក្នុង​ឆ្នាំ1992 មក​នៅត្រឹម​រង្វង់13.5% ក្នុង​ឆ្នាំ2014 ទោះបី​ត្រូវ​ជួបប្រទះ​បញ្ហា​ប្រឈម និង​ហានិភ័យ​ពី​ខាងក្រៅ​មួយចំនួន​ក៏ដោយ។

    ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ក៏បាន​បញ្ជាក់ដែរថា មូលដ្ឋាន​សំខាន់​មួយចំនួន4 ដែលនាំឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ​នោះ​គឺ ៖

    1- ការធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការបង្កើត​បរិយាកាស​អំ​ណោ​ច​ផល សម្រាប់​ការអភិវឌ្ឍ។

    2- គោលនយោបាយ និង​កម្មវិធី​អភិវឌ្ឍ​ច្បាស់លាស់ ប្រកបដោយ​សង្គតិភាព និង​ការដាក់ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច ព្រមទាំង​ការពង្រឹង និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​សាធារណៈ។

    3- ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការ​គាំពារ​សង្គម។

    4- ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​ទាំង​ទីក្រុង និង​ជនបទ។

    លោក ម៉ា​បុ​ប អា​មេ​ដ បានបញ្ជាក់​តប​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានបង្ហាញ​នូវ​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា​ក្នុង​ការបន្ត​រក្សា និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​សមធម៌​សង្គម​ល្អប្រសើរ និង​កាត់បន្ថយ​ភាពក្រីក្រ និង​ជាពិសេស គឺ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ៕

  • លេងសើច​ម៉េច​បាន រំភើប​រីកថ្លើម ទស្សនា​កំពូល idol ច្រៀង​និង​សម្តែង​ផ្ទាល់3ម៉ោង ណែន​ពេញ​ស្ទូ​ឌី​យ៉ោ កក្រើក​អី​អន 2

    លេងសើច​ម៉េច​បាន រំភើប​រីកថ្លើម ទស្សនា​កំពូល idol ច្រៀង​និង​សម្តែង​ផ្ទាល់3ម៉ោង ណែន​ពេញ​ស្ទូ​ឌី​យ៉ោ កក្រើក​អី​អន 2

    កាលពី​យប់​ថ្ងៃ​សៅរ៍ 15 ខែកញ្ញា នៅ​ស្ទូ​ឌី​យោ​ហង្ស​មាស​ផ្សារ​ទំនើប​អី​អន​សែន​សុខ​ស៊ី​ធី ហ៊ួ​រវ័យ ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​អន្តរជាតិ ដែល​កំពុង​ឡើង​កូដ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ 2 ទាំង​បរិមាណ​លក់ និង​ចំណែក​ទីផ្សារ លើ​ពិភពលោក និង​នៅ​កម្ពុជា វ៉ា​ដាច់ Apple ជាពិសេស​សម្រេចបាន​នូវ​តួរ​លេខ​លក់ 100 លាន​គ្រឿង ក្នុង​ឆមាស​ទី1 ឆ្នាំ 2018 នេះ សហ​ការណ៍​ជាមួយ​ស្ថានីយទូរទស្សន៍​ហង្ស​មាស បានរៀបចំ​កំពូល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​កក្រើក​គឺ Huawei Nova3i Star Concert ដែល​ចូលរួម​សុទ្ធសឹង​កំពូល​តារា​ជួរមុខ​របស់​កម្ពុជា ជាពិសេស​ទាំង​តារា​កិត្តិយស​និង​អ្នកគាំទ្រ​អតិថិជន​ដែល​ប្រើ ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយចំនួនធំ ជើង​ខ្លាំង​ខាង​ហេ្គ​ម សេ្ត​ច​ហ្គេម​ដែល​ល្បី អ្នកសារព័ត៌មាន តារា​សំដែង តារា​បង្ហាញ​ម៉ូត គណៈ​គ្រប់គ្រង​ខាង​ហង្ស​មាស និង​អី​អន 2 យ៉ាង​ណែន​ក្កន់​ពេញ​ហៀរ​ស្ទូ​ឌី​យោ​រហូតដល់​បន្ថែម​កៅអី​ប្រមាណ​ជាង 3000នាក់។

    ដោយ​ក្ដីរំភើប​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​លើកឡើងថា “អរគុណ​ដល់ Huawei សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង ដែល​ធ្វើ​ឲ្យ​លោក​និង​អ្នកគាំទ្រ​បាន​សប្បាយរីករាយ​ជាពិសេស ដោយបាន​ស​សើ​រថា ជា​ជម្រើស​ឆើតឆាយ ឡូយ​ម្ម៉​ង​ដឹង​តែ​ឡូយ​ម្ម៉​ង​ជាមួយ Huawei Nova3/Nova3i  “។

    ចំណែក​លោក នី​កូ បាន​លើកឡើងថា “លោក​មាន​ក្ដីរំភើប​ជាខ្លាំង​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​នេះ ហើយ​អ្វីដែល​សំខាន់​គឺ​លោក​ចាប់អារម្មណ៍​ជាមួយ Nova3i ព៌​ណ​ខៀវ​បែក​ស្វាយ​ជាខ្លាំង ថតរូប​ម៉ា​ឡូយ សែ​ល​ហ្វី​ម៉ា​កប់      រូ​ម​ទាំង​ថត 3D Qmoji ឆ្លើយឆ្លងភ្លាមៗ ធ្វើអោយ​អ្នកចូលរួម​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់ លេង​ហ្គេម​ម៉ា​អេ​ម អេក្រង់​ធំ​កប់​គែម  ថតរូប​ម៉ា​ឡូយ សែ​ល​ហ្វី​ម៉ា​កប់! ចង់​ស្ទាវ ស្ទាវ​បាន ចង់​ឡូយ ឡូយ​បាន​ចង់​ទាន់សម័យ ចង់​សី​វិ​ល័យ​ទាល់តែ​សាក​ជាមួយ Huawei Nova 3 និង Nova 3i “។

    លោក​ឆន សុវណ្ណ​រាជ  “បង្ហើប​អារ​ម្ម​ណ៌​លើ​ឆាក​យ៉ាងសប្បាយៗ ប​ពោ្ច​ញ​ស្ទីល​ឆើតឆាយ ជាមួយ​រូបថត​ស្វីតៗជាមួយ​វី​ឌី​ណែ​ត​មើលទៅ​ឡួ​យក​ប់​ជាមួយ​ស្ទីលថ្មីៗនិង​ថត​ជាមួយ​បច្ចេកវិទ្យា​ថ្មី 3D Qmoji ឆ្លើយឆ្លង​ជាមួយ​អ្នកចូលរួម​ផ្ទាល់​យ៉ាង​រំភើបប្លែក។ រីករាយ ខប់ៗ និង​កំសាន្ត​គ្មាន​ដែន​កំណត់​កប់​ហួសនិស្ស័យ លឿន​ហួស​ស្មាន!!ស្ទាវខប់ៗ ឡូយ​ម្ម៉​ង”

    លោក ហេន​រី សាវ (Henry Xiao) អគ្គនាយក​គ្រប់គ្រង​ថ្មី​នៃ​សាជីវកម្ម​ផ្នែក​ទូរ​សព្ទ័ នៅ​កម្ពុជា​បាន​ថ្លែងថា “ ខ្ញុំ​មាន​មោ​ទ​ភាពខ្លាំង​ណាស់ ក្នុងការ​ចែករំលែក​នូវ​ផលិតផល​ដ៌​មហស្ចារ្យ​ថ្មី​ពីរ​ស៊េរី និង​សមិទ្ធិផលសំខាន់ៗនៅលើ​ពិភពលោក និង​នៅ​កម្ពុជា​ផ្ទាល់​យប់​នេះ​ជាមួយនឹង​កំពូល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​កក្រើក​គឺ Huawei Nova3i Star Concertដែលជា​ការបំពេញ​នូវ តម្រូវការ​និង​ការពេញចិត្ត​របស់​យុវវ័យ​និង​មនុស្ស​ឆើតឆាយ​ទាន់សម័យ រីករាយ​នឹង​លក្ខ​ណះ​ពិសេស អត្ថ​ប្រ​យោ​ជ​ន៌សំខាន់ថ្មីៗផលិតផល​ដ៌​មហស្ចារ្យ​ថ្មី​ពីរ​ស៊េរី Huawei NOVA 3 / NOVA 3i ជាពិសេស AI ស្មា​ត​កាមេរ៉ា 4 គ្រាប់​ដំបូង​បំផុត​ភ្លោះ​មុខ ភ្លោះ​ក្រោយ ដែល​ថត​បាន 24 មេ​ហ្កា​ភិ​ច​សែ​ល តួរ​កពា្ច​ក់​រចនា​ល្អឥតខ្ចោះ រលើបរលោង​ចែងចាំង​ដូច​គ្រា​បើ​ពេជ្រ ជាមួយនឹង ROM ទំហំ​128G។

    លោក​រំពឹងថា​នឹង​នាំមក​នូវ​អ្វីដែលថ្មីៗ លើសពី​ភាព​ច្នៃប្រឌិត លើសពី​ភាព​ធម្មតា លើសពី​រចនាបទដដែលៗ លើសពី​ភាព​វៃឆ្លាត ជាមួយ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​និង​ស្មា​ត​ហ្វូ​ន​ដែល​ច្នៃប្រឌិត​ឈានមុខ ក៌​ដូចជា​ការកំសាន្ត ការប្រគំ​តន្ត្រី​ជា​ខ្នាត​ជាតិ អន្តរជាតិ រឺ​នាំ​តារាល្បីៗពី​ប្រទេសជិតខាង​មក​សំដែង​រឺ​កម្មវិធី​សម្ពោធ​ស៊េរីថ្មីៗដូចជា CPU Kirin 980, Huawei Mate 20 Series រឺ​ការអបអរ​ពិធីបុណ្យ​អុំទូក រឺ​គ្រី​ស្ត​មាស​បន្ថែមទៀត ” ។

    កាដូ​ដ៏​រំភើប​ដែល Huawei បានផ្ដល់​ជូន​ដល់​តារា​កិត្តិយស​និង​អ្នកគាំទ្រ​មានដូចជា៖ សម្រាប់​កំពូល​តារាចម្រៀង​ទាំង5រូប​មានដូចជា លោក ខេមរៈ សិរីមន្ត កញ្ញា ទេព បូ​ព្រឹក្ស លោក ឆន សុវណ្ណ​រាជ លោក នី​កូ និង កញ្ញា វី ឌី​ណែ​ត ទទួលបាន​កំពូល​ស្មា​ត​ហ្វូ​ន Huawei Nova3i ចំនួន​ម្នាក់1 គ្រឿង ។  Nova3  Bluetooth  Speaker ចំនូ​ន10ត្រូវបាន​ចែកជូន​ដល់​យុវវ័យ​ចូលចិត្ត​តន្ត្រី​បន្ទាប់ពី​ការ​ឈ្នះ​ក្នុង​ការលេង​ហ្គេម ព្រមទាំង​អាវយឺត​យ៉ាង​ស្រស់ស្អាត​ចំនួន 50 អាវ ដែលមាន​ហត្ថលេខា​ផ្ទា​ល់ពី idol ផ្ទាល់​ក៏ត្រូវ​បានផ្ដល់​ជូន​អ្នកគាំទ្រ​ដែរ។

    សំឡេង​ហូ​រក​ញ្ច្រៀ​វ​យ៉ាង​រំភើប រីករាយ រីកថ្លើម អង្គុយ​មិន​ហ្នឹង តាមរយះ​ការសំដែង​និង​ច្រៀង​ផ្សាយ​ផ្ទាល់​រយៈពេល3 ម៉ោង​ជាមួយ​អ្នកគាំទ្រ​ណែនណាន់តាន់តាប់ ពេញ​ឈូរ​ឆរ​ចុះឡើង​ពេញ​អី​អន 2 ជាមួយនឹង​តន្ត្រី​គ្រប់​រសជាតិ គ្រប់​ចង្វា​ក់នៅ Huawei Nova3i Star Concert។  Huawei Nova3i Star Concert នាំមក​ជូន​លោកអ្នក​ដោយ​កំពូល​ស្មា​ត​ហ្វូ​ន #Huawei Nova3i #HuaweiNOva3៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 143

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 143

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/09/LRPN_143-Final-For-Web.pdf” force_dl=”1″]

  • ជប៉ុន​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ភោជនីយដ្ឋាន​ដំបូង​គេ​នៅ​កម្ពុជា

    ជប៉ុន​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ភោជនីយដ្ឋាន​ដំបូង​គេ​នៅ​កម្ពុជា

    ដើម្បី​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​ផ្នែក​ការគ្រប់គ្រង​អាជីវកម្ម​ម្ហូបអាហារ សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME នឹង​បើក​បង្រៀន​ជំនាញ​ផ្នែក​គ្រប់គ្រង​ភោជនីយដ្ឋាន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេល​ឆាប់​ខាងមុខនេះ​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC)។

    លោក YOSHITO HIGASHIYAMA អគ្គនាយក​ក្រុមហ៊ុន TORIDOLLជប៉ុន​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី14 ខែកញ្ញា​នេះ​ថា សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME ជា​សាលាដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់​ការសិក្សា​ផ្ដោតទៅលើ​ជំនាញ​អាជីវកម្ម​ម្ហូបអាហារ និង​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​អាជីវកម្ម​ទៅដល់​សាធារណជន ពិសេស​សិស្ស និង​ស្សិត​នៅ​កម្ពុជា។

    លោក​បាន​មានប្រសាសន៍ថា នេះ​ជា​ឱកាស​សម្រាប់​សាធារណជន និង​សិស្ស-និស្សិត​នៅ​កម្ពុជា​ក្នុងការ​ទទួលបាន​ជំនាញ​ដើម្បី​ចូលធ្វើការ​នៅ​ក្រុមហ៊ុន TORIDOLL ប្រចាំ​នៅ​កម្ពុជា ឬ​នៅ​សាខា​ក្រៅប្រទេស និង​អាច​ធ្វើការ​នៅ​ភោជនីយដ្ឋានល្បីៗផ្សេងទៀត ឬ​គ្រប់គ្រង​ភោជនីយដ្ឋាន​ខ្លួនឯង​ក៏បាន។

    គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ជប៉ុន TORIDOLL បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​តាំងពី​ឆ្នាំ1985មក ហើយ​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​សាខា​របស់ខ្លួន​ចំនួន​ជាង 1000ហាង​នៅ​ប្រទេស​ជប៉ុន និង​ជាង 500ហាង​ទៀត​នៅ​ជុំវិញ​ពិភពលោក។ ភោជនីយដ្ឋាន MARUGAME ជា​ភោជនីយដ្ឋាន​ជាប់​លំដាប់ថ្នាក់​លេខ 1ទូទាំង​ពិភពលោក​ផ្នែក​មី អ៊ុ​ដុង ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 2015មក៕

  • មូលនិធិ​ចេនឡា​កម្ពុជា សហការ​ជាមួយ ម័​រ៉ា​កខ​ហ្វើ​ល​ហ្វា​យស​ង្ហិ​បុរី ទិញ​កង់ សម្ភារៈ​សិក្សា និង​សំលៀកបំពាក់ ជូន​បងប្អូន​ខ្មែរ​តាម​បណ្ដា​ខេត្ត​មួយចំនួន

    មូលនិធិ​ចេនឡា​កម្ពុជា សហការ​ជាមួយ ម័​រ៉ា​កខ​ហ្វើ​ល​ហ្វា​យស​ង្ហិ​បុរី ទិញ​កង់ សម្ភារៈ​សិក្សា និង​សំលៀកបំពាក់ ជូន​បងប្អូន​ខ្មែរ​តាម​បណ្ដា​ខេត្ត​មួយចំនួន

    កាលពី​ថ្ងៃ 02 ដល់​ថ្ងៃទី06 ខែកញ្ញា ឆ្នាំ2018 មូលនិធិ​ចេនឡា​កម្ពុជា (Chenla Foundation Cambodia)  និង​ម័​រ៉ា​កល​ហ្វើ​ល​ហ្វា​យ (Miracles Worldwide Singapore) បាន​ប្រមូល​ថវិកា​ជាង 25000ដុល្លារ​អាមេរិក ដើម្បី​ទិញ​កង់​ចំនួន 500គ្រឿង សម្ភារៈ​សិក្សា សម្លៀកបំពាក់ និង​សម្ភារៈ​ក្មេង​លេង ចែកជូន​ដល់ប្អូនៗសិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង នៅ​ចំនួន 5 កន្លែង​រួមមាន  អង្គការ​ផ្ទះបាយ​កុមារ (LRDE) ភ្នំពេញ, វិទ្យាល័យ​ជាស៊ីម​ប្រលាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ, ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី, បឋមសិក្សា​គីរីរម្យ ខេត្តកំពង់ស្ពឺ និង ស្រុក​កំពង់ត្រាច ខេត្តកំពត។

    លោក ង៉ោ ប៉េង​ទី ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ​ចេនឡា​បាន​មានប្រសាសន៍ថា កង់​បាន​ចូល​រូ​ម​ចំណែក​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ដែល​ជួប​បញ្ហា​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលារៀន។

    លោក​បាន​បន្តទៀតថា​មូលនិធិ​ចេនឡា បាន​បង្កើតឡើង​នៅ​ថ្ងៃទី 09 ខែកុម្ភៈ ឆ្នាំ 2016 ដោយ​ផ្តោតទៅលើ3 ផ្នែកសំខាន់ៗគឺ អាហារ ការអប់រំ និង សុខភាព។ បច្ចុប្បន្ននេះ មូលនិធិ​ចេនឡា​មាន​សកម្មភាព​ចែក​អាហារ​ជាប្រចាំ សប្តាហ៍ នៅមុខ​សាលា​អន្តរជាតិ​ខេ​រីដ រៀងរាល់ថ្ងៃ​សៅរ៍ ប្រចាំខែ​ចែក កង់3 ទៅ 5 គ្រឿង និង​កញ្ចប់​ថវិកា​ប្រមាណ 1000ដុល្លារ​អាមេរិក ជូន​ដល់​អង្គការ​ផ្ទះបាយ​កុមារ​ជា​រៀងរាល់ខែ​ផងដែរ។

    ក្រៅពីនេះ​មូលនិធិ​ចេនឡា​បានផ្តល់​អង្ករ សម្ភារៈ​សិក្សា ថ្នាំពេទ្យ វ៉ែនតា ទៅ​ប្រជាពលរដ្ឋ អង្គការ និង សាលា​នានា​ផងដែរ។មូលនិធិ​ចេនឡា តែងតែ​គៀង​គង សប្បុរសជន និង អង្គការ​បរទេស ដើម្បី ចូលរួមចំណែក​ជួយ​សង្គមជាតិ៕

  • ក្រសួង​អប់រំ​ចេញ​សារ​សុំទោស និង​បង្ហាញ​ការសោកស្តាយ​ចំពោះ​កំហុស​ក្នុងការ​បូក​ពិន្ទុ​បាក់​ឌុប

    ក្រសួង​អប់រំ​ចេញ​សារ​សុំទោស និង​បង្ហាញ​ការសោកស្តាយ​ចំពោះ​កំហុស​ក្នុងការ​បូក​ពិន្ទុ​បាក់​ឌុប

    ក្រោយពេល​បាន​រកឃើញ​ភាពមិនប្រក្រតី​ដែលនាំឱ្យ​មានការ​ល្អៀង​ពិន្ទុ​របស់​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ជាពិសេស​គឺ​លទ្ធផល​គណិតវិទ្យា​ដែល​រកឃើញថា ធ្លាក់​ជាច្រើន​នាក់​រួចមក ក្រសួង​អប់រំ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា បញ្ហា​កើតឡើង​នេះ គឺ​បណ្ដាលមកពី​កំហុស​ខាង​បច្ចេកទេស​កុំព្យូទ័រ។

    ភ្លាមៗ បន្ទាប់ពី​បាន​ដោះស្រាយ​រួច ក្រសួង​បានប្រកាស​លទ្ធផល​ជាថ្មី​ឡើងវិញ ដែល​ត្រូវបាន​គេ​មើលឃើញថា ចំនួន​សិស្ស​ជាប់​មានការ​កើតឡើង ហើយ​ចំនួន​អ្នក​ជាប់​និទ្ទេស​A ក៏មាន​ការកើនឡើង​ផងដែរ។ តែ​ទោះជា​យ៉ាងនេះ​ក្តី មជ្ឈដ្ឋាន​មួយចំនួន​បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​បញ្ហា​ដែល​បានកើត​ឡើង​នេះ ស្រប​ពេលដែល​មជ្ឈដ្ឋាន​មួយចំនួនទៀត​គ្រាន់តែ​កត់សម្គាល់​ដោយ​លើកឡើង​ពី​ភាព​វិជ្ជមាន និង​សូមឱ្យ​ពិចារណា​ពី​ចំណុចល្អៗជាច្រើន​ផ្សេងទៀត​ដែល​ក្រសួង​ធ្វើ​បានល្អ ទន្ទឹមនឹង​ការ​មាន​កំហុស​នេះ។

    តាមរយៈ​អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​បូ​លី ក៏បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ឯកឧត្តម​រដ្ឋមន្ត្រី​សូម​សម្ដែង​ការ​សូមទោស​ទៅកាន់​សាធារណជន ចំពោះ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ការ​បូក​លទ្ធផល​បាក់​ឌុប​នេះ។ ហើយ​ប្រមាណ​ជាជាង​មួយ​ម៉ោង​មុននេះ Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​អ្នក Like ជាង​ពីរលាន​នាក់ បាន​បង្ហាញថា «ក្រសួង​សូមទោស និង​សោកស្តាយ​ចំពោះ​កំហុស​ដោយ​អ​ចេតនា»៕

  • ដឹង​ហើយ! បញ្ហា​ដែល​ធ្វើឱ្យ​គណិតវិទ្យា​ធ្លាក់​ច្រើន គឺ​ដោយសារ​បច្ចេកទេស​កុំព្យូទ័រ

    ដឹង​ហើយ! បញ្ហា​ដែល​ធ្វើឱ្យ​គណិតវិទ្យា​ធ្លាក់​ច្រើន គឺ​ដោយសារ​បច្ចេកទេស​កុំព្យូទ័រ

    ក្រោយពី​មាន​ផ្ទុះ​ការតវ៉ា​យ៉ាងច្រើន​ពី​សំណាក់​សិស្សានុសិស្ស​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ជាមួយនឹង​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី20 ខែសីហា ឆ្នាំ2018 នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដោះស្រាយ​ដោយ​បង្កើត​គណៈកម្មការ​មួយ​ឡើង ដើម្បី​វិនិច្ឆ័យ​ឱ្យបាន​ច្បាស់លាស់។

    សិស្ស​ជាច្រើន​បាន​លើកគ្នា​មក​តវ៉ា ដោយ​ក្នុងនោះ​ក៏មាន​សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​ផងដែរ ដោយ​ពួកគេ​បានកើត​ទុក្ខ​មិន​សុខចិត្ត​ជាមួយនឹង​លទ្ធផល​គណិតវិទ្យា​រប​ស់​ពួកគេ​ដែល​ចេញមក​បាន​និទ្ទេស F ហើយ​បានដាក់​ពាក្យស្នើសុំ​ឱ្យ​ក្រសួង​ដោះស្រាយ។

    បន្ទាប់ពី​បាន​ស្វែងរក និង​ស្រាវជ្រាវ​រក​បញ្ហា​មិន​ប្រក្រតី​រួចមក ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជាថ្មី​ដោយបាន​បញ្ជាក់ថា បញ្ហា​ដែល​កើតមាន​កន្លងមក គឺ​ដោយសារ «ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយ​កុំព្យូទ័រ​មិនបាន​បូក​ស្រង់​មុខវិជ្ជា​គនិតវិទ្យា​របស់​បេក្ខជន​ចំនួន 740បន្ទប់»។

    បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច លទ្ធផល​ត្រូវបាន​ប្រកាស​សាជាថ្មី​ដោយ​ក្នុងនោះ​ឃើញថា ចំនួន​អ្នកទទួលបាន​និទ្ទេស​A ដល់​និទ្ទេស​E មានការ​កើនឡើង៕

  • កម្មវិធី​សិក្ខារ​សាលា ការចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ពិធី​សម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3 ឆ្នាំ2018

    កម្មវិធី​សិក្ខារ​សាលា ការចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ពិធី​សម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3 ឆ្នាំ2018

    ក្រោយពី​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​នៅ​ប្រទេស​កម្ពុជា​ក្នុងការ​ទស្សនា​ខ្សែភាពយន្ដ​ថៃ ស្ថាន​តំណាង​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ បានរៀបចំ​កម្មវិធី​សិក្ខារ​សាលា និង​ការចាប់​ដៃគូ​ពាណិជ្ជកម្ម ស្តីពី​ការផលិត​ខ្សែភាពយន្ត​នៅ​សាលប្រជុំ AEON Hall និងរោងកុន Major Cineplex ស្ថិតនៅ​ផ្សារ​ទំនើប AEON សែន​សុខ កាលពី​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018កន្លងទៅថ្មីៗនេះ។

    លោក ជី​រ៉ា​វុ​ឍ សុ​ណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា “កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3 ឆ្នាំ2018នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នក​ផលិត​ខ្សែភាពយន្ត និង​បណ្តា​ក្រុម​ហ៊ុ​ង​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​របស់​ប្រទេស​កម្ពុជា និង​ថៃ។ នៅថ្ងៃនេះ​ផងដែរ ក៏មាន​កម្មវិធី​សិក្ខាសាលា និង​ការចាប់​ដៃគូ​ពាណិជ្ជកម្ម ដែលជា​វេទិការ​ដ៏​សំខាន​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ស្តីអំពី​បច្ចេកទេស​នៃ​ការថត និង​កាត់ត​ភាពយន្ត​ពី​អ្នកជំនាញ​ដូចជា អ្នក​ផលិត​ភាពយន្ត អ្នកដឹកនាំ​សម្តែង និង​អ្នក​ដែលមាន​បទពិសោធ​ក្នុង​វិស័យ​ភាពយន្ត​មកពី​ប្រទេស​ទាំង2”។

    ក្នុង​កម្មវិធី​សិក្ខារ​សាលា​នេះ ក៏មាន​វត្តមាន​វាគ្មិន2រូប​មកពី​ប្រទេស​ថៃ ដែល​ពួកគាត់​មាន​បទពិសោធ​ជាច្រើន​ក្នុង​ការផលិត​ខ្សែភាពយន្ត មក​ធ្វើ​បទ​បង្ហាញ​ស្ដីអំពី Short Film និង Special Effects  ទៅកាន់​សិស្ស​និ​សិ​ត្ស​មកពី​សកល​វិទ្យាល័យ​មួយចំនួន​ដែលមាន​ដូចជា និស្សិតមកពី PSE សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សមាគម​ផលិត​ខ្សែភាពយន្ត ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ផលិត​ខ្សែភាពយន្ត​ដោយ​ឥតគិតថ្លៃ​ផងដែរ។ លើសពីនេះទៅទៀត​ក៏មាន​កម្មវិធី ចាប់​ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​វិស័យ​ភាពយន្ត ដែលមាន​ការចូលរួម​ពី​ផលិតករ អ្នកដឹកនាំ​សម្តែង ម្ចាស់​អាជីវកម្ម ដើម្បី​ចែករំលែក​បទពិសោធ បច្ចេកទេស  និង​សហការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ក្នុងការ​ផលិត​ខ្សែភាពយន្ត ឬ​ស្ព​ត​ពាណិជ្ជកម្មផ្សេងៗឱ្យមាន​គុណភាព។

    នៅក្នុង​ថ្ងៃ​បើកសម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី3 នេះ ក៏មាន​វត្តមាន​គណៈ​ធិបតី ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ន​សាប់ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សិល្បករ សិល្បការិនី​ខ្មែរ និង​ថៃ​ជាច្រើនរូប​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ។

    លោក ជី​រ៉ា​វុ​ឍ សុ​ណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា “ខ្សែភាពយន្ត​ថៃ​ចំនួន4រឿង​ដែល​នឹង​យកមក​ចាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥតគិតថ្លៃ​នៅក្នុង​រោងភាពយន្ត Major Platinum Cineplex Hall 3 ផ្សារ​ទំនើប AEON សែន​សុខ ដែល​អាច​ផ្ទុក​ទស្ស​និជ​ន​បាន​ចំនួន266នាក់​ក្នុង​មួយ​លើក។

    រឿង​ទី1 ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 នៅ​ម៉ោង7ល្ងាច មាន​ចំណងជើង​ថា “Memories of New Year” (អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ) ដែល​រឿងនេះ​បាន​សម្តែង​រួមគ្នា​ដោយ​តារា​សម្តែង​មកពី​ប្រទេស​ចំនួន4  ដូចជា​ប្រទេស​កម្ពុជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា។ រឿង​ទី2 រឿង​“Premika Parab” (ខារ៉ាអូខេ​មរណៈ)  ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2018 ម៉ោង7ល្ងាច។ រឿង​ទី3 រឿង​“Siam Square” (ខ្មោច​ស្រី​ចាំ​អគារ)  ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2018 ម៉ោង12 ថ្ងៃត្រង់។ និង​រឿង​ទី4 រឿង “Som Pak Sian (E-Sarn Love Story)” (រដឺន​ខក​ស្នេហ៍) ចាក់​បញ្ចាំង​ជូន​ទស្សនា នៅ​ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018 ម៉ោង12ថ្ងៃត្រង់៕

  • ឡើង​កប់! Apple ប្រកាស​បង្ហាញ iPhone ថ្មី 3ម៉ូ​ដែល គឺ iPhones Xr, iPhoneXs និង iPhones XS Max

    ឡើង​កប់! Apple ប្រកាស​បង្ហាញ iPhone ថ្មី 3ម៉ូ​ដែល គឺ iPhones Xr, iPhoneXs និង iPhones XS Max

    ទីបំផុត​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Apple បានប្រកាស​បង្ហាញ iPhone ជំនាន់​ថ្មី​របស់ខ្លួន 3ម៉ូ​ដែល​ដូច​ពាក្យ​ចចាមអារ៉ាម​ពិតមែន ប៉ុន្តែ​លក្ខណៈពិសេស​របស់​វានីមួយៗគឺ​ខុសពី​ព័ត៌មាន​បែកធ្លាយ។

    នៅ​យប់​ថ្ងៃ​ពុធ ទី12 ខែកញ្ញា (ម៉ោង​នៅ​កម្ពុជា) ក្រុមហ៊ុន Apple រៀបចំ​មហា​ព្រឹត្តិការណ៍​របស់ខ្លួន ដោយបាន​បង្ហាញ iPhone X រហូតដល់​ទៅ 3ម៉ូ​ដែល គឺ iPhones Xr, iPhoneXs និង iPhones XS Max។

    iPhone XS Max ត្រូវបាន​ក្រុមហ៊ុន Apple ប្រកាសថា វា​មានតម្លៃ​ថ្លៃ​ជាងគេ ជាពិសេស​គឺមាន​អេក្រង់​ទំហំ​របស់​ដល់ 6.5អ៊ី​ញ ប៉ុន្តែ Apple នៅតែ​រក្សា​រាង​ក្បាល​ឆក ស្កែ​ន​ក្រ​យ៉ៅ​ដៃ និង​ផ្ទៃមុខ​ឱ្យនៅ​ដដែល តែ​អ្វីដែល​ពិសេស​គឺ​សមត្ថភាព​កាន់​ថ្ម​បានយូរ​ជាង​មុន។ តាម​ការបញ្ជាក់​ពី Apple គឺ iPhone XS Max មានតម្លៃ 1099ដុល្លារ អាមេរិក រីឯ iPhone XS មាន​ទំ​ហ 5.8អ៊ី​ញ មានតម្លៃ 999ដុល្លារ​អា​មេ​រិ ខណៈ iPhones Xr ដែលមាន ទំហំ​អេក្រង់ 6.1អ៊ី​ញ​គឺ មានតម្លៃ 749ដុល្លារ​អាមេរិក ។

    iPhone ថ្មី​ទាំង 3ម៉ូ​ដែល​នេះ មាន​ពណ៌​ដូចជា ពណ៌​ខ្មៅ ពណ៌​ក្រហម ពណ៌​ផ្កាឈូក និង​ពណ៌​ស ហើយ​វា​នឹងត្រូវ​ដាក់ឱ្យ​បញ្ជា​ទិញ​នៅ​ថ្ងៃទី14 ខែកញ្ញា ហើយនឹង​ចេញលក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី21 ខែកញ្ញា៕

    https://www.youtube.com/watch?v=9m_K2Yg7wGQ

  • វិនិយោគិន​បរទេស​គ្រោង​បោះទុន 1,200លាន​ដុល្លារ សង់​ទីក្រុង​វិស្សមកាល​ទេសចរណ៍

    វិនិយោគិន​បរទេស​គ្រោង​បោះទុន 1,200លាន​ដុល្លារ សង់​ទីក្រុង​វិស្សមកាល​ទេសចរណ៍

    ក្រុមហ៊ុន​បរទេសមួយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់ 1,200លាន​ដុល្លារ​ដើម្បី​សាងសង់ «ទីក្រុង​វិស្សមកាល​ទេសចរណ៍» នៅ​ដើមឆ្នាំ2019 ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា។

    គម្រោង​នេះ​ត្រូវ​បានឱ្យដឹង​ក្នុងជំនួប​ពិភាក្សា​រវាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លី តាវ (Li Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិ​ល​ធី​ឌី ខេ​ម​បូ​ឌា ដែល​បាន និង​កំពុងធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ (តំបន់​ពិសោធន៍​អភិវឌ្ឍន៍​វិនិយោគ​ចម្រុះ​កម្ពុជា-ចិន) នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុម​សាគរ នៃ​ខេត្តកោះកុង។

    លោក លី តាវ បាន​លើកឡើងថា គម្រោង «ទីក្រុង​វិស្សមកាល​ទេសចរណ៍» នឹង​សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន 1,200ហិកតា ដែល​ប្រមូលផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រុះ​ដូចជា សណ្ឋាគារ​លំដាប់​ផ្កាយ5 ខុន​ដូ​ទំនើប បាង​ហ្កា​ឡូ ការិយាល័យ​ធ្វើការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ។

    លោក លី តាវ សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​ស្វែងរក​ដៃគូ​វិនិយោគ​ចូលរួម​ជាមួយ​គម្រោង​នេះ តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន-អាស៊ាន (CAEXPO) លើក​ទី15 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី11 ដល់ទី15 ខែកញ្ញា ឆ្នាំ2018 នៅក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន។

    ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​គាំទ្រ និង​បង្ហាញ​ជំនឿ​ថា គម្រោង «ទីក្រុង​វិស្សមកាល​ទេសចរណ៍» នឹង​ជួយ​ពង្រឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល ព្រមទាំង​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​និង​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត ហើយ​ក្រសួងពាណិជ្ជកម្ម​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​នឹង​រង់ចាំ​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​នេះ​ជានិច្ច។

    គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ខាងលើ​បាន​ចុះកិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2008 ដើម្បី​ធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ​លើ​ផ្ទៃដី​សរុប​ទំហំ 36,000ហិកតា។ គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន និង​កំពុង​សម្រុក​អនុវត្ត​គម្រោង​ទៅតាម​ផែនការ ដោយបាន​បណ្តាក់ទុន​វិនិយោគ​ចំនួន​ជាង 1,500លាន​ដុល្លារ​ហើយ​លើ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន រួមមាន៖ ប្រព័ន្ធ​គមនាគមន៍ ក្លិប​វាយ​កូន​ហ្គោល ព្រលានយន្តហោះ កំពង់ផែ​ទឹក​ជ្រៅ​អន្តរជាតិ សួន​លម្អ បណ្តាញ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី ជាដើម៕