Author: វល័ក្ខ

  • អេស៊ីលីដា រំពឹង​ទទួលបាន​អតិថិជន 2លាន​នាក់ ប្រើប្រាស់​សេវា «អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ»

    អេស៊ីលីដា រំពឹង​ទទួលបាន​អតិថិជន 2លាន​នាក់ ប្រើប្រាស់​សេវា «អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ»

    ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា ធនាគា​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​សេវា​ថ្មី​មួយទៀត​ឈ្មោះថា “អេស៊ីលីដា​យូ​នី​ធី​ទាន់ចិត្ដ។ ជាមួយ​ការបង្កើត​ថ្មី​ថ្នាក់ដឹកនាំ​នៃ​ធនាគារ​រំពឹងថា នឹង​អាច​ទទួលបាន​អតិថិជន​ប្រើប្រាស់​សេវា​នេះ 2លាន​នាក់​ក្នុង  រយៈ5ឆ្នាំ។

    លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថា៖ កាលពី​ឆ្នាំ 2010 កន្លងទៅនេះ ធនាគារ​បាន​បង្កើត​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី ដើម្បី​ដាក់ឱ្យ​អតិថិជន​ប្រើប្រាស់។ យើង​សង្កេតឃើញថា សន្ទុះ​នៃ​អ្នកប្រើប្រាស់​រហូតមកដល់​ពេលបច្ចុប្បន្ន​បាន​កើន​ដល់​រង្វង់ 30ម៉ឺន​នាក់​ព្រោះ​អតិថិជន​ត្រូវធ្វើ​ដំណើរ​មក​សាខា និង​មាន​ការគិត​តម្លៃ​សេវាកម្ម​ថែម​ទៀតផង។ ដូច្នេះ​ទើប​យើង​បង្កើត​សេវាកម្ម​ថ្មី​មួយទៀត​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក​យ៉ាង​ទំនើប​ដែល​អភិវឌ្ឍន៍​ដោយ​វិស្វករ​ជំនាញ​ទទួល​ការបណ្ដុះបណ្ដាល​ក្នុងស្រុក និង​បរទេស ដើម្បី​ផ្ដល់​ភាព​ស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា​របស់​អតិថិជន។

    អ្វីដែល​ខុសគ្នា​ជាមួយ​អេស៊ីលីដា​យូ​នី​ធី និង​សេវា​អេស៊ីលីដា យូ​នី​ធី​ទាន់ចិត្ដ គឺ​អតិថិជន​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ ឬ​សាខា​អេស៊ីលីដា​ដើម្បី​ចុះបញ្ជី​ត​ភា្ជ​ប់ដូ​ច​មុន​ទៀតឡើយ ព្រោះ​សេវា​នេះ​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ប្រើ​ប​ចេ្ច​ក​វិទ្យា​ទំនើប គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែប៉ុណ្ណោះ។ ដើម្បី​ចុះឈ្មោះ​ត​ភ្ជាប់​បណ្ដាញ​ក្នុងការ​ប្រើប្រាស់​អតិថិជន​អាច​ដោ​ន​ឡូត និង​ទាញយក​មកប្រើប្រាស់​បាន​ជាមួយ​កម្មវិធី App Store និង Play Store ពោលគឺ​អតិថិជន​អាចធ្វើ​ការចុះឈ្មោះ​ប្រើប្រាស់​សេវា​នេះ​ដោយ​ខ្លួនឯងបាន​យ៉ាង​ភាពងាយស្រួល។

    » របៀប​អនុវត្ត​ប្រើ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

    ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែមថា៖ តាមរយៈ​ការបង្កើត​សេវា​អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ​យើង​មាន​ជំនឿ​ចិ​ត្ដ​ថា នឹង​ទទួលបាន​អតិថិជន​ប្រើប្រាស់​ក្នុង​រង្វង់ 2លាន​នាក់ ក្នុង​រយៈពេល5ឆ្នាំ​ខាងមុខ  ព្រោះ​យើង​ផ្អែកលើ​អតិថិជន​សកម្ម​របស់​ដែល​កំពុងតែ​ប្រើប្រាស់​សេវាកម្ម​នៅក្នុង​ធនាគារ​យើង​ស្រាប់។ ម្យ៉ាង​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី ដែល​យើង​បាន​បង្កើត​កាលពី​ពេលមុន​សម្រាប់​អតិថិជន លុះត្រាតែ​អ្នកមាន​ជីវភាព​ធូ​ធារ​បន្ដិច​ទើប​អាច​ប្រើត​ភ្ជាប់​បាន ប៉ុន្ដែ​ចំពោះ​អេស៊ីលីដា យូ​នី​ធី​ទាន់ចិត្ដ គឺ​ផ្ដោតលើ​ប្រជាជន​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ មិន​ថា​អ្នកមាន​ចំណូល​ខ្ពស់ មធ្យម ឬ ចំណូល​ទាប​នោះទេ​គឺ​ពួកគាត់​អា​ចត​ភ្ជាប់​ដើម្បី​ប្រើប្រាស់​បាន​ដូចគ្នា។ អ្វីដែល​សំខាន់​ជាង​នេះ​គឺ​ការប្រើប្រាស់​សេវាកម្ម​នេះ​ធនាគារ​យើង​ពុំ​បានគិត​ទៅលើ​តម្លៃ​សេវា​ក្នុងការ​ប្រតិ​ប​ត្ដិ​ការ​ឡើយ។

    ក្នុងការ​ប្រតិ​ប​ត្ដិ​ការ​ក្នុង​សេវាកម្ម​នេះ​ក៏មាន​ដាក់​ព័ត៌មាន​លម្អិត​ជុំវិញ​ការចុះឈ្មោះ  ការប្រើប្រាស់ និង​សំណួរចំលើយ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែល​ក្នុងនោះ​មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ថែម​ទៀតផង។ពិសេស​ធនាគារ​បាន​ត្រៀ​ម​បុគ្គលិក​ជាង1ម៉ឺន​នាក់​រង​ចាំង​បម្រើ​ដល់​អតិថិជន​ដោយ​មិន​គិតថ្លៃ ដើម្បី​ជួយ​ពន្យល់​ណែនាំ​ពី​ការតភ្ជាប់ និង​ការទាញយក ព្រមទាំង​របៀប​នៃ​ការប្រើប្រាស់​សេវា​យូ​នី​ធី​ទាន់ចិត្ដ​នេះ។ ក្នុងករណី​ដែល​អតិថិជន​មាន​ចម្ងល់​អាច​ទំនាក់ទំនង​មកកាន់​បុគ្គលិក​អេស៊ីលីដា ដែល​នៅ​ជិត​លោកអ្នក ឬ​សាខា​ទាំង260 ឬ​តាមរយៈ​ខ​ល​សេន​ធើរ​ដែល​បម្រើការ 24ម៉ោង៕

  • 21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។

    សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។
    2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។
    3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។
    4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី 10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។
    5 . រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន ក្រចកដៃជើង សក់ ស្បែក ហើយអាការផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។
    6 . ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវឹលច្រើនជាងប្រក្រតី។
    7 . ក្នុង 1 ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើង
    នៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។
    8 . អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។
    9 . អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ និងនឹងមានអាការនឿយល្វើយកើតឡើង ហើយនឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូងៗ។
    10 . អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវឹលមុខ។
    11 . ចំនួន 3 ភាគ 4 នៃស្រ្តីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការ វឹលមុខ និងក្អួត។
    12 . អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។
    13 . អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រមាណជា 16 – 22 សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី 2 នៃការតាំងគភ៌។
    14 . ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ
    ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង និងនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។
    15 . អ្នកគួរសិក្សាពីរឿងការញ៉ាំអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចញ៉ាំបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។
    16 . អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាពការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។
    17 . អ្នកនឹងពិបាកក្នុងការគេងលក់ និងនឹងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេង
    លែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។
    18 . ស្រ្តីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ និងអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។
    19 . ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 5 នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើងខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន គភ៌មានជាតិពុលជាដើម។
    20 . អ្នកគួរតែសិក្សាពីតំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។
    21 . ស្រ្តីមានគភ៌ 1 នាក់ ក្នុងចំណោម 5 នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី 37 ឬអាការឈឺពោះឱ្យដឹងមុនដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជីតមកដល់ហើយ។
    ពេញមួយរយៈពេល 9 ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច និងនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕

  • ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ភ្នំពេញៈ ពេល​​តារា​ចម្រៀង​ប្រុស​លំដាប់​កំពូលនៅ​ទ្រ​នំ​ហង្ស​មាស​លោក ឆន សុវណ្ណរាជ បាន​ហោះ​ហើរ​​​ចេញ​ទៅ​សម្តែង​រួម​ដំណើរ​ជា​គូ​ដូចជា​គូស្នេហ៍​​ជាមួយ​នឹង​ កញ្ញា ឱក សុគន្ធ​កញ្ញា និង​បាន​​ជុំ​គ្នា​​ជាមួយ​នឹង​​តារា​ចម្រៀង​ប្រុស​ហង្ស​មាស​ម្នាក់​ទៀត​ឈ្មោះ​ Step ​ដែល​មាន​មុខ​មាត់​​​​ស្រដៀង​លោក រ៉េន ជា​​តារា​​​កូរ៉េ​នៅ​ឯ​ប្រទេស​ កូរ៉េខាង​ត្បូង ​នាពេលថ្មី​ៗ​ ក៏​ស្រាប់​​តែ​​​មាន​ក្មេង​ស្រី​ម្នាក់​បាន​ Lives វីដេអូ​តាម​ហ្វេសប៊ុក​ ទាំង​យប់​រៀបរាប់​ថា រូប​នាង​ត្រូវ​បាន​តារា​ចម្រៀង​ប្រុស​រូប​នេះ​បោក​ប្រាស់​ក្តី​ស្នេហ៍​នាង​ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តែ​ម្តង តែ​ក្រោយ​មក​នាង​ក៏​បាន​លប់​ចោល​វិញ​ភ្លាមៗ​។

     

    ទោះបី​មាន​ការ Lives វីដេអូ​​តាម​ហ្វេសប៊ុក ​​​តប​បកស្រា​យ​ពី​សំណាក់​តារា​ចម្រៀង​ប្រុស ​មាន​សំឡេង​ក្រអួន​ អង្រួន​ស្រូប​យក​នូវ​ប្រជា​ប្រិយ​ភាព​ពី​​ក្រុម​អ្នក​គាំទ្រ​យុវវ័យ​លោក ឆន សុវណ្ណរាជ ដែល​ស្តាប់​មិន​សូវ​ច្បាស់ក៏​​ព្រោះ​ឮតែ​សំឡេង​រថ​យន្ត​យ៉ាង​ណា​ក្តី ក៏​​រលក​រឿង​ព័ត៌មាន​បែបរស៊ើប​ខ្នង​នេះ​ ​មិន​បាន​​សាប​រលាប​​​ដែរ គឺ​​នៅ​បន្ត​បោក​បក់​ដោយ​ភាព​មន្ទិល​សង្ស័យ​មិន​ស្បើយនោះ​ឡើយ​។

    តារាចម្រៀង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​កម្មវិធី​ Cambodian Idol ​នៅ​​ទូរទស្សន៍​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ ដែរ​ តែ​មិន​បាន​បក​ស្រាយ​ផ្ទាល់​ឡើយ​ដោយ​លោក​កំពុង​តែ​នៅ​ប្រទេស​កូរ៉េ​នៅ​ឡើយ ខណៈ​ត្រូវ​​បាន​​ប្អូន​ស្រី​បង្កើត​របស់​លោក​​ឈ្មោះ​​​​ Care បាន​​បក​ស្រាយ​ជំនួស​។ ដោយ​សម្អាង​​​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ និង​ធ្លាប់​បាន​មើល​វីដេអូ​​រៀបរាប់​រឿង​មិន​ទំនង​របស់​ក្មេង​ស្រី​ខាងលើ​​កញ្ញា Care បាន​​បង្ហើប​ឲ្យ​ដឹង​ថា​៖ «តាម​ពិត​ទៅ​ក្មេង​​ស្រី​ម្នាក់​នោះ គឺ​ជា​អ្នក​គាំទ្រ (Fan) ​របស់​បង​ខ្ញុំ​ ហើយ​នាង​​ធ្លាប់បាន​ជួប​ថត​​រូប​ជាមួយ​នឹង​គាត់​តែ​ម្តង​គត់​កាល​នៅ​​​ឯ​កោះ​ ពេជ្រ​​។ នាង​​ក៏​បាន​ប្រាប់​ដែរ​ថា គ្រាន់​តែ​និយាយ​លេង​សើច​នឹង​បង​រាជ​តែ​ប៉ុណ្ណោះ»​។ ​

    កញ្ញា Care បន្ត​ថា៖ «ម្យ៉ាង​ទៀត ក្មេង​ស្រី​នោះ ក៏​បាន​សារភាព​ថា គណនី​ហ្វេសប៊ុក​របស់​នាង ត្រូវ​បាន​គេ​ក្លែង​បន្លំ ហើយ​សង្ស័យ​ថា ​ជា​មិត្តភក្តិ​​ដែល​បាន​ឈ្លោះ​ជា​មួយ​នាង​ បាន​យក​គណនី​នាង​ទៅ​បង្ហោះ​រឿង ឬ​ធ្វើ​សកម្ម​ភាព​មិន​ល្អ​​ផ្សេងៗ​ទៀត​ផង​»៕

  • ធនាគារ BIDC ប្រគល់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន គិត​ជា​ទឹកប្រាក់​ប្រមាណ 42000ដុល្លារ

    ធនាគារ BIDC ប្រគល់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន គិត​ជា​ទឹកប្រាក់​ប្រមាណ 42000ដុល្លារ

    ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ភីអិលស៊ី ហៅ​កាត់​ថា BIDC ប្រគល់​រង្វាន់​ចំនួន 20រង្វាន់​ជូន​អតិថិជន​របស់ ខ្លួន ដោយមាន​ម្ចាស់​រង្វាន់​ចំនួន 12រូប ក្នុងនោះ​អតិថិជន​ដែលមាន​សំណាង​ជាងគេ​បានឈ្នះ​រថយន្ត Ford Fiesta មួយគ្រឿង ដែលមាន​តម្លៃ​ប្រមាណ 30000ដុល្លារ។

    ការផ្ដល់​រង្វាន់​នេះ បន្ទាប់ពី​អតិថិជន​បានដាក់​ប្រាក់​សន្សំ​ជាមួយនឹង​ធនាគារ BIDC ក្នុង «កម្មវិធី​ដាក់​ប្រាក់​សន្សំ​ឈ្នះ​រង្វាន់​ធំ» ជាមួយគ្នានេះ រង្វាន់​រួមមាន៖ រថយន្ត Ford Fiesta 2016 មួយ​រង្វាន់ ម៉ូតូ Honda Click 125i មួយ រង្វាន់ ទូរស័ព្ទ iPhone 8 Plus 128G ៣រង្វាន់ ទូរទស្សន៍ Samsung UHD Smart TV 43 ៥រង្វាន់ និង​ទូរ​ទឹក​ក ក HITACHI 293L INVERTER ចំនួន 10គ្រឿង ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ 42000ដុល្លារ​អាមេរិក។

    តំណាង​ធនាគារ BIDC ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ថា BIDC បានរៀបចំ​កម្មវិធី​ដាក់​ប្រាក់​សន្សំ​ឈ្នះ​រង្វាន់​ធំ (Save to Win Big Prize) ដែល​ផ្ដល់ជូន​នូវ​អត្រា​ការប្រាក់​ប​ញ្ញល​ខ្ពស់​រហូតដល់ 5.75% និង​មាន​រង្វាន់​សរុប​គិត​ជា​ទឹកប្រាក់​ប្រមាណ 42000ដុល្លារ​អាមេរិក។

    លោក​បន្តថា ជាមួយនឹង​លក្ខណៈពិសេស ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន​នោះ​គឺ អតិថិជន​គ្រាន់ តែ​មក​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ចាប់ពី 300ដុល្លារ​ឡើងទៅ នឹង​ទទួលបាន​លេខ​កូដ​ផ្សងសំណាង​ចំនួន1 ដើម្បី​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង​យក​រង្វាន់​ពី​កម្មវិធី​ដាក់​ប្រាក់​សន្សំ​ឈ្នះ​រង្វាន់​ធំ។

    បើ​គិត​ត្រឹម​ចុងឆ្នាំ 2016 នេះ ធនាគារ BIDC មានទ្រព្យ​សកម្ម​សរុប 727លាន​ដុល្លារ​អាមេរិក ចលនា​ទុន​សរុប 605 លាន​ដុល្លារ និង​ឥណទាន​សរុប 510លាន​ដុល្លារ​ផងដែរ៕

  • ប្រជាជន​មី​យ៉ាន់​ម៉ា​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ច្រើនជាង​វិស័យ​នានា​ក្នុងប្រទេស

    ប្រជាជន​មី​យ៉ាន់​ម៉ា​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ច្រើនជាង​វិស័យ​នានា​ក្នុងប្រទេស

    ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​កើន​ឡើង​ដល់​ចំនួន​ប្រមាណ​ជាង​2ពាន់លាន​ដុល្លារ​អាមេរិក បើ​គិត​ត្រឹម​ខែមីនា ឆ្នាំ2017។ ចំនួន​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ចំនួន​ច្រើន​លើស​ពី​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត។

    អ្នក​វិនិ​យោគ​មីយ៉ាន់ម៉ា បាន​បញ្ចូល​ទំហំ​ទឹក​ប្រាក់​ជាង​9,778​លាន​ដុល្លារ​ទៅក្នុង​សហគ្រាស​ចំនួន​1,241 ក្នុង11វិស័យ ដែល​ក្នុង​នោះគេ​សង្កេតឃើញថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​គឺមានចំនួន 20.98%​ក្នុងចំណោម​ការវិនិយោគ​ទាំង​អស់។

    នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ក្រុមប្រឹក្សា​វិនិយោគ និង​គ្រប់គ្រង​ក្រុមហ៊ុន (DICA) ដែល​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ វិស័យ​ឧស្សាហកម្ម​បាន​តាម​ពីក្រោយ​វិស័យអចលនទ្រព្យ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រតិបត្តិ​ការប្រមាណ ​1,807លាន​ដុល្លារ បន្ទាប់​មក​ទៀត​គឺ​វិស័យ​ដឹក​ជញ្ជូន​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​1,706លាន​ដុល្លារ និង​សណ្ឋាគារ និង​ទេសចរណ៍​​មាន​ទឹកប្រាក់​ជាង​1,048លាន​ដុល្លារ។ ក្នុងនោះដែរ​វិស័យ​កសិក​ម្មនិង​ជលផល​ត្រូវបាន​គេ​ឃើញថា​មាន​ចំនួន​ត្រឹមតែ 0.38% និង 0.53% ប៉ុណ្ណោះ​ក្នុងចំណោម​ការវិនិយោគ​ទាំងអស់​​ក្នុង​ប្រទេស។

    ចំណែកការវិនិយោគ​ដោយផ្ទាល់​របស់​ជនបរទេសក្នុង​ឆ្នាំ​2016-2017 មាន​ថវិកា​សរុប​6.6ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ថវិកា​វិនិយោគ​ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​ចំនួន​748លាន​ដុល្លារ៕

  • Robert Kiyosaki ៖ បើ​ចង់​ក្លាយជា​អ្នកមាន កុំ​សន្សំ​លុយ​ទុក

    Robert Kiyosaki ៖ បើ​ចង់​ក្លាយជា​អ្នកមាន កុំ​សន្សំ​លុយ​ទុក

    លោក Robert Kiyosaki  ត្រូវបាន​គេ​ស្គាល់​ថា ជា​សេដ្ឋី​វ័យ ៧០ឆ្នាំ បាន​និយាយថា នៅក្នុង​ពិភពលោក អ្នក​ដែល​ប្រើប្រាស់​លុយ​សព្វថ្ងៃនេះ ភាគច្រើន​គឺ​សន្សំ​លុយ​ទុក​ដើម្បី​ក្លាយជា​អ្នកមាន ប៉ុន្តែ​គេ​មិនដឹងថា ការធ្វើ​បែបនេះ​គឺ​បរាជ័យ​ទាំងស្រុង។

    ការ​សន្សំ​លុយ​ទុក ដោយ​មិន​យកទៅ​វិនិយោគ​គឺ​វា​មិនមែនជា​ទ្រព្យ​នោះទេ ហើយក៏​មិនអាច​ធ្វើឱ្យ​ក្លាយជា​អ្នកមាន ឬ​សេដ្ឋី​បានដែរ។ បើ​ចង់​ក្លាយជា​អ្នកមាន ឬ​សេដ្ឋី ត្រូវ​សន្សំ​លុយ​ទុក បន្ទប់​មក​ចាប់ផ្ដើម​ធ្វើការ​វិនិយោគ​ទៅតាម​ផែន​ការណ៍ ប៉ុន្តែ​ក៏ត្រូវ​ចាំ​ដែរ​ថា មិនចាំបាច់​សន្សំ​រហូត​គ្រប់​ចំនួន​ទើប​ចាប់ផ្ដើម​រកស៊ី​នោះទេ អ្នក​ត្រូវ​ប្រាកដថា ជំនួញ​របស់​អ្នក​អាច​ចាប់ផ្ដើម​ពី​ទំហំ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន? ការដឹង​ពី​តួលេខ​នេះ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុងការ​សន្សំ​លុយ៕

  • រាជនីក្រមាកញ្ញា មាន សូនីតា និងតារាខ្មែរបួនដួងទៀតឡើងយន្តហោះទៅជប៉ុនចុងខែនេះ

    រាជនីក្រមាកញ្ញា មាន សូនីតា និងតារាខ្មែរបួនដួងទៀតឡើងយន្តហោះទៅជប៉ុនចុងខែនេះ

    ភ្នំពេញៈ តារា​ចម្រៀង និង​សម្តែង​ប្រុស​ស្រី​ល្បីៗ​ខ្មែរ​ចំនួន ៥ ដួង នឹង​រួម​សហការ​ស្ម័គ្រចិត្ត​ចូល​រួម​នៅក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៧ នៅ​ឯ​ប្រទេស​ជប៉ុន​ក្នុង​គោល​បំណង​ជួយ​លើកស្ទួយ​សិល្បៈ ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា នៅឯ​បរិវេណ​ឧទ្យាន​យ៉ុ​យ៉ុកិ នៃ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដើម​ខែ​ឧសភា​ឆ្នាំ ២០១៧ ខាងមុខ។

     

    តារា​ទាំង​ប្រាំដួង​នោះ​រួមមាន​តារា​ចម្រៀង​លំដាប់​កំពូល​ចាស់​វស្សា​ជ្រក​ក្រោម​ផលិតកម្ម​ហង្សមាស​លោក ព្រាប សុវត្ថិ តារា​ចម្រៀង​បុរាណ និង​ប្រពៃណី​រៃ​ក​ណ្ដឹង​អ្នកនាង ម៉េង កែវ​ពេជ្ជតា តារា​ចម្រៀង​ប្រុស​អូរីជីណល់ ដែល​អតីត​ជា​បេក្ខជន​ប្រឡង​ធ្លាក់​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol នា​រដូវ​កាល​ទី ១ លោក អ៊ាម វន្នី តន្ត្រីករ​ជា​ម្ចាស់​សាលា​តូរ្យ​តន្ត្រី​ឯកជន​លោក សែន ស្រណោះ និង​តារា​សម្តែង​ស្រី​រហស្សនាម​រាជនី​ក្រមា កញ្ញា មាន សូនីតា ដែល​ពួកគេ​ឡើង​យន្ត​ហោះ​ចេញ​ដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០១៧ ហើយ​កម្មវិធី​តាំង​ពិព័រណ៍​នោះ មាន​រយៈពេល​ពីរ​ថ្ងៃគឺ​ចាប់​ផ្តើម​ពីថ្ងៃ​ទី ៣ ដល់​ទី ៤ ខែ​ឧសភា ឆ្នាំ ២០១៧។

    លោក ម៉ី ចំណាប់ អនុប្រធាន​​គណៈ​កម្មការ​ស្ម័គ្រ​ចិត្ត​រៀបចំ​កម្មវិធី បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​រៀបចំ និង​វត្តមាន​តារា​ខ្មែរ​ទាំង​ប្រាំ​ដួង​ដែល​ចូលរួម​​​​ថា៖ «តាម​ពិត​ទៅ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា បានធ្វើ​ចំនួន​បី​លើក​ទាំង​ឆ្នាំនេះ។ កាល​ពីមុន​ជា​លក្ខណៈ​តូចតាច​ទេ តែ​ឆ្នាំ​នេះ​យើង​ធ្វើឲ្យ​ធំ​បន្តិច ដោយ​មាន​អញ្ជើញ​សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ​ឲ្យ​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា​ចូលរួម​គឺ​គ្រាន់តែ​យើង​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​ចេញថ្លៃ​សំបុត្រ​យន្តហោះ ថ្លៃ​ស្នាក់​នៅ និង​អាហារ​ប៉ុណ្ណោះ​សម្រាប់​ពួកគាត់»។

    តារា​សម្តែង​ស្រី​រលក​ក្រោយ ដែល​កំពុងតែ​ល្បី​លើ​វិថី​សិល្បៈ​សម្តែង និង​ម្ចាស់​គម្រោង​ផ្ទះ​ស្រឡាញ់​រហស្សនាម​ថា «រាជនី​ក្រមា» កញ្ញា មាន សូនីតា ប្រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន និង​ឲ្យ​តម្លៃ​លើ​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា នៅ​ប្រទេស​ជប៉ុន​នោះ​ថា៖ «ចំពោះ​ការ​ចូលរួម​កម្មវិធី​បែប​ស្ម័គ្រ​ចិត្ត​នេះ​គឺ​ជា​លើកទី ១ ខណៈ​ការធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​វិញ​ខ្ញុំដូច​ធ្លាប់​បាន​ទៅ​ញយ​ដែរ។ ខ្ញុំ​​គិត​ថា ការ​រៀបចំ​ពិព័រណ៍​បែបនេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​បង​ប្អូន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន មាន​ឱកាស​បាន​ជួប​ជុំ​គ្នា និង​នាំយក​នូវ​ផលិតផល​នានា​ជារបស់​ខ្មែរ​ដាក់​បង្ហាញ​ឲ្យ​ជនជាតិ​ជប៉ុន​បាន​ស្គាល់​ច្បាស់ ខណៈ​យើង​ជា​អ្នកសិល្បៈ​នឹង​សហការ​គ្នា​នាំយក​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ។ លើស​ពី​នេះ នាង​ខ្ញុំ​ក៏គ្រោង​យក​នូវ​ម៉ូដម៉ាក​សម្លៀក​បំពាក់​ក្រមា​ខ្មែរ​ទៅ​បង្ហាញ​នាពេល​នោះ​ផងដែរ»៕

  • ធ្វើយ៉ាងណាដើម្បីឱ្យជើងស្អាត និងសិចស៊ី?

    ធ្វើយ៉ាងណាដើម្បីឱ្យជើងស្អាត និងសិចស៊ី?

    ការដណ្តើមគ្នាបង្អួតភាពសិចស៊ី បង្ហាញសាច់ជើងសខ្ចី មានទាំងជើងស្រឡូនតូចៗ និង​ជើងទ្រលុកទ្រលន់​តាមរយៈការស្លៀកសម្លៀកបំពាក់ខ្លីៗ គឺជាសកម្មភាពដែល​កំពុងពេញនិយមបំផុតសម្រាប់នារីៗ ជាពិសេសគឺយុវតីសម័យថ្មីនេះតែម្ដង។ ប្រាកដណាស់ថា អ្នកណាៗក៏នឹងលួចកោតសរសើរអ្នកដែរ ប្រសិនបើគេបានឃើញជើងដ៏ស្រស់ស្អាត មើលទៅមានសភាពទន់រលោងរបស់អ្នក។ ​ប៉ុន្តែប្រសិនបើអ្នកនៅមិនទាន់មានទំនុកចិត្តថា ជើងរបស់អ្នកមាន​សភាព​ស្រស់ស្អាតគ្រប់គ្រាន់​ក្នុងការប្រណាំងប្រជែងជាមួយអ្នកដទៃទេនោះ សូមចាប់ផ្តើមថែរក្សាជើងរបស់អ្នកឱ្យបានស្អាត​ចាប់ពីពេលនេះតទៅ។

    ដុសខាត់កែងជើង៖ បង្កើតទម្លាប់ក្នុងការដុសខាត់កែងជើង និងបាតជើងឱ្យបានស្អាតដោយច្រាស ឬថ្មខាត់ មុននឹងដុសអ្នកគួរត្រាំជើងរបស់អ្នកទៅក្នុងទឹក (ប្រសិនបើត្រាំជាមួយទឹកក្តៅឧណ្ហៗកាន់តែល្អ) ប្រមាណជា10-15នាទីជាមុនសិន ​ដើម្បីឱ្យស្បែកជើងរបស់អ្នកទន់ងាយស្រួលក្នុងការដុសសម្អាតសារធាតុ​កខ្វក់ និងស្បែកចាស់ៗចោល។ ប្រសិនបើជើងរបស់ស្ងួត និងមានសភាពប្រះបែកនោះ អ្នកត្រូវតែផ្តល់សំណើមឱ្យជើងរបស់អ្នក។ មានផលិតផលច្រើនណាស់​ដែលអាចឱ្យអ្នកជ្រើសរើសប្រើប្រាស់ ដូច្នេះវាពិតជាមិនពិបាកទេបើគ្រាន់តែចង់ស្វែងរកផលិតផលមួយដែលត្រូវនឹងអ្នកនោះ។

    ធ្វើចលនា និងម៉ាស្សាជើង៖ ម្រាមជើង និងប្រអប់ជើងក៏អាចបង្កើនភាពស្រស់ស្អាតឱ្យអ្នកបានដែរ ហេតុនេះការទាញម្រាមជើង ច្របាច់ ធ្វើចលនាចុះឡើង និងការ​ម៉ាស្សាប្រអប់ជើងដោយប្រេងអូលីវ ឬប្រេងដូងជាដើមគឺជាវិធីល្អបំផុតក្នុងការបន្ថែមភាពតឹងណែនដល់ប្រអប់ និងម្រាមជើងរបស់អ្នក។

    សម្អាតជើងឱ្យស្អាត៖ ការលាងសម្អាត និងជូតជើងរបស់អ្នកឱ្យបានស្អាត និងស្ងួតល្អ គ្រប់កន្លែង ពិសេសគឺនៅចន្លោះម្រាមជើងជាដើមនោះ​គឺជាចំណុច​មួយ​ដែល​អ្នក​មិនគួរភ្លេចជាដាច់ខាត។

    កុំមើលរំលងស្បែកជើងដែលអ្នកពាក់៖ ស្បែកជើងស្អាតល្អពិតប្រាកដមិនត្រឹមតែជាម៉ូដដែលអាចលើកសម្រស់ជើងតែប៉ុណ្ណោះទេ តែវាត្រូវតែផ្តល់ភាពងាយ​ស្រួលក្នុងការស្លៀកពាក់ផងដែរ។ សូមចាំថា ស្បែកជើងដែលមិនធ្វើឱ្យឈឺជើង និងងាយស្រួលដើរគឺជាជម្រើសទីមួយដែលអ្នកត្រូវគិតដល់៕

     

  • តារាសម្តែងស្រីតួចច្រឡឹង​ ដួង ម៉ានិច ច្រានចោលគេថាមានអ្នកឧបត្ថម្ភនាង​​ទិញផ្ទះថ្មី

    តារាសម្តែងស្រីតួចច្រឡឹង​ ដួង ម៉ានិច ច្រានចោលគេថាមានអ្នកឧបត្ថម្ភនាង​​ទិញផ្ទះថ្មី

    ភ្នំពេញៈ​ តារា​​សម្តែង​ស្រី​ មាន​​​រាង​តូច​ច្រឡឹង ចង្កា​ស្រួច​កញ្ញា ដួង ម៉ានិច ដែល​​ទើប​តែមាន​រាសី​ឡើង​ខ្ពស់​ខ្លាំង​​​​​នៅ​​ចុង​ឆ្នាំ ២០១៦​ និង​ទទួល​ការ​​សរសើ​ពី​មហាជន​​​​ថា ​ថត​សម្តែង​សម​ជា​តួ​ប្តី​ប្រពន្ធ​​​នឹង​តារា​សម្តែង​​ប្រុស​​​​ជើង​​ចាស់​លោក ទេព រិន្ទ​ដារ៉ូ នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​​ថត​​សា​ឡើងវិញ​​​រឿង «ពស់​កេង​កង​ថ្មី» ទើប​ថត​​​​​ចប់​ថ្មីៗ​នោះ ឥឡូវ​នេះ​សល់​លុយ​ទិញ​ផ្ទះ​ល្វែង​មួយ​ជូន​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់​​។​

    ​មើល​ទៅ​​ផ្ទះ​​នោះ​​សង់​ជិត​​រួច​រាល់​ហើយ​ បើ​តាម​រូប​នាង​​​ឈរ​ថត​នៅ​មុខ​ផ្ទះ​​​មាន​សារ​​បញ្ជាក់​​ថា​៖ «​បាន​ ៨០ % ហើយ​​​សម្រា​ប់​​​​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​ I love you my man»។ ​មាន​ការ​សង្ស័យ​ថា តារា​ស្រី​រូប​នេះ ​ទំនង​ជា​មាន​បុរស​កំណាន់​ចិត្ត​នៅ​ពី​ក្រោយ​ជួយ​​ឧបត្ថម្ភ​នាង​​ទិញ​ផ្ទះ​គាប់​ចិត្ត​ម្តាយ​ក្មេក​មិន​ខានឡើយ ដោយ​សម្អាង​​សារ​បង្ហោះ​ថា « I love you my man» គឺ​មាន​ន័យ​ថា «​អូន​​ស្រឡាញ់​បង​សំណព្វ​ចិត្ត​របស់​​អូន!»។​​

    ខុស​ពី​ការ​មន្ទិល​សង្ស័យ ត្រូវ​តារា​ស្រី​រាសី​ឡើង​ខ្ពស់​ ដែល​តែង​តែ​ក្តាប់​បាន​ឱកាស​ថត​កុន​​ហូរ​ហែ​​​​មាន​រូប​សម្ផស្ស​​ស្រស់​សោភា​វ័យ ២៦​ ឆ្នាំ ​ កញ្ញា ដួង ម៉ានិច បែរ​ជា​បក​ស្រាយ​​ ទាំង​មាន​​សម្លេង​​បែប​ងឿង​ឆ្ងល់​វិញ​ថា៖ «​ពិតជា​សរសេរ​ថា​ I love you my man មែន? ខ្ញុំ​មិន​បាន​ពិនិត្យ​​ទេ​ព្រោះ​ជា​បាន​ពឹង​ឲ្យ​ប្អូន​ប្រុស​សរសេរ​ឲ្យ​។ តាម​ពិត​ទៅ​គឺ​ខ្ញុំ​ចង់​ឲ្យ​គាត់​សរសេរ​ថា I love you my mummy ដែល​មាន​ន័យ​ថា​ស្រឡាញ់​អ្នក​ម្តាយ​នោះ​ឯង​​ទេ​តើ​បង!។​ ផ្ទះ​នេះ​គឺ​នាង​ខ្ញុំ​ទិញ​តាម​វិធី​បង់​រំលោះ​ ជាមួយ​នឹង​ប្រាក់​​ដែល​បាន​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​ ដោយ​វា​មាន​តម្លៃ​ថ្លៃទេ​គឺ​ជាង ​៣ ម៉ឺន ដុល្លារ ប៉ុណ្ណោះ»។​ តារាស្រី​ដែល​ទទួលបាន​ពានរង្វាន់​ជា​សិល្បការិនី​ឆ្នើម​ផ្នែក​តារា​គោរព​ពេល​វេលា និង​​ជា​តួ​ស្រី​កាច​​ឆ្នាស​ឆ្នើម​ពី​កម្មវិធី Apsara Award 2016 នាពេល​ថ្មីៗនេះ ក៏​មាន​ការ​អាក់​អន​ស្រពន់​ចិត្ត​ដែរ​ ចំពោះ​ព័ត៌មាន​ចោទ​ប្រកាន់​រូប​នាង​​ថា មាន​អ្នក​ជួយ​ទំនុក​ប​ម្រុង ឬ​អ្នក​ឧបត្ថម្ភ​នោះ​​។

    ​តារា​សម្តែង​ស្រីដែល​​មាន​ស្រុក​កំណើត​មកពី​ខេត្ត​បន្ទាយ​មានជ័យ​រូបនេះ នៅ​តែបន្ត​​អះអាង​​ថា៖ «នាង​ខ្ញុំ​ទិញ​​ផ្ទះ​នេះ​បាន​ពី​ប្រាក់​ ដែល​ខិតខំ​សន្សំ​ជិត​ដប់​ឆ្នាំ​ហើយ។ តាំង​ពីចូល​ប្រឡូក​​​សិល្បៈ​មក​នាងខ្ញុំ​គ្មាន​អ្នក​ណា​​ជួយ​ចិញ្ចឹម​អ្វី​នោះទេ ហើយ​តាម​ពិត​ទៅ ការ​ងារ​សិល្បៈ​សម្រាប់​នាង​​គ្រាន់តែ​បាន​ត្រឹម​រស់​ប៉ុណ្ណោះ។ ​ប្រាក់​​សន្សំ​ទិញ​ផ្ទះ​នេះ បាន​មកពី​ចំណូល​នៃការ​បើក​អាជីវ​កម្ម​មួយ​​លក់​​​ស្រា​ក្រ​ឡុក​​មួយ​នៅឯ​ខេត្ត​​បៃ​​លិន​ ដែល​​ខ្ញុំ​បាន​ប្រកប​រកស៊ី​នេះ ​តាំង​ពី​ឆ្នាំ ២០០៧ មកម្ល៉េះ​ ឯ​ប្រាក់​​បាន​ពី​សិល្បៈ​វិញ​គឺ​​តិច​តួច​បំផុត​»៕​

  • LG ឈ្នះពានរង្វាន់ BEST OF THE BEST ពី Red Dot Design Awards

    LG ឈ្នះពានរង្វាន់ BEST OF THE BEST ពី Red Dot Design Awards

    ក្រុមហ៊ុន LG Electronics បានឈ្នះពានរង្វាន់ការរចនាពីគណៈកម្មាធិការ Red Dot Design Awards​  សម្រាប់ការច្នៃប្រឌិតក្នុងការរចនារបស់ខ្លួន  រួមទាំងពានរង្វាន់ Best of the Best awards ពីរផ្សេងទៀត។ ពានរង្វាន់ Best of the Best awards ត្រូវបានផ្តល់ទៅឱ្យទូរទស្សន៍ LG’s SIGNATURE OLED TV W និងទូរទឹកកក Smart InstaView លើការរចនា និងការច្នៃប្រឌិតដ៏ល្អ ឥតខ្ចោះ។ Red Dot Design Awards​  ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាសកល និងមាន ឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងការវាយតំលៃការរចនារបស់ផលិតផលអេឡិចត្រូនិច។

    ទូរទស្សន៍សេរ៊ីថ្មី LG SIGNATURE OLED TV W ត្រូវបានរចនាឡើងក្នុងលក្ខណៈពិសេស រូបរៀង   ស្តើង ទំនើប ពេលចាប់ផ្ជាប់ទៅនឹងផ្ទៃជញ្ជាំង  បង្កើតការភាន់ច្រលំ ហាក់បីដូចជាយើងកំពុងមើលតាមបង្អួចផ្ទះខណះពេលយើងកំពុងទស្សនា វាជំរុញបទពិសោធន៏នៃទស្សនារអោយកាន់តែមានភាពជក់ចិត្ត។ ថ្មីៗនេះទូរទស្សន៍សេរ៊ីថ្មី LG SIGNATURE OLED TV W ក៏ទទួលបានពានរង្វាន់រចនា iF Design Award ផងដែរ។​

    ទូរទឹកកកស៊េរីថ្មី LG’s InstaView Door-in-Door™ ក៏ត្រូវបានទទួលស្គាល់ដោយ Red Dot សម្រាប់ភាពជោគជយ័ក្នុងការរួមបញ្ចូលគ្នានូវការរចនាដ៏ស្រស់ស្អាត់ជាមួយនិងបច្ចេកវិទ្យាយ៉ាងទំនើប។ Smart InstaView™​​ ជាប្រភេទទូរទឹកកកដែលបំពាក់ដោយអេក្រង់ Touch LCD Display មានទំហំ 29 អ៊ីង។​ យើងអាចមើលឃើញផ្នែកខាងក្នុងរបស់ Smart InstaView™​​ បានដោយគ្រាន់តែប៊ះ  លើអេក្រង់របស់វាចំនួនពីរដងជាការស្រេច ដោយពុំចាំបាច់បើកទ្វារបស់វានោះទេ។ ចំនែក​ Smart Tag Minu អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់បន្ថែម ស្លាកសញ្ញាចំនាំនៅលើអេក្រង់ ដើម្បីបញ្ជាក់ថាចំនីអាហារណាដែលរក្សាទុកនៅខាងក្នុង​ លើសពីនេះទៀត អ្នកប្រើប្រាស់ក៍អាចបញ្ចូលកាលបរិច្ឆទផុតកំនត់របស់ចំនីអាហារ ដូច្នេះទូរទឹកកកនឹងអាចធ្វើការរំលឹកអ្នកប្រើប្រាស់ចំពោះចំនីរអាហារណាដែលជិតផុតកំនត់កាលបរិច្ឆទប្រើប្រាស់។

    បន្ថែមពីការទទួលបានពានរង្វាន់ល្អទាំងពីរនេះហើយ LG ក៏បានទទួលពានរង្វាន់កិត្តិយស 18 បន្ថែមទៀតពី Red Dot។ សម្រាប់ផលិតផល LG ដែលទទួលបានពានកិត្តិយសពីរ Red Dot មានដូចជាទូរទស្សន៍ LG SIGNATURE OLED, កុំព្យូទ័រយួរដៃ, ស្មាតហ្វូន V20, និង នាឡិកា LG Smart Watch, កាស់ wireless និង ឧប្បករណ៏បញ្ចាំងស្លាយ (monitor) ប្រភេទ Minibeam ទាំងអស់នេះគឺជាផលិតផលក្នុងចំណោមផលិតផលផ្សេងទៀត ដែលបានការទទួលស្គាល់លើការរចនា និង  បច្ចេកវិទ្យាឆ្នៃប្រឌិតដ៏អស្ចារ្យរបស់ពួកវា។

    បើយោងតាមប្រសាសន៏របស់លោក  Noh Chang-ho ដែលជាប្រធានផ្នែករចនារបស់ក្រុមហ៊ុន LG Electronics  បានឱ្យដឹងថា ការទទួលស្គាល់របស់ Red Dot មកលើផលិតផលរបស់ LG  យើង នេះគឺជាការបញ្ជាក់អោយឃើញថា LG គឺជាអ្នកដឹកនាំជួមុខគេក្នុងការរចនាផលិតផលអេឡិចត្រូនិច។ យើងនឹងបន្តផ្តល់ជូននូវផលិតផលដែលជំរុញឱ្យមានការរចនានិងបច្ចេកវិទ្យាលើសពីរការរំពឹងទុករបស់អតិថិជន ហើយយើងប្តេជ្ញានឹងធ្វើអោយល្អបំផុតដើម្បីកំណត់ ស្តង់ដារ សោភ័ណ្ឌភាព របស់ផលិតផលយើងអោយឱ្យកាន់ខ្ពស់។

    ផលិតផលថ្មីៗទាំំងអស់នេះនឹងមានវត្តមាននៅក្នុង LG BrandShop គ្រប់សាខាទាំងអស់នៅពេលឆាប់ៗនេះ។

    LG BrandShop ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ

    ព័ត៌មានបន្ថែម 023 222 699/ 023 888 299

    LG WINS DUAL “BEST OF THE BEST” IN THIS YEAR’S RED DOT AWARDS