Author: វល័ក្ខ

  • Ronaldo ធ្វើឲ្យ Atletico ត្រូវការអព្ភូតហេតុ ដើម្បីសង្គ្រោះការធ្លាក់ចេញ

    Ronaldo ធ្វើឲ្យ Atletico ត្រូវការអព្ភូតហេតុ ដើម្បីសង្គ្រោះការធ្លាក់ចេញ

    កំណត់ត្រា​នៃ​ការរកគ្រាប់​បាល់​បញ្ចូល​ទី​របស់​​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​ចាត់​ទុក​ថា ជាកំណត់ត្រា​ពិសេស​តែមួយ ដោយ​លោក​​​គ្រូបង្វឹក​ Zinedine Zidane ខណៈ​ដែលការរកគ្រាប់​បាល់បញ្ចូល​ទី​៣​គ្រាប់​របស់​គេ បាន​ជួយ​ឲ្យក្រុម Real Madrid ស្ថិតយ៉ាងប្រកៀក​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មួយផ្សេង​ទៀតនៃក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការផ្តួលក្រុម Atletico Madrid ៣-០​ កាលពី​ថ្ងៃ​អង្គារ​។

    ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣គ្រាប់​របស់ Ronaldo គឺ​ជា​ការ​រក​បាន​ជាលើក​ទី​២​នៅពេលប្រកួត​ជា​មួយ​នឹងក្រុម Atletico នៅ​រដូវ​កាលនេះ និង​ជាលើក​ទី​២​ជាប់​ៗ​គ្នា​ក្នុងក្រប​ខ័ណ្ឌ Champions League ក្រោយពីក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​​ផង​ដែរ​ដើម្បីផ្តួលក្រុម Bayern Munich ក្នុងការ​ប្រកួត​វគ្គ​៨ក្រុម​​ចុងក្រោយ​។ លោក Zidane បាន​ឲ្យ​ដឹង​ថា៖ «ការ​រកគ្រាប់​បាល់បញ្ចូល​ទី​​គឺ​ជា​សមត្ថ​ភាព​ដែល​រូបគេមាន​​​ខ្លាំង​ជាង​កីឡាករ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​​រូប​គេមាន​លក្ខ​ណៈ​យ៉ាង​ពិសេស​តែមួយ​»​។ ការ​ទទួល​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យក្រុម Real បន្ត​ធ្វើការ​គ្រប់គ្រង​លើក្រុម Atletico ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្នុង​រយៈ​ពេល​បួន​រដូវកាល​ចុង​ក្រោយ​​នេះ​។

    Real បាន​​ទម្លាក់ក្រុម​របស់​លោក Diego Simeone រាល់​​ការ​ជួប​គ្នា​ទាំង​៣លើក​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប​រយៈពេល​៣​រដូវកាល​ចុងក្រោយ​នេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំងក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពីឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ផង​ដែរ​។ Ronaldo បាន​ធ្វើ​ឲ្យ​ក្រុម Real Madrid ​ចាប់ផ្តើម​យ៉ាងល្អ​​តាមរយៈ​ការ​រកគ្រាប់​បាល់​បើកឆាកនៅ​ទីនាទី ទី​១០ មុននឹង​​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​ទៀត​​នៅ​រយៈ​ពេល​២០​នាទី​ចុងក្រោយ​។ Ronaldo បាន​ឲ្យ​ដឹង​ថា៖ «ក្រុមនេះពិត​ជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​បាន​រក​គ្រាប់បាល់បញ្ចូល​ទី​ ប៉ុន្តែ ក្រុម​នេះ លេង​បាន​យ៉ាង​អស្ចារ្យ​តាំង​ពី​ចាប់​​ផ្តើម​ប្រកួត​»​។ ការ​ទទួល​ជ័យជម្នះ​ក៏​បាន​ជួយ​ឲ្យ Real ស្ថិតនៅ​ផ្លូវក្នុងការក្លាយ​ជាក្រុម​ដំបូង​គេ​ក្នុងការ​ការ​ពារ​ពាន Champions League យ៉ាង​​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​៕

    ប្រភព​ពី​៖ worldsoccertalk

  • សារ៉ាយ សក្ខណា ក្តាប់ឱកាសកើបប្រាក់ក្រៅប្រទេស ក្រោយពីអាជីវកម្មនឹងថឹង

    សារ៉ាយ សក្ខណា ក្តាប់ឱកាសកើបប្រាក់ក្រៅប្រទេស ក្រោយពីអាជីវកម្មនឹងថឹង

    ភ្នំពេញៈ តារា​សម្តែង​ស្រី​​សម្បុរ​ស្រអែម​ ញញឹម​ស្រស់ អ្នក​នាង សារ៉ាយ សក្ខ​ណា ដែល​​ស្វាមី​​ជា​​​​អាណិក​ជន​​​​អាមេរិក​​​​មាន​​ដើម​ទុន​​រាប់​សិប​ម៉ឺន​​ដុល្លារ ដែល​​ទើប​តែ​បើក​ហាង​កែ​សម្ផស្ស XENO ​ ​ហើយ​មមាញឹក​ការ​​ងារ​រក​​​​​​ស៊ី​​ខ្លាំង​​សឹង​តែ​ផ្តាច់​​ខ្លួន​ចេញ​ផុត​ពី​ការ​ងារ​សិល្បៈ​​ទៅ​ហើយ​​​នោះ ឥឡូវ​​ក៏​​​​ស្រាប់​តែ​ចាប់​បាន​ឱកាស​​​កើប​​​​​​​ប្រាក់​ពី​វិស័យ​សិល្បៈ​សា​ជា​ថ្មី​ឡើង​វិញ​ ដោយ​​នាង​នឹង​ត្រូវ​ចេញ​ទៅ​សម្តែង​​នៅ​​​​ប្រទេស​អូស្រ្តាលី​​នា​​​ថ្ងៃ​ទី​​៥ ខែ​ ៥ ​ខាង​មុខ​នេះ​។​​

    ឱកាស​ចាក​ចេញ​ទៅ​សម្តែង​ក្នុង​កម្ម​វិធី​សិល្បៈ​នោះ ក្រៅ​ពី​តារា​សម្តែង​ស្រី ដែល​មាន​ស្វាមី​ជា​​មេធាវី​អាណិក​​​ជន​មកពី​សហ​រដ្ឋ​អាមេរិក លោក កែវ មន្រ្តី​​ និង​បាន​ពង្រីក​ការ​ងារ​រក​ស៊ី​ជូន​​ម្តាយ​គឺ​ហាង​ស៊ុប យី​ហោ «Sakhana Family Soup» ស្ថិត​នៅ​ក្បែរ​ភោជនីយដ្ឋាន​ហេង​ហេង ម្ដុំ​ទួលគោក​នោះ ក៏​​ឃើញ​​​វត្តមាន​​តារា​​​ចម្រៀង​ស្រី​ពីរ​ដួង​ទៀត​​ចូល​រួម​ដែរ​មាន​តារា​ចម្រៀង​ស្រី​​អ្នកនាង ឈួន ស្រី​ម៉ៅ និង​​អ្នកនាង យ៉ាន លីន​ដា ដែល​អតីត​ជា​ភរិយា​របស់​លោក​ យ៉ែម សំអូន​។ ​

    យ៉ាង​ណា​គេ​ក៏​មិន​បាន​ដឹង​ច្បាស់​ការ​​សម្តែង​​​មាន​​ប៉ុន្មាន​ថ្ងៃ ក្នុង​គោល​ដៅ​អ្វី និង​ត្រូវ​វិល​ត្រឡប់​​មក​វិញ​​​ពេល​​ណា​​ដែរ ខណៈ​ពេល​​នេះ​​តារា​សម្តែង​ស្រី​​បាន​ថត​ឈុត​កុន​បញ្ចប់​រឿង «ក្រមុំ​កូន១» ដែល​នៅ​​សល់​​ឲ្យ​ផលិត​​កម្ម ​Red Picture​ និង​កុន​ថ្មី​ពីរ​រឿង​ឲ្យ​​ផលិតកម្ម​ពីរ​ផ្សេង​គ្នា​​​ នា​ពេល​អម​ដំណើរ​ស្វាមី​រក​ទី​កន្លែង​បើក​​​​​ហាង​កែ​សម្ផស្ស​ កំពុង​តែ​រួម​រស់​ជុំ​ស្វាមី​នៅ​ឯ​សហ​រដ្ឋ​អាមេរិក​ មិន​អាច​ទំនាក់​ទំនង​សាក​សួរ​បាន​ឡើយ។ តែ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី ផាន់ សម្ផស្ស ជា​ម្តាយ​របស់​តារា​សម្តែង​ស្រី​ សារ៉ាយ ស​ក្ខិ​ណា បង្ហើប​ប្រាប់​ថា៖ «ការ​សម្តែង​នោះ​ដូចជា​ត្រូវ​បាន​សមាគម​ខ្មែរ​នៅ​អូស្រ្តាលី​អញ្ជើញ​គាត់ [សក្ខណា] ទៅ​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ​ថា មាន​ចំនួន​ប៉ុន្មាន​ថ្ងៃ តែ​ដូចជា​ឮ​ថា ​មាន​រយៈ​ពេល​មិន​​​យូរ​​ឡើយ​​គឺ​ប្រហែល​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​​​»។ អ្នក​ស្រី ផាន់ សម្ផស្ស ក៏​បាន​ប្រលយ​ឲ្យ​ដឹង​​បន្ត​ថា៖ «​គាត់​មិន​ប្រាប់​ថា នឹង​ត្រូវ​មក​ស្រុក​ខ្មែរ​វិញ​សិន​នោះទេ ប្រហែល​​ជា​គាត់​ចេញ​ដំណើរ​ពី​អាមេរិក​ឆ្ពោះ​ទៅកាន់​​ប្រទេស​អូស្រ្តាលី​ តែ​ម្តង​ហើយ​មើល​ទៅ។ ​ឯ​​រឿង​​​មើល​​ការ​ខុស​ត្រូវ​លើ​ហាង​កែ​សម្ផស្ស​ ដែល​ពី​មុន​គ្មាន​អ្នក​​មើល​នោះ ឥឡូវ​នេះនាង​ដូចជា​រក​បាន​​អ្នក​​​​មើល​​ការ​ខុស​ត្រូ​វ​​ជំនួស​ហើយ​​ដែរ​ ទើប​បាន​ជា​នាង​ហ៊ាន​ព្រលែង​ដៃ​បែប​នេះ​​»៕​​

  • គន្លឹះក្នុងការចាប់ផ្ដើមអាជីវកម្មដោយប្រើប្រាស់ដើមទុនតិច

    គន្លឹះក្នុងការចាប់ផ្ដើមអាជីវកម្មដោយប្រើប្រាស់ដើមទុនតិច

    សហគ្រិនជាញឹកញាប់មានគំនិតធ្វើអាជីវកម្មដ៏អស្ចារ្យ ប៉ុន្តែអ្វីដែលជាឧបសគ្គរបស់ពួកគាត់គឺការខ្វះដើមទុនដើម្បីចាប់ផ្ដើមអាជីវកម្ម។ ដើមទុនគឺជារឿងដ៏សំខាន់បំផុតមួយចំណោមបញ្ហាទាំងអស់ ដើម្បីបង្កើតអាជីវកម្មមួយឱ្យដំណើរការទៅមុខបាន។

    ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនក្នុងការចាប់ផ្ដើមអាជីវកម្មដោយប្រើប្រាស់ដើមទុនតិច៖

    ១) ចូរបង្កើតអាជីវកម្មណា ដែលប្រើចំណេះ និងជំនាញរបស់អ្នក
    វាអាចជាការចាប់ផ្ដើមដោយប្រើដើមទុនតិច ឬក៏គ្មានដើមទុន នៅពេលដែលអ្នកបើកអាជីវកម្មណា ដែលដោយប្រើចំណេះ និងជំនាញច្បាស់លាស់របស់អ្នក។ នៅពេលអ្នកបង្កើតអាជីវកម្មមួយឡើង ដោយប្រើចំណេះ ជំនាញ និងបទពិសោធន៍ នោះការចំណាយក្នុងការបង្កើតអាជីវកម្មគឺអស់តិច ហើយភាពបរាជ័យក៏មានតិចផងដែរ។ លើសពីនេះទៅទៀត នៅពេលដែលអាជីវកម្មរបស់អ្នកត្រូវបានបង្កើតឡើងដោយជំនាញផ្ទាល់ខ្លួន នោះអ្នកអាចកាត់បន្ថយការចំណាយមួយចំនួនទៅលើទីប្រឹក្សា ជំនួយការ រួមទាំងបុគ្គលិក។

    ២) ជៀសវាងការចំណាយណាមួយដែលមិនចាំបាច់
    នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មមួយ អ្នកនឹងមានការចំណាយយ៉ាងច្រើន ហើយការចំណាយខ្លះមិនអាចជៀសផុត ដូច្នេះហើយអ្នកត្រូវគិតឱ្យបានល្អិតល្អន់ទៅលើការចំណាយដែលចាំបាច់ និងចំណាយមិនចាំបាច់។ ចូរសន្សំសំចៃនៅពេលដែលអ្នកកំពុងតែចាប់ផ្ដើមជាលើដំបូង ពីព្រោះវានឹងធ្វើឱ្យក្រុមហ៊ុន ឬក៏អាជីវកម្មរបស់អ្នក អាចនឹងជួបការបរាជ័យ។ ចូរប្រុងប្រយ័ត្ន និងមានការកត់ត្រាឱ្យបានត្រឹមត្រូវរាល់ការចំណាយទាំងអស់របស់ក្រុមហ៊ុន៕

  • អ្នកកើតជំងឺឈឺឆ្អឹងរ៉ាំរ៉ៃ គួរពិសារទឹកនេះ

    អ្នកកើតជំងឺឈឺឆ្អឹងរ៉ាំរ៉ៃ គួរពិសារទឹកនេះ

    សម្រាប់អ្នកកើតជំងឺឈឺឆ្អឹង ឈឺសន្លាក់ដៃជើង ដែលមានសភាពយូរឆ្នាំរ៉ាំរ៉ៃ មានអារម្មណ៍ពិបាកតានតឹងនៅក្នុងខ្លួននោះ លែងមានកង្វល់ទៀតហើយ ដោយថ្ងៃនេះគេហទំព័រ La Reine បាននាំយកអត្ថបទមួយដែលនិយាយអំពីប្រសិទ្ធភាពនៃការទទួលទាន ទឹកខ្ជាយ ដែលជាជំនួយព្យាបាលជំងឺឈឺឆ្អឹង និងជួយការពារពីជំងឺពុកឆ្អឹង ជាពិសេសសម្រាប់មនុស្សមានវ័យចំណាស់ ។

    គ្រឿងផ្សំ៖
    -ខ្ជាយ ១ ចាន
    -ទឹកឃ្មុំ
    -ក្រូចឆ្មា
    -ទឹកឆ្អិន ឬទឹកបរិសុទ្ធ ។

    វិធីធ្វើ៖
    – ក្រឡុកខ្ជាយជាមួយទឹកឆ្អិនឱ្យហ្មត់
    – ដួសពពុះ និងច្រោះកាកខ្ជាយចេញ
    – លាយទឹកខ្ជាយ កន្លះកែវ ជាមួយក្រូចឆ្មា ១ ចំណិត និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ។

    ការអនុវត្ត
    លោកអ្នកអាចទទួលទានក្នុងមួយថ្ងៃ ២ដង ក៏ប៉ុន្ដែអ្នកដែលមានបញ្ហាក្រពះមិនគួរទទួលទានច្រើនឡើយ ហើយនៅក្នុងរយៈពេលពី ៣ ទៅ៤ថ្ងៃ នោះនឹងទទួលបានលិទ្ធផល ហើយមានអារម្មណ៍ថាធូរសះស្បើយជាងមុនមិនខាន។ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូ ធ្វើទឹកខ្ជាយខាងក្រោមនេះ៕

  • ថៃបំភ្លៃប្រវត្តិសាស្រ្ដខ្មែរទៀតហើយ ក្នុងរឿង «บ่วงนาคราช»

    ថៃបំភ្លៃប្រវត្តិសាស្រ្ដខ្មែរទៀតហើយ ក្នុងរឿង «บ่วงนาคราช»

    នាពេលឆាប់ៗខាងមុខនេះ រឿងភាគទូរទស្សន៍ថៃដែលមានចំណងជើងថា “บ่วงนาคราช ( បួងណាឃរាត)” ដែលមានន័យជាខេមរៈភាសាថា “អន្ទាក់នាគរាជ” របស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្ដិ៍លេខ 5​ ក្រោមការដឹកនាំសម្ដែងដោយលោក Mink Penchan របស់វណ្ណកម្ម Nakara 999 ចំកាត់ ហើយនឹងដាក់បញ្ចាំងរៀងរាល់ថ្ងៃអង្គារ៍ វេលាម៉ោង 20៖20នាទីយប់ ដល់ម៉ោង 21៖20នាទីយប់ ខាងមុខនេះ។

    រឿងអន្ទាក់នាគរាជ ជារឿងរ៉ាវរបស់ “អាពូ” ដែលជាអ្នកនិពន្ធស្រីមានស្នាដៃល្បីល្បាញ ដែលនាងបានជួបរឿងរ៉ាងនៅអតីតកាល មានទាំងសេចក្ដីស្នេហា គំនុំ ការយល់ច្រឡំ ដែលបានធ្វើឱ្យទីក្រុងទាំងមូលរលំរលាយ ហើយមានពាក់ព័ន្ធជាមួយ ព្រះបាទជ័យវរ្ម័ន (พระเจ้าธัญญะวรมัน ) ព្រះនាង សោមាសិវិកាទេវៈទេវី (พระนางโสมาสีวิกาเทวะนาคเทวี ) និងព្រះនាង ក័ងសាតាវាទី ស្រីសុរិយវរ្ម័ន្ទ្រា (กังสตาลวาตี ศรีสุริยวรมัตตรา ) ជានារីសាហាវបំផុតនៅសម័យខម (ខ្មែរ) បុរាណ និងជាពេលវេលាវដ្ដកម្មតាមស្នងទាន់ហន់ ហើយទើបអន្ទាក់កម្មចាប់ផ្ដើមដំណើរការ នោះបានជាអ្នកនិពន្ធ អាពូ ត្រូវបានដោះស្រាយប្រស្នាកម្ម ដើម្បីរំលត់ចិត្តដែលបានជាប់ក្នុងអន្ទាក់កម្ម។

    គួរកត់សម្គាល់ផងដែរថា មូលន័យរឿងទាំងស្រុងដែលបានរៀបរ៉ាប់ខាងលើនេះ បានបង្ហាញថា មិនមែនជារឿងរបស់ថៃឡើយ តែជារឿងរ៉ាវរបស់ជនជាតិខ្មែរ ក្នុងប្រទេសកម្ពុជា នាសម័យមហានគរ ក៏ប៉ុន្ដតែត្រូវអ្នកនិពន្ធថៃស្រីមួយរូប បានស្រមើលស្រម៉ៃ ច្នៃនិពន្ធរឿងឡើង សរសេរជារឿងប្រឌិតថ្មី ហើយសម្ដែងជារឿងភាគដាក់បញ្ចាំងទូរទស្សន៍ទៀត។ តើអ្នកយល់បែបណាក្នុងនាមអ្នកជាកូនខ្មែរមួយរូប ចំពោះរឿងនេះ? ប្រសិនបើអ្នកមិនបានសិក្សា​ពីប្រវត្តិសាស្ត្រខ្មែរ នោះអ្នកនឹងយល់ច្រឡំ ប៉ុន្តែបើសិនជាអ្នកបានសិក្សាពីប្រវត្តិសាស្ត្រខ្មែរ នោះអ្នកនឹងដឹងច្បាស់ថា រឿងថៃមួយនេះ គឺពិតជាបានកាឡៃប្រវត្តិសាស្ត្រខ្មែរពិតៗ។

    គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃអង្គារ៍ទី 09 ខែឧសភា ឆ្នាំ2017 នេះនឹងមានការធ្វើពិធីបួងសួងក្រុងពាលីរឿងនៅខេត្តស្រះកែវ ហើយចាប់ផ្ដើមដំណើរការថតរឿងតែម្ដង៕

  • Nicki Minaj បញ្ចេញវីដេអូចម្រៀងសិចស៊ីរោលរាល

    Nicki Minaj បញ្ចេញវីដេអូចម្រៀងសិចស៊ីរោលរាល

    នៅទីបំផុតតារាចម្រៀងរ៉េបល្បីឈ្មោះ Nicki Minaj បញ្ចេញដើមទ្រូងដ៏សិចស៊ីជាមួយការអង្អែលរបស់តួប្រុស នៅក្នុងវីដេអូចម្រៀងថ្មីរបស់នាង។

    នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៧ តារាចម្រៀងស្រីល្បីឈ្មោះ Nicki Minaj បានបញ្ចេញវីដេអូចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា ” Regret In Your Tears ” តាមរយៈបញ្ចេញនូវស្ទីលសម្ដែងយ៉ាងសិចស៊ីរោលរាលជាមួយតារាចម្រៀងប្រុស ទាំងនៅក្នុងទឹក និងនៅលើគ្រែ។ វីដេអូចម្រៀងថ្មីរបស់តារាស្រីវ័យ ៣៤ឆ្នាំ ខាងលើនេះ ត្រូវបានដឹកនាំសម្ដែងដោយអ្នកដឹកនាំ Mert និង Marcus ហើយតម្រូវឱ្យតារាស្រី Nicki Minaj បង្ហាញនូវបទពិសោធសម្ដែងថ្មី បែបក្ដៅសាច់តាមលំនាំសាច់រឿងឈុតស្នេហានៅលើគ្រែ។

    គួរបញ្ជាក់បន្ថែមថា វីដេអូចម្រៀងនេះ​ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម YouTube ក្នុងគណនីដែលមានឈ្មោះថា Arnoldo González នៅថ្ងៃទី ១ ខែឧសភា នេះ ដែលរហូតមកដល់ម៉ោងនេះពេលនេះ គណនី YouTube ផ្ទាល់របស់ Nicki Minaj នៅមិនទាន់បានបង្ហោះវីដេអូចម្រៀងនេះឡើយ ៕

    សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ៖

    https://www.youtube.com/watch?v=3d_OJKZTMNE

  • ខ្លួនយើងនៅតែមានតម្លៃបំផុតជានិច្ច!

    ខ្លួនយើងនៅតែមានតម្លៃបំផុតជានិច្ច!

    លោកគ្រូបានចាប់ផ្តើមការសន្ទនានៅក្នុងបន្ទប់រៀនដោយការយកក្រដាសប្រាក់ 100000 រៀល(មួយសែន) មួយសន្លឹកចេញមកឱ្យសិស្សទាំងអស់មើល ហើយសួរថា “មានអ្នកណាចង់ខ្លះបាន?“ និស្សិតទាំងអស់លើកដៃឡើងតំណាលគ្នា ។

    លោកគ្រូច្របាច់ញីញក់ក្រដាស់ប្រាក់នោះរហូតឡើងរួញអស់…ហើយសួរឡើងម្តងទៀតថា “នៅមានអ្នកចង់បានលុយមួយសន្លឹកនេះទៀតទេ?“ …ទាំងអស់គ្នានៅតែលើកដៃឡើងដូចមុនដដែល ។

    លោកគ្រូសួរបន្តទៀតថា “ឧទាហរណ៍ថា លុយមួយសន្លឹកនេះត្រូវបោះចោលនៅលើដី ហើយមានមនុស្សមកដើរជាន់ឡើងប្រឡាក់កខ្វក់ខ្ទេចខ្ទីអស់ តើនៅតែមានអ្នកចង់បានវាទៀតទេ?“ …និស្សិតទាំងអស់ឆ្លើយព្រមៗគ្នាឡើងថា នៅតែចង់បាន!

    លោកគ្រូក៏សរុបសេចក្តីថា…
    “វាជារបស់មានតម្លៃ! ដែលពួកអ្នកបានដឹងនៅថ្ងៃនេះ…ទោះជាអ្នកចង់ធ្វើអ្វីចំពោះក្រដាសប្រាក់មួយសន្លឹកនេះក៏ដោយ ក៏វានៅតែមានតម្លៃ 100000រៀលជានិច្ច…ជីវិតមនុស្សយើងក៏ដូចគ្នាដែរ ពេលខ្លះ យើងអាចត្រូវគេបោះបង់ចោល ត្រូវអ្នកឯទៀតស្តីបន្ទោស ជាន់បន្ថែម មើលងាយជាន់ឈ្លី ឡើងយ៉ាប់យ៉ឺន…ដោយសារតែការភ្លាត់ភ្លាំងក្នុងការឈានជើងដើរនៅក្នុងជីវិត រហូតធ្វើឱ្យកើតមានអារម្មណ៍ថា ខ្លួនឯង ”គ្មានតម្លៃ!!!“ …។
    តែ…អ្នកដឹងទេ?…ទោះជាមានអ្វីកើតឡើងក៏ដោយ អ្នកក៏នៅតែមាន “តម្លៃនៃភាពជាមនុស្ស“ ជានិច្ច…
    មិនថាអ្នកនៅស្អាតថ្មីច្រឺង ឬក៏ខ្ទេចខ្ទីយ៉ាប់យ៉ឺននោះឡើយ…តែ “ខ្លួនយើងក៏នៅតែមានតម្លៃបំផុតជានិច្ច“
    ចូរចាំទុកឲ្យច្បាស់!

    រៀបរៀងដោយ តាវ៉ែនតា

  • ដឹងអត់ ទទួលទានល្ងខ្មៅរាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ?

    ដឹងអត់ ទទួលទានល្ងខ្មៅរាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ?

    ល្ងខ្មៅ ជាអាហារមួយប្រភេទដែលមានអត្ថប្រយោជន៍បំផុត ព្រោះវាមានសារធាតុចិញ្ចឹម និងថែរក្សារាងកាយរបស់មនុស្សយើងបានយ៉ាងល្អ ។ ល្ងខ្មៅ ជាគ្រាប់ធញ្ញជាតិតូចៗ ដែលសម្បូរជីវជាតិ និងគុណសម្បតិ្តជួយថែរក្សាសុខភាពបានល្អ ដូច្នោះហើយទើបល្ងខ្មៅជាអាហារដែលជាប់លំដាប់ថ្នាក់កំពូល នៃអាហារដែលមានសារៈប្រយោជន៍ចំពោះរាងកាយ ដែលលោកអ្នកមិនគួររំលង ។ តើអ្នកធ្លាប់បានដឹងខ្លះទេថា នៅក្នុងគ្រាប់ល្ងខ្មៅតូចៗ មានសារធាតុអ្វីខ្លះ ហើយមានគុណប្រយោជន៍អ្វីខ្លះ ?

    យោងតាមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានឡើងអំពីល្ងខ្មៅថា ជាគ្រាប់ធញ្ញជាតិដែលមានកំណើតចេញពីប្រទេស អេត្យូពី បាននាំចូលមកដល់ប្រទេស ឥណ្ឌា ចិន អាហ្វ្រិកខាងជើង និងអាស៊ី កាលពី ២០០០ឆ្នាំមុន ហើយល្ងខ្មៅជាប្រភេទល្ងតែមួយនឹងល្ងស។ អ្នកវិទ្យាសាស្រ្ដបានបន្ដទៀតថា បើទទួលទានល្ងខ្មៅ ១០០ក្រាមនោះ លោកអ្នកទទួលបានថាមពល ៥៧៣គីឡូកាឡូរី ។ មិនត្រឹមតែប៉ុណ្ណោះទេ ការទទួលទានល្ងខ្មៅ មានអត្ថប្រយោជន៍ដូចជា ៖

    ១.បំបាត់ការឈឺចាប់សន្លាក់រ៉ាំរ៉ៃ
    ២.ជំនួយស្បែក និង ឆ្អឹង
    ៣.កាត់បន្ថយកូឡេស្តេរ៉ុលក្នុងសរសៃឈាម
    ៤.ជំនួយបេះដូង និងសម្រួលចង្វាក់បេះដូង
    ៥.ការពារជំងឺមហារីក
    ៦.ជំនួយប្រព័ន្ធរំលាយអាហារ
    ៧.បន្ថយការឈឺចាប់ពេលមករដូវ
    ៩.ជួយឲ្យគេងលក់ស្រួល
    ១០.ជំនួយខួរក្បាល បង្កើនសមត្ថភាពចង់ចាំ
    ១១.ជំនួយភ្នែក ៕

  • ក្រុមនិស្សិតប្រមាណ ១០០នាក់ នឹងរៀបចំដំណើរទស្សនកិច្ចសិក្សាក្រោមអត្ថន័យមនុស្សធម៌ សង្គម និងបរិស្ថាន

    ក្រុមនិស្សិតប្រមាណ ១០០នាក់ នឹងរៀបចំដំណើរទស្សនកិច្ចសិក្សាក្រោមអត្ថន័យមនុស្សធម៌ សង្គម និងបរិស្ថាន

    ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំងជំនាន់ទី២៣, ២៤ និង២៥ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ ១០០នាក់ នឹងធ្វើការរៀបចំគម្រោងដំណើរទស្សនកិច្ចសិក្សា ក្រោមអត្ថន័យមនុស្សធម៌ សង្គម និងបរិស្ថាន ទៅកាន់រមណីយដ្ឋានវីគិរីរម្យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុចាប់ពីថ្ងៃទី០៤ ដល់ ០៦ ខែឧសភា ឆ្នាំ២០១៧។

    ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “Feel the Green, Feel the Warmth” ក្នុងអត្ថន័យបង្កើតក្ដីស្រឡាញ់ចំពោះធម្មជាតិ ថែរក្សាបរិស្ថាន និងផ្តល់ភាពកក់ក្ដៅតាមរយៈសាមគ្គីភាពរវាងគ្នា និងគ្នា។ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃនេះ នឹងប្រព្រឹត្តឡើងដោយមានសកម្មភាពមួយចំនួនដូចជា៖ ការសំអាតតាមបណ្តោយឆ្នេរ និងការរាំជាក្រុមទ្រង់ទ្រាយធំ (Flash mob)។ គោលបំណងចម្បងគឺដើម្បីបង្ហាញពីតួនាទីយុវជនកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងផ្ដល់ជាសារក្រើនរំលឹកស្តីពីការថែទាំបរិស្ថានដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមតំបន់ឆ្នេរ។

    លើសពីនេះទៀត ក្រុមនិស្សិតនឹងរៀបចំផងដែរនូវការប្រគំតន្តី្រខ្នាតតូចនៅលើឆ្នេរអូរឈើទាល ដោយមានវត្តមាននៃការចូលរួមទស្សនាផ្ទាល់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការតាំងពិព័រណ៍សម្ភារៈកែច្នៃឡើងវិញដោយស្នាដៃរបស់ក្រុមនិស្សិតផ្ទាល់ និងសកម្មភាពចម្បងមួយទៀតដែលជាសូចនករនៃការបង្កើតកម្មវិធីនេះ គឺការដាំដើមកោងកាងក្នុងគោលបំណងលើកស្ទួយ និងអភិរក្សតំបន់ឡូត៌នេសាទនៅតាមតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

    ក្រៅពីសកម្មភាពបរិស្ថាន ដំណើរទស្សនកិច្ចនេះក៏ផ្តោតលើកិច្ចការមនុស្សធម៌ផងដែរ។ ក្រុមនិស្សិតនឹងនាំយកនូវថវិកា ស្បៀងអាហារ សម្ភារៈសិក្សា និងសម្លៀកបំពាក់ក្នុងគោលបំណងបរិច្ចាគជូនក្មេងកំព្រា និងសិស្សក្រីក្រនៅអង្គការ “រួមដៃគ្នាដើម្បីក្តីសង្ឃឹម” ឬ “Give a Hand for Hope Organization” ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

    មកទល់បច្ចុប្បន្ននេះ យើងទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន MyPhsar.com រួមទាំងការសហការឧបត្ថម្ភដោយក្រុមហ៊ុនមួយចំនួនទៀត ដូចជា៖ Toyota (Cambodia), vKirirom Pine Resort, Huawei Mobile, PastaMania Cambodia, Coca Cola, Vodka Cruiser, BookingSentral និង La Reine Peanich៕


  • ការជួបគ្នា៤លើកកាលពីមុនរវាងក្រុម Real និង Atletico ក្នុងក្របខ័ណ្ឌអឺរ៉ុប

    ការជួបគ្នា៤លើកកាលពីមុនរវាងក្រុម Real និង Atletico ក្នុងក្របខ័ណ្ឌអឺរ៉ុប

    Real Madrid និង Atletico Madrid នឹង​ត្រូវ​ជួប​គ្នា​ជា​លើក​ទី​៥​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​​កំពូល​អឺ​រ៉ុប នៅពេល​ដែលក្រុម Atletico ធ្វើ​ដំណើរ​ទៅកាន់​​​កីឡដ្ឋាន Santiago Bernabeu ដើម្បី​ធ្វើ​ការ​ប្រកួត​ជើង​ទី​១ នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាលផ្តាច់​​ព្រ័ត្រ នៅ​រាត្រី​នេះ​។ រាល់​ការ​ជួប​គ្នា​​៤​លើក​កាល​ពី​​មុន បាន​បញ្ចប់​ទាំង​ការ​ខក​ចិត្ត​សម្រាប់​​ក្រុម Atletico ខណៈ​ដែល​ក្រុម Real នឹង​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជាលើក​​ទី​៣​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​តាមរយៈ​ការ​ផ្តួល​​គូ​ប្រជែង​ស្ថិត​ក្នុង​​ទីក្រុង​តែមួយ​របស់​ពួគគេ​។ ខាង​ក្រោម​នេះ​គឺ​ការ​ជួប​គ្នា​៤​លើក​កាល​ពី​មុន​នៃ​​ក្រប​ខ័ណ្ឌ​កំពូល​អឺ​​រ៉ុប​។

    ការ​ប្រកួត European Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​កាល​ពីឆ្នាំ​១៩៥៩

    ក្រុម Atletico បាន​ជួប​សំណាង​អាក្រក់ បើ​ទោះ​បី​បាន​​ទទួល​លទ្ធ​ផល​ស្មើ​ទាំង​ពីរ​ជើង​ក៏​ដោយ ក្នុង​ការ​ប្រកួត​កាល​ពីឆ្នាំ​១៩៥៩​។ ក្រុម Real បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ក្នុង​លទ្ធ​ផល ២-០ នៅ​មុន​ពេលក្រុម Atletico បាន​តាម​ស្មើ​វិញ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ក្រោយ​មក បន្ទាប់​ពី​ឈ្នះ​ ១-០​។ ប៉ុន្តែ កាល​នោះ ច្បាប់​​គ្រាប់​បាល់​ក្រៅ​ដី​មិន​ទាន់​ត្រូវ​បាន​អនុ​វត្ត​ឡើយ ហេតុ​នេះ ក្រុម​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff​។ Real បាន​ទទួល​ជ័យ​ជម្នះ ២-១ ក្នុង​ការ​ប្រកួត​វគ្គ Playoff នោះ​​ដែល​ត្រូវ​បាន​​រៀប​ចំ​ឡើង​​នៅ​ទីក្រុង Zaragoza​។

    ការ​ប្រកួត Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​២០១៤

    Atletico បាន​ជួប​ការ​ខក​ចិត្ត​ដ៏​ធំ ក្រោយ​​ពី​ពួក​គេ​​មាន​គ្រាប់​បាល់​នាំ​មុខ​រហូត​ដល់​ទៅ​នាទី ទី​៩៣ នៅមុន​ពេល​ក្រុម Real បាន​​វាយ​បក​តាម​ស្មើ​វិញ ហើយ​ក្រុម Real បាន​បន្ត​លើក​ពាន Champions League ក្រោយ​ពី​បាន​ផ្តួល​ក្រុម Atletico ក្នុង​លទ្ធ​ផល ៤-១ នៅ​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង​។

    ការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ កាល​ពីឆ្នាំ​២០១៥

    ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ផ្ទះខ្លួន​ឯង​ពី​ការ​ប្រកួត​ជើង​ទី​១ Atletico បាន​​ជួប​សំណាង​អាក្រក់​ក្នុង​ជើង​ទី​២ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Javier Hernandez បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ចុង​ម៉ោង​ដើម្បី​ជួយ​ឲ្យ Real ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​ ១-០​។

    ការ​ប្រកួត Champions League វគ្គផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​២០១៦

    ការ​ប្រកួត​នេះ បាន​​ស្ថិ​តក្នុង​ភាព​ស្វិត​ស្វាញ​យ៉ាង​ខ្លាំង ខណៈ​ដែល Real បាន​រក​​​គ្រាប់​បាល់​​នាំ​មុខ​មុន មុន​​នឹងក្រុម Atletico បាន​ធ្វើ​ការ​វាយ​​បក​​តាម​​ស្មើ​វិញ​​នៅ​រយៈ​ពេល​១១​នាទី​ចុងក្រោយ ដើម្បី​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១​។ ក្រោយ​ពី​លទ្ធ​ផល​នៅ​តែ​រក្សា ១-១ បន្ទាប់​ពី​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង ក្រុម Real នៅ​តែ​ជួប​សំណាង​ល្អ​ ដោយ​ពួក​គេ​បាន​យក​ឈ្នះ​ក្នុង​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី ៥-៣ ដើម្បី​លើក​​ពាន​ជា​លើក​ទី​១១​​របស់​ពួក​គេ​៕