Author: វល័ក្ខ

  • សាលា​ជំនាន់​ថ្មី មិនអាក្រក់​ទេ តែ​គួរ​សាងសង់​អគារ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ពី​សាលា​រដ្ឋ

    សាលា​ជំនាន់​ថ្មី មិនអាក្រក់​ទេ តែ​គួរ​សាងសង់​អគារ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ពី​សាលា​រដ្ឋ

    សាលា​ជំនាន់​ថ្មី​ជា​គម្រោង​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​យូរ​មកហើយ ម្យ៉ាងវិញទៀត​គម្រោង​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ជំរុញឱ្យមាន​ការសិក្សា​លើ​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឬ​ហៅ​កាត់​ថា STEM កាន់តែច្រើន​ដែរ។

    ជា​រៀងរាល់​លើក ពេលដែល​ក្រសួង​ធ្វើ​កម្មវិធី​ពាក់ព័ន្ធ​នឹង STEM មន្ត្រីសំខាន់ៗ រួមទាំង​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ផង​ក៏បាន​បញ្ជាក់ដែរថា ក្រៅពី​ការធ្វើ​ពិ​ព័រ​ណ៏ STEM ប្រចាំឆ្នាំ​ហើយ ក្រសួង​បា​នប​ញ្ច្រា​ប​ការយល់ដឹង​ទៅកាន់​សាលា​នានា​នៅ​ទូទាំងប្រទេស ហើយ​ចំណុច​សំខាន់​មួយទៀត​គឺ​ក្រសួង​បានដាក់​ចេញ​នូវ​កម្មវិធី​សាលា​ជំនាន់​ថ្មី​នេះ នៅក្នុង​សាលា​គំរូ​មួយចំនួន​ដើម្បី​ធ្វើការ​សាកល្បង។ លើសពីនេះទៅទៀត ក្រសួង​អប់រំ យុវជន និង​កីឡា ក៏មាន​គម្រោង​ពង្រីក​សាលា​ជំនាន់​ថ្មី​នៅ​ទូទាំងប្រទេស​ផងដែរ ដើម្បីឱ្យ​សិស្ស​មាន​បរិក្ខារ​សម្បូរ​បែប​ក្នុង​ការសិក្សា និង​ពិសោធន៍។

    លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បានលើកឡើង​នៅក្នុង​បណ្តាញ​សង្គម​ថា លោក​យល់ថា សាលារៀន​ជំនាន់​ថ្មី​នេះ​មិនមាន​អ្វី​អាក្រក់​នោះទេ ហើយ​ក្នុងនាម​ជា​អ្នក​ជ្រោមជ្រែង​វិស័យ​អប់រំ លោក​យល់ថា វា​ជា​គម្រោង​មួយ​ដែលមាន​គំរូ ម៉ូ​ឌែ​ល​ល្អ ឬ​ជា​បច្ចេកទេស​ក្នុង​ការជំរុញ​នវានុវត្តន៍ តែ​លោក​ចង់ឱ្យ​ក្រសួង​បង្កើត​សាលា​ជំនាន់​ថ្មី​នេះ​ឡើង​ដោយ​យកទៅដាក់​នៅ​សាលា​ចាស់​ណាមួយ ដោយ​ជួសជុល​កែលម្អ​អគារ​ទាំងនោះ​ឱ្យ​ថ្មី​ឡើងវិញ ហើយ​ដាក់ឈ្មោះថា សាលា​ជំនាន់​ថ្មី តែម្តង អាច​នឹងមាន​កិត្យានុភាព​ជាង៕

  • វិនិយោគិន​កូរ៉េខាងត្បូង គ្រោង​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​នៅ​កម្ពុជា

    វិនិយោគិន​កូរ៉េខាងត្បូង គ្រោង​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​នៅ​កម្ពុជា

    ស្រប​ពេលដែល​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​រីកចម្រើន​ឡើងជា​លំដាប់​នោះ វិនិយោគិន​កួ​រ៉េ​ខាងត្បូង​មួយក្រុម​ត្រៀម​បង្កើត​សាលា​ជំនាញ​បច្ចេកវិទ្យា​សំណង់  ដែល​ផ្តោតលើ​ប្រព័ន្ធ​លើកកម្ពស់​សុវត្ថិភាព​សំណង់​ចរាចរណ៍ និង​ប្រព័ន្ធគ្រប់គ្រង​សម្ភារ​ការដ្ឋាន​នៅពេល​ខាងមុខឆាប់ៗនេះ។

    គម្រោង​បង្កើត​សាលា​នេះ ត្រូវបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន KICT ដែលជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​ធំ​របស់​កូរ៉េ ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​កម្ពុជា ដើម្បី​ដើរតួនាទី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ក្នុង​ការធានា​ឱ្យបាន​នូវ​ស្ដង់ដារ​គុណភាព​នៃ​សំណង់​នៅ​កម្ពុជា។

    KICT គឺជា​វិទ្យាស្ថាន​របស់​រដ្ឋាភិបាល​កូរ៉េ​ដែលមាន​ជំនាញ​ឯកទេស​ខាង​ការស្រាវជ្រាវ និង​វិស្វកម្ម​សំណង់។ លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន KICT បាន​មានប្រសាសន៍ថា  វិទ្យាស្ថាន KICT មាន​បុគ្គលិក​ជំនាញ​ថ្នាក់បណ្ឌិត​ជាង 900នាក់​ដែលមាន​ជំនាញផ្សេងៗគ្នា ទាក់ទង​នឹង​ការសាងសង់​ដែល​បាន​បង្កើត​ស្តង់ដារ​សំណង់​កូរ៉េ​សម័យ​ទំនើប។ ហើយ​ការបង្កើត​សាលា​នេះ KICTនឹង​ចែករំលែក​សេចក្ដីព្រាង​ផែនការ​គាំទ្រ ការបង្កើត “វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​កម្ពុជា-កូរ៉េ (C-KICT)” នៅពេលឆាប់ៗនេះ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អំពី​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​កម្ពុជា​ផងដែរ។ គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន​ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស និង​ចំណុច​ខ្មៅ បានសម្លាប់​មនុស្ស​ប្រមាណ 5 នាក់ និង​បង្ក​របួសស្នាម​ពី20 ទៅ50នាក់​ក្នុង​មួយថ្ងៃ ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ​នៃ​ការស្ថាបនា​ផ្លូវថ្នល់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រក្សា​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បានយូរ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា បច្ចេកវិទ្យា​ជួសជុល​ផ្លូវថ្នល់​មាន​សារៈសំខាន់​ណាស់ ដោយសារ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស ដូចជា​ខេត្តកំពត ខេត្ត​កែប ក្រុងព្រះសីហនុ និង​ខេត្តកោះកុង មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​រដូវវស្សា។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ KICT ព​ន្លឿ​ន​ការបង្កើត​វិទ្យាស្ថាន C-KICT ឱ្យ​រួច​ក្នុង​រយៈពេល 2ឆ្នាំ ឬ​ឆាប់​ជាង​នេះ​តាម​ដែល​អាចធ្វើ​ទៅបាន៕

  • សមាគម​កម្ពុជា-ចិន ចង់​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ក្នុង​គម្រោង​វិនិយោគ​ទេសចរណ៍​សុខាភិបាល

    សមាគម​កម្ពុជា-ចិន ចង់​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ក្នុង​គម្រោង​វិនិយោគ​ទេសចរណ៍​សុខាភិបាល

    សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន បានប្រកាស​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា សមាគម​គ្រោង​នឹង​វិនិយោគ​វិស័យ​សុខាភិបាល​ដើម្បី​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ស្រប​ពេលដែល​សេដ្ឋកិច្ចកម្ពុជា​កំពុងមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់។

    លោក ស្រេង វង្ស ហៀ​ង ប្រធាន​សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន បាន​បញ្ជាក់ថា ដោយសារតែ​មើលឃើញ​ការរីកចម្រើន​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា និង​ភាពល្អ​ប្រសើរឡើង​នៃ​កំណើន​ទេសចរ វា​ជា​ជា​ឱកាស​ដ៏​សមស្រប​មួយ​ក្នុងការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​សុខាភិបាល។

    លោក ហៀ​ង បាន​បន្ដថា ទេសចរណ៍​សុខាភិបាល​នេះ កំពុង​ពេញនិយម​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ម៉ាឡេស៊ី និង​ថៃ ជាដើម ហើយ​កម្ពុជា​ក៏​ស្ថិតនៅក្នុង​ទីតាំង​ភូមិសាស្ដ្រ​មួយ​ដ៏​ល្អ ដែល​អាច​ផ្ដល់នូវ​កញ្ចប់​សេវាកម្ម​ល្អ​មួយ​ដែល​គេ​ហៅថា ទេសចរណ៍​សុខាភិបាល ដែល​អ្នកទេសចរ​ក៏​អាចមក​ទទួល​សេវា​សុខាភិបាល​នៅ​កម្ពុជា​បានដែរ​នោះ ទើប​សមាគម​គ្រោង​វិនិយោគ​លើ​វិស័យនេះ។

    លោក​បាន​បញ្ជាក់ថា៖ ប្រសិនបើ​ដំណើរការ​នេះ​ទទួលបាន​ជោគជ័យ វា​នឹង​ទាក់ទាញ​អ្នកទេសចរ ព្រមទាំង​អ្នក​មក​ពិនិត្យ​ជំងឺ​កាន់តែ​ច្រើនឡើង ជាពិសេស​ប្រជាជន​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ទូទាំង​អាស៊ី​ផងដែរ។ លោក​ក៏បាន​បញ្ជាក់​បន្ថែមថា សមាគម​បង្កើត​គម្រោង​នេះ​ឡើង​ក្នុង​គោលបំណង​ផ្ដល់​សេវា​ពិសេស​ក្នុងការ​គាំពារ​សុខភាព​ស្ដ្រី។

    សម្ដេច​ក្រឡាហោម ស ខេង បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្ដើម​របស់ សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន ពិសេស​ការបង្កើត​ការផ្ដល់​សេវាកម្ម​សុខភាព​ដល់​ស្ត្រី​នៅ​កម្ពុជា​តាមរយៈ​គម្រោងរ​បស់​សមាគម។ សម្ដេច​ក្រឡាហោម​បន្ដថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បាន​សម្រុក​ចេញទៅ​ក្រៅប្រទេស​ដូចជា ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី និង​ប្រទេស​មួយចំនួនទៀត ដើម្បី​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ។

    សម្ដេច​ក្រឡាហោម​បាន​ថ្លែងថា៖ ប្រសិនជា​គម្រោង​របស់​សមាគម​ចិន​ក្នុងការ​សាងសង់​មន្ទីរពេទ្យ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ វា​នឹង​អាចជួយ​ផ្ដល់​សេវាកម្ម​កាន់តែ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ និង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា​ផងដែរ៕

  • អ្នកឈ្នះ​រង្វាន់​ទី4 ក្នុង​កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ ពី​ក្រុមហ៊ុន​តែ​បៃតង អូ​អិ​ឈិ

    អ្នកឈ្នះ​រង្វាន់​ទី4 ក្នុង​កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ ពី​ក្រុមហ៊ុន​តែ​បៃតង អូ​អិ​ឈិ

    “សូម្បីតែ​ម៉ូតូ​ថ្មី​មួយគ្រឿង ក៏​ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ផង តែ​នៅពេលនេះ​ខ្ញុំ​ទទួលបាន​រថយន្ត​ថ្មី​សន្លាង​មួយគ្រឿង…វា​ហាក់ដូចជា​ខ្ញុំ​ទទួលបាន​មាស​មួយ​ហិប​ធ្លាក់​ពីលើ​មេឃ​មក​អ៊ីចឹង” នេះ​គឺជា​សម្ដី​ដែល​ហូរ​ចេញពី​អារម្មណ៍​រំភើបពិតៗ ទាំង​ទឹកភ្នែក​រលីងរលោង​រប​ស់​អ្នកឈ្នះ​រង្វាន់​ទី៤ ក្នុង​កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ (OISHI Instant Win) ពី​ក្រុមហ៊ុន​តែ​បៃតង អូ​អិ​ឈិ (OISHI)។

    លោក ហ៊ុន ធារ៉ា វ័យ 25ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ពង្រ​កើត ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ជា​អ្នកឈ្នះ​រង្វាន់​ធំ គឺ​រថយន្ត FORD Ranger XLT មួយគ្រឿង ដែលមាន​តម្លៃ​ប្រមាណ 175លាន​រៀល ពី​កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ (OISHI Instant Win) ពី​ក្រុមហ៊ុន​តែ​បៃតង អូ​អិ​ឈិ (OISHI) កាលពី​ខែសីហា​កន្លងទៅនេះ។

    លោក ធារ៉ា និយាយថា រង្វាន់​ដែល​លោក​ទទួលបាន​នៅពេលនេះ វា​អាចជួយ​ឱ្យ​ក្តី​សុបិន​របស់លោក​ក្លាយជា​ការពិត និង​ធ្វើឱ្យ​ជីវិត​គ្រួសារ​របស់លោក​កាន់តែ​ប្រសើរឡើង ជាពិសេស​គឺ​កូនប្រុស​របស់លោក​ដែល​ទើប​តែមាន​អាយុ ៦ខែ នឹង​អាច​ទទួលបាន​ការអប់រំ​ល្អ និង​ធំធាត់​ឡើង​ក្នុង​ជីវភាព​ល្អប្រសើរ​នៅពេល​អនាគត។

    គួរ​រំឭក​ដែរ​ថា កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់ របស់​តែ​បៃតង​អូ​អិ​ឈិ គឺជា​កម្មវិធី​មួយ​ផ្ដល់ឱកាស​ដល់​អតិថិជន​ដើម្បី​ផ្សងសំណាង​យក​រង្វាន់​នៅក្រោម​គម្រប​ដប​ដែលមាន​ដូចជា៖ រថយន្ត FORD Ranger XLT ទឹកប្រាក់ 10លាន​រៀល និង​រង្វាន់​ផលិតផល​តែ​បៃតង​អូ​អិ​ឈិ​ជាច្រើន​លាន​ដប។

    លោកអ្នក​នឹង​អាច​ក្លាយជា​ម្ចាស់​រង្វាន់​ធំ រថយន្ត FORD Ranger XLT ពី​កម្មវិធី​បើក​គម្រប​ឈ្នះ​រង្វាន់​របស់​តែ​បៃតង​អូ​អិ​ឈិ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​បុក​របស់​តែ​បៃតង​អូ​អិ​ឈិ  https://www.facebook.com/OishiCambodia/

  • ក្រសួង​បញ្ជាក់ថា គ្មាន​ការប្តូរឈ្មោះ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី​ទេ

    ក្រសួង​បញ្ជាក់ថា គ្មាន​ការប្តូរឈ្មោះ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី​ទេ

    ក្រោយពី​មានការ​តវ៉ា​ពី​សាស្ត្រាចារ្យ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន មតិ​ជាច្រើន​ក្នុង​បណ្តាញ​សង្គម មានការ​ព្រួយបារម្ភ​ថា អាច​នឹង​បាត់បង់​សាលាព្រះ​ស៊ីសុវត្ថិ​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ1873 ព្រោះតែ​វត្ត​មាននៃ​សាលា​ជំនាន់​ថ្មី។

    អ្នកនាំពាក្យ​ក្រសួង អប់រំ យុវជន និង​កីឡា បានធ្វើការ​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​ថា គ្មាន​ការផ្លាស់ប្តូរ​ឈ្មោះ​សាលា​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី ដូច​មតិ​ដែល​បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​នោះទេ។ សាលា​ជំនាន់​ថ្មី​គ្រាន់តែ​ជា​កម្មវិធីសិក្សា​មួយ​ដែល​ដាក់ចូល​ទៅក្នុង​សាលា​ព្រះស៊ីសុវត្ថិ​តែប៉ុណ្ណោះ ហើយ​ចំពោះ​ការផ្លាស់ប្តូរ​នាយក​សាលា​នោះ គឺធ្វើឡើង​តាម​បទពិសោធ និង​ភាពចាស់ទុំ​នៃ​ការងារ​របស់គាត់ ដែល​នេះ​ជាការ​លើកទឹកចិត្ត​ឱ្យទៅ​កាន់​ការងារ​ថ្មី​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា មិនមែនជា​ការដកតំណែង​នោះទេ។

    សាលា​ជំនាន់​ថ្មី​ជា​កម្មវិធី​អប់រំ​ថ្មី​ដែល​ក្រសួង​បាន​សហការ​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា (KAPE) ដើម្បី​ផ្តោត​ការអប់រំ​លើ​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដោយ​ក្រសួង​ធ្លាប់បាន​ដាក់បញ្ចូល​ទៅក្នុង​សាលា​គំរូ​ចំនួន 3 គឺ​សាលាព្រះ​ស៊ីសុវត្ថិ សាលាបឋមសិក្សា​អង្គរ​បាន និង​សាលាបឋមសិក្សា​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តម​មុនីនាថ សីហនុ៕

  • លោក Mourinho មិន​អាង​លេស​ទីលាន​សិប្បនិម្មិត​ពេល​ជួប​ក្រុម Young Boys រាត្រី​នេះ​ទេ

    លោក Mourinho មិន​អាង​លេស​ទីលាន​សិប្បនិម្មិត​ពេល​ជួប​ក្រុម Young Boys រាត្រី​នេះ​ទេ

    លោក Jose Mourinho បាន​បញ្ជាក់ថា ក្រុម Manchester United មិនត្រូវ​អាង​លើ​លេសផ្សេងៗឡើយ នៅពេលដែល​ពួកគេ​ចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League នា​រាត្រី​នេះ នៅលើ​ទីលាន​សិប្បនិម្មិត​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Young Boys ក្នុង​ទីក្រុង Bern។

    ក្រុម​មាន​មូលដ្ឋាន​នៅ Old Trafford មួយ​នេះ ត្រូវបាន​ចាប់ឆ្នោត​ឱ្យ​ស្ថិតក្នុង​ពូ​ល​មួយ​ដែល​ប្រជុំ​ដោយ​ក្រុមខ្លាំងៗ រួមជាមួយ​នឹង​ក្រុម Juventus របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo និង​ក្រុម Valencia ដែល​តម្រូវឱ្យ​ពួកគេ​ត្រូវតែ​ដណ្តើម​ឱ្យបាន​លទ្ធផល​ជា​វិជ្ជមាន​នៅ​កីឡដ្ឋាន Stade de Suisse។

    ប៉ុន្តែ​ទីលាន​សិប្ប​និ​មិ្ម​តរបស់​ក្រុម​ម្ចាស់​ជើងឯក​របស់​ស្វ៊ី​ស Young Boys នឹង​តម្រូវឱ្យ​កីឡាករ​មួយចំនួន​ត្រូវ​ស៊ាំ​នឹង​ការលេង និង​នេះហើយ​ជាហេតុ​ផល​ដែល Man United មិន​យក​ខ្សែការពារ Antonio Valencia មកជា​មួយ។ លោក Mourinho បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រដ្ឋ​ធានី​របស់​ស្វ៊ី​ស កាលពី​ថ្ងៃ​អង្គា​រថា៖ «យើង​បាន​សម្រេចចិត្ត​មិន​យក Valencia មក ពីព្រោះ​ជង្គង់​របស់គេ​មិនមែនជា​ជង្គង់​ដែល​តម្រូវ​ទៅលើ​ទីលាន​សិប្ប​និ​មិ្ម​ត​ឡើយ»។

    (From L) Young Boys’ players Ivorian midfielder Sekou Sanogo, French forward Guillaume Hoarau, Swiss Defender Kevin Mbabu and Swiss defender Loris Benito take part in a training session on the eve of the UEFA Champions League group stage H football match between Young Boys and Manchester United at the Stade de Suisse stadium on September 18, 2018 in Bern. (Photo by Fabrice COFFRINI / AFP) (Photo credit should read FABRICE COFFRINI/AFP/Getty Images)

    ទាក់ទង​នឹង​ផ្ទៃ​នៃ​ទីលាន ស្រប​ពេលដែល​បញ្ជាក់ថា លោក​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់លោក​ទៅកាន់ UEFA គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្តថា៖ «ខ្ញុំ​មិន​ចង់​ប្រើប្រាស់​ទីលាន​នេះ​មុនពេល​ការប្រកួត​ធ្វើជា​លេស​សម្រាប់​ការបង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​នោះឡើយ»។

    លោក Mourinho បាន​លើកយក​សមត្ថភាព​រប​ស់​កីឡាករ​វាយ​កូន​បាល់​ដ៏​ឆ្នើម Roger Federer របស់​ស្វ៊ី​ស ដែល​បាន​សម្រប​ខ្លួន​ក្នុង​ការលេង​នៅលើ​ទីលានផ្សេងៗគ្នា​ធ្វើជា​ឧទាហរណ៍​មួយ​ទៅលើ​របៀប​ដែល​ក្រុម​របស់លោក​គួរតែ​សម្រប​ខ្លួន​ក្នុង​លក្ខខណ្ឌផ្សេង។

    Federer ដែលជា​ម្ចាស់​ជើងឯក​ពាន Grand Slam 20 សម័យកាល បានឈ្នះ​ពាន​ជាច្រើន​នៅលើ​គ្រប់​ផ្ទៃ​នៃ​ទីលាន​ទាំងអស់​ក្នុង​កីឡា​របស់គេ ហើយ​លោក Mourinho បាន​និយាយ​សរសើរ​ពី​សមត្ថភាព​នៃ​ការ​សម្រប​ខ្លួន​លេង​បាន​គ្រប់​ទីលាន​របស់​កីឡាករ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • លោក Klopp កោតសរសើរ​ក្រុម​ខ្លួន​ក្រោយ​ផ្តួល PSG ខណៈ Messi រកបាន 3គ្រាប់

    លោក Klopp កោតសរសើរ​ក្រុម​ខ្លួន​ក្រោយ​ផ្តួល PSG ខណៈ Messi រកបាន 3គ្រាប់

    លោក Jurgen Klopp បាន​កោតសរសើរ​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​សំណាក់​ខ្សែប្រយុទ្ធ Roberto Firmino និង Daniel Sturridge ខណៈដែល​ក្រុម​ហង្ស​ក្រហម Liverpool បានចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ ជាមួយនឹង​ជ័យជម្នះ​ដ៏​រំភើប​ក្នុង​លទ្ធផល 3-2 លើ​ក្រុម Paris Saint-Germain កាលពី​ថ្ងៃ​អង្គារ។

    ក្រុម​របស់លោក Klopp បា​នរក​គ្រាប់​បាល់​នាំមុខ 2គ្រាប់​មុន នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​បារាំង ដែល​ប្រជុំ​ដោយ​តារាឆ្នើមៗ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Sturridge និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​ខ្សែបម្រើ James Milner។

    ខ្សែការពារ Thomas Meunier បា​នរក​គ្រាប់​បាល់ 1គ្រាប់​វិញ​សម្រាប់​ក្រុម PSG នៅ​មុនពេល​សម្រាក​តង់​ទី1 ហើយ​ខ្សែប្រយុទ្ធ KylianMbappe បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​ដណ្តើមបាន​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​គ្រាប់​បាល់​បញ្ចូល​ទី​របស់គេ​នៅ​នាទី​ទី83។ ប៉ុន្តែ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Firmino បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​របស់ Liverpool និង​ដណ្តើមបាន៣ពិន្ទុ​ពេញ​នៅ​នាទី​បន្ថែម តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ 1គ្រាប់​ថែមទៀត។

    លោក Klopp បាន​និយាយ​ទាំង​អារម្មណ៍​ធូរស្រាល​ថា៖ «វា​ពិតជា​សំខាន់​ណាស់ ដែល​យើង​ចាប់ផ្តើម​បានល្អ​ដូចដែល​យើង​បាន​រំពឹងទុក។ យើង​មាន​ភាពខ្លាំង​ក្នុងការ​គ្រប់គ្រង​បាល់  យើង​បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង ដោយសារតែ​យើង​រំពឹងទុក​ពី​ការផ្លាស់ប្តូរ​របស់​ពួកគេ។ យើង​ត្រូវ​ការឱ្យ​កីឡាករ​ទាំងអស់​ផ្តោតអារម្មណ៍ ហើយ​យើង​បានធ្វើ​ការងារ​របស់​យើង​យ៉ាង​ល្អ។ យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​វា​ជា​គ្រាប់​បាល់​រន្ទះ»។

    ស្របពេល​ជាមួយគ្នានេះដែរ  Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ក្រុម Barcelona ចាប់ផ្តើម​យ៉ាង​ល្អ​នៅ​ថ្ងៃ​បើកឆាក​នៃ Champions League តាមរយៈ​ការ​ផ្តួល​ក្រុម PSV Eindhoven របស់​ហូ​ឡង់ ក្នុង​លទ្ធផល 4-០ នា​កីឡដ្ឋាន Camp Nou៕

  • Global Art ជំរុញ​ឱ្យ​កុមារ​កម្ពុជា​ស្រឡាញ់​គំនូរ និង​ចេះ​ច្នៃប្រឌិត​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ

    Global Art ជំរុញ​ឱ្យ​កុមារ​កម្ពុជា​ស្រឡាញ់​គំនូរ និង​ចេះ​ច្នៃប្រឌិត​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ

    មជ្ឈមណ្ឌល Global Art ដែលជា​ស្ថាប័ន​បណ្តុះបណ្តាល​កុមា​រលើ​សិល្បៈ​គំនូរ និង​ការច្នៃប្រឌិត បាន​បើក​ការប្រកួត​គំនូរ​ថ្នាក់ជាតិ “2018 National Art Competition” ដើម្បី​ផ្តល់ឱកាស​ឱ្យ​កុមារ​កម្ពុជា​ទទួលបាន​ឱកាស​ក្នុងការ​ប្រកួតប្រជែង និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​តាមរយៈ​ការបញ្ចេញ​ស្នាដៃ​ជា​សាធារណៈ។

    កម្មវិធី​ប្រកួត​គំនូរ​ដ៏​ធំ​នេះ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប AEON Mall សែន​សុខ នៅ​ថ្ងៃទី16 ខែកញ្ញា ឆ្នាំ 2018 ដោយ​ក្នុងនោះ​មាន​បេក្ខជន​ចូលរួម​ចំនួន 255នាក់​មកពី​មជ្ឈមណ្ឌល Global Art និង​សាលា​ឯកជនល្បីៗនៅ​កម្ពុជា។ អ្នកចូលរួម​ប្រមាណ 90% ជា​សិស្ស​មកពី​មជ្ឈមណ្ឌល Global Art និង10% ផ្សេងទៀត​មកពី​សាលា SCIA, FIS និង​ UCMAS។

    ក្រោយ​ការប្រកួត​យ៉ាង​ស្វាហាប់​អស់​រយៈពេល​ជាច្រើន​ម៉ោង និង​កាត់សេចក្តី​យ៉ាង​ហ្មត់ចត់​ពី​គណៈកម្មការ​ដាក់ពិន្ទុ​ប្រកបដោយ​វិជ្ជាជីវៈ និង​ជំនាញ​ខ្ពស់ បាន​រកឃើញថា អ្នក​ដែល​ទទួលបាន​ជយលាភី​លេខ1 ប្រចាំឆ្នាំ​នៅ​ក្រុម A បាន​ទៅលើ​កុមារី Sang Sokunnika មកពី​មជ្ឈមណ្ឌល Global Art Pasture ចំណែកឯ​ជយលាភី​លេខ1 នៃ​ក្រុម B បាន​ទៅលើ​កុមារី Lay PichMoniRachana មកពី​មជ្ឈមណ្ឌល Global Art TK2 និង​បេក្ខជន​ដែល​ជាប់​ជយលាភី​លេខ1 ក្នុង​ក្រុម C បាន​ទៅលើ​កុមារា Buonhing Sojestta មកពី Global Art Bokor។

    បេក្ខជន​ដែល​ទទួលបាន​ជយលាភី​ទាំង 3រូប​នឹង​ទទួលបាន​ពានរង្វាន់​ចំនួន​មួយ ការឧបត្ថម្ភ​ក្នុង​ដំណើរ​ទៅ​ប្រឡង​គំនូរ​អន្តរជាតិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពី​ធនាគារ ABA អាហារូបករណ៍​រយៈពេល 6ខែ រួមទាំង​រង្វាន់​ជាច្រើន​ទៀត​ពី Global Art។ ជយលាភី​ទាំង 3រូប នឹងត្រូវ​បន្ត​ការប្រកួត​ជា​អន្តរជាតិ​ជាមួយនឹង​កុមារ​ជាច្រើន​ផ្សេងទៀត​លើ​ពិភពលោក។

    គួរបញ្ជាក់​ផងដែរ​ថា Global Art មិន​ត្រឹមតែ​ជា​ស្ថាប័ន​បណ្តុះបណ្តាល​លើ​ផ្នែក​គំនូរ​ប៉ុណ្ណោះ​ទេ តែ​ជា​ស្ថាប័ន​បណ្តុះបណ្តាល​កុមារ​ឱ្យមាន​ភាព​ច្នៃប្រឌិត តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​ដោយ​គ្រូ​ជំនាញល្បីៗ ហើយ​ផ្តល់ឱកាស​ឱ្យ​កុមារ​អាច​បកស្រាយ​ក្តី​ស្រមៃ និង​ភាព​ច្នៃប្រឌិត​របស់ខ្លួន​លើ​ផ្ទាំងគំនូរ។ ជំនាញ​នៃ​ការច្នៃប្រឌិត​នេះ ជា​ជំនាញ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់បំផុត​សម្រាប់​ពិភពលោក​ក្នុង​សតវត្សរ៍​នេះ ហើយ​ការបណ្តុះបណ្តាល​កុមារ​កម្ពុជា​ឱ្យក្លាយ​ជា​អ្នក​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ មានន័យថា កំពុង​ជំរុញ​អនាគត​នៃ​ការអភិវឌ្ឍ​សម្រាប់​សង្គម៕

  • លោក Klopp សរសើរភាព​ឆ្លាត​វៃ​របស់ Neymar ខណៈ Salah ត្រៀម​បង្ហាញ​ថ្វី​ជើង

    លោក Klopp សរសើរភាព​ឆ្លាត​វៃ​របស់ Neymar ខណៈ Salah ត្រៀម​បង្ហាញ​ថ្វី​ជើង

    លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​កា​រពារ​ការ​សម្តែង​​នៅលើ​ទីលាន​របស់ Neymar ក្នុង​ព្រឹត្តិការណ៍ World Cup និង​ជឿជាក់​ថា វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ​ក្នុង​ការ​មើល​ស្រាល​តារា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ នៅពេលដែលក្រុម Paris Saint-Germain នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ​។

    លោក Klopp បាន​បញ្ជាក់​ថា Neymar មិនមាន​ភាព​រឹងប៉ឹងទាំង​ស្រុង​ឡើយកាលនៅ​ប្រទេស​រុស្ស៊ី ក្រោយពី​បាន​បាក់​ឆ្អឹង​ត្រង់​ប្រអប់​ជើង​របស់​គេកាលពី​ខែ​កុម្ភៈ ដែល​បាន​បង្ខំ​ឱ្យ​រូប​គេ​ត្រូវ​សម្រាក​​អស់​រយៈពេល​ដ៏​យូរមុន​យុទ្ធ​នា​ការ World Cup​។

    ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​របស់​ពិភព​លោក​រូបនេះ បាន​ទទួ​ល​នូវការកោត​សរសើរ​សម្រាប់​ទម្រង់​លេង​របស់​គេ និង​បានក្លាយ​ជា​​តួ​កំ​ប្លែង​សម្រាប់​ការ​សម្តែង​ការ​​រង​របួស​​ជ្រុល​ហួស​ហេតុ​របស់​គេ ខណៈ​ដែល​ប្រេស៊ីល បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ 8​​ក្រុម​ចុងក្រោយ​ក្រោមស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​។

    Mohamed Salah បាន​បង្ហាញពី​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​តា​រា​ឆ្នើម Neymar និងKylianMbappe ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League កាលពី​រដូវកាល​មុន ប៉ុន្តែខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង2​ ​របស់​ក្រុម Paris Saint-Germain នេះនឹង​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield នៅ​រាត្រីនេះ ដោយ​សម្លឹង​រក​ការ​ស្តារ​មុខមាត់​នានា​ ស្រ​ប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​​ជាតិ​អេ​ហ្ស៊ីប Salah ​ កំពុង​តែ​​​ព្យា​យាម​រក​ទម្រង់​លេង​​ដ៏ល្អ​​ឥត​ខ្ចោះ​របស់​គេ​ក្នុង​យុទ្ធ​នាការ​ទី​1 ​​ជាមួយ Liverpool​។ កាល​ពី​ខែ​ឧស​ភា Salah បាន​បង្កើត​ឱ្យ​មានការ​ចាប់​អារម្មណ៍​ផ្សេង​ៗ ខណៈ​ដែល​គ្រាប់​បាល់​សរុប​ចំនួន​ 44​គ្រាប់​របស់​​គេ​បាន​ជួយ​ឱ្យ​ក្រុម Liverpool ឈាន​ទៅ​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League និង​​បាន​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​សិទ្ធិ​ទៅលេងក្នុង​យុទ្ធ​នាការ​នៃ​រដូវ​កាលនេះ​។

    ហេតុនេះ Salah នឹង​សម្លឹង​រក​ការ​បង្ហាញថ្វី​ជើង​របស់​គេ​ម្តង​ទៀត ក្នុង​ការប្រកួត​1 ​​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​រំភើប​បំផុត​នៃក្រប​ខ័ណ្ឌ Champions League​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​2 ទៀប​ភ្លឺ​៕

    ប្រភ​ពពី៖ Sport24

  • កម្ពុជា​ចាប់ផ្តើម​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​របស់ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ

    កម្ពុជា​ចាប់ផ្តើម​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​របស់ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ

    រាជរដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​នានា​ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ ដើម្បី​ធ្វើឱ្យ​ទីក្រុង​របស់​កម្ពុជា​កាន់​តែមាន​ភាពរស់រវើក ទាន់សម័យ ហើយ​រស់នៅ​ប្រកបដោយ​ផាសុកភាព។ គំនិត​ផ្តួចផ្តើម​របស់​ទីក្រុង​វៃឆ្លាត​នឹង​ធ្វើឱ្យ​ទីក្រុង​កាន់​តែមាន​សុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរភាព​អម​ជាមួយ​បរិស្ថាន​ល្អ​សម្រាប់​អ្នក​ដែល​រស់នៅក្នុង​ទីក្រុង។ នេះ​បើតាម​ការលើកឡើង​រប​ស់ម​ន្ដ្រី​រដ្ឋាភិបាល។

    ឯកឧត្ដម ភឿង សោភ័ណ អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​ស្ថាបត្យករ​កម្ពុជា​បាន​មានប្រសាសន៍ថា​ចាប់ពីពេលនេះ​ទៅ ក្រុម​ស្ថាបត្យករ វិស្វករ និង​រាល់​ក្រុមហ៊ុន​សំណង់​ទាំងអស់​មុននឹង​ធ្វើការ​សាងសង់​ត្រូវ​គិតពី​គោលការណ៍​ទីក្រុង​ឆ្លាត​វៃ​ជាមុនសិន​ដើម្បីឱ្យ​ស្របតាម​ទស្សនៈវិស័យ​របស់​រាជ​រដ្ឋាភិបាល។ ការជំរុញឱ្យ​អ្នក​សាងសង់​នានា​គិតគូរ​ពី​គោលការណ៍​ទីក្រុង​ឆ្លាត​វៃ​នេះ គឺ​ស្រប​ពេលដែល​វិស័យ​សំណង់​កំពុងមាន​សម្ទុះ​រីកដុះដាល​យ៉ាងច្រើន ដូចជា អគារ​ពាណិជ្ជកម្មខ្ពស់ៗ សំណង់​លំនៅឋាន​ប្រណីត អគារ​ខុន​ដូ និង​បណ្តា​ផ្សារ​ទំនើប​ដែល​បម្រើ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​បែប​ស៊ី​វិ​ល័យ។

    ឯកឧត្ដម​បាន​បន្ដថា៖ « រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​គោល​គំនិត​ច្នៃប្រឌិត ការ​រចនា និង​ការរៀបចំ​បែប​ទីក្រុង​បៃតង​ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​សុខដុម»។

    សូមបញ្ជាក់ថា ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាត​វៃ​នេះ ចាំបាច់​ត្រូវមាន​ការពាក់ព័ន្ធ​ច្រើនណាស់​ក្នុង​វិស័យ​សំណង់ ដូចជា​រាល់​សម្ភារ​សំណង់​នានា​ត្រូវតែ​ផលិត​ធានាថា​មានគុណ​ភាពល្អ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ស្របតាម​ស្តង់ដារ​ហើយ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ជា​ចម្បង​ដើម្បី​ធានា​ឱ្យ​សំណង់​អគារ​មាន​គុណភាព​ប្រើប្រាស់​បានយូរ​អង្វែង រួមទាំង​ឆ្លើយតប​ទៅនឹង​គោលការណ៍​ទីក្រុង​វៃឆ្លាត​របស់​រាជរដ្ឋាភិបាល​ផងដែរ។

    ទីក្រុង​ចំនួន3 របស់​ប្រទេស​កម្ពុជា រួមមាន​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​ត្រូវបាន​ជ្រើសរើស​ជា​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន (Smart City)បន្ទាប់ពី​មេដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​សមាជិក​បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ឱ្យមាន​ទីក្រុង​ឆ្លាត​វៃ​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​Lee Hsien Loong នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី32៕