Author: វល័ក្ខ

  • Brad Pitt ក្លាយជាបុរសប្រមឹកក្រោយលែងលះ Angelina Jolie

    Brad Pitt ក្លាយជាបុរសប្រមឹកក្រោយលែងលះ Angelina Jolie

    សារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយថា កំពូលតារាសម្ដែង Brad Pitt បានក្លាយជាបុរសប្រមឹកស្រា បន្ទាប់ពីរងគ្រោះដោយសារវិបត្តិផ្លូវចិត្ត ក្រោយលែងលះជាមួយអតីតភរិយាលោក អ្នកនាង Angelina Jolie។

    តាមរយៈសារព័ត៌មានដដែល បានឲ្យដឹងថា Brad Pitt បានផ្ដល់បទសម្ភាសន៍ជាលើកដំបូង ហើយជាសាធារណៈយ៉ាងបើកចំហ បន្ទាប់បានលែងលះរួច ដោយថ្លែងថា ” ខ្ញុំចាប់ផ្ដើមទទួលការព្យាបាលផ្លូវចិត្ត ខ្ញុំផ្ដើមចូលចិត្តស្រា ខ្ញុំដើរទៅមកអស់ស្រា ២ដប រហូតដល់ពេលណាដែលខ្ញុំលែងឈឺចាប់“។

    គួបញ្ជាក់ទៀតថា ការលែងលះរបស់ Brad Pitt ជាមួយអតីតភរិយាអ្នកនាង Angelina Jolie នៅគ្រានេះ ជាគ្រាដែលលោកទទួលយកមិនបាន ហើយបណ្ដាលឲ្យលោកក្លាយជាមនុស្សប្រមឹកម្នាក់ ។ Pitt បានបន្ដទៀតថា ” ខ្ញុំភ្លេចបាត់ហើយថា ខ្ញុំឈប់ជក់បារី និងស្រានៅពេលណា ប៉ុន្តែខ្ញុំបានថា ពេលនោះគឺ​ខ្ញុំ​មានសេចក្ដីសុខជាមួយជីវិតគ្រួសារ ប៉ុន្តែពេលនេះ ខ្ញុំបានត្រឡប់ទៅរកភាពដើមវិញ ដោយចាប់ផ្ដើមផឹកស្រា“៕

  • ចង់រកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ត្រូវយល់ដឹងអំពី 3ចំណុចនេះ

    ចង់រកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ត្រូវយល់ដឹងអំពី 3ចំណុចនេះ

    ដើម្បីឈរជើង និងរកស៊ីបានយូរនៅក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែមានភាពឆ្លាតវៃបំផុតក្នុងការបង្កើតទំនាក់ទំនង និងចេះវាយតម្លៃទៅលើអចលនទ្រព្យ។ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ គឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។

    តើអ្នកគួរតែយល់ដឹងអ្វីខ្លះនៅក្នុងវិស័យអចលនទ្រព្យ?

    1/ សិក្សាពីតម្លៃក្នុងស្រុក
    នេះជាកិច្ចការដំបូងដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់នីមួយៗក្នុងប្រទេសរបស់អ្នក ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនៅពេលខាងមុខ ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ?

    2/ មើលទៅតំបន់ជាយក្រុង
    ជាការពិតណាស់ នៅពេលការអភិវឌ្ឍន៍ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍន៍នៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍នោះ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។

    3/ ត្រូវតាមដានព័ត៌មានឱ្យបានល្អិតល្អន់
    ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកអាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នក៕

  • សុខ សោម៉ាវត្តី ធ្វើខួបឲ្យកូនស្រីវ័យ ៤ ឆ្នាំ ក៏មានវត្តមានអតីតស្វាមីចូលរួម

    សុខ សោម៉ាវត្តី ធ្វើខួបឲ្យកូនស្រីវ័យ ៤ ឆ្នាំ ក៏មានវត្តមានអតីតស្វាមីចូលរួម

    ភ្នំពេញៈ  រូប​ថត​ជុំ​គ្នា​ច្រើន​សន្លឹក​​ដែល​អ្នកនាង សុខ សោម៉ាវត្តី បាន​បង្ហោះ​នា​ថ្ងៃ​ធ្វើ​ពីធី​ខួប​កំណើត​កូន​ស្រី​​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៤ ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​ឃើញ​មាន​វត្ត​មាន​​ក្រុម​​មិត្ត​ភក្តិ ​​អ្នក​សិល្បៈ​ចូល​រួម​យ៉ាង​​ច្រើន ខណៈ​​​ពេល​នោះ​ក៏​ឃើញ​វត្ត​មាន​លោក ទូច ដាណារ៉ា អតីត​ស្វាមី ត្រូវ​ជា​ឪពុក​កូន​ស្រី​ខ្លួន​ទៀត​​ផង​​។ ​​​ខណៈ​គេ​ក៏​​ឃើញ​រូប​មួយ​សន្លឹក​មាន​រូប​អ្នក​នាង សុខ សោ​ម៉ាវត្តី​ឈរ​ក្បែរ​អតីត​ស្វាមី និង​លោក​ យ៉ែម សំអូន ព​កូន​ស្រីនាង​ឈ្មោះ​​ ចាស្មីន​។ ​

    ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​កូន​ស្រី​ខ្លាំង ជា​ចំណង​ស្នេហ៍​​អតីត​ស្វាមី​លោក​​ ទូច ដាណារ៉ា នោះ​អ្នកនាង សុខ សោម៉ាវត្តី បាន​សរសេរ​ជូន​ពរ​កូន​ស្រី​ ចាស្មីន ថា៖​« Dear Roth Rasomary ( Jasmine ) កូន​ស្រី​ជា​ទី​ស្រឡាញ់​ម្តាយ​អើយ!​ថ្ងៃនេះ​ធំ​មួយ​ឆ្នាំ​ទៀត​ហើយ​។ សូម​ឲ្យ​កូន​នកាន់​តែ​ល្អ​ស្អាត​ទាំង​រូប​កាយ និង​ចិត្ត​គំនិត​ រឹង​មាំ​តែ​មិន​រឹង​រុះ​ ទន់​ភ្លន់​​មិន​ទន់​ជ្រាយ​ ប្រាជ្ញា​ឆ្លាត​វាងវៃ​​ ដូចអ្វី​ដែល​ម៉ាក់​តែង​តែ​រំពឹង​ថា កូន​ស្រី​ម៉ាក់ នឹង​ពូកែ​ក្លាយជា​ទី​ស្រឡាញ់​របស់​មនុស្ស​គ្រប់​រូប​។ សុខ​ភាព​ល្អ​ណា​កូន​ណា​! សូម​ឲ្យ​អ្វីៗ​ដែល​ល្អ​ប្រសើរ​​ចូល​មក​នៅ​ក្នុង​ជីវិត​កូន​ ហើយ​ជោគជ័យ​គ្រប់​យ៉ាង»។​

    គួរ​ប​ញ្ជា​ក់​​ថា អ្នកនាង សុខ សោម៉ាវត្តី និង​អតីត​ស្វាមី​ជា​កូនប្រុស​អតីត​ស្នង​ការ​រាជធានី​ភ្នំពេញ បាន​ចូល​រោង​​ការ​កាលពី​ថ្ងៃទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០១២ និង​បាន​រួមរស់​ជាមួយគ្នា​បានកូន​ស្រីម្នាក់​ជាចំណងដៃ​មុននឹង​អ្នកនាង​បានប្រកាស​ភាព​នៅលីវ​កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៦៕

  • Khedira ស្ថិតក្នុងអារម្មណ៍ស្ងប់ ខណៈ Juventus រំពឹងរកការឈ្នះពាន Serie A ពេលប៉ះ Torino

    Khedira ស្ថិតក្នុងអារម្មណ៍ស្ងប់ ខណៈ Juventus រំពឹងរកការឈ្នះពាន Serie A ពេលប៉ះ Torino

    ខ្សែ​បម្រើ​ជើង​ចាស់ Sami Khedira បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​ខ្លួន​ស្ថិ​តក្នុង​ការ​ផ្តោត​អារម្មណ៍ ខណៈ​ដែល​ក្រុម​សេះ​បង្កង់ Juventus សម្លឹង​រក​ការ​ឈ្នះ​ពាន​ពាន Serie A ជា​កំណត់ត្រា​​នៅ​ថ្ងៃ​​សៅរ៍​នេះ តាមរយៈ​ការ​ដណ្តើម​យក​ជ័យ​ជម្នះ​លើ​​​ក្រុម​ស្ថិ​តក្នុង​ទីក្រុង​តែ​មួយ Torino​។

    ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​របស់​ក្រុម Juventus នៅ​ថ្ងៃ​សៅរ៍​នេះ បូក​រួម​ទាំង​ការ​បរា​ជ័យ​របស់​ក្រុម Roma នៅ​លើ​ទឹក​ដីក្រុម AC Milan នៅ​ថ្ងៃ​អាទិត្យ នឹង​​ធ្វើ​ឲ្យ​ក្រុម​​​ម្ចាស់​ជើង​ឯក​​មួយ​នេះ នាំ​មុខ​​១២​ពិន្ទុ​ដាច់ ខណៈ​ដែល​នៅ​សល់​៣​ប្រកួត​ទៀត​នៅ​​រដូវ​កាល​នេះ​។ ប៉ុន្តែ Khedira បាន​​និយាយ​ថា​ ការ​ឈ្នះ​ពាន Serie A ជា​លើក​ទី​៦​ជាប់​ៗ​គ្នា គ្រាន់​តែ​​ការ​បោះ​​ជំ​ហាន​មួយ​ឆ្ពោះ​ទៅមុខ​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​រូប​គេ​សង្ឃឹម​ថា ក្រុម Juventus នឹង​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​តែ​មួយ ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​៧​ឆ្នាំ ក្រោយ​​​ពី​លោក Jose Mourinho សម្រេច​បាន​នូវ​សមិទ្ធ​ផល​នេះ​ជាមួយ​នឹងក្លិប Inter Milan កាល​ពីឆ្នាំ​២០១០​។ ក្រុម​ម្ចាស់​ជើង​ឯក​របស់​អ៊ី​តាលី​៣២​សម័យ​កាល​មួយ​នេះ នឹង​ត្រូវ​ជួប​ក្រុម Lazio ក្នុង​ការ​ប្រកួត​ពាន Italian Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ខែ​ក្រោយ ហើយ​ក្រោយ​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ ២-០ លើ​ក្រុម Monaco ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ ក្រុម​សេះ​បង្កង់​ Juventus កំពុង​​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈាន​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ក្នុង​ទីក្រុង Cardiff​។

    ខ្សែ​បម្រើ​​អន្តរ​ជាតិ​អា​​ល្លឺ​ម៉ង់ Khedira ដែល​មិន​បាន​ចូល​លេង​ក្នុង​ពេល​ក្រុម​ខ្លួន​​ដណ្តើម​បាន​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សារ​តែ​ការ​ជាប់​ពិន័យ​ព្យួរនោះ បាន​បញ្ជាក់​ថា នៅមាន​ការ​ងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​សម្រាប់​ក្រុម Juventus។ Khedira បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា៖ «អ្នក​គាំទ្រ​មាន​ក្តី​សុបិន ដែល​​​ជា​សុបិន​ដូច​ពួក​​យើង​ដែរ​។ ប៉ុន្តែ យើង​មិនមែន​ជា​​​អ្នក​ចូល​ចិត្ត​សុបិន​ឡើយ ហើយ​ប្រសិន​បើ​យើង​​ចង់​ជម្នះ​រាល់​ឧប​ស័គ្គ​ផ្សេងៗ យើង​នៅ​តែ​មាន​ការ​ងារ​ជាច្រើន​ដែល​​ត្រូវ​ធ្វើ​ពី​មុខ​យើង​»​។ ប៉ុន្តែ ក្រុម Juventus ដណ្តើម​បាន​ជ័យ​ជម្នះ​៥​លើក​ពី​ការ​ប្រកួត​​ក្នុង​ផ្ទះខ្លួន​ឯង​ទាំង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ខណៈ​ដែល Torino ឈ្នះ​តែ​ពីរ​លើក​គត់ពី​ការ​ប្រកួត​ក្រៅ​ដី​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ sports.yahoo

  • ជំនួបជើងទី១ អគ្គស្នងការនគរបាលជាតិ លត់វេស្ទើន ២-០ ក្នុងពានបាល់ទាត់ Hun Sen Cup

    ជំនួបជើងទី១ អគ្គស្នងការនគរបាលជាតិ លត់វេស្ទើន ២-០ ក្នុងពានបាល់ទាត់ Hun Sen Cup

    កាលពីម្សិលមិញនេះ នៅកីឡដ្ឋានស្ដាតចាស់ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតឈ្នះក្រុម វេស្ទភ្នំពេញ ក្នុងដំណាក់កាលទី៣ នៃពាន Hun Sen Cup 2017  ជើងទី១។ ជ័យជម្នះបើកទំព័ររដូវកាលថ្មី ដោយ សម្រេចដោយកីឡាករ អ៊ុល រ៉ាវី នៅនាទីទី៣៩ និងកីឡាករ នួន បូរី នៅនាទីទី៧៥ ។

    ជាបណ្ដោះអាសន្នក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ គឺមានមានគ្រាប់បាល់ចំណេញ ២គ្រាប់ក្នុងដៃ ប៉ុន្ដែត្រូវចាំអ៊ុតលទ្ធផលនៃជំនួបជើងទី២ ដែលនឹងធ្វើឡើងលើទឹកដីវេស្ទើនវិញម្ដង ដើម្បីកាត់សេចក្ដី តើក្រុមណានឹងបន្ដដំណើរទៅដំណាក់កាលទី៤ ខណៈប៉ូលិសទាមទារត្រឹមស្មើ រីឯវេស្ទើន ត្រូវការឈ្នះលើសពី ២គ្រាប់នោះ?៕

  • ឮថាយក់ ឋិតរដ្ឋា ចង់ក្លាយជាតួកុន ក្រោយចូលទ្រនំថ្មីថោន

    ឮថាយក់ ឋិតរដ្ឋា ចង់ក្លាយជាតួកុន ក្រោយចូលទ្រនំថ្មីថោន

    ភ្នំពេញៈ តារា​ចម្រៀង​ស្រី​ដែល​ទើប​ដើរ​​ចេញ​​ពីទ្រនំ​ចាស់​​​ហង្សមាស មក​ជ្រក​ទ្រនំ​ថ្មី​ផលិត​កម្ម​​ថោន អ្នកនាង យក់ ឋិតរដ្ឋា នោះ ស្រាប់​តែ​​ល្បី​ថា នាង​មានក្តី​ប្រាថ្នា​ចង់​ក្លាយ​ខ្លួនជា​តារា​សម្តែង​ភាពយន្ត​ព្រោះ​មាន​ទីផ្សារ​ល្អជាង​ចម្រៀងបង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហា​​​​ជន​យ៉ាងខ្លាំង​​។​

    ពេល​សាក​សួរ​​សាមី​​​ខ្លួន​ បើ​​ទោះ​បីជា​​មិន​មាន​ការ​បក​ស្រាយ​ផ្ទាល់​ពី​តារា​ចម្រៀង​ស្រី​យក់ ឋិត​រដ្ឋា ក្តី តែ​​បើ​តាម​ស្វាមី​នាង​គឺ​លោក ឃុំ ប៉ុណ្ណាដែត លាន់​មាត់​ឆ្ងល់​​ថា៖ «មាន​​ព័ត៌មានបែប​ណុង​​ផង​? ដូចជា​មិនពិត​ទេព្រោះ​​ភរិយា​ខ្ញុំមិន​ធ្លាប់​ប្រាប់ថា​ចង់​ក្លាយជា​តួ​សម្តែងនោះទេ»។ លោក ឃុំ ប៉ុណ្ណាដែត រំឮក​បញ្ជាក់​ថា៖ «ខ្ញុំ​គិតថា​ប្រហែល​ជា​យល់​ផ្សេងពី​មតិ​យោបល់​របស់​ប្រពន្ធ​ខ្ញុំ​ ​អ្នកសារ​ព័ត៌មាន​ធ្វើ​បទ​សម្ភាស​​កាល​ពី​សម្ពោធ​​រឿង​ទឹក​ចិត្ត​ម្តាយ​​សម័យ​ថ្មី​នោះ​ហើយ ខណៈ​​ពួកយើង​សុទ្ធតែ​ជាអ្នក​ចម្រៀង ថា​​ចង់​ដើរ​តួកុន​នោះ ដូចជា​មិនបាន​ប្រាប់ចឹង​ទេ!​»។

    គូ​ស្វាមី​ជា​តារា​ចម្រៀង​អ្នកនាង យក់ ឋិត​រដ្ឋា និងលោក ឃុំ ប៉ុណ្ណា​ដែត គឺ​​ជាម្ចាស់​ភោជនីយដ្ឋាន Factory-Pub ខណៈពេល​ឃ្លាត​ឆ្ងាយ​ពីសិល្បៈ​មួយរយៈ​ទៅ​ផ្តោត​លើការ​រកស៊ី​នោះ​ ខណៈ​អ្នក​ទាំងពីរ​បាន​ក្រាបផ្ទឹម​រៀបចំ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៥។ លោក ឃុំ ប៉ុណ្ណា​ដែត ក៏បាន​រំឭក​ប្រាប់ពី​ពេលមុន​ធ្លាប់​មាន​ផលិតកម្ម​ខ្លះបាន​ទាក់ទង​ប្តី​ ប្រពន្ធ​លោក​ទៅ​ថតកុន​ដែរ តែ​ដោយសារ​គ្មាន​ពេល​វេលា គ្រប់គ្រាន់​ក៏​បដិសេធគឺ​​ផលិតកម្ម​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ និង​លេខ ៣ ៕

  • លោក Pochettino ផ្តោតលើការដាក់សម្ពាធលើ Chelsea ពេល Spurs ទៅជួប West Ham រាត្រីនេះ

    លោក Pochettino ផ្តោតលើការដាក់សម្ពាធលើ Chelsea ពេល Spurs ទៅជួប West Ham រាត្រីនេះ

    លោក Mauricio Pochettino ជឿ​ជាក់​ថា ក្រុម Tottenham Hotspur កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​​ស្ថិត​​ក្រោម​ពាក្យ​ចរ​ចាម​អា​រ៉ាម​នៃ​ការ​លក់​ចេញ​​​​កីឡាករ​ឆ្នើម​ៗ ប៉ុន្តែ គ្រូ​បង្វឹក​សញ្ជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា គ្មាន​អ្វី​​រា​រាំងក្រុម​របស់​លោក​ក្នុង​​ការ​រក្សា​ការ​ប្រជែង​ដណ្តើម​​ពាន Premier League ឡើយ​។

    ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Kyle Walker គឺ​ជា​សមា​ជិក​ចុង​ក្រោយ​គេ​នៃក្រុម​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​របស់ Spurs ដែល​ត្រូវ​បាន​គេ​ទាក់​ទង​ឲ្យ​​ផ្ទេរ​ចេញ​​កីឡ​ដ្ឋាន White Hart Lane ក្រោយ​ពី​មាន​​​​ការ​លេច​ឮ​ថា ​មាន​​ជម្លោះ​ជា​មួយ​នឹង​អ្នក​ការ​ចាត់​ការ​ទូទៅ​លោក Pochettino​​។ ក្រុម​មាន់​ខ្នាយ​​មាស Spurs អាច​នឹង​កាត់​បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Chelsea មក​​នៅ​ត្រឹម​១​ពិន្ទុ ប្រសិន​​​​បើ​​​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​លើ​​ទឹក​ដីក្រុម West Ham United នៅ​រាត្រី​នេះ ហើយ​លោក Pochettino បានប​ញ្ជាក់​ថា ទាំង Walker និង​មិត្ត​រួម​របស់​គេ នឹង​មិន​ខ្វះ​​នូវ​ការ​​ផ្តោត​អារម្មណ៍​ដោយ​សារ​តែ​​ពាក្យ​ចរ​ចាម​អារ៉ាម​​ទៅលើ​ការ​ចាក​ចេញ​ពី​ក្លិប​នេះ​ឡើយ​។

    ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ឯ​ទីលាន​ហ្វឹកហាត់ Enfield របស់ Spurs នៅ​ភាគ​ខាង​ជើង​ទីក្រុង​ឡុងដ៍ លោក Pochettino បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «រាល់​កីឡាករ​ទាំង​២១​នាក់​កំពុង​តែ​​​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​ឲ្យ​ស​ម្រេច​បាន​នូវ​​សមិទ្ធ​ផល​ដែល​យើង​​ចង់​ធ្វើ​ឲ្យ​សម្រេច​។​ ខ្ញុំ​ពិត​ជា​ស្ថិតក្នុង​អារម្មណ៍​ស្ងប់​។ កីឡាករ​ក៏​មាន​អារម្មណ៍​ស្ងប់​ផង​ដែរ​​។​ ពួក​គេ​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​​​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​»​។  លោក Pochettino បាន​បន្ថែម​ទៀត​៖​ «វា​ពិត​ជា​សំខាន់​ណាស់​ដែល​អ្នក​គាំ​ទ្រ​​ដឹដង​ថា កីឡាករ​មាន​អារម្មណ៍​ស្ងប់ ហើយ​យើង​នឹង​​រង់​ចាំ​មើល​នៅ​ចុង​រដូវ​កាល​នេះ​ថា ពាក្យ​ចរ​ចាម​​អារ៉ាម​នេះ ពិត​ ឬ​ក៏​​អត់​»​។ Spurs នឹង​​សម្លឹង​រក​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​១០​ជាប់​ៗ​ក្នា នៅពេល​ដែល​​​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​​ទឹក​ដីក្រុម West Ham ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម Chelsea នៅ​មុន​ពេល​ការ​ប្រកួត​ក្នុង​ផ្ទះ​​របស់​​ក្រុម​តោ​ខៀវ​ជា​មួយ​នឹង​ក្រុម Middlesbrough នៅ​ថ្ងៃ​ចន្ទ​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​២​ទៀប​ភ្លឺ​៕

    ប្រភព​ពី​៖ The Sun

  • តើមានប៉ុន្មាននាក់ដឹងថា ប្រទាលកន្ទុយក្រពើជួយកម្ចាត់កោសិកាមហារីក

    តើមានប៉ុន្មាននាក់ដឹងថា ប្រទាលកន្ទុយក្រពើជួយកម្ចាត់កោសិកាមហារីក

    បើនិយាយអំពីប្រទាលកន្ទុយក្រពើ ច្បាស់ណាស់លោកអ្នកនឹងនឹកដល់អត្ថប្រយោជន៍នៃការរក្សាសម្រស់ រក្សាស្បែកជាដើម ដែលលោកអ្នកមិនធ្លាប់បានដឹងទេថា វាមានអត្ថប្រយោជន៍របស់វាផ្សេងទៀតសម្រាប់សុខភាពរបស់លោកអ្នក ។ ជាពិសេសស្រីៗ ដែលនិយមស្រលាញ់ភាពស្រស់ស្អាត ចូលចិត្តថែរក្សាស្បែក តែប្រហែលជាមិនបានជ្រាបថា ប្រទាលកន្ទុយក្រពើ អាចជួយកម្ចាត់កោសិកាមហារីក នឹងជួយការពារថែរក្សាសុខភាពសុភាពនារីពីជំងឺមហារីកឡើយ ។

    ប្រទាលកន្ទុយក្រពើ ដែលមាននៅក្នុងតំបន់អាស៊ី មានលក្ខណៈខុសគ្នាពីប្រទាលនៅតំបន់អាហ្រិ្វក ដែលមានដើមធំៗ សាច់ចាហួយក្នុងប្រទាលថ្លាស្អិតល្អ ហើយក្រាស់ ធុននឹងកម្ដៅថ្ងៃព្រមទាំងគ្រោះរាំងស្ងួត។ រីឯប្រទាលនៅតំបន់អាស៊ីយើង ស្រូបទឹកច្រើន សាច់ប្រទាលស្ដើង ហើយមិនធុននឹងភាពត្រជាក់នៃសណ្ឋានដីត្រូពិចប៉ុន្មានទេ ។

    នៅក្នុងសាច់ចាហួយប្រទាលកន្ទុយក្រពើ មានផ្ទុកនូវសារធាតុប្រឆាំង អុកស៊ីតកម្ម ហើយមានសារធាតុចិញ្ចឹម និងជាតិដែក។ ក្រៅពីនោះវាមានផ្ទុក វីតាមីន A វីតាមីន B1 វីតាមីន B2 វីតាមីន B6 វីតាមីន B12 វីតាមីន C វីតាមីន E សារជាតិ selenium សូដ្យូម ម៉ាញ៉េស្យូម ជាដើម ។

    កាន់តែពិសេសជាងនេះទៅទៀតនេះ ប្រទាលកន្ទុយក្រពើ មានសារធាតុម្យ៉ាងដែលជួយកម្ចាត់កោសិកាជំងឺមហារីក ដែលគេឲ្យឈ្មោះថា ” Aloe – Emodin ” និង “Acemannan ” ដែលអ្នកទទួលទានប្រទាលនេះ សារជាតិ Aloe – Emodin នឹងជំរុញរំញោចរបស់ Macrophage ទៅជួយបណ្ដេញកោសិកាមហារីកចេញពីរាងកាយ ព្រោះទាំងរារាំងការរីកលូតលាស់របស់កោសិកាមហារីក។ រីឯសារជាតិ “Acemannan ” វិញ មានតួនាទីសំខាន់ក្នុងការពារការរីកលូតលាស់របស់ប្រព័ន្ធភាពស៊ាំ ។

    គួរកត់សម្គាល់ថា លើសពីនេះទៀតសាច់ចាហួយប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ ក្នុងការជួយបញ្ចេញកាកសំណល់នៅក្នុងពោះវៀនចេញមកក្រៅយ៉ាងប្រសើរ ហើយវាជួយទប់ស្កាត់ជំងឺមហារីកពោះវៀនផងដែរ។ ក្រៅពីនោះជួយព្យាបាលជំងឺរលាកស្បែក បន្ទាលត្រអាក រលាកដោយភ្លើង និងការរលាកពីកំដៅព្រះអាទិត្យ ជាដើម ៕

  • រសៀលនេះ អ៊ុំ ចំរើន នឹង បង្ហាញវត្តមាន នៅសង្វៀនSEATV ក្រោយខកខាតទៅប្រកួតដណ្ដើម ខែក្រវ៉ាត់ ពិភពលោក

    រសៀលនេះ អ៊ុំ ចំរើន នឹង បង្ហាញវត្តមាន នៅសង្វៀនSEATV ក្រោយខកខាតទៅប្រកួតដណ្ដើម ខែក្រវ៉ាត់ ពិភពលោក

    បន្ទាប់ពីរត់ឯកសារផ្លូវច្បាប់មិនទាន់ ក្នុងការចេញទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់ កម្រិតពិភពលោកនៅប្រទេសថៃ កាលពីខែមេសា កន្លងទៅថ្មីៗនេះ អ្នកប្រដាល់អ៊ុំ ចំរើន នឹងបង្ហាញវត្តមានរបស់ខ្លួន នៅសង្វៀន ប្រដាល់ ​អាស៊ីអាគ្នេយ៍ (SEATV) ក្នុងជំនួប ប្រកួតសងសឹកជាមួយនឹងកីឡាករថៃ Super Chhai ដែល​ធ្លាប់​ឈ្នះ​លើ​កីឡាករ​ខ្មែរ​ជាច្រើន​នាក់ នារសៀលថ្ងៃសុក្រនេះ ។

    អ្នកគ្រប់គ្រង​ប្រកួត​នៅ​សង្វៀន SEATV លោក​ញាណ សុធី បាន​និយាយថា៖ «អ៊ុំ ចំរើន ជាអ្នក​ប្រដាល់​ចិត្តធំ ហ៊ាន​វាយប្តូរ​ជាមួយ​ដៃគូ​ប្រកួត​ដោយ​មិន​ញញើត ហើយ​បច្ចុប្បន្ន​កំពុង​តែមាន​ប្រៀប​ដោយវ៉ៃ​ដៃគូ​ប្រកួត​ឲ្យ សន្លប់​ ញឹកញាប់ ហេតុនេះ​ស្របពេល​ដែល​ដាក់​ឲ្យជួប Super Chhai ដើម្បី​សងសឹក​គ្នា ដែល​ពិតជា​ល្អមើល»។

    ចំរើន បាន​និយាយថា៖ «ខ្ញុំ​សង្ឃឹម​ច្រើន ប៉ុន្តែ​រឿង​ឡើង​សង្វ្រៀន ដឹងតែ​វាយ​ហើយ ឯ​រឿង​ចាញ់ ឬឈ្នះ មិនអាច​និយាយ​មុន​បានទេ»។ «Super Chhai លំបាក​ប្រកួត​ណាស់​ពីព្រោះ​គេវាយ​ដកថយ​ចាំតែ​ស្រង់​តែ​ពិន្ទុ។ បើគេ​ហ៊ាន​វាយ​មិន​ដកថយ ខ្ញុំ​សង្ឃឹម​ឈ្នះ ៨០ ភាគរយ»។

    Super Chhai ធ្លាប់​ឈ្នះ និង​ធ្លាប់ស្មើ​ជាមួយ​ឡុង សុភី, រឿង សោភ័ណ្ឌ និង​ជើង​ខ្លាំង​កម្ពុជា​ជាច្រើន​ទៀត ប៉ុន្តែ​សម្រាប់​ការជួប​ជាមួយ​អ៊ុំ ចំរើន កន្លងមក​នោះ រូបគេ​បានចាញ់​ក្នុង​លក្ខណៈ​ប្រផិត​ប្រផើយ។

    Super Chhai មានភាព​រឹងមាំ ប៉ុន្តែ មិន​សូវ​ក្លាហាន​ក្នុងការ​ចូល​វាយ​សម្រុក​នោះទេ ប៉ុន្តែ ទោះជា​យ៉ាងណា​សម្រាប់​កម្រិត​វិជ្ជា​គុន ពួកគេ​ទាំងពីរ​មាន​ប្រៀប​ឈ្នះ​លើគ្នា​ម្យ៉ាង​ម្នាក់ ពីព្រោះ​អ៊ុំ ចំរើន ជំនាញ​កណ្តាប់ដៃ និងទាត់​ឆ្ងាយ និង​ហ៊ាន​វាយប្តូរ ចំណែក Super Chhai វិញ ជំនាញ​ឱប​ឡើង​ជង្គង់ និងមាន​ភាព​អំណត់​មិនចូល​វាយ​ដៃគូ​ទេ ដោយ​ភាគច្រើន​ចូល​វាយ​ស្រង់​យក​ពិន្ទុ។

    ទោះជា​យ៉ាងណា អ្នកស្សនា​ប្រដាល់​ភាគ​ច្រើន​នៅ​ភ្នំពេញ មាន​ជំនឿថា កីឡាករ Super Chhai មាន​ប្រៀប​ឈ្នះ​អ៊ុំ ចំរើន ច្រើន។  Super Chhai មាន​ប្រវត្តិ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន ១៨ លើក ឈ្នះ ១១ លើក ស្មើ ២ លើក និង​ចាញ់ ៣ លើក៕

  • ង៉ែត្រ រដ្ឋាសង្ឃឹមតិច ណាស់ក្នុងការឈ្នះថៃ ក្នុងវគ្គ ដំបូង​ នៃ​ជម្រុះ​សន្សំ​ពិន្ទុ​ ខ្សែ​ក្រវាត់រដូវកាល​ទី ៣

    ង៉ែត្រ រដ្ឋាសង្ឃឹមតិច ណាស់ក្នុងការឈ្នះថៃ ក្នុងវគ្គ ដំបូង​ នៃ​ជម្រុះ​សន្សំ​ពិន្ទុ​ ខ្សែ​ក្រវាត់រដូវកាល​ទី ៣

    រដូវកាល​ទី ៣ ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ មួយនៅសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍ (SEATV) នឹង​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ស្អែកនេះហើយដោយវគ្គ ​ដំបូង​នៃ​ជម្រុះ​សន្សំ​ពិន្ទុ​នោះ អ្នកប្រដាល់ ង៉ែត្រ រដ្ឋា របស់​កម្ពុជា នឹងត្រូវ​ប៉ះជើង​ខ្លាំង​របស់​ថៃ Loom Leng ។

    ង៉ែត្រ រដ្ឋា ជា​កីឡាករ​មាន​ស្នៀត​ទាត់ និង​ជង្គង់​ល្អ រឹងមាំ និងអាច​វាយ​ធានា ៥ ទឹក​បានល្អ ហើយ​មួយរយៈ​ចុងក្រោយ​នេះ គេ​ប្រឹងប្រែង​ហ្វឹកហាត់ និងធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ស្រាបៀរ​កម្ពុជា​ពីគង់ សំបូរ មក​គ្រប់គ្រង​ផងដែរ​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​នេះ។ ង៉ែ​ត្រ រដ្ឋា មកពី​ក្លិប​តាព្រហ្ម​មានជ័យ និង​ប្រកួត​បាន​ចំនួន ៧២ លើក ឈ្នះ ៦១ លើក ចាញ់ ៨ លើក និង​ស្មើ ៣ លើក។

    សមត្ថភាព​វិជ្ជាគុន និង​កម្លាំង​របស់​កីឡាករ​ថៃ មាន​ប្រៀប​ជាង​កីឡាករ​កម្ពុជា ហើយ​កីឡាករ​កម្ពុជា ត្រូវបាន​គេ​រំពឹងទុក​ថា មាន​ភាគរយ​ឈ្នះ​តិច​ណាស់។ ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​បច្ចេកទេស​គណៈកម្មការ​ផ្គូផ្គង​សង្វៀន SEATV បាន​អះអាង​ថា៖ «សមត្ថភាព​រវាង​កីឡាករ​កម្ពុជា និង​ថៃមាន​ភាព​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​អ្វីដែល​មតិ​លើក​ឡើង​ថា កីឡាករ​កម្ពុជា​ចាញ់​ប្រៀប​ថៃ​នោះ អាច​ទាក់ទង​ទៅនឹង​ផ្នែក​កម្លាំង​ដែល​បណ្តាល​មកពី​ការហ្វឹកហាត់​មិនបាន​ដិត​ដល់​ប៉ុណ្ណោះ»។

    ប្រភពដ៍ដែរបន្តថា៖ ប្រសិន​ជាង៉ែត្រ រដ្ឋា ​ហ្វឹកហាត់​ល្អ ប្រកួត​អស់ពី​សមត្ថភាព​វិញ កីឡាករ​កម្ពុជា​ក្នុង​ទម្ងន់​ស្មើគ្នា មិន​ងាយ​នឹង​ឈ្នះ​គេទេ ប៉ុន្តែ កីឡាករ​រូបនេះ​ធ្លាប់​មាន​ប្រវត្តិ​វាយ​មិន​អស់​សមត្ថភាព។ ដោយ​ឡែក Loom Leng មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៦៨ លើក ឈ្នះ ៥៦ លើក ចាញ់ ១១ លើក និង​ស្មើ ១ លើក ហើយ​ក្នុង​ការប្រកួត​កំដៅ​សាច់ដុំ​កាលពី​សប្តាហ៍​មុន រូបគេ​បានសុំ​ចុះចាញ់​សូត្រ ប៊ុនធី ក្នុង​ទឹកទី ៣។

    ជាមួយគ្នានេះដែល បើអ្នកវិភាគប្រដាល់តាមហាងការហ្វេបានលើកឡើងថា៖ «យើង​មិនអាច​ទស្សន៍ទាយ​ឲ្យ​ប្រាកដ​មុនបាន​ទេពី​លទ្ធផល​ប្រកួត​នោះ ប៉ុន្តែ​តាមរយៈ​ការហ្វឹកហាត់ ខ្ញុំ​គិតថា Loom Leng មាន​ប្រៀប​ឈ្នះ​ង៉ែត្រ រដ្ឋា ៧០ ភាគរយ»៕