Author: វល័ក្ខ

  • LG សម្ពោធលក់ស្មាតហ្វូនស៊េរី K ឆ្នាំ 2017 ពីរម៉ូឌែលនៅកម្ពុជា

    LG សម្ពោធលក់ស្មាតហ្វូនស៊េរី K ឆ្នាំ 2017 ពីរម៉ូឌែលនៅកម្ពុជា

    ក្រោយទទួលបានការគាំទ្រច្រើនសន្ធឹកលើស្មាតហ្វូនត្រកូល K កាលពីឆ្នាំទៅ ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរសព្ទម៉ាក LG បានធ្វើការសម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូន LG K10 និង LG K8 ស៊េរីឆ្នាំ 2017 ជាមួយនឹងរូបរាងប្លែក សមត្ថភាពដំណើរការរលូនល្អ តម្លៃសមរម្យ។

    កម្មវិធីសម្ពោធនោះត្រូវបានធ្វើឡើងដោយមានការសហការជាមួយនឹងក្រុមហ៊ុន Cellcard ក្នុងការដាក់ចេញស្មាតហ្វូនតម្លៃធូរថ្លៃ សមត្ថភាពអាចដំណើរការកម្មវិធីបានល្អ ព្រមជាមួយនឹងការថែមជូនស្រោមទូរសព្ទ ផ្លាសិ្ទកការពារអេក្រង់ ស៊ីមលេខពិសេស អ៊ីនធើណិត 48 GB ដោយឥតគិតថ្លៃសម្រាប់រយៈពេល 6 ខែ។

    អ្នកតំណាងក្រុមហ៊ុន G Gear លោក Meach Sambath បានឱ្យដឹងថា ការនាំយកស្មាតហ្វូនត្រកូល K ឆ្នាំ 2017 នេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលមានកើនឡើងជារៀងរាល់ថ្ងៃ ខណៈវាទាំង 2 ជាទូរសព្ទស្មាតហ្វូនជំនាន់ថ្មី 2017 ដែលត្រូវបានក្រុមហ៊ុន LG រចនាឡើងជាពិសសេ និងមានតម្លៃសមរម្យ។

    លោកបន្តថា LG K10 2017 គឺជាស្មាតហ្វូនដែលមានរាងស្ដើង និងមានភាពទាក់ទាញត្រូវបានបំពាក់មកជាមួយអង្គគណនា 8 ប្រភេទ Octa-Core Processor ល្បឿន 1.5GHz ហើយមាន RAM 2 GB រួមនឹងទំហំផ្ទុក 16 GB ហើយអាចដាក់បន្ថែម MicroSD ដល់ 256 GB។ LG K10 មានអេក្រង់ប្រភេទ IPS ទំហំ 5.3 អ៊ីញ ផ្ទៃអេក្រង់មានលក្ខណៈកោង 2.5D អាចបង្ហាញចេញនូវកម្រិតរូបភាពបានកម្រិត HD និងមានកាមេរ៉ាទំហំ 13 MP មានបច្ចេកវិទ្យា Autofocus ហើយមានកាមេរ៉ា Selfie ទំហំ 5 MP ដែលអាចថតរូបភាពបានរហូតដល់120 ឌឺក្រេ ជាមួយបច្ចេកវិជ្ជា Wide Angle Selfie Camera ។ ក្នុងនោះវាមានទំហំថ្ម 2,800mAh និងអាចប្រើជាមួយស៊ីម 4G ដែលមានល្បឿនលឿនគួរជាទីពេញចិត្ត។

    ដោយឡែកសម្រាប់ស្មាតហ្វូន LG K8 មានរូបរាងមិនចាញ់ K10 ប៉ុន្មានទេ ជាមួយនឹងទំហំ 5.0 អ៊ីញ ភ្ជាប់មកជាមួយអង្គគណនា 4 គ្រាប់ប្រភេទ Quad-Core Processor ល្បឿន 1.25 GHz, RAM 1.5 GB និងមានទំហំផ្ទុកទំហំ 16 GB ហើយអាចដាក់បន្ថែម MicroSD ដល់ 256 GB ដូចគ្នា។

    ចំណុចពិសេសមួយទៀតនោះគឺ LG K8 មានកាមេរ៉ាទំហំ 13 MP ប្រើបច្ចេកវិទ្យា Autofocus, កាមេរ៉ាខាងមុខទំហំ 5 MP ដែលអាចថតរូបភាពបានយ៉ាងច្បាស់ ហើយមានថាមពលថ្ម 2500mAh។ ចំពោះតម្លៃទូរ័ព្ទ LG K10 មានតម្លៃប្រមាណ 249 ដុល្លារ ខណៈទូរសព្ទ LG K8 មានតម្លៃ 189 ដុល្លារ៕

  • ម្ទេស​​កំពុង​ត្រូវប៉ាន់​ ខណៈ​មាន​តម្រូវការ​ខ្ពស់ ​ប៉ុន្តែអ្នក​ដាំ​តិច

    ម្ទេស​​កំពុង​ត្រូវប៉ាន់​ ខណៈ​មាន​តម្រូវការ​ខ្ពស់ ​ប៉ុន្តែអ្នក​ដាំ​តិច

    កសិករ​នៅ​ភូមិ​ស្វាយតានី ឃុំ​ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បាន​សម្តែង​ក្តី​រីករាយ​ទៅ​នឹង​ការ​ប្រមូល​ផល​ម្ទេស​យក​ទៅ​លក់​ឱ្យ​ម៉ូយ​បាន​តម្លៃ​ខ្ពស់​ ប៉ុន្តែ​ពួក​គាត់​ក៏​បាន​សំណូមពរ​សូម​កុំឱ្យ​មាន​ការ​នាំចូល​ច្រើន​ពី​ប្រទេស​ជិត​ខាង។

    អ្នកស្រី ណាង ស្រី កសិករ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ស្វាយតានី បាន​និយាយ​ថា គាត់​បាន​ដាំ​ម្ទេស​រយៈ​ពេល​ជាង​10ឆ្នាំ​មក​ហើយ​ នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​6,600​ម៉ែត្រការ៉េ។ បច្ចុប្បន្ន​នេះម្ទេស​​កំពុង​មាន​​តម្រូវ​ការ​ច្រើន​គួរសម​នៅ​លើ​ទីផ្សារ ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ​​​ក្នុង​1គីឡូក្រាម​អាច​លក់​បាន​ចន្លោះ​ពី ​9,000​ទៅ​18,000​រៀល​ទៅ​តាម​រដូវ និង​បរិមាណ​ម្ទេស​សម្បូរ ឬ​មិន​សម្បូរ។ អ្នក​ស្រី​បាន​​ប្រាប់​ទៀត​ថា បន្ទាប់​ពី​ប្រមូល​ផល​ហើយ ជា​ធម្មតា​អ្នក​ស្រី​តែង​តែ​ដឹក​យក​ទៅ​បោះ​ឱ្យ​ម៉ូយ​ដោយ​ផ្ទាល់​នៅ​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ។ ចំពោះ​ចំណូល​ពី​ការ​ដាំ​ម្ទេស​គឺអាច​និយាយ​ថា មាន​ភាព​សមរម្យ​។


    អ្នកស្រី​បាន​ប្រាប់​ពី​របៀប​ដាំ​ដើម​ម្ទេស​ថា មុនពេល​ដាំ​គេ​ត្រូវ​ភ្ជួរ​រាស់​ និង​ហាល​ដី​ប្រមាណ​ពី​7ទៅ​10​ថ្ងៃ​សិន​ ទើប​លើក​ជា​រង ដោយ​យក​កូន​ម្ទេស​ដែល​បណ្តុះ​រួចមាន​អាយុ​ចន្លោះ​ពី​7ទៅ​10ថ្ងៃ ឬ​ប្រវែង​ប្រហែល​1​ចង្អុល​​ដៃ​មក​ដាំ​(ស្ទូង)​នៅ​លើ​រង និង​ត្រូវ​ដាំ​ឱ្យ​មាន​គម្លាត​ពីគ្នា​1ម៉ែត្រ ដោយ​ត្រូវ​ស្រោច​ទឹក​1​ថ្ងៃ​2ដង( ព្រឹក-ល្ងាច )​ជា​ប្រចាំ។

    ពេល​ដើម​ម្ទេស​នៅ​តូច​ គឺ​ទាមទារ​ការថែទាំ​ច្រើន ​ពិសេស​ត្រូវធ្វើ​ស្មៅ​ចេញពី​រង​ដើម្បីឱ្យ​ម្ទេស​អាច​លូត​លាស់​បាន​ល្អ ហើយ​រយៈពេល​3ខែ​ទើប​ម្ទេស​ឱ្យ​ផល។ ចាប់ពី​ម្ទេស​ឱ្យ​ផល​រហូត​ដល់​ងាប់​ទៅវិញ​គឺ​មាន​រយៈ​ពេល​ពី​ 5ទៅ​6ខែ ហើយ​រយៈ​ពេល​3​ថ្ងៃ​គេ​អាច​បេះ​បាន​ម្តង ​និង​បាន​ទិន្នផល​ជាង​ 200គីឡូក្រាម​សម្រាប់​ផ្ទៃ ​6,600​ម៉ែត្រ​ការ៉េ​។

    បើ​តាម​កសិករ​ខាង​លើ នៅ​ពេល​ម្ទេស​​មិន​សូវ​សម្បូរ​គេ​អាច​លក់បាន​ក្នុង​តម្លៃ​ប្រមាណ​20,000​រៀល​ក្នុង​មួយ​គីឡូក្រាម ​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​នាំ​ចូល​ម្ទេស​ពី​ប្រទេស​វៀតណាម​ច្រើន​ តម្លៃ​អាចស្ថិត​នៅ​ចន្លោះ​ពី​9,000​ទៅ​10,000​រៀល​ប៉ុណ្ណោះ។
    ទាក់​ទង​នឹង​បញ្ហា​តម្លៃ អ្នក​ស្រី ណាង ស្រី​ បាន​សំណូមពរ​ថា សូម​ឱ្យ​មាន​ការ​ទប់​ស្កាត់​ខ្លះ​ ដោយ​កុំ​បណ្តោយ​ឱ្យ​ចូល​ស្រេច​តែ​ចិត្ត​ ព្រោះ​វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ដែល​ជា​កសិករ។

    លោក ទេព សូត្រ មេឃុំ​ព្រែក​គយ ​បាន​ប្រាប់ថា ​នៅ​ឃុំ​ព្រែក​គយ​ មាន​ភូមិ​ចំនួន​10 និង​មាន​ប្រជា​ពលរដ្ឋ​ 3,152គ្រួសារ (17,458​នាក់) ក្នុង​នោះ​ជាង ​80%​ជា​កសិករ។ ដំណាំ​ម្ទេស​​មានដាំ​ភាគ​ច្រើន​តែ​នៅ​ក្នុង​ភូមិ​ស្វាយ​តានី​ប៉ុណ្ណោះ។ លោក​មេឃុំ​បាន​បញ្ជាក់​ថា ដំណាំម្ទេស​​ពិតជា​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាកសិករ​ឱ្យមាន​ជីវភាព​ធូរធារ​បាន​ច្រើន​ប្រាកដ​មែន ដោយ​វា​មិន​ត្រឹម​តែ​ផ្តល់​ប្រាក់​ចំណូល​ទៅ​ដល់​អ្នក​ដាំ​នោះទេ វា​ថែម​ទាំង​ផ្តល់​ការងារ ​និង​ប្រាក់​កម្រៃ​ទៅ​ដល់​កម្មករ​ស៊ីឈ្នួល​បេះ​ផង​ដែរ។

    លោក​ កន ធី ជា​កម្ម​ករ​ស៊ីឈ្នួល​បេះ​ម្ទេស​បានប្រាប់ថា ម្ទេស​គឺ​គេ​បេះ​តែ​ផ្លែ​ណាទុំៗ​ប៉ុណ្ណោះ ហើយ​ក្នុង​1​ព្រឹក​លោក​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន ​20,000រៀល គឺ​បេះ​ពី​ម៉ោង​7ដល់​ម៉ោង11​ថ្ងៃត្រង់ និង​បេះ​ជា​រៀង​រាល់​ថ្ងៃ​គ្រាន់តែ​ផ្លាស់ប្តូរ​ចម្ការ​តែប៉ុណ្ណោះ។ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកណ្តាល លោក ប៊ុនទួន ស៊ីមូណា បាន​មាន​ប្រសាសន៍​ថា បញ្ហា​តម្លៃ និង​ការ​នាំ​ចូល​គឺ​ជា​រឿង​ធម្មតា​ទេសម្រាប់​ទីផ្សារ​សេរី ប៉ុន្តែ​អ្វីដែល​យើង​អាចដណ្តើម​ទីផ្សារ​ពី​ប្រទេស​ជិត​ខាង​បាន​មក​វិញ និង
    ​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​នោះ គឺ​កសិករ​របស់​យើង​គួរ​តែ​នាំ​គ្នា​ងាក​មក​ដាំ​ដំណាំ​បែប​សរីរាង្គ ព្រោះ​បាន​តម្លៃ​ខ្ពស់ និង​មាន​ទីផ្សារធំ​ផង​ដែរ​ ខណៈដែល​ការផ្គត់ផ្គង់​បច្ចុប្បន្ន​នៅ​មាន​កម្រិត​នៅឡើយ។ ទន្ទឹម​នឹង​នោះ​កសិករ​ក៏​​គួរ​ចេះ​សង្កេតមើល​ពី​តម្រូវការ​ទីផ្សារ​ និង​គួរ​បង្កើត​នូវ​ផលិត​ផល​​ប្រចាំ​ភូមិ​ស្រុក​ ប្រសើរ​ជាជាង​ដាំ​នេះ​បន្តិច​ដាំ​នោះ​បន្តិច៕

  • កម្ពុជា ឈ្នះមេដាយ ១១គ្រឿង ពីឥណ្ដូនេស៊ី និងថៃ

    កម្ពុជា ឈ្នះមេដាយ ១១គ្រឿង ពីឥណ្ដូនេស៊ី និងថៃ

    កាលពីល្ងាចម្សិលមិញនេះ ក្រុមអត្តពលិកកម្ពុជា បាននាំយកមេដាយចំនួន១១គ្រឿងខាងផ្នែកកីឡាការ៉ាតេដូ ពីព្រឹត្តិការណ៍ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេ ស៊ី និង ព្រឹត្តិការណ៍ Thai Open នៅប្រទេសថៃ មកជូនកម្ពុជា។ ខណៈដែលការត្រលប់មកវិញនោះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីទីស្នាក់ការ NOCC ពីសំណាក់កីឡាករការិនី  គ្រូបង្វឹក និង ថ្នាក់ដឹកនាំ របស់សហព័ន្ធកីឡាការ៉ាតេដូ រួមទាំងលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាអូឡាំពិកកម្ពុជា (NOCC) ទៀតផង ។

    មេដាយទាំង ១១គ្រឿងនោះគឺមេដាយមាសចំនួន ១គ្រឿង ដែលបានពីព្រឹត្តិការណ៍ Thai Open មេដាយប្រាក់ ៤គ្រឿងក្នុងនោះ២គ្រឿងបានពីព្រឹត្តិការណ៍ Thai Open និង ២ គ្រឿងបានពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅ ឥណ្ឌូនេស៊ី និង ២គ្រឿងបានពីព្រឹត្តិការណ៍Thai Open ។មេដាយសំរិទ្ធ ៦ គ្រឿងដែល៤គ្រឿងបានមកពីជើងឯក អាស៊ីអាគ្នេយ៍ និង ២គ្រឿងបានពី Thai Open ។

    លោកសាយ ណូរ៉ាអនុ ប្រធានខេមរសហព័ន្ធការាតេដែលជាប្រតិភូដឹកនាំនោះបានបញ្ជាក់ថានេះជាការប្រកួត ដ៏តឹងតែងមួយដែលកម្ពុជាដណ្ដើមបានជោគជ័យមុនព្រឹត្តិការណ៍ SEA Games ទី២៩មកដល់ ។នេះក៏ជាលើកដំបូងដែរ ដែលការាតេដណ្ដើមបានមេដាយល្អបែបនេះលោកសង្ឃឹមថាស៊ីហ្គេមកម្ពុជានឹងលេងបានល្អជាមិនខានឡើយ ។

    លោកឡាច ច័ន្ទដារ៉ាអគ្គលេខាធិការខេមរសហព័ន្ធការាតេបានឲ្យដឹងដែរថាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូនេស៊ីមានប្រទេសចំនួន១០ចូលរួម ។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ Thai Open មានប្រទេសចំនួន១៧ ចូលរួម ។ សម្រាប់កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីចំនួន១២នាក់ទៅចូលរួមប្រកួត ។

    កីឡាករដែលដណ្ដើមបានមេដាយមាសនោះគឺកុមារាឡាច រ៉ាយុទ្ធដែលបានមេដាយមាសលើវិញ្ញាសាមេគុន និង មេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធដែលមេដាយទាំង ២របស់គេបានក្នុងព្រឹត្តិការណ៍ Thai Open ។

    ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានទទួលស្វាគមន៍ដល់ការវិលត្រ ឡប់របស់ក្រុមប្រតិភូការាតេនោះបានបញ្ជាក់ដោយឡែកថាស៊ីហ្គេមលើកទី២៩ការាតេមានឈ្មោះក្នុងបញ្ជីប្រកួត ។ លោកធ្វើការកត់សំគាល់ថាប្រសិនបើកីឡាករ-កីឡាការិនីនៃប្រទេសទាំង១០ដែលបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្ត ការណ៍ជើងឯកអាស៊ីអាគ្នេយ៍ជាកីឡាដែលត្រៀមស៊ីហ្កេមនោះការាតេកម្ពុជានឹងមានសង្ឃឹមច្រើនណាស់ក្នុងការរក មេដាយពីស៊ីហ្គេមលើកនេះ ៕

  • វិធីកម្ចាត់មុនខ្មៅនៅលើច្រមុះ និងស្បែកមុខ

    វិធីកម្ចាត់មុនខ្មៅនៅលើច្រមុះ និងស្បែកមុខ

    ប្រសិនបើអ្នកមានបញ្ហាមុខខ្មៅតូចៗនៅតាមស្បែកច្រមុះ គេហទំព័រ ឡារ៉ែន សូមណែនាំវិធីកម្ចាត់មុនខ្មៅតាមបែបធម្មជាតិ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត ដែលលោកអ្នកអាចធ្វើដោយខ្លួនឯងបាននៅផ្ទះ នឹងចំណាយថវិកាតិចបំផុត។ មិនមែនជារឿងពិបាកឡើយ នេះជាវិធីងាយៗក្នុងការកម្ចាត់មុខខ្មៅតូចៗ ដែលមាននៅតាមបរិវេណស្បែកច្រមុះ និងស្បែកមុខ ។

    ធាតុផ្សំ៖
    ១.ម៉្សៅពោត
    ២.ស៊ុត យកតែផ្នែកព័ណ៌ស

    វីធីធ្វើ ៖
    លាយម៉្សៅពោត ជាមួយស៊ុត ទៅតាមបរិមាណដែលអ្នកចង់បាន ឲ្យក្លាយជាល្បាយខាប់ប៉ិៗ បន្ទាប់មកលាបលើបរិវេណសាច់ច្រមុះ នឹងពីលើស្បែកមុខដែលមានមុនខ្មៅ ហើយទុកចោលរយៈពេល ២០នាទី ទើបលាងទឹកចេញ។

    ការអនុត្តន៍បែបនេះជារៀងរាល់ ៣ ថ្ងៃម្ដងក្នុងមួយសប្ដាហ៍ នេះលោកអ្នកនឹងឃើញនូវលទ្ធិផលជាទីគាប់ចិត្តក្នុងការកម្ចាត់មុនខ្មៅតូចៗនៅលើស្បែកមុខបានដូចប្រាថ្នា ៕

  • ៩ប្រទេស ចូលរួមបិទព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើភ្នំបូកគោ

    ៩ប្រទេស ចូលរួមបិទព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើភ្នំបូកគោ

    ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់កម្រិតអាជីពអន្តរជាតិលើកទី១ នៅតំបន់ភ្នំបូកគោបានបញ្ចប់ហើយបន្ទាប់ពី ប្រកួតរយៈពេល២ថ្ងៃគឺថ្ងៃទី៦ ដល់ទី៧ ខែឧសភានេះ ដោយមានកីឡាករអាជីព និងមិនអាជីពចំនួន ១៤០នាក់ មកពីប្រទេសជិត ១០ក្នុងពិភពលោកចូលរួម។

    ទាំងកីឡាអាជីព ទាំងមិនអាជីពអាចចូលរួមបានគ្រាន់តែការប្រកួតបែងចែកទៅតាមសមត្ថភាព និងតាមប្រភេទអាយុ គឺអាជីពប្រកយតជាមួយក្រុមអាជីព និងអ្នកមិនអាជីពប្រកួតជាលក្ខណៈកម្សាន្តជាមួយក្រុមមិនអាជីព ។

    បន្ថែមលើនេះ លោកក៏បានបង្ហាញពីមោទនៈភាពផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ ដែលបានរួមចំណែកជួយដល់សង្គម ដោយទទួលបានថវិកាពីការចុះឈ្មោះ បូករួមទាំងការចូលរួមបរិច្ចាគពីក្រុមហ៊ុនស្រាបៀរកម្ពុជា និងធានាគារ RHB មួយចំនួនធំ សម្រាប់ជួយអង្គការកុមារក្រីក្រ ដែលជាគោលជួយរបស់សហព័ន្ធទៀតផង ។

    ចំពោះលទ្ធផលវិញនោះគឺសម្រាប់ការប្រណាំងកម្រិតអាជីពបុរសចម្ងាយ៨៥គីឡូម៉ែត្រលេខ១បានទៅកីឡា ករ Muhammad Fauzan Bin Ahmad ជិះក្នុងថិរវេលា២ម៉ោង១៣នាទី៣៧វិនាទីលេខ ២កីឡាករ Muhammad Elmi Bin Jumari ជិះក្នុងថិរវេលា២ម៉ោង១៤នាទីដែលពួកគេទាំង២មកពីម៉ាឡេស៊ី និងលេខ ៣កីឡាករវៀតណាម Nguyen Van Duong ជិះក្នុងថិរវេលា២ម៉ោង១៥នាទី២៥វិនាទី ។

    ប្រណាំងចម្ងាយ៥១គីឡូម៉ែត្រនារីបើកទូលាយចំណាត់ថ្នាក់លេខ ១កីឡាការិនីកម្ពុជាហេង ស៊ីវឡាងជិះក្នុង ថិរវេលា ១ម៉ោង ៣២នាទី​៤៩វិនាទី លេខ ២កីឡាការិនីកម្ពុជាដែរឈ្មោះហេង ស៊ីហ្គិចដែរជិះក្នុងថិរវេលា ១៖៤១ នាទី៤៣វិនាទីពួកគេមកពីក្លិបកង់ហោះជាមួយគ្នា ។

    ប្រណាំងចម្ងាយ៨៥គីឡូម៉ែត្របុរសបើកទូកាលលេខ ១កីឡាករRazif Salleh មកពីក្លិបEnduraceជិះក្នុង ថិរវេលា ២ម៉ោង ២៦​នាទី​ ០៦វិនាទី លេខ២ កីឡាករខេង ទីទីមកពីក្លិបតាខ្មៅជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៦ដែរនិង លេខ៣កីឡាករហួត ឡូយរស្មីមកពីក្លិបកង់ហោះជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៧វិនាទី ។

    ប្រណាំង៥១គីឡូម៉ែត្របុរសអាយុ៤០ឆ្នាំឡើងលេខ ១ កីឡាករ Jeremy Hunt មកពីក្លិបLotus Pond ជិះ ក្នុងថិរវេលា ១ម៉ោង ២៧នាទី ៣២វិនាទី។ លេខ២កីឡាករ RaviRafiមកពីក្លិបEnduraceជិះក្នុងថិរវេលា១ម៉ោង២៧ នាទី៣៤វិនាទីនិង ចំនាត់លេខ ៣បានទៅកីឡាករ Steven Wong មកពីសឹង្ហបូរីជិះក្នុងថិរវេលា ១ម៉ោង ៣១នាទី ៤៦វិនាទី ។

    ចំពោះការជិះកង់ឡើងភ្នំដែលគេប្រសិទ្ធិនាមថា King Of Mountain(KOM)វិញនោះគឺជាការជិះកម្រិតអាជីព វិញនោះចំណាត់ថ្នាក់លេខ ១បានទៅកីឡាករមកពីប្រទេសវៀតណាមក្លិបដុងណាយឈ្មោះLoic Des Riac ជិះក្នុង ថិរវេលា១ម៉ោង៤៩ នាទី៥១ វិនាទី ។ លេខ២កីឡាករ Nik Mohd Azwan មកពីក្លិបPDM ៕

  • កំពូលមហាសេដ្ឋី Warren Buffet បង្ហើបប្រាប់គន្លឹះធ្វើឱ្យលោកជោគជ័យ

    កំពូលមហាសេដ្ឋី Warren Buffet បង្ហើបប្រាប់គន្លឹះធ្វើឱ្យលោកជោគជ័យ

    តើអ្នកចង់ដឹងទេថា រាល់ថ្ងៃមហាសេដ្ឋី Warren Buffet មានទម្លាប់ដូចម្ដេចខ្លះ ក្នុងការធ្វើឱ្យខ្លួនរបស់គាត់ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ?

    ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលមហាសេដ្ឋីរូបនេះ តែងតែធ្វើជាប្រចាំដើម្បីក្លាយជាអ្នកមានទ្រព្យសម្បតិ្ត និងសុខភាពល្អផងដែរ៖

    ១) មហាសេដ្ឋី Warren Buffet ចូលចិត្តញ៉ាំដូចជាកូនក្មេងអាយុ ៦ឆ្នាំ
    អាថ៌កំបាំងរបស់ មហាសេដ្ធី Warren Buffet ដែលធ្វើឱ្យគាត់នៅតែក្មេងគឺ គាត់តែងតែញ៉ាំ Coca-Cola ហើយ និងការ៉េម។ នៅពេលដែលគេសួរគាត់ថា តើគាត់អាចធ្វើឱ្យខ្លួនរបស់គាត់នៅមានសុខភាពល្អបានដោយរបៀបណាជាមួយនឹងការញ៉ាំអាហាដែលមានជាតិអំបិល និងស្ករ? គាត់ក៏បានឆ្លើយថា ខ្ញុំបានឆែកមើលតារាងគណនាតម្លៃ ហើយនឹងអាត្រានៃការស្លាប់ដ៏ទាប់បំផុតគឺកូនក្មេងអាយុ៦ឆ្នាំ។ ហេតុដូច្នេះហើយខ្ញុំក៏សម្រេចចិត្តញ៉ាំដូចជាកូនក្មេងអាយុ ៦ឆ្នាំដើម្បីជួយធ្វើឱ្យខ្ញុំមានសុខភាពល្អ។

    ២) មហាសេដ្ឋី Warren Buffet បានចំណាយពេលវេលារបស់គាត់ 80ភាគរយ ក្នុងការអានជារៀងរាល់ថ្ងៃ
    ចាប់តាំងពីពេលដែលគាត់ភ្ញាក់ពីដេក ដោយមហាសេដ្ឋីរូបនេះ បានចំណាយពេលក្នុងការអានកាសែតមុនគេបំផុត បន្ទាប់មកទើបអានសៀវភៅផ្សេងៗតាមក្រោយ។ តាមពិតទៅ គាត់ប៉ាន់ស្មានថា គាត់បានចំណាយពេលវេលារបស់គាត់ប្រហែលជា 80ភាគរយក្នុងមួយថ្ងៃក្នុងការអាន។ នៅពេលដែលគេសួរគាត់ថា អ្វីទៅជាគន្លឹះក្នុងការទទួលបានភាពជោគជ័យរបស់គាត់? Warren Buffet បានចង្អុលទៅកាន់គំនរសៀវភៅហើយនិយាយថា ចូរអានឱ្យបាន 500ទំព័រជារៀងរាល់ថ្ងៃ។ អ្នកអានបានកាន់តែច្រើន ចំណេះដឹងរបស់អ្នកនឹងកាន់តែកើន នៅពេលដែលចំណេះដឹងអ្នកកាន់តែកើន អ្នកនឹងកាន់តែឆ្លាត នៅពេលដែលអ្នកកាន់តែឆ្លាត អ្នកនឹងរកលុយបានកាន់តែច្រើនផងដែរ។ នេះគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់ខ្ញុំ។

    គួរបញ្ជាក់ផងដែរថា លោក Warren Buffet ជាមហាសេដ្ឋីលំដាប់ទី2 វ័យ 86ឆ្នាំ ដែលមានលុយច្រើនជាងគេបំផុត បន្ទាប់ពីលោក Bill Gates ដោយគិតត្រឹមថ្ងៃនេះ លោក Warren Buffet មានលុយប្រមាណ 77ពាន់លានដុល្លារអាមេរិក៕

  • សាន សុម៉ាលី តួស្រីល្បីក្នុងរឿងកាកីត្អូញថា ទីផ្សារសិល្បៈស្ងាត់ដូចចោរលួចសេះ

    សាន សុម៉ាលី តួស្រីល្បីក្នុងរឿងកាកីត្អូញថា ទីផ្សារសិល្បៈស្ងាត់ដូចចោរលួចសេះ

    ភ្នំពេញៈ  ទើប​តែ​វិល​មក​ពី​សម្តែង និង​កើប​លុយ​ដុំ​នៅ​អូស្រ្តាលី​ចំនួន ​៥ ​សប្តាហ៍​ សោះ​ក៏​ស្រាប់​តួ​សម្តែង​​ស្រី​ចូល​ចិត្ត​ព្រលែង​ដើម​ទ្រូង​សិចស៊ី ​កញ្ញា សាន សុម៉ាលី និងជាតួស្រី​ល្បី​ក្នុង​ភាព​យន្ត​រឿង​​កាកី​ ​​បានរអ៊ូរ​រទាំ​​ថា ខ្លួន​ចាស់​ហើយ​មិន​សូវ​មាន​ទី​ផ្សារ​ក្នុង​សង្គម​សិល្បៈ​ទៅ​វិញ។

    តារា​សម្តែង​ស្រី​ចូលចិត្ត​តុប​តែង​ខ្លួន​បែប​សិចស៊ី កប់​ស៊េរី បញ្ចេញ​សាច់​ក្បាល​ពោះ និង​ដើម​ទ្រូង​យ៉ាង​​គ្រហើៗ សាន សុម៉ាលី ស្រាប់តែ​ថ្មីៗ​នេះ​នាង​បាន​​រអ៊ូរ​ថា៖ «ហេតុ​ខ្លួន​ខ្ញុំ​ចាស់ និង​សម្រស់​ក៏​លែង​សូវ​ស្អាត ទើប​មិន​សូវ​មាន​ផលិត​កម្ម​ណា​គេ​ ហៅ​ទៅ​ថត​កុន​ទៀត​ដូចជា​តួ​ស្រី​ក្មេងៗ និង​ស្អាតៗ​ជំនាន់​ក្រោយ​។ ដោយ​សារតែ​ខ្លួន​កាន់តែ​មាន​វ័យ​ជ្រេ សម្រស់​ក៏​លែង​​​សូវ​ស្អាត​ផូរផង់​ដូច​កាល​មុន និង​តម្លៃ​ខ្លួន​​ថតកុន​ក៏​មិនសូវ​​ខ្ពស់​ដូច​តារាស្រី​វ័យ​ក្មេង​សាច់​សខ្ចី​មិនអាច​ប្រជែង​​បាន» ​។

    ​ កញ្ញា សាន សុម៉ាលី ក៏​​ត្អួញត្អែរ​ពីមូលហេតុ​ខ្លះ​នាំឲ្យ​មានភាព​ស្ងាត់​ទី​ផ្សារ​​​ថា៖ «​​វិស័យ​ភាពយន្ត​កាន់តែ​រីក​ដុះ​ដាល​គ្រាន់​ជាង​មុន​បន្តិច ហើយ​តារា​សម្តែង​ស្រករ​ក្រោយ​ក៏​សម្បូរ និងមាន​សម្រស់​ស្រស់​ស្អាតៗ​​ច្រើន​ទៀត ដូច្នេះ​ខ្ញុំ​ពិបាក​ប្រកួត​ប្រជែង​នឹង​​ពួកគាត់​ណាស់​។ បច្ចុប្បន្ន​នេះ ខាង​ផលិត​កម្ម និង​អ្នក​រៀបចំ​កម្មវិធី​ទៀត​សោត គេ​ក៏​រើសយក​សិល្បករ សិល្បការិនី ដែល​អាច​ចេះ​ទាំង​ច្រៀង និង​ចេះ​ទាំង​ការ​​សម្តែង​ផងដែរ»។

    គួរ​រំឮក​ថា​ តារា​ចម្រៀង និង​សម្តែង​ស្រី​ប្រុស ៦ដួង រួម​មាន​កញ្ញា សាន សុម៉ាលី កញ្ញា នៅ សូនីតា កញ្ញា មាស វ៉ារី លោក ម៉ា​ដូ​ណា លោក អាឡិច ចាន់​ត្រា និង​ពិធី​ការិនី​ផ្នែក​សម្រប​សម្រួល​កម្មវិធី​កញ្ញា ដារ៉ា នីតា បាន​​ហោះ​ហើរ​​​​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរធម៌​មួយ​គឺការ​សម្តែង​សិល្បៈ​នៅ​ជា​ច្រើន​​រដ្ឋ​ក្នុង​ប្រទេស​​អូស្ត្រាលី​កាល​ពី​ខែ​កុម្ភៈ​៕​

  • អាហារ 5យ៉ាង​ ដែល​មិនអាច​ខ្វះ​បាន​ សម្រាប់​ស្ត្រី 30ឆ្នាំ​ឡើង

    អាហារ 5យ៉ាង​ ដែល​មិនអាច​ខ្វះ​បាន​ សម្រាប់​ស្ត្រី 30ឆ្នាំ​ឡើង

    អាហារ​ចាំបាច់​ចំពោះ​រាងកាយ​ជានិច្ច អ្នកណាៗក៏​ដឹង​ដែរ ទើប​ថ្ងៃនេះ​យើង​មាន​អាហារ​សុខភាព 5យ៉ាង​មក​ផ្ញើនារីៗ ជា​អាហារ​ដ៏​ល្អដែល​មិនអាច​ខ្វះ​បាន ដើម្បី​មើលថែទាំ​សុខភាព និង​ការពារ​រោគ​ដែល​តែង​កើត​ច្រើន​នៅក្នុង​ក្រុមនារីៗយើង​ពេល​អាយុ​កាន់តែ​ច្រើនឡើង ដូច្នេះ​យើង​នាំគ្នា​ទៅ​មើលថា តើ​មាន​អ្វីខ្លះ?

    1/ យ៉ា​អួ​ជាតិ​ខ្លាញ់​តិច រសជាតិ​ធម្មជាតិ ជួយ​កាត់បន្ថយ​ការកើត​មហារីក​សុដន់ និង​ការឆ្លង​មេរោគ​ក្នុង​រន្ធ​ស្បូន ក្រៅពីនេះ​នៅមាន​កាល់ស្យូម​ខ្ពស់ ការពារ​បញ្ហា​ពុក​ឆ្អឹង​បាន​ទៀតផង។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

    2/ ត្រី​ដែលមាន​ខ្លាញ់ ដូចជា ត្រី​សាល​ម៉ុ​ន ត្រី​មែក​ឃើ​រេល និង​ត្រី​សា​ឌី​ន មាន​ជាតិ​អាស៊ីត​អូ​មេ​ហ្កា 3 ជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រូ​ម៉ា​តយ​ដ៍ ជំងឺ​អេស​អឹ​លអី​ុ ដែល​កើត​ច្រើន​នៅលើ​ស្ត្រី​ច្រើនជាង​បុរស។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

    3/ សណ្តែក ទាំង​សណ្តែក​ដែល​ទទួលទាន​បាន​ទាំង​កួ ដូចជា ព​ពាយ សណ្តែកកួ សណ្តែក​ហោ​ឡាន់​តៅ សណ្តែកអង្គុយ សណ្តែកក្រហម និង​សណ្តែកខ្មៅ ដែលមាន​ហ្វៃ​ប៊ើ​រ​ខ្ពស់ មាន​សារធាតុ​ដែលមាន​ឬ​ទ្ធិ​ទប់ស្កាត់​អង់​ហ្ស៊ី​ម​ប្រូ​ទិ​អេស ដែល​ជួយ​ការពារ និង​កាត់បន្ថយ​ការ​បំបែក​ខ្លួន​របស់​កោសិកា​មហារីក ជួយ​ការពារ​មហារីក​សុដន់ ហើយ​ដែល​សំខាន់​គឺ ហុច​ផល​ល្អ​ដល់​អ័រម៉ូន​ភេទ​ស្រី។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

    4/ ផ្លែ​ប៉េងប៉ោះ និង​ឪឡឹក មាន​សារធាតុ​ឡៃ​ខូ​ពី​ន ជួយ​ការពារ​មហារីក​សុដន់ មាន​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ដេ​ន​ត៍ ធ្វើឱ្យ​មើលទៅ​ឃើញ​នៅ​ក្មេង​វ័យ ព្រោះ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ត្រូវ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ​បំផ្លាញ។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

    5/ ប៊ីរី ដូចជា ប្លូ​៊​ប៊ីរី ស្ត្រ​ប៊ីរី រ៉ា​ស​ប៊ីរី មាន​អ៊ែន​ថូ​សៃ​អ៊ែន​ស៍ (Anthocyans) ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ជួសជុល​កោសិកា​ក្នុង​រាងកាយ​របស់​យើង ក្រៅពីនេះ​នៅមាន​ការងារ​ស្រាវជ្រាវ​មួយ​ដែល​អះអាងថា វា​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក​បាន​ច្រើន​ប្រភេទ ដូចជា មហារីក​សុដន់ មហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-4ដង។

    ចង់​ក្លាយជា​នារី​រូប​ស្អាត​សុខភាព​ល្អ ចូរ​កុំ​ខកខាន​អាហារ​ទាំង 5ប្រភេទ​ដូច​បាន​រៀបរាប់​ពី​ខាងលើនេះ ព្រមទាំង​ត្រូវ​នាំគ្នា​មើលថែទាំ​ខ្លួន​តាំងពី​ថ្ងៃនេះ​តទៅ៕

  • លោក Conte ជឿជាក់ខ្ពស់ក្នុងការឈ្នះពាន Premier League មុនពេលប៉ះ Middlesbrough រាត្រីនេះ

    លោក Conte ជឿជាក់ខ្ពស់ក្នុងការឈ្នះពាន Premier League មុនពេលប៉ះ Middlesbrough រាត្រីនេះ

    លោក Antonio Conte បាន​បញ្ជាក់​ថា លោក​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ ខណៈដែល​ក្រុម Chelsea កំពុង​តែ​ខិត​​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Premier League​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ នឹង​នាំ​យក​យក​ពាន​កំពូល​របស់​អង់​គ្លេស​ទៅកាន់​​កីឡដ្ឋាន Stamford Bridge ប្រសិន​បើ​​ក្រុមរ​បស់​​លោក​ផ្តួលក្រុម Middlesbrough នៅ​រាត្រី​នេះ និង​យក​ឈ្នះ​លើ​ក្រុម West Brom នៅ​ថ្ងៃ​សុក្រ ខាង​មុខ​។ បន្ទាប់​មក លោក​នឹង​​ត្រូវ​សម្រាក​នៅ​រដូវ​​ក្តៅ ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ជួស​ជុល​ក្រុម Chelsea ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ភាពខ្លាំង​ក្លា​។

    លោក Conte បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ យើង​កំពុង​តែ​ស្ថិតក្នុង​ដំណាក់​កាល​នៃ​ការ​ផ្លាស់​ប្តូរ​។ យើង​​បាត់​បង់​កីឡាករ​ជាច្រើន​ដែល​​បាន​បង្កើត​ប្រវត្តិ​សាស្ត្ររ​បស់​ក្លិប​នេះ​​»​។ ខ្សែ​ប្រយុទ្ធ Diego Costa នឹង​ត្រូវ​ចាក​ចេញ​ដើម្បី​ចូល​​រួម​ជា​​មួយ​នឹងក្លិប​នៅ​ចិន​នា​រដូវ​ក្តៅ​នេះ ហើយ​លោក Conte បាន​បញ្ជាក់​ថា៖ «​នៅ​រដូវកាល​នេះ យើង​បាន​បាត់​បង់​ខ្សែ​ការ​ពារ Ivanovic យើង​បាន​បាត់​បង់ Mikel ហើយ​នៅ​រដូវ​​​កាល​ក្រោយ យើង​នឹង​បាត់​បង់ John Terry ពោល​គឺ​កីឡាករ​បីនាក់​។ កុំ​​ភ្លេច​ថា Oscar បាន​ចាក​ចេញ​កាល​ពី​ខែ​មក​រា ដែល​នៅ​​​ពេលនោះ​យើង​​បាន​លក់រូប​គេ​ចេញ​»​។

    គ្រូ​បង្វឹក​រូប​​បាន​បន្ថែម​ទៀត​ថា៖ «បច្ចុប្បន្ន វា​ពិត​ជា​លំ​បាក​ណាស់​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ទាក់​ទង​នឹង​ Costa ហើយ​ខ្ញុំ​មិន​ចង់​គិត​ពីបញ្ហា​នេះ​ឡើយ​។ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រកួត​បច្ចុប្ប និង​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រាល់​ក្នុង​ការ​ប្រឈម​មុខ​នឹង​រាល់​ស្ថាន​ភាព​ទាំង​អស់ និង​ស្វែង​រក​ដំណោះស្រាយ​ដ៏​ត្រឹម​ត្រូវ​»​។ Chelsea អាច​នឹង​ទិញ​ចូល​កីឡាករ​ថ្មី​៦​នាក់​​ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​។ ក្រុម Chelsea នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ ដោយ​ការ​ជឿ​ជាក់ ក្រោយពី​​ចាញ់​តែ​មួយ​លើក​គត់​ពី​ការ​ប្រកួត​ក្នុងផ្ទះខ្លួន​ឯង​៥​លើក​ចុ​ង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ ឈ្នះ​ដល់​ទៅ​៤​លើក​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Mirror

  • កុលាបក្រហម ធ្លាក់ទៅក្របខ័ណ្ឌទី៣ ខណៈ Newcastle លើកពាន Championship

    កុលាបក្រហម ធ្លាក់ទៅក្របខ័ណ្ឌទី៣ ខណៈ Newcastle លើកពាន Championship

    កុលាប​ក្រហម Blackburn Rovers បាន​ក្លាយ​ជាក្រុម​ម្ចាស់​ជើង​​​ឯក​ក្រប​ខ័ណ្ឌ Premier League ដំបូង​គេ​ក្នុង​ការ​ធ្លាក់​ទៅ​​លេង​ក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​៣​​នៃ​កីឡា​បាល់​ទាត់​របស់​អង់គ្លេស កាល​ពី​​អាទិត្យ ស្រប​ពេល​ដែលក្រុម Newcastle បាន​ឈ្នះ​ពាន Championship នៅ​ថ្ងៃ​​ប្រកួត​ចុង​ក្រោយ​ដ៏​រំភើប​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​ផ្សេងទៀត​សម្រាប់​អតីត​​ម្ចាស់​ជើង​​​ឯក​អឺ​រ៉ុប​២​សម័យ​កាល Nottingham Forest ដែល​បាន​យក​​ឈ្នះ​លើ​ក្រុម Ipswich ៣-០ និង Birmingham City ដែល​​បាន​ផ្តួលក្រុម Bristol City ១-០ បាន​ធ្វើ​ឲ្យ​ក្រុម Blackburn ត្រូវ​ធ្លាក់​ចេញ​តែ​ម្តង​។ Blackburn បាន​ក្លាយ​ជា​​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ឆ្នាំ​៩៩៥ ប៉ុន្តែ ជោគ​វាស​របស់​ពួក​គេ​បាន​​លិច​លុង​កាន់​តែ​ជ្រៅ​ក្រោម​ការ​​កាន់​កាប់​របស់​ក្រុម​ហ៊ុន​របស់​ឥណ្ឌា Venky’s​។

    លោក Rafael Benitez និង​ក្រុម Newcastle របស់​លោក បាន​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​ដើម្បី​ផ្តួល​ក្រុម Burnley ក្នុង​លទ្ធ​ផល ៣-០ ប៉ុន្តែ ការ​​ធ្វេស​ប្រហែស​របស់​អ្នក​ចាំ​ទី David Stockdale នៃ​ក្រុមរ​បស់ Brighton បាន​ជួយ​ឲ្យ​ក្រុម​សា​រិកា​ព្រៃ​មួយ​នេះ វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Premier League ក្នុង​នាម​ជា​​ម្ចាស់​ជើង​ឯក​។ ក្រុម Brighton បាន​បញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្រោយ​ពី​ទទួល​បាន​ត្រឹម​លទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹក​ដីក្រុម Aston Villa កាល​ពី​ថ្ងៃ​អាទិត្យ​។ លោក Benitez ដែល​ឈ្មោះ​​របស់​លោក​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ស្រែក​ច្រៀង​បន្ទរ​តាម​គ្នា​នោះ បាន​ឲ្យ​ដឹង​ថា៖ «អ្វី​ដែល​ត្រូវ​តែ​មាន​មោទ​ន​ភាព​នោះ​​គឺ​ថា ការ​ខិត​ខំព្យា​យាម​ដែល​បាន​ធ្វើ​អំឡុង​ពេល​រដូវ​កាល​នេះ បាន​ទទួល​លទ្ធ​ផល​នៅ​ថ្ងៃ​នេះ​»​​​៕

    ប្រភព​​ពី៖ Reuters