Author: វល័ក្ខ

  • ព្រឹកនេះ Facebook គាំងមិនដំណើរការប្រហែលជា ៣០នាទី

    ព្រឹកនេះ Facebook គាំងមិនដំណើរការប្រហែលជា ៣០នាទី

    ប្រហែលជា កន្លះម៉ោងមុននេះ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ហាក់ដូចជាកើតមាន​បញ្ហា ដែលតាមរយៈសារគេអាចសន្និដ្ឋានបានថា Facebook កំពុងតែកែប្រែ ឬបន្ថែមមុខងារថ្មី ប៉ុន្តែ​បើតាមបទពិសោធន៍កន្លងមកគឺ Facebook គាំង អាចមកពីបញ្ហា Servers។

    នៅលើបណ្ដាញសង្គម Twitter បានសារជាច្រើនបានបង្ហោះថា Facebook បានគាំងនៅតាមបណ្ដា​ប្រទេសមួយចំនួន ដោយក្នុងនោះនៅតំបន់អាស៊ី​អា​គ្នេ​យ៍ បានជួបបញ្ហានេះច្រើនជាងគេ ខណៈដែលសហរដ្ឋអាមេរិក ក៏ជួបបញ្ហានេះច្រើនកន្លែងផងដែរ។

    គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៥ Facebook បានកើតមានបញ្ហាដូចគ្នានេះចំនួន ២ដង ដោយ​បានគាំងប្រហែលជា ៣០នាទី ទៅ១ម៉ោង៕

  • IMF មាន​សុ​ទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចរបស់កម្ពុជា

    IMF មាន​សុ​ទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចរបស់កម្ពុជា

    ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច ក៏​ដូចជា​ការ​រីក​ចម្រើន​របស់​វិស័យ​ធនាគារ​នៅ​ក្នុងប្រទេសកម្ពុជា​ នា​រយៈ​ពេល​​ជាង ​2ទសវត្សរ៍​ចុង​ក្រោយ​នេះ។

    លោក Jarkko Turunen ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់ IMF សម្រាប់​កម្ពុជា ​បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​អភិវឌ្ឍ​វិស័យ​ធនាគារ ប្រកប​ដោយ​ភាព
    ​រឹងមាំ និង​អាច​គ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ​បាន​យ៉ាង​ល្អ។

    ក្នុង​នាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ក៏​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណើរ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង​មន្ត្រី​ជំនាញ ព្រម​ទាំង​ជួយ​តាម​ដាន​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​រួម​ចំណែក​បន្ត​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព។

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ស្ថិរភាព​នយោបាយ​ និង​សុខ​សន្តិភាព គឺ​ពិត​ជា​មាន​សារ​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ​ចំពោះ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ជាតិ។ ឯកឧត្តម​មាន​ប្រសាសន៍​ថា៖“កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និងមាន​ភាព​​រឹង​មាំ​នា​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ នៅ​ឆ្នាំ 2017 នេះ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា 7% ជាមួយ​នឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ជាង5% និង​ស្ថិរ​ភាព​តម្លៃ​ប្រាក់​រៀល”។

    គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​អត្រា​កំណើន​ឥណទាន​បាន​ថយ​ចុះ​សន្សឹមៗ ទៅ​ក្នុង​អត្រា​សមស្រប (17.6%នៅ​ខែកុម្ភៈ ឆ្នាំ2017) រួម​ចំណែក​ធ្វើ​ឱ្យ​ឥណទាន​បន្ត​មាន​គុណ​ភាពល្អ​ប្រសើរ៕

  • ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​លំដាប់​ទី2នៅលើ​ពិភពលោក​មកដល់​ទី​ផ្សា​កម្ពុជា​ជា​ផ្លូវការ

    ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​លំដាប់​ទី2នៅលើ​ពិភពលោក​មកដល់​ទី​ផ្សា​កម្ពុជា​ជា​ផ្លូវការ

    ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​ធំ​លំដាប់​ទី2 ​នៅលើ​ពិភព​លោក AIA ​បាន​ឈាន​ជើង​ចូលទីផ្សារ​កម្ពុជា​ហើយ បន្ទាប់ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​វិនិយោគ​នៅ​18​ទីផ្សារ​​​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​​ផ្តោត​សំខាន់​ទៅ​​លើ​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៃ​ផលិត​ផល​ផ្នែក​ជំងឺ​មហារីក ដោយ​មាន​កិច្ចសហការ​ជាមួយ​​​ធនាគារកម្ពុជា​សាធារណៈ និងក្រុមហ៊ុន Smart Axiata។

    លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា (AIA Cambodia) បាន​ប្រាប់​​​ថា កាលពី​អំឡុង​2​ឆ្នាំ​កន្លង​ទៅ ​លោក​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ស្វែង​យល់​ពី​វិស័យ​ធានា​រ៉ាប់​រង​ក្នុង​ទីផ្សារនេះ​ ហើយ​លោក​បាន​សង្កេត​ឃើញ​ថា​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន និង​មានសេដ្ឋ​កិច្ច​លូត​លាស់យ៉ាងឆាប់​រហ័សនា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កត្តា​ទាំង​អស់​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន AIA សម្រេច​ចិត្ត​ចូល​មក​បើក​ទីស្នាក់​ការនៅក្នុង​​ទីផ្សារ​នេះ ដោយ​មាន​ផលិតផល​ប្លែក​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដទៃ​​​ទៀត​ដែល​កំពុង​មាន​វត្តមាន​ស្រាប់​នៅលើ​ទីផ្សារ​កម្ពុជា ក្នុងនោះ​គឺ​ផលិតផល​ធានា​រ៉ាប់រង​លើ​ជំងឺ​មហារីក។

    លោក Richard បាន​បញ្ជាក់​ថា៖“ផលិតផល​នេះ​ក្រុមហ៊ុន​យើង​ផ្តល់​កញ្ចប់​ជា​3​ដំណាក់​កាល ដោយ​ដំណាក់​កាល​ដំបូង​យើង​ផ្តល់​កញ្ចប់​ដល់​អតិថិជន​ជា​ប្រាក់​សម្រាប់​ថ្លៃ​ព្យាបាល​ទៅតាម​ទំ​ហំ​កញ្ចប់​ដែល​គាត់​បាន​ទិញ ដូច​ជា​កញ្ចប់​ថ្លៃ​ព្យាបាល​ក្នុង​ស្រុក កញ្ចប់​ថ្លៃ​ព្យាបាល​នៅក្រៅ​ស្រុក ឬ​បើសិន​ជា​អកុសល​អ្នក​ជំងឺ​មិន​ជា​ហើយ​​បាត់​បង់​ជីវិត​យើង​មាន​កញ្ចប់​ធំ​មួយ​ទៀត​ដែល​នឹង​ផ្តល់​ជូន​អ្នក​នៅ​រស់​​​ជា​គ្រួសារ​សាច់​ញាតិ​របស់​គាត់”។

    លោកបានបន្ត​ថា ​ក្រុមហ៊ុន​នឹង​ផ្តល់​សេវា​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់​សម្រាប់​អតិថិជន ដោយ​ប្រកាន់​ភ្ជាប់​នូវ​​គុណ​តម្លៃ ការ​តស៊ូ និង​ប្រាថ្នា​ចង់​លើក​កម្ពស់​គុណ​ភាព​ជីវិត​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែលជា​ធនធាន​ជំនាន់​ក្រោយ​​នៃ​កម្ពុជា។

    លោក Ng Keng Hooi អគ្គ​នាយក​ប្រតិបត្តិ​ និង​ជា​ប្រធាន​ចាត់​តាំង​នៃ​ក្រុមហ៊ុន AIA Group Limited បាន​លើក​ឡើង​ថា នៅ​សល់​អំឡុង​ពេល​តែ​2​ឆ្នាំ​ទៀត​ប៉ុណ្ណោះ AIA នឹង​ប្រារព្ធ​ខួប​គម្រប់​100​ឆ្នាំ​របស់​ខ្លួន​ គឺ​នៅ​ឆ្នាំ​2019 ខាង​មុខ។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​បោះផ្សាយ​លក់​មូលបត្រ​កម្ម​សិទ្ធិ​ជា​សាធារណៈ​​​លើក​ដំបូង (IPO) ក៏បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ដ៏​មាន​សក្តានុពល​មួយ​នេះ​បំបែក​ឯតទគ្គកម្ម​នៅ​ឆ្នាំ2010 រួច​មក​​​ក្រុមហ៊ុន​ក៏បាន​វិវឌ្ឍន៍​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាង​គេ​ទី2 នៅ​លើ​ពិភព​លោក។

    លោក​បាន​បន្ត​ថា ក្រុម​ហ៊ុន​ AIA មាន​ស្នាក់ការ​កណ្តាល​នៅក្នុង​ទីក្រុង​ហុងកុង ហើយ​បាន​ពង្រីក​ខ្លួន​យ៉ាង​លឿន​នៅ​លើ​ទីផ្សារ​សំខាន់ៗ​ចំនួន​18​​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ដោយ​សារ​បម្រែ​បម្រួល​សេដ្ឋកិច្ច សង្គម និង​ប្រជាសាស្ត្រ​នៅ​ទូទាំង​តំបន់ វា​ពិតជា​បានផ្តល់​ឱកាស​សម្រាប់​ឧស្សាហកម្ម​ធានារ៉ាប់រង។ កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី នៅ​តែ​មាន​ភាពខ្លាំង​ក្លា និង​មាន​ស្ថិរភាព ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា AIA មាន​ធនធាន​មនុស្ស​ដែល​ស័ក្តិសម និង​មាន​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បីឱ្យ​ប្រាកដ​បាន​ថា ខ្លួន​មាន​តួនាទី​សំខាន់​នៅ​ក្នុង​កំណើន និង​ការអភិវឌ្ឍ​យ៉ាង​សកម្ម​នៅ​អាស៊ី​រួមមាន​ការ​កសាង និង​បណ្តុះ​អាជីវកម្ម​នៅ​កម្ពុជា។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​អញ្ជើញ​ចូល​រួម​ជា​គណៈ​ អធិបតី​​​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ (AIA Cambodia) បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រីក​លូត​លាស់​លឿន​ក៏ដោយក៏ប៉ុន្តែ​វិស័យ​ធានា​រ៉ាប់រង​ហាក់​នៅ​មាន​លក្ខណៈ​ក្មេងខ្ចី​នៅ​ឡើយ​។ ពិត​មែន​ហើយ​ដែល​ការ​ធានា​រ៉ាប់រង​ទូទៅ​បាន​ចាប់ផ្តើម​តាំងពី​ទសវត្សរ៍​ឆ្នាំ​50 មកម៉្លេះក្នុងសម័យ​សង្គមរាស្ត្រ​និយម ប៉ុន្តែ​វា​ត្រូវ​បាន​អាក់​ខាន​ជា​អន្លើៗ​ដោយ​មូលហេតុ​សង្គ្រាម ហើយ​កម្ពុជា​បាន​ចាប់​ផ្តើម​ជាថ្មី​ក្នុង​ឆ្នាំ1993 ជាមួយ​ក្រុមហ៊ុន​កា​មិនកូ​។ ដោយ​ឡែក​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ទើបតែ​ចាប់ផ្តើម​នៅលើ​ទីផ្សារ​កម្ពុជា​នៅក្នុង​ឆ្នាំ2012។ គិត​ត្រឹម​ឆ្នាំ2016 កន្លង​ទៅ​នេះ​អត្រា​ជ្រាប​ចូល​ទីផ្សារ​នៃ​វិស័យ​ធានារ៉ាប់រង​ទាំង​អស់ មាន​កម្រិត​ត្រឹម​តែ 0.62% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​នេះ​ជា​អត្រា​ដ៏​ទាប​មួយ​ធៀប​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់។ អ្វី​ដែល​​គួរឱ្យ​កត់សម្គាល់​ និង​គួរ​ជាទី​មោទនភាព​​បំផុត​នោះ​គឺ​ការធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ដែល​ទើប​តែ​មាន​​អាយុកាល​នៅ​ក្មេងខ្ចី​នៅឡើយ​នោះ​​បាន​រីកលូតលាស់​ជាមួយនឹង​សន្ទុះ​យ៉ាងខ្លាំង​ជា​រៀងរាល់ឆ្នាំ។

    គួរ​បញ្ជាក់ថា វិស័យ​ធានារ៉ាប់រង​អាយុជីវិត​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ដោយមាន​កំណើន​រហូតដល់ 95% កាលពី​ឆ្នាំ2016 ធៀប​នឹង​ឆ្នាំ​កន្លង​​ទៅ។ ការកើនឡើង​យ៉ាង​លឿន​នេះ​ត្រូវគេ​មើលឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​​មានការ​យល់ដឹង​យ៉ាងច្រើន​ពី​សារ​សំខាន់​ក៏ដូចជា​អត្ថប្រយោជន៍​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត៕

  • Middlesbrough ត្រូវកាត់ចេញពីក្រប​ខ័ណ្ឌ Premier League ខណៈ Chelsea ឆ្ពោះទៅកាន់ការលើកពាន

    Middlesbrough ត្រូវកាត់ចេញពីក្រប​ខ័ណ្ឌ Premier League ខណៈ Chelsea ឆ្ពោះទៅកាន់ការលើកពាន

    ក្រុម Middlesbrough ត្រូវ​បាន​កាត់​ចេញ​ពី​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ ក្រោយ​ពី​ពួក​គេ​បាន​ជួប​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-០ ក្រោម​ស្នា​ដៃក្រុម​កំពុង​នាំ​មុខ​លើ​តារាង​លីក Chelsea កាល​ពី​ថ្ងៃ​ចន្ទ​។

    លទ្ធ​ផល​នេះ​មាន​ន័យ​ថា Middlesbrough ដេញ​តាម​ពី​​ក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សវុត្ថិ​ភាព​ដល់​ទៅ​ ៧​ពិន្ទុ ខណៈ​ដែល​​នៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​ ២​លើក​ទៀត​ប៉ុណ្ណោះ ហើយ​និឹងវិល​ទៅកាន់​ក្រប​ខ័ណ្ឌ Championship វិញ ក្រោយពី​បាន​ចំណាយ​ពេល​ត្រឹម​តែ​១​ឆ្នាំ​ក្នុង​ក្រប​​ខ័ណ្ឌ​កំពូល​។ ពួក​គេ​នឹង​ត្រូវ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ឆ្មា​ខ្មៅ Sunderland នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ក្រុម​មាន​មូល​ដ្ឋាន​នៅ​​ភាគ​ឦសាន​មួយ​នេះ ត្រូវ​បាន​កាត់​ចេញ​កាល​ពី​ខែ​មុន​។ ប៉ុន្តែ ការ​ទទួល​ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​​ក្រុម​តោ​ខៀវ Chelsea ត្រូវ​ការ​ជ័​យ​ជម្នះ​ត្រឹម​តែ​ ១​លើក​​ទៀត​​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ដែល​នៅ​​សល់​ ៣​ប្រកួត​​ទៀត​ដើម្បី​លើក​ពាន​​ក្រប​ខ័ណ្ឌ Premier League ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​។

    Chelsea នឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​​កាន់​​ទឹក​ដីក្រុម West Brom ក្នុង​​ការ​ប្រកួត​បន្ទាប់​របស់​គេ​នៅ​ថ្ងៃ​សុក្រ ខាង​មុខ​នេះ​។ លោក Antonio Conte គ្រូ​បង្វឹក​របស់​ក្រុម Chelsea បាន​ឲ្យ​ដឹង​ថា៖ «យើង​​​ប្រាកដ​ជា​រីក​រាយ​។ វា​ជា​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ​ ហើយ​កីឡាករ​របស់​ខ្ញុំ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​​ការ​​ខិត​ខំ​ដើម្បី​ប្រជែង​យក​បី​ពិន្ទុ​​»​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​ដំណាក់​​កាល​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ឈ្នះ និង​ដណ្តើម​យក​ប្រៀប​លើ​ការ​បរា​ជ័យ​របស់ Tottenham​។ បច្ចុប្បន្ន វា​សល់​តែ​មួយ​ជំ​ហាន​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឈ្នះ​ពាន​។ យើង​ត្រូវ​តែ​​សម្រាក​ឲ្យ​បាន​ល្អ និង​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រាល់​ដើម្បី​ជួប​ជាមួយ​​នឹង​ក្រុម West Brom​»​។ ដោយ​ឡែក លោក Steve Agnew គ្រូ​បង្វឹក​របស់​ក្រុម Middlesbrough បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​សោក​ស្តាយ និង​ខក​​ចិត្ត​ណាស់​ជា​មួយ​នឹង​លទ្ធផល​នេះ ហើយ​​បច្ចុប្បន្ន​យើង​​បាន​បាត់​បង់​ទី​តាំង​របស់​​យើង​ក្នុង Premier League​»​៕

    ប្រភព​ព័ត៌​មាន៖ Reuters

  • 5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    លោកឪពុក​អ្នក​ម្តាយ​តែងតែមាន​សេចក្តីសុខ​នៅពេល​បានឃើញកូនៗសើច​សប្បាយ និង​មាន​ស្នាមញញឹម តែ​នោះ​ក៏​មិនបាន​មានន័យថា ពួកគេ​នឹងមាន​សេចក្តីសុខ​រហូត​នោះដែរ។ សាកល្បង​សង្កេតមើល​នៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លប​គេង​យំ​ឬទេ? ព្រោះ​អារម្មណ៍​របស់​ពួកគេ​ពិតជា​ឆាប់​ញាប់​ញ័រ​រញ្ជួយ ហើយ​មិនដឹង​នឹង​សម្តែង​ចេញមក​យ៉ាងណា ទើបបាន​ត្រឹមតែ​លួច​យំ​ហ្នឹងឯង។ បើសិន​កើតមាន​សំណួរ​ថា ហេតុ​អីបានកូនៗរបស់​អ្នក​ត្រូវ​លប​គេង​យំ​នោះ? សូម​សាកល្បង​មក​មើ​លពី​មូលហេតុ​ទៅ​មើលថា តើ​វា​មកពី 5ទង្វើ​របស់​លោកឪពុក និង​អ្នក​ម្តាយ​ដូចដែល ឡា​រ៉ែ​ន បាន​នាំមក​ជម្រាបជូន​នៅថ្ងៃនេះ​ឬក៏​អត់?

    1/ ឱ្យកូនៗឃើញ​ព័ត៌មាន​ដ៏​គួរឱ្យ​ស្រងេះស្រងោច​អាណោច​អធម្ម
    ក្មេង​ដែល​ទើបតែ​បើកភ្នែក​មើល​ពិភពលោក​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ សភាព​ជុំវិញខ្លួន​របស់គេ​ក៏​មានតែ​ឪពុកម្តាយ និង​នៅឯ​សាលារៀន​ប៉ុណ្ណោះ កូនតូច​នៅ​មិនទាន់មាន​បទពិសោធ​អាក្រក់​ដោយ​ត្រង់​នៅឡើយ​ទេ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាង​ឱ្យ​ពួកគេ​មើល​ព័ត៌មាន​បែប​អវិជ្ជមាន ដូចជា ព័ត៌មាន​ឧក្រិដ្ឋកម្ម ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​វា​ជាការ​បង្ហាញ​រូបភាព​ឱ្យក្មេងៗចងចាំ និង​បង្ក​ឱ្យ​កើតក្តី​ភ័យខ្លាច ហុច​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត រហូត​មិន​ហ៊ាន​និយាយ​ចេញមក និង​លួច​លាក់ទុក​ទៅ​ពួន​យំ​តែម្នាក់ឯង​យ៉ាង​ស្ងាត់ៗ ដូច្នេះ​រឿង​ដែល​ឪពុកម្តាយ​គួរ​ធ្វើ​គឺ ការពារកូនតូចៗរបស់​អ្នក ផ្តល់​សេចក្តី ស្រឡាញ់ ភាពកក់ក្តៅ និង​ព្យាយាម​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ព័ត៌មាន​អាក្រក់​ទាំងនោះ។

    2/ ឪ​ពុកយក​ម្តាយ​ឈ្លោះប្រកែក​គ្នា
    ការឈ្លោះគ្នា​គឺជា​រឿង​របស់​ឪពុកម្តាយ​ក៏ពិតមែន តែ​កុំភ្លេចថា លោកអ្នក​នៅមាន​ច្រវាក់​មាស​ចងចិត្ត​តូច​មួយ​ដែល​អាច​បាន ឮសំឡេងស្រែកជេរ​គ្នា​រំលង​បន្ទប់​នោះ។ មិន​ថា​អ្នក​ទាំងពីរ​នឹង​ជួប​បញ្ហា ឬ​ទាស់ចិត្ត​អ្វី​គ្នា​ក៏ដោយ គួរ​និយាយ​គ្នា​ដោយ​ហេតុផល និង​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ទង្វើ​ហ្នឹង ព្រោះ​វា​គឺ​អំពើហិង្សា​នៅក្នុង​ផ្ទះ។ ក្មេងៗ
    នឹងមាន​សម្ពាធ​ក្នុង​ចិត្ត និង​លួច​ទៅ​យំ ព្រោះ​ពួកគេ​មិនអាច​យល់បាន​ថា កើតរឿង​អ្វី​ឡើង​ចំពោះ​អ្នក​ទាំងពីរ​ឡើយ។

    3/ វាយកូនៗដោយ​អំពើហិង្សា
    ការវាយដំ​មិនមែនជា​វិធី​កែប​ញ្ហា​ដែល​ល្អ​ឡើយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ដោយ​ពាក្យសម្តី​សុភាព និង​បញ្ជាក់​ប្រាប់​ពី​ហេតុផល ឬ​បើក្មេងៗត្រូវ​ទទួល​ទណ្ឌកម្ម ក៏​គួរតែ​រកមើល​វិធី​ផ្សេង​ណា​ដែល​មិនមែនជា​ការវាយដំ​ពួកគេ​យ៉ាង​ខ្លាំងក្លា​វិញ​ ព្រោះ​គ្រប់​ពេលដែល​អ្នក​វាយវាត់​ទៅលើ​សាច់​ដ៏​ស្តើង​ខ្ចី​របស់​កូនតូច​​នោះ ក្រៅពី​ពួកគេ​នឹង​ឈឺចាប់​ខាង​រាងកាយ​ហើយ នៅ​សាង​ស្នាមដំបៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ទៀតផង។

    4/ ហៅកូនៗដោយ​ពាក្យ​អសុរោះ
    សាកល្បង​សួរ​ខ្លួនឯង​ទៅ​មើលថា តើ​ចូលចិត្ត​ឱ្យ​អ្នកដទៃ​ហៅ​ខ្លួនឯង​ដោយ​ឈ្មោះ​ចំអក​ឡក​លើ​យ ឬ​ពាក្យ​អសុរោះ​ឬទេ?បើ​មិន​ចូលចិត្ត… ក្មេងៗក៏​ដូចគ្នា​ដែរ ពួកគេ​មិន​ចូលចិត្ត​ឱ្យ​ហៅ​ដោយ​ឈ្មោះ​ដែល​ឆ្លុះបញ្ចាំង​ទៅក្នុង​ផ្លូវ​ដែល​មើលងាយ ដូចជា អា​ភ្លើ អា​ខូច​នោះឡើយ ព្រោះកូនតូចៗនឹងមាន​អារម្មណ៍​ថា ខ្លួនឯង​គ្មាន​មានតម្លៃ គួរឱ្យ​អស់សង្ឃឹម កើតជា​ចំណុច​អន់​នៅក្នុង​ដួងចិត្ត និង​អាច​លាក់ទុក​ទៅ​គេង​យំ​តែម្នាក់ឯង​បាន។

    5/ ឪពុកម្តាយ​សម្រេចចិត្ត​លែងលះគ្នា
    ចំណុច​ចុង​ក្រោយនេះ ជា​រឿង​ដែល​ធ្វើបាប​ដួងចិត្ត​កូនតូច​ខ្លាំង​​បំផុត បើ​ឪពុកម្តាយ​សម្រេចចិត្ត​លែងលះ និង​គិតថា​កូនតូច​មិនជា​អ្វី​ទេនោះ សូម​ប្រាប់​ទៅ​ចុះ​ថា លោកអ្នក​គិត​ខុស​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់ដែល​​បញ្ហា​នេះ​នឹង​ក្លាយជា​ចំណុច​មួយ​នៅក្នុង​ដួងចិត្ត​របស់​ក្មេង ព្រោះ​កុំភ្លេចថា កូនតូច​ត្រូវបាន​ចិញ្ចឹម​ថែទាំ​មក​ដោយ​អ្នក​ទាំងពីរ​នាក់ ដូច្នេះ​ទាំង​ឪពុក និង​ម្តាយ​ប្រៀបដូចជា ទឹក និង​ខ្យល់អាកាស​ដែល​ធ្វើឱ្យ​កូនតូច​រស់នៅ​តទៅទៀតបាន។ អ្នក​ទាំងពីរ​គឺ​ សេចក្តីសុខ និង​ជា​គ្រួសារ​ដែលមាន​គ្រប់ បើ​ខ្វះ​ខាង​ណា​ម្នាក់​ទៅនោះ ប្រាកដ​ណាស់​ថា ក្មេងៗនឹងត្រូវ​នឹក និង​ដង្ហោយ​រក ហើយ​ថែមទាំង​លាក់ទុក​ភាព​សោកសៅ​នៅក្នុង​ខ្លួន​ទៀតផង។

    លោកឪពុក​អ្នក​ម្តាយ​សាកល្បង​សង្កេត​ស្តាប់​សំឡេង​របស់កូនៗនៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លួច​យំ​ឬទេ? បើ​បានឮ​សូរសំឡេង​អណ្តឺតអណ្តក់​នោះ បង្ហាញថា លោកអ្នក​កំពុង​ធ្វើបាប​ដួងចិត្តកូនៗដូច5ចំណុច​ខាងលើនេះ​ដោយ​មិនដឹង​ខ្លួន​ក៏​អាច​ថា​បាន​ដែរ។ សាកល្បង​បែរមក​និយាយ​ពន្យល់​គ្នា​ ដើម្បីឱ្យ​កូនតូច​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​គេង​លក់​យ៉ាង​មាន​សេចក្តីសុខ​រហូត​តទៅ​ប្រសើរ​ជាង៕

  • អ៊ីយ៉ា! ខេមរៈ ស្រីពៅ បង្ហាញមុខពិតហើយ ក្រោយបាត់មុខមួយរយៈ

    អ៊ីយ៉ា! ខេមរៈ ស្រីពៅ បង្ហាញមុខពិតហើយ ក្រោយបាត់មុខមួយរយៈ

    ភ្នំពេញៈ ក្រោយ​ពី​បាត់​មុខ​ពី​លើ​ឆាកតន្រ្តី​ និង​លែង​បាន​ឃើញ​បទ​ថ្មី​ៗ​របស់​នាង​នៅ​ផលិត​កម្ម​សានដេ​មួយ​រយៈ​ធំមក​ ខណៈ​ក៏​មាន​ព័ត៌មាន​ចចាម​​អារាម​ថា នាង​មាន​ជំងឺ​​ប្រតិកម្ម​​ស្បែក​​ខ្លាំង​ក្លា​រហូត​ដេក​ក្រាប​​នឹង​កន្ទេល និង​ក្រោយ​មក​ឮថា ទៅ​សម្រាក​ព្យាបាល​នៅ​ថៃ​។ ពិតជា​មិន​គួរ​ឲ្យ​ជឿ ស្រាប់​តែ​នាង បាន​បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក​ ​ពេល​នាង​បាន​ទៅ​ចូល​រួម​ពិធី​ការ​បង​ប្អូន​​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ ដោយ​នាង​បាន​សរសេរ​ឲ្យ​ដឹង​ថា៖ «ថ្ងៃ​​ទី​៧ ខែ០៥ ការ​បង​ប្អូន​​នាងខ្ញុំ»។

    ក្រៅ​ពី​នេះ គេ​បាន​ឃើញ​កញ្ញា ខេមរៈ ស្រីពៅ ក៏​មាន​សារ​​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ប្រិយ​​មិត្ត​​នាង​​​ដែរ​ថា៖ «​នឹក​Fan ណុប​​ចិត្ត​ណាស់!​នឹក​អ្នក​ចេញ​ពីបេះ​ដូង​ពិតៗ​។ ថត​បាន​ចេះ​តែ​ថត​ទៅ​ហិហិហិ» និង​សារ​ថា៖ «សួស្តី​បង​ប្អូន​​ទាំង​អស់​គ្នា​ នាង​ខ្ញុំ​ចង់​សួរ​ថា សុខ​សប្បាយ​ជា​ទេ​បង​ប្អូន?»៕

  • ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ជំនឿ គឺជារឿងដែលមនុស្សសម័យមុនតាំងពីជំនាន់តាយាយនិយមធ្វើតៗគ្នាមកដើម្បីបង្រៀនកូនចៅឱ្យចេះគោរពច្បាប់ មានវិន័យ ព្រោះមនុស្សសម័យមុនជឿលើរឿងស័ក្តិសិទ្ធិដែលមើលមិនឃើញដោយភ្នែកទទេខ្លាំងណាស់ រឹតតែកណ្តាលយប់ផងនោះ នឹងរឹតតែមានចំណុចហាមយ៉ាងតឹងរ៉ឹងជាពិសេសទៅទៀត តើមានអ្វីខ្លះនោះ សូមអានជាបន្ត…៖

    1 . គោះចានបាយនៅពេលញ៉ាំបាយពេលយប់ ព្រោះនឹងមានភ្ញៀវដែលមើលមិនឃើញមកលេង…
    មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!? ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជា
    ការអន្ទងហៅវិញ្ញាណដែលពេនេចរ អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប បង្អែម ចម្អាប។ ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពៈសព ឬសំពៈសែនក្នុងថ្ងៃសំខាន់ណាមួយ យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឱ្យមកស៊ីដោយការគោះចានគោះកែវ ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់ ហាមកូនចៅគោះចានពេលញ៉ាំបាយ មិនដូច្នោះទេកៅអីដែលទំនេរនៅជិតហ្នឹងអាចមានភ្ញៀវដែលមិនបានអញ្ជើញ ចូលមកលេងក៏បានដែរ។

    2 . កណ្តាលយប់ ហាមបោសសម្អាតផ្ទះ
    ព្រោះជឿថា នឹងក្លាយជាការបោសលុយ បោសកាក់ ឬជោគលាភសំណាង បុណ្យបារមីដែលសន្សំមកតាំងពីពេលព្រឹកចេញទៅក្រៅអស់ ដែលវាអាចទៅរួចដែលថា កាលពីមុនគ្មានភ្លើងអគ្គិសនីប្រើ ផ្ទះសំបែងនៅពេលយប់នឹងងងឹតខ្លាំងណាស់ ទើបការបោសផ្ទះនៅពេលយប់មិនមានសុវត្ថិភាពឡើយ។ ជិតគេងទៅហើយ មិនចាំបាច់មកធ្វើជាមេផ្ទះល្អស្អីពេលហ្នឹងទេ។

    3 . កុំរៀបចំគ្រែដេកដោយដាក់ក្បាលដំណេកបែរទៅជល់នឹងបន្ទប់ទឹក
    ព្រោះនឹងធ្វើឱ្យជោគលាភសំណាងរត់គេចបាត់អស់ និងកុំដាក់គ្រែដេកដោយបែរចុងជើងគ្រែទៅចំមាត់ទ្វារចូល ព្រោះនឹងធ្វើឱ្យយល់សប្តិអាក្រក់ គេងលក់មិនស្រួល ខ្មោចអាចនឹងមកសង្កត់លេង និងអ្នកខ្លះមានជំនឿថា បើគេងលើគ្រែដែលធំទូលាយតែម្នាក់ឯង អាចនឹងមាននរណាម្នាក់មកគេងជាមួយក្បែរៗខ្លួនយើង ដូច្នេះចាស់ៗប្រាប់ថា ត្រូវយកតុក្កតា ឬខ្នើយឱបមកដាក់ឱ្យពេញលើគ្រែ។

    4 . ហាមកាត់ក្រចកដៃនៅពេលយប់
    វិញ្ញាណបុព្វបុរសនឹងគ្មានសេចក្តីសុខ ព្រោះសម័យមុន ការកាត់ក្រចកដៃជើងច្រើនតែប្រើកាំបិតចិតស្លា ឬកូនកាំបិតមុតៗកាត់ឆ្វៀល ទើបហាមកាត់ក្រចកដៃជើងនៅពេលយប់ ព្រោះអាចនឹងមានគ្រោះថ្នាក់ និងជឿថាអាចនឹងត្រូវថាមពលអ្វីម្យ៉ាងមករុញដៃធ្វើឱ្យយើងកាត់ក្រចកដៃជើងទៅដាច់សាច់ម្រាមដៃ ម្រាមជើងបាន។

    5 . សំឡេងដង្ហោយហៅពីខាងណា ក៏កុំឆ្លើយតបឱ្យសោះ
    កណ្តាលយប់ បើបានឮសំឡេងស្រែកហៅ ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!
    ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឱ្យឮខ្លាំងៗ ឬមើលកុនក៏បាន។

    6 . អេស!? ក្លិនផ្សែងធូបមកពីណាអ៊ីចេះ អ្នកណាគេដុត?
    ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។

    7 . កញ្ចក់…ម៉េចបានឆ្លុះហើយមិនឃើញរូបយើងតែម្នាក់ឯង?
    ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ! នឹងរឹតតែសិតសក់ផងនោះ កុំគិតឱ្យសោះថា វានឹងគួរឱ្យភ័យរន្ធត់ប៉ុនណានោះ បើសិនជា
    មានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង។

    8 . សសរធ្នឹមផ្ទះ…កុំហ៊ានទៅដេកក្រោមហ្នឹងឱ្យសោះ
    បុរាណលោកនិយាយថា កុំទៅដេកនៅក្រោមសសរធ្នឹមផ្ទះ ព្រោះសសរធ្នឹមផ្ទះក៏គឺគ្រឿងឈើខាងលើដែលយឹតសសរផ្នែក
    ទទឹងជាច្រើនដែលទទួលទ្រទម្ងន់ខ្លាំង បើអ្នកណាទៅគេងនៅពីក្រោមនោះ នឹងគេងមិនសុខ គេងលក់មិនស្រួល ព្រោះអាចត្រូវខ្មោចចូលនៅពេលណាមួយក៏បាន។ កន្លែងមានឱ្យគេងម៉ាគំនរ ម៉េចមិនទៅគេងហ្ន៎?៕

    រៀបរៀងដោយ តាវ៉ែនតា

  • វិធីសាស្រ្តសម្រាប់អាណាព្យាបាល និងគ្រូបង្រៀនក្នុងការយកចិត្តក្មេងៗ

    វិធីសាស្រ្តសម្រាប់អាណាព្យាបាល និងគ្រូបង្រៀនក្នុងការយកចិត្តក្មេងៗ

    ក្មេងជាវ័យដែលត្រូវការក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីអាណាព្យាបាល ព្រោះមានក្មេងខ្លះកាន់តែរីកលូតលាស់ធំឡើង កាន់តែពូកែប្រឆាំងជំទាស់ ឬកាន់តែឃ្លាតឆ្ងាយពីអាណាព្យាបាល។ មានអាណាព្យាបាល និងអ្នកអប់រំជាច្រើនបានបង្ហាញក្តីកង្វល់របស់ខ្លួនពីបញ្ហាពិបាកក្នុងការធ្វើឱ្យក្មេងចូលចិត្ត ហើយស្តាប់តាម ឬនិយាយឱ្យងាយស្រួលគឺឱ្យក្មេងស្រឡាញ់ចូលចិត្ត។

    ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីធ្វើឱ្យក្មេងៗចូលចិត្ត និងទទួលយកបំណងល្អដែលយើងផ្តល់ជូនទៅកាន់គាត់៖

    1.និយាយពីអ្វីដែលក្មេងចូលចិត្ត កុំនិយាយពីអ្វីដែលយើងចង់បានខ្លួនឯងនៅពេលដែលអាណាព្យាបាល ឬអ្នកបង្រៀនចង់ឱ្យក្មេងធ្វើអ្វីមួយតាមដែលខ្លួនចង់បាន ពួកគេមួយចំនួនបានធ្វើការបង្ខំ ឬពន្យល់តែអ្វីដែលពួកគាត់ចង់ធ្វើតែប៉ុណ្ណោះដែលធ្វើឱ្យក្មេងកាន់តែប្រឆាំង ព្រោះគំនិតនេះអាចមិនស្របជាមួយនឹងកម្រិតយល់ដឹងរបស់ក្មេង។

    ចំណុចល្អដែលអាណាព្យាបាលគួរធ្វើគឺ បំផុសសំណួរមួយចំនួនដើម្បីឱ្យក្មេងជាអ្នកឆ្លើយហើយយើងគ្រាន់តែសម្រួល លើចម្លើយដែលគេឆ្លើយនោះដោយប្រើហេតុផលមួយចំនួនទៅកាន់ក្មេងៗនោះគេនឹងគិតថាអាណាព្យាបាលកំពុងឱ្យតម្លៃលើរូបគេ។ ការបញ្ចូលនូវគំនិតមួយចំនួនដែលយើងចង់ឱ្យក្មេងយល់នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នហើយធ្វើយ៉ាងណាឱ្យក្មេងយល់ថា យើងកំពុងតែស្របតាមអ្វីដែលគេឆ្លើយ ហើយយើងលើកទឹកចិត្តឱ្យមានការអនុវត្តនូវគំនិតនោះដោយគ្រាន់តែបញ្ចូលលក្ខណៈកាន់តែល្អៗមួយចំនួនប៉ុណ្ណោះ។ នៅពេលដែលក្មេងគិតថាមនុស្សចាស់អនុវត្តតាមការសម្រេចចិត្តរបស់គេ គេក៏នឹងផ្តល់ក្តីគោរពមកវិញ ហើយរីករាយនឹងធ្វើតាមអ្វីដែលអាណាព្យាបាលចង់ឱ្យគេធ្វើដោយក្តីពេញចិត្ត និងយល់ហេតុផល។

    2.ត្រូវធ្វើជាអ្នកស្តាប់ដ៏ពូកែក្មេងជាវ័យដែលចូលចិត្តបង្ហាញពីអ្វីរឿងល្អៗដែលគេធ្វើបាន ឬរឿងអស្ចារ្យដែលគេគិតថាមិនធ្លាប់បានធ្វើពីមុនមក។ អារម្មណ៍ចង់បង្អួតស្នាដៃរបស់ក្មេង អាចធ្វើឱ្យមនុស្សធំចំណេញបានផលយ៉ាងច្រើន ព្រោះប្រសិនបើយើងអាចដាក់ចិត្ត ដាក់កាយស្តាប់គេតែបន្តិច យើងនឹងក្លាយជាអ្នកដែលគេចូលចិត្តរួចបាត់ទៅហើយ ព្រោះក្មេងនៅត្រូវការយើងដើម្បីស្តាប់រឿងអស្ចារ្យរបស់គេជាច្រើនទៀត។

    ប្រសិនបើអាណាព្យាបាលឆ្លាត យើងគួរចំណាយពេលសួរនាំ និងចេះសរសើរនៅពេលដែលក្មេងបង្ហាញពីសកម្មភាពវិជ្ជមាន ឬអួតពីសមត្ថភាពរបស់គេ។ ទន្ទឹមនឹងនេះ អាណាព្យាបាលក៏អាចបង្ហាញពីផ្លូវដែលកាន់តែអស្ចារ្យ និងរីករាយដើម្បីឱ្យកូនកាន់តែខិតខំប្រឹងប្រែងដើម្បីយកវាឱ្យបាន ដូចជាលើកទឹកចិត្តឱ្យខំប្រឹងប្រែងយកពានរង្វាន់ បង្ហាញផ្លូវបង្កើតផលិតផលងាយៗ ក៏ដូចជាវិធីសាស្រ្តនិយាយឱ្យកាន់តែមានភាពចាស់ទុំជាដើមដល់កូនៗ។

    3.ត្រូវធ្វើជាអ្នកពូកែនិយាយរឿងក្រៅពីការលេង ក្មេងចូលចិត្តបំផុតគឺការស្តាប់រឿងរ៉ាវដែលមនុស្សធំនិយាយ ព្រោះពួកគេចង់ធ្វើដូចមនុស្សធំ។ ចំណុចដែលអាណាព្យាបាលអាចទាក់ទាញចំណាប់អារម្មណ៍ពីក្មេង គឺយករឿងល្អៗ ឬគំរូនៃមេរៀនជីវិតដែលមានប្រយោជន៍ដំណាលប្រាប់ក្មេង។ នៅពេលនោះ ក្មេងនឹងយល់ថាយើងជាអ្នកដែលធ្វើឱ្យគេរីករាយ ខណៈពេលដែលយើងកំពុងបង្រៀនគេដោយសីលវិធីល្អបំផុតមួយ៕

  • បឹងកេត ប្រកាសពីការចែកផ្លូវជាមួយនឹងលោក John

    បឹងកេត ប្រកាសពីការចែកផ្លូវជាមួយនឹងលោក John

    ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូ​ឌា​ន​លីក បឹង​កេត កាល​ពី​ថ្ងៃ​​ម្សិល​មិញ​ បាន​ប្រកា​សពី​ការ​ចែក​ផ្លូវ​របស់​ពួក​គេ​​ជា​មួយ​នឹង​​លោក​គ្រូ​បង្វឹក John McGlynn ដោយ​​មាន​ព្រៀម​ព្រៀង​ទាំង​សង​ខាង ពោល​គឺ​ត្រឹម​តែ​រយៈ​​​ពេល​​៤​ខែ ក្រោយ​ពី​ការ​​​តែង​គ្រូ​បង្វឹក​សញ្ជាតិ​​អូ​​ស្ត្រាលី​រូប​នេះ ជំនួស​លោក​ប្រាក់​ សុវណ្ណា​រ៉ា​។

    បឹង​កេត​ឲ្យ​បាន​នៅ​លើ​បណ្តាញ​សង្គម Facebook ផ្លូវ​ការ​​របស់​​ពួក​គេ​ថា៖ «គ្រប់​ៗ​គ្នា​នៅ​ក្លិប​បឹង​កេត សូម​អរគុណ​ដល់​លោក John ក្នុង​ការ​រួម​ចំណែក​​បំពេញ​កិច្ច​ការ​​ងារ​ជា​មួយ​នឹង​ក្លិប​រយៈ​ពេល​កន្លង​​មក និង​ជូន​ពរ​ឲ្យ​លោក John ទទួល​ជោគ​ជ័យ​នា​ពេល​​ខាង​មុខ​នេះ​»​។ ក្លិប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្លិប​សូប​ប្រកាស​ថា លោក​គ្រូ​ជំនួយ ហៅ សុជាតិ នឹង​ឡើង​មក​ដឹក​នាំ​ក្រុម​បណ្តោះ​​អាសន្ន ហើយ​ក្លិបុំ​មិន​​ធ្វើ​ការ​អធិប្បាយ​ណា​មួយ​បន្ថែម​​ពី​​នេះ​ឡើយ​ រហូត​ដល់​ការ​តែង​តាំង​គ្រូ​បង្គោល​​ថ្មី​ត្រូវ​បាន​ ធ្វើ​ឡើង​»​៕

  • ណាហ្គាវើល ចុះកិច្ចព្រមព្រៀង ក្នុងទឹកប្រាក់ ១៤០.០០០ដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយសហព័ន្ធកីឡាបាល់ទះកម្ពុជា

    ណាហ្គាវើល ចុះកិច្ចព្រមព្រៀង ក្នុងទឹកប្រាក់ ១៤០.០០០ដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយសហព័ន្ធកីឡាបាល់ទះកម្ពុជា

    លោក នេត សារឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារណាហ្កាវើល ស្ដីពីកិច្ចគាំទ្រដើម្បីអភិវឌ្ឍន៍ វិស័យកីឡាបាល់ទះនៅកម្ពុជា កាលថ្ងៃទី ៧ ខែឧសភា នៅសណ្ឋាគារណាហ្គាវើលម្សិលមិញនេះ ក្នុងទឹកប្រាក់ជួយពង្រឹងវិស័យកីឡាបាល់ទះដ៍ច្រើនក្នុងមួយឆ្នាំៗ ។

    ក្នុងកិច្ចព្រមព្រៀងនោះ គឺខាង ណាហ្គាវើលសម្រេចផ្ដល់ជូនកញ្ចប់ថវិកាចំនួន ១៤០.០០០ដុល្លារអាមេរិកជា រៀងរាល់ឆ្នាំចាប់ពីពេល ចុះហត្ថលេខា នេះ ទៅដើម្បីឲ្យ បាល់ទះ កម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិ ។ ណាហ្គា ជួយគាំទ្រដល់ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅបរទេសដែលរួមមានការឧបត្ថម្ភប្រាក់បៀវត្សរ៍ ការស្នាក់នៅនិងការ ថែទាំសុខភាព ។

    កិច្ចព្រមព្រៀងដែលមានរយៈពេល ២ឆ្នាំនេះ ណាហ្គាវើល បានទទួលមកវិញនូវនូវសិទ្ធផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់ព្រឹត្តិការណ៍នៃការប្រកួតបាល់ទះ ។

    ចំពោះសហព័ន្ធវិញត្រូវទទួលខុសត្រូវចំពោះទិដ្ឋាការឲ្យអនុញ្ញាតស្នាក់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយ សម្រួលដល់គ្រូបង្វឹកបរទេសចំពោះការបំពេញភារកិច្ចរបស់គាត់ ។ ផ្ដល់យានយន្ដ និង អ្នកបើកបរដល់គ្រូបរទេស ។ ទទួលខុសត្រូវចំពោះសន្តិសុខ និង អ្នកបកប្រែប៉ុន្ដែមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិ និង គ្រោះថ្នាក់ ដោយប្រការណាមួយក្នុងពេលស្នាក់នៅកម្ពុជាឡើយ ។

    លោកនេត សាវឿនមានប្រសាសន៍ថា៖ ការអភិវឌ្ឍន៍វិស័យកីឡាគឺទាមទារ នូវការចូលរួមឧបត្ថម្ភជាការចាំបាច់ណាស់ ។

    ជាមួយគ្នានេះដែលលោក Chen Lip Keong បានចាត់ទុកថា៖ នេះជាការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទះនៅកម្ពុជា បន្ថែមទៀតព្រោះកន្លងមកណាហ្គាវើលបានជួយដល់វិស័យកីឡាកម្ពុជាលើច្រើនផ្នែកដែរ ។មិនតែប៉ុណ្ណោះណាហ្គាវើល ក៏មានក្លិបបាល់ទាត់អាជីពរបស់ខ្លួនមួយដែរ ៕