Author: វល័ក្ខ

  • តើនាង CL ខ្មែរ ទេព បូព្រឹក្ស និងកំលោះ G-Dragon ខ្មែរលោក ដេវីត ពិតជាស្រឡាញ់គ្នាមែនឬ?

    តើនាង CL ខ្មែរ ទេព បូព្រឹក្ស និងកំលោះ G-Dragon ខ្មែរលោក ដេវីត ពិតជាស្រឡាញ់គ្នាមែនឬ?

    ភ្នំពេញៈ នៅពេលថ្មីនេះៗ ស្រាប់តែមានការផ្គូផ្គងរបស់មហាជនដែលជាអ្នកគាំទ្រផ្នែកចម្រៀងរវាងតារាចម្រៀងស្រីពូកែបង្ហាញក្បាច់រាំរស់រវើកកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ម្ចាស់បទចម្រៀងដ៏ល្បី “រាំញីកែងជើង” ដែលអ្នកទាំងពីរច្រៀងនៅក្នុងផលិតកម្មហង្សមាសដូចគ្នានោះថា ពួកគេកំពុងតែមានទំនាក់ទំនងស្នេហានឹងគ្នា។

    មូលហេតុនាំឲ្យអ្នកគាំទ្រនិយាយថា ពួកគេកំពុងតែមានសម្ព័ន្ធភាពសេ្នហានឹងគ្នានោះគឺ ដោយសារតែតារាទាំងពីរដែលជ្រកក្រោមទ្រនំហង្សមាសនោះតែងតែបណ្តើរគ្នាយ៉ាងសិ្នទ្ធស្នាលខ្លាំងលើសពីមិត្តភាពធម្មតានៅក្នុងព្រឹត្តិការណ៍សិល្បៈជាញឹកញាប់ទៅតាមបណ្តាខេត្តនានា ទើបនាំឲ្យពួកគេមានស្នេហា ក្នុងឱកាសដើរច្រៀងតាមកម្មវិធីប្រគំតន្រ្តីនោះតែម្តង។ ប៉ុន្តែកញ្ញា ទេព បូព្រឹក្ស បានបដិសេធដំណឹងនេះថា៖ «អត់បានស្រឡាញ់គ្នានោះទេ! គ្រាន់តែពួកយើងជាដៃគូចម្រៀងនឹងគ្នាដ៏ល្អតែប៉ុណ្ណោះ គឺថាពួកយើងបានច្រៀងជាមួយគ្នាចំនួន ២បទរួចមកហើយ នៅក្នុងអាល់ប៊ុមបទចម្រៀងរបស់ហង្សមាសសម្រាប់ឆ្នាំថ្មីនេះ។ក្រៅតែពីជាដៃគូចម្រៀង នាងខ្ញុំ និងដេវីតគ្មានទំនាក់ទំនងអ្វីជាពិសេសនោះទេ»។

    នាងបន្ថែមថា៖ «ដើម្បីជាដៃគូចម្រៀងល្អ នាងខ្ញុំត្រូវតែមានភាពស្និទ្ធស្នាលនឹងគ្នា និងកន្លងមក បងប្អូនអ្នកគាំទ្រជាយុវវ័យខ្មែរតែងតែប្រដូចនាងខ្ញុំ និង ដេវីត ថា ខ្ញុំជានាង CL ខ្មែរ ហើយលោក ដេវីត ហៅថា G-Dragon ខ្មែរ ហើយក៏និយាយលើសដល់ថ្នាក់ថា យើងជាគូស្នេហ៍នឹងគ្នាទៀតផង!»៕

  • អត់ធ្វើអីវាផង ស្រាប់តែ iPhone គាំងមុខងារហៅចេញ (Call) តើត្រូវដោះស្រាយយ៉ាងណា?

    អត់ធ្វើអីវាផង ស្រាប់តែ iPhone គាំងមុខងារហៅចេញ (Call) តើត្រូវដោះស្រាយយ៉ាងណា?

    នៅលើទូរស័ព្ទមុខងារហៅចេញ (Call) គឺសំខាន់ជាងគេ បើទោះទូរស័ព្ទថ្លៃឬថោកកម្រិតណាក៏ដោយ តែមុខងារនោះមិនដំណើរការហើយ ទូរស័ព្ទទាំងមូលក៏ហាក់គ្មានប្រយោជន៍អ្វីដែរ។ អ៊ីចឹងហើយ បើនៅសុខៗ ទូរស័ព្ទ iPhone 7, 7 Plus, 6s, 6s Plus ដែលដំណើរការដោយ iOS 10 ហៅចេញអត់កើត តើធ្វើម៉េចស្រួល?

    ការមិនដំណើរការមុខងារ Call លើទូរស័ព្ទ iPhone អាចមកពីកត្ដា 2 ផ្នែកគឺ Software និង Hardware ប៉ុន្តែបញ្ហាភាគច្រើនចេញមកពី Software ច្រើនជាងគេ។ ខាងក្រោមនេះជាវិធីសាស្ដ្រចំនួន 04 ដែលអ្នកយកទៅដោះស្រាយបាន ប្រសិនបើជួបបញ្ហាដូចខាងលើ។

    1/-បើក/បិទ Airplane Mode៖ ដោយទី 01 នេះ លោកអ្នកត្រូវចូលទៅកាន់ Settings ឬ Control Center ហើយបើក Airplane Mode។ រង់ចាំមួយសន្ទុះ ហើយបិទ Airplane Mode វិញ ហើយសាកល្បង Call ចេញ។

    2/-បិទ Set Automatically ៖ យ៉ាងណាមិញ បើវានៅមិនទាន់ដំណើរការទៀត សូមចូលទៅកាន់ Settings -> General -> Date & Time -> ត្រង់ Set Automatically សូមទាញរបាមកឆ្វេងដៃ ដើម្បីបិទដំណើរការ រួចជ្រើសរើសម៉ោងដែលត្រូវនឹងប្រទេសកម្ពុជា វិញករណីទូរស័ព្ទដំណើរការខុស។

    3/-Reboot៖ ចុងក្រោយគេ ប្រសិនបើការអនុវត្តវិធីខាងលើហើយ នៅតែមិនដំណើរការទៀត លោកអ្នកត្រូវធ្វើការ Reboot ទូរស័ព្ទ iPhoneនោះ ដោយចុចលើប៊ូតុង Power និងប៊ូតុងបន្ថយសំឡេងឱ្យជាប់ប្រហែល 10 វិនាទី រហូតទូរស័ព្ទបង្ហាញ Logo រូបផ្លែប៉ោមឡើងលើអេក្រង់។ ពេលដែលទូរស័ព្ទបើកដំណើរការធម្មតាវិញ សូមសាកល្បង Call ចេញម្ដងទៀត។

    4/- Reset Network Settings៖ ធ្វើការដោះចេញនូវរាល់ការកំណត់នានាលើទូរស័ព្ទ ដោយចូលទៅ Settings >General > Reset > Reset Network Settings។

    សរុបជារួម ប្រសិនបើលោកអ្នកអនុវត្តអស់នូវវិធីសាស្ដ្រទាំង 4 ខាងលើនេះហើយ នៅតែមិនដំណើរការទៀត នេះអាចបញ្ជាក់ថាទូរស័ព្ទលោកអ្នកអាចកើតបញ្ហាលើផ្នែក Hardware ណាមួយហើយ ហេតុដូច្នេះ លោកអ្នកអាចទៅរកសេវាប្រឹក្សាពីអ្នកជំនាញផ្នែកទូរស័ព្ទ ដើម្បីរកដំណោះស្រាយ។ យ៉ាងណាមិញ ក្រុមការងារយើងខ្ញុំសង្ឃឹមថាអ្នកនឹងមិនចូលដល់ដំណាក់កាលនេះទៅចុះ ព្រោះតាមរយៈបទពិសោធកន្លងមក ក្នុងវិធីទាំង 4 តែងមានមួយដែលអាចដោះស្រាយបានមិនខាន៕

  • Audi និងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានក្នុងប្រទេសកម្ពុជា

    Audi និងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានក្នុងប្រទេសកម្ពុជា

    អស់រយៈពេលជាង 30 ឆ្នាំកន្លងមកនេះ Audi គីជាដៃគួរដ៏ល្អជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានដែលបានផ្គត់ផ្គង់ចំនួនរថយន្តដ៏ច្រើនសម្រាប់កិច្ចប្រជុំប្រចំាឆ្នំា នៅទីក្រុងដារ៉ូស ប្រទេសស្វីស។

    នេះគឺជាលើកទី១ហើយ ដែលព្រឹត្តិការណ៍នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅអាស៊ាននឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី 10 ដល់ ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2017 ។

    នៅឆ្នាំ 2017 សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង 10ប្រទេស ប្រារព្ធខួបលើកទី 50ឆ្នាំនៃការពង្រឹងឯកភាព និងការលើកកម្ពស់សេដ្ឋកិច្ច។ វិថីឆ្ពោះទៅមុខអាចនាំឱ្យ 50ឆ្នាំខាងមុខ មានភាពរុងរឿង ប៉ុន្ដែមានតែអាស៊ានប៉ុណ្ណោះដែលអាចធ្វើឱ្យភាពខ្លាំងរបស់ខ្លួនកាន់តែមានភាពរឹងមាំបានពេញលេញ និងដឹកនាំទៅរកការប្រកួតប្រជែងបាន។ នៅក្នុងចំណោមភាពខ្លាំងរបស់ខ្លួន តំបន់អាស៊ានមានប្រជាជនចំនួន 360លាននាក់ ក្នុងនោះច្រើនជាងពាក់កណ្ដាលមានអាយុក្រោម 30ឆ្នាំ។ ក្ដីសង្ឃឹមនេះ ជាភាគលាភប្រជាសាស្រ្ដដ៏មានឥទ្ធិពលមួយដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនមានអត្រាខ្ពស់នៅពេលថ្ងៃអនាគត។

    អ្វីដែលសំខាន់ ឥទ្ធិពលនៃការផ្លាស់ប្ដូររបស់បដិវដ្ដន៍ឧស្សាហកម្មទីបួន មានសក្ដានុពលភាពដើម្បីផ្ដល់នូវភាគលាភឌីជីថលដ៏ខ្លាំង។ ពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងមានដំណើរការ បច្ចេកវិទ្យានេះគួរតែជំរុញបន្ថែមដល់ឧស្សាហកម្មថ្មី និងម៉ូឌែលអភិវឌ្ឍន៍មានឥទ្ធិពលខ្លាំងក្លា។ ប៉ុន្ដែមិនមានអ្វីដែលអាចធានាបានឡើយ ដើម្បីកាត់បន្ថយចំនួនភាគលាភទាំងនេះបាន អ្វីដែលត្រូវធ្វើបន្ដគឺការអប់រំ សហគ្រិនភាព បទបញ្ញាត្តិឌីជីថល ពាណិជ្ជកម្មក្រៅប្រទេស អភិបាលកិច្ច និងអ្វីៗជាច្រើនទៀត។

    កាលពីជាង 40ឆ្នាំមុន កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកត្រូវបានបង្កើតឡើងជាវេទិការសម្រាប់ថ្នាក់ដឹកនាំផ្នែកធុរកិច្ច និងអ្នកនយោបាយធ្វើការជជែកពិភាក្សា អំពីរបៀបក្នុងការ “គិតឡើងវិញ រចនាឡើងវិញ និងកសាងឡើងវិញ”។ ក្នុងនាមជាអង្គការអន្តរជាតិដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននឹងក្លាយជាវេទិការដ៏ល្អបំផុតសម្រាប់អ្នកធ្វើសេចក្ដីសម្រេចចិត្តជាន់ខ្ពស់មកពីផ្នែក/វិស័យជាច្រើន ដើម្បីធ្វើការសម្របសម្រួលលើការសហការគ្នារវាង ឧស្សាហកម្ម រដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងធ្វើការកែប្រែអនាគតឱ្យកាន់តែប្រសើឡើងសម្រាប់តំបន់ក្មេងខ្ចីនេះ។

    Audi ជាភាសាអាល្លឺម៉ង់ Vorsprung durch Technik មានន័យថា ភាពជឿនលឿនទៅមុខតាមរយៈបច្ចេកវិទ្យា ហើយវាជាអ្វីដែល Audi បានធ្វើអស់រយៈពេលជាង 100 ឆ្នាំកន្លងមកហើយ។ កាលពីបីឆ្នាំមុន Audi បានបង្ហាញខ្លួននៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះគឺនៅទូទាំងប្រទេសកម្ពុជា។ វេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអ្នកដឹកនាំរបស់អាស៊ាន នឹងទទួលបាន ផាសុកភាព ប្រណិតភាព និងការធ្វើដំណើរតាមលំដាប់ខ្ពស់នៃរថយន្ដ Audi Q7 ជំនាន់ថ្មីនេះ។

    Audi Q7 3.0 TFSI Quattro មានកម្លាំង 333 សេស និងកម្លាំងវិលរហូតដល់ 440 Nm។ ល្បឿនដ៏អស្ចារ្យរបស់ quattro Audi Q7 ចាប់ពី 0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេលតែ 7.1 វិនាទីប៉ុណ្ណោះ។ ដោយ 100 គីឡូម៉ែត្រ ស៊ីប្រេងត្រឹមតែ 7.4 លីតប៉ុណ្ណោះ។ Quattro Audi Q7 SUV ដ៏អស្ចារ្យនេះមានប្រវែង 5 ម៉ែត្រ ដែលអាចផ្ទុកមនុស្សបាន 7 នាក់ រួមនឹងឥវ៉ាន់បានយ៉ាងល្អ។

    លោក Antoine Jeanson នាយកប្រតិបត្តិ Audi ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “គណៈកម្មាធិការ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នឹងតាំងចិត្តដើម្បីអោយកិច្ចប្រជុំនេះកាន់តែប្រសើឡើងក្នុងនាមជាអង្គការអន្តរជាតិដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ាននឹងក្លាយជាវេទិការដ៏ល្អបំផុតសម្រាប់អ្នកធ្វើសេចក្ដីសម្រេចចិត្តជាន់ខ្ពស់មកពីផ្នែក/វិស័យជាច្រើន ដើម្បីធ្វើការសម្របសម្រួលលើការសហការគ្នារវាង ឧស្សាហកម្ម រដ្ឋាភិបាល និងសង្គមស៊ីវិល ជាដើម៕

  • គ្រឿងសម្អាងក្លែងក្លាយចំនួន 68តោនត្រូវបានរឹបអូសជាលើកដំបូងនៅកម្ពុជា!

    គ្រឿងសម្អាងក្លែងក្លាយចំនួន 68តោនត្រូវបានរឹបអូសជាលើកដំបូងនៅកម្ពុជា!

    មិនគួរឱ្យជឿ! គ្រឿងសម្អាងជាឡេលាបស្បែក ថ្នាំលាបសក់ និងសាប៊ូកក់សក់ចំនួន 68តោន ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ចាប់បានជាបន្តបន្ទាប់ក្រោយពីផលិត និងចរាចរដាក់លក់ព្រោងព្រាតនៅលើទីផ្សារកម្ពុជា។

    ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី08 ខែឧសភា ឆ្នាំ2017បន្ទាប់ពីចាប់បានគ្រឿងសម្អាងក្លែងក្លាយនិងផលិតផលខុសច្បាប់ មានទម្ងន់សរុបប្រមាណជាង68តោន គិតជាទឹកប្រាក់ស្មើនឹងរាប់លានដុល្លារឯណោះ ដែលនេះជាប្រវត្តិសាស្រ្តនៅកម្ពុជាហើយ។

    ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី08 ខែឧសភានេះថា គ្រឿងសម្អាងក្លែងក្លាយទាំងនេះ ត្រូវចាប់បានជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល ដែលផលិតផលក្លែងក្លាយទាំងនោះភាគច្រើនជាថ្នាំលាបសក់ សាប៊ូកក់សក់ និងឡេលាបស្បែក ហើយបើសិនជាប្រជាពលរដ្ឋយកទៅប្រើប្រាស់ ទោះបីជាពេលដែលលាបទៅមិនជ្រាបចូលក្នុងស្បែកក៏ដោយ ប៉ុន្តែអាចមានផលប៉ះពាល់ច្រើនដល់សុខភាពដូចជា ធ្វើឲ្យរលាកស្បែក កើតមហារីកស្បែក និងអាចធ្វើកើតជាជំងឺកមរមាស់ ឬជួនកាលធ្វើឱ្យប្រតិកម្មស្បែកព្យាបាលមិនជា និងគ្រោះថ្នាក់ដល់ជីវិតក៏មាន។

    មុននឹងសម្រេចទិញផលិតផលគ្រឿងសម្អាងយកមកប្រើប្រាស់ អតិថិជនគួរត្រូវមានការប្រុងប្រយ័ត្ននឹងពិនិត្យមើលឱ្យបានច្បាស់ ទី1. សង្កេតមើលរូបរាងទំហំទម្ងន់ និងពណ៌របស់ផលិតផលដែលមានលក្ខណៈខុសពីស្តង់ដារ 2.ការវេចខ្ចប់មិនស្អាត ដោយប្រើប្រាស់វត្ថុធាតុដើម គ្មានគុណភាព និងមានគុណភាពទាប 3. ការបោះពុម្ពនៅលើស្លាកសញ្ញាមិនច្បាស់ រួមទាំងការពិពណ៌នាមិនត្រឹមត្រូវ និងការសរសេរខុស 4.ការពិពណ៌នាអំពីផលិតផលត្រូវបានបំផ្លើសការពិត ដោយពុំមានរៀបរាប់អំពីធាតុផ្សំ និងមិនមានបញ្ជាក់អាជ្ញាប័ណ្ណ អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច 5. មិនមានការបញ្ជាក់ពីការនាំចូល ឬការផលិត 6.ពុំមានអាសយដ្ឋានរបស់រោងចក្រច្បាស់លាស់ និង7.តម្លៃមានលក្ខណៈថោកខុសពីធម្មតា៕

  • ការហូរចូលនូវភោជនីយដ្ឋាន ប្រ៊ែនដ៍ៗ (Brand) នឹងធ្វើឱ្យអ្នកក្នុងស្រុកកាន់តែប្រឹងពង្រឹងសមត្ថភាព

    ការហូរចូលនូវភោជនីយដ្ឋាន ប្រ៊ែនដ៍ៗ (Brand) នឹងធ្វើឱ្យអ្នកក្នុងស្រុកកាន់តែប្រឹងពង្រឹងសមត្ថភាព

    រយៈពេលជាងមួយឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា ភោជនីយដ្ឋានលំដាប់ស្ដង់ដារអន្ដរជាតិមានឈ្មោះល្បីៗបានកំពុងហូរចូលមកកាន់ទីផ្សារកម្ពុជា។ ការហូរចូលមកយ៉ាងគំហុកនេះត្រូវបានប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបញ្ជាក់ថា វាជារឿងល្អសម្រាប់ទីផ្សារក្នុងស្រុក។

    លោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា បច្ចុប្បន្នមានភោជនីយដ្ឋានលំដាប់អន្ដរជាតិបាន និងកំពុងតែហូរចូលមកកាន់ទីផ្សារកម្ពុជាជាបន្ដបន្ទាប់ ពិសេសនៅរាជធានីភ្នំពេញ។ ការហូរចូលបែបនេះពុំមានផលប៉ះពាល់ ឬជះឥទ្ធិពលដល់ភោជនីយដ្ឋានក្នុងស្រុកនោះទេ ព្រោះវានឹងធ្វើឱ្យភោជនីយដ្ឋានក្នុងស្រុកទាំងអស់បានសិក្សាស្វែងយល់ពីគេ ព្រមទាំងបានប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនផង។

    លោកបន្ដថា ៖ «នៅពេលនោះភោជនីយដ្ឋានក្នុងស្រុកធំ-តូចទាំងអស់ រួមទាំងអាហារដ្ឋានតាមផ្ទះនឹងមើលពីរបៀបរបបនៃការផ្ដល់សេវាកម្មរបស់គេ ពេលនោះហើយដែលវានឹងហុចអត្ថប្រយោជន៍ដល់អតិថិជនតាមរយៈការទទួលបានម្ហូបឆ្ងាញ់ មានអនាម័យ និងមានប្រយោជន៍ដល់សុខភាព ជាដើម។ ក្នុងករណីបើភោជនីយដ្ឋានក្នុងស្រុកមិនព្រមអភិវឌ្ឍខ្លួនទេនោះ អាជីវកម្មរបស់គាត់នឹងអាចជួបហានិភ័យ”។ បច្ចុប្បន្នគេសង្កេតឃើញមានភោជនីយដ្ឋានជាង140 បានចុះបញ្ជីនៅក្នុងសមាគមភោជនីយដ្ឋានកម្ពុជា។ បច្ចុប្បន្នមានភោជនីយដ្ឋានជាច្រើនបានបម្រើអាហារជាច្រើនមុខមកពីបណ្ដាប្រទេសផ្សេងៗគ្នា នៅលើពិភពលោកដូចជាមកពីចិន ជប៉ុន កូរ៉េ អឺរ៉ុប អ៊ីតាលី ជាដើម ប៉ុន្ដែត្រូវបានគេវាយតម្លៃថា កម្ពុជាបច្ចុប្បន្នមានចំណូលចិត្ដទទួលទានម្ហូបបែបចិនច្រើនជាងម្ហូបមកពីប្រទេសផ្សេងៗទៀត។

    ទោះជាយ៉ាងនេះក្ដីប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា ៖«បើទោះជាមានភោជនីយដ្ឋានលំដាប់ស្ដង់ដារអន្ដរជាតិមកកាន់ទីផ្សារក្នុងស្រុកច្រើន រួមជាមួយភោជនីយដ្ឋាននៅក្នុងស្រុកស្រាប់ក៏ដោយ ក៏នៅតែមិនទាន់អាចបំពេញតម្រូវការសម្រាប់អតិថិជនបានគ្រប់ដែរ»។

    ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា មូលហេតុធ្វើឱ្យភោជនីយដ្ឋានក្នុងប្រទេសកម្ពុជាពុំទាន់អាចបំពេញតម្រូវការរបស់អតិថជនបានគ្រប់គ្រាន់ ដោយសារតែបច្ចុប្បន្នប្រជាជនកម្ពុជាដែលមានអាយុក្រោម30 ភាគច្រើនបានផ្លាស់ប្ដូររបៀបរស់នៅដោយមានទម្លាប់ចេញមកទទួលទានអាហារខាងក្រៅ គួបផ្សំនឹងកំណើនភ្ញៀវទេសចរផងដែរ៕

  • វាយកូនមិនមែនជាវិធីបង្រៀនរបស់អាណាព្យាបាលដែលឆ្លាតវៃទេ

    វាយកូនមិនមែនជាវិធីបង្រៀនរបស់អាណាព្យាបាលដែលឆ្លាតវៃទេ

    អាណាព្យាបាលភាគច្រើនតែងតែបង្រៀនកូន ឬអប់រំកូនដោយការវាយ និងការគំរាមដើម្បីឱ្យកូនឈប់ធ្វើរឿងទាំងឡាយណាដែលពួកគាត់គិតថាមិនត្រឹមត្រូវ។ ការធ្វើបែបនេះ ត្រូវបានគេរកឃើញថាជាវិធីមិនត្រឹមត្រូវដែលអាចជះផលអវិជ្ជមានដល់កូនៗនៅថ្ងៃអនាគត ដូចជាធ្វើឱ្យកូនមានភាពភ័យខ្លាចច្រើន ខ្វះភាពជាអ្នកដឹកនាំ និងមិនហ៊ានសម្រេចចិត្តលើបញ្ហាសំខាន់ៗក្នុងជីវិតជាដើម។

    ខាងក្រោមនេះជាវិធីមួយចំនួនសម្រាប់អាណាព្យាបាលដើម្បីអប់រំកូនៗកុំឱ្យធ្វើខុស និងស្គាល់ពីកំហុសខ្លួនឯង។
    ១. ប្រាប់ហេតុផលឱ្យបានច្បាស់លាស់
    ជាទូទៅក្មេងដែលធ្វើខុសគឺបណ្តាលមកពីពួកគេមិនយល់ពីហេតុផល និងផលប៉ះពាល់នៃទង្វើរបស់ខ្លួន។ មានក្មេងខ្លះមិនទាំងដឹងថាហេតុអ្វីបានជាអាណាព្យាបាលវាយ ឬជេរស្តីលើរូបគេផង ព្រោះគេមិនដឹងថាសកម្មភាពដែលគេកំពុងធ្វើនេះជាអំពើខុសឆ្គងនោះទេ។ ជម្រើសល្អបំផុតសម្រាប់អាណាព្យាបាល គឺឧស្សាហ៍បង្រៀនកូនៗពីហេតុ និងផលនៃសកម្មភាពដែលខុសឆ្គង រួមទាំងបង្ហាញផ្លូវដែលល្អដល់កូនៗដើម្បីជាជម្រើសសម្រាប់ពួកគេ។

    ជាធម្មតានៅពេលដែលពួកគេយល់ច្បាស់ពីហេតុផលហើយ ក្មេងៗឆាប់ទទួលយកបំផុត នៅពេលនោះគេនឹងស្អប់អំពើអាក្រក់ ហើយថែមទាំងហ៊ានប្រដៅដល់មនុស្សចាស់ថែមទៀតផង នៅពេលដែលមនុស្សធំនោះភ្លេចខ្លួនធ្វើរឿងរ៉ាវណាដែលខុសឆ្គង។ បើកូនរបស់អ្នកស្ថិតក្នុងស្ថានភាពចាស់ទុំបែបនេះអ្នកប្រាកដជាលែងចង់វាយ ឬសម្លុតទៀតហើយ។

    ២. ត្រូវចេះលើកទឹកចិត្ត កុំចេះតែចាប់កំហុស
    អាណាព្យាបាលជាច្រើនគិតថា ការមិនសូវធ្វើល្អដល់កូនគឺកុំឱ្យកូនស្គាល់ចិត្ត ឬកុំឱ្យកូនបានចិត្តជាដើម។ ហេតុនេះនៅពេលដែលកូនធ្វើល្អ គាត់មិនបានបង្ហាញពីការគាំទ្រដល់កូននោះទេ តែនៅពេលដែលកូនធ្វើខុសគាត់បែរជាដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅវិញ។ ទង្វើបែបនេះ អាចធ្វើឱ្យអាណាព្យាបាលបង្រៀនកូនបានតែរូបភាពខាងក្រៅប៉ុណ្ណោះ កូនៗអាចគ្រាន់តែខ្លាច តែមិនគោរពនោះទេ។ រាល់សកម្មភាពមិនល្អគេគ្រាន់តែផ្អាកមួយរយៈនៅពេលដែលអាណាព្យាបាលស្ថិតនៅចំពោះមុខពួកគេ ហើយលួចធ្វើវិញនៅពេលដែលយើងមិននៅ។

    ចំណុចសំខាន់ដែលគួរធ្វើគឺ ចេះលើកទឹកចិត្តនៅពេលដែលកូនបានធ្វើល្អ ដើម្បីឱ្យពួកគេរក្សាបាននូវទង្វើទាំងអស់នោះ ហើយបង្រៀនពួកគេឱ្យស្គាល់ពីកំហុស និងហ៊ាននិយាយដោយត្រង់ថាទង្វើណាដែលមិនគួរធ្វើ ឬសកម្មភាពណាដែលយើងនឹងដាក់ពិន័យដល់ពួកគេប្រសិនបើគេធ្វើដដែលៗ។

    ៣. ធ្វើជាគំរូល្អដល់កូន
    អាណាព្យាបាលភាគច្រើនសម្លុតកូន នៅពេលដែលឃើញកូនប្រើសម្តីមិនល្អដាក់អ្នកដទៃ តែភ្លេចថាកូនចេះការប្រើភាសាមិនល្អនេះពីខ្លួនឯង ហេតុនេះ ដើម្បីមិនឱ្យកូនមានចំណុចខុសឆ្គងច្រើន អាណាព្យាបាលត្រូវកាត់បន្ថយកំហុសឆ្គងរបស់ខ្លួនឱ្យបានជាមុនសិន៕

  • Angelina Jolie ត្រៀមរើផ្ទះទៅនៅក្បែរអតីតស្វាមី Brad Pitt

    Angelina Jolie ត្រៀមរើផ្ទះទៅនៅក្បែរអតីតស្វាមី Brad Pitt

    មិនចិត្តដាច់ពេកទេ សម្រាប់កំពូលតារាសម្ដែងស្រីមេម៉ាយដូចជា Angelina Jolie ដែលនៅទីបំផុតក៏យល់ព្រមឱ្យអតីតស្វាមី Brad Pitt អាចជួបកូនៗបាន បើទោះបីជាកាលពីដំបូងអាចមានលក្ខខណ្ឌជាច្រើនមកតវ៉ា តែចុងក្រោយនេះ តារាសម្ដែងស្រីម្នាក់នេះ បានលះបង់ដល់ថ្នាក់រើផ្ទះដើម្បីទៅរស់នៅក្បែរគ្នាវិញ ។

    អ្នកម្ដាយកូន ៦នាក់រូបនេះ បានប៉ងទិញភូមិគ្រឹះថ្មីមួយក្នុងតម្លៃ ១៩លានផោនដ៍ ក្នុងទីក្រុង Los Feliz ដែលភូមិគ្រឹះថ្មីនេះ ស្ថិតនៅឆ្ងាយពីផ្ទះរបស់Brad Pitt នៅទីក្រុង LA ត្រឹមតែ ១.៦គីឡូម៉ែត្រ តែប៉ុណ្ណោះ ។ ប្រភពជិតស្និទ្ធនឹងតារាបបូរមាត់ស្អាតម្នាក់នេះ បាននិយាយថា “Angelina Jolie ចាប់អារម្មណ៍ចង់រើទៅរស់នៅក្បែរ Brad Pitt ដើម្បីឲ្យគាត់បានមកជួបកូនៗ បានងាយស្រួលឡើងវិញ ព្រោះពេលនេះ នាងស្នាក់នៅទីក្រុង ម៉ាលីប៊ូ ដែលវាហាក់ដូចជាឆ្ងាយពេកហើយសម្រាប់កូនៗរបស់ពួកគេ”។

    គួរបញ្ជាក់ផងដែរថា គូស្នេហ៍ Angelina Jolie និង Brad Pitt បានលែងលះគ្នាដោយសារតែ Angelina Jolie បានប្ដឹងចោទប្រកាន់ថា Brad Pitt បានប្រើអំពើហិង្សា​លើ​ Maddox ដែលជាកូនចញ្ចឹមរបស់ Angelina Jolie បានសុំពីប្រទេសកម្ពុជា៕

  • Monaco ជឿជាក់ខ្ពស់ មុនពេលប៉ះ Juventusនៅរាត្រីនេះ

    Monaco ជឿជាក់ខ្ពស់ មុនពេលប៉ះ Juventusនៅរាត្រីនេះ

    លោក Leonardo Jardimដែលជាគ្រូបង្វឹក កំពុងតែលើកទឹកចិត្តឲ្យក្រុម Monaco មានការជឿជាក់ នៅមុនពេលពួកគេត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងទីក្រុង Turin ជាកន្លែងដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមសេះបង្កង់ Juventus។

    បើទោះបីជាដេញតាមពីក្រោយក្នុងលទ្ធផល ២-០ ពីការប្រកួតជើងទី១កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែ ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Ligue 1 មួយនេះ នៅតែមានការជឿជាក់ ខណៈដែលពួកគេកំពុងតែផ្តោតទៅលើការប្រកួតរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅរាត្រីនេះ។ លោក Jardimគ្រូបង្វឹករបស់ Monaco បានឲ្យដឹងថា៖ «យើងត្រូវតែរក្សានូវការជឿជាក់ ត្រូវខិតខំលេងក្នុងការប្រកួតរបស់យើង និងបង្ហាញទម្រង់លេងឲ្យបានល្អ។ ប្រសិនបើយើងអាចរកគ្រាប់បាល់បញ្ចូលទីក្នុងពេលចាប់ផ្តើមប្រកួត អ្វីៗអាចនឹងមានការផ្លាស់ប្តូរ»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «យើងនឹងត្រូវតែវាយសម្រុកជាមួយនឹងស្មារតីដោយគ្មានសម្ពាធ។ ក្នុងជើងទី១ យើងមានចំនួននៃការស៊ុតបាល់សំដៅទីដូចក្រុម Juventusដែរ ប៉ុន្តែ ពួកគេមានភាពមុតស្រួចជាង។ ពិតណាស់ ពួកគេមានភាពចាស់ទុំជាងយើង ហើយយើងបានទទួលបរាជ័យ ដោយសារតែយើងមិនទទួលបានប្រយោជន៍ពីឱកាសក្នុងការស៊ុតបញ្ចូលទីរបស់យើង»។

    លោក Jardimបានបន្ថែមទៀតថា៖ «យើងត្រូវតែរក្សាការធ្វើឲ្យមានក្តីសង្ឃឹម ហើយគោលបំណងរបស់យើងគឺការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំពិតជាមានមោទនភាពចំពោះកីឡាកររបស់ខ្ញុំ និងអ្វីដែលពួកគេបានធ្វើនៅពេលនេះខ្លាំងណាស់ ទោះបីជាលទ្ធផលនៅយប់ថ្ងៃអង្គារនេះចេញមកបែបណាក៏ដោយ»។ ក្រុម Juventusបានបង្ហាញពីភាពរឹងមាំក្នុងតំបន់ការពារដ៏គួរឲ្យកត់សម្គាល់ ខណៈដែលពួកគេបានធ្វើការរាំងខ្ទប់ទាំងស្រុងទៅលើតំបន់ប្រយុទ្ធរបស់ Monaco ពិសេសពួកគេបានទម្លាក់ក្រុម Barcelona កាលពីជុំមុនរួចស្រេចទៅហើយ តាមរយៈការមិនបណ្តោយឲ្យ Lionel Messiនិងមិត្តរួមក្រុមរបស់គេ រកគ្រាប់បាល់បញ្ចូលទីបានសូម្បីតែមួយគ្រាប់។ Juventusបានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីចំនួន២គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៥លើកក្នុងចំណោមការប្រកួត១៥លើកចុងក្រោយក្នុងយុទ្ធនាការនេះ។ ក្រុមសេះបង្កង់មួយនេះ ក៏មិនទាន់ស្គាល់ចាញ់ផងដែរក្នុងការប្រកួតលើទឹកដីខ្លួនឯងក្នុងរយៈពេល ២០ខែកន្លងមកនេះ ខណៈដែលពួកគេរបូតគ្រាប់បាល់ត្រឹមតែ២គ្រាប់គត់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ចំនួន១១លើក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺយប់នេះ៕

    ប្រភពពី៖ The Guardian

  • តំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ រំពឹងអាចមានលំហូរសាច់ប្រាក់វិនិយោគរាប់រយលានដុល្លារ

    តំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ រំពឹងអាចមានលំហូរសាច់ប្រាក់វិនិយោគរាប់រយលានដុល្លារ

    ខណៈតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់របស់ក្រុមហ៊ុន Kerry Worldbridge Logistics ដាក់ឱ្យដំណើរការជាផ្លូវការនោះ ត្រូវបានថ្នាក់ដឹកនាំរំពឹងថា នៅពេលអនាគតឆាប់ៗខាងមុខនោះ តំបន់នេះនឹងផ្ដល់ការងារដល់ប្រជាជនកម្ពុជា និងមានលំហូរសាច់ប្រាក់វិនិយោគរាប់រយលានដុល្លារ។

    លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Kerry Worldbridge Logistics បានលើកឡើងថា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ វាជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការរីកចម្រើននៃវិស័យភ័ស្ដុភារ ដឹកជញ្ជូន និងភណ្ឌាគារគយមានដែនកំណត់ក្នុងកម្រិតស្ដង់ដារអន្ដរជាតិ ដូចបណ្ដាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។

    លោកឧកញ៉ាបន្ដថា សមិទ្ធផលនេះវាមិនមែនបង្កើតឡើងសម្រាប់តែប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ពោលគឺគម្រោងនេះវានឹងជួយបង្កើនសក្ដានុពលទីផ្សារពលកម្មជូនប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់ដែលអាចចាត់ទុកថា វាជាចលករដ៏សំខាន់មួយក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមជាតិទាំងមូល។

    ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Kerry Worldbridge Logistics បញ្ជាក់ថា៖”នៅពេលតំបន់សេដ្ឋកិច្ចពិសេសបានធ្វើប្រតិបត្ដិការការងាររបស់ខ្លួនពេញលេញ វានឹងអាចផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមិនតិចជាង2ម៉ឺននាក់ឡើយ។ ពិសេសវានឹងអាចទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគផ្ទាល់ពីបរទេសមកបណ្ដាក់ទុននៅទីនេះដែលធ្វើឱ្យមានលំហូរសាច់ប្រាក់វិនិយោគមិនតិចជាង300លានដុល្លារអាមេរិកឡើយ”។

    គួរបញ្ជាក់ថា គម្រោងធុរកិច្ចរបស់ក្រុមហ៊ុន Kerry Worldbridge Logistics បានបើកការដ្ឋានសាងសង់តាំងពីខែកក្កដា ឆ្នាំ2015 ក្រោមទុនវិនិយោគ100លានដុល្លារដែលក្រុមហ៊ុនបានចំណាយសាច់ប្រាក់អស់ប្រមាណ60លានដុល្លារអាមេរិកទៅលើផ្នែកទី1នៃគម្រោង។

    បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះបានដាក់ឱ្យដំណើរការជាផ្លូវការដោយបានសម្រិតសម្រាំងធនធានមនុស្សដ៏មានសមត្ថភាពដែលមានបទពិសោធការងារជាយូរឆ្នាំដើម្បីបម្រើការងារដូចជា ការដឹកជញ្ជូន ការចល័ត ការផ្ទេរ និងការរក្សាទំនិញសព្វសារពើររបស់អតិថិជនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕

  • ភ្លើងអគ្គិសនីនៅខេត្តស្ទឹងត្រែងត្រូវបានបញ្ចុះតម្លៃជាង50%

    ភ្លើងអគ្គិសនីនៅខេត្តស្ទឹងត្រែងត្រូវបានបញ្ចុះតម្លៃជាង50%

    អាជ្ញាធរអគ្គិសនីកម្ពុជាបានសម្រេចបញ្ចុះតម្លៃភ្លើងអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងសហគ្រាសនានានៅខេត្តស្ទឹងត្រែង មកនៅត្រឹម 1000រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈដែលតម្លៃកាលពីមុនខ្ពស់រហូតដល់2100រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

    មន្រ្តីនៃអាជ្ញាធរអគ្គិសនីបានឱ្យដឹងថា កាលពីពេលថ្មីនេះមន្ត្រីជំនាញការិយាល័យថាមពល និងប្រេងកាតបានចុះទៅពិនិត្យមើលការតភ្ជាប់បណ្តាញចរន្តអគ្គិសនីឲ្យទៅសេវាករ ហ៊ុយ ចេង ដើម្បីបានផ្គត់ផ្គង់ការប្រើប្រាស់អគ្គិសនីប្រភពពីបណ្តាញ​តង់ស្យុងមធ្យម 22kV របស់អង្គភាពអគ្គិសនីខេត្តស្ទឹងត្រែងដែលនឹងត្រូវបានបញ្ចុះតម្លៃពី 2100៛ / kWh មកត្រឹម 1000៛/kWh ទៅតាមការកំណត់ថ្លៃជាថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលពលរដ្ឋអ្នកប្រើប្រាស់សេវាកម្មអគ្គិសនីក្នុង​ដែន​អាជ្ញាបណ្ណរបស់សេវាករ ហ៊ុយ ចេង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនឹងបានទទួលតម្លៃអគ្គិសនីតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល ដោយកាលពីពេលមុនសេវាករផ្គត់ផ្គង់អគ្គិសនីតាមរយៈម៉ាស៊ីនឌីយេហ្ស៊ែល(ឯកជន) ដែលមានតម្លៃដើមផលិតថ្លៃខ្លាំង តែពេលនេះគឺសេវាករបានទទួលពីបណ្តាញអគ្គិសនីមានតម្លៃថោកជាងពីពេលមុន។

    យ៉ាងណាក៏ដោយ ការបញ្ចុះតម្លៃភ្លើងខាងលើត្រូវបានគេមើលឃើញថា នៅតែមានតម្លៃខ្ពស់ជាងនៅតាមបណ្តាខេត្តមួយចំនួនទៀតដដែល ខណៈដែលរដ្ឋាភិបាលបានប្រកាសបញ្ចុះតម្លៃភ្លើងនៅទូទាំងប្រទេសមកនៅត្រឹមតែជាង 300រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ៕