Author: វល័ក្ខ

  • សេន ប៊ុនថេន និង មឿន សុភា នាំខ្សែក្រវាត់ចំនួន ២ និងពាន ១គ្រឿងពីប្រទេសបារាំង មកជូនកម្ពុជា

    សេន ប៊ុនថេន និង មឿន សុភា នាំខ្សែក្រវាត់ចំនួន ២ និងពាន ១គ្រឿងពីប្រទេសបារាំង មកជូនកម្ពុជា

    កាលពីល្ងាចម្សិលមិញនេះ ក្រុមអត្តពលិករួមជាមួយនឹងថ្នាក់ដឹកនាំកីឡាប្រដាល់ក្បាច់គុនខ្មែរ បាន អញ្ជើញទៅទទួលស្វាគមន៍ កីឡាករ សេន ប៊ុនថេន និង មឿន សុភា នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ដោយពួកគេទាំងពីរបានប្រកួតឈ្នះម្ចាស់ផ្ទះបារាំង ដណ្ដើមបានខ្សែក្រវាត់ ២ និង ពាន១គ្រឿង មកជូនកម្ពុជា។ ខណៈដែលកីឡាករ ឡៅ ចន្ទា្រ បានបរាជ័យ មិនអាចយកខ្សែក្រវាត់មកជូនជាតិ និងអ្នកគាំទ្របាន។

    កីឡាករបីរូបនេះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់មិត្តភាពអន្តរជាតិ នៅលើទឹកដីនៃប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប ខណៈកីឡាករ មឿន សុភា និង សេន ប៊ុនថេន បានផ្តួលគូប្រកួត គឺកីឡាករម្ចាស់ផ្ទះបារាំង ដើម្បីឈ្នះខ្សែក្រវាត់បានម្នាក់១ដូចគ្នា។

    លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ លទ្ធផលដ៏ល្អប្រសើរខាងលើ គឺជាសញ្ញាណមួយដ៏ល្អ សម្រាប់វិស័យកីឡាគុនខ្មែរ ដែលត្រៀមបង្ហាញវត្តមានលើកដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ ។


    ដោយឡែកកីឡាករ ម៉ឺន សុភា និង ឡៅ ចន្ទ្រា ដែលជាបេក្ខភាពជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០១៧នេះ បានលើកឡើងថា ការប្រកួតនៅបារាំង មានឧបសគ្គមួយចំនួនបានកើនឡើង ប៉ុន្ដែក្នុងនាមកីឡាករកម្ពុជា ពួកគេបានព្យាយាមយ៉ាងខ្លាំង ទម្រាំដណ្ដើមបានជ័យជម្នះជូនជាតិ លើកលែងតែ ឡៅ ចន្ទ្រា ដែលវាយខុសបច្ចេកទេស ត្រូវបានអាជ្ញាកណ្ដាលកាត់សេចក្ដីឲ្យចាញ់ ។ ប៉ុន្ដែយ៉ាងណាពួកគេ បានប្ដេជ្ញាបង្កើនការហ្វឹកហាត់ឲ្យបានកាន់តែល្អប្រសើរឡើងទៀត ដើម្បីត្រៀមស៊ីហ្គេម នាខែសីហាខាងមុខ ។

    ចំណែកកីឡាករ សេន ប៊ុនថេន ដែលដណ្ដើមបានខ្សែក្រវាត់ ១គ្រឿងដែរនោះ បាននិយាយថា ខ្លួនមិននឹកស្មានថាអាចយកឈ្នះកីឡាករម្ចាស់ផ្ទះបារាំងដើម្បីក្លាយជាម្ចាស់ក្រវាត់បែបនេះទេ ។ ប៉ុន្ដែទោះជាបែបនេះក្ដី នេះគឺជាការប្រកួតលើកចុងក្រោយរបស់ខ្លួនហើយ ដោយលោកប្រាថ្នាចង់ធ្វើជាគ្រូបង្វឹកវិញម្ដង និងបញ្ឈប់ការឡើងសង្វៀនទៀតហើយ ។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកួតរបស់ពួកគេបានបញ្ចប់រួចនោះ កីឡាករទាំងបីនាក់បានស្នាក់នៅប្រទេសបារាំងដើម្បីធ្វើការហ្វឹកហាត់បន្ថែមទៀត ហើយពួកគេបានចែករំលែកបទពិសោធរបស់ខ្លួនជាមួយកីឡាករក្នុងក្លឹបប្រដាល់មួយចំនួននៅក្នុងប្រទេសនោះ។ សូមជម្រាបផងដែរថា កីឡាករ២រូបក្នុងចំណោម ៣រូបនោះគឺ មឿន សុភា និង ឡៅ ចន្រ្ទា ត្រូវធ្វើការហ្វឹកហាត់ដើម្បីត្រៀមចេញទៅប្រកួតនៅ SEA GAME 2017 នៅទីក្រុងគូឡាឡាំពួ នៃប្រទេស ម៉ាឡេស៊ីខាងមុខនេះផងដែរ៕

  • លោក Simeone ជំរុញឲ្យ Atletico ផ្តល់ការខកចិត្តដល់ Real ម្តង នៅរាត្រីនេះ

    លោក Simeone ជំរុញឲ្យ Atletico ផ្តល់ការខកចិត្តដល់ Real ម្តង នៅរាត្រីនេះ

    លោក Diego Simeone បានលើកទឹកចិត្តឲ្យក្រុម Atletico Madrid ជម្នះលើឧបស័គ្គ ក៏ដូចជាសំណាងអាក្រក់ផ្សេងៗឱ្យបាន នៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមដែលស្ថិតក្នុងទីក្រុងតែមួយជាមួយគ្នាគឺ Real Madrid នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នាកីឡដ្ឋាន Vicente Calderon នារាត្រីនេះ។

    Atletico នឹងត្រូវជួបការងារដ៏ធំមួយក្នុងការស្រោចស្រង់ពីការរងបរាជ័យ ៣-០ ក្នុងការប្រកួតជើងទី១កាលពីសប្តាហ៍មុន ប្រសិនបើពួកគេចង់គេចឲ្យផុតពីការធ្លាក់ចេញពីយុទ្ធនាការនេះជាលើកទី៤ជាប់ៗគ្នា ក្រោមស្នាដៃក្រុម Real។ ក្រុមយក្សអេស្ប៉ាញ Real បានទម្លាក់ក្រុម Atletico បីរដូវកាលជាប់ៗគ្នាក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប ក្រោយពីបានយកឈ្នះលើគូប្រកួតរបស់ពួកគេ ៤-១ នៅនាទីបន្ថែម១៥នាទីពីរដងនៃវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៤ មុននឹងយកឈ្នះលើក្រុម Atletico ម្តងទៀត ក្នុងលទ្ធផលទាំងពីរជើង ១-០ វគ្គ៨ក្រុមចុងក្រោយ ឆ្នាំ២០០១៥។ Atletico បានបន្តជួបការខកចិត្តពេលប៉ះ Real ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ដ Champions League កាលពីឆ្នាំ២០១៦ ដែលកាលនោះ ពួកគេបានរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ បន្ទាប់ពីរយៈពេល១៥នាទីពីរដង។

    នៅមុនពេលឈានទៅកាន់ការប្រកួតនៅថ្ងៃនេះ លោក Simeone បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា៖ «វាពិតជាលំបាកណាស់ វាលំបាកក្នុងការលើកទឹកចិត្តដល់កីឡាករក្នុងការប្រកួតមួយបែបនេះ។ យើងបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតលីក និងក្នុងការប្រកួតជើងទី១។ យើងក៏ធ្លាប់រងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ២លើកផងដែរ ហេតុនេះ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ»។

    គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែការពារឲ្យបានល្អនៅថ្ងៃនេះ។ ភាពរឹងមាំក្នុងតំបន់ការពារ នឹងរក្សាក្តីសង្ឃឹមរបស់យើងបានក្នុងការប្រកួតនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
    ប្រភពពី៖ Daily Star

  • តំណាងកម្ពុជា២ក្រុមប៉ះម្ចាស់ផ្ទះសិង្ហបុរី ក្នុងការប្រកួត RHB Singapore Cup 2017

    តំណាងកម្ពុជា២ក្រុមប៉ះម្ចាស់ផ្ទះសិង្ហបុរី ក្នុងការប្រកួត RHB Singapore Cup 2017

    នេះជាព្រឹត្តិការណ៍ប្រកួតដ៍អស្ចារ្យមួយ ដែលក្រុមណាហ្គាវើល និង បឹងកេត បានទទួលបានសិទ្ធិពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ធ្វើជាអ្នកតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតដណ្ដើមពានរង្វាន់ RHB Singapore Cup 2017 នៅប្រទេសសិង្ហបុរី នាចុងខែឧសភានេះ។

    យោងតាមលទ្ធផលចាប់ឆ្នោតកាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមជើងឯកលីកកំពូលកម្ពុជា២ជំនាន់ បឹងកេត ត្រូវជួបក្រុមកំពុងឈរលេខរៀងទី៤ នៃលីកកំពូលសិង្ហបុរី គឺក្រុម Warriors FC ខណៈក្រុមណាហ្គាវើល ត្រូវជួបក្រុម Balestier Khalsa ដែលកំពុងឈរលេខរៀងទី៧ ក្នុងក្របខណ្ឌលីកកំពូលសិង្ហបុរីបច្ចុប្បន្ន ។

    នេះជាការប្រកួតបាល់ទាត់ពានរង្វាន់ RHB Singapore Cup 2017 ដោយក្រុមតំណាងកម្ពុជាទាំងពីរ ត្រូវជួបក្រុមម្ចាស់ផ្ទះសិង្ហបុរីដូចគ្នា នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ។ នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុមបឹងកេត និងណាហ្គាវើលចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយនេះ ពោលគឺនេះជាលើកទី២ហើយ សម្រាប់ក្រុមបឹងកេត តែជាលើកទី៣ សម្រាប់ក្រុមណាហ្គាវើល ។

    ប៉ុន្ដែការចូលរួមលើកចុងក្រោយដោយក្រុមណាហ្គាវើល កាលពីឆ្នាំ២០១៦កន្លងទៅ គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងក្រុម Global របស់ហ្វីលីពីន ដោយចាញ់ក្នុងលទ្ធផល ៥-០ ៕

  • លោកថោង ខុន៖ ការអភិវឌ្ឍអត្តពលិកថ្នាលវ័យក្មេង ហាក់បីដូចជាចំណេះដឹងថ្មីសម្រាប់គ្រូបង្វឹក

    លោកថោង ខុន៖ ការអភិវឌ្ឍអត្តពលិកថ្នាលវ័យក្មេង ហាក់បីដូចជាចំណេះដឹងថ្មីសម្រាប់គ្រូបង្វឹក

    ប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) លោកថោង ខុន បានថ្លែងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាមួយកាលពីល្ងាចម្សិលមិញនេះនៅទីស្នាក់ការ NOCC ក្នុងវគ្គ អភិវឌ្ឍន៍អត្តពលិកថ្នាល និងរបៀបដឹកនាំជាក្រុម ដែលមានរយៈពេលសិក្សា ៤ថ្ងៃ។


    វគ្គសិក្សានេះ NOCC បានអញ្ជើញគ្រូជំនាញពីជប៉ុន និង អាល្លឺម៉ង មកបង្រៀនដល់សិក្ខាកាមចំនួន៧០នាក់មកពីបណ្តាសហព័ន្ធកីឡាទាំងអស់ដើម្បីពង្រឹង និងពង្រីកលើការអភិវឌ្ឍអត្តពលិកថ្នាល និងរបៀបដឹកនាំជាក្រុម ដើម្បីកុំឱ្យមានបញ្ហា និងទទួលបានជោគជ័យសម្រាប់ដំណើរឆ្ពោះទៅកាន់ឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA GAME នៅឆ្នាំ២០២៣។

    លោកបានមានប្រសាសន៍បែបនេះថា៖ ការអភិវឌ្ឍអត្តពលិកថ្នាល ហាក់បីដូចជាចំណេះដឹងថ្មីមួយសម្រាប់គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសកីឡាទាំងអស់នៅពេលនេះ ពីព្រោះកន្លងមកយើងបណ្តុះបណ្តាលតែជំនាញលើអត្ត ពលិកពេញវ័យ ហើយការអនុវត្តសកម្មភាពហ្វឹកហាត់ភាគច្រើនសង្កត់ធ្ងន់ទៅលើតែក្រុមជម្រើសជាតិពេញវ័យ បើទោះបីប្រភេទកីឡាខ្លះទើបនឹងមានក្រុមអត្តពលិកថ្នាលវ័យក្មេងក៏ដោយ ក៏ចំណេះដឹងជំនាញបង្ហាត់មិនទាន់ច្បាស់លាស់នៅឡើយ ក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំកន្លងមកនេះ។

    លោកបន្តថា៖ កិច្ចការជំនាញរឹង សហព័ន្ធកីឡាជាតិនីមួយៗត្រូវប្រាកដថាមន្រ្តីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ពិតជាបានឆ្លងកាត់ការបណ្តុះបណ្តាល និងការហាត់ហ្វឹកហ្វឺនពិតប្រាកដទើបមានលក្ខណៈរឹងមាំផ្នែកបច្ចេកទេសកីឡាជំនាញ។ ចំណែកឯកិច្ចការជំនាញទន់ សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវប្រាកដថា ថ្នាក់ដឹកនាំពិតជាឈរលើទស្សនៈភាពជាអ្នកដឹកនាំ “Leadership” គ្រប់គ្រាន់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មការងារកីឡារបស់ខ្លួន ដោយស្មារតីក្រុម “Team Spirit” ស្មារតីសហការ “Cooperation Spirit” ស្មារតីទទួលខុសត្រូវប្រកបដោយអភិបាលកិច្ចល្អ “Good Governance” ក្នុងកិច្ចការប្រចាំថ្ងៃរបស់សហព័ន្ធកីឡាជាតិនីមួយៗ។

    លោកសង្កត់ធ្ងន់ថា៖ សម្រាប់ខ្លួនខ្ញុំផ្ទាល់សង្ឃឹមថា សិក្ខាសាលានេះនឹងអាចផ្ដល់នូវពុទ្ធិថ្មី បច្ចេកទេសថ្មី ឥរិយាបថដឹកនាំថ្មី ដល់សិក្ខាកាមទាំងអស់យកទៅបម្រើការងារសហព័ន្ធកីឡាជាតិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពឈានទៅរកឧត្តមភាពកីឡាជំនាញនីមួយៗនាការប្រកួតកីឡា SEAGames ឆ្នាំ ២០២៣ នៅកម្ពុជា។

    គួរបញ្ជាក់ផងដែរថា វគ្គនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ នៅទីស្នាក់ការNOCCផ្ទាល់៕

  • អ៊ីយ៉ា! វីជេ អាណូ ក្លាយជាថៅកែលក់ឡានទៀត ក្រោយវិលចូលសិល្បៈវិញជោគជ័យជិត ១ឆ្នាំ

    អ៊ីយ៉ា! វីជេ អាណូ ក្លាយជាថៅកែលក់ឡានទៀត ក្រោយវិលចូលសិល្បៈវិញជោគជ័យជិត ១ឆ្នាំ

    ភ្នំពេញៈ ក្រោយពីបានវិលមកស្រុកខ្មែរបានប្រមាណជិតមួយឆ្នាំសោះ ក៏ស្រាប់តែអតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ វីជេ អាណូ ដែលមានឈ្មោះពិតកញ្ញា សួន ភក្តី កាក់កបខ្លាំងទាំងការងារសិល្បៈ និងទាំងការងាររកស៊ីផ្ទាល់ខ្លួនបើកហាងលក់បាយ «Christian បាយសាច់ជ្រូកអាំង» និងឥឡូវនេះ ស្រាប់តែប្រកាសសេវាកម្មលក់ឡានប្រើវិធីបង់រំលោះទៀតផង។ កាលពីព្រឹកមិញនេះ វីជេ អាណូ បានបង្ហោះសារផ្សាយលក់ឡានម៉ាកហាយឡេនឌឺរស៊េរីឆ្នាំ២០០៣ ថា៖ «Highlander o3 មានសេវាកម្មបង់រំលោះចា!»។


    សម្រាប់ការងារសិល្បៈវិញ បើតាមប្រភពខ្សឹបខ្សៀវថា ហេតុតែនាងជាស្រីស្អាតគ្រាន់តែថតស្ប៉តពាណិជ្ជកម្មឲ្យសម្អាងការត្រឹមតែប្រមាណ ១០ ឈុតសោះគឺកញ្ញាទទួលបានតម្លៃខ្លួនដល់ទៅ ៨០០ ដុល្លារ ខណៈថតកុនវិញនាងស៊ីថ្លៃដល់ទៅ ៣០០០ ដុល្លារ ឯណោះក្នុងមួយរឿង។

    កញ្ញា សួន ភក្តី ហៅវីជេ អាណូ បានបកស្រាយយ៉ាងខ្លីថា៖ «ដំណឹងនោះដូចជាមិនអ៊ីចឹងទេបង! រាល់ការលើកឡើងគឺមិនពិតឡើយ។ សុំទោសផងបង! នាពេលនេះ នាងខ្ញុំជាប់រវល់ថត រហូតដល់ពេលល្ងាចឯណោះទើបអាចទំនេរបាន!»។ គួរបញ្ជាក់ថា កញ្ញា អាណូ បានវិលមកស្រុកខ្មែរវិញកាលដើមខែកក្កដា ឆ្នាំ ២០១៦ នេះ បន្ទាប់ពីបានឃ្លាតកាយឆ្ងាយពីសិល្បៈជិត ១០ ឆ្នាំ រស់នៅលើទឹកដីសហរដ្ឋអាមេរិក៕

  • បច្ចេកវិទ្យាថ្មី ដាំបន្លែលើទឹកទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ

    បច្ចេកវិទ្យាថ្មី ដាំបន្លែលើទឹកទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ

    កសិករខ្មែរតែងទម្លាប់ដាំដំណាំនៅលើដី ហើយពេលខ្លះត្រូវប្រើជីគីមី ទើបទទួលបានផលល្អសម្រាប់លក់នៅលើទីផ្សារ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើន កសិករសម័យថ្មី បានសាកល្បងដាំបន្លែនៅលើទឹកវិញម្តង ហើយទទួលបានផលល្អប្រសើរ និងមានការគាំទ្រខ្លាំងនៅលើទីផ្សារទៀតផង។


    លោក ម៉ាន់ សុផល កសិករសម័យថ្មីដែលបានរៀបចំបច្ចេកវិទ្យាដាំបន្លែលើទឹក ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅមានប្រសាសន៍ថា ការដាំបន្លែលើទឹកពិតជាទទួលបានការគាំទ្រច្រើននៅលើទីផ្សារមែន និងមិនហ៊ានទទួលការបញ្ជាទិញ ពីម៉ូយកុម្ម៉ង់ទិញមួយចំនួនទៀតផងព្រោះខ្លាចផ្គត់ផ្គង់មិនគ្រប់គ្រាន់។

    លោកប្រាប់ពីមូលហេតុដែលនាំឱ្យមានការគាំទ្រដូច្នេះថា « បន្លែលើទឹកនេះ យើងមិនប្រើថ្នាំគីមីដើម្បីសម្លាប់សត្វល្អិត មិនចាំបាច់ដាក់ជីគីមីដូចបន្លែលើដីផ្ទាល់ ដែលនាំឱ្យប៉ះពាល់សុខភាពទាំងអ្នកដាំ និងអ្នកទទួលទានឡើយ មិនតែប៉ុណ្ណោះវាបានជួយសម្អាតបរិស្ថាន ជុំវិញកន្លែងរស់នៅរបស់យើងទៀតផង ដោយសារបន្លែលើទឹកមិនមានសត្វល្អិតឬដង្កូវមកយាយីដូចបន្លែលើដីនោះទេ»។

    ឈរបង្ហាញបន្លែបណ្តើរនិយាយបណ្តើរ លោក សុផល បន្តថា សម្រាប់វិធីដាំបន្លែតាមរបៀបបច្ចេកវិទ្យាថ្មីនេះ ពិតជាចំណេញទាំងកម្លាំងទាំងពេលវេលា មិនចាំបាច់ត្រូវការដីធំទូលាយមិនចាំបាច់ត្រូវការធ្វើដី មិនបាច់ហត់នឿយបោចស្មៅ និងប្រើរយៈពេលខ្លីទៀតផង «ប្រសិនបើបន្លែសាលាដដែលជាពូជមកពីបរទេសវិញនោះ គឺប្រើរយៈពេលចាប់តាំងពីបណ្តុះ រហូតដល់ពេលប្រមូលផលតែពី 40ទៅ45ថ្ងៃ តែបើពូជបន្លែក្នុងស្រុក មានដូចជាស្ពៃគ្រប់ប្រភេទ និងខាត់ណាវិញនោះ ប្រើពេលវេលាចន្លោះពី 20ទៅ25ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបានហើយ»។

    ចំពោះការបណ្តុះកូន គេត្រូវយកគ្រាប់ពូជមកបណ្តុះជាមួយអេប៉ុងរយៈពេល 2យប់2ថ្ងៃ ឬក៏3យប់3ថ្ងៃ ទើបយកវាដាក់ឱ្យត្រូវពន្លឺថ្ងៃ តែបើថ្ងៃក្តៅខ្លាំងត្រូវយកចូលម្លប់វិញ រយៈពេលមួយសប្តាហ៍ទើបយកទៅដាក់ដាំ ក្នុងប្រព័ន្ធទុយោដែលយើងបានរៀបចំទុកជាស្រេច។ ដែលក្នុងប្រព័ន្ធទុយោនោះ យើងបានដាក់បញ្ជូលទឹកដែលមានដាក់លាយជីប្រភេទAB ហើយធ្វើឱ្យប្រពន្ធទឹកក្នុងទុយោរត់វិលចុះឡើងជានិច្ច ដើម្បីកុំឱ្យពេលថ្ងៃក្តៅខ្លាំង ទឹកនឹងឡើងកម្តៅដែលធ្វើឱ្យបន្លែលូតលាស់យឺត។

    លោកបានបន្តថា ប្រសិនបើយើងដាំបន្លែតាមរបៀបបុរាណវិញនោះ ក្នុងផ្ទៃដីមួយហិកតាយ៉ាងហោចណាស់ ក៏ត្រូវការអ្នកស្រោចទឹកមើលថែពី 4ទៅ 5នាក់ដែរ តែបើដាំតាមបែបសម័យបច្ចេកវិទ្យាលើផ្ទៃទឹកនេះវិញ មិនចាំបាច់ប្រើកម្លាំងមនុស្សច្រើនដូច្នោះទេ តែម្នាក់ឯងគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ហើយបន្លែដែលដាំនៅលើទឹកនេះ ធានាបាននូវគុណភាពល្អគ្មានការឆ្លងរោគពីដី គ្មានសត្វល្អិតបំផ្លាញ គ្មានដង្កូវស៊ី មិនបាច់ប្រើថ្នាំគីមី មានសុខភាពល្អទាំងអ្នកដាំទាំងអ្នកបរិភោគ កាត់បន្ថយសារធាតុគីមីពុល ដែលកើតចេញពីការប្រើថ្នាំសម្លាប់សត្វល្អិត ជួយឱ្យបរិស្ថានល្អប្រកបដោយភាពស្រស់ស្រាយ ហើយអ្វីដែលជាចំណុចល្អមួយទៀតនោះ មិនបាច់ចំណាយប្រាក់ទៅទិញជីដើម្បីកែប្រែដី មិនបាច់ទិញថ្នាំមកបាញ់លើបន្លែដើម្បីសម្លាប់សត្វល្អិតនោះទេ ហើយដាំបានរហូតមិនរើសរដូវកាល ដូចដាំតាមវិធីចាស់នៅលើដីនោះឡើយ។

    លោក ម៉ាន់ សុផល បានធ្វើការប្រៀបធៀបផងដែរថា សព្វថ្ងៃនេះដោយសារលោកមានដីតូចចង្អៀត ដាំនៅតែក្នុងបរិវេណផ្ទះវីឡារបស់លោកបានតែ 4ថ្នាលប៉ុណ្ណោះ ដែលរោងថ្នាលមួយត្រូវសង់ជា2ជាន់ ហើយដាំតែបន្លែប្រភេទសាលាដដែលជាពូជដែលជនបរទេសចូលចិត្ត ដើម្បីផ្គត់ផ្គង់ដល់ភោជនីយដ្ឋានតែប៉ុណ្ណោះ ដែលក្នុងរយៈពេលមួយខែ អាចទទួលបានទិន្នផលគិតជាមធ្យម ជាង100គីឡូក្រាម និងមួយគីឡូក្រាមក្នុងតម្លៃ 3 ដុល្លារ។

    ក្នុងការដាំបន្លែលើទឹកនេះ កសិករត្រូវចំណាយដើមទុនច្រើនបន្តិចសម្រាប់ទិញទុយោធ្វើថ្នាល និងទិញសំណាញ់ ឬដែកធ្វើរោង ប៉ុន្តែកសិករចំណាយតែម្តងប្រើបានច្រើនឆ្នាំ ហើយក្នុងរោងបន្លែមួយភ្ជាប់ទាំងឧបករណ៍រួចជាស្រេច ដែលមានទំហំទទឹង1,2ម៉ែត្រ និងបណ្តោយ4ម៉ែត្រមានតម្លៃជាង500ដុល្លារ ដែលដាំមួយសាអាចទទួលបានផលន្លោះពី 15ទៅ 20គីឡូក្រាម ហើយអាចប្រើប្រាស់បានរហូតដល់ទៅ 5 ឬ 10ឆ្នាំឯណោះ ហើយបើធ្វើការគណនាទៅនោះគឺមិនថ្លៃទេ។ ម្ចាស់កសិដ្ឋានដដែលបានប្រាប់ឱ្យដឹងទៀតដែរថា សព្វថ្ងៃនេះបណ្តាអង្គការនានាមានការចាប់អារម្មណ៍ខ្លាំងណាស់ ក្នុងនោះប្រជាពលរដ្ឋ ក៏បានមកកុម៉្មង់ទិញថ្នាលបន្លែនេះច្រើនដែរ ពិសេសទិញជាលក្ខណៈគ្រួសារ ព្រោះតែគេមិនចង់បានបន្លែដែលទិញពីផ្សារដែលពោរពេញទៅដោយសារធាតុគីមីប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

    យ៉ាងណាក៏ដោយអតិថិជនមួយចំនួន និយាយថាការទទួលទានបន្លែលើទឹក ពិតជាមិនមានសារធាតុគីមីប៉ះពាល់សុខភាពក៏ពិតមែន ប៉ុន្តែវាហាក់មិនសូវមានរសជាតិឆ្ងាញ់ដូចបន្លែសរីរាង្គ(គ្មានជាតិគីមី)ដែលគេដាំលើដីផ្ទាល់នោះទេ តែយ៉ាងណាក៏ដោយ ក៏វាប្រសើរជាងការទិញបន្លែតាមទីផ្សារដែលនាំចូលពីប្រទេសជិតខាងនោះដែរ៕

  • Man Utd នឹងធ្វើតេស្តទៅលើ Spurs លើសំណើសុំទិញ Dier ក្នុងតម្លៃខ្លួន ៤០លានផោន

    Man Utd នឹងធ្វើតេស្តទៅលើ Spurs លើសំណើសុំទិញ Dier ក្នុងតម្លៃខ្លួន ៤០លានផោន

    Eric Dier កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការក្លាយជាកីឡាករដំបូងគេរបស់ក្រុមមាន់ខ្នាយមាស Tottenham Hot Spurs ដើម្បីសាកល្បងទៅលើគោលនយោបាយដ៏តឹងរ៉ឹងរបស់លោក Daniel Levy ដែលជាប្រធានក្លិប។

    ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះ ទើបតែបានចុះហត្ថលេខាលើកុងត្រារយៈពេល ៥ឆ្នាំដែលផ្តល់ចំណូល ៥ម៉ឺនផោន (ស្មើនឹង៦,៥ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ក្នុងក្លិប Spurs កាលពីខែកញ្ញា ប៉ុន្តែ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United ជឿជាក់ថា ការដេញថ្លៃទិញក្នុងទឹកប្រាក់ ៤០លានផោន (ស្មើនឹង៥១,៨លានដុល្លារអាមេរិក) គួរតែគ្រប់គ្រាន់ហើយក្នុងការទាញយករូបគេចេញកីឡដ្ឋាន White Hart Lane។ Dier បានផ្ទេរទៅកាន់ក្លិប Spurs ដោយចេញពីក្លិប Sporting Lisbon កាលពីខែសីហា ឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន៤លានផោន និងបានធ្វើការប្រជែងដណ្តើមតំណែងជាមួយនឹងកីឡាករ Victor Wanyama ដែលបានផ្ទេរទៅ Spurs កាលពីរដូវកាលមុននេះដែរ។

    ប៉ុន្តែ ទោះបីជាយ៉ាងណាលោក Levy បានរៀបចំយ៉ាងល្អកាលពីដើមរដូវកាលនេះ តាមរយៈការរក្សាទុកកីឡាករសំខាន់ៗតាមរយៈការផ្តល់កុងត្រារយៈពេលវែង។ បច្ចុប្បន្ន លោកកំពុងតែព្រមានថា ពួកគេមិនអាចរំពឹងទុកថា នឹងទទួលបានការដំឡើងប្រាក់បៀវត្សរ៍ឡើយ បើទោះបីមានក្លិបផ្សេងកំពុងតែចាប់អារម្មណ៍លើពួកគេក៏ដោយ។

    ក្លិប Manchester City ចង់ទិញយកខ្សែការពារ Kyle Walker និងខ្សែបម្រើ Danny Rose ដែលទទួលបានចំណូល៧ម៉ឺនផោន ក្នុងមួយសប្តាហ៍ដូចគ្នា ប៉ុន្តែ លោក Levy បានប្រាប់អ្នកគាំទ្ររបស់ Tottenham ថា លោកមិនមានគម្រោងលក់កីឡាករទាំងពីរឡើយ៕

  • កម្ពុជា-ចិន ប្រឹងបង្កើនកិច្ចសហប្រតិបត្ដិការ ដើម្បីទាក់ទាញវិនិយោគិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

    កម្ពុជា-ចិន ប្រឹងបង្កើនកិច្ចសហប្រតិបត្ដិការ ដើម្បីទាក់ទាញវិនិយោគិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

    គ្រាដែលវិទ្យាស្ថានបច្ចេកទេស បណ្ដុះបណ្ដាលវិជ្ជាជីវៈក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍជិតរួចរាល់ហើយនោះ ភាគីប្រទេសចិនតំណាងឱ្យខេត្តជាំងស៊ូ បានអះអាងថា នឹងខិតខំធ្វើកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្ដាក់ទុននៅក្នុងតំបន់មួយនេះឱ្យបានច្រើន។


    បន្ទាប់ពីមានជំនួបរវាងឯកឧត្ដមអិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង ឯកឧត្ដម Huang Xiqiang ប្រធានមន្ទីរកិច្ចការបរទេសប្រចាំខេត្ដ ជាំង ស៊ូ ប្រទេសចិនរួមជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ភាគីតំណាងប្រទេសចិនបានសម្ដែងនូវសេចក្ដីរីករាយ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយគ្នាអស់រយៈពេល10ឆ្នាំមកហើយ។ លើសពីនេះភាគីទាំងពីរ (កម្ពុជា-ចិន) បានអះអាងថា នឹងខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្ដិការនេះដើម្បីកៀងគរអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រែក្លាយទៅជាតំបន់ដ៏មានសក្ដានុពលដែលអាចផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាឱ្យបានច្រើន។

    ឯកឧត្ដមអិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រោយពីមានការចុះកិច្ចព្រមព្រៀងក្នុងកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធរវាងគ្នា និងគ្នាអស់រយៈពេល10ឆ្នាំកន្លងមកនោះ នាពេលថ្មីៗនេះក្រុមហ៊ុនចិន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតគម្រោងថ្មីមួយទៀតគឺ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈក្រុងព្រះសីហនុកម្ពុជា-ចិន គិតមកដល់ពេលនេះការអភិវឌ្ឍសម្រេចបានប្រមាណ90%ហើយ ដោយចំណាយទុនក្នុងរង្វង់10លានដុល្លារអាមេរិក។

    រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ដថា កាបង្កើតគម្រោងថ្មីនេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងខេត្ដជាំង ស៊ូ ប្រទេសចិន ពិសេសក្រុមហ៊ុនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងការបម្រើឱ្យវិស័យការងារនៅទូទាំងប្រទេស។

    ជាមួយគ្នានេះដែរឯកឧត្ដមអិត សំហេង បញ្ជាក់ថា៖ ”តាមរយៈការបង្កើតគម្រោងថ្មីនេះនឹងអាចឱ្យកម្ពុជាមានសមត្ថភាពបង្កើតនូវធនធានមនុស្សឱ្យកាន់តែប្រសើរឡើងដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រនៅក្នុងតំបន់នេះឱ្យកាន់តែច្រើន”។

    រហូតមកដល់ពេលនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រជាង100ដែលអាចផ្ដល់ការងារជូនប្រជាជនកម្ពុជាក្នុងរង្វង់15 000នាក់៕

  • FIFA នឹងត្រូវស៊ើបអង្កេតទៅលើការផ្ទេររបស់ Pogba ទៅកាន់ Man United

    FIFA នឹងត្រូវស៊ើបអង្កេតទៅលើការផ្ទេររបស់ Pogba ទៅកាន់ Man United

    សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបញ្ជាក់នៅល្ងាចមុនពេលកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសបារ៉ែន ថា ខ្លួននឹងធ្វើការស៊ើបអង្កេតទៅលើការផ្ទេររបស់ខ្សែបម្រើ Paul Pogba ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ (ស្មើនឹង១១១លានដុល្លារអាមេរិក) ទៅកាន់ក្លិប Manchester United ពីក្លិប Juventus។

    ការប្រកាសពីការស៊ើបអង្កេតនេះ បានកើតឡើង ក្រោយពីមានការចោទប្រកាន់ទាក់ទងនឹងការបែកធ្លាយឯកសារផ្សេងៗថា លោក Mino Raiola ដែលជាភ្នាក់ងាររបស់ Pogba ទទួលបានចំណូល២៧លានអឺរ៉ូពីក្លិប Juventus ដើម្បីធ្វើជាអ្នកសម្របសម្រួលក្នុងការលក់កីឡាកររូបនេះ ក៏ដូចជាទទួលប្រាក់១៩,៤លានអឺរ៉ូពីក្លិប Man United សម្រាប់សេវាកម្មរបស់លោក។

    លោក Raiola ក៏ទទួលបានប្រាក់២,៦លានអឺរ៉ូបបន្ថែមទៀតផងដែរ ក្នុងនាមជាតំណាងឲ្យ Pogba សម្រាប់ការធ្វើការចរចាទៅលើប្រាក់ចំណូលរបស់គេ។ ប្រភពមួយរបស់ FIFA ត្រូវបានគេដកស្រង់សម្តីក្នុងពេលនិយាយថា អង្គភាពនេះ នឹងធ្វើការស៊ើបអង្កេត ប៉ុន្តែ វាមិនច្បាស់ថា តើពួកគេនឹងធ្វើការស៊ើបអង្កេតទៅលើករណីណាមួយឡើយ? មិនមានបុគ្គលណាម្នាក់ធ្វើការបកស្រាយទៅលើបញ្ហានេះឡើយ បើទោះបី Man United បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនធ្វើការបកស្រាយទៅលើកិច្ចសន្យាជាលក្ខណៈបុគ្គលឡើយ។ FIFA មានឯកសារទាំងនោះចាប់តាំងពីការផ្ទេរត្រូវបានបំពេញកាលពីខែសីហា មកម្ល៉េះ»។

    Pogba វ័យ២៤ឆ្នាំ បានចាប់ផ្តើមអាជីពរបស់គេជាមួយនឹងក្លិបរបស់អង់គ្លេសមួយនេះ(Man United) ប៉ុន្តែ បានបង្ហាញខ្លួនត្រឹមតែ៣លើកគត់ក្នុងក្របខ័ណ្ឌ Premier League មុននឹងផ្ទេរទៅកាន់ប្រទេសអ៊ីតាលី ក្រោយពីមានជម្លោះជាមួយនឹងគ្រូបង្វឹកក្នុងពេលនោះគឺលោក Alex Ferguson។ រូបគេបានជួបភាពជោគជ័យដ៏អស្ចារ្យក្នុងក្របខ័ណ្ឌ Serie A ដោយឈ្នះពាននេះ៤ជាមួយនឹងក្លិប Juventus នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦ មុននឹងផ្ទេរទៅកាន់ Man United ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៕
    ប្រភពពី៖ The Guardian

  • អាថ៌កំបាំងក្នុងកាធ្វើធាតុផ្សំការពារជំងឺផ្សេងៗ រួមទាំងមេរោគមហារីកផង

    អាថ៌កំបាំងក្នុងកាធ្វើធាតុផ្សំការពារជំងឺផ្សេងៗ រួមទាំងមេរោគមហារីកផង

    នៅលើពិភពលោកនេះពោពេញទៅដោយរោគាគ្រប់ប្រភេទ ទើបវាជារឿងសំខាន់ណាស់ដែលត្រូវថែរក្សាសុខភាពដោយការជ្រើសរើសទទួលទានអាហារដែលមានតុល្យភាពដល់រាងកាយ នឹងជៀសវាងគ្រឿងភេសជ្ជៈស្រវឹង និងការជក់បារី ។

    ក្រៅពីនេះអ្នកនៅអាចនាំយកធម្មជាតិមកប្រើសម្រាប់ថែរក្សាសុខភាពរបស់អ្នក ដោយការប្រើប្រាស់ធាតុផ្សំពីធម្មជាតិ ១០០ ភាគរយជួយបង្កើនប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយ នឹងស្ដារសុខភាពរបស់អ្នក ខណៈដែលវាថែមទាំងអាចវាយលុកមេរោគនានាបានក្នុងអំឡុងពេលតែមួយបានទៀតផង ។

    មូយក្នុងចំណោមរឿងដែលបានពោលមកខាងលើគឺ ទឹកផ្លែប៉ោមសៃឌើ ទឹកឃ្មុំបរិសុទ្ធពីធម្មជាតិ និង ខ្ទឹមស ត្រូវបាននាំយកមករួមបញ្ចូលគ្នាបានជាធាតុផ្សំព្យាបាលរោគមួយដែលមានសក្ដានុពលខ្លាំងអាចកម្ចាត់ភាពឈឺចាប់ និងរោគា បានច្រើនយ៉ាងណាស់ រួមទាំងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម លើសកូឡេស្ដូរ៉ូល និងមេរោគមហារីកទៀតផង។

    រូបមន្ដផ្សំនេះត្រូវបានសិក្សាស្រាវជ្រាវពីក្រុមអ្នកស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ និងបានទទួលការអះអាងថា វាជារូបមន្ដផ្សំដែលមានសក្ដានុពលក្នុងការប្រឆាំងមេរោគមហារីកប្រភេទខ្លះ បើប្រើត្រឹមត្រូវតាមវិធីនឹងផ្ដល់លទ្ធផលល្អក្នុងរយៈពេល ២ សប្ដាហ៍ ។ រឿងដែលគួរឲ្យកត់សម្គាល់សម្រាប់រូបមន្ដនេះ គឺវាមានសមត្ថភាពជួយព្យាបាលមេរោគមហារីកបាន ថែមទាំងមិនមានផលប៉ះពាល់ទៀតផង ហើយគ្រឿងផ្សំទាំងអស់នេះអាចមាននៅក្នុងផ្ទះរបស់អ្នក ហើយវាអាចឲ្យអ្នកធ្វើបានយ៉ាងងាយស្រួលទៀតផង។

    នេះគឺជាវិធីធ្វើ ទឹកផ្លែប៉ោមសៃឌើ ៖
    គ្រឿងផ្សំ
    ១.ទឹកឃ្មុំធម្មជាតិសុទ្ធ ១ ពែង
    ២.ទឹកប៉ោមសៃឌើ ១ ពែង
    ៣.ខ្ទឹមស ១០ កំពឹស

    វិធីធ្វើ
    ១.បន្ទាប់ពីអ្នកបាននាំយកគ្រឿងផ្សំទាំងអស់មកដាក់ចូលក្នុងឧបករណ៍ក្រឡុកប្រមាណជា ៦០ វិនាទី រហូតដល់ម៉ដ្ឋសព្វសាច់ហើយ…
    ២.បន្ទាប់មកចាក់ទឹកល្បាយក្រឡុកនោះចូលដប
    ៣.រួចយកក្លាសេ្សទុកក្នុងទូទឹកកក។

    ចំណាំ ៖ ទឹកល្បាយផ្លែប៉ោមសៃឌើនេះទុកសម្រាប់ទទួលទាន ៥ ថ្ងៃ ហើយពិសាម្ដង ២ ស្លាបព្រាបាយនៅពេលព្រឹក ៕