Author: វល័ក្ខ

  • ហេតុអ្វីបានជាអ្នកចាំបាច់ជ្រើលរើសប្រើប្រាស់ ម៉ាស៊ីនត្រជាក់ LG??

    ហេតុអ្វីបានជាអ្នកចាំបាច់ជ្រើលរើសប្រើប្រាស់ ម៉ាស៊ីនត្រជាក់ LG??

    មុននឹងអ្នកស​ម្រេចចិត្តទិញសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន អ្នកពិតជាត្រូវគិតថា របស់ទាំងអស់នោះពិតមានជាគុណភាពល្អ និងអាយុកាលនៃការប្រើប្រាស់បានយូរប៉ុនណា? ហើយប្រសិនបើអ្នកជ្រើសរើសខុស អ្នកពិតជាមានផលវិបាកជាច្រើន។

    ម៉ាស៊ីនត្រជាក់ LG ត្រូវបានផលិតឡើងដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការដល់អ្នកប្រើប្រាស់ ជាពិសេសគិតពីផាសុកភាព និងមានមុខងាជាច្រើនដែលផ្ដល់អត្ថប្រយោជន៍ ក្នុងការប្រើប្រាស់។ ម៉ាស៊ីនត្រជាក់ LG បានភ្ជាប់មកជាមួយបច្ចេកវិទ្យា LG Smart Inverter ស៊ីភ្លើងតិច ព្រមទាំងជួយសន្សំសំចៃអគ្គិសនីរហូតដល់ 65% ប្រៀបបីដូចជាជួយសន្សំប្រាក់បានដ៏ច្រើន ដោយអ្នកមិនដឹងខ្លួន។ រួមជាមួយសំឡេងដ៏ស្ងាត់ ដែលមិនធ្វើឲ្យមានការប៉ះពាល់ដល់ដំណេករបស់លោកអ្នក រឹតតែពិសេសនោះគឺជួយឲ្យឆាប់ត្រជាក់ជាងពេលដែលយើងបើកម៉ាស៊ីនត្រជាក់ធម្មតារហូតដ៏ 30% ។

    មុខងារ Plasmaster lonizer plus ដែលជួយសម្លាប់មេរោគ និងបាក់តេរីព្រមទាំងជួយបំបាត់ក្លិនមិនល្អរហូតដល់ 99.9 %។ ជាទូទៅគេហដ្ឋានរបស់អ្នកតែងតែមានបាក់តេរី និង មេរោគតូចៗ រាប់លានដែលអាចបង្កគ្រោះថ្នាក់នឹងប៉ះពាស់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ។ បច្ចេកវិទ្យា Plasmaster lonizer plus ប្រើប្រាស់ជាង 3 លានអ៊ីយ៉ុង ដែលជួយកាត់បន្ថយនូវបាក់តេរីភាគលិ្អតដែលអាចបង្កគ្រោះថ្នាក់ដោយការបញ្ចេញជាង 3លានអ៊ីយ៉ូដទៅក្នុងបរិយាកាល ។

    តើអ្វីទៅជាប្រព័ន្ធ Plasmaster Skin Care? បរិយាកាលដែលស្ងួតអាចបំផ្លាញស្បែកប្រព័ន្ធ Plasmaster Skin Care បានបព្ចោញជាតិអ៊ីយ៉ូដទៅក្នុងបរិយាកាល ដែលវាបានជួយបំប្លែងទៅជាជាតិទឹកដែលស្បែកត្រូវការស្រូបយក និងធ្វើឲ្យស្បែកស្រស់ថ្លា ព្រមទាំងធ្វើឲ្យមានអារម្មណ៍ថាស្បែកមានសំណើម ។ អ៊ីយ៉ូដដែលអាចថែរក្សាស្បែកគឺជាតិអ៊ីយ៉ូដ ដែលបព្ចោញដោយ Plasmaster បានចូលផ្សំជាមួយនឹងម៉ូលេគុលទឹកនៅក្នុងខ្យល់ដើម្បីបង្ដើតបានជាគ្រាប់ដំណក់ទឹកដ៏តូចៗបំផុតដែលអាចជ្រាបចូលទៅក្នុងស្បែកដើម្បីរក្សាស្បែកនឹងធ្វើឲ្យស្បែកមាន សំណើម ។

    មុខងារ Plasmaster TM Auto Cleaning ជាមុខងារសម្លាប់មេរោគ និង បាក់តេរីដោយស្វ័យប្រវតិ្ត ។ បញ្ហមេរោគ និង បាក់តេរី តែងតែកើតឡើងជាបញ្ហចម្បង ព្រោះរាល់ពេលដែលលោកអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់កាន់តែយូរ ម៉ាស៊ីនត្រជាក់ពិតជា មានបាក់តេរី និង ផ្សិត រីកលូតលាល់នៅពេលមានការផ្ទាស់ប្ដូរកម្ដៅរបស់ម៉ាស៊ីនត្រជាក់។ ដូច្នេះហើយទើបមុខងារ Plasmaster TM Auto Cleaning ជួយសំអាតតាមរយៈការបញ្ចេញអ៊ីយ៉ូដលាងសំអាតដោយស័្វយប្រវតិ្តអាចរារាំងការកកើតនៃធូលី បាក់តេរី និង ផ្សិតនៅពេលមានកម្ដៅ វាក៏បានផ្ដល់នូវខ្យល់បរិសុទ្ធ និង ប្រកបដោយផាសុកភាព និងបំបាត់នូវភាគលិ្អតដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

    ទំាងអស់នេះគឺជាចំណុចពិសេសៗ និងបច្ចេកវិទ្យារបស់ម៉ាស៊ីនត្រជាក់ LG ដែលអ្នកគួរតែជ្រើសរើសសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះ និងក្រុមគ្រួសាររបស់លោកអ្នក។
    LG BrandShop មានការដាក់តាំងបង្ហាញផលិតផលម៉ាស៊ីនត្រជាក់គ្រប់ម៉ូដែលដែលលោកអ្នកចង់បាន ហើយលោកអ្នកក៏អាចទទួលបានការពិក្សាអំពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់ទៅតាមទីតាំង ទំហំបន្ទប់ ឬ គេហដ្ឋានរបស់លោកអ្នក៕
    ទំនាក់ទំនងបន្ថែម 023 888 199/ 023 222699

  • ឆ្នាំ2020 កម្ពុជានឹងមានអគ្គិសនីប្រើប្រាស់ដល់គ្រប់ភូមិ-ឃុំ

    ឆ្នាំ2020 កម្ពុជានឹងមានអគ្គិសនីប្រើប្រាស់ដល់គ្រប់ភូមិ-ឃុំ

    មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គោលដៅអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្ម របស់រាជរដ្ឋាភិបាល នឹងពង្រីកបណ្តាញអគ្គិសនីនៅឆ្នាំ 2020 ទៅគ្រប់ភូមិទាំងអស់នៅកម្ពុជាដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់លំនៅដ្ឋាន។

    ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា កាលពីឆ្នាំ2016កន្លងទៅក្រសួងបានផ្តល់សម្បទានអ្នកកាន់អាជ្ញាប័ណ្ណរដ្ឋ និងវិស័យឯកជន វិនិយោគរៀបចំផ្គត់ផ្គង់អគ្គិសនីចំនួន 13,803 ភូមិ ស្មើជាង97%នៃភូមិសរុបទូទាំងប្រទេសហើយបាននិងកំពុងបន្តការសាងសង់បណ្តាញអគ្គិសនីឱ្យភូមិចំនួន 10,549 ត្រូវនឹងជាង74% នៃភូមិសរុបទូទាំងប្រទេស រួចហើយនឹងកំពុងបន្តការសាងសង់បណ្តាញអគ្គិសនីជាបន្តបន្ទាប់ផងដែរ។

    ជាមួយគ្នានេះដែរឯកឧត្តម ស៊ុយ សែម ក៏បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ និងអ្នកកាន់អាជ្ញាប័ណ្ណទាំងអស់ ត្រូវយកចិត្តទុកដាក់ពន្លឿនការអភិវឌ្ឍបណ្តាញបញ្ជូនអនុស្ថានីយ ខ្សែបញ្ជូនរង និងបណ្តាញចែកចាយ ដើម្បីធ្វើយ៉ាងណាឱ្យការផ្គត់ផ្គត់អគ្គិសនីពីបណ្តាញជាតិ អាចពង្រឹង និងទៅជំនួសការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងទៅជំនួសម៉ាស៊ីនដ្យេហ្ស៊ែលតូចៗ ព្រមទាំងទៅគ្របដណ្តប់ តំបន់ដែលនៅសេសសល់មិនទាន់មានអគ្គិសនីប្រើប្រាស់ផងដែរ។ សម្រាប់ទិសដៅអភិវឌ្ឍន៍នេះ នៅត្រឹមឆ្នាំ2018 ក្រសួងបានជំរុញការងារសាកល្បងមុនគេ លើការគ្របដណ្តប់ និងគ្រប់គ្រងអគ្គិសនីឱ្យបាន100% នៅក្នុងខេត្តពោធិ៍សាត់ផងដែរ។

    គួរបញ្ជាក់ថាថ្មីៗនេះ កម្ពុជាកំពុងពិចារណាលក់អគ្គិសនីមួយចំនួនទៅឱ្យប្រទេសវៀតណាម ប្រើប្រាស់បន្ត ខណៈដែលឆ្នាំមុនៗកម្ពុជាធ្លាប់ទិញពីប្រទេសជិតខាងយកមកប្រើប្រាស់រួចហើយដែរ ៕

  • ភ្ញាក់ផ្អើល!!! អតីតសមាជិកក្រុមចម្រៀងស្រី A Pink លេចមុខជាថ្មីក្នុង MV របស់ PSY

    ភ្ញាក់ផ្អើល!!! អតីតសមាជិកក្រុមចម្រៀងស្រី A Pink លេចមុខជាថ្មីក្នុង MV របស់ PSY

    បន្ទាប់ពីធ្លាប់បានចូលរួមសម្ដែងក្នុងវីដេអូចម្រៀង PSY ពេលនេះអតីតសមាជិកក្រុមចម្រៀងស្រី A Pink នាង Na Eun បានវិលត្រឡប់ចូលពិភពសិល្បៈសាជាថ្មី និងបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនឹងសម្រស់របស់នាង ដែលមើលទៅសឹងតែមិនស្គាល់។

    កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ PSY បានបញ្ចេញបទចម្រៀងរបស់ខ្លួនដល់ទៅពីរបទ ក្នុងនោះមានបទ “New Face” ដែលបានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកកក្រើករំជួលជាមួយនឹងវត្តមានតារាស្រី Na Eun ដែលជាអតីតក្រុមចម្រៀង A Pink នៅក្នុងវីដេអូបទចម្រៀងនោះ។ ពិតណាស់ នាងបានធ្វើឲ្យគ្រប់គ្នាឆ្កួតជាមួយសម្រស់ដ៏សែនស្រស់សោភា ជាមួយនឹងរូបរាងស្រឡូនតូចច្រឡឹង ដែលអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ឡើយ ។

    គួរបញ្ជាក់ផងដែរថា Na Eun ធ្លាប់ជា Idol ដ៏ល្បីម្នាក់ ថ្វីបើសំឡេងរបស់នាងមិនពិរោះដូចសមាជិកដទៃក្នុងក្រុមក៏ដោយ ។ នាងកើតនៅឆ្នាំ ១៩៩៤ ហើយជាតារា KPop ដែលល្អបំផុតមួយរូប ដោយបទដំបូងដែលធ្វើឲ្យនាងទទួលបានភាពល្បីល្បាញខ្លាំង គឺបទ “We got married” កាលពីឆ្នាំ ២០១៣ -២០១៤ ហើយបានឈ្នះពានរង្វាន់តារាឯកស្រីប្រចាំឆ្នាំ របស់ស្ថានីយទូរទស្សន៍ MBC ទៀតផង និងបើទោះបីជា Na Eun ច្រៀងមិនសូវពិរោះមែន តែនាងបានផ្ដោតសំខាន់ទៅលើការសម្ដែងខ្លាំងជាង ហើយនាងក៏ធ្លាប់បានសម្ដែងក្នុងខ្សែភាពយន្ដធំៗជាច្រើនរឿង ដូចជា “Salamander Guru and The Shadows” ,”Marrying the Mafia 5″,”The Miracle.”និង “Twenty Again” រីឯរឿងភាគទូរទស្សន៍គឺរឿង “Cinderella and the Four Knights.” ។ ក្រៅពីនេះ គេសង្កេតឃើញមានវត្តមាននាងនៅក្នុងវីដេអូចម្រៀងរបស់ក្រុម B2ST រួមមានបទ “Breath”, “Beautiful” និងបទ “I Like You The Best” និងចុងក្រោយគឺបទ “The Person Who Once Loved Me” បកស្រាយដោយតារាចម្រៀងប្រុស Huh Gak ទៀតផង៕

  • អាជ្ញាកណ្ដាលប្រដាល់ជើងចាស់លោក ជ័យ ប៊ុនឈឿ ទទួលមរណភាពហើយ កាលពីព្រឹកមិញនេះ

    អាជ្ញាកណ្ដាលប្រដាល់ជើងចាស់លោក ជ័យ ប៊ុនឈឿ ទទួលមរណភាពហើយ កាលពីព្រឹកមិញនេះ

    កាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១២ ឧសភានេះ អាជ្ញាកណ្ដាលដែលមានឈ្មោះបោះសំឡេង ក្នុងឆ្នាំ ២០១០-២០១៤ លោកជ័យ ប៊ុនឈឿនោះ បានទទួលមរណភាពហើយក្នុងអាយុ ៨០ឆ្នាំដោយរោគាពាធ និងជរាពាធ។

    លោកជាកូនទី៣ក្នុងគ្រួសារមួយដែលមានបងប្អូន ៦រូបគឺ ស្រី ៤នាក់ និង ប្រុស ២នាក់ ។ លោកធ្លាប់មានបងប្រុសម្នាក់ជាអ្នកប្រដាល់គុនខ្មែរដែរគឺលោកជ័យ ប៊ុនឆន។ លោកធ្លាប់ជាម្ចាស់ក្លិបប្រដាល់ដ៏ល្បីល្បាញមួយនាខេត្តបាត់ដំបង គឺក្លិបសេរីផ្កាច័ន្ទ តែក្លិបនេះលោកបានសម្រេចចិត្តបិទចោលជាង១០ឆ្នាំមកហើយៗក៏គ្មាននរណា ឬសាច់ញាតិរបស់លោកណាម្នាក់បើកក្លិបនោះឡើងវិញដែរ។

    លោកម៉ិល កាដូ អគ្គនាយករងកីឡា នៃក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរពេលបានអញ្ញើញទៅចូលរួមពិធីបុណ្យសពរបស់លោកគ្រូជ័យ ប៊ុនឈឿដែលស្ថិតភូមិវត្តលាភ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    លោកបន្តថា៖ សហព័ន្ធប្រដាល់គុនខ្មែរតាមរយៈរូបលោកបានយកថវិកាចំនួន២.០០០.០០០រៀលមកជូនគ្រួសារសព ។ លោកកាដូបានអះអាងដែរថា សិស្សគុននានា មន្ត្រីកីឡាខេត្តបាត់ដំបង បានទៅចូលរួមក្នុងពិធីបុណ្យយ៉ាងកុះករ ។ លោកក៏បានឲ្យដឹងដែរថា លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏កំពុងតែរៀបចំចេញដំណើរទៅចូលរួមពីធីបុណ្យសពលោកគ្រូជ័យ ប៊ុនឈឿដែរ៕

  • ម៉េចបាន ឱក សុគន្ធកញ្ញា ចង់រៀនហែលទឹកជាមួយអ្នកគ្រូរូបស្អាត វិទិនី?

    ម៉េចបាន ឱក សុគន្ធកញ្ញា ចង់រៀនហែលទឹកជាមួយអ្នកគ្រូរូបស្អាត វិទិនី?

    ភ្នំពេញៈ មហាជនមានការងឿងឆ្ងល់ខ្លាំងទៅនឹងសាររបស់កំពូលតារាចម្រៀងស្រីនៅផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ដែលបានបង្ហោះប្រាប់ថា ចង់រៀនហែលទឹកជាមួយគ្រូស្រីវ័យក្មេងរូបស្អាតកញ្ញា ហែម ថុនវិទិនី។ ជាមួយសារដែលកញ្ញា ឱក សុគន្ធកញ្ញា បង្ហោះនោះមានរូបនាងឈរជាមួយនឹងកញ្ញា ហែម ថុនវិទិនី ដែលបានជួបគ្នាក្នុងឱកាសទៅចូលរួមក្នុងពិធីសង្គមមួយ និងបានសរសេរថា៖ «ថតរូបជាមួយគ្រូបង្វឹកហែលទឹក។ មើលទៅបែបមិនហ៊ានអវត្តមានទេ បើអ្នកគ្រូស្អាតហើយ គួរឲ្យស្រឡាញ់អ៊ីចឹងៗនោះ។ រាត្រីសួស្តីចាស!»។

    ចំណែកកីឡាការិនីហែលទឹកជម្រើសជាតិរូបស្រស់ស្អាត សម្លេងពីរោះ សម្តីស្រទន់កញ្ញា ហែម ថុនវិទិនី វិញបានបញ្ចេញអារម្មណ៍របស់ខ្លួនថា៖ «គិតម៉េចទៅបើខ្ញុំត្រូវបង្ហាត់គាត់ហែលទឹក? អ៊ីចឹងមានតែគាត់ត្រូវបង្ហាត់ខ្ញុំច្រៀងវិញ ទើបស្មើភាពគ្នា កុំឲ្យលំអៀងត្រូវអត់? Idol is love!» និងសារខ្លីមួយទៀតថា៖ «សំខាន់មានកូនសិស្សជាស្រីស្អាត ហើយល្បីទៀត»។

    យ៉ាងណាមិញមហាជននៅតែចង់ដឹងថា តើហេតុអ្វីបានតារាចម្រៀងស្រីកំពូល និងជាគ្រូបង្វឹកនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia និងកម្មវិធី Cambodian Idol និងតំណែងថ្មីនៃកម្មវិធី The Voice Kids Cambodia កញ្ញា ឱក សុគន្ធកញ្ញា មានបំណងចង់រៀនហែលទឹកអ៊ីចឹង?

    ឡារ៉ែន មិនអាចទទួលបានការបកស្រាយពីតារាចម្រៀងស្រីល្បីក្នុងបទថ្មីជាមួយលោក ព្រាប សុវត្ថិ គឺបទ «រាំអ៊ីចេះ» របស់ផលិតកម្មហង្សមាសឡើយ។ តែគេបានគ្រាន់តែដឹងថាព័ត៌មានខ្លះពីអ្នកគ្រូបង្វឹកហែលទឹកកញ្ញា ហែម ថុនវិទិនី ថា៖ «ខ្ញុំមិនច្បាស់ពីគោលបំណងគាត់ទេ តែគ្រាន់តែឮថា គាត់ចង់ចេះហែលទឹកព្រោះជាកីឡាគាត់ចូលចិត្ត។ ចំណែកពេលវេលាចាប់ផ្តើមរៀន ក៏នៅពុំទាន់ច្បាស់ដែរដោយសារគាត់ជាប់រវល់ខ្លាំងនឹងការងារសិល្បៈពេក»៕

  • លោក Conte ប្រាប់ឲ្យ Chelsea ផ្តោតលើការលើកពានពេលប៉ះ West Brom រាត្រីនេះ

    លោក Conte ប្រាប់ឲ្យ Chelsea ផ្តោតលើការលើកពានពេលប៉ះ West Brom រាត្រីនេះ

    លោក Antonio Conte គ្រូបង្វឹករបស់ Chelsea បានច្រានចោលពាក្យចចាមអារ៉ាមផ្សេងៗដែលថា លោកត្រូវបានគេទាក់ទងឲ្យផ្ទេរទៅដឹកនាំក្លិប Inter Milan ខណៈដែលក្រុមរបស់លោកកំពុងតែត្រៀមសម្រាប់ការប្រកួតនៅលើទឹកដីក្រុម West Bromwich Albion នៅរាត្រីនេះ និងបើសិនដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យក្រុមតោខៀវ ឈ្នះពានក្របខ័ណ្ឌ Premier League តែម្តង។ ការដណ្តើមបានជ័យជម្នះនៅកីឡដ្ឋាន The Hawthorns នឹងធ្វើឲ្យក្រុម Chelsea ក្លាយជាម្ចាស់ជើងឯកក្នុងរដូវកាលជាលើកទី១របស់លោក Conte ក្នុងនាមជាគ្រូបង្វឹករបស់ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ ក៏ដូចជាធ្វើឲ្យពួកគេស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានពីរក្នុងរដូវកាលតែមួយ ខណៈដែល Chelsea ក៏ត្រូវប៉ះជាមួយនឹងក្រុម Arsenal ក្នុងពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ផងដែរ។

    Chelsea កំពុងនាំមុខ៧ពិន្ទុដាច់លើក្រុមឈរលេខ២ Tottenham Hotspurs និងត្រូវការត្រឹមតែ៣ពិន្ទុទៀតប៉ុណ្ណោះពីការប្រកួតក្នុងលីក៣ប្រកួតចុងក្រោយរបស់ពួកគេ នៅរដូវកាលនេះ ដើម្បីឈ្នះពាន Premier League។ ប៉ុន្តែបើទោះបីលោក Conte បានជួបលទ្ធផលយ៉ាងល្អឥតខ្ចោះនៅឯកីឡដ្ឋាន Stamford Bridge ក៏ដោយ ក៏វានៅតែមាននូវពាក្យចចាមអារ៉ាមផ្សេងៗថា លោក អាចនឹងវិលទៅកាន់ប្រទេសអ៊ីតាលីរបស់លោកវិញ។ គ្រូបង្វឹករូបនេះត្រូវបានគេទាក់ទងឲ្យទៅដឹកនាំក្លិប Inter ចាប់តាំងពីក្លិបយក្សរបស់អ៊ីតាលីមួយនេះបានបណ្តេញលោក Stefano Pioli ចេញពីតំណែងកាលពីដើមរដូវកាលនេះ។ លោក Conte បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំនៅសល់រយៈពេល២ឆ្នាំទៀតក្នុងកិច្ចសន្យារបស់ខ្ញុំជាមួយនឹង Chelsea។ វាពិតជារឿងដ៏ត្រឹមត្រូវណាស់ នៅពេលដែលអ្នកចាប់ផ្តើមធ្វើការជាមួយនឹងក្លិបថ្មីមួយ ហើយឆន្ទៈរបស់អ្នកគឺការបន្តធ្វើការងារនេះ និងបង្កើនការងាររបស់ពួកគេឲ្យបានច្រើនឆ្នាំ។ ពិតណាស់ នេះគឺជាឆន្ទៈរបស់ខ្ញុំ»។ គោលដៅជាអាទិភាពនៅពេលនេះ គឺការឈ្នះពាន Premier League ហើយការរងបរាជ័យរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅលើទឹកដីក្រុម West Ham United កាលពីសប្តាហ៍មុន ស្របពេលដែលក្រុម Chelsea បានយកឈ្នះលើក្រុម Middlesbrough កាលពីថ្ងៃចន្ទ បានកាត់បន្ថយសម្ពាធក្នុងការប្រជែងពានតែម្តង។

    Chelsea នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីឈ្នះដល់ទៅ៤លើកជាប់ៗគ្នា និងចាញ់តែមួយលើកគត់ពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
    ប្រភពពី៖ Sports.yahoo

  • ការអភិវឌ្ឍអគារប៊ូលឌីង-ស បានចាប់ផ្ដើមចេញដំណើរការហើយដោយមិនរង់ចាំអ្នកបដិសេធទេ

    ការអភិវឌ្ឍអគារប៊ូលឌីង-ស បានចាប់ផ្ដើមចេញដំណើរការហើយដោយមិនរង់ចាំអ្នកបដិសេធទេ

    កាលពីព្រឹកមិញនេះអាជ្ញាធរនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានជួបជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុង”អគារប៊ូលឌីង-ស” ដើម្បីជជែកចរចារកដំណោះស្រាយបញ្ចប់បញ្ហា បន្ទាប់ពីការជួបជជែកគ្នាចរចាលើតម្លៃលក់លើកទី1ពុំបានសម្រេចម្តងរួចមក។

    ប្រជាពលរដ្ឋទាំង 493គ្រួសារដែលរស់នៅលើ «អគារប៊ូលឌីង-ស» បានជួបជាមួយឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីជជែករកដំណោះស្រាយបញ្ចប់បញ្ហាឈានទៅដល់ការអភិវឌ្ឍអគារប៊ូលឌីង-ស។ ក្រោយពីមានការលើកឡើងនូវហេតុផលជាច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគរួចមក ជាលទ្ធផលត្រូវបានប្រជាជនប្រមាណជាង 90%ទទួលយកការទិញកម្មសិទ្ធិឯកជននៅក្នុងអគារដ៏ចាស់មួយនេះក្នុងតម្លៃ 1400ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េដោយគិតទៅលើចំនួនការ៉េនៅក្នុងមួយយូនីត។ ទោះជាយ៉ាងនេះក្ដី ក៏គេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនបានអះអាងថា ពួកគេពុំយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួនក្នុងតម្លៃនោះឡើយ។

    ទោះជាយ៉ាងណា ដើម្បីឈានទៅដល់ការបញ្ចប់បញ្ហា អាជ្ញាធរបានសម្រេចអោយអ្នកដែលយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួនចាប់ផ្ដើមធ្វើកិច្ចសន្យាយល់ព្រមលក់ ដើម្បីទទួលបានប្រាក់នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017។

    ឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា លោកមានសេចក្ដីរីករាយដោយសារតែសង្កេតឃើញមានប្រជាជនជាច្រើនសប្បាយចិត្ដជាមួយនឹងដំណោះស្រាយនេះ ដោយពួកគាត់យល់ព្រមទទួលយកនូវការទិញក្នុងតម្លៃ 1400ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ឯកឧត្ដមបន្ដថា បន្ទាប់ពីដំណើរការងារតាមនីតិវិធីនៃការទិញ-លក់អស់ហើយ ក្រុមការងារនឹងចាប់ផ្ដើមធ្វើការងារនេះចាប់ពីថ្ងៃទី06 ខែមិថុនា ដល់ថ្ងៃទី06 ខែកក្កដា ឆ្នាំ2017។
    ក្នុងនោះខាងក្រុមហ៊ុនក៏នឹងជួយសម្រួលតម្លៃដឹកជញ្ជូនឥវ៉ាន់ដល់ប្រជាពលរដ្ឋនៅពេលដែលពួកគាត់រើឥវ៉ាន់ចេញពីអគារនោះចំនួន ១០០ដុល្លារទៀតផង។

    ជាមួយគ្នានេះរដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ «ចំពោះអ្នកដែលមិនទាន់ឯកភាព យើងមិនទាន់ច្បាស់ថាត្រូវធ្វើយ៉ាងណានោះទេ? ប៉ុន្ដែពេលខ្លះគាត់អាចនឹងយល់ព្រមហើយ តែគាត់ចេះតែនិយាយអ៊ីចឹងទៅ និងអ្វីដែលសំខាន់ គឺយើងរង់ចាំមើលតាមស្ថានភាពជាក់ស្ដែង»៕

  • តារាសម្តែងពន្លកថ្មីកញ្ញា សាឡាត់ ស្រីឡាង រំពឹងកុនភាគនៅ CTN មានប្រិយមិត្តគាំទ្រច្រើន

    តារាសម្តែងពន្លកថ្មីកញ្ញា សាឡាត់ ស្រីឡាង រំពឹងកុនភាគនៅ CTN មានប្រិយមិត្តគាំទ្រច្រើន

    ភ្នំពេញៈ ក្រោយពីមានឱកាសចាប់យកការថតកុនទាំងរឿងដុំ និងសម្តែង MV នានាជាហូរហែមកនោះ រាសីរបស់តារាសម្តែងស្រីវ័យក្មេងជារលកក្រោយដែលឈានជើងចូលទៅប្រឡូកវិស័យសិល្បៈភាពយន្តកញ្ញា សាឡាត់ ស្រឡាង ក៏ស្រាប់តែទទួលបានលាភផ្សេងមួយទៀតគឺការថតកុនភាគរឿង «ទីបញ្ជប់នៃស្នេហ៍» របស់ផលិតកម្ម LD Picture ដែលនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ក្រៅពីកុនភាគរឿង «មន្តស្នេហ៍ក្រមុំបាយឆា» របស់ទូរទស្សន៍ PNN ហើយនោះ។

    នាពេលថ្មីៗនេះ កញ្ញា សាឡាត់ ស្រីឡាង ដែលមានរូបរាងស្ល៊ីម ទម្ងន់ ៥០ គីឡូ និងកម្ពស់១.៧០ ម៉ែត្រ ទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តអ្នកទស្សនាភាពយន្តភាគរឿង «មន្តស្នេហ៍ក្រមុំបាយឆា» របស់ទូរទស្សន៍ PNN និងរឿងដុំទើបតែចាក់បញ្ចាំងតាមរោងកុននានាគឺរឿង «ជួបស៊យ» ដែលជាភាពយន្តនិពន្ធ និងដឹកនាំសម្តែងដោយតារាកំប្លែង នាយ គ្រឿន ដែលមានតួសម្តែងជាច្រើនដូចជាកញ្ញា គៀត សុវណ្ណឡាង លោក ជា សុវណ្ណនរាហ៍ លោក ងួន សុបិន្ត អ្នកនាង ខ្ញុង អ្នកនាង ប៉ែន សុផានី លោក ទេព រិនដារ៉ូ នាយ ពែក មី ឌីជេ ប៊ីក ឌីជេ កាកា និងនាយ ក្រូច។

    កញ្ញា សាឡាត់ ស្រីឡាង បានប្រាប់ពីអារម្មណ៍របស់ខ្លួន និងក្តីរំពឹងសម្រាប់បទពិសោធថ្មីនាពេលសម្តែងកុនជួបជាមួយនឹងតួប្រុសរូបសង្ហាក្នុងរឿង «ទីបញ្ជប់នៃស្នេហ៍» ឲ្យឡារ៉ែនដឹងថា៖ «នេះជាលើកទីមួយ ដែលបានសម្តែងរួមគ្នា និងមានអារម្មណ៍រំភើបចិត្តខ្លាំងទៅតាមសាច់រឿង ជាមួយនឹងតួប្រុសរូបសង្ហា។ហើយការសម្តែងជាមួយគាត់លើកទីមួយនេះដែរ ក៏សង្ឃឹមថានឹងទទួលបានការគាំទ្រពីបងប្អូនទាំងអស់គ្នា និងអរគុណទុកជាមុនសម្រាប់ការគាំទ្ររឿងនេះ។ ទីបព្ចាប់នៃស្នេហ៍ មានចាក់បញ្ចាំងនៅទូរទស្សន៍ CTN ដែលនេះជាវណ្ណកម្មរបស់ផលិតម្ម LD Picture ហើយពេលវេលានៃការចាក់បញ្ជាំងចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង ៧ ដល់ ៨ ល្ងាច»៕

  • ប្រាក់ចំណូលរបស់ HTC បន្តធ្លាក់ចុះ

    ប្រាក់ចំណូលរបស់ HTC បន្តធ្លាក់ចុះ

    គិតត្រឹមខែមេសា ឆ្នាំ 2017 នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់តៃវ៉ាន់ នៅបន្តធ្លាក់ចុះពីមួយខែទៅមួយខែ ឥតស្រាកស្រាន្ដ បង្កជាក្ដីកង្វល់ធំមួយដល់ក្រុមហ៊ុន ដែលត្រូវតែដោះស្រាយជាបន្ទាន់។

    HTC បានធ្លាក់ចំណូល 9.29% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2016។ ចំណូលសរុបមួយរយៈ 4ខែដើមឆ្នាំ 2017 ក្រុមហ៊ុនទទួលបានតែ 635 លានដុល្លារ មានការធ្លាក់ចុះ 6.45% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2016 ដោយពេលនោះ HTC ទទួលបាន 676 លានដុល្លារ។

    អ្នកវិភាគមួយចំនួនលើកឡើងថា ការបន្តធ្លាក់ចុះនេះ អាចបណ្ដាលមកពីក្រុមហ៊ុន HTC ដាក់ចេញនូវស្មាតហ្វូនដែលមិនត្រូវចិត្តអ្នកប្រើប្រាស់ ខណៈទូរស័ព្ទមកពីក្រុមហ៊ុន Samsung កំពុងតែវាយលុកខ្លាំងលើទីផ្សារស្មាតហ្វូនសកល។ ជាអាទិ៍ស្មាតហ្វូនស៊េរីថ្មី HTC U Ultra និង HTC U Play មិនមានដំណើរការល្អ ការលក់មិនគ្រប់តាមចំនួនដែលបានគ្រោងទុក ធ្វើឱ្យចំណូលបន្តធ្លាក់។

    តែទោះបីជាយ៉ាងណា ចំណូលនេះអាចងើបឡើងវិញបន្តិច ប្រសិនបើទូរស័ព្ទ HTC U 11 បង្ហាញខ្លួនមែន។ ការសន្និដ្ឋាន ផ្អែកលើសមត្ថភាពខ្លះដែលព័ត៌មានបែកធ្លាយបានចុះផ្សាយ និងការមើលឃើញពីសម្ទុះនៃការគាំទ្ររបស់អ្នកប្រើប្រាស់៕

  • Man United ទម្លាក់ Celta ទាំងព្រលឹងចុងសក់ ដើម្បីជួប Ajax ក្នុង Europa វគ្គផ្តាច់ព្រ័ត្រ

    Man United ទម្លាក់ Celta ទាំងព្រលឹងចុងសក់ ដើម្បីជួប Ajax ក្នុង Europa វគ្គផ្តាច់ព្រ័ត្រ

    ក្រុមបិសាចក្រហម Manchester United បានទម្លាក់ក្រុម Celta Vigo ដើម្បីកក់កៅអីរបស់ពួកគេទៅកាន់ក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើទាំងព្រលឹងចុងសក់ ១-១ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពេញជ័យជម្នះទាំងពីរជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ២-១។

    Man United ហាក់ដូចជាត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រដោយងាយស្រួលទៅហើយនាកីឡដ្ឋាន Old Trafford នៅពេលដែលខ្សែបម្រើ Marouane Fellaini បានតែតបាល់បំប៉ោងសំណាញ់ទីនៅដើមតង់ទី១ ដើម្បីជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខមុន ក្រោមការបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford។ ប៉ុន្តែ ក្រុមរបស់លោក Jose Mourinho បានរងនូវការវាយបកវិញ និងបានជួបការភិតភ័យ ក្រោយពីកីឡាករ Facundo Roncaglia បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមភ្ញៀនៅនាទី ទី៨៤ ដើម្បីកាត់បន្ថយលទ្ធផលទាំងពីរជើងមកត្រឹម ២-១។

    នៅរយៈពេលប៉ុន្មាននាទីចុងក្រោយ ក្រុម Celta ស្ទើរតែបានបំពេញការវាយបកដ៏មិននឹកស្មានដល់ទៅហើយ ប៉ុន្តែ Man United បានជួបសំណាងដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Ajax Amsterdam ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នាថ្ងៃទី២៤ ខែឧសភា។ ក្រុមយក្សរបស់ហូឡង់ Ajax បានឈ្នះកៅអីរបស់ពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ បើទោះបីចាញ់ក្រុម Lyon ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២របស់ពួកគេក៏ដោយ។

    លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «យើងបានរងនូវសម្ពាធរហូតដល់បញ្ចប់ការប្រកួត ហើយវាជាការប្រកួតមានលក្ខណៈបើកចំហរ រហូតដល់នាទីចុងក្រោយ។ ក្រោយពីការប្រកួត១៤លើក យើងឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ប្រសិនបើយើងឈ្នះពាន Europa League ខ្ញុំកាន់តែមានការរីករាយជាងនេះទៅទៀត។ វានឹងក្លាយជាពានដ៏អស្ចារ្យ»៕:

    ប្រភពពី៖ The Mirro