Author: វល័ក្ខ

  • កញ្ញាឯកកម្ពុជាពីររូបនឹងទៅចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកចិនពិភពលោក

    កញ្ញាឯកកម្ពុជាពីររូបនឹងទៅចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកចិនពិភពលោក

    កញ្ញាឯករបស់កម្ពុជាពីររូបនឹងត្រូវចេញដំណើរទៅចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកចិនពិភពលោកឆ្នាំ2017 ក្រោមប្រធានបទ” The Beauty of heart, The world of Wisdom” ដែលកម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅទីក្រុង Pataling Jaya , Selango នៃប្រទេសម៉ាឡេស៊ី ។

    ក្រោមកិច្ចសហការរវាងណាហ្គាវើល និង Arises Agency បានធ្វើឱ្យកញ្ញាលី ណៃស៊ីម មកពីទីក្រុងភ្នំពេញ និងកញ្ញា លឹម ណយ មកពីខេត្ដសៀមរាបត្រូវចេញដំណើរទៅប្រកួតក្នុងកម្មវិធីកញ្ញាឯកចិនលំដាប់ថ្នាក់អន្ដរជាតិដែលកម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃទី 26ខែឧសភា ឆ្នាំ 2017។ វាគឺជាលើកទី1ហើយសម្រាប់កញ្ញាឯកទាំងពីររូបដែលតំណាងឱ្យប្រទេសកម្ពុជាបានទៅចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។

    កញ្ញា លឹម ណយ បានបញ្ជាក់ថា ជាមោទនភាពខ្លាំងបំផុតសម្រាប់រូបនាងដែលបានចូលរួមក្នុងកម្មវិធីដ៏ធំដែលនាងមិនធ្លាប់បានស្រមៃពីមុនមក។ កញ្ញា បានបន្ដទៀតថា៖”ខ្ញុំសន្សាថា តាមរយៈកម្មវិធីនេះខ្ញុំនឹងពាំនាំនូវអ្វីដែលល្អៗពីប្រទេសកម្ពុជា ពិសេសខេត្ដសៀមរាប ជាខេត្ដដែលពោរពេញទៅដោយតំបន់ទេសចរណ៍ ទៅកាន់ឆាកអន្ដរជាតិឱ្យពួកគេបានស្គាល់កាន់តែច្បាស់អំពីប្រទេសយើង”។

    កម្មវិធីប្រកួតកញ្ញាឯកចិនពិភពលោកត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2005 ដើម្បីជួយលើកកម្ពស់ សន្ដិភាព សុឆន្ទៈ និងចំណងមិត្ដភាពក្នុងចំណោមកញ្ញាឯកដែលបានចូលរួមទាំងអស់។ ពិសេសកម្មវិធីនេះមានគោលបំណងប្រមូលនារីដែលមានសម្រស់ស្រស់ស្អាតបំផុត និងមានជាប់សែស្រឡាយចិនមកពីជុំវិញពិភពលោកដើម្បីជួយលើកកម្ពស់វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីចិន។

    ដោយឡែកកញ្ញា លី ណៃស៊ីម បានប្រាប់ថា នាងបានរស់នៅទីក្រុងភ្នំពេញតាំងពីក្មេង នាងបានឃើញការរីកចម្រើនរបស់រាជធានីភ្នំពេញមានការវិវឌ្ឍទៅមុខយ៉ាងលឿន ដូច្នេះនាងនឹងប្រាប់ទៅដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីនោះឱ្យបានដឹងអំពីការវិវឌ្ឍ និងភាពរីកចម្រើននៃរាជធានីភ្នំពេញ៕

  • 4 សំណួរសម្រាប់អ្នកចង់ក្លាយខ្លួនជាគ្រូបង្រៀន

    4 សំណួរសម្រាប់អ្នកចង់ក្លាយខ្លួនជាគ្រូបង្រៀន

    ការជ្រើសរើសអាជីពជាចំណុចអាទិភាពមួយដែលមនុស្សគ្រប់រូបត្រូវគិតគូរ តែអ្នកដែលត្រូវគិតច្រើនជាងគេនោះ គឺអ្នកអប់រំ។ ការងារក្នុងវិស័យអប់រំមិនមែនងាយស្រួលដូចការគិតរបស់មនុស្សមួយចំនួននោះទេ ហើយការងារជាគ្រូបង្រៀនក៏ជាការងារមួយដែលអាចសម្រេចវាសនាមនុស្ស និងជីវិតខ្លួនឯងផ្ទាល់បាន។

    មុននឹងជ្រើសរើសយកអាជីពជាគ្រូបង្រៀន អ្នកស្រាវជ្រាវផ្នែកអប់រំ នៃគេហទំព័រល្បីៗដូចជា Education world ឬThe Athlantic Education ជាដើម រួមជាមួយគ្រូបង្រៀនល្បីៗលើពិភពលោកបានកំណត់យកវិធីសាស្រ្តមួយចំនួនដើម្បីទុកជាគំនិតសម្រាប់អ្នកដែលចង់ក្លាយជាគ្រូបង្រៀនពិចារណាមុននឹងសម្រេចចិត្តធ្វើការងារនៅក្នុងអាជីពមួយនេះ។

    ១. តើអ្នកអាចគ្រប់គ្រងការងារបម្រើសេវាអតិថិជន (Customer Service) បានទេ?
    ការងារជាគ្រូបង្រៀនជាការងារដែលត្រូវជួបមនុស្សច្រើន ដែលខុសប្លែកពីការងារបម្រើសេវាអតិថិជន (customer service) ដទៃទៀត។ ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ដែលបម្រើការងារលើផ្នែកអប់រំ ការងារនេះត្រូវប្រឈមមុខជាមួយនឹងការទំនាក់ទំនងជាច្រើន ដូចជាការទាក់ទងដោយផ្ទាល់ចំពោះតម្រូវការរបស់សិស្ស ការទាក់ទងជាមួយអាណាព្យាបាលរបស់សិស្ស ហើយព័ត៌មានផ្ទាល់ខ្លួនរបស់គ្រូបង្រៀនមួយចំនួនក៏ត្រូវបានបង្ហាញផងដែរ។ អ្នកនឹងត្រូវធ្វើរបាយការណ៍ពីថ្នាក់រៀន ពីការបង្រៀន រាយការណ៍ពីការវិវឌ្ឍ រួមទាំងកម្មវិធីបង្រៀនជាច្រើនផ្សេងទៀតទៅសាលា និងអាណាព្យាបាល។ ក្រៅពីនេះ អ្នកនឹងត្រូវក្លាយជាអ្នកសម្របសម្រួលរវាងសិស្ស និងសិស្ស សិស្ស និងអាណាព្យាបាល អាណាព្យាបាល និងសាលាជាដើម។ គ្រប់គ្នាជាអតិថិជនរបស់គ្រូបង្រៀន ហើយគ្រប់គ្នាគឺសុទ្ធតែជាបុគ្គលអាទិភាពដែលអ្នកត្រូវយកចិត្តទុកដាក់។

    ២. តើអ្នកស្រឡាញ់ការដោះស្រាយបញ្ហាដែរឬទេ?
    ការដោះស្រាយបញ្ហាបន្ទាន់ៗជាអ្វីដែលអ្នកអប់រំ ជាពិសេសគ្រូបង្រៀនត្រូវតែបានជួបនៅក្នុងអាជីព។ បញ្ហានានានឹងចូលមករៀងរាល់ពេលដែលអ្នកធ្វើការ មិនត្រឹមតែក្នុងម៉ោងបង្រៀនប៉ុណ្ណោះទេដែលអ្នកត្រូវដោះស្រាយបញ្ហា ពេលខ្លះពេញមួយថ្ងៃអ្នកមានបញ្ហាត្រូវដោះស្រាយរហូត។ មានសិស្សច្រើនណាស់ដែលចាប់យកមិនបានពីអ្វីដែលអ្នកបានបង្រៀន រឿងហ្នឹងហើយដែលទាមទារឱ្យមានចម្លើយសម្រាប់ពួកគេ។ អ្នកត្រូវដោះស្រាយបញ្ហានានាដែលមាននៅក្នុងការបង្រៀន ជាមួយមិត្តរួមការងារ និងជាមួយសាលា ដែលពេលខ្លះគ្រប់បញ្ហាទាំងអស់នេះអាចនឹងធ្វើឱ្យអ្នកធុញ តែពេលខ្លះទៀតវាអាចធ្វើឱ្យអ្នកពេញចិត្ត និងមោទនភាពជាមួយនឹងជំនួយរបស់អ្នកដែលបានឱ្យទៅកាន់មនុស្សគ្រប់គ្នានោះ។

    ៣. តើអ្នកស្រឡាញ់សហគមន៍ដែរឬទេ?
    ជាការពិតណាស់ ពេលខ្លះគ្រូបង្រៀន មិនមែនបង្រៀនតែនៅក្នុងតំបន់ដែលខ្លួនរស់នៅរាល់ថ្ងៃនោះទេ ហើយពួកគាត់ក៏មិនមានភាពចាំបាច់អីដែលត្រូវដើរទៅគ្រប់ទីកន្លែងនោះដែរ តែពួកគាត់ត្រូវស្គាល់ផ្នែកភាគច្រើននៃសហគមន៍តាមដែលអាចធ្វើទៅបាន។ គ្រូបង្រៀនត្រូវស្គាល់ពីវប្បធម៌ របៀបរបបនៃការរស់នៅរបស់មនុស្សក្នុងសហគមន៍ កម្រិតយល់ដឹងរបស់អាណាព្យាបាលរបស់សិស្ស កន្លែងសំខាន់ៗដែលគ្រូបង្រៀនគិតថាមានសារៈសំខាន់សម្រាប់ការរស់នៅ ដើម្បីអាចធ្វើជាទុននៃគំនិតសម្រាប់ការស្វែងយល់ឱ្យច្បាស់ពីតម្រូវការរបស់សិស្ស។ គ្រូបង្រៀនត្រូវដឹងពីប្រភពរបស់សិស្ស ដើម្បីងាយស្រួលផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេចង់បាន ហើយក្លាយខ្លួនជាបុគ្គលដែលគូរឱ្យគោរពម្នាក់សម្រាប់កូនសិស្ស និងអាណាព្យាបាលរបស់ពួកគេ។

    ៤. តើអ្នកចូលចិត្តការសម្តែងដែរឬទេ?
    គ្រូបង្រៀនគឺជាអ្នកសម្តែងដែលពោរពេញទៅដោយសិល្បៈ និងប្រកបដោយចំណេះដឹង។ ក្នុងចំណោមរឿងរ៉ាវដែលគ្រូបង្រៀនត្រូវធ្វើក្នុងអាជីពរបស់ខ្លួន ការសម្តែង ឬសកម្មភាពនៅលើឆាកគឺមានប្រហែលជា 85% ដើម្បីធ្វើបទបង្ហាញ ឬពន្យល់ពីមេរៀនថ្មីៗដែលទាក់ទាញ។

    ការបង្រៀនមិនមែនងាយស្រួលដោយគ្រាន់តែនិយាយឱ្យតែរួចពីមាត់នោះទេ តែត្រូវមានសិល្បៈក្នុងការនិយាយ ព្រមទាំងដឹងពីកាលៈទេសៈក្នុងការអូសទាញចិត្តសិស្សឱ្យរីករាយជាមួយនឹងការអប់រំ ដើម្បីផ្លាស់ប្តូរពួកគេឱ្យក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គមនាពេលអនាគត៕

  • HTC ដាក់ចេញស្មាតហ្វូន U11 ស្ដារមុខមាត់ថ្មី

    HTC ដាក់ចេញស្មាតហ្វូន U11 ស្ដារមុខមាត់ថ្មី

    ដូចអ្វីដែលព័ត៌មានចចាមអារ៉ាមបានលេចឮមែន ក្រុមហ៊ុន HTC ពិតជាបានដាក់ចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល U ដើម្បីស្ដារមុខមាត់ដែលធ្លាក់ចុះហៅលែងឮនោះមែន។ ស្មាតហ្វូនថ្មីនេះត្រូវបានបំពាក់ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីញ Super LCD ជាមួយកម្រិត QHD resolution (2560x1440px)។

    HTC U11 បំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 835 ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ដូចនឹងទូរស័ព្ទGalaxy S8 និង Galaxy S8 Plus ដូច្នោះដែរ។ ស្មាតហ្វូននេះមាន Ram ទំហំ 4GB, Memory ក្នុងម៉ាស៊ីនទំហំ 64GB អាចបន្ថែមទំហំបានដល់ទៅ 2TB និងមានថ្មថាមពល 3000mAh អាចសាកបានលឿនលើមុខងារ QuickCharge 3.0។

    ចំពោះសមត្ថភាពកាមេរ៉ា U11 អាចថតរូបបានច្បាស់ និងរហ័ស ខណៈវាមានទំហំ 12MP ប្រភេទ UltraPixel 3 មានកម្រិត f/1.7 aperture អាចថតរូបបានល្អទោះបីនៅទីកន្លែងខ្សោយពន្លឺ និងមានភ្ជាប់នូវមុខងារទប់លំនឹង OIS ហើយអាចថតវីដេអូបានក្នុងកម្រិត 4K។ សមត្ថភាពកាមេរ៉ាកម្រិតនេះ ត្រូវបានក្រុមដាក់ពិន្ទុ DxOMark ឱ្យដល់ទៅ 90ពិន្ទុខ្ពស់ជាងទូរស័ព្ទ Google Pixel ដែលបានត្រឹម 89 ប៉ុណ្ណោះ។ អ្វីកាន់តែពិសេសជាងនេះទៀត លោកអ្នកអាចប្រើប្រាស់ HTC U11 ថតរូបភាពជាប្រភេទ RAW Format បានផងដែរ។ កាមេរ៉ានេះអាចថតរូបភាពត្រឹមកម្រិត1080p ប៉ុណ្ណោះ វាមិនអាចថតក្នុងទម្រង់ 4K បាននោះទេ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ15MP ដែលអាចថតកម្រិត 150 ដឺក្រេជាប្រភេទ Wide-Angle Lens។ ជាពិសេស វាអាចថតរូបភាព Selfie Panoramas បានផងដែរ។

    HTC បានធ្លាក់ចំណូល 9.29% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2016។ ចំណូលសរុបមួយរយៈ 4ខែដើមឆ្នាំ 2017នេះ ក្រុមហ៊ុនទទួលបានតែ 635 លានដុល្លារ មានការធ្លាក់ចុះ 6.45% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2016 ដោយពេលនោះ HTC ទទួលបាន 676 លានដុល្លារ។

    អ្នកវិភាគមួយចំនួនលើកឡើងថា ការបន្តធ្លាក់ចុះនេះ អាចបណ្ដាលមកពីក្រុមហ៊ុន HTC ដាក់ចេញនូវស្មាតហ្វូនដែលមិនត្រូវចិត្តអ្នកប្រើប្រាស់ ខណៈទូរស័ព្ទមកពីក្រុមហ៊ុន Samsung កំពុងតែវាយលុកខ្លាំងលើទីផ្សារស្មាតហ្វូនសកល។ ជាអាទិ៍ស្មាតហ្វូនស៊េរីថ្មី HTC U Ultra និង HTC U Play មិនមានដំណើរការល្អ ការលក់មិនគ្រប់តាមចំនួនដែលបានគ្រោងទុក ធ្វើឱ្យចំណូលបន្តធ្លាក់។

    តែទោះបីជាយ៉ាងណា ចំណូលនេះអាចងើបឡើងវិញបន្តិច ប្រសិនបើទូរស័ព្ទ HTC U 11 បង្ហាញខ្លួនមែន។ ការសន្និដ្ឋាននេះ ផ្អែកលើសមត្ថភាពខ្លះដែលព័ត៌មានបែកធ្លាយបានចុះផ្សាយ និងការមើលឃើញពីសម្ទុះនៃការគាំទ្ររបស់អ្នកប្រើប្រាស់៕

  • ពែកមី ខឹងគេចុះផ្សាយថា នាយ គ្រឿន រងរបួស ព្រោះត្រូវគេដេញកាប់រយះក្បាលដេរ ១០ ថ្នេរ

    ពែកមី ខឹងគេចុះផ្សាយថា នាយ គ្រឿន រងរបួស ព្រោះត្រូវគេដេញកាប់រយះក្បាលដេរ ១០ ថ្នេរ

    ភ្នំពេញៈ ដោយសារមានរូបនាយគ្រឿនមានស្នាមរបួស និងមានព័ត៌មានចេញផ្សាយភ្លាមៗថា នាយ គ្រឿន ត្រូវគេដេញកាប់របួសរយះយ៉ាងធំនៅត្រង់ចិញ្ចើម ដេរ១០ថ្នេរ ហើយបាត់ប្រាក់ក្នុងកាបូបអស់ និងខានថតកុនទៀតនោះ ទើបធ្វើឱ្យក្តៅក្រហាយដល់នាយពែកមី ដែលភ្លាមៗនោះក៏បានបង្ហោះសារប្រាប់ថា៖ «ប្អូនប្រុសខ្ញុំ តែតបាល់បុកក្បាលគ្នាបែកធំណាស់បងប្អូនអើយ ជួបស៊យ» ។

    នាយពែកមីដែលជាបងប្រុសបង្កើតរបស់នាយគ្រឿនតារាកំប្លែងល្បី និងជាពិធីករក្នុងកម្មវិធីល្បែងកម្សាន្ត របស់ទូរទស្សន៍ CTN បានប្រាប់ថា៖ «ទោះបីខ្ញុំបានបញ្ជាក់ថា មានរបួសដោយសារលោតតែតបាល់បុកក្បាលគ្នាប៉ុណ្ណឹងហើយក៏ដោយ ក៏នៅតែមានព័ត៌មានចេញផ្សាយមិនពិតថា នាយគ្រឿនត្រូវគេដេញកាប់រយះក្បាល ដោយអត់មានបានសាកសួរសាមីខ្លួន និងបងប្អូនគេអីបន្តិចសោះ ការពិតនាយគ្រឿនលេងបាល់ទាត់នៅខ្សែប្រយុទ្ធ លោតតែតបាល់បុកក្បាលគ្នាជាមួយខ្សែការពារនៅទីលានក្បែរផ្ទះជិតស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន កាលពីល្ងាចម៉ោង ៥ និងដេរតែ ៨ ថ្នេរ ទេ!»។

    តារាកំប្លែងនាយ ពែកមី បានបន្តថា៖ «ខ្ញុំដឹងថាព័ត៌មានច្បាស់ជាសរសេរចង់ឲ្យគេចាប់អារម្មណ៍ចង់មើលមិនខាន តែសុំកុំឲ្យហួសពីការពិតពេក ខុសពីឧត្តមគតិខ្លួនធ្វើអី! ហើយខ្ញុំក៏សូមជម្រាបបងប្អូនដែរថា ទោះបីជានាយគ្រឿនរងរបួសក៏មិនប៉ះពាល់ទៅដល់ការថតកំប្លែង ឬកម្មវិធីទូរទស្សន៍ និងច្រៀងកាត់សក់ឡើយ គ្រាន់តែអត់អាចថតកុនបានប៉ុណ្ណោះ»៕

  • Bournemouth នឹងដេញថ្លៃក្នុងទឹកប្រាក់ច្រើនជាង ៣០លានផោនដើម្បីទិញ Ake និង Begovic ពី Chelsea

    Bournemouth នឹងដេញថ្លៃក្នុងទឹកប្រាក់ច្រើនជាង ៣០លានផោនដើម្បីទិញ Ake និង Begovic ពី Chelsea

    ក្លិប Bournemouth កំពុងមានបំណងក្នុងការពង្រឹងទៅលើការបញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League តាមរយៈការដាក់ការដេញថ្លៃក្នុងទឹកប្រាក់ច្រើនជាង៣០លានផោន (ស្មើនឹង៣៩លានដុល្លារអាមេរិក) ដើម្បីទិញយកកីឡាករពីររូបរបស់ក្លិប Chelsea ដែលរួមមាន ខ្សែការពារ Nathan Ake និងអ្នកចាំទី Asmir Begovic នៅពេលរដូវកាលនេះបញ្ចប់ជាស្ថាពរ។

    ខ្សែការពារ Nathan Ake

    កីឡាករទាំងពីរមិនបានបង្ហាញខ្លួនជាទៀងទាត់ឡើយនៅជាមួយ Chelsea ខណៈដែល Begovic វ័យ២៩ឆ្នាំ ទទួលតួនាទីជាអ្នកចាំទីជម្រើសទី២បន្ទាប់ពី Thibaut Courtois អស់រយៈពេល២ឆ្នាំមកហើយ ចាប់តាំងពីផ្ទេរមកពីក្លិប Stoke City ក្នុងតម្លៃខ្លួន៨លានផោន។ អ្នកចាំទីអន្តរជាតិបូស៊្នីរូបនេះ ស្ទើរតែបានផ្ទេរទៅកាន់ក្លិប Bournemouth កាលពីខែមករាម្តងទៅហើយ ក្រោយពីបានឈានដល់ការព្រមព្រៀងគ្នាលើចំណុចសំខាន់ៗរួច ប៉ុន្តែនៅជាប់លក្ខខណ្ឌថា លុះត្រាតែក្រុមតោខៀវរបស់លោក Antonio Conte រកអ្នកចាំទីដ៏មានបទពិសោធម្នាក់មកជំនួសបាន។

    អ្នកចាំទី Asmir Begovic

    ការមិនអាចរកអ្នកចាំទីដ៏គួរឲ្យទុកចិត្តម្នាក់មកជំនួស Begovic បាន មានន័យថា ការផ្ទេរនេះត្រូវបានលុបចោល។ Begovic ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ក្លិបកំពូលៗជាច្រើននោះ នឹងធ្វើឲ្យក្លិប Bournemouth ចំណាយប្រាក់ប្រមាណជា១២លានផោន ហើយបើគ្មានគូប្រជែងទេនោះ ការផ្ទេរនេះនឹងដំណើរការទៅមុខ។ ប៉ុន្តែ ការផ្ទេររបស់ Ake នឹងផ្តល់នូវភាពស្មុគស្មាញច្រើនជាង។ ខ្សែការពារអន្តរជាតិហូឡង់រូបនេះ បានចំណាយពេលពាក់កណ្តាលរដូវកាលទៅលើលក្ខខណ្ឌខ្ចីជើងនៅឯក្លិប Bournemouth និងបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ក្រោយពីបានចូលលេងពេញលេញកាលពីខែវិច្ឆិកា ឆ្នាំទៅ នៅមុនពេល Chelsea បានសម្រេចចិត្តកោះហៅរូបគេឲ្យមកចូលរួមជាមួយនឹងក្រុមរបស់ខ្លួនវិញ៕
    ប្រភពពី៖ The Guardian

  • អ៊ឹចឹងបានជាតារាស្រី ទូច ស្រីលក្ខណ៍ មិនព្រមទៅតាមស្វាមីនៅប្រទេសអង់គ្លេស…

    អ៊ឹចឹងបានជាតារាស្រី ទូច ស្រីលក្ខណ៍ មិនព្រមទៅតាមស្វាមីនៅប្រទេសអង់គ្លេស…

    ភ្នំពេញៈ ថ្មីៗនេះ គេស្រាប់តែឃើញតារាចម្រៀងពូកែលេងទឹកមុខក្រមិចក្រមើមនាំឲ្យទស្សនិកជនផ្ទុះសំណើចមិនដឹងខ្លួនអ្នកនាង ទូច ស្រីលក្ខណ៍ លេចវត្តមាននៅក្នុងផ្ទាំងប៉ាណូស្ប៉តពាណិជ្ជកម្មផលិតផលភេសជ្ជៈមួយមានយីហោថា «គុនខ្មែរ» ដោយមានទាំងតារាសម្តែង និងពិធីករពូកែកំប្លែងចាក់ទឹកមិនលេចលោក ប៉ែន ចំរ៉ុង អតីតស្វាមីមិនបានរៀបការ បានត្រឹមតែចុះអេតាស៊ីវិលនឹងកូនស្រីចាងហ្វាងផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស ដ៏គួរឲ្យចាប់អារម្មណ៍។

    មហាជនក៏នាំគ្នាឆ្ងល់មួយរំពេចថា តើហេតុអ្វីបានជាតារាចម្រៀង និងសម្តែងស្រីអ្នកនាង ទូច ស្រីលក្ខណ៍ មិនព្រមទៅរស់នៅជាមួយស្វាមីសោយសុខទ្រព្យស្តុករបស់ស្វាមីជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន ដែលបានរៀបការតាំងពីឆ្នាំ២០១១ មកអ៊ីចឹង?
    អ្នកនាង ទូច ស្រីលក្ខណ៍ បច្ចុប្បន្នមានកូនប្រុសវ័យជាង ២ ឆ្នាំ ជាចំណងស្នេហ៍ផ្សារភ្ជាប់សាច់ឈាមឲ្យកាត់ជាតិសាសន៍ខ្មែរ-អង់គ្លេសមកនោះ នៅតែមិនបានឃើញទៅរស់នៅជាមួយស្វាមីឡើយ តែបែរជា ឃើញនាងងាកមកប្រឡូកលើវិថីសិល្បៈខ្មែរសាឡើងវិញជាបណ្តើរៗទៅវិញ។

    តារាចម្រៀង និងសម្តែងស្រីរូបនេះបានបកស្រាយចម្ងល់នោះថា៖ «ទេ! នាងខ្ញុំដូចជាអត់ដែលបានប្រកាសប្រាប់ព័ត៌មានថា លាឈប់ពីសិល្បៈពីពេលណានោះទេក្រោយពីរៀបការមក គ្រាន់តែនាងខ្ញុំធ្លាប់ប្រាប់ថា សុំសម្រាកមួយរយៈក្រោយពីបានរៀបការរួចប៉ុណ្ណោះ។ បច្ចុប្បន្ននេះនាងខ្ញុំ និងលោក ប៉ែន ចំរ៉ុង គឺធ្វើជាតំណាងទូតសុឆន្ទៈឲ្យផលិតផលភេសជ្ជៈមួយមានឈ្មោះថា “គុនខ្មែរ” ដែលយើងនឹងធ្វើសន្និសីទកាសែតនាពេលឆាប់ៗខាងមុខនេះផងដែរ និងមកពីពេលនេះកូនប្រុសខ្ញុំធំល្មមអាចយកទៅដាក់នៅសាលារៀនបានហើយ ទើបនាងខ្ញុំមកបំពេញការងារសិល្បៈឡើងវិញ។ ចំណែកប្តីប្រពន្ធខ្ញុំ គ្មានអ្វីចោទជាបញ្ហាទេ គាត់តែងតែផ្តល់ឱកាស និងឲ្យតម្លៃសម្រាប់ក្តីប្រាថ្នាការងារផ្ទាល់ខ្លួនរបស់នាងខ្ញុំជានិច្ច»៕

  • រថយន្ត BMW 5 Series មានតែ 5 គ្រឿងគត់ក្នុងប្រទេសកម្ពុជា

    រថយន្ត BMW 5 Series មានតែ 5 គ្រឿងគត់ក្នុងប្រទេសកម្ពុជា

    BMW 5 Series ដែលជារថយន្តជំនាន់ទី7 ត្រូវបានផលិតឡើងសម្រាប់អ្នកនិយមរថយន្តប្រណីតបែបថ្លៃថ្នូ ក្នុងត្រកូលអភិជន ឬអ្នកមានតំណែងធំៗ បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានត្រឹមតែ 5គ្រឿងប៉ុណ្ណោះ ក្នុងដំណាក់កាលបើកសម្ពោធដំបូងនេះ។

    រថយន្តនេះមានតម្លៃចាប់ពី 109,800ដុល្លារអាមេរិកឡើងទៅ ដោយមាន 2ជម្រើស គឺបែបប្រណីត និងបែបរថយន្តស្ព័រ ព្រមជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ជំនួយដល់ការបើកបរប្រកបដោយសុខសុវត្ថិភាព និងផាសុកភាព ដោយវាមានបំពាក់នូវប្រព័ន្ធជំនួយក្នុងការបើកបរដ៏ឆ្លាតវៃ និងកម្រិតនៃការភ្ជាប់ទំនាក់ទំនងដែលល្អ ប្រព័ន្ធជំនួយ និងប្រព័ន្ធប្រតិបត្តិការច្នៃប្រឌិតថ្មី ជាមុខងារពិសេសថ្មីដែលមានសារៈសំខាន់បំផុត។

    លោក Peter Brongers នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីមៀម អូតូ អ៊ីមផត បានឱ្យដឹងថា រថយន្តស៊េរីថ្មីនេះមានត្រឹមតែ 5 គ្រឿងប៉ុណ្ណោះ តែអ្វីដែលពិសេសនោះ គឺរថយន្ត 2 គ្រឿងត្រូវបានអតិថិជនកក់រួចជាស្រេច តាំងពីមិនទាន់មកដល់ទីផ្សារកម្ពុជាម្ល៉េះ។ លោកបន្ថែម ថា BMW 5 ស៊េរី ជារថយន្តជំនាន់ទី 7 ហើយស៊េរីនេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ1972 ដោយមានចំនួនលក់ចេញបានជាង 8 លានគ្រឿងទូទាំងពិភពលោកគិតមកដល់បច្ចុប្បន្ន។

    លោកថ្លែងថា៖«ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ព្រោះថាវាមិនទាន់មកដល់ផង យើងអាចលក់បាន 2 គ្រឿងមុនបាត់ទៅហើយ»។
    រថយន្តនេះមានប្រព័ន្ធបញ្ជាដោយកាយវិការសម្រាប់អ្នកអង្គុយខាងមុខ និងអ្នកបើកបរជាមួយអេក្រង់ទំហំ 10.25 អ៊ីញ Touch Screen ផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្តសម្រាប់ការបញ្ជា និងស្វែងរកព័ត៌មានផ្សេងៗ ហើយលោកអ្នកក៏អាចប្រើប្រាស់សេវាកម្ម Microsoft Exchange បើកកម្មវិធី Microsoft Office 365 ធ្វើការភ្ជាប់ Email ប្រតិទិន និងការរក្សាលេខទូរស័ព្ទ ក៏ដូចជាអាចកែសម្រួលវានៅក្នុងរថយន្តរបស់លោកអ្នកផ្ទាល់បាន។ ក្នុងកម្មវិធី Apple CarPlay ក៏ត្រូវដាក់ភ្ជាប់មកជាមួយរួចស្រេចផងដែរ សម្រាប់ម្ចាស់រថយន្តដែលប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់តភ្ជាប់ រួមនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង។

    រថយន្តថ្មីនេះ មានទម្ងន់ស្រាលជាងមុន ខណៈតួខ្លួនត្រូវបានផលិតពីអាលុយមីញ៉ូម និងដែកដ៏រឹងមាំ មានការរចនាថ្មីនៃតួសាក់ស៊ី កម្លាំងទំនាញទាប គឺជាចំណុចពិសេសរបស់រថយន្ត BMW 5 ស៊េរី ក្នុងការបែងចែកទម្ងន់ និងរូបរាងដើម្បីផ្តល់នូវលំនឹង និងបត់បែនបានស្រួល។ ចំពោះទំហំម៉ាស៊ីន វាមាន 2 ប្រភេទ សាំង និងម៉ាហ្ស៊ូត ចាប់ពីទំហំ 4 ស៊ីឡាំង ដល់ 8 ស៊ីឡាំង មាន 8 ចង្កឹះលេខជាមួយនឹងបច្ចេកវិទ្យាបើកបរដោយប្រើតែកង់ក្រោយ ឬក៏ប្រើកង់ទាំងអស់របស់ BMW xDrive ទៅតាមតម្រូវការរបស់អតិថិជន៕

  • ការចុះកិច្ចសន្យាលក់កម្មសិទ្ធិឯកជនក្នុង «អគារប៊ុលឌិងស» កំពុងបង្ហាញសញ្ញាវិជ្ជមាន

    ការចុះកិច្ចសន្យាលក់កម្មសិទ្ធិឯកជនក្នុង «អគារប៊ុលឌិងស» កំពុងបង្ហាញសញ្ញាវិជ្ជមាន

    ទោះបីជាការចរចាតម្លៃក្នុងការទិញ-លក់កម្មសិទ្ធិឯកជននៅក្នុងអគារប៊ុលឌិងស នៅមានមតិមួយចំនួនតូចពុំទាន់មានការយល់ព្រមទទួលយកនូវដំណោះស្រាយក៏ដោយ ប៉ុន្ដែបើគិតចាប់តាំងពីពេលដែលបើកយុទ្ធនាការនៃការចុះកិច្ចសន្យាទិញ-លក់រហូតមកដល់ពេលនេះឃើញថា ដំណើរការមានភាពរលូន និងកំពុងតែឈានទៅរកលទ្ធផលវិជ្ជមានជាខ្លាំង។


    ជំនួបរវាងអាជ្ញាធរនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាមួយប្រជាជាពលរដ្ឋរស់នៅក្នុង «អគារប៊ុលឌិងស» ចំនួន 493 គ្រួសារ ត្រូវបានអាជ្ញាធរសម្រេចផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងការទិញកម្មសិទ្ធិឯកជនក្នុងមួយម៉ែត្រការ៉េ 1400ដុល្លារអាមេរិក ដោយគិតទៅលើចំនួនការ៉េនៅក្នុងមួយយូនីតៗ។

    គ្រានោះគេសង្កេតឃើញមានការឯកភាពពីប្រជាពលរដ្ឋប្រមាណជាង 90%ទៅហើយ ដែលទទួលយកការទិញកម្មសិទ្ធិឯកជនរបស់ពួកគាត់នៅក្នុងអគារនេះក្នុងតម្លៃ1400ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះអ្នកដែលបានយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួននឹងអាចទទួលបានប្រាក់នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017។ រីឯអ្នកដែលមិនទាន់មានការយល់ស្របអាជ្ញាធរនឹងធ្វើការដោះស្រាយតាមជាក់ស្ដែង។

    តែទោះជាយ៉ាងនេះក្ដី គេមើលឃើញថា ដំណើរការនៃការមកចុះកិច្ចសន្យាលក់ត្រូវបានប្រព្រឹត្ដទៅយ៉ាងរលូន និងមានប្រជាជនចូលមកធ្វើកិច្ចសន្យាជាបន្ដបន្ទាប់ ពិសេសក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះមានការវិវឌ្ឍទៅមុខយ៉ាងលឿន។ ដោយគិតចាប់ពីថ្ងៃទី16 ខែឧសភា ឆ្នាំ2017 មក ប្រជាជនរស់នៅលើក្នុងបន្ទប់អគារនោះចំនួន 327យូនីតក្នុងចំណោម 493 យូនីតបានមកចុះកិច្ចសន្យាលក់ដែលសើ្មនឹង66,33%។ និងមកដល់ថ្ងៃទី17ខែឧសភាម្សិលមិញនេះ គិតត្រឹមម៉ោង5 និង30នាទីល្ងាច មានប្រជាជនមកចុះកិច្ចសន្យាលក់បន្ថែមបាន 367យូនីត ឬសើ្មនឹង74,44%ហើយ។

    យោងតាមការសន្និដ្ឋានពីមហាជនជាច្រើនដែលកំពុងតែតាមដានលើរឿងនេះបានលើកឡើងថា ដំណើរការនេះកំពុងតែបង្ហាញសញ្ញាវិជ្ជមានដែលធ្វើឱ្យគេមានសង្ឃឹមថា អាចនឹងឃើញអគារដ៏ថ្មីប្រណីតមួយជំនួសឱ្យអគារវ័យចំណាស់ទ្រុឌទ្រោមនេះផុសឡើងនាកណ្ដាលរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះជាមិនខាន៕

  • ជើងខ្លាំង ២ ក្រុមដឹកដៃគ្នាឡើងជុំទី៤ នៃពាន Hun Sen Cup 2017

    ជើងខ្លាំង ២ ក្រុមដឹកដៃគ្នាឡើងជុំទី៤ នៃពាន Hun Sen Cup 2017

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១១ បានឈានដល់ជុំទី៤ហើយ ដោយជើងខ្លាំង ២ក្រុម ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) និងក្រុមអគ្គិសនីកម្ពុជា (EDC) បានកក់កៅអីរួចរាល់ ក្រោយទទួលបានជ័យជម្នះរៀងៗខ្លួន កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ ។

    សម្រាប់លទ្ធផលប្រកួតជើងទី៣ របស់ក្រុមប៉ូលិស គឺបានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវេស្ទើន ២-១ ប៉ុន្ដែលទ្ធផលនេះ មិនអាចរំលាយឱកាសឡើងទៅវគ្គបន្ដរបស់ក្រុមប៉ូលិសបានឡើយ ដោយសារកាលពីជួបគ្នាជើងទី១ ក្រុមវេស្ទើន បានចាញ់ប៉ូលិស ២-០ ។

    ដូច្នេះសរុបលទ្ធផលជួបគ្នា ២ជើង គឺប៉ូលិស ឈ្នះវេស្ទើន ៣-២ ។ចំណែកក្រុមអគ្គិសនីកម្ពុជាវិញ បានបន្ដបំបាក់ក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ដោយលទ្ធផល ៧-០ មិនឲ្យតដៃរួចឡើយ ខណៈជើងទី១ អគ្គិសនីកម្ពុជាយកឈ្នះក្នុងទឹកដី ៨-០ ។ សរុបជួបគ្នាទាំង ២ជើង ក្រុមចំណូលថ្មីនៃលីកកំពូលកម្ពុជានេះបានបំបាក់ខេត្តសៀមរាប ១៥-០ ដើម្បីទទួលបានកៅអីជុំទី៤ យ៉ាងងាយតែម្ដង៕

  • Na Yeon ឡើងកូដជាកំពូលតារាចម្រៀងមានតម្លៃខ្លួនខ្ពស់ជាងគេនៅកូរ៉េ

    Na Yeon ឡើងកូដជាកំពូលតារាចម្រៀងមានតម្លៃខ្លួនខ្ពស់ជាងគេនៅកូរ៉េ

    តារាស្រី Na Yeon សមាជិកក្រុមចម្រៀងស្រី TWICE ឡើងកូដ ជាតារាចម្រៀងស្រីដែលមានតម្លៃខ្លួនថ្លៃជាងគេ ប្រចាំខែឧសភានេះ។

    ក្រុមហ៊ុន Korea institute of corporate reputation បានបង្ហាញពីតារាងពិន្ទុតារាងស្រីដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅក្នុងខែឧសភា ដោយក្នុងនោះ នាង Na Yeon គឺជាសិល្បៈការនីដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងចង្កោមសិល្បៈ ដោយទិន្នន័យត្រូវបានប្រមូលចាប់ពីថ្ងៃទី ១២ ខែមេសា រហូតថ្ងៃទី ១៣ ខែឧសភា ក្នុងនោះតារាស្រី Na Yeon មានពិន្ទុ ៨៦៤,៥៥៦ ខណៈដែល Na Eun មានពិន្ទុ ៧៧៦,៣៥៨ និង Hani មានពិន្ទុសរុប ៧៦៩, ១៦៣។

    ក្រោពីនេះនៅមានសិល្បៈការិនីផ្សេងៗទៀត ដែលជាប់ក្នុងតារាងដែលនោះគឺនាង Sana សមាជិកក្រុមចម្រៀង TWICE, នាង Tzuyu សមាជិកក្រុមចម្រៀង TWICE, នាង Yura សមាជិកក្រុមចម្រៀង Girl’s Day, នាង Jihyo សមាជិកក្រុមចម្រៀង TWICE, នាង Eunji សមាជិកក្រុមចម្រៀង A Pink,នាង Irene សមាជិកក្រុមចម្រៀង Red Velvet, នាង Sooyoung សមាជិកក្រុមចម្រៀង Girls’ Generation,នាង Solbin សមាជិកក្រុមចម្រៀង LABOUM,នាង Jungyeon សមាជិកក្រុមចម្រៀង TWICE, នាង Taeyeon សមាជិកក្រុមចម្រៀង Girls’ Generation, នាង Seohyun សមាជិកក្រុមចម្រៀង Girls’ Generation,នាង Kim Se Jung សមាជិកក្រុមចម្រៀង Gugudan,នាង YoonA សមាជិកក្រុមចម្រៀង Girls’ Generation,នាង Seulgi សមាជិកក្រុមចម្រៀង Red Velvet,នាង Hyeri សមាជិកក្រុមចម្រៀង Girl’s Day,នាង Hana សមាជិកក្រុមចម្រៀង Gugudan និងចុងក្រោយនាង YooA សមាជិកក្រុមចម្រៀង Oh My Girl៕