Author: វល័ក្ខ

  • នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

    នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

    ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាននគភ៌ជាច្រើននាក់ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះញឹកញាប់ដែរ មែនទេ?។ ហេតអ្វីបានអ្នកម្តាយមានគភ៌គេងមិនលក់? មូលហេតុចម្បង គឺបណ្តាលមកពី ការប្រែប្រួលរបស់អ័រម៉ូននៅក្នុងរាងកាយហ្នឹងឯង។

    – ជាពិសេសក្នុងអំឡុងពេលត្រីមាសដំបូង ដែលកម្រិតអ័រម៉ូន ប្រូជេស្ទើរ៉ូន កើនឡើងខ្ពស់ជាងប្រក្រតី ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ម៉ួម៉ៅ នឿយល្វើយ សោកសៅ និងគេងមិនលក់ ឬពេលខ្លះមានអារម្មណ៍ងងុយគេងខ្លាំង តែគេងលក់មិនសូវពេញលេញ ឬអ្នកម្តាយខ្លះគេងពេលថ្ងៃច្រើនពេក ក៏ជាមូលហេតុមួយធ្វើឱ្យពេលយប់មានអារម្មណ៍មិនសូវងងុយគេងដែរ។

    – ខណៈដែលក្នុងអំឡុងត្រីមាសទី2 មានមូលហេតុចម្បងមកពីការរើរបស់កូននៅក្នុងពោះ បូកជាមួយក្នុងអំឡុងពេលនេះ អ័រម៉ូន ប្រូជេស្ទើរ៉ូន នៅក្នុងរាងកាយរបស់អ្នកម្តាយនៅតែខ្ពស់ដដែល ដូចនេះអ្នកម្តាយក៏អាចនឹងគេងមិនលក់បានដូចគ្នា។

    – ក្នុងត្រីមាសចុងក្រោយ អ្នកម្តាយមួយចំនួនអាចគេងមិនលក់ ដោយសាតែការរីកធំរបស់ក្បាលពោះទើបមានអារម្មណ៍ថាតឹងពោះ ឈឺខ្នង ឬឈឺបត់ជើងតូចញឹករហូតត្រូវងើបឡើងទៅចូលបន្ទប់ទឹកជាញឹកញាប់។

    គេងមិនលក់មានផលប៉ះពាល់ដល់សុខភាព
    បើត្រឹមតែ 1 ដងឬ 2 ដង អ្នកម្តាយគ្រាន់តែងងុយគេង ស្ងាបនៅពេលថ្ងៃតែប៉ុណ្ណោះ តែបើញឹកញាប់រៀងរាល់យប់វិញនោះ
    វាប្រហែលមិនមែនជារឿងល្អទេ ព្រោះថា…៖

    – គេងមិនលក់ធ្វើឱ្យមានអារម្មណ៍តានតឹង៖ អាការគេងមិនលក់ជាមួយភាពតានតឹងក្នុងអារម្មណ៍គឺជារឿងដែលពាក់ព័ន្ធគ្នា
    ព្រោះនៅពេលអ្នកគេងមិនលក់ វានឹងបង្កឱ្យមានភាពធុញថប់តានតឹង រឹតតែមានអារម្មណ៍តានតឹង រឹតតែភ័យបារម្ភ រហូតទីបំផុតនឹងរឹតតែធ្វើឱ្យគេងមិនលក់ទៅទៀត។

    – សម្ពាធឈាមឡើងខ្ពស់ ប្រថុយនឹងសភាវគភ៌មានជាតិពុល៖ ដោយនៅក្នុងមួយយប់ៗអ្នកម្តាយគួរគេងឱ្យបាន 8 – 9ម៉ោង
    ដើម្បីឱ្យរាងកាយសម្រួលតុល្យភាព និងគ្រប់គ្រងអ័រម៉ូនផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសអ័រម៉ូនដែលគ្រប់គ្រងការធ្វើការងាររបស់សរសៃឈាម ព្រោះបើអ្នកម្តាយគេងមិនបានគ្រប់គ្រាន់នោះ អាចធ្វើឱ្យអ័រម៉ូនមានការប្រែប្រួល ហុចផលឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កឱ្យកើតសភាវគភ៌មានជាតិពុល។

    – កូនលូតលាស់ធំធាត់យឺត៖ នៅពេលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យកូនតូចគេងមិនលក់តាមនោះដែរ ដែលអាចនឹងមានផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់ផ្នែករាងកាយ និងខួរក្បាលរបស់ទារក។ ការដែលអ្នកម្តាយគេងមិនលក់ នឹងធ្វើឱ្យរាងកាយល្វើយខ្សោយ លំហូរវឹលរបស់ឈាមនឹងមិនសូវល្អ ហើយឈាមដែលហូរទៅចិញ្ចឹមកូននៅក្នុងគភ៌មានប្រសិទ្ធភាពទាបឬមិនគ្រប់គ្រាន់ពេលប្រសូត្រចេញមក ទារកអាចនឹងមានទម្ងន់ខ្លួនតិចជាងប្រក្រតី ហើយការធំធាត់របស់កូនក៏នឹងយឺតជាងធម្មតាដែរ។

    គន្លឹះធ្វើឱ្យងាយគេងលក់
    ជ្រើសរើសឥរិយាបថគេងដែលស័ក្តិសម ព្រោះក្នុងពេលមានគភ៌ អ្នកម្តាយអាចកើតអាការឈឺខ្នង ហើមពោះ ដូច្នេះឥរិយាបថគេងដែលជួយកាត់បន្ថយអាការឈឺខ្នង នឹងធ្វើឱ្យអ្នកម្តាយកាន់តែងាយគេងលក់ឡើង ទោះជាពាក្យណែនាំទូទៅប្រាប់ឱ្យអ្នកម្តាយគេងផ្អៀងខាងឆ្វេង ព្រោះស្បូននឹងមិនសង្កត់លើសរសៃឈាមខ្មៅធំដែលនៅខាងស្តាំមែន តែការពិតអ្នកម្តាយអាចគេងក្នុងឥរិយាបថណាក៏បានឱ្យតែមានអារម្មណ៍ថាសប្បាយស្រួលខ្លួន។

    – កែសម្រួលសភាពបន្ទប់គេងឱ្យស័ក្តិសមសម្រាប់អ្នកមានគភ៌ ដូចជា ជ្រើសរើសពូក ខ្នើយកល់ ខ្នើយឱប ឱ្យអំណោយផលនឹងស្ថានភាពការគេងរបស់អ្នកម្តាយជាដើម។
    – គួចៀសវាងការញ៉ាំទឹកច្រើន ជាពិសេស 3 ម៉ោងមុនចូលគេង ព្រោះនឹងធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ឈឺបត់ជើងតូច និងបើភ្ញាក់ពេលកណ្តាលយប់ហើយ នឹងធ្វើឱ្យមិនងាយគេងលក់វិញទេ។
    – ព្យាយាមចូលគេង និងភ្ញាក់ឱ្យទៀងពេល ព្រោះបើមានការផ្លាស់ប្តូរកន្លែង ឬខុសពេលវេលា អាចធ្វើឱ្យយើងមានអារម្មណ៍មិនងងុយ ឬមិនចង់គេងបាន។
    – មុនគេងចូរអ្នកម្តាយញ៉ាំទឹកដោះគោក្តៅឧណ្ហៗ នឹងជួយឱ្យគេងឆាប់លក់ឡើង។
    – ហាត់ប្រាណស្រាលៗជាប់ជានិច្ច ជួយឱ្យឈាមហូរវិលបានកាន់តែល្អឡើង ធ្វើឱ្យអ្នកម្តាយគេងលក់កាន់តែស្រួលឡើង។
    – បើកបទចម្រៀងស្តាប់តិចៗមុនចូលគេង ឬធ្វើចិត្តឱ្យស្ងប់ ព្រោះភាគច្រើនអ្នកម្តាយច្រើនតែបារម្ភថា បើគេងមិនលក់ កូននឹងមានបញ្ហា ដូច្នេះកាត់បន្ថយភាពជ្រួលច្រាលនេះចេញ ធ្វើចិត្តឱ្យសប្បាយ តែប៉ុណ្ណឹងមិនបាច់តានតឹងក្នុងអារម្មណ៍រហូតគេងលែងលក់ទៅហើយ។

    សាកល្បងនាំយកវិធីទាំងនេះទៅប្រើលមើល៍ តែបើអ្នកម្តាយណានៅតែគេងមិនលក់ដូចមុនដដែលនោះ សូមប្រញាប់ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យភ្លាម ព្រោះបើបណ្តោយទុកយូរ នឹងខូចសុខភាព ហើយមានគ្រោះថ្នាក់ឥតប្រយោជន៍ និងដែលសំខាន់គឺកុំទិញថ្នាំគេងលក់មកញ៉ាំដោយខ្លួនឯងឱ្យសោះ ព្រោះវានឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះទារក៕

  • 3 វិធីសាស្រ្ត ជួយជំរុញអារម្មណ៍ផ្លូវភេទឱ្យបានល្អ

    3 វិធីសាស្រ្ត ជួយជំរុញអារម្មណ៍ផ្លូវភេទឱ្យបានល្អ

    ១. ធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណជួយឲ្យអ្នក មានសុខភាពល្អ រាងកាយមាំមួន។ ភាពមាំមួននៃរាងកាយ អាចជួយបង្កើននូវលំហូរឈាម ក្នុងរាងកាយរបស់អ្នក។ វាអាចធ្វើឱ្យអារម្មណ៍រួមភេទកាន់តែ ស្រើបស្រាល និងត្រេកត្រអាលខ្លាំងឡើង នៅពេលចំណង់ផ្លូវភេទនៃដៃគូបុរសស្រ្ដី មានទាក់ទងទៅនឹងការកើនឡើង នូវលំហូរឈាមទៅកាន់បរិវេណប្រដាប់ភេទ របស់ពូកគេ។ សភាពនោះ អាចធ្វើឱ្យបុរសស្រ្ដីកើនឡើងនូវភាពត្រេកត្រអាលផ្លូវភេទ ដោយខ្លួនឯង។ ប្រសិនបើការកើនឡើងនៃ លំហូរឈាមនៅបរិវេណ ប្រដាប់ភេទធ្វើឱ្យបុរសស្រ្ដី មានអារម្មណ៍ស្រើបស្រាលកាន់តែខ្លាំង ពួកគេក៏កាន់តែចង់រួមភេទទៀតដែរ។

    ២.ទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាព៖ លោកវេជ្ជបណ្ឌិត Michael Krychman នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសុខភាពផ្លូវភេទរដ្ឋកាលីហ្វូញ៉ាប៉ែកខាងត្បូងបានមានប្រសាសន៍ថា ការធាត់ពេកក៏បង្កភាពស្មុគស្មាញដល់ដំណើរការអ័កម៉ូនរបស់អ្នកដែរ។ ភាពធាត់លើសទំងន់អាចផ្លាស់ប្ដូរនូវតុល្យភាពរវាង estrogen និងអ័កម៉ូន testosterone ហើយអ័កម៉ូន testosterone កម្រិតទាប អាចធ្វើឱ្យកម្លាំងផ្លូវភេទរបស់អ្នកថយចុះ។ សរសៃឈាមក្រហមដែលកកស្ទះ ដោយជាតិខ្លាញ់ឆ្អែតមិនអាចបញ្ជូនឈាមបានច្រើនទៅកាន់បរិវេណប្រដាប់ភេទ ដើម្បីឱ្យមានអារម្មណ៍ស្រើបស្រាលបានទេ ដោយសារភាពមិនប្រក្រតីនៃអន្ដរទំនាក់ទំនងរវាងជំងឺបេះដូង និងដំណើរការច្របូកច្របល់នៃភាពរឹងរបស់លិង្គ។

    ៣. គ្រប់គ្រងបានភាពតានតឹង និងស្ត្រេស៖ លោកវេជ្ជបណ្ឌិត Irwin Goldstein នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌលឱសថផ្លូវភេទ និងជានិពន្ធនាយកនៃទស្សនាវដ្ដី ឱសថផ្លូវភេទ នាទីក្រុង San Diego សហរដ្ឋអាមេរិកបានណែនាំថា មនុស្សធ្វើការច្រើនហួសកម្លាំងនិងប្រកបដោយភាពតានតឹង នោះពួកគេតែងមានអារម្មណ៍ធុញថប់ ភ្លេចបញ្ហាផ្លូវភេទ ហើយក៏មិនមានសុខភាពល្អក្នុងការរួមភេទនោះទេ៕

  • បេសបលកម្ពុជា ខិតខំប្រឹងប្រែងខ្លួនឡើងវិញដើម្បីទទួលបានសិទ្ធិចូលរួមស៊ីហ្គេម ឆ្នាំ ២០២៣

    បេសបលកម្ពុជា ខិតខំប្រឹងប្រែងខ្លួនឡើងវិញដើម្បីទទួលបានសិទ្ធិចូលរួមស៊ីហ្គេម ឆ្នាំ ២០២៣

    ក្នុងគោលបំណងចង់ចូលរួមស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីប្រជែងយកមេដាយមកជូនជាតិនោះ សហព័ន្ធ កីឡាបេសបលកម្ពុជាបានដាក់ទិសដៅ និងកំពុងទាក់ទងសុំស្ថាប័នជំនាញ NOCC និងក្រសួងអប់រំ យុវជន និងកីឡាយល់ព្រមដាក់បេសបលឲ្យចូលរួមក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ខណៈដែលសហព័ន្ធនេះបាន និងកំពុងពង្រឹងក្រុមកីឡាករ កីឡាការិនីអាយុក្រោម ១៥ ឆ្នាំ ប្រហែល២០ទៅ ២៥ នាក់សម្រាប់ឆ្នាំ ២០២៣ ។

    លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានថ្លែងថា៖ «បេសបលជាប្រភេទកីឡាថ្មី ដែលកំពុងមានសកម្មភាពជាច្រើន អ៊ីចឹងហើយបានជាក្រសួងអប់រំ យុវជន និងកីឡាគាំទ្រកិច្ចការងារនេះ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាបេសបលនៅកម្ពុជា ដោយយើងបានជ្រើសរើសយកក្រុមហ៊ុន BRYCEN ឲ្យមកជួយគាំទ្រកីឡាបេសបល ហេតុនេះទើបក្រសួងបានគាំទ្រកីឡាបេសបលទាំងស្មារតី បច្ចេកទេស និងថវិកាផងដែរ គឺធ្វើយ៉ាងណាឲ្យកីឡាបេសបលមានការរីកចម្រើនបានឆាប់»។

    ជាមួយគ្នានេះដែរលោក ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡាបេសបលកម្ពុជាបានឱ្យដឹងថា៖ «សម្ភារកីឡាប្រភេទនេះថ្លៃណាស់ អ៊ីចឹងការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន BRYCEN ដែលបានចុះMoU រយៈពេល ១ឆ្នាំ នឹងផ្តល់ជូនសហព័ន្ធកីឡាបេសបលចំនួន១ពាន់ដុល្លារក្នុង១ខែសម្រាប់ការចំណាយទៅលើការទិញសម្ភារលេង និងទីលានប្រកួត ដែលនឹងធ្វើឲ្យសម្ភាររបស់យើងមានច្រើនគ្រប់គ្រាន់ និងធ្វើឱ្យយើងអាចពង្រីកទៅកន្លែងថ្មីបានដូចជានៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបងជាដើម ព្រោះនៅភ្នំពេញនេះយើងបានធ្វើការជាមួយសាលាចំនួន ៦ និងនៅខេត្តកំពង់ធំមានចំនួន ៦សាលាដែរ »។

    លោកបានបញ្ជាក់ថា៖ «បើសិនជាមានការជួយឧបត្ថម្ភច្រើន កីឡាបេសបលនឹងមានការរីកចម្រើនបានឆាប់រហ័ស ហើយតាមគម្រោងគឺក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ យើងត្រូវបង្ហាញពីសមត្ថភាពរបស់យើងដល់ថ្នាក់ដឹកនាំ (NOCC និងក្រសួង) ដើម្បីឲ្យពួកគាត់វាយតម្លៃថា តើយើងអាចចូលរួមការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣បានឬក៏អត់?»៕

  • ដឹងឬទេថា ក្រុងព្រះសីហនុគួរអភិវឌ្ឍអគារបែបណា?

    ដឹងឬទេថា ក្រុងព្រះសីហនុគួរអភិវឌ្ឍអគារបែបណា?

    ក្រុងព្រះសីហនុជាតំបន់ដ៏មានសក្ដានុពលផ្នែកទេសចរណ៍សម្រាប់អ្នកនិយមសម្រាកលម្ហែ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីផ្ទៃសមុទ្រ។ ស្របពេលជាមួយគ្នានេះដែរ មានអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាច្រើនកំពុងតែមានចំណាប់អារម្មណ៍ជាមួយក្រុងដ៏មានវិសាលភាពនេះ តែ តើគូរតែវិនិយោគលើសំណង់អគារបែបណាដើម្បីឱ្យបន្ស៊ីគ្នាទៅនឹងបរិបទនៃក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន។

    លោក គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ក្រុងព្រះសីហនុជាតំបន់សម្រាប់លម្ហែកម្សាន្ដចុងសប្ដាហ៍ ឬសម្រាប់អ្នកទៅធ្វើវិស្សមកាល ដូច្នេះ វាមិនមែនជាកន្លែងសម្រាប់ការរស់នៅជាអចិន្រ្ដៃយ៍ ឬជាកន្លែងធ្វើពាណិជ្ជកម្មជាប់លាប់សម្រាប់អ្នកជំនួញទេ។

    លោកបានបន្ដទៀតថា៖ «ដោយសារតែហេតុផលនេះហើយទើបក្រុងព្រះសីហនុ ក្លាយជាកន្លែងល្អបំផុតសម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់សាងសង់អគារសណា្ឋគារ ឬអគារខុនដូព្រមទាំងកន្លែងសម្រាកកម្សាន្ដនានានោះ» ។

    ជាមួយគ្នានេះលោកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចែករំលែកជាបទពិសោធថា ក្នុងករណីអ្នកវិនិយោគចង់សង់ខុនដូ ពួកគាត់អាចធ្វើជាប្រភេទខុនដូសម្រាប់ការរស់នៅដែលមានកំណត់រយៈពេលបាន ឧទាហរណ៍ខុនដូ 1យូនីត ត្រូវលក់ក្នុងតម្លៃ 10ម៉ឺនដុល្លារអាមេរិក ប៉ុន្ដែសម្រាប់អ្នកដែលមានលុយត្រឹមតែ1ម៉ឺនដុល្លារអាមេរិកក៏អាចធ្វើជាម្ចាស់កម្មសិទ្ធិលើខុនដូនោះបានដែរ ដោយអាចអនុញ្ញាតឱ្យគាត់ធ្វើជាម្ចាស់បន្ទប់ខុនដូនោះបានត្រឹមតែក្នុងរយៈពេលមួយខែសម្រាប់មួយឆ្នាំ ឬក្នុងរយៈពេលណាមួយទៅតាមការកំណត់ ឬចរចាគ្នា។

    លោកបន្ដថា បើយើងងាកមកទីក្រុងភ្នំពេញវិញគេមើលឃើញថា មានមនុស្សជាច្រើនបានមកកម្សាន្ដ រស់នៅ ព្រមទាំងតាំងលំនៅធ្វើពាណិជ្ជកម្ម អាជីវកម្មផងដែរ ព្រោះតំបន់នេះប្រជុំទៅដោយសកម្មភាពផ្សេងៗគ្នារបស់មនុស្សជាច្រើន ដោយហេតុនេះហើយទើបប្រសិនបើជាគេចង់សង់អគារការិយាល័យ ឬអគារពាណិជ្ជកម្មនោះ គួរតែមកវិនិយោគនៅក្នុងទីក្រុងភ្នំពេញ៕

  • បុគ្គលិកក្រុមហ៊ុន Samsung ស្ម័គ្រចិត្តបរិច្ចាគឈាមជួយសម្រួលដល់ការខ្វះខាតឈាម

    បុគ្គលិកក្រុមហ៊ុន Samsung ស្ម័គ្រចិត្តបរិច្ចាគឈាមជួយសម្រួលដល់ការខ្វះខាតឈាម

    បុគ្គលិកមកពីក្រុមហ៊ុន Samsung ថៃ សាខាកម្ពុជា បានរួមគ្នាម្តងទៀតដើម្បីបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ដែលរៀបចំឡើងកាលពីថ្ងៃទី19 ខែឧសភា ឆ្នាំ2017 ដែលវាជាផ្នែកមួយនៃកម្មវិធី Samsung Love & Care របស់ក្រុមហ៊ុនដែលតែងតែផ្តល់នូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពមនុស្សធម៌នានា។

    លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុន Samsung ថៃអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនតែងយកចិត្តទុកដាក់ក្នុងកិច្ចការមនុស្សធម៌ក្នុងសង្គម បន្ថែមពីលើការជំរុញឱ្យផ្នែកបច្ចេកវិទ្យាផលិតផល និងការច្នៃប្រឌិត ហើយយើងសង្ឃឹមថា នឹងអាចធ្វើឱ្យជីវិតមនុស្សកាន់តែប្រសើរឡើង។

    លោកបន្តថា Samsung ជឿជាក់ថាការកសាងសង្គមប្រកបដោយភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់គឺចាប់ផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដូច្នេះហើយបានជាក្រុមហ៊ុនធ្វើការបរិច្ចាគឈាមនេះជារៀងរាល់ឆ្នាំ ហើយយើងបានធ្វើវាពីចេញពីក្រឪបេះដូងរបស់យើង។

    ជាចុងក្រោយនេះ ក្រុមហ៊ុនក៏សូមសំណូមពរឱ្យសាធារណជន និងប្រិយមិត្តអ្នកអានទាំងអស់ ដែលគិតថាខ្លួនមានសុខភាពល្អគ្រប់គ្រាន់ដើម្បីផ្តល់ឈាមសម្រាប់អ្នកដែលត្រូវការជាបន្ទាន់ សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាមតាមរយៈទូរស័ព្ទលេខ 092 99 8000៕

  • កម្ពុជាមានមជ្ឈមណ្ឌលពាណិជ្ជកម្មលើកដំបូងនៅខេត្តសានស៊ីប្រទេសចិន

    កម្ពុជាមានមជ្ឈមណ្ឌលពាណិជ្ជកម្មលើកដំបូងនៅខេត្តសានស៊ីប្រទេសចិន

    មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន «Qujiang Culture Building» ប្រចាំទីក្រុងស៊ីអានខេត្តសានស៊ីប្រទេសចិន ត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅខែឧសភានេះ ដោយមានការអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូដោយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលចិន។

    មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន ស្ថិតក្នុងទីតាំងនៃអគារពាណិជ្ជកម្មរបស់សមាគមសេដ្ឋកិច្ចវប្បធម៌កម្ពុជា-ចិន ស្ថិតនៅតាមបណ្តោយផ្លូវលេខ292 សង្កាត់គូយាន ទីក្រុងស៊ីអាន ខេត្តសានស៊ី។ មជ្ឈមណ្ឌលនេះគ្រប់គ្រងដោយសមាគមខ្មែរនៅប្រទេសចិន ទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងពាណិជ្ជកម្ម និងជាកន្លែងផ្តល់ព័ត៌មានដល់ពាណិជ្ជករ អ្នកទេសចរ និងវិនិយោគិនទាំងចិន និងជនជាតិបរទេសដទៃទៀតដែលចង់ស្វែងយល់ព័ត៌មានអំពីកម្ពុជា។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺមានដាក់តាំងពិព័រណ៌ផលិតផលខ្មែរជាច្រើន ខិត្តប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្ម ព័ត៌មានទាក់ទិនទៅនឹងការវិនិយោគ និងឯកសារផ្សេងៗអំពីកម្ពុជា។

    ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអានបើកឲ្យដំណើរការជាផ្លូវការថា ការបើកសម្ភោធមជ្ឈមណ្ឌលពាណិជ្ជកម្មនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានបើកស្ថានអគ្គកុងស៊ុលនៅទីក្រុងស៊ីអាន ខេត្តសានស៊ី កាលពីថ្ងៃទី17 ខែមិថុនា ឆ្នាំ2015 ដោយគ្របដណ្តប់លើខេត្តសានស៊ី ខេត្តកានស៊ូ និងតំបន់ស្វយ័តនីងសែ។ ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ គឺកម្ពុជាបាននាំចូលផលិតផលទៅកាន់ខេត្តសានស៊ីមានទំហំទឹកប្រាក់ជាង 42លានដុល្លាក្នុងឆ្នាំ2015 និងជិត53លានដុល្លារក្នុងឆ្នាំ2016។

    ទឹកប្រាក់វិនិយោគរបស់វិនិយោគិនខេត្តសានស៊ី នៅកម្ពុជាមានទំហំ 1,33លានដុល្លារក្នុងឆ្នាំ2015 និងក្នុងឆ្នាំ2015កន្លងទៅនេះដែរ ចំនួនភ្ញៀវទេសចរពីខេត្តសានស៊ី មកកម្ពុជាគឺមានចំនួន1ម៉ឺននាក់។ បច្ចុប្បន្នមាននិស្សិតខ្មែរ 47នាក់ និងមានប្រជាជនខ្មែរ ចំនួន 247 នាក់ស្នាក់នៅខេត្តសានស៊ីផងដែរ។ កាលពីថ្ងៃទី3-5 ខែសីហា ឆ្នាំ2016 ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសានស៊ី។ ជាមួយគ្នានេះដែរមេដឹកនាំខេត្តសានស៊ីក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់នៅកម្ពុជាផងដែរ៕

  • វិធីរៀបចំបន្ទប់ទឹកស្អាតស្ទីល Shower Room

    វិធីរៀបចំបន្ទប់ទឹកស្អាតស្ទីល Shower Room

    ប្រទេសយើងស្ថិតនៅក្នុងតំបន់ក្តៅ កិច្ចការងារក្នុងមួយថ្ងៃៗរបស់យើង ត្រូវជួបនឹងធាតុអាកាសផ្សេងៗជាច្រើនទើបយើងចាំបាច់ត្រូវងូតទឹកសម្អាតខ្លួនយ៉ាងតិចបំផុតមួយថ្ងៃ 2ដង គឺព្រឹក និងល្ងាច ឬក្នុងចន្លោះពេលថ្ងៃ ដើម្បីលាងជម្រះវត្ថុកខ្វក់ និងបណ្តេញវត្ថុមិនល្អចេញពីរាងកាយ ដូច្នេះហើយទើបបន្ទប់ទឹកត្រូវតែស្អាត ដើម្បីផ្តល់នូវលក្ខណៈដ៏ល្អប្រសើរបំផុត។

    ការរៀបចំតុបតែងបន្ទប់ទឹកដែលល្អ
    1. គួរញែកបរិវេណផ្នែកទទឹក និងផ្នែកស្ងួតឱ្យដាច់ចេញពីគ្នា ដើម្បីសុវត្ថិភាព មិនរអិលដួលក្នុងអំឡុងពេលប្រើការ ដោយផ្នែកដែលទទឹកគឺ បរិវេណងូតទឹក ហើយផ្នែកស្ងួតគឺ បរិវេណបង្គន់ កន្លែងលុបមុខ និងបរិវេណតែងខ្លួន។

    2. សុវត្ថិភាពខាងក្នុងបន្ទប់ទឹក ឧបករណ៍ក្រាលកំរាលបន្ទប់ទឹកមិនគួរប្រើឥដ្ឋដែលរលោង តែក៏មិនគ្រើមជ្រុលពេកដែរ គួរមានបង្កាន់ដៃចាប់នៅជាប់នឹងជញ្ជាំងក្បែរបង្គន់សម្រាប់មនុស្សចាស់។ បើមានព្រីភ្លើងនៅក្នុងបន្ទប់ទឹក គួរបំពាក់នៅត្រង់ចំណុចណាដែលទឹកខ្ទាតមិនដល់។

    3. ពន្លឺ និងការបញ្ចេញខ្យល់អាកាសក្នុងបន្ទប់ទឹក គួរមានបង្អួចនៅផ្នែកណាមួយក្នុងបន្ទប់ទឹក ដោយដាក់ឱ្យខ្ពស់បំផុតកុំឱ្យខាងក្រៅមើលចូលមកឃើញ និងទទួលបានពន្លឺព្រះអាទិត្យចាំងចូលមកផង។ បំពាក់អំពូលភ្លើងបន្ថែមសម្រាប់បំភ្លឺនៅពេលយប់ ឬសម្រាប់ការប្រើការផ្សេងៗ ដូចជា ស្លៀកពាក់ តុបតែងមុខ ឬកោរពុកមាត់ជាដើម។

    4. ស្ទីលរបស់បន្ទប់ទឹកនៅក្នុងតំបន់ក្តៅដូចប្រទេសយើងស័ក្តិសមនឹងស្ទីល Shower Room ឬបែបប្រើចំពួយទឹកផ្កាឈូក តែផ្ទះខ្លះក៏មានអាងងូតទឹកនៅក្នុងបន្ទប់ទឹកដែរ។ ចំណែកការតុបតែងបន្ទប់ទឹក ចង់ប្រើក្បាច់ក្បូរនៅលើកម្រាលឥដ្ឋ ឬជញ្ជាំង ម៉ូដអាងលុបលាងមុខ ឬរូបបែបនៃកន្លែងថ្នាក់ៗសម្រាប់ដាក់របស់របរជាដើមអាស្រ័យ លើចំណង់ចំណូលចិត្ត និងការនិយមរបស់ម្ចាស់ផ្ទះ តែអ្វីដែលសំខាន់ គឺត្រូវថែរក្សាភាពស្អាត និងមានអនាម័យល្អជានិច្ច៕

  • Real រំពឹងអាចលើកពាន La Liga នៅថ្ងៃអាទិត្យនេះបើឈ្នះ Malaga

    Real រំពឹងអាចលើកពាន La Liga នៅថ្ងៃអាទិត្យនេះបើឈ្នះ Malaga

    ក្រុមយក្ស Real Madrid កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការលើកពានក្របខ័ណ្ឌ La Liga ជាលើកទី១របស់ពួកគេក្នុងរយៈពេល៥ឆ្នាំ នៅថ្ងៃអាទិត្យស្អែកនេះ ខណៈដែលក្រុមរបស់លោក Zinedine Zidane នេះកំពុងនាំមុខ៣ពិន្ទុដាច់លើក្រុម Barcelona នៅមុនពេលឈានដល់ថ្ងៃប្រកួតចុងក្រោយនៃរដូវកាលនេះ តែទាំងអស់នេះ Barca ត្រូវតែផ្តួលក្រុម Eibar ក្នុងផ្ទះខ្លួនឯងឱ្យបានជាមុនសិនដើម្បីទទួលបានឱកាសមួយ ក្នុងការលើកពានក្របខ័ណ្ឌកំពូលអេស្ប៉ាញជាលើកទី៣ជាប់ៗគ្នា មុននឹងលោក Luis Enrique ចាកចេញនៅកីឡដ្ឋាន Camp Nou នៅចុងរដូវកាលនេះ។

    ឯ Real វិញកំពុងស្ថិតក្នុងទម្រង់លេងយ៉ាងរឹងមាំ ខណៈកំពុងបោះជំហានឆ្ពោះទៅកាន់ការលើកពាន តាមរយៈការផ្តួលក្រុម Sevilla និង Celta Vigo ក្នុងលទ្ធផល ៤-១ ដូចគ្នា កាលពីសប្តាហ៍មុន ស្របពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់។ ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Celta លោក Zidane បានធ្វើការព្រមានថា៖ «យើងត្រូវតែបន្តនូវអ្វីដែលយើងកំពុងតែធ្វើ ពីព្រោះការប្រកួតលីកនេះមិនទាន់បញ្ចប់នៅឡើយទេ»។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីចាញ់ក្នុងការប្រកួតលីកត្រឹមតែ៣លើកនៅរដូវកាលនេះ វានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយប្រសិនបើក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ Malaga បានផ្តល់ការខកចិត្តមួយទៀតដល់ក្រុម Real នៅដំណាក់កាលចុងក្រោយនោះ។

    ក្រុម Malaga ក៏កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អក្នុងក្របខ័ណ្ឌ La Liga នេះផងដែរ ក្រោយពីដណ្តើមបាន១៣ពិន្ទុពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ Malaga ក៏បានធ្វើឲ្យក្រុម Real ព្រួយបារម្ភផងដែរ ក្រោយពីបានផ្តួលក្រុម Barcelona ក្នុងលទ្ធផល ២-០ កាលពីខែមុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
    ប្រភពពី៖ Daily Star

  • ផ្ទះបាយ នឹងលែងមាន​សត្វ​កន្លាត​ ដោយគ្រាន់តែអនុវត្តតាមវិធីនេះ

    ផ្ទះបាយ នឹងលែងមាន​សត្វ​កន្លាត​ ដោយគ្រាន់តែអនុវត្តតាមវិធីនេះ

    ក​ន្លាត ជា​សត្វ​ចង្រៃ​ដែល​តែងតែ​មក​ពួន​សម្ងំ​នៅក្នុង​ចង្ក្រាន​បាយ ក្នុង​ទូ ឬ​នៅក្នុង​ទីកន្លែង​ផ្សេងៗ​ក្នុងផ្ទះ​នោះ មាន​វិធី​កំចាត់​ដ៏​ងាយ​សែន​ងាយ តែ​ស្ត្រី​មេផ្ទះ​ភាគច្រើន អាច​មិន​ដឹង ឬ​គិត​មិន​ដល់​។

    វិធី​នោះ​គឺ យក​គ្រាប់​ម្រេច​ទៅ​ដាក់​នៅ​តាម​កន្លែង​ណា​ដែល​សត្វ​កន្លាត​ចូលចិត្ត​ចេញមក ដោយ​ដាក់​ក្នុង​មួយ​ចំណុច 4-5 គ្រាប់​បាន​ហើយ។ តែ​ប៉ុណ្ណឹង​សត្វ​កន្លាត​នឹង​លែង​ហ៊ាន​មក​រំខាន​ទៀតហើយ ព្រោះ​វា​មិន​ត្រូវ​ធាតុ​គ្នា​ជាមួយនឹង​ក្លិន​គ្រាប់​ម្រេច​ឡើយ មិនចាំបាច់​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​នាំ​តែ​អស់​លុយ និង​មាន​គ្រោះថ្នាក់​ដល់​អ្នក​នៅ​ក្នុងផ្ទះ​ឡើយ ដល់​ពេល​គ្រាប់​ម្រេច​នោះ​អស់​ក្លិន ក៏​ដូរ​ដាក់​គ្រាប់​ម្តេច​ថ្មី​ទៀត​ជំនួស​ជា​ការ​ស្រេច​៕

  • វិធី​បំបាត់​អា​ការឈឺកដោយ​ខ្លួនឯង យ៉ាង​មាន​ប្រសិទ្ធភាព

    វិធី​បំបាត់​អា​ការឈឺកដោយ​ខ្លួនឯង យ៉ាង​មាន​ប្រសិទ្ធភាព

    តើ​អ្នក​កំពុង​តែមាន​អារម្មណ៍​ដូចជារ​មាស់ក ក​ឡើង​ហើមតិចៗ ហើយ​ព្រមទាំង​មាន​អារម្មណ៍​ថា​បរិវេណ​ម្តុំ​នោះ​ដូចជាក្តៅៗមែនដែរ​ទេ? នេះ​ជាស​ញ្ញា​នៃ​ជំងឺ​ឈឺ​ក​ហើយ តែ​សូមកុំ​បារម្ភ ហើយក៏​កុំ​ភ័យ ខ្លាច​អី ដ្បិតថា អ្នក​មិនមែនជា​មនុស្ស​តែ​ម្នាក់​ដែល​ជួបប្រទះ​នឹង​រឿងរ៉ាវ​បែបនេះ​នោះទេ ព្រោះថា​ជំងឺ​ឈឺ​ក គឺជា​ជំងឺ​មួយ​ដែល​អាច​កើតឡើង​ជាប្រចាំ​ទៅហើយ​សម្រាប់​មនុស្ស​ស្ទើរតែ​គ្រប់គ្នា។ សូម​ទុក​ក្តីបារម្ភ​ចោល​មួយ​ឡែក កុំអាល​ប្រញាប់​ទៅរក​គ្រូពេទ្យ​អី ហើយ​ងាក​មក​ស្តាប់​យោបល់​ស្តីអំពី​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដែល ឡា​រ៉ែ​ន ធ្វើការ​បង្ហាញជូន​បន្តិច​សិន​ទៅ​មើល៍៖

    ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
    ជាធម្មតា​យើង​ត្រូវតែ​ទទួល​ទឹក​ស្រាប់​ទៅហើយ ដូច្នេះ​មិនចាំបាច់​និយាយប្រាប់​ក៏​ដឹង​ដែរ​ថា យើង​គ្រប់គ្នា​ត្រូវការ​ទទួលទាន​ទឹក ប៉ុន្តែ​សម្រាប់​ក្នុងអំឡុង​ពេលដែល​អ្នក​មាន​អាការ​ឈឺ​ក ទឹក​គឺមាន​សមាសភាព​សំខាន់​ជាងពេលណាៗទាំងអស់។ ទឹក8-10កែវ ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ (ទឹក​មិន​ត្រជាក់​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត) នឹង​ជួយ​រក្សា​ជាតិ​ប្រេង​ក្នុង​បំពង់ក ការពារ​ភាព​ស្ងួត ប្រឆាំងនឹង​អាការ​ហើម និង​រលាក​បំពង់ក​ជាដើម។

    គ្រាប់​ថ្នាំ​ផ្អែម
    ប្រភេទ​ដូចជា​ស្ករ​គ្រាប់​បៀ​ប​រសជាតិ​ផ្អែម​លាយ​ប្រហើរ អាចជួយ​សម្រួល​ដល់​ការឈឺ​ចាប់បាន​ខ្លះ។ គ្រូពេទ្យ​ខ្លះ​បាន​និយាយថា ស្ករ​អាចជួយ​កាត់បន្ថយ​ការឈឺចាប់​ក្នុង​បំពង់ក និង​អាការ​ក្អក ប៉ុន្តែ​សូម ​ចាំ​ថា គ្រាប់​ថ្នាំ​បៀម​ដែល​មិនមាន​ជាតិ​ស្ករ​ក៏​អាចជួយ​លោកអ្នក​បានដែរ ព្រោះថា​វា​ជួយ​រក្សា និង​ផ្តល់​សំណើម​ក្នុង​បំពង់ក ធ្វើឱ្យ​ការឈឺចាប់​ត្រូវបាន​កាត់បន្ថយ។

    ចំហុយ
    វិធីសាស្ត្រ​បែប​បុរាណ ក្នុងការ​បំបាត់​ជំងឺ​ឈឺ​ក​គឺ ការ​ចំហុយ។ អង្គុយ​នៅ​ពី​ខាងមុខ​ចាន​ទឹក​ក្តៅ ហើយ​គ្រប​មុខ​របស់​អ្នក​ឱ្យ​ជិត​ដោយ មាន​បន្ថែម​ប្រេងខ្យល់1-2ដំណក់​ទៅក្នុង​ទឹក​ក្តៅ​ផង។ ចំហាយ​ទឹក​ក្តៅ​នឹង​ចូលទៅ​ជួយ​សម្រួល​ដល់​ការដកដង្ហើម បន្ថយ​ការឈឺចាប់​នៅ​បំពង់ក​របស់​អ្នក​ជាមិនខាន។

    ទឹកអំបិល
    នេះ​ក៏​ជា​វិធី​ព្យាបាល​តាមបែប​បុរាណ​មួយ​ដែរ។ វិធីងាយៗគឺ ដាក់​អំបិល¼ស្លាបព្រា​បាយ​ទៅក្នុង​ទឹក​ក្តៅឧណ្ហៗមួយ​កែវ (កាន់តែ​ក្តៅ​កាន់តែ​ល្អ តែ​យក​ត្រឹម​កម្រិត​ដែល​អ្នក​អាច​ទទួលយកបាន)។ យក​ទឹកអំបិល​នេះ​ខ្ពុរមាត់ (ខ្ពុរ​ឱ្យដល់​បំពង់ក) ឱ្យបាន2-3ដង​ក្នុង​មួយថ្ងៃ។ ទឹកអំបិល​នឹង​ចូលទៅ​ព្យាបាល និង​កម្ចាត់​មេរោគផ្សេងៗនៅក្នុង​បំពង់ក​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព។

    ទឹកក្រូច​ឆ្មារ
    ទឹក​ក្តៅ​មួយ​កែវ ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មារ​មួយស្លាបព្រា​បាយ​លាយ​ចូលគ្នា។ ទទួលទាន​ទឹក​ល្បាយ​នោះ​ម្តងបន្តិច
    យឺត។

    សម្រាក
    តើ​ការ​សម្រាក​បាន​ជួយ​អ្វីខ្លះ​ដល់​អ្នកមាន​ជំងឺ​ឈឺ​ក? មាន​ច្រើន ណាស់! ខណៈពេលដែល​អ្នក​សម្រាក រាងកាយ​របស់លោក​អ្នក​នឹង​បង្កើន​ថាមពល ដើម្បី​ប្រឆាំង​ការឆ្លង​រីក​រាលដាល​ទៅកាន់​បំពង់ក។ ប្រសិនបើ​លោកអ្នក​បានធ្វើ​ការព្យាបាល​តាម​ការណែនាំ​ខាងលើ​ហើយ​នោះ សូមកុំ​ភ្លេច​សម្រាក​ឱ្យបាន​ច្រើន​ផង ដើម្បី​ជាការ​បន្ថែម​ប្រសិទ្ធភាព​នៃ​ការព្យាបាល​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕