Author: វល័ក្ខ

  •  ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត អស់​តែ 40រៀល ហើយ​បាន​ក្រមា​ដ៏​ស្រស់ស្អាត​មួយទៀត

     ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត អស់​តែ 40រៀល ហើយ​បាន​ក្រមា​ដ៏​ស្រស់ស្អាត​មួយទៀត

    ភ្នំពេញ៖ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាជន​កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​ការផ្ដល់ជូន ដែល​មិន​ធ្លាប់មាន​ពីមុនមក ពី​ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ វេ​ល​វេ ខេ​ម​បូ​ឌា។ អតិថិជន​ដែល​ប្រើប្រាស់​កាត​វី​ង សម្រាប់ធ្វើ​ការទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅគ្រប់​គោលដៅ​ទាំងអស់ នឹង​ចំណាយ​អស់​តែ 40 រៀល ប៉ុណ្ណោះ ហើយ​ទទួលបាន​នូវ​ក្រមា​ខ្មែរ​ដ៏​ស្រស់ស្អាត​មួយទៀត ចាប់ពី​ថ្ងៃទី 5 ដល់​ថ្ងៃទី 7 ខែតុលា 2018។

    ការផ្ដល់ជូន​នេះ គឺជា​ការផ្តល់ជូន​ក្នុង​រយៈពេល៣ឆ្នាំ ជាប់ៗគ្នា ដែល​ផ្តល់​ដោយ​ធនាគារ​ឯកទេស​វី​ង ជូនទៅ​ប្រជាជន​កម្ពុជា ក្នុងអំឡុងពេល​ថ្ងៃបុណ្យ​ប្រពៃណីធំៗ ដើម្បី​ធ្វើ​ឲ្យ​ការ​ដំណើរ​ទៅកាន់​ស្រុកកំណើត ឬ​ដំណើរ​កំសាន្ត​ទៅគ្រប់​ទីកន្លែង មាន​ភាពងាយស្រួល និង​មានតម្លៃ​សមរម្យ។

    នៅក្នុង​ឆ្នាំនេះ ជា​កិច្ច​តបស្នង​ដល់​ការគាំទ្រ របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ចំពោះ​ការប្រើប្រាស់​សេវាកម្ម របស់​ក្រុមហ៊ុន វី​ង ក្នុង​រយៈពេល 10ឆ្នាំ មកនេះ វី​ង ផ្ដល់ជូន​នូវ​តម្លៃ​ពិសេស តែ 1 សេន” ឬ 40 រៀល សម្រាប់​អតិថិជន វី​ង ដែល​ប្រើប្រាស់​កាត​គណនី​វី​ង ក្នុងការ​ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង ទៅកាន់​គោលដៅ​ណាមួយ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ ចាប់ពី​ថ្ងៃទី 5 រហូតដល់​ថ្ងៃទី 7 ខែតុលា ខាងមុខនេះ។ ពិសេស​ជាងនេះទៅទៀត​នោះ អតិថិជន​របស់ វី​ង នឹង​ទទួលបាន​ក្រមា​ខ្មែរ ដ៏​ស្រស់ស្អាត​មួយ​ផងដែរ នៅពេលដែល​ឡើង​ជិះ​លើ​រថភ្លើង។

    សម្រាប់​ប្រជាជន​កម្ពុជា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ដ៏​ធំ​បំផុត​មួយ​ប្រចាំឆ្នាំ។ ក្នុង​រយៈពេល 15ថ្ងៃ នៃ​ពិធីបុណ្យ​នេះ ប្រជាជន​ក្មេង​ចាស់ ប្រុស​ស្រី នាំគ្នា​ទៅកាន់​វត្ត​អារាម និង​ប្រគេន​ចង្ហាន់ និង​តី​យ​ទាន​ដល់​ព្រះសង្ឃ ដើម្បី​ឧ​ទ្ធិ​ស​កុសល ដល់​មាតាបិតា និង​ញា​ត្តិ​ការ​ទាំង៧សណ្តាន ដែល​បានធ្វើ​មរណៈកាល ទៅកាន់​លោក​ខាងមុខ។

    ក្រមា​ជាវ​ត្ថុ​មួយ​ដែល​តំនាង​ឲ្យ​វប្បធម៌​របស់​ខ្មែរ និង​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​ជាតិ​មួយ ក្នុងចំណោម​អត្តសញ្ញាណ​ជាតិខ្មែរ​ជាច្រើន​ផ្សេងទៀត ដែល​ត្រូវបាន​និយម​ប្រើប្រាស់​ក្នុង​សកម្មភាព​ជាច្រើន​ប្រភេទ។ ក្រមា គឺជា​សំពត់​ដ៏​សុភាពរាបសារ​មួយ​ប្រភេទ ត្បាញ​ដោយ​អំបោះ ជាមួយ​ការ​រចនា​ដោយ​គំរូ​ក្រឡា​ខ្វែង និង​ពណ៌​ជាច្រើនផ្សេងៗពីគ្នា និង​ត្រូវបាន​ចាត់ទុកជា ផ្នែក​មួយ​នៃ​ប្រ​វិត្ត​សាស្ត្រ​ខ្មែរ។

    អតិថិជន​របស់ វី​ង ទាំងអស់ អាច​ពានា​ក្រមា ដែលជា​អំណោយ​នេះ នៅពេល​ពួកគាត់​ធ្វើដំណើរ​ទៅកាន់​វត្ត​អារាម ឬ​ប្រគល់​ក្រមា​នេះ ជូនទៅ​លោកឪពុក​អ្នក​ម្ដាយ ជាទីគោរព​ស្រឡាញ់​របស់ខ្លួន។

    លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង មានប្រសាសន៍ថា ចាប់តាំងពី​ធនាគារ​ឯកទេស​វី​ង បានចាប់ផ្តើម​ប្រតិបត្តិការ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក យើង តែងតែ​ប្រឹងប្រែង​តបស្នង​ទៅកាន់​សង្គម​វិញ ទៅតាម​អ្វីដែល​ក្រុមហ៊ុន​អាចធ្វើ​ទៅបាន។ តួយ៉ាង នៅក្នុង​ឆ្នាំនេះ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន តាមរយៈ​មធ្យោបាយ​ដឹកជញ្ជូន​តាម​រថភ្លើង របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ធនាគារ​ឯកទេស​វី​ង បាន​ជ្រើស​យក ក្រមា ជា​និមិត្តសញ្ញា​នៃ​ការថ្លែងអំណរគុណ ចំពោះ​អតិថិជន​របស់ខ្លួន។

    លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្តទៀត​ថា “ធនាគារ​ឯកទេស វី​ង យល់​យ៉ាងច្បាស់ អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំពោះ​ប្រជាជន​កម្ពុជា ជាពិសេស​ចំពោះ​អ្នក ដែល​បាន​បាត់បង់​សមាជិកគ្រួសារ ឬ​សាច់ញាតិ។ នេះ​គឺជា​មូលហេតុ ដែល​យើង សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ដើម្បី​ផ្តល់​សំបុត្រ​ធ្វើដំណើរ​តាម​រថភ្លើង ដែលមាន​តម្លៃ​ទាប​បំផុត ដើម្បី​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ប្រកបដោយ​សុវត្ថិភាព និង​សន្សំសំចៃ​ប្រាក់​ក្នុងការ​ធ្វើដំណើរ​ទៅមក នៅក្នុង​រដូវ​កាល​បុណ្យទាន​នេះ។

    ទន្ទឹមនឹង​នេះដែរ លោក John Guiry អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បាន​លើកឡើងថា ក្រុមហ៊ុន​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ក្នុងការ​សហការ​ជាមួយ​ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត សម្រាប់​ការផ្តល់ជូន​ជាពិសេស​នេះ ព្រោះ​វា ក៏​ជា​ចេតនា​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​មធ្យោបាយ​ដឹកជញ្ជូន ដែលមាន​ភាពងាយស្រួល និង​មានតម្លៃ​ទាប សម្រាប់​ការធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខនេះ។

    ប្រជាជន​កម្ពុជា​គ្រប់រូប នឹង​ទទួលបាន​ការផ្តល់ជូន​នេះ ប្រសិនបើ​ពួកគេ​ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ WingPay ។ សម្រាប់​អតិថិជន​ដែល​ចង់​ទទួលបាន​ការផ្តល់ជូន​នេះ អតិថិជន​គ្រាន់តែ​ធ្វើ ការទាញយក និង​តំឡើង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​បញ្ចូល​ទឹកប្រាក់ តាមរយៈ​បុគ្គលិក​ជា​តំនាង​ធនាគារ​ឯកទេស​វី​ង នៅ​ស្ថានីយ៍​រថភ្លើង​ចាប់ពី​ថ្ងៃនេះ​តទៅ។ ការផ្ដល់ជូន​ជាពិសេស នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​គម្រប់​ខួប 10 ឆ្នាំ របស់​ធនាគារ​ឯកទេស វី​ង ដែលជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា៕

  • លោក Mourinho៖ មិន​បារម្ភ​ពី​ការងារ​របស់លោក មុនពេល​ប៉ះ Valencia រាត្រី​នេះ

    លោក Mourinho៖ មិន​បារម្ភ​ពី​ការងារ​របស់លោក មុនពេល​ប៉ះ Valencia រាត្រី​នេះ

    លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United ជឿជាក់ថា កីឡាករ​ដែល​ធ្លាក់​ទម្រង់​លេង​របស់លោក​មួយចំនួន មានការ​ឈឺចាប់​ជាង​កីឡាករ​ផ្សេង​ទៅទៀត ខណៈដែល​ពាក្យ​ចចាមអារ៉ាមផ្សេងៗកំពុងតែ​កើនឡើង​យ៉ាងច្រើន​ថា ពេលវេលា​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នៅ​កីឡដ្ឋាន Old Trafford នឹង​ឈានដល់​ទីបញ្ចប់​ឬ​យ៉ាងណា?។

    ការរង​បរាជ័យ​ជា​លើក​ទី3 ក្នុងការ​ប្រកួត 7លើក​នៃ​ក្របខ័ណ្ឌ Premier League នៅលើ​ទឹកដី​ក្រុម West Ham កាលពី​ថ្ងៃ​សៅរ៍ បានធ្វើឱ្យ​ក្រុម Man United ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​លើ​តារាង Manchester City និង​Liverpool ដល់​ទៅ 9ពិន្ទុ។

    នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ក្រុម Valencia នៅ​រាត្រី​នេះ លោក Mourinho បាន​បញ្ជាក់ថា លោក​មិន​បារម្ភ​ចំពោះ​ការងារ​របស់លោក​ឡើយ ប៉ុន្តែ​បាន​បដិសេធ​ក្នុងការ​បញ្ជាក់ថា លោក​បាន​ជួបប្រជុំ​ជាមួយនឹង​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លិប គឺ​លោក Ed Woodward កាលពី​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន ឬ​យ៉ាងណា​ឡើយ។

    លោក Mourinho ក៏បាន​ការពារ​កីឡាករ​របស់លោក​ផងដែរ​ពី​ការចោទប្រកាន់ផ្សេងៗទាក់ទង​នឹង​ការមិន​ព្យាយាម​ឱ្យបាន​គ្រប់គ្រាន់ ប៉ុន្តែ​លោក​ជឿជាក់ថា កីឡាករ​ខ្លះ​កំពុងតែ​ធ្លាក់ចុះ​ទម្រង់​លេង មានការ​ឈឺចាប់​ជាង​កីឡាករ​ផ្សេង​ទៅទៀត។

    លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​គិតថា កីឡាករ​ខ្លះ​មានការ​ខ្វល់ខ្វាយ​ជាង​កីឡាករ​ផ្សេង​ទៅទៀត ក្រោយពី​រយៈពេល 20ឆ្នាំ​ក្នុង​កីឡាបាល់ទាត់ ខ្ញុំ​នៅតែ​ជា​ក្មេង​ដូច​កាលពីមុន។ ខ្ញុំ​នៅតែ​ខ្វះ​នូវ​បទពិសោធ ប៉ុន្តែ​ខ្ញុំ​មិន​ជឿជាក់ថា កីឡាករ​ម្នាក់​មិន​ស្មោះត្រង់​នោះឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2ទៀបភ្លឺ៕

    ប្រភពពី៖ Channel News Asia

  • ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ កើន​ដល់​ជាង 85.5លាន​ដុល្លារ​ស្មើនឹង​កំណើន 13%

    ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ កើន​ដល់​ជាង 85.5លាន​ដុល្លារ​ស្មើនឹង​កំណើន 13%

    ការលក់​សំបុត្រ​នៅ​ឧទ្យាន​បុរាណ​អង្គរ​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ​ធ្វើឱ្យ​រដ្ឋាភិបាល​រកបាន​ប្រាក់ចំណូល​ប្រមាណ 85.5លាន​ដុល្លារ​អាមេរិក ពោលគឺ​កើនឡើង13% ដោយឡែក​គ្រាន់តែ​នៅក្នុង​ខែកញ្ញា​តែមួយ​មាន​ភ្ញៀវ 156,865នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដែល​ចំនួន​នេះ​បាន​កើនឡើង8.3% បង្កើត​ប្រាក់ចំណូល​បាន 6. 8លាន​ដុល្លារ​ពី​ការលក់​សំបុត្រ។

    យោង​របាយការណ៍​រប​ស់​ស្ថាប័ន អង្គរ អ៊ិន​ធើ​ប្រាយ​បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា​មាន​ភ្ញៀវទេសចរ​ជាង 1.9លាន​នាក់​បានមក​ទស្សនា​ប្រាសាទ​អង្គរ​ដែល​តួលេខ​នេះ​កើនឡើង​ប្រហែល8.5% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ប្រាក់ចំណូល​សរុប​ចំនួន 3.80លាន​ដុល្លារ​ដែល​បាន​បង្កើត​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ​ត្រូវបាន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

    លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ឧទ្យាន​អង្គរ គឺជា​សញ្ញា​មួយ​បង្ហាញថា កំណើន​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​មាន​ភាព​ខ្លាំងក្លា។

    យ៉ាងណាក៏ដោយ​លោក វណ្ឌី បាន​បញ្ជាក់ថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ការលក់​សំបុត្រ​នៅ​អង្គរ​កំពុង​កើនឡើង​ក៏ដោយ ក៏មាន​សេចក្តីរាយការណ៍​ពី​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងស្រុក​សណ្ឋាគារ និង​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​បានបង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ចំណូល​ដែរ។

    ពួកគេ​និយាយថា ភ្ញៀវទេសចរ​ជាច្រើន​កំពុង​ជ្រើស​រើសយក​ការចំណាយ​ពេល​តិច​នៅក្នុង​ខេត្តសៀមរាប និង​ប្រទេស​កម្ពុជា​ដែល​បាន​បណ្តាលឱ្យមាន​ការធ្លាក់​ចុះ​ប្រាក់ចំណូល​សម្រាប់​ពួកគេ។ អាជីវករ​ទាំងនេះ​និយាយថា ភ្ញៀវទេសចរ​ឥឡូវនេះ​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​ជា​មធ្យម​ត្រឹមតែ 3ថ្ងៃ​ប៉ុណ្ណោះ។

    អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា​រូបនេះ បាន​ស្នើថា រដ្ឋាភិបាល​គួរពិនិត្យមើល​បញ្ហា​នេះ​ដោយ​បន្ថែមថា៖ ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់នៅ​រយៈពេល​យូរ​នៅក្នុង​ប្រទេស​មាន​សារៈសំខាន់​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​អ្នក​ដែល​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ទេសចរណ៍៕

  • ប្រជាជន​ចំនួន 256គ្រួសារ នៅ​ស្រុក​គៀនស្វាយ ទទួល​អំណោយ​ពី​មូលនិធិ ម៉េង​លី ជេ. គួច

    ប្រជាជន​ចំនួន 256គ្រួសារ នៅ​ស្រុក​គៀនស្វាយ ទទួល​អំណោយ​ពី​មូលនិធិ ម៉េង​លី ជេ. គួច

    លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិ​ប​ត្ត​នៃ​ក្រុមហ៊ុន ម៉េង​លី ជេ. គួច អេ​ឌ្យូ​ខេ​សិន និង​ជា​ប្រធាន​មូលនិធិ ម៉េង​លី ជេ. គួច ព្រមទាំង​ក្រុមគ្រួសារ នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ បាន​នាំយក​អំណោយ​ជា​ស្បៀង​បរិភោគ ព្រមទាំង​ថវិកា ចែកជូន​ដល់់​ប្រជាពលរដ្ឋ​ចំនួន ២៥៦គ្រួសារ មកពី​ភូមិ​ចំនួន៤ ក្នុង​ឃុំ​គគី ដែល​ភាគច្រើន​ជា​មនុស្ស​ចាស់​គ្មាន​ទីពឹង ជនពិការ និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​សរុប​ទឹកប្រាក់​ជាង ២២,០០០ ដុល្លារ​អាមេរិក។

    ពិធី​ចែក​អំណោយ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ដូន​ស ស្ថិតនៅ​ក្នុងភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

    អំណោយ​ដែល​ប្រជាពលរដ្ឋ​ទាំង ២៥៦ គ្រួសារ​ទទួលបាន​នៅថ្ងៃនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ថវិកា ព្រមទាំង​គ្រឿង​បរិភោគផ្សេងៗទៀត។

    ក្រៅពី​គ្រឿង​បរិភោគ​ទាំងនេះ លោក​ឧកញ៉ា​ចិត្តធម៌​រូបនេះ ក៏បាន​ឧបត្ថម្ភ​កង់​ចំនួន ៤៣គ្រឿង សរុប​ទឹកប្រាក់ ១, ៧០០ដុល្លារ ដល់​សិស្សានុសិស្ស​នៅទីនេះ  និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​ពិគ្រោះ​យោបល់ ព្រមទាំង​ការព្យាបាល​ជំងឺផ្សេងៗ ក៏ដូចជា​ការចែក​ថ្នាំពេទ្យ​ជូន​ប្រជាជន​ក្រី​ក្រពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត នៃ​គ្លីនិក​ចល័ត វេជ្ជបណ្ឌិត គួច ដោយ​ឥតគិតថ្លៃ ដើម្បី​សម្រួល​ការលំបាក និង​ជីវភាព​ខ្វះខាត​ក្នុងការ​ចំណាយ​លើ​ការព្យាបាល​ជំងឺ​របស់​ពួកគេ​ផងដែរ។

    ក្នុងចំណោម​អ្នកទទួល​អំណោយ​ទាំងនោះ មាន​លោកយាយ​ម្នាក់​អាយុ ៧២ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ តារា​បដូ​នស ឃុំ​គគីរ។ ស្ត្រី​ចំណាស់​ដែល​ដើរ​បាន​ពឹង​លើ​ឈើច្រត់​រូបនេះ រស់​នៅតែ​ពីរ​នាក់​បងប្អូន​ភ្លោះ​ប៉ុណ្ណោះ។ លោកយាយ​សប្បាយ​ចិត្តជា​ខ្លាំង​ដែល​ទទួលបាន​គ្រឿង​បរិភោគ​ពី​លោក​ឧកញ៉ា គួច ម៉េង​លី នៅថ្ងៃនេះ ខណៈដែល​លោកយាយ​កំពុង​ជួប​ការលំបាក​រស់នៅ​រាល់ថ្ងៃ​ពឹង​លើ​អ្នកជិតខាង​ជូន​នំចំណី ឬ​អាហារ និង​ក្មួយ​ផ្តល់​លុយកាក់​បន្តិចបន្តួច។ លោកយាយ​បន្តថា យ៉ាងហោចណាស់​អង្ករ ៥០គីឡូក្រាម និង​គ្រឿង​បរិភោគ​ទាំងនេះ អាចជួយ​បាន​ពី១ខែ ទៅ ២ខែ​ដែរ។

    លោកយាយ​បន្តថា «បាន​អំណោយ​នេះ​ធូរ​មួយកម្រិត អា​មួយកម្រិត​ហ្នឹង​វា​ច្រើន​ដែរ​ព្រោះ​អីយើ​ង​វា​អត់​មាន ដូច​ខ្ញុំ​វា​ហូប​បានយូរ​ព្រោះ​យើង​អត់​មាន​កូនចៅ ហូប​ខ្លះ និង​ដាក់​បាទ​លោក​ខ្លះ យើង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ម្ចាស់​ទាន»។

    លោក គឹម គង់​ណា​រី សមាជិក​ក្រុមប្រឹក្សាឃុំ​គគីរ បានឱ្យដឹងថា​អំណោយ​ដែល​លោក​ឧកញ៉ា បាន​ចែកជូន​ប្រជាពលរដ្ឋ​នៅថ្ងៃនេះ គឺ​ចែក​ចំពេល​តែម្តង ចំពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​ខ្លាំង ព្រោះ​ជា​រដូវ​ទឹក​ឡើង។ លោក​បន្តថា អំណោយ​ជា​គ្រឿង​បរិភោគ​ទាំងអស់នេះ ទោះ​មិន​អាចជួយ​បាន​ច្រើន​ខែ ប៉ុន្តែ​ជួយ​ដោះ​ទាល់ និង​សម្រាល​ជីវភាព​ប្រជាជន​បាន​មួយរយៈ ខណៈ​រដូវ​ទឹក​ឡើង​នេះ​ប្រជាជនមាន​ការខ្វះខាត​ខ្លាំង ពិបាក​រកស៊ី​ប្រក​បរក​ចិញ្ចឹមជីវិត​មានគ្រួសារ​ខ្លះ​រកបាន​ព្រឹក​ខ្វះ​ល្ងាច។

    លោក​បន្ថែមថា ជាច្រើនលើក​មកហើយ ដែល​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ជួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដូចជា​នាំយក​អំណោយ គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ ថ្នាំសង្កូវ មក​ចែកជូន             ប្រជាពលរដ្ឋ ទិញ​កង់​ឧបត្ថម្ភ​ដល់​សិស្សសាលា ហើយ​ជាពិសេស​នោះ​លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ធ្វើ​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ។ លោក​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ដែល​តែង​គិតគូរ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ។

    សូមជម្រាបថា មូលនិធិ ម៉េង​លី ជេ. គួច ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០៥ ដោយ​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានផ្តល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តកណ្តាល១១លើក រួចមកហើយ។ ដោយឡែក​នៅ​តំបន់​កៀនស្វាយ​នេះ បាន​ចំនួន ៣លើក៕

  • Wilder ចាត់ទុក Joshua ជា​មនុស្ស​កំសាកញី នៅមុន​ពេល​ប៉ះ​ជាមួយ Fury

    Wilder ចាត់ទុក Joshua ជា​មនុស្ស​កំសាកញី នៅមុន​ពេល​ប៉ះ​ជាមួយ Fury

    កីឡាករ​ប្រដាល់ Deontay Wilder ដែលជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​របស់​ស្ថាប័ន WBC បានចាត់ទុក​កីឡាករ​អង់គ្លេស Anthony Joshua «ជា​មនុស្ស​កំសាកញី» សម្រាប់​ការមិនអាច​ឈានដល់​ការប្រកួត1 រវាង​កីឡា​ករទាំង2 ពោលគឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុនពេល​កីឡាករ​អាមេរិក​រូបនេះ​ប៉ះ​ជាមួយ​គូប្រកួត​នាពេលខាងមុខ​របស់គេ​គឺ Tyson Fury ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ។ អង្គភាព Matchroom Boxing ដែលជា​អ្នករៀបចំ​ការប្រកួតរ​បស់ Joshua មិនបាន​ឆ្លើយតបភ្លាមៗ ដើម្បី​បកស្រាយ​ឡើយ។

    Wilder និង Fury បានចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​ពី​ការប្រកួត​របស់​ពួកគេ​ក្នុង​ទីក្រុង​ឡុង​ដ៍ សម្រាប់​ការប្រកួត​នា​ថ្ងៃទី1 ខែធ្នូ ក្នុង​ទីក្រុង Los Angeles ខណៈ​ពួកគេ​នឹងត្រូវ​ប្រជែង​យក​សិទ្ធិ​ទៅ​ប្រកួត​ជាមួយនឹង​កីឡាករ Joshua ដែលជា​ម្ចាស់​ខ្សែក្រវាត់ IBF, WBA និង WBO នៅ​ឆ្នាំ2019។

    Joshua បាន​ស្ថិតក្នុង​ការចរចា​ជាមួយនឹង​ក្រុមការងារ​របស់ Wilder កាលពីដើម​ឆ្នាំនេះ ដើម្បី​រៀបចំ​ការប្រកួត​មួយ​ដែល​នឹង​ផ្តល់ឱកាស​សម្រាប់​កីឡាករ​ទាំង2 ក្នុងការ​ក្លាយជា​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់ ដែល​គ្មាន​គូប្រជែង​នៅក្នុង​ពិភពលោក។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការពិភាក្សា​នានា​បានទទួល​បរាជ័យ ខណៈដែល​កីឡាករ​ទាំង2 បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​សម្រាប់​ការបរាជ័យ​នេះ។

    Joshua បាន​ឡើង​ប្រកួត​ជាមួយនឹង​កីឡាករ​រុស្ស៊ី Alexander Povetkin ជំនួស​វិញ​នៅ​សង្វៀន Wembley កាលពី​ខែ​មុន ដោយ​រូបគេ​បាន​យកឈ្នះ​ដើម្បី​កត់ត្រា​ការមិន​ស្គាល់​ចាញ់​សោះ​ជា​លើក​ទី22 របស់គេ។ តែ​ទោះបីជា​យ៉ាងណា Wilder និង Fury បាន​បង្កើតឱ្យមាន​ការ​ចាប់អារម្មណ៍ផ្សេងៗ តាមរយៈ​ការប្រកាស​ពី​ការប្រកួត​របស់​ពួកគេ។ Wilder បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ហេ Joshua ខ្ញុំ និង Fury នឹងត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែងរក​អ្នក​ដែល​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ដើម្បី​ស្វែងរក​អ្នកជា​ម្ចាស់​ជើងឯក ដែល​មានតែ1 ឈ្មោះ​តែ1។ ពេលខ្លះ អ្នក​កំសាក​ពេក​ហើយ​ក្នុងការ​បង្កើតឱ្យមាន​កា​រ​ប្រកួត​នេះ»៕

    ប្រភពពី៖ Channel News Asia

  • អាល្លឺម៉ង់ ផ្តួល តួ​ក​គី ដើម្បី​ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Euro ឆ្នាំ2024

    អាល្លឺម៉ង់ ផ្តួល តួ​ក​គី ដើម្បី​ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ Euro ឆ្នាំ2024

    អាល្លឺម៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានឈ្នះ​ការ​ប្រជែង​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប ឆ្នាំ2024 ខណៈដែល សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​គាំទ្រ​ការដេញថ្លៃ​មួយ​ដែល​ត្រូវបាន​ចាត់ទុកថា មាន​សុវត្ថិភាព​ជាង​សំណើ​មួយ​ពី​សំណាក់​ប្រទេស​តួ​ក​គី។

    បញ្ហានយោបាយ ការបង្រួបបង្រួម​ជាតិ និង​ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស​តួ​ក​គី បាន​ក្លាយជា​កត្តា​កាត់សេចក្តី​យ៉ាងសំខាន់ ក្នុង​យុទ្ធនាការ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​អន្តរជាតិ​របស់​អឺរ៉ុប។

    ទីបំផុត លទ្ធផល​មិនមាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ឡើយ ខណៈដែល​អាល្លឺម៉ង់ ដែលជា​បេក្ខភាព​ឈានមុខ​គេ បានឈ្នះ​ការបោះឆ្នោត​ក្នុងចំណោម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA តាមរយៈ​លទ្ធផល 14-4 ដោយ​អវត្តមាន1សំឡេង។

    UEFA បាន​បញ្ជាក់ថា សំណើ​ដេញថ្លៃ​របស់​អាល្លឺម៉ង់ បាន​ឆ្លើយតប​គ្រប់​ចំណុច​ទាំងអស់ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​មួយ​ប្រកបដោយ​ភាពជោគជ័យ ចាប់តាំងពី​កីឡដ្ឋាន រហូតដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សណ្ឋាគារ។

    ក្រោយពី​បេក្ខភាព​ដែល​ឈ្នះ​សិទ្ធិ​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​នៅ​ទីស្នាក់ការ​របស់ UEFA នៅ​ប្រទេស​ស្វ៊ី​ស លោក Reinhard Grindel ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា៖ «យើង​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បំពេញ​តាម​ការរំពឹងទុក​រប​ស់​យើង»។

    អាល្លឺម៉ង់ បាន​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2006 ប៉ុន្តែ មិន​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Euro ក្នុងនាម​ជា​ប្រទេស​មានការ​បង្រួបបង្រួម​ឡើយ ខណៈដែល​អាល្លឺម៉ង់ ខាងលិច​បាន​ធ្វើជា​ម្ចាស់ផ្ទះ​យុទ្ធនាការ​នេះ ក្នុង​ឆ្នាំ1988 ពោលគឺ​រយៈពេល១ឆ្នាំ នៅ​មុនពេល​ជញ្ជាំង​ទីក្រុង​ប៊ែ​រ​ឡាំង បាន​ដួលរលំ៕

    ប្រភពពី៖ Channel News Asia

  • Hamilton សម្លឹង​រក​ការ​នាំមុខ​របស់ខ្លួន តាមរយៈ​ការ​ឈ្នះ​ការប្រណាំង​នៅ​រុស្ស៊ី

    Hamilton សម្លឹង​រក​ការ​នាំមុខ​របស់ខ្លួន តាមរយៈ​ការ​ឈ្នះ​ការប្រណាំង​នៅ​រុស្ស៊ី

    ម្ចាស់​ការពារ​តំណែង​ជើងឯក Lewis Hamilton និង​ក្រុម Mercedes នឹង​សម្លឹង​រក​ការបន្ថែម​ការគ្រប់គ្រង​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ជើងឯក​ពិភពលោក Formula 1 នៅ​ឆ្នាំនេះ តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​ជា​លើក​ទី5 ក្នុង​រយៈពេល5ឆ្នាំ​ក្នុងការ​ប្រណាំង Russian Grand Prix។

    មិនមាន​ក្រុម​ផ្សេង​ណា​បាន​ភ្លក្ស​រសជាតិ​នៃ​ជ័យជម្នះ​មួយ​ឡើយ បើ​គិត​ចាប់តាំងពី​ព្រឹត្តិការណ៍​នេះ បានចាប់ផ្តើម​នៅលើ​អតីត​លាន​ព្រឹត្តិការណ៍​អូឡាំពិក​របស់​រុស្ស៊ី​មួយ​នេះ កាលពី​ឆ្នាំ2014 ខណៈដែល Hamilton បានឈ្នះ​កាលពី​ឆ្នាំ2015 កីឡាករ Nico Rosberg បានឈ្នះ​កាលពី​ឆ្នាំ2016 ហើយ Valtteri Bottas បានឈ្នះ​កាលពី​ឆ្នាំមុន។

    ស្រប​ពេលដែល​កំពុងត​នាំមុខ 40ពិន្ទុ​លើ​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ក្នុងការ​ប្រជែង​ពាន Hamilton ដែលជា​ម្ចាស់​ជើងឯក​ពិភពលោក 4សម័យកាល នឹង​សម្លឹង​រក​ការធ្វើដំណើរ​ទៅកាន់​ប្រណាំង6លើកចុងក្រោយ​នៃ​រដូវ​កាល​នេះ ទាំង​ការជឿជាក់ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ4លើក ក្នុងចំណោម​ការប្រណាំង5លើកចុងក្រោយ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Toto Wolff ប្រធាន​ក្រុម Mercedes បានធ្វើការ​ប្រពាន​ប្រឆាំងនឹង​ការជឿជាក់​ពេក ខណៈដែល​ពួកគេ​ឈានចូល​ដំណាក់កាល​ដ៏​សំខាន់បំផុត​នៃ​ការ​ប្រជែង​យកពាន​ពិភពលោក។ ការ​ដណ្តើមបាន​ជ័យជម្នះ​របស់ Hamilton ក្នុងប្រទេស​សិង្ហ​បុរី អាច​នឹងធ្វើ​ឲ្យ​រូបគេ​ស្ថិតក្នុង​ទីតាំង​ដ៏​មានប្រៀប ក្រោយពី​រូបគេ​បាន​ប្រើប្រាស់​ល្បឿន​ដ៏​អស្ចារ្យ​ក្នុងការ​ប្រណាំង​ដណ្តើម​លេខ​រៀង។ ប៉ុន្តែ លោក Wolff បាន​សង្កត់ធ្ងន់ថា ក្រុម​ជា​គូប្រជែង Ferrari នឹង​ក្លាយ​ជាការ​គំរាម​ដ៏​ធំ​បំផុត​ក្នុង​រាល់​ការប្រណាំង​ទាំងអស់។ ការប្រណាំង​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 6:10ល្ងាច៕

    ប្រភពពី៖ Channel News Asia

  • LG VIP Night 2018 កម្មវិធី​ជប់លៀង​ជួបជុំ​ដៃគូរ​អាជីវកម្ម​ដ៏​ធំ​បំផុត និង ការបង្ហាញ​ផលិតផលថ្មីៗ របស់ LG Electronics

    LG VIP Night 2018 កម្មវិធី​ជប់លៀង​ជួបជុំ​ដៃគូរ​អាជីវកម្ម​ដ៏​ធំ​បំផុត និង ការបង្ហាញ​ផលិតផលថ្មីៗ របស់ LG Electronics

    នៅ​ល្ងាច​ថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន G Gear (ជី​ហ្គៀ)  ដែលជា​ក្រុមហ៊ុន​ដៃគូរ​យុទ្ធសាស្ត្រ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី LG VIP Night 2018 ដើម្បី​ជប់លៀង​ជួបជុំ​ថ្លែងអំណរគុណ​ដល់​តំណាង​ចែកចាយ​លក់​ផលិតផល LG និង អតិថិជន​ដៃគូរ​អាជីវកម្ម​នៅ​ទូទាំងប្រទេស​កម្ពុជា ព្រមទាំង​បង្ហាញ​នូវ​ផលិតផលថ្មីៗប្រចាំឆ្នាំ 2018 នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

    នៅក្នុង​ពិធី​ជួបជុំ​ដ៏​អធិកអធម​ដែលមាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់ លោក Sung Suk Kim អគ្គនាយក​ថ្មី​របស់​ក្រុមហ៊ុន LG Electronices ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) និង ដៃគូរ​អាជីវកម្ម​ប្រមាណ​ជាង  800នាក់។

    បច្ចេកវិទ្យាថ្មីៗ នឹង​ផលិតផលសំខាន់ៗដែល LG Electronices បានដាក់​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី​នោះ​មានដូចជា LG ThinQ , LG Inverter ទូរទស្សន៍ OLED និង Super UHD

    បច្ចេកវិទ្យា AI ( Artificial Intelligence ) ដែលមាន​ឈ្មោះថា  “LG ThinQ“ ត្រូវ​បានដាក់​បង្ហាញជូន​ដល់​ភ្ងៀ​វ​កិ​តិ្ត​យស​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​ចូលរួម​ទស្សនា និង ទទួលយក​បទពិសោធ​ន៍​ប្រើប្រាស់​ដោយផ្ទាល់។ ការ​អភិវឌ្ឃន៍​ជាច្រើន​ឆ្នាំ ទៅលើ​បច្ចេកវិទ្យា “LG ThinQ“ ហើយ​មកដល់​ពេលបច្ចុប្បន្ន បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន របស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG ដែលមាន​ដូចជា ទូរ​ទស​ន្ស​ន៍ OLED TV, ទូរ​ទឹកកក Instaview, ម៉ាស៊ីនត្រជាក់ Dual Cool, ឧបករណ៍​បំពង​សម្លេង និងឧបករណ៍​ជាច្រើន​ប្រភេទ​ផ្សេងទៀត ។

    “LG ThinQ“ ផលិតផល​ដែល​បំពាក់​បច្ចេកវិទ្យា​ឆ្លាត​វៃ AI គឺជា​បច្ចេកវិទ្យា​ដែល​នឹង​ធ្វើអោយ​ការរស់នៅ​ប្រចាំថ្ងៃ របស់​អតិថិជន​ប្រើប្រាស់​កាន់​តែមាន​ភាពងាយស្រួល​ឡើង ដូចជា ការគ្រប់គ្រង និង បញ្ជារ​ទូរទស្សន៍​ដោយ​ប្រើប្រាស់​សម្លេង ការរៀបចំ​ចាក់​ចែង​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង ។ ទូរទស្សន៍ LG 2018 AI  ThinQ  ផ្ដល់ជូន​បទពិសោធន៍​ទស្សនា និង ការប្រើប្រាស់​ដ៏​អស្ចារ្យ​ដោយ​គ្រាន់តែ​ចុច និង សង្កត់​ប៊ូ​តុង​សំឡេង អ្នកប្រើប្រាស់​អាច​សួរ​ព័ត៌មាន​ជាច្រើន​ដូចជា ការព្យាករណ៍​អាកាសធាតុ ការស្វែងរក​ទីតាំង​ហាង​អាហារ​ដែល​នៅ​ជិត​បំផុត និង​ដឹង​ពី​លទ្ធផល​ការប្រកួត​កីឡា​បាស់​ទាត់ផ្សេងៗទៀត ។ បច្ចេកវិទ្យា AI LG ThinQ ជួយ​អោយ​អ្នកទស្សនា និង ប្រើប្រាស់​ទទួលបាន​ភាព​រីករាយ និង បទពិសោធ​ន៌​ដ៏​អស្ចារ្យ​ដោយ​ការប្រើ​នឹង​បញ្ជារ​ដោយ​សំឡេង​ផ្ទាល់ ។

    នៅក្នុង​កម្មវិធី ក៏មាន​ការដាក់​តាំង​បង្ហាញ​ផលិតផល​ជាច្រើន នៅ​ក្នុងនោះ​ក៏ដូចជា ទូរទស្សន៍ LG OLED TV  និង Super UHD TV ផងដែរ ។ ទូរទស្សន៍ LG OLED TV ស៊េរី​ថ្មី  ទំនើបៗ ល្អ​ផ្អា​ច់​គេ ដែល​អាច​ផ្ដល់ជូន​នូវ​គុណភាព រូបភាព​យ៉ាងច្បាស់​ល្អ​អស្ចារ្យ ជាមួយនឹង   ពណ៌​រូបភាព​ខ្មៅ​ដិត​ច្បាស់​ឥតខ្ចោះ (Perfect Black) ដែល​មើលទៅ​ហាក់បីដូចជា​ទស្សនា​នៅ​ខាងក្រៅ​ផ្ទាល់ ទោះបី​មើល​ពី​ជ្រុង​ណាក៏ដោយ។

    ទូរទស្សន៍ LG OLED TV ជា​ប្រភេទ​ទូរទស្សន៍​ស្ដើង​បំផុត និង អាច​មើលឃើញ​ពី​គ្រប់​ជ្រុង​ដោយ​មិន​បាត់បង់​រូបភាព​ដើមឡើយ ហើយ​ព្រមទាំង​ភ្ជាប់​មកជា​មួយ​នូវ កម្មវិធី​សំឡេង Dolby Vision  និង Dolby Atmos ដែល​ធ្វើឱ្យ​រូបភាព និង សំឡេង​កាន់តែ​ល្អឥតខ្ចោះ ។

    សមត្ថភាព និង បច្ចេកវិទ្យា​ទាំងនេះ​បានធ្វើ  អោយ​ទូរទស្សន៍ LG OLED TV ទទួលបាន​ពានរង្វាន់​ទូរទស្សន៍​ឆ្នើម​ល្អ​ដាច់​គេ ពី​កម្មវិធី CES (Consumer Electronics Show) 2018 ថ្មីៗកន្លងទៅនេះ​ផងដែរ។ មិនតែប៉ុណ្ណោះ​នៅក្នុង  កម្មវិធី​នោះ ក៏មាន​ការដាក់​តាំង​បង្ហាញ​ទូរទស្សន៍​ប្រភេទ Super UHD ជូន​ដល់​ភ្ញៀវ​កិ​តិ្ត​យស​ទាំងអស់​បាន​ទស្សនា និង ទទួលយក​បទពិសោធ​ន៍​ដោយផ្ទាល់​ផង​ដែល ។

    ទូរទស្សន៍ LG Super UHD បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ Nano-Cell និង ដំណើរការ​ដោយ​បច្ចេកវិទ្យា​ខួរក្បាល​ឆ្លាត​វៃ Alpha 7 ដែល​អាច​បង្ហាញ​កម្រិត​រូបភាព​ច្បា​ល់​ល្អ និង បង្ហាញ​រូបភាព​ដូច​ទៅនឹង​រូបភាពពិតៗនៅ​ខាងក្រៅ ។ លើ​ល​ពីនេះ​ទៅទៀត ទូរទស្សន៍ LG Super UHD ក៏បាន​ផ្ដល់នូវ​បទពិសោធន៍​ទស្សនា ដល់​អ្នកប្រើប្រាស់​នូវ​គុណភាព​រូបភាព​កម្រិត​ភាពយន្ត 4K និង សម្លេង​ដែល​ហុំ​ព័ទ្ធ​នៅ​ជុំវិញខ្លួន​របស់​យើង ទោះបីជា​បន្ទប់​ធំ​ក៏ដោយ ប្រៀបបាន​ដូច​ជាការ​ទស្សនា​នៅក្នុង​រោងកុនពិត។

    សម្រាប់​ក្រុមហ៊ុន LG គឺ​តែងតែ​ខិតខំ និង បេ្ត​ជ្ញា​ចិត្ត​ក្នុងការ​ផ្ដល់នៅ​ផលិតផល ដែលមាន​គុណភាព​ឈានមុខ​គេ ប្រសិទ្ធិភាព​សន្សំសំចៃ​ថាមពល​ខ្ពស់ និង សមត្ថភាព​ក្នុងការ​ប្រើប្រាស់​កាន់តែ​ល្អ​សំរាប់​អតិថិជន។ បច្ចេកវិទ្យា LG Inverter ត្រូវបាន​បំពាក់​ទៅលើ​ឧបករណ៍ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ជាច្រើន​ដូចជា ម៉ាស៊ីន​បោកគក់​សំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បូម​ធូលី ម៉ាស៊ីន​ចំអិន​អាហារ និង ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត។

    ម៉ាស៊ីនត្រជាក់ LG Dual Cool (Dual Inverter) ដែល​អាច​សន្សំសំចៃ​ភ្លើង បាន​រហូតដល់ 70% ផ្ដល់​សំណើម និង​ថែរក្សា​ស្បែក ថែមទាំង​មានមុខ​ងារ​ដែល​ផ្តល់នូវ​ភាព​ត្រជាក់​លឿន និង​ថែរក្សា​បរិស្ថាន​ទៀតផង ។ សម្រាប់​ម៉ាស៊ីន​បោកគក់​ដែល​បំពាក់​បច្ចេកវិទ្យា LG Inverter វិញ គឺ​ធ្វើអោយ​ការបោក​គក់​ម្ដង​ប្រើប្រាស់​ភ្លើង​ត្រឹមតែ 67 វ៉ា​ត់​តែប៉ុណ្ណោះ វា​ស៊ី​ភ្លើង​តិចជាង​ម៉ាស៊ីន​បោកគក់​ធម្មតា​រហូតដល់ 36%  រឺ​ឯ​ទូរ​ទឹកកក​របស់​ក្រុមហ៊ុន LG មាន​បច្ចេកវិទ្យា Inverter  អាច​រក្សា​អាហារ​អោយនៅ​ស្រស់​ក្នុង​រយៈពេល​យូរ​រហូតដល់​មួយ​សបា្ដហ៍។

    បច្ចេកវិទ្យា Inverter ជា​ក្បាលម៉ាស៊ីន​នៃ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ ដែល​អាច​សន្សំសំចៃ​ថាមពល​បាន​រហូតដល់​ទេ្វ​រដង និង ធ្វើ​ឲ្យ​គ្រឿង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដំណើរការបាន​យ៉ាង​ល្អប្រសើរ។ ដូច្នេះហើយ​ទើប LG ក្លាយជា​ក្រុមហ៊ុន​ស្ដង់ដា​ឧស្សាហកម្ម​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែល​ឈានមុខ​គេ​ក្នុង​សកលលោក ។

    លោក សុង សុខ​គីម ដែលជា​អគ្គនាយក​ LG Electronics

    នា​ក្នុង​ឪ​កាស​នោះ លោក សុង សុខ​គីម ដែលជា​អគ្គនាយក​ថ្មី​របស់ LG Electronics នៅក្នុង​ប្រទេស​កម្ពុជា​ក៏បាន​មាន​ប្រសា​ស​ដែលថា យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ចាប់​ដៃគូរ​ជាមួយនឹង​ក្រុមហ៊ុន​តំណាង​ចែកចាយ​របស់​យើង គឺ​ក្រុមហ៊ុន G Gear ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​សម្រាប់​ការលក់​ដំ​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរ​បស់ LG នឹង​ជា​ក្រុមហ៊ុន​ឈានមុខ​មួយ ក្នុងការ​ធ្វើការ​ចែកចាយ ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុងផ្ទះ នៅក្នុង​ប្រទេស​កម្ពុជា។ យើងខ្ញុំ​ជឿជាក់ថា ភាពជា​ដៃគូរ​របស់​យើង​ពិតជា​ធ្វើអោយ​ក្រុមហ៊ុន​ទាំងពីរ រីកលូតលាស់​ទៅបាន​យ៉ាង​ឆាប់រហ័ស។

    លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear)

    ចំណែក លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) ក៏បាន​ឱ្យដឹង​ផងដែរ​ថា ៖ ក្នុង​រយៈពេល 7 ឆ្នាំ កន្លងទៅនេះ ក្រុមហ៊ុន G Gear មិន​គ្រាន់តែ​ដើរតួ​ជា​អ្នក​ចែកចាយ​ផលិតផល LG តែប៉ុណ្ណោះ​ទេ តែ​យើង​គឺជា​ដៃគូរ​យុទ្ធសាស្ត្រ​តែមួយ​គក់ ដែល​ខិតខំ​ប្រឹងប្រែង​ក្នុងការ ជួយ​ពង្រឹង និង ពង្រីក​ទីផ្សារ​ចែកចាយ​របស់​ផលិតផល LG នៅក្នុង​ប្រទេស​កម្ពុជា។ យើង​ហ៊ាន​និយាយបានថា​ចំណែក​ទីផ្សារ​របស់​ផលិតផល LG បាន​កើនឡើង​គួរអោយ​គក់​សម្គាល់​មក​ដល់ពេលនេះ មួយផ្នែកធំ គឺ​កើតឡើង​ដោយសារ​ការចូលរួមចំណែក​របស់​ក្រុមហ៊ុន G Gear ។ ដោយ​ផ្អែកទៅលើ​យុទ្ធសាស្ត្រ​ផែនការ​ទីផ្សារ និង​ការគិត​ទុកជាមុន​យ៉ាង​ម៉ត់ចត់​របស់​យើង យើង​ជឿជាក់ថា​ចំណែក​ទីផ្សារ​របស់​ផលិតផល LG នៅក្នុង​ប្រទេស​កម្ពុជា និង​បន្ត​កើន​ឡើងជា​លំដាប់​បន្តទៅទៀត។

    នៅក្នុង​កម្មវិធី​ជប់លៀង​ដ៏​អធិកអធម​នោះ ក៏មាន​ការចាប់​រង្វាន់ ជូន​ដល់ដៃ​គូរ​អាជីវកម្ម លក់​បន្ដ​ទូទាំងប្រទេស​របស់​ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear ផងដែរ ដែលមាន​រង្វាន់​សរុប​ជា​ទឹកប្រាក់ 200 លាន​រៀល ដែល​រង្វាន់​ធំ​បំផុត គឺ​រថយន្ដ Mazda ចំនួន​មួយគ្រឿង៕

  • ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា បើកសម្ពោធ​ផ្ទះ​គំរូ​របស់​គម្រោង​អ័​រ​គី​ដេ​វីឡា​ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី

    ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា បើកសម្ពោធ​ផ្ទះ​គំរូ​របស់​គម្រោង​អ័​រ​គី​ដេ​វីឡា​ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី

    ភ្នំពេញ៖ នៅ​ថ្ងៃទី27 ខែកញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា បាន​បើកសម្ពោធ​ផ្ទះ​គំរូ​របស់ខ្លួន​នៅ​ទីតាំង​គម្រោង​ផ្ទាល់​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ក្រោម​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ បុគ្គលិក​របស់​ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា ព្រមទាំង​អតិថិជន​ជាច្រើនរូប​ផងដែរ។

    ផ្ទះ​គំរូ​ដែល​ត្រូវបាន​សម្ពោធ​មានដូចជា វីឡា​ទោល វីឡា​ភ្លោះ និង​វីឡា​កូនកាត់។ វីឡា​ទាំងបី​ប្រភេទ​នេះ​គឺ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​របស់​យើង ដោយសារ​ការ​រចនា​ម៉ូដ​ថ្មី​ប្លែក​ពី​គម្រោង​ដទៃ ទាំង​ទំហំ​ផ្ទះ និង​ទំហំ​ដី​មាន​លក្ខណៈ​ធំ​ទូលាយ​ដែល​អាចឱ្យ​លោក​អ្នកមាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ ការចត​យានជំនិះ និង​ការរៀបចំ​កម្មវិធីផ្សេង។ ដោយឡែក​បន្ទប់នីមួយៗមាន​ខ្យល់​ចេញចូល និង​មាន​ពន្លឺ​គ្រប់គ្រាន់ ជាមួយនឹង​បរិស្ថាន​ធម្មជាតិ​ជុំវិញ​ផ្ទះ។

    គួរបញ្ជាក់​ផងដែរ​ថា គម្រោង​អ័​រ​គី​ដេ​វីឡា ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី គ្របដណ្ដប់​លើ​ផ្ទៃដី​ជាង 175ហិច​តា បែង​ចែកជា 6ផ្នែកធំៗ រួមមាន​ផ្ទះ​វីឡា​គ្រប់​ប្រភេទ ដីឡូត៍ សាលារៀន​អន្តរជាតិ ផ្សារ​ទំនើប ព្រមទាំង​សួរ​ប៊ូ​តា​និ​ច​តែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ល។

    ដូច្នេះ​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា ផ្ទះ​គំរូ​របស់​គម្រោង​ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី​មាន​លក្ខណៈពិសេស និង​ស្រស់ស្អាត​ប៉ុណ្ណា ក៏ដូចជា​ចង់ដឹងថា តើ​ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា គម្រោង​ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី មានការ​ផ្ដល់ជូន​កម្ម​វិធី​ពិសេស​បែបណា​ជូន​អតិថិជន សូម​អញ្ជើញ​អតិថិជន​ទាំងអស់​ទៅ​ទស្សនា​ផ្ទះ​គំរូ​ពិត​នៅ​ការដ្ឋាន​សាងសង់​ផ្ទាល់ ដែលមាន​អយ​ដ្ឋា​ន​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ 6A សង្កាត់​ព្រែ​លៀប ខណ្ឌ​ជ្រោយចង្វារ (ចម្ងាយ​ពី​ស្ពាន​ជ្រោយចង្វារ 7គីឡូម៉ែត្រ មកដល់​ស្ដុ​ប​អ័​រ​គី​ដេ រួច​បត់​ឆ្វេង​ដៃ)៕

  • តើ​ការចូល​រួមជាមួយ  KELLER WILLIAM អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ?

    តើ​ការចូល​រួមជាមួយ  KELLER WILLIAM អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ?

    ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្រុមហ៊ុន KELLER WILLIAM ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅលើ​ពិភពលោក​នោះបាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ជាបណ្តើរៗហើយ ហើយនឹង​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ នៅ​ខែធ្នូ ចុងឆ្នាំ2018ខាងមុខនេះ។

    លោក​បណ្ឌិត គឹម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​កម្ម​វី​ធី​ជួបជុំ​ដ៏​ធំ​មួយ​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន KELLER WILLIAM គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ និង​មាន​វ័យ​ចំណាស់​ជាងគេ​នៅលើ​ពិភពលោក ដែល​បាន​បង្កើតឡើង​ដំបូង​គេ​នៅ​សហរដ្ឋអាមេរិក និង​មាន​សមាជិក​ច្រើនជាងគេ​ផងដែរ ហើយ​ដើម្បី​ចែករំលែក​បទពិសោធ​ក៏ដូចជា​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យបាន​កាន់តែច្រើន​ដែរនោះ លោក​បានសម្រេច​ចិត្ត​នាំយក​ឈ្មោះ(Franchise) ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នេះ​ចូលមក​ទីផ្សារ​កម្ពុជា​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    លោក​បន្តថា សម្រាប់​អ្នក​ដែល​ចូលរួម​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ជាមួយ​ក្រុមហ៊ុន KELLER WILLIAM ប្រចាំ​នៅ​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​អចលន​ទ្រព្យ​ដោយ​មិន​គិតថ្លៃ ហើយនឹង​ក្លាយខ្លួនជា​អ្នកជំនាញ និង​មានចំណេះដឹង​ច្បាស់លាស់​ផ្នែក​វិស័យ​អចលនទ្រព្យ​ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង​វិស័យផ្សេងៗមួយចំនួនទៀត។

    លោក​ថា បច្ចុប្បន្ន ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួនទៀត ពួកគេ​ធ្វើ​ការមិន​យកប្រាក់​ខែ​នោះទេ ដោយសារតែ​អា​ចរក​កម្រៃជើងសា​បាន​ច្រើនជាង​ប្រាក់ខែ​រាប់សិប​ដង​ឯណោះ ហើយ​ថា សម្រាប់​ប្រជាជន​ខ្មែរ​នៅមាន​ទំនោរ​ធ្វើការ​លើ​វិស័យ​អចលនទ្រព្យ​យកប្រាក់​ខែ ជាជាង​យ​កម្រៃជើងសា ព្រោះ​គិតថា ខ្លាច​ខ្លួនឯង​មិន​អាចមាន​សមត្ថភាព​ល​ក់ដី​បាន។ ប៉ុន្តែ​បើ​ធ្វើការ​គិតតែ​ប្រាក់ខែ គឺ​មិនអាច​ធ្វើឱ្យ​ខ្លួន​ក្លាយជា​អ្នកមាន​បានឡើយ ព្រោះ​ប្រាក់ខែ​ដែល​បានមក​នោះ​គ្រាន់តែ​ចំណាយ​ចាយវាយ​ប្រចាំខែ​ទៅវិញ​ប៉ុណ្ណោះ។ ដូច្នេះ​គួរតែ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​ឱ្យបាន​ច្បាស់ នោះ​អ្នកនឹង​អាច​រកប្រាក់​ពី​វិស័យនេះ​បាន​ច្រើន​មិន​ខាន។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន 4ហើយ​នៅក្នុង​តំបន់​អាស៊ី​ដែល​បាន​នាំយក​Franchise ក្រុមហ៊ុន KELLER WILLIAM មក​ធ្វើការ​នៅក្នុង​ប្រទេស​របស់គេ ដោយមាន​អ្នក​ចូលធ្វើការ​ជាមួយ​កាន់តែច្រើនឡើងៗដែរ៕