Author: វល័ក្ខ

  • ម្ចាស់ផ្ទះកូរ៉េខាងត្បូង និងអាហ្សង់ទីន សម្លឹងរកជ័យជម្នះដូចគ្នាក្នុង U20 World Cup រាត្រីនេះ

    ម្ចាស់ផ្ទះកូរ៉េខាងត្បូង និងអាហ្សង់ទីន សម្លឹងរកជ័យជម្នះដូចគ្នាក្នុង U20 World Cup រាត្រីនេះ

    ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម២០ឆ្នាំ នឹងត្រូវធ្វើជាម្ចាស់ផ្ទះជួបនឹងជើងខ្លាំង អាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ U20 FIFA World Cup នាកីឡដ្ឋាន Jeonju World Cup ក្នុងទីក្រុង Jeonju នៅល្ងាចថ្ងៃនេះ។

    ក្រុមទាំងពីរសុទ្ធសឹងស្ថិតក្នុងពូល A ដូចគ្នាក្នុងយុទ្ធនាការនេះ ហើយពួកគេនឹងសម្លឹងរកការប្រជែងឲ្យបាន៣ពិន្ទុដូចគ្នា។ ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូងបានចាប់ផ្តើមយ៉ាងល្អតាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិហ្គីណេ ក្នុងថ្ងៃប្រកួតបើកឆាកនៃយុទ្ធនាការយុវជនអាយុក្រោម២០ឆ្នាំ។ ក្នុងការប្រកួតនោះ ក្រុមកូរ៉េខាងត្បូងមានឱកាសក្នុងការគ្រប់គ្រងបាល់តិចជាងមែន ប៉ុន្តែអាចរកគ្រាប់បាល់បញ្ចូលទីបាន។ អ្នកចាំទី Song Bumkeun របស់កូរ៉េខាងត្បូង បានបំពេញតួនាទីដ៏សំខាន់ក្នុងការប្រកួតនោះ តាមរយៈការការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន ជាមួយនឹងការសង្គ្រោះបាល់បីលើកដ៏សំខាន់។ ក្រុមម្ចាស់ផ្ទះមួយនេះ នឹងត្រូវជួបគូប្រកួតដ៏ខ្លាំងមួយ ប៉ុន្តែប្រហែលជាអាចដណ្តើមបាន ៣ពិន្ទុ ដោយសារតែមានប្រៀបដោយការលេងក្នុងផ្ទះខ្លួនឯង។

    ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអាហ្សង់ទីន សុទ្ធតែប្រជុំដោយតារាឆ្នើមវ័យក្មេងជាច្រើន ប៉ុន្តែបានជួបការខកចិត្តនៅថ្ងៃបើកឆាកនៃយុទ្ធនាការនេះ ដោយក្រុមមកពីតំបន់អាមេរិកខាងត្បូងមួយនេះបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអង់គ្លេសដែលមានភាគរយគ្រប់គ្រងបាល់តិចជាង ប៉ុន្តែមានភាពមុតស្រួចជាង។ អាហ្សង់ទីនបានគ្រប់គ្រងបាល់ដល់ទៅ៥៩ភាគរយ ខណៈដែលអង់គ្លេសមានតែ៤១ភាគរយប៉ុណ្ណោះ និងមានឱកាសល្អៗដល់ទៅ២២លើក ខណៈដែលអង់គ្លេសមានតែ៧លើកគត់។ ហេតុនេះក្រុមជម្រើសជាតិ អាហ្សង់ទីន ត្រូវការឈ្នះជាដាច់ខាត ដើម្បីរក្សាក្តីសង្ឃឹមក្នុងការឈានទៅវគ្គបន្ត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦ល្ងាចថ្ងៃនេះ៕
    ប្រភពពី៖ ESPN

  • យុវវ័យ និងអ្នកគាំទ្រ Ariana Grande ជិត 20,000នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់

    យុវវ័យ និងអ្នកគាំទ្រ Ariana Grande ជិត 20,000នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់

    អ្នកគាំទ្រតារាចម្រៀង Ariana ដែលកំពុងមានភាពល្បីល្បាញក្នុងចំណោមយុវវ័យជាច្រើនលើពិភពលោក បានរងការវាយប្រហារដោយក្រុមភេរវករកាលពីពេលប៉ុន្មានម៉ោងមុននេះ(ប្រហែលជាម៉ោង 10:30 នាទីយប់ថ្ងៃច័ន្ទក្នុងប្រទេសអង់គ្លេស)ក្នុងការប្រគំតន្ត្រីមួយនៅក្នុងសាល Manchester Arena។

    សេចក្តីរាយការណ៍ដំបូងពីទូរទស្សន៍ CBS បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន 19នាក់បានស្លាប់ និងមនុស្សចំនួនជាង 50នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមការបកស្រាយរបស់ប៉ូលិសដែលកំពុងជួយសង្គ្រោះជនរងគ្រោះនៅក្នុងហេតុការណ៍នោះ។

    លោកស្រី Theresa May នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសបានថ្លែងការណ៍នៅពេលភ្លាមៗនោះថា អាជ្ញាធរកំពុងធ្វើការជួយសង្គ្រោះ និងស្រាវជ្រាវដើម្បីបង្ហាញពីសេចក្តីលម្អិតនៃដើមហេតុដែលនាំឱ្យមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតបណ្តាលឱ្យស្លាប់ 19នាក់ និងរងរបួសជាច្រើននាក់នេះ ដែលគេនៅមិនទាន់ដឹងថាជាស្នាដៃរបស់ក្រុមណានៅឡើយ។

    លោកស្រី May បាននិយាយថា៖ «អ្វីដែលយើងកំពុងគិតខ្លាំងផងដែរនៅពេលនេះគឺជនរងគ្រោះ និងគ្រួសាររបស់ពួកគេដែលបានរងផលប៉ះពាល់»។

    នៅពេលនេះមនុស្សទាំងអស់ត្រូវបានក្រុមសង្គ្រោះជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈតារាចម្រៀង Ariana Grande និងតារាល្បីល្បាញដទៃទៀតកំពុងមានសុវត្ថិភាព៕

     

  • លោក Moyes លាលែងពីតំណែងគ្រូបង្វឹករបស់ Sunderland ដោយគ្មានប្រាក់សំណង

    លោក Moyes លាលែងពីតំណែងគ្រូបង្វឹករបស់ Sunderland ដោយគ្មានប្រាក់សំណង

    ក្លិបឆ្មាខ្មៅ Sunderland កំពុងតែស្វែងរកអ្នកចាត់ការទូទៅទី៨របស់ខ្លួនក្នុងរយៈពេលដ៏ត្រដាបត្រដួស ៦ឆ្នាំ ក្រោយពីលោក David Moyes បានបញ្ចប់ការងាររបស់លោក ក្រោយពីកាន់តំណែងបានរយៈពេល១០ខែ តាមរយៈការលាលែងពីតំណែងរបស់ខ្លួនកាលពីថ្ងៃចន្ទ។

    អតីតអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹករបស់ក្លិប Everton, Manchester United និង Real Sociedad រូបនេះបានសម្រេចចិត្តចាកចេញ ក្រោយពីកិច្ចប្រជុំមួយជាមួយនឹងលោក Ellis Short ដែលជាម្ចាស់ក្លិប Sunderland និងលោក Martin Bain ដែលជាប្រធានប្រតិបត្តិនៅក្នុងទីក្រុងឡុងដ៍។ លោក Moyes ចាកចេញក្នុងពេលក្លិបដែលត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូលនេះ ដោយគ្មានសំណងឡើយ ក្រោយពីបានដឹកនាំឲ្យក្រុមនេះដណ្តើមបានជ័យជម្នះត្រឹមតែ៦លើកប៉ុណ្ណោះក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ និងថែមទាំងបង្កឱ្យមានការបែកបាក់មិត្តភាពជាមួយនឹងកីឡាករសំខាន់ៗ និងមិនអាចបញ្ចុះបញ្ចូលឲ្យលោក Short យល់ព្រមទៅលើសំណើរបស់លោកក្នុងការទិញចូលកីឡាករថ្មីៗនៅរដូវក្តៅខាងមុខនេះរួចមក។

    Sunderland នឹងចំណាយពេលក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីស្វែងរកអ្នកចាត់ការទូទៅថ្មី ហើយការចាប់អារម្មណ៍របស់ពួកគេអាចនឹងធ្លាក់ទៅលើលោក Slavisa Jokanovic ដែលកិច្ចសន្យារបស់គ្រូបង្វឹកនៃក្លិប Fulham រូបនេះនៅមានលក្ខខណ្ឌក្នុងការអាចរំលាយបាន ហើយលោក Jokanovic និងលោក Bain ក៏ធ្លាប់បានធ្វើការជាមួយគ្នានៅឯក្លិប Maccabi Tel Aviv រួចមកហើយដែរ។

    លោក Moyes បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់លោកប្រធាន Ellis Short និងក្រុមប្រឹក្សាសម្រាប់ការផ្តល់ឱកាសដល់ខ្ញុំក្នុងការដឹកនាំក្លិប Sunderland ក៏ដូចជាអ្នកគាំទ្រដែលតែងតែបង្ហាញពីការគាំទ្រដល់ក្លិបរបស់ពួកគេ»។ លោក Moyes បានបន្ថែមទៀតថា៖ «ខ្ញុំសូមជូនពរឲ្យកីឡាកររបស់ខ្ញុំ និងអ្នកដែលចូលកាន់តំណែងជំនួសខ្ញុំ សូមឲ្យជួបតែសំណាងល្អក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញ»៕

  • NOCC សង្ឃឹមបាន ៥០០០នាក់ចូលរួមរត់ប្រណាំង អបអរពិធីចម្រើនព្រះជន្មសម្ដេចម៉ែ

    NOCC សង្ឃឹមបាន ៥០០០នាក់ចូលរួមរត់ប្រណាំង អបអរពិធីចម្រើនព្រះជន្មសម្ដេចម៉ែ

    កាលពីម្សិលមិញនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងតែមានជំនឿចិត្តខ្ពស់ក្នុងការប្រមូលមហាជនទាំងជាតិ និងអន្តរជាតិមកចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ “ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៧” ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ មិថុនា ខាងមុខ។

    អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមចេញដំណើរ និងបញ្ចប់នៅមុខព្រះបរមរាជវាំង។ គោលបំណងនៃការរត់នេះគឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ រត់ដើម្បីទីក្រុងស្អាត និងបៃតង រត់ដើម្បីសប្បុរសធម៌រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីទីក្រុងភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ នេះជាព្រឹត្តិការណ៍ ដែលធ្វើឡើងដើម្បីជួយដល់សង្គម។

    ព្រឹត្តិការណ៍នេះមានរត់ចម្ងាយ២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) រត់១០គីឡូម៉ែត្រ និង រត់កម្សាន្តជាលក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ។

    គិតមកដល់ត្រឹមថ្ងៃនេះមានជនបរទេសប្រមាណជា ២០០នាក់ហើយដែលមកពី២៦ ប្រទេសបានចុះឈ្មោះចូលរួម ឯប្រជាជនកម្ពុជាវិញក៏មានប្រមាណ៣០០នាក់ដែរ។ ឯកឧត្តមអគ្គលេខាធិការក៏បានអំពាវនាវឲ្យអ្នកដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមអញ្ជើញមកចុះឈ្មោះឲ្យបានរួសរាន់ កុំរង់ចាំដល់កៀកពេលអី។ ឯកឧត្តមអគ្គលេខាធិការបានប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញម៉ារ៉ាតុងនេះកាន់តែមានទំំហំធំដូច ព្រឹត្តិការណ៍ញូវយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬ ប៉េកាំងម៉ារ៉ាតុងដែរ ។ នេះជាព្រឹត្តិការណ៍កីឡាដើម្បីបម្រើគោលដៅទេសចរណ៍ ។

    ចំពោះតម្លៃចុះឈ្មោះទទួលបានសិទ្ធិចូលរួមរត់ចម្ងាយ២១គីឡូម៉ែត្រសម្រាប់ជនបរទេសគឺ ៤០ដុល្លារ កម្ពុជា១៥ដុល្លារ។ ១០គីឡូម៉ែត្រជនបរទេស ៣០ដុល្លារ កម្ពុជា១០ដុល្លារ និង៣គីឡូម៉ែត្រ ជនបរទេស១០ដុល្លារ និងកម្ពុជា៥ដុល្លារ ។ គួរបញ្ជាក់ ថាសម្រាប់ជនជាតិកម្ពុជា ការរត់៣គីឡូម៉ែត្រជួនកាលមិនទាំងតម្រូវឱ្យបង់ប្រាក់ផង៕

  • លោក មាស សារិន ដាក់ផែនការ ៥ចំណុចធំៗក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

    លោក មាស សារិន ដាក់ផែនការ ៥ចំណុចធំៗក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

    បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៧កាលពីល្ងាចម្សិលមិញនោះ ប្រធានសហព័ន្ធ លោកមាស សារិន បានដាក់ផែនការធំៗ ៥ចំណុចក្នុងដំណើរឆ្ពោះទៅកាន់ភាពជោគជ័យនាឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យកីឡាជាតិយើង ហើយថែមទាំងបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលទទួលបានជយលាភីពីឆាកអន្តរជាតិទៀតផង។

    ជាមួយនឹងការយកចិត្តទុកដាក់ចំពោះវិស័យកីឡានៅកម្ពុជាពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្តេជ្ញាចិត្តខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍកីឡាមួយនេះឈានទៅដណ្តើមយកមេដាយជូនកម្ពុជានៅក្នុងស៊ីហ្គេមឆ្នាំ២០២៣ឱ្យបាន។ ទិសដៅធំៗចំនួន៥ ដែលប្រធានសហព័ន្ធកីឡាទាញព្រ័ត្ររូបនេះ បានប្រកាសដាក់ចេញសម្រាប់ធ្វើការអភិវឌ្ឍនោះ រួមមាន៖ ទិសដៅទី១. ខិតខំពង្រឹងកីឡាករថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី ពង្រឹងក្លិប និងសមាគមកីឡាទាញព័ត្រឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ទី២.ពង្រឹងសមត្ថភាពចៅក្រមអាជ្ញាកណ្តាលឱ្យកាន់តែល្អប្រសើរឡើង ទាំងបរិមាណ និងគុណភាពដោយត្រូវបើកវគ្គសិក្សាជំនាញនេះរៀងរាល់ឆ្នាំឱ្យបានមួយឆ្នាំម្តងឱ្យបានជាដាច់ខាត។ ទី៣.សហព័ន្ធនឹងខិតខំជំរុញរៀបចំការប្រកួតឱ្យបានញឹកញាប់ និងឱ្យបានច្រើនតាមដែលអាចធ្វើបាន ពិសេសគឺពង្រឹងការហ្វឹកហាត់ឱ្យកាន់តែខ្លាំងទៅតាមសមាគម ឬក្លិបក្រោមឱវាទរបស់សហព័ន្ធ។ ទី៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងទាំងផ្ទៃក្នុងរបស់សហព័ន្ធ សមាគម និងក្លិបនៅទូទាំងប្រទេស។ ទី៥.ប្រឹងប្រែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀតដែលមានសប្បុរសជន និងក្រុមហ៊ុនឯកជននានាជាដៃគូក្នុងការអភិវឌ្ឍវិស័យកីឡានេះ៕

  • គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញថា ចំនួនអ្នកដែលគិតថាការងាររបស់ខ្លួនឯងគ្មានប្រយោជន៍កំពុងកើនឡើង…

    គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញថា ចំនួនអ្នកដែលគិតថាការងាររបស់ខ្លួនឯងគ្មានប្រយោជន៍កំពុងកើនឡើង…

    ថ្មីៗនេះមានការសិក្សាថ្មីមួយបានរកឃើញថា ចំនួនអ្នកដែលគិតថា ការងាររបស់ខ្លួនលែងមានសារៈសំខាន់ និងមានអ្នកអាចធ្វើជំនូសបានៗកើនឡើង ដែលចំណុចនេះបានក្លាយជាប្រធានបទថ្មីមួយសម្រាប់ការត្រិះរិះគិតឡើងវិញនៅក្នុងស្ថាប័នសំខាន់ៗ និងធំៗលើពិភពលោក។

    អ្នកប្រាជ្ញនៅសាកលវិទ្យាល័យ Oxford University បានប៉ាន់ប្រមាណថា មានចំនួនមិនតិចជាង 47% នៃការងារនៅក្នុងសហរដ្ឋអាមរិក និង 54% នៅអឺរ៉ុបទេដែលកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ព្រោះការងារទាំងអស់នោះកំពុងនឹងត្រូវជំនួសដោយម៉ាស៊ីនយន្ត (Robot) ជាអ្នកធ្វើការជំនួសវិញម្តង។

    វត្តមាននៃការចូលមកជំនួស (replace) របស់ម៉ាស៊ីនយន្តលើការងាររបស់មនុស្សដ៏គួរឱ្យបារម្ភនេះ មិនមែននឹងមកដល់ក្នុងរយៈពេលរាប់រយឆ្នាំទៀតនោះទេ តែវានឹងចូលមកដល់នៅក្នុងរយៈពេល 20ឆ្នាំខាងមុខទៀតនេះឯង។

    ការស្ទាបស្ទង់មតិកាលពីឆ្នាំ 2013 ក្នុងចំណោមអ្នកជំនាញការ 12,000នាក់ ដោយ Harvard Business Review បានបង្ហាញថា មនុស្សចំនួនពាក់កណ្តាលនៃក្រុមមួយគិតថា ការងាររបស់ពួកគេគ្មានន័យអ្វីទាំងអស់ ខណៈមនុស្សចំនួនពាក់កណ្តាលទៀត គឺមិនអាចមានទំនាក់ទំនងជាមួយនឹងបេសកកម្មរបស់ក្រុមហ៊ុនឡើយ។

    មានការស្ទង់មតិក្នុងចំណោមមនុស្សចំនួន 230,000 នៃអ្នកធ្វើការនៅក្នុងប្រទេសចំនួន 142 បានបង្ហាញថា មានតែ 13% នៃអ្នកធ្វើការងារទាំងអស់នោះប៉ុណ្ណោះដែលស្រឡាញ់ការងាររបស់ខ្លួន។ ចំណែកឯការស្ទង់មតិក្នុងចំណោមប្រជាជនអង់គ្លេស បានបង្ហាញថាអ្នកធ្វើការចំនួន 37% គិតថាការងាររបស់ខ្លួនមិនមានន័យអ្វីសម្រាប់ពួកគេឡើយ។

    តាមរយៈការស្ទង់មតិបានបង្ហាញឱ្យឃើញថា មានមនុស្សជាច្រើនគិតថា ពួកគេបានមើលឃើញថាការងាររបស់ខ្លួនពិតជាទាក់ទាញនៅពេលដែលគេមើលឃើញនៅក្នុងក្រដាសឯកសារ តែការអនុវត្តជាក់ស្តែងវិញមិនដូចអ្វីដែលពួកគេកំពុងគិតនោះទេ។

    បញ្ហាទាំងអស់នេះគឺកំពុងត្រូវបានស្ថាប័នសំខាន់ៗលើពិភពលោកលើកយកមកពិភាក្សា និងគិតឡើងវិញដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាធនធានមនុស្សដែលជាបញ្ហាចម្បងមួយរបស់ពិភពលោក៕

  • ស្មាតហ្វូន 2 ម៉ូដែល របស់ Sony ត្រៀមចេញលក់នៅកម្ពុជា

    ស្មាតហ្វូន 2 ម៉ូដែល របស់ Sony ត្រៀមចេញលក់នៅកម្ពុជា

    ក្រោយពីស្ងាត់ស្ងៀមក្នុងទីផ្សារស្មាតហ្វូនកម្ពុជាអស់មួយរយៈ ថ្មីៗនេះ ក្រុមហ៊ុន Sony បាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីស្ដារប្រជាប្រិយភាពឡើងវិញ ដោយបានដាក់ចេញនូវទូរស័ព្ទស៊េរីថ្មី ទាន់សភាពការណ៍ បន្ទាន់ៗគ្នា ដូចនឹងទីផ្សារនៅឯបរទេសដែរ ដែលនៅក្នុងនោះមានស្មាតហ្វូនស៊េរីថ្មីចុងក្រោយ 2 ម៉ូដែល ដែលនឹងត្រៀមបង្ហាញខ្លួននៅចុងខែឧសភានេះ។

    តាមការចុះផ្សាយលើគណនីគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន Xperia – Sony Smartphone by 8G Plus Communications Co.,Ltd ដែលជាក្រុមហ៊ុនទទួលចែកចាយស្របច្បាប់នូវផលិតទូរស័ព្ទ Sony ក្នុងទីផ្សារកម្ពុជានោះ បានឱ្យដឹងថា ស្មាតហ្វូនដំបូងគេលើពិភពលោកដែលមានគុណភាពឣេក្រង់ HDR កម្រិត 4K (3840 x 2160 Pixels) និងទូរស័ព្ទថ្នាក់កណ្ដាលមួយទៀតនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅចុងខែឧសភា ឆ្នាំ 2017 ខាងមុខនេះ។

    ទូរស័ព្ទដែលក្រុមហ៊ុនត្រៀមបើកសម្ពោធដាក់លក់ជាផ្លូវការនោះមាន ទូរស័ព្ទ Sony Xperia XZ Premium ដែលមានតម្លៃប្រមាណជា 699ដុល្លារ និង Xperia XA1 Ultra ដែលមានតម្លៃប្រហាក់ប្រហែល 399ដុល្លារ។ សម្រាប់ទូរស័ព្ទ Xperia XZ Premium មានបំពាក់មុខងារថតរូប Slow Motion ក្នុងកម្រិត 960fps មានសមត្ថភាពខ្លាំងដែលមិនមានស្មាតហ្វូនណាអាចធ្វើបានដូច ដែលជាផ្នែកមួយរបស់កាមេរ៉ា Motion Eye ពីក្រុមហ៊ុន Sony ដែលមានតែនៅលើ Xperia XZ និង Xperia XZ Premium ប៉ុណ្ណោះ។

    ដោយឡែកទូរស័ព្ទ XA1 Ultra ដែលមានទំហំ 6 អ៊ីង Full HD នឹងមានបំពាក់ដោយកាមេរ៉ាមុខទំហំ 16 MP និងមានកម្រិត Aperture f2.0 ហើយខាងក្រោយមានទំហំ 23 MP ដូចគ្នានឹងទៅនឹងទូរស័ព្ទ Xperia XZ ដែរ។

    ការត្រៀមបង្ហាញខ្លួននេះ ប្រិយមិត្តដែលនិយមប្រើ Sony Xperia ក៏អាចធ្វើការ Pre-Order ទុកមុន ចាប់ពីថ្ងៃនេះតទៅ ហើយនឹងអាចទទួលបានទូរស័ព្ទនៅដើមខែមិថុនា ឆ្នាំ 2017 ខាងមុខឆាប់ៗនេះ៕

  • ក្រសួងត្រៀមរៀបចំពិព័រណ៌ពាណិជ្ជកម្មដើម្បីគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ

    ក្រសួងត្រៀមរៀបចំពិព័រណ៌ពាណិជ្ជកម្មដើម្បីគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ

    ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំពិព័រណ៌ពាណិជ្ជកម្មខ្មែរសម្រាប់រដូវកាលទី2 ដោយមានការចូលរួមតាំងបង្ហាញផលិតផលពីអាជីវករ ផលិតករ កសិករ សិប្បករ និងសាធារណជនគ្រប់បណ្តាខេត្តនានានៅទូទាំងកម្ពុជា។

    កម្មវិធីតាំងពិព័រណ៌នេះ នឹងធ្វើឡើងនៅបរិវេណវាលបែកចានក្នុងទីលានបាល់ទាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 28 ខែឧសភា ឆ្នាំ2017 ក្នុងយុទ្ធនាការទិញ “ផលិតផលខ្មែរ”។ នៅក្នុងឱកាសនោះដែរ ក៏មានការរៀបចំសិក្ខាសាលា និងតន្រ្តីយុទ្ធនាការ “ទិញផលិតផលខ្មែរ” ដែលមានតារាចម្រៀង និងក្រុមកំប្លែងល្បីៗមកសម្តែងជូនទស្សនាផងដែរ។

    តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នេះជាឱកាសសម្រាប់បងប្អូនពាណិជ្ជករ អាជីវករ ផលិតករ និងសាធារណជនទាំងអស់ចូលរួមបង្ហាញផលិតផលរបស់ខ្លួនដែលនឹងមានការចូលរួមគាំទ្រពីសាធារណជនយ៉ាងច្រើនកុះករ ដើម្បីរួមចំណែកជួយបំផុសឱ្យពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ផលិតផលខ្មែរ ក៏ដូចជាជួយពង្រឹងរោងចក្រ សហគ្រាស និងរោងសិប្បកម្មទាំងឡាយនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ។

    មន្រ្តីទទួលបន្ទុកផ្នែកតាំងពិព័រណ៌បានមានប្រសាសន៍ថា មកទល់ពេលនេះ អាជីវករ កសិករ ផលិតករក៍ដូចជាម្ចាស់សហគ្រាសនានាផងដែរបានដាក់ពាក្យស្នើសុំមកក្រសួងដើម្បីចូលរួមក្នុងការតាំងពិព័រណ៌នេះបានចំនួន 120 ស្តង់ហើយ ដោយមានផលិតផលស្នាដៃខ្មែរគ្រប់ប្រភេទនឹងត្រៀមដាក់តាំងបង្ហាញលក់នៅទីនោះ៕

  • លោក Conte កំណត់គោលដៅរបស់ Chelsea លើការឈ្នះពានពីរក្នុងរដូវកាលតែមួយ

    លោក Conte កំណត់គោលដៅរបស់ Chelsea លើការឈ្នះពានពីរក្នុងរដូវកាលតែមួយ

    លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea បានផ្តោតការចាប់អារម្មណ៍របស់លោកភ្លាមៗទៅលើការតាមស្មើកំណត់ត្រារបស់លោក Carlo Ancelotti តាមរយៈការឈ្នះពានពីរក្នុងរដូវកាលតែមួយនៅប្រទេសអង់គ្លេស ក្រោយពីក្រុមរបស់លោកត្រូវបានគេប្រគល់ពាន Premier League នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ។

    ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងលិចមួយនេះ ដែលបានក្លាយជាម្ចាស់ជើងឯករបស់អង់គ្លេសជាលើកទី៦ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេនោះ បានជួបនឹងការរីករាយយ៉ាងខ្លាំង ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធបម្រុង Michy Batshuayi និងគ្រាប់បាល់ពី Willian, Eden Hazard និង Pedro ម្នាក់ 1 គ្រាប់បានជួយឲ្យពួកគេបំពេញការវាយបកពីការដេញតាមពីក្រោយក្នុងលទ្ធផល ១-០ ដើម្បីផ្តួលក្រុម Sunderland ក្នុងលទ្ធផល៥-១ នាថ្ងៃចុងក្រោយនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ប៉ុន្តែ ការអបអរផ្សេងៗមិនអាចបន្តក្នុងរយៈពេលយូរបានឡើយ ព្រោះក្រុមរបស់លោក ដែលទើបតែបានក្លាយជាក្រុមដំបូងគេក្នុងការឈ្នះការប្រកួតលីក៣០លើក ក្នុងចំណោមការប្រកួត៣៨លើកក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនោះ នៅសល់រយៈពេលត្រឹមតែ៦ថ្ងៃទៀតប៉ុណ្ណោះមុននឹងឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup ជាមួយនឹងក្រុម Arsenal នៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៧ ខែឧសភា។

    លោក Conte បានធ្វើការព្រមានថា៖ «នេះគឺជាគ្រោះថ្នាក់ដ៏ពិតប្រាកដសម្រាប់យើង ក្នុងការគិតថា រដូវកាលនេះបញ្ចប់ទាំងស្រុងហើយនោះ នៅថ្ងៃស្អែកនេះ ខ្ញុំនឹងព្យាយាមពន្យល់ដល់កីឡាករថា រដូវកាលនេះនឹងបញ្ចប់ទាំងភាពអស្ចារ្យប្រសិនបើយើងឈ្នះពាន FA Cup មួយទៀត»៕
    ប្រភពពី៖ sports.yahoo

  • ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុក ស្រីមុំ មិនទាន់ជឿជាក់ថា ខ្លួនអាចឈ្នះស៊ីហ្គេមនៅម៉ាឡេស៊ីនៅឡើយ

    ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុក ស្រីមុំ មិនទាន់ជឿជាក់ថា ខ្លួនអាចឈ្នះស៊ីហ្គេមនៅម៉ាឡេស៊ីនៅឡើយ

    នៅសល់តែជាង៣ខែទៀតប៉ុណ្ណោះថ្នាក់ដឹកនាំកីឡានៅកម្ពុជានឹងដឹកនាំក្រុមអត្តពលិកកម្ពុជាប្រមាណជាង ២៥ប្រភេទកីឡាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ។

    ខណៈដែលម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកឆ្នាំ២០១៧ អ្នកស្រី អ៊ុក ស្រីមុំ បានបង្ហាញក្ដីបារម្ភ ដោយមិនទាន់ច្បាស់ខ្លួនឯងថានឹង អាចឈ្នះមេដាយមកជូនជាតិនៅឡើយ។ ២លើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ គឺដណ្ដើមបានមេដាយជាប់រហូតលើវិញ្ញាសាវាយគូ តែពុំធ្លាប់ឈ្នះបានមេដាយមាសឡើយ ដែលក្នុងនោះមានស៊ីហ្គេម ឆ្នាំ២០១៣នៅមីយ៉ាន់ម៉ា កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយកីឡាករ ឌុច សោភ័ណ្ឌ ឈ្នះមេដាយប្រាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាប៉េតង់ថៃ ។

    ចំណែកស៊ីហ្គេមឆ្នាំ២០១៥នៅសិង្ហបុរី កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយអតីតម្ចាស់មេដាយមាសពិភពលោកអ្នកស្រី កែ ឡេង ប្រកួតចាញ់ក្រុមថៃដដែល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។ ថ្លែងក្នុងពិធីដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីកាលពីពេលថ្មីៗកន្លងទៅ អ្នកស្រី អ៊ុក ស្រីមុំ ឲ្យដឹងថា៖ ចំពោះការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ គឺខុសពីការប្រកួតជើងឯកពិភពលោកកាលពីថ្ងៃមុន ដោយស៊ីហ្គេមខ្លួនត្រូវប្រកួតលើវិញ្ញាសាវាយគូ រីឯការដណ្ដើមបានមេដាយមាសពិភពលោកថ្ងៃមុន គឺលើវិញ្ញាសាវាយឯកគ្គតជននារី។

    ដូច្នេះវាមានភាពខុសគ្នាច្រើនរវាងវិញ្ញាសាទាំងពីរនេះ ហើយឱកាសស្វែងរកមេដាយក៏អាចនឹងពិបាកដែរ ។ ប៉ុន្ដែអ្នកស្រីបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីមុខមាត់ប្រទេសជាតិ៕