Author: វល័ក្ខ

  • Sandara Park បកស្រាយរឿងហេតុអ្វីបានជានាងគ្មានមិត្តប្រុស?

    Sandara Park បកស្រាយរឿងហេតុអ្វីបានជានាងគ្មានមិត្តប្រុស?

    អតីតសមាជិកក្រុមចម្រៀង 2NE1 នាង Sandara Park បានពន្យល់បកស្រាយយ៉ាងច្បាស់លាស់ថា ហេតុអ្វីបានជានាងលំបាកក្នុងការស្វែងរកមិត្តប្រុសសម្រាប់ខ្លួននាងផ្ទាល់ បន្ទាប់ពីនាងបានត្រឡប់មករស់នៅប្រទេសកូរ៉េខាងត្បូងវិញនោះ។

    ក្នុងអំឡុងពេលផ្ដល់បទសម្ភាសនៅក្នុងប្រទេសហ្វីលីពីន នាងត្រូវបានគេចោទសួរអំពីរឿងស្នេហានៅក្នុងជីវិតដែលចេះតែរសាត់ទៅមុខ ប្រសិនបើនាងមិនប្រញាប់ប្រញាល់ចាប់យកឱកាសក្នុងការណាត់ជួបទំនាក់ទំនងគូស្នេហ៍ទេនោះ។

    តារាស្រីរូបនេះ បានពន្យល់ថា ការស្វែងរកមិត្តប្រុសវាជារឿងពិបាកមួយសម្រាប់នាង។ នាងបន្ដថា នាងខ្វះទំនុកចិត្តនៅពេលដែលរឿងមួយនេះបានចូលមកក្នុងជីវិតនាង ហើយនឹងពិបាកសម្រេចចិត្តក្នុងការឱ្យមនុស្សណាម្នាក់ដែលមានគំនិតដូចនាងដើរចូលមកក្នុងបេះដូងណាស់។

    តារាវ័យ ៣២ឆ្នាំរូបនេះ បានបន្ដទៀតថា បន្ទាប់ពីបានចូលច្រៀង និងចុះកុងត្រាជាមួយផលិតកម្ម YG Entertainment ដូចសមាជិកដ៏ទៃទៀតនៅក្នុងអតីតក្រុមអ្នកចម្រៀងស្រី 2NE1 ហើយនោះ នាងមិនត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងស្នេហារយៈពេល ៣ឆ្នាំ ហើយហេតុផលមួយទៀតគឺ ដោយសារតែភាពមិនអំណោយផលនៃពេលវេលាការងាររបស់នាង នាងពិតជាពិបាករកពេលវេលាទំនេរក្នុងការណាត់ជួបជាមួយគូស្នេហ៍ណាស់ ។ នាងបន្ដថា ជារឿងល្អ មានតែមានទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារតែម្ដងទើបងាយស្រួល ។

    ជាចុងក្រោយ នាងបានបញ្ជាក់ថា ចិត្តរបស់នាងគឺផ្ដោតទៅលើភាពជោគជ័យរបស់ការងារ ខ្លាំងជាងរឿងស្នេហារបស់នាងនៅក្នុងជីវិតទៅទៀត ហើយបញ្ហាមួយនេះវាមិនបានធ្វើឱ្យលំបាកដល់ Sandara ឡើយ៕

  • រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    នៅពេលដែលលោកអ្នកមានអាជីវកម្មខ្នាតតូចមួយ ដែលបានផ្ដល់ផលចំណេញដល់លោកអ្នកល្អគួរសម តែលោកអ្នកមានអារម្មណ៍ថា ដូចជាមិនសូវសប្បាយចិត្តជាមួយនឹងវានោះ ចូរ… ៖

    -កុំឆាប់ងាកទៅក្រឡេកមើលគម្រោងអាជីវកម្មផ្សេងទៀតអី។
    -ផ្ដោតទៅលើភាពជោគជ័យ ដែលអ្នកកំពុងតែជួបនៅក្នុងអាជីវកម្មដែលកំពុងធ្វើ និងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីធ្វើឲ្យអាជីវកម្មខ្នាតតូចដដែលរបស់អ្នកនោះ រីកចម្រើនទៅមុខទៀតដោយការស្វែងរកអតិថិជនថ្មីៗ ឬក៏ពង្រីកការលក់ផលិតផលរបស់អ្នកទៅដល់អតិថិជនថ្មីៗបន្ថែមទៀត។
    -កុំធុញទ្រាន់នឹងភាពជោគជ័យដែលសមល្មមនោះ និងកុំព្យាយាមជួសជុលនូវអ្វីដែលបានខូចខាតទៅហើយ។ មានតែការផ្ដោតទៅលើលទ្ធភាពដ៏សំខាន់នៃការធ្វើអាជីវកម្មរបស់អ្នកតែប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកអាចបង្កើតទ្រព្យសម្បតិ្តបានយ៉ាងពិតប្រាកដ។ ការផ្ដោតទៅលើលទ្ធភាព គឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម។ ការធ្វើអ្វីមួយដែលអ្នកស្រឡាញ់ជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ចូលចិត្ត គឺជាអាថ៌កំបាំងក្នុងការធ្វើឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិត និងទទួលបានជោគជ័យ។ ទោះជាមានសម្ពាធខ្លាំងយ៉ាងណាក៏ដោយ ការផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើគឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យនៅក្នុងជីវិត និងក្នុងការធ្វើអាជីវកម្មរបស់អ្នក។
    -កុំធ្វើការងារនេះបន្តិច ការងារនោះបន្តិច ចូរផ្ដោតទៅលើការងារដែលអ្នកកំពុងធ្វើ ទោះជាអ្នកជួបនឹងក្តីបរាជ័យច្រើនដងក៏ដោយ។
    -ចូរបន្ដផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើរហូតដល់វាទទួលបានជោគជ័យ។
    -ដរាបណាអ្នកមិនទាន់បោះបង់វាចោល អ្នកនឹងទទួលបានជោគជ័យ ព្រោះការផ្ដោតបញ្ញា គំនិត ស្មារតី និងការច្នៃប្រឌិត គឺជាគន្លឹះនាំទៅរកភាពជោគជ័យ៕

  • ស្មាតហ្វូនរបស់បារាំង បំពាក់បច្ចេកវិទ្យាកាមេរ៉ា Zoom 22 ដងនៅតែច្បាស់ ចេញលក់នៅកម្ពុជា

    ស្មាតហ្វូនរបស់បារាំង បំពាក់បច្ចេកវិទ្យាកាមេរ៉ា Zoom 22 ដងនៅតែច្បាស់ ចេញលក់នៅកម្ពុជា

    ស្មាតហ្វូនថ្មីមួយដែលផលិតឡើងដោយក្រុមហ៊ុនបារាំង សហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាកាមេរ៉ារបស់ប្រទេសហ្វាំងឡង់ មានសមត្ថភាពអាចពង្រីក (Zoom) រហូតដល់22ដង នៅតែច្បាស់ល្អមិនបែក មិនព្រាល ចាប់ផ្ដើមមានលក់ហើយក្នុងទីផ្សារកម្ពុជា ក្រោយបង្ហាញខ្លួនជាច្រើនខែក្នុងទីផ្សារបរទេសរួចមក។

    ស្មាតហ្វូនថ្មីនេះ មានឈ្មោះថា SUGAR S9 វាត្រូវបានបំពាក់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 16MP អមដោយមុខងារSuper Pixel 64 Million Mega Pixel របស់ក្រុមហ៊ុនVisidon ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសហ្វាំងឡង់ ដែលវាអាចថតយករូបភាពបានច្បាស់ស្រស់ស្អាតមិនចាញ់កាមេរ៉ាអាជីព ហើយអាចថតរូបកម្រិត 138 ដឺក្រេ ប្រភេទ Wide Angle។ កាមេរ៉ារបស់វាក៏មានបន្ថែមនូវមុខងារ Beauty Self-Timer និង Beautiful Video ដែលអាចថតរូបភាពបានស្រស់ស្អាតរួមនឹង Effects បានជាច្រើនទៀត។ S9 ប្រើប្រាស់ Lens Beauty Video ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ក្នុងពេលថត។

    ចំពោះលក្ខណៈសម្បត្តិទូទៅ ទូរស័ព្ទនេះប្រើកញ្ចក់អេក្រង់ Super AMOLED មានទំហំ 5.5អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពវីដេអូបានក្នុងទំហំ Full-HD 1080 ភិចសែល ជាមួយកម្រិតភាពច្បាស់ 431ppi និងមានកម្រាស់ស្តើងត្រឹម 6.6 មីល្លីម៉ែត្រ និងទម្ងន់162 ក្រាម ស្រាលហើយមានគែមកោងព័ទ្ធជុំវិញ និងមានដាំដោយត្បូងស្វារូស្គីហ្សឺកូនៀនៅផ្នែកចំហៀង។ S9 បានបំពាក់នូវបន្ទះឈីព Qualcomm Snapdragon 430 SoC ប្រភេទ Octa-core-64bit ដែលមានល្បឿនគណនា 1.4GHz ជាមួយ Ram ទំហំ 4GB, ប្រើឈីពក្រាហ្វិក Adreno 505 និងមានម៉េម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB ហើយអាចបន្ថែមទំហំម៉េម៉ូរីក្រៅបាន 128GB និងមានថ្មLi-Poly ទំហំ 3,000 mAh ដែលកាន់ថាមពលប្រើប្រាស់បានយូរ និងអាចសាកបន្តទៅទូរស័ព្ទផ្សេងបានតាមរយះមុខងារ OTG។ ស្មាតហ្វូននេះ មាន 2ពណ៌សម្រាប់ជ្រើសរើសពណ៌ខ្មៅ និងពណ៌ផ្កាឈូក ជាមួយនឹងតម្លៃប្រមាណ 299 ដុល្លារ៕

  • វិធីផ្លាស់ប្ដូរកន្លែងផ្ទុកកម្មវិធីហ្គេមទៅក្នុង SD Card ដើម្បីសន្សំសំចៃ Memory ទូរស័ព្ទ

    វិធីផ្លាស់ប្ដូរកន្លែងផ្ទុកកម្មវិធីហ្គេមទៅក្នុង SD Card ដើម្បីសន្សំសំចៃ Memory ទូរស័ព្ទ

    បើទោះបីជាស្មាតហ្វូនបច្ចុប្បន្នត្រូវបានក្រុមហ៊ុនផលិតចេញមកមានទំហំផ្ទុកធំជាងមុន និងអាចបន្ថែម SD Card បានក៏ដោយ ប៉ុន្តែតម្រូវការអ្នកប្រើប្រាស់នៅតែមិនគ្រប់គ្រាន់ ក្នុងនោះប្រសិនបើយើងមិនចេះគ្រប់គ្រងទិន្នន័យក្នុងទូរស័ព្ទឱ្យបានត្រឹមត្រូវផងនោះ វានឹងធ្វើឱ្យដំណើរការបញ្ជាផ្សេងៗមានការរអាក់រអួលខ្លះដែរមិនខាន។

    សម្រាប់ថ្ងៃនេះគេហទំព័រឡារ៉ែន សូមលើកយកនូវរបៀបផ្លាស់ប្ដូរកម្មវិធី ឬហ្គេមលើទូរស័ព្ទ Galaxy S8 ទៅដាក់ក្នុង SD Card ជំនួសវិញ ដើម្បីសន្សំសំចៃ Memory ក្នុងទូរស័ព្ទ ព្រោះថា កាលណាទំហំផ្ទុកទំនេរច្រើន ការដំណើរការកម្មវិធី និងហ្គេមក៏ទៅមុខរលូនល្អផងដែរ។

    ខាងក្រោមនេះ ជាវិធីចូលទៅធ្វើការផ្លាស់ប្ដូរ៖
    1. មុនដំបូង សូមចូលទៅកាន់ Settings
    2. បន្ទាប់មក អូសអេក្រង់ចុះទៅក្រោម ហើយចុចលើ Apps
    3. បន្ទាប់មកទៀត ចុចលើកម្មវិធីដែលចង់ផ្លាស់ប្ដូរទៅដាក់ក្នុង SD Card
    4. ចុចលើ Storage
    5. នៅក្រោម Storage Used សូមចុចលើ Change
    (ទូរស័ព្ទនឹងបង្ហាញប្រាប់ ប្រសិនបើកម្មវិធី ឬហ្គេមនោះមិនអាចផ្លាស់ប្ដូរទៅដាក់ក្នុង SD Card បាន)
    6. ចុចលើ SD Card
    7. ចុងក្រោយ ចុចលើ Move ជាការស្រេច

  • ជឿ ឬមិនជឿ! ដីតែជាង 2000ម៉ែត្រការ៉េ អាចដាំម្កាក់បានចំណូលប្រហែល 100ដុល្លារក្នុងមួយថ្ងៃ

    ជឿ ឬមិនជឿ! ដីតែជាង 2000ម៉ែត្រការ៉េ អាចដាំម្កាក់បានចំណូលប្រហែល 100ដុល្លារក្នុងមួយថ្ងៃ

    ម្កាក់គឺជារុក្ខជាតិហូបផ្លែម្យ៉ាងដែលគេចូលចិត្តទទួលទានជាគ្រឿងម្ជូរនៅពេលទំនេរពិសេសសម្រាប់ស្ត្រីដែលសម្រាកពីការងារពេលថ្ងៃត្រង់ក៏ដូចជាស្ត្រីមេផ្ទះញ៉ាំកំដរមាត់ជាដើម។ យ៉ាងណាមិញម្កាក់មិនមែនមានប្រយោជន៍តែផ្លែប៉ុណ្ណោះទេ ប៉ុន្តែស្លឹករបស់វាក៏មានប្រយោជន៍សម្រាប់ការដាំស្លជាម្ហូបអាហារផងដែរ ពិសេសគឺសម្លម្ជូរពោះគោសម្រាប់ពិធីបុណ្យ និងពិធីមង្គលការជាដើម។

    ស្រ្តីកសិករ ហែម ស្រស់ ដែលបានចាប់យករបរដាំដើមម្កាក់ដើម្បីយកស្លឹកនេះជាង10ឆ្នាំមកហើយនោះបានរៀបរាប់ថា គ្រួសារគាត់បានមកទិញដីដាំដើមម្កាក់យកស្លឹកនេះនៅក្នុងភូមិថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលតាំងពីឆ្នាំ2008មក ដោយសារគាត់គិតថា ដំណាំនេះបានជួយលើកកម្ពស់ជីវភាពរបស់គ្រួសារគាត់ឱ្យធូរធារ សមរម្យ មានផ្ទះធំទ្រនំខ្ពស់ និងអាចមានលទ្ធភាពឱ្យកូនបានចូលរៀនមហាវិទ្យាល័យថែមទៀតផង។

    អ្នកស្រីបានឱ្យដឹងថា ផ្ទៃដីដែលគាត់ដាំដុះនេះគឺមានទទឹង15ម៉ែត្រ និងបណ្តោយ 170ម៉ែត្រ ហើយកូនដើមម្កាក់ដែលយកមកដាំនេះ គឺគាត់បានទិញពីកន្លែងលក់កូនឈើនៅម្តុំសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងតម្លៃ1ដើម 800រៀល។ កសិករដដែលនេះបានបន្ថែមដែរថា ទំហំដីនេះគាត់អាចដាំបាន1000ដើម ហើយម្កាក់នេះគឺគេបេះយកតែស្លឹកលក់ប៉ុណ្ណោះ ដោយក្នុង1ខែអាចបេះបានក្នុងចន្លោះពី15ទៅ20ថ្ងៃ និងយកទៅលក់បោះដុំឱ្យម៉ូយនៅឯផ្សារដើមគ ដែល1ដុំធំស្មើនឹង10ដុំតូច មានទម្ងន់1គីឡូក្រាម លក់បានក្នុងតម្លៃពី3000 ទៅ 4000រៀល ហើយក្នុង1ថ្ងៃអាចបេះបានប្រមាណពី 80 ទៅ 100គីឡូក្រាម ជាងនេះទៅទៀតបើសិនជារដូវបុណ្យមង្គលការ (ខែប្រាំង) វិញនោះ គឺរកតែស្លឹកម្កាក់លក់ឱ្យម៉ូយស្ទើរតែមិនបានផង ហើយក៏កំពុងមានគម្រោងការទិញដីដើម្បីពង្រីកការដាំបន្ថែមទៀតដែរ។

    ចំណែកឯលោក សួន ពេជ្រ ដែលជាស្វាមីរបស់អ្នកស្រី ហែម ស្រស់ វិញក៏បានបង្ហាញអំពីរបៀបដាំ និងវិធីថែទាំផងដែរថា ដំណាំម្កាក់យកស្លឹកនេះ គឺមិនពិបាកដាំ និងថែទាំនោះទេ និយាយរួមគឺមើលថែតែស្មៅកុំឱ្យវាដុះច្រើនប៉ុណ្ណោះ។ លោកបានរៀបរាប់ថា មុនពេលដាំ គឺយើងត្រូវភ្ជួររាស់ដី និងហាលចោលរយៈពេលពី10ទៅ15ថ្ងៃដើម្បីឱ្យដីឆ្អិនល្អហើយក៏មិនចាំបាច់លើកជារងដែរ ដោយគ្រាន់តែយកចបមកជីកជារណ្តៅតូចល្មមរួចយកកូនម្កាក់មកដាក់ដាំ និងស្រោចទឹកជាការស្រេច និងមិនចាំបាច់ដាក់ជីអ្វីនោះដែរ។ បន្ទាប់ពីដាក់ដាំរួច បើនៅខែប្រាំងយើងត្រូវស្រោចទឹកឱ្យបាន3ដងក្នុង1អាទិត្យ លុះ2ខែក្រោយបន្ទាប់ពីដាក់ដាំ គឺយើងអាចបេះស្លឹកវាយកទៅលក់បានជាបណ្តើរៗហើយ និងត្រូវបន្ថយការស្រោចទឹកឱ្យមកនៅត្រឹម1អាទិត្យ 2ដងបានហើយ ព្រោះដាំណាំនេះវាពុំសូវត្រូវការទឺក ឬជីប៉ុន្មាននោះទេ។

    លោកបានបញ្ជាក់ថា ក្នុងការដាំ គឺត្រូវដាក់ដាំឱ្យឃ្លាតពីគ្នាពីដើមមួយទៅដើមមួយប្រមាណជា1,2ម៉ែត្រ ហើយដើមម្កាក់យកស្លឹកនេះបើនិយាយទៅគឺងាយថែទាំជាងដំណាំផ្សេងៗទៀត ព្រោះ1អាទិត្យគឺត្រូវស្រោចទឹកតែ2ដងប៉ុណ្ណោះ ហើយមិនចាំបាច់ដាក់ជីឬបាញ់ថ្នាំពុលសម្លាប់សត្វល្អិតអីដែរ ព្រោះស្លឹកវាដង្កូវមិនស៊ីដូចស្លឹកដើមម្កាក់យកផ្លែនោះទេពោលគឺគ្រាន់តែបាញ់ថ្នាំសម្លាប់ស្មៅ1ខែ2ទៅ3ដងជាការស្រេច។

    លោកក៏បានប្រាប់បន្ថែមដែរថាស្លឹកម្កាក់នេះ គឺគេគ្មានយកទៅធ្វើអ្វីក្រៅពីធ្វើជាគ្រឿងផ្សំក្នុងសម្លម្ជូរគ្រឿងនោះទេ(ព្រោះវាមានរសជាតិជូរ និងឈ្ងុយក្លិនម្កាក់) ពិសេសនៅខែប្រាំងនៅរដូវដែលមានបុណ្យការច្រើននេះតែម្តង គឺលក់ដាច់ណាស់ម៉ូយមកកុម្ម៉ង់ទិញបេះលក់សឹងតែមិនទាន់ផង៕

  • Chelsea លុបចោលការហែក្បួនបង្ហាញពីការឈ្នះពាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅ Manchester

    Chelsea លុបចោលការហែក្បួនបង្ហាញពីការឈ្នះពាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅ Manchester

    ក្លិបតោខៀវ Chelsea បានលុបចោលគម្រោងនៃរៀបចំការហែក្បួនបង្ហាញពីការឈ្នះពាន ក្នុងទីក្រុងឡុងដ៍ នាថ្ងៃអាទិត្យនេះ ក្រោយពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃចន្ទក្នុងទីក្រុង Manchester។ ក្រុមរបស់លោក Antonio Conte បានឈ្នះពានក្របខ័ណ្ឌ Premier League ហើយអាចឈ្នះពានពីរក្នុងរដូវកាលតែមួយ តាមរយៈការឈ្នះពាន FA Cup នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ខាងមុខនេះ។

    អ្នកគាំទ្រដ៏ច្រើនកុះករត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងកម្មវិធីហែក្បួនដ៏រីករាយនេះ។ ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រោយពីការពិចារណាយ៉ាងយកចិត្តទុកដាក់ទៅលើសោកនាដកម្មនេះហើយ យើងមានអារម្មណ៍ថា វាដូចជាមិនសមរម្យឡើយក្នុងការរៀបចំឲ្យមានការហែក្បួនតាមការគ្រោងទុកនៅថ្ងៃអាទិត្យនោះ»។ ក្លិបនេះបានបញ្ជាក់ប្រាប់បន្តថា៖ «ការសម្រេចចិត្តលុបចោលការហែក្បួនអបអរនេះបានកើតឡើង ក្រោយពីមានការរឹតបន្តឹងផ្នែកសន្តិសុខដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលចក្រភពអង់គ្លេស និងយើងបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើការរៀបចំការហែរក្បួននេះរួចហើយ»។

    Chelsea បានបន្ថែមទៀតថា៖ «ដើម្បីសុវត្ថិភាព និងផ្តល់ផលប្រយោជន៍ដល់គ្រប់គ្នា យើងជឿជាក់យ៉ាងមុតមាំថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ យើងជឿជាក់ថា អ្នកគាំទ្ររបស់យើងនឹងយល់ពីការសម្រេចចិត្តនេះ»៕
    ប្រភពពី៖ Reuters

  • សឿន វីតា ចាប់ផ្ដើមកាក់កបនឹងតួកាច

    សឿន វីតា ចាប់ផ្ដើមកាក់កបនឹងតួកាច

    តារាសម្ដែង សឿន វីតា ដែលមានទម្រង់មុខអំណោយផលពីធម្មជាតិដែលតម្រូវឱ្យធ្វើជាតួកាចនោះ កំពុងតែមានប្រជាប្រិយភាពនៅក្នុងទីផ្សារភាពយន្ដជាខ្លាំង បន្ទាប់ពីលោកមានឱកាសបានបង្ហាញសមត្ថភាពក្នុងខ្សែភាពយន្តចំនួន 2 រឿងឱ្យផលិតកម្ម អិលឌីរួចមក។

    កន្លងមកតារាសម្ដែងរាងខ្ពស់ស្រឡះមាឌធំម្នាក់នេះត្រូវបានអ្នកដឹកនាំរឿងជាច្រើនតម្រូវឱ្យលោកសម្ដែងជាតួអង្គដែលមានចរិតស្លូតបូត សុភាព ដែលមានដូចជាតួអង្គជាពូរបស់តួឯកប្រុសដែលមានចរិតស្លូតសុភាពស័ក្ដិសមជាអ្នកមានចំណេះដឹង។ តែក្រោយពីលោកបើកឆាកជាមួយផលិតកម្មអិលឌីចំនួន 2 រឿងដោយសម្ដែងជាតួអង្គកាចរួចមក ក៏ត្រូវបានបណ្ដាផលិតកម្មជាច្រើនសម្លឹងឃើញសមត្ថភាពរបស់លោកផងដែរ។

    សឿន វីតា បញ្ជាក់ថា រឿងចំនួនពីរដែលលោកបានសម្ដែងឱ្យផលិតកម្មអិលឌីនោះ មានដូចជារឿង ”កូនប្រសារឡឺកឺ” និង ”ក្រមុំចិត្ដដែកប៉ះអង្គរក្សចិត្ដខ្លាំង”។ ថ្មីៗនេះ លោកក៏កំពុងតែទទួលយកការងារសម្ដែងនៅក្នុងរឿង”មន្ដស្នេហ៍កូនក្រមុំថៅកែត្បូង”។ លោកបន្ដថា ដោយសារតែលោកបានសម្ដែងចំនួនពីររឿងទៅហើយ និងការផ្លាស់ប្ដូរចរិតនៃការសម្ដែងពីតួអង្គស្លូតបូតមកជាតួកាចវិញ វាពិតជាធ្វើឱ្យលោកមានអារម្មណ៍ថាប្លែក ព្រោះចរិតពីធម្មជាតិរបស់លោកគឺជាអ្នកស្លូតបូត តែអ្វីដែលលោកទទួលបានមកវិញនោះ គឺការគាំទ្រដ៏ច្រើនពីសំណាក់មហាជនមិនចាញ់ការសម្ដែងបែបស្លូតនោះឡើយ។

    តារាសម្ដែង វីតា ដែលមានមុខរបរជាអ្នកបើករថយន្ដតាក់ស៊ីទៅតាមបណ្ដាខេត្ដនោះបានបន្ដទៀតថា៖”ទោះជាយ៉ាងណាខ្ញុំពុំដែលប្រកាន់ទៅលើការសម្ដែងទេ ទោះបីជាអ្នកដឹកនាំរឿងតម្រូវឱ្យខ្ញុំសម្ដែងជាតួអង្គមានចរិតបែបណាក៏ដោយ ក៏ខ្ញុំព្រមសម្តែងដែរ ព្រោះខ្ញុំគិតថា ចំណុចជោគជ័យរបស់ខ្ញុំមិនស្ថិតនៅលើតំណែង ឬប្រភេទតួអង្គឡើយ តែវាស្ថិតនៅលើសមត្ថភាពរបស់ខ្ញុំដែលអាចធ្វើទៅបានកម្រិតណា និងទទួលបានការគាំទ្រពីមហាជនប៉ុនណាតែប៉ុណ្ណោះ”៕

    ទោះជាយ៉ាងណាលោកសឿន វីតា បញ្ជាក់ប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនថាការសម្ដែងជាតួអង្គកាចពិតជាទាក់ទាញប្រជាប្រិយភាពបានឆាប់រហ័សជាតួអង្គស្លូតៗមែន៕

  • ក្រុមហ៊ុន Emerson Network Power ប្ដូរឈ្មោះជា Vertiv នៅតែរំពឹងមានចំណែកធំក្នុងទីផ្សារ

    ក្រុមហ៊ុន Emerson Network Power ប្ដូរឈ្មោះជា Vertiv នៅតែរំពឹងមានចំណែកធំក្នុងទីផ្សារ

    ក្រុមហ៊ុន Emerson Network Power ដែលមានវត្ដមានក្នុងទីផ្សារកម្ពុជារយៈពេល 15ឆ្នាំហើយនោះ បច្ចុប្បន្នបានបើកដំណើរការជាផ្លូវការក្រោមស្លាកសញ្ញាថ្មីរបស់ខ្លួននៅកម្ពុជាឈ្មោះថា Vertiv ចូលទៅកាន់ទីផ្សារនៃប្រទេសដែលកំពុងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿន។

    Vertiv ជាដៃគូរដ៏ជឿទុកចិត្តសម្រាប់អ្នកប្រតិបត្តិការនៃ Design, engineering, infrastructure, data center ហើយជាក្រុមហ៊ុនមួយដែលមានការរកឃើញថ្មីៗយ៉ាងលឿន ដោយផ្តោតទៅលើការបត់បែនធ្វើឲ្យវាជាក្រុមហ៊ុនមួយដែលមានឈ្មោះឈរតែឯងបាន។

    ក្រុមហ៊ុន Vertiv នៅកម្ពុជា និងសាងនូវផលប័ត្រទូលំទូលាយនៃផលិតផល និងសេវាកម្មសម្រាប់ផ្តល់ថាមពល កម្តៅ និងសមត្ថភាពគ្រប់គ្រងព័ត៌មានវិទ្យា ដែលពីមុនវាត្រូវបានផ្តល់ដោយ Emerson Network Power រួមបញ្ចូលទាំងការនាំមុខគេនូវផ្នែកឧស្សាហកម្ម មានម៉ាក ASCO® Chloride® Liebert® NetSure™ ហើយ និង Trellis™។ វាភ្ជាប់ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយជាសកលដើម្បីធ្វើឲ្យឈ្មោះរបស់ក្រុមហ៊ុន Vertiv ជាក្រុមហ៊ុនមួយឈរតែឯងក្រោយពីបញ្ចប់នូវការលក់ជា Platinum Equity។

    លោក Paul Churchill ដែលជាអគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Vertiv បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលជាគន្លឹះនៃទីផ្សាររបស់យើងនៅក្នុងតំបន់នេះដូចដែលយើងបានឃើញហើយថា វិស័យព័ត៌មានវិទ្យារបស់ប្រទេសនេះកំពុងមានការរីកលូតលាស់ជាផ្លែផ្កា។

    ជាលទ្ធផលអ្នកជំនូញជាតិ និងអន្តរជាតិបច្ចុប្បន្ននេះកំពុងតែធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់នេះដើម្បីជាការគាំទ្រដល់គំនិតផ្តួចផ្តើមឌីជីថលរបស់គេ។

    លោកបានបន្ដទៀតថា បច្ចុប្បន្នវាជាពេលវេលាដ៏ប្រពៃមួយសម្រាប់ Vertiv ក្នុងការនាំយកនូវដំណោះស្រាយមកកាន់ទីផ្សារកម្ពុជាក្នុង និងជួយអតិថិជនរបស់យើងសម្រេចនូវគោលដៅអាជីវកម្មរបស់ពួកគេ។ ក្នុងនាមជាប្រទេសកំពុងមានការរីកចម្រើនលឿន កម្ពុជាត្រូវបានគេមើលឃើញនូវស្ថេរភាពនៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាជាមួយ និងអ្នកប្រើប្រាស់អ៊ីនធើណេតសកម្មចំនួន 5លាននាក់។ បន្ថែមពីលើនេះទៅទៀត ក្រុមហ៊ុនជាច្រើនដូចជា ធនាគារ និងអ្នកផ្តល់សេវាកម្មសុខភាពបានយកនូវបច្ចេកវិទ្យាទំនើបនេះទៅប្រើប្រាស់ក្នុងមុខជំនួញរបស់ពួកគេ ធ្វើឲ្យវាឈានមុខគេនៃកំណើនវិនិយោគទៅលើមជ្ឈមណ្ឌលផ្តល់ទិន្នន័យនិងតម្រូវការចាំបាច់ទៅលើសម្ភារទាំងនោះ។

    លោក Pichet Ketruam នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Vertiv ប្រចាំតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា៖ ពួកយើងទទួលបានជោគជ័យទៅលើគម្រោងជាច្រើននៅកម្ពុជាកាលពីរយៈពេល ២ខែកន្លងមកនេះ ហើយយើងក៏រំពឹងទុកដែរនូវខែបន្តបន្ទាប់ទៀតដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។ ក្រុមហ៊ុន Vertiv យើងខិតខំប្រឹងប្រែងបន្តនូវការគាំទ្រអតិថិជនរបស់យើង ដោយផ្តល់ជាជំនួយដល់ដៃគូក្នុងស្រុករបស់យើង ជាមួយនឹងភាពទូលំទូលាយនៃ ថាមពល កម្ដៅ និងការត្រួតពិនិត្យនូវដំណោះស្រាយ។
    ក្រៅពីភាពឈានមុខគេនៃឧស្សាហកម្មថាមពល កម្តៅ ហើយនិង ហេដ្ឋារចនាសម្ព័ន្ធនៃការគ្រប់គ្រងដំណោះស្រាយ ក្រុមហ៊ុន Vertiv ក៏មានមជ្ឈមណ្ឌលទិន្នន័យរួចជាស្រេចដែលលាយឡំជាមួយនឹងថាមពល កម្តៅ និងការត្រួតពិនិត្យ ក្នុងការបញ្ជូននូវដំណោះស្រាយមួយយ៉ាងឆាប់រហ័សដែលមានប្រសិទ្ធិភាពច្រើនជាងមជ្ឈមណ្ឌលចាស់៕

  • Monaco ផ្តួល Man Utd ក្នុងការដណ្តើមចុះហត្ថលេខាជាមួយ Tielemans ក្នុងតម្លៃខ្លួន ២៥លានអឺរ៉ូ

    Monaco ផ្តួល Man Utd ក្នុងការដណ្តើមចុះហត្ថលេខាជាមួយ Tielemans ក្នុងតម្លៃខ្លួន ២៥លានអឺរ៉ូ

    ក្លិបយក្សរបស់បារាំង Monaco បានទទួលជ័យជម្នះក្នុងការប្រជែងជាមួយនឹងក្លិបធំៗនៅអឺរ៉ុប ដើម្បីបានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានទេពកោសល្យ Youri Tielemans ពីក្លិប Anderlecht របស់បែលហ្ស៊ិក ក្នុងតម្លៃខ្លួន២៥លានអឺរ៉ូ (ស្មើនឹង ២៨លានដុល្លារអាមេរិក)។

    ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះ ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិករួចជាស្រេចហើយនោះ បានបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗពីសំណាក់ក្លិបធំៗជាច្រើន ក្នុងនោះមានទាំងក្លិប Manchester City និង Manchester United របស់ក្របខ័ណ្ឌ Premier League ផងដែរ។ ប៉ុន្តែរូបគេបានជ្រើសរើសយកក្រុម Monaco ដែលបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរដូវកាលនេះ និងបានចុះហត្ថលេខាលើកុងត្រាមួយដែលមានសុពលភាពរយៈពេល៥ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯករបស់បារាំងមួយនេះ។

    Tielemans បានប្រាប់គេហទំព័ររបស់ក្លិបថ្មីរបស់គេថា៖ «Monaco គឺជាក្លិបមួយដែលមានគម្រោងដ៏ធំមួយ មានការរៀបចំល្អក្នុងក្របខ័ណ្ឌអឺរ៉ុប និងពឹងផ្អែកទៅលើកីឡាករវ័យក្មេងជាច្រើន»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ ពេលនេះខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការវិវឌ្ឍនៅទីនេះ និងតបស្នងនូវការជឿជាក់ដែលក្លិបនេះបានប្រគល់មកឱ្យខ្ញុំ»។

    Tielemans បានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ក្នុងការប្រកួតលីកក្នុងប្រទេសបែលហ្ស៊ិកសម្រាប់ក្រុម Anderlecht នារដូវកាលនេះ និងបានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ ខណៈដែល Anderlecht បានឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League មុននឹងចាញ់ក្រុម Manchester United៕
    ប្រភពពី៖ The Independent

  • នីតា វរវង្ស ចង់ភ្លក្សរសជាតិឈុតស្នេហា

    នីតា វរវង្ស ចង់ភ្លក្សរសជាតិឈុតស្នេហា

    ទោះបីបច្ចុប្បន្នកញ្ញា នីតា វរវង្ស កំពុងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងក៏ដោយក៏តារាសម្ដែងរូបនេះ ហាក់មិនទាន់សប្បាយចិត្ដនូវអ្វី ដែលនាងកំពុងទទួលបាននៅឡើយ។ ពោលគឺនាងចង់ភ្លក្សរសជាតិការសម្ដែងឈុតឆាកស្នេហាម្ដង។ ដោយសារតែសម្លឹងឃើញទីផ្សារសម្ដែងឈុតឆាកស្នេហា និងសិចស៊ីកំពុងតែមានភាពធំទូលាយ។

    ពិសេសតារាសិល្បៈដែលចាប់យកការសម្ដែងបែបសិចស៊ីច្រើនតែទទួលបានការគាំទ្រលឿនលើសពីការរំពឹងទុករបស់ពួកគេ ទើបធ្វើឱ្យតារាសម្ដែងឈានចូលវ័យ 23ឆ្នាំរូបនេះហាក់ស្ដាយឱកាសទាំងនេះ និងកំពុងតែជ្រួលច្រាលចិត្ដចង់សាកល្បងគ្រាដែលយល់ថា រូបនាងនៅក្មេងនៅឡើយ។

    នីតា វរង្ស បញ្ជាក់ថា៖ ”ពិតជាគួរឱ្យស្ដាយណាស់ ព្រោះកន្លងមកដោយសារតែគិតថា ខ្លួននៅក្មេងពេក ខ្លាចមិនសមភ្នែកមហាជនទើបខ្ញុំច្រានចោលឱកាសតួឯកស្រីប្រហែលជា 3 រឿងដែលអ្នកដឹកនាំតម្រូវឱ្យខ្ញុំសម្ដែងឈុតសិចស៊ី និងឈុតស្នេហាជាមួយតួប្រុស”។ នាងបន្ដថា នៅពេលនោះបើទោះជានាងបានឆ្លងកាត់ការសម្ដែងជាច្រើនរឿងហើយក្ដី ក៏នាងនៅតែអៀនខ្មាសគ្រាដែលអ្នកដឹកនាំរឿងសួរនាំពីបញ្ហានោះ។

    ពាក់ព័ន្ធនឹងការសម្ដែងឈុតឆាកសិចស៊ីបញ្ចេញសាច់លេចលើ លេចក្រោម កន្លងមកមិត្ដភ័ក្ដិក្នុងសិល្បៈរបស់នាងមួយចំនួនបានលើកឡើងថា រូបរាង និងមុខមាត់របស់នាងបែបហ្នឹងប្រសិនបើនាងហ៊ានសម្ដែងបែបសិចស៊ីខ្លះ គេរំពឹងថានាងនឹងទទួលបានការគាំទ្រច្រើនពីមហាជន ខណៈដែលបច្ចុប្បន្នតារាសិល្បៈខ្មែរមានរូបសម្រស់ស្រស់ស្អាត និងនៅក្មេងសាច់សខ្ចីបែបនេះ ពុំសូវមានអ្នកមានចិត្ដក្លាហានទទួលយកការសម្ដែងអ៊ីចឹងៗឡើយ។

    ទោះជាយ៉ាងណាតារាសម្ដែងរូបនេះបានបង្ហាញពីឆន្ទៈរបស់ខ្លួនថា ៖”ខ្ញុំហ៊ាននិយាយ ខ្ញុំនឹងធ្វើឱ្យបានប្រសិនបើមានឱកាស ខ្ញុំនឹងមិនលែងវាឱ្យរបូតចេញពីដៃរបស់ខ្ញុំម្ដងទៀតឡើយ ព្រោះក្នុងនាមជាតារាសម្ដែងខ្ញុំត្រូវតែភ្លក្សនូវរសជាតិនៃការសម្ដែងឱ្យបានគ្រប់ទម្រង់ ទើបយើងអាចដឹងថា ការសម្ដែងក្នុងតួអង្គនីមួយៗវាមានលក្ខណៈខុសគ្នាបែបណា? តែយ៉ាងណា ក៏ខ្ញុំរំពឹងថាការសម្រេចចិត្ដរបស់ខ្ញុំនឹងមិនធ្វើឱ្យប៉ះពាល់ដល់សង្គមទេ”។

    ជាមួយគ្នានេះនីតា វរង្ស រំពឹងថា នាងនឹងអាចទទួលបានការសម្ដែងបែបនេះក្នុងពេលឆាប់ៗខាងមុខជាក់ជាមិនខាន គ្រាដែលថ្មីៗនេះមានដំណឹងល្ហៀងៗមកថា មានផលិតកម្មមួយចំនួនចង់បាននាងទៅសម្ដែង៕