Author: វល័ក្ខ

  • ដឹងឬទេថា ញ៉ាំចេកអាំងមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

    ដឹងឬទេថា ញ៉ាំចេកអាំងមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

    មានមនុស្សជាច្រើនមិនសូវនិយមទទួលទានចេកអាំងទេ ព្រោះពួកគេគិតថា រសជាតិរបស់ចេកអាំងមិនសូវជាត្រូវមាត់ និងមិនមានរសជាតិឆ្ងាញ់ដូចអាហារទំនើបនៅតាមហាង តែលោកអ្នកគួរតែដឹងអំពីអត្ថប្រយោជន៍របស់ចេកអាំង ដែលមានគុណប្រយោជន៍អាចព្យាបាលជំងឺបានច្រើនប្រភេទ ។ ឥឡូវនេះយើងមកអាន និងដឹងជាមួយគ្នាអំពីអត្ថប្រយោជន៍របស់ចេកអាំងថា តើមានអ្វីខ្លះ?

    ១.ជួយកាត់បន្ថយអាការឈឺក និងអាការចុកដើមទ្រូង ដោយសារការក្អកស្ងួត គួរទទួលទានពី ៥ ទៅ ៦ ផ្លែ និងថែមទាំងអាចជួយសម្រាលអាការរមាស់កបានទៀតផង។
    ២.ជួយរឿងក្លិនមាត់ អាចបំបាត់បាត់ក្លិនមាត់បានយ៉ាងប្រសើរ។ យកល្អគួរតែពិសាចេកណាំវ៉ាស្រស់ ឬអាំងនៅពេលក្រោកពីគេងភ្លាមៗ រួចហើយសឹមទៅដុះសម្អាតធ្មេញ វានឹងអាចជួយបំបាត់ក្លិនមាត់បានយ៉ាងល្អប្រសើរ។
    ៣.ជួយបំបាត់អាការទល់លាមក ឬជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានស្រួលដូចធម្មតា ដូច្នេះគួរទទួលទានផ្លែចេកទុំមុនពេលចូលគេង ១ ទៅ ២ ផ្លែ ហើយពិសាទឹកឱ្យបានច្រើន នឹងជួយសម្រួលឱ្យការបន្ទោរបង់បានស្រួលឡើងវិញ។
    ៤.ជួយព្យាបាលអាការរាករូសបាន ព្រោះនៅក្នុងផ្លែចេកមានសារជាតិកាកសរសៃ ដែលជួយសម្រួលប្រព័ន្ធរំលាយអាហារ នឹងជួយព្យាបាលមិនឱ្យហើមពោះដោយសាររាករូសបានទៀតផង ។
    ៥.ជួយព្យាបាលជំងឺក្រពះ ដោយការទទួលពី ៥ ទៅ ៦ ផ្លែរយៈពេល ៣ ទៅ ៤ ដង ក្នុងមួយសប្តាហ៍។
    ៦.សម្បកចេក អាចជួយព្យាបាលរោគរមាស់ ដោយសារសត្វល្អិតខាំ ឬស្រមោចខាំបាន ព្រោះវាមានឥទ្ធិពលក្នុងការសម្លាប់មេរោគផ្សិត និងមេរោគបាក់តេរីផ្សេងទៀតនៅលើស្បែក។

    សរុប ៖ ទាំងអស់នេះគឺជាការយល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែចេក និងចេកអាំងចំពោះសុខភាព ដែលវាជាអាហារមួយងាយស្រួលរកមកទទួលទាន និងមាននៅក្បែរៗខ្លួនយើងទៀតផង៕

  • Griezmann ប្រកាសថា គេចង់បន្តនៅ Atletico ក្នុងពេលមានការចាប់អារម្មណ៍ពី Man Utd

    Griezmann ប្រកាសថា គេចង់បន្តនៅ Atletico ក្នុងពេលមានការចាប់អារម្មណ៍ពី Man Utd

    តារាឆ្នើម Antoine Griezmann បានប្រកាសថា រូបគេចង់បន្តនៅជាមួយនឹងក្លិប Atletico Madrid និងចង់ប្រជែង​ដណ្តើមយកពានផ្សេងៗជាច្រើនទៀត ស្របពេលកំពុងតែមានការអារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិប Manchester United។

    ក្រុមបិសាចក្រហមមួយនេះ កំពុងតែត្រៀមដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៨៥លានផោន (ស្មើនឹង១១០លានដុល្លារអាមេរិក) សម្រាប់ Griezmann វ័យ២៦ឆ្នាំ ដែលទើបតែបានប្រកាសកាលពីពេលថ្មីៗថា រូបគេត្រៀមលក្ខណៈរួចរាល់ហើយក្នុងការចាកចេញពីក្លិបយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះ។ ប៉ុន្តែ ទោបីជាយ៉ាងណា ក្នុងពេលនិយាយទៅកាន់គេហទំព័ររបស់ Atletico ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានបញ្ជាក់ថា រូបគេពិតជាស្រេកឃ្លានក្នុងការបន្តនៅជាមួយនឹងក្រុមរបស់លោក Diego Simeone ដោយសន្យាថា នឹងប្រជែងដណ្តើមយកពានរង្វាន់ផ្សេងៗទៀត។

    Griezmann បានឲ្យដឹងថា៖ «វាបានក្លាយជាឆ្នាំដ៏អស្ចារ្យមួយ ហើយជាការរំពឹងទុក ខ្ញុំអាចអភិវឌ្ឍជារៀងរាល់ឆ្នាំ និងឈ្នះពានជាច្រើនទៀតជាមួយនឹងក្រុមនេះ។ ខ្ញុំនឹងធ្វើរាល់អ្វីៗទាំងអស់ដែលអាចទៅរួច»។ រូបគេបាននិយាយរួចជាស្រេចអំពីការប្រជែងនៅរដូវកាលក្រោយ និងរបៀបដែល Atletico ត្រូវតែពង្រឹងក្រុមរបស់ខ្លួនជាមួយនឹងមិត្តរួមជាតិបារាំងរបស់គេគឺ Alexandre Lacazette ដែលស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរមកនៅអេស្ប៉ាញដែរ។

    អតីតតារាឆ្នើមរបស់ក្លិប Real Sociedad រូបនេះបានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ ពីព្រោះយើងបានសម្រេចគោលដៅរបស់យើង ហើយយើងប្រហែលជាអាចសម្រេចបាននូវគោលដៅជាច្រើនទៀត។ នៅឆ្នាំក្រោយនេះ យើងនឹងមានគោលដៅ និងការប្រជែងថ្មីៗ»៕
    ប្រភពពី៖ The Sun

  • Orlando Bloom ទទួលខុសត្រូវនារីរត់តុ បន្ទាប់ពីលួងលោមនាងឡើងស្ថានសួគិ៍បានសម្រេច

    Orlando Bloom ទទួលខុសត្រូវនារីរត់តុ បន្ទាប់ពីលួងលោមនាងឡើងស្ថានសួគិ៍បានសម្រេច

    តារាសម្ដែងប្រុសរូបសង្ហា Orlando Bloom បានធ្វើឱ្យនារីរត់តុម្នាក់ ត្រូវបានបណ្ដេញចេញពីការងារ បន្ទាប់ពីពួកគេទាំងពីរបានជួបគ្នាក្នុងភោជនីយដ្ឋាន ហើយនាំគ្នាទៅឡើងស្ថានសួគិ៍នៅក្នុងបន្ទប់របស់តារាសម្តែងរូបសង្ហា ដោយមិនខ្វល់ពីម៉ោងការងារ។


    Orlando បានទាក់ទងទៅកាន់អ្នកគ្រប់គ្រងភោជនីយដ្ឋានល្បីដែលមានឈ្មោះថា Chiltern Firehouse ដើម្បីតាមរកនារីរត់តុម្នាក់ឈ្មោះ Vivian Ross មានវ័យ ២២ឆ្នាំ ដែលត្រូវបានខាងភោជនីយដ្ឋានបណ្ដេញចេញពីការងារ បន្ទាប់មានសម្ព័ន្ធភាពផ្លូវភេទជាមួយតារាប្រុសរូបនេះហើយ។ គួរជម្រាបបន្ថែមថា Orlando បាននាំនាង Vivian Ross ទៅផឹកស្រា និងប្រឡែងគ្នានៅលើគ្រែក្នុងបន្ទប់របស់ខ្លួន ប្រៀបដូចជាគូស្នេហ៍កំពុងផ្អែមល្ហែមជាមួយគ្នា និងស្និទ្ធស្នាលនឹងគ្នារហូតដល់នាងហ៊ានចេញចូលបន្ទប់របស់គេដូចជាបន្ទប់ផ្ទាល់ខ្លួនដែរ ។

    ជាចុងក្រោយ ពិតជាស៊យមែនទែនសម្រាប់ Vivian Ross ខណៈដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋានខាងលើ បានឃើញនាងនៅលើគ្រែរបស់តារាសម្ដែង Orlando Bloom ដោយចៃដន្យ ហើយក៏សម្រេចបណ្ដេញនាងចេញពីការងារភ្លាមៗនោះតែម្ដង ដែលវាជាការដាក់ទោសចំពោះបុគ្គលិកដែលមានភាពស្និទ្ធស្នាលជាមួយភ្ញៀវជ្រុលពេក។

    បន្ទាប់ពីកើតហេតុការណ៍ខាងលើ Orlando Bloom ក៏បានមកសូមទោសអ្នកគ្រប់គ្រងភោជនីយដ្ឋាននោះ និងសូមការអនុញ្ញាតសុំលេខទូរស័ព្ទរបស់ Vivian Ross ដើម្បីទូរស័ព្ទទៅសូមទោសនាង ដែលខ្លួនបានបង្កហេតុការណ៍នេះឡើង ព្រមទាំងទទួលខុសត្រូវចំពោះរូបនាងផងដែរ ក៏ប៉ុន្ដែខាងអ្នកគ្រប់គ្រងភោជនីយដ្ឋាន Chiltern Firehouse បានត្រឹមតែប្រាប់ថា “យើងគ្មានទំនាក់ទំនង និងលែងដឹងឮពីនាងទៀតហើយ“ ៕

  • Costa ស្រេកឃ្លានក្នុងការលើកពាន FA Cup ពេល Chelsea ប៉ះ Arsenal ថ្ងៃសៅរ៍នេះ

    Costa ស្រេកឃ្លានក្នុងការលើកពាន FA Cup ពេល Chelsea ប៉ះ Arsenal ថ្ងៃសៅរ៍នេះ

    ខ្សែប្រយុទ្ធ Diego Costa នឹងសម្លឹងរកការធ្វើឲ្យរដូវកាលដ៏រង្គោះរង្គើរបស់គេបញ្ចប់ដោយការឈ្នះពានពីរ នៅពេលដែលក្រុមតោខៀវ Chelsea ជួបជាមួយនឹងក្រុម Arsenal ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍នេះ។

    ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់បានស្ថិតយ៉ាងប្រកៀកក្នុងការចាកចេញពីក្លិប Chelsea ដើម្បីទៅចូលរួមជាមួយនឹងក្រុមក្របខ័ណ្ឌរបស់ចិន Super League កាលពីខែមករា ប៉ុន្តែទីបំផុតបានសម្រេចចិត្តបន្តនៅ និងបានស៊ុតបាល់បញ្ចូលទី២០គ្រាប់ដើម្បីជួយឲ្យក្រុមរបស់ខ្លួនឈ្នះពានក្របខ័ណ្ឌ Premier League។ ការប្រកួតនៅថ្ងៃសៅរ៍នេះ ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាការប្រកួតលើកចុងក្រោយរបស់គេក្នុងនាមជាកីឡាកររបស់ Chelsea ហេតុនេះ Costa នឹងស្រេកឃ្លានក្នុងការបង្ហាញពីថ្វីជើងរបស់គេ។

    លោក Gary Neville អតីតប្រធានក្រុមនៃក្លិប Manchester United បាននិយាយថា៖ «Costa គឺជាសត្វមួយក្បាល នៅពេលដែលរូបគេមិនបានរកគ្រាប់បាល់បញ្ចូលទី រូបគេនឹងជួយឲ្យមិត្តរួមក្រុមរបស់គេរកឱ្យបាន។ ក្នុងការលេងជាមួយនឹងខ្សែប្រយុទ្ធតែម្នាក់ វានឹងក្លាយជារឿងដ៏លំបាកមួយក្នុងការបំពេញចន្លោះ ប្រសិនបើរូបគេចាកចេញពីក្លិបនេះ»។ លោក Neville បានបន្ថែមទៀតថា៖ «ការយកកីឡាករម្នាក់មកបំពេញកន្លែងរបស់គេ នឹងក្លាយជារឿងដ៏លំបាកមួយ។ រូបគេជាខ្សែប្រយុទ្ធកំពូលម្នាក់ និងមានភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ»។

    Costa វ័យ២៨ឆ្នាំ បានបង្កើតឲ្យមានការចាប់អារម្មណ៍ភ្លាមៗក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោយពីបានផ្ទេរមកពីក្លិប Atletico Madrid កាលពីឆ្នាំ២០១៤។ រូបគេបានស៊ុតបាល់បញ្ចូលទី២០គ្រាប់ក្នុងយុទ្ធនាការលីកជាលើកទី១របស់គេដើម្បីជួយឲ្យក្រុម Chelsea លើកពាន និងបានស៊ុតបាល់បញ្ចូលទី១គ្រាប់ដ៏សំខាន់ ខណៈដែលក្រុមតោខៀវ បានផ្តួលក្រុម Tottenham Hotspur ក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រ។

    Arsenal បានទម្លាក់ក្រុម Man City តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុម Chelsea បានយកឈ្នះលើជើងខ្លាំង Tottenham ក្នុងលទ្ធផល ៤-២។ ការប្រកួតរវាងក្រុមឈ្នះទាំងពីរនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០ យប់នេះ៕
    ប្រភពពី៖ The Sun

  • Ariana Grande បោះបង់ការប្រគំតន្ដ្រី មកគោរពវិញ្ញាណក្ខន្ធនៅទីក្រុង Manchester

    Ariana Grande បោះបង់ការប្រគំតន្ដ្រី មកគោរពវិញ្ញាណក្ខន្ធនៅទីក្រុង Manchester

    ដោយក្តីគោរព និងក្ដីស្រឡាញ់ស្រណោះសោកសៅចំពោះមនុស្សដែលបានស្លាប់ដោយសារការបោកគ្រាប់បែកនៅក្នុងការប្រគំតន្រ្តីរបស់ខ្លួននោះ តារាចម្រៀងស្រីAriana Grande បានបោះបង់ការប្រគំតន្រ្តី និងជិះយន្ដហោះផ្ទាល់ខ្លួនមកគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។

     

    កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ សារព័ត៌មាន BBC បានរាយការណ៍ថា តារាចម្រៀងស្រីជនជាតិអាមេរិក នាង Ariana Grande បានបោះបង់ការប្រគំតន្ត្រីលំដាប់ពិភពលោក Dangerous Woman Tour ដើម្បីមកគោរពវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត និងរបួសជាច្រើននាក់ដោយសារការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Manchester កាលពីសប្ដាហ៍កន្លងទៅនេះ ។

    គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីទាំង ២ លើក ដែលត្រូវធ្វើឡើងនៅថ្ងៃទី ២៥ -២៦ ខែឧសភា នៅទីក្រុងឡុងដ៍ ត្រូវបាននាងបោះបង់ចោលមិនសម្តែងបន្ត រួមជាមួយការប្រគំន្ត្រីនៅទីក្រុង Poland ប្រទេសអាល្លឺម៉ង់ នៅដើមខែមិថុនា ក៏នាងបានបោះបង់ចោលដូចគ្នា ព្រោះអំឡុងពេលនេះនាងត្រូវការ ចូលរួមសម្ដែងនូវអារម្មណ៍សោកស្តាយ និងគោរពវិញ្ញាណក្ខន្ធចំពោះអ្នកបាត់បង់ជីវិតឱ្យបានយ៉ាងសមរម្យ ដោយនាងបានប្រកាសថា នឹងចាប់ផ្ដើមទទួលការប្រគំតន្ត្រីឡើងវិញនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ នៅប្រទេសបារាំង៕

  • អង្គការមូលនិធិអាស៊ីនៅកម្ពុជា រួមគ្នាជាមួយក្រសួងអប់រំ ផលិតវីដេអូស្តីពីអាជីពការងារ

    អង្គការមូលនិធិអាស៊ីនៅកម្ពុជា រួមគ្នាជាមួយក្រសួងអប់រំ ផលិតវីដេអូស្តីពីអាជីពការងារ

    អាជីពការងារ ជាប្រធានបទសំខាន់មួយដែលត្រូវបានមនុស្សគ្រប់មជ្ឈដ្ឋានលើកឡើង ហើយវាក៏ជាចំណុចស្នូលមួយសំខាន់ផងដែរនៃផ្នែកធនធានមនុស្សនៅក្នុងសង្គម។ និស្សិតជាច្រើននៅកម្ពុជាមិនទាន់បានយល់ដឹងច្បាស់នៅឡើយពីអាជីពការងារដែលសម្បូរបែបនៅក្នុងសង្គម ហើយធ្វើឱ្យពួកគេជ្រើសរើសយកតែជំនាញណាដែលពួកគេស្គាល់ ដែលវាបង្កើតឱ្យមានវិសមភាពនៃអាជីពការងារនៅក្នុងសង្គម។

    ដោយមើលឃើញពីភាពចាំបាច់នៃការស្វែងយល់ពីអាជីពការងារនៅកម្ពុជា អង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ផលិតវីដេអូស្តីពីអាជីពការងារ ឬ Career Introductory Video ដើម្បីផ្តល់ព័ត៌មានជាមូលដ្ឋានផ្នែកអាជីពការងារដល់សិស្សនិស្សិត ពីជម្រើសការងារ ទីផ្សារការងារ និងការរៀបចំខ្លួន តម្រង់ទិសមុខវិជ្ជាទៅថ្ងៃអនាគត។ វីដេអូទាំងអស់នេះត្រូវបានផ្សាយជាសាធារណៈនៅក្នុងបណ្តាញ Youtube និងទំព័រ Facebook ជាផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា។

    ក្នុងចំណោមវីដេអូទាំងអស់នោះ មានបង្ហាញពីអាជីពសំខាន់ៗមួយចំនួនដូចជា វិស្វករសំណង់ស៊ីវិល អ្នកដឹកនាំខ្សែភាពយន្ត វេជ្ជបណ្ឌិតវះកាត់ វិស្វករអគ្គិសនី អ្នកស្រាវជ្រាវបរិស្ថាន និងអាជីពដែលកំពុងមានក្នុងទីផ្សារនៅកម្ពុជាជាច្រើនទៀត៕

    ព័ត៌មានលម្អិតចូលទៅកាន់ Facebook ក្រសួងអប់រំ

  • Navas, Clichy, Caballero និង Sagna ចាកចេញពីក្លិប Man City

    Navas, Clichy, Caballero និង Sagna ចាកចេញពីក្លិប Man City

    ខ្សែបម្រើស្លាបអន្តរជាតិអេស្ប៉ាញ Jesus Navas និងខ្សែការពារពោរពេញដោយបទពិសោធរបស់បារាំង Gael Clichy ជាមួយនឹងកីឡាករពីរនាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចាកចេញពីក្លិប Manchester City ក្រោយពីផុតកិច្ចសន្យានៅរដូវកាលនេះ។

    Man City បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អ្នកចាំទីបម្រុង Willy Caballero ដែលបានសង្គ្រោះបាល់ប៉េណាល់ទី៣គ្រាប់ក្នុងពេលយកឈ្នះលើក្រុម Liverpool ក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦នោះ ក៏នឹងត្រូវចាកចេញផងដែរ។ នាថ្ងៃដ៏មមាញឹកនៃការជម្រុះកីឡាករចេញពីក្រុម ដែលបានជួបនូវរដូវកាលដ៏ខកចិត្ត ក្រោយពីមិនបានឈ្នះពានអ្វីសោះក្នុងឆ្នាំទី១របស់លោកគ្រូបង្វឹក Pep Guardiola មិត្តរួមជាតិរបស់ Clichy គឺខ្សែការពារអន្តរជាតិបារាំង Bacary Sagna វ័យ៣៤ឆ្នាំ ក៏នឹងចាកចេញពីក្លិបនេះផងដែរ។ កីឡាករទាំងបួននឹងចូលរួមជាមួយនឹងខ្សែការពារជើងចាស់របស់អាហ្សង់ទីន Pablo Zabaleta ក្នុងការចាកចេញ ក្រោយពីកិច្ចសន្យារបស់ពួកគេបានបញ្ចប់។

    Navas វ័យ៣១ឆ្នាំ បានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League ច្រើនជាង១០០លើកសម្រាប់ក្រុម Man City ក្នុងរយៈពេល៤ឆ្នាំដែលរូបគេបានចំណាយពេលនៅទីនោះ ដោយបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ និងបានក្លាយជាសមាជិកដ៏សំខាន់ក្នុងការជួយឲ្យក្រុមនេះឈ្នះពានក្នុងរដូវកាលឆ្នាំ២០១៣-២០១៤។ លោក Txiki Begiristain ប្រធានផ្នែកកីឡាបាល់ទាត់របស់ Man City បានឲ្យដឹងថា៖ «ការធ្វើការជាមួយនឹង Jesus គឺជារឿងដ៏រីករាយមួយ។ ការខិតខំព្យាយាម ការលះបង់ ភាពជាកីឡាករអាជីព និងការស្រេកឃ្លានក្នុងការឈ្នះពានរបស់គេ បង្ហាញឲ្យឃើញជារៀងរាល់ថ្ងៃ»៕
    ប្រភពពី៖ Reuters

  • អាណាព្យាបាលគួរគិតគូរពីឯករាជភាពរបស់កូនៗក្នុងវ័យជំទង់

    អាណាព្យាបាលគួរគិតគូរពីឯករាជភាពរបស់កូនៗក្នុងវ័យជំទង់

    យុវវ័យ ឬវ័យជំទង់ ជាវ័យដែលកូនៗចាប់ផ្តើមបញ្ចេញការជំទាស់ច្រើនបំផុត ដែលធ្វើឱ្យអាណាព្យាលឈឺក្បាលវិលមុខមិនស្ទើរឡើយ។ វ័យនេះជាវ័យដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត ព្រោះថានៅពេលដែលឥទ្ធិពលនៃឯករាជភាពរបស់គេបានស្តែងចេញមកជាសកម្មភាពអវិជ្ជមាន វាអាចធ្វើឱ្យយុវជននោះក្លាយជាមនុស្សខូច និងបាត់បង់អនាគតតែម្តង។

    ឯករាជភាពរបស់យុវវ័យ ឬមនុស្សវ័យជំទង់ ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យអាណាព្យាបាលភាគច្រើនឈឺក្បាល ហើយស្វែងរកវិធីបង្ក្រាបពួកគេ។ ពាក្យខ្មែរយើងក៏បានលើកឡើងផងដែរថា លត់ដែកទាន់នៅក្តៅ អប់រំកូនចៅទាន់នៅក្មេង។ ពាក្យនេះសំខាន់ណាស់សម្រាប់ការអប់រំកូនៗ តែប្រសិនបើអាណាព្យាបាលអនុវត្តខុស ឃ្លាមួយនេះក៏នឹងផ្តល់ផលអវិជ្ជមានខ្លាំងផងដែរ។

    អ្នកចិត្តវិទ្យាមនុស្សវ័យជំទង់នៅបស្ចិមប្រទេសភាគច្រើន បានយល់ស្របដូចៗគ្នាថា ដោយសារតែយុវវ័យ ជាវ័យដែលគ្រប់ផ្នែកនៃរាងកាយមានការផ្លាស់ប្តូរ ចិត្តគំនិតរបស់ពួកគេក៏ត្រូវផ្លាស់ប្តូរដូចគ្នា។ នៅពេលដែលរាងកាយរបស់ពួកគេគ្រប់លក្ខណៈដូចមនុស្សធំពេញវ័យ គេក៏ចាប់ផ្តើមចង់ធ្វើអ្វីៗគ្រប់យ៉ាងដូចមនុស្សធំតាមវិធីរបស់គេផ្ទាល់។ វិធីនៃការគិត និងការដោះស្រាយបញ្ហាដោយឯករាជនេះ ពេលខ្លះមើលទៅគឺហាក់បីដូចជាឆ្គងខ្លាំងណាស់សម្រាប់មនុស្សចាស់ និងគ្រប់យ៉ាងដែលមនុស្សចាស់ផ្តល់ទៅឱ្យពួកគេ ក៏ត្រូវបានជំទាស់ពីពួកគេវិញដូចគ្នា។

    អាណាព្យាបាលមួយចំនួនបានធ្វើឱ្យកូនៗមិនចូលចិត្ត ឬគិតថាឪពុកម្តាយកំពុងដាក់គំនាបដល់ពួកគេ ធ្វើឱ្យទំនាក់ទំនង និងសម្ព័ន្ធភាពរវាងកូន និងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗ ហេតុនេះដើម្បីកុំឱ្យឯករាជភាពរបស់កូនៗដែលស្ថិតក្នុងវ័យជំទង់ក្លាយជាសកម្មភាពអវិជ្ជមាន និងដើម្បីឱ្យកូនៗនៅតែចូលចិត្ត ស្រឡាញ់ និងគោរពស្តាប់បង្គាប់នោះ អាណាព្យាបាលគួរតែសាកល្បងបើកចិត្តឱ្យទូលាយទទួលយកនូវគំនិតរបស់កូនៗជាមុនសិន។

    ចុងក្រោយនេះ ដើម្បីជាដំណោះស្រាយ អាណាព្យាបាលគួរតែទទួលស្តាប់នូវរាល់ទស្សនៈ គំនិតយោបល់ និងការសម្រេចចិត្តផ្សេងៗរបស់កូន និងបណ្តោយឱ្យពួកគេមានសេរីភាពខ្លះផង ដើម្បីឱ្យពួកគេទទួលបាននូវភាពធូរស្រាលមួយសម្រាប់ការរស់នៅ និងរៀនអភិវឌ្ឍខ្លួនឯងដោយខ្លួនឯង។ នៅពេលដែលអាណាព្យាបាលទុកចន្លោះសម្រាប់ការរស់នៅដោយឯករាជភាពដល់កូនៗហើយនោះ ពួកគេក៏នឹងមានអារម្មណ៍ថា ធូរស្រាល ហើយនិងព្យាយាមងាកមកស្តាប់យោបល់ ឬសុំការប្រឹក្សាពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេវិញដោយឯកឯងនៅពេលណាដែលពួកគេត្រូវការ ហើយប្រសិនបើអ្នកគិត និងមិនទុកចិត្តថាកូនអាចនឹងមិនមកប្រឹក្សាជាមួយអ្នក អ្នកអាចសាកល្បងឧស្សាហ៍ស្តាប់នូវគំនិត និងបញ្ហារបស់កូនៗ ហើយចូលខ្លួនធ្វើជាទីប្រឹក្សាសម្រាប់ពួកគេតាមរយៈការជជែក និងផ្តល់យោបល់ដោយស្លូតបូត និងផ្តល់តម្លៃដល់ពួកគេ។

    អាណាព្យាបាល អាចសាកល្បងអប់រំពួកគេតាមរយៈការដាក់ខ្លួនឱ្យទាប ហើយបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗដោយការជជែកលេង ឬតំណាលរឿងរ៉ាវល្អៗដែលជាមេរៀនជីវិត ដើម្បីបង្កើតការចងចាំល្អៗ និងធ្វើជាគំរូនៃគំនិតដល់ពួកគេ ដើម្បីឱ្យពួកគេយកទៅប្រើនៅពេលចាំបាច់ ហើយនៅពេលនោះ អាណាព្យាបាល ឬឪពុកម្តាយគ្រប់រូបនឹងទទួលបានទាំងទំនាក់ទំនងល្អអំពីកូន ទាំងការគោរពស្រឡាញ់ និងការស្តាប់បង្គាប់ពីសំណាក់កូនៗជាទីស្រឡាញ់របស់លោកអ្នកជាមិនខាន៕

  • សម្ភារប្រើប្រាស់ក្នុងគេហដ្ឋានកំពុងមានតម្រូវការខ្ពស់ ខណៈវិស័យសំណង់កើនឡើងខ្លាំង

    សម្ភារប្រើប្រាស់ក្នុងគេហដ្ឋានកំពុងមានតម្រូវការខ្ពស់ ខណៈវិស័យសំណង់កើនឡើងខ្លាំង

    ស្របពេលដែលវិស័យសំណង់កើនឡើងខ្លាំងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា តម្រូវការសម្ភារប្រើប្រាស់ក្នុងផ្ទះ ដូចជាគ្រឿងសង្ហារិម ពូកខ្នើយទំនើបៗ ក៏កើនឡើងខ្លាំងដែរ។

    លោក ឡេង រដ្ឋា នាយកប្រតិបត្តិក្រុមហ៊ុន Inthanou ដែលមានទីតាំងផ្ទះលេខ 420-422 ផ្លូវលេខ 310 សង្កាត់បឹងកេងកង III ខណ្ឌ​ចំការមន រាជធានីភ្នំពេញ បានមានប្រសាសន៍ដោយទទួលស្គាល់ថា តម្រូវការប្រើប្រាស់សម្ភារទំនើបៗនៅក្នុងគេហដ្ឋានពិតជាមានការកើនឡើងប្រាកដមែន ដោយសារតែវិស័យសំណង់ អគារខុនដូ និងផ្ទះល្វែងមានសម្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុង និងជាយៗរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាសៀមរាប កំពង់សោម បាត់ដំបង និងកំពង់ចាមជាដើម។

    លោកបានឱ្យដឹងថា «ដើមឡើយមានមិត្តភក្តិប្រាប់ថា ពូកគេងពិបាកលក់ណាស់ ព្រោះអ្នកទិញ គេទិញទៅមួយៗប្រើបានយូរឆ្នាំណាស់ ប៉ុន្តែដល់គិតយូរៗទៅ ខ្ញុំសម្លឹងឃើញថា ក្រុងភ្នំពេញមានអគាររីកដុះឡើងច្រើនដូចផ្សិត មានទាំងអគារខុនដូ អាផាតមិន និងផ្ទះល្វែងជាដើម ដូច្នេះគ្រប់គេហដ្ឋានទាំងអស់ គឺសុទ្ធតែត្រូវការប្រើពូកសម្រាប់គេងជាចាំបាច់ ទើបក្រុមហ៊ុនសម្រេចនាំចូលមក»។

    ដោយសារសក្តានុពលនៃវិស័យសំណង់នេះ លោកក៏បានសម្រេចចិត្តនាំសម្ភារប្រើប្រាស់ក្នុងផ្ទះដែលមានដូចជាពូក ខ្នើយ កន្សែង និងសម្ភារផ្សេងៗ ដែលមានគុណភាពស្តង់ដារជាច្រើនមកពីសហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយគុណភាពស្តង់ដារខ្ពស់ ដូចនៅលើទីផ្សារសហរដ្ឋអាមេរិកដែរ។

    លោកបញ្ជាក់បន្ថែមថា Inthanou គឺជាសាខារបស់ក្រុមហ៊ុនផលិតពូកខ្នើយ និងសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗ ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយ ហើយដោយឈរលើគុណភាព ក្រុមហ៊ុនបានពង្រីកសាខាមកកាន់តំបន់អាស៊ី ដែលមាននៅ សិង្ហបុរី តៃវ៉ាន់ វៀតណាម ឡាវ ថៃ និងទើបបើកសាខាក្រុមហ៊ុនថ្មីនៅកម្ពុជាយើងបានតែជាង 4ខែប៉ុណ្ណោះ ហើយបច្ចុប្បន្ន ទោះជាទើបបើកថ្មីមែន តែក្រុមហ៊ុនទទួលបានការកុម្ម៉ង់ទិញកាន់តែច្រើនឡើងៗ។

    លោកបញ្ជាក់ថា «ត្រឹមតែមួយខែយើងលក់បានប្រហែលពី 40ទៅ50ពូក តែមានម៉ូយកុម្ម៉ង់ច្រើនៗ សម្រាប់ផ្គត់ផ្គង់នៅតាមខុនដូ និងសណ្ឋាគារនៅតាមតំបន់ទេសចរណ៍មួយចំនួន ដូចជាកំពង់សោម និងសៀមរាបជាដើម ហើយអតិថិជនមានទាំងខ្មែរ និងបរទេស ដោយសារបរទេសគេស្គាល់ម៉ាក American Star របស់ក្រុមហ៊ុន Inthanou នេះស្រាប់»។

    លោកនិយាយថា កត្តាដែលធ្វើឱ្យលោកសម្រេចចិត្តនាំយកផលិតផលពីសាខាក្រុមហ៊ុន (Franchise) ពីសហរដ្ឋអាមេរិកមកលក់នៅលើទីផ្សារកម្ពុជានេះ ដោយសារសង្កេតឃើញថា នៅលើទីផ្សារកម្ពុជាហាក់ពុំសូវមានក្រុមហ៊ុនណាផ្តល់ទំនុកចិត្តខ្ពស់នៅឡើយទេ ដែលធ្វើឱ្យអតិថិជនជួបការលំបាកក្នុងការរកពូកគេងដែលមានគុណភាពល្អ ហើយសម្រាប់ពូកនៅក្នុងក្រុមហ៊ុននេះ យ៉ាងតិចបំផុតគឺផ្តល់ការធានាជូនរយៈពេល 10ឆ្នាំ បើសិនជាមានបញ្ហា ក្រុមហ៊ុននឹងដូរជូនថ្មីតែម្តង មិនមែនជួសជុលជូននោះទេ។ ដោយសារមានការគាំទ្រច្រើន ក្រុមហ៊ុនបានចាប់ផ្តើមពង្រីកសាខាបណ្តើរៗហើយ នៅក្រុងភ្នំពេញមានដូចជាសាខាបឹងសាឡាង សាខាផ្លូវជាតិលេខ1 សាខាផ្សារអ៊ីអន2 សាខាខេត្តសៀមរាប កំពង់សោម និងកំពង់ចាមជាដើម ដែលសុទ្ធតែជាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍៕

  • Kim Woo Bin កើតជំងឺមហារីកប្រហោងច្រមុះ

    Kim Woo Bin កើតជំងឺមហារីកប្រហោងច្រមុះ

    តារាឯកប្រុសល្បីឈ្មោះលោក Kim Woo Bin ដែលមើលសភាពខាងក្រៅឃើញមានរាងកាយរឹងប៉ឹងមាំមួនរហូតមកនោះ ថ្មីៗត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានជំងឺមហារីកប្រហោងច្រមុះ តែសំណាងល្អដែលវាស្ថិតក្នុងដំណាក់កាលដំបូងដែលអាចព្យាបាលឱ្យជាវិញបាន។

    មេរោគមហារីកប្រភេទមួយនេះគេតែងប្រទះឃើញនៅលើក្រុមមនុស្សក្នុងតំបន់អាស៊ី ដែលកើតឡើងនៅបរិវេណសាច់បំពង់ក និងប្រហោងច្រមុះខាងក្នុង ហើយបច្ចុប្បន្ននេះតារាប្រុសរូបនេះ កំពុងសម្រាកព្យាបាលតាមដំណាក់កាលរបស់គ្រូពេទ្យតាមរយៈការព្យាបាលដោយ SidusHQ ។

    គួរបញ្ជាក់ដែរថា លោក Kim Woo Bin ធ្លាប់បានថ្លែងឱ្យដឹងថា “សូមអរគុណសម្រាប់ក្តីបារម្ភពីអ្នកគ្រប់គ្នាដែលមានកង្វល់ជាមួយអាការរបស់ខ្ញុំ ដោយសារតែមានតារាងការងារ និងមានភាពរវល់ច្រើនពេក បានធ្វើឱ្យរាងកាយរបស់ខ្ញុំមិនសូវរឹងមាំ ទើបសម្រេចចិត្តចូលមន្ទីរពេទ្យ និងត្រូវបានពិនិត្យឃើញថា មានជំងឺមហារីកប្រហោងច្រមុះ តែសំណាងល្អណាស់ដែលអាការមិនធ្ងន់ធ្ងរខ្លាំង ក៏សម្រេចចិត្តផ្អាកការងារមួយចំនួនសិន ដើម្បីសម្រាកព្យាបាលជំងឺឱ្យបានជាសះស្បើយ នឹងអាលឆាប់បានវិលត្រឡប់ទៅបន្តការងារដូចដើមវិញ “ ។

    បានដឹងបែបនេះហើយ សូមអ្នកគាំទ្ររូបលោកទាំងអស់បួងសួង នឹងផ្ដល់កម្លាំងចិត្តដល់រូបលោកឱ្យកាន់តែឆាប់ជាលឿនឡើងផង៕