Author: វល័ក្ខ

  • លោក Klopp ជឿជាក់ថា Liverpool អាចនាំយក Van Dijk ក្នុងតម្លៃខ្លួនខ្ពស់កប់ពពក

    លោក Klopp ជឿជាក់ថា Liverpool អាចនាំយក Van Dijk ក្នុងតម្លៃខ្លួនខ្ពស់កប់ពពក

    លោក Jurgen Klopp ជឿជាក់ថា លោកនឹងផ្តួលក្លិប Manchester City និង Chelsea ក្នុងការប្រជែងទិញយកតារាឆ្នើម Virgil van Dijk ពីក្លិប Southampton ក្នុងតម្លៃខ្លួន 60លានផោន (ស្មើនឹង77លានដុល្លារអាមេរិក)។

    លោក Klopp នឹងបញ្ចុះបញ្ចូលឲ្យម្ចាស់កម្មសិទ្ធិក្លិប Liverpool ធ្វើឲ្យ Van Dijk ក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្នុងកិច្ចព្រមព្រៀងគ្នាដែលអាចនឹងផ្តល់ចំណូលជិត 20ម៉ឺនផោនក្នុងមួយសប្តាហ៍ឱ្យកីឡាកររូបនេះ។ តម្លៃខ្លួន 60លានផោននេះ នឹងធ្វើឲ្យខ្សែការពារកណ្តាលអន្តរជាតិហូឡង់ Van Dijk ដែលបានធ្វើឲ្យក្លិប Southampton ចំណាយប្រាក់ 11,5លានផោនដើម្បីទិញយកកីឡាកររូបនេះពីក្លិប Celtic នោះ ក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត។ Van Dijk វ័យ 25ឆ្នាំ ទើបតែបានចុះហត្ថលេខាលើកុងត្រារយៈពេល 6ឆ្នាំជាមួយនឹងក្លិប Southamtpon កាលពីរដូវក្តៅមុន ប៉ុន្តែ បច្ចុប្បន្នរូបគេចង់បានការប្រជែងដ៏ធំមួយ ហើយក្លិបរបស់គេក៏ចង់បានតម្លៃខ្លួនដ៏ខ្ពស់មួយពីតារាឆ្នើមរបស់ពួកគេដែរ។

    ទាំងលោក Antonio Conte ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Chelsea និងលោក Pep Guardiola របស់ Man City សុទ្ធសឹងចាត់ទុកថា Van Dijk ជាកីឡាករសំខាន់ដែលត្រូវទិញចូលនៅរដូវក្តៅនេះ។ ប៉ុន្តែ អ្នកចាត់ការទូទៅទាំងពីរនឹងត្រូវជួបឧបសគ្គដ៏ធំមួយ ក្រោយពី Van Dijk បានបញ្ជាក់ប្រាប់ក្លិប Southampton កាលពីពេលថ្មីៗនេះ រូបគេចង់ចាកចេញដើម្បីចូលរួមជាមួយនឹងក្លិបហង្សក្រហម Liverpool៕
    ប្រភពពី៖ The Sun

  • ទីផ្សារអចលនទ្រព្យកាន់តែទាមទារនូវទំនុកចិត្ត

    ទីផ្សារអចលនទ្រព្យកាន់តែទាមទារនូវទំនុកចិត្ត

    ភ្នំពេញៈ ទីផ្សារអចលនទ្រព្យកម្ពុជា កំពុងមានការផ្លាស់ប្តូរ និងទាមទារនូវទំនុកចិត្តកាន់តែខ្ពស់ ខណៈការប្រកួតប្រជែងកំពុងកើនឡើង។


    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី5 មិថុនាម្សិលមិញនេះថា ក្នុងខណៈពេលទីផ្សារអចលទ្រព្យកំពុងមានការប្រកួតប្រជែងគ្នា អ្នកមានទុនវិនិយោគគ្រប់គ្រាន់នឹងទទួលបានជោគជ័យ ផ្ទុយទៅវិញអ្នកប្រកាសគម្រោងហើយរង់ចាំប្រាក់ពីអតិថិជនយកទៅសាងសង់ មិនទទួលបានជោគជ័យនោះទេ និងថែមទាំងអាចប្រឈមមុខនឹងការសាងសង់មិនចប់ទៀតផង។

    លោកបន្តថា “អ្នកមានលុយសាងសង់ មិនប្រឈមនឹងបញ្ហានោះទេ ពេលពួកគេសាងសង់ចប់ គម្រោងរបស់ពួកគេនឹងទទួលបានជោគជ័យ មិនមានបញ្ហាក្នុងទីផ្សារនោះទេ”។ លោកបន្តថា “ទីផ្សារខុនដូនៅតែល្អប្រសើរ ប៉ុន្តែវាប្រឈមមុខនឹងការលក់យឺតផងដែរ ដោយសារការផ្គត់ផ្គង់កាន់តែកើនឡើងច្រើន”។

    ចំណែកលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Landបានថ្លែងថា ទោះជាទីផ្សារខុនដូខ្លះប្រឈមបញ្ហាក្តី ប៉ុន្តែលោកមិនមានការព្រួយបារម្ភនោះទេ ព្រោះគម្រោងរបស់លោកផ្តោតលើអ្នកក្នុងស្រុក ដែលជាអ្នកមានធនធានច្រើន។ លោកបន្តថា អ្វីដែលលោកផ្តោតសំខាន់ គឺទីតាំង ទីតាំង និងទីតាំង និងគម្រោងដែលអាចផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលពួកគេមករស់នៅក្នុងគម្រោងរបស់លោកហើយមានសេវាកម្ម ដែលផ្តល់ភាពងាយស្រួល និងសេវាដែលអាចរកបាននៅជិតខ្លួនពួកគេ៕

  • អតីតខ្សែបម្រើអន្តរជាតិកូតឌីវ័រ Cheick Tiote ស្លាប់ក្នុងវ័យ 30ឆ្នាំ

    អតីតខ្សែបម្រើអន្តរជាតិកូតឌីវ័រ Cheick Tiote ស្លាប់ក្នុងវ័យ 30ឆ្នាំ

    Cheick Tiote ដែលជាអតីតខ្សែបម្រើរបស់ក្លិប Newcastle United បានស្លាប់ ក្រោយពីបានជួបបញ្ហាគាំងបេះដូង ក្នុងពេលកំពុងហ្វឹកហាត់ជាមួយនឹងក្លិបរបស់គេក្នុងប្រទេសចិន។

    អតីតខ្សែបម្រើអន្តរជាតិកូតឌីវ័ររូបនេះ បានចូលរួមជាមួយនឹងក្លិប Beijing Enterprises របស់ក្របខ័ណ្ឌចិន League One កាលពីខែមករា ក្រោយពីបានចំណាយពេល 7ឆ្នាំនៅជាមួយនឹងក្លិប Newcastle របស់អង់គ្លេស។ កីឡាករវ័យ 30ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា បានដួលនៅលើទីលានហ្វឹកហាត់ កាលពីថ្ងៃចន្ទ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់នោះ មុននឹងរូបគេត្រូវបានពេទ្យប្រកាសថា បានស្លាប់បាត់បង់ជីវិតហើយ។

    លោក Emanuele Palladino ដែលជាភ្នាក់ងារតំណាងឲ្យ Tiote បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំអាចប្រកាសបានថា អតិថិជនរបស់ខ្ញុំ Cheick Tiote បានស្លាប់នៅថ្ងៃនេះ ក្រោយពីបានដួលសន្លប់ក្នុងពេលហ្វឹកហាត់ជាមួយនឹងក្លិបរបស់គេ Beijing Enterprises។ យើងមិនអាចនិយាយអ្វីឲ្យបានច្រើនជាងនេះ នៅពេលនេះឡើយ ហើយយើងសូមស្នើថា ភាពឯកជនរបស់គ្រួសាររបស់គេគួរតែត្រូវបានគោរពក្នុងពេលវេលាដ៏លំបាកនេះ។ យើងស្នើឲ្យមានការបន់ស្រន់ពីអ្នកទាំងអស់គ្នា»។

    ក្លិប Beijing Enterprises បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា៖ «អំឡុងពេលការហ្វឹកហាត់ជាប្រចាំថ្ងៃនៅវេលាម៉ោង 6ល្ងាចនៅថ្ងៃនេះ (ថ្ងៃច័ន្ទ) កីឡាករកូតឌីវ័រ Cheick Tiote បានដួលសន្លប់ភ្លាមៗ ហើយខាងក្លិបបានបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យយ៉ាងឆាប់រហ័ស ប៉ុន្តែជាអកុសលការខិតខំព្យាយាមក្នុងការសង្គ្រោះរូបគេបានបរាជ័យ ហើយរូបគេបានស្លាប់នៅវេលាម៉ោង 7យប់។

    សាច់ញាតិរបស់គេត្រូវបានបញ្ជាក់ប្រាប់ឲ្យដឹងពីព័ត៌មាននេះហើយ។ ក្លិបកីឡាបាល់ទាត់ Beijing Enterprises សូមសម្តែងនូវការសោកស្តាយដ៏ធំធេង និងសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការស្លាប់របស់លោក Tiote»៕
    ប្រភពពី៖ The Guardian

  • គ្រាន់តែរបរដាំផ្ទីលក់ក៏អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានធូរធារដែរ

    គ្រាន់តែរបរដាំផ្ទីលក់ក៏អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានធូរធារដែរ

    កសិករដាំផ្ទីនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បានសម្តែងក្តីរីករាយចំពោះរបរដាំផ្ទីរបស់ពួកគាត់ ខណៈដែលដំណាំនេះងាយស្រួលដាំដុះមិនពិបាកថែទាំដូចដំណាំដទៃ ហើយទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារទៀតផង។

    អ្នកស្រី សេង សុខលី កសិករម្នាក់នៅភូមិកំពង់ព្រីង ក្នុងឃុំសិត្បូ ស្រុកស្អាងរៀបរាប់ដោយទឹកមុខរីករាយថា អ្នកស្រីបានចាប់របរដាំផ្ទីដូងនេះប្រហែល 10 ឆ្នាំមកហើយ ដោយដាំដុះនៅលើផ្ទៃដីទទឹង 20 ម៉ែត្រ និងបណ្តោយ 50 ម៉ែត្រដើម្បីរកកម្រៃទ្រទ្រង់ជីវភាព «ដំបូងឡើងគ្រាន់តែដាំតិចតួច ទុកទទួលទានសម្រាប់គ្រួសារខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែដោយសារមើលឃើញតម្រូវការលើទីផ្សារច្រើនហើយមានតម្លៃសមរម្យ និងមិនធ្លាក់ថ្លៃខ្លាំងដូចបន្លែដ៏ទៃទៀតនោះ ក៏ពង្រីកដីដាំសម្រាប់លក់តែម្តង»។

    កសិករដដែលបានប្រាប់ដែរថា ក្នុងមួយថ្ងៃផ្ទីរបស់គាត់ អាចកាត់បានប្រមាណពី 80 ទៅ 100 គីឡូក្រាម ដឹកយកទៅលក់នៅឯផ្សារដើមគដោយខ្លួនឯង ដោយលក់បានក្នុង 1 គីឡូក្រាមតម្លៃចន្លោះពី 1,500 រៀលទៅ 2,000 រៀល ។ ក្រៅពីដាំដុះខ្លួនឯងហើយអ្នកស្រីក៏ជាឈ្មួញកណ្តាលទទួលទិញបន្លែស្លឹកផ្ទីនេះពីកសិករយកទៅលក់បោះដុំឱ្យម៉ូយផងដែរ ដោយទទួលទិញក្នុង 1 គីឡូក្រាមតម្លៃ 1,000 រៀល ទៅ 1,500 រៀល ដែលអាចរកចំណូលបានច្រើនគួរសមពីមួយថ្ងៃទៅមួយថ្ងៃ។

    កសិករបានឱ្យដឹងថាផ្ទីដូងនេះងាយស្រួលដាំ និងថែទាំជាងបន្លែដ៏ទៃទៀត ពោលនៅមុនពេលដាំគឺត្រូវភ្ជួរដីហាលទុក 7 ថ្ងៃ ទើបលើកជារងហើយយកគ្រាប់ផ្ទីមកសាប និងស្រោចទឹក 1 ថ្ងៃម្តង។ រហូតបាន 10 ថ្ងៃ នៅពេលផ្ទីមានសន្លឹកប៉ុន2ធ្នាប់ដៃ គេត្រូវបាចជីដើម្បីបំប៉នហើយពេលផ្ទីអាយុបាន 1 ខែ គឺអាចកាត់យកទៅលក់បានហើយ។ កសិករដដែលបញ្ជាក់ថានៅពេលផ្ទីអាយុបាន 1 ខែ គេមិនចាំបាច់ស្រោចទឹករាល់ថ្ងៃទៀតទេ គឺស្រោចទឹក 1 ថ្ងៃខាន1 ថ្ងៃ និងអាចកាត់លក់បានរហូតដល់ 4 ខែឯណោះ ទើបដើមផ្ទីចាស់នោះគេដកចោល រួចដាំសាជាថ្មី។

    មេភូមិកំពង់ព្រីង គឺលោក សែប វណ្ណឌី បានឱ្យដឹងថា ដំណាំអនុផលដែលប្រជាកសិករដាំជាចម្បងដើម្បីចិញ្ចឹមជីវិតរួមមានជីស្លឹកវែង ផ្ទីដូង ននោង ជីនាងវង ម្រះព្រៅ ប៉ុន្តែដំណាំដែលបងប្អូននិយមដាំច្រើនជាងគេ គឺទី1 ជីស្លឹកវែង និងផ្ទីដូងនេះឯង ហើយផ្ទៃដីដែលដាំផ្ទីដូងនេះមានដល់ទៅជាង២០ហិកតាឯណោះ ដែលធ្វើឱ្យជីវភាពពលរដ្ឋធូរធារ មិនមានអ្នកធ្វើចំណាកស្រុកនោះទេ៕

  • ខុនដូខ្ពស់កប់ពពកតម្លៃ 200លានដុល្លារនឹងសាងសង់នៅខេត្តព្រះសីហនុ

    ខុនដូខ្ពស់កប់ពពកតម្លៃ 200លានដុល្លារនឹងសាងសង់នៅខេត្តព្រះសីហនុ

    ភ្នំពេញៈ គម្រោងខុនដូខ្ពស់កប់ពពកថ្មីមួយដែលមានកម្ពស់រហូតដល់ 43ជាន់ និងបោះទុនវិនិយោគតម្លៃ 200លានដុល្លារ នឹងបញ្ចុះបឋមសិលាសាងសង់នៅសប្តាហ៍ក្រោយនេះក្នុងខេត្តព្រះសីហនុ។

    ក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ ខេអេចស៊ី អ៊ីនវេសមិន សហការជាមួយក្រុមហ៊ុនអាណាចក្រអ៊ីនវេសមិន និងសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ ធរណីរៀលអ៊ីស្ទេត ជាអ្នកវិនិយោគសង់អគារខុនដូឈ្មោះ The Sea Gate Suit នេះ។

    លោក វេង ស៊ីគួរ អគ្គនាយកក្រុមហ៊ុន Thoroni Real Estate បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី 5 ឧសភានេះថា ក្រុមហ៊ុនចិនមួយបានបោះទុន 200លានដុល្លារសង់អគារខុនដូខ្ពស់ទី 1 នៅខេត្តព្រះសីហនុដែលសាងសង់ដោយ ក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ ខេអេចស៊ី អ៊ីនវេសមិន សហការជាមួយអាណាចក្រអ៊ីនវេសមិន សង់ខុនដូមានកម្ពស់ 43 ជាន់ ដែលគ្រោងនឹងបុកគ្រឹះ ពីថ្ងៃទី12 ខែមិថុនា ខាងមុខនេះ។

    លោកបន្តថា គម្រោងដ៏ធំរបស់ចិននេះជាគម្រោងលើកទី1 ហើយជាអគារហុងកុងលើកទី1 ដែលមិនធ្លាប់មាននៅខេត្តព្រះសីហនុ ហើយមូលហេតុបានជាក្រុមហ៊ុនមកវិនិយោគនៅតំបន់នេះគឺ ក្នុងបំណងជួយជំរុញសេដ្ឋកិច្ច ព្រោះទីនេះជាតំបន់សេដ្ឋកិច្ច វប្បធម៌ និងជាតំបន់ឆ្នេរដែលមានសក្តានុពលផងដែរ។

    គម្រោងខុនដូនេះមានរចនាបទប្លែកៗ ដែលមានទីតាំងស្ថិតនៅលើឆ្នេរជ័យជម្នះ ខេត្តព្រះសីហនុ ។ នេះជាគម្រោងទី 1 ដែលក្រុមហ៊ុន Thoroni Real Estate បានសហការសាងសង់ជាមួយក្រុមហ៊ុនចិន ហើយតាមផែនការនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ 2017។

    លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិមកធ្វើការវិនិយោគក្នុងវិស័យជាច្រើន ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ជាមួយនឹងការមកដល់នូវចំនួនអ្នកវិនិយោគកាន់តែច្រើននេះ មានអ្នកវិនិយោគជាច្រើនបានធ្វើការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងខេត្តនេះ ជាក់ស្តែងរហូតមកទល់ពេលនេះមានគម្រោងខុនដូខ្ពស់ជាង 10 គម្រោងហើយដែលបាន និងកំពុងដំណើរការសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគមករស់នៅ និងធ្វើការនៅកម្ពុជា៕

  • T.O.P ចេញមុខសុំទោសអ្នកគាំទ្រជាសាធារណៈ ក្រោយបែកធ្លាយរឿងប្រើប្រាស់គ្រឿងញឿន

    T.O.P ចេញមុខសុំទោសអ្នកគាំទ្រជាសាធារណៈ ក្រោយបែកធ្លាយរឿងប្រើប្រាស់គ្រឿងញឿន

    ក្រោយបែកធ្លាយព័ត៌មានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆារបស់កំពូលតារាចម្រៀងកូរ៉េ T.O.P បានប៉ុន្មានថ្ងៃនេះ នៅពេលនេះ T.O.P បានសរសេរសំបុត្រជាលាយលក្ខអក្សរដោយផ្ទាល់ដៃ រៀបរាប់ពីបញ្ហាទាំងអស់ និងបានសុំទោសដល់មជ្ឈដ្ឋានអ្នកគាំទ្រទូទាំងសកលលោក ដោយអស់ពីដួងចិត្ត ។

    ខាងក្រោមនេះគឺជាខ្លឹមសារទាំងមូលនៅក្នុងសំបុត្រដែលសរសេរដោយ T.O.P៖

    សួស្តីបាទ ពីខ្ញុំ Choi Seung Hyun (T.O.P)
    ជាដំបូងខ្ញុំសុំអភ័យទោសចំពោះអ្នករាល់គ្នា ដែលបានអស់សង្ឃឹមជាមួយកំហុសឆ្គងដ៏ធំដែលខ្ញុំបានសាងកន្លងមក។ ខ្ញុំបានបំផ្លាញដល់ខ្លួនឯង រហូតដល់ថ្នាក់ខ្លាចនឹងមកឈរនៅចំពោះមុខអ្នករាល់គ្នា ព្រមទាំងសុំទោសអ្នករាល់គ្នា។ ខ្ញុំគ្មានចំណុចណាដែលអាចអង្វរ សូមកែរខ្លួនបានទេ និងខូចចិត្តចំពោះអ្វីដែលខ្ញុំបានលង់ខ្លួនធ្វើវាកន្លងមកយ៉ាងខ្លាំង។ ខ្ញុំស័ក្តសមដាក់ទោសជាមួយកំហុសធ្វើឱ្យសមាជិកក្រុម ក្រុមហ៊ុន ប្រជាជនកូរ៉េ អ្នកគាំទ្រ និងក្រុមគ្រួសាររបស់ខ្ញុំ មកត្រូវឈឺចាប់ដោយសារខ្ញុំ។ បេះដូងរបស់ខ្ញុំ អស់សង្ឃឹមនឹងរូបខ្លួនឯងណាស់ ហើយខ្ញុំនឹងចងចាំកំហុសដ៏ធំនៅគ្រានេះ និងមិនបណ្ដោយឱ្យកើតរឿងដូច្នោះម្ដងទៀតឡើយ។ ខ្ញុំសុំទោសពិតមែន ដែលត្រូវសរសេរសំបុត្រសុំទោសអ្នករាល់គ្នា ជំនួសភាពអៀនខ្មាស។
    ខ្ញុំមានអារម្មណ៍ខ្មាសណាស់
    ខ្ញុំសុំទោសបាទ ពីខ្ញុំ
    T.O.P

    គួរបញ្ជាក់ផងដែរថា ក្រោយពីបានអានសាររបស់ T.O.P ហើយ G-Dragon ដែលជាសមាជិករួមក្រុម និងធ្លាប់ជួបរឿងដូចគ្នា បានចេញសារសុំទោសរួមគ្នាពីប្រទេសជប៉ុន ថា “ ខ្ញុំសុំទោសចំពោះបញ្ហាដែលបានកើតឡើង ខ្ញុំសូមសន្យាថា បញ្ហានេះនិងមិនកើតឡើងជាថ្មីម្ដងទៀត ហើយសូមជួយគាំទ្រពួកយើងបន្ដទៀតផង អរគុណបាទ “ ៕

  • កូនៗលោក អ៉ិត សេដ្ឋា រៀបរាប់ពីបំណងប្រាថ្នាចុងក្រោយរបស់ឪពុក

    កូនៗលោក អ៉ិត សេដ្ឋា រៀបរាប់ពីបំណងប្រាថ្នាចុងក្រោយរបស់ឪពុក

    ដោយសារតែទីទ័លខ្លាំងពេក ទើបកូនៗទាំងពីររបស់លោក អ៉ិត សេដ្ឋា លើកដៃសំពះដល់សប្បុរសជនទាំងអស់ ឱ្យមានការជួយជ្រោមជ្រែងដល់គ្រួសារពួកគេ នៅគ្រាដែលឪពុកជាទីស្រឡាញ់ និងជាបង្គោលគ្រួសារដ៏រឹងមាំ បានលាចាកលោកទៅហើយ។

    តាមរយៈ Facebook Page របស់នាយ ពែកមី ដែលទើបតែបង្ហោះមុននេះបន្ដិច ក៏បានបង្ហាញឱ្យឃើញនូវអារម្មណ៍តក់ស្លុតរបស់កូនៗលោក អ៉ិត សេដ្ឋា គ្រាដែលពួកគេពុំដឹងថា ខ្លួននឹងត្រូវធ្វើអ្វី ទៅរស់នៅកន្លែងណានាពេលអនាគត?

    អ្វីដែលគេចាប់អារម្មណ៍នោះគឺការសារស័ព្ទរបស់កូនប្រុសទីពីរដែលពិការជើង បានបញ្ជាក់នូវបំណងចុងក្រោយរបស់ឪពុកខ្លួនថា ៖ លោក អ៉ិត សេដ្ឋា ធ្លាប់មានបំណងចង់ឱ្យកូនៗមានផ្ទះសំបែងរស់នៅត្រឹមត្រូវដោយពុំចាំបាច់ទៅជួលគេនោះទេ”។ ពិតជាគួរឱ្យសង្វេកមែន ព្រោះពាក្យទាំងនេះវាពិតជាបំណងរបស់លោក អ៉ិត សេដ្ឋា ពិតមែនហើយ គ្រាន់តែពេលគាត់នៅរស់មានជីវិតគាត់គ្មានលទ្ធភាពតែប៉ុណ្ណោះ ដោយសារពាក្យពេចន៍ទាំងនេះវាស្របទៅនឹងសម្ដីរបស់អ្នកនាង ខាត់ សុឃីម បានបង្ហើបប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា មុនពេលលោក អ៉ិត សេដ្ឋា លាចាកលោក ក៏មានបំណងចង់ទិញដី ទិញផ្ទះនៅម្ដុំបាសិតទុកចែកដល់កូនធ្វើជាកម្មសិទ្ធិផងដែរ ប៉ុន្ដែមិនទាន់បានសម្រេចបំណងផងលោកក៏ត្រូវបាត់បង់ជីវិតតែម្ដង៕

  • Giroud ប្រកាស​ថា រូប​គេ​ចង់​បន្ត​នៅ​ជា​មួយ Arsenal

    Giroud ប្រកាស​ថា រូប​គេ​ចង់​បន្ត​នៅ​ជា​មួយ Arsenal

    ខ្សែ​ប្រយុទ្ធ  បានប្រកាស​ថា រូប​គេ​ចង់​បន្ត​នៅ​ជា​មួយ​នឹង​ក្លិប Arsenal និង​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ក្រោម​ការ​ដឹក​នាំ​របស់​លោក Arsene Wenger​។ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​រូប​នេះ​បាន​​ទទួល​​ស្គាល់Olivier Giroud​ថា ក្លិប​មួយ​ដែល​កំពុង​តែ​​លួង​លោម​រូប​គេ​​ឲ្យ​ចូល​រួម​ជា​​មួយ​គឺ Marseille​។

    Giroud បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សំខាន់​ៗ​ជាច្រើន​សម្រាប់​ក្រុម​កាំ​ភ្លើង​ធំ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ ពួក​គេ​បាន​ខក​ខាន​ក្នុង​ការ​​ប្រជែង​យក​ចំណាត់​ថ្នាក់​​កំពូល​ទាំង​​បួន​នៃ​ក្រប​ខ័ណ្ឌ Premier League និង​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​​ក្រប​ខ័ណ្ឌ Champions League​។ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​ក្នុង​ប្រទេស​បារាំង ក្រោយ​ពី​បាន​ស៊ុត​បាល់​បញ្ចូល​​ទី​៣​គ្រាប់​ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹ​ងក្រុម​ជម្រើស​ជាតិ​ប៉ា​រ៉ា​​ហ្គាយ ក្នុង​ពេល​​ក្រុម​បារាំង​របស់​លោក ​ Didier Deschamps ទទួល​ជ័យ​ជម្នះ ៥-០​។ លោក Wenger បាន​ចុះ​ហត្ថ​លេខា​លើ​កុង​ត្រា​ថ្មី​រយៈ​ពេល​២​ឆ្នាំ​នៅ​​ឯ​ក្លិប Arsenal កាល​ពី​សប្តាហ៍​មុន ហើយ Giroud ពិត​​ជា​ចង់​បញ្ចប់​ពាក្យ​ចចាម​អា​រ៉ាម​ផ្សេង​ៗ​ជុំ​វិញ​អនា​គត​របស់​គេ ស្រប​ពេល​ដែល​ភាព​ស្រពេច​​ស្រពិល​ផ្សេង​ៗ​​ក៏​បាន​កើត​ឡើង​​ទៅ​លើ​កីឡាករ lexis Sanchez និង Mesut Ozil ផង​ដែរ​។

    Giroud បាន​និយាយ​ថា៖ «ខ្ញុំ​មិន​មាន​ការ​ខ្វល់ខ្វាយ​ពី​ការ​ដាក់​សំណើ​ផ្សេង​ៗ​​ពី​ក្លិប​បារាំង​ឡើយ ជា​ពិសេស Marseille​។ ប៉ុន្តែ អ​នា​គត​របស់​ខ្ញុំ​គឺ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League​។ ខ្ញុំ​នៅ​មាន​ពាន​ជាច្រើន​ទៀត​ដែល​ត្រូវ​ឈ្នះ​។ ក្រោយ​ពី​ឈ្នះ​ពាន FA Cup​ យើង​នឹង​ប្រជែង​ដណ្តើម​ពាន​លីក​​។ នោះ​គឺ​ជា​គោល​បំណង​របស់​ខ្ញុំ​»​៕

    ប្រភព​ពី៖ The Sun

     

  • សភាពាណិជ្ជកម្មអឺរ៉ុប បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលថ្មី

    សភាពាណិជ្ជកម្មអឺរ៉ុប បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលថ្មី

    សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី 05 ខែមិថុនា ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្មភាពការងារ និងបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។

    លោក គីលីយ៉ង់ ប្លែស  អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងជាមួយភាគីខ្មែរ មានប្រសាសន៍ថានេះជាកិច្ចប្រជុំធំបំផុត និងមានសារៈសំខាន់បំផុតសម្រាប់ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្ម​ភាពរបស់ខ្លួនឱ្យសមាជិក-សមាជិកា បានដឹង និងលើកឡើងអំពីតម្រូវការផ្សេងៗរបស់គេនីមួយៗ ឱ្យអង្គប្រជុំស្វែងរកដំណោះស្រាយរួមគ្នា។ លោកថាក្រុមភាគីសហគមន៍អឺរ៉ុបមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជាដែលមានកំណើន​ខ្ពស់ក្នុងរយៈពេលវែងជាងមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទោះយ៉ាងណាក្តី ភាពមិនស្មើភាពគ្នានៅចំពោះមុខច្បាប់នៅតែកើតមាននៅកម្ពុជាដោយក្រុមហ៊ុនខ្លះបង់ពន្ធហើយក្រុមហ៊ុនខ្លះមិនបានបង់ពន្ធ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏គេនៅតែមានភាពសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាដដែល។

    លោកថ្លែងថាក្រុមហ៊ុន ពាណិជ្ជករនៃសហគមន៍អឺរ៉ុបមានការចាប់អារម្មណ៏ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ប៉ុន្តែរៀងរាល់ពេលបោះឆ្នោតចូលមកដល់ អ្នកវិនិយោគតែងមានការរួញ​រា ដោយខ្លាចកើតមានអស្ថិរភាពសង្គមណាមួយ។ ដូច្នេះសភាពាណិជ្ជកម្មអឺរ៉ុបចង់បានស្ថិរភាពនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកឱ្យកាន់តែច្រើន។

    គួរបញ្ជាក់ថា រហូតមកទល់ឆ្នាំ 2017 សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មានសមាជិកប្រ​មាណជា 295 ក្រុមហ៊ុន ជាសភាពាណិជ្ជកម្មលោកខាងលិចដែលធំជាងគេបង្អស់ ព្រមទាំងមានក្រុមហ៊ុនបរទេស និងក្នុងស្រុកជាច្រើនទៀតផង៕

  •   អនិច្ចាវាសនាកូនតូចទាំងបី របស់លោកអ៉ិត សេដ្ឋា

      អនិច្ចាវាសនាកូនតូចទាំងបី របស់លោកអ៉ិត សេដ្ឋា

    នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះព្រះអគ្គីនឹងឆក់យករាងកាយគ្មានវិញ្ញាណរបស់លោក អ៉ិត សេដ្ឋា ចេញពីកូនកំព្រាទាំងបីដោយគ្មានថ្ងៃត្រឡប់វិញឡើយ។ ​អ្វីដែលគួរឱ្យសង្វេគ និងសោកសង្រេងបំផុត គឺជីវិតកូនទាំងបី ដែលលោកធ្លាប់តែបារម្ភគ្រប់វិនាទីគ្រាដែលលោកនៅរស់រានមានជីវិត តើនឹងត្រូវរសាត់អណ្ដែតទៅជាយ៉ាងណា?

    ពិធីករដ៏ល្បីឈ្មោះ និងពោរពេញដោយសំនួនវោហារស័ព្ទ ព្រមទាំងមានសន្ដានចិត្ដល្អដែលមហាជនគ្រប់គ្នាឃើញលោកមានភាពសប្បាយរីករាយស្ទើរតែរៀងរាល់ថ្ងៃនោះ គេក៏មិននឹកស្មានថានៅពីក្រោយវាំងននជីវិតរបស់លោក អ៉ិត សេដ្ឋា លោកបានជួបនូវរឿងរ៉ាវលំបាក គ្រាំគ្រាចិត្ដ និងការទទួលខុសត្រូវយ៉ាងធំធេងចំពោះគ្រួសារបែបនេះឡើយ។ ទោះជាយ៉ាងនេះក្ដីលោកក៏មិនធ្លាប់បានធ្វើអ្វីឱ្យមនុស្សរស់នៅជុំវិញខ្លួនជួបនូវរឿងឈឺចាប់ដោយសារលោកដែរ។ ក្រោយពីលោក អ៉ិត សេដ្ឋា បានទទួលមរណភាពទៅ គេបានឮតែអ្នកដឹកនាំកម្មវិធី  ពិធីករ- ពិធីការិនី សិល្បករ- សិល្បការិនីស្រករក្រោយជាច្រើននិយាយពីសន្ដានចិត្ដល្អរបស់លោក ពិសេសពួកគេបានសម្ដែងនូវអារម្មណ៍សោកស្ដាយគ្រាដែលបាត់មិត្ដភ័ក្ដិក្នុងអាជីពជាធនធានមនុស្សដែលកម្រនឹងរកបានដូចជារូបលោកបែបនេះ។

    អ្វីដែលគួរឱ្យសង្វេគចំពោះបុរសពោះម៉ាយម្នាក់នេះ គឺលោកបានឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីបីបាច់ចិញ្ចឹមកូនទាំងបីរបស់ខ្លួនពុំដែលឱ្យពួកគេដឹងពីទុក្ខលំបាកអ្វីឡើយ។ ពិសេសសូម្បីតែលោកមានជំងឺប្រចាំកាយក៏លោកពុំដែលបង្ហើបឱ្យកូនទាំងអស់បានដឹងដែរ រហូតកៀកនឹងថ្ងៃដែលលាចាកលោកទៅហើយទើបដឹងថា លោកមានជំងឺប្រចាំកាយដែលពុំអាចព្យាបាលឱ្យជាបាន។ តើមាននរណាខ្លះដែលយល់ពីទុក្ខលំបាករបស់ឪពុកដ៏មានព្រហ្មវិហារធម៌ម្នាក់នេះ? កូនរបស់លោកតូចៗទាំងបីមានវាសនាទៅជាយ៉ាងណា? តើមានឱកាសបានបន្ដចូលសាលារៀនដូចកុមារទូទៅដែរឬទេ?

    ខាងក្រោមនេះជាខ្សែវីដេអូចុងក្រោយដែលលោក អ៉ិត សេដ្ឋា ​បាននិយាយទៅកាន់កូនទាំងបី៖