Author: វល័ក្ខ

  • រដ្ឋាភិបាលផ្តោតលើមនុស្សចាស់កាន់តែហ្មត់ចត់ជាងមុនតាមរយៈគោលនយោបាយថ្មី

    រដ្ឋាភិបាលផ្តោតលើមនុស្សចាស់កាន់តែហ្មត់ចត់ជាងមុនតាមរយៈគោលនយោបាយថ្មី

    ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធបានធ្វើការពិភាក្សាជាលើកចុងក្រោយស្តីពី គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់សម្រាប់ឆ្នាំ2017-2030ជាគោលនយោបាយមួយ ដែលសំដៅ​ជួយមនុស្សចាស់ឲ្យមានជីវិតរស់នៅប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់។

    នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ចុងក្រោយ លើគោលនយោបាយជាតិស្ដីពីមនុស្សវ័យចា​ស់សម្រាប់ឆ្នាំ2017​-2030នេះ នាព្រឹកថ្ងៃទី៦ មិថុនានេះ លោកទេសរដ្ឋមន្ត្រីឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់សម្រាប់ឆ្នាំ2017​-2030នេះ គឺជាការធ្វើបច្ចុប្បន្នភាពមួយ ដោយសារស្ថានភាពប្រជារាស្ត្រដែលកំណត់ដោយប្រជាជនវ័យចាស់បានកើនឡើងយឺតៗរហូតនៅដើមសតវត្សទី21 ហើយដែលបច្ចុប្បន្ននេះមានការផ្លាស់ប្តូរនោះ ទើបតម្រូវឲ្យធ្វើការកែសម្រួលគោលនយោបាយ ដែលមានកាលពីឆ្នាំ2003ដើម្បីគិតគូរឆ្លើយតបនឹងបញ្ហាជាច្រើន ពាក់ពន្ធ័ជាមួយនឹងភាពចាស់ជរា។

    លោកបន្តថា ដូចនេះរាជរដ្ឋាភិបាលបានទទួលស្គាល់នូវភាពចាំបាច់ ក្នុងការកែសម្រួលឡើងវិញនូវគោលនយោបាយសម្រាប់មនុស្សចាស់។ ទន្ទឹមនឹងនេះដែរគោលនយោបាយនេះ ក៏ជាការឆ្លើយតបទៅនឹងដំណើរការនៃការឈានទៅរកភាពចាស់ជរានៅកម្ពុជា ដែលត្រូវបានកត់សម្គាល់ឃើញថា បានជះឥទ្ធិពលលើគ្រប់ក្រុមអាយុទាំងអស់ នៃប្រជាជន និងគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ។ ដូចនេះគោលនយោបាយថ្មីនេះ ត្រូវមានវិសាលភាពធំទូលាយលើសពីការផ្ដោតការយកចិត្តទុកដាក់តែលើជនចាស់ជរា ឬមនុស្សអាយុច្រើន។

    លោកបន្តទៀតថា ក្រោមហេតុផលចាំបាច់ និងតម្រូវការរបស់មនុស្សចាស់ទាំងអស់នេះ ទើបគោលនយោបាយដែលបានកែសម្រួលថ្មីនេះ ត្រូវប្ដូរឈ្មោះទៅជាគោលនយោបាយជាតិស្ដីពីមនុស្សចាស់ឆ្នាំ2017-2030 ហើយនេះក៏ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តគោលនយោបាយសម្រាប់មនុស្សចាស់ផងដែរ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ2014-2018 និងគោលនយោបាយជាតិប្រជាជនឆ្នាំ2016-2030។

    សេដ្ឋវិទូកម្ពុជាបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា តាមពិតប្រទេសយើងមានមនុស្សក្មេងច្រើន តែចង់មិនចង់មនុស្សចាស់ក៏កាន់តែកើនឡើងច្រើនដែរ អ៊ីចឹងរដ្ឋាភិបាលត្រូវគិតគូរ និងយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ព្រោះបច្ចុប្បន្នបើសិនជាយើងមិនមានប្រព័ន្ធជួយមនុស្សចាស់ទេ ពេលយើងចាស់ទៅក៏មិនមាន​អ្នកណាជួយយើងដែរ។

    លោកបន្តថា “ជាទស្សនវិទ្យា យើងត្រូវគោរពមនុស្សចាស់ឲ្យគាត់មានកិត្តិយស និងរស់នៅស្រួល ប៉ុន្តែដើម្បីធ្វើការងារនេះបាន ទាល់តែយើងមានសេដ្ឋកិច្ចខ្លាំងមួយ និងមានប្រព័ន្ធការងារមួយប្រកបដោយប្រសិទ្ធភាព”។ លោកបន្តថា “មានការបង្ខំមនុស្សឲ្យសន្សំលុយតាំងពីក្មេង មានការរៀបចំប្រព័ន្ធមួយឲ្យសមរម្យ ទើបពេលចាស់ទៅមនុស្សអាចទទួលបានការថែទាំ និងការយកចិត្តទុកដាក់”។

    លោកបណ្ឌិតម៉ី កល្យាណបានបន្តថា នៅប្រទេសគេមានក្រុមហ៊ុនឯកជនចូលរួម ពួកគេយកលុយបានពីការសន្សំ​ទៅបង្កើតលុយឲ្យបានធំ ដើម្បីអាចជួយមនុស្សចាស់បាន ហេតុនេះទាមទារឲ្យមានការធ្វើការងារជាបីភាគី គឺក្រុមហ៊ុន រដ្ឋាភិបាល និងមនុស្សរបស់ប្រទេសនោះត្រូវចូលរួមទាំងអស់

    គ្នា៕

     

     

  • ប្រជាជននៅលើ “អគារប៊ុលឌិងស” កំពុងតែញាប់ដៃញាប់ជើងរើអីវ៉ាន់ចេញនៅថ្ងៃនេះ

    ប្រជាជននៅលើ “អគារប៊ុលឌិងស” កំពុងតែញាប់ដៃញាប់ជើងរើអីវ៉ាន់ចេញនៅថ្ងៃនេះ

    ក្រោយពីដំណោះស្រាយក្នុងរឿង ”អគារប៊ុលឌិងស” ដែលសម្របសម្រួលដោយរដ្ឋមន្រ្ដីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ទទួលបានជោគជ័យ និងបានឯកភាពប្រគល់ប្រាក់ឱ្យប្រជាពលរដ្ឋនៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017រួចមក នៅព្រឹកថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានកំពុងតែរួសរាន់សម្រុករើអីវ៉ាន់របស់ខ្លួនចេញពីបន្ទប់រស់នៅ ដើម្បីទទួលបានប្រាក់ពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានដេញថ្លៃលើអគារនេះ។

    ក្នុងជំនួបរវាងប្រជាពលរដ្ឋរស់នៅលើ ”អគារប៊ុលឌិងស” ជាមួយឯកឧត្ដមរដ្ឋមន្រ្ដីទេសរដ្ឋមន្រី្ដជា សុផារ៉ា នាថ្ងៃចុងក្រោយបង្អស់មានប្រជាពលរដ្ឋប្រមាណ200គ្រួសារ បានឯកភាពរើអីវ៉ាន់ចេញពីបន្ទប់របស់ខ្លួននៅថ្ងៃទី06 ខែមិថុនានេះ ដើម្បីទទួលបានប្រាក់ទៅរកទិញលំនៅដ្ឋានថ្មី។

    លោកពូ យន់ គឹមយ៉ុង ជាបុគ្គលិកមន្រ្ដីរាជការនៅក្នុងនាយកដ្ឋានសិល្បៈ និងជាម្ចាស់បន្ទប់លើទំហំអគារជាង50ម៉ែត្រការ៉េ បានលើកឡើងថា លោកមានអារម្មណ៍សប្បាយចិត្ដនឹងដំណោះស្រាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ពិសេសការសម្របសម្រួលរបស់ឯកឧត្ដមជា សុផារ៉ាតែម្តង។

    លោកបន្ដថា៖”អីវ៉ាន់របស់ខ្ញុំមានច្រើន ដូច្នេះប្រហែលជាត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ចំនួនពីរថ្ងៃដែរ ដើម្បីរើវាចេញទើបអាចទទួលបានលុយនោះ។ នេះប្រហែលជាគេមិនទុកចិត្ដយើងក៏មិនដឹងបានជាគេរៀបចំនីតិវិធីនេះ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំទុកចិត្ដលើដំណោះស្រាយរបស់ឯកឧត្ដមរដ្ឋមន្រី្ដទើបខ្ញុំព្រមរើចេញពីទីនេះ”។

    ដោយឡែកមន្រី្ដក្រសួងមួយរូបបានបញ្ជាក់ថា លោកជាមន្រ្ដីមកពីក្រសួងរៀបចំដែនដីដែលត្រូវទទួលបន្ទុកមើលការខុសត្រូវលើការរើសម្ភាររបស់ប្រជាពលរដ្ឋចំនួន17បន្ទប់។ លោកបន្ដថា គិតចាប់ពីព្រឹកព្រលឹមរហូតមកដល់ម៉ោង 10 និង30នាទី មានប្រជាពលរដ្ឋបានរើចេញចំនួន 2 បន្ទប់ហើយក្នុងចំណោម17បន្ទប់នោះ។

    ខាងក្រោមនេះជាឃ្លិបវីដេអូរបស់មន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានរៀបរាប់ពីនីតិវិធីមួយចំនួនរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍៖

  • ដំណឹងពីការមកដល់របស់ទូរស័ព្ទ LG G6 ត្រូវបានបង្ហើបឱ្យដឹង

    ដំណឹងពីការមកដល់របស់ទូរស័ព្ទ LG G6 ត្រូវបានបង្ហើបឱ្យដឹង

    បន្ទាប់ពីបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Mobile World Congress 2017 នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញតាំងពីខែកុម្ភះកន្លងមក ទូរស័ព្ទ LG G6 នៅមិនទាន់បង្ហាញខ្លួនក្នុងទីផ្សារខ្មែរយើងនៅឡើយទេ។ យ៉ាងណាមិញ ដំណឹងពីការមកដល់របស់វា ត្រូវបានក្រុមហ៊ុនតំណាងចែកចាយនៅកម្ពុជា បង្ហើបឱ្យដឹងថាវានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

    ឆ្លើយប្រាប់អ្នកយកព័ត៌មានគេហទំព័ឡារ៉ែនតាមរយៈទូរស័ព្ទ កញ្ញា សេង មួយគាង អ្នកទំនាក់ទំនងព័ត៌មាន និងទីផ្សារបានឱ្យដឹងថា ក្រុមហ៊ុនផ្ទាល់នៅមិនទាន់កំណត់ថ្ងៃនាំចូលមកច្បាស់លាស់នៅឡើយទេ សម្រាប់ទូរស័ព្ទ LG G6 នេះ ប៉ុន្តែក៏មិនយូរទៀតដែរ។ កញ្ញាបន្តថា មានអតិថិជនជាច្រើនបានកំពុងរង់ចាំការមកដល់របស់ស្មាតហ្វូនមួយនេះ ហើយខាងក្រុមហ៊ុនក៏ត្រៀមរួចរាល់ហើយដែរ នៅចាំតែខាងក្រុមហ៊ុនធំ (LG បរទេស) ជាអ្នកកំណត់ថ្ងៃជាក់លាក់ប៉ុណ្ណោះ។

    អ្នកនាង មួយគាង និយាយថា៖ «តាមដែលដឹងមក នៅមិនយូរទៀតទេ! ប្រហែលជាចុងខែមិថុនានេះឯង ប៉ុន្តែខ្ញុំមិនទាន់ដឹងថ្ងៃណាឱ្យប្រាកដនៅឡើយទេ ព្រោះថ្នាក់លើមិនទាន់ប្រាប់ព័ត៌មានអ្វីទេ»។

    ទោះជាប្រភពព័ត៌មានមួយនេះ មិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក៏ដោយ ប៉ុន្តែក៏វាជាដំណឹងមួយដ៏ល្អផងដែរ សម្រាប់អ្នកគាំទ្រផលិតផលទូរស័ព្ទ ជាពិសេស LG G6 ខណៈស្មាតហ្វូនមួយនេះដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ចាប់ពីអេក្រង់ កាមេរ៉ា និងសមត្ថភាពដំណើរការ។

    LG G6 មានអេក្រង់ទំហំ 5.7 អ៊ីញប្រភេទ IPS LCD Full Vision អាចបង្ហាញរូបភាពកម្រិត 18:9 Aspect Ratio និងកម្រិតភាពច្បាស់ 2880×1440 ភិចសែលជាមួយនឹងកម្រិតដង់ស៊ីតេ 565ppi ។ ក្នុងនោះ វាជាស្មាតហ្វូនដំបូងគេដែលរបស់ក្រុមហ៊ុនដែលបានបំពាក់មុខងារការពារជម្រាបទឹក និងការពារធូលីដី (IP68)។

    សម្រាប់ផ្នែកខាងក្រោយ G6 បានបំពាក់កាមេរ៉ាភ្លោះ: Wide Angle ទំហំ 13 MP និង Normal ដែលមានទំហំ 13 MP ដែលខុសពីកាមេរ៉ាភ្លោះរបស់ LG G5 ដែលប្រើប្រាស់តែប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 8MP ។ ផ្នែក Normal ប្រើប្រាស់នូវមុខងារ OIS និង Autofocus ហើយកាមេរ៉ាមុខមានទំហំ 5 MP។ ក្រុមហ៊ុនក៏បានបំពាក់នូវបន្ទះឈីប Snapdragon 821 និងមាន Ram 4GB មេម៉ូរីក្នុងម៉ាស៊ីនទំហំ 32GB / 64GB ហើយវាក៏មានរន្ធដោតបន្ថែមនូវ microSD កាតថែមទៀតផង។

    ស្មាតហ្វូននេះ ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងប្រើប្រាស់នូវប្រព័ន្ធ Google Assistant ហើយមានថាមពលថ្មកម្លាំងខ្លាំង 3300mAh និងបច្ចេកវិទ្យា QuickCharge 3.0 ដែលអាចបញ្ជូលថ្មពេញបានរយៈពេល 96 នាទី ហើយវាអាចបញ្ចូលថ្មបាន 50% ដោយចំណាយពេលត្រឹមតែ 32 នាទីប៉ុណ្ណោះ៕

  • ទីបំផុត Apple ចេញ iOS 11 មានកន្លែងបើកអ៊ិនធើណិតបានស្រួលបួលនឹងគេហើយ!!

    ទីបំផុត Apple ចេញ iOS 11 មានកន្លែងបើកអ៊ិនធើណិតបានស្រួលបួលនឹងគេហើយ!!

    មួយទសវត្សរ៍ហើយដែលក្រុមហ៊ុន Apple បានដាក់ចេញនូវប្រព័ន្ធ iOS គ្មានផ្លូវកាត់ (Shortcut Key) ដើម្បីចូលទៅបើកមុខងារអ៊ិនធើណិត ដែលតម្រូវឱ្យអ្នកប្រើប្រាស់ចូលទៅក្នុង Setting ទើបអាចបើកបាន ឬមិនដូច្នោះទេ លុះត្រាតែយកទូរស័ព្ទទៅ Jailbreak ទើបមានកន្លែងចុចបើកដូចទូរស័ព្ទ Android ដទៃទៀត។

    យ៉ាងណាមិញក្នុងព្រឹត្តិការណ៍ WWDC កាលយប់ថ្ងៃចន្ទរំលងអធ្រាត្រចូលថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2017 នេះ ក្រុមហ៊ុន Apple បានដាក់ចេញនូវ iOS ជំនាន់ទី 11 ដោយបន្ថែមនូវមុខងារថ្មីៗជាច្រើន ជាពិសេសមុខងារ Shortcut ចូលទៅបើកអ៊ិនធើណិតនៅលើ Control Center បានយ៉ាងងាយស្រួល។ សម្រាប់ iOS 11 នេះ Apple នឹងដាក់ឱ្យ Update នៅខែកញ្ញា ចាប់ផ្តើមពីទូរស័ព្ទ iPhone 5s, iPad Air និង iPad ជំនាន់ថ្មីមួយចំនួនទៀតឡើងទៅ ហើយក្រុម Developer មានឱកាសចូលប្រើបានមុនគេ ដើម្បីតេស្ដកម្មវិធី និងស្វែងរកកំហុសឆ្គងនានា៕

  • ទីក្រុងភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនាទសវត្សរ៍ខាងមុខ

    ទីក្រុងភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនាទសវត្សរ៍ខាងមុខ

    ភ្នំពេញៈ ប្រទេសកម្ពុជាបាន និងកំពុងធ្វើដំណើរទៅកាន់លំដាប់ថ្មីមួយទៀត ជាពិសេសទីក្រុងភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅមួយទសវត្សរ៍ខាងមុខនេះ។

    អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី6 មិថុនានេះថា កម្ពុជាកំពុងធ្វើដំណើរទៅមុខ និងកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេល 5ទៅ 10ឆ្នាំខាងមុខ ព្រោះយោងតាមការសិក្សារបស់យើង រហូតមកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនលំដាប់ពិភពលោកចំនួន 70ក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជា ក្នុងចំណោមក្រុមហ៊ុនលំដាប់អន្តរជាតិចំនួន 500។

    អ្នកនាងបន្តថា “នៅរយៈពេល 5ឆ្នាំខាងមុខ យើងរំពឹងថានឹងមានក្រុមហ៊ុនប្រមាណ 50ភាគរយនៃក្រុមហ៊ុនទាំង500នោះចូលមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាពេលនេះបាន និងកំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ”។ អ្នកនាងបន្តថា “បច្ចុប្បន្ននិយាយពីកម្ពុជា គឺមិនទាន់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅឡើយទេ ប៉ុន្តែរយៈពេល 10ឆ្នាំខាងមុខកម្ពុជានឹងសម្រេចបាននូវគោលដៅនេះ”។

    ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិវាទាមទារឲ្យប្រទេសមួយត្រូវមានធនធានមនុស្ស ធនធានអភិវឌ្ឍន៍ ចំណេះដឹង និងបទពិសោធ ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងខ្វះធនធានមនុស្ស និងបទពិសោធ នេះបើតាមការបញ្ជាក់របស់អ្នកនាង អាន សុធីតា៕

  • ទស្សនាវីដេអូនេះហើយ លោកអ្នកនឹងមិនសរសើរមិនបាន ពីសមត្ថភាពរបស់ម៉ាស៊ីនបោកគក់ LG

    ទស្សនាវីដេអូនេះហើយ លោកអ្នកនឹងមិនសរសើរមិនបាន ពីសមត្ថភាពរបស់ម៉ាស៊ីនបោកគក់ LG

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន LG បានបញ្ចេញនូវវីដេអូផ្សាយពាណិជ្ជកម្មមួយឈ្មោះថា Electronics’ House of Cards និយាយពីសមត្ថភាពដ៏អស្ចារ្យនៃម៉ាស៊ីនបោកគក់ស៊េរីថ្មី LG Centum System™ ដែលវាអាចធ្វើការបានយ៉ាងល្អ គ្មានសំឡេងរំខាន និងគ្មានរំញ័រ ទោះបីជាយកសន្លឹកបៀមកតម្រៀបជារាងអគារកម្ពស់ជាង 3 ម៉ែត្រក៏នៅតែមិនរលំ។

    លោក Bryan Berg ជាអ្នកជំនាញខាងរៀបសន្លឹកបៀ បានសាងសង់អគារជាមួយសន្លឹកបៀមានកម្ពស់ 3,3ម៉ែត្រ នៅលើកំពូលនៃម៉ាស៊ីនបោកគក់របស់ LG Centum System™ ខណៈពេលម៉ាស៊ីនកំពុងដំណើការនៅក្នុងកម្រិត 1,000 RPM ក្នុងមួយនាទី ដែលទទួលបានកំណត់ត្រាពិភពលោក សម្រាប់រចនាសម្ព័ន្ធសន្លឹកបៀដែលបានចំណាយពេលសាងសង់អស់ 12ម៉ោង។
    វីដេអូនេះត្រូវបានរចនាឡើងដើម្បីបង្ហាញក្នុងលក្ខណៈប្រកបដោយការច្នៃប្រឌិតនៃម៉ាស៊ីនបោកគក់ Centum System របស់ LG ដែលមានប្រសិទ្ធភាព ភាពជឿជាក់ និង ថាមពលបោកគក់ខ្លាំងក្លា ជាមួយរំញ័រ និងសំឡេងរំខានដ៏តិចតួចបំផុត។

    វីដេអូផ្សាយពាណិជ្ជកម្មនោះទទួលបានពានរង្វាន់ AME (Advertising & Marketing Effectiveness) ជាពានរង្វាន់ដែលទទួលស្គាល់ថា ជាវីដេអូផ្សាយពាណិជ្ជកម្មដែលមានយុទ្ធសាស្រ្តទីផ្សារល្អ ពោរពេញដោយគំនិតច្នៃប្រឌិត និងមានប្រសិទ្ធភាពបំផុតនៅលើពិភពលោក។

    វីដេអូនេះទទួលបានអ្នកទស្សនារហូតដល់ទៅ 100 លាននាក់នៅទូទាំងសកលលោកត្រឹមតែប៉ុន្មាននាទីដែលវាបានបង្ហាញនៅលើគេហទំព័រ YouTube ប៉ុណ្ណោះ។

    លោក Chang-hee ដែលជាអនុប្រធានផ្នែកទីផ្សារ LG Home Appliance & Air Solution Company បានឱ្យដឹងថា ការច្នៃប្រឌិតគឺជាគ្រឿងផ្សំដែលមានប្រសិទ្ធភាពបំផុតរបស់យើង ដើម្បីទាក់ទាញអតិថិជនឱ្យមកចាប់អារម្មណ៍ជាមួយនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ LG យើង។ លោកបន្ដថា យើងតែងតែមានមោទនភាពនៅពេលអ្នកដឹកនាំឧស្សាហកម្មទទួលស្គាល់ការងារល្អដែលយើងបានធ្វើ។ ពួកយើងសូមអរគុណ និងដឹងគុណចំពោះគណៈកម្មាការ AME សម្រាប់ពានរង្វាន់កិត្តិយសនេះ៕

  • អ៉ិន សុភិន រឿង «អាមោកលក់ម៉ាំ» មានគុណភាព តែពិបាកលក់

    អ៉ិន សុភិន រឿង «អាមោកលក់ម៉ាំ» មានគុណភាព តែពិបាកលក់

    ខណៈរឿង «អាមោកលក់ម៉ាំ» កំពុងតែមានវត្ដមាននៅលើទីផ្សារភាពយន្ដនៅឡើយ លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានប្រាប់ថា រឿងនេះមានគុណភាពល្អ ប៉ុន្ដែពិបាកលក់ ។

    ការលើកឡើងរបស់លោក អ៉ិន សុភិន នេះហាក់ដូចជាចម្លែក ជាពិសេសបានធ្វើឱ្យមហាជនជាច្រើន មានចម្ងល់ថា តើហេតុអ្វីបានទៅជាដូច្នេះ? ព្រោះធម្មតាខ្សែភាពយន្ដក្នុងស្រុក ឬបរទេសក៏ដោយ ប្រសិនបើមានគុណភាពល្អហើយនោះ ប្រាកដណាស់ ពិតជាមានការគាំទ្រពីមហាជនច្រើនមិនខាន។ ម្យ៉ាងរឿង «អាមោកលក់ម៉ាំ» ត្រូវបានសម្ដែងដោយលោក ប៉ែន ចំរ៉ុង និងកញ្ញា ជីជី ទៀតផងនោះ រឹតតែធ្វើឱ្យមានការគាំទ្រខ្លាំងឡើងទៀតមិនខាន។

    លោកអ៉ិន សុភិន បានប្រាប់ថា ការលក់សំបុត្រចូលទស្សនាក្នុងមួយសប្ដាហ៍ដំបូង ក្រុមហ៊ុនទទួលបានចំណូលគួរសម គឺស្ថិតក្នុងរង្វង់ពីរម៉ឺនដុល្លារអាមេរិក គ្រាដែលរឿងនេះផលិតអស់ជាង 4ម៉ឺនដុល្លារតែប៉ុណ្ណោះ។

    លោក អ៉ិន សុភិន បានលើកឡើងថា៖ «ខ្ញុំមិនចង់និយាយឱ្យប៉ះពាល់គេទេ ប៉ុន្ដែការលក់មានភាពយឺតជាងគេទាំងអស់ក្នុងចំណោមរឿងដែលមហាហង្សបានផលិត។ ខ្ញុំមិនចង់និយាយឲ្យប៉ះពាល់នរណាទេ តែអ្នកមើលគេថា អត់សូវចូលចិត្ដតួសម្ដែង តែគេថា សាច់រឿងល្អមើល។ ដូចជារោងភាពយន្តនៅសៀមរាបជាដើម នៅទីនោះខ្ញុំឮគេនិយាយថា រឿងល្អមើល តែបើដាក់តួផ្សេងមក នឹងរឹតតែល្អមើលទៅទៀត»។

    ទោះជាយ៉ាងណាលោក អ៉ិន សុភិន ក៏ទទួលស្គាល់ដែរថា ក្នុងរឿង «អាមោកលក់ម៉ាំ» នេះមានគុណភាពល្អ ទាំងសាច់រឿងក៏ល្អ តារាក៏សម្ដែងបានល្អដែរ។ ប្រសិនបើរឿងនេះនៅតែទទួលបានការគាំទ្រ លោកនឹងបន្ដដាក់បញ្ចាំងក្នុងរោងបន្ថែមទៀត៕

  • Liverpool បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Salah ក្នុងតម្លៃខ្លួន 35លានផោន

    Liverpool បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Salah ក្នុងតម្លៃខ្លួន 35លានផោន

    ក្លិបហង្សក្រហម Liverpool កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ក្រោយពីពួកគេបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ ខណៈដែលពួកគេបានយល់ព្រមលើតម្លៃខ្លួន 35លានផោន (ស្មើនឹង 45លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Roma ហើយ។

    វាត្រូវបានគេមើលឃើញថា Salah បានជួបជាមួយនឹងលោក Jurgen Klopp ក្នុងទីក្រុង Liverpool ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់ជាមួយនឹងកីឡាកររូបនេះ និងភ្នាក់ងារតំណាងរបស់គេ។ ទោះបីជាយ៉ាងណា ការពិភាក្សាផ្សេងៗកំពុងតែបន្តធ្វើឡើងជាមួយនឹងក្លិប Roma ក្រោយពីការដេញថ្លៃជាបឋមក្នុងទឹកប្រាក់ 28លានផោនរបស់ក្លិប Liverpool ត្រូវបានច្រានចោល កាលពីប៉ុន្មានថ្ងៃមុន។ ប៉ុន្តែ លោក Klopp ដែលជាគ្រូបង្វឹករបស់ Liverpool បានប្តេជ្ញាថា នឹងទិញយក Salah ឲ្យបាន ហើយស្របពេលដែលកីឡាកររូបនេះត្រូវបានគេជឿជាក់ថា ចង់ចាកចេញពី Roma ដែរនោះ វាបង្ហាញថា ការព្រមព្រៀងគ្នាមួយកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ការសម្រេច ក្រោយពីការបង្កើនសំណើដេញថ្លៃពីសំណាក់ក្លិប Liverpool ។

    ប្រសិនបើការផ្ទេរនេះត្រូវបានបំពេញជាផ្លូវការ វានឹងក្លាយជារឿងដ៏មានសំណាងមួយសម្រាប់ក្លិប Liverpool ដែលចង់បាន Salah កាលពីឆ្នាំ2014 នៅមុនពេលរូបគេបានសម្រេចចិត្តចូលរួមជាមួយនឹងក្លិប Chelsea ជំនួសវិញ ក្រោយពីផ្ទេរពីក្លិបរបស់ស្វ៊ីស Basel។  Salah ដែលជាអតីតខ្សែបម្រើស្លាបរបស់ Chelsea បានចូលរួមជាមួយនឹងក្លិប Roma ក្នុងតម្លៃខ្លួន 13លានផោន កាលពីរដូវក្តៅមុន ក្រោយពីបានចំណាយពេលខ្ចីជើងពេញមួយរដូវកាលរួចមក៕
    ប្រភពពី៖ Sky Sports

  • T.O.P ត្រូវបានដកសិទ្ធិជាប៉ូលិសការពារជាតិ ក្រោយមានរឿងប្រើប្រាស់គ្រឿងញៀន

    T.O.P ត្រូវបានដកសិទ្ធិជាប៉ូលិសការពារជាតិ ក្រោយមានរឿងប្រើប្រាស់គ្រឿងញៀន

    កំពូលតារាចម្រៀង T.O.P ជាសមាជិកក្រុមចម្រៀង Big Bang ទើបតែបានចូលហ្វឹកហាត់ទាហានថ្មីនេះកន្លងទៅទេ តែដោយសារការត្រួតពិនិត្យនៅពេលហ្វឹកហាត់ ត្រូវបានរកឃើញថា តារាប្រុសរូបនេះ មានប្រើប្រាស់សារធាតុថ្នាំញៀនប្រភេទកញ្ឆា ដែលបានរកឃើញនៅក្នុងសរសៃរសក់។

    តារាប្រុសវ័យ 29ឆ្នាំរូបនេះ ព្រមសារភាពថា លោកបានប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន ដោយនៅទីបំផុតសារព័ត៌មានកូរ៉េ បានរាយការណ៍ព័ត៌មានចុងក្រោយគឺ ខាងមន្ត្រីប៉ូលិស ដែលជាមេបញ្ជាការហ្វឹកហ្វឺនបានសម្រេចបញ្ឈប់ T.O.P ពីការហ្វឹកហាត់ជាមន្ត្រីប៉ូលិសការពារជាតិ នៅថ្ងៃច័ន្ទម្សិលមិញនេះ។

    អានបន្ថែម៖ ពិនិត្យឃើញកំពូលតារាចម្រៀងកូរ៉េ T.O.P ប្រើប្រាស់ថ្នាំញៀនប្រភេទកញ្ឆា

    គួរបញ្ជាក់ផងដែរថា ឱកាសថ្មីសម្រាប់តារាប្រុសរូបនេះ នៅមានសម្រាប់បំពេញតួនាទីជាប្រពលរដ្ឋកូរ៉េក្នុងការចូលហ្វឹកហាត់ជាទាហានដដែល តែលោកត្រូវបានដកអភ័យឯកសិទ្ធិជាមន្ត្រីប៉ូលិសការពារជាតិហើយ ហើយមិនអាចមានតួនាទីជាប៉ូលិសតទៅទៀតបានឡើយ៕

    អានបន្ថែម៖ T.O.P ចេញមុខសុំទោសអ្នកគាំទ្រជាសាធារណៈ ក្រោយបែកធ្លាយរឿងប្រើប្រាស់គ្រឿងញឿន

  • អា​ការខុស​ប្រក្រតី3 យ៉ាង​ដែល​អ្នក​មិនគួរ​ហាត់ប្រាណ

    អា​ការខុស​ប្រក្រតី3 យ៉ាង​ដែល​អ្នក​មិនគួរ​ហាត់ប្រាណ

    ការហាត់​ប្រាណ​មិនមែន​សុទ្ធតែជា​រឿង​ល្អ​ទាំងអស់​នោះទេ យើង​គួរតែ​ត្រូវ​ដឹង​អំពី​ស្ថានភាព​របស់​រាងកាយ កាលៈទេសៈ និង​វិធី​ដែល​សមស្រប​សម្រាប់​ការហាត់​ប្រាណ ព្រោះ​បើ​មិន​ដូច្នោះ​ទេ វា​អាច​ហុច​លទ្ធផល​មិនល្អ​ដល់​រាងកាយ​បាន ដូចជា ធ្វើឱ្យ​សាច់ដុំ​រងរបួស ឬ​ភ្លាត់​សន្លាក់ឆ្អឹង​ជាដើម ដូច្នេះហើយ​ទើប​ការហាត់​ប្រាណ​មាន​ចំណុច​គួរ​ប្រុងប្រយ័ត្ន3ចំណុច​ដូចខាងក្រោម ៖

    1/ សីតុណ្ហភាព​របស់​រាង​កាយ៖ ចូរ​សង្កេតមើល​ខ្លួនឯង បើ​មាន​អាការ​គ្រុន​ក្តៅខ្លួន មាន​អាការភាំងៗ និង​ឈឺក្បាល គួរតែ​ពន្យា​រពេល​ក្នុងការ​ហាត់ប្រាណ ព្រោះ​បើ​យើង​នៅតែ​ចេញទៅ​ហាត់ប្រាណ​ទៀត វា​ស្មើនឹង​ការបន្ថែម​កម្តៅដល់​រាងកាយ​ទ្វេដង​ឡើង​ទៀត អាចធ្វើឱ្យ​ខួរក្បាល​ទ្រាំលែងបាន នឹង​កើត​អាការ​ប្រកាច់ ឬ​ខ្យល់គ​ដួល​បាត់ស្មារតី​តែម្តង​ក៏មានដែរ។

    2/ ការ​បន្ទោបង់៖ បើ​មានការ​បត់ជើងធំ​លើសពី 3ដង​ឡើងទៅ ថ្ងៃនោះ​អ្នក​គួរតែ​ផ្អាក​ការហាត់​ប្រាណ​សិ​ន​ទៅ ដោយសារតែ​រាងកាយ​របស់​យើង​បាត់បង់​សារធាតុ Dietary mineral ច្រើនពេក អាចមាន​ផលប៉ះពាល់​ដល់​ការទទួល​ដឹង និង​ការបញ្ជា​របស់សាច់ដុំ​ខុស​ប្រក្រតី។

    3/ ការ​អត់ងងុយ៖ អ្នក​ដែលមាន​ទម្លាប់​ជាមួយ​ការចូល​គេង​ពេលយប់​ជ្រៅ នៅ​ម៉ោង 3-4ភ្លឺ ឬ​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់(អត់ងងុយ) ឬ​សេព​គ្រឿង​ស្រវឹង​ច្រើន ថ្ងៃនោះ​គួរតែ​ផ្អាក​ការហាត់​ប្រាណ​សិន។

    ប្រការ​ហាមឃាត់ផ្សេងៗទាំងនេះ គឺ​ហាម​ដើម្បី​មិនឱ្យ​រាងកាយ​រងរបួស​កាន់​តែ​ខ្លាំង​ឡើងព្រោះ​ផល​អាក្រក់​ដែល​កើត​មកពី​ការហាត់​ប្រាណពេលដែល​រាងកាយ​មា​នស​ភាពមិនប្រក្រតី​នោះ វា​អាក្រក់​ជាង​ការ​នៅ​ស្ងៀម​ទៅទៀត ហើយ​ទាំងអស់​ខាងលើនេះ​គឺជា​មូលហេតុ​មួយទៀត ​ដែល​មនុស្ស​ជាច្រើន​អាច​នឹង​ជួបប្រទះ​រួចមកហើយ​ថា ហេតុអ្វី​បានជា​ពេលខ្លះ យើង​ហាត់ប្រាណ​រួចហើយ​ក៏​នៅតែ​ទន់​ល្វើយ គ្មាន​កម្លាំងកំហែង ឬ​ក៏មាន​អារម្មណ៍​ថា​មិន​ស្រស់ស្រាយ​សោះ​ហ្នឹងឯង៕