Author: វល័ក្ខ

  • អង់គ្លេសត្រៀមប៉ះជើងខ្លាំងអ៊ីតាលី ក្នុង U20 World Cup នៅថ្ងៃនេះ

    អង់គ្លេសត្រៀមប៉ះជើងខ្លាំងអ៊ីតាលី ក្នុង U20 World Cup នៅថ្ងៃនេះ

    ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសអាយុក្រោម 20ឆ្នាំ និងក្រុមយុវជនរបស់អ៊ីតាលី នឹងសម្លឹងរកការធ្វើឲ្យបានល្អប្រសើរដូចគ្នា នៅពេលដែលពួកគេជួបគ្នាក្នុងការប្រកួតព្រឹត្តិការណ៍ U20 World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Jeonju World Cup ក្នុងប្រទេសកូរ៉េខាងត្បូងនាល្ងាចថ្ងៃនេះ។

    ក្រុមជម្រើសជាតិអ៊ីតាលី ដែលត្រូវបានដឹកនាំដោយលោក Alberigo Evani បានចាប់ផ្តើមយុទ្ធនាការនេះជាមួយនឹងការរងបរាជ័យដ៏ខកចិត្តក្នុងលទ្ធផល 1-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ប៉ុន្តែបានឈានទៅដល់វគ្គ 16 ក្រុមចុងក្រោយតាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផលស្មើ 2-០ លើក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង និងបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុមជម្រើសជាតិជប៉ុនអាយុក្រោម 2០ឆ្នាំ។ ក្រោយមក អ៊ីតាលី បានទម្លាក់ជើងខ្លាំងបារាំងក្នុងលទ្ធផល 2-1 ក្នុងទីក្រុង Cheonan នៅមុនពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-2 លើក្រុមជម្រើសជាតិហ្សំប៊ីក្នុងម៉ោងបន្ថែម 15នាទីលើកទីពីរ ដើម្បីឈានទៅជួបក្រុមជម្រើសជាតិអង់គ្លេស របស់លោក Paul Simpson។

    ដោយឡែក ក្រុមជម្រើសជាតិអង់គ្លេស មិនទាន់ស្គាល់ចាញ់នៅឡើយទេក្នុងយុទ្ធនាការនេះមកទល់ពេលនេះ ដោយពួកគេបានបញ្ចប់ដោយការឈរលេខ 1ក្នុងពូល ក្រោយពីបានយកឈ្នះលើក្រុមយុវជនអាហ្សង់ទីន ក្នុងលទ្ធផល 3-1 មុននឹងទទួលបានលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិហ្គីណេ និងផ្តួលក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង 1-0។ ក្រុមជម្រើសជាតិអង់គ្លេស បានបន្តយកឈ្នះលើក្រុមជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយ មុននឹងផ្តួលក្រុមជម្រើសជាតិម៉ិកស៊ិក 1-០ ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះ។

    ស្របពេលជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយអាយុក្រោម 2០ឆ្នាំ នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត រវាងក្រុមស្ថិតក្នុងតំបន់អាមេរិកខាងជើងដូចគ្នា។
    អង់គ្លេស ត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលី ចាប់ពីម៉ោង 6ល្ងាចតទៅ ខណៈដែលការប្រកួតរវាងអ៊ុយរូហ្គាយ និងវ៉េណេស៊ុយអេឡា នឹងចាប់ផ្តើមនៅម៉ោង 3រសៀលថ្ងៃព្រហស្បតិ៍នេះ៕
    ប្រភពព័ត៌មាន៖ Sky Sport

  • ថ្ងៃនេះ អាចមកយកសំបុត្រ Free បាន ដើម្បីចូលទស្សនារឿង «តាមប្រមាញ់ខ្មោច»

    ថ្ងៃនេះ អាចមកយកសំបុត្រ Free បាន ដើម្បីចូលទស្សនារឿង «តាមប្រមាញ់ខ្មោច»

    តារាសិល្បៈកម្ពុជាជាច្រើនដួងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតដើម្បីចូលទៅបង្អួតរូបសម្ផស្សនៅក្នុងពិធីសម្ពោធកម្មវិធី «Thai Film Festival» ដែលពិធីនេះនឹងប្រព្រឹត្ដទៅរយៈពេល 5ថ្ងៃ ចាប់ពីថ្ងៃទី 7-11 ខែមិថុនា ឆ្នាំ 2017 ។

    នេះជាថ្ងៃទីពីរហើយដែលពិព័រណ៌ភាពយន្ដថៃបានដំណើរការទៅមុខយ៉ាងរលូន។ ទស្សនិកជនទាំងអស់អាចចូលទស្សនាភាពយន្ដមានចំណងជើងថា «តាមប្រមាញ់ខ្មោច» ដោយសេរីនៅថ្ងៃនេះចាប់ពីម៉ោង 1ដល់ម៉ោង 3រសៀល។ ដូច្នេះទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្ដបែបកំប្លែង ភ័យរន្ធត់ អាចរួសរាន់មកយកទទួលសំបុត្រចូលទស្សនា Free នៅរោងភាពយន្ដ Major Cineplex by Cell Card បាន។

    ខាងក្រោមនេះជារូបថតបញ្ជាក់ពីសកម្មភាពតារាសិល្បៈកម្ពុជាដែលបានចូលរួម៖

     

     

  • Man United នឹងបង្កើនសំណើរហូតដល់៦០លានផោនដើម្បីទិញ Morata ពី Real Madrid

    Man United នឹងបង្កើនសំណើរហូតដល់៦០លានផោនដើម្បីទិញ Morata ពី Real Madrid

    ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមបង្កើនសំណើរបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធ Alvaro Morata ក្នុងតម្លៃខ្លួនរហូតដល់ទៅ៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) ក្រោយពីការដាក់សំណើជាលើកទី១របស់ពួកគេក្នុងទឹកប្រាក់៥២លានផោន ត្រូវបានច្រានចោលពីសំណាក់ក្លិប Real Madrid។

    លោក Jose Mourinho បានចាត់ទុកខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ គឺជាគោលដៅទិញចូលជាអាទិភាពរបស់លោកនៅរដូវក្តៅនេះ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បានប្រកាសថា រូបគេនឹងមិនចាកចេញពីក្លិប Atletico Madrid ឡើយ។

    ការចរចាផ្សេងៗជាមួយនឹងក្លិប Real Madrid បានធ្វើឡើងនៅសប្តាហ៍នេះ ខណៈដែលសំណើជាលើកទីមួយរបស់ Man United ក្នុងទឹកប្រាក់៦០លានអឺរ៉ូ (ស្មើនឹង៥២លានផោន ) ត្រូវបានច្រានចោល ក្រោយពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League បានដាក់តម្លៃខ្លួនទៅលើ Morata រហូតដល់ទៅ៩០លានអឺរ៉ូ (ស្មើនឹង១០១លានដុល្លារអាមេរិក ឬ៧៨លានផោន)។ Man United ត្រូវបានគេមើលឃើញថា មានការជឿជាក់ក្នុងការបញ្ចុះបញ្ចូលប្រធានក្លិបរបស់ Real Madrid គឺលោក Florentino Perez ឲ្យយល់ព្រមបញ្ចុះតម្លៃខ្លួនរបស់ Alvaro Morata ប្រសិនបើពួកគេអាចបង់ភាគច្រើននៃតម្លៃខ្លួនសរុបរបស់ កីឡាករម្នាក់នេះបាន។

    ខ្សែប្រយុទ្ធរូបនេះ ទើបតែបានវិលត្រឡប់ទៅកាន់កីឡដ្ឋាន Santiago Bernabeu វិញពីក្លិប Juventus កាលពីឆ្នាំមុន ក្រោយពី Real បានប្រើប្រាស់លក្ខខណ្ឌទិញរំលាយកិច្ចសន្យាក្នុងទឹកប្រាក់៣០លានផោន។

    ក្លិបតោខៀវ Chelsea ក៏បានបង្ហាញពីការចាប់អារម្មណ៍ទៅលើ Morata ផងដែរ ក្រោយពីខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទីសរុប២០គ្រាប់ ក្នុងរាល់យុទ្ធនាការប្រកួតទាំងអស់ កាលពីរដូវកាលមុន និងបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ទទួលបានលទ្ធផលស្មើ ២-២ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី កាលពីថ្ងៃពុធ ប៉ុន្តែ Chelsea ក៏កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការនាំយក Romelu Lukaku ពីក្លិប Everton ដែរ៕
    ប្រភពពី៖ The Guardian

  • វិធី Save អាសយដ្ឋាន ឬការិយាល័យក្នុងកម្មវិធី Google Maps

    វិធី Save អាសយដ្ឋាន ឬការិយាល័យក្នុងកម្មវិធី Google Maps

    ការបញ្ចូលឈ្មោះ និងអាសយដ្ឋាន ឬការិយាល័យទៅក្នុងកម្មវិធី Google Maps វាជាវិធីសាស្ដ្រល្អមួយ ដែលវាអនុញ្ញាតឱ្យលោកអ្នក និងអ្នកប្រើប្រាស់ដទៃទៀត ងាយស្រួលស្វែងទីតាំងនោះនៅលើផែនទីបែប ឌីជីថលមួយនេះ ដោយមិនចាំបាច់វាយបញ្ជូលច្រើនដងទៀត។ ក្នុងន័យនេះ វាក៏ផ្ដល់ភាពងាយស្រួលផងដែរ លើការប្រាប់ទីតាំង ដើម្បីឱ្យនរណាម្នាក់ទៅដល់ការិយាល័យ ឬផ្ទះរបស់យើងបានតាមរយៈមុខងារ Share Location ឬការចង្អុលបង្ហាញទៅអ្នកបើកបររថយន្តឈ្នួល ឬការដាក់ឱ្យក្មេងៗដែលមិនសូវស្គាល់ផ្លូវងាយស្រួលក្នុងការរកផ្លូវមកផ្ទះដោយខ្លួនឯងជាដើម។ សម្រាប់ការកំណត់នេះ យើងសូមលើកយកជម្រាបជូនសម្រាប់តែទូរស័ព្ទប្រើប្រព័ន្ធ Android មួយសិន៖

    1. ជាដំបូង សូមប្រិយមិត្តចូលទៅកាន់កម្មវិធី Google លើទូរស័ព្ទ Android ហើយចុចលើសញ្ញាឆ្នូត 3 (ដូចក្នុងរូបខាងក្រោម)
    2. បន្ទាប់មក ចុចលើ Your Places

    3. បន្ទាប់មកទៀត ចុចលើ Set home address
    4. វាយបញ្ចូលអសយដ្ឋានផ្ទះរបស់អ្នក
    5. ជ្រើសរើសអសយដ្ឋានរបស់អ្នកដែលបានលោតឡើងជាស្រេច (ប្រសិនបើមាន)
    6. សូមធ្វើតាមដំណាក់កាលទី 1 ដល់ដំណាក់កាលទី 5 ប្រសិនបើលោកអ្នកចង់ Save អាសយដ្ឋាន ឬការិយាល័យធ្វើការរបស់អ្នក៕

  • Liverpool ដកការចាប់អារម្មណ៍លើ Van Dijk ក្រោយ Southampton តវ៉ា

    Liverpool ដកការចាប់អារម្មណ៍លើ Van Dijk ក្រោយ Southampton តវ៉ា

    ក្លិប Southampton ជឿជាក់ថា ខ្សែការពារ Virgil van Dijk នឹងបន្តនៅជាមួយពួកគេនៅរដូវកាលក្រោយនេះ បន្ទាប់ពីក្លិប Liverpool ត្រូវបានបង្ខំឲ្យដកខ្លួនចេញទាំងអាម៉ាសពីការតាមប្រមាញ់ទិញកីឡាកររូបនេះ។

    ក្លិប Southampton បានខឹងសម្បាយ៉ាងខ្លាំង ក្រោយពីមានសារព័ត៌មានចេញផ្សាយថា Liverpool កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការបំពេញការផ្ទេរមួយក្នុងតម្លៃខ្លួន៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារកណ្តាលអន្តរជាតិហូឡង់រូបនេះ ហើយពួកគេបានរាយការណ៍ព័ត៌មាននេះទៅកាន់ក្លិប Premier League ដោយចោទប្រកាន់ Liverpool ពីបទដាក់សំណើមិនស្របច្បាប់។ Southampton មានអារម្មណ៍ថា គោលបំណងរបស់ Liverpool ត្រូវបានបង្ហាញនៅក្នុងអត្ថបទព័ត៌មាននោះ ហើយពួកគេបានបញ្ជាក់ថា កីឡាករ Van Dijk ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Anfield ប្រាកដមែន បើទោះបីមិនមានការដាក់សំណើជាផ្លូវការណាមួយសម្រាប់រូបគេក៏ដោយ។ មានព័ត៌មានជាច្រើនចេញផ្សាយថា Van Dijk បានជួបជាមួយនឹងលោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool ក្នុងទីក្រុង Blackpool ដើម្បីពិភាក្សាទៅលើការផ្ទេរដែលអាចទៅរួចមួយ ខណៈដែលការពិភាក្សានេះគឺជាការប្រព្រឹត្តខុសនឹងច្បាប់របស់លីកអាជីពអង់គ្លេសដោយសារតែគ្មានការស្នើសុំការអនុញ្ញាតពីក្លិបដែលជាម្ចាស់កម្មសិទ្ធិ។

    កាលពីថ្ងៃពុធម្សិលមិញ Liverpool បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ពួកគេ ដើម្បីបង្ហាញពីភាពសោកស្តាយ និងការសុំអភ័យទោស។ ក្លិបហង្សក្រហមមួយនេះ បានឲ្យដឹងថា៖ «យើងពិតជាសុំទោសដល់ក្លិប Southampton ចំពោះការយល់ច្រឡំណាមួយទាក់ទងនឹងការតាមទិញ Van Dijk ហើយយើងអាចនិយាយបានថា យើងបានដកការចាប់អារម្មណ៍ទៅលើរូបកីឡាករម្នាក់ហ្នឹងហើយ»៕
    ប្រភពព័ត៌មាន៖ The Guardian

  • ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យករ និងការតុបតែងនៅកម្ពុជា» បានចាប់ផ្ដើមហើយ!

    ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យករ និងការតុបតែងនៅកម្ពុជា» បានចាប់ផ្ដើមហើយ!

    ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យករ និងការតុបតែងនៅកម្ពុជា» គ្រោងប្រព្រឹត្តទៅចំនួន 3ថ្ងៃ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃនេះ ដោយបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

    ពិធីពិព័រណ៍អន្តរជាតិនេះ គេជឿជាក់ថា នឹងផ្ដល់ឱកាសដល់ស្ថាបត្យករ និងអ្នកតុបតែងទាំងអស់ឱ្យបានឃើញនូវសម្ភារទំនើបៗ សម្រាប់ធ្វើការអភិវឌ្ឍន៍លើវិស័យសំណង់ និងស្ថាបត្យកម្ម នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងមានភាពរីកចម្រើន។ កម្មវិធីនេះនឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍវិស័យអចលទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធ អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ។

    ក្នុងការរៀបចំការតាំងពិព័រណ៍នេះ ក្រុមហ៊ុន ICVEX បានចាប់ដៃគូជាមួយនឹងសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលនឹងអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឲ្យចូលរួមចែករំលែកបទពិសោធ។ សមាគមស្ថាបត្យករកម្ពុជា ក៏នឹងត្រូវរៀបចំការប្រកួតប្រជែង ផ្នែករចនារបស់ CSA ឆ្នាំ2017 ដើម្បីប្រគល់រង្វាន់ដល់អ្នកមានគំនិតច្នៃប្រឌិតល្អបំផុត៕

  • ត្រឹមរយៈ 2 ថ្ងៃប្រជាជននៅលើ “អគារប៊ុលឌិងស” ចំនួន 110 បន្ទប់ត្រូវបានរើចេញ

    ត្រឹមរយៈ 2 ថ្ងៃប្រជាជននៅលើ “អគារប៊ុលឌិងស” ចំនួន 110 បន្ទប់ត្រូវបានរើចេញ

    រហូតមកដល់ពេលនេះមានរយៈពេល 2 ថ្ងៃហើយដែលប្រជាពលរដ្ឋរស់នៅលើ ”អគារប៊ុលឌិងស” បាននាំគ្នារើអីវ៉ាន់របស់ខ្លួនចេញពីបន្ទប់រស់នៅដើម្បីទទួលបានប្រាក់សំណងពីក្រុមហ៊ុនអភិវឌ្ឍន៍។

    ក្រោយពីមានការសម្របសម្រួលពីរដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់អំពីសំណងជូនប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិងសរួចមក ប្រជាពលរដ្ឋជាង 200 គ្រួសារបានឯកភាពចាប់ផ្តើមរើឥវ៉ាន់របស់ខ្លួនចេញពីបន្ទប់នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017។ ជាលទ្ធផលកាលពីម្សិលមិញមានប្រជាពលរដ្ឋចំនួន 75 បន្ទប់បានរើឥវ៉ាន់ចេញនឹងទទួលបានប្រាក់សំណងរួចរាល់ហើយ។

    ដោយឡែកនៅថ្ងៃនេះគិតចាប់ពីម៉ោង11និង30នាទីប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិចំនួន 110គ្រួសារ ដែលរស់នៅលើអគារដ៏ចំណាស់នេះក៏បានទទួលប្រាក់ទូទាត់សំណងរួចហើយដែរ បន្ទាប់ពីពួកគេបានប្រគល់បន្ទប់ស្នាក់នៅទាំងនោះឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចូលកាន់កាប់រួចមក។

    គួរបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋទាំងអស់ទទួលបានប្រាក់ទូទាត់រួចរាល់ និងអគារទាំងមូលត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ហើយ ក្រុមហ៊ុនពិស្ណុការនឹងទទួលភារកិច្ចក្នុងការវាយរំលំអគារប៊ុលឌិងសនេះ៕

  • ចូ អ៊ីប៊យ The Voice Thailand ទម្លាយស្នេហាផ្អែមល្ហែមជាមួយតារាម៉ូដែល

    ចូ អ៊ីប៊យ The Voice Thailand ទម្លាយស្នេហាផ្អែមល្ហែមជាមួយតារាម៉ូដែល

    បន្ទាប់ពីតារាបង្ហាញម៉ូដ និងតារាសម្ដែងស្រី Gwang បេក្ខនារី The Face Thailand រដូវកាលទី ២ បានចេញមុខទទួលស្គាល់ការពិតថា កំពុងតែសិក្សាចិត្តថ្លើមគូស្នេហ៍តារាចម្រៀងប្រុស ចូ អ៊ីប៊យ ដែលជាគណៈកម្មការ The Voice Thailand អស់រយៈពេលជិត ១ ឆ្នាំហើយក៏ដោយ ក៏ប៉ុន្ដែមិនទាន់មានលេចចេញរួបភាពស្នេហ៍ស្និទ្ធផ្អែមល្ហែមជាមួយគ្នាជាចំហនៅឡើយទេ។

    ទើបតែថ្មីៗនេះ អ្នកទាំងពីរលែងអាចលាក់បាំងបានទៀតហើយ ទើបទម្លាយរូបភាពកៀកកើយស្នេហ៍ស្និទ្ធយ៉ាងផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់ ចូ អ៊ីប៊យ ដែលអមដោយបទចម្រៀងដែលមានចំណងជើងថា “อยู่คนเดียวไม่ได้แล้ว“ ដែលមានអត្ថន័យក្នុងបទចម្រៀងថា “ ឱ្យនៅតែម្នាក់ឯងដូចមុនប្រហែលជាលែងបានទៀតហើយ ចង់បានជីវិតដែលមានអូន មានអូនតែម្នាក់គត់ដែលធ្វើឱ្យថ្ងៃនេះមានតម្លៃ បងគ្មានអ្វីផ្សេងដែលត្រូវតាមរកទៀតទេ បងចង់ប្រើពេលវេលាដែលបងមាន ដើរទៅជាមួយអូន “ ដែលអត្ថន័យនោះបានធ្វើឱ្យអ្នកគាំទ្រលង់អារម្មណ៍ទៅជាមួយលោកផងដែរ ។

    គួរបញ្ជាក់ផងដែរថា រូបភាពទាំងឡាយដែលតារាប្រុសខាងលើបានបង្ហោះនោះ គឺជាដំណើរកម្សាន្ដទៅកាន់ប្រទេសជប៉ុន កាលពីឆ្នាំមុន ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា នេះជាព័ត៌មានដ៏ធំបំផុតមួយបន្ទាប់ពីក្តីស្នេហារបស់ស្រីស្អាត និងប្រុសសង្ហាមួយគូខំប្រឹងលាក់យ៉ាងស្ងាត់អស់មួយរយៈយ៉ាងយូរមក៕

     

  • លោក Bosz ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Dortmund

    លោក Bosz ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Dortmund

    លោក Peter Bosz សញ្ជាតិហូឡង់ ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Borussia Dortmund នេះបើយោងតាមការប្រកាសរបស់ក្លិបអាល្លឺម៉ង់មួយនេះ កាលពីថ្ងៃអង្គារ។

    ក្លិប Dortmund បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter របស់ពួកគេ អំពីការប្រកាសតែងតាំងនេះថា៖ «លោក Peter Bosz គឺជាគ្រូបង្វឹកបង្គោលថ្មីរបស់ក្លិប BVB។ កិច្ចសន្យារបស់លោកនឹងបន្តរហូតដល់ឆ្នាំ 2019»។ លោក Bosz វ័យ 53ឆ្នាំ បានផ្ទេរមកពីក្លិប Ajax Amsterdam ក្រោយពីដឹកនាំឲ្យក្លិបហូឡង់មួយនេះ ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League មុននឹងចាញ់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល 2-0 កាលពីខែមុន។

    ក្រោយពីបានចំណាយពេលដ៏ខ្លីក្នុងនាមជាកីឡាករម្នាក់នៅអាល្លឺម៉ង់ ជាមួយនឹងក្លិប Hansa Rostock កាលពីទសវត្សរ៍ឆ្នាំ1990 គ្រូបង្វឹករូបនេះនឹងចូលជំនួសកន្លែងរបស់លោក Thomas Tuchel ដែលបានចាកចេញ បើទោះបីជាក្លិប Dortmund បានឈ្នះពាន German Cup ដែលជាពានរង្វាន់ធំលើកទី1 របស់ពួកគេក្នុងរយៈពេល 5ឆ្នាំ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅលើតារាងក្របខ័ណ្ឌ Bundesliga ក្នុងរដូវកាលដែលទើបតែបានបញ្ចប់នេះក៏ដោយ។

    លោក Hans-Joachim Watzke ប្រធានប្រតិបត្តិរបស់ក្លិប Dortmund បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ក្រៅពីមហិច្ឆតាក្នុងកីឡារបស់យើង អារម្មណ៍ដែលយើងមាននឹងគិតថា យើងអាចបង្កើតអ្វីមួយរួមគ្នានៅទីនេះ បានក្លាយជាកត្តាកាត់សេចក្តីក្នុងការសម្រេចឲ្យមានការតែងតាំងនេះតែម្តង»៕
    ប្រភពពី៖ Sky Sports

  • Rain បដិសេធមិនថតរឿង X-Men វគ្គថ្មី

    Rain បដិសេធមិនថតរឿង X-Men វគ្គថ្មី

    តារាសម្ដែង និងជាផលិតករភាពយន្តកូរ៉េ Lee Bum Soo បាននិយាយថា តារាឯកប្រុស Rain បានបដិសេធឱកាសសម្ដែងជាតួអង្គក្នុងរឿង X-Men ដោយលោកអាចយកពេលវេលានោះ មកបន្ដសម្ដែងក្នុងខ្សែភាពយន្ដកូរ៉េ ដែលមានចំណងជើងថា «Uhm Bok Dong» វិញ។

    នៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ លោក Lee Bum Soo បានបន្ថែមទៀតថា លោកឃើញ Rain ពិតជាបានបង្ហាញនូវទេពកោសល្យសម្តែងខុសប្លែកពីមុនមែន ខណៈដែលគេទាំងពីរកំពុងតែហាត់សមដើម្បីថតរឿងថ្មីនោះជាមួយគ្នា ។ លោកបានបន្ដថា លោកធ្លាប់គិតថា Rain ក៏ដូចជាតារាសម្ដែងធម្មតាទូទៅដែរ ប៉ុន្ដែនៅពេលដែលបានចូលរួមសហការការងារជាមួយគ្នានៅក្នុងរឿងនោះ ទើបលោកកត់សម្គាល់ឃើញថា តារាឯកប្រុសរូបនេះ បានអភិវឌ្ឍខ្លួនទៅជាកំពូលតារាប្រុសដែលមានទេពកោសល្យដ៏ឆ្នើមមួយរូបដែលមានស្នាមញញឹម និងអប្បកិរិយារួសរាយជានិច្ច។

    គួរបញ្ជាក់ផងដែរថា តារាឯកប្រុស Rain ត្រូវបានស្នើសុំឱ្យសម្ដែងភាពយន្ដហូលីវូដរឿង X-Men ក្នុងវគ្គថ្មី ដែលវណ្ណកម្មរបស់ផលិតកម្ម Marvel Studio ដែលនឹងគ្រោងថតនៅក្នុងខែកក្កដា ឆ្នាំ២០១៧នេះ តែត្រូវបាន តារាប្រុសរូបសង្ហាដ៏មានប្រជាប្រិយរូបនេះច្រានចោលសំណើនេះជាមុន ដោយសម្រេចចិត្តផ្ដោតទៅលើការថតរឿង “Uhm Bok Dong” វិញដែលនឹងចាប់ផ្តើមថតនៅខែសីហា ឆ្នាំនេះវិញ៕