Author: វល័ក្ខ

  • ម្ដាយ T.O.P បញ្ជាក់ថា កូនប្រុសដឹងខ្លួនវិញហើយ ក្រោយពីដួលសន្លប់

    ម្ដាយ T.O.P បញ្ជាក់ថា កូនប្រុសដឹងខ្លួនវិញហើយ ក្រោយពីដួលសន្លប់

    នៅគ្រាដែលបញ្ហាជាច្រើនបានកើតឡើងចំពោះ T.O.P ខណៈដែលលោកត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដោយសារតែខ្វះអុកស៊ីហ្ស៊ែន ហើយមានបញ្ហារឿងខួរក្បាលនោះ ធ្វើឱ្យម្ដាយរបស់កំពូលតារាចម្រៀងរូបនេះ ចេញមុខអះអាងថា កូនប្រុសខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុត រហូតដល់ជិតស្លាប់ដោយសារតែកង្វះអុកស៊ីហ្ស៊ែន ។

    តែដំណឹងចុងក្រោយ ថ្មីៗនេះ ពីគេហទំព័រ KoreanBooបានឱ្យដឹងពីសម្ដីអះអាងជាថ្មិម្ដងទៀតរបស់ម្ដាយតារាចម្រៀង T.O.P បានថ្លែងថា កូនប្រុសរបស់លោកស្រីបានបើកភ្នែកដឹងខ្លួនវិញហើយ កាលពីវេលាម៉ោង 1៖45នាទីទៀបភ្លឺ នៅក្នុងមន្ទីពេទ្យ Ewha Woman’s University Mokdong Hospital បន្ទាប់ពីតារាប្រុសខាងលើបានដេកសន្លប់អស់រយៈពេល 3ថ្ងៃ ។

    អ្នកម្ដាយ T.O.P បានពោលថា «កូនប្រុសរបស់ខ្ញុំបានដឹងខ្លួន និងសុខភាពប្រសើរឡើងវិញបន្ដិចហើយ ខ្ញុំបាននៅមើលកូនជាប់នឹងភ្នែក »។

    ស្ថានភាពសុខភាពរបស់ T.O.P នៅពេលនេះ មានសភាពប្រសើរបន្ដិចហើយ និងមានអ្នកគាំទ្របានចូលទៅជូនពរលោកនៅលើបណ្ដាញសង្គម អ៊ីនស្ដាក្រាមជាច្រើនពាន់នាក់ផងដែរ ដើម្បីបួងសួងឱ្យលោកឆាប់ជាសះស្បើយ។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ តារាចម្រៀង T.O.P ត្រូវបានគេរកឃើញថា បានប្រើប្រាស់គ្រឿងញៀន និងត្រូវបានដកសិទ្ធិចេញពីការហ្វឹកហាត់ ជាទាហានការពារជាតិ៕

  • ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា» បើកសម្ពោធជាផ្លូវការ

    ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា» បើកសម្ពោធជាផ្លូវការ

    ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា» ដែលគ្រោងប្រព្រឹត្តទៅចំនួន 3ថ្ងៃ បានបើកសម្ពោធជាផ្លូវការហើយកាលពីព្រឹកមិញនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

     

    ពិធីតាំងពិព័រណ៍អន្តរជាតិដែលប្រព្រឹត្ដទៅរយៈពលបីថ្ងៃចាប់ពីថ្ងៃ08-11ខែមិថុនា ឆ្នាំ 2017 នេះ គេជឿជាក់ថា នឹងផ្ដល់ឱកាសដល់ស្ថាបត្យករ និងអ្នកតុបតែងទាំងអស់ឱ្យបានឃើញនូវសម្ភារទំនើបៗ សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងមានភាពរីកចម្រើន។ កម្មវិធីនេះនឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធ អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ។

    ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការបង្កើតកម្មវិធីពិព័រណ៍ឡើងនេះពិតជាសមស្របទៅនឹងពេលវេលាដែលកម្ពុជាកំពុងតែមានការរីកចម្រើនលើវិស័យសំណង់។ ក្នុងឱកាសនោះដែរឯកឧត្ដមបានសំណូមពរដល់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងក្នុង និងក្រៅស្រុកដែលធ្វើការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ធ្វើយ៉ាងណាជួយប្រើធនធាននៅក្នុងស្រុកឱ្យអស់លទ្ធភាពដើម្បីផ្ដល់ឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្ដិការ និងការផ្លាស់ប្ដូរបទពិសោធ។

    ព្រឹត្ដិការណ៍នេះមានការចូលរួមពីក្រុមហ៊ុនល្បីៗក្នុង និងក្រៅស្រុកចំនូន150 ដែលមានកំណើន25% ធៀបទៅនឹងឆ្នាំ2016. ក្នុងនោះមានការចូលរួមពីប្រទេសសង្ហបុរី ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងប្រទេសចិនជាដើម៕

  • ក្រុមហ៊ុនធំមួយរបស់ចិន គ្រោងសង់សណ្ឋាគារចំនួន 1០០កន្លែងនៅកម្ពុជា

    ក្រុមហ៊ុនធំមួយរបស់ចិន គ្រោងសង់សណ្ឋាគារចំនួន 1០០កន្លែងនៅកម្ពុជា

    ភ្នំពេញៈ ក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិនឈ្មោះ ShenZhen Win Win Decoration &Designing គ្រោងនឹងបោះទុនសាងសង់សណ្ឋាគារឲ្យបាន 1០០កន្លែងនៅកម្ពុជា ក្នុងរយៈពេល 5ឆ្នាំខាងមុខនេះ។

    នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី8 ខែមិថុនា នៅទីស្តីក្រសួង លោកស្រី Tao Jia ប្រធានក្រុមហ៊ុន ShenZhen Win Win Decoration &Designing បានថ្លែងថា ក្នុងចំណោមសណ្ឋាគារចំនួន1០០កន្លែងនោះ គឺភាគច្រើនក្រុមហ៊ុនគ្រោងនឹងសាងសង់នៅប៉ែកខាងតំបន់ឆ្នេរសមុទ្រច្រើនជាងនៅប៉ែកខាងខេត្តសៀមរាប។ ទោះជាយ៉ាងណាលោកស្រីមិនទាន់បញ្ជាក់ឲ្យដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណា និងគ្រោងបោះទុនប៉ុន្មានលានដុល្លារនៅឡើយទេ។

    ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ការស្វែងរកឱកាសវិនិយោគទុនរបស់វិនិយោគិនចិននៅកម្ពុជានេះ គឺបានធ្វើឡើងបន្ទាប់ពីគេបានសម្លឹងឃើញថា បច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត កម្ពុជានឹងមានភ្ញៀវទេសចរចិនជាច្រើនចូលមកទស្សនានៅកម្ពុជា ពិសេសនៅតំបន់ឆ្នេរសមុទ្រនារដូវត្រជាក់។ បច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ជាសេនាធិការបាន និងកំពុងធ្វើការងារទាក់ទាញភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជា ឲ្យបាន 2លាននាក់នៅឆ្នាំ 2020។

    នៅកម្ពុជាមានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានកំពុងដំណើរការ ប៉ុន្តែរាល់ផ្ទះសំណាក់និងសណ្ឋាគារស្នាក់នៅទាំងនោះ គឺមិនទាន់បំពេញបានតាមតម្រូវការនៃកំណើនភ្ញៀវទេសចរជាតិអន្តរជាតិនោះទេ។

    របាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ 2016 កម្ពុជាទទួលភ្ញៀវទេសចរបានប្រមាណជាង 5លាននាក់ និងបានរកចំណូលដាក់ចូលក្នុងថវិកាជាតិប្រមាណ 3400លានដុល្លារអាមេរិក ហើយតាមទិសដៅបន្តរបស់ក្រសួងទេសចរណ៍គឺ នៅឆ្នាំ2020 នឹងទាក់ទាញកំណើនភ្ញៀវទេសចរបាន 7លាននាក់ និងអាចរកចំណូលដាក់បញ្ចូលក្នុងថវិកាជាតិប្រមាណ 5000លានដុល្លារអាមេរិក៕

  • Costa ៖ លោក Conte លែងចង់បានខ្ញុំនៅក្លិប Chelsea ហើយ

    Costa ៖ លោក Conte លែងចង់បានខ្ញុំនៅក្លិប Chelsea ហើយ

    ខ្សែប្រយុទ្ធ Diego Costa បានបញ្ជាក់ថា រូបគេនឹងសម្លឹងរកការចាកចេញពីក្លិបតោខៀវ Chelsea ក្រោយពីត្រូវបានប្រាប់ដោយលោកគ្រូបង្វឹក Antonio Conte ថា រូបគេនឹងមិនស្ថិតក្នុងផែនការរបស់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះទេសម្រាប់រដូវកាលក្រោយនេះ។

    Costa បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងការជួយឲ្យ Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ តាមរយៈការស៊ុតបាល់បញ្ចូលទី២២គ្រាប់។ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេបានបញ្ជាក់ថា គេគ្មានជម្រើសអ្វីក្រៅពីការចាកចេញពីកីឡដ្ឋាន Stamford Bridge ឡើយ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ក្រោយពីត្រូវបានប្រាប់ដោយលោក Conte ថា រូបគេគ្មានអនាគតជាមួយនឹងក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះឡើយ។

    ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃពុធ Costa បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំនឹងសម្តែងនូវភាពស្មោះត្រង់ កាលពីថ្ងៃមុន ខ្ញុំបានទទួលសារមួយពីសំណាក់លោកគ្រូបង្វឹក Conte ថា ខ្ញុំមិនស្ថិតក្នុងផ្នែកនៃគម្រោងរបស់គាត់ទេ ពេលនេះ ខ្ញុំជាកីឡាករ Chelsea ពីព្រោះខ្ញុំនៅជាប់កិច្ចសន្យា ប៉ុន្តែ ប្រសិនបើគ្រូបង្វឹកលែងចង់បានខ្ញុំហើយនោះ មានន័យថា ខ្ញុំត្រូវតែចាកចេញ»៕
    ប្រភពពី៖ Sport.yahoo

  • កញ្ញា ហ៊ិន ចាន់នីរ័ត្ន ធ្វើឱ្យទស្សនិកជនញ័រខ្លួន ទ្រាំមិនបានក្នុងរឿង «ធ្មប់»

    កញ្ញា ហ៊ិន ចាន់នីរ័ត្ន ធ្វើឱ្យទស្សនិកជនញ័រខ្លួន ទ្រាំមិនបានក្នុងរឿង «ធ្មប់»

    តារាស្រីកញ្ញា ហ៊ិន ចាន់នីរ័ត្ន ដែលជាពិធីការិនីល្បីប្រចាំកម្មវិធី The Style និង Cha Cha Cha របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មាននោះ បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណនាសម័យលង្វែក យ៉ាងស័ក្តិសមជាមួយនឹងទឹកមុខដ៏គួរឱ្យព្រឺព្រួច តាមរយៈខ្សែភាពយន្ដខ្នាតធំរបស់វណ្ណកម្ម មាតុចក្រភាពយន្ដ គឺរឿង «ធ្មប់»។

    ពិធីការិនីប៉ុស្ត៍ទូរទស្សន៍ បាយ័នរូបនេះ បានធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់របស់កញ្ញាក្នុងសម្លៀកបំពាក់មួយឈុតនេះ រហូតដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាភ្ញាក់ផ្អើលហើយលាន់មាត់ថា ពិតជាទ្រាំរង់ចាំមើលលែងចង់បានទៀតហើយ ដោយសារតែក្តីទទូចអន្ទះសាររង់ចាំចំពោះការដាក់បញ្ចាំងរឿងដ៏គួរឱ្យភ័យរន្ធត់មួយនេះ ។

    គួរកត់សម្គាល់ផងដែរថា សម្ទុះនៃការគាំទ្ររបស់ខ្សែភាពយន្ដខ្នាតធំដែលសម្ដែងដោយកញ្ញា ហ៊ិន ចាន់នីរ័ត្ន កំពុងតែពុះកញ្ជ្រោលខ្លាំងឡើងៗ តាមរយៈការបង្ហោះរូបភាពក្រៅឆាកខ្លះៗរបស់នាងនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង និងដោយសារការជឿជាក់លើការដឹកនាំរឿងរបស់លោក ហ៊ុយ យ៉ាឡេង កាលពីរឿង «វិកលចរិត» កាលពីពេលមុន បានធ្វើឱ្យទស្សនិកជននៅតែបន្ដគាំទ្រស្នាដៃរបស់លោកបន្ទាប់នេះ ដោយរំពឹងទុកថា រឿង «ធ្មប់» នេះនឹងមានគុណភាពភាពយន្ដស្តង់ដារដូចជារឿងមុនដែរ ហើយអ្នកគាំទ្រគ្រប់រូបក៏មានមោទនភាពចំពោះស្នាដៃដឹកនាំរឿងរបស់លោកផងដែរ៕

  • កំពូលតារាចម្រៀងថៃ លោក Bird ចាប់ផ្ដើមស្នេហ៍ថ្មី នៅវ័យ 6០ឆ្នាំ

    កំពូលតារាចម្រៀងថៃ លោក Bird ចាប់ផ្ដើមស្នេហ៍ថ្មី នៅវ័យ 6០ឆ្នាំ

    បន្ទាប់ពីបាត់មុខអស់រយៈពេល 2ឆ្នាំ កំពូលតារាចម្រៀងលំដាប់ជួរមុខគេដ៏អមតៈរបស់ប្រទេសថៃ លោក Bird Thongchai (បឺត ធុងឆ័យ) ដែលមានវ័យ 6០ឆ្នាំហើយនោះ បានវិលត្រឡប់មកជាថ្មីម្តងទៀតជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី ព្រមទាំងមានដំណឹងល្អពាក់ព័ន្ធនឹងរឿងស្នេហាមកប្រាប់ទៀតផង។

    នៅទីបំផុត លោក Bird បានបង្ហាញវត្តមានជាថ្មី ជាមួយបទសម្ភាសនៅមុខបណ្ដាភ្នាក់ងារសារព័ត៌មាននានាដើម្បីផ្សព្វផ្សាយអំពីអាល់ប៊ុមបទចម្រៀងថ្មី និងការប្រគំតន្ត្រីប្រចាំឆ្នាំ ពិសេសជាងនេះទៅទៀត គឺលោកចង់ប្រាប់អំពីវិធីសាស្ត្រមើលថែទាំខ្លួន និងរឿងរ៉ាវស្នេហាដែលបានបាត់មុខមួយរយៈ និងលេចឮដំណឹងថា លោកកំពុងតែមានអ្នកតាមចែចង់ហើយ ។

    ក្នុងបទសម្ភាសនេះតារាប្រុសដ៏ល្បីយ៉ាងអមតៈខាងលើបានពោលថា «ញ័រពេញខ្លួនអស់ហើយ ចង់ប្រាប់ថានៅពេលនេះកំពុងរៀបចំអាល់ប៊ុមថ្មី ហើយបទទាំងអស់នោះក៏ចង់តែច្រៀងឥឡូវនេះទៀតផង តែធ្វើមិនបានទេ សុំលាក់ទុកសិន និង2 ឆ្នាំកន្លងទៅនេះ Bird បានបង្កើតបទថ្មីដែលមានស្ទីលច្រៀងខុសពីអាល់ប៊ុមមុនៗ ហើយគ្រោងនឹងបង្ហាញជូននៅពេលការប្រគំតន្ត្រីបើកឆាកអាល់ប៊ុមថ្មីមកដល់ ហើយជឿថាអ្នកគាំទ្រគ្រប់រូបនឹងទន្ទឹងរង់ចាំទស្សនាក្បាច់រាំរបស់កំលោះអាយុ 6០ ឆ្នាំរូបនេះថា តើនឹងរាំបានដល់កម្រិតណាមិនខាន? ហេស ហេស… »។

    ជាចុងក្រោយមានសំណួរជាច្រើនបានចោទសួរលោក តែក៏មិនអាចរំលងសំនួរមួយនេះបានឡើយគឺ ហេតុអ្វីបានជាលោក Bird នៅមិនទាន់មានដៃគូស្នេហាអ៊ីចឹង វ័យក៏កាន់តែជ្រេរបន្តិចហើយនោះ ។ មិនបង្អង់យូរ តារាវ័យ 6០ ឆ្នាំរូបនេះបានឆ្លើយតបភ្លាមៗថា « នៅពេលនេះគឺចង់មានហើយ កំពុងតែចាប់ផ្ដើមមានសម្ព័ន្ធភាពល្អៗជាមួយគ្នាបន្តិចម្ដងៗហើយ និងថែមទាំងស្អិតល្មួតទៀតផង ហើយទៅថ្ងៃមុខក៏កំពុងព្យាយាមបង្កើនទំនាក់ទំនងល្អៗថែមទៀតដែរ ចង់ប្រាប់ថា បង Bird នៅពេលនេះលែងនៅកំលោះទៀតហើយបា៎ទ »៕

  • អ្វីខ្លះជាគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅឆ្នាំ 2030 សម្រាប់ការអប់រំ?

    អ្វីខ្លះជាគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅឆ្នាំ 2030 សម្រាប់ការអប់រំ?

    ការអប់រំ ជាផ្នែកសំខាន់មួយដែលពិភពលោកកំពុងយកចិត្តទុកដាក់ ក្នុងនោះអង្គការសហប្រជាជាតិ ក៏បានដាក់ចេញនូវកម្មវិធីរបស់ខ្លួនដើម្បីជាគោលដៅអភិវឌ្ឍន៍របស់ខ្លួនឆ្ពោះទៅរកភាពល្អប្រសើរនៅឆ្នាំ 2030។ នៅក្នុងសៀវភៅ «2030 មិនមែនជារឿងនិទាន» ដែលនិពន្ធដោយលោក អាលីន ហ្គមលី បានបង្ហាញពីចំណុចលម្អិតពាក់ព័ន្ធ និងចំណុចសំខាន់ៗដែលជាគោលដៅរបស់អង្គការសហប្រជាជាតិចំពោះកុមារ និងការអប់រំ ដូចខាងក្រោម៖

    1. ការរៀនសូត្រ
    ការរៀនសូត្រ គឺត្រូវធានាថាកុមារគ្រប់រូបនៅទូទាំងពិភពលោក អាចទៅសាលារៀន និងរៀនបានច្រើន ដូចជារៀនអាន សរសេរ រាប់លេខ និងផាត់ពណ៌ ជាដើម។

    2. កុមារ និងកុមារី មានសិទ្ធិស្មើគ្
    នា
    ត្រូវធានាការគោរពសិទ្ធិ និងការលើកទឹកចិត្តស្មើៗគ្នារវាងក្មេងប្រុស និងក្មេងស្រី តាមរយៈការទទួលបានការកម្សាន្តដូចគ្នា ដូចជាលេងបាល់បោះ ហោះហើរទៅកាន់ឋានព្រះចន្ទ ឡើងដើមឈើ និងចម្អិនអាហារជាដើម ធ្វើយ៉ាងម៉េចឱ្យពួកគេធ្វើអ្វីគ្រប់យ៉ាងបានដូចៗគ្នា។

    3. ការងារល្
    មនុស្សគ្រប់រូបចាំបាច់ត្រូវមានការងារល្អ ទទួលបានប្រាក់កម្រៃសមរម្យ និងមានការគាំពារ។ ចំពោះកុមារគឺមិនត្រូវធ្វើការងារធ្ងន់ដូចមនុស្សពេញវ័យឡើយ។

    4. នាំគ្នាកសាង
    ការសាងសង់អគារថ្មីៗឱ្យមានភាពរឹងមាំ មានសុវត្ថិភាព និងមិនប៉ះពាល់ដល់ផែនដីជារឿងសំខាន់សម្រាប់មនុស្ស។ ក្រៅពីនេះ ប្រព័ន្ធអ៊ីនធើណិត នឹងថាមពលអគ្គិសនី ត្រូវពង្រឹងឱ្យមានគុណភាពដើម្បីបម្រើការនៅតាមទីសាធារណៈ មន្ទីរពេទ្យ និងសាលារៀន។

    ទាំងអស់នេះជាចំណុចសំខាន់ៗដែលផ្តោតជាពិសេសលើកុមារ និងការអប់រំ ក្នុង 17 ចំណុចដែលបានដាក់ចេញសម្រាប់គោលដៅសកល ដែលថ្នាក់ដឹកនាំពិភពលោកត្រូវចាប់ដៃគ្នាសម្រេចឱ្យបាន ហើយត្រូវសន្យាថានឹងធ្វើឱ្យផែនដីក្លាយជាកន្លែងរស់នៅកាន់តែប្រសើរឡើងសម្រាប់គ្រប់គ្នា៕

  • សមាជិកក្រុមតារាចម្រៀង One Direction បដិសេធមិនព្រមរៀបការ

    សមាជិកក្រុមតារាចម្រៀង One Direction បដិសេធមិនព្រមរៀបការ

    គូស្នេហ៍ខុសវ័យរវាងតារាចម្រៀងប្រុស Liam Payne វ័យ 23 ឆ្នាំ ជាសមាជិកក្រុមតារាចម្រៀងប្រុស One Direction របស់អង់គ្លេស ជាមួយតារាស្រី Cheryl Cole ដែលមានវ័យ 33 ឆ្នាំ កំពុងតែកើតមានរឿងដ៏ក្ដៅគគុកទៀតហើយ ដោយតារាប្រុសរូបនេះ បានបដិសេធមិនព្រមរៀបការ ខណៈដែលអ្នកទាំងពីមានកូនជាមួយគ្នាហើយក្ដី ដោយសំអាងលើមូលហេតុថា នាងជាស្ត្រីដែលធ្លាប់ឆ្លងកាត់ការរៀបមង្គលការរួចហើយ ។

    តារាទាំងពីរដួងខាងលើនេះ មានកូនស្រីម្នាក់ ដែលបានចាប់កំណើតកាលពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2017 ហើយនៅសប្ដាហ៍នេះ តារាប្រុស Liam Payne បានផ្ដល់បទសម្ភាសជាមួយភ្នាក់ងារសារព័ត៌មានបរទេសមួយ ដោយថ្លែងថា “ ខ្ញុំបានឃើញការរៀបអាពាហ៍ពិពាហ៍ជាច្រើនតាមបែបសាសនាផ្សេងៗ ហើយខ្ញុំក៏ជាមនុស្សមិនប្រកាន់សាសនាដែរ និងសឹងតែមិនធ្លាប់គិតដល់រឿងនេះទៀតផង។ នៅពេលនេះយើងមានកូនជាមួយគ្នាហើយ សេចក្ដីស្នេហារបស់យើងក៏មិនត្រូវការអ្វីដែលច្បាស់លាស់ដល់ថ្នាក់ហ្នឹងដែរ តែខ្ញុំសូមទាយថា នោះគឺជាហេតុផលដែលអាចធ្វើឱ្យខ្ញុំមិនទាន់គិតដល់រឿងរៀបអាពាហ៍ពិពាហ៍ក៏អាចថាបានដែរ “ ។

    គួរបញ្ជាក់ផងដែរថា តារាស្រី Cheryl Cole ជាស្ត្រីដែលធ្លាប់រៀបអាពាហ៍ពិពាហ៍ចំនួន 4 ដងរួចមកហើយ រហូតដល់ដើមឆ្នាំ2016 ទើបចាប់ផ្ដើមមានទំនាក់ទំនងស្នេហ៍ជាមួយនឹង Liam Payne ព្រមទាំងមានកូនមួយជាមួយនឹងគ្នាដោយមិនបានរៀបមង្គលការទៀតផង និងបើទោះបីជា អ្នកសារព័ត៌មានខំចោទសួរលោកយ៉ាងណាក៏ដោយ ក៏លោកនៅតែនិយាយថា មិនទាន់បានគិតពីរឿងរៀបការដែរ ៕

  • កម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមដើម្បីរក្សាកំណើនសេដ្ឋកិច្ច

    កម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមដើម្បីរក្សាកំណើនសេដ្ឋកិច្ច

    ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជាចាំបាច់ផងដែរដើម្បីបន្តរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រា៧ភាគរយក្នុង 1ឆ្នាំ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ។

    ក្នុងជំនួបជាមួយអគ្គនាយករងមូលនិធិរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ថា IMF លោក Mr. Mitsuhiro Furusawa លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានថ្លែងថា ស្របនឹងសមិទ្ធផលល្អប្រសើរ ទាំងផ្នែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងផ្នែកសារពើពន្ធនោះ កម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជាចាំបាច់ផងដែរ ដើម្បីបន្តរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រា៧ភាគរយក្នុង 1ឆ្នាំ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ ដូចជាការបង្កើនសមត្ថភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេច និងការពង្រឹងភាពធន់មាំនៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ពាណិជ្ជកម្មអន្តរជាតិ និងសន្តិសុខជាសកល។

    លោក មិស៊ូហ៊ីរ៉ូ ហ្វូរូសាវ៉ា នាយកគ្រប់គ្រងរងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្ដែងនូវការរីករាយ និងអបអរសាទរចំពោះភាពរីកចម្រើននានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ពិសេសនៅលើផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ នៅក្នុងឱកាសនោះដែរ នាយកគ្រប់គ្រងរងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ IMF ថា នឹងបន្តផ្តល់នូវកិច្ចសហការខ្ពស់បន្ថែមទៀត ចំពោះរាល់ការងារទាក់ទងនឹងផ្នែកសេដ្ឋកិច្ច និងសារពើពន្ធ ព្រមទាំងការបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការកសាង និងពង្រឹងសមត្ថភាពមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្តោតលើការផ្តល់ជំនួយបច្ចេកទេសលើវិស័យរដ្ឋបាល និងគោលនយោបាយពន្ធ ក៏ដូចជាការបន្តពង្រឹងសមត្ថភាពព្យាករម៉ាក្រូសេដ្ឋកិច្ចផងដែរ៕

  • រដ្ឋមន្រ្តីទេសចរណ៍ 21ប្រទេស នឹងជួបប្រជុំគ្នានៅក្រុងសៀមរាបអង្គរ

    រដ្ឋមន្រ្តីទេសចរណ៍ 21ប្រទេស នឹងជួបប្រជុំគ្នានៅក្រុងសៀមរាបអង្គរ

    បន្ទាប់ពីអង្គវត្តជាប់ចំណាត់ថ្នាក់លេខ1 ជាតំបន់ទាក់ទាញទេសចរណ៍ខ្លាំងបំផុត លើពិភពលោកសម្រាប់ឆ្នាំ 2017នេះ រដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់មកពី 21ប្រទេស នឹងមកជួបជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី2 និងសន្និសីទអន្តរជាតិលើកទី1 ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌនៅខេត្តសៀមរាបចាប់ពីថ្ងៃទី11-16 មិថុនា ឆ្នាំ2017 ដើម្បីពិភាក្សាអំពីគំរូថ្មីៗនៃភាពជាដៃគូ និងតួនាទីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការពារ ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទីក្រុងបេតិកភណ្ឌ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង កាលពីរសៀលថ្ងៃទី06 ខែមិថុនា ឆ្នាំ2017 ថា វេទិកានេះនឹងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់ពិពិធកម្មផលិតផលទេសចរណ៍ និងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌវប្បធម៌ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ផ្សារភ្ជាប់ទៅនឹងទស្សនទាននៃការកសាងភាពជាដៃគូសហប្រតិបត្តិការថ្មីនៃទេសចរណ៍ និងវប្បធម៌ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការរួមមួយនៅសៀមរាបនៅក្នុងសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ កាលពីអំឡុងខែកញ្ញា ឆ្នាំ2015 នៅកម្ពុជាកន្លងមក។

    ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ទស្សនទាននៃកិច្ចប្រជុំនេះក៏ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសូត្ររបស់ចិន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវកម្ពុជា-ចិន ដោយបានចុះហត្ថលេខាលើផែនការអនុវត្តសកម្មភាពការងារ សម្រាប់អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2017 បន្ទាប់ពីកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវសូត្រនៅទីក្រុងប៉េកាំង ដោយផ្តោតសំខាន់លើការសិក្សារៀបចំ បង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍គ្រប់ជ្រុងជ្រោយមួយសម្រាប់តំបន់សៀមរាបផ្តោតលើបេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរវត្ត។

    គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី1 ត្រូវបានរៀបចំឡើងក្នុងឆ្នាំ2016 នៅទីក្រុង Tabriz សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ហើយដែលពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី2នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 ខាងមុខនេះនៅទីក្រុងសៀមរាបអង្គរ៕